ឆ្នាំ ២០១០-២០១៩
« អ្នក​មើល​ឆុត​ម្នាក់​ដ៏​ជម្រើស​ដែល​យើង​នឹង​បង្កើត​ឡើង »
ខែ តុលា ឆ្នាំ ២០១៦


« អ្នក​មើល​ឆុត​ម្នាក់​ដ៏​ជម្រើស​ដែល​យើង​នឹង​បង្កើត​ឡើង »

ដោយសារ​យ៉ូសែប​គឺ​ជា​ព្យាការី នោះ​យើង​មាន​មធ្យោបាយជា​ច្រើន​ដើម្បី​ចូល​ស្ថានសួគ៌—គឺ​ជា​ច្រក​ចូល​ទៅ​ក្នុង​ភាពអស់កល្ប​ដែល​បើក​ឡើង​សម្រាប់​យើង ។

ពេល​មរ៉ូណៃ​យាង​មក​ជួប យ៉ូសែប ស៊្មីធ លើក​ដំបូង​ទ្រង់​ព្រមាន​ថា « ឈ្មោះ​របស់ យ៉ូសែប នឹង​ត្រូវ​និយាយ​ដល់​ទាំង​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់​នៅ​ក្នុង​ចំណោម​បណ្ដាជន​ទាំងអស់ » ។ យើង​បាន​ឃើញ​ថា ការព្យាករ​នោះ​ត្រូវបាន​បំពេញ ។ ក្នុង​សង្គ្រាម​រវាង​សេចក្ដី​ល្អ និង សេចក្ដី​អាក្រក់ ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ បាន​បំផុស​ទាំង​អ្នក​ជឿ​ដែល​ធ្វើតាម​លោក និង អ្នក​ប្រឆាំង​ដ៏​មាន​កំហឹង​ដែល​ប្រយុទ្ធ​យ៉ាង​ខ្លាំងក្លា​ទាស់​នឹង​បុព្វហេតុ​នៃ​ក្រុង​ស៊ីយ៉ូន និង យ៉ូសែប​ផ្ទាល់​តែ​ម្តង ។ ចម្បាំង​នោះ​មិន​មែន​ទើបតែ​កើត​ឡើង​ទេ ។ វា​បាន​ចាប់ផ្ដើម​នៅ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​យុវជន​យ៉ូសែប បាន​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ហើយ​វា​នៅ​តែ​បន្ត​ដល់​សព្វថ្ងៃ​នេះ ដែល​អាច​ឃើញ​មាន​នៅ​លើ​អ៊ិនធើរណែត ។

ព្រះអម្ចាស់​មាន​បន្ទូល​ដល់ យ៉ូសែប ស៊្មីធ ដូចនេះ ៖

« នៅ​គ្រប់​ចុង​ផែនដី​នឹង​សាកសួរ​អំពី​ឈ្មោះ​របស់​អ្នក ហើយ​ពួក​ល្ងង់ខ្លៅ​នឹង​សើចចំអក​អ្នក ហើយ​ស្ថាន​នរក​ខ្ញាល់​ទាស់​នឹង​អ្នក

« ក្នុង​កាល​អ្នក​មាន​ចិត្ត​បរិសុទ្ធ និង​អ្នក​មាន​ប្រាជ្ញា និង​អ្នក​ដែល​មាន​ត្រកូល​ខ្ពស់ និង​អ្នក​ដែល​មាន​គុណធម៌ នោះ​នឹង​ស្វែងរក​ដំបូន្មាន និង​សិទ្ធិ​អំណាច និង​ព្រះ​ពរ​ទាំង​ឡាយ​ជា​រៀង​រហូត​ពី​ក្រោម​ដៃ​អ្នក » ។

ថ្ងៃនេះ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​អស់​អ្នក​ដែល​ព្យាយាម​យល់​កាន់តែ​ច្បាស់​អំពី​បេសកកម្ម​ដ៏​ពិសិដ្ឋ​របស់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ថា​ជា​ព្យាការី​នៃ​ការស្ដារឡើង​វិញ ។

