ឆ្នាំ ២០១០-២០១៩
អំណរ និង ការរស់រាន​ខាង​វិញ្ញាណ
ខែ តុលា ឆ្នាំ ២០១៦


អំណរ និង ការរស់រាន​ខាង​វិញ្ញាណ

ពេល​ជីវិត​របស់​យើង​ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដំណឹង​ល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិនថា​មាន​អ្វី​កំពុង​កើត​ឡើង—ឬ មិន​កើត​ឡើង—នៅក្នុង​ជីវិត​យើង​នោះ​ទេ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ថ្ងៃ​នេះ​ខ្ញុំ​ចង់​ពិភាក្សា​អំពី​គោលការណ៍​មួយ ដែល​សំខាន់​ចំពោះ​ការរស់រាន​ខាង​វិញ្ញាណ​របស់​យើង ។ វា​ជា​គោលការណ៍​មួយ​ដែល​នឹង​ប្រែជា​​កាន់តែ​សំខាន់​ ដោយសារ​រឿង​សោកនាដកម្ម និង រឿង​តក់ស្លុត​ទាំងឡាយ​បាន​កើន​ឡើង​នៅ​ជុំវិញ​យើង ។

នេះ​គឺ​ជា​ថ្ងៃ​ចុងក្រោយ ដូច្នោះ​គួរ​គ្មាន​ពួកយើង​ណា​ម្នាក់​ភ្ញាក់ផ្អើល​ឡើយ ពេល​ឃើញ​ការព្យាករ​បាន​បំពេញ​នោះ ។ ព្យាការី​ជាច្រើន​នាក់ រួមមាន អេសាយ, ប៉ុល, នីហ្វៃ និង មរមន បាន​មើល​ឃើញ​តាំង​ពី​មុន​មក​ថា​គ្រា​លំបាក​នឹង​កើត​ឡើង ថា​នៅ​ជំនាន់​របស់​យើង ពិភពលោក​ទាំងមូល​នឹង​មាន​ការរំជើបរំជួល​ខ្លាំង ថា​មនុស្ស​នឹង « ស្រឡាញ់​តែ​ខ្លួន​ឯង…មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស…​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជា​ជាង​ព្រះ » ហើយ​ថា​មាន​មនុស្ស​ជាច្រើន​នឹង​ក្លាយ​ជា​អ្នកមប្រើ​សាតាំង ដែល​ទ្រទ្រង់​កិច្ចការ​របស់​វា​នោះ ។ ប្រាកដ​ណាស់​បងប្អូន និង រូបខ្ញុំ « តយុទ្ធ…នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ [ និង ] ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ » ។

ពេល​ដែល​ជម្លោះ​រវាង​ប្រជា​ជាតិ​មាន​កាន់តែ​ខ្លាំង​ឡើង ជា​ពេល​ដែល​ភារវករ​កំសាក​ញី​សម្លាប់​ជន​ឥត​ទោស និង ពេល​ដែល​អំពើ​ពុករលួយ​នៅក្នុង​គ្រប់​ផ្នែក​ទាំងអស់​នៃ​កិច្ចការ​របស់​រដ្ឋាភិបាល បាន​មាន​កាន់តែ​ច្រើន​ឡើង​នៅ​គ្រប់​ទិសទី នោះ​តើ​មាន​អ្វី​ខ្លះ​អាច​ជួយ​ពួកយើង​នោះ ? តើ​មាន​អ្វី​ខ្លះ​អាច​ជួយ​ដោះស្រាយ​ការលំបាក​ផ្ទាល់​ខ្លួន និង ឧបសគ្គ​ដ៏​យាប់យឺន​របស់​យើង​ម្នាក់ៗ ដើម្បី​រស់នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ?

ព្យាការី​លីហៃ​បាន​បង្រៀន​គោលការណ៍​មួយ​សម្រាប់​ការរស់រាន​ខាង​វិញ្ញាណ ។ ទីមួយ ចូរ​ពិចារណា​អំពី​កាលៈទេសៈ​របស់​លោក ៖ លោក​ត្រូវបាន​គេ​បៀតបៀន​ដោយសារ​ការប្រកាស​សេចក្តីពិត​នៅ​ក្រុង យេរូសាឡិម ហើយ​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​លោក​ចាកចោល​ទ្រព្យ​សម្បត្តិ ហើយ​ភៀស​ខ្លួន​ជាមួយ​គ្រួសារ​លោក​ទៅ​ក្នុង​ទីរហោស្ថាន ។ លោក​បាន​ស្នាក់នៅ​ក្នុង​ត្រសាល ហើយ​រស់រាន​បាន​ដោយសារ​អាហារ​ដែល​អាច​រកបាន​នៅ​តាម​ផ្លូវ ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ដោយ​គ្មាន​ទីដៅ ហើយ​លោក​បាន​មើល​កូនប្រុស​ពីរ​នាក់​របស់​លោក​គឺ លេមិន និង លេមយួល បះបោរ​ទាស់​នឹង​ការបង្រៀន​របស់​ព្រះអម្ចាស់ ហើយ​ធ្វើ​បាប​ប្អូនប្រុស​របស់​ខ្លួន​គឺ នីហ្វៃ និង សាំ ។

