ឆ្នាំ ២០១០-២០១៩
ផែនការ​ដ៏​រុង​រឿង​របស់​ព្រះវរបិតា​យើង
ខែ មេសា ឆ្នាំ ២០១៧


ផែនការ​ដ៏​រុង​រឿង​របស់​ព្រះវរបិតា​យើង

ដោយសារ​ផែនការ​ដ៏​បរិសុទ្ធ​របស់​ព្រះ យើង​ដឹង​ថា កំណើត និង​ក្ដី​ស្លាប់ តាម​ពិត​ទៅ​គ្រាន់​តែ​ជា​គ្រា​ដ៏​សំខាន់​នៅ​លើ​ដំណើរ​របស់​យើង​ទៅ​កាន់​ជីវិត​អស់​កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​យើង​ប៉ុណ្ណោះ ។

នៅ​ដើម​ដំបូង​នៃ​ការ​បំពាក់​បំប៉ន​របស់​ខ្ញុំ​ធ្វើ​ជា​វេជ្ជបណ្ឌិត​ម្នាក់ ខ្ញុំ​មាន​ឯកសិទ្ធិ​ជួយ​ម្ដាយ​វ័យ​ក្មេង​ម្នាក់​សម្រាល​កូន​លើក​ដំបូង​របស់​នាង ។ នាង​បាន​មាន​ចិត្ត​ស្ងប់ ផ្ដោត​អារម្មណ៍ ហើយ​រីករាយ ។ កាល​ទារក​នោះ​បាន​សម្រាល​មក ខ្ញុំ​បាន​បី​ទារក​ដ៏​មាន​តម្លៃ​នោះ​ទៅ​ឲ្យ​នាង ។ ដោយ​សម្រក់​ទឹក​ភ្នែក​ទាំង​ក្ដី​រីករាយ នាង​បាន​យក​ទារក​នោះ​ទៅ​បី​ត្រកង ហើយ​មើល​តាំង​ពី​ក្បាល​ដល់​ចុង​ជើង ។ នាង​បាន​បី​ទារក​នោះ ហើយ​ស្រឡាញ់​គាត់​តាម​របៀប​ដែល​មាន​តែ ម្ដាយ​ប៉ុណ្ណោះ​ទើប​ធ្វើ​បាន ។ វា​គឺជា​ឯកសិទ្ធិ​ដែល​បាន​នៅ​ក្នុង​បន្ទប់​នោះ​ជាមួយ​នឹង​នាង ។

នោះ​ហើយ​ជា​ការ​ចាប់ផ្ដើម​ជីវិត​សម្រាប់​យើង​ម្នាក់ៗ ។ ចុះ​តើ​កំណើត​យើង​គឺជា​ការ​ចាប់ផ្ដើម​ពិត​មែន​ឬ ? ពិភពលោក​នេះ​មើល​ឃើញ​ថា​ការ​ចាប់​កំណើត​គឺជា​ការ​ចាប់ផ្ដើម ហើយ​ក្ដី​ស្លាប់គឺ​ជា​ចុង​បញ្ចប់ ។ ប៉ុន្តែ​ដោយសារ​ផែនការ​ដ៏​បរិសុទ្ធ​របស់​ព្រះ យើង​ដឹង​ថា ការ​ចាប់​កំណើត និង​ក្ដី​ស្លាប់ តាម​ពិត​ទៅ​គ្រាន់​តែ​ជា​គ្រា​ដ៏​សំខាន់​នៅ​លើ​ដំណើរ​របស់​យើង​ទៅ​កាន់​ជីវិត​អស់​កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​យើង​ប៉ុណ្ណោះ ។ វា​គឺជា​ផ្នែក​ដ៏​ចាំបាច់​នៃ​ផែនការ​របស់​ព្រះវរបិតា​យើង—ជា​គ្រា​ពិសិដ្ឋ​ដែល​ជីវិត​រមែង​ស្លាប់ និង​ស្ថានសួគ៌​ជួប​គ្នា ។ នៅ​ថ្ងៃ​នេះ ដោយ​សញ្ជឹង​គិត​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​ការ​សង្កេត​មើល​នូវ​កំណើត និង​ក្ដីស្លាប់​តាមរយៈ​ការ​អនុវត្ត​ផ្នែក​វេជ្ជសាស្ត្រ និង​ការ​បម្រើ​របស់​ខ្ញុំ​ក្នុង​សាសនា​ចក្រ​ជាច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​ចង់​ថ្លែង​ទីបន្ទាល់​អំពី​ផែនការ​ដ៏​រុង​រឿង​របស់​ព្រះវរបិតា​យើង ។

