ឆ្នាំ ២០១០-២០១៩
ការចែកចាយ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ
ខែ តុលា ឆ្នាំ ២០១៦


ការចែកចាយ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ

អ្វី​ដែល​យើង​ហៅ​ថា « កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​សមាជិក » នោះ​គឺ​ពុំ​មែន​ជា​កម្មវិធី​ឡើយ ប៉ុន្តែ​វា​ជា​ឥរិយាបថ​នៃ​សេចក្តីស្រឡាញ់ និង ឈោង​ទៅ​ជួយ​អ្នក​នៅ​ជុំវិញ​យើង​វិញ ។

I.

នៅ​ជិត​ចុង​បញ្ចប់​នៃ​ការបម្រើ​នៅលើ​ផែនដី​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្គាប់​ដល់​ពួកសិស្ស​ទ្រង់​ថា ៖ « ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ » (ម៉ាថាយ ២៨:១៩) និង « ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំង​មូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទូទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ចុះ » (ម៉ាកុស ១៦:១៥) ។ គ្រិស្តសាសនិក​គ្រប់​រូប​មាន​ភារៈកិច្ច​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​មនុស្ស​ទាំងអស់ ។ មនុស្ស​ជាច្រើន​ហៅ​ការបង្គាប់​នេះ​ថា « ការបង្គាប់​ដ៏​មហិមា » ។

រូបភាព
ព្រះអង្គសង្គ្រោះ​បង្រៀន​យើង​ឲ្យ​ចេះ​ស្រឡាញ់​គ្នា

ដូច​អែលឌើរ នែល អិល អាន់ឌើរសិន បាន​ពិពណ៌នា​កាល​ពី​សម័យប្រជុំ​ព្រឹក​មិញ នោះ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​គឺ​ពិតជា​អ្នក​ដែល​នៅក្នុង​ចំណោម​នៃ អស់​អ្នក​ដែល​មាន​ការតាំងចិត្ត​ដ៏​ខ្លាំងក្លា​ចំពោះ​ការទទួលខុសត្រូវ​នោះ ។ យើង​គួរតែ​ធ្វើ​បែប​នោះ ដោយសារ​យើង​ដឹង​ព្រះ​ស្រឡាញ់​កូនចៅ​ទាំងអស់​របស់​ទ្រង់ ហើយ​ថា​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ទ្រង់​បាន​ស្តារ​ចំណេះ​ដឹង និង ព្រះចេស្តា​សំខាន់ៗ​បន្ថែម​ទៀត​ដើម្បី​ប្រទាន​ពរ​ដល់​ពួកគេ​គ្រប់​គ្នា ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ពួកយើង​ឲ្យ​ស្រឡាញ់​មនុស្ស​ទាំងអស់​គ្នា​ឲ្យ​ដូច​ជា​បងប្អូន​ប្រុសស្រី​របស់​យើង ហើយ​យើង​គោរព​តាម​ការបង្រៀន​នោះ តាមរយៈ​ការចែកចាយ​ទីបន្ទាល់ និង សារលិខិត​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ « ក្នុង​ចំណោម​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន » (គ. និង ស. ១១២:១) ។ នេះ​គឺ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ យើង​ចាត់​ទុក​ការណ៍​នេះ​ថា​ជា​ឯកសិទ្ធិ​ដ៏​មាន​អំណរ​មួយ ។ តើ​មាន​អំណរ​ណា​ទៀត​ដែល​មាន​ច្រើន​ជាង​ការចែកចាយ​សេចក្តីពិត​ដ៏​អស់​កល្ប​ជានិច្ច​ជាមួយ​កូនចៅ​របស់​ព្រះ​នោះ ?

សព្វ​ថ្ងៃ​នេះ​យើង​មាន​ធនធាន​ជា​ច្រើន​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ដែល​ជំនាន់​មុនៗ​គ្មាន ។ យើង​មាន​ទូរទស្សន៍ អ៊ិនធើរណែត និង ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ យើង​មាន​សារលិខិត​ដ៏​មាន​តម្លៃ​ជា​ច្រើន ដើម្បី​ណែនាំ​អំពី​ដំណឹង​ល្អ​ដែល​ស្តារ​ឡើង​វិញ ។ សាសនាចក្រ​យើង​មាន​កេរ្តិ៍ឈ្មោះ​នៅក្នុង​ប្រទេស​ជាច្រើន ។ យើង​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​កាន់តែ​ច្រើន​ឡើង ។ ប៉ុន្តែ​តើ​យើង​កំពុង​ប្រើប្រាស់​ធនធាន​ទាំង​អស់​នេះ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ដែរ​ឬ​ទេ ? ខ្ញុំ​ជឿ​ថា​ថា​បងប្អូន​ភាគច្រើន​នឹង​និយាយ​ថា​មិន​ទាន់​អស់​ទេ ។ យើង​មាន​បំណង​បំពេញ​ការទទួលខុសត្រូវ​ដែល​ព្រះ​បាន​ចាត់តាំង​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដែល​ស្តារ​ឡើង​វិញ​នៅក្នុង​ពិភពលោក​ទាំង​មូល ។