យើង​មិន​ត្រូវ​កំសាក​ក្នុង​ការថ្លែង​ទីបន្ទាល់​អំពី​បេសកកម្ម​របស់​យ៉ូសែប​ថា​ជា​ព្យាការី អ្នកមើលឆុត និង អ្នក​ទទួល​វិវរណៈ​ឡើយ ដ្បិត​ព្រះអម្ចាស់​តែងតែ​ធ្វើការ​ជាមួយ​ពួក​ព្យាការី ។ ដោយសារ​សេចក្តីពិត​ដែល​បាន​ស្តារឡើង​វិញ​តាមរយៈ យ៉ូសែប ស្ម៊ីធ យើង​ស្គាល់​ព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង​កាន់តែ​ច្រើន​ឡើង ។ យើង​ស្គាល់​លក្ខណៈ​នៃ​ភាព​ជា​ព្រះ​របស់​ពួកទ្រង់ ទំនាក់ទំនង​របស់​ទ្រង់​ទាំង​ពីរ​អង្គ និង ជាមួយ​ពួក​យើង និង ផែនការ​ដ៏​មហិមា​នៃ​សេចក្តីប្រោសលោះ ដែល​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅ​ក្នុង​វត្តមាន​ទ្រង់​វិញ ។

ប្រធាន ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍​អំពី យ៉ូសែប ដូចនេះ ៖ « ការណ៍​នោះ​ត្រូវបាន​សម្រេច​ក្នុង​ក្រុមប្រឹក្សា​នៃ​ភាពអស់កល្ប យូរយារ​មក​ហើយ​មុន​ផែនដី​ត្រូវបាន​បង្កើត​ម្ល៉េះ ថា​លោក​នឹង​ក្លាយ​ជា​បុរស​ម្នាក់​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ចុង​ក្រោយ​ដែល​នាំ​ព្រះបន្ទូល​ព្រះ​ទៅ​ដល់​មនុស្ស ហើយ​ទទួល​បាន​ភាពពោរពេញ​នៃ​កូនសោ និង អំណាច​បព្វជិតភាព​នៃ​បុត្រា​របស់​ព្រះ ។ ព្រះអម្ចាស់​ទត​មើល​លោក​ជានិច្ច … [ ដ្បិត​លោក ] ត្រូវបាន​តែងតាំង​ពី​មុន​ផែនដី​ក្នុង​ភាពអស់កល្ប ដើម្បី​គ្រប់គ្រង​លើ​គ្រា​កាន់កាប់​ត្រួតត្រា​ចុង​ក្រោយ​នេះ » ។

ក្នុង​ការត្រៀមខ្លួន​ធ្វើ​កិច្ចការ​ដ៏​មហិមា​នេះ យ៉ូសែប ស៊្មីធ បាន​កើត​ក្នុង​គ្រួសារ​ពេញ​ដោយ​ក្តី​ស្រឡាញ់ ដែល​មាន​ជីវភាព​យាប់យឺន និង ការសាកល្បង​រាល់ថ្ងៃ ។ កាល យ៉ូសែប ស្ម៊ីធ បាន​ចាប់ផ្ដើម​មាន​គំនិត​ចាស់ទុំ លោក « មាន​គំនិត​គិត​ដ៏​ជ្រាលជ្រៅ ហើយ​ជួនកាល​ដ៏​ខ្លាំងក្លា » ប៉ុន្តែ​លោក​ច្របូកច្របល់​នឹង​ការខ្វែង​គំនិត​ខាង​សាសនា ដែល​បាន​បង្រៀន​ដោយ​គ្រូ​សាសនា​ក្នុង​ជំនាន់​លោក ។ សំណាង​ល្អ យុវជន​យ៉ូសែប​ពុំ​បាន​ទុក​ឲ្យ​ចម្ងល់​នេះ​បង្អាក់​សេចក្ដីជំនឿ​របស់​ខ្លួន​ឡើយ ។ លោក​បាន​ស្វែងរក​ចម្លើយ​ក្នុង​ព្រះគម្ពីរ​ប៊ីប ហើយ​រកឃើញ​ដំបូន្មាន​នេះ ៖ « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ។

