ឆ្នាំ ២០១០-២០១៩
ទ្វារ​ចុង​ក្រោយ​គេ​នៅ​ជាន់​ទី​បួន
ខែ តុលា ឆ្នាំ ២០១៦


ទ្វារ​ចុង​ក្រោយ​គេ​នៅ​ជាន់​ទី​បួន

ព្រះ « ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ » ដូច្នេះ​យើង​ត្រូវតែ​បន្ត​គោះ ។ បងប្អូន​ស្រី​អើយ ចូរ​កុំ​រា​ថយ​ឡើយ ។ សូម​ស្វែងរក​ព្រះ​ដោយ​អស់​ពី​ចិត្ត​របស់​បងប្អូន ។

បងប្អូនស្រី មិត្តភក្តិ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ យើង​មាន​ពរ​អ្វី​ម៉្លេះ ដែល​បាន​ជួបប្រជុំ​គ្នា​ម្តង​ទៀត​នៅក្នុង​សន្និសីទ​ទូទាំង​ពិភពលោក ក្រោម​ការណែនាំ និង ដឹកនាំ​ពី​ព្យាការី និង ជា​ប្រធាន​ជា​ទីស្រឡាញ់​របស់​យើង​គឺ​ប្រធាន ថូម៉ាស អេស ម៉នសុន ។ លោក​ប្រធាន ពួកយើង​ស្រឡាញ់​លោក យើង​ពួកយើង​គាំទ្រ​លោក ! ពួកយើង​ដឹង​ថា លោក​ខ្ញុំ​ស្រឡាញ់​បងប្អូន​ស្រី​នៃ​សាសនាចក្រ ។

ខ្ញុំ​ចូលចិត្ត​ចូលរួម​សម័យ​ប្រជុំ​សន្និសីទ​ទូទៅ​ដ៏​អស្ចារ្យ​នេះ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​សម្រាប់​ស្ត្រី​នៃ​សាសនាចក្រ ។

បងប្អូន​អើយ ពេល​ខ្ញុំ​បាន​ឃើញ​បងប្អូន នោះ​ខ្ញុំ​ពុំ​អាច​មិន​គិត​ពី​ស្ត្រី​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ក្នុង​ជីវិត​ខ្ញុំ​បាន​ឡើយ​ដូចជា ៖ ជីដូន​ខ្ញុំ និង ម្តាយ​ខ្ញុំ ដែល​ពួក​គាត់​ជា​មនុស្ស​ដំបូង​គេ​ទទួល​យក​ការអញ្ជើញ​ឲ្យ​ទៅ​មើល​ថា​តើ​សាសនាចក្រ​មាន​អ្វី​ខ្លះ ។ មាន​ភរិយា​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ហារៀត ជា​ស្ត្រី​ដែល​ខ្ញុំ​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ចាប់​តាំង​ពី​បាន​ឃើញ​គាត់​លើក​ដំបូង​ម៉្លេះ ។ ម្តាយ​របស់​ហារៀត ដែល​គាត់​បាន​ចូល​ព្រះវិហារ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ស្វាមី​គាត់​បាន​ចែក​ឋាន​ទៅ ដោយសារ​ជំងឺ​មហារីក ។ ព្រមទាំង​បងស្រី កូនស្រី ចៅ​ស្រី និង ចៅ​ស្រី​ទួត​របស់​ខ្ញុំ—ពួកគេ​ម្នាក់ៗ​បាន​ជះ​ឥទ្ធិពល​វិជ្ជមាន​យ៉ាង​ខ្លាំង​មក​លើ​រូប​ខ្ញុំ ។ ពួកគេ​ពិត​ជា​នាំ​អំណរ​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ ។ ពួកគេ​បាន​បំផុស​គំនិត​ខ្ញុំ​ឲ្យ​ធ្វើ​ជា​មនុស្ស​កាន់​តែ​ល្អ​ប្រសើរ ហើយ​ធ្វើ​ជា​អ្នក​ដឹកនាំ​សាសនាចក្រ​ដែល​កាន់តែ​មាន​ការស្វែងយល់ ។ បើ​គ្មាន​ពួកគេ​ទេ មិន​ដឹង​ជា​ជីវិត​ខ្ញុំ​នឹង​ទៅ​ជា​បែប​ណា​ឡើយ !

ប្រហែលជា​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រាបសា​បំផុត​នោះ​គឺ​ការដឹង​ថា ឥទ្ធិពល​ដូច​គ្នា​នេះ​កើត​ឡើង​រាប់​លាន​ដង នៅក្នុង​សាសនាចក្រ​ទាំងមូល តាមរយៈ​សមត្ថភាព ទេពកោសល្យ បញ្ញា និង ទីបន្ទាល់​របស់​ស្ត្រី​ដែល​មាន​ជំនឿ​ដូច​ជា​បងប្អូន ។

ឥឡូវ​នេះ មាន​បងប្អូន​ខ្លះ​ប្រហែល​ជា​គិត​ថា​ខ្លួន​មិន​សម​នឹង​ពាក្យ​សរសើរ​ដ៏​ខ្ពង់ខ្ពស់​បែប​នេះ​ទេ ។ បងប្អូន​អាច​គិតថា​ខ្លួន​ឯងមិន​សំខាន់ ក្នុងការ​ជះឥទ្ធិពល​ល្អ​ទៅលើ​មនុស្ស​ដទៃ​ទៀត​ទេ ។ ប្រហែល​ជា​បងប្អូន​ពុំ​ធ្លាប់​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា « ស្ត្រី​នៃ​សេចក្តី​ជំនឿ » ឡើយ ដោយសារ​ជួនកាល​បងប្អូន​មាន​មន្ទិលសង្ស័យ ឬ ការភ័យ​ខ្លាច ។

