ឆ្នាំ ២០១០-២០១៩
មាន​អំណាច​នៅ​ក្នុង​ព្រះគម្ពីរ​នេះ
ខែ តុលា ឆ្នាំ ២០១៦


មាន​អំណាច​នៅ​ក្នុង​ព្រះគម្ពីរ​នេះ

អំណាច​ដ៏​មហិមា​នៃ​ព្រះគម្ពីរ​មរមន គឺ​ជា​ឥទ្ធិពល​របស់​វា​នៅ​ក្នុង​ការនាំ​យើង​ខិត​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ។

នៅ ថ្ងៃ​ទី ១៤ ខែ មិថុនា ឆ្នាំ ១៩៨៩ ដោយសារ​ព័ត៌មាន​មិន​ពិត​ខ្លះ​ៗអំពី​សាសនាចក្រ រដ្ឋាភិបាល​ប្រទេស​ហ្គាណា បាន​បិទ​ទ្វារ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ក្នុង​ប្រទេស​អាហ្វ្រិក ។ រដ្ឋាភិបាល​បាន​ដក​ហូត​ទ្រព្យសម្បត្តិ​សាសនាចក្រ ហើយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​ត្រូវបាន​បញ្ឈប់ ។ សមាជិក​សាសនាចក្រ​ដែលបាន​ចាត់ទុកអំឡុងពេល​នោះ​​​ថា​ជា « ការជាប់គាំង » បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ដោយ​គ្មាន​ការប្រជុំ​ក្នុង​សាខា ឬ ជំនួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ឡើយ ។ មាន​រឿង​បំផុសគំនិត​ជា​ច្រើន​អំពី​របៀប​ដែល​សមាជិក​បាន​រក្សា​ពន្លឺ​នៃ​ដំណឹងល្អ​ឲ្យ​នៅ​ភ្លឺ តាមរយៈ​ការថ្វាយបង្គំ​ក្នុង​ផ្ទះ និង ការមើលថែ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​គ្រូបង្រៀន​តាម​ផ្ទះ និង គ្រូបង្រៀន​​សួរ​សុខទុក្ខ ។

ទីបំផុត ការយល់ច្រឡំ​ត្រូវបាន​ដោះស្រាយ ហើយ​នៅ ថ្ងៃ​ទី 30 ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ការជាប់គាំង​ត្រូវបាន​បញ្ចប់ ហើយ​សាសនាចក្រ​បាន​បើក​ទ្វារ​វិញ ។ ចាប់​ពី​ពេល​នោះ​មក សាសនាចក្រ​មាន​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ហ្គាណា ។

សមាជិក​ជា​ច្រើន​ដែល​បាន​រស់នៅ​ក្នុង​ពេល​ជាប់គាំង បាន​លើកឡើង​ពី​ពរជ័យ​ដែល​កើតមាន​ក្នុង​គ្រា​មិន​ធម្មតា​នេះ ។ សេចក្ដី​ជំនឿ​នៃ​សមាជិក​ជា​ច្រើន​បាន​រឹងមាំ តាមរយៈ​ទុក្ខលំបាក​ដែល​ពួកគេ​ជួប ។ ប៉ុន្តែ​ពរជ័យ​មួយ​នៃ​ការជាប់គាំង​នេះ​បាន​កើតឡើង​យ៉ាង​អស្ចារ្យ ។

នីកូឡាស អូហ្វូស៊ូ ហ៊ែន គឺ​ជា​នគរបាល​ដែល​ត្រូវបាន​ចាត់​ឲ្យ​យាម​សាលា​ប្រជុំ អិល.ឌី.អេស មួយ​កន្លែង​ក្នុង​ពេល​ជាប់​គាំង​នេះ ។ គាត់​មាន​តួនាទី​យាម​អគារ​នោះ​នៅ​ពេល​យប់ ។ ពេល នីកូឡាស មក​ដល់​អគារ​នោះ​លើក​ដំបូង គាត់​បាន​ឃើញ​របស់​របរ​ដូចជា​ក្រដាស សៀវភៅ និង គ្រឿង​សង្ហារិម​នៅ​រប៉ាត់រប៉ាយ ។ គាត់​ប្រទះ​ឃើញ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល នៅ​ក្នុង​គំនរ​របស់​របរ​ទាំងនោះ ។ ដោយសារ​គាត់​ធ្លាប់​ឮ​ថា​ព្រះគម្ពីរ​នោះ​គឺ​ជា​សៀវភៅ​មិន​ល្អ នោះ​គាត់​បាន​ព្យាយាម​មិន​យក​ចិត្ត​ទុក​ដាក់​លើ​វា​ទេ ។ ប៉ុន្តែ​វា​បាន​ទាក់ទាញ​អារម្មណ៍​គាត់​យ៉ាង​ចម្លែក ។ ទីបំផុត នីកូឡាស មិន​អាច​មិន​យក​ចិត្តទុកដាក់​លើ​វា​​ទេ ។ គាត់​បាន​រើស​វា​ឡើង​មក ។ ហើយ​គាត់​មាន​អារម្មណ៍ជម្រុញចិត្ត​ឲ្យ​អាន​ព្រះគម្ពីរ​នោះ ។ គាត់​បាន​អាន​ពេញ​មួយ​យប់ ទាំង​ស្រក់​​ទឹក​ភ្នែក​ផង ។

