ឆ្នាំ ២០១០-២០១៩
កា​រ​យក​ឈ្នះ​លោកិយ
ខែ មេសា ឆ្នាំ ២០១៧


កា​រ​យក​ឈ្នះ​លោកិយ

ការ​យកឈ្នះ​លើ​លោកិយ​ពុំ​មែន​កើត​ឡើង​តែ​មួយពេល​ក្នុង​ជីវិត​របស់​បងប្អូន​នោះ​ទេ ប៉ុន្តែ​វា​កើត​ឡើង​ជាច្រើន​ដង​ក្នុង​ជីវិត​នេះ ដែល​វា​កំណត់​នូវ​ភាព​អស់កល្បជានិច្ច​របស់​យើង ។

ច្រើន​ឆ្នាំ​កន្លងទៅ ប្រធាន ដេវីឌ អូ មិកឃេ បាន​ប្រាប់​ពី​បទពិសោធន៍​មួយ​ដ៏​ល្អ​ដែល​លោក មាន ពេល​លោក​ជិះទូក​ទៅ​កាន់​កោះសាម័រ ។ បន្ទាប់ពី​បាន​លង់​លក់ លោក « បាន​មើល​ឃើញ​ក្នុង​ការ​និមិត្ត​ជា​អ្វី​មួយ​ដែល​រុងរឿង​ជាខ្លាំង ។ លោក​បាន​ប្រាប់​ថា « ខ្ញុំ​បាន​មើល​ឃើញ​ទីក្រុង​ពណ៌​ស​មួយ​ពី​ចម្ងាយ ។ … ដើម​ឈើ​មាន​ផ្លែ​ដ៏​មាន​ឱជារស… ហើយបុប្ផារីក​ស្គុះស្គាយ​គ្រប់​ទីកន្លែង ។… មាន​មនុស្ស​យ៉ាង​ច្រើន​កុះករ​ដើរ​ចូល​មក​ក្នុង​ទីក្រុង​នោះ ។ ម្នាក់ៗ​ស្លៀកពាក់​រ៉ូប​ពណ៌ស ។… រំពេច​នោះ​ខ្ញុំ​ចាប់អារម្មណ៍…ទៅលើ​អ្នកដឹកនាំ​របស់​ពួកគេ ហើយ​ទោះ​ជា​ខ្ញុំ​អាច​មើល​ឃើញ​តែ​ទម្រង់​នៃ​តួ​អង្គ​បុរស​នោះ​ក្ដី… ក៏​ខ្ញុំ​បាន​ស្គាល់​តួ​អង្គ​នោះ​ភ្លាម​ថា​ជា​ព្រះអង្គស​ង្គ្រោះ​របស់​ខ្ញុំ ! …​រស្មី​នៃ​ព្រះភ័ក្រ​របស់​ទ្រង់ [ គឺ ] រុងរឿង​ណាស់ ។… ភាព​សុខសាន្ដ​នៅ​ជុំ​ទ្រង់…គឺ​ទេវភាព​ណាស់ ! »

ប្រធាន មិកឃេ ​បន្ដ​ថា « ទីក្រុង​នោះ… គឺជា…ទីក្រុង​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ហើយ​មនុស្ស​ដែល​ដើរ​តាម​ទ្រង់​ចង់​នៅ​ទីនោះ​ដោយ​សុខសាន្ដ និង​សុភមង្គល​ដ៏​អស់​កល្ប​ជានិច្ច » ។

ប្រធាន មិកឃេ បាន​ងឿង​ឆ្ងល់​ថា « តើ​ពួកគេ [ ជា ] នរណា ? [ ប្រជាជន​ទាំងនេះ​ជា​នរណា ? ] »

លោក​ពន្យល់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ក្រោយ​មក​ទៀត ៖

« ដូចជា​ព្រះអង្គសង្គ្រោះ​បាន​ដឹង​ពី​គំនិត​ខ្ញុំ ទ្រង់​បាន​ឆ្លើយ​ដោយ​ការ​ចង្អុល​ទៅកាន់ [ ពាក្យ​នៅក្នុង ] កន្លះ​រង្វង់​ដែល​… បាន​បង្ហាញ​ឡើង​នៅ​ខាង​លើ [ មនុស្ស ]… សរសេរ​ជា​ពណ៌​ទឹកមាស… ៖

« ‹ ពួកគេ​គឺ​ជា​អ្នក​ដែល​បាន​យក​ឈ្នះ​លើ​លោកិយ—

« ជា​អ្នក​ដែល​ពិត​ជា​បាន​កើត​ម្ដង​ទៀត ! › »

