ឆ្នាំ ២០១០-២០១៩
គ្រឹះ​នៃ​សេចក្តីជំនឿ
ខែ មេសា ឆ្នាំ ២០១៧


គ្រឹះ​នៃ​សេចក្តីជំនឿ

ខ្ញុំ​សូម​អង្វរ​ថា យើង​នឹង​លះបង់ ហើយ​មាន​ចិត្ត​រាបសា​ដ៏​ចាំបាច់​ដើម្បី​ពង្រឹង​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​យើង​លើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។

នេះ​ជា​សន្និសីទទូទៅ​មួយ​ដ៏​អធិក​អធម ។ យើង​ពិត​ជា​បាន​ស្អាង​ឡើង ។ ប្រសិន​បើ​មាន​គោលដៅ​ដ៏​ធំ​មួយ​នៃ​សន្និសីទទូទៅ វា​គឺ​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះជា​ព្រះវរបិតា និង​ព្រះអង្គ​សង្គ្រោះ​យើង ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សុន្ទរកថា​ខ្ញុំ​គឺ​ទាក់ទង​នឹង​គ្រឹះ​នៃ​សេចក្ដី​ជំនឿនោះ ។

គ្រឹះ​ផ្ទាល់​ខ្លួន ដូចជា​កា​រ​ស្វែង​រក​អ្វី​ដែល​មានតម្លៃជា​ច្រើន ជា​ធម្មតា​បាន​ស្ថាបនា​ឡើងដោយ—ស្រទាប់ បទពិសោធន៍​ឧបសគ្គ ភាព​បរាជ័យ និង​ភាពជោគជ័យ​ម្ដង​មួយៗ​ដោយ​សន្សឹមៗ ។ បទពិសោធន៍​គួរ​ឲ្យ​ស្រឡាញ់​បំផុត​មួយ​គឺជា​ការ​បោះ​ជំហាន​ដំបូង​របស់​ទារកម្នាក់ ។ វាជា​បទពិសោធន៍​ដ៏​ប្រសើរ​ក្រៃលែង ។ ទឹកមុខ​ដ៏​មាន​តម្លៃ—ជា​បន្សំ​នៃ​ការ​ប្ដេជ្ញា​ចិត្ត អំណរ ការ​ភ្ញាក់​ផ្អើល និង​សមិទ្ធផល—គឺពិតជា​ព្រឹត្តិការណ៍មួយ​ដែល​មានឥទ្ធិពល​យ៉ាង​ខ្លាំង ។

ក្នុង​គ្រួសារយើង មានព្រឹត្តិការណ៍​មួយស្រដៀង​គ្នា​នេះ​ដែល​វា​លេច​ធ្លោ​ជាង​គេ ។ កាល​កូន​ប្រុស​ពៅ​យើង​មាន​អាយុ​ប្រហែល​ជា​បួន​ឆ្នាំ គាត់​បាន​ដើរ​ចូល​មកក្នុង​ផ្ទះ ហើយ​ប្រកាស​ប្រាប់​គ្រួសារពេញ​ដោយ​មោទនភាព​យ៉ាង​ខ្លាំង​ថា « ឥឡូវ​ខ្ញុំ​អាច​ធ្វើ​រឿង​គ្រប់​យ៉ាង​ ។ ខ្ញុំ​ចេះ​ចង ចេះ​ជិះ និង​ចេះ​រឺត » ។ យើង​បាន​យល់​ថា គាត់​ចង់​ប្រាប់​យើង​ថា គាត់​ចេះ​ចង​ស្បែក​ជើង គាត់​ចេះ​ជិះកង់ ហើយ​គាត់​ចេះ​រឺត​​អាវ​គាត់ ។ យើង​ទាំងអស់​គ្នា​បាន​សើច ប៉ុន្តែ​បាន​ដឹ​ង​ថា ចំពោះ​គាត់ រឿង​ទាំង​នោះ​ជា​សមិទ្ធផល​ដ៏​ឆ្នើម ។ គាត់​បាន​គិត​ថា គាត់​បានធំ​ដឹង​ក្ដី ហើយ​ចេះ​សព្វ​គ្រប់​ហើយ ។

ការ​អភិវឌ្ឍ​ខាង​រូបកាយ ខាង​ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ​គឺ​ដូចគ្នា​ណាស់ ។ ការ​អភិវឌ្ឍ​ខាង​រូបកាយគឺ​ងាយ​មើល​ឃើញ ។ យើង​ចាប់ផ្ដើមដោយ​ជំហាន​ដ៏តូច ហើយ​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ដោយ​រីក​លូត​លាស់ ហើយ​អភិវឌ្ឍ​ដើម្បីសម្រេច​បាន​រូបរាង​របស់​យើង ។ ការអភិវឌ្ឍ​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់ៗ​ទៅ​មនុស្ស​ម្នាក់​ទៀត ។

កាល​យើង​មើល​ការ​សម្ដែង​អត្តពលកម្ម ឬ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ ជា​រឿយៗ​យើង​ពោល​ថា បុគ្គលនោះ​មាន​ទេពកោសល្យ​ណាស់ ដែ​ល​ជា​ធម្មតា​វា​គឺជា​ការ​ពិត ។ ប៉ុន្តែ​ការ​សម្ដែង​នោះ​ពឹង​ផ្អែក​លើ​ការ​រៀបចំ​ខ្លួន និង​ការ​អនុវត្ត​ជា​ច្រើន​ឆ្នាំ ។ មាន​កវី​ដ៏​ល្បី​ម្នាក់​ឈ្មោះ ម៉ាលខុម គ្លែតវែល បាន​ហៅ​ការណ៍​នេះ​ថា​ជា​ច្បាប់ ១០,០០០ ម៉ោង ។ ពួក​អ្នក​ស្រាវជ្រាវ​បាន​កំណត់​ថា ចំនួន​នៃ​ការ​អនុវត្ត​នេះគឺជា​រឿង​ចាំបាច់​ក្នុង​អត្តពលកម្ម ការ​ប្រគំតន្ត្រី ជំនាញ​សិក្សា ឯកទេស​ជំនាញ​ការងារ អ្នក​ជំនាញ​ខាង​វេជ្ជសាស្ត្រ ឬ​ខាង​ច្បាប់​ជា​ដើម ។ មាន​អ្នក​ជំនាញ​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ជំនាញខាង​ស្រាវ​ជ្រាវ​ទាំងនេះអះអាង​ថា « ការអនុវត្ត​មួយ​ម៉ឺន​ម៉ោង​នោះ​តម្រូវ​ឲ្យ​មាន​ដើម្បី​សម្រេចកម្រិត​នៃ​ភាព​ចេះ​ស្ទាត់​ផ្សារ​ភ្ជាប់​ទៅ​នឹងការ​ក្លាយ​ជា​អ្នក​ជំនាញ​លំដាប់ពិភពលោក​ម្នាក់​—ក្នុង​កិច្ចការ​អ្វី​ក៏​ដោយ » ។

