ឆ្នាំ ២០១០-២០១៩
ការប្រែចិត្ត ៖ ជម្រើស​ដ៏​មាន​អំណរ
ខែ តុលា ឆ្នាំ ២០១៦


ការប្រែចិត្ត ៖ ជម្រើស​ដ៏​មាន​អំណរ

ការប្រែចិត្ត​មិន​គ្រាន់​តែ​ជា​កិច្ចការ​ដែល​អាច​ធ្វើ​បាន​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​កិច្ចការ​ដែល​មាន​អំណរ​ដោយសារ​តែ​ព្រះអង្គសង្គ្រោះ​របស់​យើង ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ កាល​ខ្ញុំ​អាយុ ១២ ឆ្នាំ គ្រួសារ​ខ្ញុំ​បាន​រស់នៅ​ក្នុង​ទីក្រុង ហ្គតប៊ក ជា​ទីក្រុង​នៅតាម​ឆ្នេរ​សមុទ្រ​នៅក្នុង​ប្រទេស​ស៊ុយអែត​ភាគ​ខាង​ត្បូង ។ ខ្ញុំ​សូម​ណែនាំ​ឲ្យ​ស្គាល់​ថា ទីក្រុង​នោះ​គឺ​ជា​ស្រុក​កំណើត​របស់​អែលឌើរ ភើរ ជី ម៉ាម ជា​ដៃគូ​រួម​ការងារ​ដ៏​ជា​ទីស្រឡាញ់​របស់​យើង ដែល​បាន​ទទួល​មរណភាព​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​នេះ ។ ពួក​យើង​នឹក​លោក ។ យើង​មាន​អំណរគុណ​ចំពោះ​ភាពថ្លៃថ្នូរ និង ការបម្រើ​ដ៏​ក្លៀវក្លា​របស់​លោក ព្រមទាំង​មាន​អំណរគុណ​ចំពោះ​គំរូ​របស់​គ្រួសារ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​លោក ។ ហើយ​ពួកយើង​ពិតជា​អធិស្ឋាន​ទូល​សូម​នូវ​ពរជ័យ​ដ៏​មហិមា​របស់​ព្រះ​ឲ្យ​ចាក់ស្រោច​មក​លើ​ពួកគេ ។

ហាសិប​ឆ្នាំ​មុន​ពួកយើង​បាន​ចូលរួម​ព្រះវិហារ​ក្នុង​ផ្ទះ​ដ៏​ធំ​មួយ​ដែល​កែច្នៃ​ធ្វើ​ជា​អគារ​ព្រះវិហារ ។ នា​ថ្ងៃ​អាទិត្យ​មួយ មិត្តភក្តិ​របស់​ខ្ញុំ ស្ទេហ្វាន ជា​ឌីកុន​តែ​ម្នាក់​ផ្សេង​ទៀត​នៅក្នុង​សាខា បាន​ស្វាគមន៍​ខ្ញុំ​នៅ​ព្រះវិហារ​ដោយ​ក្តី​រំភើប ។ យើង​បាន​ទៅ​បន្ទប់​ទំនេរ​ក្បែរ​នឹង​បន្ទប់​សាលាជំនុំ ហើយ​គាត់​បាន​ទាញ​យក​ផាវ​ធំ​មួយ និង ឈើ​គូស​មួយ​ចំនួន​ចេញ​ពី​ហោប៉ៅ​គាត់ ។ ជា​ក្មេង​ជំទង់​មាន​ឫក​ក្លាហាន ខ្ញុំ​បាន​យក​ផាវ​នោះ​ចេញ​មក ហើយ​ដុត​ប្រឆេះ​ផាវ​ពណ៌​ប្រផេះ​ដ៏​វែង​នោះ ។ ខ្ញុំ​មាន​បំណង​ចង់​ពន្លត់​ប្រឆេះ​នោះ​វិញ ពី​មុន​វា​ធ្វើ​ឲ្យ​ផាវ​ផ្ទុះ ។ ប៉ុន្តែ​នៅពេល​ខ្ញុំ​ព្យាយាម​ពន្លត់​ប្រឆេះ​នោះ ផាវ​បាន​ជ្រុះ​ពី​ដៃ​ខ្ញុំ ។ ស្ទេហ្វាន និង ខ្ញុំ​បាន​មើល​ដោយ​ក្តី​តក់ស្លុត ខណៈ​ដែល​ប្រឆេះ​ផាវ​នៅ​តែ​ឆេះ ។

ផាវ​បាន​ផ្ទុះ​ឡើង ហើយ​ផ្សែង​ដែល​មាន​ជាតិ​ស្ពាន់ធ័រ​របស់​វា​នោះ បាន​សាយភាយ​ពេញ​បន្ទប់​ទំនេរ និង សាលា​ជំនុំ​នោះ ។ យើង​បាន​ប្រញាប់​ប្រមូល​កំទិចកំទី​ដែល​នៅ​សល់​ពី​ចំហេះ​ផាវ ហើយ​បាន​បើក​បង្អួច​ដើម្បី​ឲ្យ​ក្លិន​ផ្សែង​នោះ​ចេញ​ទៅ​ក្រៅ​បន្ទប់ រំពឹង​ដោយ​ល្ងង់​ខ្លៅ​ថា​គ្មាន​នរណា​ដឹង​ពី​រឿង​នោះ​ឡើយ ។ សំណាង​ណាស់ គ្មាន​នរណា​ម្នាក់​ត្រូវ​របួស ហើយ​ក៏​គ្មាន​ការខូតខាត​អ្វី​ដែរ ។

