ឆ្នាំ ២០១០-២០១៩
« ចូរ​ម​ក​តាម​ខ្ញុំ​ចុះ »​ដោយ​ការ​អនុវត្ត​សេចក្ដី​ស្រឡាញ់ និង​ការ​បម្រើ​ជា​គ្រិស្តសាសនិក
ខែ តុលា ឆ្នាំ ២០១៦


« ចូរ​មក​តាម​ខ្ញុំ​ចុះ »​ដោយ​ការ​អនុវត្ត​សេចក្ដី​ស្រឡាញ់ និង​ការ​បម្រើ​ជា​គ្រិស្តសាសនិក

ក្នុង​នាម​ជា​ពួក​សិស្ស​របស់​ព្រះអង្គសង្គ្រោះ​នា​ថ្ងៃ​ចុង​ក្រោយ​នេះ យើង​មក​រក​ទ្រង់​តាមរយៈ​ការ​ស្រឡាញ់ និង​ការ​បម្រើ​ដល់​កូនចៅ​របស់​ព្រះ ។

លោក អេលី វីស្សេល ជា​អ្នក​ដែល​ទទួល​បាន​រង្វាន់​ណូបែល បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក្រោយ​ពី​ការ​វះកាត់​បើក​បេះដូង ពេល​នោះ​មាន​ចៅ​ប្រុស​គាត់​ម្នាក់​អាយុ​ប្រាំ​ឆ្នាំ​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់ ។ កាល​ក្មេង​ប្រុស​តូច​នោះ​សម្លឹង​មើល​មុខ​ជីតា​ខ្លួន គាត់​បាន​ឃើញ​ពី​ការ​ឈឺចាប់​នោះ ។ គាត់​បាន​សួរ​ថា « លោក​តា បើ​ខ្ញុំ​ស្រឡាញ់​លោក​តា​ឲ្យ​បាន​ច្រើន តើ​លោក​តា​លែង​ឈឺ​ចាប់​ខ្លះ​ទេ ? » នៅ​ថ្ងៃ​នេះ​ខ្ញុំ​សូម​សួរ​សំណួរ​ស្រដៀង​គ្នា​នេះ​ដល់​យើង​ម្នាក់ៗ ៖ « បើ​យើង​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​បាន​ច្រើន តើ​យើង​នឹង​រងទុក្ខ​តិច​តួច​មែន​ទេ ?»

កាល​ព្រះអង្គសង្គ្រោះ​បាន​ហៅ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ដើរ​តាម​ទ្រង់ ពួកគេ​កំពុង​រស់​នៅ​តាម​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ រួម​បញ្ចូល​ទាំង​ការនាំ « ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ » ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​បាន​យាង​មក​បំពេញ​ក្រឹត្យវិន័យ​នោះ​ដោយ​ដង្វាយ​ធួន​របស់​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​គោលលទ្ធិ​ថ្មី​មួយ ៖ « ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ » ។

ពួក​សិស្ស​ត្រូវ​បាន​បង្រៀន​ឲ្យ​ងាក​ចេញ​ពី​របៀប​មនុស្ស​ខាង​សាច់ឈាម​ទៅ​រក​របៀប​របស់​ព្រះអង្គសង្គ្រោះ​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុកដាក់ មាន​ការ​អភ័យទោស សណ្ដាន​ចិត្ត​ល្អ និង​ក្ដីមេត្តាករុណា​ជំនួស​ឲ្យ​ការ​ទាស់​ទែង​គ្នា ។ « ព្រះបញ្ញត្តិ​ថ្មី »​ឲ្យ « ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ពុំ​មែន​ជា​រឿង​ងាយ​ធ្វើ​តាម​ជានិច្ច​នោះ​ទេ ។ កាល​ពួក​សិស្ស​ព្រួយ​អំពី​ការ​រាប់​អាន​នឹង​ពួក​អ្នក​មាន​បាប និង​មនុស្ស​មាន​ឋានៈ​ជាក់លាក់ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដោយ​អត់ធ្មត់​ថា « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ។ ឬ​ដូច​ដែល​ព្យាការី​មួយ​រូប​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​បាន​ពន្យល់​ថា « កាល​ណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