ភាគ​ច្រើន មនុស្ស​ដឹង​ថា ដើម្បី​ទទួល​បាន​ការ​សម្ដែង​ខាង​រូបកាយ និង​ខាង​ផ្លូវចិត្ត​ដល់​កម្រិត​កំពូល កា​រ​ត្រៀម​ខ្លួន និង​ការ​អនុវត្ត​បែប​នេះ​គឺ​តម្រូវ​ឲ្យ​មាន ។

ជា​អកុសល ក្នុង​ពិភពលោក​មួយ​ដែល​ចេះតែស្រវាចង់បាន មាន​ការ​គូស​បញ្ជាក់តិច​តួច​ដែល​បាន​ដាក់​នៅ​លើចំនួន​នៃ​ការ​រីកចម្រើន​ខាង​វិញ្ញាណ​ដែល​ចាំ​បាច់ ដើម្បី​ប្រែ​ក្លាយ​កាន់​តែ​ដូច​ព្រះគ្រីស្ទ ហើយ​ស្ថាបនា​គ្រឹះ​ដែល​នាំ​ទៅ​រក​សេចក្ដីជំនឿ​​ដល់​ចុង​បំផុត ។ ជា​រឿយៗ យើង​គូស​បញ្ជាក់​ពី​គ្រានៃ​ការ​យល់​ដឹង​ខាង​វិញ្ញាណ​ដ៏​ប្រសើរ ។ ទាំង​នេះ​គឺ​ឧទាហរណ៍ដ៏​មាន​តម្លៃ​កាលយើង​ដឹង​ថា​ព្រះវិញ្ញាណ​បរិសុទ្ធបាន​បញ្ជាក់​ការ​យល់ដឹងពិសេស​ដ៏​ជ្រាល​ជ្រៅ​ខាង​វិញ្ញាណ ចូល​ទៅ​ក្នុង​ចិត្ត និង​គំនិត​យើង ។ យើង​រីករាយ​ក្នុង​ព្រឹត្តិការណ៍​ទាំងនេះ វា​ពុំ​គួរមាន​ការកាត់បន្ថយ​តាម​វិធី​ណា​មួយ​ឡើយ ។ ប៉ុន្តែ​សម្រាប់​សេចក្ដី​ជំនឿ​ដល់​ចុង​បំផុត និង​ដើម្បី​មាន​ភាព​ជា​ដៃគូ​ដ៏​ខ្ជាប់​ខ្ជួន​នៃ​ព្រះវិញ្ញាណ គ្មាន​ការ​ជំនួស​ណា​មួយ​សម្រាប់​កា​ររក្សា​សាសនា​ផ្ទាល់​ខ្លួន​ដែលអាច​ប្រៀបបាន​នឹង​ការ​អភិវឌ្ឍ​ខាង​រូបកាយ និង​ខាង​ផ្លូវ​ចិត្ត​ឡើយ ។ យើង​គួរ​ប្រើ​បទពិសោធន៍​ទាំងនេះ​ដែល​ពេល​ខ្លះ​ស្រដៀង​គ្នា​នឹង​ជំហាន​ដំបូង​របស់​ទារកជា​មូល​ដ្ឋានសម្រាប់​ការ​អភិវឌ្ឍ​បន្ថែម ។​ យើង​ធ្វើ​កិច្ចការ​នេះ​ដោយ​ការ​តាំង​ចិត្ត​ដ៏​បរិសុទ្ធ​ចំពោះ​ការ​ប្រជុំ​សាក្រាម៉ង់​ដ៏​ពិសិដ្ឋ ការ​សិក្សា​ព្រះគម្ពីរ ការ​អធិស្ឋាន និង​ការ​បម្រើ​តាម​ការ​ហៅ ។ នៅ​ក្នុង​ការ​កោត​សរសើរពី​ដំណឹងមរណភាព​ថ្មីមួយ​សម្រាប់​ឪពុក​ដែល​មាន​កូន ១៣ នាក់ វា​ត្រូវ​បាន​រាយការណ៍ថា « ភាពស្មោះត្រង់​របស់​គាត់​ចំពោះ​ការ​អធិស្ឋាន និង​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​កូនៗ​គាត់ ដោយ​ផ្ដល់​ដល់​ពួកគេ​នូវ​គ្រឹះដ៏​រឹង​មាំ​មួយ​នៃ​សេចក្ដីជំនឿលើ​ព្រះអម្ចាស់​​ព្រះយេស៊ូវ​គ្រីស្ទ » ។