ច្បាស់​ណាស់ លីហៃ​បាន​ស្គាល់​នូវ​ការផ្ទុយ កង្វល់, ការឈឺ​ចិត្ត, ការឈឺ​ចាប់, ការខក​ចិត្ត និង កើត​ទុក្ខ ។ ប៉ុន្តែ​លោក​បាន​ប្រកាស​យ៉ាង​ម៉ឹងម៉ាត់ និង ដោយ​ឥត​រុញរា​អំពី​គោលការណ៍​មួយ​ដែល​ព្រះអម្ចាស់​បាន​បើក​សម្តែង ៖ « មាន​មនុស្ស​ដើម្បី​អាច​មាន​សេចក្ដី​អំណរ » ។ ចូរ​ស្រមៃ​មើល​ចុះ ! ក្នុង​ពាក្យ​ទាំងអស់​ដែល​លោក​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​លក្ខណៈ និង គោលបំណង​នៃ​ជីវិត​របស់​យើង​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ លោក​បាន​ជ្រើស​យក​ពាក្យ សេចក្ដី​អំណរ !

ជីវិត​នេះ​ពោរពេញ​ដោយ​ការខក​បំណង និង មិន​អាច​សម្រេច​តាម​អ្វី​ដែល​យើង​ចង់​បាន​ឡើយ មាន​ការសាកល្បង និង ឧបសគ្គ​គ្រប់​ជំពូក ។ យើង​ម្នាក់ៗ​ទំនង​ជា​មាន​គ្រា​ដែល​កើត​ទុក្ខ ឈឺ​ចាប់ និង អស់​សង្ឃឹម​ដែល​ស្ទើរតែ​បំផ្លាញ​យើង​ទាំង​ស្រុង ។ ប៉ុន្តែ​តើ​យើង​មក​ផែនដី​នេះ​មិនមែន​ដើម្បី​មាន​អំណរ​ទេ​ឬ​អី ?

មែនហើយ ! ចម្លើយ​នោះ​គឺ​លាន់​ខ្ទរ​រំពង​ថា មែនហើយ ! ប៉ុន្តែ តើ​ការណ៍​នោះ​អាច​កើត​ឡើង​យ៉ាង​ដូចម្តេច ? ហើយ​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​អំណរ​ដែល​ព្រះវរបិតាសួគ៌ បាន​រៀបចំ​សម្រាប់​ពួកយើង​នោះ ?

អ៊ីឡៃស្សា អរ ស្នូ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​ទី​ពីរ បាន​ផ្តល់​ចម្លើយ​ដ៏​សំខាន់​នេះ ។ ដោយសារ​ការបញ្ជា​សម្លាប់​ផ្ដាច់​ពូជ​ដ៏​ឃោរឃៅ​មួយ​របស់​រដ្ឋ​មិសសួរី ដែល​បាន​ចេញ​នៅ​ដើម​រដូវ​រងារ​ដ៏​ខ្លាំង​មួយ​ក្នុង​ឆ្នាំ ១៨៣៨ គាត់ និង ពួកបរិសុទ្ធ​ផ្សេង​ទៀត​ត្រូវបាន​បង្ខំ​ឲ្យ​ភៀស​ខ្លួន​ចេញ​ពី​រដ្ឋ​នៅក្នុង​រដូវ​រងារ​នោះ​តែ​ម្តង ។ ល្ងាច​មួយ​គ្រួសារ អ៊ីឡៃស្សា បាន​សម្រាក​អស់​មួយ​យប់​ក្នុង​ផ្ទះ​ឈើ​តូច​មួយ​ដែល​មាន​ពួកបរិសុទ្ធ​ជា​ភៀស​ខ្លួន​ជា​ច្រើន​នាក់​ស្នាក់នៅ​ផងដែរ ។ ភាគច្រើន​ជ័រ​ដែល​បិទ​ស្នាម​ជញ្ជាំង​ផ្ទះ​ឲ្យ​ជាប់​គ្នា​នោះ​ត្រូវបាន​ដកចេញ ហើយ​យក​ធ្វើ​ជា​ឧស​ដុត ដោយ​អ្នក​ដែល​ទៅ​នៅ​មុន​ពួកគេ ដូច្នោះ​មាន​ប្រហោង​ជាច្រើន​នៅ​ចន្លោះ​ជញ្ជាំង​នោះ ដែល​ធំ​ល្មម​ឲ្យ​សត្វ​ឆ្មា​លូន​ចេញ​ចូល​បាន ។ អាកាសធាតុ​រងារ​ខ្លាំង​ណាស់ ហើយ​អាហារ​របស់​ពួកគេ​បាន​កក​រឹង ។

