ឆ្នាំ ២០១០-២០១៩
កន្លែង​ណា​ដែល​មាន​២ ឬ ៣​នាក់ ប្រជុំ​ជា​មួយ​គ្នា
ខែ មេសា 2016


កន្លែង​ណា​ដែល​មាន​២ ឬ ៣​នាក់ ប្រជុំ​ជា​មួយ​គ្នា

បើ​បងប្អូន​ស្ដាប់​ដោយ​ព្រះវិញ្ញាណ នោះ​ចិត្ត​បងប្អូន​នឹង​ទន់ភ្លន់ ជំនឿ​នឹង​រឹង​មាំ ហើយ​ការ​ស្រឡាញ់​ចំពោះ​ព្រះអម្ចាស់​នឹង​កើន​ឡើង ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ស្វាគមន៍​បងប្អូន​មក​កាន់​សន្និសីទ​ទូទៅ​ប្រចាំ ឆ្នាំ​លើក​ទី ១៨៦ របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ខ្ញុំ​រីករាយ​ដែល​មាន​វត្តមាន​ជាមួយ​នឹង​បងប្អូន ហើយ​ខ្ញុំ​សូម​ស្វាគមន៍​បងប្អូន​យ៉ាង​កក់ក្ដៅ ។

ខ្ញុំ​មាន​អំណរគុណ​ដែល​បងប្អូន​មក​ចូលរួម​ក្នុង​សន្និសីទ​នេះ​ដើម្បី​ទទួលបាន​ការបំផុស​គំនិត​ពី​ស្ថានសួគ៌ ហើយ​ខិត​ជិត​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង ។

មនុស្ស​ដែល​ចូលរួម​ការប្រជុំ​នេះ​នៅ​ជុំវិញ​ពិភពលោក​គឺជា​ពួក​សិស្ស​រាប់​លាន​នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ចុះ​សេចក្ដី​សញ្ញា​ថា​នឹង​ចងចាំ​ទ្រង់ ហើយ​បម្រើ​ទ្រង់​ជានិច្ច ។ តាមរយៈ​បច្ចេកវិទ្យា​ទំនើប​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​ចូលរួម​ការប្រជុំ​នេះ​ក្នុង​ពេល​តែ​មួយ ។ ដូចជា​យើង​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​សាល​ប្រជុំ​ធំ​មួយ​រួម​គ្នា​ដែរ ។

ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​យើង​ជួបជុំ​គ្នា​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​សន្យា​ថា ទោះ​ជា​នៅ​លើ​ផែនដី​នេះ​មាន​ពួក​សិស្ស​របស់​ទ្រង់​ដ៏​ច្រើន​ក្ដី ទ្រង់​នឹង​គង់​នៅ​ជិត​យើង​ម្នាក់ៗ ។ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​មួយ​ក្រុម​តូច​របស់​ទ្រង់​ក្នុង​ឆ្នាំ ១៨២៩ ថា « ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា  …​កន្លែង​ណា​ដែល​មាន​ពីរ ឬ​បី​នាក់​ប្រជុំ​ជាមួយ​គ្នា​ដោយ​នូវ​នាម​យើង  … មើល​ចុះ យើង​នឹង​នៅ​កណ្ដាល​ចំណោម​ពួក​គេ — ដូច​ជា​យើង​នៅ​កណ្ដាល​ចំណោម​អ្នក​ដែរ » ( គ. និង ស. ៦:៣២ ) ។

ឥឡូវ​នៅ​ក្នុង​សន្និសីទ​នេះ​មាន​ពួក​សិស្ស​របស់​ទ្រង់​ដ៏​ច្រើន​បាន​ជួបជុំ​គ្នា ហើយ​ដូច​ដែល​បាន​សន្យា នោះ​ព្រះអម្ចាស់​នឹង​គង់​ក្នុង​ចំណោម​ពួកយើង ។ ដោយសារ​ទ្រង់​ជា​អង្គ​មាន​ព្រះជន្ម​រស់ឡើងវិញ ហើយ​មាន​សិរីល្អ នោះ​ទ្រង់​មិន​មក​គង់​ដោយ​ព្រះកាយ​ផ្ទាល់​នៅ​គ្រប់​ទីកន្លែង​ដែល​ពួក​បរិសុទ្ធ​ជួបជុំ​គ្នា​ឡើយ ។ ប៉ុន្តែ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​វិញ យើង​អាច​ដឹង​ថា​ទ្រង់​គង់​ជាមួយ​នឹង​យើង​នៅ​ថ្ងៃ​នេះ ។