បទពិសោធន៍​មួយ​ដែល​ខ្ញុំ​មាន កាល​ខ្ញុំ​មាន​វ័យ ១៥ ឆ្នាំ គឺជា​គ្រឹះ​សម្រាប់​ខ្ញុំ ។ អ្នក​ម្ដាយ​ស្មោះ​ត្រង់​របស់​ខ្ញុំបាន​ព្យាយាម​ដោយ​ស្មោះត្រង់​ដើម្បី​ជួយ​ខ្ញុំ​ស្ថាបនា​គ្រឹះ​នៃសេចក្ដី​ជំនឿ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​ចូល​រួម​ការ​ប្រជុំ​សាក្រាម៉ង់ ថ្នាក់កុមារ ក្រោយ​មក​ទៀត​ថ្នាក់​យុវជន និង​ថ្នាក់​សិក្ខាសាលា ។ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន ហើយតែង​មាន​ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន​ជានិច្ច ។ នៅ​ពេល​នោះ មាន​ព្រឹត្តិការណ៍ដ៏​សំខាន់​មួយ​បាន​កើត​ឡើង​ក្នុង​គ្រួសារ​យើង កាល​បងប្រុស​ខ្ញុំ​ពិចារណា​ចង់​ចេញ​បេសកកម្ម ។ លោក​ឪពុក​ដ៏​ល្អរបស់​ខ្ញុំ ដែល​ជា​សមាជិកមិន​សូវ​សកម្ម ចង់​ឲ្យ​គាត់​បន្ត​ការ​សិក្សា ហើយ​មិន​ចង់​ឲ្យ​គាត់​បម្រើ​បេសកកម្ម​ទេ ។ រឿង​នេះបាន​ធ្វើ​ឲ្យ​ពួកគេ​ខ្វែង​គំនិត​គ្នា ។

ក្នុង​ការ​ពិភាក្សា​ដ៏​អស្ចារ្យ​មួយជាមួយ​បងប្រុស​ខ្ញុំ ដែលមាន​អាយុច្រើន​ជាង​ខ្ញុំ​ប្រាំ​ឆ្នាំ ហើយ​ដឹកនាំ​ការ​ពិភាក្សា យើង​បាន​សម្រេច​ចិត្ត​ថា គាត់​គួរ​សម្រេច​ចិត្ត​បម្រើ​បេសកកម្ម ឬ ក៏​អត់​គឺ​អាស្រ័យ​លើ​បញ្ហា​បី​យ៉ាង ៖ (១) តើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះ​មែន​ទេ ? (២) តើ​ព្រះគម្ពីរ​មរមន​ពិត​ដែរ​ទេ ? (៣) តើ​យ៉ូសែប ស្ម៊ីធ​គឺជា​ព្យាការី​នៃ​ការ​ស្ដារ​ឡើង​វិញ​ដែរ​ទេ ?

កាល​ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះ​នៅ​យប់​នោះ ព្រះវិញ្ញាណ​បាន​បញ្ជាក់​សេចក្ដី​ពិត​នៃ​សំណួរ​ទាំង​បី​នោះ​ដល់​ខ្ញុំ ។ ខ្ញុំ​ក៏​បាន​យល់​ដឹង​ថា ស្ទើរ​តែ​រាល់​ការ​សម្រេច​ចិត្ត​ដែល​ខ្ញុំ​នឹង​ធ្វើសម្រាប់​ជីវិត​របស់​ខ្ញុំ​នឹងត្រូវ​ពឹង​ផ្អែក​លើ​ចម្លើយនៃ​សំណួរ​ទាំង​បី​នោះ ។ ខ្ញុំ​បាន​ដឹង​ជា​ពិសេស​ថា សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​រឿង​ដ៏​ចាំបាច់ ។ ដោយ​មើល​ត្រឡប់​ទៅ​ក្រោយ​វិញ ខ្ញុំ​ដឹង​ថា ជា​ពិសេស​​ដោយ​សារ​អ្នក​ម្ដាយ​ខ្ញុំ គ្រឹះ​នោះត្រូវ​បាន​សង់​សម្រាប់​ខ្ញុំ ដើម្បី​ទទួល​បាន​ការ​បញ្ជាក់ខាង​វិញ្ញាណ​នា​ល្ងាច​នោះ ។ បងប្រុស​ខ្ញុំដែល​មាន​ទីបន្ទាល់​រួច​ហើយ បាន​ធ្វើ​ការ​សម្រេច​ចិត្ត​បម្រើ​បេសកកម្ម ហើយ​ទីបំផុត​បាន​ទទួល​ការ​គាំទ្រ​ពី​លោក​ឪពុក​ខ្ញុំ ។

ការ​ដឹកនាំ​ខាង​វិញ្ញាណ​ត្រូវ​បាន​ទទួល​ពេល​ត្រូវ​ការ ក្នុង​ពេល​វេលា​របស់​ព្រះអម្ចាស់ ហើយ​ស្រប​តាម​ព្រះទ័យ​ទ្រង់ ។ ព្រះ​គម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ឧទាហរណ៍​មួយ​ដ៏​ល្អ​បំផុត ។ ថ្មីៗ​នេះ ខ្ញុំ​បាន​មើល​កំណែ​ទី​មួយ​របស់​ព្រះគម្ពីរ​មរមន ។ យ៉ូសែប ស្ម៊ីធ បាន​បញ្ចប់​ការ​បកប្រែ កាល​លោក​មាន​វ័យ ២៣ ឆ្នាំ ។ យើង​ដឹង​ពី​ដំណើរ​ការ និង​ឧបករណ៍​ដែល​លោក​បាន​ប្រើ​ក្នុង​ការ​បកប្រែ​នោះ ។ ក្នុង​ការ​បោះពុម្ព​លើក​ដំបូងនា​ឆ្នាំ ១៨៣០ នោះ យ៉ូសែប​បាន​ដាក់​បញ្ចូល​នូវ​អារម្ភកថា​ខ្លី​មួយ ហើយ​បាន​ប្រកាស​ដោយ​សាមញ្ញ ហើយ​ច្បាស់​ថា វា​ត្រូវ​បាន​បកប្រែ « ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ » ។ ចុះ​ឧបករណ៍​ជំនួយ​ដល់​ការ​បកប្រែ—​យូរីម និង ធូមីម ជា​ថ្ម​អ្នក​មើល​ឆុតវិញ ? តើ​វា​ជា​ឧបករណ៍​ចាំបាច់ ឬ​វា​គ្រាន់តែ​ជាឧបករណ៍​ជួយ​បង្ហាត់​បង្រៀន​រហូត​ដល់​យ៉ូសែប​អាច​អនុវត្ត​សេចក្ដី​ជំនឿ​ចាំបាច់​ដើម្បី​ទទួល​វិវរណៈដោយ​ផ្ទាល់​បន្ថែម​ទៀត​ឬ ?​