កាល​គាត់​រើស​វា​មក​លើក​ដំបូង គាត់​បាន​អាន​ចប់​គម្ពីរ​នីហ្វៃទី១  ។ លើក​ទី​ពីរ គាត់​បាន​អាន​ចប់​គម្ពីរ​នីហ្វៃទី២  ។ កាល​គាត់​បាន​អាន​ដល់​នីហ្វៃទី២  ជំពូក​ទី ២៥ ដែល​ចែង​ដូចនេះ ៖ « ហើយ​យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ ហើយ​យើង​សរសេរ ស្របតាម​ពាក្យ​ព្យាករណ៍​ទាំងឡាយ​របស់​យើង ដើម្បី​ឲ្យ​កូន​ចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ណា​មួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់ពួកគេ » ។

នៅ​ត្រង់​ចំណុច​នេះ នីកូឡាស មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​យ៉ាង​ខ្លាំង​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ទ្រហោ​យំ ។ គាត់​បាន​ទទួលស្គាល់​ថា ពេល​គាត់​អាន គាត់​ទទួលបាន​ការបំផុសគំនិត​ខាង​វិញ្ញាណ​ពីរបី​ដង​ថា សៀវភៅ​នេះ​គឺ​ជា​ព្រះគម្ពីរ ដែល​ត្រឹមត្រូវ​បំផុត ។ គាត់​បាន​ទទួលស្គាល់​ថា ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿ​យ៉ាង​ខ្លាំង​ទៅ​លើ ព្រះយេស៊ូវគ្រីស្ទ ដែល​ការណ៍​នោះ​ខុស​ពី​អ្វី​ដែល​គាត់​ធ្លាប់​ឮ​ពី​មុន​មក ។ បន្ទាប់​ពី​ការជាប់គាំង​បាន​បញ្ចប់​ទៅ ហើយ​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ត្រឡប់​មក​កាន់​ប្រទេស​ហ្គាណា​វិញ នីកូឡាស និង ភរិយា​គាត់ ព្រមទាំង​កូនៗរបស់​គាត់​បាន​ចូល​រួម​ក្នុង​សាសនាចក្រ ។ កាល​ខ្ញុំ​បាន​ជួប​គាត់​នៅ​ឆ្នាំ​មុន គាត់​គឺ​ជា​មេបញ្ជាការ​នគរបាល ហើយ​កំពុង​បម្រើ​ជា​ប្រធាន​មណ្ឌល​តាម៉ាលី ហ្គាណា ។ គាត់​បាន​ពោល​ថា ៖ « សាសនាចក្រ​បាន​កែប្រែ​ជីវិត​របស់​ខ្ញុំ ។ … ខ្ញុំ​មាន​អំណុរគុណ​ចំពោះ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ដែល​បាន​នាំ​ខ្ញុំ​ឲ្យ​ស្គាល់​ដំណឹងល្អ​នេះ » ។

