ឆ្នាំ ២០១០-២០១៩
ដើម្បី​​ភាពរីកចម្រើន និង ការរៀនសូត្រ​ខាង​វិញ្ញាណ
ខែ តុលា ឆ្នាំ ២០១៦


ដើម្បី​ភាពរីកចម្រើន និង ការរៀនសូត្រ​ខាង​វិញ្ញាណ

សេចក្ដីអាថ៌កំបាំង​របស់​ព្រះ​បាន​លាតត្រដាង​ដល់​យើង​ស្របតាម​ព្រះទ័យ​ទ្រង់ និង ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធតែប៉ុណ្ណោះ ។

កាល​ខ្ញុំ​នៅ​ក្មេង ឪពុក​ម្ដាយ​ខ្ញុំ​បាន​ទទួល​អំណោយ​មួយ​ដែល​ធ្វើ​ឲ្យ​ប្អូនប្រុស​ខ្ញុំ ដេវីឌ និង ខ្ញុំ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ។ អំណោយ​នោះ​គឺ​ជា​រូប​ចម្លាក់​តូច​មួយ​នៃ​ផ្ទាំង​មាស​ដែល យ៉ូសែប ស៊្មីធ បាន​ទទួល​ពី​ទេវតា​មរ៉ូណៃ ។ ខ្ញុំ​នៅ​ចាំ​ថា រូប​ចម្លាក់​នោះ​មាន​សន្លឹក​ធ្វើ​ពី​ដែក​ប្រហែល ១០ ទំព័រ​ដែល​មាន​ចារឹក​ពាក្យ​នៅ​លើ​នោះ ។ ប៉ុន្តែ​យើង​ពុំ​បាន​ចាប់​អារម្មណ៍​ពី​អក្សរ​លើ​ផ្ទាំង​ទាំងនោះ​ទេ ។

យើង​ធំ​ឡើង​ដោយ​បាន​ឮ​រឿង​ការស្ដារឡើងវិញ​រួច​ទៅ​ហើយ ។ យើង​បាន​ដឹង ហើយ​បាន​ច្រៀង​ក្នុង​ថ្នាក់​កុមារ អំពី​ផ្ទាំង​មាស​ត្រូវបាន​កប់​លាក់​ទុក​យ៉ាង​ជ្រៅ​នៅ​ក្បែរ​ជើង​ភ្នំ ហើយ​បាន​ប្រទាន​ដល់ យ៉ូសែប ស្ម៊ីធ ដោយ​ទេវតា​មរ៉ូណៃ ។ កាល​យើង​បាន​ចាប់ផ្ដើម​ចង់​ដឹង​អំពី​វា មាន​អ្វី​មួយ​ដែល​យើង​ពិតជា​ចង់​ឃើញ ៖ តើ​អ្វី​ដែល​បាន​សរសេរ​នៅ​លើ​ផ្នែក​តូច​មួយ​នៃ​រូប​ចម្លាក់ ដែល​បាន​ភ្ជាប់​យ៉ាង​ជិត​ទៅ​នឹង​កង​តូចៗ​ធ្វើ​ពី​ដែក​នោះ ?

ផ្ទាំង​នោះ​ត្រូវ​បាន​ទុក​នៅ​លើ​តុ​តូច​មួយ​អស់​ពីរ​បី​ថ្ងៃ​ពី​មុន​យើង​បាន​ចាប់ផ្ដើម​ធ្វើ​អ្វី​មួយ ។ ទោះជា​យើង​ដឹង​យ៉ាង​ច្បាស់​ថា ផ្ទាំង​នេះ​មិន​មែន​ជា​ផ្ទាំង​ពិត​ប្រគល់​ដោយ​មរ៉ូណៃ​ក៏​ដោយ ក៏យើង​នៅ​តែ​ចង់​ឃើញ​ផ្នែក​ដែល​បាន​ភ្ជាប់​នោះ​ដដែល ។ ដូច្នេះ​ពេល​ខ្លះ ប្អូនប្រុស​ខ្ញុំ និង​ខ្ញុំ​បាន​ព្យាយាម​ប្រើ​កូន​កាំបិត ស្លាបព្រា និង​វត្ថុ​ផ្សេង​ទៀត​ដើម្បី​គាស់​ផ្នែក​ដែល​បាន​ភ្ជាប់​នោះ​ចេញ​ឲ្យ​បាន​ឃើញ​អ្វី​ដែល​បាន​សរសេរ—ប៉ុន្តែ​បំបែក​កង​តូចៗ​នោះ​មិន​បាន​ទេ ។ យ៉ាងហោចណាស់ យើង​ឆ្លាត​ល្មម​ក្នុង​ការបំបាត់​ភស្ដុតាង​នៃ​សកម្មភាព​ដែល​យើង​បាន​ធ្វើ​នេះ ។ យើង​ខកចិត្ត ហើយ​មួរម៉ៅ ព្រោះ​ព្យាយាម « គាស់​ផ្ទាំង​ទាំងនេះ » តែ​ពុំ​បាន​សម្រេច​ឡើយ ។