រូបភាព
គម្រប​ព្រះគម្ពីរ​មរមន​ឆ្នាំ ១៨៣០
រូបភាព
បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន​ឆ្នាំ ១៨៣០

ដូចជាការ​ខិតខំ​ខ្ជាប់​ខ្ជួន​ម្ដង​ហើយ​ម្ដង​ទៀត​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បីទទួល​បាន​សមត្ថភាព​ខាង​រូបកាយ ឬ​ខាង​ផ្លូវ​ចិត្ត នោះ​វា​ក៏​ដូចគ្នា​ក្នុង​បញ្ហា​ខាង​វិញ្ញាណ​ដែរ ។ សូម​ចងចាំ​ថា ព្យាការី​យ៉ូសែប ត្រូវ​បាន​មរ៉ូណៃ​មក​ជួប ហើយ​ប្រាប់​នូវ​សារ​លិខិត​ដដែល​មាន​ចំនួន​បួន​លើក​ដើម្បី​រៀបចំទទួល​ផ្ទាំង​ចំណារ​ទាំងនោះ ។ ខ្ញុំ​ជឿ​ថា ការ​ចូល​រួម​ការ​ប្រជុំ​សាក្រាម៉ង់​ដ៏​ពិសិដ្ឋ​រាល់​សប្ដាហ៍​មាន​ការ​ជាប់​ទាក់ទិន​ខាង​វិញ្ញាណ​ដែល​យើង​មិន​យល់​ទាំង​ស្រុង​នោះ​ទេ ។ ការ​ពិចារណា​បទគម្ពីរ​ជា​ទៀង​ទាត់—ជា​ជាង​គ្រាន់​តែ​អាន​វា​ម្ដង​ម្កាល—អាច​ជំនួស​ការ​យល់​ដឹង​​សើៗ​មួយ​សម្រាប់​ការ​ផ្លាស់ប្ដូរ​ជីវិត​ដ៏​វិសេស​វិសាល​មួយដែល​ពង្រីក​ការផ្លាស់ប្តូរ​នៃ​សេចក្ដី​ជំនឿ​របស់​យើង ។

សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​មួយ​នៃ​អំណាច ។ ខ្ញុំ​សូម​បង្ហាញ​ថា ៖ កាល​ខ្ញុំ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ជា​ប្រធាន​បេសកកម្ម​ដ៏​អស្ចារ្យ​ម្នាក់  បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់រឿង​ក្នុង​បទគម្ពីរ​តាម​របៀប​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​នៅ​ក្នុង លូកា ៨ ស្ដីពី​ស្ត្រី​ដែល​មាន​បញ្ហា​ធ្លាក់​ឈាម​រយៈពេល ១២ ឆ្នាំ ហើយ​ចំណាយ​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​មាន​ឲ្យ​ពួក​គ្រូពេទ្យ​ដែល​មិន​អាច​ព្យាបាល​គាត់​បាន ។ វា​គឺជា​បទគម្ពីរ​ដែល​ខ្ញុំចូល​ចិត្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

បងប្អូន​នឹង​ចងចាំ​ថា គាត់​មាន​សេចក្ដី​ជំនឿ​ថា បើ​គាត់​អាច​ប៉ះ​ជាយ​ព្រះពស្រ្ត​របស់​ព្រះអង្គ​សង្រ្គោះ គាត់​នឹង​ជា ។ កាល​គាត់​បាន​ធ្វើ​ដូច្នោះ គាត់​បាន​ជា​ភ្លាម ។ ព្រះអង្គ​សង្គ្រោះដែល​យាង​ដើរ​កាត់​នោះ​ជាមួយ​នឹង​ពួក​សិស្ស​ទ្រង់​បាន​មាន​បន្ទូល​ថា « អ្នក​ណា​ពាល់​ខ្ញុំ ? »

ពេត្រុស​បាន​ឆ្លើយ​ថា ពួកគេ​ទាំងអស់​គ្នា​ដើរ​ជុំ​គ្នា​ប៉ះ​នឹង​ទ្រង់ ។

« ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ច្បាស់​ជា​មាន​អ្នក​ណា​ពាល់​ខ្ញុំ​ពិត ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ឫទ្ធិ​ផ្សាយ​ចេញ​ពី​ខ្ញុំ​ទៅ​ហើយ » ។

​ពាក្យ​ឫស​នៃ​ពាក្យ ឫទ្ធិ អាច​បកប្រែ​ដោយ​ងាយ​ថា​ជា « អំណាច » ។ ជា​ភាសា​អេស្ប៉ាញ និង​ព័រទុយហ្គាល់ វា​ត្រូវ​បាន​បកប្រែ​ថាជា « អំណាច » ។ ប៉ុន្តែ​ទោះ​ជា​អ្វី​ក៏​ដោយ ព្រះអង្គ​សង្គ្រោះពុំ​បាន​ឃើញ​នាង​ទេ ទ្រង់​ពុំ​បាន​ផ្ដោត​លើ​សេចក្ដីត្រូវការ​នាង​ឡើយ ។ ប៉ុន្តែ​សេចក្ដី​ជំនឿ​គាត់​គឺ​អស្ចារ្យ​ណាស់​រហូត​ការ​ពាល់​ជាយ​ព្រះពស្ត្រ​នោះ​បាន​នាំ​មក​នូវ​អំណាច​ព្យាបាល​នៃ​ព្រះរាជបុត្រា​របស់​ព្រះ ។

កាល​ព្រះអង្គ​សង្គ្រោះមាន​ព្រះបន្ទូល​ទៅគាត់ថា « ចូរ​សង្ឃឹម​ឡើង កូន​ស្រី​អើយ ដ្បិត​សេចក្តី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខ​សាន្ត​ចុះ » ។

ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​រឿង​នេះពេញ​មួយ​ជីវិត​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ការ​អធិស្ឋាន និង​ការ​ទូល​អង្វរ​របស់​យើង​ទៅ​កាន់​ព្រះវរបិតា​សួគ៌​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​នាំ​ពរជ័យ​ចូល​មក​ក្នុង​ជីវិត​យើង​ដែល​យើង​ពុំ​អាច​យល់​បាន ។ គ្រឹះ​នៃ​សេចក្ដីជំនឿ ជា​សេចក្ដីជំនឿ​ដែល​ស្ត្រី​ម្នាក់​នេះ​បាន​បង្ហាញ គួរជា​បំណង​ប្រាថ្នា​ដ៏​ធំ​នៃ​ដួង​ចិត្ត​យើង ។

