ឆ្នាំ ២០១០-២០១៩
ក្រែង​ភ្លេច
ខែ តុលា ឆ្នាំ ២០១៦


ក្រែង​ភ្លេច

ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​នឹក​ឃើញ ជា​ពិសេស​ក្នុង​គ្រា​មាន​វិបត្តិ នៅ​ពេល​បងប្អូន​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ព្រមទាំង​ទីបន្ទាល់​បងប្អូន​រឹងមាំ នោះ​ចូរ​ចាំ​ពី​គ្រឹះ​ខាង​វិញ្ញាណ​ដែល​បងប្អូន​បាន​ស្ថាបនា ។

សាយ័ណ្ហ​សួស្តី បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ ។ យើង​មាន​ពរណាស់​នៅ​ក្នុង​សន្និសីទ​នេះ ។ នា​ឆ្នាំ​ដំបូង​របស់​ខ្ញុំ​ក្នុង​នាម​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​គឺ​ជា​រយៈពេល​ដ៏​រាបសា​បំផុត ។ វា​គឺ​ជា​ឆ្នាំ​នៃ​ការខិតខំ ភាពរីកចម្រើន និង ការទូលអង្វរ​ដ៏​ស្មោះ​ទៅ​ដល់​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌ ។ ខ្ញុំ​ទទួល​បាន​អារម្មណ៍​នៃ​ការអធិស្ឋាន​គាំទ្រ​ពី​សំណាក់​គ្រួសារ មិត្តភក្ដិ និង សមាជិក​សាសនាចក្រ​ទូទាំង​ពិភពលោក ។ សូម​អរគុណ​ចំពោះ​ការយកចិត្តទុកដាក់ និង ការអធិស្ឋាន​របស់​បងប្អូន ។

ខ្ញុំ​ក៏​មាន​ឯកសិទ្ធិ​ជួប​ជាមួយ​មិត្ត​ដែល​ខ្ញុំ​ស្រឡាញ់ ដែល​ខ្លះ​ខ្ញុំ​រាប់អាន​យូរ​មក​ហើយ និង​ច្រើន​នាក់​ទៀត​ដែល​ខ្ញុំ​ទើប​តែ​បាន​ស្គាល់ ។ ខ្ញុំ​ទទួល​អារម្មណ៍​បំផុស​ឲ្យ​រៀបចំ​សុន្ទរកថា​សម្រាប់​ថ្ងៃ​នេះ គឺ​នៅ​បន្ទាប់​ពី​ខ្ញុំ​បាន​ជួប​នឹង​មិត្ត​ម្នាក់​ដែល​ខ្ញុំ​បាន​រាប់អាន ហើយ​ស្រឡាញ់​អស់​ច្រើន​ឆ្នាំ​មក​ហើយ ។

កាល​យើង​បាន​ជួប​គ្នា មិត្តភក្តិ​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ដោយ​ទំនុកចិត្ត​ថា គាត់​មាន​បញ្ហា​ខាង​វិញ្ញាណ ។ គាត់​បាន​ជួប​នឹង​បញ្ហា​មួយ​ដែល​គាត់​ហៅ​ថា « វិបត្តិ​នៃ​សេចក្ដីជំនឿ » ហើយ​បាន​សុំ​ដំបូន្មាន​ពី​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​គាត់​បាន​ចែកចាយ​អារម្មណ៍ និង កង្វល់​របស់​គាត់​ជាមួយ​ខ្ញុំ ។

គាត់​បាន​ប្រាប់​ខ្ញុំ​អំពី​បំណង​មួយ​ដ៏​ធំ​ដែល​គាត់​ចង់​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដូច​កាល​ពី​មុន និង អ្វី​ដែល​គាត់​គិត​ថា​គាត់​កំពុង​បាត់បង់​ឥឡូវ​នេះ ។ នៅ​ពេល​គាត់​រ៉ាយរ៉ាប់ ខ្ញុំ​បាន​ស្ដាប់​យ៉ាង​យកចិត្ត​ទុកដាក់ ហើយ​បាន​អធិស្ឋាន​ដោយ​ស្មោះ​ដើម្បី​ដឹង​ពី​អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ថ្លែង ។

