ឆ្នាំ ២០១០-២០១៩
សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្តី​ភ័យ​ខ្លាច​ចេញ
ខែ មេសា ឆ្នាំ ២០១៧


សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្តី​ភ័យ​ខ្លាច​ចេញ

ចូរ​យើង​ទុក​សេចក្តីភ័យ​ខ្លាច​យើង​មួយ​អន្លើរ​សិន ហើយ​រស់នៅ​ដោយ​អំណរ បន្ទាប​ខ្លួន សង្ឃឹម និង​មាន​ទំនុកចិត្ត​យ៉ាង​រឹងប៉ឹង​ថា​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​យើង ។

បងប្អូនប្រុសស្រី​ជាទីស្រឡាញ់ និង​មិត្ត​ជា​ទីស្នេហា ឱ​នេះ​ជា​ឯកសិទ្ធិ និង​អំណរ ដើម្បី​ជួប​គ្នា​ក្នុង​នាម​ជា​សមាជិក​ទូទាំង​ពិភពលោក ដោយ​រួបរួម​គ្នា​ក្នុង​ជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​កូនចៅ​ទ្រង់ ។

ជាពិសេស​ខ្ញុំ​មាន​អំណរគុណ​ចំពោះ​វត្តមាន​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ព្យាការី​ដ៏​ជា​ទីស្រឡាញ់​របស់​យើង ។ លោកប្រធាន ពួកយើង​នឹង​ចាំ​ប្រសាសន៍​របស់​លោក​ដែល​មាន​ការណែនាំ ការទូន្មាន និង​ប្រាជ្ញា​ទាំង​នេះ​ក្នុង​ចិត្ត​ពួកយើង ។ យើង​ស្រឡាញ់​លោក លោក​ប្រធាន ម៉នសុន ហើយ​យើង​អធិស្ឋាន​ឲ្យលោក​ជានិច្ច ។

ជាច្រើនឆ្នាំ​មក​ហើយ កាល​ខ្ញុំ​កំពុង​បម្រើ​ជា​ប្រធាន​ស្តេក​នៅ ហ្វ្រែងហ្វើត អាល្លឺម៉ង់ មាន​ស្ត្រី​ម្នាក់​ដ៏​ជាទីស្រឡាញ់ តែ​មិន​សប្បាយ​ចិត្ត បាន​មក​រក​ខ្ញុំ​ពេល​ការប្រជុំ​ស្តេក​មួយ​របស់​យើង​បាន​ចប់ ។

គាត់​បាន​និយាយ​ថា « តើ​វា​មិន​ជា​ថ្វី​ទេ​ឬ ? ដែល​មាន​មនុស្ស​បួន​ប្រាំ​នាក់​បាន​ដេក​លក់​អំឡុង​ពេល​លោក​ប្រធាន​និយាយ​នោះ ! »

ខ្ញុំ​បាន​គិត​មួយ​សន្ទុះ ហើយ​តប​ថា « ខ្ញុំ​ដឹង​យ៉ាងប្រាកដ​ថា ការដេកនៅ​ព្រះវិហារ​គឺ​ជា​ការដេក​មួយ​ដែល​​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​បំផុត​ក្នុង​ចំណោម​ការដេក​នានា » ។

ភរិយា​ដ៏​អស្ចារ្យ​របស់​ខ្ញុំ ហារៀត ស្តាប់​ឮ​ការសន្ទនា​នោះ​ដោយ​ចៃដន្យ ក្រោយ​មក​គាត់​បាន​និយាយ​ថា នោះ​គឺ​ជា​ចម្លើយ​មួយ​ដ៏ប្រពៃ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ឆ្លើយ ។

