ឆ្នាំ ២០១០-២០១៩
ផែនការ​ដ៏​មហិមា​នៃ​សេចក្ដី​ប្រោសលោះ
ខែ តុលា ឆ្នាំ ២០១៦


ផែនការ​ដ៏​មហិមា​នៃ​សេចក្ដី​ប្រោសលោះ

ខ្ញុំ​ដឹង​ថា ពេល​យើង​ប្រែចិត្ត នោះ​អំពើបាប​យើង​ត្រូវបាន​សម្អាត—មិន​បន្សល់​ទុក​ស្លាកស្នាម​អ្វី​ឡើយ !

នៅរយៈ​ពេល​ប៉ុន្មាន​ខែ ពី​មុន​ប្រធាន ប៊យដ៍  ឃេ ផាកកឺ ទទួល​មរណភាព ថ្នាក់​ដឹកនាំ​បព្វជិតភាព​ទូទៅ និង អង្គការជំនួយ បាន​មាន​ឱកាសដ៏​​វិសេស​ស្ដាប់​លោក​ថ្លែង​សុន្ទរកថា ។ ខ្ញុំ​នៅ​តែ​ចាំ​មិន​ភ្លេច​នូវ​អ្វី​ដែល​លោក​បាន​ថ្លែង ។ គាត់​បាន​ចែកចាយ​ថា លោក​បាន​ស្រាវជ្រាវ​បក​ក្រោយ​វិញ​ក្នុង​ខ្សែ​ជីវិត​លោក ដោយ​ស្វែងរក​ភស្ដុតាង​ប្រាប់​ថា​លោក​បាន​ប្រព្រឹត្ត​បាប ហើយ​ប្រែចិត្ត​វិញ ប៉ុន្តែ​លោក​រក មិន​ឃើញ​ស្លាកស្នាម អ្វី​ទាល់តែសោះ ។ តាមរយៈ​ពលិកម្មធួន​នៃ​ព្រះអង្គ​សង្គ្រោះ​​យើង ជា​ព្រះយេស៊ូវគ្រីស្ទ និងតាមរយៈ​ការប្រែចិត្ត​ដ៏​ស្មោះ នោះ​អំពើបាប​របស់​លោក​ត្រូវបាន​សម្អាត​ដូច​ជា​វា​មិន​ដែល​កើតឡើង​ដូច្នោះ​ដែរ ។ ប្រធាន​ផាកកឺ បាន​បង្គាប់​យើង​ក្នុងនាម​ជា​អ្នកដឹកនាំ​នៅ​ថ្ងៃ​នោះ​ឲ្យ​ថ្លែង​ទីបន្ទាល់​ថា រឿង​នេះ​គឺជា​ការ​ពិត​សម្រាប់​យើង​ម្នាក់ៗ​ដែល​ប្រែចិត្ត​ដោយពិត​ប្រាកដ ។

ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​រំលង​ខាង​សីលធម៌​ច្រើន​ឆ្នាំ​កន្លង​ទៅ ។ អស់​ពេល​ជា​យូរ បុរស​រូប​នេះ​ខ្មាសអៀន ហើយ​បារម្ភ​ខ្លាំង​ក្នុង​ការនិយាយ​ស្ដី​ជាមួយ​ភរិយា​ខ្លួន និង ថ្នាក់​ដឹកនាំ​បព្វជិតភាព ។ គាត់​ចង់​ប្រែចិត្ត​ឲ្យ​ដាច់ស្រឡះ ប៉ុន្តែ​បែរ​ជា​គាត់​ចង់​បោះបង់​សេចក្ដីសង្គ្រោះ​ដ៏​អស់កល្ប​ផ្ទាល់​ខ្លួន ប្រសើរ​ជាង​ធ្វើ​ឲ្យ​ភរិយា និង​កូនៗ​គាត់​កើតទុក្ខ មាន​ភាពអាម៉ាស់ ឬ លទ្ធផល​ផ្សេង​ទៀត​ដែល​អាច​បណ្ដាល​មក​ពី​ការសារភាព​របស់​គាត់​ទៅ​វិញ ។