ពី​មុន​យើង​កើត​មក យើង​បាន​រស់​នៅ​នឹង​ព្រះ ជា​ព្រះវរបិតា​នៃ​វិញ្ញាណ​របស់​យើង ។ យើង​[ គ្រប់​គ្នា ]​ដែល​រស់​នៅ​លើ​ផែនដី​នេះ​គឺជា​បងប្អូន​នឹង​គ្នា​ក្នុង​គ្រួសារ​របស់​ទ្រង់ ហើយ​យើង​ម្នាក់ៗ​មាន​តម្លៃ​ចំពោះ​ទ្រង់ ។ យើង​បាន​រស់​នៅ​នឹង​ទ្រង់​យ៉ាង​យូរ​ពីមុន​យើង​ចាប់​កំណើត​មក—ដោយ​បាន​រៀន ជ្រើស​រើស ហើយ​រៀបចំ​ខ្លួន ។

ដោយសារ​ព្រះវរបិតា​សួគ៌​ស្រឡាញ់​យើង ទ្រង់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​មាន​អំណោយទាន​ដ៏​ធំ​បំផុត​ដែល​ទ្រង់​អាច​ប្រទាន​ឲ្យ​បាន ជា​អំណោយ​ទាន​នៃ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។ ទ្រង់​ពុំ​ចេះ​តែ​ប្រទាន​អំណោយទាន​នេះ​ដល់​យើង​ឡើយ យើង​ត្រូវ​តែ​ទទួល​វា​ដោយ​ការ​ជ្រើស​រើស​ទ្រង់ និង​របៀប​ទ្រង់ ។ កិច្ចការ​នេះ​តម្រូវ​ឲ្យ​យើង​ចាក​ចេញ​ពី​វត្តមាន​ទ្រង់ ហើយ​ចាប់​ផ្ដើម​ដំណើរ​ដ៏​លំបាក​អស្ចារ្យ ជា​ដំណើរ​នៃ​សេចក្ដី​ជំនឿ ការ​រីក​ចម្រើន និង​ការ​ប្រែ​ក្លាយ ។ ដំណើរ​ដែល​ព្រះវរបិតា​បាន​រៀបចំ​ឲ្យ​យើង​ត្រូវ​បាន​ហៅ​ថា​ជា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ឬ​ផែនការ​នៃ​សុភមង្គល ។

ក្នុង​ក្រុម​ប្រឹក្សា​ដ៏​ធំ​មហិមា​មួយ ព្រះវរបិតា​នៃ​យើង​បាន​មាន​បន្ទូល​ប្រាប់​យើង​អំពី​ផែនការ​របស់​ទ្រង់ ។ កាល​យើង​យល់​ពី​ផែនការ​នេះ​ហើយ យើង​មាន​ចិត្ត​រីករាយ​ជា​ខ្លាំង​រហូត​ដល់​យើង​បាន​ស្រែក​ដោយ​អំណរ ហើយ​ផ្កាយ​ព្រឹក​បាន​ច្រៀង​រួម​គ្នា ។