ដូច​ជា​បងប្អូន​មួយ​ចំនួន​ដែរ មិត្តភក្តិ​របស់​ខ្ញុំ​បាន​ទូល​សួរ​សំណួរ​មួយ​យ៉ាង​សាមញ្ញ​ដែល​មាន​នៅក្នុង​ចម្រៀង​ថ្នាក់​បឋម​សិក្សា​ថា ៖ « ព្រះវរបិតា​អើយ ទ្រង់​នៅ​ទីនេះ​ឬ ? » ចំពោះ​បងប្អូន​ដែល​បាន​ទូល​សួរ​សំណួរ​ដូច​នេះ ខ្ញុំ​សូម​ចែកចាយ​ដំបូន្មាន​ដល់​បងប្អូន​ដូចគ្នា​ដែល​ខ្ញុំ​ចែកចាយ​ដល់​មិត្តភក្តិ​របស់​ខ្ញុំ​ដែរ ហើយ​សង្ឃឹម​ថា បងប្អូន​ម្នាក់ៗ​អាច​ពង្រឹង​សេចក្ដីជំនឿ ហើយ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​ដើម្បី​ធ្វើ​ជា​សិស្ស​ម្នាក់​ដ៏​មាន​ការតាំងចិត្ត​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​សូម​ចាប់ផ្ដើម​ដោយ​រំឭក​បងប្អូន​ថា បងប្អូន​គឺ​ជា​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់ ហើយ​ទ្រង់​មាន​ព្រះទ័យ​ស្រឡាញ់​បងប្អូន​ជានិច្ច ។ ខ្ញុំ​ដឹង​ថា យើង​ពិបាក​នឹក​ឃើញ​អារម្មណ៍​អះអាង​នៃ​សេចក្ដីស្រឡាញ់​បែប​នេះ​ណាស់ កាល​យើង​កំពុង​ជួប​ប្រទះ​ការសាកល្បង ការខកចិត្ត ឬ ក្ដីសុបិន​យើង​ត្រូវ​រលាយ​អស់​ទៅ​នោះ ។

ព្រះយេស៊ូវគ្រីស្ទ​ជ្រាប​អំពី​បញ្ហា និង ការសាកល្បង​ដ៏​ខ្លាំងក្លា ។ ទ្រង់​បាន​លះបង់​ព្រះជន្ម​ទ្រង់​ដើម្បី​យើង ។ នាទី​ចុង​ក្រោយ​នៃ​ព្រះជន្ម​ទ្រង់​ព្រៃផ្សៃ​ណាស់ ជាង​កម្រិត​ដែល​យើង​អាច​យល់​បាន​ទៅ​ទៀត ប៉ុន្តែ​ពលិកម្ម​ទ្រង់​សម្រាប់​យើង​ម្នាក់ៗ​គឺ​ជា​ការបង្ហាញ​ចេញ​ដ៏​អស្ចារ្យ​នូវ​ក្ដីស្រឡាញ់​ដ៏​សុធសាទ្ធ​របស់​ទ្រង់ ។

គ្មាន​កំហុស អំពើបាប ឬ ជម្រើស​ណា​ដែល​នឹង​កែប្រែ​ក្ដីស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​ឡើយ ។ នោះ​ពុំ​មាន​ន័យ​ថា ការប្រព្រឹត្ត​បាប​ត្រូវបាន​លើកលែង​ឲ្យ​នោះ​ទេ ហើយ​ក៏​ពុំ​មាន​ន័យ​ថា យើង​បាត់បង់​កាតព្វកិច្ច​ក្នុង​ការប្រែចិត្ត​កាល​យើង​បាន​ប្រព្រឹត្ត​បាប​ដែរ ។ ប៉ុន្តែ ចូរ​កុំ​ភ្លេច ថា ព្រះវរបិតាសួគ៌​ជ្រាប ហើយ​មាន​ព្រះទ័យ​ស្រឡាញ់​បងប្អូន​ម្នាក់ៗ ហើយ​ទ្រង់​ត្រៀម​ព្រះកាយ​ជួយ​ជានិច្ច ។

