ឆ្នាំ ២០១០-២០១៩
« នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ »
ខែ តុលា ឆ្នាំ ២០១៦


« នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ »

សេចក្ដីស្រឡាញ់​របស់​ព្រះ​គឺ​ឥត​ព្រំដែន ហើយ​នឹង​មាន​ជា​រៀង​រហូត ប៉ុន្តែ​វា​ន័យ​បែប​ណា​ចំពោះ​យើងម្នាក់ៗ​ ​នោះ​គឺ​អាស្រ័យ​លើ​របៀប​ដែល​យើង​ឆ្លើយតប​ចំពោះ​សេចក្តីស្រឡាញ់​របស់​ទ្រង់ប៉ុណ្ណោះ ។

ព្រះគម្ពីរ​ប៊ីប​ប្រាប់​យើង​ថា « ព្រះ​ទ្រង់​ជា​តួ​សេចក្តី​ស្រឡាញ់ » ទ្រង់​គឺ​ជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​យើង​ពឹង​ទៅ​លើ​សេចក្ដីស្រឡាញ់​នោះ​យ៉ាង​ខ្ជាប់​ខ្ជួន និង​ជា​សាកល​យ៉ាង​ខ្លាំង ។ ប្រធាន ថូម៉ាស  អេស ម៉នសុន បាន​បង្ហាញ​ថា « សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មាន​សម្រាប់​អ្នក​រាល់គ្នា​ ទោះ​ជា​អ្នក​ដឹង ឬ​មិនដឹង​ថា អ្នក​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​នោះ​ក្ដី ។ វា​តែងតែ​មាន​សម្រាប់​អ្នក​ជានិច្ច » ។

មាន​វិធី​ជាច្រើន​ដើម្បី​ពិពណ៌នា និង​និយាយ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ ពាក្យ​មួយ​ដែល​យើង​ស្ដាប់​ឮ​ញឹកញាប់​នា​សព្វ​ថ្ងៃ​នេះ គឺថា​សេចក្ដីស្រឡាញ់​របស់​ព្រះគឺ « គ្មាន​លក្ខខណ្ឌ » ។ ក្នុង​ន័យ​មួយ​ថា ការ​ពិត​អ្នក​ពិពណ៌នាថា គ្មាន​លក្ខខណ្ឌ ពុំ​មាន​នៅក្នុង​គម្ពីរ​ទេ ។ តែ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ត្រូវ​បាន​ពិពណ៌នា​ក្នុង​គម្ពីរ​ថាជា « សេចក្ដី​ស្រឡាញ់​ដ៏​ធំ និង អស្ចារ្យ​ » « សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ » « សេច​ក្ដីស្រឡាញ់​ដ៏​ប្រោសលោះ » និង «​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប » ។ ទាំង​នេះ​គឺជា​ពាក្យ​ដែល​ល្អ​ប្រសើរ​ជាង ពីព្រោះ​ពាក្យ ឥត​លក្ខខណ្ឌ អាច​បង្វែរ​ចំណាប់​អារម្មណ៍​អំពី​សេចក្ដីស្រឡាញ់​នៃ​ព្រះ​ដោយ​ខុសឆ្គង ដូចជា ព្រះ​អត់ធ្មត់​ ហើយ​លើក​លែង​ឲ្យ​អ្វីៗ​ដែល​យើង​ធ្វើ ដោយសារ​តែ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​គឺ​ឥត​លក្ខខណ្ឌ ឬ ព្រះ​ពុំ​តម្រូវ​អ្វី​ពី​យើង​ទេ ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​គឺ​ឥត​លក្ខខណ្ឌ ឬ មនុស្ស​ទាំងអស់ ត្រូវ​បាន​សង្គ្រោះ​នៅក្នុង​នគរស្ថានសួគ៌​នៃ​ព្រះ ​ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​​​គឺ​ឥត​លក្ខខណ្ឌ ។ សេចក្ដីស្រឡាញ់​របស់​ព្រះ​គឺ​ឥត​ព្រំដែន ហើយ​នឹង​មាន​ជា​រៀង​រហូត ប៉ុន្តែ​វា​មាន​ន័យ​បែប​ណា​ចំពោះ​យើងម្នាក់ៗ​ ​នោះ​គឺ​អាស្រ័យ​លើ​របៀប​ដែល​យើង​ឆ្លើយតប​ចំពោះ​សេចក្តីស្រឡាញ់​របស់​ទ្រង់ប៉ុណ្ណោះ ។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖

« ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរបិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ ។

« បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្តិ​នៃ​ព្រះវរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដែរ » ។