ផែនការ​នោះ​បាន​ស្ថាបនា​ឡើង​នៅ​លើ​សរសរ​ធំ​បី ៖ជា សរសរ​នៃ​ភាព​អស់​កល្ប​ជានិច្ច ។

សរសរ​ទី​មួយ​គឺ​ការ​បង្ក​បង្កើត​ផែនដី ជា​ការ​រៀបចំ​សម្រាប់​ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​យើង ។

សរសរ​ទី​ពីរ​គឺ​ការ​ធ្លាក់​របស់​ឪពុក​ម្ដាយ​នៅ​លើ​ផែនដី​ដំបូង​របស់​យើង​គឺ​អ័ដាម និង​អេវ៉ា ។ ដោយសារ​ការ​ធ្លាក់​នោះ រឿង​ដ៏​អស្ចារ្យ​មួយ​ចំនួន​ត្រូវ​បាន​ប្រទាន​ឲ្យ​យើង ។ យើង​មាន​លទ្ធភាព​ចាប់​កំណើត ហើយ​ទទួល​រូប​រាង​កាយ ។ ខ្ញុំ​មាន​អំណរ​គុណ​ជា​រៀង​រហូត​ចំពោះ​អ្នក​ម្ដាយ​ខ្ញុំ​ដែល​នាំ​យក​បងប្អូន​ខ្ញុំ និង​រូបខ្ញុំ​ចូល​មក​ក្នុង​ពិភពលោក​នេះ ហើយ​បង្រៀន​យើង​អំពី​ព្រះ ។

ព្រះ​ក៏​ប្រទាន​សិទ្ធិ​ជ្រើស​រើស​ខាង​សីលធម៌​ដល់​យើង​ដែរ—ជា​សមត្ថភាព និង​ឯកសិទ្ធិ​នៃ​ការ​ជ្រើស​រើស និង​ការ​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង ។១០ ដើម្បី​ជួយ​យើង​ឲ្យ​ជ្រើស​រើស​បាន​ល្អ ព្រះវរបិតាសួគ៌​បាន​ប្រទាន​បទបញ្ញត្តិ​ដល់​យើង ។ រៀង​រាល់​ថ្ងៃ កាល​យើង​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ យើង​បង្ហាញ​ព្រះ​ថា យើង​ស្រឡាញ់​ទ្រង់ ហើយ​ទ្រង់​ប្រទាន​ពរ​ដល់​ជីវិត​យើង ។១១

ដោយ​ដឹង​ថា យើង​នឹង​មិន​ជ្រើសរើស​ត្រូវ​ជានិច្ច ឬ​និយាយ​ម្យ៉ាង​ទៀត​គឺ​មាន​បាប នោះ​ព្រះវរបិតា​បាន​ប្រទាន​សរសរ​ទី​បី​ឲ្យ​យើង—គឺជា​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​ទ្រង់ ។ តាមរយៈ​ការ​រងទុក្ខ​របស់​ទ្រង់ ព្រះគ្រីស្ទ​បាន​បង់​ថ្លៃ​សម្រាប់​ការ​ស្លាប់​ខាង​រូបកាយ និង​អំពើ​បាប ។១២ ទ្រង់​បាន​បង្រៀន​ថា « ដ្បិត​ព្រះទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បីឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ​មិន​ត្រូវ​វិនាស​ឡើយ​គឺ​ឲ្យ​មាន​ជីវិត​អស់កល្បជានិច្ចវិញ »១៣

ព្រះយេស៊ូវ​គ្រីស្ទ​បាន​រស់​ក្នុង​ជីវិត​មួយ​ដ៏​ឥត​ខ្ចោះ ដោយ​គោរព​បទ​បញ្ញត្តិ​របស់​ព្រះវរបិតា​ទ្រង់​ជានិច្ច ។ ទ្រង់​បាន​យាង​តាម​ថ្នល់​ស្រុក​ភីលីស្ទីន ដោយ​បង្រៀន​សេចក្ដី​ពិត ព្យាបាល​អ្នក​ឈឺ ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ។១៤ ទ្រង់ « យាង​ចុះឡើង​ធ្វើ​ការល្អ »១៥ ហើយ បាន​អង្វរ​មនុស្ស​គ្រប់​រូប​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ។១៦