ខ្ញុំ​នៅ​តែ​ពុំ​ដឹង—ថាតើ​មាន​អ្វី—បាន​ចារឹក​លាក់​ទុក​នៅ​ក្រោម​ផ្នែក​ដែល​បាន​ភ្ជាប់​នោះ​ទេ ។ ប៉ុន្តែ​រឿង​គួរ​ឲ្យ​ខ្មាស​នោះ​គឺ​រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មិន​ដឹង​ថា​អ្វី​ដែល​បាន​ចារឹក​នៅ​លើ​ផ្នែក​នៃ​ទំព័រ​ធ្វើ​ពី​ដែក​ដែល​បិទ​ជិត​នោះ​ទេ ។ ខ្ញុំ​គ្រាន់តែ​អាច​ស្រមៃ​ថា ទំព័រ​ទាំងនេះ​មាន​នូវ​ប្រវត្តិ​ការស្ដារឡើងវិញ និង ទីបន្ទាល់​របស់ យ៉ូសែប ស៊្មីធ ព្រមទាំង​សាក្សី​បី​នាក់ និង​សាក្សី​ប្រាំបី​នាក់ ដែល​បាន​ឃើញ​ផ្ទាំង​ដែល​មរ៉ូណៃ​ប្រទាន​ឲ្យ​នេះ​ផ្ទាល់​ភ្នែក ។

ចាប់​តាំង​ពី​ផែនដី​បាន​បង្កើត​មក ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​ជា​ទីស្រឡាញ់​បាន​ប្រទាន​ទិសដៅ ការដឹកនាំ និង​ការណែនាំ​ដល់​បុត្រាបុត្រី​ទ្រង់​តាម​រយៈ​ព្យាការី ។ បន្ទូល​ទ្រង់​បាន​កត់ត្រា​ដោយ​ព្យាការី​ទាំងនេះ ហើយ​បាន​រក្សា​ទុក​ជា​ព្រះគម្ពីរ​ដើម្បី​ភាពរីកចម្រើន និង ការរៀនសូត្រ​ដល់​យើង ។ នីហ្វៃ​បាន​រៀបរាប់​ដូចនេះ ៖

« ដ្បិត​ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​បទគម្ពីរ​ទាំងឡាយ ឯ​ចិត្ត​ខ្ញុំ​រំពឹង​គិត​ពី​បទគម្ពីរ​ទាំង​នោះ ហើយ​ខ្ញុំ​ក៏​សរសេរ​ទុក​ដើម្បី​ជា​ការ​ចេះ​ដឹង និង​ជា​ប្រយោជន៍​ដល់​កូន​ចៅ​ខ្ញុំ ។

« មើល​ចុះ ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​ការណ៍​ទាំងឡាយ​នៃ​ព្រះ​អម្ចាស់ ឯ​ចិត្ត​ខ្ញុំ​រំពឹងគិត​ជា​រៀង​រហូត​អំពី​ការណ៍​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ឮ​មក » ។

មិន​តែ​ប៉ុណ្ណោះ អំឡុង​គ្រា​កាន់កាប់​ត្រួតត្រា​ពី​មុនៗ និង ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​ចុងក្រោយ​នេះ សមាជិក​សក្ដិសម​ក្នុង​សាសនាចក្រ​ព្រះអម្ចាស់​មាន​ពរ​ដោយ​មាន​ដៃគូ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដ៏​ស្មោះត្រង់ ដែល​ជួយ​ដល់​ភាពរីកចម្រើន និង ការរៀនសូត្រ​ខាង​វិញ្ញាណ​យើង ។