ដើម្បី « បន្ដ​នៅក្នុង » ឬ « នៅ​ជាប់​ក្នុង » សេចក្ដីស្រឡាញ់​របស់​ព្រះ​អង្គសង្គ្រោះ មានន័យ​ថា ត្រូវ​ទទួល​ព្រះ​គុណរបស់​ទ្រង់ ហើយ​បាន​ឥតខ្ចោះ​ដោយ​ក្ដី​ស្រឡាញ់ ។ ដើម្បី​ទទួល​បាន​ព្រះគុណ​ទ្រង់ យើង​ត្រូវ​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដើម្បី​ការ​ផ្ដាច់​បាប ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ និង​បន្ដ​នៅលើ​ផ្លូវ​នៃ​ការ​គោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

ព្រះ​នឹង​ស្រឡាញ់​យើង​ជានិច្ច ប៉ុន្ដែ​ទ្រង់​មិន​អាច​សង្គ្រោះ​យើង​នៅក្នុង​អំពើ​បាប​របស់​យើងបាន​ទេ ។១០ សូម​ចងចាំ​ពាក្យ​របស់​អាមូលេក​ថ្លែង​ទៅកាន់​ស៊ីអែសរ៉ុម​ថា ព្រះអង្គសង្គ្រោះ​នឹង​មិន​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ក្នុង​អំពើ​បាប​របស់​ពួកគេ​ទេ ប៉ុន្ដែ​ពី អំពើ​បាប​របស់​ពួកគេ​វិញ ១១ យើង​មិន​ស្អាត​ស្អំ​ដោយ​សារ​អំពើបាប ដោយ​មូលហេតុ​ថា « គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​ទទួល​គ្រង​នគរ​ស្ថានសួគ៌ »១២ ឬ​អាស្រ័យ​នៅក្នុង​វត្តមាន​របស់​ព្រះ​បាន​ឡើយ ។ « ហើយ [ ព្រះគ្រីស្ទ ] មាន​ព្រះចេស្ដា ដែល​ព្រះវរបិតា​បាន​ប្រទាន​ដល់​ទ្រង់ ដើម្បី​ប្រោសលោះ [ រាស្ត្រ​របស់​ទ្រង់ ] ពី​អំពើ​បាប​របស់​គេ ដោយ​មក​ពីការ​ប្រែចិត្ត ហេតុដូច្នោះ​ហើយ ទ្រង់​បាន​ចាត់​ឲ្យ​ពួក​ទេវតា​របស់​ទ្រង់​មក​ប្រកាស​ដំណឹងល្អ​អំពី​លក្ខខណ្ឌ​ទាំងឡាយ​នៃ​ការ​ប្រែចិត្ត ដែល​នាំ​ទៅកាន់​ព្រះចេស្ដា​នៃ​ព្រះ​ដ៏​ប្រោសលោះ​ឲ្យ​បាន​ដល់​សេចក្ដីសង្គ្រោះ​ព្រលឹង​របស់​គេ » ។១៣

ចេញ​មកពី​ព្រះគម្ពីរ​មរមន យើង​រៀន​ថា​ព្រះរាជ​បំណង​នៃ​ការ​រងទុក្ខ​របស់​ព្រះគ្រីស្ទ— ជា​ការ​បើក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំធេង​របស់​ទ្រង់​គឺ— « ដើម្បី​នាំ​មក​នូវ​ចិត្ត​ក្ដួល​មេត្តា​ដែល​មាន​អំណាច​លើ​សេចក្ដី​យុត្តិធម៌ ដើម្បី​នឹង​នាំ​មក​នូវ​មធ្យោបាយ​ទាំង​ឡាយ​ដល់​មនុស្ស ​ឲ្យ​គេ​មាន​សេចក្ដី​ជំនឿ​ចំពោះ​ការ​ប្រែ​ចិត្ត ។

« ម្ល៉ោះហើយ សេចក្ដីមេត្តាករុណា អាចធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ ហើយឱបក្រសោបពួកគេនៅក្នុងដៃនៃសេចក្ដីសុខ នៅពេលដែលអ្នកនោះពុំអនុវត្តសេចក្ដីជំនឿចំពោះ​ការប្រែចិត្ត នោះត្រូវលាតត្រដាងនៅក្នុងច្បាប់ទាំងមូលចំពោះ ការទាមទារនៃសេចក្ដីយុត្តិធម៌ ហេតុដូច្នេះហើយ មានតែដល់អ្នកណាដែលមានសេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត ទើបនាំមកនូវផែនការនៃសេចក្ដីប្រោសលោះដ៏មហិមា និងអស់កល្បជានិច្ចបាន » ។១៤