នា​យប់​នោះ​មាន​មនុស្ស​ប្រមាណ​ជា ៨០ នាក់​នៅប្រជ្រៀត​គ្នា​ក្នុង​បន្ទប់​ដ៏​តូច​នោះ ដែល​មាន​ទំហំ​តែ ៦.១ ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ។ ភាគច្រើន​ពួកគេ​អង្គុយ ឬ ឈរ​ពេញ​មួយ​យប់ ដោយ​ព្យាយាម​រក្សា​ឲ្យ​មាន​កម្តៅក្នុង​ខ្លួន​ ។ នៅ​ខាង​ក្រៅ​បន្ទប់​នោះ​វិញ មាន​បុរស​មួយ​ចំនួន​ប្រជុំ​គ្នា​ពេញ​មួយ​យប់ នៅ​ជុំ​វិញ​ភ្នក់​ភ្លើង​ដែល​ឆេះ​សន្ធោរសន្ធៅ ដោយ​មាន​អ្នក​ខ្លះ​ច្រៀង​ទំនុក​តម្កើង ហើយ​អ្នក​ផ្សេង​ទៀត​អាំង​ដំឡូង​ដែល​កក​រឹង​នោះ ។ អ៊ីឡៃស្សា​បាន​កត់ត្រា​ថា ៖ « គ្មាន​ឮ​ការរអ៊ូរទាំ​ឡើយ—មនុស្ស​គ្រប់​គ្នា​អរសប្បាយ ហើយ​ដោយ​វិនិច្ឆ័យ​តាម​ការមើល​ឃើញ នោះ​អ្នក​ដទៃ​គិត​ថា ពួកយើង​គឺ​ជា​អ្នក​ធ្វើ​ដំណើរ​ដែល​ស្វែងរក​ការសប្បាយ និង ការកម្សាន្ត ជាជាង​មនុស្ស​ដែល​ត្រូវ​រដ្ឋាភិបាល​និរទេស​ចេញ​ពី​ប្រទេស » ។

ការរាយការណ៍​របស់​អ៊ីឡៃស្សា​អំពី​ល្ងាច​ដ៏​នឿយ​ហត់ រងារ​ព្រឺ​ឆ្អឹង​ខ្នង​នោះ​ថា​ជា​ល្ងាច​ដ៏​សុខស្រួល​មួយ ។ គាត់​បាន​ប្រកាស​ដូចនេះ ៖ « នោះ​គឺ​ជា​យប់​ដ៏​រីករាយ​អ្វី​ម៉្លេះ ។ មាន​តែ​ពួកបរិសុទ្ធ​ទេ​ដែល​អាច​សប្បាយ​រីករាយ​នៅក្នុង​កាលៈទេសៈ​បែប​នេះ » ។

មែន​ហើយ ! មាន​តែ​ពួកបរិសុទ្ធ​ទេ​ដែល​អាច​សប្បាយ​រីករាយ​នៅក្នុង​កាលៈទេសៈ​បែប​នេះ » ។ យើង​អាច​មាន​អំណរ ទោះបី​យើង​មាន​ថ្ងៃ សប្តាហ៍ ឬ ឆ្នាំ​ដ៏​អាក្រក់​ក្ដី !

បងប្អូន​ប្រុសស្រី អំណរ​ដែល​យើង​មាន​ នោះ​វា​មាន​ឥទ្ធិពល​តិចតួច​ចំពោះ​កាលៈទេសៈ​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​លើ​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅ​លើ ។

ពេល​ជីវិត​របស់​យើង​ផ្តោត​លើ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ ដែល​ប្រធាន ថូម៉ាស អេស ម៉នសុន ទើបតែ​បាន​បង្រៀន​យើង និង ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដំណឹង​ល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិនថា​មាន​អ្វី​កំពុង​កើត​ឡើង—ឬ មិន​កើត​ឡើង—នៅក្នុង​ជីវិត​យើង​នោះ​ទេ ។ អំណរ​កើត​មាន​ឡើង ហើយ​ដោយសារ​តែ​ទ្រង់ ។ ទ្រង់​គឺ​ជា​ប្រភព​នៃ​អំណរ​ទាំងអស់ ។ យើង​ទទួល​អារម្មណ៍​នេះ នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ កាល​យើង​ច្រៀង​បទ « អំណរ​ដល់​លោក ព្រះ​បុត្រ​កើត​ហើយ » ។ ហើយ​យើង​អាច​មាន​អារម្មណ៍​នោះ​ពេញ​មួយ​ឆ្នាំ ។ សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អំណរ !

នោះ​ជា​មូលហេតុ​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​យើង ចាកចេញ​ពី​ផ្ទះ​ពួកគេ​ទៅ​ប្រកាស​ដំណឹងល្អ​ទ្រង់ ។ គោលបំណង​របស់​ពួកគេ​ពុំ​មែន​ដើម្បី​បង្កើន​ចំនួន​សមាជិក​សាសនាចក្រ​ឡើយ ។ ផ្ទុយ​ទៅវិញ​អ្នក​ផ្សព្វផ្សាយ​សាសនា​យើង​បង្រៀន ហើយ​ជ្រមុជទឹក១០ ដើម្បី​នាំ​អំណរ​ដល់​មនុស្ស​លោក !១១