មាន​យោបល់​ល្អៗ​ជាច្រើន​ក្នុងការ​ចែកចាយ​ដំណឹង​ល្អ ដែល​អាច​ដំណើរការ​បាន​ល្អ​នៅក្នុង​ស្កេក និង ប្រទេស​នីមួយៗ ។ ប៉ុន្តែ​ដោយសារ​យើង​ជា​សាសនាចក្រ​ដូច​គ្នា​ទូទាំង​ពិភពលោក នោះ​ខ្ញុំ​ចង់​និយាយ​អំពី​យោបល់​នានា​ដែល​នឹង​មាន​ប្រសិទ្ធភាព​នៅ​គ្រប់​ទី​កន្លែង តាំង​ពី​អង្គភាព​ដែល​ទើប​តែ​បង្កើត​ថ្មី រហូត​ដល់​អង្គភាព​ដែល​រឹងមាំ​ហើយ រួមទាំង​វប្បធម៌​នានា​ដែលឥឡូវនេះ​បាន​​​ទទួលយក​​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទចូល​ក្នុង​វប្បធម៌ និង ប្រទេស​នានា​ដែល​មិន​ស្វាគមន៍​សាសនា ។ ខ្ញុំ​ចង់​និយាយ​អំពី​យោបល់​ដែល​បងប្អូន​អាច​ចែកចាយ​ជាមួយ​មនុស្ស​ដែល​បាន​តាំង​ចិត្ត​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​ជាមួយ​មនុស្ស​ដែល​ពុំ​ធ្លាប់​ឮ​ព្រះនាម​ទ្រង់​សោះ និង ជាមួយ​មនុស្ស​ដែល​ពេញ​ចិត្ត​នឹង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ជីវិត​ពួកគេ ព្រមទាំង​ជាមួយ​មនុស្ស​ដែល​ខំ​ប្រឹង​កែលម្អ​ខ្លួន​ពួកគេ ។

តើ​ខ្ញុំ​អាច​និយាយ​ដូចម្តេច ដែល​នឹង​ជួយ​បងប្អូន​ក្នុង​ការចែកចាយ​ដំណឹង​ល្អ​ មិន​ថា​បងប្អូន​មាន​កាលៈទេសៈ​បែប​ណា​នោះ ? យើង​ត្រូវការ​ជំនួយ​ពី​សមាជិក​គ្រប់​រូប ហើយ​សមាជិក​ម្នាក់ៗ​អាច​ជួយ​បាន ព្រោះ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ ពេល​យើង​ចែកចាយ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​ជាមួយ​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ។

រូបភាព
ប្រធាន ម៉នសុន​លើក​ទឹកចិត្ត​សមាជិក និង អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​ធ្វើការ​ជាមួយ​គ្នា

យើង​ទាំងអស់​គ្នា​ដឹង​ថា​សមាជិក​ចូលរួម​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺ​ជា​កត្តា​សំខាន់ ដើម្បី​សម្រេច​បាន​នូវ​ការប្រែចិត្ត​ជឿ និង ការថែរក្សា​ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែង​ថា ៖ « ឥឡូវ​ដល់ពេល​សម្រាប់​សមាជិក និង​អ្នក​ផ្សាយសាសនា​មក​រួម​គ្នា …[ ហើយ ] ធ្វើ​ការ​ក្នុង​ចម្ការ​របស់​ព្រះអម្ចាស់ ដើម្បី​នាំ​ព្រលឹង​មក​កាន់​ទ្រង់ ។ ទ្រង់​បាន​រៀបចំ​មធ្យោបាយ​សម្រាប់​យើង​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​តាម​វិធី​ជា​ច្រើន ហើយ​ទ្រង់​នឹង​ជួយ​យើង​ក្នុង​កិច្ចការ​យើង បើ​យើង​នឹង​ធ្វើ​វា​ដោយ​សេចក្ដីជំនឿ​ដើម្បី​បំពេញ​កិច្ចការ​របស់​ទ្រង់ » ។