ការភ្ញាក់ដឹង​ខ្លួន​ដ៏​អស្ចារ្យ

ពីរបី​រយ​ឆ្នាំ​កន្លង​មក​ហើយ នៅ​អាមេរិក​ខាង​ជើង​មាន​ចលនា​មួយ​ហៅ​ថា « ការភ្ញាក់ដឹង​ខ្លួន​ដ៏​អស្ចារ្យ » បាន​រីកសុះសាយ​ទូទាំង​​ផ្ទៃ​ប្រទេស ។ គោលដៅ​ចម្បង​បំផុត​របស់​ចលនា​នោះ​គឺ​ដាស់​មនុស្ស​ឲ្យ​ភ្ញាក់​ឡើង គឺ​ដាស់​អ្នក​ដែល​បង្ហាញ​ថា​ខ្លួន​ដេក​លង់លក់​ក្នុង​រឿង​ដែល​ទាក់ទង​នឹង​ខាង​វិញ្ញាណ ។

ក្មេងប្រុស យ៉ូសែប ស៊្មីធ បាន​ទទួល​រង​ឥទ្ធិពល​ពី​រឿង​នានា​ដែល​លោក​ស្តាប់​ឮ​ពី​អ្នក​ផ្សាយ​សាសនា ដែល​ជា​ផ្នែក​មួយ​នៃ​ការដាស់ឲ្យ​ភ្ញាក់​ឡើង​ខាង​សាសនា​នោះ ។ វា​គឺ​ជា​ហេតុផល​មួយ​ដែល​លោក​បាន​សម្រេច​ចិត្ត​ស្វែងរក​ព្រះទ័យ​របស់​ព្រះ​អម្ចាស់​ក្នុង​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​ដោយ​ស្មោះសរ ។

អ្នក​ផ្សាយ​សាសនា​ទាំងនោះមាន​រចនា​បថ​នៃ​ការប្រកាស​ដំណឹង​ល្អ​ដែល​ស្វាហាប់ មាន​មនោសញ្ចេតនា ជា​មួយ​នឹង​ទេសនកថា​ដែល​គេ​ស្គាល់​ថា សង្កត់ធ្ងន់​ទៅលើ​អណ្តាត​ភ្លើង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នៃ​ស្ថាននរក ដែល​រង់ចាំ​មនុស្ស​មាន​បាប ។ ការបង្រៀន​របស់​ពួកគេ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​ដេក​លក់​ឡើយ—ប៉ុន្តែ​ទេសនកថា​ទាំងនេះ​បាន​បណ្តាល​ឲ្យ​មាន​សុបិន​អាក្រក់​មួយ​ចំនួន ។ គោលបំណង និង​មាគ៌ា​របស់​ពួកគេ​ហាក់ដូច​ជា​បន្លាច​មនុស្ស​ឲ្យ​ចូល​ព្រះវិហារ ។

ភាពភ័យខ្លាច​គឺ​ជា​យុទ្ធវិធី​មួយ

ក្នុង​ប្រវត្តិសាស្ត្រ ជារឿយៗ​ភាពភ័យ​ខ្លាច​ត្រូវបាន​ប្រើ​ជា​មធ្យោបាយ ដើម្បី​នាំ​មនុស្ស​ឲ្យ​ធ្វើ​សកម្មភាព ។ ឪពុក​ម្តាយ​ធ្លាប់​ប្រើ​វិធី​នេះ​ជាមួយ​កូនៗ​របស់​ខ្លួន នយោជក​ប្រើ​វិធី​នេះ​ជាមួយ​នយោជិត ហើយ​អ្នក​នយោបាយ​ប្រើ​វិធី​នេះ​ជាមួយ​អ្នក​បោះឆ្នោត ។

អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​យល់​អំពី​ឥទ្ធិពល​នៃ​ភាពភ័យ​ខ្លាច​នេះ ហើយ​ប្រើ​វា​ជារឿយៗ ។ នេះ​ជា​មូលហេតុ​ដែល​ការឃោសនា​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន​ហាក់ដូច​ជា​មាន​សារលិខិត​ដែល​ថ្លែង​បញ្ជាក់​ថា ប្រសិនបើ​យើង​មិន​ទិញ​គ្រាប់​ធុញ្ញជាតិ​ដែល​ជា​អាហារ​ពេលព្រឹក ឬ​ខកខាន​មិន​បាន​ទិញ​វីដេអូ​ហ្គេម ឬ​ទូរសព្ទ​ចេញ​ថ្មី​​របស់​ពួកគេ​ទេ នោះ​ជីវិត​យើង​ស្ថិត​ក្នុង​ភាពគ្រោះថ្នាក់ ហើយ​មាន​តែការស្លាប់ និង​ភាពសោកសៅ​តែ​ប៉ុណ្ណោះ ។