ពេល​យើង​បាន​ប្រព្រឹត្ត​បាប សាតាំង​តែង​ព្យាយាម​បញ្ចុះបញ្ចូល​យើង​ថា កិច្ចការ​ដែល​មិន​អាត្មានិយម​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ការពារ​មនុស្ស​ដទៃ​ពី​ការខូចខាតពេល​គេ​​ការ​​ដឹង​ថា​យើង​បាន​ប្រព្រឹត្ត​បាប​នោះ ​រួម​ទាំង​ចៀស​វាង​ពី​ការសារភាព​ប្រាប់​ប៊ីស្សព ជា​បុគ្គល​ដែល​អាច​ផ្ដល់​ពរ​ក្នុង​ជីវិត​យើង​តាមរយៈ​កូនសោ​បព្វជិតភាព​ក្នុង​នាម​ជា​ចៅក្រម​ទូទៅ​នៃ​អ៊ីស្រាអែល ។ ប៉ុន្តែការ​ពិត​នោះ​គឺ​ថា ភាព​មិន​អាត្មានិយម និង ភាព​ដូច​ព្រះគ្រីស្ទ ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ សារភាព ហើយ​ប្រែចិត្ត ។ នេះ​គឺ​ជា​ផែនការ​ដ៏​មហិមា​នៃ​សេចក្ដី​ប្រោសលោះ​របស់​ព្រះវរបិតាសួគ៌ ។

ទីបំផុត បុរស​រូប​នេះ​បាន​សារភាពដោយ​ស្មោះ​ត្រង់​ប្រាប់​ភរិយា​ខ្លួន និង ថ្នាក់ដឹកនាំ​សាសនាចក្រ ដោយ​បង្ហាញ​ថា​គាត់​សោកស្ដាយ​ជា​ខ្លាំង ។ ទោះ​វា​ជា​កិច្ចការ​ដែល​ពិបាក​ធ្វើ​បំផុត​ក្ដី ក៏​អារម្មណ៍​ធូរស្បើយ ភាពសុខសាន្ត ការដឹងគុណ សេចក្ដី​ស្រឡាញ់ ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ការដឹង​ថា​ព្រះអម្ចាស់​បាន​ដក​យក​បន្ទុក​ដ៏​ធ្ងន់​របស់​គាត់ចេញ ហើយ​លើកគាត់​ឡើង បាន​ធ្វើ​ឲ្យ​គាត់​មាន​អំណរ​លើស​ជាង​អ្វី​ទាំងអស់ ទោះជា​លទ្ធផល ឬ​អនាគត​របស់​គាត់​នឹង​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ ។

រូបភាព
ការលួងលោម​ចិត្ត​ពី​ព្រះអង្គសង្គ្រោះ

គាត់​បាន​ដឹង​ច្បាស់​ណាស់​ថា ភរិយា និង កូនៗ​គាត់​នឹង​ទទួល​រង​ការខូចខាត—ពួកគេ​ទទួល​រង​ពិតមែន ហើយ​នឹង​មាន​ការដាក់​វិន័យ​លើ​ការប្រព្រឹត្ត ព្រមទាំង​ការ​ដោះលែង​ពី​ការហៅ​របស់​គាត់មែន—ហើយ​ពិត​ជា​កើត​ឡើង​​មែន ។ គាត់​បាន​ដឹង​ច្បាស់​ណាស់​ថា ភរិយា​គាត់​នឹង​ខូចចិត្ត ឈឺចាប់ ហើយ​ខឹង—​នាងពិត​ជា​​មាន​អារម្មណ៍​ដូចនោះ​មែន ។ គាត់​ថែមទាំង​ជឿ​ថា នាង​នឹង​ចុះចេញ ទាំង​នាំ​យក​កូនៗ​ទៅ​ជាមួយ​ផង—ប៉ុន្តែ​នាង​មិន​ធ្វើបាន​​ដូចនោះ​ទេ ។