យ៉ូសែប ចងចាំ​ដូចនេះ ៖ « ពុំ​ដែល​មាន​បទគម្ពីរ​ណាមួយ ដែល​មាន​ប្រសិទ្ធិភាព​ទៅ​លើ​ចិត្ត​មនុស្ស ដូចជា​បទគម្ពីរ​នេះ​មាន​ប្រសិទ្ធិភាព​មក​លើ​ចិត្ត​ខ្ញុំ​ឡើយ ។ មើល​ទៅ​ហាក់​បីដូច​ជា​ចូល​មក​ពេញ​ដួងចិត្ត​ដោយ​ឥទ្ធិពល​ដ៏​មហិមា ។ ខ្ញុំ​តែងតែ​ពិចារណា​គិត​អំពី​រឿង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត » ។

ដោយ​សេចក្តីជំនឿ យ៉ូសែប​បាន​ធ្វើតាម​អារម្មណ៍​ខាង​វិញ្ញាណ​ទាំងនេះ ។ លោក​បាន​ទៅ​ដល់​កន្លែង​ដែល​លោក​នៅ​តែ​ឯង ហើយ​លុត​ជង្គង់​ចុះ « ហើយ​បាន​ចាប់ផ្ដើម​បួងសួង​ដល់​ព្រះ​ទូល​ប្រាប់​ពី​បំណង​នៃ​ដួង​ចិត្ត [ របស់​លោក ] » ។ ក្នុង​ការរៀបរាប់​របស់ យ៉ូសែប មាន​អំណាច​ដ៏​អស្ចារ្យ​បាន​កើតឡើង ៖

« ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ​នៅ​ចំ​លើ​ក្បាល​ខ្ញុំ មាន​រស្មី​ចែងចាំង​លើស​ជាង​សុរិយា​ទៅ​ទៀត ដែល​ចុះ​សន្សឹមៗ​មក​ចំ​លើ​រូប​ខ្ញុំ ។

« … កាល​ពន្លឺ​នោះ​ស្ថិត​ចំពី​លើ​រូប​ខ្ញុំ ខ្ញុំ​បាន​ឃើញ​តួអង្គ​ពីរ ដែល​មាន​រស្មី និង​សិរីរុងរឿង​ដែល​ពុំ​អាច​ពណ៌នា​បាន​ឡើយ ឈរ​នៅ​លើ​អាកាស​ពី​លើ​រូប​ខ្ញុំ ។ អង្គ​មួយ​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​តាម​ឈ្មោះ ហើយ​ចង្អុល​ទៅ​តួអង្គ​មួយ​ទៀត ដោយ​មាន​ព្រះ​បន្ទូល​ថា—នេះ​ជា​ព្រះ​រាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! »។

យ៉ូសែប ស្ម៊ីធ បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្បជានិច្ច និង​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​នៃ​ពិភពលោក ។ នេះ​គឺ​ជា​ការនិមិត្ត ដំបូង របស់ យ៉ូសែប ស៊្មីធ ។ នៅ​ឆ្នាំ​ក្រោយៗ​មក​ទៀត យ៉ូសែប​បាន​បកប្រែ​គម្ពីរមរមន​ដោយ​មាន​អំណោយទាន និង ព្រះចេស្ដា​ពី​ព្រះ ។ តួអង្គ​សួគ៌ា​ជា​ច្រើន​ទៀត​បាន​យាង​មក​ជួប​លោក ដើម្បី​ស្ដារ​សេចក្ដីពិត និង សិទ្ធិអំណាច​ឡើង​វិញ ដែល​បាន​បាត់បង់​អស់​ច្រើន​សតវត្សរ៍​មក​ហើយ​នោះ ។ ទំនាក់ទំនង​ពី​ស្ថានសួគ៌​ទាំងនេះ​ជាមួយ យ៉ូសែប ស៊្មីធ បាន​បើក​បង្អួច​ស្ថានសួគ៌​ឲ្យ​យើង​ឃើញ​សិរីល្អ​នៃ​ភាពអស់កល្ប ។ ជីវិត​របស់​យ៉ូសែប​ឈរ​ជា​សាក្សី​ថា បើ​មាន​ពួក​យើង​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា យើង​អាច​ទូល​សូម​ព្រះ​ដោយ​សេចក្ដីជំនឿ ហើយ​ទទួល​បាន​ចម្លើយ—ជួនកាល​បាន​មក​ពី​តួអង្គសួគ៌ា ប៉ុន្តែ​ភាគ​ច្រើន​មក​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​មាន​បន្ទូល​មក​កាន់​យើង​តាមរយៈ​គំនិត និង អារម្មណ៍​ដ៏​បំផុស​គំនិត ។១០ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច « ស្គាល់​សេចក្ដីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ » ។១១

