ឆ្នាំ ២០១០-២០១៩
ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​បង្រៀន​យើង​ឲ្យ​អធិស្ឋាន
ខែ តុលា ឆ្នាំ ២០១៦


ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​បង្រៀន​យើង​ឲ្យ​អធិស្ឋាន

នៅ​ពេល​បងប្អូន​អធិស្ឋាន តើ​បងប្អូន​ពិត​ជា​អធិស្ឋាន ឬ គ្រាន់​តែ​ពោល​ពាក្យ​អធិស្ឋាន ?

ក្នុង​ឆ្នាំ ១៩៧៧ ខ្ញុំ​បាន​បម្រើ​បេសកកម្ម​នៅ​ទីក្រុង​គូសគូ ប្រទេស​ប៉េរូ ។ ដៃគូ​ខ្ញុំ និង ខ្ញុំ​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​នាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​ក្នុង​តំបន់ គូសកូ ទៅ​ទស្សនា​ទីក្រុង​ចំណាស់​ដ៏​ល្អ​ឯក​មួយ​ឈ្មោះ ម៉ាឈូ ពីឈូ ។

ពេល​ជិត​ត្រឡប់​មក​វិញ អ្នក​ផ្សព្វផ្សាយ​សាសនា​ខ្លះ​បាន​ចង់​ទៅ​លេង​ស្ពាន​យោល អ៊ិងកា ស្ថិត​នៅ​លើ​ផ្លូវ​ជ្រលង​ភ្នំ ។ ភ្លាម​នោះ ព្រះវិញ្ញាណ​បំផុតគំនិត​ខ្ញុំ​ថា​កុំ​ឲ្យ​ទៅ​ទីនោះ​ឲ្យ​សោះ ។ ផ្លូវ​នោះ​ស្ថិត​នៅ​លើ​ចង្កេះ​ភ្នំ​មាន​កម្ពស់ ៦១០​ម៉ែត្រ ។ នៅ​តំបន់​ខ្លះ ផ្លូវ​មាន​ទំហំ​សម្រាប់​ដើរ​ឆ្លង​កាត់​ម្ដង​បាន​តែ​ម្នាក់​ប៉ុណ្ណោះ ។ ដៃគូ​ខ្ញុំ និង ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា យើង​មិនគួរ​ទៅ​ទស្សនា​ស្ពាន​យោល អ៊ិនកា ឡើយ ។

ប៉ុន្តែ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ​បាន​ចចេស​ចង់​ទៅ ។ ពួកគេ​បាន​ទទូច​សុំ​កាន់តែ​ខ្លាំង​ឡើងៗ ហើយ​ទោះ​ជា​មាន​ការបង្ហាញ​ពី​ព្រះវិញ្ញាណ​ក្ដី ខ្ញុំ​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​សម្ពាធ​ទាំងនោះ ហើយ​បាន​ប្រាប់​ពួកគេ​ថា​យើង​អាច​ទៅ​ទស្សនា​ស្ពាន​យោល​បាន ប៉ុន្តែ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន ។

យើង​បាន​ដើរ​ចូល​ទៅ​តាម​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​រក​ស្ពាន​យោល​ដែល​មាន​ខ្ញុំ​ដើរ​នៅ​ក្រោយ​គេ ហើយ​ដំបូង​ឡើយ​ពួកគេ​បាន​ដើរ​យឺតៗ​ដូច​ដែល​បាន​ព្រមព្រៀង​គ្នា​ទុក ។ ក្រោយមក អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ​បាន​ចាប់ផ្ដើម​ដើរ​យ៉ាង​លឿន ថែមទាំង​រត់​ទៀត​ផង ។ ពួកគេ​ពុំ​បាន​ស្ដាប់​តាម​ការស្នើ​របស់​ខ្ញុំ​ឲ្យ​ដើរ​យឺតៗ​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​ទៅ​ឲ្យ​ទាន់​ពួកគេ ហើយ​ប្រាប់​ពួកគេ​ថា យើង​ត្រូវ​ត្រឡប់​ក្រោយ​វិញ ។ ខ្ញុំ​នៅ​ក្រោយ​ឆ្ងាយ​ដាច់​ពី​ពួកគេ ហើយ​ខ្ញុំ​ត្រូវ​រត់​ឲ្យ​លឿន​ដើម្បី​ទៅ​ទាន់​ពួកគេ ។