អស់​ជា​ច្រើន​ទសវត្សន៍​មក​ហើយ ខ្ញុំ​បាន​ចាំ​ពាក្យ​ទាំងនេះ ៖ « ពួកគេ​គឺជា​អ្នក​ដែល​បាន​យក​ឈ្នះ​លើ​លោកិយ » ។

ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ចំពោះ​អស់​អ្នក​ដែល​យក​ឈ្នះ​លើ​លោកិយ​នេះ​គឺ​អស្ចារ្យ​ណាស់ ។ ពួកគេ​នឹង « បាន​ស្លៀក​ពាក់ស … ហើយ [ មាន​ឈ្មោះ​ក្នុង ] បញ្ជី​ជីវិត » ។ ព្រះអម្ចាស់ « នឹង​ថ្លែង​ប្រាប់​ពី [ ឈ្មោះ​របស់​ពួកគេ ] នៅចំពោះ​ព្រះវរបិតា​យើង និង​ចំពោះ​ពួក​ទេវតា​ទ្រង់​ដែរ » ។ ម្នាក់ៗ​នឹង​មាន « ចំណែក​ក្នុង​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ » ទទួល​បាន​ជីវិត​អស់កល្បជានិច្ច ហើយ « នឹង​មិន​ចេញ​ពី » វត្តមាន​របស់​ព្រះ​ទៀត​ឡើយ ។

តើ​វា​អាច​ទៅ​រួច​ទេ ដើម្បី​យក​ឈ្នះ​លើ​លោកិយ ហើយ​ទទួ​ល​ពរជ័យ​ទាំងនេះ ? បាទ ពិត​ជា​អាច ។

សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះអង្គ សង្គ្រោះ

អស់​អ្នក​ដែល​យក​ឈ្នះ​លើ​លោកិយ អភិវឌ្ឍ​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លេញ​ចំពោះ​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ ។

ការប្រសូត​ដ៏​ទេវភាព​របស់​ទ្រង់ ជីវិត​ដ៏ល្អ​ឥតខ្ចោះ​របស់​ទ្រង់ ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ទ្រង់​នៅ​សួនច្បារ​គេតសេម៉ានី និង​កាល់កូថា បាន​អះអាង​ដល់​យើងថា យើង​ម្នាក់ៗ​នឹង​រស់​ឡើង​វិញ ។ តាមរយៈ​ការ​ប្រែចិត្តដោយ​ស្មោះ​របស់​យើង មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​សម្អាត​យើង​ពី​អំពើបាប​របស់​យើង ដោយ​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​វិញ​បាន ។ « យើងស្រឡាញ់ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន » ។

ព្រះយេស៊ូវ​បាន​មានបន្ទូល​ថា « ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ។

ក្រោយ​មក ទ្រង់​បាន​បន្ថែម​ថា « យើង​ចង់​ឲ្យ​អ្នករាល់គ្នា​ឈ្នះ​លើ​លោកិយ » ។

ការ​យកឈ្នះ​លើ​លោកិយ​ពុំ​មែន​កើត​ឡើង​តែ​មួយ​ពេល​ក្នុង​ជីវិត​របស់​បងប្អូន​នោះ​ទេ ប៉ុន្តែ​វា​កើត​ឡើង​ជា​ច្រើន​ដង​ក្នុង​ជីវិត​នេះ ដែល​វា​កំណត់​នូវ​ភាព​អស់​កល្ប​ជានិច្ច​របស់​យើង ។

វា​អាច​ចាប់​ផ្ដើម​ដូចជា​កុមារ​តូច​ម្នាក់​រៀន​អធិស្ឋាន ហើយ​ច្រៀង​ដោយ​មាន​គារវភាព​នូវ​បទ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូចជា​ព្រះយេស៊ូវ » ។ វា​មាន​បន្ដ នៅពេល​មនុស្ស​ម្នាក់​សិក្សា​ពី​ជីវិត​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​គម្ពីរ​សញ្ញា​ថ្មី ហើយ​ពិចារណា​ពី​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ព្រះគម្ពីរ​មរមន ។

ការ​អធិស្ឋាន ការ​ប្រែចិត្ត ការ​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ហើយ​ការ​ទទួល​យក​ព្រះគុណ​របស់​ទ្រង់ នាំ​ឲ្យ​យើង​យល់​ពី​មូលហេតុ​ដែល​យើង​នៅ​ទីនេះ ហើយ​ថា​យើង​អាច​ក្លាយ​ជា​នរណា ។

