ឆ្នាំ ២០១០-២០១៩
ព្រះ​នឹង​ជូតទឹក​ភ្នែក​ទាំងអស់
ខែ តុលា ឆ្នាំ ២០១៦


ព្រះ​នឹង​ជូត​ទឹក​ភ្នែក​ទាំងអស់

នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះអង្គសង្គ្រោះ នោះ​ទ្រង់​នឹង​លើក​យើង​ឡើង ហើយ​បី​ទ្រ​យើង​ឆ្លង​កាត់​ការសាកល្បង​របស់​យើង ហើយ​ទីបំផុត សង្គ្រោះ​យើង​នៅក្នុង​នគរ​សេឡេស្ទាល ។

ជា​ផ្នែក​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ការ​សោកសៅ​នៅ​លាយ​ឡំ​នឹង​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ។ ខណៈ​ដែល​វា​ហាក់​ដូចជា​ការ​សាកល្បង​ដ៏​ឈឺចាប់​នោះ​ធ្លាក់​មក​លើ​យើង​ដោយ​មិន​ស្មើ​គ្នា​ក្ដី ក៏​យើង​អាច​បញ្ជាក់​ថា​យើង​ទាំងអស់​គ្នា​រងទុក្ខ ហើយ​មាន​ការ​លំបាក​ក្នុង​កម្រិត​ផ្សេងៗគ្នា ។ ការ​អធិស្ឋាន​របស់​ខ្ញុំ​សូម​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​យើង​ឲ្យ​កាន់​តែ​យល់​ខ្លាំង​ថា​ហេតុ​អ្វី​ក៏​ការណ៍​នោះ​ត្រូវ​តែ​ដូច្នោះ ។

នៅ​ពេល​យើង​មើល​បទពិសោធន៍​លំបាកៗ​នៃ​ជីវិត​តាមរយៈ​កែវ​ភ្នែក​នៃ​សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ នោះ​យើង​ក៏​អាច​មើល​ឃើញ​ថា នៅក្នុងការ​រងទុក្ខ​របស់យើង​អាច​ជា​គោលបំណង​មួយ​ដែល​គាប់​ព្រះទ័យ​ព្រះ ។ ពួក​ស្មោះត្រង់​អាច​ទទួល​បទពិសោធន៍​នូវ​សេចក្ដីពិត​ដែល​ហាក់​ដូចជា​ផ្ទុយ​ទៅនឹង​ពាក្យ​ទូន្មាន​របស់​ពេត្រុស ។ គាត់​បាន​សរសេរ​ថា « បើ​អ្នក​រាល់​គ្នា​ត្រូវ ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្តី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ពិត » ។ នៅពេល​យើង​ដាក់​ឲ្យ « ចិត្ត​របស់​យើង​បាន​យល់ » យើង​អាច​បង្កើន​សមត្ថភាព​របស់​យើង​ទាំង​ក្នុង​ការ​ស៊ូទ្រាំ​យ៉ាង​ល្អ​ក្នុង​ការ​សាកល្បង និង​ក្នុងការ​រៀន—ហើយ​ដុសខាត់—ដោយ​សារ​ការណ៍​ទាំងនោះ ។ ការ​យល់​ដឹង​ដូច្នេះ​ផ្ដល់​ជា​ចម្លើយ​ចំពោះ​សំណួរ​ថា « ហេតុអ្វី​ក៏​រឿង​អាក្រក់ៗ​កើត​ឡើង​ចំពោះ​មនុស្ស​ល្អ ? »