នៅពេល​សមាជិក​បាន​មក​ចូលរួម​ការប្រជុំ ពួកគេ​បាន​ធ៉ុំ​ក្លិន​ផ្សែង​ដ៏​ឆួល​ខ្លាំង​នោះ ។ វា​ពិបាក​ថា​មិន​ធ៉ុំ​ក្លិន​ផ្សែង​នោះ​ណាស់ ។ ក្លិន​ផ្សែង​នោះ​បាន​បំផ្លាញ​អារម្មណ៍​នៃ​លក្ខណៈ​ពិសិដ្ឋ​របស់​ការប្រជុំ​នោះ ។ ដោយសារ​មាន​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​តិចតួច—ហើយ​ដោយ​គិត​អំពី​រឿង​ដុត​ផាវ និង ការចែកសាក្រាម៉ង—នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ពុំ​សក្តិសម ដើម្បី​ទទួល​ទាន​វា​ឡើយ ។ នៅពេល​ថាស​សាក្រាម៉ង់​បាន​ហុច​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​បាន​បដិសេធ​មិន​ហូប​ទាំង​នំបុ័ង និង ទឹក ។ ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​សោះ ។ ខ្ញុំ​មាន​ការអៀនខ្មាស ហើយ​ខ្ញុំ​ដឹង​ថា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​មិន​សព្វ​ព្រះហឫទ័យ​ដល់​ព្រះ​ឡើយ ។

បន្ទាប់​ពី​ព្រះវិហារ​ចប់ ប្រធាន​សាខា ហ្វ្រែង លីនប៊ើក ជា​បុរស​ចំណាស់​ដ៏​ថ្លៃថ្នូរ​ដែល​មាន​សក់​ស្កូវ បាន​សូម​ឲ្យ​ខ្ញុំ​ទៅ​ការិយាល័យ​របស់​គាត់ ។ បន្ទាប់​ពី​ខ្ញុំ​អង្គុយ​ចុះ​ហើយ គាត់​បាន​មើល​មក​ខ្ញុំ​ដោយ​សុភាព ហើយ​និយាយ​ថា គាត់​បាន​សម្គាល់​ឃើញ​ថា​ខ្ញុំ​ពុំ​បាន​ទទួល​ទាន​សាក្រាម៉ង់​ទេ ។ គាត់​បាន​សួរ​ពី​មូលហេតុ ។ ខ្ញុំ​សង្ស័យ​ថា​គាត់​បាន​ដឹង​ពី​មូលហេតុ​នោះ ។ ខ្ញុំ​បាន​ដឹង​ថា​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ។ បន្ទាប់​ពី​ខ្ញុំ​បាន​ប្រាប់​គាត់ គាត់​បាន​សួរ​ពី​អារម្មណ៍​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ទាំង​យំ​ថា ខ្ញុំ​សោកស្តាយ ហើយ​ថា​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះ​ខក​ព្រះ​ទ័យ ។

ប្រធាន​លីនប៊ើក បាន​បើក​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា​ដ៏​ចាស់​របស់​គាត់​មក ហើយ​បាន​សុំ​ឲ្យ​ខ្ញុំ​អាន​ខគម្ពីរ​មួយ​ចំនួន​ដែល​មាន​គូស​បន្ទាត់​ពី​ក្រោម ។ ខ្ញុំ​បាន​អាន​ខគម្ពីរ​ដូច​តទៅ​នេះ​ឮៗ ៖

« មើលចុះ អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន អ្នក​ឈ្មោះ​ថា​បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់​មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ ។

« តាម​របៀប​នេះ អ្នក​រាល់​គ្នា​អាច​ដឹង បើ​សិន​ជា​មនុស្ស​ណា​ម្នាក់​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន​មែន ឬ​អត់—មើល​ចុះ អ្នក​នោះ​នឹង​សារភាព​អំពី​អំពើ​បាប​ទាំង​ឡាយ ហើយ​លះបង់​ចោល​អំពើ​បាប​ទាំង​នោះ » ។

ខ្ញុំ​នឹង​មិន​ភ្លេច​ស្នាម​ញញឹម​ដ៏​មាន​ក្តីសណ្តោស​របស់​ប្រធាន​លីនប៊ើក នៅពេល​ខ្ញុំ​បាន​មើល​មុខ​គាត់​បន្ទាប់​ពី​ខ្ញុំ​អាន​ខគម្ពីរ​នោះ​រួច ។ គាត់​បាន​ប្រាប់​ខ្ញុំ​ដោយ​អួល​ដើម​ក​ថា គាត់​មាន​អារម្មណ៍​ថា វា​មិន​ជា​ថ្វី​ទេ ប្រសិនបើ​ខ្ញុំ​ត្រឡប់​មក​ទទួលទាន​សាក្រាម៉ង់​វិញ​នោះ ។ កាល​ខ្ញុំ​ចេញ​ពី​ការិយាល័យ​គាត់​ទៅ ខ្ញុំ​មាន​អំណរ​ដែល​ពុំ​អាច​ថ្លែង​បាន ។

អំណរ​បែប​នេះ​គឺ​កើត​ឡើង​មក​ពី​ការប្រែចិត្ត ។ ពាក្យ ប្រែចិត្ត មាន​ន័យ​ថា « ភ្ញាក់​ខ្លួន » ហើយ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី « ការផ្លាស់ប្តូរ » ។ នៅ​ក្នុង​ភាសា​សុយអ៊ែត​ពាក្យ omvänd មាន​ន័យ​សាមញ្ញ​ថា « ត្រឡប់​ក្រោយ » ។ អ្នក​និពន្ធ​គ្រិស្តសាសនិក ឈ្មោះ ស៊ី អេស លេវីស បាន​សរសេរ​អំពី​តម្រូវការ និង យុទ្ធវិធី​ដើម្បី​ផ្លាស់ប្តូរ ។ លោក​បាន​សរសេរ​ថា ការប្រែចិត្ត​ទាក់ទង​ទៅ​នឹង « ការត្រឡប់​មក​ដើរ​លើ​ផ្លូវ​ត្រូវ​វិញ » ។ គាត់​បាន​និយាយ​ថា « ការខុស​ច្រើន​ដង​អាច​ធ្វើ​ឲ្យ​ត្រូវ ៖ ប៉ុន្តែ​លុះត្រា​តែ​អ្នក​ត្រឡប់​មក​ក្រោយ​វិញ​ហើយ​រកឃើញ​កំហុស ព្រមទាំង​កែលម្អ​ខ្លួន​ចាប់​ពី​ត្រង់​ចំណុច​នោះ គឺ​មិន បន្តធ្វើ​ខុស​ទៀត​ឡើយ » ។ ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​យើង ហើយ​ត្រឡប់​មក​ដើរ​លើ « ផ្លូវ​ត្រូវ » វិញ​គឺ​ជា​ផ្នែក​មួយ​នៃ​ការប្រែចិត្ត ប៉ុន្តែ​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ។ ការប្រែចិត្ត​ដ៏​ពិត​ប្រាកដ​ក៏​រួមមាន​នូវ​ការបែរ​តម្រង់​ចិត្ត និង​បំណង​របស់​យើង​ទៅ​រក​ព្រះ ហើយ​លះបង់​ចោល​អំពើ​បាប ។ ដូច​បាន​ពន្យល់​នៅក្នុង​គម្ពីរ​អេសេគាល ប្រែចិត្ត​គឺ​ជា​ការ « បែរ​ចេញ​ពី… អំពើ​បាប … ប្រព្រឹត្ត​សេចក្តី​ដែល​ទៀង​ត្រង់​ហើយ​ត្រឹមត្រូវ​ … ​ប្រគល់​របស់​បញ្ចាំ​ដល់​ម្ចាស់​វិញ … [ ហើយ ] ដើរ​តាម​អស់​ទាំង​ច្បាប់​នៃ​ជីវិត​នេះ ឥត​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ » ។