រូបភាព
កិច្ចការផ្សព្វផ្សាយសាសនា​ពុំ​មែន​គ្រាន់តែ​ជា​ខ្ទង់​តែ​មួយ​នោះ​ទេ

ការចែកចាយ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​គឺ​ជា​កាតព្វកិច្ច និង ឯកសិទ្ធិ​ពេញ​មួយ​ជីវិត​របស់​យើង​ក្នុង​នាម​ជា​គ្រិស្តសាសនិក ។ អែលឌើរ ឃ្វីនថិន អិល ឃុក រំឭក​យើង​ថា « កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺ​ពុំ​មែន​គ្រាន់តែ​ជា​ខ្ទង់​តែ​មួយ​នៃ​ខ្ទង់​ទាំង ៨៨ របស់​ព្យាណូ​ដែល​លេង​យូរៗ​ម្តង​នោះ​ទេ វា​គឺ​ជា​ខ្សែ​ភ្លេង​ដ៏​សំខាន់​នៅក្នុង​ដូរតន្ត្រី​ដ៏​ពីរោះ ដែល​ចាំបាច់​ត្រូវតែ​លេង​វា​ជា​រៀង​រហូត​ពេញ​មួយ​ជីវិត​របស់​យើង ប្រសិនបើ​យើង​បន្ត​នៅ​ស្រប​ទៅ​នឹង​ការតាំង​ចិត្ត​របស់​យើង​ចំពោះ​ភាព​ជា​គ្រិស្តសាសនិក និង ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ។

II.

មាន​ចំណុច​បី​យ៉ាង​ដែល​សមាជិក​ទាំងអស់​អាច​ធ្វើ ដើម្បី​ជួយ​ចែកចាយ​ដំណឹង​ល្អ ទោះបី​ពួកគេ​រស់នៅ និង ធ្វើការ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ ។ ពួកយើង​ទាំងអស់​គ្នា​គប្បី​ធ្វើ​ចំណុច​ទាំងអស់​នេះ ។

ទីមួយ យើង​ទាំងអស់​គ្នា អាច​អធិស្ឋាន​ទូល​សូម​បំណង​ប្រាថ្នា​ដើម្បី​ជួយ​ក្នុង​ផ្នែក​ដ៏​សំខាន់​នៃ​កិច្ចការ​នៃ​សេចក្តីសង្គ្រោះ ។ គ្រប់​កិច្ចការ​ទាំង​អស់​ចាប់ផ្តើម​ជាមួយ​នឹង បំណងប្រាថ្នា ។

ទី​ពីរ យើង​អាច​គោរព​បទបញ្ញត្តិ​ដោយ​ខ្លួន​យើង ។ សមាជិក​ស្មោះត្រង់ ដែល​គោរព​ប្រតិបត្តិ​គឺ​ជា​សាក្សី​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​អំពី​សេចក្តីពិត និង តម្លៃ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ។ រឹត​តែ​សំខាន់​ទៅ​ទៀត​នោះ​គឺ​ថា សមាជិក​ស្មោះត្រង់​នឹង​មាន​ព្រះវិញ្ញាណ​របស់​ព្រះអង្គសង្គ្រោះ​គង់​នៅ​ជាមួយ​ពួកគេ​ជានិច្ច ដើម្បី​ដឹកនាំ​ពួកគេ​ពេល​ពួកគេ​ព្យាយាម​ចូលរួម​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ការចែកចាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ​នេះ ។

ទី​បី យើង​អាច​អធិស្ឋាន​ទូល​សូម​ការបំផុស​គំនិត​អំពី​អ្វី​ដែល យើង អាច​ធ្វើ​តាម​ស្ថានភាព​យើង​ម្នាក់ៗ ដើម្បី​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​អ្នក​ដទៃ ។ ការណ៍​នេះ​វា​ផ្សេង​ពី​ការ​អធិស្ឋាន​សូម​ឲ្យ អ្នក​ផ្សព្វផ្សាយ​សាសនា ឬ អធិស្ឋាន​សូម​ឲ្យ អ្នក​ដទៃ អាច​ធ្វើ​អ្វី​មួយ​នោះ ។ យើង​គប្បី​អធិស្ឋាន​ទូល​សូម​នូវ​អ្វី​ដែល យើង អាច​ធ្វើ​ផ្ទាល់​ខ្លួន ។ ពេល​យើង​អធិស្ឋាន យើង​គប្បី​ចងចាំ​ថា ការអធិស្ឋាន​ទូល​សូម​ការបំផុស​គំនិត​បែប​នោះ នឹង​ទទួល​បាន​ចម្លើយ​ ប្រសិនបើ​វា​បូក​រួម​ជាមួយ​នឹង​ការតាំងចិត្ត—ជា​អ្វី​មួយ​ដែល​ព្រះគម្ពីរ​ហៅ​ថា « ស្មោះ​អស់​ពី​ចិត្ត ឬ ពេញចិត្ត​ប្រាថ្នា » ។ ចូរ​អធិស្ឋាន​ទូលសូម​ការតាំងចិត្ត​មួយ ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត​ដែល​បងប្អូន​បាន​ទទួល ដោយ​សន្យា​ព្រះអម្ចាស់​ថា ប្រសិនបើ​ទ្រង់​នឹង​បំផុស​គំនិត​ដល់​បងប្អូន​ឲ្យ​និយាយ​ជាមួយ​នរណា​ម្នាក់​អំពី​ដំណឹង​ល្អ នោះ​បងប្អូន​នឹង​ធ្វើ​តាម​ ។