ថ្ងៃ​នេះ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​បងប្អូន​ដែល​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ—ហើយ​ប្រហែល​ជា​រួម​បញ្ចូល​ទាំង​ពួកយើង​ទាំង​អស់​គ្នា​ផង​ដែរ ។ ខ្ញុំ​ចង់​និយាយ​អំពី​ជំនឿ—ពី​អត្ថន័យ​វា ពី​អ្វី​ដែល​វា​អាច និង មិន​អាច​ធ្វើ ហើយ​ថា​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​អំណាច​នៃ​ជំនឿ​នោះ​មាន​ភាព​រស់​រវើក​នៅក្នុង​ជីវិត​យើង ។

អ្វី​ជា​ជំនឿ

ជំនឿ​គឺ​ជា​ការជឿស៊ប់​ខ្លាំង​ទៅ​លើ​អ្វី​មួយ​ដែល​យើង​ជឿ—ជា​ការជឿស៊ប់​ខ្លាំង​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​កិច្ចការ​ដែល​យើង​ប្រហែល​ជា​មិន​អាច​ធ្វើ​បាន ។ « សេចក្តី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម ជា​សម្គាល់​ពី​ការ​ដែល​មើល​មិន​ឃើញ » ។

រឿង​នេះ​ធ្វើ​ឲ្យ​ពួក​អ្នក​មាន​ជំនឿ​យល់ ប៉ុន្តែ​ជា​រឿយៗ​ធ្វើ​ឲ្យ​អ្នក​គ្មាន​ជំនឿ​មាន​ចម្ងល់ ។ ពួកគេ​គ្រវី​ក្បាល ហើយ​សួរ​ថា « តើ​មនុស្ស​អាច​ជឿ​ទៅ​លើ​អ្វី​ដែល​ពួកគេ​មើល​មិន​ឃើញ​ដោយ​របៀប​ណា ? » ចំពោះ​ពួកគេ នេះ​គឺ​ជា​ភស្តុតាង​នៃ​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​អំពី​សាសនា ។

អ្វី​ដែល​ពួកគេ​ពុំ​យល់​នោះ​គឺ​ថា មាន​របៀប​ជា​ច្រើន​ដែល​យើង​អាច​មើល​ឃើញ​ដោយ​មិន​ប្រើ​ភ្នែក​យើង មាន​របៀប​ច្រើន​ដែល​យើង​អាច​ប៉ះ​ដឹង​ដោយ​មិន​ប្រើ​ដៃ​យើង មាន​របៀប​ច្រើន​ដែល​យើង​អាច​ស្តាប់​ឮ​ដោយ​មិន​ប្រើ​ត្រចៀក ។

វា​ដូច​ជា​បទពិសោធន៍​ដែល​ក្មេង​ស្រី​ម្នាក់​កំពុង​ដើរ​ជាមួយ​ជីដូន​នាង ។ ក្មេង​តូច​នោះ​ចូលចិត្ត​សំឡេង​បក្សាបក្សី ហើយ​នាង​បាន​ប្រាប់​ជីដូន​ពី​សំឡេង​ទាំងអស់​នោះ ។

នាង​តូច​បាន​សួរ​ម្តង​ហើយ​ម្តង​ទៀត​ថា « តើ​លោក​យាយ​ឮ​សំឡេង​នោះ​ទេ ? » ។ ប៉ុន្តែ​ជីដូន​នាង​ថ្លង់ ហើយ​ស្តាប់​ពុំ​ឮ​ទេ ។

ទីបំផុត​ជីដូន​នោះ​បាន​លត់​ជង្គង់​ចុះ ហើយ​និយាយ​ថា « ឱ ចៅ​សម្លាញ់​អើយ ឲ្យ​យាយ​សូម​ទោស ។ យាយ​ស្តាប់​ពុំ​សូវ​ឮ​ទេ » ។

ដោយ​អន់​ចិត្ត ចៅ​ស្រី​តូចនោះ​បាន​យក​ដៃ​ទៅ​ចាប់​មុខ​ជីដូន​នាង​សម្លឹង​ចំ​ជីដូន រួច​និយាយ​ថា « លោក​យាយ សូម​ព្យាយាម​ស្តាប់​បន្តិច​ទៅ​មើល ! »

មាន​មេរៀន​ជាច្រើន​នៅក្នុង​រឿង​នេះ​សម្រាប់​ទាំង​អ្នក​មិន​ជឿ និង អ្នក​ជឿ ។ ដោយសារតែ​យើង​មិន​អាច​ស្តាប់​ឮ​អ្វី​មួយ វា​ពុំ​មែន​មាន​ន័យ​ថា​គ្មាន​អ្វី​ត្រូវ​ស្តាប់​នោះ​ទេ ។ មនុស្ស​ពីរ​នាក់​អាច​ស្តាប់​សារលិខិត​មួយ​ដូចគ្នា ឬ អាន​គម្ពីរ​មួយ​ដូចគ្នា មនុស្ស​ម្នាក់​អាច​ទទួល​អារម្មណ៍​នៃ​សាក្សី​ពី​ព្រះវិញ្ញាណ ប៉ុន្តែ​ម្នាក់​ទៀត​ពុំ​ទទួល​បាន ។