ការ​ប្រែចិត្ត គឺជា​អំណោយ​របស់​ទ្រង់​ចំពោះ​យើង បាន​ទិញ​ដោយ​តម្លៃ​ដ៏​ថ្លៃ​បំផុត ។

មនុស្ស​ខ្លះ​នឹង​ប្រកែក​ថា ព្រះ​ប្រទាន​ពរ​ដល់មនុស្ស​គ្រប់​គ្នា​​​ដោយ​គ្មាន​ញែក​ចេញ​ខុសគ្នា—នោះទេ ឧទាហរណ៍ សេចក្ដី​ថ្លែង​របស់​ព្រះយេស៊ូវ​នៅក្នុង​ទេសនកថា​នៅលើ​ភ្នំ ៖ « [ ព្រះ ] ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក លើ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង » ។១៥ ពិត​ណាស់ ព្រះ​បាន​បង្អុរ​ភ្លៀង​ធ្លាក់​មក​លើ​កូន​ចៅ​របស់​ទ្រង់​ទាំងអស់​គ្រប់​ព្រះ​ពរ​ជ័យ​របស់​ទ្រង់​តាម​ដែល​ទ្រង់​អាច​ធ្វើ​បាន—ជា​ពរជ័យ​ទាំងអស់​ដែល​សេចក្ដីស្រឡាញ់ និង​ច្បាប់ និង​សេចក្ដីយុត្តិធម៌ និងសេច​ក្ដីមេត្តា​នឹង​អនុញ្ញាត​ឲ្យមាន ។ ហើយ​ទ្រង់​បាន​បង្គាប់​យើង​ឲ្យ​មានសេច​ក្ដី​សប្បុរស​ដូចគ្នា​នោះ​ដែរ ៖

« ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ

« ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ » ។១៦

ម្ល៉ោះ​ហើយ ពរជ័យ​កាន់តែ​មហិមា​របស់​ព្រះ គឺ​ត្រូវ​បាន​ដាក់​លក្ខខណ្ឌ​ដោយ​ការ​គោរព​ប្រតិបត្តិ ។ ប្រធាន រ័សុល  អិម នែលសុន បាន​ពន្យល់​ថា « សេចក្ដីស្រឡាញ់​ដ៏​ប្រពៃ​របស់​ព្រះ—រួមមាន​ជីវិត​ដ៏​នៅ​អស់​កល្បជានិច្ច—​មាន​នូវ​ពរជ័យ​ដែល​យើង​ត្រូវ​តែ​មាន​ភាព​សក្ដិសម ពុំ​មែន​រំពឹង​ថា​បាន​ទទួល​ដោយ​មិន​សក្ដិសម​នោះ​ទេ ។ អ្នក​មាន​បាប​មិន​អាច​បង្ខំ​ឲ្យ​ព្រះទ័យ​របស់​ទ្រង់​មក​ត្រូវ​តាម​ចិត្ត​របស់​ពួកគេ ហើយ​តម្រូវ​ឲ្យ​ទ្រង់​ប្រទាន​ពរ​ដល់​ពួកគេ​ក្នុង​អំពើបាប​នោះ​ឡើយ [ សូមមើល អាលម៉ា ១១:៣៧] ។ ប្រសិន​បើ​ពួកគេ​ប្រាថ្នា​ចង់​រីករាយ​នឹង​ពរជ័យ​ដែល​ព្រះ​ប្រទាន​ឲ្យ នោះ​ពួកគេ​ត្រូវ​តែ​ប្រែចិត្ត » ។១៧

លើស​ពី​ការ​ផ្ដល់​ឲ្យ​នូវ​ការ​សន្យា​ដល់​អ្នក​ប្រែចិត្ត​បាន​ជា​អត់ទោស ហើយ​គ្មាន​ប្រឡាក់​ស្នាម​ថា « បាន​លើកឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ »១៨ នោះ​មាន​នូវ​ទិដ្ឋភាព​ដ៏​សំខាន់​ទីពីរ​នៃ​ការ​ជាប់​នៅក្នុង​សេចក្ដីស្រឡាញ់​របស់​ព្រះ ។ ការ​ជាប់​នៅក្នុង​សេចក្ដីស្រឡាញ់​របស់​ទ្រង់ នឹង​ដឹកនាំ​យើង​ឲ្យ​ស្គាល់​ពី​សក្ដានុពល​ពេញលេញ​របស់​យើង ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។១៩ ដូច​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​ថ្លែង​ ៖ « ព្រះគុណ​នៃ​ព្រះ ពុំ​គ្រាន់តែ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ស្អាត​គ្មាន​បាប​ប៉ុណ្ណោះ​នោះ​ទេ ។ … ព្រះ​រាជបំណង​ទ្រង់​គឺ​មាន​កាន់តែ​ខ្ពស់ ៖ ទ្រង់​ចង់​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​ប្រែក្លាយ​ដូចជា​ទ្រង់ » ។២០