ប៉ុន្តែ គ្រឹះ​ដើមនៃ​សេចក្ដី​ជំនឿ រួម​ទាំង​ការ​បញ្ជាក់​ខាង​វិញ្ញាណ​ផង​ដែរ ពុំ​មាន​ន័យ​ថា យើង​នឹង​ពុំ​ជួប​ឧបសគ្គ​នោះ​ឡើយ ។ ការ​ប្រែ​ចិត្ត​ជឿ​ចំពោះ​ដំណឹងល្អ​ពុំ​មាន​ន័យ​ថា រាល់​បញ្ហា​យើង​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​នោះទេ ។

ប្រវត្តិសាស្ត្រ​សាសនាចក្រ​កាល​ពី​មុន និង​វិវរណៈ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា​មាន​នូវ​គំរូ​ដ៏​ប្រសើរ​នៃ​កា​រ​ស្ថាបនា​គ្រឹះ​នៃសេចក្ដី​ជំនឿ និង​ការ​ទប់ទល់នឹងការ​ផ្លាស់ប្ដូរ និង​ឧបសគ្គ​ដែល​យើង​មនុស្ស​គ្រប់​គ្នា​ជួប​ប្រទះ ។

ការ​បញ្ចប់​ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​គឺជា​គ្រឹះ​សម្រាប់​សាសនាចក្រ​ទាំងមូល ។ វា​ត្រូវបានទ្រទ្រង់ដោយ​ការ​ចាក់​ស្រោច​ខាង​វិញ្ញាណ វិវរណៈ​ខាង​គោលលទ្ធិ និង​ការ​ស្ដារ​ឡើង​វិញ​នៃ​កូនសោ​ចាំបាច់​សម្រាប់​ការ​ស្ថាបនា​បន្ត​របស់​សាសនាចក្រ ។ ដូចជា​ពួក​ព្យាការី​បុរាណ​នៅ​បុណ្យ​ថ្ងៃ ៥០​ដែរ មាន​សមាជិក​ជាច្រើន​បាន​ជួប​នឹង​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​ទាក់ទង​នឹង​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។ ប៉ុន្តែ ដូចជានៅ​ក្នុង​ជីវិត​យើង​ផ្ទាល់ដែរ ការណ៍​នេះ​ពុំ​មានន័យ​ថា ពួកគេ​នឹងមិន​ជួប​នឹង​ឧបសគ្គ ឬ​ការ​លំបាក​នៅ​ខាង​មុខ​នោះ​ទេ ។ សមាជិក​ពីមុន​ទាំងនេះ​ដឹង​តិច​តួច​ណាស់​ថា ពួកគេ​នឹង​ជួប​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​មួយ​របស់​សហរដ្ឋ​អាមេរិក—ជា​វិបត្តិ​នា​ឆ្នាំ ១៨៣៧—ដែល​ជា​ការ​សាក​ល្បង​ដល់​ព្រលឹង​ពួកគេ ។

គំរូ​មួយ​នៃ​ឧបសគ្គ​ដែល​ទាក់ទង​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​នេះ គឺជា​បទពិសោធន៍​របស់អែលឌើរ ប៉ាលី ភី ប្រាត្ត ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​មួយ​រូប​នៃ​ការ​ស្ដារ​ឡើង​វិញ ។ លោក​គឺជា​សមាជិក​មួយ​រូប​ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ។ នៅ​ដើម​ឆ្នាំ ១៨៣៧ ភរិយា​ជា​ទី​ស្រឡាញ់​របស់​លោក ឈ្មោះ ធែងហ្វុល បាន​ស្លាប់​បន្ទាប់​ពី​សម្រាល​កូន​ដំបូង ។ ប៉ាលី និង​ធែងហ្វុល បាន​រៀបការ​នឹង​គ្នា​ជិត ១០ ឆ្នាំ ហើយ​ការ​ស្លាប់​របស់​នាង​ធ្វើ​ឲ្យ​ចិត្ត​លោក​ខ្ទេច​ខ្ទាំ ។

ពីរ​បី​ខែ​ក្រោយ​មក អែឌើរ ប្រាត្ត បាន​ឃើញ​ថា​ខ្លួន​ឯង​ស្ថិត​នៅ​ក្នុង​គ្រា​ដ៏​លំបាក​បំផុត​មួយ​ដែលសាសនាចក្រ​បាន​ជួបប្រទះ ។ នៅ​ក្នុង​វិបត្តិជាតិ​នេះ ជា​បញ្ហា​សេដ្ឋកិច្ច​ក្នុង​ស្រុក—រួម​ទាំង​បញ្ហា​ដី​ធ្លី ​និង​ភាពស្មុគ​ស្មាញ​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​បង្កើត​ឡើង​ដោយ​យ៉ូសែប ស្ម៊ីធ និង​សមាជិក​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ—បាន​បង្កើតជា​ការ​មិន​ចុះ​សម្រុង និង​ជម្លោះក្នុង​ទីក្រុង​ខឺតឡង់ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រមិន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​វៃ​ខាង​សាច់ឈាម​នៅ​ក្នុង​ជីវិត​ពួក​គាត់ជានិច្ច​នោះ​ទេ ។ ប៉ាលី​បាន​រងទុក្ខ​នឹង​ការ​បាត់​បង់​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ច្រើន ហើយ​បានមាន​ការ​អាក់អន់​ចិត្ត​នឹង​ព្យាការី​យ៉ូសែប មួយ​រយៈ ។​១០ លោក​បាន​សរសេរ​ពាក្យ​រិះគន់​យ៉ាង​ខ្លាំង ហើយ​បាន​និយាយ​ទាស់​នឹង​យ៉ូសែប​នៅ​លើ​វេទិកា ។ នៅ​គ្រា​ដដែល​នោះ ប៉ាលី​បាន​ពោល​ថា គាត់​បាន​បន្ត​ជឿ​លើ​ព្រះគម្ពីរ​មរមន និង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ។១១

