ឆ្នាំ ២០១០-២០១៩
គ្មាន​សេចក្តី​អំណរ​ណា​ដែល​ធំជាង​ការដឹង​ថា ពួក​គេ​ដឹង​នោះ​ឡើយ
ខែ តុលា ឆ្នាំ ២០១៦


គ្មាន​សេចក្តី​អំណរ​ណា​ដែល​ធំជាង​ការដឹង​ថា ពួក​គេ​ដឹង​នោះ​ឡើយ

ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​ក្នុង​លោក​នេះ​ដែល​អាច​នាំ​មក​នូវ​សុភមង្គល និង​អំណរ​ជាង​ការ​ដឹង​ថា​កូនៗ​របស់​យើង​ស្គាល់​ព្រះអង្គសង្គ្រោះ​នោះ​ទេ ។

បងប្អូន​ប្រុស​ស្រី ថ្មីៗ​នេះ​ខ្ញុំ​បាន​ពិចារណា​សំណួរ​នេះ ៖ « ប្រសិន​បើ​អ្វី​ដែល​កូនៗ​របស់​អ្នក​បាន​ដឹង​អំពី​ដំណឹងល្អ​ដោយសារ​អ្នក—ជា​ប្រភព​តែ​មួយគត់​របស់​ពួកគេ—តើ​ពួកគេ​នឹង​បាន​ដឹង​ច្រើន​ប៉ុណ្ណា ? សំណួរ​នេះ​អនុវត្ត​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ អ្នក​ប្រៀនប្រដៅ និង​មាន​ឥទ្ធិពល​លើ​កុមារ​តូចៗ ។

តើ​មាន​អំណោយ​អស្ចារ្យ​ណា​ដែល​យើង​អាច​ចែក​ដល់​កូនៗ​របស់​យើង​ជាង​ការ​ចងចាំ​ដែល​ដក់​ជ្រៅ​ក្នុង​ដួងចិត្ត​ពួកគេ​ថា យើង​ដឹង​ថា​ព្រះអង្គ​ប្រោសលោះ​របស់​យើង​មាន​ព្រះជន្ម​រស់​ឬ​ទេ ? តើ​ពួកគេ​ដឹង​ថា​យើង​ដឹង​ឬទេ ? ហើយ​សំខាន់​ជាង​នោះ តើ​ពួកគេ​បាន​ស្គាល់​ដោយ​ខ្លួន​ឯង​ថា​ទ្រង់​មាន​ព្រះជន្ម​រស់​ឬ​ទេ ?

កាល​ខ្ញុំ​នៅក្មេង ខ្ញុំជា​កូន​ដែល​ពិបាក​ចិញ្ចឹម​បំផុត ។ ខ្ញុំមាន​ថាមពល​ខ្លាំង​ពេក ។ ម្ដាយ​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ការ​ភ័យបំផុត​របស់​គាត់​គឺ​ថា ខ្ញុំ​នឹង​មិន​អាច​រស់នៅ​ដល់​ធំបាន ។ ខ្ញុំ​រពឹស​ពេក ។

ខ្ញុំ​ចាំថា​កាល​ពីក្មេង​ពេល​អង្គុយ ក្នុងការ​ប្រជុំ​សាក្រាម៉ង់​មួយ​ជាមួយ​គ្រួសារ​យើង ។ ម្ដាយ​ខ្ញុំ​ទើប​ទទួល​បាន​ព្រះគម្ពីរ​ថ្មី​មួយ​ឈុត ។ គម្ពីរ​ថ្មីនេះ​មាន​បញ្ចូល​នូវ​គម្ពីរ​ទាំងអស់​ក្នុង​កម្រង​ព្រះគម្ពីរ​តែមួយ ហើយ​នៅ​ផ្នែក​កណ្ដាល​មាន​ក្រដាស​មាន​បន្ទាត់​សម្រាប់​កត់​ចំណាំ ។

