ឆ្នាំ ២០១០-២០១៩
តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ ?
ខែ តុលា ឆ្នាំ ២០១៦


តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ ?

នៅ​ទីបំផុត យើង​ម្នាក់ៗ​ត្រូវ​តែ​ឆ្លើយ​​សំណួរ​របស់​ព្រះអង្គសង្គ្រោះ ៖ « អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ? »

អស់​ជាច្រើន​ឆ្នាំ​កន្លង​ទៅ គ្រួសារ​ខ្ញុំ​ និង​ខ្ញុំ​បាន​ទៅ​លេង​ទឹកដី​បរិសុទ្ធ ។ ការ​ចងចាំ​យ៉ាង​ច្បាស់​មួយរបស់​ខ្ញុំ​អំពី​ការ​ធ្វើ​ដំណើរ​របស់​យើង គឺ​ការ​ទៅ​កាន់​បន្ទប់​ជាន់​លើ​ក្នុង​ទីក្រុង​យេរូសាឡិម ជា​ទីតាំង​នៃ​យប់​អាហារ​ចុង​ក្រោយ ។

នៅពេល​យើង​ឈរ​នៅទីនោះ ខ្ញុំ​បាន​អានដល់​ពួកគាត់​អំពី​ យ៉ូហាន ១៧ ត្រង់​កន្លែង​ដែល​ព្រះយេស៊ូវ​បាន​ទូល​អង្វរ​ដល់​ព្រះ​បិតា​ទ្រង់​ជំនួស​ពួក​សិស្ស​របស់ទ្រង់ ៖

« ទូលបង្គំ​អធិស្ឋាន​សម្រាប់​ពួក​គេ…ដើម្បី​ពួកគេ​បានរួម​គ្នា​តែ​មួយ ដូចជា​យើង​ដែរ ។ …

« ទូលបង្គំ​មិន​អធិស្ឋាន​ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូលបង្គំ ដោយសារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ

« ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង ។

ខ្ញុំ​រំជួល​ចិត្ត​ជា​ខ្លាំង​ពេល​អាន​បន្ទូល​ទាំងនេះ ហើយឃើញ​ថា​ខ្លួន​ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​កន្លែង​ពិសិដ្ឋ​នោះ ដែលខ្ញុំ​អាច​បាន​មក​រួម​គ្នាតែមួយ​នឹង​គ្រួសារ​ខ្ញុំ ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់ទ្រង់ ។

ទំនាក់ទំនង​ដ៏​មាន​តម្លៃ​របស់​យើង​ជាមួយ​ក្រុមគ្រួសារ មិត្តភក្ដិ ព្រះអម្ចាស់ និង​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់ទ្រង់ គឺ​ស្ថិត​ក្នុង​ចំណោម​រឿង​ទាំងឡាយ​ដែល​សំខាន់​បំផុត​នៅក្នុង​ជីវិត​នេះ ។ ដោយសារ​តែ​ទំនាក់ទំនង​ទាំងនេះ​សំខាន់​យ៉ាងខ្លាំង នោះ​​វា​គួរ​តែ​ត្រូវ​បាន​រីករាយ ការពារ និង​បីបាច់ ។

រឿង​ដ៏​ឈឺចាប់​បំផុត​មួយ​ក្នុង​បទគម្ពីរ បាន​កើត​ឡើង​នៅពេល « ពួកសិស្សរបស់ [ព្រះអម្ចាស់] ជាច្រើន បាន​ឃើញ​ថា​វាលំបាក​សម្រាប់​ពួកគេ​ដើម្បីទទួល​យកការ​បង្រៀន និង​គោលលទ្ធិ​របស់ទ្រង់ ហើយ​ពួកគេ​បាន « ដក​ខ្លួន​ថយ​ចេញ មិន​តាម​ទ្រង់​ទៀត​ទេ »

នៅពេល​ពួក​សិស្ស​ទាំងនេះ​ចាក​ចេញ​ទៅ ព្រះយេស៊ូវ​បាន​ងាក​ទៅ​រក​ពួក​ដប់ពីរ​នាក់ ហើយ​សួរ​ថា « អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ? »