ចំពោះ​យើង​ជា​ច្រើន សាក្សី​អំពី​ព្យាការី យ៉ូសែប ស៊្មីធ ចាប់ផ្ដើម​មាន​នៅ​ពេល​យើង​អាន​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ពី​ដើម​ដល់​ចប់​ជា​លើក​ដំបូង កាល​ខ្ញុំ​រៀន​ថ្នាក់​សិក្ខាសាលា​ពេល​ព្រឹក​ព្រលឹម ។ ដោយ​មាន​មនោគតិ​មួយ ខ្ញុំ​បាន​សម្រេច​ចិត្ត​អាន​គម្ពីរ​នេះ​ដូចជា យ៉ូសែប ស៊្មីធ អាន​ដែរ ដោយ​ស្វែងរក​សេចក្ដីពិត​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​លើក​ដំបូង ។ វិធី​នេះ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​តែ​បន្ត​អាន​ព្រះគម្ពីរ​មរមន​តាម​របៀប​នោះ ។ ខ្ញុំ​តែង​ឃើញ​ថា​ពេល​ខ្ញុំ​អាន​របៀប​នោះ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការដឹងគុណ​កាន់តែ​ខ្លាំង​ចំពោះ​ព្យាការី យ៉ូសែប និង ចំពោះ​សេចក្ដីពិត​ដែល​បាន​ស្ដារឡើងវិញ​ក្នុង​ព្រះគម្ពីរ​ដ៏​មាន​តម្លៃ​នេះ ។

ឧទាហរណ៍ សូម​ស្រមៃ​អំពី​អារម្មណ៍​របស់​យ៉ូសែប កាល​លោក​បាន​បកប្រែ​វគ្គ​គម្ពីរ​អំពី​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ការផ្ដាច់​បាប ។ យ៉ូសែប​ដែល​បាន​ដឹង​ថា​លោក​មិន​ត្រូវ​ចូលរួម​ព្រះវិហារ​ណា​មួយ​ទេ​នោះ បាន​មាន​សំណួរ​អំពី​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​នេះ ។ សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​លោក​អធិស្ឋាន​ម្ដង​ទៀត បន្ទាប់​មក​យ៉ូហាន បាទីស្ទ​ក៏​បាន​យាង​មក​ជួប​លោក ដោយ​បាន​ស្ដារ​បព្វជិតភាព​អើរ៉ុន និង សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឡើង​វិញ ។១២

ឬ​ពិចារណា​អំពី​អារម្មណ៍​របស់​យ៉ូសែប ពេល​លោក​ដឹង​ជា​លើក​ដំបូង​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ជួប​ប្រជាជន​នៅ​អឌ្ឍគោល​ខាង​លិច—ហើយ​ទ្រង់​បង្រៀន​ពួកគេ អធិស្ឋាន​ឲ្យ​ពួកគេ ប្រោស​ពួកគេ​ឲ្យ​ជា ប្រសិទ្ធពរ​កូនៗ​ពួកគេ ប្រទាន​សិទ្ធិអំណាច​បព្វជិតភាព ហើយ​ធ្វើ​ពិធីសាក្រាម៉ង់​ឲ្យ​ពួកគេ ។១៣ យ៉ូសែប​អាច​មិន​ដឹង​ពី​រឿង​ទាំងនេះ​ទេ​ពេល​នោះ ប៉ុន្តែ​អ្វី​ដែល​លោក​បាន​រៀន​អំពី​ពិធីបរិសុទ្ធ និង ការរៀបចំ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ពី​បូរាណ​នោះ ក្រោយ​មក​បាន​រៀបចំ​លោក​ឲ្យ​ជួយ​ព្រះអម្ចាស់​ស្ដារ​សាសនាចក្រ​ដដែល​នោះ​លើ​ផែនដី​ឡើង​វិញ ។