អែលឌើរ ប្រាត្ត បាន​បាត់​បង់​ភរិយា ដី និង​ផ្ទះ​របស់​លោក ។ ប៉ាលី បាន​ចាកចេញ​ពី​រដ្ឋ​មិសសួរី ដោយ​មិន​បានប្រាប់​យ៉ូសែប ។ កាលកំពុង​ធ្វើ​ដំណើរ លោក​បាន​ជួប​នឹង​សាវក ថូម៉ាស ប៊ី ម៉ាស និង​ដាវីឌ ប៉ាទ្ទិនដែល​ត្រឡប់​មក​ទីក្រុង​ខឺឡង់​ដោយ​មិន​បាន​រំពឹង​ទុក ។ ពួក​លោក​ចង់​ឲ្យ​មាន​ការ​រួបរួម​គ្នា​ត្រូវ​បាន​ស្ដារឡើងវិញក្នុង​កូរ៉ុម ហើយ​បាន​បញ្ចុះ​បញ្ចូល​ប៉ាលី​ឲ្យ​ត្រឡប់​មក​វិញ​ជាមួយ​ពួក​លោក ។ លោក​បាន​យល់​ថា គ្មាន​នរណា​ម្នាក់​បាត់​បង់​ច្រើន​ជាង​យ៉ូសែប ស្ម៊ីធ និង​គ្រួសារ​លោក​ឡើយ ។

ប៉ាលី​បានទៅ​រក​ព្យាការី បាន​យំ ហើយ​បាន​សារ​ភាព​ថា​រឿង​ដែល​លោក​បាន​ធ្វើ​គឺជា​រឿង​ខុស​ឆ្គង ។ បន្ទាប់​ពី​ភរិយា​លោក​បាន​ស្លាប់​ជា​ច្រើន​ខែ ការ​ស្លាប់​របស់​ធែងហ្វុល ប៉ាលី​បាន​ « នៅ​ក្រោម​ពពក​ដ៏ខ្មៅ​ងងឹត » ហើយ​បាន​គ្រប​ដណ្ដប់​ដោយ​ភាពភ័យ​ខ្លាច និងការ​មិន​សប្បាយ​ចិត្ត ។​១២ ដោយ​ដឹង​ពី​ភាព​ស្មុគ​ស្មាញ​ទាស់​នឹង​ឧបសគ្គ និង​ការ​ល្បួង​មាន​សភាព​បែប​ណា នោះ​យ៉ូសែប « អត់ទោស​ដោយ​ស្មោះត្រង់ » ឲ្យ​ប៉ាលី ដោយ​អធិស្ឋាន ហើយ​ប្រសិទ្ធពរ​ឲ្យ​លោក ។១៣ ប៉ាលី និង​មនុស្ស​ផ្សេង​ទៀត​ដែល​បន្ត​ស្មោះត្រង់​បាន​ទទួល​ប្រយោជន៍​មក​ពី​ឧបសគ្គ​នៅ​ខឺតឡង់ ។ ពួកគេ​បាន​បង្កើន​ប្រាជ្ញា ហើយ​ក្លាយ​កាន់​តែ​ថ្លៃ​ថ្នូរ និង​មាន​គុណធម៌ ។ បទពិសោធន៍​នេះ​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ ។

ទុក្ខវេទនា​មិន​គួរចាត់​ទុក​ថា​វា​ជា​ការ​មិន​សព្វ​ព្រះទ័យ​របស់​ព្រះអម្ចាស់ ឬ​ការ​ដក​យក​ពរជ័យ​របស់​ទ្រង់​នោះ​ទេ ។ ការ​ផ្ទុយ​នៅ​គ្រប់​រឿង​គឺជា​ផ្នែក​មួយ​នៃភ្លើង​របស់​ជាង​សំរង​ដើម្បី​រៀបចំ​យើង​សម្រាប់​ជោគ​វាសនា​​សេឡេស្ទាល​ដ៏​អស់​កល្ប​មួយ ។​១៤ កាល​ព្យាការី​យ៉ូសែប ស្ម៊ីធ ជាប់ឃុំ​ក្នុង​គុក​លីបឺធី បន្ទូល​របស់​ព្រះអម្ចាស់​មក​កាន់​លោក​បាន​រៀបរាប់​ពី​រាល់​ទម្រង់​នៃ​ឧបសគ្គ—រួម​ទាំង​ក្តីឈឺចាប់ និង​ការ​ចោទ​ខុស—ហើយ​បាន​សន្មត​ថា ៖

« បុត្រ​យើង​អើយ ចូរ​អ្នក​ដឹង​ថា គ្រប់​ការណ៍​ទាំងនេះ​នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅ​ជា​ការ​ល្អ​ដល់​អ្នក​ទៅ​វិញ ។

« កូន​មនុស្ស​បាន​ចុះ​ទាប​ជាង​ការណ៍​ទាំងនោះ​ទៅ​ទៀត ។ តើ​អ្នក​ធំ​ជាង​ទ្រង់​ឬ​អី » ?១៥

ក្នុង​បន្ទូល​ណែនាំ​នេះ​ដល់​យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​ក៏​បញ្ជាក់​យ៉ាង​ច្បាស់ ទ្រង់​ជ្រាបពី​ពេលវេលា​របស់​លោក ហើយជីវិត​លោក​នឹង​ពុំ​ត្រូវ​បញ្ចប់​ឡើយ បើ​ពុំចាំបាច់​នោះ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​បញ្ចប់​ថា « ចូរ​កុំ​ខ្លាច​នូវ​អ្វី ដែល​មនុស្ស​អាច​ប្រព្រឹត្ត​នោះ​ឡើយ ដ្បិត​ព្រះ​ទ្រង់​នឹង​គង់នៅ​ជាមួយ​អ្នក ជា​រៀង​ដរាប​ត​ទៅ » ។១៦