អំឡុង​ការ​ប្រជុំ ខ្ញុំ​បាន​សុំ​កាន់​គម្ពីរ​របស់​គាត់ ។ ដោយ​សង្ឃឹម​ថា​ខ្ញុំ​នឹង​មាន​គារវភាព នោះ​គាត់​បាន​ហុច​វា​មក​ខ្ញុំ ។ នៅពេល​ខ្ញុំ​មើល​គម្ពីរ​របស់​គាត់ ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា គាត់​បាន​សរសេរ​គោលដៅ​ផ្ទាល់ខ្លួន​ក្នុង​ផ្នែក​កត់ចំណាំ ។ ដើម្បី​ផ្ដល់​រឿង​លម្អិត​អំពី​គោលដៅ​គាត់ ខ្ញុំ​ត្រូវ​ប្រាប់​អ្នក​ថា ខ្ញុំ​ជា​កូន​ទីពីរ​នៃ​បងប្អូន​ប្រាំមួយ​នាក់ ហើយ​ខ្ញុំ​ឈ្មោះ ប្រេត ។ ម្ដាយ​ខ្ញុំ​បាន​សរសេ​គោលដៅ​តែ​មួយ​ប៉ុណ្ណោះ​ជា​ពណ៌​ក្រហម​ថា ៖ « អត់ធ្មត់​ជាមួយ ប្រេត ! »

ជា​ភស្ដុតាង​បន្ថែម​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ឧបសគ្គ​ដែល​ឪពុក​ម្ដាយ​ខ្ញុំ​បាន​មាន​ក្នុងការ​ចិញ្ចឹម​គ្រួសារ​យើង ខ្ញុំ​សូម​ប្រាប់​អ្នក​អំពី​ការ​អាន​គម្ពីរ​ជា​គ្រួសារ​របស់​យើង ។ រាល់ព្រឹក ម្ដាយ​ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន​ដល់​គ្រួសារ​យើង​អំឡុង​ពេល​អាហារ​ពេល​ព្រឹក ។ អំឡុង​ពេល​នេះ​បងប្រុស​ខ្ញុំ ដេវ និង​ខ្ញុំ​នឹង​អង្គុយ​ចុះ​ដោយ​ស្ងាត់​ស្ងៀម ប៉ុន្តែ​ពុំ​មាន​គារវភាព​ទេ ។ និយាយ​ឲ្យ​ត្រង់​ទៅ យើង​ពុំស្ដាប់​ទេ ។ យើង​អាន​អក្សរ​នៅលើ​ប្រអប់​នំ ។

ទីបំផុត នាព្រឹក​មួយ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​ប្រឈម​មុខ​នឹង​ម្ដាយ​ខ្ញុំ ។ ខ្ញុំ​បាន​ស្រែកថា « ម៉ាក់ ហេតុអ្វី​ធ្វើ​ដូច​នេះ​ចំពោះ​ពួក​យើង ? ហេតុអ្វី​ម៉ាក់​អាន​គម្ពីរ​មរមន​រាល់ព្រឹក ? » បន្ទាប់មក​ខ្ញុំ​បាន​និយាយ​ពាក្យ​ដែល​ខ្ញុំ​ខ្មាស​នឹង​សារភាព ។ តាមពិត ខ្ញុំ​មិនជឿ​ថា ខ្ញុំ​និយាយ​វា​សោះ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា « ម៉ាក់ ខ្ញុំ មិន ស្ដាប់​ទេ ! »

ការ​តប​ដោយ​ក្ដីស្រឡាញ់​របស់​គាត់ គឺជា​គ្រា​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ គាត់​បាន​តប​ថា « កូនប្រុស​ម្តាយ ម្តាយ​បាន​នៅក្នុង​ការប្រជុំ​មួយ​ដែល​ប្រធាន ម៉ារីអន ជី. រ៉ូមនី បាន​បង្រៀន​អំពី​ពរជ័យ​នៃ​ការអាន​ព្រះគម្ពីរ ។ អំឡុង​ការ​ប្រជុំ​នេះ ម៉ាក់​បាន​ទទួល​ការ​សន្យា​មួយ​ថា ប្រសិន​បើ​ម៉ាក់​នឹង​អាន​គម្ពីរ​មរមន​ដល់​កូនៗ​រាល់ថ្ងៃ នោះ​ម៉ាក់​នឹង​មិនបាត់​បង់​កូនៗ​ទេ » ។ បន្ទាប់មក គាត់​បាន​មើល​មុខ​ខ្ញុំ​ចំ ហើយ​បាន​និយាយ​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​ស្រុង​ថា « ហើយ​ម៉ាក់​នឹង​មិនបាត់​បង់​កូន​ទេ ! »