ដូច​ជា​ព្រះអង្គសង្គ្រោះ​ប្រទាន​ភាពសុខសាន្ត​ដែល « ហួស​លើស​ពី​អស់​ទាំង​គំនិត » ដែរ១២ នោះ​ទ្រង់​ក៏​ប្រទាន​អំណរ​ដ៏​ខ្លាំងក្លា ជ្រាលជ្រៅ និង ច្រើន​អនេក ដែល​ផ្ទុយ​ពី​ហេតុផល ឬ ការយល់​ដឹង​របស់​មនុស្ស ។ ឧទាហរណ៍ វា​ទំនង​ជា​មិន​អាច​មាន​អំណរ​បាន​ឡើយ ពេល​កូន​របស់​បងប្អូន​រងទុក្ខ​ដោយ​សារ​ជំងឺ​ដែល​ពុំ​អាច​ព្យាបាល​បាន ឬ ពេល​បងប្អូន​បាត់បង់​ការងារ ឬ ពេល​ស្វាមី ឬ ភរិយា​បងប្អូន​ក្បត់​ចិត្ត​បងប្អូន​នោះ ។ ប៉ុន្តែ​នោះ​គឺ​ជា​អំណរ​ពិតប្រាកដ​ដែល​ព្រះអង្គសង្គ្រោះ​ប្រទាន​ឲ្យ ។ អំណរ​របស់​ទ្រង់​គឺ​មាន​ឥត​ដាច់ ដោយ​ធានា​ដល់​យើង​ថា « សេចក្ដី​ទុក្ខ​លំបាក​របស់​យើង នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ »១៣ ហើយ​ក្លាយ​ទៅ​ជា​ផលប្រយោជន៍​ដល់​យើង​វិញ ។១៤

អញ្ចឹង​តើ​យើង​អាច​ទទួល​អំណរ​នោះ​ដោយ​របៀប​ណា ? យើង​អាច​ចាប់ផ្តើម​ដោយ « ទាំង​រំពឹង​មើល​ដល់​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​សេចក្តី​ជំនឿ​របស់​យើង »១៥ « នូវ​គ្រប់​ទាំង​គំនិត​របស់​យើង » ។១៦ យើង​អាច​ថ្លែង​អំណរគុណ​ទ្រង់​ក្នុង​ការអធិស្ឋាន​របស់​យើង និង ដោយ​ការរក្សា​សេចក្តីសញ្ញា ដែល​យើង​បាន​ចុះ​ជាមួយ​ទ្រង់ និង ព្រះវរបិតាសួគ៌​យើង ។ នៅពេល​ព្រះអង្គសង្គ្រោះ​ប្រែ​កាន់តែ​ពិត​ខ្លាំង​ឡើង​ចំពោះ​យើង ហើយ​នៅពេល​យើង​ទូល​អង្វរ​សូម​ឲ្យ​ទ្រង់​ប្រទាន​អំណរ​ដល់​យើង នោះ​អំណរ​យើង​នឹង​កើន​ឡើង ។

អំណរ​គឺ​ជា​អំណាច ហើយ​ការផ្តោត​លើ​អំណរ​នោះ​នាំ​ព្រះចេស្តា​របស់​ព្រះ​ចូល​មក​ក្នុង​ជីវិត​យើង ។ ដូច​នៅក្នុង​គ្រប់​រឿង​ទាំងអស់​ដែរ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​បំផុត « ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ឲ្យ​តែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ » ។១៧ ចូរ​គិត​អំពី​រឿង​នេះ ! ដើម្បី​ទ្រង់​អាច​ស៊ូទ្រាំ​បទពិសោធន៍​ដ៏​ឈឺ​ចាប់​បំផុត​ដែល​ទ្រង់​បាន​ស៊ូទ្រាំ​នៅលើ​ផែនដី​នេះ នោះ​ព្រះអង្គសង្គ្រោះ​យើង​បាន​ផ្តោត​ព្រះទ័យ​ទ្រង់​ទៅ​លើ សេចក្តី​អំណរ !

ហើយ​តើ​មាន​អំណរ​អ្វី​ខ្លះ​ដែល​នៅ​ចំពោះ​ទ្រង់​នោះ ? ប្រាកដ​ណាស់​វា​រួម​មាន​អំណរ​នៃ​ការជ្រះស្អាត ការព្យាបាល និង ការពង្រឹង​ដល់​យើង អំណរ​នៃ​ការបង់​ថ្លៃ​ចំពោះ​អំពើ​បាប​នៃ​អស់​អ្នក​ដែល​ប្រែចិត្ត អំណរ​នៃ​ការធ្វើ​ឲ្យ​បងប្អូន និង រូប​ខ្ញុំ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ—ឲ្យ​​ជ្រះស្អាត និង មាន​ភាពសក្តិសម—ដើម្បី​រស់នៅ​ជាមួយ​ព្រះ​មាតាបិតា និង ក្រុមគ្រួសារ​សួគ៌ា ។

ប្រសិនបើ​យើង​ផ្តោត​ទៅ​លើ​អំណរ​ដែល​នឹង​កើត​មាន​ដល់​យើង ឬ ដល់​អស់​អ្នក​ដែល​យើង​ស្រឡាញ់ តើ​យើង​អាច​ស៊ូទ្រាំ​យ៉ាងណា​​នឹង​រឿង​បច្ចុប្បន្ន ដែល​ទំនង​ជា​ស្មុគស្មាញ ឈឺ​ចាប់ ភ័យ​ខ្លាច អយុត្តិធម៌ ឬ មិន​គួរ​កើត​នោះ​ ?