ពេត្រុស​បានទូល​ថា ៖

« ព្រះអម្ចាស់​អើយ តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ ? គឺ​ទ្រង់​ហើយ ដែលមាន​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

« យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ពិត » ។

នៅគ្រា​នោះ ខណៈ​ពេលដែល​​អ្នកដទៃ​ផ្ដោត​ទៅលើ​អ្វី​ដែល​ពួកគេ​ពុំ​អាច​ទទួល​យក​បាន ពួក​សាវក​បានជ្រើសរើស​ផ្ដោត​ទៅលើ​អ្វី​ដែល​ពួកគេ បាន ជឿ និង​ដឹង ជាលទ្ធផល ពួកគេ​បាន​បន្ដ​នៅជា​មួយ​ព្រះគ្រីស្ទ ។

ក្រោយមក នៅបុណ្យ​ថ្ងៃ​ទីហាសិប ពួក​ដប់ពីរ​នាក់​បាន​ទទួល​អំណោយ​ទាន​នៃព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួកគេ​បាន​ក្លាយ​ជា​សាក្សី​ដ៏​មុតមាំ​របស់​ព្រះគ្រីស្ទ ហើយ​បាន​ចាប់​ផ្ដើម​យល់​កាន់តែពេញលេញ​អំពី​ការ​បង្រៀន​របស់​ព្រះយេស៊ូវ ។

នៅសព្វ​ថ្ងៃ​នេះគឺ​មិនខុសគ្នាទេ ។ ចំពោះ​មនុស្ស​ខ្លះ ការ​អញ្ជើញ​របស់ព្រះគ្រីស្ទ​ឲ្យ​ជឿ ហើយ​បន្ដ​នៅ​ស្មោះត្រង់ នៅតែ​មានការ​លំបាក—ឬ​ពិបាក​ទទួល​យក ។ សិស្ស​មួយចំនួន​មាន​បញ្ហា​ពិបាក​យល់​អំពី​គោលនយោបាយ​ ឬ​ការ​បង្រៀន​ជាក់លាក់​របស់​សាសនាចក្រ ។ អ្នក​ខ្លះទៀត​មាន​ចម្ងល់​អំពីប្រវត្តិ​របស់​យើង ឬ​អំពី​ការ​មិន​ល្អ​ឥតខ្ចោះ​របស់​សមាជិក និង​អ្នកដឹក​នាំ​មួយចំនួន តាំង​ពី​អតីតកាល និង​បច្ចុប្បន្នកាល ។ អ្នក​ដទៃទៀត​នៅតែ​រកឃើញ​ថា​វា​លំបាក​ដើម្បី​រស់នៅ​ក្នុង​សាសនា​មួយ​ដែលមាន​តម្រូវការជា​​ច្រើន​ពី​ពួកគេ ។ ទីបំផុត មនុស្ស​មួយចំនួន​បាន​ « ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ » ។ ដោយ​មូលហេតុ​នេះ និង​មូលហេតុ​ផ្សេងៗ​ទៀត សមាជិកសាសនាចក្រ​មួយចំនួន មាន​ភាព​មិនប្រាកដ​អំពី​ជំនឿ​របស់ពួកគេ ហើយ​បាន​ងឿង​ឆ្ងល់​ថាពួកគេ​គួរ​ដើរ​តាម​អ្នកដែល​ « ដក​ខ្លួន​ថយ​ចេញ មិន​តាម​ព្រះយេស៊ូវ​ » ទៀត​ឬ​យ៉ាងណា ។

