ឆ្នាំ ២០១០-២០១៩
« បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ »
ខែ តុលា ឆ្នាំ ២០១៦


« បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ »

តើ​យើង​គ្រាន់តែ​ដឹង​អំពី​ព្រះអង្គសង្គ្រោះ ឬ យើង​កំពុង​ស្គាល់​ទ្រង់​ឲ្យ​កាន់តែ​ខ្លាំង​ឡើង ? តើ​យើង​កាន់​តែ​ស្គាល់​ព្រះអម្ចាស់​តាម​របៀប​ណា ?

ពេល​ព្រះសង្គ្រោះ​បញ្ចប់​ទេសនកថា​របស់់​ទ្រង់​នៅ​លើ​ភ្នំ ទ្រង់​បាន​គូសបញ្ជាក់​អំពី​ក្ដីពិត​អស់កល្ប​ថា « មាន​តែ​ធ្វើតាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ប៉ុណ្ណោះ ទើប​អាច​បាន​ព្រះគុណ​នៃ​ការសង្គ្រោះ​ពី​ព្រះបុត្រា​បាន » ។

ទ្រង់​មាន​បន្ទូល​ដូចនេះ ៖

« មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ទេ​តើ ។

« នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះនាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះនាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិបារមី​ជា​ច្រើន ដោយ​នៅ​ព្រះនាម​ទ្រង់​ទេ​ឬ​អី ?

« នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ » ។

ពេល​យើង​ពិចារណា​លើ​កំណែ​ថ្មី​ដ៏​បំផុសគំនិត​នេះ នោះ​យើង​នឹង​យល់​ការបង្រៀន​នេះ​កាន់តែ​ច្បាស់ ។ ជា​ពិសេស​ព្រះបន្ទូល​ព្រះអម្ចាស់​ក្នុង​កំណែថ្មី​នៃ​ព្រះគម្ពីរប៊ីប​របស់​ស្តេច​ជេមស៍​ថា « អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ » ត្រូវបាន​កែ​ក្នុង​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ទៅ​ជា « ឯង​រាល់​គ្នា​មិន​ដែល​ស្គាល់​អញ​ទេ » ។

ចូរ​ពិចារណា​ផងដែរ​លើ​រឿង​ប្រៀប​ប្រដូច​អំពី​ស្ត្រី​ព្រហ្មចារី​ដប់​នាក់ ។ ចូរ​គិត​ពី​ស្ត្រី​ល្ងង់​ប្រាំ​នាក់ ហើយ​មិន​បាន​ត្រៀម​ខ្លួន បាន​ទៅ​ទិញ​ប្រេង​ចាក់​ក្នុង​ចង្កៀង​បន្ទាប់​ពី​ឮ​គេ​ស្រែក​ឲ្យ​ទៅ​ទទួល​ប្ដី ។

« តែ​កំពុង​តែ​នាង​ទាំង​នោះ​ទៅ​ទិញ ប្តី​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​បម្រុង​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​គ្នា រួច​គេ​បិទ​ទ្វារ ។

« ឯ​នាង​ព្រហ្មចារី [ ល្ងង់​ប្រាំ​នាក់ ] ឯ​ទៀត ក៏​មក​អង្វរ​ថា លោក​ម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង ។

« តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ » ។

យើង​យល់​គំនិត​សំខាន់​នៃ​រឿង​ប្រៀបប្រដូច​នេះ​កាន់តែ​ច្បាស់ តាមរយៈ​កំណែ​ថ្មី​ដ៏​បំផុសគំនិត​មួយ​ទៀត ។ ជា​ពិសេស ឃ្លា​ក្នុង​កំណែថ្មី​នៃ​ព្រះគម្ពីរប៊ីប​របស់​ស្តេច​ជេមស៍​ថា « ខ្ញុំ​មិន​ស្គាល់​នាង​ទេ » ត្រូវបាន​បកស្រាយ​ក្នុង​ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ទៅ​ជា « នាង​មិន​ស្គាល់​ខ្ញុំ​ទេ » ។