ដើម្បី​ជាប់​នៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់​ព្រះ តាមន័យ​នេះ​វា​មាន​ន័យ​ថា​ត្រូវ​ចុះ​ចូល​តាម​ព្រះទ័យ​របស់​ទ្រង់​ទាំង​ស្រុង ។ វា​មាន​ន័យ​ថា​ទទួល​យក​ការ​កែ​តម្រូវ​របស់​ទ្រង់​នៅពេល​ចាំបាច់ « ដ្បិត​ព្រះអម្ចាស់​ទ្រង់​ផ្ចាញ់ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ » ។២១ វា​មាន​ន័យ​ថា ស្រឡាញ់ ហើយ​បម្រើ​គ្នា​ទៅវិញ​ទៅមក​ដូចជា​ព្រះ​យេស៊ូវ​បាន​ស្រឡាញ់ និង​បម្រើ​យើង​ដែរ ។២២ ​វា​មាន​ន័យ​ថា​ត្រូវ​រៀន « នៅ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ​នៃ​នគរ​សេឡេស្ទាល » ដើម្បី​យើង​អាច « នៅជាប់​ក្នុងសិរីល្អ​សេឡេស្ទាល » ។ ២៣ ​ដើម្បី​ទ្រង់​អាច​សូន​យើង​ជា​អ្វី​ដែល​យើង​អាច​ប្រែក្លាយ នោះ​ព្រះវរបិតាសួគ៌​យើង​អង្វរ​យើង​ឲ្យ​ព្រម​ធ្វើ​តាម « សេចក្ដី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ ] ទៅជា​អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ ហើយ​ក្លាយ​ទៅ​ដូច​ជា​កូន​ក្មេង ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទទួល​នូវ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ ដូច​ជា​កូន​ក្មេង​ព្រម​ធ្វើ​តាម​ឪពុក​ខ្លួន​ដូច្នោះ » ។២៤

ដោយ អែលឌើរ ដាល្លិន  អេក អូក បាន​សង្កេត​ឃើញ​ថា « ការ​ជំនុំជម្រះ​ចុង​ក្រោយ គឺ​ពុំ​គ្រាន់តែ​ជា​ការ​វាយតម្លៃ​មួយ​នៃ​ការ​បូកសរុប​នៃ​សកម្មភាព​ល្អ និង​សកម្មភាព​អាក្រក់--ដែល​យើង​បាន​ធ្វើប៉ុណ្ណោះ​នោះទេ ។ វា​គឺជា​ការ​ទទួល​ស្គាល់​មួយ​ចំពោះ​លទ្ធផល​ចុងក្រោយ​នៃ​ទង្វើ និង​គំនិត—​ដែល​យើង​បាន ប្រែក្លាយ ។២៥

រឿង​ហេលិន ខេលើរ គឺជា​រឿង​ប្រៀបធៀប​មួយ​ផ្ដល់​យោបល់​អំពី​របៀប​ដែល​សេចក្ដីស្រឡាញ់​របស់​ព្រះ​ផ្លាស់​ប្រែ​មនុស្ស​ដែល​ព្រម​ធ្វើ​តាម ។ ហេលិន កើត​នៅ​រដ្ឋ​អាឡាបាម៉ា ក្នុង​សហរដ្ឋ​នៅ​ឆ្នាំ ១៨៨០ ។ នៅពេល​អាយុ ១៩ ខែ នាង​បាន​រងទុក្ខ​ដោយ​សារ​ជំងឺ​ដែល​គ្មាន​រោគវិនិច្ឆ័យ​មួយ បណ្ដាល​ឲ្យ​នាង​ថ្លង់ ហើយ​ពិការ​ភ្នែក ។ នាង​វាងវៃ​ណាស់ ហើយ​​បានមួរម៉ៅ​ពេល​នាង​ព្យាយាម​យល់ និង​ញាណ​ដឹង​ពី​អ្វីៗ​នៅជុំវិញ​នាង ។ នៅពេល​ហេលិន ដឹង​ថា​សមាជិក​គ្រួសារ​ធ្វើ​ចលនា​បបូរ​មាត់ ហើយ​ដឹង​ថា​ពួកគេ​ប្រើ​មាត់​ដើម្បី​និយាយ​ « នាង​ខូច​ចិត្ត​យ៉ាង​ខ្លាំង [ ដោយសារ ] នាង​មិន​អាច​ចូល​រួម​ក្នុងការ​សន្ទនា » ។២៦ ដល់​ពេល​ហេលិន​អាយុ​ប្រាំ​មួយ​ឆ្នាំ តម្រូវការ​ទំនាក់ទំនង និង​ការ​មួរ​ម៉ៅ​របស់ ហេលិន​បាន​មាន​កាន់តែ​ខ្លាំង​ឡើង រហូត​ធ្វើ​ឲ្យ​នាង « មាន​កំហឹង​ប្រចាំ​ថ្ងៃ ពេល​ខ្លះ​គ្រប់​ម៉ោង » ទៀត​ផង ។២៧