ប៉ុន្តែ​នេះ​មិនមែន​ជា​ការពិពណ៌នា​សព្វគ្រប់​សេចក្តី​ឡើយ ។ វា​ពុំ​បង្ហាញ​ឲ្យ​ឃើញ​អំណាច​ត្រឹមត្រូវ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការប្រែចិត្ត​បាន​ដូច​ពលិកម្មធួន​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង​បាន​ឡើយ ។ ការប្រែចិត្ត​ពិតប្រាកដ​ត្រូវ​ទាក់ទង​នឹង​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ជា​សេចក្តីជំនឿ​ថា​ទ្រង់​អាច​ផ្លាស់ប្តូរ​យើង ជា​សេចក្តី​ជំនឿ​ថា​ទ្រង់​អាច​អភ័យទោស​ឲ្យ​យើង ជា​សេចក្តីជំនឿ​ថា​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ចៀសផុត​ពី​ការធ្វើ​ខុស ។ សេចក្តីជំនឿ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ដង្វាយធួន​របស់​ទ្រង់​មាន​ឥទ្ធិពល​នៅក្នុង​ជីវិត​យើង ។ នៅពេល​យើង « ភ្ញាក់​ខ្លួន » ហើយ « ត្រឡប់​ក្រោយ » ដោយ​មាន​ជំនួយ​ពី​ព្រះអង្គសង្គ្រោះ នោះ​យើង​អាច​មាន​អារម្មណ៍​នៃ​សេចក្តីសង្ឃឹម​ទ្រង់​នៅក្នុង​ការសន្យា​ទ្រង់ និង មាន​អំណរ​នៃ​ការអភ័យទោស ។ បើ​គ្មាន​ព្រះអង្គ​ប្រោសលោះ​ទេ នោះ​សេចក្តី​សង្ឃឹម និង ចំហាយ​នៃ​អំណរ ព្រមទាំង​ការប្រែចិត្ត​ដែល​កើត​មាន​នោះ​គឺ​គ្រាន់តែ​ជា​ការកែប្រែ​ឥរិយាបថ​នៃ​ទុក្ខវេទនា​ប៉ុណ្ណោះ ។ ប៉ុន្តែ​តាមរយៈ​ការអនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ នោះ​យើង​ប្រែចិត្ត​ជឿ​លើ​សមត្ថភាព និង ព្រះហឫទ័យ​ទ្រង់​ដើម្បី​អភ័យទោស​ពី​បាប ។

ប្រធាន ប៊យដ៏ ឃេផាកកឺ បាន​បញ្ជាក់​ពី​ការសន្យា​ដែល​ពោរពេញ​ដោយ​ក្តីសង្ឃឹម​នៃ​ការប្រែ​ចិត្ត​នៅក្នុង​ខែ​មេសា ឆ្នាំ ២០១៥ នៅក្នុង​សុន្ទរកថា​ចុងក្រោយ​របស់​លោក​ក្នុង​សន្និសីទ​ទូទៅ ។ លោក​បាន​ពិពណ៌នា​អំពី​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ក្នុង​ការព្យាបាល​ជា​អ្វី​មួយ ដែល​ខ្ញុំ​គិត​ពិចារណា​ថា​ជា​ការសង្ខេប​អំពី​ប្រាជ្ញា​ដែល​លោក​បាន​ទទួល​នៅក្នុង​រយៈពេល​ហាសិប​ឆ្នាំ​នៃ​ការបម្រើ​ជា​សាវក ។ ប្រធាន ផាកកឺ បាន​ថ្លែង​ដូចនេះ ៖ « ដង្វាយធួន​ពុំ​បន្សល់​តម្រុយ ពុំ​បន្សល់​ស្លាកស្នាម​អ្វី​ឡើយ ។ អ្វី​ដែល​វា​ប៉ះបូវ​នោះ​បាន​ធ្វើ​រួច​ហើយ ។ …វា​ជា​សះស្បើយ​ហើយ ហើយ​អ្វី​ដែល​វា​ព្យាបាល​ហើយ​នោះ​បន្ត​សះស្បើយ​រហូត » ។

លោក​បាន​បន្ត ៖

« ដង្វាយធួន​អាច​កែ​យើង​ម្នាក់ៗ​ជា​ថ្មី ដោយ​គ្មាន​នៅ​ដាន​ស្នាម​ឡើយ ។ នោះ​មាន​ន័យ​ថា មិន​ថា​យើង​បាន​ធ្វើ​អ្វី ឬ​យើង​បាន​ទៅ​កន្លែង​ណា ឬ​មាន​អ្វី​មួយ​កើត​ឡើង​ដោយ​របៀប​ណា​នោះ​ទេ បើ​យើង​បាន​ប្រែចិត្ត​ពិត​ប្រាកដ​នោះ [ ព្រះអង្គសង្គ្រោះ ] បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​ឲ្យ​ធួន ។ ហើយ​នៅ​ពេល​ទ្រង់​ធ្វើ​ឲ្យ​ធួន នោះ​ទ្រង់​ដោះ​ស្រាយ​រឿង​នោះ​ហើយ ។ …