ក្នុង​នាម​ជា​ពួក​សិស្ស​របស់​ព្រះអង្គសង្គ្រោះ​នា​ថ្ងៃ​ចុង​ក្រោយ​នេះ យើង​មក​រក​ទ្រង់​តាមរយៈ​ការ​ស្រឡាញ់ និង​ការ​បម្រើ​ដល់​កូនចៅ​របស់​ព្រះ ។ កាល​យើង​ធ្វើ​កិច្ចការ​នេះ យើង​ប្រហែល​ជា​មិន​អាច​គេច​ផុត​ពី​ទុក្ខ​លំបាក ភាព​វេទនា និង​ការ​ឈឺចាប់​ខាង​សាច់​ឈាម​បាន​ឡើយ ប៉ុន្តែ​យើង​នឹង​រង​ទុក្ខ​តិច​ខាង​វិញ្ញាណ ។ សូម្បី​តែ​នៅ​ក្នុង​ការ​សាកល្បង​ក៏​យើង​អាច​មាន​អំណរ និង​ភាព​សុខសាន្ត​ដែរ ។

សេចក្ដីស្រឡាញ់ និង​ការ​បម្រើ​របស់​យើង​ក្នុងនាម​ជា​គ្រិស្ត​សាសនិក​គឺ​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ផ្ទះ​យើង ។ ឪពុក​ម្ដាយ​ទាំងឡាយ​អើយ បងប្អូន​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​គ្រូបង្រៀន និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​គួរ​ឲ្យ​ស្រឡាញ់​ដល់​កូន​ចៅ និង យុវវ័យ​របស់​បងប្អូន ។ ពួកគេ​ជា​ពួក​អ្នក​រៀន​ថ្មី​របស់​បងប្អូន ។ បងប្អូន​មាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ជឿ ។ តាម​ពិត យើង​ទាំងអស់​គ្នា​កំពុង​ខិតខំ​មាន​ការ​ប្រែ​ចិត្ត​ជឿ—វា​មាន​ន័យ​ថា ការ​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ។

នៅពេល​យើង​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ សេចក្ដីស្រឡាញ់​របស់​ទ្រង់​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចេះ​គាំទ្រ​គ្នា​នៅ​ក្នុង​ដំណើរ​ជីវិត​នេះ ។ យើង​មិន​អាច​ធ្វើ​វា​តែ​ម្នាក់​ឯង​ទេ ។ បងប្អូន​បាន​ស្ដាប់​ឮ​ខ្ញុំ​ចែកចាយ​សុភាសិត​មក​ពី​មុន​ថា ៖ អ្នក និង​ខ្ញុំ​ជួយ​លើក​គ្នា​ឡើង​ដ៏​អស់​កល្ប​ជានិច្ច » ។ ក្នុង​នាម​ជា​ពួក​សិស្ស យើង​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​នេះ កាល​យើង​បាន​ជ្រមុជទឹក ដោយ​បង្ហាញ​ឆន្ទៈ​យើង​ដើម្បី « ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល » ។