ទីណា និង​ពេល​ណា​ដែល​យើង​មាន​អារម្មណ៍​ថា​ខិតទៅ​ជិត​ព្រះអម្ចាស់​គឺ​អាស្រ័យ​លើ​យើង​ម្នាក់ៗ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ណែនាំ​ដូច្នេះ ៖

« ហើយ​ជា​ថ្មី​ទៀត មិត្ត​ទាំង​ឡាយ​របស់​យើង​អើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ទុក​ពាក្យ​ទាំង​នេះ​ឲ្យ​អ្នក​ពិចារណា​មើល​នៅ​ក្នុង​ចិត្ត​ដោយ​នូវ​បញ្ញត្តិ​នេះ ដែល​យើង​ប្រទាន​ដល់​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​អំពាវនាវ​ដល់​យើង​ក្នុង​កាល​យើង​នៅ​ជិត —

« ចូរ​ចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក ចូរ​ព្យាយាម​ស្វែងរក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជួប​យើង ចូរ​សូម នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ចូរ​គោះ នោះ​តែង​នឹង​បាន​បើក​ឲ្យ​អ្នក » ( គ. និង ស. ៨៨:៦២–៦៣ ) ។

ខ្ញុំ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពីរ​នាក់​ដែល​កំពុង​ស្ដាប់​នៅ​ថ្ងៃ​នេះ ដែល​ចង់​បាន​ពរជ័យ​នេះ​ជា​ខ្លាំង ។ ពួកគេ​នឹង​ខិតខំ​ខិត​ទៅ​ជិត​ព្រះ​អម្ចាស់​នៅ​ក្នុង​សន្និសីទ​នេះ​ដោយ​ស្មោះ ។ ពួកគេ​បាន​សរសេរ​សំបុត្រ​មក​ខ្ញុំ—វា​មក​ដល់​ការិយាល័យ​ក្នុង​ពេល​តែ​មួយ—ដោយ​អង្វរ​សុំ​ជំនួយ​ដូចគ្នា ។

ពួកគេ​ទាំង​ពីរ​នាក់​ជា​អ្នក​ប្រែចិត្ត​ជឿ ហើយ​ធ្លាប់​ទទួល​ទីបន្ទាល់​ដ៏​ច្បាស់​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ពួកគេ​បាន​ដឹង​ថា ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​រៀបចំ​សាសនាចក្រ​តាមរយៈ​វិវរណៈ​មក​ពី​ព្រះ ហើយ​ថា​កូនសោ​បព្វជិតភាព​ត្រូវបាន​ស្ដារឡើងវិញ ។ ពួកគេ​ម្នាក់ៗ​បាន​ឃើញ​ថា កូនសោ​ទាំងឡាយ​មាន​ក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ ។ ពួកគេ​បាន​ថ្លែង​ទីបន្ទាល់​ដល់​ខ្ញុំ​យ៉ាង​ឧឡារិក​នៅ​ក្នុង​ការសរសេរ​នោះ ។

ប៉ុន្តែ​ពួកគេ​ទួញសោក​ដែល​អារម្មណ៍​ស្រឡាញ់​ដល់​ព្រះអម្ចាស់ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួកគេ​បាន​ចុះ​អន់​ថយ ។ ពួកគេ​ចង់​ឲ្យ​ខ្ញុំ​ជួយ​ពួកគេ​ឲ្យ​មាន​អំណរ និង​អារម្មណ៍​ជា​ថ្មី​នៃ​ការស្រឡាញ់​ដែល​ពួកគេ​ធ្លាប់​មាន​កាល​ពួកគេ​ចូល​ក្នុង​នគរ​ព្រះ ។ ពួកគេ​បាន​បង្ហាញ​ការភ័យខ្លាច​ថា បើ​ពួកគេ​មិន​អាច​មាន​អារម្មណ៍​ស្រឡាញ់​ព្រះអម្ចាស់ និង​សាសនាចក្រ​ទ្រង់​ជា​ថ្មី​ទេ នោះ​ការសាកល្បង​ដែល​ពួកគេ​ជួប​នឹង​ឈ្នះ​លើ​សេចក្ដី​ជំនឿ​ពួកគេ​ពុំ​ខាន​ឡើយ ។