ពេលខ្លះ អំពើរំលង​ធ្ងន់ធ្ងរ​នាំ​ទៅ​រក​ការលែងលះ ហើយ​អាស្រ័យ​ទៅ​លើ​កាលៈទេសៈ​ដែល​អាច​នឹង​ចាំបាច់ផង​ដែរ ។ ប៉ុន្តែ​បុរស​រូប​នេះ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ភរិយា​គាត់​បាន​ទទួល​យក​គាត់ ហើយបាន​​លះបង់​ដើម្បី​ជួយ​គាត់​គ្រប់​មធ្យោបាយ​ដែល​នាង​អាច​ធ្វើ ។ ទីបំផុត នាង​អាច​អភ័យទោស​ឲ្យ​គាត់​ទាំងស្រុង ។ នាង​បាន​ដឹង​ពី​អំណាច​នៃ​ការ​ព្យាបាល​ពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​នាង ។ ក្រោយ​មក គូស្វាមី​ភរិយា​នេះ ព្រមទាំង​កូន​បី​នាក់​បន្ដ​នៅ​រឹងមាំ ហើយ​ស្មោះត្រង់ ។ ស្វាមី និង ភរិយា​នេះ​បម្រើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​មាន​អាពាហ៍ពិពាហ៍​ដ៏​រីករាយ​គួរឲ្យស្រឡាញ់ ។ ជម្រៅ​នៃ​ទីបន្ទាល់​របស់​បុរស​រូប​នេះ និងសេច​ក្ដីស្រឡាញ់ ព្រមទាំង​អំណរគុណ​របស់​គាត់​ចំពោះ​ព្រះអង្គ​សង្គ្រោះ គឺ​ជា​ភស្ដុតាង​ក្នុង​ជីវិត​គាត់ ។

អាមូលេក​ថ្លែង​ទីបន្ទាល់​ថា « ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​មក ហើយ​ចូរ​កុំ​ធ្វើ​ចិត្ត​រឹងរូស​ទៀត​ឡើយ  … បើ​សិន​ជា​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត … , រំពេច​នោះ ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ដ៏​មហិមា​នឹង​បាន​មក​ដល់​អ្នក » ។

ពេល​ខ្ញុំ​បម្រើ​ជាមួយ​ស្វាមី​ខ្ញុំ​កាល​គាត់​ជា​ប្រធាន​បេសកកម្ម នា​ព្រឹក​មួយ យើង​បាន​ទៅ​អាកាស​យានដ្ឋាន​​ដើម្បី​ទទួល​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ធំ​មួយ​ ។ យើង​បាន​ចាប់អារម្មណ៍​លើ​យុវជន​មួយ​រូប ។ គាត់​ហាក់ដូចជា​ក្រៀមក្រំ មាន​បន្ទុក​ធ្ងន់ ហើយ​ស្ទើរតែ​លិចលង់​ក្នុង​ទុក្ខព្រួយ ។ យើង​បាន​មើល​ទៅ​គាត់​យ៉ាង​យកចិត្តទុកដាក់​នៅ​រសៀល​នោះ ។ ដល់​ល្ងាច​ឡើង យុវជន​រូបនេះ​បាន​សារភាព​កំហុស​ដ៏​ហួស​ពេល​មួយ ហើយ​ថ្នាក់ដឹកនាំ​របស់​គាត់​បាន​សម្រេច​ថា​គាត់​ត្រូវ​ត្រឡប់​ទៅ​ផ្ទះវិញ ។ ទោះជា​យើង​សោកស្ដាយ​​ដែល​គាត់​ពុំ​ស្មោះត្រង់ ហើយ​មិន​បាន​ប្រែចិត្ត​ពី​មុន​ចូល​ក្នុង​បេសកកម្ម​ក្ដី នៅ​តាម​ផ្លូវ​ទៅ​អាកាសយានដ្ឋាន យើង​បាន​សរសើរ​គាត់​ដោយ​ស្មោះ និងដោយ​សេច​ក្ដីស្រឡាញ់ ចំពោះ​ភាពក្លាហាន​ក្នុង​ការទទួលយក​កំហុស ហើយ​យើង​បាន​សន្យា​ថា​នឹង​បន្ត​ទំនាក់ទំនង​ជាមួយ​គាត់ ។