… ដង្វាយធួន…អាច​លាង​សម្អាត​គ្រប់​ស្លាកស្នាម​មិន​ថា វា​លំបាក ឬ​យូរ​ប៉ុណ្ណា ឬ​ញឹកញាប់​ប៉ុណ្ណា​ទេ » ។១០

ទំហំ​ឥទ្ធិពល​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​គឺ​គ្មាន​ទីបញ្ចប់​ឡើយ​សម្រាប់​បងប្អូន និង រូប​ខ្ញុំ ។ ប៉ុន្តែ​វា​នឹង​ពុំ​ដែរ​ត្រូវបាន​បង្ខំ​ឲ្យ​មក​លើ​យើង​ឡើយ ។ ដូច​ព្យាការី​លីហៃ​បាន​ពន្យល់ បន្ទាប់​ពី​យើង « ត្រូវបាន​ប្រៀនប្រដៅ​គ្រប់គ្រាន់ » ឲ្យ « ដឹង​ខុស និង​ត្រូវ »១១ នោះ​យើង « មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាមរយៈ​ព្រះ​ជា​អ្នក​សង្រួបសង្រួម​ដ៏​ធំ​របស់​មនុស្ស​លោក​ទាំង​អស់ ឬ ក៏​រើស​យក​ការ​ជាប់​ឃុំឃាំង និង ការ​ស្លាប់ » ។១២ និយាយ​ម្យ៉ាង​ទៀត​ថា ការប្រែចិត្ត​គឺ​ជា​ជម្រើស​មួយ ។

យើង​អាច—ហើយ​ជួនកាល—ធ្វើ​ការជ្រើសរើស​ផ្សេងៗ ។ ជម្រើស​បែប​នោះ​ទំនង​ជា​ពុំ​ខុស​ឆ្គង​ខ្លាំង​ឡើយ ប៉ុន្តែ​វា​រារាំង​យើង​មិន​ឲ្យ​កាន់តែ​មាន​ចិត្ត​សង្រែង​ពិតប្រាកដ ដូច្នោះហើយ​វា​បញ្ចប់​ចំណាប់​អារម្មណ៍​នៃ​ការប្រែចិត្ត​ពិតប្រាកដ ។ ឧទាហរណ៍ យើង​អាច​ជ្រើស​យក​ការស្តីបន្ទោស​ដល់​អ្នក​ដទៃ ។ កាល​ខ្ញុំ​អាយុ ១២ ឆ្នាំ​រស់នៅ​ទីក្រុង ហ្គតប៊ក ខ្ញុំ​អាច​បន្ទោស​ស្ទេហ្វាន ។ គាត់​គឺ​ជា​អ្នក​នាំ​អាទិ៍​យក​ផាវ​ធំ និង ឈើ​គូស​នោះ​មក​ព្រះវិហារ ។ ប៉ុន្តែ​ការបន្ទោស​អ្នក​ដទៃ ទោះ​វា​ត្រឹមត្រូវ​ក្តី វា​ធ្វើ​ឲ្យ​យើង​ដោះសា​ចំពោះ​ឥរិយាបថ​របស់​យើង ។ ការធ្វើ​បែប​នេះ យើង​ប្តូរ​ការទទួលខុសត្រូវ​នៃ​សកម្មភាព​យើង​ទៅ​លើ​មនុស្ស​ដទៃ ។ នៅពេល​ការទទួលខុសត្រូវ​នោះ​ត្រូវបាន​ទម្លាក់​ទៅ​គេ​ផ្សេង​ទៀត នោះ​យើង​បាន​បន្ថយ​ទាំង​តម្រូវការ និង សមត្ថភាព​យើង​ដើម្បី​ធ្វើ​សកម្មភាព ។ យើង​ប្រែ​ខ្លួន​យើង​ទៅ​ជា​ជន​រងគ្រោះ​ដ៏​អភ័ព្វ ជាជាង​ធ្វើ​ជា​ភ្នាក់ងារ​មាន​សមត្ថភាព​ដែល​ធ្វើ​សកម្មភាព​ដោយ​ឯករាជ្យ ។១៣

ជម្រើស​មួយ​ផ្សេង​ទៀត​ដែល​រារាំង​ការប្រែចិត្ត​នោះ​គឺ ការបង្រួម​កំហុស​របស់​យើង ។ គ្មាន​អ្នក​រងរបួស​ឡើយ​នៅក្នុង​ហេតុការណ៍​នៃ​ការដុត​ផាវ​នៅក្នុង​ទីក្រុង ហ្គតប៊ក​នោះ គ្មាន​ការខូចខាត​កើត​មាន​ឡើង​ឡើយ ហើយ​ការប្រជុំ​ក៏​បាន​ដំណើរការ​ទៅ​ផងដែរ ។ វា​ងាយស្រួល​នឹង​និយាយ​ថា គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ប្រែចិត្ត​ឡើយ ។ ប៉ុន្តែ​ការបង្រួម​កំហុស​របស់​យើង ទោះបី​ជា​គ្មាន​លទ្ធផល​កើត​ឡើង​ភ្លាមៗ​ក្តី វា​ដក​យក​ការជំរុញ​ចិត្ត​ឲ្យ​ផ្លាស់ប្តូរ​ចេញ​ពី​យើង ។ ការគិត​បែប​នេះ​រារាំង​យើង​ពី​ការមើល​ឃើញ​ថា កំហុស និង អំពើ​បាប​យើង​មាន​លទ្ធផល​អស់កល្ប​ជានិច្ច ។