មនុស្ស​គ្រប់​គ្នា​ដែល​កំពុង​ស្ដាប់​នៅ​ថ្ងៃ​នេះ បាន​ស្គាល់​នូវ​ភាព​ឯកោ ការ​អស់សង្ឃឹម ទុក្ខព្រួយ ការឈឺចាប់ ឬ​ភាព​សោកសៅ​ក្នុង​កម្រិត​ណា​មួយ ។ ដោយ​គ្មាន « កែវភ្នែក​នៃ​សេចក្ដីជំនឿ » និង​ការ​យល់​ដឹង​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ជាញឹកញាប់​យើង​ឃើញ​ថា ភាព​ទុក្ខសោក និង ការ​រងទុក្ខ​ដែល​ជួប​ក្នុង​ជីវិត​រមែង​ស្លាប់ អាច​ធ្វើ​ឲ្យ​យើង​ស្រពិចស្រពិល ឬ​មិន​យល់​ពី​អំណរ​ដ៏​អស់កល្ប​នៃ​ការ​ដឹង​ថា ផែនការ​ដ៏​មហិមា​របស់​ព្រះវរបិតាសួគ៌​យើង គឺពិត​ជា ផែនការ​នៃ​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​មែន ។ គ្មាន​ផ្លូវ​ឯណា​ទៀត​ដើម្បី​ទទួល​បាន អំណរ​ពេញលេញ​នោះទេ ។

ព្រះ អញ្ជើញ​យើង​ឲ្យ​ឆ្លើយ​តប​ដោយ​ជំនឿ​ចំពោះ​ការ​រងទុក្ខ​ជាក់​លាក់​របស់​យើង​ដើម្បី​យើង​អាច​ច្រូត​កាត់​ពរជ័យ និង​ទទួល​បាន​ចំណេះដឹង​ដែល​ពុំ​អាច​រៀន​តាម​ផ្លូវ​ផ្សេង​នោះ ។ យើង​ត្រូវ​បាន​បង្រៀន​ឲ្យ​រក្សាបទបញ្ញត្តិ​ទាំងឡាយ​ក្នុង​គ្រប់​លក្ខខណ្ឌ និង​ស្ថានភាព ដ្បិត « អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​សេចក្ដី​វេទនា រង្វាន់​របស់​អ្នក​នោះ នៅ​នគរ​ស្ថានសួគ៌ គឺ​ប្រសើរ​ជាង » ។ ហើយ​ដូចជា​យើង​អាច​ក្នុងគម្ពីរ​ថា « បើ​សិនជា​អ្នក​មាន​ចិត្ត​ទុក្ខ​ព្រួយ ចូរ​អំពាវ​នាវ​ដល់​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ដោយ​ការ​អង្វរ​ករ សូម​ឲ្យ​ដួងព្រលឹង​អ្នក​អាច​មាន​អំណរអរ​ផង » ។

សាវក ប៉ុល ដែល​បាន​ជួប​នឹង​ការ​រងទុក្ខ​ដោយ​ផ្ទាល់​យ៉ាង​ខ្លាំង​បាន​ប្រើ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក ដើម្បី​បង្រៀន​អំពី​ជម្រៅ និង​សម្រស់​នៃ​ទស្សនៈវិស័យ​ដ៏​អស់កល្ប ដែល​កើត​មាន នៅ​ពេល​យើង​កាន់ខ្ជាប់​បានល្អ និង​ដោយ​អត់ធ្មត់ ។ លោក​ថ្លែង​ថា « ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ » ។ ឬ ពាក្យ​ម្យ៉ាង​ទៀត​យើង​អាច​ដឹង​ក្នុង​ការរងទុក្ខ​របស់​យើង​ថា ព្រះ​បាន​ប្រទាន​រង្វាន់​ជា​សំណង​ដ៏​អស់កល្ប​ជានិច្ច​វិញ ។