កាល​ខ្ញុំ​គិត​អំពី​ស្ថានភាព​របស់​មិត្ត​ខ្ញុំ នោះ​ខ្ញុំ​បាន​នឹក​ឃើញ​ប្រាជ្ញា​ដ៏​វាងវៃ​ក្នុង​ព្រះគម្ពីរ​មរមន​ដូចនេះ ៖ « ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ​ថា គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង គឺ​ព្រះ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាលណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​ក្លា​របស់​វា​មក មែន​ហើយ ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់​កួច មែន​ហើយ កាលណា​ព្រិល និង​ខ្យល់​ព្យុះ​កំណាច​ទាំង​អស់​របស់​វា​បោកបក់​មក​លើ​កូន នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ​កូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុង​ជង្ហុក​នៃ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពី​ព្រោះ​មក​ពី​សិលា​ដែល​កូន​បាន​សង់​នៅ​លើ​នោះ ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ ជា​គ្រឹះ​មួយ​បើ​សិន​ណា​មនុស្ស​សង់​នៅ​លើ​នោះ នោះ​ពួក​គេ​មិន​អាច​រលំ​បាន​ឡើយ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា គ្មាន​នរណា​ចង់​ធ្លាក់​ក្នុង « ឈូង​សមុទ្រ​នៃ​ទុក្ខព្រួយ និង ទុក្ខវេទនា​ដ៏​មិន​ចេះ​ចប់ » នោះ​ឡើយ ។ ហើយ​មិត្ត​របស់​ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​នៅ​នឹង​គែម​នៃ​ឈូងសមុទ្រ​នោះ ។

ពេល​ខ្ញុំ​ទូន្មាន​ដល់​បុគ្គល​ដូច​មិត្ត​របស់​ខ្ញុំ​ជា​ដើម ខ្ញុំ​បាន​សង្កេត​ការសម្រេចចិត្ត​ដែល​ពួកគេ​បាន​ធ្វើ​ជា​ច្រើន​ឆ្នាំ ដែល​ញ៉ាំង​ពួកគេ​ឲ្យ​ភ្លេច​បទពិសោធន៍​ដ៏​ពិសិដ្ឋៗ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ចុះខ្សោយ ព្រមទាំង​បាន​សង្ស័យ​ផងដែរ ។ ខ្ញុំ​បាន​លើក​ទឹកចិត្ត​ពួកគេ ដូច​ខ្ញុំ​លើក​ទឹកចិត្ត​បងប្អូន​ពេល​នេះ​ដែរ ឲ្យ​នឹក​ឃើញ ជា​ពិសេស​ក្នុង​គ្រា​មាន​វិបត្តិ នៅ​ពេល​បងប្អូន​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ព្រមទាំង​ទីបន្ទាល់​បងប្អូន​រឹងមាំ នោះ​ចូរ​ចាំ​ពី​គ្រឹះ​ខាង​វិញ្ញាណ​ដែល​បងប្អូន​បាន​ស្ថាបនា ។ ខ្ញុំ​សន្យា​ថា​បើ​បងប្អូន​ធ្វើ​ដូចនេះ ដោយ​ចៀសវាង​ពី​អ្វី​ដែល​ពុំ​ស្ថាបនា ហើយ​ពុំ​ពង្រឹង​ទីបន្ទាល់ ឬ ប្រមាថ​ជំនឿ​របស់​បងប្អូន នៅ​ពេល​ទីបន្ទាល់​បងប្អូន​រីក​ចម្រើន បងប្អូន​នឹង​នឹក​ឃើញ គ្រា​ដ៏​មាន​តម្លៃ​ទាំងនោះ​ឡើង​វិញ តាមរយៈ​ការអធិស្ឋាន និង ការតមអាហារ​ដ៏​រាបសា ។ ខ្ញុំ​អះអាង​ដល់​បងប្អូន​ម្ដង​ទៀត​ថា បងប្អូន​នឹង​មាន​អារម្មណ៍​សុវត្ថិភាព និង​ភាពកក់ក្ដៅ​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

យើង​ម្នាក់ៗ​ត្រូវតែ​ពង្រឹង​ខ្លួន​យើង​ខាង​វិញ្ញាណ​ជា​មុន​សិន សឹម​យើង​ពង្រឹង​មនុស្ស​ជុំវិញ​ខ្លួន ។ ចូរ​សិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ ហើយ​ចងចាំ​គំនិត និង អារម្មណ៍​ដែល​បងប្អូន​មាន​ពេល​អាន ។ ចូរ​ស្វែងរក​ធនធាន​ដទៃ​ទៀត​នៃ​សេចក្ដីពិត​ផង ប៉ុន្តែ​ចូរ​ស្ដាប់​ការដាស់តឿន​ពី​បទគម្ពីរ​ដូចនេះ ៖ « ប៉ុន្តែ​ដែល​បាន​រៀន​សូត្រ គឺជា​ការល្អ​វិញ បើ​សិន​ជា​ គេ​ស្ដាប់​តាម​ពាក្យ​ដំបូន្មាន​នៃ​ព្រះ » ។ ចូរ​ទៅ​ព្រះវិហារ ជា​ពិសេស​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ហើយ​ទទួលទាន​សាក្រាម៉ង់ ព្រមទាំង​រំឭក​សេចក្ដីសញ្ញា​រួម​មាន​ការសន្យា​ថា​នឹង​ចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច ដើម្បី​ព្រះវិញ្ញាណ​ទ្រង់​អាច​គង់​ជាមួយ​បងប្អូន​ជា​ដរាប ។