ឪពុក​ម្ដាយ​របស់​ហេលិន បាន​ជួល​គ្រូបង្រៀន​ម្នាក់​ឲ្យ​បង្រៀន​កូន​ពួកគេ ដែល​គាត់​ឈ្មោះ​ថា អាន សូលីវ៉ាន ។ ក៏​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ​យល់​អំពី​ជំងឺ​របស់​យើង២៨ អាន ស៊ូលីវ៉ាន បាន​ពុះពារ​នឹង​​ការ​លំបាក​ដ៏​ធ្ងន់​ធ្ងរ​ផ្ទាល់​ខ្លួន​របស់​គាត់ ហើយ​យល់​ពី​ជំងឺ​របស់​ហេលិន ។ នៅ​អាយុ​ប្រាំ​ឆ្នាំ អាន បាន​ឆ្លង​ជំងឺ​មួយ​ដែល​បណ្ដាល​ឲ្យ​ភ្នែក​ឡើង​បាយ​យ៉ាង​ឈឺចាប់ ហើយ​ធ្វើ​​ឲ្យ​គាត់​ស្ទើរ​តែ​ខ្វាក់​ភ្នែក ។ នៅពេល​ អាន អាយុ​ប្រាំ​បី​ឆ្នាំ ម្ដាយ​គាត់​បាន​ស្លាប់ ឪពុក​គាត់​បាន​បោះបង់​គាត់ និង​ប្អូន​ប្រុស​គាត់​ឈ្មោះ ជីមមី ចោល ហើយ​ពួកគាត់​ត្រូវ​បាន​បញ្ជូន​ទៅកាន់ « ខ្ទម » មួយ​ដែល​មាន​ស្ថានភាព​ដ៏​អាក្រក់ ធ្វើ​ឲ្យ ជីមមី ត្រូវ​ស្លាប់ បន្ទាប់​ពី​បាន​បី​ខែ​តែ​ប៉ុណ្ណោះ ។ តាមរយៈ​ការពុះពារ​តស៊ូ​ផ្ទាល់ខ្លួន​របស់​គាត់ អាន បាន​ក្លាយ​ជា​សិស្ស​នៅ​សាលា​រៀន​ភឺគីន​សម្រាប់​មនុស្ស​ខ្វាក់ និង​ខ្សោយ​ភ្នែក ដែល​ជា​កន្លែង​គាត់​ទទួល​បាន​ជោគជ័យ​ដ៏​ត្រ​ចះ​ត្រចង់ ។ នៅពេល​បាន​ទទួល​ការ​វះកាត់ គាត់​បាន​មើល​ឃើញ ​គាត់​អាច​អាន​អក្សរ​បាន ។ នៅពេល​ឪពុក ហេលិន ខេលើរ បាន​ទាក់​ទង​សាលា​ភឺគីន​ ដើម្បី​រក​នរណា​ម្នាក់​ធ្វើ​ជា​គ្រូ​បង្រៀន​កូន​ស្រី​របស់​គាត់ នោះ អាន ​ត្រូវ​បាន​គេ​ជ្រើសរើស ។២៩

មុន​ដំបូង​វា​ពុំ​មែនជា​បទពិសោធន៍​ដ៏​រីក​រាយ​ឡើយ ។ ហេលិន « ​បាន​វាយ បាន​ក្ដិច បាន​ទាត់​គ្រូ​របស់​នាង ហើយ​បាន​វៃ​​គាត់​បាក់​ធ្មេញមួយ​ទៀត​ផង ។ ទីបំផុត [ អាន ] គ្រប់​គ្រង​បាន​ ដោយ​ផ្លាស់​ទៅ​នៅ​ខ្ទម​តូច​មួយ​ជាមួយ ហេលិន ក្នុង​ដី​របស់​គ្រួសារ​ខេលើរ ។ តាមរយៈ​ការ​អត់ធ្មត់ និង​ការ​ខ្ជាប់​ខ្ជួន​ដ៏​រឹងប៉ឹង ទីបំផុត​គាត់​បាន​យក​ឈ្នះ​លើ​ដួង​ចិត្ត និង​ទំនុកចិត្ត​របស់​ក្មេង​នោះ » ។៣០ ស្រដៀងគ្នា​នេះដែរ នៅពេល​យើង​មក​ទុកចិត្ត​លើ​លោកគ្រូ​​ដ៏​ទេវភាព​របស់​យើង​ជំនួស​ឲ្យ​ការ​ចចេស​រឹងរូស នោះ​ទ្រង់​អាច​ធ្វើ​ការ​ជាមួយ​យើង​ដើម្បី​សម្រាល និង​លើក​យើង​ឡើង​ទៅ​កាន់​ស្ថានភាព​ថ្មី​មួយ ។៣១