« [ ការ ] បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​គោលលទ្ធិ​នៃ​នគរ »១០ គឺ​ជា​វិធី​មួយ​ដើម្បី​ស្រឡាញ់ ហើយ​បម្រើ​គ្នា ។ ឪពុក​ម្ដាយ និង​ជីដូន​ជីតា​ទាំងឡាយ​អើយ យើង​សោកស្ដាយ​ពី​ស្ថានភាព​នៃ​ពិភពលោក​នេះ—ដែល​សាលា​រៀន​ពុំ​បាន​បង្រៀន​ពី​គុណ​សម្បត្តិ​ខាង​សីលធម៌​ឡើយ ។ ប៉ុន្តែ​មាន​រឿង​ច្រើន​ណាស់​ដែល យើង អាច​ធ្វើ​បាន ។ យើង អាច​ទាញ​យក​ប្រយោជន៍​ពី​ឱកាស​បង្រៀន​នៅ​ក្នុង​ក្រុម​គ្រួសារ​យើង​ផ្ទាល់—នោះ​មាន​ន័យ​ថា​នៅ​សព្វថ្ងៃ​នេះ ។ សូម​កុំ​ឲ្យ​វា​កន្លង​ផុត​ទៅ​ឡើយ ។ កាល​មាន​ឱកាស​មួយ​ដើម្បី​ចែកចាយ​គំនិត​របស់​បងប្អូន​អំពី​ដំណឹងល្អ និង​មេរៀន​នៃ​ជីវិត សូម​ផ្អាក​ធ្វើ​អ្វីៗ​ទាំងអស់ អង្គុយ​ចុះ ហើយ​និយាយ​ជាមួយ​នឹង​កូនៗ និង​ចៅៗ​របស់​បងប្អូន ។

យើង​ពុំ​គួរ​បារម្ភ​ថា យើង​ពុំ​មែន​ជា​គ្រូ​បង្រៀន​ដំណឹងល្អ​អាជីព​នោះ​ឡើយ ។ គ្មាន​ថ្នាក់​បំពាក់​បំប៉ន ឬ​សៀវភៅ​សិក្សា​ណា​មួយ​មាន​ប្រយោជន៍​ដូចជា​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ការ​អធិស្ឋាន ការ​រិះគិត និង​ការ​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ។ ព្រះវិញ្ញាណ​នឹង​ដឹកនាំ​យើង​រាល់​ថ្ងៃ ។ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា ការ​ហៅ​ធ្វើ​ជា​ឪពុក​ម្ដាយ វា​រួម​បញ្ចូល​នូវ​អំណោយ​ទាន​ដើម្បី​បង្រៀន​តាម​របៀប​ត្រឹមត្រូវ​សម្រាប់​បងប្អូន និង​កូនចៅ​បងប្អូន​ដែរ ។ ចូរ​ចងចាំ​ថា ព្រះចេស្តា​នៃ​ព្រះ​ដើម្បី​ធ្វើ​ឲ្យ​យើង​សុចរិត​គឺ​ជា​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ « យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន » ។១១

យុវវ័យ​អើយ ក្មួយៗ​មួយ​ចំនួន​គឺ​ជា​គ្រូបង្រៀន​ដំណឹង​ល្អ​ដ៏​មាន​ប្រសិទ្ធភាព​របស់​យើង ។ ក្មួយៗ​មក​ព្រះវិហារ​ដើម្បី​រៀន​សូត្រ​ឲ្យ​ក្មួយ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បង្រៀន ហើយ​បម្រើ​គ្រួសារ អ្នក​ជិតខាង និង​មិត្ត​របស់​ក្មួយ ។ សូម​កុំ​ខ្លាច​ឡើយ ។ សូម​មាន​សេចក្ដី​ជំនឿ​ដើម្បី​ថ្លែង​ទីបន្ទាល់​ពី​រឿង​ដែល​ក្មួយ​ដឹង​ថា​ជា​ការ​ពិត ។ សូម​គិត​ពី​របៀប​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​រីកចម្រើន ដោយសារ​ពួកគេ​កំពុង​រស់​នៅ​ដោយ​ស្មោះត្រង់​នៅ​ក្នុង​ជីវិត​មួយ​ដ៏​បរិសុទ្ធ—ដោយ​ប្រើ​ពេលវេលា និង​ទេពកោសល្យ​របស់​ពួកគេ ហើយ​ថ្លែង​ទីបន្ទាល់​ដើម្បី​បម្រើ ហើយ​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ​ទៀត ។ កាល​ក្មួយ​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​អំពី​ដំណឹងល្អ សេចក្ដី​ជំនឿ​ក្មួយៗ​នឹង​រីក​ចម្រើន ហើយ​ភាព​ជឿ​ជាក់​របស់​ខ្លួន​នឹង​កើន​ឡើង ។