ឃ្លា « ឯង​រាល់​គ្នា​មិន​ដែល​ស្គាល់​អញ​ទេ » និង « នាង​មិន​ស្គាល់​ខ្ញុំ​ទេ » គួរតែ​ជា​មូលហេតុ​មួយ​ដែល​យើង​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​ខាង​វិញ្ញាណ​លើ​ខ្លួនឯង ។ តើ​យើង​គ្រាន់តែ​ដឹង​អំពី​ព្រះអង្គសង្គ្រោះ ឬ យើង​កំពុង​ស្គាល់​ទ្រង់​ឲ្យ​កាន់តែ​ខ្លាំង​ឡើង ? តើ​យើង​កាន់​តែ​ស្គាល់​ព្រះអម្ចាស់​តាម​របៀប​ណា ? សំណួរ​ខាង​ព្រលឹង​នេះ​គឺ​ជា​ការផ្ដោត​សំខាន់​ក្នុង​សារលិខិត​ខ្ញុំ ។ ខ្ញុំ​សូម​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​យើង ពេល​យើង​ពិចារណា​រួមគ្នា​អំពី​ប្រធាន​បទ​សំខាន់​នេះ ។

ការកាន់តែ​ស្គាល់

ព្រះយេស៊ូវ​មាន​បន្ទូល​ដូចនេះ ៖

« ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ ។

« បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​បាន​ស្គាល់​ព្រះវរបិតា​ដែរ » ។

ពេល​យើង​ស្គាល់​បុត្រា​ដ៏​ជា​ទីស្រលាញ់ នោះ​យើង​ក៏​កាន់តែ​ស្គាល់​ព្រះវរបិតា​ដែរ ។

គោលបំណង​ដ៏​ធំ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​គឺ​ពុំ​គ្រាន់តែ​រៀន​អំពី​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ព្រះវរបិតា​ទេ ប៉ុន្តែ​ក៏​ព្យាយាម​ស្គាល់​ទ្រង់​ដែរ ។ ជំហាន​បួន​សំខាន់ៗ​ដែល​អាច​ជួយ​យើង​កាន់តែ​ស្គាល់​ព្រះអម្ចាស់​បាន គឺ​ជា​ការអនុវត្ត​ក្ដីជំនឿ​លើ​ទ្រង់ ការដើរ​តាម​ទ្រង់ ការបម្រើ​ទ្រង់ និង​ការជឿ​លើ​ទ្រង់ ។

ការអនុវត្ត​ក្ដីជំនឿ​លើ​ទ្រង់

ការអនុវត្ត​ក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ពឹង​ទៅ​លើ​បុណ្យ​គុណ ក្ដីមេត្តា និង ព្រះគុណ​ទ្រង់ ។ យើង​ចាប់ផ្ដើម​ស្គាល់​ព្រះអង្គសង្គ្រោះ​ពេល​យើង​ប្រើ​សមត្ថភាព​ខាង​វិញ្ញាណ និង​ការដកពិសោធន៍​ទៅ​លើ​ការបង្រៀន​របស់​ទ្រង់ ដរាប​យើង​ទុក​កន្លែង​មួយ​ដើម្បី​ទទួល​យក​ព្រះបន្ទូល​ទ្រង់​មួយ​ចំណែក ។ ពេល​ក្ដី​ជំនឿ​យើង​លើ​ព្រះអម្ចាស់​កើន​ឡើង យើង​ទុកចិត្ត​លើ​ទ្រង់ ហើយ​ទុក​ចិត្ត​លើ​ព្រះចេស្ដា​ទ្រង់​ក្នុង​ការប្រោសលោះ​ប្រោស​ឲ្យ​ជា ហើយ​ពង្រឹង​ដល់​យើង ។