ពួកគេ​ពុំ​មែន​ជួប​រឿង​នេះ​តែ​ម្នាក់​ឯង​ឡើយ ហើយ​វា​ក៏​ពុំ​មែន​ជា​រឿង​ថ្មី​ដែរ ។ កាល​ព្រះអម្ចាស់​គង់​នៅ​លើ​ផែនដី ទ្រង់​បាន​លើក​ឡើង​អំពី​រឿង​ប្រៀប​ប្រដូច​អំពី​គ្រាប់ពូជ និង​អ្នក​ព្រោះ​ពូជ ។ គ្រាប់​ពូជ​ជា​ព្រះបន្ទូល ។ អ្នក​ព្រោះ​គ្រាប់​ជា​ព្រះអម្ចាស់ ។ គ្រាប់​ពូជ​នោះ​អាច​លូតលាស់​បាន​អាស្រ័យ​លើ​ស្ថានភាព​របស់​ដី ។ បងប្អូន​ចងចាំ​អំពី​ព្រះ​បន្ទូល​របស់​ទ្រង់​ដូចនេះ ៖

« កំពុង​ដែល​គាត់​ព្រោះ នោះ​មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ស្លាប​ក៏​ហើរ​មក​ចឹក​ស៊ី​អស់​ទៅ ៖

« មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មាន​ដី​រាក់​ពេក ស្រាប់​តែ​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ​ទេ ៖

« កាលថ្ងៃរះឡើង នោះ​ក្រៀមខ្លោច​ទៅ​វិញ ពី​ព្រោះ​គ្មាន​ឫស ។

« ហើយ​ខ្លះ​ទៀត​ធ្លាក់​ទៅ​កណ្តាល​បន្លាៗ​ក៏​ដុះ​ឡើង​ខ្ទប់​ជិត ៖

« តែ​មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ហើយ​បង្កើត​ផល​បាន​១​ជា​១​រយ មួយ​ទៀត​បាន​៦០ ហើយ​មួយ​ទៀត​បាន​៣០ ។

« អ្នក​ណា​ដែល​មាន​ត្រចៀក​សម្រាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ » ( ម៉ាថាយ ១៣:៤–៩ ) ។

ខ្ញុំ​សូម​និយាយ​ជា​ថ្មី​ថា គ្រាប់​ពូជ​គឺ​ជា​ព្រះបន្ទូល ។ ដី​គឺជា​ដួងចិត្ត​មនុស្ស​ដែល​ទទួល​យក​គ្រាប់​ពូជ​នោះ ។

យើង​គឺ​ដូចគ្នា​នឹង​សមាជិក​ទាំងពីរ​នាក់​ដែល​បាន​សរសេរ​សំបុត្រ​មក​ខ្ញុំ​សុំ​ជំនួយ និង​ការអះអាង ។ យើង​គ្រប់​គ្នា​ធ្លាប់​មាន​គ្រាប់​ពូជ ឬ​ព្រះបន្ទូល​ដាំ​នៅ​ក្នុង​ចិត្ត​នា​គ្រា​មួយ ។ សម្រាប់​មនុស្ស​ខ្លះ វា​បាន​ដាំ​តាំង​ពី​ក្មេង​កាល​ឪពុកម្ដាយ​អញ្ជើញ​យើង​ឲ្យ​ជ្រមុជទឹក ហើយ​បញ្ជាក់​ដោយ​អ្នក​ដែល​មាន​សិទ្ធិ​អំណាច ។ ខ្លះ​ទៀត​បាន​បង្រៀន​ដោយ​ពួក​អ្នក​បម្រើ​របស់​ព្រះ ។ យើង​ម្នាក់ៗ​មាន​អារម្មណ៍​ថា គ្រាប់​ពូជ​នោះ​ល្អ កំពុង​រីកធំ​ឡើង​ក្នុង​ចិត្ត​យើង ហើយ​មាន​អំណរ​កាល​ចិត្ត និង​គំនិត​យើង​កាន់តែ​រីក​ធំ​ឡើង ។