អំឡុង​ពេល​បកប្រែ​ព្រះគម្ពីរ​មរមន យ៉ូសែប ស្ម៊ីធ និង ភរិយា​លោក​គឺ អិមម៉ា កាន់ទុក្ខ​មរណភាព​ទារក​របស់​ពួកគេ ។ នៅ​ពេល​នោះ គ្រូ​សាសនា​ដទៃៗ​បង្រៀន​ថា កូន​ក្មេង​ដែល​បាន​ស្លាប់​ទៅ​ដោយ​មិន​បាន​ជ្រមុជទឹក​នឹង​មាន​ទោស​រៀង​រហូត ។ ដោយ​គិត​ពី​រឿង​នេះ ចូរ​ស្រមៃ​ថា​តើ​យ៉ូសែប​ច្បាស់​ជា​មាន​អារម្មណ៍​បែប​ណា ពេល​លោក​បកប្រែ​ប្រសាសន៍​របស់​ព្យាការី​មរមន​ដូចនេះ ៖ « កូន​ក្មេង​តូច​ពុំ​ចាំបាច់​មាន​ការប្រែចិត្ត ឬ​បុណ្យ​ជ្រមុជ​ទឹក​ឡើយ ។ … [ ដ្បិត ] កូន​ក្មេង​តូច​រស់​នៅ​ក្នុង​ព្រះ​គ្រីស្ទ គឺ​ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ » ។១៤

ប្រហែល​វគ្គ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ព្រះគម្ពីរ​មរមន​ចំពោះ​យុវជន​យ៉ូសែប​នោះ​គឺ នីហ្វៃទី២ ជំពូក​ទី ៣។ ជំពូក​នេះ​មាន​ការព្យាករ​ពី​បូរាណ​មួយ​អំពី « អ្នកមើលឆុត​ម្នាក់​ដ៏​ជម្រើស » ដែល​ព្រះអម្ចាស់​នឹង​រើស​នៅ​ថ្ងៃ​ចុងក្រោយ—ឈ្មោះ​ថា យ៉ូសែប ដាក់​តាម​ឪពុក​លោក ។ អនាគត​ជា​ព្យាការី​រូប​នេះ​នឹង « បាន​តម្កើង​ខ្ពស់ » ហើយ​នឹង​ធ្វើ​កិច្ចការ​ដែល​ជា « ប្រយោជន៍​ដ៏​ធំ » ដល់​ប្រជាជន ។ លោក​នឹង « បាន​ជា​ធំ​ដូច​ម៉ូសេ » ហើយ​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ « អំណាច​ឲ្យ​នាំ​ពាក្យ [ របស់​ព្រះ ] » ។១៥ ចូរ​ពិចារណា​ពី​អារម្មណ៍​ដែល​យ៉ូសែប ស៊្មីធ ច្បាស់​ជា​មាន កាល​លោក​ដឹង​ថា​ការព្យាករ​នេះ​គឺ​អំពី រូប​លោក ! លោក​ពុំ​គ្រាន់តែ​បកប្រែ​ប្រវត្តិ​ប៉ុណ្ណោះ​ទេ លោក​ថែមទាំង​បកប្រែ​ការនិមិត្ត​អំពី​ថ្ងៃ​ចុងក្រោយ អំពី​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដ៏​ប្រកប​ដោយ​អព្ភូតហេតុ​ផងដែរ—ហើយ​យ៉ូសែប​នឹង​ជួយ​បំពេញ​វា​ដោយ​ផ្ទាល់ !