សមត្ថភាព​របស់​ប៉ុល​ដើម្បី​និយាយ​អំពី​ការសាកល្បង ការ​បៀតបៀន និង​ទុក្ខសោក​នៃ​ជីវិត​របស់​លោក​ថា​វា​ជា​សេចក្ដីលំបាក « យ៉ាង​ស្រាល » ផ្ដល់​ជា​គំនិត​ខុស​ឆ្គង​មួយ​ខ្លាំង​អំពី​ការ​រងទុក្ខ​របស់​គាត់ ដើម្បី​គាត់​អាច​ត្រូវ​លេប​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​នៃ​ដំណឹងល្អ ។ ជំនឿ​របស់ ប៉ុល​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​រឿង​គ្រប់​យ៉ាង​អាច​ទ្រាំ​ទ្រ​បាន ។ លោក​ត្រូវ​គេ​វាយ​រំពាត់​ប្រាំ​ដង វាយ​ដោយ​ដំបង​បីដង គប់​នឹង​ថ្ម​ម្ដង រង​ទុក្ខ​ដោយ​សំពៅ​លិច​បីដង ដាក់​ក្នុង​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ដោយ​ការ​លង់​ទឹក ដោយ​ចោរប្លន់ និង​បងប្អូន​ក្លែងក្លាយ លោក​បាន​រងទុក្ខ​យ៉ាង​នឿយ​ហត់ និង​ឈឺចាប់ ស្រេក​ឃ្លាន ហើយ​ត្រូវ​ជាប់គុក​ក្នុង​កន្លែង​ត្រជាក់ និង​ភាពអក្រាត ។

មាន​យើង​ជា​ច្រើន​បាន​ទូលអង្វរ​ដល់​ព្រះ​ឲ្យ​ដក​យក​ការ​រងទុក្ខ​របស់​យើង ហើយ​ពេល​យើង​ពុំ​ទទួល​បាន​ការ​សម្រាល​ទុក្ខ​ដែល​យើង​ចង់​បាន នោះ​យើង​បាន​គិត​ថា ទ្រង់​មិន​ស្ដាប់​ឮ​យើង​ទេ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ទោះ​ជា​នៅក្នុង​ស្ថានភាព​ទាំង​នោះក្ដី ទ្រង់​ស្ដាប់​ឮ​ការ​អធិស្ឋាន​របស់​យើង ទ្រង់​មាន​ហេតុ​ដែល​អនុញ្ញាត​ឲ្យ​យើង​បន្ដ​រងទុក្ខ១០ ហើយ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ទ្រាំ​ទ្រ​វា​បាន ។១១

នៅក្នុង​សារ​ដ៏​ជ្រាលជៅ និង​សញ្ជប់សញ្ជឹង ប៉ុល​បាន​ប្រាប់​យើង​អំពី « បន្លា » គ្មាន​ឈ្មោះ នៅក្នុង​សាច់​លោក ដែល​បណ្ដាល​ឲ្យ​លោក​ឈឺ​ចាប់​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​គាត់​លុត​ជង្គង់​បីដង ទូល​អង្វរ​ដល់​ព្រះអម្ចាស់​ឲ្យ​ដក​វា​ចេញ​ពី​លោក ។ នៅក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​អធិស្ឋាន​របស់​ប៉ុល ព្រះអម្ចាស់​ពុំ​បាន​ដក​បន្លា​ចេញ​ទេ ប៉ុន្ដែ​បាន​មាន​បន្ទូល​ដោយ​ភាព​សុខសាន្ដ និង​ផ្ដល់​នូវ​ការ​យល់​ដឹង​ដល់​ដួងចិត្ត​លោក​ថា « គុណ​របស់​យើង​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​យើង​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ » ។ ព្រមជាមួយ​នឹង​ការ​យល់ដឹង​ថ្មី​នេះ ប៉ុល​អាច​ទទួល​យក ហើយ​មាន​អំណរគុណ​ចំពោះ​បន្លា​ដែល​គាត់​បាន​ទទួល ។ ទ្រង់​មាន​បន្ទូល​ថា « ដូច្នេះ ខ្ញុំ …នឹង​ស៊ូ​អួត​ពី​សេចក្តី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ » ។១២