អាលីប៊ើត ដេវីស គឺ​ជា​ជនជាតិ​ហ្គាណា​មួយ​រូប​ទៀត​ដែល​បាន​ទៅ​សាលាប្រជុំ​ជាមួយ​មិត្ត​គាត់ ជា​ទី​ដែល​មិត្ត​នោះ​មាន​ការប្រជុំ​គណៈប្រធាន ។ កាល​គាត់​កំពុង​រង់ចាំ​មិត្ត​គាត់ អាលីប៊ើត បាន​អាន​សៀវភៅ​មួយ​ក្បាល​ដែល​ទុក​នៅ​ក្បែរ​គាត់ ។ ពេល​ការប្រជុំ​បាន​បញ្ចប់ អាលីប៊ើត បាន​ចង់​យក​សៀវភៅ​នោះ​ទៅ​ផ្ទះ ។ គាត់​មិន​ត្រឹម​តែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​យក​សៀវភៅ​ទៅប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ផងដែរ ។ កាល​គាត់​ទៅ​ដល់​ផ្ទះ គាត់​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​មរមន ។ គាត់​មិន​ចង់​ឈប់​អាន​ទាល់តែសោះ ។ គាត់​អាន​ក្រោម​ពន្លឺ​ភ្លើង​ទៀន​រហូត​ដល់​ម៉ោង ៣:០០​ព្រឹក ។ គាត់​បាន​ធ្វើ​ដូចនោះ​អស់​រយៈពេល​ពីរបី​យប់ ​ដោយ​មាន​ចិត្ត​រំភើបដ៏​លើសលុប​ពី​អ្វី​ដែលគាត់​បាន​អាន និង អ្វី​ដែល​គាត់​បាន​ទទួល​អារម្មណ៍ ។ សព្វថ្ងៃ​នេះ អាលីប៊ើត គឺ​ជា​សមាជិក​សាសនាចក្រ ។

អាន់ជែឡូ ស្កាពូឡា បាន​ចាប់ផ្ដើម​សិក្សា​អំពី​សាសនា​នៅ​​អ៊ីតាលី​ជា​មាតុប្រទេស​របស់​គាត់​កាល​អាយុ ១០ឆ្នាំ ។ ទីបំផុត គាត់​បាន​ក្លាយ​ជា​សង្ឃ ហើយ​បាន​បម្រើ​ក្នុង​ព្រះវិហារ​របស់​គាត់​ដោយ​ការលះបង់ ។ ពេល​ខ្លះ គាត់​សង្ស័យ​លើ​សេចក្ដីជំនឿ​របស់​គាត់ ហើយ​គាត់​បាន​ស្វែងរក ហើយ​ទទួលបាន​ឱកាស​សិក្សា​បន្ថែម ។ ប៉ុន្តែ​ដរាប​ណា​គាត់​សិក្សា​កាន់តែ​ច្រើន ដរាប​នោះ​គាត់​មាន​កង្វល់​កាន់តែ​ខ្លាំង ។ អ្វី​ដែល​គាត់​បាន​អាន និង​អារម្មណ៍​ដែល​គាត់​ទទួល​បាន​នោះ បាន​ធ្វើ​ឲ្យ​គាត់​ជឿ​ថា មាន​ការក្បត់​សាសនា​ទូទៅ​មួយ​ចេញ​ពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​ដោយ​ព្រះយេស៊ូវ និង ដោយ​ពួក​សាវក​ពី​បូរាណ ។ អាន់ជែឡូ បាន​ស្វែងរក​សាសនា​ដ៏​ពិត​របស់​ព្រះ​ក្នុង​ជំនឿ​ជា​ច្រើន ប៉ុន្តែ​រក​មិន​ឃើញ​សោះ​អស់​ពេល​ច្រើន​ឆ្នាំ ។

ថ្ងៃ​មួយ​គាត់​បាន​ជួប​នឹង​សមាជិក​សាសនាចក្រ​ពីរ​នាក់ ដែល​កំពុង​ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ។ គាត់​បាន​ចាប់​អារម្មណ៍​លើ​ពួកគេ ហើយ​បាន​ស្ដាប់​សារលិខិត​របស់​ពួកគេ​ដោយ​អំណរ ។ អាន់ជែឡូ បាន​ទទួល​ព្រះគម្ពីរ​មរមន​ដោយ​រីករាយ ។

គាត់​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​នៅ​ល្ងាច​នោះ ។ គាត់​មាន​អារម្មណ៍​ពេញ​ដោយ​​អំណរ ។ ព្រះ​បាន​ប្រទាន​អារម្មណ៍​អះអាង​ដល់ អាន់ជែឡូ ថា នៅ​ក្នុង​ព្រះគម្ពីរ​មរមន គាត់​នឹង​រកឃើញ​សេចក្ដីពិត​ដែល​គាត់​បាន​ស្វែងរក​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ។ គាត់​ទទួលបាន​អារម្មណ៍​ដ៏​ផ្អែមល្ហែម ។ អ្វី​ដែល​គាត់​បាន​អាន និង អ្វី​ដែល​គាត់​បាន​រៀន​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា បាន​បញ្ជាក់​ដល់​ការសន្និដ្ឋាន​របស់​គាត់​ថា​ពិត​ជា​មាន​ការក្បត់សាសនា​ទូទៅ​មែន ប៉ុន្តែ​គាត់​ក៏​រៀន​ដែរ​ថា សាសនាចក្រ​ដ៏​ពិត​របស់​ព្រះ​ត្រូវបាន​ស្ដារឡើងវិញ​លើ​ផែនដី​ដែរ ។ មិន​យូរ​ប៉ុន្មាន អាន់ជែឡូ បាន​ទទួល​បុណ្យុជ្រមុជទឹក ។ កាល​ខ្ញុំ​បាន​ជួប​គាត់ គាត់​គឺ​ជា​ប្រធាន​សាខា​រីមីនី​របស់​សាសនាចក្រ​នៅ​ប្រទេស អ៊ីតាលី ។