យើង​សើច​នឹង​រឿង​នេះ ហើយ​គិត​ថា​យើង​នឹង​ពុំ​ធ្លាក់​ចូល​ស៊ង​នៃ​យុទ្ធវិធី​បែប​នោះ​ឡើយ ប៉ុន្តែ​ជួនកាល​យើង​ធ្លាប់​បាន​ធ្លាក់​ចូល​ស៊ង​នោះហើយ ។ កាន់តែ​អាក្រក់​ជាង​នេះ​ទៀត​នោះ​គឺ​ថា ជួនកាល​យើង​ប្រើ​វិធីសាស្ត្រ​ស្រដៀង​នេះ​ដើម្បី​ឲ្យ​អ្នក​ដទៃ​ធ្វើ​អ្វី​ដែល​យើង​ចង់​ឲ្យ​ពួកគេ​ធ្វើ ។

សារលិខិត​របស់​ខ្ញុំ​ថ្ងៃ​នេះ​មាន​គោលបំណង​ពីរ​យ៉ាង ៖ ទីមួយ​គឺ​ជំរុញ​ឲ្យ​យើង​សញ្ជឹង​គិត និង​ពិចារណា​អំពី​អ្វី​ដែល​យើង​ប្រើ​ការបន្លាច​ដើម្បី​ជំរុញ​ចិត្ត​អ្នក​ដទៃ—រួម​ទាំង​ខ្លួន​យើង​ផងដែរ ។ ទីពីរ គឺ​ដើម្បី​ផ្តល់​យោបល់​នូវ​វិធី​ដែល​ប្រសើរ​ជាង​មុន ។

បញ្ហា​ជាមួយ​នឹង​ភាព​ភ័យ​ខ្លាច

ដំបូង ចូរ​យើង​និយាយ​អំពី​បញ្ហា​ជាមួយ​នឹង​ភាពភ័យខ្លាច​សិន ។ ក្រៅ​ពី​នោះ តើ​មាន​នរណា​ខ្លះ​ក្នុង​ចំណោម​ពួកយើង​ពុំ​ធ្លាប់​ត្រូវបាន​បង្ខំ​ដោយ​ការបន្លាច ដើម្បី​បរិភោគ​អាហារ​ដែលត្រឹម​ត្រូវ​ជាង​មុន ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព ហាត់​ប្រាណ​បន្ថែម សន្សំ​ប្រាក់​ថែម ឬ​សូម្បី​តែ​ប្រែចិត្ត​ពី​អំពើ​បាប​ដែរ​ឬ​ទេ ?

ប្រាកដ​ណាស់ ភាពភ័យ​ខ្លាច​អាច​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​លើ​សកម្មភាព និង​ឥរិយាបថ​របស់​យើង ។ ប៉ុន្តែ​ឥទ្ធិពល​នោះ​វា​មាន​តែ​បណ្តោះ​អាសន្ន និង​រាក់​កំភែល​ប៉ុណ្ណោះ ។ ភាព​ភ័យខ្លាច​កម្រ​មាន​ឥទ្ធិពល​ផ្លាស់ប្តូរ​ដួងចិត្ត​យើង​ណាស់ ហើយ​វា​នឹង​ពុំ​ផ្លាស់ប្តូរ​យើង​ឲ្យ​ទៅ​ជា​មនុស្ស​ដែល​ស្រឡាញ់​អ្វី​ដែល​ត្រឹមត្រូវ និង​ចង់​គោរព​តាម​ព្រះវរបិតាសួគ៌​ឡើយ ។

