ឆ្នាំ ២០១០-២០១៩
សារទូត​នៃ​សាសនាចក្រ
ខែ តុលា ឆ្នាំ ២០១៦


សារទូត​នៃ​សាសនាចក្រ

យើង​កំពុង​សូម​ដល់​បងប្អូន​ដែលជា​គ្រូបង្រៀន​តាម​ផ្ទះ ធ្វើជា​សារទូត​របស់ព្រះ​ទៅ​កូនចៅ​ទ្រង់ ដើម្បី​ស្រឡាញ់ និងយកចិត្តទុកដាក់ ហើយ​អធិស្ឋាន​សម្រាប់​មនុស្ស​ដែល​បងប្អូន​ចាត់​ឲ្យ​ទៅ ។

មិន​យូរ​ប៉ុន្មាន​កន្លង​ទៅ មានស្ត្រី​នៅលីវ​ម្នាក់ ដែល​ខ្ញុំ​នឹង​ហៅ​ថា ម៉ូលី ពេលគាត់​មកពី​ធ្វើការ​វិញ ស្រាប់​តែ​ឃើញ​មាន​ទឹក​លិច (​៥ សង់ទីម៉ែត្រ​) ពេញ​បន្ទប់​ក្រោម​ដី​របស់​គាត់​ទាំងមូល ។ ភ្លាម​នោះ គាត់​បានដឹង​ថា អ្នកជិ​តខាង​ដែល​ប្រើ​បណ្ដាញ​លូទឹក​រួម​គ្នា ច្បាស់ជា​បាន​បោក​គក់ និង​ងូតទឹក​ច្រើន​ខុស​ពីធម្មតា​ហើយ​មើល​ទៅ បាន​ជា​ទឹក​លិច​ចូល​ផ្ទះគាត់​ ។

បន្ទាប់​ពី​ម៉ូលី​បាន​ទូរសព្ទ​ទៅមិត្ត​ម្នាក់​ឲ្យមក​ជួយ អ្នកទាំងពីរ​បាន​ចាប់​ផ្ដើម​ដង​ទឹកចេញ រួច​ជូត​សម្អាត​ផ្ទះ ។ ពេល​នោះកណ្ដឹង​ទ្វារ​ក៏​រោទិ៍ឡើង ។ មិត្ត​គាត់​បាន​ស្រែក​ប្រាប់​ថា « គ្រូបង្រៀន​តាម​ផ្ទះ​របស់ឯង​មក​ហើយ ! »

ម៉ូលី​បាន​សើច ។ គាត់​បាន​តបថា « វា ជា ថ្ងៃដាច់​ខែហើយ ប៉ុន្ដែ​ខ្ញុំ​ធានា​ថា នោះ​ពុំ​មែនជា​គ្រូបង្រៀន​តាមផ្ទះ​របស់​ខ្ញុំ​ទេ » ។

ម៉ូលី​បាន​ដើរ​ទៅ​កាន់​ទ្វារ​ទាំង​ជើងទទេ ខោទទឹកជោគ សក់ចុក​ឡើង​ក្នុង​កន្សែង​ជួត​ក្បាល ហើយ​ពាក់​​ស្រោមដៃជ័រ ។ ប៉ុន្តែ​រូបរាង​ខុសពីធម្មតា​របស់គាត់ប្រៀប​ពុំស្មើ​​នឹង​​អ្នកមក​សួរសុខទុក្ខ​​​ឈរនៅ​មាត់​ទ្វាររបស់​គាត់​នោះទេ ។ គឺជាគ្រូបង្រៀនតាម​ផ្ទះ​របស់​នាង !