ឬ​ម្យ៉ាង​ទៀត​យើង​គិត​ថា អំពើ​បាប​យើង​មិន​ធំ​ដុំ​ឡើយ ដោយសារ​ព្រះ​ស្រឡាញ់​ពួកយើង មិន​ថា​យើង​ធ្វើ​អ្វី​នោះ​ឡើយ ។ វា​ល្បួង​ឲ្យ​យើង​ជឿ​លើ​អ្វី​ដែល​ជន​បោក​បញ្ឆោត នីហូរ បាន​បង្រៀន​ប្រជាជន​សារ៉ាហិមឡា ៖ « មនុស្ស​លោក​ទាំង​អស់​ត្រូវ​តែ​បាន​សង្គ្រោះ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​ថា ពួក​គេ​មិន​ចាំបាច់​ខ្លាច ឬ​ញាប់​ញ័រ​ទេ…ហើយ​នៅ​ទី​បញ្ចប់ មនុស្ស​ទាំង​អស់​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។១៤ ប៉ុន្តែ​គំនិត​លួងលោម​នេះ​គឺ​ខុស​ឆ្គង​ហើយ ។ ព្រះ​ទ្រង់​ពិតជា​ស្រឡាញ់​យើង ។ ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​គឺ​ចាំបាច់​ចំពោះ​ទ្រង់ និង ចំពោះ​យើង ។ ទ្រង់​បាន​ប្រទាន​ការណែនាំ​ច្បាស់លាស់ អំពី​របៀប​ដែល​យើង​គប្បី​ប្រព្រឹត្ត ។ យើង​ហៅ​វា​ថា​ព្រះបញ្ញត្តិ ។ ការអនុមតិ​របស់​ទ្រង់ និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង អាស្រ័យ​លើ​ឥរិយាបថ រួមទាំង​ឆន្ទៈ​របស់​យើង​ដើម្បី​ស្វែងរក​ការប្រែចិត្ត​ពិតប្រាកដ​ដោយ​រាបសា ។១៥

លើស​ពី​នេះ​ទៀត យើង​ពុំ​ប្រែចិត្ត​ពិត​ប្រាកដ​ឡើយ នៅពេល​យើង​ជ្រើស​ញែក​ខ្លួន​ចេញ​ពី​ព្រះ ដោយ​មិន​គោរព​បទបញ្ញត្តិ​ទ្រង់​នោះ ។ លើស​ពី​នេះ​ទៀត ប្រសិនបើ​ពិធី​សាក្រាម៉ង់​មិន​ពិសិដ្ឋ​ទេ នោះ​វា​មិន​ជា​បញ្ហា​អ្វី​ឡើយ ដែល​ក្លិន​ផ្សែង​ផាវ​រំខាន​ដល់​ការប្រជុំ​សាក្រាម៉ង់​នៅ ហ្គតប៊ក​នោះ ។ យើង​គប្បី​ប្រុងប្រយ័ត្ន​នឹង​ការមើលស្រាល​លើ​ឥរិយាបថ​នៃ​អំពើ​បាប ដោយ​ការ​រំលង ឬ ច្រានចោល​បទបញ្ញត្តិ​ដែល​ព្រះ​បាន​បង្កើត​ឡើង​ឡើយ ។ ការប្រែចិត្ត​ពិតប្រាកដ​តម្រូវ​ឲ្យ​ទទួលស្គាល់​ភាពជាព្រះ​របស់​ព្រះអង្គសង្គ្រោះ និង សេចក្តីពិត​ដ៏​ពោរពេញ​នៃ​កិច្ចការ​របស់​ទ្រង់​នា​ថ្ងៃ​ចុងក្រោយ​នេះ ។

ជំនួស​ឲ្យ​ការដោះសា​ផ្សេងៗ ចូរ​យើង​ជ្រើស​យក​ការប្រែចិត្ត ។ តាមរយៈ​ការប្រែចិត្ត យើង​អាច​ភ្ញាក់​ដឹង​ខ្លួន​ដូច​ជា​កូន​ប្រុស​ខ្ជះខ្ជាយ​នៅក្នុង​រឿង​ប្រដូច១៦ ហើយ​ពិចារណា​អំពី​សារៈសំខាន់​អស់កល្ប​ជានិច្ច​នៃ​សកម្មភាព​យើង ។ នៅពេល​យើង​យល់​ពី​របៀប​ដែល​អំពើ​បាប​យើង អាច​ជះឥទ្ធិពល​ដល់​សុភមង្គល​អស់កល្ប​ជានិច្ច​របស់​យើង នោះ​យើង​ពុំ​គ្រាន់តែ​ប្រែ​ជា​មាន​ចិត្ត​សង្រែង​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​យើង​ព្យាយាម​ប្រែ​ខ្លួន​យើង​កាន់តែ​ប្រសើរ​ឡើង​ផងដែរ ។ យើង​ជួប​នឹង​ការល្បួង យើង​ទំនង​ជា​សួរ​ខ្លួន​ឯង ដូច​ពាក្យ​សម្តី​របស់ វីល្លាម ស្សេក ស្ពៀរ ដូចនេះ ៖

តើ​ខ្ញុំ​បាន​ប្រយោជន៍​អ្វី​ខ្លះ ប្រសិនបើ​ខ្ញុំ​ទទួល​បាន​អ្វី​ដែល​ខ្ញុំ​ត្រូវបាន​ល្បួង​នោះ ?

ក្តី​សុបិន ខ្យល់​ដង្ហើម អារម្មណ៍​អំណរ​ដ៏​ខ្លី ។

តើ​មាន​នរណា​នឹង​ដូរ​យក​គ្រា​ដ៏​រីករាយ​ខ្លី​មួយ ជាមួយ​នឹង​ការកើត​ទុក្ខ​មួយ​សប្តាហ៍​នោះ ?

ឬ លក់​ភាព​អស់កល្ប​ជានិច្ច​ដើម្បី​យក​តែ​តុក្កតា​មួយ​នោះ ?១៧

ប្រសិនបើ​យើង​ភ្លេច​អំពី​ភាពអស់កល្ប ដោយសារ​តែ​តុកត្តា​មួយ នោះ​យើង​អាច​ជ្រើស​ប្រែចិត្ត ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​មាន​ឱកាស​ម្តង​ទៀត ។ តាម​ការប្រៀបធៀប​នេះ យើង​អាច​ប្តូរ​តុក្កតា​ដែល​យើង​បាន​ទិញ​ដោយ​ភាពឆោតល្ងង់ ដែល​យើង​គិត​ថា​វា​សំខាន់​នោះ​បាន ហើយ​ទទួល​សេចក្តីសង្ឃឹម​នៃ​ភាពអស់កល្ប​ជានិច្ច​ម្តង​ទៀត ។ ដូច​ព្រះអង្គសង្គ្រោះ​បាន​ពន្យល់​ថា « ដ្បិត​មើល​ចុះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ប្រោស​លោះ​របស់​អ្នក ទ្រង់​បាន​រង​សេចក្ដី​ស្លាប់​នៅ​ក្នុង​សាច់ឈាម ម្ល៉ោះ​ហើយ ទ្រង់​បាន​រង​ការ​ឈឺ​ចាប់​នៃ​មនុស្ស​លោក​ទាំង​អស់ ដើម្បី​ឲ្យ​មនុស្ស​លោក​ទាំង​អស់​អាច​ប្រែ​ចិត្ត ហើយ​មក​រក​ព្រះ​អង្គ​បាន » ។១៨