សេចក្ដីជំនឿ​ស្មោះត្រង់​ផ្ដោត​សំខាន់​លើ​ព្រះអម្ចាស់ ហើយ​តែងតែ​ឲ្យ​យើង​ធ្វើ​ល្អ ។ « សេចក្ដីជំនឿ [លើ​ព្រះគ្រីស្ទ គឺ​ជា ] គោលការណ៍​ទី​មួយ​ក្នុង​សាសនា​ដែល​បាន​បើក​សម្ដែង … ជា​មូលដ្ឋាន​នៃ​សុចរិតភាព … និង​ជា​គោលការណ៍​នៃ​ការប្រព្រឹត្ត​របស់​មនុស្ស​ដ៏​ឆ្លាតវៃ » ។ ដោយសារតែ​ការប្រព្រឹត្ត​ស្របតាម​គោលការណ៍​ត្រឹមត្រូវ​ដែល​ព្រះប្រោសលោះ​មាន​បន្ទូល​គឺ​ជា​ចំណុច​ស្នូល​នៃ​ការទទួល​បាន និង ការអនុវត្ត​សេចក្ដីជំនឿ​នេះ​ហើយ​ទើប « សេចក្តី​ជំនឿ​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ » ។១០ យើង​ត្រូវ « ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ » ។១១

ការស្ដាប់​បន្ទូល​ព្រះ និង ការទទួល​បាន​អំណោយទាន​ខាង​វិញ្ញាណ​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះអង្គសង្គ្រោះ ទាក់ទង​គ្នា​យ៉ាង​ស្អិត​រមួត នៅ​ពេល « សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ​គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ » ។១២ យើង​ស្គាល់​ទ្រង់ និង ព្រះសូរសៀង​ទ្រង់ នៅ​ពេល​យើង​សិក្សា ហើយ​ទទួលទាន​ព្រះបន្ទូល​ទ្រង់​នៅ​ក្នុង​បទគម្ពីរ១៣ អធិស្ឋាន​ទៅ​ព្រះវរបិតា​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ក្នុង​ព្រះនាម​ទ្រង់ ១៤ ហើយ​ព្យាយាម​ឲ្យ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​ដៃគូ ។១៥ ការរៀន និង ការអនុវត្ត​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​នៅ​ក្នុង​ជីវិត​យើង គឺ​ជា​លក្ខខណ្ឌ​ទទួល​បាន​អំណោយទាន​នៃ​សេចក្ដី​ជំនឿ​លើ​ទ្រង់ ។១៦

ការអនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់ គឺ​ជា​ការត្រៀម​ខ្លួន​ចាំបាច់​ដើម្បី​ដើរតាម​ទ្រង់ ។

ការដើរតាម​ទ្រង់

« កាល​ព្រះយេស៊ូវ ទ្រង់​កំពុង​យាង​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ នោះ​ក៏​ទត​ឃើញ​បង​ប្អូន​២​នាក់ ជា​អ្នក​នេសាទ​ត្រី​គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស និង​អនទ្រេ ជា​ប្អូន​កំពុង​តែ​បង់​សំណាញ់​ក្នុង​សមុទ្រ ។

រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​មក​តាម​ខ្ញុំៗ នឹង​តាំង​អ្នក ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ ។

គេ​ក៏​ទុក​សំណាញ់​ចោល ទៅ​តាម​ទ្រង់​ភ្លាម » ។១៧

ពេត្រុស និង​អនទ្រេ​គឺ​ជា​គំរូ​សំខាន់​នៃ​ការស្ដាប់ និង ការដើរ​តាម​លោក​គ្រូ ។

ព្រះអង្គសង្គ្រោះ​បាន​ណែនាំ​អ្នក និង​ខ្ញុំ​ដូច្នេះ​ថា « បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះកាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ » ។១៨ ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​គឺ​លះកាត់​ចិត្ត​ខ្លួន​ឯង​ពី​អស់​ទាំង​អំពើ​អាក្រក់ និង​ចំណង់​លោកិយ ហើយ​គោរព​ព្រះបញ្ញត្តិ​ព្រះអម្ចាស់ ។១៩