អ្វី​ដែល នីកូឡាស អាលីប៊ើត និង អាន់ជែឡូ បាន​មាន​បទពិសោធន៍​ជាមួយ​ព្រះគម្ពីរ​មរមន គឺ​ស្រដៀង​នឹង​បទពិសោធន៍​របស់ ប៉ាលី  ភី ប្រាត្ត ដូចនេះ ៖

« ខ្ញុំ​បាន​បើក​ព្រះគម្ពីរ​នោះ​ដោយ​ចិត្ត​រំភើប ។ … ខ្ញុំ​បាន​អាន​ពេញ​មួយថ្ងៃ ទោះ​ដល់​ពេល​ទទួលទាន​អាហារ ក៏​ខ្ញុំ​គ្មាន​បំណង​ទទួលទាន​ដែរ ... ទោះពេល​យប់​មក​ដល់ ក៏​ខ្ញុំ​ចង់​អាន​ជាង​ការដេក​ទៅ​ទៀត ។

« ពេល​ខ្ញុំ​អាន ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង ថែមទាំង​យល់​ថា ព្រះគម្ពីរ​នេះ​ពិត ច្បាស់ និង ជាក់ស្ដែង​ដូច​មនុស្ស​ម្នាក់​យល់ ហើយ​ដឹង​ថា​គាត់​មាន​ជីវិត​ដូច្នោះ​ដែរ ។ ឥឡូវ​ខ្ញុំ​ពេញ​ដោយ​អំណរ​ដូច​កាល​ពី​មុន​ដែរ ហើយ​ខ្ញុំ​រីករាយ​ល្មម​នឹង​បំភ្លេច​រាល់​ទុក្ខព្រួយ ការបូជា និង ការលំបាក​ក្នុង​ជីវិត​​ខ្ញុំ » ។

មនុស្ស​ខ្លះ​មាន​បទពិសោធន៍​អស្ចារ្យ​ជាមួយ​ព្រះគម្ពីរ​មរមន​នៅ​លើក​ដំបូង​ដែល​ពួកគេ​បើក​វា​អាន ប៉ុន្តែ​មនុស្ស​ខ្លះ​ទៀត សាក្សី​នៃ​ភាពពោរពេញ​នៃ​សេចក្ដីពិត​កើត​មាន​បន្តិច​ម្ដងៗ​នៅ​ពេល​ពួកគេ​អាន ហើយ​អធិស្ឋាន​អំពី​វា ។ វា​កើតឡើង​ចំពោះ​ខ្ញុំ​ដូចនោះ​ដែរ ។ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​លើក​ដំបូង​ជា​សិស្ស​ជំទង់​ក្នុង​ថ្នាក់​សិក្ខាសាលា ។ នេះ​គឺ​ជា​ព្រះគម្ពីរ​មរមន​ដែល​ខ្ញុំ​បាន​អាន​ជា​លើក​ដំបូង​នោះ ។ ខ្ញុំ​ភ្លេច​ពី​ពេល​វេលា និង ទីកន្លែង​ដែល​វា​បាន​កើតឡើង ប៉ុន្តែ​ពេល​ខ្ញុំ​អាន​វា ខ្ញុំ​បាន​ទទួល​អារម្មណ៍​មួយ ។ រាល់​ដង​ដែល​ខ្ញុំ​ចាប់​បើក​ព្រះគម្ពីរ នោះ​ខ្ញុំ​តែង​មាន​ភាពកក់ក្ដៅ និង ព្រះវិញ្ញាណ​ជានិច្ច ។ កាល​ខ្ញុំ​បន្ត​អាន អារម្មណ៍​នោះ​មាន​កាន់តែ​ខ្លាំង​ឡើង ។ អារម្មណ៍​នោះ​បន្ត​មាន​ដល់​សព្វថ្ងៃ​នេះ ។ រាល់​ដង​ដែល​ខ្ញុំ​បើក​ព្រះគម្ពីរ​មរមន វា​ប្រៀប​ដូច​ជា​ការបើក​កុងតាក់​ភ្លើង​ដែរ—ហើយ​ព្រះវិញ្ញាណ​បាន​យាង​ចូល​មក​ក្នុង​ចិត្ត និង​ព្រលឹង​ខ្ញុំ ។