មនុស្ស​ដែល​ពោរពេញ​ដោយ​ការភ័យខ្លាច​អាច​និយាយ និង​ធ្វើ​កិច្ចការ​ដែល​ត្រឹមត្រូវ ប៉ុន្តែ​ពួកគេ​គ្មាន​អារម្មណ៍​ថា​រឿង​ទាំង​នោះ​ត្រឹម​ត្រូវ​ឡើយ ។ ជារឿយៗ ពួកគេ​មាន​អារម្មណ៍​ថា​គ្មាន​ជំនួយ និង​ថ្នាំងថ្នាក់​ចិត្ត ថែម​ទាំង​ខឹង​សម្បារ​ផងដែរ ។ យូរៗ​ទៅ អារម្មណ៍​ទាំង​នេះ​នាំ​ឲ្យ​មាន​ការមិនទុកចិត្ត រឹង​ទទឹង ហើយ​បះបោរ ។

ជា​អកុសល វិធីសាស្ត្រ​ខុស​ឆ្គង​នេះ​បាន​កើត​មាននៅក្នុង​ជីវិត និង​ភាព​ជា​អ្នក​ដឹកនាំ ពុំ​មែន​មាន​តែ​នៅ​ក្នុង​ពួក​ខាង​លោកិយ​នោះ​ទេ ។ ខ្ញុំ​កើត​ទុក្ខ​ពេល​ឮ​សមាជិក​សាសនាចក្រ​ដែល​អនុវត្ត​អំណាច​គ្រប់​គ្រង​ដោយ​ឥត​សុចរិត​—ទោះ​ជា​នៅ​ក្នុង​ផ្ទះ​ពួកគេ ក្នុង​ការហៅ​បម្រើ​នៅ​សាសនាចក្រ នៅ​កន្លែង​ធ្វើការ ឬ នៅក្នុង​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ជាមួយ​អ្នក​ដទៃ​ទៀត​ក្តី ។

ជារឿយៗ មនុស្ស​អាច​រិះគន់​ដោយ​សម្លុត​ធ្វើ​បាប​មនុស្ស​ដទៃ ប៉ុន្តែ​ពួកគេ​ពុំ​មើល​ឃើញ​ការណ៍​នេះ​នៅក្នុង​ខ្លួន​ពួកគេ​ឡើយ ។ ពួកគេ​ទាមទារ​ការអនុលោម​តាម​ច្បាប់​ផ្ទាល់​ខ្លួន​តាម​ទំនើង​ចិត្ត​គេ ប៉ុន្តែ​នៅពេល​អ្នក​ដទៃ​ពុំ​ធ្វើ​តាម​ច្បាប់​ព្រាវៗ​របស់ខ្លួន នោះ​មនុស្ស​បែប​នេះ​វាយ​ផ្ចាល​ពួកគេ​ដោយ​ពាក្យ​សម្តី សតិ​អារម្មណ៍ ហើយ​ជួនកាលវាយផ្ចាល​ដល់​ខាង​រូបកាយ​ផងដែរ ។

ព្រះអម្ចាស់​មាន​បន្ទូល​ថា « នៅពេល​យើង … អនុវត្ត​ការ​ត្រួតត្រា ឬ​ការ​គ្រប់​គ្រង ឬ​ការ​បង្ខិតបង្ខំ​ទៅ​លើ​ព្រលឹង​នៃ​កូន​ចៅ​មនុស្ស​ដោយ​នូវ​សេចក្ដី​ដ៏​ឥត​សុចរិត​ណា​មួយ … ស្ថាន​សួគ៌​ដក​ខ្លួន​ចេញ [ ហើយ ] ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ថប់​បារម្ភ » ។

ប្រហែល​ជា​មាន​គ្រា​ដែល​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​បង្ហាញ​ភស្តុតាង​ត្រឹមត្រូវ​អំពី​សកម្មភាព​របស់​យើង ដោយ​ការជឿ​ថា សកម្មភាព​ណា​ក៏​អាច​ទទួល​បាន ដរាប​ណា​វា​សម្រេច​បាន​លទ្ធផល​ល្អ​ចំពោះ​គោលដៅ​ខ្លួន ។ យើង​ថែម​ទាំង​គិត​ថា ការគ្រប់គ្រង​មនុស្ស ការចាត់ចែង​មនុស្ស និង​ការកោងកាច​គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដទៃ​បាន​ល្អ ។ វា​មិន​ត្រឹមត្រូវ​ទេ ដ្បិត​ព្រះអម្ចាស់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា « ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​នោះ​គឺ​ជា​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត [ និង ] ដឹង​ខ្នាត » ។