យើង​គ្រប់​គ្នា​ធ្លាប់​បាន​ល្បង​សេចក្ដី​ជំនឿ​ដោយ​ការពន្យារ​ពេល​ទទួល​ពរជ័យ​ដ៏​មាន​តម្លៃ ការប្រហារ​ដ៏​សាហាវ​ពី​សំណាក់​ជន​ដែល​ចង់​បំផ្លាញ​សេចក្ដី​ជំនឿ​យើង ការល្បួង​ឲ្យ​ធ្វើ​បាប និង​ចំណង់​អាត្មានិយម​ដែល​កាត់បន្ថយ​ការខិតខំ​រៀបចំ​អារម្មណ៍​ខាង​វិញ្ញាណ​យើង​ឲ្យ​ស៊ីជម្រៅ ហើយ​ធ្វើ​ឲ្យ​វា​ងាយ​ទទួល​យក ។

ជន​ដែល​សោកសៅ​ដោយ​ការបាត់បង់​អំណរ​ដែល​ពួកគេ​ធ្លាប់​មាន​គឺ​មាន​ពរ​ហើយ ។ អ្នក​ខ្លះ​មើល​មិន​ឃើញ​ពី​ការចុះខ្សោយ​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ឡើយ ។ សាតាំង​ឆ្លាត​វៃ​ណាស់ ។ វា​ប្រាប់​ជន​ដែល​វា​ចង់​ឲ្យ​មាន​ទុក្ខ​វេទនា​ថា អំណរ​ដែល​ពួកគេ​ធ្លាប់​មាន​ជា​ការរវើរវាយ​ដូចជា​កូន​ក្មេង ។

សារលិខិត​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​សម្រាប់​យើង​គ្រប់​គ្នា​គឺ​ថា នឹង​មាន​ឱកាស​ដ៏​ល្អ​មួយ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ទៀត​ដើម្បី​ជ្រើស​ឲ្យ​ដួងចិត្ត​យើង​បាន​ទន់ភ្លន់ ហើយ​ទទួល​ចិញ្ចឹម​បីបាច់​គ្រាប់ពូជ​នោះ ។ គ្រាប់​ពូជ​គឺ​ជា​ព្រះបន្ទូល ហើយ​វា​នឹង​ត្រូវបាន​ព្រោះ​ទៅ​លើ​យើង​គ្រប់​គ្នា​ដែល​ស្ដាប់ មើល ហើយ​អាន​ពី​សន្និសីទ​នេះ ។ តន្ត្រី សុន្ទរកថា និង​ទីបន្ទាល់​បាន​រៀបចំ​ដោយ​ពួក​អ្នក​បម្រើ​របស់​ព្រះ​ដែល​បាន​ស្វែងរក​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ឧស្សាហ៍​ដើម្បី​ដឹកនាំ​ពួកគាត់​នៅ​ក្នុង​ការរៀបចំ​នេះ ។ ពួកគាត់​បាន​អធិស្ឋាន​យ៉ាង​យូរ ហើយ​រាបសា​បំផុត កាល​សន្និសីទ​នេះ​បាន​ខិត​ចូល​មក​ដល់ ។

ពួកគាត់​បាន​អធិស្ឋាន​ឲ្យ​មាន​អំណាច​លើកទឹកចិត្ត​បងប្អូន​ដើម្បី​ជ្រើសរើស​បង្កើត​ដី​ដ៏​មាន​ជីជាតិ​ដើម្បី​ឲ្យ​ព្រះបន្ទូល​ល្អ​បាន​លូតលាស់ ហើយ​ឲ្យ​ផល​នៅ​ក្នុង​ចិត្ត​បងប្អូន ។ បើ​បងប្អូន​ស្ដាប់​ដោយ​ព្រះវិញ្ញាណ នោះ​ចិត្ត​បងប្អូន​នឹង​ទន់ភ្លន់ ជំនឿ​នឹង​រឹង​មាំ ហើយ​ការស្រឡាញ់​ចំពោះ​ព្រះអម្ចាស់​នឹង​កើន​ឡើង ។