ចំពោះ​មនុស្ស​ដទៃ​ទៀត ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន​កើតមាន​យឺតៗ បន្ទាប់​ពី​បាន​សិក្សា ហើយ​អធិស្ឋាន​យ៉ាង​ច្រើន ។ ខ្ញុំ​មាន​មិត្ត​ម្នាក់​ដែល​បាន​អាន​ព្រះគម្ពីរ​មរមន ដោយ​ព្យាយាម​ដឹង​ថា​តើ​វា​ពិត​ឬ​ទេ ។ គាត់​បាន​អនុវត្ត​តាម​ការអញ្ជើញ​របស់​មរ៉ូណៃ​ដើម្បី​ទូល​សួរ​ព្រះ​ដោយ​ចិត្ត​ស្មោះ និង ចេតនា​ពិត និង សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ ថាតើ​ព្រះគម្ពីរ​មរមន​ពិត​ឬ​ទេ ។ ប៉ុន្តែ​គាត់​ពុំ​មាន​ទទួល​ចម្លើយ​ខាង​វិញ្ញាណ​ដែល​បាន​សន្យា​នោះ ភ្លាមៗ​ទេ ។ ប៉ុន្តែ​ថ្ងៃ​មួយ គាត់​បាន​ពិចារណា​ច្រើន នៅ​ពេល​កំពុង​បើក​រថយន្ត ព្រះវិញ្ញាណ​បាន​ថ្លែង​ទីបន្ទាល់​ប្រាប់​គាត់​អំពី​សេចក្ដីពិត​នៃ​ព្រះគម្ពីរ​មរមន ។ ដោយ​សប្បាយ និង រំភើប​ពេក គាត់​បាន​បើក​បង្អួច​រថយន្ត ហើយ​បាន​ស្រែក​ប្រាប់​មនុស្ស​គ្រប់​គ្នា និង​ដល់​ពិភពលោក​ថា « វាពិត ! » ។

ទោះជា​ទីបន្ទាល់​យើង​អំពី​ព្រះគម្ពីរ​មរមន​កើត​មាន​នៅ​ពេល​យើង​បើក​វាលើក​ដំបូង​ ឬ​ត្រូវការ​ពេល​ច្រើន​ក្ដី ក៏​វា​នឹង​មាន​ឥទ្ធិពល​ពេញ​មួយ​ជីវិត​យើង​ដែរ បើ​យើង​បន្ត​អាន ហើយ​អនុវត្ត​តាម​ការបង្រៀន​របស់​វា​នោះ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បង្រៀន​ដូចនេះ ៖ « មាន​អំណាច​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​នេះ ដែល​នឹង​ចាប់ផ្ដើម​ហូរ​ចូល​ទៅ​ក្នុង​ជីវិត​របស់​អ្នក​ក្នុង​វិនាទី ដែល​អ្នក​ចាប់ផ្ដើម​សិក្សា​ដោយ​ប្រាកដប្រជា​អំពី​ព្រះគម្ពីរ​នេះ ។ អ្នក​នឹង​រកឃើញ​អំណាច​កាន់តែ​មហិមា ដើម្បី​ទប់ទល់​នឹង​ការល្បួង ។ អ្នក​នឹង​រក​ឃើញ​អំណាច ដើម្បី​ចៀស​ផុត​ពី​ការបញ្ឆោត ។ អ្នក​នឹង​រកឃើញ​អំណាច​ដើម្បី​បន្ត​នៅ​លើ​ផ្លូវ​តូច និង ចង្អៀត » ។