វិធី​ដែល​ប្រសើរ​ជាង​មុន

ដរាប​ណា​ខ្ញុំ​ស្គាល់​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​កាន់តែ​ច្បាស់ ដរាប​នោះ​ខ្ញុំ​កាន់តែ​ឃើញ​របៀប​ដែល​ទ្រង់​បំផុស​គំនិត និង​ដឹកនាំ​កូនចៅ​របស់​ទ្រង់ ។ ទ្រង់​ពុំ​ពិរោធ គុំគួន ឬ​សងសឹក​ឡើយ ។ ព្រះរាជ​បំណង​ទាំងមូល​របស់​ទ្រង់​គឺ—កិច្ចការ និង សិរី​ល្អ​របស់​ទ្រង់—គឺ​ដឹកនាំ​យើង តម្កើង​យើង និង​នាំ​យើង​ទៅ​ដល់​គ្រប់​ទាំង​សេចក្តី​ពោរពេញ​របស់​ផង​ទ្រង់ ។

ព្រះ​បាន​ពិពណ៌នា​ពី​ព្រះអង្គ​ទ្រង់​ដល់​ម៉ូសេ​ថា « ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស និង​សេចក្តី​ទៀង​ត្រង់​ជា​បរិបូរ » ។

សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ដល់​ពួកយើង​ជាកូនចៅ​ទ្រង់​គឺ​ហួស​ពី​ការយល់​ដឹង​របស់​យើង​ខ្លាំង​ណាស់ ។

តើ​នេះ​មាន​ន័យ​ថា ព្រះ​លើក​ទោស​ឲ្យ ឬ​បំភ្លេច​ពី​ឥរិយាបថ​ដែល​ធ្វើ​ផ្ទុយ​ទៅ​នឹង​ព្រះរាជ​បញ្ជា​របស់​ទ្រង់​ឬ ? ទេ ពុំ​មែន​មាន​ន័យ​ដូច្នោះ​ឡើយ ។

ប៉ុន្តែ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ផ្លាស់ប្តូរ​លើស​ពី​ការគ្រាន់តែ​ប្តូរ​ឥរិយាបថ​យើង​ទៅ​ទៀត ។ ទ្រង់​មាន​ព្រះទ័យ​ឲ្យ​យើង​ផ្លាស់ប្តូរ​លក្ខណៈ​របស់​យើង ។ ទ្រង់​មាន​ព្រះទ័យ​ឲ្យ​យើង​ផ្លាស់ប្តូរ​ដួងចិត្ត​របស់​យើង ។

ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ឈោង​ចាប់យក ហើយ​កាន់​ដំបង​ដែក​ឲ្យ​ជាប់ ប្រឈម​មុខ​នឹង​ភាពភ័យ​ខ្លាច​របស់​យើង ហើយ​ឈាន​ទៅមុខ​ដោយ​ក្លាហាន ហើយ​ដើរ​តាម​ផ្លូវ​តូច និង​ចង្អៀត​នោះ ។ ទ្រង់​សព្វ​ព្រះទ័យ​បែប​នេះ​ចំពោះ​ពួកយើង ដោយ​សារ​ទ្រង់​ស្រឡាញ់​យើង ហើយ​ដោយសារ​នេះ​គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​សុភមង្គល ។

ដូច្នេះ​តើ​ព្រះ​ជំរុញ​ចិត្ត​កូនចៅ​ទ្រង់ ឲ្យ​ធ្វើ​តាម​ទ្រង់​យ៉ាង​ដូចម្តេច​នៅក្នុង​ជំនាន់​យើង​នេះ ?

ទ្រង់​បាន​បញ្ជូន​បុត្រា​ទ្រង់​មក !