យើង​ត្រូវការ​ការណែនាំ​ពី​ព្រះអម្ចាស់ ព្រោះ​មាន​ពេល​ជាក់លាក់​ដែល​មនុស្ស​មួយ​ចំនួន​ត្រៀម​ខ្លួន​ជា​ស្រេច—និងអ្នក​ខ្លះ​មិន​ទាន់​ត្រៀម​ខ្លួន​—សម្រាប់​សេចក្តីពិត​បន្ថែម​ទៀត​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ។ យើង​ពុំ​គប្បី​លើក​ខ្លួន​យើង​ឡើង​ក្នុង​ការ​វិនិច្ឆ័យ​ថា នរណា​ដែល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច និង មិន​ទាន់​ត្រៀម​ខ្លួន​រួច​នោះ​ទេ ។ ព្រះអម្ចាស់​ជ្រាប​ដឹង​ពី​ដួងចិត្ត​នៃ​កូនចៅ​ទាំងអស់​របស់​ទ្រង់ ហើយ​ប្រសិនបើ​យើង​អធិស្ឋាន​ទូលសូម​ការបំផុសគំនិត​នោះ ទ្រង់​នឹង​ជួយ​ពួកយើង​រកឃើញ​បុគ្គល​ដែល​ទ្រង់​ជ្រាប​ថា​ជា​អ្នក​ដែល « ប្រុងប្រៀប​នឹង​ស្ដាប់​តាម​ព្រះ​បន្ទូល » (អាលម៉ា ៣២:៦) ។

ក្នុង​នាម​ជា​សាវក​របស់​ព្រះអម្ចាស់ ខ្ញុំ​សូម​ជំរុញ​សមាជិក​គ្រប់​រូប និង ក្រុមគ្រួសារ​ទាំងអស់​ក្នុង​សាសនាចក្រ ឲ្យ​អធិស្ឋាន​ទូលសូម​ព្រះអម្ចាស់ ឲ្យ​ជួយ​ពួកគេ​ស្វែងរក​មនុស្ស​ដែល​បាន​ត្រៀម​ខ្លួន ដើម្បី​ទទួល​សារ​លិខិត​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ ។ អែលឌើរ អិម. រ័សុល បាឡឺដ​បាន​ផ្តល់​ការទូន្មាន​ដ៏​សំខាន់​នេះ​ដែល​ខ្ញុំ​យល់​ស្រប​តាម ៖ « ចូរ​ទុក​ចិត្ត​ព្រះអម្ចាស់ ។ ទ្រង់​ជា​អ្នក​គង្វាល​ល្អ ។ ទ្រង់​ស្គាល់​ចៀម​របស់​ទ្រង់ ។ …ប្រសិន​បើ​យើង​ពុំ​ចូលរួម នោះ​មាន​មនុស្ស​ជាច្រើន​នឹង​ពុំ​បាន​ឮ​សារលិខិត​នៃ​ការ​ស្ដារឡើងវិញ​ទេ ។ … គោលការណ៍​គឺ​សាមញ្ញ​ណាស់—អធិស្ឋាន​ដោយ​ផ្ទាល់​ខ្លួន និង ជា​គ្រួសារ​របស់​បងប្អូន​ទូល​សូម​ឱកាស​សម្រាប់​ផ្សព្វផ្សាយ​សាសនា ។ នៅពេល​យើង​បង្ហាញ​សេចក្តីជំនឿ​យើង នោះ​ឱកាស​ទាំង​នេះ​នឹង​កើត​ឡើង​ដោយ​គ្មាន « ការ​រៀបចំ ឬ … គ្រោង​ទុក​ឡើយ ។ វា​នឹង​កើត​ឡើង​មក​ពី​សេចក្ដី​ស្រឡាញ់​របស់​យើង​ដែល​មាន​ចំពោះ​បងប្អូន​ប្រុសស្រី​យើង » ។