ពាក្យ​សម្ដី​គាត់​បាន​ចាក់​ទម្លុះ​បេះដូង​ខ្ញុំ ។ ទោះ​ជា​ខ្ញុំ​មិន​ល្អឥតខ្ចោះ តែ​ខ្ញុំ​មាន​តម្លៃ​ដើម្បី​សង្គ្រោះ ! គាត់​បាន​បង្រៀន​ខ្ញុំ​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច​ថា ខ្ញុំ​ជា​បុត្រា​ម្នាក់​របស់​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់ ។ ខ្ញុំ​បាន​រៀន​ថា មិន​ថា​ក្នុង​ស្ថានភាព​ណា​ទេ ខ្ញុំ​មាន​តម្លៃ​ដើម្បី​សង្គ្រោះ ។ នេះ​គឺជា​គ្រា​ដ៏​ល្អ​ឥតខ្ចោះ​មួយ​សម្រាប់​ក្មេង​ប្រុស​មិន​ល្អឥតខ្ចោះ ។

ខ្ញុំ​មាន​អំណរគុណ​ដ៏​អស់កល្ប​ជានិច្ច​ចំពោះ​ម្ដាយ​ដ៏​ល្អ​ដូច​ទេវតា​របស់​ខ្ញុំ និង​ចំពោះ​ទេវតា​ទាំងអស់​ដែល​ស្រឡាញ់​កូនៗ​យ៉ាង​ឥតខ្ចោះ មិន​ថា​ពួកគេ​មិន​ល្អ​ប៉ុណ្ណា​ទេ ។ ខ្ញុំ​ជឿ​យ៉ាង​មុតមាំ​ថា គ្រប់​ស្ត្រី​ទាំងអស់—ខ្ញុំ​នឹង​ហៅ​ពួកគាត់​ថា « ពួក​ទេវតា »— គឺជា​ម្ដាយ​ក្នុង​ក្រុង​ស៊ីយ៉ូន ទោះជា​ពួកគាត់​បាន ឬ​មិន​បាន​រៀបការ ឬ​មាន​កូន​ក្នុង​ជីវិត​លើ​ផែនដី​នេះ​ក្ដី ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ គណៈប្រធាន​ទីមួយ​បាន​ប្រកាស​ថា ៖ « ភាព​ជា​ម្ដាយ​គឺ​នៅជិត​នឹង​ភាព​ជា​ព្រះ ។ ភាព​ជា​ម្ដាយ​គឺជា​ការ​បម្រើ​ដ៏​ខ្ពស់​បំផុត បរិសុទ្ធ​បំផុត​ដែល​មនុស្ស​អាច​ធ្វើ​បាន ។ ភាព​ជា​ម្ដាយ​ដាក់​ឲ្យ​ស្ត្រី​ដែល​គោរព​តាម​ការ​ហៅ និង​ការ​បម្រើ​ដ៏​បរិសុទ្ធ​នេះ​ស្មើ​នឹង​ពួកទេវតា » ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ពួកទេវតា​នៅ​ទូទាំង​សាសនាចក្រ ដែល​ប្រកាស​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច​យ៉ាង​មុតមាំ និង​ដោយ​ក្ដីស្រឡាញ់ ទៅ ដល់​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​អំណោយ​ទាន​នៃ​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​ដឹង​ថា វា​ជា​ព្រះគម្ពីរពិត ! វា​មាន​នូវ​ភាពពោរពេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​មិនទាន់​ដឹង​ថា​មាន​នរណា​ម្នាក់​ដែល​អាន​ព្រះគម្ពីរ​មរមន​ដោយ​ឧស្សាហ៍​រាល់ថ្ងៃ ដោយ​បំណង​ពិត និង​ដោយ​សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ បាន​បាត់​បង់​ទីបន្ទាល់ ហើយ​ធ្លាក់ចុះ​នោះ​ទេ ។ ការសន្យា​ព្យាករ​របស់​មរ៉ូណៃ​មាន​នូវ​គន្លឹះ ដើម្បី​ស្គាល់​សេចក្ដីពិត​នៃ​រឿង​គ្រប់​យ៉ាង—រួម​ទាំង​ការ​មាន​សមត្ថភាព ដើម្បី​ញែកដឹង និង​ចៀស​ផុត​ពីការ​បោកបញ្ឆោត​របស់​មារសត្រូវ ។ ( សូម​មើល មរ៉ូណៃ ១០:៤–៥) ។