នៅ​ចុង​បញ្ចប់​នៃ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ទ្រង់​បានលុត​ជង្គង់​ចុះ​អធិស្ឋាន ដោយ​មាន​បន្ទូល​ថា

« ឱ​ព្រះវរបិតា​អើយ បើសិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ​កុំតា​មចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ។ …

« ហើយ​ដោយ​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង​បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹត​តែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ​ស្រក់​ទៅ​ដី » ។១៧

ព្រះគ្រីស្ទ​បាន​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ប្រសើរ​ពី​ទំហំ​នៃ​ការ​រងទុក្ខ​របស់​ទ្រង់ កាល​ទ្រង់​មាន​បន្ទូល​ប្រាប់​ទៅ​ព្យាការី​យ៉ូសែប ស្ម៊ីធ​ថា

« មើលចុះ យើង​ជា​ព្រះ បាន​រង​ទុក្ខ​នូវ​ការ​ទាំង​នេះ​ជំនួស​មនុស្ស​ទាំងអស់ ដើម្បី​កុំ​ឲ្យ​គេ​អាច​រងទុក្ខ បើសិនជា​ពួកគេ​ប្រែចិត្ត

« ប៉ុន្ដែ បើសិនជា​ពួកគេ​មិន​ព្រម​ប្រែចិត្ត​ទេ នោះ​ពួកគេ​ត្រូវរង​ទុក្ខ​ដូច​ជា​យើង​ដែរ

« គឺជា​សេចក្ដី​រង​ទុក្ខ​វេទនា ដែល​បណ្ដាល​ឲ្យ​យើង គឺជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំង​អស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រង​ទុក្ខ​ព្រម​ទាំង​រូប​កាយ និង​វិញ្ញាណ​ផង » ។១៨

នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ទ្រង់​បាន​ចាប់ផ្ដើម​បង់​ថ្លៃ​សម្រាប់​អំពើ​បាប និង​ជំងឺ​របស់​យើង ការ​ឈឺចាប់ និង​ភាព​ទន់ខ្សោយ​របស់​យើង ។១៩ ដោយសារ​ទ្រង់​បាន​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​ពុំ​នៅ​ឯកោ​ក្នុង​ភាពទន់​ខ្សោយ​ទាំងនោះ​ឡើយ បើ​យើង​ជ្រើស​ដើរ​ជាមួយ​នឹង​ទ្រង់ ។ « ព្រះអង្គ​ត្រូវ​គេ​ចាប់​ ហើយ​កាត់​ទោស​ពី​រឿង​មិន​សមរម្យ ថ្កោល​ទោស​ដើម្បី​បំពេញ​ចិត្ត​មនុស្ស ហើយ​កាត់​ក្ដី​ឲ្យ​សុគត​នៅ​លើ​ឈើ​ឆ្កាង​ត្រង់​ភ្នំ​កាល់វ៉ារី »។ នៅ​លើ​ឈើ​ឆ្កាង​នោះ​« [ទ្រង់]​បាន​[លះបង់]​ព្រះជន្ម​របស់​ទ្រង់​ដើម្បី​ធួន​នឹងអំពើបាប​ទាំងឡាយ​នៃ​មនុស្ស​ទាំងអស់​ជា​អំណោយទាន​ជំនួស​មនុស្ស​ទាំងអស់​ដែល​​[រស់​នៅ]​លើ​ផែនដី » ។២០

ទ្រង់​បាន​ប្រកាស​ថា

« មើលចុះ យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ពួក​ព្យាការី​បាន​ធ្វើ​បន្ទាល់​ថា នឹង​យាង​មក​ឯ​លោកិយ ។