ដើម្បី​ជួយ ហេលិន រៀន​ពាក្យ អាន បាន​ប្រកប​ឈ្មោះ​នៃ​វត្ថុ​ស្រដៀងគ្នា​ដោយ​ម្រាម​ដៃ​របស់​គាត់​នៅ​លើ​បាត​ដៃ​របស់​ហេលិន ។ « [ ហេលិន ] ពេញ​ចិត្ត​នឹង ‹ ការ​លេង​ម្រាមដៃ › នេះ ប៉ុន្ដែ​នាង​មិន​យល់​ទេ​រហូត​ដល់​គ្រា​ដ៏​ល្អ​មួយ ពេល​ [អាន] បាន​ប្រកប​ពាក្យ ‹ ទ-ឹ-ក › ខណៈ​ដែល​កំពុង​ចាក់​ទឹក​ដាក់​លើ​ដៃ​របស់ [ ហេលិន ] ។ ក្រោយមក [ ហេលិន ] បាន​សរសេរ​ ៖

« ‹ រំពេច​នោះ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ហាក់​ដូចជា​ភ្លេច​អ្វី​មួយ…ហើយ​មិន​ដឹង​យ៉ាង​ម៉េច​មាន​ពាក្យ​មួយ​បាន​បើក​បង្ហាញ​ដល់​ខ្ញុំ ។ ពេល​នោះ​ខ្ញុំ​បាន​ដឹង​ថា « ទ-ឹ-ក » មាន​ន័យ​ថា​ជា​វត្ថុធាតុ​រាវ​ដ៏​ត្រជាក់​កំពុង​ហូរ​កាត់​លើ​ដៃ​របស់​ខ្ញុំ ។ ពាក្យ​ដ៏​មាន​អានុភាព​នោះ​បាន​ដាស់​ព្រលឹង​របស់​ខ្ញុំ បាន​ផ្ដល់​នូវការ​យល់ដឹង ក្ដីសង្ឃឹម អំណរ ដោះ​ឲ្យ​មាន​សេរីភាព ! … អ្វីៗ​ទាំងអស់​មាន​ឈ្មោះ​មួយ ហើយ​ឈ្មោះ​នីមួយៗ​ផ្ដល់​ជា​គំនិត​ថ្មី​មួយ ។ នៅពេល​យើង​ត្រឡប់​ទៅ​ផ្ទះវិញ វត្ថុ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ពាល់ ហាក់​ដូចជា​មាន​ចលនា… › » ។៣២

រូបភាព
ហេលិន ខេលើរ និង អាន សូលីវ៉ាន

នៅពេល ហេលិន ខេលើរ បាន​ធំ​ពេញវ័យ នាង​ត្រូវ​បានគេ​ស្គាល់​ថា​នាង​ស្រឡាញ់​ភាសា ជំនាញ​របស់​នាង​ជា​អ្នក​និពន្ធ ហើយ​មាន​វោហារ​ជា​អ្នក​និយាយ​ទៅកាន់​មហាជន ។

នៅក្នុង​វីដេអូ​មួយ​បាន​ពិពណ៌នា​អំពី​ជីវិត​របស់​ហេលិន ខេលើរ ដែល​ឪពុក​ម្ដាយ​របស់​នាង​បង្ហាញ​ពីការ​ពេញចិត្ត​នឹង​កិច្ចការ​របស់​ អាន សូលីវ៉ាន កាល​ដែល​គាត់​បាន​បង្ក្រាប​កូនស្រី​ដ៏​លំបាក​របស់​គាត់​ឲ្យ​អង្គុយ​យ៉ាង​សមរម្យ​នៅ​ឯតុ​អាហារ​ពេលល្ងាច ញ៉ាំ​អាហារ​តាម​ធម្មតា ហើយ​បត់​កន្សែង​ដៃ​នាង​ទុក​ពេល​បរិភោគ​អាហារ​រួច ។ ប៉ុន្ដែ អាន បាន​ដឹង​ថា ហេលិន មាន​សមត្ថភាព​ច្រើន​ជាង​នេះ​ទៀត ហើយ​ថា​គាត់​មាន​ការ​បរិច្ចាគ​យ៉ាង​សំខាន់ ។៣៣ យើង​ក៏​អាច​ស្កប់​ស្កល់​នឹង​អ្វី​ដែល​យើង​បាន​ធ្វើ​​នៅក្នុង​ជីវិត​ផងដែរ ហើយ​ថា​យើង​គ្រាន់​តែ​ជា​ខ្លួន​យើង ខណៈ​ដែល​ព្រះ​អង្គសង្គ្រោះ​​របស់​យើង​យល់​អំពី​សក្ដានុពល​ដ៏​រុងរឿង ឯ​យើង​អាច​មើល​ឃើញ​តែ « តាម​បែប​ស្រអាប់ ដូច​ជា​ដោយសារ​កញ្ចក់ » ។៣៤ យើងម្នាក់ៗ​​​អាច​មាន​អំណរ​ដ៏​ខ្លាំង ពេល​យើង​ដឹង​ថា សក្ដានុពល​ដ៏ទេវភាពនៃ​ភាព​ជា​ព្រះ​អភិវឌ្ឍ​នៅក្នុង​ខ្លួន​យើង ដូច​​នឹង​អំណរ​ដែល ហេលិន ខេលើរ មាន ពេល​ពាក្យ​ទាំងឡាយ​មាន​ចលនា ផ្ដល់​ការ​យល់ដឹង​ដល់​ព្រលឹង​នាង ហើយ​ដោះ​ឲ្យ​មាន​សេរីភាព ។ យើង​ម្នាក់ៗ​អាច​ស្រឡាញ់ និង​បម្រើ​ព្រះ ហើយ​អាច​ប្រទានពរ​ដល់​បងប្អូន​យើង ។ « ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា សេចក្ដី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្ដី​នោះ​ឯង​ដែល​ព្រះ​បាន​រៀប​ចំ​ទុក សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់ » ។៣៥