ក្រោយមក​គាត់​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​រំភើប​យ៉ាង​ខ្លាំង ! « នេះគឺជា​អព្ភូតហេតុ​ការ​បង្រៀន​តាម​ផ្ទះ ជា​ប្រភេទ​​បងប្អូនប្រុស​ដែល​បានចែក​នៅក្នុង​ប្រសាសន៍​សន្និសីទ​ទូទៅ ! » នាង​បាន​បន្ដ​ថា « ខ្ញុំកំពុង​​សម្រេចចិត្ត​ថា តើគួរ​ថើប​ពួកគាត់ ឬ​ហុច​ប្រដាប់​ជូត​ឥដ្ឋ​ឲ្យ​ពួកគាត់ ប៉ុន្ដែ​ពេល​នោះ ស្រាប់​តែ​​​ពួកគាត់​និយាយថា ‹ អូ៎ បងស្រីម៉ូលី ពួក​យើង​សូម​ទោស​ផង ។ យើង​ឃើញ​ថា​បងស្រី​ជាប់​រវល់ហើយ ។ យើង​ពុំ​ចង់​រំខាន​បងស្រី​ទេ យើង​នឹងមក​ម្ដងទៀត​នៅពេល​ក្រោយ › ។ ហើយ​ពួកគាត់​​ក៏​បាន​ចេញ​ទៅ » ។

មិត្ត​គាត់​សួរ​ពី​បន្ទប់​ក្រោមដី​មក​ថា « តើនរណា​គេ​ហ្នឹង ? »

ម៉ូលី​បាន​សារភាព​ថា « ខ្ញុំ​ចង់​និយាយ​ថា ‹ ប្រាកដណាស់ ពួក​គាត់​ពុំ​មែនជា​សាសន៍​នីហ្វៃ​បីរូប​នោះទេ › ប៉ុន្ដែ​ខ្ញុំ​គ្រប់គ្រង​ខ្លួនឯង ហើយ​និយាយ​ដោយ​ស្ងប់ស្ងាត់​ថា ‹ គឺជា​គ្រូបង្រៀន​តាម​ផ្ទះ​របស់ខ្ញុំ ប៉ុន្តែ​ពួកគាត់​ដឹង​ថា នេះ​ពុំ​មែនជា​ពេល​ល្អ​ដើម្បី​ចែកចាយ​សារលិខិត​ទេ ›» ។

បងប្អូនប្រុស សូម​យើង​ពិនិត្យ​មើល​ត្រួសៗ​អំពីកាតព្វកិច្ច​បព្វជិតភាព​ដែល​បានពិពណ៌នា​​ថាជា « ប្រភព​ជំនួយ​ដំបូង​គេ​របស់សាសនាចក្រ » ទៅកាន់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ មាន​សម្ភារ​យ៉ាងច្រើន​ផ្ដល់​ឲ្យ​​​ដើម្បី​រៀបចំ និង​រៀបចំ​ការ​បង្រៀន​តាមផ្ទះ​ឡើងវិញ ។ មាន​ប្រសាសន៍​រាប់​ពាន់​ត្រូវ​បាន​ផ្ដល់​ឲ្យ​ ព្យាយាម​លើក​ទឹកចិត្ត​អំពី​ការ​បង្រៀន​តាមផ្ទះ ។ ច្បាស់ណាស់ គ្មានអ្វី​​ដែលបាន​រៀបចំឡើង​​ដែល​ធ្វើ​ឲ្យ​យើង​​មាន​​អារម្មណ៍​ថាខុសឆ្គងយ៉ាង​ច្រើន ដូច​ជា​ប្រធានបទ​ដែល​បាន​លើក​ឡើងនេះទេ ។ ប៉ុន្តែ​យើ​ងនៅ​តែ​លំបាក​ដើម្បី​សម្រេច​បាន​តាម​បទដ្ឋាន​បទបញ្ញត្តិ​របស់ព្រះ​អម្ចាស់​ឲ្យ « មើលការ​ខុសត្រូវ​លើ​សាសនាចក្រ​ជានិច្ច » តាមរយៈ​ការបង្រៀន​តាម​ផ្ទះ​របស់បព្វជិតភាព ។