នៅពេល​យើង​ទទួល​បាន​នូវ​ទស្សនៈវិស័យ​ដ៏​អស់កល្ប​ជានិច្ច​ក្នុង​ជីវិត​របស់​យើង នោះ​សមត្ថភាព​យើង​ដើម្បី​ស៊ូទ្រាំ​កើន​ឡើង យើង​អាច​រៀន​ពី​របៀប​ជួយ​ដល់​អ្នកទាំងឡាយ​ដែល​ត្រូវការ​ជំនួយ១៣ ហើយ​យើង​នឹង​មាន​អំណរគុណ ថែមទាំង​ថ្លែង​អំណរគុណ ចំពោះ​បទពិសោធន៍​នានា ដែល​ព្រះ​អនុញ្ញាត​ឲ្យ​យើង​មាន​ជា​ការ​បង្រៀន​នៅ​លើ​ផ្លូវ​ទៅ​កាន់​ជីវិត​អស់កល្ប​ជានិច្ច ។

នៅពេល​យើង​ឃើញ​ថា​ជីវិត​យើង​កំពុង​ដើរ​ឆ្លងកាត់​សេចក្ដី​វេទនា នោះ​វា​អាច​នឹង​ពិបាក​ដើម្បី​មើល​ឃើញ​ថា ការ​សាកល្បង​របស់​យើង​ជា​សញ្ញា​បង្ហាញ​ថា យើង​កំពុង​ដើរ​តាម​ផ្លូវ​ត្រឹមត្រូវ​នៃ​ភាព​ជាសិស្ស​របស់​យើង​ណាស់ ។ ប៉ុន្តែ​មិន​ថា​ខ្លួន​យើង​ស្ថិត​នៅក្នុង​ជ្រលង​ងងឹត​នៃ​ភាព​អស់សង្ឃឹម ឬ​នៅលើ​ផ្លូវ​នៃ​សុភមង្គល​នោះ​ទេ ការរៀន និង​ការ​មាន​ក្ដីមេត្តា​ចំពោះ​ការ​រងទុក្ខ​របស់​អ្នកដទៃ អាច​ជា​ពរជ័យ​មួយ ។

អំឡុង​ការ​ចាត់តាំងសន្និសីទ​ស្ដេក​ថ្មីៗ ខ្ញុំ​បាន​ចូលរួម​ក្នុង​ប្រទេស​ហ្វីលីពីន ខ្ញុំ​ខូច​ចិត្ត​ជា​ខ្លាំង​ពេល​ដឹង​អំពី​បទពិសោធន៍​ដ៏​អាក្រក់​របស់​បងប្រុស ដានីញ៉ែល អាពីឡាដូ ។ បងប្រុស អាពីឡាដូ និង​ភរិយា​គាត់​បាន​ជ្រមុជទឹក​នៅ​ឆ្នាំ ១៩៧៤ ។ ពួក​គាត់​បាន​ឱបក្រសោប​យក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ហើយ​ត្រូវ​បាន​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់មក ពួក​គាត់​បាន​មាន​ពរ​ដោយ​មាន​កូន​ដ៏​ល្អៗ​ប្រាំ​នាក់ ។ នៅថ្ងៃទី ៧ ខែ​កក្កដា ឆ្នាំ ១៩៩៧ ខណៈ​ដែល​បងប្រុស អាពីឡាដូ កំពុង​បម្រើ​ជា​ប្រធាន​ស្ដេក នោះ​មាន​អគ្គិភ័យ​ឆេះ​ដល់​ផ្ទះ​ដ៏​តូច​របស់​គាត់ ។ កូនប្រុស​ច្បង​របស់​បងប្រុស អាពីឡាដូ ឈ្មោះ ម៉ៃឃែល បាន​សង្គ្រោះ​ឪពុក​ខ្លួន បាន​ទាញ​គាត់​ចេញ​ពី​ផ្ទះ​ឆេះ​នោះ ហើយ​បន្ទាប់មក​រត់​ទៅក្នុង​ផ្ទះ​ជួយ​ដល់​អ្នក​ផ្សេងទៀត ។ វា​គឺជា​ពេល​ចុង​ក្រោយ​ដែល​បងប្រុស​អាពីឡាដូ បាន​ឃើញ​មុខ​កូន​ប្រុស​របស់​គាត់​នៅរស់។ ភ្លើង​បាន​ឆក់​យក​ជីវិត​របស់ ភរិយា​បងប្រុស​អាពីឡាដូ ឈ្មោះ ដូមីងហ្គា និង​កូនប្រុស​ទាំង​ប្រាំ​របស់​គាត់ ។