ព្រះអង្គសង្គ្រោះ​ដាស់តឿន​យើង​ឲ្យ​ក្លាយ​ដូច​ទ្រង់ ។២០ ដូច្នេះ ការដើរ​តាម​ព្រះអម្ចាស់​រួម​បញ្ចូល​ទាំង​ការព្យាយាម​ឲ្យ​បាន​ដូច​ទ្រង់ ។ យើង​បន្ត​ស្គាល់​ព្រះអម្ចាស់​នៅ​ពេល​យើង​ព្យាយាម​ឲ្យ​ក្លាយ​ដូច​ទ្រង់ តាមរយៈ​ព្រះចេស្ដា​នៃ​ដង្វាយធួន​ទ្រង់ ។

ក្នុង​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​ទ្រង់ ព្រះយេស៊ូវ​បាន​បន្សល់​ដាន ដឹកនាំ​ផ្លូវ ហើយ​ធ្វើ​ជា​គំរូ​ដ៏​ឥតខ្ចោះ ។ « គំនិត​ដ៏​ត្រឹមត្រូវ​មួយ​អំពី​លក្ខណៈសម្បត្តិ ភាពឥតខ្ចោះ និង លក្ខណៈ​នានា​របស់​ទ្រង់ »២១ ផ្ដល់​គោលបំណង​បន្តបន្ទាប់ និង ការដឹកនាំ​ច្បាស់លាស់​នៅ​ពេល​យើង​ដើរ​តាម​ទ្រង់​នៅ​លើ​មាគ៌ា​នៃ​ភាពជា​សិស្ស​ដ៏​លះបង់ ។

ការ​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​ក៏​អាច​ជួយ​ឲ្យ​យើង​ទទួល​បាន « ចំណេះដឹង​ពិត​ប្រាកដ​មួយ​ថា ដំណើរ​ជីវិត​ដែល [ យើង ] កំពុង​ដើរ »២២ គឺ​ស្របតាម​ព្រះទ័យ​របស់​ព្រះ ។ ចំណេះដឹង​ដូច្នេះ​គឺ​ពុំ​មែន​ជា​រឿង​អាថ៌កំបាំង​ដែល​ពុំ​អាច​ដឹង ហើយ​មិន​ផ្ដោត​ជា​ចំបង​ទៅលើ​ការ​ខិតខំ​ខាង​សាច់​ឈាម​របស់​យើង ឬ​កង្វល់​ខាង​ជីវិត​រមែង​ស្លាប់​នោះ​ដែរ ។ ផ្ទុយ​ទៅ​វិញ ភាពរីកចម្រើន​ដ៏​ខ្ជាប់ខ្ជួន និង ប្រកប​ដោយ​ចីរភាព​ស្រប​តាម​មាគ៌ា​នៃ​សេចក្ដីសញ្ញា គឺ​ជា​ទិសដៅ​ជីវិត​ដែល​ទ្រង់​សព្វព្រះទ័យ ។

សុបិន​របស់​លីហៃ​ក្នុង​ព្រះគម្ពីរ​មរមន​បង្ហាញ​ឲ្យ​ឃើញ​មាគ៌ា​ដែល​យើង​ត្រូវ​ដើរ ឧបសគ្គ​ដែល​យើង​នឹង​ជួប និង ធនធាន​ខាង​វិញ្ញាណ​នានា​ដែល​មាន​ដើម្បី​ជួយ​យើង​ក្នុង​ការដើរតាម ហើយ​ស្គាល់​ព្រះអង្គសង្គ្រោះ ។ ការបន្ត​ឆ្ពោះ​ទៅ​មុខ​នៅ​លើ​ផ្លូវតូច និង ចង្អៀត គឺ​ជា​កិច្ចការ​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ ។ ការភ្លក់​ផ្លែឈើ និង ការ « ប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់ » យ៉ាង​ស៊ប់ »២៣ គឺ​ជា​ពរជ័យ ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​បាន ។ ដូច្នេះ​ទ្រង់​អំពាវនាវ​ថា « ចូរ​មក​តាម​ខ្ញុំ » ។២៤