មក​ដល់​បច្ចុប្បន្ន​នេះ​វា​ជិត ២០០​ឆ្នាំ​ហើយ​យើង​ឃើញ​ដោយ​សាមញ្ញ​ថា ការព្យាករ​នេះ​ត្រូវបាន​សម្រេច ។ យើង​ស្គាល់​ស្នាដៃ​ដ៏​អស្ចារ្យ ដែល​យ៉ូសែប​សម្រេច​បាន​ក្នុង​នាម​ជា​ព្យាការី​របស់​ព្រះអម្ចាស់ ។ ប៉ុន្តែ​ចូរ​ចាំ​ថា ពេល​យ៉ូសែប​បាន​បកប្រែ​ការព្យាករ​នេះ លោក​សម្រេច​បាន​ស្នាដៃ​មួយ​ចំនួន​ដែល​ព្យាការី​បាន​ទាយ​ទុក​រួច​ទៅ​ហើយ ។ លោក​គ្រាន់តែ​ជា​យុវជន​វ័យ ២០​ឆ្នាំ​ស្ដើង​ប៉ុណ្ណោះ ។ សាសនាចក្រ​ពុំ​ទាន់​បាន​រៀបចំ​ឡើង​នៅ​ឡើយ ។ គ្មាន​វួដ ឬ ​សាខា គ្មាន​អ្នក​ផ្សព្វផ្សាយសាសនា និង គ្មាន​ព្រះវិហារ​បរិសុទ្ធ​ទេ ។ គ្មាន​នរណា​ស្គាល់​យ៉ូសែប ស្ម៊ីធ ឡើយ ហើយ​អ្នក​ដែល​ស្គាល់​វិញ បាន​ប្រឆាំង​លោក​យ៉ាង​ពេញ​ទំហឹង ។ ឥឡូវ ចូរ​យើង​មើល​ទៅ​ស្នា​ព្រះហស្ត​អស្ចារ្យ​ដែល​ព្រះអម្ចាស់​សម្រេច​បាន​តាមរយៈ​ស្នាដៃ​របស់​អ្នក​បម្រើ​ទ្រង់​គឺ យ៉ូសែប ទោះ​ជា​មាន​ការប្រឆាំង​ក្ដី ។ តើ​ការសម្រេច​តាម​ការព្យាករ​នេះ ពុំ​បង្ហាញ​ភស្ដុតាង​អំពី​ការហៅ​របស់​យ៉ូសែប ស៊្មីធ ដែល​បាន​ព្យាករ​ទុក​ទេ​ឬ​អី ?

ចំពោះ​អ្នក​ដែល​សង្ស័យ​លើ​ទីបន្ទាល់​អំពី​យ៉ូសែប ស្ម៊ីធ ឬ កំពុង​មាន​បញ្ហា​នឹង​ព័ត៌មាន​ខុសឆ្គង មិន​ត្រឹមត្រូវ ឬ ប្រឌិត​អំពី​ជីវិត និង ការបម្រើ​របស់​លោក នោះ​ខ្ញុំ​អញ្ជើញ​អ្នក​ឲ្យ​ពិចារណា​អំពី​ផលផ្លែ​ទាំងនេះ—ជា​ពរជ័យ​ជា​ច្រើន​ដែល​មាន​ដល់​យើង​តាមរយៈ​បេសកកម្ម​ដ៏​អស្ចារ្យ​របស់​យ៉ូសែប ស៊្មីធ ជា​ព្យាការី​នៃ​ការស្ដារឡើងវិញ ។

ដោយសារ​យ៉ូសែប​គឺ​ជា​ព្យាការី នោះ​វិវរណៈ និង ព្យាការី​មិន​មែន​ជា​ហេតុការណ៍​កើតឡើង​ក្នុង​អតីតកាល​ទៀត​ឡើយ ។ « ថ្ងៃ​នៃ​អព្ភូតហេតុ »—នៃ​ការនិមិត្ត ការប្រោស​ឲ្យ​ជា និង ការបម្រើ​នៃ​ពួកទេវតា—នៅ​តែ​បន្ត​មាន ។១៦