ឧបសគ្គ​ខ្លះ​ដែល​យើង​ជួប គឺ​ការ​ផ្លាស់ប្ដូរ​ខាង​ប្រជាសាស្ត្រ​របស់​សាសនាចក្រ ។ យើង​ដឹង​ថា​សមាជិកភាព​របស់​យើង​ឥឡូវ​បាន​កើន​នៅ​ក្នុង​វួដ និងសាខា​ច្រើន​ជាង​៣០,០០០ កន្លែង ​ស្ថិត​នៅក្នុង​ប្រជាជាតិ និង​ទឹកដី​ចំនួន ១៨៨ ដែល​វា​មាន​ការ​លំបាក​កាន់​តែ​ច្រើន​ដើម្បី​ទៅ​សួរសុខទុក្ខ​តាមផ្ទះ​​បងប្អូន​ប្រុសស្រី​យើង ជា​ងកាល​ពី​សាសនាចក្រ​ជំនាន់មុន ដែល​​អ្នក​ជិត​ខាង​បង្រៀន​ដល់អ្នក​ជិត​ខាង ជា « ការ​បង្រៀន​តាមសង្កាត់​តូចៗ » ។

បន្ថែមពីនោះ នៅក្នុង​អង្គភាព​សាសនាចក្រ​ជាច្រើន មានចំនួន​អ្នកកាន់បព្វជិតភាព​មានកំណត់ ដើម្បីធ្វើការ​បង្រៀន​តាមផ្ទះ ដែល​បណ្ដាល​ឲ្យ​អ្នកដែលអាច​បម្រើដល់គ្រួសារបាន​​ បម្រើ​រហូត​ដល់ ១៨ ឬ​ ២០ គ្រួសារ—ឬ​លើស​នេះ ។ ក៏​អាច​មាន​បញ្ហានឹង​​​រយៈ​ចម្ងាយ​ឆ្ងាយ​ដើម្បីធ្វើដំណើរ ចំណាយ​ថ្លៃ​ខ្ពស់ និង​ការ​ខ្សត់​មធ្យោបាយ​ធ្វើដំណើរ ព្រមទាំង​រយៈពេល​នៃ​ថ្ងៃ​ធ្វើការ​ និងសប្ដាហ៍​ធ្វើការ​ក្នុង​តំបន់​ផងដែរ ។ ថែម​ទាំង​មាន​នូវ​ការហាមប្រាម​ខ្លះៗ​ទាស់​នឹង​ការ​សួរសុខទុក្ខ​តាម​ផ្ទះ​ដោយ​មិនបានអញ្ជើញ និង​បញ្ហា​សុវត្ថិភាព​ដែល​មាន​នៅក្នុង​​ភូមិ​ស្រុក​ជាច្រើន​ក្នុងពិភពលោក—មែន​ហើយ​យើង​ចាប់​ផ្ដើម​មើល​ឃើញ​មាន​បញ្ហា​ស្មុគស្មាញ ។