ម៉្យាង​ទៀត ការខិតខំ​របស់​យើង​ក្នុងការ​ជួយ​មនុស្ស​ដែល​យើង​ស្រឡាញ់​ឲ្យ​មាន​បទពិសោធន៍​ស្ដាប់​ឮ​សំឡេង​ព្រះវិញ្ញាណ និង ភាព​ស្រស់​ផូរផង់​ដ៏​ធំធេង ហើយ​អស់កល្ប​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ប្រាប់​ពួកគេ​ថា « ព្យាយាម​ស្តាប់​បន្តិច​ទៀត ! » ពុំ​មែន​ជា​វិធី​ដ៏​ល្អ​បំផុត​ឡើយ ។

ប្រហែល​ដំបូន្មាន​ដ៏​ប្រសើរ​ជាង​នេះ—សម្រាប់​អស់​អ្នក​ដែល​ចង់​បង្កើន​ជំនឿ—គឺ​ត្រូវ​ស្តាប់ តាម​របៀប​ផ្សេងៗ​គ្នា ។ សាវក​ប៉ុល​លើក​ទឹកចិត្ត​យើង​ឲ្យ​ព្យាយាម​ស្តាប់​សំឡេង​ដែល​និយាយ​មក​កាន់​វិញ្ញាណ​យើង មិនមែន​គ្រាន់តែ​ស្តាប់​ដោយ​ត្រចៀក​នោះ​ទេ ។ លោក​បង្រៀន​ថា « មនុស្ស​ខាង​សាច់​ឈាម​គេ​មិន​ទទួល​សេចក្តី​ខាង​ឯ​ព្រះវិញ្ញាណ​នៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្តី​ល្ងង់ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្តី​ទាំង​នោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ » ។ ឬ ប្រហែល​ជា​យើង​គួរ​តែ​ពិចារណា​សម្តី​របស់​ព្រះនាង​តូច Saint-Exupéry ដែល​មាន​បន្ទូល​ថា ៖ « មនុស្ស​ម្នាក់​មើល​ឃើញ​ច្បាស់ គឺ​គាត់​មើល​ចេញ​ពី​ដួងចិត្ត ។ គ្រប់​អ្វីៗ​ដែល​សំខាន់​គឺ​ភ្នែក​មើល​ពុំ​ឃើញ​ឡើយ » ។

អំណាច និង ដែន​កំណត់​នៃ​ជំនឿ

ជួនកាល​វា​ពិបាក​ក្នុងការ​បង្កើន​ជំនឿ​ទៅ​លើ​រឿង​ខាង​វិញ្ញាណ អំឡុងពេល​រស់នៅ​ក្នុង​ពិភព​ខាង​សាច់​ឈាម ។ ប៉ុន្តែ​វា​សក្តិសម​នឹង​ការខិតខំ​នោះ ដោយសារ​អំណាច​នៃ​ជំនឿ​ក្នុង​ជីវិត​យើង​អាច​មាន​ប្រយោជន៍​សម្រាប់​យើង ។ ខគម្ពីរ​បង្រៀន​យើង​ថា តាមរយៈ​ជំនឿ​ពិភពលោក​នេះ​បាន​បង្កើត​ឡើង ទឹក​បាន​បែកចេញ​ពី​គ្នា មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​ទឹក​ទន្លេ និង ភ្នំ​បាន​រើ​ចេញ​ពី​ទីតាំង​របស់​វា ។

ប៉ុន្តែ​មាន​អ្នក​ខ្លះ​អាច​សួរ​ថា « ប្រសិនបើ​ជំនឿ​មាន​អំណាច​បែប​នេះ ហេតុអ្វី​ខ្ញុំ​ពុំ​អាច​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ដ៏​ស្មោះសរ​របស់​ខ្ញុំ ? ខ្ញុំ​ពុំ​ត្រូវការ​ឲ្យ​សមុទ្រ​បែក​ចេញ​ពី​គ្នា ឬ ឲ្យ​ភ្នំ​រើ​ចេញ​ឡើយ ។ អ្វី​ដែល​ខ្ញុំ​ត្រូវការ​នោះ​គឺ​សូម​ឲ្យ​ខ្ញុំ​បាន​ជា​សះស្បើយ​ពី​ជំងឺ ឬ សូម​ឲ្យ​ឪពុកម្តាយ​ខ្ញុំ​អភ័យទោស​ឲ្យ​គ្នា ឬ សូម​ឲ្យ​ដៃគូ​អស់កល្ប​ខ្ញុំ​បង្ហាញ​ខ្លួន​នៅ​មាត់​ទ្វារ ដោយ​ដៃ​ម្ខាង​កាន់​ផ្កា​មួយ​បាច់ ហើយ​ដៃ​ម្ខាង​ទៀត​កាន់​ចិញ្ចៀន​ភ្ជាប់​ពាក្យ ។ ហេតុអ្វី​ជំនឿ​ខ្ញុំ​ពុំ​អាច​សម្រេច​បាន​នូវ កិច្ចការ​នោះ? »