យុវជន​រូប​នេះ​មាន​ពរ​ដោយ​មាន​ឪពុកម្ដាយ​ដ៏​អស្ចារ្យ ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម និង វួដ​ដែល​គាំទ្រ​ដោយ​សេចក្ដីស្រឡាញ់ ។ មួយ​ឆ្នាំ​ក្រោយ​ពី​គាត់​បាន​ខិតខំ​ប្រែចិត្ត​ឲ្យ​ដាច់ស្រឡះ ហើយ​ទទួល​យក​ដង្វាយធួន​ព្រះអង្គ​​សង្គ្រោះ ​គាត់​អាច​ត្រឡប់​មក​ក្នុង​បេសកកម្ម​យើង​វិញ ។ ខ្ញុំ​មិន​អាច​ពិពណ៌នា​ពី​អារម្មណ៍​នៃ​អំណរ​ដែល​យើង​មាន កាល​យើង​ទៅ​ទទួល​យុវជន​រូប​នេះ​ពី​អាកាសយានដ្ឋាន​បាន​ឡើយ ។ គាត់​ពេញ​ដោយ​ព្រះវិញ្ញាណ គាត់​រីករាយ មាន​ទំនុកចិត្ត​ចំពោះ​ព្រះអម្ចាស់ ហើយ​រំភើប​ដើម្បី​បម្រើ​បេសកកម្ម​ដោយ​ស្មោះត្រង់ ។ គាត់​បាន​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ដ៏​ពូកែ ហើយ​ក្រោយ​មក​ស្វាមី​ខ្ញុំ និង ខ្ញុំ​មាន​ឯកសិទ្ធិ​ចូលរួម​ពិធីផ្សារភ្ជាប់​របស់​គាត់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ផ្ទុយទៅវិញ ខ្ញុំ​ស្គាល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ទៀត​ដែល​ដឹង​ថា អំពើបាប​ដែល​នាង​មិន​សារភាព​ពី​មុន​បេសកកម្ម​នឹង​ធ្វើ​ឲ្យ​នាង​បញ្ចប់​បេសកកម្ម​មុន​ពេល​កំណត់ បាន​ធ្វើ​ឲ្យ​នាង​ខិតខំ​ធ្វើការ​ខ្លាំង​ក្នុង​បេសកកម្ម ហើយ​បាន​សារភាព​ប្រាប់​ប្រធាន​បេសកកម្ម​តែ​ប៉ុន្មាន​ថ្ងៃ​មុន​នាង​បញ្ចប់​បេសកកម្ម​ប៉ុណ្ណោះ ។ នាង​គ្មានសេច​ក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ព្រះ​ ហើយ​មិន​ចង់​ធ្វើតាម​ផែនការ​ដែល​ព្រះអង្គ​សង្គ្រោះ​ជា​ទីស្រឡាញ់​​បាន​ប្រទានដល់​យើង​ម្នាក់ៗ​​ទេ ។