ភាព​ពិត​ដែល​បងប្រុស អាពីឡាដូ អាច​រស់នៅ​ក្នុង​ជីវិត​រីករាយ​ចំពោះ​ព្រះ​បាន នៅពេល​សោកនាដកម្ម​បាន​កើត​ឡើង​ដល់​គាត់ ដោយ​មិន​បាន​បង្ការ​ដល់​សោកនាកដកម្ម​នោះ ឬ​ធ្វើ​ឲ្យ​គាត់​ស៊ាំ​នឹង​ភាព​សោកសៅ​ដែល​កើត​មាន​នោះ​ទេ ។ ប៉ុន្ដែ សេចក្ដីស្មោះត្រង់ របស់​គាត់​ក្នុង​ការ​រក្សា​សេចក្ដី​សញ្ញា​នេះ និង​ការ​អនុវត្ត​សេចក្ដីជំនឿ​របស់​គាត់​ទៅ​លើ​ព្រះ​គ្រីស្ទ បាន​ផ្ដល់​នូវ​ការ​អះអាង​ដល់​គាត់​ក្នុង​ការ​សន្យា​ថា គាត់​នឹង​រួបរួម​នឹង​ភរិយា និង​គ្រួសារ​គាត់​វិញ ។ សេចក្ដីសង្ឃឹម​នេះ បាន​ក្លាយ​ជា​យុថ្កា​ចំពោះ​ព្រលឹង​របស់គាត់ ។១៤

អំឡុង​ពេល​ខ្ញុំ​ទៅ​លេង បងប្រុស​អាពីឡាដូ ឥឡូវ​ជា​អយ្យកោ​ស្ដេក លោក​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​ភរិយា​ថ្មី​របស់​គាត់​ឈ្មោះ ស៊ីម៉ូណែត និង​កូនប្រុស​ពីរ​នាក់​របស់​គាត់​ឈ្មោះ រ៉ាហ្វែល និង​ដានីយ៉ែល ។ ពិត​ណាស់ ព្រះយេស៊ូវ​គ្រីស្ទ​អាច ហើយ​នឹង « ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង » ។១៥

ពេល​ចែកចាយ​រឿង​របស់​បងប្រុស​អាពីឡាដូ ខ្ញុំបារម្ភ​ថា​ទំហំ​នៃ​ការ​បាត់​បង់​របស់​គាត់​អាច​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​គិត​ថា​ការ​សោកស្ដាយ និង​ការ​រងទុក្ខ​របស់​ពួកគេ​មិន​សំខាន់​ដូច​គាត់​ឡើយ ។ សូម​កុំ​ប្រៀបធៀប ប៉ុន្តែ​សូម​ព្យាយាម​រៀន និង​អនុវត្ត​គោលការណ៍​ដ៏​អស់កល្ប​ជានិច្ច នៅពេល​អ្នក​ដើរ​កាត់​ឡ​នៃ​សេចក្ដីវេទនា​ផ្ទាល់​ខ្លួន​អ្នក ។