ដោយសារ​ប្អូន​ប្រុស​ខ្ញុំ​ជា​ក្មេង​ឧស្សាហ៍ ខ្ញុំ​គិត​ថា​គាត់​ទំនង​ជា​បាន​អាន​ពាក្យ​ពេចន៍​ទាំង​អស់​ដែល​មាន​នៅ​លើ​ផ្ទាំង​នោះ​ហើយ ។ ប៉ុន្តែ​ខ្ញុំ​​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​សេចក្ដី​ពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ទាំងនោះ ហើយ​បែរជា​ខិតខំ​ស្វែងរក​អ្វី​ទាំងឡាយ​ដែល​មិន​ត្រូវបាន​បើកសម្ដែង​ទៅ​វិញ ។

ជា​អកុសល ពេល​ខ្លះ​ភាពរីកចម្រើន និង ការរៀនសូត្រ​យើង​អាច​ត្រូវ​បាន​​​ពន្យឺត ឬ​បញ្ឈប់​ដោយ​បំណង​មិន​សមស្រប​ដែល​ចង់ « គាស់​ផ្ទាំង​ទាំងនេះ » ។ ទង្វើ​ទាំងនេះ​អាច​នាំ​យើង​ទៅ​ស្វែងរក​អ្វី​ដែល​មិន​ចាំបាច់ ដែល​​ត្រូវ​យល់​នៅ​ពេល​នេះ ​ទន្ទឹម​នឹង​នោះ​យើង​បដិសេធ​ក្ដីពិត​ដ៏​អស្ចារ្យ​ដែល​មាន​សម្រាប់​យើង និង​ស្ថានភាព​យើង—គឺ​ជា​សេចក្ដីពិត​ដែល​នីហ្វៃ​បាន​រៀបរាប់​ថា​​ចារឹក​ទុក​ជា​ការរៀនសូត្រ និង ប្រយោជន៍​ដល់​យើង ។

យ៉ាកុប ជា​ប្អូន​របស់​នីហ្វៃ​បាន​បង្រៀន​ថា « មើល​ចុះ កិច្ចការ​ទាំងឡាយ​នៃ​ព្រះអម្ចាស់​សុទ្ធ​តែធំ ហើយ​អស្ចារ្យ​មែន ។ ឯ​ជម្រៅ​នៃ​សេចក្ដីអាថ៌កំបាំង​ទាំងឡាយ​របស់​ទ្រង់​ក៏​ពុំ​អាច​រក​ឃើញ​ដែរ ហើយ​មនុស្ស​គ្មាន​លទ្ធភាព​នឹង​រកឃើញ​ផ្លូវ​របស់​ទ្រង់​បាន​អស់​ឡើយ » ។

ពាក្យ​ពេចន៍​យ៉ាកុប​បង្រៀន​យើង​ថា យើង​មិន​អាច « គាស់​ផ្ទាំង​ទាំងនេះ » បាន​ដោយ​ជោគជ័យ ឬ​បង្ខំ​ឲ្យ​សេចក្ដីអាថ៌កំបាំង​របស់​ព្រះ​បាន​បើកសម្ដែង​ដល់​យើង​ឡើយ ។ ផ្ទុយទៅវិញ សេចក្ដីអាថ៌កំបាំង​របស់​ព្រះ​បាន​លាតត្រដាង​ដល់​យើង​ស្របតាម​ព្រះទ័យរបស់​ទ្រង់ និង តាម​រយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​តែ​ប៉ុណ្ណោះ ។

យ៉ាកុប​បន្ត​បង្រៀន ៖

« ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ស្គាល់​ផ្លូវ​ទាំងឡាយ​របស់​ទ្រង់​ទេ លើក​លែងតែ​បាន​សម្ដែង​ដល់​អ្នក​នោះ​ប៉ុណ្ណោះ ហេតុដូច្នោះហើយ ឱ​បង​ប្អូន​រាល់​គ្នា​អើយ ចូរ​កុំ​មើល​ងាយ​ដល់​វិវរណៈ​ទាំងឡាយ​នៃ​ព្រះ​ឡើយ ។