ប្រសិន​បើ​បងប្អូន​ណា​កំពុង​មានភាពមិនប្រាកដ​អំពី​ជំនឿ​ខ្លួន ខ្ញុំ​សូម​សួរ​សំណួរ​ដូច​ពេត្រុស​បាន​សួរ ៖ « តើ​ [បងប្អូន​] ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ ? » បើសិន​បងប្អូនជ្រើសរើស​​អសកម្ម ឬ​​​ចាក​ចេញ​ពីសាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​​ដែល​បាន​ស្ដារឡើងវិញ តើ​បងប្អូន​នឹង​ទៅ​ណាវិញ ? តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ ៕ ការ​សម្រេច​ចិត្ត « មិន​តាម​ » សមាជិក​សាសនាចក្រ និង​អ្នកដឹកនាំ​ដែល​បាន​ជ្រើសរើស​របស់ព្រះអម្ចាស់តទៅ​ទៀត នឹង​មាន​ឥទ្ធិពល​យូរអង្វែង ដែល​មិន​អាច​យល់​នៅ​ពេល​នេះ​ទេ ។ ប្រហែល​ជា​មាន​គោលលទ្ធិ គោលនយោបាយ និង​ប្រវត្តិសាស្ត្រ​មួយចំនួន ដែល​ធ្វើ​ឲ្យ​បងប្អូន​​មិន​យល់​ស្រប​នឹង​ជំនឿ​ខ្លួន ហើយ​បងប្អូនអាច​មានអារម្មណ៍​ថា មានផ្លូវ​ដោះ​ស្រាយ​តែ​មួយគត់​ចំពោះ​ចលាចល​នៅក្នុង​ខ្លួន​នាពេល​នេះ គឺ​ « មិន​តាម » ពួក​បរិសុទ្ធ​តទៅទៀត ។ ​បើ​បងប្អូន​រស់នៅ​តាម​ឲ្យ​បាន​យូរ​ដូចជា​ខ្ញុំ នោះ​បងប្អូន​នឹង​បានស្គាល់​ថា រឿង​ទាំងឡាយ​មានដំណោះ​ស្រាយ​ដោយ​ខ្លួន​ឯង ។ គំនិតដ៏​បំផុស ឬ​វិវរណៈ​មួយ អាច​នឹង​ផ្ដល់​ជា​ចម្លើយ​ចំពោះ​បញ្ហា​មួយ ។ សូមច​ងចាំ​ថា ការ​ស្ដារឡើងវិញ​ពុំ​មែនជា​ព្រឹត្តការណ៍​មួយ​ទេ ប៉ុន្តែ​វា​បន្ដ​បើក​បង្ហាញ ។

សូម​កុំ​បោះបង់​ចោល​សេចក្ដីពិត​ដ៏មហិមា​ដែលបាន​បើក​សម្ដែង​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធឡើយ ។ សូម​កុំ​ឈប់​អាន ពិចារណា ហើយ​អនុវត្ត​គោលលទ្ធិ​នៃ​ព្រះ​គ្រីស្ទ ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរមរមនឡើយ ។

សូម​កុំភ្លេច​ផ្ដល់​ពេល​ស្មើគ្នាថ្វាយ​​​ព្រះអម្ចាស់ តាមរយៈ​ការ​ចង់យល់ដឹងដោយ​ស្មោះ​​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង ។ ដូចមិត្ត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ និង​ជា​អតីត​អ្នក​រួម​ការងារ គឺ​អែលឌើរ នែល​ អេ ម៉ាក់ស្វែល បាន​មាន​ប្រសាសន៍ថា « យើង​មិនគួរ​ស្មាន … ដោយ​ព្រោះ​តែ​ពួកយើង​​មានអ្វី​មួយ​មិន​បាន​ពន្យល់​នោះ​ឡើយ ពីព្រោះ​វា​ពុំ​អាច​ពន្យល់​បានទេ » ។

ដូច្នេះ​ពីមុន​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ​ដើម្បី​ចាកចេញ ខ្ញុំ​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ឈប់​សិន ហើយ​គិត​ដោ​យ​ប្រុងប្រយ័ត្ន​ពីមុន​អ្នកបោះ​បង់​អ្វី​ដែល​នាំ​ឲ្យ​អ្នកមាន​ទីបន្ទាល់​អំពី​​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់ព្រះគ្រីស្ទ​ពីដំបូងនោះ ។ ចូរឈប់​សិន ហើយ​គិត​អំពី​អ្វី​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​នៅទីនេះ និងមូលហេតុ​ដែល​អ្នក​ទទួលបាន​អារម្មណ៍​នោះ ។ ចូរ​គិត​អំពី​គ្រា​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​បាន​ថ្លែង​ជាសាក្សី​ទៅកាន់អ្នក​អំពី​សេចក្ដីពិត​ដ៏អស់កល្បជានិច្ច ។