អាលម៉ា បាន​ពិពណ៌នា​អំពី​វា​តាមរបៀប​នេះ ៖ « ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ ហើយ​ពួកគេ​បាន​បន្ទាប​ខ្លួន ហើយ​បាន​ដាក់​ទី​ទុកចិត្ត​របស់​គេ​ទៅ​លើ​ព្រះ​ដ៏​ពិត ហើយ​មាន​ព្រះជន្ម​រស់​នៅ… [ បន្ដ ] មាន​ចិត្ត​ស្មោះត្រង់​រហូត​ដល់​ទីបំផុត » ។១០

អស់​អ្នក​ដែល​យក​ឈ្នះ​លើ​លោកិយ​នេះ​ដឹង​ថា ពួកគេ​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ព្រះវរបិតា​សួគ៌​របស់​ពួកគេ ។ ការ​ផ្លាស់ប្ដូរ និងការ​ប្រែចិត្ត​ដោយ​ស្មោះ​ពី​អំពើបាប ឈប់​ជា​ការដាក់​កំហិត​ទៀត​ហើយ តែ​មាន​សេរីភាព​វិញ ហើយ « ទោះ​បើ​អំពើបាប [ យើង ] ដូចជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ… [គង់​តែ]​នឹង​បាន​ស​ដូច​ហិមៈ » ។១១

ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ

មនុស្ស​ខាង​លោកិយ​ពិបាកនឹង​ទទួល​ខុស​ត្រូវ​ចំពោះព្រះ—ដូចជា​កូន​ដែល​ជប់លៀង​ក្នុង​ផ្ទះ​របស់​ឪពុក​ម្ដាយ​គាត់ ខណៈ​ដែល​ពួកគាត់​ពុំ​នៅ​ផ្ទះ ដោយ​រីករាយ​នឹង​សំឡេង​កង​រំពង ហើយ​ពុំ​បាន​គិត​អំពី​ផលវិបាក នៅ​ពេល​ដែល​ឪពុក​ម្ដាយ​ត្រឡប់​មក​វិញ​នៅ​រយៈ​ពេល ២៤ ម៉ោង​ក្រោយ​មក ។ 

លោកិយ​នេះ​ចាប់​អារម្មណ៍​ផ្គាប់​ចិត្ត​របស់​មនុស្ស​ខាង​សាច់​ឈាម ជា​ជាង​ការ​ចុះចូល​នឹង​ទ្រង់ ។

ការ​យក​ឈ្នះ​លើ​លោកិយ​ពុំ​មែន​ជា​ការវាយ​ប្រហារ​ជា​សាកល​នោះទេ ប៉ុន្តែ​វាជា​​សង្រ្គាម​ឯកជន ផ្ទាល់ខ្លួន​មួយ ដែលយើង​ត្រូវ​ប្រឈម​មុខ​នឹង​ការល្បួង​ក្នុង​ខ្លួន​យើង ។

ការ​យក​ឈ្នះ​លើ​លោកិយ​មានន័យ​ថា​ជា​ការ​ឱប​ក្រសោប​បទបញ្ញត្តិ​ដ៏​មហិមា​បំផុត​នេះ ៖ « ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កម្លាំង​នៃ​ឯង » ។១២

អ្នក​និពន្ធ​គ្រីស្ទាន​ឈ្មោះ ស៊ី អេស លូវិស បាន​ពិពណ៌នា​តាម​របៀប​នេះ ៖ « ព្រះគ្រីស្ទ​មាន​បន្ទូល​ថា ‹ ចូរ​ឲ្យ​យើង​អ្វី​ទាំងអស់ ។ ខ្ញុំ​មិន​ចង់​បាន​ពេលវេលា និង​ប្រាក់កាស​និង​ការងារ​របស់​អ្នក​ច្រើន​ទេ ៖ ខ្ញុំ​ចង់​បាន​រូប​អ្នក ›» ។១៣

ការ​យក​ឈ្នះ​លើ​លោកិយ​គឺ​ការ​រក្សា​ការ​សន្យា​របស់​យើង​ចំពោះ​ព្រះ—ដូចជា ពិធីបុណ្យ ជ្រមុជ​ទឹក​របស់​យើង និង​សេចក្តី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ និង​សម្បថ​នៃ​ភាព​ស្មោះត្រង់​របស់​យើង​ចំពោះ​ដៃគូ​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។ ការ​យកឈ្នះ​លើ​លោកិយ​ដឹកនាំ​យើង​ដោយ​រាបសា​ទៅកាន់​តុ​សាក្រាម៉ង់​រាល់​សប្ដាហ៍ ដើម្បី​សូម​អភ័យទោស និង​​ទូល​អង្វរ​ដើម្បី « ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ » ប្រយោជន៍​ឲ្យ​យើង​អាច​ « បាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង [ យើង ] ជា​ដរាប » ។១៤

សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ថ្ងៃ​ឈប់​សម្រាក​ពុំ​បញ្ចប់​ត្រឹម​ពេល​ទ្វារ​សាលា​ប្រជុំ​បិទ​នោះទេ ផ្ទុយ​ទៅ​វិញ​វា​បើក​ទ្វារ​ទៅកាន់​ថ្ងៃ​ដ៏​ល្អ​នៃ​ការ​សម្រាក ការ​សិក្សា ការ​អធិស្ឋាន និង​ការ​ជួយ​គ្រួសារ និង​អ្នកដទៃ​ដែល​ត្រូវ​ការ​ការ​យកចិត្ត​ទុក​ដាក់​របស់​យើង ។ ជំនួស​ឲ្យ​ការ​បាន​ធូរ​ក្នុង​ទ្រូង​ពេល​ព្រះវិហារ​បាន​បញ្ចប់ ហើយ​រត់​យ៉ាង​លឿន​ទៅ​រក​ទូរទស្សន៍​ឲ្យ​បាន​ពី​មុន​ការ​ប្រកួត​កី​ឡា​បាល់​ទាត់​ចាប់ផ្ដើម​នោះ​ចូរ​ឲ្យ​គំនិត​របស់​យើង​បន្ដ​ផ្ដោត​ទៅ​លើ​ព្រះអង្គសង្គ្រោះ និង​ថ្ងៃ​បរិសុទ្ធ​របស់​ទ្រង់វិញ ។

លោកិយនេះ​ត្រូវ​បាន​អូស​ទាញ​មិន​ឈប់​ឈរ​ដោយ​សំឡេង​ល្បួង​ចិត្ត​ និងទាក់ទាញ ។១៥

ការ​យក​ឈ្នះ​លើ​លោកិយ គឺ​ជាការ​ទុកចិត្ត​ទៅ​លើ​សំឡេង​មួយ​ដែល​ព្រមាន ក្សាន្ដ​ចិត្ត បំភ្លឺ ហើយ​នាំ​មក​នូវ​ភាព​សុខសាន្ដ « មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ » ។១៦

គ្មាន​ចិត្ត​កំណាញ់

ការ​យកឈ្នះ​លើ​លោកិយ មានន័យ​ថា​ការ​ពុំ​គិត​តែ​ពី​ខ្លួន​ឯង ដោយ​ចង​ចាំ​ដល់​បទបញ្ញត្តិ​ទីពីរ១៧ ៖ « អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​ដល់​អ្នក​រាល់​គ្នា​វិញ » ។១៨ សុភមង្គល​របស់​ស្វាមី ឬ​ភរិយា​យើងសំខាន់​ជាង​ភាព​រីករាយ​ផ្ទាល់​ខ្លួន​របស់​យើង ។ ការ​ជួយ​កូនចៅ​យើង​ឲ្យ​ស្រឡាញ់​ព្រះ ហើយ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ គឺ​ជា​អាទិភាព​ចម្បង ។ យើង​ស្ម័គ្រចិត្ត​ចែកចាយ​ពរជ័យ​ខាង​សម្ភារ​របស់​យើង​តាមរយៈ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ដង្វាយ​តម​អាហារ ហើយ​ផ្ដល់​ទៅ​ដល់​អ្នក​ដែល​ខ្វះខាត ។ ការ​រក្សា​គំនិត​ខាង​វិញ្ញាណ​របស់​យើង​ឆ្ពោះ​ទៅ​ស្ថានសួគ៌ នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង ទៅ​រក​អ្នក​ដែល​យើង​អាច​ជួយ ។

មនុស្ស​ខាង​លោកិយ​គិត​តែ​ខ្លួន​ឯង ដោយ ដែល​ប្រកាសដោយ​អំនួត​ថា « មើល​ខ្ញុំ​ហ្នែ៎ បើ​ប្រៀបធៀប​នឹង​អ្នក​ជិត​ខាង​ខ្ញុំ ! មើល​របស់​ខ្ញុំហ្នែ៎​​ ! ឃើញ​ទេ ថា​ខ្ញុំ​សំខាន់​ប៉ុណ្ណា !