ទាំង​ការអនុវត្ត​ក្ដីជំនឿ និង ការដើរតាម​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ការត្រៀម​ខ្លួន​បម្រើ​ទ្រង់ ។

ការបម្រើ​ទ្រង់

« ដ្បិត​តើ​មនុស្ស​នឹង​ស្គាល់​ចៅហ្វាយ ដែល​ខ្លួន​ពុំ​ដែល​បាន​បម្រើ​នោះ ហើយ​ដែល​ជា​អ្នក​ចម្លែក​ចំពោះ​មនុស្ស​នោះ ហើយ​នៅ​ឆ្ងាយ​ពី​សតិអារម្មណ៍ និង​បំណង​នៃ​ដួង​ចិត្ត​ខ្លួន​ដូច​ម្ដេច​បាន ? »២៥

នៅ​ពេល​យើង​បម្រើ​ទ្រង់ ហើយ​ធ្វើការ​នៅ​ក្នុង​នគរ​ទ្រង់ នោះ​យើង​ស្គាល់​ព្រះអម្ចាស់​កាន់តែ​ច្បាស់ ។ ពេល​យើង​ធ្វើ​ដូចនេះ ទ្រង់​ប្រទាន​ពរ​ដល់​យើង​នូវ​ជំនួយ​ពី​ស្ថានសួគ៌ អំណោយទាន​ខាង​វិញ្ញាណ និង សមត្ថភាព​កាន់តែ​ខ្ពស់ ។ ពេល​យើង​ធ្វើការ​ក្នុង​ចម្ការ​ទ្រង់ នោះ​យើង​មិន​ឯកោ​ទេ ។

ទ្រង់​បាន​អះអាង​ថា ៖ « ដ្បិត​យើង​នឹង​ទៅ​ពី​មុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះ​វិញ្ញាណ​របស់​យើង​នឹង​សណ្ឋិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធ​ជុំវិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង »២៦

យើង​ស្គាល់​ព្រះសង្គ្រោះ​នៅ​ពេល​យើង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ទៅ​កន្លែង​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ទៅ ព្យាយាម​ថ្លែង​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ថ្លែង និង​ក្លាយ​ជា​មនុស្ស​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ក្លាយ ។២៧ នៅ​ពេល​យើង​ទទួល​ពឹងផ្អែក​លើ​ទ្រង់​ទាំងស្រុង​ដោយ​ចេះ​ស្ដាប់​បង្គាប់ ទ្រង់​នឹង​ពង្រីក​សមត្ថភាព​យើង​ឲ្យ​បម្រើ​កាន់តែ​មាន​ប្រសិទ្ធិភាព ។ យូរៗ​ទៅ បំណង​យើង​នឹង​បាន​ស្របតាម​ព្រះទ័យ​ទ្រង់​ទាំងស្រុង ហើយ​ព្រះបំណង​ទ្រង់​ក្លាយ​ជា​គោលបំណង​យើង ដូចនេះ​យើង​នឹង « ពុំ​ប្រាថ្នា​អ្វី ដែល​ផ្ទុយ​ពី​បំណង [ របស់​ទ្រង់ ] ឡើយ » ។២៨