បងប្អូនប្រុស នៅក្នុង​ស្ថានភាព​ដ៏​ល្អបំផុត និ​ងស្ថានភាព​ទាំងឡាយ​ដែល​ការ​បង្រៀន​តាមផ្ទះ​អាច​ធ្វើ​ឡើង​បាន ការ​សួរ​សុខទុក្ខតាម​ផ្ទះ​រាល់ខែ នៅតែ​ជា​រឿង​ដ៏ល្អ​បំផុត​ដែល​សាសនាចក្រ​នឹង​ព្យាយាម​ធ្វើ ។​ ប៉ុន្តែ​ដោយដឹង​ថា​នៅក្នុង​កន្លែង​ជាច្រើន​នៅជុំវិញ​ពិភពលោក ការ​ធ្វើ​ដូច្នេះ គឺ​ពុំ​អាច​ធ្វើ​ទៅ​រួច ហើយបណ្ដាល​ឲ្យ​​​​បងប្អូន​ប្រុស​​មានអារម្មណ៍​ថា​បរាជ័យ ពេល​យើង​សុំ​ពួកគេ​ឲ្យធ្វើ​នូវ​អ្វី​ដែល​ភាពពិត​ពុំ​អាច​ធ្វើ​ទៅបាន​នោះ ដូច្នេះ​គណៈប្រធាន​ទីមួយ​បាន​សរសេរ​ទៅកាន់​អ្នកដឹកនាំ​បព្វជិតភាព​នៃសាសនាចក្រ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០០១ ផ្ដល់​ជា​ការ​ទូន្មាន​ដ៏​បំផុសគំនិត និង​ជា​ជំនួយ​នេះ ៖ ពួក​លោក​សរសេរ​ថា « មាន​កន្លែង​ខ្លះ​ក្នុងសាសនាចក្រ…​ពុំ​អាច​មាន​ការ​បង្រៀន​តាមផ្ទះ​រាល់​ខែ​បានទេ ដោយសារ​តែ​ពុំ​មាន​ចំនួន​អ្នកកាន់បព្វជិតភាព​សកម្ម​គ្រប់គ្រាន់ និង​ឧបសគ្គ​ក្នុង​តំបន់​ផ្សេងៗ​ទៀត » ។ យើង​បាន​និយាយ​អំពី​ស្ថានភាព​មួយចំនួន ។ ពួក​គេ​បាន​បន្ដ​« នៅពេល​​មាន​ស្ថានភាព​ដូច្នេះ អ្នកដឹកនាំ​គួរ​ខំ​ឲ្យអស់​ពី​សមត្ថភាព​របស់ពួកគេ​ដើម្បី​ប្រើ​ធនធាន​ដែល​ពួកគេ​មាន ដើម្បី​មើលថែ និង​ពង្រឹង​ដល់​សមាជិក​ម្នាក់ៗ » ។

បងប្អូនប្រុស បើ​នៅក្នុង​វួដ ឬ​សាខា​ខ្ញុំ​មានជួប​នូវ​ស្ថានភាព​លំបាក​ដូចនេះ ដៃគូបព្វជិតភាព​អើរ៉ុន​របស់ខ្ញុំ និង​ខ្ញុំ​នឹង​អនុវត្ត​ដំបូន្មាន​របស់​គណៈប្រធាន​ទីមួយ ( ដែល​ឥឡូវ​ជា​គោលនយោបាយ​ក្នុង​ក្បួនខ្នាត ) តាមរបៀប​នេះ ៖ ទីមួយ មិន​ថា​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ដើម្បី​សម្រេច​វា​នោះទេ យើង​នឹង​ពុះពារ​ « ទៅ​ផ្ទះ​នៃ​សមាជិក​ម្នាក់ៗ ដើម្បី​សួរសុខ​ទុក្ខ » ដាក់​កាល​វិភាគ​មួយ​ដែល​នឹង​នាំ​យើង​ទៅដល់ផ្ទះ​ទាំងឡាយ​តាម​ដែល​អាច​ធ្វើ​បាន និង​តាម​ជាក់ស្ដែង ។ ការ​ធ្វើ​ដូច្នោះ​នឹង​ដាក់​អាទិភាព​ពេល​វេលា​របស់​យើង​ខ្ពស់​បំផុត​ ហើយ​ទាក់ទង​នឹង​អ្នក​ដែល​ត្រូវការ​យើង​បំផុត​ឲ្យញឹកញាប់—ជា​សាសនាគន់ការី​ដែល​អ្នកផ្សព្វផ្សាយសាសនា​កំពុង​បង្រៀន អ្នកផ្លាស់ប្រែចិត្ត​ជឿ​ដែល​ជ្រមុជទឹក​ថ្មីៗ អ្នកដែ​លឈឺ អ្នក​ឯកោ អ្នក​មិនសូវសកម្ម គ្រួសារ​ដែល​មានឪពុកឬម្ដាយ​ទោល​ដែលមានកូន​ក្នុងបន្ទុក ជាដើម ។