មនុស្ស​ខាង​លោកិយ​ងាយ​នឹង​ឆេវឆាវ ងាយ​បាត់​ការ​ចាប់អារម្មណ៍ ហើយ មាន​តម្រូវ​ការ​ច្រើន ចូលចិត្ត​ការ​សរសើរ​មកពី​មនុស្ស​ជាច្រើន ខណៈ​ដែល​ការ​យក​ឈ្នះ​លើ​លោកិយ​នាំ​មកនូវ​ភាព​រាបសា ការ​អាណិត​អាសូរ ការ​អត់​ធ្មត់ និង​ក្ដីមេត្តា​ចំពោះ​អ្នក​ដែល​ផ្សេង​ពី​ខ្លួន ។

សុវត្ថិភាព​នៅ​ក្នុង​ពួក​ព្យាការី

ការ​យកឈ្នះ​លើ​លោកិយ​ជានិច្ចកាល​មានន័យ​ថា យើង​ជឿ​លើ​គោលការណ៍​ខ្លះ ដែល​លោកិយ​នឹង​រិះគន់​ដល់​យើង ។ ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ដូចនេះ ៖

« បើ​សិន​ជា​លោកីយ​ស្អប់​អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​ដឹង​ហើយ​ថា គេ​បាន​ស្អប់​ខ្ញុំ​ជា​មុន ។

« បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​លោកីយ នោះ​លោកីយ​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា » ។១៩

ប្រធាន​រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​មិញ​នេះ​ថា « សិស្ស​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​​ស្ម័គ្រចិត្ត​ក្រោក​ឈរ​ឡើង បញ្ចេញ​មតិ ហើយ​ខុស​ពី​មនុស្ស​នៃ​លោកិយ » ។២០

សិស្ស​របស់​ព្រះគ្រីស្ទ​ពុំ​បារម្ភ​ទេ ប្រសិន​បើ​ជំនឿ​របស់​គាត់​ពុំ​ទទួល​បាន​ការ​ចុច​ចូល​ចិត្ត​ចំនួន ១០,០០០​នៅលើ​ទំព័រ​ហ្វេសប៊ុក​ឬ​មានចុច​គាំទ្រ​តិចតួច​នោះ ។

ការ​យក​ឈ្នះ​លើ​លោកិយ​គឺ​ជា​ការ​មិន​សូវ​បារម្ភ​អំពី​ទំនាក់ទំនង​តាម​អ៊ិនធើរណិត​របស់​យើង តែ​ខ្វល់ខ្វាយ​កាន់​តែ​ខ្លាំង​ជាមួយ​នឹង​ទំនាក់​ទំនងសួគ៌ា​របស់​យើង​ចំពោះ​ព្រះ ។

ព្រះអម្ចាស់​ប្រទាន​សុវត្ថិភាពដល់​យើង នៅពេល​យើង​ស្ដាប់​តាម​ការ​ណែនាំ​មកពី​ពួក​ព្យាការី និង​ពួក​សាវក​របស់​ទ្រង់​បច្ចុប្បន្ន ។

រូបភាព
ប្រធាន ម៉នសុន មាន​ប្រសាសន៍

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា « លោកិយ​នេះ​អាច​នឹង…មាន​រឿង​ស្មុគស្មាញ ។ … [នៅ​ពេល​យើង​ទៅ​ព្រះវិហារបរិសុទ្ធ] … យើង​នឹង​អាច​ទ្រាំទ្រ​រាល់​ការ​សាកល្បង​បាន​ច្រើន ហើយ​យកឈ្នះ​រាល់​ការ​ល្បួង​នីមួយៗ ។ … យើង​នឹង​បាន​ផ្លាស់​ប្ដូរ​ជា​ថ្មី ហើយ​នឹង​ត្រូវ​បាន​ពង្រឹង » ។២១

ដោយ​មាន​ការល្បួង ការ​រំខាន​និង​ការវៀច​វេ​កាន់តែ​ច្រើន លោកិយ​នេះ​នឹង​បញ្ឆោត​ដល់​អ្នក​ដែល​ធ្លាប់​បាន​ស្មោះត្រង់ ហើយ​អូស​ទាញ​ពួកគេ​ឲ្យ​បដិសេធ​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​មាន​អានុភាព ដែល​ពួកគេ​មាន​កាល​ពី​អតីតកាល ធ្វើ​ឲ្យ​ពួកគេ​ជឿ​ថា បទពិសោធន៍​ខាងវិញ្ញាណ​ទាំង​នោះគ្រាន់​តែ​ជា​អ្វី​ដែល​ពួកគេ​នឹក​ស្រមៃ ឬ​ឆ្កួតលីលា​ប៉ុណ្ណោះ ។​