ការបម្រើ​ទ្រង់​តម្រូវ​ពី​ចិត្ត ពី​ពលំ ពី​គំនិត ហើយ​ពី​កម្លាំង ។២៩ ជា​លទ្ធផល ការបម្រើ​ដោយ​មិន​គិត​ពី​ខ្លួនឯង​យក​ឈ្នះ​លើ​និន្នាការ​ដែល​គិត​តែ​ពី​ខ្លួន​ឯង និង ភាពអាត្មានិយម​នៃ​មនុស្ស​ខាង​សាច់​ឈាម ។ យើង​កាន់តែ​ស្រឡាញ់​មនុស្ស​ដែល​យើង​បម្រើ ។ ដោយសារតែ​ការបម្រើ​មនុស្ស​ដទៃ​ដូចជា​ការបម្រើ​ព្រះ នោះ​យើង​ស្រឡាញ់​ទ្រង់ និង បងប្អូន​ប្រុសស្រី​យើង​កាន់តែ​ខ្លាំង ។ សេចក្ដីស្រឡាញ់​បែប​នេះ​គឺ​ជា​ការបង្ហាញ​នៃ​អំណោយទាន​ខាង​វិញ្ញាណ​នៃ​សេចក្ដីសប្បុរស ដែល​ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ។៣០

« ចូរ​អធិស្ឋាន​ដល់​ព្រះ​វរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ក្លាយ​ទៅ​ជា​កូន​ព្រះ ដើម្បី​កាល​ណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​យើង​នឹង​ឃើញ​ទ្រង់ ជា​ទ្រង់​ពិតប្រាកដ ដើម្បី​ឲ្យ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​បរិសុទ្ធ​ដូច​ជា ទ្រង់​បរិសុទ្ធ » ។៣១

យើង​ស្គាល់​ព្រះអម្ចាស់​នៅ​ពេល​យើង​ពេញ​ដោយ​សេចក្ដីស្រឡាញ់​របស់​ទ្រង់ ។

ការជឿ​លើ​ទ្រង់

តើ​អាច​ទៅ​រួច​ឬ​ទេ​ដែល​យើង​អនុវត្ត​ក្ដីជំនឿ​លើ​ទ្រង់ ដើរតាម​ទ្រង់ បម្រើ​ទ្រង់ ប៉ុន្តែ​មិន​ជឿ​លើ​ទ្រង់​នោះ ?

ខ្ញុំ​ស្គាល់​សមាជិក​ដែល​ទទួល​ស្គាល់​គោលលទ្ធិ និង គោលការណ៍​នានា​មាន​ក្នុង​ព្រះគម្ពីរ និង ត្រូវបាន​ថ្លែង​ចេញ​ពី​វេទិកា​នេះ ថា​ជា​ការពិត ។ ប៉ុន្តែ​ពួកគេ​ពិបាក​ជឿ​ថា​សេចក្ដីពិត​ទាំង​នោះ​នៃ​ដំណឹងល្អ អាច​អនុវត្ត​ជា​ពិសេស​ក្នុង​ជីវិត និង ស្ថានភាព​របស់​ពួកគេ​ណាស់ ។ ពួកគេ​ហាក់​មាន​សេចក្ដីជំនឿ​លើ​ព្រះសង្គ្រោះ ប៉ុន្តែ​មិន​ជឿ​លើ​ព្រះពរ​ដែល​បាន​សន្យា​ថា​នឹង​មាន ឬ កើតឡើង​ក្នុង​ជីវិត​គេ​ឡើយ ។ ខ្ញុំ​ក៏​ជួប​បងប្អូន​ប្រុសស្រី ដែល​បំពេញ​ការហៅ​របស់​ខ្លួន​យ៉ាង​សកម្ម ប៉ុន្តែ​ជា​អ្នក​ដែល​មិន​ទាន់​មាន​ការ​ផ្លាស់ប្តូរ​ដ៏ពិត​នៅ​ក្នុង​ជីវិត​របស់​ពួកគេ តាមរយៈ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​នៅ​ឡើយ​ទេ ។ យើង​ស្គាល់​ព្រះអម្ចាស់​គឺ​មិន​គ្រាន់​តែ​ជឿ​លើ​ទ្រង់​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ជឿ​លើ​អ្វី​ដែល​ទ្រង់​សន្យា​ទៀត​ផង ។

ក្នុង​គម្ពីរ​សញ្ញា​ថ្មី ឪពុក​មួយ​រូប​អង្វរ​ព្រះយេស៊ូវ​ឲ្យ​ប្រោស​កូន​របស់​គាត់ ។ ព្រះយេស៊ូវ​មាន​បន្ទួល​តប​ដូចនេះ ៖