ទោះជា​កំហុស​ណា​ដែល​យើង​បាន​ធ្វើ​ក៏​ដោយ ឬ​ទោះ​យើង​មិន​ល្អ​ឥតខ្ចោះ​ក៏​ដោយ យើង​អាច​បាន​ពរ ហើយ​លើក​ស្ទួយ​មនុស្ស​ដទៃ​ជានិច្ច ។ ការជួយ​ពួកគេ​បែប​ជា​ការបម្រើ​ដូច​ព្រះគ្រីស្ទ អាច​ជួយ​យើង​ទទួល​អារម្មណ៍​ក្ដីស្រឡាញ់​ពី​ព្រះ​ដក់​យ៉ាង​ជ្រៅ​ក្នុង​ជម្រៅ​ចិត្ត​យើង ។

វា​សំខាន់​ដែល​ត្រូវ​ចងចាំ​ដំបូន្មាន​ដ៏​មាន​អានុភាព​ក្នុង​គម្ពីរ​ចោទិយកថា​ដូចនេះ ៖ « រក្សា​ចិត្ត​ឲ្យ​មែនទែន ក្រែង​ភ្លេច អស់​ទាំង​ការ ដែល​ភ្នែក​ឯង​បាន​ឃើញ ហើយ​ក្រែង នៅ​ក្នុង​ជីវិត​ឯង ការ​ទាំង​នោះ​បាន​ឃ្លាត​ចេញ​ពី​ចិត្ត​ឯង​ទៅ ត្រូវ​ឲ្យ​ឯង​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​កូន​ចៅ​ឯង​ឲ្យ​ដឹង​ត​រៀង​ទៅ​វិញ » ។

មនុស្ស​ច្រើន​ជំនាន់​រង​ឥទ្ធិពល​ពី​ជម្រើស​ដែល​យើង​ធ្វើ ។ ចូរ​ចែកចាយ​ទីបន្ទាល់​ជាមួយ​គ្រួសារ​បងប្អូន លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចងចាំ​អារម្មណ៍​ដែល​ពួកគេ​មាន​នៅ​ពេល​ពួកគេ​បាន​ទទួលស្គាល់​ព្រះវិញ្ញាណ​ក្នុង​ជីវិត​គេ ហើយ​កត់ត្រា​អារម្មណ៍​ទាំងនោះ​នៅ​ក្នុង​ទិនានុប្បវត្តិ និង​ប្រវត្តិ​ផ្ទាល់ខ្លួន ដើម្បី​ឲ្យ​នៅ​ពេល​ដែល​ចាំបាច់ នោះ​ពាក្យ​ពេចន៍​របស់​ពួកគេ​រំឭក​គេ​ឲ្យ​ចងចាំ​ថា​ព្រះអម្ចាស់​មាន​ព្រះទ័យ​សប្បុរស​យ៉ាង​ណា​ចំពោះ​ពួកគេ ។

បងប្អូន​នឹង​នឹក​ឃើញ​ថា នីហ្វៃ និង ពួក​បងប្អូន​ប្រុស​លោក បាន​ត្រឡប់​ទៅ​ក្រុង​យេរ៉ូសាឡិម​វិញ ដើម្បី​យក​ផ្ទាំង​លង្ហិន​ដែល​កត់ត្រា​ប្រវត្តិ​ប្រជាជន​របស់​ពួកគាត់​មួយ​ចំណែក ដើម្បី​ពួកគាត់​នឹង​មិន​ភ្លេច​អតីតកាល​ពួកគាត់​ឡើយ ។