ខ្ញុំ​ដឹង​ថា​រឿង​នេះ​ពិត ។ ខ្ញុំ​សូម​បន្ថែម​ការសន្យា​របស់​ខ្ញុំ​ថា ដោយ​មាន​ជំនឿ​លើ​ជំនួយ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រូវបាន​ដឹកនាំ បំផុសគំនិត ហើយ​រកឃើញ​អំណរ​ដ៏​ខ្លាំង​នៅក្នុង​កិច្ចការ​ដ៏​សំខាន់​អស់កល្ប​នៃ​ក្តី​ស្រឡាញ់​នេះ ។ យើង​នឹង​យល់​ថា​ជោគជ័យ​ក្នុងការ​ចែកចាយ​ដំណឹង​ល្អ គឺ​ជា​ការអញ្ជើញ​មនុស្ស​ដោយសេច​ក្តីស្រឡាញ់ ហើយ​ស្មោះសរ ដើម្បី​ជួយ​ពួកគេ ទោះបី​ចម្លើយ​ពួកគេ​បែប​ណា​ក៏​ដោយ ។

III.

នេះ​គឺ​ជា​របៀប​មួយ​ចំនួន​ផ្សេង​ទៀត ដែល​យើង​អាច​ធ្វើ​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​ឲ្យ​មាន​ប្រសិទ្ធភាព ៖

រូបភាព
សមាជិក​ស្វាគមន៍​ភ្ញៀវ
រូបភាព
សមាជិក​សួរសុខទុក្ខ
រូបភាព
អ្នក​បើក​រថយន្តឈ្នួល​នៅ​កីឡាអូឡាំពិក​ប្រទេស​ប្រេស៊ីល
  1. យើង​ត្រូវ​ចាំ​ថា « មនុស្ស​រៀន​នៅ​ពេល​ពួកគេ​ត្រៀម​ខ្លួន​ដើម្បី​រៀន ពុំ​មែន​នៅ​ពេល​យើង​ត្រៀម​ខ្លួន​រួច​ដើម្បី​បង្រៀន​នោះ​ទេ » ។ អ្វី​ដែល យើង ចាប់​អារម្មណ៍ ដូច​ជា​ការបង្រៀន​គោលលទ្ធិ​សំខាន់ៗ​បន្ថែម​ទៀត​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ ជាទូទៅ​ពុំ​មែន​ជា​អ្វី​ដែល អ្នក​ដទៃ ចាប់​អារម្មណ៍​ឡើយ ។ ជា​ទូទៅ​មនុស្ស​ផ្សេង​ទៀត​ចង់​បាន លទ្ធផល នៃ​គោលលទ្ធិ មិន​មែន​ចង់​បាន​គោលលទ្ធិ​ទេ ។ នៅពេល​ពួកគេ​សង្កេត ឬ មាន​បទពិសោធន៍​អំពី​ឥទ្ធិពល​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ​នៅក្នុង​ជីវិត​ពួកគេ នោះ​ពួកគេ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ចាប់ផ្តើម​ចាប់​អារម្មណ៍​លើ​គោលលទ្ធិ ។ ពួកគេ​ក៏​អាច​ចាប់​អារម្មណ៍ នៅពេល​ពួកគេ​កំពុង​ស្វែងរក​សុភមង្គល​ថែម​ទៀត ចង់​ខិតកាន់តែ​ជិត​ព្រះ ឬ យល់​បាន​កាន់តែ​ច្បាស់​អំពី​គោលបំណង​នៃ​ជីវិត​នេះ ។ ម្ល៉ោះហើយ យើង​ត្រូវ​យក​ចិត្ត​ទុកដាក់ ហើយ​ស្វែងរក​ការញែក​ដឹង​ដោយយក​ចិត្ត​ទុកដាក់ និង​ដោយការ​អធិស្ឋាន​អំពី របៀប​ស៊ើប​សួរ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ដទៃ​ដើម្បី​រៀន​បន្ថែម​ទៀត ។ ការណ៍​នេះ​អាស្រ័យ​លើ​រឿង​ផ្សេងៗ ដូច​ជា​កាលៈទេសៈ​បច្ចុប្បន្ន​របស់​បុគ្គល​ម្នាក់ និង ទំនាក់​ទំនង​រវាង​យើង​ជាមួយ​នឹង​ពួកគាត់ ។ វា​គឺ​ជា​ប្រធាន​បទ​ដ៏​ល្អ ដើម្បី​ពិភាក្សា​នៅក្នុង​ក្រុម​ប្រឹក្សា ក្នុង​កូរ៉ុម និង សមាគម​សង្គ្រោះ ។