ជំនឿ គឺ ពោរពេញ​ដោយ​អំណាច ហើយ​ជា​រឿយៗ​វា​នាំ​ឲ្យ​មាន​អព្ភូតហេតុ ។ ប៉ុន្តែ​ទោះបី​យើង​មាន​ជំនឿ​ខ្លាំង​ក្លា​ក្តី មាន​រឿង​ពីរ​ដែល​ជំនឿ​ពុំ​អាច​ធ្វើ​បាន ។ ទីមួយ ជំនឿ​ពុំ​អាច​បំពាន​លើ​សិទ្ធិ​ជ្រើសរើស​របស់​អ្នក​ផ្សេង​ទៀត​ឡើយ ។

មាន​ស្ត្រី​ម្នាក់​បាន​អធិស្ឋាន​អស់​ជា​ច្រើន​ឆ្នាំ សូម​ឲ្យ​កូនស្រី​ដែល​វង្វេង​ចេញ​ពី​ដំណឹង​ល្អ​ត្រឡប់​មក​រក​ក្រោល​នៃ​ព្រះគ្រីស្ទ​វិញ ហើយ​គាត់​បាន​បាក់​ទឹកចិត្ត​ដោយសារ​ការអធិស្ឋាន​របស់​គាត់​ទំនង​ជា​ពុំ​ទទួល​បាន​ចម្លើយ ។ ជាពិសេស​គាត់​កាន់តែ​ឈឺ​ចាប់​នៅពេល​បាន​ស្តាប់​រឿង​កូនៗ​អ្នក​ដទៃ​ដែល​វង្វេង​ផ្លូវ បាន​ប្រែចិត្ត​មក​វិញ ។

បញ្ហា​នោះ​គឺ​ពុំ​មែន​កើត​មក​ពី​ការខ្វះ​ការអធិស្ឋាន ឬ មាន​ជំនឿ​តិច​នោះ​ទេ ។ គាត់​ចាំបាច់​ត្រូវយល់​ថា ព្រះវរបិតា​សួគ៌​ក៏​ឈឺ​ចាប់​ដែរ ប៉ុន្តែ​ទ្រង់​នឹង​ពុំ​បង្ខំ​នរណា​ម្នាក់​ឲ្យ​ជ្រើសរើស​ផ្លូវ​នៃ​សេចក្តីសុចរិត​ឡើយ ។ ព្រះ​ពុំ​បាន​បង្ខំ​កូនចៅ​ទ្រង់ ឲ្យ​ធ្វើ​តាម​ទ្រង់​កាល​នៅក្នុង​ពិភព​មុន​ឆាក​ជីវិត​នេះ​ឡើយ ។ ចុះ​តើ​ទ្រង់​នឹង​មិន​បង្ខំ​យើង​ខ្លាំង​ប៉ុណ្ណា​ទៅ អំឡុងពេល​យើង​ធ្វើ​ដំណើរ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​នោះ ?

ព្រះ​នឹង​អញ្ជើញ ហើយ​បញ្ចុះបញ្ចូល ។ ព្រះ​នឹង​ជួយ​ដោយ​ក្តីស្រឡាញ់ និង ការបំផុសគំនិត ព្រមទាំង​ការ​លើក​ទឹកចិត្ត​ដោយ​ឥត​ឈប់ឈរ ។ ប៉ុន្តែ​ព្រះ​នឹង​មិន​បង្ខំ​ឡើយ—វា​នឹង​បង្ខូច​ដល់​ផែនការ​ដ៏​មហិមា​របស់​ទ្រង់​សម្រាប់​ការរីកចម្រើន​ដ៏​អស់កល្ប​របស់​យើង ។

រឿង​ទី​ពីរ​ដែល​ជំនឿ​ពុំ​អាច​ធ្វើ​បាន​នោះ​គឺ​ការបង្ខំ​ឆន្ទៈ​យើង​ចំពោះ​ព្រះ ។ យើង​ពុំ​អាច​បង្ខំ​ព្រះ​ឲ្យ​បំពេញ​បំណង​ប្រាថ្នា​យើង​ឡើយ—ទោះបី​យើង​គិត​ថា​យើង​ត្រូវ ឬ យើង​អធិស្ឋាន​ដោយ​ស្មោះសរ​ក្តី ។ សូម​ពិចារណា​អំពី​បទពិសោធន៍​របស់​ប៉ុល ដែល​បាន​ទូល​អង្វរ​ជា​ច្រើន​ដង​ដល់​ព្រះអម្ចាស់ ឲ្យ​រំដោះ​លោក​ពី​ការ​សាកល្បង​ផ្ទាល់​ខ្លួន—ដែល​លោក​ហៅ​វា​ថា​ជា « បន្លា​មួយ​ចាត់​មក​ក្នុង​សាច់​ឈាម » ។ ប៉ុន្តែ​រឿង​នោះ​ពុំ​មែន​ជា​ព្រះហឫទ័យ​របស់​ព្រះ​ឡើយ ។ ទីបំផុត ប៉ុល​បាន​ដឹង​ថា​នោះ​គឺ​ជា​ការសាកល្បង​របស់​គាត់​គឺ​ជា​ពរជ័យ​មួយ ហើយ​គាត់​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះ​ចំពោះ​ការមិន​ឆ្លើយតប​ចំពោះ​ការអធិស្ឋាន​តាម​ចិត្ត​លោក​សង្ឃឹម​ទុក ។