« ដ្បិត​មើល​ចុះ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​មាន​មនុស្ស​រស់នៅ​លើ​ផ្ទៃ​ផែនដី​នេះ ។ … ចុះ​តើ​ហេតុ​អ្វី​ក៏​ទ្រង់​មិន​អាច​ចេញ​បញ្ជា​ដល់​ផែនដី ឬ​ផល​នៃ​ព្រះ​ហស្ត​របស់​ទ្រង់ នៅ​លើ​ផ្ទៃ​ផែនដី​តាម​ព្រះ​ហឫទ័យ និង​បំណង​របស់​ទ្រង់​បាន ?

« ហេតុ​ដូច្នោះ​ហើយ ឱ​បង​ប្អូន​រាល់​គ្នា​អើយ ចូរ​កុំ​ចង់​ទូន្មាន​ដល់​ព្រះ​អម្ចាស់​ឡើយ តែ​ចូរ​ទទួល​ដំបូន្មាន​ពី​ព្រះ​ហស្ត​របស់​ទ្រង់​វិញ » ។

ដើម្បី​យល់​សេចក្ដីអាថ៌កំបាំង​របស់​ព្រះ ឬ សេចក្ដី​ដែល​អាច​យល់​បាន​តែ​តាមរយៈ​វិវរណៈ យើង​ត្រូវតែ​ធ្វើតាម​គំរូ​របស់​នីហ្វៃ​​ថា « ពេល​នោះ​នៅ​ក្មេង​ណាស់ ប៉ុន្តែ​មាន​មាឌ​ធំ​មាំមួន ហើយ​មាន​ចិត្ត​មោះមុត ចង់​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ ហើយ​មើល​ចុះ ទ្រង់​បាន​យាង​មក​ជួប​នឹង​ខ្ញុំ ហើយ​បន្ទន់​ចិត្ត​ខ្ញុំ បណ្ដាល​ឲ្យ​ខ្ញុំ​ជឿ​អស់​ទាំង​ពាក្យ​ដែល​បាន​ពោល​មក​ដោយ​ឪពុក​ខ្ញុំ » ។ ព្រះអម្ចាស់​ផ្ទាល់​បាន​មាន​បន្ទូល​បន្ថែម​ថា នីហ្វៃ​បាន​ប្រើសេច​ក្ដីជំនឿ បាន​ព្យាយាម​ស្វែងរក​យើង​ដោយ​មាន​ចិត្ត​សុភាព​រាបសា ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទ្រង់ ។

គំរូ​នីហ្វៃ​ក្នុង​ការស្វែងរក​ចំណេះដឹង​រួម​មាន (១) បំណង​ដ៏​ស្មោះ (២) ភាពរាបសា (៣) ការអធិស្ឋាន (៤) ការទុកចិត្ត​លើ​ព្យាការី និង​ការប្រើ (៥) សេចក្ដី​ជំនឿ (៦) សេចក្ដីព្យាយាម និង (៧) ការគោរពប្រតិបត្តិ ។ វិធីសាស្ត្រ​ស្វែងរក​នេះ​ខុស​គ្នា​ស្រឡះ​ពី « ការគាស់​ផ្ទាំង​ទាំងនេះ » របស់​ខ្ញុំ ឬ ការព្យាយាម​បង្ខំ​ឲ្យ​មាន​ការយល់ដឹង​លើ​អ្វី​ដែល​ត្រូវ​បើកសម្ដែង​ស្របតាម​កាល​វេលា​របស់​ព្រះអម្ចាស់ និង តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