ខ្ញុំ​ក៏​មាន​អំណរគុណ​ផងដែរ​ចំពោះ​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់ និង​ព្រះរាជ​បុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអង្គសង្គ្រោះ​ប្រទាន​គំរូ​ដ៏​ឥតខ្ចោះ​នៃ​របៀប​ដើម្បី​រស់នៅ​ក្នុង​ពិភព​លោក ដែល​អយុត្តិធម៌ និង​មិនល្អ​ឥតខ្ចោះ​នេះ ។ « យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន (យ៉ូហានទី ១ ៤:១៩) ។ សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​គឺ​ពុំ​អាច​វាស់​បាន​ទេ ។ ទ្រង់​គឺជា​មិត្ត​ដ៏ពិត​របស់​យើង ។ ញើស​ទ្រង់ « ដូចជា​ដំណក់​ឈាម​ដ៏​ធំៗ​ស្រក់ » សម្រាប់​អ្នក និង​ខ្ញុំ ( លូកា ២២:៤៤) ។ ទ្រង់​អភ័យទោស​ដល់​អ្នក​ដែល​គេ​ហាក់ដូច​ជា​មិន​អាច​អភ័យ​ទោស​ឲ្យ​បាន ។ ទ្រង់​ស្រឡាញ់​អ្នក​ដែល​គេ​ពុំ​អាច​ស្រឡាញ់​បាន ។ ទ្រង់​បាន​ធ្វើ​នូវ​អ្វី​ដែល​មនុស្ស​រមែង​ស្លាប់​មិន​អាច​ធ្វើ ៖ ទ្រង់​បាន​ផ្ដល់​ដង្វាយធួន​ដើម្បី​យក​ឈ្នះ​លើ​ការ​រំលង ការ​ឈឺចាប់ និង​ជំងឺ​របស់​មនុស្ស​លោក​ទាំងអស់ ។

ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​រស់នៅ​ដោយ​ការ​សន្យា​ដែល​ថា មិនថា​យើង​មាន​បញ្ហា​អ្វី​ទេ នោះ​យើង​តែង​តែ​អាច​មាន​សេចក្ដីសង្ឃឹម​ទៅលើ​ទ្រង់ « ដែល​មាន​ឥទ្ធិឬទ្ធិ​ដើម្បី​សង្គ្រោះ » (នីហ្វៃទី ២ ៣១:១៩) ។ ដោយសារ​តែ​ដង្វាយធួន​របស់​ទ្រង់ យើង​អាច​មាន​អំណរ ភាព​សុខសាន្ដ សុភមង្គល និង​ជីវិត​អស់កល្ប​ជានិច្ច ។

ប្រធាន ប៊យដ៍ ឃេ  ផាកកឺ បាន​ថ្លែង​ថា ៖ « លើកលែង​តែ​បុគ្គល​មួយ​ចំនួន​តូច​ដែល​ជ្រើសរើស​យក​ការ​បំផ្លិចបំផ្លាញ​ប៉ុណ្ណោះ នោះ​គ្មាន​ទម្លាប់ ការញៀន ការបះបោរ អំពើរំលង ការក្បត់​សាសនា ឬ​បទល្មើស​ណា​មួយ​ដែល​នឹង​មិន​ទទួល​ការសន្យា​នៃ​ការអត់​ទោស​ពេញលេញ​នោះ​ទេ ។ នោះ​ហើយ​គឺ​ជា​ការសន្យា​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ » ។