ឪពុក​មួយ​រូប​ដែល​ស្ថិត​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខាង​វិញ្ញាណ បាន​ផ្តោតលើ​អំណរ​ដែល​ព្រះអម្ចាស់​បាន​បញ្ជាក់​ថា​ស្អាតស្អំ និង ត្រឹមត្រូវ—ជា​អំណរ​នៃ​ការរួច​ផុត​ពី​កំហុស និង ភាពអៀនខ្មាស—និង អំណរ​នៃ​ការមាន​ភាពសុខសាន្ត​ក្នុង​ចិត្ត ។ ការផ្តោត​ចិត្ត​លើ​រឿង​នោះ បាន​ផ្តល់​ភាពក្លាហាន​ដល់​គាត់​ដើម្បី​សារភាពកំហុស​ទាំងអស់​ដល់​ភរិយា និង ប៊ីស្សព​របស់​គាត់​អំពី​បញ្ហា​ដែល​គាត់​ទាក់ទង​នឹង​ការណ៍អាសគ្រាម និង ភាពមិន​ស្មោះត្រង់​ក្រោយ​មក​ទៀត​របស់​គាត់ ។ ឥឡូវ​គាត់​កំពុង​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​ដែល​ប៊ីស្សព​របស់​គាត់​បាន​ទូន្មាន​ឲ្យ​គាត់​ធ្វើ ដោយ​ព្យាយាម​អស់​ពី​ចិត្ត​គាត់​ដើម្បី​ស្តារ​ទំនុកចិត្ត​ពី​ភរិយា​ជា​ទីស្រឡាញ់​របស់​គាត់​វិញ ។

យុវនារី​ម្នាក់​បាន​ផ្តោត​ទៅលើ​អំណរ​នៃ​ការមាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ស្អាតស្អំ ដើម្បី​ជួយ​នាង​ឲ្យ​ស៊ូទ្រាំ​នឹង​ការចំអក​ពី​មិត្តភក្តិ ពេល​នាង​ងាក​ចេញ​ពី​ស្ថានភាព​ដែល​គេ​ពេញ​និយម​ធ្វើ និង ការដាស់​អារម្មណ៍​ផ្លូវ​ភេទ ប៉ុន្តែ​ជា​ស្ថានភាព​​គ្រោះថ្នាក់​ខាង​​វិញ្ញាណ ។

បុរស​ម្នាក់​ដែល​ជារឿយៗ​មិន​ផ្តល់​តម្លៃ​ឲ្យ​ភរិយា​គាត់ ហើយ​បាន​ផ្ទុះ​កំហឹង​ដាក់​កូនៗ​គាត់​តាម​អំពើ​ចិត្ត បាន​ផ្តោត​លើ​អំណរ​នៃ​ការមាន​ភាពសក្តិសម​ដើម្បី​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​គូកន​នឹងគាត់​ជានិច្ច ។ ការផ្តោត​ទៅលើ​រឿង​នោះ បាន​ជំរុញ​គាត់​ឲ្យ​សម្រាត​ភាព​ខាង​សាច់ឈាម​១៨ ដែល​គាត់​បាន​ធ្វើ​តាមចេញ ហើយ​ត្រូវ​ផ្លាស់ប្តូរ​ជា​រឿយៗ ។

ថ្មីៗ​នេះ​មិត្ត​រួមការងារ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​អំពី​ការសាកល្បង​ដ៏​ធំ​របស់​គាត់​កាល​ពី​ពីរ​ទសវត្សរ៍​មុន ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​បាន​រៀន​ទទួល​រងទុក្ខ​ដោយ​អំណរ ។ ការរងទុក្ខ​របស់​ខ្ញុំ​ត្រូវបាន​លេប​បាត់​នៅក្នុង​អំណរ​នៃ​ព្រះគ្រីស្ទ » ។១៩

តើ​បងប្អូន និង ខ្ញុំ​អាច​ស៊ូទ្រាំ​នឹង​អ្វី​ខ្លះ ពេល​យើង​ផ្តោត​លើ​អំណរ​ដែល « នៅ​ចំពោះ » យើង​នោះ ?២០ តើ​បន្ទាប់មក​នឹង​មាន​ការប្រែចិត្ត​អ្វី​ខ្លះ ? តើ​ភាពទន់ខ្សោយ​អ្វី​ខ្លះ​ដែល​នឹង​ក្លាយ​ទៅ​ជា​ខ្លាំង​វិញ​នោះ ?២១ តើ​ការផ្ចាញ់ផ្ចាល់​អ្វី​ខ្លះ​ដែល​នឹង​ក្លាយ​ទៅ​ជា​ពរជ័យ​វិញ​នោះ ?២២ តើ​មាន​ការខកចិត្ត សោកនាដកម្ម​អ្វីខ្លះ​ដែល​នឹង​ប្រែ​ទៅ​ជា​ការល្អ​ចំពោះ​យើង​នោះ ?២៣ ហើយ​តើ​ការបម្រើ​ព្រះអម្ចាស់​ដ៏​លំបាក​ណា​ខ្លះ ដែល​យើង​អាច​ធ្វើ​បាន​នោះ ?២៤