« បើ​អាច​នឹង​ជឿ​បាន នោះ​ការ​ទាំង​អស់​នឹង​សម្រេច​បាន ដល់​អ្នក​ណា​ដែល​ជឿ ។

ស្រាប់​តែ​ឪពុក​របស់​កូន​នោះ ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹក​ភ្នែក​ថា ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង » ។៣២

ខ្ញុំ​បាន​គិត​ច្រើន​ដង​លើ​សំណើ​របស់​ឪពុក​រូប​នេះ ៖ « សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង » ។ ខ្ញុំ​ឆ្ងល់​ថា​តើ​ចេតនា​នៃ​ការអង្វរ​របស់​បុរស​នេះ មិនមែន​ចាំបាច់​ដើម្បី​ជួយ​គាត់​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវ​ថា​ជា​ព្រះប្រោសលោះ និង លើ​ព្រះចេស្ដា​ទ្រង់​ក្នុង​ការប្រោស​ឲ្យ​ជា​ទេ​ឬ​អី ។ គាត់​ប្រហែល​បាន​ទទួល​ស្គាល់​ព្រះគ្រីស្ទ​ថា​ជា​បុត្រា​នៃ​ព្រះ​ហើយ ។ ប៉ុន្តែ​គាត់​អាច​ត្រូវការ​ជំនួយ​ឲ្យ​គាត់​ជឿ​លើ​ព្រះចេស្ដា​របស់​លោក​គ្រូ​ក្នុង​ការប្រោស​ឲ្យ​ជា​យ៉ាង​ពិសេស និង ផ្ទាល់ខ្លួន​ដើម្បី​ប្រទានពរ​ដល់​កូន​ជា​ទីស្រឡាញ់​របស់​គាត់ ។ គាត់​អាច​ជឿ​លើ​ព្រះគ្រីស្ទ​ជា​ទូទៅ ប៉ុន្តែ​មិនមែន​ជាក់លាក់ និង ដោយ​ផ្ទាល់​ឡើយ ។

ជា​រឿយៗ យើង​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​យើង​ដឹង​ថា​ជា​ការពិត ប៉ុន្តែ​សំណួរ​សម្រាប់​យើង​ម្នាក់ៗ​សួរ​ថា​តើ​យើង​ជឿ​លើ​អ្វី​ដែល​យើង​ដឹង​ដែរ​ឬ​ទេ ។

ពិធី​បរិសុទ្ធ​ពិសិដ្ឋៗ​ដែល​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ គឺ​ចាំបាច់​ដល់​ការជឿ​លើ​ព្រះសង្គ្រោះ ការស្គាល់​ទ្រង់ ហើយ​ទីបំផុត​ការជឿ​លើ​អ្វី​ដែល​យើង​ដឹង ។

« ហើយ​បព្វជិតភាព [ មិលគីស្សាដែក ] ចាត់ចែង​ដំណឹង​ល្អ ហើយ​កាន់​កូន​សោ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​នៃ​នគរ គឺជា ​កូនសោ​នៃ​ចំណេះវិជ្ជា​ពី​ព្រះ ។