ការ​បម្រើ​មួយ​ចំនួន​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​របស់​យើង​ដែល​មាន​ឥទ្ធិពល​បំផុត​ធ្វើ​ឡើង​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ ការ​អធិស្ឋាន​ជា​គ្រួសារ និង​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​គ្រួសារ ។ អស់​រយៈពេល​ជាង​មួយ​រយ​ឆ្នាំ​ហើយ ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​អំពាវ​នាវ​ឲ្យ​យើង​រៀបចំ​ពេល​វេលា​កុំ​ឲ្យ​មាន​ការ​រំខាន​នៅ​រាល់​សប្ដាហ៍ ។ ប៉ុន្តែ​យើង​ភាគ​ច្រើន​នៅ​តែ​ខកខាន​ចំពោះ​ពរជ័យ​ទាំងនេះ ។ រាត្រី​ជួបជុំ​ក្រុមគ្រួសារ​គឺ​ពុំ​មែន​ជា​ការ​ស្ដី​ប្រដៅ​មក​ពី​ឪពុក និង​ម្ដាយ​ទេ ។ វា​គឺ​ជា​ពេល​សម្រាប់​គ្រួសារ​ដើម្បី​ចែកចាយ​គំនិត និង​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​សាមញ្ញ ដើម្បី​ជួយ​កូនៗ​យើង​ឲ្យ​រៀន​មើល​ថែ ហើយ​ចែកចាយ លេង​សប្បាយ​នឹង​គ្នា ថ្លែង​ទីបន្ទាល់​រួម​គ្នា ព្រមទាំង​ធំ​ឡើង ហើយ​រីកចម្រើន​រួម​គ្នា ។ នៅពេល​យើង​ធ្វើ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​រាល់​សប្ដាហ៍ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គ្នា​នឹង​កាន់​តែ​មាន​ភាព​ជ្រាល​ជ្រៅ ហើយ​នឹង​រងទុក្ខ​តិចតួច ។

ចូរ​យើង​ចងចាំ​ថា កិច្ចការ​ដ៏​សំខាន់​បំផុត​ដែល​យើង​ធ្វើ​នៅ​ក្នុង​ក្រុម​គ្រួសារ​យើង គឺ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅ​ពេល​ណា​យើង​ដំឡើង​សំឡេង​ដោយ​ការ​ក្រោធ​ខឹង នោះ​ព្រះវិញ្ញាណ​ចាក​ចេញ​ពី​យើង និង​ក្រុម​គ្រួសារ​យើង ។ ពេល​យើង​និយាយ​ដោយ​ក្ដី​ស្រឡាញ់ នោះ​ព្រះវិញ្ញាណ​អាច​គង់​នៅ​ជាមួយ​យើង ។ ចូរ​យើង​ចងចាំ​ថា​កូនៗ និងចៅៗ​យើង​វាស់​វែង​ក្ដី​ស្រឡាញ់​របស់​យើង​តាម​ទំហំ​នៃ​ពេល​វេលា​ដែល​យើង​បាន​លះបង់​ឲ្យ​ពួកគេ ។ លើស​ពី​នេះ​ទៀត សូម​កុំ​បាត់​បង់​ការ​អត់ធ្មត់ ហើយ​សូម​កុំ​ចុះ​ចាញ់ !