នៅពេល​យើង​ព្យាយាម​ផ្តោត​លើ​ព្រះអង្គសង្គ្រោះ ហើយ​ក្រោយ​មក​ធ្វើ​តាម​លំនាំ​ទ្រង់​ក្នុងការ​ផ្តោតលើ​អំណរ នោះ​យើង​ត្រូវតែ​ចៀសវាង​ពី​រឿង​នានា​ដែល​អាច​បង្អាក់​អំណរ​របស់​យើង ។ តើ​នៅ​ចាំ​ពី​កូរីហូរ​ជា​អ្នក​រឹង​ទទឹង​នឹង​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ? កូរីហូរ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ដោយ​និយាយ​មិន​ពិត​ជា​ច្រើន​អំពី​ព្រះអង្គសង្គ្រោះ រហូត​ដល់​គាត់​ត្រូវបាន​នាំ​ទៅ​មុខ​សង្ឃ​ជាន់​ខ្ពស់​ដែល​បាន​សួរ​គាត់​ថា ៖ « ហេតុ​អ្វី​បាន​ជា​អ្នក​ដើរ​បង្ខូច​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​យ៉ាង​នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​បង្រៀន​ប្រជាជន​នេះ​ថា ពុំ​មាន​ព្រះ​គ្រីស្ទ​ទេ ធ្វើ​នេះ​ដើម្បី​បង្អាក់​ការ​អរ​រីករាយ​របស់​គេ​ឬ​អី ? »២៥

អ្វី​ដែល​ប្រឆាំង​នឹង​ព្រះគ្រីស្ទ ឬ គោលលទ្ធិ​ទ្រង់​នឹង​បង្អាក់​អំណរ​របស់​យើង ។ ការណ៍​នេះ​រួម​មាន​ទស្សនវិជ្ជា​របស់​មនុស្ស ដែល​មាន​ច្រើន​នៅតាម​អ៊ិនធើរណែត និង នៅក្នុង​កំណត់ហេតុ​បណ្តាញ​ជាច្រើន ដែល​បាន​ធ្វើ​ដូច​អ្វី​ដែល​កូរីហូរ​បាន​ធ្វើ​បេះបិទ ។២៦

ប្រសិនបើ​យើង​មើល​ទៅ​ពិភពលោក​នេះ ហើយ​ធ្វើ​តាម​រូបមន្ត​របស់​វា​ដើម្បី​រក​សុភមង្គល២៧ នោះ​យើង​នឹង​ពុំ​ស្គាល់​អំណរ​ឡើយ ។ មនុស្ស​ទុច្ចរិត​អាច​មាន​បទពិសោធន៍​នៃ​អារម្មណ៍ និង ការដឹង​ផ្សេងៗ ប៉ុន្តែ​ពួកគេ​នឹង​គ្មាន​បទពិសោធន៍​នៃ​អំណរ​ឡើយ !២៨ អំណរ​គឺ​ជា​អំណោយ​ទាន​ចំពោះ​អ្នក​ស្មោះត្រង់ ។២៩ វា​ជា​អំណោយ​ទាន​ដែល​កើត​មក​ពី​ការមាន​ចេតនា ព្យាយាម​រស់នៅ​ក្នុង​ជីវិត​សុចរិត ដូច​បាន​បង្រៀន​ដោយ​ព្រះយេស៊ូវគ្រីស្ទ ។៣០

ទ្រង់​បាន​បង្រៀន​យើង​អំពី​របៀប​ដើម្បី​មាន​អំណរ ។ ពេល​យើង​ជ្រើសរើស​ព្រះវរបិតាសួគ៌​ធ្វើ​ជា​ព្រះ​របស់​យើង៣១ ហើយ​ពេល​យើង​ទទួល​អារម្មណ៍​ថា​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​មាន​ឥទ្ធិពល​ក្នុង​ជីវិត​យើង នោះ​យើង​នឹង​ពោរពេញ​ដោយ​អំណរ ។៣២ គ្រប់​ពេល​ដែល​យើង​ចិញ្ចឹម​បីបាច់​ស្វាមី ឬ ភរិយា​យើង ហើយ​ដឹកនាំ​កូនចៅ​យើង គ្រប់​ពេល​យើង​អត់​ទោស​ឲ្យ​នរណា​ម្នាក់ ឬ សូម​ការអត់​ទោស នោះ​យើង​អាច​មាន​អំណរ ។

គ្រប់​ពេល​ដែល​បងប្អូន និង ខ្ញុំ​ជ្រើសរើស​​រស់នៅ​តាម​ក្រឹត្យវិន័យ​សេឡេស្ទាល គ្រប់ពេល​ដែល​យើង​រក្សា​សេចក្តីសញ្ញា​យើង ហើយ​ជួយ​អ្នកដទៃ​ឲ្យ​ធ្វើ​ការ​ដូច​គ្នា​នេះ នោះ​យើង​នឹង​មាន​អំណរ ។