ទុកចិត្ត និង ជំនឿ

ទេ គោលបំណង​នៃ​ជំនឿ​គឺ​ពុំ​មែន​ដើម្បី ផ្លាស់ប្តូរ ព្រះហឫទ័យ​របស់​ព្រះ​ឡើយ ប៉ុន្តែ​ដើម្បី​ផ្តល់​អំណាច​ដល់​យើង​ឲ្យ អនុវត្ត​តាម ព្រះហឫទ័យ​របស់​ព្រះ​វិញ ។ ជំនឿ​គឺ​ជា​ការទុកចិត្ត—ទុកចិត្ត​ថា ព្រះ​ទត​ឃើញ​អ្វី​ដែល​យើង​មើល​មិន​ឃើញ ហើយ​ទ្រង់​ជ្រាប​ដឹង​អ្វី​ដែល​យើង​មិន​ដឹង ។ ជួនកាល ការទុកចិត្ត​លើ​ការមើល​ឃើញ និង ការវិនិច្ឆ័យ​របស់​យើង​ផ្ទាល់​គឺ​វា​មិន​គ្រប់គ្រាន់​ឡើយ ។

ខ្ញុំ​រៀន​ពី​ចំណុច​នេះ​កាល​ខ្ញុំ​ជា​អ្នក​បើក​យន្តហោះ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​បើក​យន្តហោះ​ឆ្លងកាត់​អ័ព្ទ ឬ ពពក​ក្រាស់ ហើយ​អាច​មើល​ឃើញ​ទៅ​មុខ​បាន​តែ​ពីរបី​ម៉ែត្រ ។ ខ្ញុំ​ត្រូវ​ពឹងផ្អែក​លើ​ឧបករណ៍​ដែល​ប្រាប់​ខ្ញុំ​ពី​កន្លែង​ដែល​ខ្ញុំ​នៅ និង កន្លែង​ដែល​ខ្ញុំ​បាន​ហោះ​កាត់ ។ ខ្ញុំ​ត្រូវតែ​ស្តាប់​សំឡេង​បុគ្គលិក​ត្រួត​ពិនិត្យ​ចរាចរណ៍​ជើង​អាកាស ។ ខ្ញុំ​ត្រូវតែ​ធ្វើ​តាម​ការណែនាំ​របស់​អ្នក​ដែល​មាន​ព័ត៌មាន​ច្បាស់​ជាង​ខ្ញុំ ។ ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​មើល​ពុំ​ឃើញ ប៉ុន្តែ​ជា​អ្នក​ដែល​ខ្ញុំ​បាន​រៀន​ទុកចិត្ត ។ ជា​មនុស្ស​ម្នាក់​ដែល​មើល​ឃើញ​នូវ​អ្វី​ដែល​ខ្ញុំ​មើល​ពុំ​ឃើញ ។ ខ្ញុំ​ត្រូវតែ​ទុកចិត្ត ហើយ​ធ្វើ​តាម​ការណែនាំ​នោះ ដើម្បី​ទៅ​ដល់​ទី​សុវត្ថិភាព​របស់​ខ្ញុំ ។

ជំនឿ​មាន​ន័យ​ថា យើង​មិនត្រឹម​តែ​ទុកចិត្ត​លើ​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវតែ​ទុកចិត្ត​លើ​សេច​ក្តីស្រឡាញ់​របស់​ទ្រង់​ផងដែរ ។ វា​មាន​ន័យ​ថា ទុកចិត្ត​ថា​ព្រះ​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង ថា​អ្វីៗ​ដែល​ទ្រង់​ធ្វើ—គ្រប់​ពរជ័យ​ដែល​ទ្រង់​ប្រទាន​ឲ្យ ហើយ​ជួនកាល​ពរជ័យ​ខ្លះ​ទ្រង់​មិន​ប្រទាន​ឲ្យ—គឺ​សម្រាប់​សុភមង្គល​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង​តែ​ប៉ុណ្ណោះ ។

ដោយ​មាន​ជំនឿ​បែប​នេះ ទោះបី​ជា​យើង​មិន​យល់​ពី​មូលហេតុ​ច្បាស់លាស់​ចំពោះ​រឿង​ជាក់លាក់​ដែល​កើត​ឡើង ឬ មូលហេតុ​ដែល​ការអធិស្ឋាន​ជាក់លាក់​នានា​ពុំ​ត្រូវបាន​ឆ្លើយ​តប​ក៏​ដោយ យើង​អាច​ដឹង​ថា នៅ​ទីបំផុត​យើង​នឹង​យល់​នូវ​អ្វី​គ្រប់​យ៉ាង ។ « គ្រប់​ការ​ទាំង​អស់ [ នឹង ] ផ្សំ​គ្នា សម្រាប់​សេចក្តី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ » ។

អ្វីៗ​ទាំងអស់​នឹង​ដំណើរការ​ត្រឹមត្រូវ ។ អ្វីៗ​នឹង​ស្រួល​ទាំងអស់ ។

យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា​ចម្លើយ​នឹង​បាន​ទទួល ហើយ​យើង​នឹង​មិន​ត្រឹមតែ​មាន​ទំនុកចិត្ត​ថា នឹង​ពេញ​ចិត្ត​ចំពោះ​ចម្លើយ​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​នឹង​រំភើប​យ៉ាង​ខ្លាំង ដោយសារ​ព្រះគុណ សេចក្តីមេត្តាករុណា សេចក្តីសប្បុរស និង សេចក្តីស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌​មាន​ចំពោះ​យើង ដែល​ជា​កូន​ចៅ​ទ្រង់​ផងដែរ ។