ដូច្នេះ តើ​ពរជ័យ​នៃ​សេចក្ដីជំនឿ​មាន​អ្វី​ខ្លះ ? តើ​សេចក្ដី​ជំនឿ​សម្រេច​បាន​អ្វី​ខ្លះ ? បញ្ជី​នេះស្ទើរ​តែ​គ្មាន​កន្លែង​បញ្ចប់ ៖

អំពើ​បាប​យើង​ត្រូវអាច​អភ័យ​ទោស​ឲ្យ ដោយសារ​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ។១៧

ជន​ដែល​មាន​សេចក្ដី​ជំនឿ​នឹង​មានការ​រួប​រួម​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។​១៨

សេចក្ដី​សង្គ្រោះ​កើត​ឡើង​តាម​រយៈ​សេចក្ដី​ជំនឿ​លើ​ព្រះនាម​ព្រះគ្រីស្ទ ។១៩

យើង​ទទួល​បាន​កម្លាំង​ស្រប​តាម​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ ។២០

គ្មាន​នរណា​ម្នាក់​ចូល​ទៅ​ក្នុង​ទី​សម្រាក​របស់​ព្រះអម្ចាស់​បាន​ឡើយ លើក​លែង​តែ​ជន​ដែល​បាន​លាង​សម្លៀក​បំពាក់​ខ្លួន​ដោយ​លោហិត​របស់​ព្រះគ្រីស្ទ ដោយសារ​តែ​សេចក្ដី​ជំនឿ​ពួកគេ ។២១

ការ​អធិស្ឋាន​បាន​ទទួល​ចម្លើយ​ស្រប​តាម​សេចក្ដី​ជំនឿ ។២២

បើ​គ្មាន​សេចក្ដី​ជំនឿ​ក្នុង​ចំណោម​មនុស្ស ព្រះ​មិន​អាច​ធ្វើ​អព្ភូតហេតុ​ក្នុង​ចំណោម​ពួកគេ​បាន​ឡើយ ។២៣

នៅ​ទី​បំផុត សេចក្ដី​ជំនឿ​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គ្រឹះ​ដ៏​ចាំបាច់​សម្រាប់​សេចក្ដីសង្គ្រោះ និង​ភាព​តម្កើង​ឡើង​ដ៏​អស់កល្ប​របស់​យើង ។ ដូចជា​ហេលេមិន​បាន​បង្រៀន​ដល់​ពួក​កូន​ប្រុស​របស់​លោក​ថា « ចូរ​ចងចាំចុះថា គឺ​នៅ​លើ​សិលា​នៃ​ព្រះដ៏ប្រោសលោះនៃ​យើង​គឺ​ព្រះគ្រីស្ទ ជាព្រះរាជបុត្រា​នៃព្រះ ដែល​កូន​ត្រូវ​សង់គ្រឹះរបស់​កូន … ជា​គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ ជា​គ្រឹះ​មួយ​ប្រសិន​ណា​មនុស្ស​សង់​នៅ​លើ​នោះ នោះ​ពួក​គេ​មិន​អាច​រលំ​បាន​ឡើយ »។២៤

ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ការ​ពង្រឹង​គ្រឹះ​នៃសេចក្ដី​ជំនឿ​ដែល​កើត​ចេញ​ពី​សន្និសីទ​នេះ ។ ខ្ញុំ​សូម​អង្វរ​ថា យើង​នឹង​លះបង់ ហើយ​មាន​ចិត្ត​រាបសា​ដ៏​ចាំបាច់​ដើម្បី​ពង្រឹង​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​យើង​លើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដ៏​ខ្ជាប់​ខ្ជួន​របស់​ខ្ញុំ​អំពី​ទ្រង់ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើល Malcolm Gladwell Outliers: The Story of Success ( ឆ្នាំ​២០០៨ ) ទំព័រ ៤០ ។ គាត់​ដក​ស្រង់ពី​គ្រូ​ពេទ្យ​ផ្នែក​សរសៃ​ប្រសាទ​ឈ្មោះ ដានីយ៉ែល ឡេវីទីន ។

  2. Obituary of Bryant Hinckley Wadsworth Deseret News ថ្ងៃ​ទី ១៥ ខែ មករា ឆ្នាំ ២០១៧ legacy.com/obituaries/deseretnews ។

  3. សូម​មើល នីហ្វៃ​ទី ២២៨:៣០ ។ យើង​ពុំ​ទទួល​ចំណេះដឹង​ទាំងអស់​អំពី​បញ្ហា​នោះ ឬ រាល់​គោលការណ៍​ដែល​ទាក់ទង​នឹង​វា​ឡើយ ។ វា​កើត​មាន ពេល​វា​ត្រូវការ ៖ មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដង​ៗ ។

  4. ក្នុង​កំណែ​ទីមួយ​នៃ​ព្រះគម្ពីរ​មរមន ដែល​បាន​បោះពុម្ព​ក្នុង​ឆ្នាំ ១៨៣០ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​សរសេរ​ថា « ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ថា ខ្ញុំ​បាន​បកប្រែ​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ »​( សូម​មើល​អារម្ភកថា​អំពី​ព្រះគម្ពីរ​មរមន [ ឆ្នាំ​១៨៣០ ] ) ។ កំណែ​នៃ​ព្រះគម្ពីរ​មរមន​តាម​លំដាប់​លំដោយ​រួម​មាន​សេចក្ដី​ថ្លែង​ការណ៍​ស្រដៀង​គ្នា​មួយ​ថា « ផ្ទាំង​ចំណារ​ទាំងឡាយ​ត្រូវ​បាន​ប្រគល់​ឲ្យ​យ៉ូសែប ស្ម៊ីធ ដែល​បាន​បក​ប្រែ​ផ្ទាំង​ចំណារ​ទាំងនោះ​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ » ( សូម​មើល បុព្វកថា​ព្រះគម្ពីរ​មរមន [ ឆ្នាំ ២០១៣ ] ) ។