ព្រឹត្តការណ៍​ដ៏​អស្ចារ្យ​បំផុត​មួយ​នៅក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស គឺ​ការ​យាង​ទៅបម្រើ​មនុស្ស​នៅលើ​ទ្វីប​អាមេរិក​កាល​ពីបុរាណ​របស់​ព្រះអង្គសង្គ្រោះ ។ សូម​នឹក​ក្នុង​ចិត្ត​អ្នក​ថា តើ​វា​មាន​សភាព​យ៉ាង​ណា​បើ​យើង​នៅ​ទីនោះ ។ នៅពេល​ខ្ញុំ​ពិចារណា​អំពី​សេចក្ដីស្រឡាញ់ និងការ​មើល​ថែ​ដោយ​ទន់ភ្លន់​របស់​ក្រុម​ពួកបរិសុទ្ធ​ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​ព្រះវិហារ ខ្ញុំ​បាន​នឹកគិត​ដល់​កូន​ម្នាក់ៗ​ដែល​ខ្ញុំ​ស្រឡាញ់​ជាង​ជីវិត​ខ្លួន ។ ខ្ញុំ​បាន​ព្យាយាម​នឹកគិត​ថា​ខ្ញុំ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ដើម្បី​មើល​កូន​តូច​ៗ​របស់​យើង ធ្វើជា​សាក្សី​ដោយ​ផ្ទាល់ភ្នែក​ឃើញ​ព្រះអង្គសង្គ្រោះ​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​មក​រក​ទ្រង់ ឃើញ​ដោយ​ផ្ទាល់​ថា​ព្រះអង្គសង្គ្រោះ​បាន​លាត​ព្រះហស្ត​ទ្រង់ ហើយ​ឈរ​នៅជិត​នោះ ពេល​កុមារ​ម្នាក់ៗ ម្ដងម្នាក់ៗ ដើរ​ទៅ​ស្ទាប​ស្នាម​នៅ​លើ​ព្រះហស្ត និង​ព្រះបាទា​ទ្រង់​ដោយ​ទន់ភ្លន់ បន្ទាប់មក​មើល​ពួកគេ​ម្នាក់​ៗ​ឈរ​ថ្លែង​បន្ទាល់​ថា​ទ្រង់​មាន​ព្រះជន្មរស់​នោះ ! ( សូមមើល  នីហ្វៃ​ទី​៣ ១១:១៤–១៧ សូមមើល​ផងដែរ ១៧:២១; ១៨:២៥) ។ ដើម្បី​ឲ្យ​កូនៗ​របស់​យើង​ងាក​មក​និយាយ​ថា « ម៉ាក់ ប៉ា នោះ​គឺ​ជា​ទ្រង់ ! »

រូបភាព
ព្រះអង្គសង្គ្រោះ​ជាមួយ​កូនក្មេង

ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​ក្នុង​ពិភពលោក​នេះ​ដែល​អាច​នាំ​ឲ្យ​មាន​សុភមង្គល និង​អំណរ​លើស​ជាង​ដឹង​ថា កូនៗ​របស់​យើង​ស្គាល់​ព្រះអង្គសង្គ្រោះ ដឹង​ថា​ពួកគេ​ដឹង « ប្រភព​ណា​មួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួកគេ » នោះទេ ។ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នោះ​ជា​ហេតុផល​ដែល « យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ » ហើយ​យើង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ (នីហ្វៃទី ២ ២៥:២៦) ។

  • នោះ​ជា​ហេតុផល​ដែល​យើង​អធិស្ឋាន​ជាមួយ​កូនៗ​របស់​យើង​ជា​រៀង​រាល់ថ្ងៃ ។

  • នោះជា​ហេតុផល​ដែល​យើង​អាន​គម្ពីរ​ជាមួយ​ពួកគេ​ជា​រៀង​រាល់ថ្ងៃ ។

  • នោះ​ជា​ហេតុ​ដែល​យើង​បង្រៀន​ពួកគេ​ឲ្យ​បម្រើ​អ្នក​ដទៃ ដើម្បី​ពួកគេ​អាច​បាន​ពរជ័យ​នៃ​ការ​ស្គាល់ខ្លួន​ឯង នៅពេល​ពួកគេ​លះបង់​ខ្លួន​ឯង​ក្នុង​ការ​បម្រើ​ដល់​អ្នកដទៃ ( សូមមើល ម៉ាកុស ៨:៣៥; ម៉ូសាយ ២:១៧) ។