ចូរ​បន្ត​គោះ

រហូត​ដល់​ពេល​យើង​បាន​ទទួល​ចម្លើយ យើង​ដើរ​ដោយ​ជំនឿ​ដែល​យើង​មាន១០ ដោយ​ព្យាយាម​បង្កើន​ជំនឿ​យើង​ជានិច្ច ។ ជួលកាល​នេះ​មិនមែន​ជា​រឿង​ងាយ​ឡើយ ។ អស់​អ្នក​ដែល​គ្មាន​ការអត់ធ្មត់ គ្មាន​ការតាំងចិត្ត ឬ ព្រងើយ​កន្តើយ​អាច​យល់​ថា​ពិបាក​ទទួល​បាន​ជំនឿ​ណាស់ ។ អស់​អ្នក​ដែល​ឆាប់ បាក់​ទឹកចិត្ត ឬ បែក​អារម្មណ៍​អាច​ពិបាក​នឹង​ទទួល​បទពិសោធន៍​នៃ​ជំនឿ​ណាស់ ។ ជំនឿ​កើត​មាន​ដល់​មនុស្ស​ដែល​បន្ទាបខ្លួន ឧស្សាហ៍​ព្យាយាម និង មាន​ការតស៊ូ ។

ជំនឿ​កើត​មាន​ដល់​អស់​អ្នក​ដែល​ខិតខំ​បន្ត​ស្មោះត្រង់ ។

សេចក្តីពិត​នេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​បទពិសោធន៍​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ពីរ​នាក់ បម្រើ​នៅក្នុង​ទ្វីបអឺរ៉ុប​ដែល​មាន​អ្នក​ប្រែចិត្ត​ជឿ​ជ្រមុជទឹក​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ ។ ខ្ញុំ​គិត​ថា ពួកគេ​អាច​នឹង​គិត​ថា អ្វី​ដែល​ពួកគេ​បាន​ធ្វើ នឹង​ពុំ​មាន​ការផ្លាស់ប្តូរ​ច្រើន​ឡើយ ។

ប៉ុន្តែ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​នេះ​មាន ជំនឿ ហើយ​ពួកគេ​មាន​ការតាំងចិត្ត ។ ពួកគេ​មាន​ឥរិយាបថ​ថា ប្រសិនបើ​គ្មាន​នរណា​ស្តាប់​សារលិខិត​ពួកគេ​ទេ នោះ​វា​ក៏​មិន​ជា​ថ្វី​ដែរ ដោយសារ​ពួកគេ​ពុំ​ទាន់​បាន​ប្រឹង​អស់​ពី​សមត្ថភាព​ខ្លួន​នៅ​ឡើយ​ទេ ។

ថ្ងៃ​មួយ ពួកគេ​មាន​អារម្មណ៍​ថា ត្រូវ​ទៅ​ជួប​អ្នក​ស្នាក់​នៅ​ក្នុង​អគារ​បួន​ជាន់​ដ៏​ស្រស់ស្អាត​មួយ ។ ពួកគេ​បាន​ចាប់ផ្តើម​គោះ​ទ្វារ​បន្ទប់​នីមួយៗ​ពី​ជាន់​ទី​មួយ​ទៅ ដោយ​បង្ហាញ​សារលិខិត​នៃ​សេចក្តីសង្គ្រោះ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ការស្តារឡើងវិញ​នៃ​សាសនាចក្រ​របស់​ទ្រង់ ។

រូបភាព
អគារ​ផ្ទះ​របស់​ស៊ីស្ទើរ អុជដូហ្វ កាល​ពី​កុមារ​ភាព

មនុស្ស​នៅ​ជាន់​ទី​មួយ​ពុំ​ចង់​ស្តាប់​ពួកគេ​ឡើយ ។

វា​ងាយ​ស្រួល​ណាស់​ដើម្បី​និយាយ​ថា « យើង​បាន​ព្យាយាម​ហើយ ។ ចូរ​យើង​ឈប់​ត្រឹម​នេះ​ចុះ ។ តោះ​ព្យាយាម​ទៅ​រក​មនុស្ស​នៅ​អគារ​ផ្សេង​ទៀត » ។

ប៉ុន្តែ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងពីរ​នាក់​នេះ​មាន ជំនឿ ហើយ​ពួកគេ​មាន​ឆន្ទៈ​ដើម្បី ផ្សព្វផ្សាយ ដូច្នោះ​ហើយ​ពួកគេ​បាន​គោះ​ទ្វារ​បន្ទប់​នីមួយៗ​នៅ​ជាន់​ទី​ពីរ ។

ជា​ថ្មី​ម្តង​ទៀត​គ្មាន​នរណា​ចង់​ស្តាប់​ពួកគាត់​ឡើយ ។

នៅ​ជាន់​ទី​បី​ក៏​ដូច​គ្នា​ផងដែរ ។ ហើយ​ជាន់​ទី​បួន​ក៏​ដូច​គ្នា​ដែរ—ហើយ​វា​បន្ត​បែប​នេះ រហូត​ដល់​ពួកគេ​ទៅ​គោះ​ទ្វារ​ចុង​ក្រោយ​គេ​នៅ​ជាន់​ទី​បួន ។