« ហើយ​មើល​ចុះ យើង​ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក ហើយ​យើង​បាន​ផឹក​នូវ​ពែង​ល្វីង ដែល​ព្រះ​វរបិតា​បាន​ប្រគល់​ដល់​យើង ហើយ​បាន​តម្កើង​ព្រះ​វរបិតា​ដោយ​បាន​ទទួល​មក​ដាក់​លើ​ខ្លួន​នូវ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក » ។២១

បន្ទាប់​មក ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍​នោះ២២ ទ្រង់​បាន​យាង​ក្រោក​ចេញ​ពី​ផ្នូរ​ដោយ​មាន​ព្រះកាយ​ដ៏​ឥតខ្ចោះ​ដែល​បាន​មាន​ព្រះជន្ម​ឡើង​វិញ ហើយ​ពុំ​សុគត​ទៀត​ឡើយ ។ ហើយ​ដោយសារ​ទ្រង់​មាន​ព្រះជន្ម​ឡើង​វិញ នោះ​យើង​ក៏​នឹង​រស់​ឡើង​វិញ​ដែរ ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ព្រះគ្រីស្ទ​ពិត​ជា​បាន​យាង​ក្រោក​ចេញ​ពី​ផ្នូរ ។ ប៉ុន្តែ​ដើម្បី​យាង​ក្រោក​ចេញ​ពី​ផ្នូរ​បាន ទ្រង់​ត្រូវ​សុគត​ជា​មុន​សិន ។ ហើយ​យើង​ក៏​ដូចគ្នា​ដែរ ។

ពរជ័យ​ដ៏​ធំ​មួយ​ទៀត​ក្នុង​ជីវិត​ខ្ញុំ​គឺជា​អារម្មណ៍​ខិត​ជិត​នឹង​ស្ថានសួគ៌​នៅ​គ្រា​ដែល​ខ្ញុំ​បាន​អង្គុយ​ក្បែរគ្រែ​មនុស្ស​ដែល​ចែក​ឋាន​ទៅ ។ នា​ព្រឹក​ព្រលឹម​មួយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ទៅ​ក្នុង​បន្ទប់​ពេទ្យ​មួយ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ស្មោះ​ត្រង់​ដែល​មាន​ជំងឺ​មហារីក ។ កូនស្រី​គាត់​ពីរ​នាក់​បាន​អង្គុយ​នៅ​ក្បែរ​គាត់ ។ កាល​ខ្ញុំ​ចូល​ទៅ​ក្បែរ​គាត់ ខ្ញុំ​បាន​រក​ឃើញ ភ្លាម​ថា គាត់​លែង​រង​ទុក្ខ​ទៀត​ហើយ ដោយសារ​គាត់​ទើប​បាន​ចែក​ឋាន​ទៅ ។

នៅ​គ្រា​នៃ​ក្ដី​ស្លាប់​នោះ បន្ទប់​នោះ​ពោរពេញ​ដោយ​ភាពសុខសាន្ត ។ កូន​ស្រី​គាត់​មាន​ភាព​សោកសៅ​ដ៏​ផ្អែម​ល្ហែម​មួយ ប៉ុន្តែ​ចិត្ត​ពួកគេ​ពោរ​ពេញ​ដោយ​សេចក្ដី​ជំនឿ ។ ពួកគេ​បាន​ដឹង​ថា ម្ដាយ​ពួកគេ​ពុំ​បាន​ឃ្លាត​ទៅ​ទេ ប៉ុន្តែ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។២៣ សូម្បី​តែ​នៅ​គ្រា​រងទុក្ខ​ដ៏​ខ្លាំង​របស់​យើង​ក្ដី ក្នុង​គ្រា​ដែល​ពេល​វេលា​ឈប់​រំកិល ហើយ​ជីវិត​ហាក់​ដូចជា​អយុត្តិធម៌​ខ្លាំង យើង​អាច​រក​ឃើញ​ការ​លួង​លោម​ក្នុង​ព្រះអង្គ​សង្គ្រោះ​យើង ដោយសារ​ទ្រង់​បាន​រងទុក្ខ​ផង​ដែរ ។២៤ វា​ជា​ឯកសិទ្ធិ​មួយ​សម្រាប់​ខ្ញុំ​ដើម្បី​នៅ​ក្នុង​បន្ទប់​នោះ ។