ការអធិស្ឋាន​ដ៏​អស់​ពី​ចិត្ត​របស់​បងប្អូន​នឹង​ផ្លាស់ប្ដូរ​បទពិសោធន៍​របស់​បងប្អូន​មាន​នៅ​ក្នុង​សន្និសីទ​នេះ និង​នៅ​ក្នុង​ពេល​ខាង​មុខ​ទៀត ។

បងប្អូន​ភាគច្រើន​បាន​ចាប់ផ្ដើម​រួច​ហើយ ។ នៅ​ដើម​សម័យ​ប្រជុំ​នេះ បងប្អូន​មិន​ត្រឹម​តែ​ស្ដាប់​ការអធិស្ឋាន​ទេ​ប៉ុន្តែ​បាន​បន្ថែម​សេចក្ដី​ជំនឿ​ដល់​ការទូល​សូម​នោះ​ថា​យើង​នឹង​រីករាយ​ដោយ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​យើង ។ កាល​បងប្អូន​បន្ថែម​ការទូល​អង្វរ​ដ៏​ស្ងៀមស្ងាត់​នៅ​ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ បងប្អូន​បាន​ខិត​ទៅ​ជិត​ទ្រង់​ហើយ ។ នេះ​គឺ​ជា​សន្និសីទ​របស់​ទ្រង់ ។ មាន​តែ​ព្រះវិញ្ញាណ​ទេ​ដែល​អាច​នាំ​ឲ្យ​មាន​ពរជ័យ ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ប្រទាន​ដល់​យើង​បាន ។ ព្រោះ​ទ្រង់​ស្រឡាញ់​យើង ទ្រង់​បាន​សន្យា​ថា​យើង​អាច​មាន​អារម្មណ៍​ដូចនេះ ៖

« អ្វី​ក៏​ដោយ​ដែល​ពួក​គេ​នឹង​និយាយ កាលណា​បណ្ដាល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​នឹង​ទៅ​ជា​បទគម្ពីរ នឹង​ទៅ​ជា​ព្រះហឫទ័យ​នៃ​ព្រះអម្ចាស់ នឹង​ទៅ​ជា​គំនិត​នៃ ព្រះអម្ចាស់ នឹង​ទៅ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ នឹង​ទៅ​ជា​សំឡេង​នៃ​ព្រះអម្ចាស់ ហើយ​ជា​ព្រះចេស្ដា​នៃ​ព្រះ​ចំពោះ​សេចក្ដី​សង្គ្រោះ ។

« មើល​ចុះ ឱ​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​បម្រើ​របស់​យើង​អើយ នេះ​ហើយ​ជា​សេចក្ដី​សន្យា​នៃ​ព្រះ​អម្ចាស់​ដល់​អ្នក។

« ហេតុ​ដូច្នោះ​ហើយ ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ដ្បិត​យើង​ជា​ព្រះ​អម្ចាស់ គង់នៅ​ជាមួយ​នឹង​អ្នក ហើយ​នឹង​ឈរ​នៅ​ក្បែរ​អ្នក ហើយ​អ្នក​នឹង​ថ្លែង​ទី​បន្ទាល់​អំពី​យើង គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ថា​យើង​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ ថា​យើង​គង់នៅ​តាំង​ពី​ដើម ហើយ​យើង​នៅ​ឥឡូវ​នេះ ហើយ​ថា​យើង​ត្រូវ​យាង​មក​ទៀត » ( គ. និង ស. ៦៨:៤–៦ ) ។

បងប្អូន​អាច​អធិស្ឋាន ហើយ​បន្ថែម​សេចក្ដី​ជំនឿ​រាល់​ពេល​ដែល​ពួក​អ្នក​បម្រើ​ម្នាក់​របស់​ព្រះ​ឡើង​ថ្លែង​សុន្ទរកថា ដើម្បី​ឲ្យ​ការសន្យា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា កណ្ឌ​ទី ៥០ បាន​បំពេញ ៖

« យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​បាន​តែងតាំង​ពី​យើង ហើយ​ចាត់​ឲ្យ​ចេញ​ទៅ​ផ្សាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត ដោយសារ​ព្រះ​ដ៏​ជា​ជំនួយ ដោយ​នូវ​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត តើ​អ្នក​នោះ​ផ្សាយ​ព្រះបន្ទូល​នៃ​សេចក្ដីពិត ដោយសារ​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ឬ​តាម​មាគ៌ា​ណាមួយ​ទៀត ?