ក្នុង​ព្រះគម្ពីរ​មរមន​ផងដែរ ហេលេមិន បាន​ដាក់​ឈ្មោះ​កូន​ប្រុស​លោក​តាម « ឪពុក​ដំបូង » របស់​ពួកគាត់ ដើម្បី​ពួកគាត់​នឹង​មិន​ភ្លេច​ក្ដីសប្បុរស​របស់​ព្រះអម្ចាស់​ឡើយ ៖

« មើល​ចុះ ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ ឪពុក​មាន​បំណង​ចង់​ឲ្យ​កូន​ចាំ ដើម្បី​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ។ … មើល​ចុះ ឪពុក​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​តាម​ឈ្មោះ​ពួក​ឪពុក​ដើម​របស់​យើង ដែល​បាន​ចេញ​មក​ពី​ដែនដី​យេរូសាឡិម ហើយ​ឪពុក​បាន​ធ្វើ​យ៉ាង​នេះ ដើម្បី​កាលណា​កូន​ចាំ​ឈ្មោះ​របស់​កូន នោះ​កូន​អាច​នឹក​ចាំ​ដល់​ពួក​គេ ហើយ​កាលណា​កូន​នឹក​ចាំ​ដល់​ពួក​គេ នោះ​កូន​អាច​នឹក​ចាំ​ដល់​កិច្ចការ​ទាំង​ឡាយ​របស់​គេ ហើយ​កាលណា​កូន​នឹក​ចាំ​ដល់​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ នោះ​កូន​អាច​ដឹង​នូវ​ហេតុ​ដែល​បាន​និយាយ ហើយ​បាន​សរសេរ​ទុក​មក​ផង​ថា ជា​ការ​ល្អ ។

« ហេតុ​ដូច្នេះ​ហើយ ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ ឪពុក​ចង់​ឲ្យ​កូន​ធ្វើ​នូវ​អ្វីៗ ដែល​ជា​ការ​ល្អ ដើម្បី​ឲ្យ​ត្រូវ​បាន​និយាយ​អំពី​កូន ហើយ​បាន​សរសេរ​ទុក ដូច​ជា​ត្រូវ​បាន​និយាយ ហើយ​បាន​សរសេរ​អំពី​ពួក​គេ​ដែរ » ។

សព្វថ្ងៃ មនុស្ស​ជា​ច្រើន​កាន់​ទម្លាប់​ដូច​គ្នា​នេះ​ក្នុង​ការដាក់​ឈ្មោះ​កូន​តាម​វីរបុរស​ក្នុង​ព្រះគម្ពីរ ឬ បុព្វការីជន​ដ៏​ស្មោះត្រង់ ទុក​ជា​មធ្យោបាយ​លើក​ទឹកចិត្ត​ខ្លួន​កុំ​ឲ្យ​ភ្លេច​កេរដំណែល​របស់​ពួកគេ ។

ពេល​ខ្ញុំ​កើត ខ្ញុំ​ត្រូវបាន​ដាក់​ឈ្មោះ​ថា រ៉ូណល អេ រ៉ាសបាន ។ ត្រកូល​ខ្ញុំ​ផ្ដល់​ការគោរព​ដល់​ខ្សែស្រឡាយ​ជីដូនជីតា​ខាង​ឪពុក​ខ្ញុំ ។ អក្សរ A នៅកណ្ដាល ត្រូវបាន​ដាក់​ឲ្យ​ខ្ញុំ​ចងចាំ​ផ្ដល់​ការគោរព​ដល់​ជីដូនជីតា​ខាង​ម្ដាយ​ខ្ញុំ ដានីស អាន់ឌើរសិន ។