  2. នៅពេល​យើង​និយាយ​ជាមួយ​អ្នក​ដទៃ យើង​ត្រូវ​ចាំ​ថា​ការអញ្ជើញ​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់​គឺ​ជា​ការអញ្ជើញ​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី សាសនាចក្រ​របស់​យើង ។ យើង​ចង់​ឲ្យ​មនុស្ស​ប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ ។ នោះ​គឺ​ជា​តួនាទី​ដ៏​អស្ចារ្យ​មួយ​នៃ​ក្នុង​ព្រះគម្ពីរ​មរមន ។ មនុស្ស​ដែល​បាន​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នាំ​ឲ្យ​គាត់​មាន​អារម្មណ៍​អំពី​សាសនាចក្រ​របស់​យើង អារម្មណ៍​នោះ​មិន​កើត​ឡើង​មុន​ការប្រែចិត្ត​ជឿ​ឡើយ ។ ម៉្លោះហើយ មនុស្ស​ជា​ច្រើន​ដែល​មាន​មន្ទិល​សង្ស័យ​អំពី​ព្រះវិហារ​នានា មានសេច​ក្តីស្រឡាញ់​ចំពោះ​ព្រះអង្គសង្គ្រោះ ។ ចូរ​ធ្វើ​កិច្ចការ​នេះ​តាម​លំដាប់លំដោយ ។

  3. នៅពេល​យើង​ព្យាយាម​ណែនាំ​មនុស្ស ឲ្យ​ស្គាល់​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ នោះ​យើង​គប្បី​ធ្វើ​កិច្ចការ​នេះ​តាម​របៀប​ដែល​ស្មោះសរ និង ស្រឡាញ់​ខ្វល់ខ្វាយ​ចំពោះ​បុគ្គល​ម្នាក់ៗ ។ ការណ៍​នេះ​កើត​ឡើង​ពេល​យើង​ព្យាយាម​ជួយ​អ្នក​ដទៃ ដោះស្រាយ​បញ្ហា​ដែល​ពួកគេ​មាន ឬ ពេល​យើង​កំពុង​ធ្វើការ​ជាមួយ​ពួកគេ​ក្នុង​សកម្មភាព​បម្រើ​សហគមន៍ ដូច​ជា​សម្រាល​​ការរងទុក្ខ ថែរក្សា​ដល់​ជន​ទុរគត និង ខ្វះខាត ឬ បង្កើន​គុណភាព​ជីវិត​របស់​មនុស្ស​ដទៃ ។

  4. កិច្ចខិតខំ​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ពុំ​គួរ​គ្រាន់តែ​ជា​មនុស្ស​នៅក្នុង​រង្វង់​មិត្តភក្តិ និង អ្នក​ធ្វើ​ការ​ជាមួយ​គ្នា​ឡើយ ។ អំឡុង​ពេល​កីឡា​អូឡាំពិក យើង​បាន​ដឹង​រឿង​អំពី​តៃកុង​ឡាន​ឈ្នួល អិល.ឌី.អេស.​ម្នាក់​នៅក្នុង​ទីក្រុង រីអូ ឌេ ចានីរ៉ូ ដែល​បាន​ដឹក​គម្ពីរ​មរមន​ប្រាំពីរ​ភាសា​ផ្សេង​គ្នា​ជា​ច្រើន​ក្បាល ហើយ​បាន​ឲ្យ​ទៅ​អស់​អ្នក​ដែល​នឹង​ទទួល​យក​គម្ពីរ​នោះ ។ គាត់​បាន​ហៅ​ខ្លួន​គាត់​ថា « អ្នក​ផ្សព្វផ្សាយ​សាសនា​បើក​រថយន្ត​ឈ្នួល » ។ គាត់​បាន​និយាយ​ថា « ផ្លូវ​នៅ​ទីក្រុង រីអូ ឌេ ចានីរ៉ូ … គឺ​ជា​តំបន់​បេសកកម្ម [ របស់​ខ្ញុំ ] » ។

    ក្លេតុន អិម គ្រីស្ទីនសិន ដែល​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ ក្នុង​នាម​ជា​សមាជិក​អ្នក​ផ្សព្វផ្សាយ​សាសនា បាន​ថ្លែង​ថា « អស់​ពេល​ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ យើង​បាន​សង្កេត​ឃើញ​ថា ទំនាក់ទំនង​ស្និទ្ធស្នាល និង ឱកាស​នានា​ដែល​មាន​រវាង​មនុស្ស​ពីរ​នាក់ គឺ​ពុំ​ទាក់ទង​នឹងការ​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ចាប់​អារម្មណ៍​ក្នុងការ​រៀន​អំពី​ដំណឹង​ល្អ​ឡើយ » ។