អំឡុង​ពេល​បេសកកម្ម​យើង ថ្ងៃ​មួយ​ខ្ញុំ​បាន​អម​ដំណើរ​ស្វាមី​ខ្ញុំ​ទៅ​សម្ភាស​បុរស​ម្នាក់​ដើម្បី​ទទួល​បុណ្យជ្រមុជទឹក ។ កាល​គាត់​កំពុង​សម្ភាស ខ្ញុំ​រង់ចាំ​នៅ​ខាង​ក្រៅ​ជាមួយ​ស៊ិស្ទើរ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​បង្រៀន​បុរស​នេះ ។ កាល​សម្ភាស​ចប់ ស្វាមី​ខ្ញុំ​បាន​ជូន​ដំណឹង​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ថា បុរស​រូប​នោះ​អាច​ទទួល​បុណ្យជ្រមុជទឹក​បាន ។ បុរស​រូប​នេះ​បាន​យំ​ខណៈ​ដែល​គាត់រៀបរាប់​ប្រាប់​ថា គាត់​ដឹង​ច្បាស់​​ថា​អំពើបាប​ដ៏​ធ្ងន់​ធ្ងរ​ដែល​គាត់​បាន​ធ្វើ​ក្នុង​ជីវិត​នេះ នឹង​រារាំង​គាត់​មិន​ឲ្យ​ទទួល​បុណ្យជ្រមុជទឹក​បាន​ឡើយ ។ ខ្ញុំ​មិន​ដែល​ឃើញ​អំណរ និង សុភមង្គល​នៃ​បុគ្គល​ណា​ម្នាក់​ដែល​បាន​ចេញ​ពី​ភាពងងឹត ហើយ​ចូល​ទៅ​ក្នុង​ពន្លឺ​ដូច​ខ្ញុំ​បាន​ឃើញ​នៅ​ថ្ងៃ​នោះ​ទេ ។

រូបភាព
ព្រះអង្គសង្គ្រោះ​ប្រទាន​សេចក្ដី​សង្ឃឹម

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន,

« ដោយមានជំនឿ​ទៅលើ​ព្រះប្រោសលោះ​ដ៏​ប្រកប​ដោយ​ព្រះគុណ ​[ របស់​យើង ] និង​ព្រះចេស្ដា​របស់ទ្រង់ នោះសេចក្ដី​អស់សង្ឃឹម​ដ៏​ធ្ងន់ធ្ងរ ត្រឡប់ទៅជា​សេចក្ដីសង្ឃឹម​វិញ ។ ដួងចិត្ត និង​បំណងប្រាថ្នា​របស់មនុស្ស​ម្នាក់ផ្លាស់ប្ដូរ ហើយ​អំពើ​បាប​ក្លាយជា​រឿង​កាន់តែ​គួរ​ខ្ពើម​ឆ្អើម ។ …

«… ទោះ​ការ​ប្រែចិត្ត​មាន​តម្លៃ​ថ្លៃ​ប៉ុណ្ណា​ក្ដី វា​ត្រូវ​បាន​លេប​ដោយ​អំណរ​នៃ​ការ​អភ័យទោស » ។

បទពិសោធន៍​ទាំងនេះ​រំឭក​ខ្ញុំ​អំពី​អេណុស​ក្នុង​ព្រះគម្ពីរ​មរមន​ដែល « បាន​អំពាវនាវ​ដល់ [ ព្រះអម្ចាស់ ] ដោយ​ការអធិស្ឋាន​ដ៏​ខ្លាំង » រួច​លោក​បាន​ឮ​សំឡេង​មួយ​ថា « អេណុស បាប​ទាំង​ឡាយ​របស់​អ្នក​ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ ។ …

« ហើយ​ខ្ញុំ អេណុស ដឹង​ថា ព្រះ​ពុំ​កុហក​ឡើយ ហេតុ​ដូច្នោះ​ហើយ ទោស​របស់​ខ្ញុំ​បាន​បំបាត់​ចោល​ទៅ ។

« ហើយ​ខ្ញុំ​បាន​ទូល​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ ចុះ​តើ​ការណ៍​នេះ​បាន​ធ្វើ​យ៉ាង​ណា​ទៅ ?

« ហើយទ្រង់មាន​ព្រះបន្ទូល​មក​ខ្ញុំ​​ថា ៖ ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​ដែល​អ្នក​មាន​ដល់​ព្រះ​គ្រីស្ទ ។ … ចូរ​អ្នក​ទៅ​ចុះ សេចក្ដីជំនឿ​របស់អ្នក បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ ។