  5. អួរសុន ប្រាត្ត បាន​នៅ​ចាំ​ថា លោក​បាន​មាន​វត្តមាន​នៅ​គ្រា​ជា​ច្រើន​ដែល​យ៉ូសែប ស្ម៊ីធ​កំពុង​បក​ប្រែ​ព្រះគម្ពីរ​សញ្ញា​ថ្មី ហើយ​បាន​ងឿងឆ្ងល់​ពី​មូលហេតុ​ដែល លោក​ពុំ​បាន​ប្រើឧបករណ៍​មួយ​នៅ​ក្នុង​ដំណើរ​ការនោះ​ទេ ។ « យ៉ូសែប ហាក់ដូច​ជា​បាន​ដឹង​ពី​គំនិត​របស់​គាត់ បាន​មើល​ទៅលើ ហើយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​យូរីម និង ធូមីម​ដល់​លោក​នៅពេល​លោក​គ្មាន​បទពិសោធន៍​ក្នុង​ព្រះវិញ្ញាណ​នៃ​ការបំផុស​គំនិត ។ ប៉ុន្តែ​ឥឡូវ​លោក​ចេះស្ទាត់​ច្រើន​ហើយ រហូត​ដល់​លោក​យល់​ពី​ប្រតិបត្តិការ​នៃ​ព្រះវិញ្ញាណ​នោះ ហើយ​ពុំ​ត្រូវការ​ជំនួយ​ពី​ឧបករណ៍​នោះ​ទៀត​ទេ » ( « Two Days’ Meeting at Brigham City, ថ្ងៃ​ទី២៧ និង២៨ ខែ​មិថុនា ឆ្នាំ​១៨៧៤ » Millennial Starថ្ងៃ​ទី ១១ ខែ​សីហា ឆ្នាំ​១៨៧៤ ទំព័រ ៤៩៩ សូម​មើល​ផងដែរ Richard E. TurleyJr, Robin S. Jensen និង Mark Ashurst-McGee « Joseph the Seer» Liahona,ខែ​តុលា ឆ្នាំ​២០១៥ ទំព័រ​១០–១៧ ) ។

  6. ប្រធាន​បេសកកម្ម​គឺ​អែលឌើរ ម៉ារ៉ុនឌី ហ៊ែងស៍ ក៏​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​មួយ​រូប​ដែរ ។

  7. សូមមើល លូកា ៨:៤៣–៤៨ ។

  8. សូមមើល កិច្ចការ ២ ។

  9. សូម​មើល ម៉ូសាយ ២:៣៦--៣៧ សូម​មើល​ផង​ដែរ ហិនរី ប៊ី អាវរិង «Spiritual Preparedness: Start Early and Be Steady»Liahona ខែ វិច្ឆិកា ឆ្នាំ​២០០៥ ៖ « ដូច្នេះ ការសាកល្បង​ដ៏​ធំ​បំផុត​នៃ​ជីវិត​គឺ​ដើម្បី​ដឹង​ថា តើ​យើង​នឹង​ស្ដាប់ ហើយ​ប្រតិបត្តិ​តាម​ការបញ្ជា​របស់​ព្រះ​នៅ​កណ្ដាល​ព្យុះភ្លៀង​ទាំងឡាយ​នៃ​ជីវិត​យើង​ដែរ​ឬ​ទេ ។ វា​មិនមែន​ត្រូវ​ស៊ូទ្រាំ​នឹង​ព្យុះភ្លៀង​នោះ​ទេ ប៉ុន្ដែ​ត្រូវ​ជ្រើសរើស​អ្វី​ដែលត្រឹមត្រូវ កាល​ដែល​វា​បក់បោក​យ៉ាង​ខ្លាំង​នោះ ។ ហើយ​សោកនាដកម្ម​នៃ​ជីវិត​គឺជា​ការ​ធ្លាក់ទៅ​ក្នុង​ការ​សាកល្បង​នោះ ហើយ​ខ្វះ​គុណ​សម្បត្តិ​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​វិញ​ក្នុង​សិរី​ល្អ » ។

  10. សូម​មើល Terryl L. Givens and Matthew J. Grow, Parley P. Pratt: The Apostle Paul of Mormonism ( ឆ្នាំ ២០១១ ) ទំព័រ ៩១–៩៨ volume introduction and introduction to part 5, The Joseph Smith Papers, Documents, Volume 5: October 1835–January 1838ed. Brent M. Rogers and others ( ឆ្នាំ​២០១៧ ) ទំព័រ xxviii–xxxi ទំព័រ ២៨៥–៩៣ ។

  11. សូម​មើល « Letter from ParleyP. Pratt to Joseph Smith ថ្ងៃ​ទី ២៣ ខែ ឧសភា ឆ្នាំ ១៨៣៧ » នៅ​ក្នុង The Joseph Smith Papers, Documents, វ៉ុល៥ ៖ ខែ​តុលា ឆ្នាំ ១៨៣៥–ខែ មករា ឆ្នាំ ១៨៣៨ ទំព័រ ៣៨៩–៩១ ។

  12. សូម​មើល « History of John Taylor by Himself » ទំព័រ ១៥ ប្រវត្តិ​នៃ​ពួក​ដប់ពីរ​នាក់ ឆ្នាំ ១៨៥៦–១៨៥៨, ១៨៦១ Church History Library Givens and Grow ParleyP.Pratt ទំព័រ ១០១–២ ។

  13. សូម​មើលThe Autobiography of ParleyP.Pratt និពន្ធ​ដោយ ParleyP. PrattJr. ( ឆ្នាំ ១៨៧៤ ) ទំព័រ ១៨៣–៨៤ ។

  14. សូមមើល នីហ្វៃទី២ ២:១១ ។

  15. គោលលទ្ធិ និង សេចក្តី​សញ្ញា ១២២:៧-៨ ។

  16. គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៩ ។

  17. សូម​មើល អេណុស ១:៥–៨ ។

  18. សូមមើល យ៉ារ៉ុម ១:៤ ។

  19. សូមមើល មរ៉ូណៃ ៧:២៦, ៣៨ ។

  20. សូមមើល អាលម៉ា ១៤:២៦ ។

  21. សូមមើល នីហ្វៃទី៣ ២៧:១៩ ។

  22. សូមមើល មរ៉ូណៃ ៧:២៦ ។

  23. សូមមើល អេធើរ ១២:១២ ។

  24. ហេលេមិន ៥:១២ ។