តើ​បងប្អូន​​នឹង​ទៅ​រក​អ្នក​ដែលមាន​ជំនឿ​ដូច​បងប្អូន​​ជឿ​ទៅលើ​ព្រះបិតា​មាតា​សួគ៌​ជា​ទីស្រឡាញ់ និង​ដោយ​ផ្ទាល់ ដែល​បាន​បង្រៀន​យើង​អំពីរបៀប​ដើម្បី​ត្រឡប់​ទៅកាន់​វត្តមាន​ដ៏​អស់កល្បរបស់​ពួក​ទ្រង់​នៅឯណា ?

តើ​បងប្អូន​នឹង​ទៅ​​ទទួល​ការ​បង្រៀន​អំពី ព្រះអង្គសង្គ្រោះ​ដែល​ជា​មិត្ត​ដ៏​ល្អបំផុត​របស់​បងប្អូន ដែល​បាន​រងទុក្ខ​ពុំគ្រាន់តែ​សម្រាប់​អំពើបាប​របស់បងប្អូន ប៉ុន្តែ​ក៏​បាន​រងទុក្ខ « ការ​ឈឺចាប់ និង​ទុក្ខវេទនា និង ការល្បួង​គ្រប់​បែប​យ៉ាង » ដើម្បី « ​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​ស្រប​តាម​សាច់​ឈាម​ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ » ខ្ញុំ​ជឿថា ​រួមទាំងការ​ឈឺចាប់​ចំពោះ​ការ​បាត់​បង់​សេចក្ដីជំនឿ​របស់​ពួកគេផងដែរ​នោះនៅ​កន្លែង​ណា ?

តើ​បងប្អូន​នឹង​ទៅ​រៀន​បន្ថែមទៀត​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដើម្បី​សុភមង្គល និងភាព​សុខសាន្ដ​​ដ៏​អស់កល្បជានិច្ចរបស់​យើង ដែលជា​ផែនការ​មួយ​ពេញ​ទៅដោយ​​លទ្ធភាព ការ​បង្រៀន និងការណែនាំ​សម្រាប់ជីវិត​រមែង​ស្លាប់ និងជីវិត​ដ៏អស់កល្បជានិច្ច​របស់​យើង​នៅកន្លែង​ណា ? សូម​ចងចាំ​ថា ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ផ្ដល់​នូវ​អត្ថន័យ គោលបំណង និង​ការ​ដឹកនាំ​នៃជីវិត​រមែង​ស្លាប់ ។

តើ​បងប្អូន​នឹង​ទៅ​រក​រចនា​សម្ព័ន្ធ​អង្គការ​សាសនាចក្រ​ដ៏​លម្អិត និងបំផុស​គំនិត​តាមរយៈ​អ្វី​ដែល​បងប្អូន​ត្រូវ​បាន​បង្រៀន និងគាំទ្រ​ដោយ​បុរស និង​ស្ត្រី​ដែល​មានការ​តាំង​ចិត្ត​ខ្ពស់​ដើម្បី​បម្រើ​ព្រះអម្ចាស់ ដោយ​ការ​បម្រើ​ដល់​បងប្អូន និង​គ្រួសារ​របស់បងប្អូន​នៅកន្លែង​ណា ?

តើបងប្អូន​នឹង​ទៅ​រកពួក​​ព្យាការី និង​ពួក​សាវក​​នៅ​រស់​ ដែល​ត្រូវ​បាន​ហៅ​ដោយព្រះ​ដើម្បី​ផ្ដល់​ជា​ធនធាន​មួយ​​ទៀត​ដល់អ្នក​​ទទួលបាន​​ដំបូន្មាន ការ​យល់ដឹង ការ​លួងលោម​ចិត្ត និង​ការ​បំផុសគំនិត​ចំពោះ​ឧបសគ្គ​នៃ​ជីវិត​របស់​យើង​នៅកន្លែង​ណា ?