នៅពេល​យើង​លះបង់​ខ្លួន​យើង​ក្នុង​គំរូ​នៃ​ភាព​ជា​សិស្ស​ដ៏​សាមញ្ញៗ​ទាំងនេះ នោះ​យើង​អនុញ្ញាត​ឲ្យ​កូនៗ​របស់​យើង​មាន​សេចក្ដីស្រឡាញ់​នៃ​ព្រះអង្គ​សង្គ្រោះ ហើយ​មាន​ការ​ដឹកនាំ និង​ការការពារ​ពីព្រះ នៅពេល​ពួកគេ​ជួប​នឹង​ខ្យល់​កំណាច​របស់​មារសត្រូវ ។

ដំណឹងល្អ​គឺ​ពិត​ជា​សម្រាប់​បុគ្គល​ម្នាក់ៗ ។ ដំណឹងល្អ​គឺ​សម្រាប់​ចៀម​មួយ​ដែល​បាន​បាត់ ( សូមមើល លូកា ១៥:៣–៧) ដំណឹងល្អ​គឺ​សម្រាប់​ស្ត្រី​សាសន៍​សាម៉ារីម្នាក់​នៅឯ​អណ្ដូង​ទឹក ( សូមមើល យ៉ូហាន ៤:៥–៣០) ដំណឹងល្អ​គឺ​សម្រាប់​កូន​ប្រុស​ខ្ជះខ្ជាយ​ម្នាក់ ( សូម​មើល លូកា ១៥:១១–៣២) ។

ដំណឹងល្អ​គឺ​សម្រាប់​ក្មេង​ប្រុស​តូច​ម្នាក់​ដែល​ប្រកាស​ខ្លួន​ថា​គាត់​មិន​ស្ដាប់​ទេ ។

ដំណឹងល្អ​គឺ​សម្រាប់​យើង​ម្នាក់ៗ—ដែល​មិន​ល្អ​ឥតខ្ចោះ—ដើម្បី​ក្លាយ​ទៅ​ជា​តែ​មួយ​នឹង​ព្រះអង្គសង្គ្រោះ ដូច​ជា​ទ្រង់​គឺ​តែ​មួយ​នឹង​ព្រះវរបិតា​ទ្រង់ ( សូមមើល យ៉ូហាន ១៧:២១) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​មាន​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​មួយ​អង្គ ដែល​ស្គាល់​ឈ្មោះ​យើង​ម្នាក់ៗ ! ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ជាបុត្រ​សំណព្វ​តែ​មួយ​គត់ និង​ជា​អង្គ​គាំទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះ​វរបិតា ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​បន្ថែម​ទៀត​ថា សេចក្ដីសង្គ្រោះ​កើត​មាន​នៅក្នុង និង​តាមរយៈ​ព្រះនាម​ទ្រង់— ហើយ​គ្មាន​ផ្លូវ​ណា​ផ្សេង​ទៀត​ឡើយ ។

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​នឹង​បូជា​ដួងចិត្ត និង​ដៃ​របស់​យើង ដើម្បី​ជួយ​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះ​វរបិតាសួគ៌​ឲ្យ​ស្គាល់​ទ្រង់ ហើយ​ដឹង​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ ទ្រង់​សន្យា​ថា​យើង​នឹង​មាន​អំណរ និង​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​នៅក្នុង​លោកិយ​នេះ និង​នៅ​បរលោកនាយ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. « Message of the First Presidency, » នៅក្នុង Conference Report, ខែ​តុលា ឆ្នាំ ១៩៤២, ១២–១៣; អាន​ដោយប្រធាន ជេ. រ៉ូប៊ីន​ ក្លាក ជុញ្ញ័រ ។

  2. ប៊យដ៍ ខេ ផាកគឺ « The Brilliant Morning of Forgiveness » Ensignខែ វិច្ឆិកា ១៩៩៥ ទំព័រ ២០ ។