ខ្ញុំ​លើកទឹកចិត្ត​មនុស្ស​គ្រប់​គ្នា​ដែល​ស្ដាប់​សារលិខិត​នេះ រួម​ទាំង​អ្នក​កាន់​បព្វជិតភាព​ដែល​ប្រជុំ​គ្នា​នា​ល្ងាច​នេះ ឲ្យ​ស្វែងរក​អំណាច​នៃ​ព្រះគម្ពីរ​មរមន ។ ប្រធាន ថូម៉ាស  អេស ម៉នសុន​បាន​លើក​ទឹកចិត្ត​ថា « សូម​អាន​ព្រះគម្ពីរ​មរមន ។ សូម​ពិចារណា​លើ​ការបង្រៀន​របស់​វា ។ សូម​ទូល​សួរ​ព្រះវរបិតាសួគ៌​ថាតើ​វា​ពិត​ឬ​ទេ » ។ ពេលបងប្អូន​ធ្វើ​ដូចនោះ អ្នក​នឹង​ទទួលអារម្មណ៍​ពី​ព្រះវិញ្ញាណ​ក្នុង​ជីវិត​បងប្អូន ។ ព្រះវិញ្ញាណ​នោះ​នឹង​ជា​ផ្នែក​មួយ​នៃ​ទីបន្ទាល់​បងប្អូន​ថា ព្រះគម្ពីរ​មរមន​ពិត ថា​យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី​របស់​ព្រះ ហើយ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ជា​សាសនាចក្រ​ដ៏​ពិត​របស់​ព្រះ​លើ​ផែនដី​សព្វថ្ងៃ​នេះ ។ ទីបន្ទាល់​នោះ​នឹង​ជួយ​អ្នក​ចៀស​ផុត​ពី​ការល្បួង ។ វា​នឹង​រៀបចំ​បងប្អូន​សម្រាប់ « ការហៅ​មនុស្ស​ឲ្យ​មាន​ចិត្ត​ព្យាយាម​ដ៏​ខ្លាំង … ដើម្បី​ធ្វើការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​នៃ​ព្រះអម្ចាស់ » ។១០ វា​នឹង​ជា​យុថ្កា​មួយ​ដ៏​រឹងមាំ​នៅ​ពេល​ការចោទប្រកាន់ ឬ ការថ្លែង​បង្ខូច​ត្រូវបាន​ប្រើ​ដើម្បី​សាកល្បង​សេចក្ដីជំនឿ​របស់​បងប្អូន ហើយ​នឹង​ជា​គ្រឹះ​មួយ​ដ៏​រឹងមាំ​នៅ​ពេល​បងប្អូន​ត្រូវ​គេ​ចោទ​សំណួរ​ដែល​អ្នក​មិន​អាច​ឆ្លើយ​បាន​ភ្លាមៗ ។ បងប្អូន​នឹង​មាន​សមត្ថភាព​យល់​សេចក្ដីពិត​ចេញ​ពី​សេចក្ដី​មិន​ពិត ហើយ​បងប្អូននឹង​មាន​អារម្មណ៍​អះអាង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ បញ្ជាក់​ទីបន្ទាល់​របស់​អ្នក​ម្ដងហើយ​ម្ដង​ទៀត នៅ​ពេល​បងប្អូនបន្ត​អាន​ព្រះគម្ពីរ​មរមន​ពេញ​មួយ​ជីវិត ។

ខ្ញុំ​ក៏​លើកទឹកចិត្ត​ឪពុកម្ដាយ​ទាំងអស់​ដែល​ស្ដាប់ ឬ​អាន​សារលិខិត​នេះ ឲ្យ​ទុក​ព្រះគម្ពីរ​មរមន​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​គេហដ្ឋាន ។ កាល​កូនៗ​យើង​ធំ​ឡើង យើង​អាន​ព្រះគម្ពីរ​មរមន​ដូច​យើង​ទទួលទាន​អាហារ​ពេល​ព្រឹក​ដែរ ។ នេះ​ជា​វត្ថុ​ស៊ក​ចំណាំ​ព្រះគម្ពីរ​ដែល​យើង​បាន​ប្រើ ។ នៅ​ខាង​មុខ​មាន​ប្រសាសន៍​ប្រធាន ប៊ែនសឹន ដែល​សន្យា​ថា ព្រះ​នឹង​ចាក់​ព្រះពរ​មក​លើ​យើង​នៅ​ពេល​យើង​អាន​ព្រះគម្ពីរ​មរមន ។១១ នៅ​ខាង​ក្រោយ​មាន​ការសន្យា​ពី​ប្រធាន ម៉ារ៉ុន ជី រ៉មនី ជា​អតីត​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ទី​មួយ ៖ « ខ្ញុំ​ជឿជាក់​ថា ក្នុង​គេហដ្ឋាន​យើង បើ​ឪពុកម្ដាយ​នឹង​អាន​ព្រះគម្ពីរមរមន​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ទៀងទាត់ ទាំងអាន​ដោយ​ខ្លួនឯង និង ជាមួយ​កូនៗ​ពួកគេ នោះ​វិញ្ញាណ​នៃ​ព្រះគម្ពីរ​ដ៏​អស្ចារ្យ​នោះ​នឹង​ចាប់ផ្ដើម​មាន​ពេញ​គេហដ្ឋាន​យើង ថែមទាំង​មនុស្ស​ដែល​រស់នៅ​ក្នុង​គេហដ្ឋាន​នោះ​ផងដែរ ។ … វិញ្ញាណ​នៃ​ការទាស់ទែងគ្នា​នឹង​ចេញ​ឆ្ងាយ​ទៅ ។ ឪពុកម្ដាយ​នឹង​ទូន្មាន​កូន​ខ្លួន​ដោយ​សេចក្តីស្រឡាញ់ និង ប្រាជ្ញា​ដ៏​មុត ។ កូនៗ​នឹង​ស្ដាប់​បង្គាប់​កាន់តែ​ច្រើន​ចំពោះ​ការទូន្មាន​របស់​ឪពុកម្ដាយ​ខ្លួន ។ សេចក្តីសុចរិត​នឹង​កើនឡើង ។ សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស—ដែល​ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ—នឹង​មាន​ពាសពេញ​គេហដ្ឋាន និង ជីវិត​យើង ដោយ​នាំ​មក​ជាមួយ​នូវ​សេចក្ដី​សុខសាន្ត អំណរ និង សុភមង្គល » ។១២