កាល​ខ្ញុំ​បាន​ងាក​ទៅ​ដើរតាម​ផ្លូវ​ចង្អៀត​សម្រាប់​តែ​មនុស្ស​ពីរ​នាក់ នោះ​ខ្ញុំ​បាន​ឃើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​កំពុង​ឈរ​នៅ​ស្ងៀម​ដោយ​ផ្អែក​នឹង​ជញ្ជាំង​ថ្ម ។ ខ្ញុំ​សួរ​ថា​ហេតុអ្វី​គាត់​ឈរ​នៅ​ទីនោះ ។ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ទទួល​អារម្មណ៍​មួយ​ថា​ឲ្យ​គាត់​ឈរ​នៅ​ត្រង់​នោះ​បន្តិច​សិន រួច​ឲ្យ​ខ្ញុំ​បន្ត​ដើរ​ទៅ​មុខ​ទៀត ។

ខ្ញុំ​ពិត​ជា​ប្រញាប់​ទៅ​ឲ្យ​ទាន់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​នៅ​ខាង​មុខ​ខ្ញុំ​ឲ្យ​បាន ដូច្នេះ​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​ដើរ​ហួស​គាត់​ទៅ ហើយ​ខ្ញុំ​អាច​រំកិល​ទៅ​មុខ​បាន​បន្តិច​ទៀត ។ ខ្ញុំ​សម្គាល់​ឃើញ​ថា នៅ​ខាង​ក្រោម​ពេញ​ដោយ​រុក្ខជាតិ ។ ខ្ញុំ​បាន​ដាក់​ជើង​ស្តាំ​ខ្ញុំ​ជាន់​ទៅ​ខាង​ក្រោម ទើប​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្លាក់​ចុះ​ក្រោម​ព្រោះ​គ្មាន​ដី​នៅ​ក្រោម​រុក្ខជាតិ​ទាំងនោះ​ទេ ។ ខ្ញុំ​បាន​ស្រវា​ចាប់​មែក​ឈើ​ខ្លះ​ដែល​នៅ​ក្រោម​ផ្លូវ​ដើរ​នោះ​ដោយ​អស់​សង្ឃឹម ។ បន្តិច​ក្រោយ​មក ទើប​ខ្ញុំ​អាច​មើល​ទៅ​ក្រោម​ជម្រៅ ៦១០​ម៉ែត្រ​នោះ ឃើញ​ទន្លេ អ៊ូរូបំបា ដែល​ហូរ​កាត់​ជ្រលង​ភ្នំ​អ៊ិងកា​ដ៏​ពិសិដ្ឋ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​អស់​កម្លាំង ហើយ​ខ្ញុំ​មិន​អាច​តោង​ជាប់​ត​ទៅ​ទៀត​ឡើយ ។ នៅ​គ្រា​នោះ ខ្ញុំ​បាន​អធិស្ឋាន​យ៉ាង​អស់​ពី​ចិត្ត ។ វា​គឺ​ជា​ការអធិស្ឋាន​ដ៏​ខ្លី ។ ខ្ញុំ​បាន​បើក​មាត់ ហើយ​ពោល​ថា « ព្រះវរបិតា​អើយ ជួយ​ទូលបង្គំ​ផង ! »

មែក​ឈើ​នោះ​មិន​មាំ​ល្មម​ដើម្បី​ទ្រ​ទម្ងន់​ខ្ញុំ​បាន​ឡើយ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​នឹង​ស្លាប់ ។ នៅ​គ្រា អាសន្ន ដែល​ខ្ញុំ​ហៀប​នឹង​ធ្លាក់​ទៅ​ហើយ​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ដៃ​ដ៏​មាំ​បាន​ចាប់​ដៃ​ខ្ញុំ ហើយ​ទាញ​ខ្ញុំ​ឡើង ។ ដោយ​មាន​ជំនួយ​នោះ ទើប​ខ្ញុំ​អាច​បន្ត​ស្រវាស្រទេញ ហើយ​លើក​ខ្លួន​ឡើង​ទៅ​លើ​ផ្លូវ​វិញ​បាន ។ អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​ដើរ​ពី​ក្រោយ​ខ្ញុំ​ជា​អ្នក​សង្គ្រោះ​ខ្ញុំ ។