បទគម្ពីរ​ប្រាប់​យើង​ថា ពេល​កូនចៅ​វិញ្ញាណ​មួយ​ចំនួន​របស់​ព្រះវរបិតា​ពុំ​ជ្រើស​រើស​ដើរ​តាម​ផែនការ​ទ្រង់ នោះ​ពួក​ទេវតា​នៃ​ស្ថានសួគ៌​បាន​យំ ។១២ ឪពុកម្ដាយ​មួយ​ចំនួន​ដែល​បាន​ស្រឡាញ់ ហើយ​បាន​បង្រៀន​ដល់​កូនចៅ​ខ្លួន​ក៏​បាន​យំ​ដែរ កាល​កូនចៅ​ខ្លួនបាន​ធំ​ឡើង​ជ្រើស​មិន​ធ្វើ​តាម​ផែនការ​របស់​ព្រះអម្ចាស់ ។ តើ​ឪពុក​ម្ដាយ​អាច​ធ្វើ​អ្វីខ្លះ ? យើង​ពុំ​អាច​អធិស្ឋាន​សូម​ឲ្យ​មាន​ការ​ដក​យក​សិទ្ធិ​ជ្រើស​រើស​របស់​បុគ្គល​ម្នាក់​ទៀត​បាន​ឡើយ ។ សូម​ចងចាំ​ពី​ឪពុក​របស់​កូន​ប្រុស​ខ្ជះ​ខ្ជាយ ដែល​បាន​រង់ចាំ​កូន​ប្រុស​គាត់ « [ ឲ្យ​មក​រក ] គាត់ »​ដោយ​អត់​ធ្មត់ ហើយ​ស្រប​ពេល​នោះ​ដែរ គាត់​ក៏​បាន​រង់​ចាំ​មើល​វា​ពី​ចម្ងាយ ។ ហើយ​គាត់​បាន​រត់​ទៅ​រក​កូន ពេល​ឃើញ​វា « ពី​ចម្ងាយ » ។១៣ យើង​អាច​អធិស្ឋាន​សូម​ការ​ដឹកនាំ​ពី​ពេល​ដែល​ត្រូវ​និយាយ និង​អ្វី​ដែល​ត្រូវ​និយាយ និង​ពេល​ដែល​ត្រូវ​នៅ​ស្ងៀម ។ ចូរ​ចង​ចាំ​ថា កូនៗ និង​សមាជិក​គ្រួសារ​យើង​បាន​ជ្រើស​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​រួច​ហើយ កាល​ពី​ជីវិត​មុន​ផែនដី ។ ពេល​ខ្លះ វា​មាន​តែ​តាមរយៈ​បទពិសោធន៍​ផ្ទាល់​របស់​ពួកគេ​ប៉ុណ្ណោះ ទើប​អារម្មណ៍​ដ៏​ពិសិដ្ឋ​ទាំងនោះ​បាន​រំឭក​ឡើង​ជា​ថ្មី ។ នៅ​ទី​បំផុត ការ​ជ្រើស​រើស​ស្រឡាញ់ ហើយ​ដើរ​តាម​ព្រះអម្ចាស់​ត្រូវ​តែ​ជា​ការ​ជ្រើស​រើស​របស់​ពួកគេ ។

មាន​នូវ​វិធី​ពិសេស​មួយ​ទៀត​ដែល​ពួក​សិស្ស​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​កោត​សរសើរ​ដល់​អស់​អ្នក​ដែល​បម្រើ​ព្រះអម្ចាស់​ក្នុង​នាម​ជា​អ្នក​មើល​ថែ ។ ព្រះអម្ចាស់​ស្រឡាញ់​បងប្អូន​ខ្លាំង​ណាស់ ! នៅ​ក្នុង​ការ​បម្រើ​ដ៏​ស្ងប់​ស្ងាត់ គ្មាន​ការ​កោត​សរសើរ​របស់​បងប្អូន បងប្អូន​កំពុង​ដើរ​តាម​ទ្រង់​ដែល​បាន​សន្យា​ថា « ព្រះ​វរបិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សម្ងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់ »។១៤