ឥឡូវ ច្រើន​ឆ្នាំ​បន្ទាប់​ពី​កូនៗ​របស់​យើង​បាន​ចាកចេញ​ពី​ផ្ទះ​ទៅ​ចិញ្ចឹម​បីបាច់​គ្រួសារ​ផ្ទាល់ខ្លួន យើង​អាច​ឃើញ​យ៉ាង​ច្បាស់​អំពី​ការសន្យា​របស់​ប្រធាន រ៉មនី ត្រូវបាន​បំពេញ ។ គ្រួសារ​ខ្ញុំ​មិន​ល្អ​ឥតខ្ចោះ​ទេ ប៉ុន្តែ​យើង​អាច​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​នៃ​ព្រះគម្ពីរ​មរមន និង ពរជ័យ​ដែល​ការអាន​វា ​អាច​នាំ​ឲ្យ​មាន ហើយ​បន្ត​នាំ​ឲ្យ​មាន​ក្នុង​ជីវិត​គ្រួសារ​យើង​ទាំងមូល ។

អំណាច​ដ៏​មហិមា​នៃ​ព្រះគម្ពីរ​មរមន គឺ​ជា​ឥទ្ធិពល​របស់​វា​នៅ​ក្នុង​ការនាំ​យើង​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ។ អំណាច​នេះ​គឺជា​ទីបន្ទាល់​រឹងមាំ​អំពី​ទ្រង់ និង អំពី​បេសកកម្ម​ប្រោសលោះ​របស់​ទ្រង់ ។១៣ យើង​យល់​អំពី​ភាពអស្ចារ្យ និង អំណាច​នៃ​ដង្វាយធួន​ទ្រង់​តាមរយៈ​អំណាច​នេះ ។១៤ វា​បង្រៀន​អំពី​គោលលទ្ធិ​យ៉ាង​ច្បាស់ ។១៥ ហើយ​ដោយសារ​តែ​ជំពូក​ដ៏​អស្ចារ្យ​ដែល​ពិពណ៌នា​អំពី​ការយាងមក​ជួប​របស់​ព្រះគ្រីស្ទ​ក្រោយ​មាន​ព្រះជន្មរស់ឡើងវិញ​ដល់​សាសន៍​នីហ្វៃ នោះ​យើង​ឃើញ​ទ្រង់​ស្រឡាញ់ ប្រទានពរ ហើយ​បង្រៀន​ប្រជាជន​ទាំងនោះ ហើយ​យល់​ថា ទ្រង់​នឹង​ធ្វើ​ដូចគ្នា​នេះ​ចំពោះ​យើង បើ​យើង​មក​រក​ទ្រង់​តាមរយៈ​ការរស់នៅ​តាម​ដំណឹងល្អ ។១៦

បងប្អូន​ប្រុស​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​នៃ​ព្រះគម្ពីរ​មរមន ។ ទោះជា​ខ្ញុំ​អាន​ជា​ភាសា​អង់គ្លេស អ៊ីតាលី ឬ បារាំង ជា​ក្រដាស ឬ​លើ​ឧបករណ៍​អេឡិចត្រូនិក​ក្តី ខ្ញុំ​ទទួល​បាន​វិញ្ញាណ​ដ៏​អស្ចារ្យ​ដូច​គ្នា​ចេញ​ពី​ជំពូក និង ខគម្ពីរ​ទាំងនេះ​ទៅ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​លទ្ធភាព​របស់​វា​ក្នុង​ការជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះគ្រីស្ទ ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​ម្នាក់ៗ​នឹង​បាន​ប្រយោជន៍​ទាំងស្រុង​ពី​អំណាច​ដែល​មាន​ក្នុង​ព្រះគម្ពីរ​នេះ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​​ចំណាំ