ប៉ុន្តែ​ធាតុ​ពិត​គឺ​ព្រះវរបិតាសួគ៌​យើង​ដែល​បាន​សង្គ្រោះ​ខ្ញុំ ។ ទ្រង់​ព្រះសណ្ដាប់​ការអធិស្ឋាន​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ឮ​ព្រះសូរសៀង​ព្រះវិញ្ញាណ​បី​ដង ប្រាប់​ខ្ញុំ​កុំ​ឲ្យ​ទៅ​ទស្សនា​ស្ពាន​យោល អ៊ិងកា ប៉ុន្តែ​ខ្ញុំ​មិន​បាន​ស្ដាប់​តាម​ឡើយ ។ ខ្ញុំ​បាន​តក់ស្លុត ស្លេកស្លាំង ហើយ​និយាយ​លែង​ចេញ ។ ក្រោយ​មក​ខ្ញុំ​ចាំ​ថា​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ដទៃ​ទៀត​នៅ​ខាង​មុខ​យើង ដូច្នេះ​យើង​បាន​ទៅ​ស្វែងរក​ទាល់តែ​បាន​ជួប​ពួកគេ ហើយ​តំណាល​ពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ។

យើង​បាន​ត្រឡប់​ទៅ​ទីក្រុង​ចំណាស់ ម៉ាឈូ ពីឈូ វិញ​ដោយ​ប្រុងប្រយ័ត្ន ហើយ​ស្ងាត់ស្ងៀម ។ ពេល​ធ្វើ​ដំណើរ​ត្រឡប់​ពី​ទីក្រុង​នោះ​វិញ ខ្ញុំ​នៅ​តែ​មិន​និយាយ​ស្ដី ហើយ​មាន​យោបល់​មួយ​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ​ថា ទ្រង់​បាន​យក​ព្រះទ័យ​ទុកដាក់​លើ​ការអធិស្ឋាន​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ព្រះសូរសៀង​ទ្រង់​ទេ ។ ខ្ញុំ​ពើតផ្សា​ក្នុង​ចិត្ត​ពេកពន់​ដែល​ពុំ​បាន​ស្ដាប់​តាម​ព្រះសូរសៀង​ទ្រង់ តែ​ពេល​នោះ​ដែរ​ខ្ញុំ​មាន​អំណរគុណ​ក្រៃលែង​ចំពោះ​ក្ដីមេត្តា​ទ្រង់ ។ ទ្រង់​ពុំ​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌​ទ្រង់​មក​លើ​ខ្ញុំ​ទេ ប៉ុន្តែ​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ​ក្នុង​ក្ដីមេត្តា​ទ្រង់​វិញ ( សូម​មើល អាលម៉ា ២៦:២០ ) ។

មុន​ពេល​ខ្ញុំ​ចូល​សម្រាក ជា​ពេល​ដែល​ខ្ញុំ​អធិស្ឋាន​ផ្ទាល់​ខ្លួន ខ្ញុំ​បាន​អធិស្ឋាន​អស់​ពី​ចិត្ត​ទៅ​កាន់ « ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក » ( កូរិនថូស ទី២  ១:៣ ) ។ ខ្ញុំ​បាន​អធិស្ឋាន « ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ » ( មរ៉ូណៃ ១០:៤ ) ។

កាល​ព្រឹក​ព្រលឹម​នា​ថ្ងៃ​ដដែរ​នោះ ខ្ញុំ​បាន​អធិស្ឋាន​ចេញ​ពី​បបូរ​មាត់ ប៉ុន្តែ​កាល​ខ្ញុំ​ហៀប​នឹង​អស់​ជីវិត ខ្ញុំ​បាន​អធិស្ឋាន​ចេញ​ពី​ចិត្ត​ទៅ​កាន់​ទ្រង់ ។ ត្រង់​ចំណុច​នេះ ខ្ញុំ​បាន​ពិចារណា​អំពី​ជីវិត​ខ្ញុំ ។ ខ្ញុំ​ឃើញ​ថា​ជា​ច្រើន​លើក​ច្រើន​សា​ហើយ ដែល​ព្រះវរបិតាសួគ៌​មាន​ក្ដីមេត្តា​ចំពោះ​ខ្ញុំ ។ ទ្រង់​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ជា​ច្រើន​ថ្ងៃ​នោះ នៅ​ទីក្រុង​ចំណាស់ ម៉ាឈូ ពីឈូ និង ទីក្រុង​គូសគូ ប្រទេស​ប៉េរូ ។ មេរៀន​សំខាន់​ជាង​គេ​គឺ ខ្ញុំ​គួរតែ​អធិស្ឋាន « ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត [ ដោយ​អនុវត្ត ] សេចក្ដី​ជំនឿ​ដល់​ព្រះ​គ្រីស្ទ » ជានិច្ច ។