ខ្ញុំ​សូម​និយាយ​ទៅកាន់​បុគ្គល​ម្នាក់ៗ​ថា—« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ »១៦—ខ្ញុំ​សូម​ប្រាប់​ថា—ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​របស់​ទ្រង់ ញាណ​ដឹង​គ្រប់​បញ្ហា​ផ្ទាល់​ខ្លួន​អ្នក ការសោកសៅ​របស់​អ្នក ការ​ឈឺចាប់ ការលំបាក និង​ក្ដីវេទនា​គ្រប់​ប្រភេទ​ទាំងអស់ ។ ចូរ​ក្លាហាន​ឡើង ! ចូរ​មាន​ជំនឿ​ឡើង ! ហើយ​ជឿ​ទៅ​លើ​ការ​សន្យា​របស់​ព្រះ​ចុះ !

គោលបំណង និង​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ រួមមាន​ថា ទ្រង់​នឹង « លើក​ដាក់​អង្គទ្រង់​នូវ​ការ​ឈឺចាប់ និង​ជំងឺ​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ » ដើម្បី « ដាក់​លើ​រូប​អង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់​របស់​ពួកគេ » ហើយ « ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ » ។១៧

ដើម្បី​ទទួល​បាន​ពេញ​លេញ​នូវ​អំណោយ​ទាន​ទាំងនេះ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ផ្ដល់​ឲ្យ​ដោយ​សេរី នោះ​យើង​ទាំងអស់​គ្នា​ត្រូវ​រៀន​ដឹង​ថា ការ​រងទុក្ខ​ដោយ​ឯកឯង​ពុំ​បង្រៀន ឬ​ផ្ដល់​តម្លៃ​គង់វង្ស​នូវ​អ្វី​ដល់​យើង​ទេ លុះត្រា​តែ​យើង មាន​ចេតនា ចូល​រួម​នៅក្នុង​ដំណើរ​ការ​នៃ​ការ​រៀនសូត្រ​មក​ពី​ការ​រងទុក្ខ​របស់​យើង​តាមរយៈ​ការ​អនុវត្ត​សេចក្ដីជំនឿ ។

អែលឌើរ ណែល អេ ម៉ាក់​ស្វែល បាន​ចែកចាយ​នូវ​អ្វី​ដែល​គាត់​បាន​រៀន​ដោយ​មាន​ចេតនា​អំពី​ការ​រងទុក្ខ​ជា​ពាក្យ​ទាំងនេះ ៖

« ទម្រង់​ជាក់លាក់​នៃ​ការ​រងទុក្ខ បើ​ស៊ូទ្រាំ​បាន​ល្អ នោះ​វា​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​ល្អ​ប្រសើរ​យ៉ាង​ពិត ។ …

… ការ​ស៊ូទ្រាំ​បាន​ល្អ មាន​នូវ​ភាព​រាបសា​ល្មម​គ្រប់គ្រាន់ នៅក្នុង​ការ​រងទុក្ខ​របស់​យើង ដើម្បី​រៀន​ចេញ​មកពី​បទពិសោធន៍​របស់​យើង ។ ជាជាង​ឲ្យ​រឿង​ទាំងនេះ​កន្លង​ផុត​ទៅតាម​ធម្មតា វា​ត្រូវ​តែ​ឆ្លង​កាត់​យើង …តាម​របៀប​មួយ​ដែល​នឹង​ញែក [ យើង ] ជា​បរិសុទ្ធ » ។១៨