នៅពេល​ទ្វារ​នោះ​បើក​ឡើង ក្មេង​ស្រី​ម្នាក់​បាន​ញញឹម​ដាក់​ពួកគេ ហើយ​សូម​ឲ្យ​ពួកគេ​រង់ចាំ អំឡុង​ពេល​នាង​និយាយ​ជាមួយ​ម្តាយ​នាង ។

ម្តាយ​នាង​ដែល​មាន​អាយុ​ត្រឹមតែ ៣៦ ឆ្នាំ ទើប​តែ​បាត់បង់​ស្វាមី ហើយ​កើត​ទុក្ខ​មិន​ចង់​និយាយ​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​ពួក​មរមន​ឡើយ ។ ដូច្នោះ​គាត់​បាន​ប្រាប់​កូនស្រី​គាត់​ឲ្យ​ដេញ​ពួកគេ​ចេញ​ទៅ ។

ប៉ុន្តែ​កូនស្រី​នោះ​បាន​សូម​អង្វរ​គាត់ ។ នាង​បាន​និយាយ​ថា យុវជន​ទាំង​នេះ​មាន​ចិត្ត​ល្អ​ណាស់ ។ ហើយ​វា​ចំណាយ​ពេល​តែ​បន្តិច​ទេ​ដើម្បី​ស្តាប់​ពួកគេ ។

ដូច្នោះ​ម្តាយ​រូប​នោះ​ក៏​បាន​យល់​ព្រម​ទាំង​ស្ទាក់ស្ទើរ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ចែកចាយ​សារលិខិត​ពួកគេ ហើយ​បាន​ហុច​សៀវភៅ​មួយ​ក្បាល​ឲ្យ​ទៅ​ម្តាយ​រូប​នោះ​អាន—គឺ​ព្រះគម្ពីរ​មរមន ។

បន្ទាប់​ពី ពួកគេ​បាន​ចាកចេញ​ទៅ ម្តាយ​រូប​នោះ​បាន​សម្រេច​ចិត្ត​ថា គាត់​នឹង​អាន​តែ​ពីរបី​ទំព័រ​ប៉ុណ្ណោះ ។

គាត់​បាន​អាន​ចប់​គម្ពីរ​ទាំងមូល​តែ​ពីរបី​ថ្ងៃ​ប៉ុណ្ណោះ ។

រូបភាព
គ្រួសារ​ស៊ីស្ទើរ អុជដូហ្វ ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​គ្រួសារ​ដ៏​អស្ចារ្យ​ដែល​មាន​ម្តាយ​ទោល​នេះ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

នៅពេល​គ្រួសារ​តូច​នេះ​បាន​ចូលរួម​សាខា​នៅក្នុង​មូលដ្ឋាន​របស់​ពួកគេ​នៅ​ទីក្រុង ហ្វ្រែងហ្វើត ប្រទេស​អាល្លឺម៉ង់ ឌីកុន​ម្នាក់​បាន​កត់សម្គាល់​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​កូនស្រី​ម្នាក់​របស់​គាត់ ហើយ​បាន​គិត​ក្នុង​ចិត្ត​គាត់​ថា « អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នេះ​ធ្វើ​កិច្ចការ​បាន​ល្អ​ណាស់ ! »

ឌីកុន​នោះ​មាន​ឈ្មោះ​ថា ឌៀថើរ អុជដូហ្វ ។ ហើយ​យុវនារី​ដ៏​មាន​មន្ត​ស្នេហ៍​នោះ—គឺ​ជា​មនុស្ស​ម្នាក់​ដែល​បាន​អង្វរ​ម្តាយ​នាង​ឲ្យ​ស្តាប់​អ្នក​ផ្សព្វផ្សាយ​សាសនា—មាន​ឈ្មោះ​យ៉ាង​ពីរោះ​ថា​ហារៀត ។ អស់​អ្នក​ដែល​បាន​ជួប​គាត់​ស្រឡាញ់​គាត់ ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជាមួយ​ខ្ញុំ ។ គាត់​បាន​ផ្តល់​ពរ​ដល់​ជីវិត​មនុស្ស​ជាច្រើន តាមរយៈ​ការស្រឡាញ់​ដំណឹង​ល្អ​របស់​គាត់ និង បុគ្គលិក​លក្ខណៈ​ដ៏​អស្ចារ្យ​របស់​គាត់ ។ គាត់​ជា​ពន្លឺ​ព្រះអាទិត្យ​ដែល​បំភ្លឺ​ជីវិត​ខ្ញុំ​ដ៏​ពិត ។

រូបភាព
ស៊ីស្ទើរ អុជដូហ្វ ថ្លែង​សុន្ទរកថា​នៅ​ប្រទេស ន័រវែស

ជារឿយៗ​ខ្ញុំ​តែង​ថ្លែង​អំណរគុណ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ទាំង​ពីរ​នាក់​នោះ ដែល​ពុំ​បាន​ឈប់​នៅ​ជាន់​ទី​មួយ ! ជា​រឿយៗ ដួងចិត្ត​ខ្ញុំ​មាន​អំណរគុណ​ដល់ ជំនឿ និង កិច្ចការ​របស់​ពួកគេ ។ ជា​រឿយៗ​ខ្ញុំ​ថ្លែង​អំណរគុណ​យ៉ាង​ខ្លាំង​ដែល​ពួកគេ​បន្ត​ធ្វើ​កិច្ចការ​នោះ—រហូត​ដល់​ទ្វារ​ចុង​ក្រោយ​គេ​នៅ​ជាន់​ទី​បួន ។