ការ​យក​ឈ្នះ​លើ​លោកិយ​គឺជា​ការ​ចងចាំ​អំពី​គ្រា​ដែល​យើង​មាន​អារម្មណ៍​បាក់ទឹកចិត្ត និង​គ្រា​ដែល​យើង​ទទួល​បាន​ក្ដី​ស្រឡាញ់ និង​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​ពន្យល់​ពីបទពិសោធន៍​មួយ​នៃ​ការណ៍​នេះ​តាមរបៀប​នេះ​ថា ៖ « ខ្ញុំ​ត្រូវ​បាន​ប្រទាន​ពរ ហើយ​ខ្ញុំ​បាន​ដឹង​ថា ព្រះ​បាន​ដឹង​ថា ខ្ញុំ​បាន​ដឹងថា​ខ្ញុំ​ត្រូវ​បាន​ប្រទាន​ពរ » ។២២ ទោះ​បីជា​យើងអាច​មានអារម្មណ៍​ថា​ព្រះ​ភ្លេច​យើង​មួយ​រយៈ​ក្ដី ក៏​យើង​មិន​ភ្លេច​ព្រះ​ដែរ ។​

ការ​យកឈ្នះ​លើ​លោកិយ​ពុំ​មាន​ន័យ​ថា យើង​រស់នៅ​ក្នុង​ជីវិត​ដែល​ឃុំគ្រង​ការពារ​ពី​ភាព​អយុត្តិធម៌ និង​ការលំបាកៗ​នៃ​ជីវិត​រមែង​ស្លាប់​នេះ​នោះ​ទេ ។ តែ​វា​ផ្ដល់​នូវ​ការយល់​ពី​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​ ដោយ​នាំ​យើង​ខិត​ទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ និង​ការ​សន្យា​របស់​ទ្រង់ ។

ខណៈ​ដែល​ភាព​ល្អ​ឥតខ្ចោះ​ពុំ​បំពេញ​នៅក្នុង​ជីវិត​នេះ ការ​យក​ឈ្នះ​លើ​លោកិយ​រក្សា​សេចក្ដីសង្ឃឹម​របស់​យើង​ឲ្យ​នៅ​រស់​រវើក​ថា នៅថ្ងៃ​មួយ​យើង « នឹង​ឈរ​នៅចំពោះ [ ព្រះ​ដ៏​ប្រោសលោះ​របស់​យើង ] [ ហើយ ] ឃើញ​ព្រះភ័ក្ត្រ​ទ្រង់​ដោយ​សេចក្ដី​សោមនស្ស »២៣ ហើយ​ស្ដាប់​ព្រះសូរសៀង​របស់​ទ្រង់ ៖ « ឱ​ពួក​អ្នក​ដែល​ព្រះវរបិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរតក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សម្រាប់​អ្នក​រាល់​គ្នា » ។២៤

គំរូ​របស់​អែឌើរ អែលឌើរ ប្រូស ឌី ផតធើរ

នៅ​ថ្ងៃ​ទី ២៨ ខែ​ធ្នូ ឆ្នាំ​មុន​នេះ មិត្ត​ជាទី​ស្រឡាញ់​របស់​យើង និង​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ជា​ទីស្រឡាញ់​របស់​យើង អែលឌើរ ប្រូស ឌី ផតធើរ បាន​ទទួល​មរណភាព ។ លោក​មាន​អាយុ ៦៤ ឆ្នាំ ។

ខ្ញុំ​បាន​ជួប ប្រូស ជា​លើក​ដំបូង នៅ​ពេល​យើង​ជា​និសិត្ស​នៅ​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ ។ លោក​គឺជា​និស្សិត​ដ៏​ឆ្នើម​ម្នាក់ ។ បន្ទាប់​ពី បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​មកពី​សាកលវិទ្យាល័យ ហាវើត ដោយ​សង្កត់​ធ្ងន់​លើ​កិច្ចការ​ប្រទេសរុស្សី នោះ​ការ​គិត និង​ការ​សរសេរ​របស់​ប្រូស បាននាំ​មក​នូវ​ភាព​ល្បីល្បាញ ប៉ុន្តែ​ទ្រព្យសម្បត្តិ និងការ​សរសើរ​មកពី​លោកិយ​ពុំ​អាច​បិទបាំង​ទស្សនវិស័យ​របស់​លោក​បាន​ទេ ។២៥ ភក្ដីភាព​របស់​លោក ថ្វាយ​ជូន​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ និង​ផ្ដល់​ចំពោះ​ដៃគូ​ដ៏​អស់កល្ប​ជានិច្ច​របស់​លោក​ឈ្មោះ ហ្សូសាន ចំពោះ​កូនៗ និង​ចៅៗ​របស់​លោក ។