មាន​គ្រា​មួយ​នោះ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ « បាន​អធិស្ឋាន​នៅ​កន្លែង​មួយ » ហើយ « លុះ​ទ្រង់​ឈប់​ហើយ នោះ​សិស្ស​ម្នាក់​ទូល​ថា ព្រះអម្ចាស់​អើយ សូម​ទ្រង់​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ផង » ( លូកា ១១:១ ) ។ រួច​ទ្រង់​ក៏​បង្រៀន​សិស្ស​ទ្រង់​ឲ្យ​អធិស្ឋាន ។ សព្វថ្ងៃ​នេះ ទ្រង់​បង្រៀន​បងប្អូន និង ខ្ញុំ​ឲ្យ​អធិស្ឋាន ដូច​យើង​ឃើញ​ទ្រង់​អធិស្ឋាន​ក្នុង​ច្បារ​គែតសេម៉ានី​ថា « កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ( លូកា ២២:៤២ ) ។ ពេល​បងប្អូន​អធិស្ឋាន តើ​បងប្អូន​ពិតជា​ចង់​ឲ្យ​ការណ៍​នោះ « កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ដែរ​ឬ​ទេ ?

ប៉ុល​ប្រាប់​ពី​របៀប​ដែល​ព្រះយេស៊ូវ​អធិស្ឋាន « កាល​ទ្រង់​គង់​នៅ​ក្នុង​សាច់​ឈាម » ក្នុង​ច្បារ​គែតសេម៉ានី​ដូចនេះ ៖ « ទ្រង់​បាន​ពោល​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ទ្រង់​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ទ្រង់​កោតខ្លាច បាន​ជា​ព្រះ​ព្រម​ទទួល​ទ្រង់ » ( ហេព្រើរ ៥:៧ ) ។ នៅ​ពេល បងប្អូន​អធិស្ឋាន តើ​បងប្អូន​ពិត​ជា​អធិស្ឋាន ឬ គ្រាន់​តែ​ពោល​ពាក្យ​អធិស្ឋាន ? តើ​បងប្អូន​អធិស្ឋាន​សើៗ​ឬ ?

ព្រះវរបិតា​បាន​អធិស្ឋាន​យ៉ាង​ខ្លាំង ហើយ​ទូល​ទៅ​ព្រះវរបិតា​ទ្រង់ ។ « លុះ​កាល​បណ្តាជន​ទាំង​ប៉ុន្មាន បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ព្រះយេស៊ូវ​ក៏​ទទួល​ដែរ រួច​កំពុង​ដែល​ទ្រង់​អធិស្ឋាន នោះ​ស្រាប់​តែ​មេឃ​របើក​ឡើង » ( លូកា ៣:២១ ) ។ ពេល​បងប្អូន​អធិស្ឋាន តើ​បងប្អូន​មាន​អារម្មណ៍​ថា​ស្ថានសួគ៌​របើក​ឡើង​ឬ​ទេ ? តើ​បងប្អូន​បាន​មាន​ទំនាក់ទំនង​បែប​នោះ​ជាមួយ​ស្ថានសួគ៌​ចុងក្រោយ​គេ​កាល​ពី​ពេល​ណា ?

ព្រះយេស៊ូវ​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ដោយ​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​ទ្រង់ ។

« ទ្រង់​ចេញ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន រួច​ទ្រង់​អធិស្ឋាន​ដល់​ព្រះ ដរាប​ទាល់​ភ្លឺ ។

« លុះ​ភ្លឺ​ឡើង ទ្រង់​ហៅ​ពួក​សិស្ស​មក ក៏​រើស​យក​១២​នាក់ ដែល​ទ្រង់​ហៅ​ថា សាវក » ( លូកា ៦:១២–១៣ ) ។

តើ​បងប្អូន​ត្រៀម​ជា​ស្រេច​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ដោយ​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​ឬ​ទេ ? តើ​បងប្អូន​ត្រៀម​ជា​ស្រេច​សម្រាប់​គ្រា​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការអធិស្ឋាន​ឬ​ទេ ?