« ហើយ​បើ​សិន​ជា​មក​តាម​មាគ៌ា​ណា​មួយ​ទៀត នោះ​ពុំ​មែន​មក​ពី​ព្រះ​ទេ ។

« ហើយ​ជា​ថ្មី​ទៀត អ្នក​ណា​ដែល​ទទួល​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត តើ​អ្នក​នោះ​ទទួល​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត ដោយ​សារ​ព្រះ​វិញ្ញាណ នៃ​សេចក្ដី​ពិត ឬ​តាម​មាគ៌ា​ណាមួយ​ទៀត ?

« ហើយ​បើ​សិន​ជា​មក​តាម​មាគ៌ា​ណាមួយ​ទៀត នោះ​ពុំ​មែន​មក​ពី​ព្រះ​ទេ។

« ហេតុដូច្នោះហើយ ហេតុអ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​អាច​យល់ ហើយ​ដឹង​ថា អ្នក​ណា​ដែល​ទទួល​ព្រះ​បន្ទូល ដោយសារ​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត នោះ​បាន​ទទួល​ព្រះ​បន្ទូល ដូច​ជា​បាន​ផ្សាយព្រះ​បន្ទូល​ដោយ​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិតទេ​ឬ​អី ?

« ហេតុ​ដូច្នោះ​ហើយ អ្នក​ដែល​ផ្សាយ ហើយ​អ្នក​ដែល​ទទួល យល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ស្អាង​ឡើង ហើយ​ត្រេកអរ​ជាមួយ​គ្នា » ( គ. និង ស. ៥០:១៧–២២ ) ។

បងប្អូន​អាច​អធិស្ឋាន​កាល​ក្រុម​ចម្រៀង​ហៀប​នឹង​ច្រៀង ។ អ្នក​ដឹកនាំ​ក្រុម​ចម្រៀង អ្នក​លេង​ព្យាណូខ្យល់ និង​ក្រុម​ចម្រៀង​បាន​អធិស្ឋាន ហើយ​បាន​ហាត់​សម​ដោយ​អធិស្ឋាន​នៅ​ក្នុង​ចិត្ត និង​ដោយ​សេចក្ដី​ជំនឿ​សូម​ឲ្យ ទំនុកភ្លេង និង​ទំនុកបទ​នឹង​បន្ទន់​ចិត្ត ហើយ​បង្កើន​សេចក្ដី​ជំនឿ​មនុស្ស​ផ្សេងៗ​ទៀត ។ ពួកគេ​នឹង​ប្រគំ​ថ្វាយ​ព្រះអម្ចាស់​ដូចជា​ទ្រង់​គង់​នៅ​ពីមុខ​ពួកគេ ហើយ​ពួកគេ​ដឹង​ថា​ព្រះវរបិតា​ទ្រង់​ព្រះ​សណ្ដាប់ ហើយ​ឮ​ការអធិស្ឋាន​ផ្ទាល់​របស់​ពួកគេ ។ ពួកគេ​ធ្វើការ​រួមគ្នា​ដោយ​សេចក្ដី​ស្រឡាញ់ ដើម្បី​ធ្វើ​ឲ្យ​ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ អិមម៉ា ស្ម៊ីធ ក្លាយ​ទៅ​ជា​ការពិត ៖ « ដ្បិត​ព្រលឹង​របស់​យើង​ត្រេកអរ​ចំពោះ​បទ​ចម្រៀង​ពី​ចិត្ត មែន​ហើយ បទ​ចម្រៀង​នៃ​ពួក​សុចរិត គឺជា​បទ​អធិស្ឋាន​ដល់​យើង ហើយ​នឹង​បាន​ឆ្លើយតប​ដោយ​នូវ​ព្រះ​ពរ​មក​លើ​ក្បាល​របស់​ពួក​គេ » ( គ. និង ស. ២៥:១២ ) ។