នៅ​សម័យ​ទំនើប​នេះ យើង​បាន​រំពឹង​ថា ចំណេះដឹង​អាច និង​គួរតែ​ទទួលបាន​ភ្លាមៗ ដ្បិត​កាល​ណា​ព័ត៌មាន​ដែល​ពិបាក​ដឹង ឬ ពិបាក​ទទួលបាន​ នោះ​ជា​រឿយៗ​ត្រូវ​គេ​បដិសេធ ឬ មិន​ទុក​ចិត្ត ។ ដោយសារតែ​ព័ត៌មាន​មាន​ច្រើន​បរិបូរ ទើប​មនុស្ស​ខ្លះ​គិត​ចង់​ទុកចិត្ត​លើ​ព័ត៌មាន​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់ ជាង​ទុកចិត្ត​លើ​លំនាំ​ដែល​ព្រះអម្ចាស់​បាន​បង្កើត​ឡើង​ដើម្បី​ទទួលបាន​វិវរណៈ​ផ្ទាល់ខ្លួន ។ យ៉ាកុប​អាច​នឹង​បាន​រៀបរាប់​ពី​ជំនាន់​របស់​យើង​ដូចនេះ ៖ « ប៉ុន្តែ​មើល​ចុះ [ ពួកគេ ] ជា​មនុស្ស​រឹងក្បាល ហើយ​ពួក​គេ​បាន​មើល​ងាយ​ដល់​ព្រះ​បន្ទូល​ដ៏​ច្បាស់លាស់​ទាំងនេះ … ហើយ​បាន​ស្វែង​រក​រឿង​ទាំង​ឡាយ​ដែល​ពួក​គេ​មិន​អាច​យល់ ។ ហេតុ​ដូច្នោះ​ហើយ ព្រោះ​មក​ពី​ការ​ខ្វាក់​របស់​ពួក​គេ គឺជា​ការ​ខ្វាក់​ដោយ​មើល​ហួស​ទីដៅ នោះ​ពួក​គេ​ត្រូវ​តែ​រលំ ដ្បិត​​ព្រះ​ទ្រង់​បាន​ដក​យក​ភាព​ដ៏​ច្បាស់លាស់​របស់​ទ្រង់​ចេញ​ពី​គេ​ហើយ ហើយ​បាន​ប្រទាន​ឲ្យ​ពួក​គេ​នូវ​អ្វី​ជា​ច្រើន ដែល​ពួក​គេ​ពុំ​អាច​យល់​វិញ ពី​ព្រោះ​ពួក​គេ​ប្រាថ្នា​ចង់​បាន​ការណ៍​នោះ។ ហើយ​ពី​ព្រោះ​ពួក​គេ​ប្រាថ្នា​ចង់​បាន​ការណ៍​នោះ ទើប​ព្រះ​ទ្រង់​បាន​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​ពួក​គេ​អាច​ជំពប់​ដួល » ។

ប្រធាន ឌៀរថើរ  អេហ្វ អុជដូហ្វ បាន​ទូន្មាន​ផ្ទុយ​ពី​នេះ ។ លោក​មាន​ប្រសាសន៍​អំពី​អ្នក​ផ្សព្វផ្សាយ​សាសនា ប៉ុន្តែ​ប្រសាសន៍​របស់​លោក​ក៏​អនុវត្ត​ចំពោះ​អ្នក​ដែល​ស្វែងរក​សេចក្ដីពិត​ខាង​វិញ្ញាណ​ដែរ ។ លោក​មាន​ប្រសាសន៍​ថា « នៅ​ពេល … អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ពួកគេ​ទុកចិត្ត​លើ​ព្រះអម្ចាស់​រហូត​ដល់​ធ្វើតាម​ព្រះបញ្ញាត្តិ​ទ្រង់—ទោះជា​ពួកគេ​ពុំ​យល់ពី​​មូលហេតុ​ក្ដី ។ សេចក្ដី​ជំនឿ​របស់​ពួកគេ​នឹង​បង្ហាញ​តាមរយៈ​ភាពឧស្សាហ៍ និង​ការប្រព្រឹត្ត » ។

អែលឌើរ ដាល្លិន  អេក អូក បាន​ពន្យល់​នៅ​ក្នុង​សន្និសីទ​កាល​ពី​ខែ​មេសា​ដូចនេះ ៖ « សាសនាចក្រ​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​មាន​តម្លា​ភាព​​ចំពោះ​​កំណត់ត្រា​ដែល​យើង​មាន ប៉ុន្តែ​ទោះ​ជា​យើង​អាច​បោះពុម្ព​អ្វីៗ​ទាំងអស់​ក្ដី ក៏​សមាជិក​របស់​យើង ពេល​ខ្លះ​នៅតែ​មាន​សំណួរ​មូលដ្ឋាន ដែល​ពុំ​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​ការ​សិក្សា​នោះដែរ ។ … មាន​រឿង​ខ្លះ​អាច​រៀន​តែ​តាមរយៈ​សេចក្ដីជំនឿ​ប៉ុណ្ណោះ » ។១០