ខណៈពេល​កំពុង​ធ្វើ​តាមកាលវិភាគ​សួរសុខទុក្ខ​តាមផ្ទះ​ទាំងអស់​របស់​យើង ដែលអាច​នឹង​ចំណាយពេល​រាប់​ខែ​ដើម្បី​សម្រេច​បាន នោះ​យើង​នឹង​ធ្វើ​ការ​ទាក់ទង​ផ្សេងទៀត​ជាមួយ​នឹង​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅក្នុង​បញ្ជី​របស់យើង​តាម​មធ្យោបាយ​ណា​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ ។ ប្រាកដ​ណាស់ យើងនឹង​មើល​ថែ​ក្រុមគ្រួសារ​របស់​យើង​នៅព្រះវិហារ ដូច​បទគម្ពីរ​ថ្លែង​ថា នឹង « ​ពិគ្រោះ​គ្នា​ទៅវិញ​ទៅ​មក​អំពី​សុខុមាលភាព ដល់​ព្រលឹង​ពួកគេ » ។ បន្ថែម​ពីលើ​នោះ យើង​នឹង​ទូរសព្ទទៅ ផ្ញើ​អ៊ីម៉ែល ផ្ញើរសារ ព្រមទាំង​ផ្ញើ​ការ​ស្វាគមន៍​តាម​ទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​យើង​មាន ។ ដើម្បី​ជួយ​ប្រាប់​ពី​តម្រូវ​ការ​ពិសេស យើង​អាច​នឹង​ផ្ញើពាក្យ​ដកស្រង់​ចេញពី​បទគម្ពីរ ឬ​ពាក្យ​ចេញ​មកពី​សន្និសីទ​ទូទៅ ឬ​ Mormon Message ដក​ចេញ​មកពី​ធនធាន​ដ៏​សម្បូរបែប​នៅលើ LDS.org ។ នៅក្នុង​ភាសា​របស់​គណៈប្រធាន​ទីមួយ យើង​នឹង​ធ្វើ​ឲ្យ​អស់​ពីលទ្ធភាព​ដែល​យើង​មាន​នៅក្នុង​ស្ថានភាព​នានា​ដែល​យើង​ជួប​តាម​ធនធាន​ដែល​យើងមាន ។

បងប្អូនប្រុស ការ​អង្វរ​ដែល​ខ្ញុំសូម​នៅ​យប់នេះ គឺ​ឲ្យ​បងប្អូន​បង្កើន​ទស្សន​អំពី​ការ​បង្រៀន​តាមផ្ទះ ។ ហើយ​មើល​ខ្លួន​ឯង​តាមរបៀប​ថ្មី និង​ល្អ​ប្រសើរ ក្នុង​នាមជា​សារទូត​របស់​ព្រះអម្ចាស់​ទៅដល់​កូនចៅ​របស់​ទ្រង់ ។ នោះ​មានន័យថា ត្រូវ​ទុកចោល​នូវ​ទំនៀមទម្លាប់​​ក្រឹត្យវិន័យ​តឹងរឹងរបស់​ម៉ូសេ ដែល​​នៅចុង​ខែ​អ្នក​ត្រូវ​ប្រញាប់​ឲ្យ​សារលិខិត​ដែល​បាន​សរសេរ​ ដែល​​ដក​ចេញមកពី​ទស្សនាវដ្ដី​សាសនាចក្រ ដែល​គ្រួសារ​នោះ​បានអាន​រួច​ហើយ ។ ប៉ុន្ដែ​យើង​សង្ឃឹម​ថា អ្នក​នឹង​បង្កើត​ទម្លាប់​ថ្មី​ដែល​ខ្វល់​ខ្វាយ​ក្នុងការ​ប្រាប់​​ដំណឹងល្អ​ដល់​សមាជិក មើល​ថែ ហើយ​ថែទាំ​គ្នា​ទៅវិញ​ទៅមក​ដោះ​ស្រាយ​តម្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​តាម​គ្រប់​មធ្យោបាយ​ដែល​អាច​ជួយ ។