  5. គណៈប៊ីស្សព​អាច​រៀបចំ​ផែនការ​ការប្រជុំ​សាក្រាម៉ង់​ពិសេស​មួយ ដែល​ជំរុញ​សមាជិក​ឲ្យ​នាំ​មនុស្ស​ដែល​ចាប់​អារម្មណ៍​ដំណឹង​ល្អ​មក​ចូលរួម ។ សមាជិក​វួដ​នឹង​ពុំ​សូវ​ស្ទាក់ស្ទើរ ក្នុង​ការនាំ​មនុស្ស​ដែល​ពួកគេ​ស្គាល់​មក​ការប្រជុំ​បែប​នោះ​ឡើយ ដោយសារ​ពួកគេ​នឹង​បញ្ជាក់​បន្ថែម​ទៀត​ថា មាតិកា​នៃ​ការប្រជុំ​នឹង​ត្រូវបាន​រៀបចំ​បាន​ល្អ ដើម្បី​បង្កើត​ឲ្យ​មាន​ចំណាប់​អារម្មណ៍ ហើយ​បង្ហាញ​អំពី​សាសនាចក្រ​បាន​យ៉ាង​ល្អ ។

  6. មាន​ឱកាស​ផ្សេង​ទៀត​ជា​ច្រើន​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ។ ឧទាហរណ៍ កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​នេះ ខ្ញុំ​បាន​ទទួល​សំបុត្រ​ដ៏​រីករាយ​មួយ​ពី​សមាជិក​ថ្មី​ម្នាក់ បាន​រៀន​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ពេល​មិត្ត​រួម​ថ្នាក់​ស្គាល់​គ្នា​យូរ​ម្នាក់​បាន​ទូរសព្ទ​មក​នាង សួរ​អំពី​ជំងឺ​ដែល​នាង​កំពុង​មាន ។ នាង​បាន​សរសេរ ៖ « ខ្ញុំ​មាន​អារម្មណ៍​រំភើប​ចំពោះ​របៀប​ដែល​គាត់​បាន​ណែនាំ​ខ្លួន​​គាត់​ដល់​ខ្ញុំ ។ បន្ទាប់​ពី​រៀន​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ពីរ​បីខែ​មក ខ្ញុំ​បាន​ជ្រមុជ​ទឹក ។ ជីវិត​ខ្ញុំ​បាន​កែលម្អ​ចាប់តាំង​ពី​ពេល​នោះ មក » ។១០ យើង​ទាំងអស់​គ្នា​ដឹង​ថា មនុស្ស​ជា​ច្រើន​បានកែលម្អ​តាមរយៈ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ។ តើ​យើង​ពួកយើង​កំពុង​ជួយ​ដល់​ពួកគេ​ដែរ​ឬ​ទេ ?

  7. ចំណាប់​អារម្មណ៍ និង ភាព​ប៉ិនប្រសប់​របស់​សមាជិក​វ័យ​ក្មេង​របស់​យើង ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ផ្តល់​ឱកាស​ពិសេស​ដល់​ពួកគេ ជួយ​ដល់​អ្នក​ដទៃ​ឲ្យ​ចាប់​អារម្មណ៍​លើ​ដំណឹង​ល្អ ។ ដោយ​ពិពណ៌​អំពី​រូបរាង​របស់​ព្រះអង្គសង្គ្រោះ​ដល់​ពួកសាសន៍​នីហ្វៃ មរមន​សរសេរ​ថា « ទ្រង់​បាន​បង្រៀន ហើយ​ធ្វើ​ការងារ​បម្រើ​ដល់​ពួក​កូន​ក្មេង… ហើយ​ទ្រង់​បាន​ស្រាយ​អណ្ដាត​វា… ដើម្បី​ឲ្យ​វា​អាច​និយាយ​បាន » ( នីហ្វៃទី ៣ ២៦:១៤) ។ បច្ចុប្បន្ន​នេះ​ខ្ញុំ​គិត​ថា​យើង​នឹង​និយាយ​ថា ទ្រង់​បាន​« ស្រាយ [ ម្រាម​ដៃ ] របស់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​និយាយ​បាន » ។ យុវវ័យ​អើយ ចូរ​ចែកចាយ​ដំណឹង​ល្អ​តាម​របៀប​នោះ​ចុះ !