  1. សូម​មើល « ‹ You Can’t Close My Heart’: Ghanaian Saints and the Freeze »  ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៦ គេហទំព័រ history.lds.org ។

  2. នីហ្វៃទី២  ២៥:២៦ ។

  3. អ៊ីម៉ែល​មក​ពី នីកូឡាស អូហ្វូស៊ូ ហ៊ែន  ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៥ ។

  4. សូម​មើល អាន់ជែឡូ ស្កាពូឡា អាន់ជែឡូ ស្កាពូឡា « My Search for the Restoration » Tambuli ខែ មិថុនា ឆ្នាំ ១៩៩៣ ទំព័រ ១៦–២០ អ៊ីម៉ែល​ពី អ៊ែហ្សូ ខារ៉ាមៀ  ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៦ ។

  5. ជីវប្រវត្តិ​របស់ ប៉ាលី ភី ប្រាត្ត បោះពុម្ព​ដោយ ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ ( ឆ្នាំ ១៩៣៨ ) ទំព័រ ៣៧ ។

  6. សូម​មើល មរ៉ូណៃ ១០:៤–៥ ។

  7. Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១៤១ ) ។

  8. ថូម៉ាស អេស. ម៉នសុន, « Dare to Stand Alone Liahona, វិច្ឆិកា ឆ្នាំ ២០១១, ៦២; សូមមើល​ផងដែរ ថូរម៉ាស អេស. ម៉នសុន, «Priesthood Power Liahona, ខែ​ឧសភា ឆ្នាំ ២០១១, ៦៦; A Prophet’s Voice: Messages from Thomas S. Monson ( ឆ្នាំ ២០១២), ៤៩០–៩៤ ។

  9. ប្រធាន ថូម៉ាស  អេស ម៉នសុន បាន​បង្រៀន​ថា « អ្នក​កាន់​បព្វជិតភាព​គ្រប់​រូប គួរតែ​អាន​ព្រះគម្ពីរ​រាល់​ថ្ងៃ ។ … ខ្ញុំ​សន្យា​នឹង​អ្នក ទោះជា​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន ឬ មិលគីស្សាដែក​ក្ដី បើ​អ្នក​នឹង​សិក្សា​ព្រះគម្ពីរ​ដោយ​ឧស្សាហ៍ នោះ​អំណាច​របស់​អ្នក​ដើម្បី​ចៀសវាង​ពី​ការល្បួង ហើយ​ទទួលបាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ធ្វើ នឹង​មាន​កាន់តែ​ខ្លាំង​ឡើង » ( « Be Your Best Self » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៦៨ ) ។

  10. អាលម៉ា ២៨:១៤ ។

  11. « ខ្ញុំ​សន្យា​ថា​ចាប់​ពី​វិនាទី​នេះ​ទៅ បើ​យើង​នឹង​អាន [ ព្រះគម្ពីរ​មរមន ] រាល់ថ្ងៃ ហើយ​រស់នៅ​តាម​សិក្ខាបទ​ដែល​មាន​ក្នុង​នោះ ព្រះ​នឹង​ចាក់​ព្រះពរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ទៅ​លើ​កូនចៅ​ក្រុង​ស៊ីយ៉ូន​ម្នាក់ៗ និង​សាសនាចក្រ » ( Teachings: Ezra Taft Benson ទំព័រ ១២៧ ) ។

  12. ម៉ារ៉ុន ជី រ៉មនី « The Book of Mormon » Ensign ខែ ឧសភា ឆ្នាំ ១៩៨០ ទំព័រ ៦៧ ។

  13. សូម​មើល​សម្រាប់​ជា​ឧទាហរណ៍ ទំព័រចំណងជើង​នៃ ព្រះគម្ពីរមរមន នីហ្វៃទី១  ១១ នីហ្វៃទី២  ២៥ម៉ូសាយ ១៦; ១៨អាលម៉ា ៥; ១២ហេលេមិន ៥នីហ្វៃទី៣  ៩មរមន ៧ ។

  14. សូម​សម្រាប់​ជា​ឧទាហរណ៍ នីហ្វៃទី២  ២នីហ្វៃ២ ៩ម៉ូសាយ ៣អាលម៉ា ៧; ៣៤ ។

  15. សូម​មើល​សម្រាប់​ជា​ឧទាហរណ៍ នីហ្វៃទី២  ៣១នីហ្វៃទី៣  ១១; ២៧ ។

  16. សូម​មើល នីហ្វៃទី៣  ១១–២៨ ។