ឥឡូវ​ទាក់ទងនឹង​អ្វី​ដែល​ « រាប់ » ថា​ជា​ការ​បង្រៀន​តាមផ្ទះ គឺ​រឿង​ល្អ​គ្រប់​យ៉ាង​ដែល​អ្នក​​ធ្វើ « រាប់ » ថា​ជា​ការបង្រៀន​តាម​ផ្ទះ ដូច្នេះ​ចូររាយការណ៍​វា​ទាំងអស់ ! ប្រាកដ​ណាស់ របាយការណ៍​ដែល​សំខាន់​បំផុត​គឺ​របៀប​ដែល​​អ្នក​ប្រទានពរ និង​មើល​ថែ​ដល់​អ្នក​ទាំងឡាយ​ដែល​ស្ថិត​នៅក្នុង​ភារកិច្ចរបស់អ្នក ដែល​ពុំ​ទាក់ទង​នឹង​ប្រតិទិន ឬ​ទីតាំង​ជាក់លាក់​នោះទេ ។ អ្វី​ដែល​សំខាន់​គឺ​ថា​បងប្អូន​ស្រឡាញ់​មនុស្ស​របស់​បងប្អូន ហើយ​កំពុង​បំពេញ​បទបញ្ញត្តិ​ឲ្យ « មើលការ​ខុសត្រូវ​លើ​សាសនាចក្រ​ជានិច្ច » ។

នៅ​ថ្ងៃ​ទី ៣០ ខែ​ឧសភា កាល​ពី​ឆ្នាំ​មុន មិត្ត​របស់ខ្ញុំ ត្រយ រ៉ាស់សល បាន​បើក​ឡាន​របស់គាត់​យឺតៗ​ចេញ​ពី​ការាស​របស់គាត់​ចេញ​ទៅ​បរិច្ចាគ​របស់របរ​ទៅ​ដល់​ឧស្សាហ៍កម្ម​ដេសេរ៉ែត​ក្នុង​តំបន់ ។ គាត់​មាន​អារម្មណ៍​ថា​កង់​ក្រោយ​របស់​គាត់​កិន​អ្វីមួយ ។ ដោយ​គិត​ថា​មាន​ធ្លាក់​របស់​របរ​ពីឡាន នោះ​គាត់​បាន​ចុះ​ទៅ​ក៏​ឃើញ​កូនប្រុស​អាយុ​ប្រាំបួន​ឆ្នាំ​ដ៏​មាន​តម្លៃ​​របស់​គាត់ ឈ្មោះ អូស្ទីន ដេក​ផ្កាប់​មុខ​នៅលើផ្លូវដើរ ។ ក្នុងករណីនេះ គាត់​បាន​ស្រែករកជំនួយ ផ្ដល់​ការ​ប្រសិទ្ធពរ​​បព្វជិតភាព ក្រុម​ជួយ​សង្គ្រោះ​ និង​ក្រុម​គ្រូពេទ្យ—បាន​មក​ដល់​ភ្លាម ​ខិតខំ​អស់ពី​លទ្ធភាព​ដើម្បី​ជួយ​សង្គ្រោះ​ ប៉ុន្ដែ​ជួយ​ពុំបាន ។ អូស្ទីន ស្លាប់​ទៅហើយ ។

ត្រយ ពុំ​ស្រណុក​ចិត្ត​មិនអាច​ដេកលក់ ឬ​មាន​ភាព​សុខសាន្ដ​ឡើយ ។ គាត់​បាន​និយាយ​ថា វា​លើស​ជាង​អ្វី​ដែល​គាត់​អាច​ទ្រាំទ្រ​បាន ហើយ​ថាគាត់​មិនអាច​រស់​បាន​ទៀតទេ ។ ប៉ុន្តែ​នៅក្នុង​ការរងទុក្ខដ៏​ឈឺ​ចាប់​នោះ មាន​កម្លាំង​ប្រោសលោះ​បី​បាន​កើត​ឡើង ។