ខ្ញុំ​បាន​សង្កេត​មើល​ក្នុង​ជីវិត និង​គំរូ​របស់​អ្នក​ដទៃ​ដែល​អនុវត្ត​សេចក្ដីជំនឿ​ដ៏​រឹងមាំ និង​ខ្ជាប់​ខ្ជួន​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​សន្យា​របស់​ទ្រង់ វា​ផ្ដល់​ដល់​ពួកគេ​នូវ​ក្ដីសង្ឃឹម​រឹងមាំ​ថា​រឿង​ល្អ​ដ៏​ប្រសើរ​ជាង​នឹង​កើត​មាន​ឡើង ។ ក្ដីសង្ឃឹម​ដែល​ធ្វើ​ឲ្យ​យើង​ខ្ជាប់ខ្ជួន​នេះ នាំ​មក​នូវ​កម្លាំង និង​ថាមពល​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូទ្រាំ ។១៩ នៅពេល​យើង​ភ្ជាប់​ការ​រងទុក្ខ​របស់​យើង​ទៅ​នឹង​ការ​បញ្ជាក់​អំពី​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ហើយ ជាពិសេសជាង​នោះ ចំពោះ​រង្វាន់​ដែល​រង់ចាំ​យើង​នៅ​ស្ថានសួគ៌ នោះ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះគ្រីស្ទ​កើន​ឡើង ហើយ​យើង​ទទួល​ការលួងលោម​ដល់​ព្រលឹង ។

នោះ​យើង​អាច​មើល​ឃើញ​ពន្លឺ​នៅ​ចុង​ម្ខាង​ទៀត​នៃ​រូង​ផ្លូវ ។ អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន បាន​បង្រៀន​ថា ៖ « ពិតជា មាន ពន្លឺ​នៅ​ចុង​ម្ខាង​ទៀត​នៃ​រូង​ផ្លូវ » ។ វា​គឺជា​ពន្លឺ​នៃ​ពិភពលោក ជា​តារា​ដ៏​ភ្លឺថ្លា និង​រះ​ពេលព្រឹក ‹ ជា​ពន្លឺ​មួយ​ដែល​មិនចេះ​ចប់​មិនចេះ​ហើយ ដែល​ពុំ​អាច​ធ្វើ​ឲ្យ​ងងឹត​បាន​ឡើយ › [ ម៉ូសាយ ១៦:៩ ] ។ នោះ​គឺ​ជា​ព្រះរាជបុត្រា​របស់​ទ្រង់​ផ្ទាល់ » ។២០

យើង​អាច​ទទួល​កម្លាំង​ដោយ​ដឹង​ថា គ្រប់​បទពិសោធន៍​លំបាកៗ​នៅក្នុង​ជីវិត​នេះ​គឺ​គ្រាន់តែ​ជា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ទោះ​ជា​យប់​ដ៏​ងងឹត​បំផុត​ក៏​បង្វែរ​ទៅជា​ភ្លឺ​ឡើង​ដល់​មនុស្ស​ស្មោះត្រង់​ដែរ ។

នៅ​ពេល​អ្វីៗ​ត្រូវ​បាន​បញ្ចប់ ហើយ​យើង​បាន​កាន់​ខ្ជាប់​គ្រប់​ការ​ទាំងអស់​ដោយ​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ទទួល​ការ​សន្យា​ថា « ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​[ យើង ] ចេញ » ។២១

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​ជា​ព្រះវរបិតា​របស់​យើង និង បុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្មរស់ ហើយ​ថា​ពួកទ្រង់​ជា​អង្គ​ដែល​គោរព​ការសន្យា ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គសង្គ្រោះ​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​មក​រកទ្រង់ ហើយ​ទទួលទាន​ដង្វាយធួន​របស់​ទ្រង់ ។ នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ទ្រង់ នោះ​ទ្រង់​នឹង​លើក​យើង​ឡើង ហើយ​បី​ទ្រ​យើង​ឆ្លង​កាត់​ការសាកល្បង​របស់​យើង ហើយ​ទីបំផុត សង្គ្រោះ​យើង​នៅក្នុង​នគរ​សេឡេស្ទាល ។ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​មក​រក​ព្រះគ្រីស្ទ ស៊ូទ្រាំ​ឲ្យ​បាន​ល្អ​ក្នុង​សេចក្ដីជំនឿ ហើយ​បាន​ល្អ​ឥតខ្ចោះ​តាមរយៈ​ទ្រង់ ហើយ​មាន​អំណរ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។