ខ្ញុំ​គិត​ពី​អ្នក​ជិតខាង​ខ្ញុំ​ដែល​ភរិយា​គាត់​រង​ការ​ឈឺចាប់​ដោយ​សារ​ជំងឺ​បាត់បង់​ការ​ចងចាំ ។ រៀង​រាល់​ថ្ងៃ​អាទិត្យ​គាត់​បាន​ជួយ​ស្លៀក​ពាក់​ឲ្យ​នាង​ដើម្បី​ទៅ​ការ​ប្រជុំ​សាសនាចក្រ សិត​សក់​ឲ្យ​នាង តុបតែង​មុខ​ឲ្យ​នាង ទាំង​ពាក់​ក្រវិល​ឲ្យ​នាង ។ ដោយ​បង្ហាញ​ពី​ការ​បម្រើ​នេះ គាត់​គឺជា​គំរូ​មួយ​ដល់​បុរស​ស្ត្រី​គ្រប់​គ្នា​នៅ​ក្នុង​វួដ​របស់​យើង—តាម​ពិត​គឺជា​គំរូ​ដល់​ពិភពលោក ។ មាន​ថ្ងៃ​មួយ​ភរិយា​គាត់​បាន​ពោល​ទៅ​គាត់​ថា « ខ្ញុំ​គ្រាន់​តែ​ចង់​ឃើញ​ស្វាមី​ខ្ញុំ​ម្ដង​ទៀត ហើយ​បាន​រួម​រស់​នឹង​គាត់ » ។

គាត់​បាន​តប​ថា « បង​គឺ​ជា​ស្វាមី​របស់​អូន » ។

ហើយ​នាង​បាន​តប​ដោយ​ផ្អែម​ល្ហែម​ថា « ល្អ​ហើយ ! »

ខ្ញុំ​ពុំ​អាច​និយាយ​ពី​ការ​មើល​ថែ​ដោយ​គ្មាន​ការ​ទទួល​ស្គាល់​ចំពោះ​អ្នក​មើល​ថែ​ដ៏​ពិសេស​នៅ​ក្នុង​ជីវិត​ខ្ញុំ​បាន​ឡើយ—ជា​សិស្ស​ដ៏​ពិសេស​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​ខ្ញុំ—គឺ ម៉ារី​ដែល​ជា​ដៃ​គូ​ដ៏​អស់​កល្ប​របស់​ខ្ញុំ ។ គាត់​បាន​ធ្វើ​អ្វីៗ​ទាំងអស់​ដោយ​ចិត្ត​មេត្តា និង​ក្ដី​ស្រឡាញ់ ។ ដៃ​ទាំង​ពីរ​របស់​គាត់​ឆ្លុះ​បញ្ចាំង​ពី​ការ​ប៉ះពាល់​ដ៏​ទន់​ភ្លន់ ហើយ​គាំទ្រ​របស់​ទ្រង់ ។ បើ​គ្មាន​រូប​គាត់ ខ្ញុំ​នឹង​ពុំ​អាច​នៅ​ទី​នេះ​បាន​ឡើយ ។ ខ្ញុំ​នឹង​អាច​កាន់​ខ្ជាប់​ជាមួយ​គាត់​ដល់​ចុង​បំផុត ហើយ​នៅ​ជា​មួយ​គាត់​ក្នុង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

បើ​បងប្អូន​កំពុង​រងទុក្ខ​យ៉ាង​ខ្លាំង​ជាមួយ​អ្នក​ដទៃ ឬ​តែ​ឯង ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​បងប្អូន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ជា​អ្នក​មើល​ថែ​ដល់​បងប្អូន ។ សូម​ផ្អែក​ទៅ​នឹង​ព្រះហស្ត​ដ៏​សប្បុរស​របស់​ទ្រង់ ។១៥ សូម​ទទួល​យក​ការ​អះអាង​របស់​ទ្រង់ ។ « ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ៖ ទ្រង់​សន្យា​ថា​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ » ។១៦