ចូរ​យើង​ពិចារណា​អំពី​តម្លៃ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​មាន​តម្លៃ​របស់​ព្រះ ។ ព្រះយេស៊ូវ​បាន​បើក​បង្ហាញ​ថា ដើម្បី​ធួន​នឹង​អំពើ​បាប​របស់​យើង ហើយ​ប្រោសលោះ​យើង​ពី​សេចក្ដីស្លាប់ ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ នោះ​ការ​រងទុក្ខ​របស់​ទ្រង់​បាន​បណ្ដាល​ឲ្យ​ទ្រង់ « គឺ​ជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំង​អស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រង​ទុក្ខ​ព្រម​ទាំង​រូប​កាយ និង​វិញ្ញាណ​ផង—ហើយ​ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ផឹក​ពែង​ល្វីង ហើយ​រួញ​ខ្លាច » ។៣៦ ការ​រង​ទុក្ខ​របស់​ទ្រង់​នៅក្នុង​សួន​ច្បារ​គែតសេម៉ានី និង​នៅលើ​ឈើ​ឆ្កាង គឺ​មាន​ទំហំ​មហិមា​ជាង​មនុស្ស​នៃ​ជីវិត​រមែង​ស្លាប់​នេះ​អាច​ទ្រាំ​ទ្រ​បាន ។៣៧ ម្ល៉ោះ​ហើយ ដោយសារ​តែ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ព្រះបិតា​ទ្រង់ និង​ចំពោះ​យើង នោះ​ទ្រង់​បាន​ស៊ូទ្រាំ ជា​លទ្ធផល អាច​ផ្ដល់​ដល់​យើង​ទាំង​ជីវិត​អមត និង​ជីវិត​អស់កល្ប​ជានិច្ច ។

រូបភាព
ការ​គាប​អូលីវ

វា​ជា​និមិត្ត​រូប​ដ៏​រំជួល​ចិត្ត​ដែល « លោហិត [ បាន ] ហូរ​ចេញ​ពី​គ្រប់រន្ធ​ញើស » ៣៨ នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី ជា​កន្លែង​គាប​ប្រេង​អូលីវ ។ ដើម្បី​ផលិត​ប្រេង​នៅ​ជំនាន់​របស់​ព្រះអង្គសង្គ្រោះ ដំបូង​ឡើយ ផ្លែ​អូលីវ​ត្រូវ​ដាក់​កិន​ដោយ​ផ្ទាំង​ថ្ម​ធំ​មួយ ។ « ផ្លែ​អូលីវ​កិន » នោះ​ត្រូវ​យក​ទៅដាក់​នៅក្នុង​កន្ត្រក​វេញ​ទន់​រលុងៗ​ដែល​ដាក់​គរ​ពី​លើ​គ្នា ។ ទម្ងន់​របស់​វា​គាប​ចេញ​ជាប្រេង​ដំបូង ហើយ​ល្អបំផុត ។ បន្ទាប់​មក​ដាក់​ធ្នឹម ឬ​គល់​ឈើ​ធំ​មួយ​សង្កត់​បន្ថែម​ពីលើ​កន្ត្រក​ដែល​ដាក់គ​គ្នា​នោះ វា​គាប​បាន​ប្រេង​បន្ថែម​ទៀត ។ ទីបំផុត ដើម្បី​គាប​យក​ដំណក់​ប្រេង​ចុង​ក្រោយ ធ្នឹម​គឺ​ត្រូវ​បាន​ដាក់​សង្កត់​ដោយ​ថ្ម​ជា​ច្រើន​នៅ​ចុង​ម្ខាង​ដើម្បី​បង្កើត​ជា​កម្លាំង​សម្ពាធ​សង្កត់​អតិបរមា ។៣៩ មែន​ហើយ ប្រេង​នឹង​ចេញ​មក​ជា​ពណ៌​ក្រហម​ដូច​វា​ហូរ​ចេញ​មក​កាលពី​ដំបូង​ដែរ ។