ដោយសារ​យ៉ូសែប​គឺ​ជា​ព្យាការី នោះ​យើង​ម្នាក់ៗ​អាច​ទទួល​បាន​អំណាច និង ពរជ័យ​ពី​បព្វជិតភាព​ដ៏​បរិសុទ្ធ រួម​មាន ពិធីបុណជ្រមុជទឹក អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ពិធីសាក្រាម៉ង់ ។

ដោយសារ​យ៉ូសែប​គឺ​ជា​ព្យាការី យើង​មាន​ពរជ័យ និង ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​ចង​ភ្ជាប់​យើង​ជាមួយ​ព្រះ ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​រាស្ត្រ​ទ្រង់ ហើយ​បង្ហាញ​ដល់​យើង​នូវ « អំណាច​នៃ​ព្រះ » ដែល​ថ្ងៃ​ណា​មួយ​យើង « ឃើញ​ព្រះ​ភក្ត្រ​នៃ​ព្រះ គឺ​ព្រះ​វរបិតា ហើយ​រស់​នៅ » ។១៧

ដោយសារ​យ៉ូសែប​គឺ​ជា​ព្យាការី នោះ​យើង​ដឹង​ថា អាពាហ៍ពិពាហ៍ និង គ្រួសារ​គឺ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ផែនការ​ព្រះ​សម្រាប់​សុភមង្គល​យើង ។ យើង​ដឹង​ថា តាមរយៈ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ទំនាក់ទំនង​គ្រួសារ​ដ៏​រីករាយ​យើង អាច​បន្ត​អស់កល្ប​ជានិច្ច ។

ដោយសារ​យ៉ូសែប​គឺ​ជា​ព្យាការី នោះ​យើង​មាន​មធ្យោបាយជា​ច្រើន​ដើម្បី​ចូល​ស្ថានសួគ៌—គឺ​ជា​ច្រក​ចូល​ទៅ​ក្នុង​ភាពអស់កល្ប​ដែល​បើក​ឡើង​សម្រាប់​យើង ។ យើង​អាច​ស្គាល់ « ព្រះ​ពិត​តែ​មួយ និង​ព្រះយេស៊ូវគ្រីស្ទ ដែល [ ទ្រង់​បាន ] ចាត់​ឲ្យ​មក​ផង » ។១៨ ជីវិត​អស់កល្ប​អាច​ជា​របស់​យើង ។

អ្វី​ដែល​សំខាន់​បំផុត ដោយសារ​យ៉ូសែប​គឺ​ជា​ព្យាការី នោះ​យើង​មាន​សាក្សី​បន្ថែម​លើ​សាក្សី ទីបន្ទាល់​បន្ថែម​លើ​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង ជា​ព្រះអង្គសង្គ្រោះ​ពិភពលោក ។ យើង​មាន​ពួក​សាក្សី​ពិសេស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជាបន្ដ​បន្ទាប់​ពុំ​ដាច់ រួមមាន​ព្យាការី​របស់​យើង ប្រធាន ថូម៉ាស អេស ម៉នសុន ទី​ប្រឹក្សា​ទាំង​ឡាយ​នៅ​ក្នុង​គណៈ​ប្រធាន​ទី​មួយ និង សមាជិកនៃ​កូរ៉ុមនៃពួកសាវក​ដប់​ពីរ​នាក់​ផងដែរ ។ ចំពោះ​ភាព​ជាសាក្សី​របស់ពួកគាត់ ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់​របស់​ខ្ញុំ​ដោយរាបសារ​យ៉ាង​ជាក់​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​នៃ​ការ​ស្ដារឡើងវិញ ។ បព្វជិតភាព និង សិទ្ធអំណាច​នៃ​ព្រះ​ត្រូវបាន​ប្រទាន​មក​លើ​ផែនដី​ម្តង​ទៀត ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​ធ្វើ​ជា​សាក្សី និង ថ្លែង​អំណរគុណ​ដោយ​គ្មាន​ការភិតភ័យ​ចំពោះ​ព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ​ដ៏​ឆ្នើម​នៃ​ព្រះអម្ចាស់​រូប​នេះ ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។