សូម​ត្រងត្រាប់​ស្តាប់​ពាក្យ​ក្នុង​ទំនុកតម្កើង​នេះ ៖ « ទូលបង្គំ​បាន​តាំង​ព្រះយេហូវ៉ា នៅ​មុខ​ទូលបង្គំ​ជា​ដរាប ហើយ​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្តាំ​ទូលបង្គំ បាន​ជា​ទូលបង្គំ​មិន​ត្រូវ​រង្គើ​ឡើយ ។ … នៅ​ចំពោះ [ ទ្រង់ ] មាន​អំណរ​ដ៏​ពោរពេញ » ។៣៣ នៅពេល​គោលការណ៍​នេះ​បាន​ចាក់​ឬស​ក្នុង​ចិត្ត​របស់​យើង នោះ​រៀងរាល់​ថ្ងៃ​វា​អាច​ជា​ថ្ងៃ​មួយ​នៃ​សេចក្តី​ត្រេកអរ និង​សេចក្តី​រីករាយ ។៣៤ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល  ធីម៉ូថេទី ២ ៣:១–៥ ។

  2. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:២៦; ៨៨:៩១ ។

  3.  ធីម៉ូថេទី ២ ៣:២–៤ ។

  4. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥ ។

  5. អេភេសូរ ៦:១២ ។

  6.  នីហ្វៃទី ២ ២:២៥ ។

  7. អភិបាល​រដ្ឋ មិសសួរី​ឈ្មោះ លីលប៊ើន ដបុលយូ ប័ហ្គស៍ បាន​ចេញ​ការបញ្ជា​សម្លាប់​ផ្តាច់​ពូជ​ពួកមរមន​នៅ​ថ្ងៃ​ទី ២៧ ខែ តុលា ឆ្នាំ ១៨៣៨ ( សូមមើល Teachings of Presidents of the Church: យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៣៤៩ ) ។

  8. សូមមើល អ៊ីឡៃស្សា អរ ស្នូ នៅក្នុង Edward W. Tullidge The Women of Mormondom ( ឆ្នាំ ១៨៧៧ ) ទំព័រ ១៤៥–៤៦ ។

  9. « អំណរ​ដល់​លោក » ទំនុកតម្កើង លេខ ១២៤ ។

  10. អ្នកផ្សព្វផ្សាយសាសនា​បាន​ធ្វើ​ដូច​ព្រះអម្ចាស់​បាន​បង្គាប់​ថា ៖ ពួកគេ​ប្រកាស បង្រៀន ហើយ​ជ្រមុជទឹក​នៅក្នុង​ព្រះនាម​ទ្រង់ ( សូមមើល ម៉ាថាយ ២៨:១៩; ម៉ាកុស ១៦:១៥; មរមន ៩:២២; គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៨; ៨៤:៦២; ១១២:២៨) ។ នៅក្នុង​ការអធិស្ឋាន​ជំនួស​របស់​ទ្រង់ ព្រះយេស៊ូវ​ប្រកាស​ពី​ទំនាក់ទំនង​របស់​ទ្រង់​ចំពោះ​អំណរ​នៃ​ពួកសិស្ស​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ថា « ទូលបង្គំ​ថ្លែង​សេចក្តី​ទាំង​នេះ នៅ​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​គេ​បាន​សេចក្តី​អំណរ របស់​ទូលបង្គំ ឲ្យ​នៅ​ពោរពេញ​ក្នុង​ខ្លួន​គេ » (យ៉ូហាន ១៧:១៣ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

  11. សូម​មើល អាលម៉ា ១៣:២២ ។

  12. ភីលីព ៤:៧ ។

  13. គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៧ ។

  14. សូមមើល  នីហ្វៃទី ២ ២:២ ។

  15. ហេព្រើរ ១២:២ ។

  16. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦:៣៦ ។

  17. ហេព្រើរ ១២:២ ។

  18. សូមមើលម៉ូសាយ ៣:១៩ ។ កំណត់ចំណាំ ៖ « ភាព​ខាង​សាច់ឈាម » មិនត្រឹម​តែ​ជា​សត្រូវ​ចំពោះ​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ក៏​ជា​សត្រូវ​ចំពោះ​ភរិយា និង កូន​របស់​គាត់​ផងដែរ ។

  19. សូម​មើល អាលម៉ា ៣១:៣៨ ។

  20. ហេព្រើរ ១២:២ ។

  21. សូមមើលអេធើរ ១២:២៧ ។

  22. សូមមើល ហេព្រើរ ១២:៦ ។

  23. សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៧ ។

  24. សូមមើលម៉ាថាយ ១៩:២៦, ម៉ាកុស ១០:២៧ ។

  25. អាលម៉ា ៣០:២២ ។ ព្រះគម្ពីរមរមន​មាន​គំរូ​ជា​ច្រើន​អំពី​បុរស និង ស្ត្រី​ដែល​មាន​បទពិសោធន៍​នៃ​អំណរ និង ការអររីករាយ ដោយសារ ពួកគេ​ជ្រើសរើស​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ ការជ្រើសរើស​ផ្សេង​ទៀត​ដូច​ក្នុង​ករណី​កូរីហូរ ទីបំផុត​នោះ​នាំ​ទៅ​រក​ការបំផ្លិចបំផ្លាញ ។