រូបភាព
អែលឌើរ ផតធើរ រួម​នឹង​គ្រួសារ​វ័យ​ក្មេង​របស់​លោក

ប្រូស​បាន​កើត​មក​មាន​បញ្ហា​ខាង​តម្រង​នោម ។ លោក​បាន​ធ្វើ​ការ​វះកាត់ ប៉ុន្ដែ​យូរ​ទៅ​តម្រង​នោម​របស់​លោក​​បាន​បន្ដ​ចុះ​ខ្សោយ ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ការហៅ​របស់​ប្រូស​ឲ្យ​ធ្វើ​ជា​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​ក្នុង​ឆ្នាំ ១៩៩៥ យើង​បាន​បម្រើ​ជុំ​គ្នា​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​យើង​នៅ​ទីក្រុង ហ្វ្រាំងហ្វើត ប្រទេស​អាល្លឺម៉ង់ ជា​កន្លែង​ដែល​កិច្ចការ​របស់​លោក​ផ្ដោត​ទៅលើ​ប្រទេស​រុស្សី និង​អឺរ៉ុប​ប៉ែក​ខាង​កើត ។

ជីវិត​របស់​អែលឌើរ ផតធើរ បាន​ផ្លាស់ប្ដូរ​យ៉ា​ងស្ដែង​ក្នុង​ឆ្នាំ ១៩៩៧ នៅពេល​មុខងារ​​តម្រង​នោម​ និង​សុខភាព​របស់​គាត់​បាន​ចុះ​ខ្សោយ ។ គ្រួសារ​ផតធើរ បាន​ត្រឡប់​មក​ទីក្រុង​សលត៍ លេក​វិញ ។

អំឡុង​ពេល ២០ ឆ្នាំ នៃ​ការ​បម្រើ​របស់​លោក​ជា​ពួកចិត​សិប​នាក់ ប្រូស បាន​ចូល​ពេទ្យ​ជាច្រើន​ដង រួមទាំង​ការវះកាត់ ១០ ដង​ផងដែរ ។ ពួក​វេជ្ជបណ្ឌិត​បាន​ប្រាប់ ស្សូសាន ពីរដង​ថា ប្រូស​នឹង​មិន​អាច​រស់​ដល់​ថ្ងៃ​ស្អែក​ទេ ប៉ុន្តែ​លោក​នៅ​មាន​ជីវិត​រស់ ។

អស់​រយៈពេល​ ១២ ឆ្នាំ​នៃ​ការ​បម្រើ​របស់​លោក​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់ ប្រូស​ត្រូវ​បាន​ព្យាបាល​ដោយ​លាង​សម្អាត​ឈាម​របស់​លោក ។ អំឡុង​ពេល​នោះ ប្រូស​ត្រូវ​លាង​ឈាម​តម្រង​នោម​ម្ដងៗ​រយៈពេល​បួន​ម៉ោង​រាល់​ពេល​ល្ងាចគឺ​ប្រាំ​ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​លោក​អាច​បម្រើ​នៅក្នុង​ការ​ហៅ​របស់​លោក​នៅ​ពេល​ថ្ងៃ ហើយ​ទទួល​យក​ការ​ចាត់តាំង​ឲ្យ​ចូលរួម​សន្និសីទ​នៅ​ចុង​សប្ដាហ៍ ។ នៅ​ពេល​សុខភាព​របស់​លោក​ពុំ​បាន​ប្រសើរ​ឡើង​បន្ទាប់ពី​ការ​ប្រសិទ្ធពរ​បព្វជិតភាព​បួន​ប្រាំ​ដង​មក ប្រូស​បាន​ច្របូក​ច្របល់ ប៉ុន្តែ​លោក​បាន​ដឹង​ថា លោក​ត្រូវ​ទុក​ចិត្ត​លើ​នរណា ។២៦

នៅ​ឆ្នាំ ២០១០ ប្រូស​បាន​ទទួល​តម្រង​នោម​ពី​កូន​ប្រុស​របស់​គាត់​ដេវីឌ ។ គ្រា​នេះ រាងកាយ​របស់​គាត់​ពុំ​បាន​បដិសេធ​នឹង​ការ​វះកាត់​ផ្លាស់ប្ដូរ​ទេ ។ វា​គឺជា​អព្ភូតហេតុ​មួយ ដែល​បាន​ទទួលសុខភាព​ល្អឡើងវិញ​ទីបំផុត​បាន​អនុញ្ញា​ត​ឲ្យ​លោក និង​ស្សូសាន​ត្រឡប់​ទៅកាន់​ប្រទេស​រុស្សី​ជាទីស្រឡាញ់​របស់​លោក​វិញ នៅក្នុង​គណៈប្រធាន​តំបន់ ។