ពេល​យើង​ស្លាប់​ទៅ វិញ្ញាណ​យើង​ចាក​ចេញ​ពី​រូបកាយ​យើង ហើយ​យើង​ស្ថិត​នៅ​ដំណាក់​បន្ទាប់​ទៀត​នៃ​ដំណើរ​យើង​គឺ​ជា​ពិភពវិញ្ញាណ ។ វា​គឺជា​កន្លែង​មួយ​នៃ​ការ​រៀន​សូត្រ ការ​ប្រែ​ចិត្ត ការ​អភ័យទោស និង​ការ​ប្រែ​ក្លាយ​ជា​មនុស្ស​ល្អ២៥ —ជា​កន្លែង​ដែល​យើង​រង់ចាំ​ការ​រស់​ឡើង​វិញ ។២៦

នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​នា​ពេល​អនាគត មនុស្ស​គ្រប់​គ្នា​ដែល​បាន​ចាប់​កំណើត​មក​នឹង​ក្រោក​ចេញ​ពី​ផ្នូរ ។ វិញ្ញាណ និង រូបកាយ​របស់​យើង នឹង​ផ្គុំ​គ្នា​ឡើង​វិញក្នុង​រូបរាង​ដ៏​ឥតខ្ចោះ ។ មនុស្ស​គ្រប់​គ្នា​នឹង​បាន​រស់​ឡើង​វិញ ទាំង​ក្មេង​ទាំង​ចាស់ ទាំង​ស្រី​ទាំង​ប្រុស ទាំង​ជន​ទុច្ចរិត និង​ជន​សុចរិត ហើយ​« អ្វីៗ​គ្រប់​យ៉ាង​នឹង​បាន​ប្រោស​ឡើង​វិញ ជា​រូបរាង​ដ៏​ល្អ​ឥត​ខ្ចោះ » ។២៧

បន្ទាប់​ពី​ការ​រស់​ឡើង​វិញ ​យើង​នឹង​មាន​ពរជ័យ​ដ៏​ធំ​មួយ​នៃ​ការ​កាត់​សេចក្ដី​ដោយ​ព្រះអង្គ​សង្គ្រោះ​របស់​យើង ជា​អង្គ​ដែល​មាន​បន្ទូល​ថា

« យើង​នឹង​ទាញ​នាំ​គ្រប់​មនុស្ស​ទាំង​អស់​ឲ្យ​មក​រក​យើង ប្រយោជន៍​ឲ្យ​គេ​អាច​បាន​ទទួល​ការ​ជំនុំ​ជម្រះ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​គេ ។

« ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង នោះ​ត្រូវ​បាន​ពោរពេញ ហើយ​បើ​អ្នក​នោះ​កាន់ខ្ជាប់ ដរាប​ដល់​ចុង​បំផុត មើល​ចុះ យើង​នឹង​ចាត់​អ្នក​នោះ​ទុក​ថា​ជា​ឥត​ទោស​នៅ​ចំពោះ​ព្រះ​វរបិតា​យើង​នៅ​ក្នុង​ថ្ងៃ​ដែល​យើង​នឹង​ឈរ​ជំនុំ​ជម្រះ​មនុស្ស​លោក » ។២៨