ហេតុ​ដូច្នេះ​ហើយ នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ។៣៣

យើង​ជឿ ហើយ​ស្គាល់​ព្រះអម្ចាស់​នៅ​ពេល​កូនសោ​នៃ​ចំណេះវិជ្ជា​ពី​ព្រះ ត្រូវបាន​ចាត់ចែង​តាមរយៈ​បព្វជិតភាព​មិលគីស្សាដែក ដែល​ចាក់សោ​បើក​ទ្វារ ហើយ​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​ទទួល​បាន​អំណាច​នៃ​ព្រះ​ក្នុង​ជីវិត​ពួកគេ ។ យើង​ជឿ ហើយ​ស្គាល់​ព្រះសង្គ្រោះ​នៅ​ពេល​យើង​ដើរតាម​ទ្រង់ ដោយ​ទទួល ហើយ​គោរព​ដល់​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ ហើយ​ទទួល​ព្រះ​ភក្ត្រ​ទ្រង់​នៅ​ក្នុង​ទឹកមុខ​របស់​យើង ។៣៤ យើង​ជឿ ហើយ​ស្គាល់​ព្រះគ្រីស្ទ​នៅ​ពេល​យើង​ដក​ពិសោធន៍​ដោយ​ផ្ទាល់​នូវ​ព្រះចេស្ដា​នៃ​ដង្វាយធួន​ទ្រង់​ក្នុង​ការផ្លាស់ប្ដូរ ប្រោស​ឲ្យ​ជា ពង្រឹង និង ញែក​ឲ្យ​បរិសុទ្ធ ។ យើង​ជឿ ហើយ​ស្គាល់​លោក​គ្រូ​នៅ​ពេល « ព្រះ​ចេស្ដា​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់ [ ចាក់​ឫស ] ក្នុង​យើង »៣៥ ហើយ ត្រូវបាន​ចារឹក​ក្នុង​គំនិត និង ចិត្ត​យើង៣៦ ហើយ​នៅពេល​យើង « បោះបង់​ចោល​អស់​ទាំង​អំពើ​បាប [ របស់​យើង ] ដើម្បី​ឲ្យ​បាន​ស្គាល់ [ ទ្រង់ ] » ។៣៧

ការជឿ​លើ​ទ្រង់​គឺ​ជា​ការទុកចិត្ត​ថា​ពរជ័យ​ដ៏​បរិបូរ​របស់​ទ្រង់​មាន ហើយ​អាច​កើត​មាន​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន និង គ្រួសារ​របស់​យើង ។ ការជឿ​លើ​ទ្រង់​ឲ្យ​អស់​ពី​ព្រលឹង៣៨ កើត​មាន​ពេល​យើង​ឆ្ពោះ​ទៅ​មុខ​តាម​មាគ៌ា​នៃ​សេចក្ដីសញ្ញា ដាក់​បំណង​យើង​ឲ្យ​ស្រប​នឹង​ព្រះទ័យ​ទ្រង់ ហើយ​ចុះចូល​ទៅ​នឹង​អាទិភាព និង​កាលវេលា​ទ្រង់​មាន​សម្រាប់​យើង ។ ការជឿ​លើ​ទ្រង់—គឺ​ជា​ការទទួល​យក​ព្រះចេស្ដា និង ការសន្យា​ដ៏​ពិត​ពី​ទ្រង់—អនុញ្ញាត​ឲ្យ​មាន​ទស្សនវិស័យ ភាពសុខសាន្ត និង​អំណរ​ក្នុង​ជីវិត​យើង ។

ការសន្យា និង ទីបន្ទាល់

នៅ​ថ្ងៃ​អនាគត « គ្រប់​ជង្គង់​នឹង​លុត​ចុះ ហើយ​គ្រប់​អណ្ដាត​នឹង​ទទួល​ថ្លែង​ប្រាប់ »៣៩ ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ នៅ​ថ្ងៃ​ដ៏​មាន​ពរ​នោះ យើង​នឹង​ដឹង​ថា​ទ្រង់​ជ្រាប​ឈ្មោះ​យើង​ម្នាក់ៗ ។ ខ្ញុំ​សូម​ធ្វើ​សាក្សី ហើយ​សន្យា​ថា យើង​មិន​អាច​គ្រាន់តែ​ដឹង​អំពី​ព្រះអម្ចាស់​បាន​ទេ ប៉ុន្តែ​ក៏​ត្រូវ​ស្គាល់​ទ្រង់​ដែរ​នៅ​ពេល​យើង​អនុវត្ត​ក្ដីជំនឿ ដើរតាម បម្រើ ហើយ​ជឿ​លើ​ទ្រង់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។