រូបភាព
ការ​គាប​អូលីវ និង​ប្រេង​អូលីវ

ខ្ញុំ​គិត​អំពី​ដំណើរ​រឿង​របស់​ម៉ាថាយ​អំពី​ព្រះអង្គសង្គ្រោះ នៅពេល​ទ្រង់​បាន​ចូល​ទៅ​សួន​ច្បារ​គែតសេម៉ានី​នា​យប់​ដ៏​សំខាន់​នោះ—ដែល​ទ្រង់ « ចាប់​តាំង​មាន​ព្រះហឫទ័យ​ព្រួយ ហើយ​តប់ប្រមល់​ជា​ខ្លាំង ។ …

« កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្តិច​ទៀត នោះ​ទ្រង់​ទម្លាក់​អង្គ ផ្កាប់​ព្រះភក្ត្រ​ចុះ​អធិស្ឋាន​ថា ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែង​នេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ។៤០

បន្ទាប់មក កាលខ្ញុំ​ស្រមៃ​ឃើញ​ថា​សម្ពាធ​មាន​កាន់តែ​ធ្ងន់ធ្ងរ នោះ​ទ្រង់​បាន​ទូល​អង្វរ​ជា​លើក​ទីពីរ​សូម​ការ​សម្រាលទុក្ខ ហើយ​ទីបំផុត​បាន​សូម​ជា​លើក​ទីបី ដែល​វា​ប្រហែល​ជា​ដល់​កំពូល​នៃ​ការ​ឈឺ​ចាប់​របស់​ទ្រង់​ហើយ​មើល​ទៅ ។ ទ្រង់​បាន​ស៊ូទ្រាំការ​រងទុក្ខ​រហូត​សេចក្ដីយុត្តិធម៌​ត្រូវ​បាន​ស្កប់ស្កល់​ដល់​ដំណក់​ចុង​ក្រោយ ។៤១ ការណ៍​នេះ​ទ្រង់​បាន​ប្រោសលោះ​​បងប្អូន និង​រូប​ខ្ញុំ ។

សេចក្ដីស្រឡាញ់​របស់​ព្រះ​ជា​អំណោយ​ដ៏​មាន​តម្លៃ​ណាស់​ហ្ន៎ ! ដោយ​បាន​ពេញ​ដោយសេច​ក្ដីស្រឡាញ់​នោះ ព្រះយេស៊ូវ​បាន​សួរ​ថា « តើ​អ្នករាល់​គ្នា​មិនចង់​ត្រឡប់​មក​រក​យើង ហើយ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​អ្នក ហើយ​ប្រែចិត្ត​ជឿ​ដើម្បី​យើងអាច​ប្រោស​អ្នកឲ្យ​បាន​ជា​ទេ​ឬ ? ៤២រួច​ទ្រង់​អះអាង​ដោយ​ទន់ភ្លន់​ថា « មើលចុះ ដៃនៃសេចក្ដីមេត្តាករុណារបស់យើងសន្ធឹងទៅរកអ្នក ហើយអស់អ្នកណាដែលមក… អ្នកនោះហើយដែលយើងនឹងទទួល ហើយមានពរហើយដល់អ្នកណាដែលមករកយើង » ។៤៣

តើ​បងប្អូន​មិន​ព្រម​ស្រឡាញ់​ទ្រង់ ដែល​ទ្រង់​ស្រឡាញ់​បងប្អូន​មុន​ទេ​ឬ​អី ?៤៤ ចូរ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។៤៥ តើ​បងប្អូន​មិន​ព្រម​ធ្វើ​ជា​មិត្ត​នឹង​ទ្រង់ ដែល​បាន​ដាក់​ជីវិត​ដើម្បី​មិត្ត​របស់​ទ្រង់​ទេ​ឬ​អី ?៤៦ ចូរ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។៤៧ តើ​បងប្អូន​មិន​ព្រម​នៅជាប់​ក្នុង​សេចក្ដីស្រឡាញ់​របស់​ទ្រង់ ហើយ​ទទួល​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​ប្រទាន​ដល់អ្នក​ប្រកប​ដោយ​ព្រះគុណ​ទេ​ឬ​អី ? ចូរ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។៤៨ ខ្ញុំ​អធិស្ឋាន​ថា យើង​នឹង​ដឹង ហើយ​នៅជាប់​ក្នុង​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ដ៏ពេញលេញ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។