ព្យាការី​ពី​បូរាណ​បាន​បង្រៀន​គោលការណ៍​ដូចគ្នា​នេះ ដោយ​បង្ហាញ​ថា អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ និស្ស័យ​របស់​មនុស្ស​ពុំ​បាន​ផ្លាស់ប្ដូរ​ឡើយ តែ​លំនាំ​របស់​ព្រះអម្ចាស់​សម្រាប់​ការរៀនសូត្រ​វិញ​មាន​មិន​ចេះ​ចប់ ។ សូម​ពិចារណា​សុភាសិត​ក្នុង​គម្ពីរ​សញ្ញាចាស់ ៖ « ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ » ។១១

អេសាយ​បាន​បកស្រាយ​ថ្លែង​ជំនួស​ព្រះ​ថា « ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​យើង ខ្ពស់​ជាង​ផ្លូវ​របស់​អ្នក​ ហើយ​គំនិត​យើង ក៏​ខ្ពស់​ជាង​គំនិត​អ្នក​យ៉ាង​នោះ​ដែរ » ។១២

នីហ្វៃ​ បាន​ធ្វើ​ជា​សាក្សី​បន្ថែម​ម្នាក់​ទៀត​ កាល​លោក​បាន​ថ្លែង​ថា « ឱ​ព្រះ​អម្ចាស់​អើយ ទូលបង្គំ​បាន​ទុកចិត្ត​ទៅ​លើ​ព្រះ​អង្គ ហើយ​ទូលបង្គំ​នឹង​ទុកចិត្ត​ទៅ​លើ​ព្រះ​អង្គ​ជា​រៀង​ដរាប » ។១៣

សេចក្តីជំនឿ និង ការទុកចិត្ត​លើ​ព្រះអម្ចាស់ តម្រូវ​ឲ្យ​យើង​ដឹង​ថា ព្រះបញ្ញាញាណ​របស់​ទ្រង់​គឺ​ប្រសើរ​ជាង​ប្រាជ្ញា​របស់​យើង ។ យើង​ក៏​ត្រូវតែ​ដឹង​ដែរ​ថា ផែនការ​ទ្រង់​ផ្ដល់​ឲ្យ​យើង​នូវ​សក្ដានុពល​ដ៏​មហិមា​សម្រាប់​ភាពរីកចម្រើន និង ការរៀនសូត្រ​ខាង​វិញ្ញាណ ។

យើង​មិន​ត្រូវ​រំពឹង​ឲ្យ « បាន [ ចំណេះដឹង ] ឥត​ខ្ចោះ​អំពី​អ្វីៗ​ទាំងឡាយ » ក្នុង​ជីវិត​រមែងស្លាប់​នេះ​ឡើយ ។ ផ្ទុយទៅវិញ យើង​រំពឹង​ថា​នឹង « សង្ឃឹម​ទៅ​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ ហើយ​ដែល​ពិត » ។១៤

ទោះជា​​នីហ្វៃ​មាន​សេចក្ដី​ជំនឿ​ខ្លាំង​ក្ដី ក៏​លោក​ដឹង​ថា​ ការយល់ដឹង​របស់​លោក​មាន​កំណត់​ដែរ កាល​លោក​ឆ្លើយ​សំណួរ​ទេវតា​ដែល​សួរ​លោក​ថា « តើ​អ្នក​យល់​ពី​ការ​យាង​ចុះ​មក​នៃ​ព្រះ​ឬ​ទេ ? » នីហ្វៃ​ឆ្លើយ​ថា « ខ្ញុំ​ដឹង​ថា​ព្រះ​អង្គ​ទ្រង់​ស្រឡាញ់​កូន​ចៅ​របស់​ទ្រង់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​មិន​យល់​ន័យ​នៃ​រឿង​ទាំង​អស់​នោះ​ទេ » ។១៥