ព្រះយេស៊ូវគ្រីស្ទ​អាច​អភ័យទោស​បាន ដោយសារ​ទ្រង់​បាន​បង់ថ្លៃ​អំពើ​បាប​របស់​យើង​រួច​ហើយ ។១៩

ព្រះ​ដ៍​ប្រោសលោះ​របស់​យើង​ជ្រើស​យក​ការអភ័យទោស ដោយសារ​ក្តី​អាណិតអាសូរ សេចក្តីមេត្តាករុណា និង សេចក្តីស្រឡាញ់​ដ៏​ឥត​ប្រៀបផ្ទឹម​របស់​ទ្រង់ ។

ព្រះអង្គសង្គ្រោះ​យើង​មាន​ព្រះទ័យ​អភ័យទោស ដោយសារ​នេះ​គឺ​ជា​លក្ខណៈ​មួយ​នៃ​ភាព​ជា​ព្រះ​របស់​ទ្រង់ ។

ហើយ​ដូច​ទ្រង់​គឺ​ជា​អ្នក​គង្វាល​ល្អ នោះ​ទ្រង់​សព្វព្រះទ័យ ពេល​យើង​ជ្រើស​ប្រែចិត្ត ។២០

ទោះបី​យើង​មាន​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​ចំពោះ​ទង្វើ​យើង​ក្តី​២១ នៅពេល​យើង​ជ្រើស​ដើម្បី​ប្រែចិត្ត នោះ​យើង​យាង​ព្រះអង្គសង្គ្រោះ​មក​ក្នុង​ជីវិត​យើង​ភ្លាម ។ ដូច​អាម៉ូលេក​បាន​បង្រៀន​ថា « ចេញ​មក ហើយ​ចូរ​កុំ​ធ្វើ​ចិត្ត​រឹងរូស​ទៀត​ឡើយ ដ្បិត​មើល​ចុះ ឥឡូវ​នេះ​គឺជា​ពេល​វេលា និង​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​ហើយ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត ហើយ​ពុំ​ធ្វើ​ចិត្ត​រឹងរូស​ទេ រំពេច​នោះ ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ដ៏​មហិមា​នឹង​បាន​មក​ដល់​អ្នក » ។២២ យើង​អាច​មាន​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​ចំពោះ​ទង្វើ​យើង ហើយ​នៅពេល​ជាមួយ​គ្នា​នោះ យើង​ក៏​មាន​អារម្មណ៍​អំណរ​ដែល​មាន​ជំនួយ​ពី​ព្រះអង្គសង្គ្រោះ ។

មូលហេតុ​ដែល​យើង​អាច​ប្រែចិត្ត​បាន​នោះ​គឺ​ដោយសារ​ដំណឹង​ល្អ !២៣ ទោស​បាន « បំបាត់​ចោល​ទៅ » ។២៤ យើង​អាច​ពោរ​ពេញ​ទៅ​ដោយ​អំណរ ដោយ​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​យើង ហើយ​ដោយ​មាន « សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ » ។២៥ យើង​អាច​មាន​អារម្មណ៍​ជ្រះស្រឡះ​អំពី​ភាពអស់សង្ឃឹម និង ចំណង​នៃ​អំពើ​បាប ។ យើង​អាច​ពោរពេញ​ដោយ​ពន្លឺ​ដ៏​អស្ចារ្យ​នៃ​ព្រះ ហើយ « ពុំ​ឈឺ​ចាប់​ទៀត​ទេ » ។២៦ ការប្រែចិត្ត​មិន​គ្រាន់​តែ​ជា​កិច្ចការ​ដែល​អាច​ធ្វើ​បាន​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​កិច្ចការ​ដែល​មាន​អំណរ​ដោយសារ​តែ​ព្រះអង្គសង្គ្រោះ​របស់​យើង ។ ខ្ញុំ​នៅតែ​ចាំ​ពី​អារម្មណ៍​ដែល​ខ្ញុំ​មាន​កាល​នៅក្នុង​ការិយាល័យ​របស់​ប្រធាន​សាខា​ខ្ញុំ បន្ទាប់​ពី​ផាវ​បាន​ផ្ទុះ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​បាន​អភ័យទោស​ឲ្យ ។ អារម្មណ៍​ខុសឆ្គង​ដែល​ខ្ញុំ​មាន​បាន​រសាយ​បាត់ អារម្មណ៍​ទុក្ខព្រួយ​របស់​ខ្ញុំ​បាន​ធូរ​ស្បើយ ហើយ​ចិត្ត​ខ្ញុំ​បាន​ភ្លឺ​ថ្លា ។