បើ​បងប្អូន​ស្ដាប់ ហើយ​អធិស្ឋាន​កាល​ពួកគេ​ច្រៀង នោះ​ការអធិស្ឋាន​របស់​បងប្អូន ព្រមទាំង​ការអធិស្ឋាន​របស់​ពួកគេ​ផងដែរ​នោះ​នឹង​ទទួលបាន​ចម្លើយ ។ បងប្អូន​នឹង​ទទួល​អារម្មណ៍​ពី​ក្ដីស្រឡាញ់ និង​ការអនុមតិ​ពី​ព្រះអម្ចាស់ ។ អស់​អ្នក​ដែល​ចូលរួម​ក្នុង​ការច្រៀង​សរសើរ​នោះ​នឹង​ស្រឡាញ់​ទ្រង់​កាន់តែ​ខ្លាំង ។

បងប្អូន​អាច​អធិស្ឋាន​កាល​អ្នក​ថ្លែង​សុន្ទរកថា​ហៀប​នឹង​បញ្ចប់​សារលិខិត​របស់​គាត់ ។ គាត់​នឹង​អធិស្ឋាន​ទៅ​ព្រះវរបិតា​សូម​ឲ្យ ព្រះវិញ្ញាណ​នឹង​ប្រទាន​ដល់​គាត់​នូវ​ពាក្យ​នៃ​ទីបន្ទាល់​ដែល​នឹង​លើក​ស្ទួយ​ដួង​ចិត្ត ក្ដី​សង្ឃឹម និង​ការតាំងចិត្ត​នៃ​អ្នក​ស្ដាប់​ដើម្បី​ចងចាំ​ព្រះគ្រីស្ទ​ជានិច្ច ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ដែល​បាន​ប្រទាន​ដល់​យើង ។

ទីបន្ទាល់​នោះ​នឹង​ពុំ​មែន​ជា​ការរៀបរាប់​ពី​សារលិខិត​នោះ​ទេ ។ វា​នឹង​ជា​ការ​បញ្ជាក់​មួយ​ពី​សេចក្ដី​ពិត​មួយ​ចំនួន​ដែល​ព្រះវិញ្ញាណ​អាច​នាំ​ចូល​ទៅ​ក្នុង​ចិត្ត​នៃ​អស់​អ្នក​ដែល​កំពុង​អធិស្ឋាន​សូម​ជំនួយ សូម​ការដឹកនាំ​ពី​ព្រះ ហើយ​ទទួល​សេចក្ដី​ស្រឡាញ់​សុទ្ធ​សាធ​នៃ​ព្រះគ្រីស្ទ ។

ទីបន្ទាល់​ដ៏​ពិត​នឹង​បាន​ប្រទាន​ឲ្យ​ដល់​ពួក​អ្នក​ថ្លែង​សុន្ទរកថា ។ ពួកគាត់​អាច​ថ្លែង​ខ្លី ប៉ុន្តែ​វា​នឹង​នាំ​ចូល​ទៅ​ក្នុង​ចិត្ត​អ្នក​ស្ដាប់​ដ៏​រាបសា​ដែល​មក​ចូលរួម​ក្នុង​សន្និសីទ​នេះ​ដោយ​ស្រេក​ឃ្លាន​ព្រះបន្ទូល​ដ៏​ល្អ ។

ខ្ញុំ​ធ្លាប់​ដឹង​ពី​អ្វី​ដែល​សេចក្ដី​ជំនឿ​នៃ​មនុស្ស​ល្អ​អាច​ធ្វើ ដើម្បី​នាំ​យក​ព្រះបន្ទូល​ពី​ព្រះវិញ្ញាណ​នៅ​ចុង​បញ្ចប់​នៃ​ការបង្រៀន ។ បន្ទាប់​ពី​ទីបន្ទាល់​របស់​ខ្ញុំ មាន​មនុស្ស​ម្នាក់​ធ្លាប់​និយាយ​ប្រាប់​ខ្ញុំ​ជា​ច្រើន​ដង​ថា « តើ​លោក​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ចង់​ឮ​តាម​របៀប​ណា ? » ខ្ញុំ​មិន​បាន​ភ្ញាក់​ផ្អើល​ឡើយ កាល​ខ្ញុំ​មិន​ចាំ​ថា​បាន​និយាយ​ពាក្យ​ទាំងនោះ ។ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់ ប៉ុន្តែ​ព្រះអម្ចាស់​បាន​គង់​នៅ​ទីនោះ​ដោយ​ប្រទាន​ពាក្យ​ពេចន៍​ទាំងនោះ​ដល់​ខ្ញុំ​នៅ​គ្រា​នោះ ។ ការសន្យា​ថា​ព្រះអម្ចាស់​នឹង​ប្រទាន​ដល់​យើង​នូវ​ពាក្យ​ពេចន៍​នៅ​គ្រា​នោះ កើត​ឡើង​ជា​ពិសេស​ពេល​ថ្លែង​ទីបន្ទាល់ ( សូម​មើល គ. និង ស. ២៤:៦ ) ។ សូម​ប្រុង​ប្រៀប​ស្ដាប់​ទីបន្ទាល់​ដែល​ថ្លែង​នៅ​ក្នុង​សន្និសីទ​នេះ—បងប្អូន​នឹង​មាន​អារម្មណ៍​ខិត​ទៅ​ជិត​ព្រះអម្ចាស់ ។