អាលម៉ា​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ប្រុស​របស់​លោក​ស្រដៀងគ្នា​នេះ​ដែរ​ថា « ឥឡូវ​នេះ សេចក្ដី​អាថ៌កំបាំង​ទាំង​នេះ មិនទាន់​ធ្វើ​ឲ្យ​ឪពុក​បាន​ស្គាល់​គ្រប់​យ៉ាង​នៅ​ឡើយ​ទេ ហេតុ​ដូច្នេះ​ហើយ ឪពុក​នឹង​អត់ធ្មត់​រង់ចាំ » ។១៦

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ស្រឡាញ់​យើង ប៉ុន្តែ​ដូច​នីហ្វៃ និង អាលម៉ា​ដែរ ខ្ញុំ​មិន​ស្គាល់​គ្រប់​យ៉ាង​នៅ​ឡើយ​ទេ ។ ហើយ​ខ្ញុំ​ក៏​មិន​ចាំបាច់​ស្គាល់​គ្រប់​យ៉ាង​ដែរ ខ្ញុំ​ក៏​សូម​រង់ចាំ​​ព្រះអម្ចាស់ដោយ​អត់ធ្មត់ ដែរ ថា « ខ្ញុំ​មាន​គ្រប់​ការណ៍​ទាំង​អស់​ដែល​ជា​ទី​បន្ទាល់​ថា ការណ៍​ទាំង​នេះ​ពិត ហើយ​អ្នក​ក៏​មាន​គ្រប់​ការណ៍​ទាំង​អស់​ជាទី​បន្ទាល់​ដល់​អ្នក​ថា ការណ៍​ទាំង​នោះ​ពិត​ដែរ ។ …

« … បទគម្ពីរ​ទាំងឡាយ​ត្រូវ​បាន​បើក​ត្រដាង​នៅ​ចំពោះ​អ្នក មែន​ហើយ ហើយ​គ្រប់​ការណ៍​ទាំង​អស់​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​មែន មែន​ហើយ ហើយ​សូម្បីតែ​ផែនដី និង​របស់​សព្វ​សារពើ​ដែល​នៅ​លើ​ផ្ទៃ​ផែនដី មែន​ហើយ និង​ចលនា​របស់​ផែនដី មែន​ហើយ ព្រម​ទាំង​ពិភព​ទាំង​អស់ ដែល​ធ្វើ​ចលនា​តាម​ទម្រង់​ធម្មតា​របស់​គេ ក៏​ធ្វើ​ជា​សាក្សី​ថា មាន​ព្រះ​បង្ក​បង្កើត​ដ៏​មហិមា​មួយ​អង្គ » ។១៧

ពេល​យើង​ទទួលស្គាល់​ថា យើង​គឺ​ជា​ការបង្កបង្កើត​របស់​ព្រះវរបិតាសួគ៌​ដ៏​ប្រកប​ដោយ​ព្រះបញ្ញាញាណ និង ការលះបង់ « ចុះ » ហេតុអ្វី​បាន​ជា​យើង​មិន​អនុញ្ញាតឲ្យ​ទ្រង់​ដឹកនាំ​ភាពរីកចម្រើន និង ការរៀនសូត្រ​ខាង​វិញ្ញាណ​យើង « តាម​ព្រះ​ហឫទ័យ និង​បំណង​របស់​ទ្រង់ » ជា​ជាង​តាម​បំណង​របស់​យើងដូច្នេះ​ ?១៨

ទ្រង់​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយ និង ជា​ព្រះអង្គប្រោសលោះ​មនុស្ស​លោក ។ ដោយសារតែ​ដង្វាយធួន​ដ៏​និរន្តរ៍​របស់​ព្រះគ្រីស្ទ ទ្រង់​មាន​ព្រះបញ្ញាញាណ និង ការត្រាស់ដឹង​ខ្ពស់​ដើម្បី​ដឹកនាំ​យើង​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។ យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​របស់​ទ្រង់ ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ស្ដារ​នគរ​ទ្រង់​លើ​ផែនដី​នេះ​ឲ្យ​មាន​ភាពពេញលេញ ។ ថូម៉ាស អេស ម៉នសុន គឺ​ជា​ព្យាការី​កំពុង​រស់នៅ និង ជា​អ្នក​នាំ​បន្ទូល​ទ្រង់​សព្វថ្ងៃ​នេះ ។ ខ្ញុំ​សូម​ធ្វើ​សាក្សី​ដ៏​ស្មោះ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។