  26. ពាក្យ​មូល​បង្កាច់ មាន​ន័យ​ថា ជា​ការធ្វើ​ឲ្យ​មាន​ន័យ​ខុស គឺ​ផ្តល់​ន័យ​ខុស​ដោយ​ចេតនា​ទៅ​លើ​សេចក្តីថ្លែងការណ៍​ដែល​បាន​បាន​តាក់តែង​ឡើង ដើម្បី​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​នរណា​ម្នាក់ ឬ អ្វី​មួយ ។ ពាក្យ​មូល​បង្កាច់ បាន​កើត​ឡើង​នៅក្នុង​ជំនាន់​របស់​កូរីហូរ ហើយ​វា​ក៏​កំពុង​កើត​ឡើង​នៅ​ជំនាន់​នេះ​ផងដែរ ។ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​អំពី​ការពុំ​អាច​យក​ឈ្នះ​លើ​សាសនាចក្រ​នេះ ទោះបី​សាសនាចក្រនេះ​ប្រឈម​នឹង​ពាក្យ​មូល​បង្កាច់​ក្តី ។ លោក​ថ្លែង​ថា ៖ « បទដ្ឋាននៃ​សេចក្តីពិត​ត្រូវបាន​ចែង​ឡើង គ្មាន​ដៃទិព្វ​ញាណ​ណា​មួយ​អាច​បញ្ឈប់​កិច្ចការ​នេះ​មិន​ឲ្យ​រីកចម្រើន​បាន​ឡើយ ការបៀតបៀន​អាច​មាន​ភាពឃោរឃៅ ជន​អាក្រក់​អាច​រួមគ្នា ពួកទាហាន​អាច​រួម​ផ្តុំ​គ្នា ពាក្យ​មូលបង្កាច់​អាច​បង្ខូច​កេរ្តិ៍​ឈ្មោះ ប៉ុន្តែ​សេចក្ដីពិត​របស់​ព្រះ​នឹង​ឆ្ពោះទៅ​មុខ​ដោយ​មុត​មាំ ថ្លៃថ្នូ និង​ឯករាជ្យ រហូត​ដល់​វា​ចាក់​ទម្លុះ​គ្រប់​ទ្វីប ទៅគ្រប់​លំហរ​អាកាស បោកបក់​ទៅ​គ្រប់​ប្រទេស ហើយ​បាន​ស្ដាប់​ឮ​នៅគ្រប់​ត្រចៀក រហូត​ដល់​គោល​បំណង​របស់​ព្រះ នឹង​បាន​សម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​មហិមា នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​សព្វ​គ្រប់​ហើយ » ។ (Teachings: យ៉ូសែប ស៊្មីធ ទំព័រ ៤៤៤ ) ។

  27. លោកីយ៍​នេះ​បង្រៀន​ថា​ការទិញ អ្វីៗ​គ្រប់​យ៉ាង នឹង​នាំ​ឲ្យ​មាន​អំណរ ។ ហើយ​ប្រសិនបើ​នៅ​តែ​គ្មាន​អំណរ​ទេ ត្រូវ​ទិញ​បន្ថែម​ទៀត ! វា​ក៏​បង្រៀន​ផងដែរ​ថា អ្នក​អាច​ប្រព្រឹត្ត​បាប​ដើម្បី​បាន​អំណរ ។ ហើយ​ប្រសិនបើ​នៅ​តែ​គ្មាន​អំណរ​ទេ ត្រូវ​ប្រព្រឹត្ត​បាប​បន្ថែម​ទៀត ! ការសន្យា​នោះ​គឺ​ថា​នៅ​ទីបញ្ចប់​នៃ​តម្រេក​និយម​ទាំងអស់​អ្នកនឹង​ទទួល​បាន​អំណរ ។ នោះ​គឺ​មិន​ពិត​ទេ !

  28. ពុំ​មាន​នៅក្នុង​លោក​នេះ ឬ បន្ទាប់​ពី​ជីវិត​នេះ​ឡើយ ។

  29. ពួក​សុចរិត​ជា​ពួក​បរិសុទ្ធ « ដែល​បាន​ស៊ូទ្រាំ​នូវ​ឈើឆ្កាង​ទាំង​ឡាយ​នៃ​ពិភពលោក … ​នឹង​គ្រង​នគរ​ព្រះ​ទុកជា​មរតក … ហើយ​សេចក្ដី​អំណរ​របស់​គេ​នឹង​បាន​ពោរពេញ​រហូត​ត​ទៅ ។ ( នីហ្វៃទី ២ ៩:១៨) ។

  30. ឧទាហរណ៍​សូមមើល  នីហ្វៃទី ២ ២៧:៣០; អាលម៉ា ២៧:១៦–១៨ ។

  31. សូមមើល  នីហ្វៃទី ១ ១៧:៤០ ។

  32. សូមមើល ម៉ូសាយ ៤:២-៣ ។

  33. ទំនុកតម្កើង ១៦:៨, ១១ ។

  34. សូមមើល អេសាយ ៣៥:១០;  នីហ្វៃទី ២ ៨:៣ ។