កាល​ព្រះយេស៊ូវ​យាង​មក​ទ្វីប​អាមេរិក ទ្រង់​បាន​បង្រៀន​ប្រជាជន​ឲ្យ​អធិស្ឋាន ។ « ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា « ចូរ​បន្ត​ការ​អធិស្ឋាន​ចុះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ពុំ​ឈប់​អធិស្ឋាន​ដែរ » ( នីហ្វៃទី៣  ១៩:២៦ ) ។

ព្រះយេស៊ូវ​អញ្ជើញ​យើង​ឲ្យ « អធិស្ឋាន​ជានិច្ច » ( គ. និង ស. ១០:៥ ) ។ ព្រះយេស៊ូវ​ជ្រាប​ថា ព្រះវរបិតាសួគ៌​ព្រះសណ្ដាប់ ហើយ​ប្រទាន​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង ។ ហេតុអ្វី​បាន​ជា​ពេល​ខ្លះ​យើង​ពុំ​ចង់​ទទួល​យក​អ្វី​ដែល​ទ្រង់​ប្រទាន​ឲ្យ​ដូច្នេះ ? ហេតុអ្វី ?

នៅ​វិនាទី​ដែល​យើង​ពោល​ថា « ព្រះវរបិតាសួគ៌​អើយ » នោះ​ទ្រង់​ឮ​ការអធិស្ឋាន ហើយ​ជ្រាប​ពី​យើង និង​សេចក្ដី​ត្រូវការ​របស់​យើង ។ ទ្រង់​ផ្តោត​ព្រះទ័យ​ទុកដាក់​ទៅ​លើ​បងប្អូន​ជានិច្ច ។ ទ្រង់​ជ្រាប​ពី​គំនិត និង​ចិត្ត​របស់​យើង ។ បងប្អូន​មិន​អាច​លាក់​បាំង​អ្វី​ពី​ទ្រង់​បាន​ទេ ។ ឥឡូវ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ ទ្រង់​នឹង​ទត​មើល​បងប្អូន​ដោយ​ព្រះនេត្រ​នៃ​ក្ដីស្រឡាញ់ និង ក្ដីមេត្តា—ដែល​យើង​មិន​អាច​យល់​បាន ។ ប៉ុន្តែ​វិនាទី​ដែល​បងប្អូន​ពោល​ថា « ព្រះវរបិតាសួគ៌​អើយ » នោះ​ទ្រង់​មាន​ក្ដីស្រឡាញ់ និង ក្ដីមេត្តា​ភ្លាម ។

ដូច្នេះ​ពេល​ដែល​យើង​អធិស្ឋាន​គឺ​ជា​ពេល​ដ៏​ពិសិដ្ឋ ។ ទ្រង់​នឹង​មិន​មាន​បន្ទូល​ថា « ទេ ឥឡូវ​យើង​នឹង​មិន​ស្ដាប់​ឯង​ទេ ព្រោះ​ឯង​មក​រក​យើង​ពេល​ដែល​ឯង​មាន​ទុក្ខព្រួយ​ប៉ុណ្ណោះ » ឡើយ ។ មាន​តែ​មនុស្ស​ទេ​ដែល​ធ្វើ​ដូច្នោះ ។ ទ្រង់​នឹង​មិន​មាន​បន្ទូល​ថា « អូ៎ ឯង​មិន​ដឹង​ថា យើង​រវល់​កម្រិត​ណា​ទេ » ឡើយ ។ មាន​តែ​មនុស្ស​ទេ​ដែល​ធ្វើ​ដូច្នោះ ។

ខ្ញុំ​សង្ឃឹម ហើយ​អធិស្ឋាន​សូម​ឲ្យ​យើង​នឹង​អធិស្ឋាន​ដូច​ព្រះយេស៊ូវ​បាន​បង្រៀន​យើង ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។