នៅ​ពេល​រៀបចំ​សុន្ទរកថា​នេះ ខ្ញុំ​ចង់​ដឹងថា​តើ​ចៅៗ​របស់​​យើង​យល់​អំពី​ការប្រែចិត្ត និងមាន​​អារម្មណ៍​យ៉ាង​ណា​​ចំពោះ​ព្រះអង្គ​សង្គ្រោះ ដូច្នេះ​ខ្ញុំ​បាន​សុំ​កូនៗ​យើង​ឲ្យ​សួរ​ពួកគេ​នូវ​សំណួរ​ទាំងនេះ ។ ខ្ញុំ​រំជួល​ចិត្ត​ចំពោះ​ចម្លើយ​របស់​ចៅៗ​យើង ។

តើ​ការ​ប្រែចិត្ត​ជាអ្វី​ទៅ ? « នៅពេលម៉ាក់​​វាយ​នរណា​ម្នាក់ នោះ​ម៉ាក់​ត្រូវ​និយាយ​ថា ‹ សូម​ទោស › ហើយ​ជួយ​ពួកគេ​វិញ » ។

តើ​កូន​មាន​អារម្មណ៍​បែប​ណា​ពេល​កូន​ប្រែចិត្ត ? « ម៉ាក់​អាច​ដឹង​ពី​ទ្រង់ ម៉ាក់​អាច​ដឹង​ពី​ភាព​កក់ក្ដៅ​របស់​ទ្រង់ រួច​អារម្មណ៍​មិនល្អ​នឹង​ចេញ​បាត់​ទៅ » ។

ពេល​កូន​ប្រែចិត្ត តើ​កូន​មាន​អារម្មណ៍​ដូចម្ដេច​ចំពោះ​ព្រះយេស៊ូវ និង ព្រះវរបិតាសួគ៌ ? « កូន​មាន​អារម្មណ៍​ថា ព្រះយេស៊ូវ​ជ្រាប​ថាកាល​ដែល​​ទ្រង់​ធ្វើ​ដង្វាយធួន​គឺ​មានតម្លៃ ហើយ​ទ្រង់​សប្បាយ​ព្រះទ័យ​ដែល​យើង​អាច​រស់នៅ​ជាមួយ​ទ្រង់​ម្ដង​ទៀត » ។

ហេតុអ្វី​ព្រះយេស៊ូវ និង​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​ខ្ញុំ​ប្រែចិត្ត ? នៅ​ក្នុង​ពាក្យ​សម្ដី​របស់ចៅ​ស្រី​វ័យ​ជំទង់​របស់​ខ្ញុំ ៖ « ដោយ​សារ​តែ​ទ្រង់​ស្រឡាញ់​ខ្ញុំ ! ដើម្បី​រីកចម្រើន ហើយ​ប្រែ​ក្លាយ​ដូចជា​ពួកទ្រង់ ខ្ញុំ​ចាំបាច់​​ត្រូវ​តែប្រែចិត្ត ។ ខ្ញុំ​ចង់​មាន​ព្រះវិញ្ញាណ​គង់​ជាមួយ​ខ្ញុំ​ផងដែរ ដូច្នេះ​ខ្ញុំ​ចាំ​បាច់​ត្រូវ​ប្រែចិត្ត​រាល់ថ្ងៃ​ដើម្បី​មាន​ភាព​ជា​ដៃគូ​ដ៏អស្ចារ្យ​របស់​ទ្រង់ ។ ខ្ញុំ​នឹង​មិន​អាច​ថ្លែង​អំណរគុណ​ដល់​ពួក​ទ្រង់​អស់ទេ » ។

ពេល​ចៅ​ស្រី​អាយុ​បួន​ឆ្នាំ​បាន​ឮ​សំណួរ​ទាំងនេះ នាង​ពោល​ថា « ប៉ា កូន​មិន​ដឹង​ទេ ។ ប៉ា​បង្រៀន​កូន​មក » ។