រូបភាព
ការចែកចាយដំណឹងល្អ​តាមរយៈ​ការផ្ញើសារ

ការចែកចាយដំណឹងល្អ​ពុំមែន​ជា​បន្ទុក​ឡើយ ប៉ុន្តែ​ជា​អំណរ​វិញ ។ អ្វី​ដែល​យើង​ហៅ​ថា « កិច្ចការ​ផ្សព្វផ្សាយ​សាសនា​សមាជិក » នោះ​គឺ​ពុំ​មែន​ជា​កម្មវិធី​នោះ​ទេ ប៉ុន្តែ​វា​ជា​ឥរិយាបថ​នៃ​សេចក្តីស្រឡាញ់ និង ឈោង​ទៅ​ជួយ​អ្នក​នៅ​ជុំវិញ​យើង ។ វា​ក៏​ជា​ឱកាស​មួយ​ដើម្បី​ធ្វើ​ទីបន្ទាល់ អំពី​របៀប​ដែល​យើង​ទទួល​អារម្មណ៍​អំពី​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ​យើង ។ ដូច​អែលឌើរ បាឡឺដ បាន​បង្រៀន​ថា « ភស្តុតាង​សំខាន់​បំផុត​នៃ​ការប្រែចិត្ត​ជឿ​របស់​យើង និង របៀប​ដែល​យើង​ទទួល​អារម្មណ៍​អំពី​ដំណឹង​ល្អ​នៅក្នុង​ជីវិត​យើង​ផ្ទាល់ គឺ​ជា​ឆន្ទៈ​របស់​យើង​ដើម្បី​ចែកចាយ​វា​ជាមួយ​អ្នក​ដទៃ » ។១១

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ពន្លឺ និង ជីវិត​នៃ​ពិភពលោក ( សូមមើល  នីហ្វៃទី ៣ ១១:១១) ។ ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ទ្រង់​បំភ្លឺ​ផ្លូវ​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ដង្វាយធួន​របស់​ទ្រង់​ផ្តល់​ការបញ្ជាក់​អំពី​ជីវិត​បន្ទាប់​ពី​ស្លាប់​ដល់​យើង និង​ផ្តល់​កម្លាំង​ឲ្យ​យើង​ស៊ូ​ទ្រាំ​ឆ្ពោះ​ទៅ​រក​ជីវិត​អមតៈ ។ ហើយ​តាមរយៈ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​ដ៏​រុងរឿង​របស់​ព្រះ នោះ​ដង្វាយធួន​របស់​ទ្រង់​ផ្តល់​ឱកាស​ដល់​យើង​ទទួល​បាន​ការអភ័យទោស​ពី​អំពើ​បាប​យើង ព្រមទាំង​ផ្តល់​ភាពសក្តិសម​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច គឺ​ជា​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ (គ. និង ស. ១៤:៧) ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ថូម៉ាស អេស ម៉នសុន « Welcome to Conference » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤ ។

  2. ឃ្វីនថិន អិល ឃុក « How to Be a Member Missionary » New Era ខែ កុម្ភៈ ឆ្នាំ ២០១៥ ទំព័រ ៤៨ ។

  3. អិម. រ័សុល បាឡឺដ « Put Your Trust in the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤៤ ។

  4. អិម. រ័សុល បាឡឺដ « ចូរទុកចិត្តដល់ព្រះយេហូវ៉ាចុះ » ទំព័រ ៤៤ ។

  5. Clayton M. Christensen, The Power of Everyday Missionaries ( ឆ្នាំ ២០១២ ) ទំព័រ ៣០ ។

  6. សូមមើល Christensen  Power of Everyday Missionaries ២៦-២៧ ។

  7. សូមមើល Gary C. Lawrence, How Americans View Mormonism: Seven Steps to Improve Our Image ( ឆ្នាំ ២០០៨ ) ទំព័រ ៣៤–៣៥ ។

  8. សូមមើល Ashley Kewish « Cab Driver Hands Out Copies of Book of Mormon to Rio Visitors » ថ្ងៃ​ទី ៨ ខែ សីហា. ឆ្នាំ ២០១៦ ksl.com ។

  9. Christensen, Power of Everyday Missionaries, ទំព័រ​ទី ២១ ។

  10. សំបុត្រ​ផ្ទាល់​ខ្លួន​ថ្ងៃ​ទី ២១ ខែ សីហា ឆ្នាំ ២០១៦ ។

  11. អិម. រ័សុល បាឡឺដ « Now Is the Time » Liahona ខែ មករា ឆ្នាំ ២០០១ ទំព័រ ៨៩ ។