បងប្អូន​អាច​ដឹង​ថា ខ្ញុំ​ហៀប​នឹង​បញ្ចប់​សារលិខិត​ដែល​ខ្ញុំ​ខំ​បង្ហាញ​ឲ្យ​ឃើញ​ដោយ​មាន​ទីបន្ទាល់​មួយ​នៃ​សេចក្ដីពិត ។ ការអធិស្ឋាន​របស់​បងប្អូន​នឹង​ជួយ​ខ្ញុំ​ឲ្យ​មាន​ទីបន្ទាល់​ដែល​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​កំពុង​រង់​ចាំ​ចម្លើយ​ចំពោះ​សំណួរ​របស់​គាត់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតា​យើង ជា​អេឡូហិម​ដ៏​មហិមា ទ្រង់​មាន​ព្រះទ័យ​ស្រឡាញ់ ហើយ​ស្គាល់​យើង​គ្រប់ៗ​គ្នា ។ ក្រោម​ការដឹកនាំ​របស់​ទ្រង់ នោះ​ព្រះរាជ​បុត្រា​ទ្រង់ ដែល​ជា​ព្រះយេហូវ៉ា​គឺ​ជា​ព្រះ​ដ៏​បង្កបង្កើត ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​នៃ​ណាសារ៉ែត​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ទ្រង់​បាន​ព្យាបាល​អ្នក​ឈឺ បាន​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​មើលឃើញ ហើយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត ។ ទ្រង់​បាន​បង់​ថ្លៃ​រាល់​អំពើ​បាប​របស់​កូនចៅ​នៃ​ព្រះវរបិតា​គ្រប់​រូប​ដែល​កើត​លើ​ផែនដី​នេះ ។ ទ្រង់​បាន​ផ្ដាច់​ចំណង​នៃ​សេចក្ដី​ស្លាប់​សម្រាប់​មនុស្ស​ទាំងអស់ កាល​ទ្រង់​មាន​ព្រះជន្ម​រស់ឡើងវិញ​ចេញ​ពី​ផ្នូរ​នៅ​ថ្ងៃ​អាទិត្យ​អ៊ីស្ទើរ​ដំបូង​នោះ ។ ទ្រង់​មាន​ព្រះជន្ម​រស់​សព្វថ្ងៃ ជា​ព្រះ—ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ ហើយ​រុងរឿង ។

នេះ​ជា​សាសនាចក្រ​ពិត​តែ​មួយ​គត់ ហើយ​ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ។ ថូម៉ាស អេស ម៉នសុន​ជា​ព្យាការី​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ​ទាំងមូល ។ ពួក​ព្យាការី និង​ពួក​សាវក​ដែល​បងប្អូន​នឹង​បាន​ស្ដាប់​នៅ​ក្នុង​សន្និសីទ​នេះ​ថ្លែង​តំណាង​ឲ្យ​ព្រះអម្ចាស់ ។ ពួកលោក​ជា​ពួក​អ្នកបម្រើ​ដែល​មាន​សិទ្ធិ​អំណាច​ធ្វើ​កិច្ចការ​ជំនួស​ទ្រង់ ។ ទ្រង់​យាង​ទៅ​មុខ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​នៅ​ក្នុង​ពិភពលោក​នេះ ។ ខ្ញុំ​ដឹង​ពី​រឿង​នេះ ។ ហើយ​ខ្ញុំ​សូម​ថ្លែង​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ជា​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។