រូបភាព
ប្រ៊ីលី និង​ឪពុក​នាង

អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន បាន​ប្រកាស​ក្នុង​សន្និសីទ​មុនៗ​ដូចនេះ ៖ « ទោះ​អ្នក​គិត​ថា វា​យឺត​ពេល​ចំពោះ​អ្នក ទោះ​អ្នក​គិត​ថា​ខ្លួន​ឯង​បាន​ខក​ខាន​ច្រើន​ដង ទោះ​អ្នកគិត​ថា​ខ្លួន​ឯង​បាន​ធ្វើ​កំហុស​ច្រើន​យ៉ាង​ណា​ក្ដី …  ឬ​បាន​ធ្វើ​ដំណើរ​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ និង​គ្រួសារ ព្រមទាំង​ព្រះ​យ៉ាង​ណា​ក្ដី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អ្នក ពុំ បាន​ធ្វើ​ដំណើរ​ហួស​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ឡើយ ។ ​អ្នក​មិន​អាច​​លិច​ទៅ​ផុត​ពី​ពន្លឺ​នៃ​ដង្វាយធួន​ដ៏​និរន្ដន៍​របស់​ព្រះគ្រីស្ទ ជា​ពន្លឺ​ដែល​ចែងចាំង​ដ៏​ចិញ្ចាចចិញ្ចែង​នោះ​ទេ » ។

ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​កូនៗ ចៅៗ របស់​ខ្ញុំ និង​បងប្អូន​ទាំងអស់​គ្នា—ជា​បងប្អូន​ប្រុសស្រី​ខ្ញុំ មាន​អារម្មណ៍​អំណរ និង ភាពជិតស្និទ្ធ​នឹង​ព្រះវរបិតាសួគ៌ និង ព្រះអង្គ​សង្គ្រោះ ពេល​យើង​ប្រែចិត្ត​រាល់ថ្ងៃ​ពី​អំពើបាប និង ភាពទន់ខ្សោយ​របស់​យើង ។ បុត្រ​ដ៏​មាន​ការទទួលខុសត្រូវ​របស់​ព្រះវរបិតាសួគ៌​ម្នាក់ៗ​ត្រូវការ​ការប្រែចិត្ត ។ សូម​ពិចារណា​ថា​យើង​ត្រូវ​ប្រែចិត្ត​ចេញ​ពី​អំពើបាប​ណា​ខ្លះ ? តើ​អ្វី​ដែល​រារាំង​យើង​ពី​ការប្រែចិត្ត ? តើ​ខ្ញុំ​ចាំបាច់​ត្រូវ​កែលម្អ​តាមរបៀប​ណា​ខ្លះ ?

ខ្ញុំ​ដឹង​ដូច​ប្រធាន​ផាកកឺ​បាន​មាន​បទពិសោធន៍ ហើយ​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​ប្រែចិត្ត​ដោយ​ស្មោះ​ពី​អំពើបាប​របស់​យើង នោះ​អំពើបាប​យើង​ត្រូវបាន​សម្អាត—មិន​បន្សល់​ទុក​ស្លាកស្នាម​អ្វីសោះ​ឡើយ ! ខ្ញុំ​មាន​អារម្មណ៍​សេចក្ដី​ស្រឡាញ់ អំណរ សម្រាល​ទុក្ខ និង​ទំនុកចិត្ត​ចំពោះ​ព្រះអម្ចាស់​ដោយ​ផ្ទាល់ ពេលខ្ញុំ​បាន​ប្រែចិត្ត​ដោយ​ស្មោះ ។

ចំពោះ​ខ្ញុំ អព្ភូតហេតុ​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​មិន​ត្រឹមតែ​ជា​ការញែក​សមុទ្រក្រហម ការរើ​ភ្នំ ឬ ការប្រោស​ឲ្យ​ជា​ខាង​រាងកាយ​នោះ​ទេ ។ អព្ភូតហេតុ​អស្ចារ្យ​បំផុត​កើតឡើង​នៅ​ពេល​យើង​ទូល​ទៅ​កាន់​ព្រះវរបិតាសួគ៌​ក្នុង​ការ​អធិស្ឋាន និង អង្វរ​ទ្រង់​ឲ្យ​អភ័យទោស ហើយ​ត្រូវបាន​សម្អាត​ពី​អំពើបាប​ទាំងនោះ តាមរយៈ​ពលិកម្មធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។