បងប្អូន​ប្រុសស្រី នៅពេល​យើង​បញ្ចប់​សន្និសីទ​នេះ​ទៅ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មាន​អំណរ​កាន់តែ​ច្រើន​ឡើង​នៅក្នុង​ជីវិត ៖ ជា​អំណរ​នៅក្នុង​ការដឹង​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ពិតប្រាកដ មាន​អំណរ​លើ​សមត្ថភាព ព្រះហឫទ័យ និង ព្រះរាជ​បំណង​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​អភ័យទោស​ឲ្យ​យើង និង មាន​អំណរ​ក្នុងការ​ជ្រើស​យក​ការប្រែចិត្ត ។ ចូរ​យើង​ធ្វើ​តាម​ការត្រាស់​បង្គាប់​ឲ្យ « ដង​ទឹក​ពី​អណ្តូង​នៃ​សេចក្តី​សង្គ្រោះ…ដោយ​អំណរ » ។២៧ សូម​ឲ្យ​យើង​ជ្រើស​យក​ការភ្ញាក់​ខ្លួន បោះបង់​អំពើ​បាប​របស់​យើង បង្វែរ​ដួងចិត្ត និង ឆន្ទៈ​យើង​ត្រឡប់​មក​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​យើង​វិញ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការមាន​ព្រះជន្ម​រស់​ដ៏​ពិត​របស់​ទ្រង់ ។ ខ្ញុំ​ជា​សាក្សី និង ជា​អ្នក​ទទួល​ក្តីសណ្តោស ក្ដី​មេត្តា​ករុណា ព្រមទាំង​សេចក្ដី​ស្រឡាញ់​ដ៏​ឥត​ប្រៀបផ្ទឹម​របស់​ទ្រង់​ជា​រឿយៗ ។ ឥឡូវ​នេះ​ខ្ញុំ​អធិស្ឋាន​ទូល​សូម​ឲ្យ​ពរជ័យ​នៃ​ការប្រោសលោះ​នៃ​ដង្វាយធួន​របស់​ទ្រង់​ឲ្យ​ក្លាយ​ជា​របស់​បងប្អូន—ហើយ​ទទួល​ពរជ័យ​នោះ​ម្តង​ហើយ​ម្តង​ទៀត ពេញ​មួយ​ជីវិត​របស់​បងប្អូន២៨ ដូច​ដែល​ពរជ័យ​ទាំងនោះ​បាន​ប្រទាន​ដល់​ខ្ញុំ​ដែរ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. អែលឌើរ ភើរ ហ្គូស្តា ម៉ាម ( ឆ្នាំ ១៩៤៨–២០១៦ ) បាន​បម្រើ​ជា​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ពី​ឆ្នាំ ២០១០ រហូត​ដល់​លោក​ទទួល​មរណភាព ។ ទោះ​លោក​បាន​កើត​នៅ​ក្នុង​ទីក្រុង ជុកូពីង ប្រទេស ស៊ុយអែត​ក្តី ក៏​លោក និង ភរិយា​លោក អាហ្គេតា បាន​សង់​ផ្ទះ​របស់​ពួកគេ​នៅ​ទីក្រុង ហ្គតប៊ក ប្រទេស ស៊ុយអែត ។ ក្នុង​សុន្ទរកថា​របស់​លោក​កាល​ពី​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ ២០១០ អែលឌើរ ម៉ាម ក៏​បាន​ថ្លែង​អំពី​រឿង​នេះ​ដែល​បាន​កើត​ឡើង​នៅ​ទីក្រុង ហ្គតប៊ក​ផងដែរ ( សូមមើល « Rest unto Your Souls » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១០១–២ ) ។

  2. ទោះបី​ជា​ស្ទេហ្វាន​មិនមែន​ជា​ឈ្មោះ​ពិតប្រាកដ​របស់​មិត្តភក្តិ​ខ្ញុំ​ក្តី រឿង​ដែល​បាន​និយាយ​ប្រាប់​នេះ​គឺ​មាន​ការអនុញ្ញាត​ពី​គាត់ ។

  3. គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:៤២-៤៣ ។

  4. ពាក្យ​ក្នុង​ភាសា​ក្រិក metanoeo មាន​ន័យ​ថា « ‹ ភ្ញាក់​ខ្លួន › ( ពាក្យmeta, ‹ ក្រោយ​មក › បញ្ជាក់​ឲ្យ ‹ ផ្លាស់ប្តូរ › noeo ‹ ដឹង › nous « គំនិត ជា​កន្លែង​នៃ​គំនិត​ដែល​មាន​សីលធម៌ » ) ( សូមមើល James Strong, The New Strong’s Expanded Exhaustive Concordance of the Bible [2010] Greek dictionary section 162 ) ។

  5. ការបកប្រែ​របស់​ខ្ញុំ​នូវ​ពាក្យ omvänd ។ Om អាច​បកប្រែ​ថា « ជុំវិញ » ។ Vänd អាច​បកប្រែ​ថា « បង្វែរ » ។

  6. C. S. Lewis, The Great Divorce ( ឆ្នាំ ១៩៤៦ ) ទំព័រ ៦ ។ នៅ​ក្នុង​អារម្ភកថា​នៃ​សៀវភៅ​នេះ លេវីស​បាន​សរសេរ​ថា​មនុស្ស​មួយ​ចំនួន​ព្យាយាម​រួបរួម​ស្ថានសួគ៌ និង ស្ថាននរក ជាជាង​ជ្រើសរើស​យក​ស្ថាន​ណា​មួយ​ទៅ​វិញ ។ លោក​បាន​និយាយ​ថា ពួកយើង​មួយ​ចំនួន​គិត​ថា « ការអភិវឌ្ឍ ឬ ការសម្របខ្លួន ឬ ការកែច្នៃ​អាច​ប្តូរ​អ្វី​ដែល​អាក្រក់​ឲ្យ​ទៅ​ជា​ល្អ​វិញ​បាន ។ … ខ្ញុំ​ចាត់​ទុក​ថា​ការជឿ​បែប​នេះ​ជា​កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ​បំផុត ។ … យើង​ពុំ​រស់នៅ​ក្នុង​ពិភព​លោក​មួយ ដែល​មាន​ផ្លូវ​ទាំង​អស់​ជា​អង្គត់​ផ្ចិត និង​មាន​គ្រប់​កន្លែង​ឡើយ ប្រសិនបើ​យើង​ធ្វើ​តាម​បាន​គ្រប់គ្រាន់​នោះ​យើង​នឹង​ខិត​ទៅ​កាន់តែ​ជិត​បន្តិច​ម្តងៗ ហើយ​ទីបំផុត​ទៅ​ដល់​ចំណុច​កណ្តាល ។ …

    ខ្ញុំ​ពុំ​គិត​ថា មនុស្ស​ទាំងអស់​ដែល​ជ្រើស​យក​ផ្លូវ​ខុស​វិនាស​ឡើយ ប៉ុន្តែ​ការសង្គ្រោះ​របស់​ពួកគេ​ត្រូវ​ដាក់​ត្រឡប់​មក​លើ​ផ្លូវ​ត្រូវ​វិញ ។ … អំពើ​អាក្រក់​អាច​កែប្រែ​បាន ប៉ុន្តែ​វា​ពុំ​អាច ‹ ប្រែ › ទៅ​ជា​អំពើល្អ​វិញ​ឡើយ ។ ពេលវេលា​ពុំ​អាច​ជួសជុល​វា​បាន​ឡើយ ។ រឿង​ខុស​ឆ្គង​អាច​ត្រូវ​កែប្រែ​បន្តិចម្តងៗ…ឬ មិន​កែប្រែ​សោះ » (៥–៦) ។