ទីមួយ គឺ​សេចក្ដីស្រឡាញ់ និង​ការ​បញ្ជាក់​ខាងវិញ្ញាណ​មកពី​ព្រះវរបិតាសួគ៌​យើង ជា​វត្តមាន​មួយ​បាន​ទំនាក់ទំនង​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ដែល​លួងលោម​ចិត្ត​ ត្រយ បានបង្រៀន​គាត់​ស្រឡាញ់​គាត់ ហើយ​បាន​ខ្សឹប​ប្រាប់​ថា ព្រះ​ដឹង​រឿង​គ្រប់យ៉ាង​អំពី​ការ​បាត់បង់​កូន​ប្រុស​ដ៏ល្អ និង​ល្អឥតខ្ចោះ​នោះ ។ ទីពីរ គឺភរិយា​របស់​គាត់ ឌីដ្រា ដែល​បានឱប ត្រយ ក្នុង​រង្វង់ដៃ ហើយ​បាន​ស្រឡាញ់​គាត់ និង​រំឭក​គាត់​ថា នាង​ក៏​បាត់​បង់​កូន​ប្រុស​នោះដែរ ហើយ​មិន​ចង់​បាត់​បង់​ប្ដី​ទៀតទេ ។ ទីបី នៅក្នុង​រឿង​នេះ ចន ម៉េននីង គឺជា​គ្រូ​បង្រៀន​តាម​ផ្ទះ ដ៏​អស្ចារ្យ ។

ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា ចន និង​ដៃគូ​វ័យ​ក្មេង​របស់គាត់​ដាក់កាលវិភាគ​យ៉ាងណា​ដើម្បី​​ទៅ​សួរសុខទុក្ខ​ផ្ទះ​គ្រួសារ រ៉ាស់សល ទេ ឬ​សារលិខិត​អ្វី​ដែល​ពួកគេ​ចែកចាយ នៅពេល​ពួកគេ​ទៅដល់​ទីនោះ​ ឬ​ពួកគេ​រាយការណ៍​ពី​បទពិសោធន៍​ដោយ​របៀប​ណា​ទេ ។ អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ថា កាលពី​និទាឃរដូវ​មុន បងប្រុស ម៉េននីង បាន​ឈោង​ទៅ​ជួយ ត្រយ​ រ៉ាស់សល ឡើង​ចេញ​ពី​សោកនាដកម្ម​នៅ​ច្រក​ផ្លូវ​នោះ ដូចជា​គាត់​លើក​កូនប្រុស​តូច អូស្ទីន ដោយ​ខ្លួន​គាត់ដែរ ។ ដូចជា​គ្រូបង្រៀន​តាម​ផ្ទះ ឬ​អ្នក​ចាំយាម ឬ​បងប្រុស​ក្នុង​ដំណឹងល្អ ចន បាន​ធ្វើ​ការ​មើល​ថែ​ខាង​បព្វជិតភាព ហើយ​ថែរក្សា​ ត្រយ រ៉ាស់សល ។ គាត់​បាន​ចាប់​ផ្ដើម​ដោយ​និយាយ​ថា « ត្រយ, អូស្ទីន ចង់​ឲ្យ​អ្នក​ក្រោក​ឡើង—ទៅ​កន្លែង​លេង​បាល់​បោះ—ដូច្នេះ​ខ្ញុំ​នឹង​មក​ទីនេះ​រាល់ព្រឹក​នៅម៉ោង ៥:១៥ ព្រឹក។ ចូរ​ត្រៀម​ខ្លួន​ឲ្យ​ស្រេច ពីព្រោះ​ខ្ញុំ​មិន​ចង់​មក​ដាស់អ្នក​ឡើង​ទេ—​ហើយ​ខ្ញុំ ដឹងថា ឌីដ្រា ក៏​មិន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នោះ​ដែរ » ។