តើបងប្អូន​នឹង​ទៅ​រក​មនុស្ស​ដែល​រស់នៅ​តាម​គុណតម្លៃ និង​បទដ្ឋាន​​ដូចបងប្អូន ហើយ​ចង់​ចែកចាយ​ទៅដល់​កូនចៅ​របស់​បងប្អូន​នៅកន្លែងណា ?

ហើយ​តើ​បងប្អូន​នឹង​ទៅ​ទទួល​បទពិសោធន៍អំណរ​ដែល​កើត​មាន​មក​តាមរយៈ​ពិធីបរិសុទ្ធនៃការ​សង្គ្រោះ​ និង​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅកន្លែង​ណា ?

បងប្អូន​ប្រុស​ស្រី ការ​ទទួល​យក និងការ​រស់នៅ​តាមដំណឹងល្អ​របស់ព្រះគ្រីស្ទ អាច​នឹង​មាន​ការ​លំបាក ។ វាតែងតែ​ដូច្នេះ ហើយ​នឹង​មាន​ជានិច្ច ។ ជីវិត​អាច​ដូចជា​អ្នក​ដើរ​ឡើង​ចំណោទ​ដ៏ខ្ពស់ និង​លំបាក ។ វា​គឺជា​រឿង​សាមញ្ញ​ធម្មតាទេ​ដើម្បី​ឈប់​ម្ដងម្កាល​តាមផ្លូវ ដើម្បី​ដក​ដង្ហើម ដើម្បី​វាយ​តម្លៃ​ឡើងវិញ​អំពីទិសដៅ​របស់យើង និង​ដើម្បី​គិត​ជាថ្មី​អំពី​ជំហាន​របស់​យើង ។ ពុំ​មែន​មនុស្ស​គ្រប់រូប​ត្រូវ​ឈប់​នៅលើ​ផ្លូវ​នោះទេ ប៉ុន្តែ​វា​មិន​ជា​ការ​ខុសឆ្គង​អ្វីទេ​ក្នុង​ការ​ធ្វើដូច្នោះ នៅពេល​ស្ថានភាព​របស់អ្នក​តម្រូវ​ឲ្យ​ធ្វើ​នោះ ។ តាមពិត វាអាច​ជា​រឿង​វិជ្ជមាន​ចំពោះអ្នក​ដែល​ឆ្លៀត​យក​ឱកាស​ទាំងស្រុង ដើម្បី​ទទួល​យក​ទឹករស់​នៃ​ដំណឹងល្អ​របស់ព្រះគ្រីស្ទនោះ ។

គ្រោះ​ថ្នាក់​កើត​មានឡើង​នៅពេលនរណា​ម្នាក់​ជ្រើសរើសដើរ​វង្វេង​ចេញ​ពី​ផ្លូវ​ដែល​នាំ​ទៅរក​ដើម​នៃ​ជីវិត ។ ពេល​ខ្លះ​យើងអាច​រៀន សិក្សា ហើយ​ស្គាល់ ពេល​ខ្លះ​យើង​ត្រូវ​ជឿ ទុកចិត្ត និង​សង្ឃឹម ។