ហើយ​បន្ទាប់​មក តាមរយៈ​ព្រះគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ មនុស្ស​ទាំង​អស់​ដែល​ជ្រើស​ដើរ​តាម​ទ្រង់​តាមរយៈ​សេចក្ដី​ជំនឿ ការ​ប្រែចិត្ត ពិធីបុណជ្រមុជទឹក ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត២៩ នឹង​ឃើញ​ថា​ចុង​បញ្ចប់​នៃ​ដំណើរ​របស់​ពួកគេ​គឺ​ដើម្បី​ទទួល​« គោលបំណង​ដ៏​ទេវភាព ដោយ​ទទួល​ជីវិត​ដ៏​នៅ​អស់​កល្ប​ទុក​ជា​មរតក » ។៣០ ពួកគេ​នឹង​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះវរបិតា​ពួកគេ​ដើម្បី​រួម​រស់​នឹង​ទ្រង់​ជា​រៀង​រហូត ។ សូម​ឲ្យ​យើង​ជ្រើស​រើស​ត្រឹមត្រូវ ។

មាន​រឿង​ច្រើន​ណាស់​ចំពោះ​ជីវិត​យើង​លើស​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ចន្លោះ​កំណើត និង​ការ​ស្លាប់​ទៅ​ទៀត ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មក ហើយ​ដើរ​តាម​ព្រះគ្រីស្ទ ។៣១

ខ្ញុំ​សូម​អញ្ជើញ​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំងអស់ ជា​រៀង​រាល់​ថ្ងៃ​ សូម« មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ទ្រង់ ហើយ​ចូរ​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធចុះ … [ដើម្បី]ដោយ​ការ​ច្រូច​ព្រះលោហិត​នៃ​ព្រះគ្រីស្ទ … អ្នករាល់គ្នា​[អាច]បាន​បរិសុទ្ធ ដោយគ្មានប្រឡាក់​អ្វី​សោះឡើយ » ។៣២

ខ្ញុំ​សូម​អញ្ជើញ​អស់​អ្នក​ដែល​ពុំ​មែន​ជាសមាជិក​សាសនាចក្រ​នេះ នៅ​ឡើយ​ឲ្យ​មក​អាន​ព្រះគម្ពីរ​មរមន ហើយ​ស្ដាប់​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​មក ហើយ​មាន​សេចក្ដីជំនឿ ហើយ​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​បងប្អូន ។ សូម​មក ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក និង​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​មក ហើយ​រស់​នៅ​ក្នុង​ជីវិត​ដ៏​រីករាយ​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ ។ ពេល​បងប្អូន​មក​រក​ទ្រង់ ហើយ​គោរព​បទបញ្ញត្តិ​ទ្រង់ ខ្ញុំ​សន្យា​ថា បងប្អូន​អាច​រក​ឃើញ​ភាព​សុខសាន្ត និង​គោលបំណង​នៅ​ក្នុង​ជីវិត​ដ៏​លំបាក​នេះ និង​ជីវិត​អស់​កល្ប​ជានិច្ច​នៅ​បរមលោក ។៣៣

ចំពោះ​អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​សេចក្ដី​ពិត​ទាំងនេះ ហើយ​បាន​ឃ្លាត​ចេញ​ឆ្ងាយ​ដោយ​ហេតុផល​ណា​មួយ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ត្រឡប់​មកវិញ ។ សូម​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​នេះ ។ ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​យើង​ស្រឡាញ់​បងប្អូន ។ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា ព្រះគ្រីស្ទ​មាន​ព្រះចេស្ដា​ឆ្លើយ​នឹង​សំណួរ​របស់​បងប្អូន ព្យាបាល​ការ​ឈឺចាប់ និង​ភាពសោកសៅ​របស់​បងប្អូន ហើយ​អភ័យ​ទោស​ដល់​អំពើ​បាប​របស់​បងប្អូន ។ ខ្ញុំ​ដឹង​ថា​រឿង​នេះ​ពិត ។ ខ្ញុំ​ដឹង​ថា រឿង​ទាំងអស់​នេះ​ពិត ។ ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ ! នេះ​គឺ​ជា​សាសនាចក្រ​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។