រូបភាព
អែលឌើរ និង​ស៊ិស្ទើរ ផតធើរ​នៅ​ប្រទេស​រុស្សី

នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ មុន បន្ទាប់​ពី​ការ​តស៊ូ​នឹង​ការ​ឆ្លង​រាល​ដាល​ជា​បន្ដ​បន្ទាប់​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៅទីក្រុង​សលត៍ លេក លោក​បាន​សូម​ឲ្យ​វេជ្ជបណ្ឌិត​ចេញ​ពី​បន្ទប់ ។ ប្រូស បាន​ប្រាប់​ស្សូសាន​ថា « លោក​បាន​ដឹង​តាមរយៈ​ព្រះវិញ្ញាណ​ថា គ្មាន​អ្វី​ដែល​វេជ្ជបណ្ឌិត​អាច​ធ្វើ​ដើម្បី​សង្គ្រោះ​ជីវិត​របស់​លោក​បាន​ទេ ។ លោក​បាន​ដឹង…ថា​ព្រះវរបិតាសួគ៌​នឹង​យក​លោក​ត្រឡប់​ទៅ​ផ្ទះវិញ ។ លោក​បាន​ពេញ​ដោយ​ភាព​សុខសាន្ដ » ។២៧

នៅ​ថ្ងៃ​ទី ២៨ ខែ​ធ្នូ ប្រូស​បាន​ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​គ្រួសារ​របស់​លោក​វិញ ។ ប៉ុន្មាន​ម៉ោង​ក្រោយមក ពេល​ក្រុម​គ្រួសារ​លោក​បាន​មក​ជួប​ជុំ​គ្នា នោះ​លោកក៏​បាន​ត្រឡប់​ទៅ​កាន់​ផ្ទះ​សួគ៌ា​វិញ​ដោយ​សុខសាន្ដ ។

រូបភាព
រូបភាព​របស់​អែលឌើរ ប្រ៊ូស ប៊ី ផតធើរ

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ប្រូស​ ផតធើរ បាន​សរសេរ​ពាក្យ​ទាំងនេះ​ទៅ​ឲ្យ​កូនៗ​របស់​លោក ៖

« ទីបន្ទាល់​ដែលប៉ា​មាន​អំពី​ភាព​ពិត និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ បាន​ធ្វើ​ជា​ត្រីវិស័យ​នៃ​ជីវិត​របស់​ប៉ា ។… វា​គឺជា​សាក្សី​ដ៏​បរិសុទ្ធ និង​រុងរឿង​នៃ​ព្រះវិញ្ញាណ​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​គឺជា​ព្រះ​ប្រោស​លោះ និង​ជា​មិត្ត​របស់​ប៉ា​គ្រប់​ពេល​ដែល​ត្រូវការ ។២៨

« ឧបសគ្គ​របស់​យើង… គឺ​ត្រូវ​មក​ស្គាល់ [ ព្រះអង្គ​សង្គ្រោះ ]…ហើយ​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ទ្រង់ យើង​យកឈ្នះ​លើ​ការ​សាកល្បង និង​ការ​ល្បួង​នានា​នៃ​ពិភពលោក​នេះ » ។២៩

« ចូរ​យើង​នៅ​ពិត​ស្មោះត្រង់ ហើយ​ទុក​ចិត្ត​លើ​ទ្រង់ » ។៣០

ប្រូស ដូហ្គលាស ផតធើរ បាន​យក​ឈ្នះ​លោកិយ​នេះ ។

សូម​ឲ្យ​យើង​ម្នាក់ៗ​ព្យាយាម​កាន់តែ​ខ្លាំង​បន្ដិច​ទៀត​នៅ​ក្នុង​ការ​ខិតខំ​របស់​យើង​ដើម្បី​យកឈ្នះ​លើ​លោកិយនេះ ចូរ​កុំ​ដោះសារ​ចំពោះ​កំហុស​ធ្ងន់​ធ្ងរ​ឡើយ តែ​ឲ្យ​មាន​ការ​អត់ធ្មត់​ចំពោះ​កំហុស​ឆ្គង​បន្តិច​បន្ដួច ចូរ​ពន្លឿន​ល្បឿន​របស់​យើង​ឲ្យ​ខ្លាំង​ឡើង ហើយ​ជួយ​អ្នកដទៃ​ដោយ​សប្បុរស ។ នៅពេល​បងប្អូន​ទុកចិត្ត​ព្រះអង្គសង្គ្រោះ​កាន់​តែ​ខ្លាំង ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា នឹង​មាន​ពរជ័យ​នៃ​ភាព​សុខសាន្ដ​កាន់តែ​មហិមា​នៅក្នុង​ជីវិត​នេះ និង​មាន​ការ​អះអាង​កាន់​តែ​ខ្លាំង​អំពី​ជោគ​វាសនា​អស់​កល្ប​ជានិច្ច​របស់​បងប្អូន នៅក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។