ជីតា​លួត​របស់​ខ្ញុំ ជែនស៍ អាន់ឌើរសិន មក​ពី​ប្រទេស​ដាណឺម៉ាក ។ ហើយ​ក្នុង​ឆ្នាំ ១៨៦១ ព្រះអម្ចាស់​បាន​នាំ​ផ្លូវ​អ្នក​ផ្សព្វផ្សាយ​សាសនា​មរមន​ពី​រូប​ទៅ​ដល់​ផ្ទះ​របស់ ជែនស៍ និង អាន ខាធើរីន អាន់ឌើរសិន ជា​ពេល​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​ពួកគាត់ និង កូន​ប្រុស​អាយុ ១៦​ឆ្នាំ ឈ្មោះ​អាន់ឌ្រូ ឲ្យ​ស្គាល់​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ ដូច្នេះ​វា​ក៏​បាន​ចាប់ផ្ដើម​កេរដំណែល​នៃ​សេចក្ដីជំនឿ ដែល​គ្រួសារ​ខ្ញុំ និង ខ្ញុំ​គឺ​ជា​អ្នក​ទទួល​បាន​ប្រយោជន៍ ។ គ្រួសារ អាន់ឌើរសិន បាន​អាន​ព្រះគម្ពីរ​មរមន ហើយ​បាន​ជ្រមុជទឹក​ក្នុង​ពេល​ដ៏​ខ្លី ។ នា​ឆ្នាំ​ក្រោយ​មក គ្រួសារ អាន់ឌើរសិន បាន​ទទួលយក​ការអញ្ជើញ​ពី​ព្យាការី​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​អាត្លង់ទិច ទៅ​ចូលរួម​នឹង​ពួក​បរិសុទ្ធ​នៅ​អាមេរិក​ខាង​ជើង ។

ជា​អកុសល ជែនស៍ បាន​ស្លាប់​ពេល​ធ្វើ​ដំណើរ​តាម​សមុទ្រ ប៉ុន្តែ​ភរិយា និង កូន​ប្រុស​គាត់​បាន​បន្ត​ដំណើរ​ទៅ​ដល់​ជ្រលង​ភ្នំ សលត៍ លេក នៅ ថ្ងៃ​ទី ៣ ខែ កញ្ញា ឆ្នាំ ១៨៦២ ។ ទោះជា​មាន​ការលំបាក និង ទុក្ខព្រួយ​ក្ដី ក៏​សេចក្ដីជំនឿ​ពួកគាត់ និង​មនុស្ស​ជំនាន់​ក្រោយ​ជា​ច្រើន​មក​ទៀត ពុំ​បាន​ងាករេ​ឡើយ ។

រូបភាព
រូបគំនូរ​នៅក្នុង​ការិយាល័យ​របស់​អែលឌើរ រ៉ាសបាន

នៅក្នុង​ការិយាល័យ​របស់​ខ្ញុំ​មាន​ព្យួរ​រូប​គំនូរ​មួយ ដែល​ជា​រូបគំនូរ​ដ៏​ស្រស់ស្អាត​រំឭក​អំពី​និមិត្តសញ្ញា​នៃ​ការជួប​គ្នា​លើក​ដំបូង​របស់​ដូនតា​ខ្ញុំ និង អ្នក​ផ្សព្វផ្សាយសាសនា​ដ៏​ស្មោះត្រង់​កាល​ពី​ជំនាន់​ដើម​ទាំង​នោះ ។ ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ថា​មិន​បំភ្លេច​កេរដំណែល​របស់​ខ្ញុំ​ឡើយ ហើយ​ដោយសារ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ចងចាំ​អំពី​កេរដំណែល​នៃ​ភាពស្មោះត្រង់ និង ការលះបង់​របស់​ពួកគាត់ ។

ចូរ​កុំ​បំភ្លេច កុំ​សង្ស័យ ឬ កុំ​ព្រងើយកន្តើយ​នឹង​បទពិសោធន៍​ផ្ទាល់ខ្លួន និង បទពិសោធន៍​ពិសិដ្ឋៗ​ឲ្យ​សោះ ។ ខណៈ​ពេល​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​បំភ្លឺ ហើយ​រក្សា​យើង​ក្នុង​កិច្ចការ​ទ្រង់ នោះ​បច្ចាមិត្ត​គ្រោង​ផែនការ​ដើម្បី​រារាំង​យើង​ពី​សាក្សី​ខាង​វិញ្ញាណ ។

ខ្ញុំ​សូម​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​មួយ​អំពី​សេចក្ដីពិត​នេះ ។ ខ្ញុំ​ចាំ​យ៉ាង​ច្បាស់​ពី​គ្រា​មួយ​ដែល​ខ្ញុំ​បាន​ទទួល​ការបំផុសគំនិត​ក្នុង​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ខ្ញុំ ។ ចម្លើយ​នោះ​ច្បាស់ ហើយ​មាន​អំណាច ។ ប៉ុន្តែ ខ្ញុំ​មិន​បាន​ធ្វើតាម​ការបំផុសគំនិត​នោះ​ភ្លាមៗ​ទេ ហើយ​មួយ​រយៈ​ក្រោយ​មក ខ្ញុំ​បាន​ចាប់ផ្ដើម​ឆ្ងល់ ថាតើ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ទទួល​អារម្មណ៍​នោះ​ពិត​ឬ​អត់ ។ បងប្អូន​ខ្លះ​ក៏​អាច​ធ្លាប់​ចាញ់​ការបញ្ឆោត​នោះ​របស់​បច្ចាមិត្ត​ដែរ ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ខ្ញុំ​បាន​ភ្ញាក់​ឡើង​ទាំង​នឹក​ឃើញ​ខគម្ពីរ​ដ៏​មាន​ឥទ្ធិពល​ទាំង​នេះ ៖

« ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា​អ្នក​មាន​បំណង​ចង់​បាន​សាក្សី​ថែម​ទៀត ចូរ​ដាក់​គំនិត​ទៅ​លើ​យប់​ដែល​អ្នក​បាន​អំពាវនាវ​ដល់​យើង​ក្នុង​ដួង​ចិត្ត​របស់​អ្នក ។ …

តើ​យើង​ពុំ​បាន​និយាយ​ដោយ​ភាព​សុខសាន្ត​ដល់​គំនិត​របស់​អ្នក អំពី​ការណ៍​នោះ​ទេ​ឬ​អី ? តើ​អ្នក​អាច​មាន​សាក្សី​ឯណា​ដែល​អស្ចារ្យ​ជាង​សាក្សី​មក​ពី​ព្រះ ? »

វា​ហាក់​ដូចជា​ព្រះអម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា « រ៉ូណល ឥឡូវ យើង​បាន​មាន​បន្ទូល​ប្រាប់​អ្នក​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ហើយ ។ ចូរ​ធ្វើតាម​ចុះ ! » ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ​ការកែប្រែ និង ការបង្ហាញ​ផ្លូវ​ប្រកប​ដោយ​ក្ដីស្រឡាញ់​នេះ ! ភ្លាមនោះ ខ្ញុំ​ត្រូវបាន​លួងលោម​ចិត្ត​ដោយ​ការបំផុសគំនិត ហើយ​អាច​បន្ត​ទៅ​មុខ ដោយ​ដឹង​ក្នុង​ចិត្ត​ថា ការអធិស្ឋាន​ខ្ញុំ​ទទួល​បាន​ចម្លើយ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ ខ្ញុំ​ចែកចាយ​បទពិសោធន៍​នេះ​ដើម្បី​បង្ហាញ ថា​តើ​គំនិត​យើង​អាច​ភ្លេច​រហ័ស​កម្រិត​ណា និង ថាតើ​បទពិសោធន៍​ខាង​វិញ្ញាណ​ដឹកនាំ​យើង​តាម​របៀប​ណា ។ ខ្ញុំ​បាន​រៀន​ឲ្យ​តម្លៃ​គ្រា​នេះ​ថា « ក្រែង​ខ្ញុំ​ភ្លេច » ។

ខ្ញុំ​សូម​សន្យា​នឹង​មិត្ត​ខ្ញុំ និង បងប្អូន​ទាំងអស់​ដែល​ចង់​ពង្រឹង​សេចក្ដីជំនឿ​ដូចនេះ ៖ ពេល​បងប្អូន​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើតាម​ការបង្រៀន​ដោយ​ស្មោះត្រង់ នោះ​ទីបន្ទាល់​បងប្អូន​នឹង​ត្រូវបាន​ការពារ ហើយ​វា​នឹង​រីកចម្រើន ។ ចូរ​រក្សា​សេចក្ដីសញ្ញា​ដែល​បងប្អូន​បាន​ធ្វើ ទោះជា​មនុស្ស​ជុំវិញ​បងប្អូន​ប្រព្រឹត្ត​បែប​ណា​ក៏​ដោយ ។ ចូរ​ធ្វើ​ជា​ឪពុកម្ដាយ បងប្អូនប្រុសស្រី ជីដូនជីតា ម្ដាយមីង ឪពុកមា និង​មិត្ត​ដ៏​ប្រឹងប្រែង ជា​អ្នក​ដែល​ជួយ​ពង្រឹង​មនុស្ស​ដែល​យើង​ស្រឡាញ់​ដោយ​ប្រើ​ទីបន្ទាល់​ផ្ទាល់ខ្លួន និង​ជា​អ្នក​ដែល​ចែកចាយ​បទពិសោធន៍​ខាង​វិញ្ញាណ ។ ចូរ​បន្ត​ស្មោះត្រង់ និង ខ្ជាប់ខ្ជួន ទោះ​ជា​មាន​ព្យុះ​នៃ​ការសង្ស័យ​ឈ្លានពាន​ក្នុង​ជីវិត​បងប្អូន តាមរយៈ​ទង្វើ​មនុស្ស​ដទៃ​ក៏​ដោយ ។ ចូរ​ស្វែងរក​អ្វី​ដែល​នឹង​ស្អាង ហើយ​ពង្រឹង​បងប្អូន​ខាង​វិញ្ញាណ ។ ចូរ​ចៀសវាង​ពី​យោបល់​ក្លែង​បន្លំ​ថា​ជា « សេចក្ដីពិត » ដែល​ងាយស្រួល​ផ្សព្វផ្សាយ ហើយ​ចូរ​កត់ត្រា​ក្នុង​អារម្មណ៍​នៃ « សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស សេចក្ដីជំនឿ​ភាពទន់ភ្លន់ [ និង ] ស្មោះត្រង់ » ។