នៅ​ទីបំផុត យើង​ម្នាក់ៗ​ត្រូវ​តែ​ឆ្លើយ​​សំណួរ​របស់​ព្រះអង្គសង្គ្រោះ ៖ « អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ? » យើង​ទាំងអស់គ្នា​ត្រូវ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នោះផ្ទាល់ខ្លួន ។ អ្នកខ្លះ​ឆ្លើយថាស្រួល អ្នក​ខ្លះទៀត​ឆ្លើយថាពិបាក ។ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​មិនដឹង​ពីមូលហេតុ​ដែលជំនឿ​ដើម្បីជឿ​កើត​មាន​ដោយ​ងាយ​ចំពោះ​មនុស្ស​ខ្លះ ជាង​មនុស្ស​ផ្សេង​ទៀត​នោះទេ ។ ខ្ញុំ​មាន​អំណរគុណ​ខ្លាំង​ណាស់​ដែលដឹង​ថា​មាន​ចម្លើយ​ជានិច្ច​នោះ ហើយ​បើ​យើង​ស្វែង​រក—ពិតជា​ស្វែងរក​ដោយ​បំណង​ពិត និង​ដោយ​គោលបំណង​ពេញលេញ​អស់ពីដួងចិត្ត​ប្រកប​ដោយការ​អធិស្ឋាន—​ទីបំផុត​នោះ​យើង​នឹង​រកឃើញចម្លើយ​ចំពោះសំណួរ​របស់​យើង នៅពេល​យើង​បន្ដ​នៅលើ​ផ្លូវ​នៃដំណឹងល្អ​​ ។ នៅ​ក្នុង​ការ​បម្រើ​របស់​ខ្ញុំ ខ្ញុំ​បាន​ស្គាល់​មនុស្ស​មួយ​ចំនួន​ដែល​បាន​ឃ្លាត​ឆ្ងាយ រួច​ត្រឡប់មកវិញ​បន្ទាប់​ពី​ការសាកល្បង​នៃ​សេចក្ដីជំនឿ​របស់ពួកគេ ។

ក្ដីសង្ឃឹមដ៏​ស្មោះ​របស់​ខ្ញុំ គឺថា យើង​នឹង​អញ្ជើញកូនចៅ​របស់​ព្រះ​​កាន់តែ​ច្រើន​ឲ្យស្វែងរក និងស្ថិត​​នៅលើ​ផ្លូវដំណឹងល្អ ដើម្បី​ពួកគេ​ក៏​អាច « ទទួល​ទាន​ផ្លែឈើ ដែល [​គួរ] ​ឲ្យមាន​ប្រាថ្នា​ជាង​ផ្លែ​ឈើ​ណា​ៗ​ទាំងអស់ » ។១០

ខ្ញុំ​សូម​អង្វរ​ដោយស្មោះ​ថា យើង​នឹង​លើកទឹកចិត្ត ទទួលយក យល់ និង​ស្រឡាញ់​អ្នកទាំងឡាយ​ដែល​កំពុង​ពុះពារ​នឹង​សេចក្ដីជំនឿ​របស់ពួកគេ ។ យើង​មិនត្រូវ​បដិសេធ​បងប្អូន​ប្រុសស្រី​យើងណា​ម្នាក់ទេ ។ យើង​ទាំងអស់​គ្នា​ស្ថិត​នៅទីកន្លែង និងលើផ្លូវ​ផ្សេងៗគ្នា ហើយ​យើង​ចាំបាច់​បម្រើ​គ្នា​ទៅវិញទៅមក​ស្របតាម​ស្ថានភាព​នោះ ។

ក៏​ដូចជា​យើង​លាតដៃ​ស្វាគមន៍​អ្នក​ផ្លាស់ប្រែចិត្ត​ថ្មី​ដោយ​ក្ដី​ស្រឡាញ់ នោះ​យើងគួរ​​ទទួល​យក និង​គាំទ្រ​ដល់អ្នក​ដែល​មានសំណួរ និង​មិន​ច្បាស់​នៅក្នុង​សេចក្ដីជំនឿ​ពួកគេផងដែរ ។

មាន​​ពាក្យ​ប្រៀបធៀប​ស្រដៀងគ្នា​មួយទៀត ខ្ញុំ​អធិស្ឋានសូមឲ្យ​អ្នក​ដែល​គិតចង់​​ចាក​ចេញ​ពី « នាវា​​ស៊ីយ៉ូនចាស់ » ជាកន្លែង​ដែលព្រះ និង​ព្រះគ្រីស្ទ​ គ្រប់គ្រង នឹង​ឈប់សិន ហើយគិត​ដោយប្រុងប្រយ័ត្ន​ពីមុន​ធ្វើ​ដូច្នោះ ។