  7. សូមមើល សេចក្តីណែនាំ​ដល់បទគម្ពីរ​ទាំងឡាយ « ការប្រែចិត្ត » ។

  8. អេសេគាល ៣៣:១៤-១៥ ។

  9. ប្រធាន ប៊យដ៏ ឃេ​ផាកកឺ​នៅក្នុង​ការប្រជុំ​ថ្នាក់​ដឹកនាំ​រួមជាមួយ​នឹង​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ ២០១៥​ពុំ​មាន​ការបោះពុម្ព​ផ្សាយ​ទាំង​ស្រុង​ឡើយ ។ សុន្ទរកថា​នេះ​បាន​មក​ពី​ការកត់ចំណាំ​ផ្ទាល់​របស់​ខ្ញុំ កាល​គ្រា​នោះ ។

  10. ប៊យដ៍ ឃេ ផាកកឺ « The Plan of Happiness » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ២៨ ។

  11. នីហ្វៃទី ២ ២:៥ ។

  12. នីហ្វៃទី ២ ២:២៧ ។

  13. សូមមើល  នីហ្វៃទី ២ ២:២៦ ។

  14. អាលម៉ា ១:៤ ។ នីហូរ និង អ្នក​ដើរ​តាម​គាត់​ពុំ​ជឿ​លើ​ការប្រែចិត្ត​ឡើយ ( សូមមើល អាលម៉ា ១៥:១៥) ។

  15. សូមមើល រ័សុល អិម ណិលសុន « Divine Love » Liahona ខែ កុម្ភៈ ឆ្នាំ ២០០៣ ទំព័រ ១២–១៧ ។

  16. សូមមើល លូកា ១៥:១៧ សូមមើល​ផងដែរ ខ​ទី ១១–២៤ ។

  17. William Shakespeare The Rape of Lucrece, បន្ទាត់​ទី ២១១–១៤ ។

  18. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១១ ។

  19. សូមមើលអេសាយ ៥៣:៥ ។

  20. សូមមើល លូកា ១៥:៤–៧; គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១៣ ។

  21. ការប្រែចិត្ត​ពិតប្រាកដ​រួមមាន « សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ » ( កូរិនថូសទី ២ ៧:១០) ។ អែលឌើរ អិម. រ័សុល បាឡឺដ បាន​បង្រៀន​ដូចនេះ ៖ « ចំពោះ​អស់​អ្នក​ដែល​វង្វេង ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ផ្លូវ​មួយ​ឲ្យ​ត្រឡប់​ទៅ​វិញ ។ ប៉ុន្តែ​ផ្លូវ​នោះ​គឺ​ជា​ផ្លូវ​ឈឺ​ចាប់ ។ ការប្រែចិត្ត​គឺ​ពុំ​ងាយ​ស្រួល​ឡើយ វា​ត្រូវការ​ពេលវេលា—ជា​ពេលវេលា​ឈឺ​ចាប់ ! » ( « Keeping Covenants » Ensign ខែ ឧសភា ឆ្នាំ ១៩៩៣ ទំព័រ ៧ ) ។ អែលឌើរ រីឆាដ ជី ស្តក​បាន​បង្រៀន​ផងដែរ​ថា « ជួនកាល​ជំហាន​ដំបូង​នៃ​ការប្រែចិត្ត​មាន​ការលំបាក ហើយ​ឈឺ​ចាប់ » ( « Finding Forgiveness » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៧៧ ) ។ ដោយសារ​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង ការឈឺ​ចាប់​ទាក់ទង​នៅក្នុង​ដំណើរ​ការ​ប្រែចិត្ត នោះ​លទ្ធផល​ចុង​ក្រោយ​គឺ​ជា​អំណរ​ដ៏​ពោរពេញ នៅពេល​បាន​ទទួល​អារម្មណ៍​នៃ​ការអភ័យទោស​ពី​អំពើបាប ។

  22. អាលម៉ា ៣៤:៣១គូស​បញ្ជាក់​បន្ថែម ។

  23. សូមមើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ដំណឹង​ល្អ » ។

  24. អេណុស ១:៦ ។

  25. ម៉ូសាយ ៤:៣ ។

  26. ម៉ូសាយ ២៧:២៩ ។

  27. អេសាយ ១២:៣ ។

  28. សូមមើល ម៉ូសាយ ២៦:២៩-៣០ ។ ទោះបី​ព្រះ​សន្យា​អភ័យទោស​ដោយ​សេរី​ក្តី ការធ្វើ​បាប​ដោយ​ចេតនា ហើយ​ពឹងផ្អែក​លើ​សេចក្តីមេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​ស្រួល​ប្រែចិត្ត​នោះ គឺ​ជា​ការខ្ពើមឆ្អើម​ចំពោះ​ព្រះ​ណាស់ ( សូមមើល ហេព្រើរ ៦:៤–៦; ១០:២៦–២៧) ។ អែលឌើរ រីឆាដ ជី ស្កត មាន​ប្រសាសន៍​ថា ៖ « ដំណឹង​ដ៏​អំណរ​សម្រាប់​មនុស្ស​គ្រប់រូប ដែល​មាន​បំណងចង់​ជម្រះ​ពី​ផលវិបាក​នៃ​ការជ្រើស​រើស​មិន​ល្អនៅ​អតីតកាល គឺ​ថា​ព្រះ​អម្ចាស់​ទត​លើ​ភាព​ទន់​ខ្សោយ​ខុស​ផ្សេង​ពី​ការ​បះបោរ ។ ដូច្នេះ​ព្រះ​ព្រមាន​ថា ការបះបោរ​ដែល​មិន​ប្រែចិត្ត នឹង​នាំ​មក​នូវ​ការ​ដាក់ទោស ពេល​ព្រះអម្ចាស់​មាន​បន្ទូល​អំពី​ភាព​ទន់ខ្សោយ នោះ​តែងតែ​មាន​មក​ជាមួយ​នូវ​ក្ដី​មេត្តា​ករុណា ។ ( « Personal Strength through the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៨៣ ) ។