ពេល​ស្ថិត​ក្នុង​ភាពលំបាក​ធំៗ​ក្នុង​ជីវិត ចូរ​កុំ​ភ្លេច កេរដំណែល​ដ៏​ទេវភាព​របស់​អ្នក​ជា​បុត្រាបុត្រី​នៃ​ព្រះ ឬ​ជោគវាសនា​អស់កល្ប​ដល់​ថ្ងៃ​មួយ​នឹង​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​វិញ ដែល​លោកិយ​មិន​អាច​ផ្ដល់​ឲ្យ​បាន ។ ចូរ​ចាំ​ប្រសាសន៍​ដ៏​ទន់ភ្លន់ និង ផ្អែមល្ហែម​របស់​អាលម៉ា​ដូចនេះ ៖ « បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ដួង​ចិត្ត​អ្នក ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ចាប់​អារម្មណ៍​ចង់​ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ ខ្ញុំ​សូម​សួរ​ថា តើ​អ្នក​រាល់​គ្នា​អាច​ចាប់​អារម្មណ៍​យ៉ាង​នេះ​ឥឡូវ​នេះ​ទេ ? »

ខ្ញុំ​សូម​អង្វរ​បងប្អូន​ទាំងអស់​ដែល​ចង់​ពង្រឹង​សេចក្ដីជំនឿ​របស់​ខ្លួន​ថា សូម​កុំ​ភ្លេច​ឡើយ ! សូម​កុំ​ភ្លេច​ឡើយ ។

ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​នៃ​ព្រះ ។ ខ្ញុំ​ដឹង​ថា លោក​បាន​ឃើញ ហើយ​បាន​ទូល​ជាមួយ​ព្រះ​ជា​ព្រះវរបិតា និង ព្រះរាជ​បុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដូច​អ្វី​ដែល​លោក​បាន​កត់ត្រា​ដូច្នោះ​ដែរ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​លោក ពុំ​បាន​ភ្លេច សរសេរ​បទពិសោធន៍​នោះ ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​ស្គាល់​ទីបន្ទាល់​របស់​លោក​បាន ។

ខ្ញុំ​សូម​ធ្វើ​សាក្សី​ដ៏​រឹងមាំ​អំពី​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​គង់​ជា​ព្រះសិរសា​នៃ​សាសនាចក្រ​នេះ ។ ខ្ញុំ​ដឹង​អ្វី​ទាំងនេះ​ដោយ​ខ្លួន​ខ្ញុំ មិនមែន​ដោយ​នរណា​ម្នាក់​ប្រាប់​ខ្ញុំ​ទេ ហើយ​ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​បងប្អូន ព្រមទាំង ខ្ញុំ នឹង​មិន​ភ្លេច សេចក្តីពិត​អស់កល្ប​ជានិច្ច—ដែល​សំខាន់​ជាងគេ​នោះ​គឺ យើង​ជា​បុត្រាបុត្រី​របស់​មាតាបិតាសួគ៌​ដ៏​មាន​ព្រះជន្មរស់ និង ពេញ​ដោយ​ក្ដីស្រឡាញ់ ដែល​ប្រាថ្នា​ឲ្យ​យើង​បាន​សុភមង្គល ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​ទាំងនេះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។