ក្រោយមក ត្រយ បាន​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​មិន​ចង់​ទៅ​ទេ ព្រោះ​ខ្ញុំ​តែងតែ​នាំ​ អូស្ទីន ទៅជាមួយ​នៅ​រាល់ព្រឹក ហើយ​ខ្ញុំ​ដឹង​ថា​វាជាការ​ចងចាំ​ដ៏​ឈឺ​ចាប់​ណាស់ ។ ប៉ុន្ដែ​ ចន នៅតែ​ទទូច ដូច្នេះ​ខ្ញុំ​បាន​ទៅ ។ ចាប់​ពី​ថ្ងៃ​ដំបូង​នោះមក យើង​បាន—ឬខ្ញុំ​និយាយ ហើយ​ ចន បាន​ស្ដាប់ ។ ខ្ញុំ​បាននិយាយ​ពេល​បើក​ទៅ​ព្រះវិហារ និង​ពេល​ត្រឡប់មក​ផ្ទះវិញ ។ ពេលខ្លះ​ខ្ញុំ​និយាយ​ខណៈពេល​យើង​ចត​នៅ​តាមផ្លូវ ហើយ​មើល​ព្រះអាទិត្យ​រះ​នៅ​ទីក្រុង ឡាស វេហ្គាស ។ ដំបូង​វា​មានការ​លំបាក ប៉ុន្តែ​យូរៗ​ទៅ ខ្ញុំ​បាន​ដឹងថា ខ្ញុំ​ទទួលបាន​កម្លាំង​នៅក្នុង​ទម្រង់​ជា​អ្នក​លេង​បាល់​មិនល្អ ៦-ហ្វុត-២-អ៊ិញ (១.៨៨ ស.ម) បោះបាល់​មិន​ចូល​ហ្គោន មាន​អ្នក​​ស្រឡាញ់​ខ្ញុំ និង​ស្ដាប់​ខ្ញុំ រហូត​ដល់​ព្រះអាទិត្យ​រះឡើង​ក្នុងជីវិត​ខ្ញុំ​​នៅទីបំផុត ។

បងប្អូន​ប្រុស​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ នៅពេល​យើង​និយាយ​អំពីការ​បង្រៀន​តាម​ផ្ទះ ឬ​ការ​ចាំយាម ឬ​ការ​បម្រើ​បព្វជិតភាព​—ហៅ​អ្វី​ក៏​បាន​តាម​អ្នក​ចង់—នេះ​គឺជា​អ្វី​ដែល​យើង​និយាយ​ដល់ ។ យើង​កំពុង​សូម​ដល់​បងប្អូន​ដែលជា​គ្រូបង្រៀន​តាម​ផ្ទះ ធ្វើជា​សារទូត​របស់ព្រះ​ទៅ​កូនចៅ​ទ្រង់ ដើម្បី​ស្រឡាញ់ និងយកចិត្តទុកដាក់ ហើយ​អធិស្ឋាន​សម្រាប់​មនុស្ស​ដែល​អ្នក​បាន​ចាត់​ឲ្យ​ទៅ ដូចជា​យើង​ស្រឡាញ់ និង​យកចិត្តទុកដាក់ ហើយអធិស្ឋាន​សម្រាប់​បងប្អូន​ដែរ ។ សូម​ឲ្យ​បងប្អូន​ប្រយ័ត្ន​ក្នុង​ការ​មើល​ថែ​ហ្វូង​ចៀម​នៃ​ព្រះ​តាមរបៀប​ដែល​សម​ទៅតាម​ស្ថានភាព​របស់​បងប្អូន ខ្ញុំ​អធិស្ឋាន​នៅក្នុង​ព្រះនាម​នៃ​អ្នកគង្វាល​ដ៏​ល្អ​របស់​យើង ដែល​ខ្ញុំ​ធ្វើ​ជា​សាក្សី​គឺ​ជា​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។