សូម​ដឹង​ថា ទោះជា​ព្យុះ​ និង​រលកធំៗ​បោក​បក់​មក​លើ​នាវា​ចាស់​ក្ដី ព្រះអង្គសង្គ្រោះ​គង់​នៅលើនោះ ហើយអាច​រម្ងាប់​ព្យុះ​ដោយ​បញ្ជា​របស់ទ្រង់​ថា « ចូរ​ស្ងៀម​ទៅ » ។ ដល់ពេល​នោះ យើង​ពុំ​ត្រូវ​ភ័យខ្លាច​ឡើយ ហើយ​យើង​ត្រូវ​មាន​សេចក្ដីជំនឿ​ដោយ​ឥត​ងាករេ និងដឹង​ថា « ​សមុទ្រ​ក៏​ស្តាប់​បង្គាប់​ទ្រង់​ដែរ » ។១១

បងប្អូនប្រុសស្រី ខ្ញុំ​សន្យា​នឹង​អ្នក​ក្នុង​ព្រះនាម​នៃ​ព្រះ​ថា ទ្រង់នឹង​មិន​បោះបង់​សាសនាចក្រ​ទ្រង់​ចោល​ឡើយ ហើយ​ថា​ទ្រង់​នឹង​មិន​បោះបង់​នរណាម្នាក់​ឲ្យ​វិនាស​ឡើយ ។ សូម​ចងចាំ​ការ​ឆ្លើយ​​តប​របស់​ពេត្រុស​ទៅ​នឹង​សំណួរ និង​បន្ទូល​របស់ព្រះអង្គសង្គ្រោះ ៖

« តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ ? គឺ​ទ្រង់​ហើយ ដែលមាន​ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

« យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ពិត » ។១២

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា « ពុំ​មាន​នាម​ណាមួយ ឬផ្លូវ ឬ​ក៏មធ្យោបាយ​ឯណា​ទៀត​ឡើយ ដែលអាច​នាំ​សេចក្ដីសង្គ្រោះ​មក​ឲ្យ​កូន​ចៅ​មនុស្ស មានតែ​មធ្យោបាយ​មួយប៉ុណ្ណោះ គឺ​ដោយ​តាម​រយៈ​ព្រះនាម​នៃ​ព្រះគ្រីស្ទ » ។១៣

ខ្ញុំ​ក៏​ថ្លែង​ទីបន្ទាល់​ផងដែរ​ថា ព្រះយេស៊ូវ​គ្រីស្ទ បាន​ហៅ​ពួកសាវក និង​ពួក​ព្យាការី​នៅ​ជំនាន់​យើង ហើយ​បានស្ដារ​សាសនាចក្រ​របស់ទ្រង់​ឡើងវិញ​ជាមួយ​នឹង​ការ​បង្រៀន និង​បទបញ្ញត្តិ​នានា​​ធ្វើជា « ទី​ជ្រកកោន​ព្យុះ​សង្ឃរា និង​ពី​សេចក្ដី​ក្រោធ » ដែល​នឹង​មាន​ជាពិត លើក​លែង​តែ​មនុស្ស​ក្នុង​លោកិយ​នេះ​ប្រែចិត្ត ហើយត្រឡប់​ទៅរកទ្រង់​វិញ ។១៤

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​បន្ថែម​ថាព្រះអម្ចាស់ « អញ្ជើញ​ពួកគេ​ទាំង​អស់​គ្នា​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួលទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់​ដែល​មក​រក​ទ្រង់​ឡើយ ទាំង​ខ្មៅ និង​ស ទាំង​បាវគេ និង​សេរី ទាំងប្រុស និង​ស្រី … ក៏ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។១៥

ព្រះយេស៊ូវ​គឺជា​ព្រះអង្គសង្គ្រោះ​ និង​ព្រះប្រោសលោះ​របស់យើង ហើយ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់ទ្រង់ នឹង​ដឹកនាំ​យើង​ឲ្យ​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះបិតា​មាតា​សួគ៌​វិញ​ដោយសុវត្ថិភាព ប្រសិន​បើ​យើង​បន្ដ​នៅលើ​ផ្លូវ​នៃដំណឹងល្អ ហើយដើរ​តាម​ដាន​ព្រះបាទា​របស់ទ្រង់ ។ ខ្ញុំ​សូម​​ថ្លែង​ទីបន្ទាល់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។