បងប្អូន​ប្រុស​ស្រី បើ​យើង​ពុំ​បាន​ធ្វើ​កិច្ចការ​នេះ​ពេញលេញ​នៅ​ឡើយ​ទេ ចូរ​យើង​ងាក​ទៅ​រក​ការ​អត់ទោស ចិត្ត​ល្អ និង​សេចក្ដីស្រឡាញ់​វិញ ។ ចូរ​យើង​លះបង់​នូវ​ការ​គុំ​គួន​ដែល​មាន​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស​ខាង​សាច់​ឈាម ហើយ​ប្រកាស​ពី​ការ​មើល​ថែ ក្ដី​ស្រឡាញ់ និង​ភាព​សុខសាន្ត​របស់​ព្រះគ្រីស្ទ ។១៧

បើ « អ្នក​រាល់​គ្នា​បាន​នូវ​ការ​ចេះ​ដឹង​អំពី​សិរី​ល្អ [ និង សេចក្ដី​ល្អសប្បុរស ]​នៃ​ព្រះ »១៨ និង « ដង្វាយ​ធួន​ដែល​បាន​រៀបចំ​ឡើង​ចាប់​តាំង​ពី​កំណើត​លោកិយ​មក​សម្រាប់​មនុស្ស​គ្រប់​រូប » ផង​ដែរ១៩ « អ្នក​រាល់​គ្នា​នឹង​ពុំ​មាន​គំនិត​ចង់​ព្យាបាទ​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ប៉ុន្តែ​ចង់​រស់​នៅ​ដោយ​សុខសាន្ត ។ … ហើយ​អ្នក​រាល់គ្នា​នឹង​ពុំ​ទ្រាំ​ឲ្យ​កូនចៅ​របស់​អ្នក…​រំលង​ក្រឹត្យវិន័យ​ទាំងឡាយ​នៃ​ព្រះ ហើយ​ឈ្លោះ​ប្រកែក​គ្នា​ទៅវិញ​ទៅមក ។ …ប៉ុន្ដែ​អ្នក​នឹង​បង្រៀន​កូន​ចៅ​អ្នក​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​ឲ្យ​បម្រើ​គ្នា​ទៅវិញ​ទៅមក » ។២០

ពីមុន​ការ​ឆ្កាង​របស់​ព្រះអង្គ​សង្គ្រោះ ទ្រង់​បាន​បង្រៀន​ពួក​សាវក​ទ្រង់​ថា ៖ « ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត​មួយ​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ »២១ ហើយ « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ » ។២២

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា លក្ខណៈ​ដ៏​ពិត​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​យើង​គឺ​ជា​លក្ខណៈ​មួយ​ដែល​បាន​បង្ហាញ​ដោយ រូប​សំណាក​ព្រះគ្រីស្ទ​លាត​ព្រះហស្ដ​របស់​លោក​ធ័រវ៉ល​សិន ។ ទ្រង់​បន្ដ​លាត​ព្រះហស្ដ​របស់​ទ្រង់២៣ បោយ​ព្រះហស្ត​ទ្រង់​ហៅ​ថា « ចូរ​មក​តាម​ខ្ញុំ » ។ យើង​ធ្វើ​តាម​ទ្រង់​ដោយ​ក្ដីស្រឡាញ់ និង​បម្រើ​គ្នា​ទៅវិញ​ទៅមក ហើយ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​សាក្សី​ពិសេស​របស់​ខ្ញុំ​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​យើង​ដោយ​ក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ ។ នេះ​គឺ​ជា​សាសនាចក្រ​ទ្រង់ ។ ថូម៉ាស អេស ម៉នសុន គឺ​ជា​ព្យាការី​របស់​ទ្រង់​នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ ។ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​យើង​ស្រឡាញ់​ព្រះវរបិតា​យើង និង​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​បាន​ច្រើន ហើយ​រង​ការ​ឈឺចាប់​តិចតួច ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។