នោះ​តែង​នឹង​បើក​ឲ្យ​អ្នក

នៅក្នុង​ការស្វែងរក​ជំនឿ​ដ៏​ខ្ជាប់ខ្ជួន នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី​ទាក់ទង​នឹង​ព្រះ និង ព្រះទ័យ​របស់​ទ្រង់ ចូរ​យើង​ចងចាំ​ពី​ការសន្យា​របស់​ព្រះអម្ចាស់​ដូចនេះ ៖ « ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក » ១១

តើ​យើង​នឹង​ចុះចាញ់​បន្ទាប់​ពី​គោះ​បាន​តែ​ទ្វារ​មួយ ឬ ពីរ​នោះ​ឬ ? ជាន់​ទី​មួយ ឬ ជាន់​ទី​ពីរ​នោះ​ឬ ?

ឬ តើ​យើង​នឹង​បន្ត​ស្វែងរក រហូត​ដល់​យើង​ទៅ​ដល់​ទ្វារ​ចុង​ក្រោយ​គេ​នៅ​ជាន់​ទី​បួន ?

ព្រះ « ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ »១២ ប៉ុន្តែ​រង្វាន់​នោះ​ពុំ​តែងតែ​កើត​ឡើង​នៅ​ត្រឹម​ទ្វារ​ទី​មួយ​ឡើយ ។ ដូច្នេះ​យើង​ត្រូវតែ​បន្ត​គោះ ។ បងប្អូន​ស្រី​អើយ ចូរ​កុំ​រា​ថយ​ឡើយ ។ សូម​ស្វែងរក​ព្រះ​ដោយ​អស់​ពី​ចិត្ត​របស់​បងប្អូន ។ សូម​អនុវត្ត​សេចក្តីជំនឿ ។ សូម​ដើរ​នៅក្នុង​សេចក្ដីសុចរិត ។

ខ្ញុំ​សន្យា​ថា ប្រសិនបើ​បងប្អូន​ធ្វើ​បែប​នេះ—ទោះបី​ជា​រហូត​ដល់​ទ្វារ​ចុងក្រោយ​គេ​នៅ​ជាន់​ទី​បួន​ក្តី—ក៏​បងប្អូន​នឹង​បាន​ទទួល​ចម្លើយ​ដែល​បងប្អូន​ស្វែងរក​ដែរ ។ បងប្អូន​នឹង​រកឃើញ​ជំនឿ ។ ហើយ​ថ្ងៃ​ណា​មួយ​បងប្អូន​នឹង​ពោរពេញ​ដោយ​ពន្លឺ​ដែល « ពន្លឺ​នោះ​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ » ។១៣

បងប្អូន​ស្រី​ជា​ទីស្រឡាញ់​នៅក្នុង​ព្រះគ្រីស្ទ​របស់​ខ្ញុំ​អើយ ព្រះ​គឺ​មាន​ពិត ។

ទ្រង់​មាន​ព្រះជន្ម​រស់ ។

ទ្រង់​ស្រឡាញ់​បងប្អូន ។

ទ្រង់​ស្គាល់​បងប្អូន ។

ទ្រង់​យល់​ពី​បងប្អូន ។

ទ្រង់​ជ្រាប​ដឹង​ពី​ការទូល​អង្វរ​ដ៏​ស្ងប់ស្ងាត់​នៃ​ដួងចិត្ត​បងប្អូន ។

ទ្រង់​ពុំ​បំភ្លេច​បងប្អូន​ឡើយ ។

ទ្រង់​នឹង​ពុំ​បោះបង់​ចោល​បងប្អូន​ឡើយ ។

នេះ​គឺ​ជា​ទីបន្ទាល់ និង ពរជ័យ​របស់​ខ្ញុំ​ក្នុង​នាម​ជា​សាវក​ទៅ​ដល់​បងប្អូន​ម្នាក់ៗ​ថា បងប្អូន​នឹង​ទទួល​អារម្មណ៍​ក្នុង​ចិត្ត និង គំនិត​បងប្អូន​អំពី​សេចក្តី​ពិត​ដ៏​អស្ចារ្យ​នេះ​សម្រាប់​ខ្លួន​បងប្អូន​ផ្ទាល់ ។ ចូរ​រស់នៅ​ដោយ​ជំនឿ ឱ មិត្ត និង បងប្អូនស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ហើយ « ព្រះអម្ចាស់​ជា​ព្រះ [ របស់​យើង ] [ និង ] ចម្រើន​ឲ្យ​បាន​គ្នា​ជា​ច្រើន​លើស​ជាង​ឥឡូវ​នេះ ជា​មួយ​ពាន់​ដង​ទៅ​ទៀត​ចុះ ហើយ​ប្រទាន​ពរ ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​បងប្អូន​ដែរ ! »១៤

ខ្ញុំ​សូម​បន្សល់​ជំនឿ ការជឿស៊ប់ ភាព​ជា​សាក្សី​ដ៏​ពិត និង ឥត​ងាករេរ​របស់​ខ្ញុំ​ជាមួយ​បងប្អូន​ថា នេះ​គឺ​ជា​កិច្ចការ​របស់​ព្រះ ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង គឺ​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។