ព្រះ​បាន​បញ្ជូន​ព្រះរាជ​បុត្រា​បង្កើត​តែមួយ​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​បង្ហាញ​ផ្លូវ​ត្រឹមត្រូវ​ដល់​យើង ។

ព្រះ​ជំរុញ​យើង​តាមរយៈ​ការ​លួងលោម ដោយ​ការ​អត់ធ្មត់ ដោយ​ការ​ទន់ភ្លន់ និង​ការ​ស្លូតបូត និង​ដោយ​ការ​ស្រឡាញ់​ស្មោះត្រង់​ប៉ុណ្ណោះ ។ ព្រះ​នៅ​ខាង​យើង ។ ទ្រង់​ស្រឡាញ់​យើង ហើយ​នៅពេល​យើង​ជំពប់​ជើង​ដួល នោះ​ទ្រង់​មាន​ព្រះទ័យចង់​ឲ្យ​យើង​ក្រោក​ឡើង ព្យាយាម​ម្តង​ទៀត ហើយ​ប្រែកាន់តែ​រឹងមាំ​ឡើង ។

ទ្រង់​គឺ​ជា​អង្គ​ដឹកនាំ​យើង ។

ទ្រង់​ជា​ក្តីសង្ឃឹម​ដ៏​ធំ​មហិមា និង​ជា​ទីស្រឡាញ់​របស់​យើង ។

ទ្រង់​សព្វ​ព្រះទ័យ​ជំរុញ​ចិត្ត​យើង​ដោយ​សេចក្តីជំនឿ ។

ទ្រង់​ទុក​ព្រះទ័យ​លើ​យើង​ឲ្យ​រៀន​សូត្រ​ពី​កំហុស​យើង ហើយ​ធ្វើការ​ជ្រើសរើស​ត្រឹមត្រូវ ។

នេះ​ជា​វិធី​ដ៏​ប្រសើរ​ជាង !

ចុះ​តើ​អ្វី​ទៅ​ជា​របៀប​អាក្រក់​នៃ​លោកិយ​នេះ ?

វិធី​មួយ​ដែល សាតាំង​ចង់​ឲ្យ​យើង​ត្រួតត្រា​អ្នក​ដទៃ​គឺ​តាមរយៈ​ការនិយាយ​យក​ឈ្នះ និង​ការនិយាយ​បំផ្លើស​ដ៏​អាក្រក់​តាម​លោកិយ ។

ប្រាកដ​ណាស់​លោកិយ​នេះ​តែងតែ​បែប​នេះ ហើយ​នឹង​បន្ត​មាន​ភាព​មិន​ល្អ​ឥតខ្ចោះបែប​នេះ​ជានិច្ច ។ មនុស្ស​ឥតទោស​ជា​ច្រើន​នាក់ត្រូវ​រងទុក្ខ​ដោយសារ​តែ​កាលៈទេសៈដែល​បាន​រៀបចំ​ឡើង ព្រមទាំង​បណ្តាល​មក​ពី​ភាពអមនុស្ស​ធម៌​របស់​មនុស្ស ។ អំពើ​ពុករលួយ និង​ភាពទុច្ចរិត​នៅ​ជំនាន់​របស់​យើង​គឺ​ចម្លែក និង​គួរ​ឲ្យ​ភ័យ​ខ្លាច ។

ប៉ុន្តែ​ទោះបីជា​មាន​រឿងរ៉ាវ​ទាំង​នេះ​ក្តី ខ្ញុំ​ចង់​រស់នៅ​ក្នុង​ជំនាន់​នេះ​ជាង​ជំនាន់​ណាៗ​ទាំងអស់ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ ។ យើង​មាន​ពរ​ជា​អនេក ដែល​បាន​រស់នៅ​ក្នុង​ជំនាន់​ដ៏​ចម្រុងចម្រើន មាន​ការយល់​ដឹង និង​មាន​ប្រយោជន៍​ដែល​ពុំ​​អាច​ប្រៀបផ្ទឹម​បាន​នេះ ។ លើស​ពី​នោះ​ទៅ​ទៀត យើង​មាន​ពរ​ដោយ​មាន​ភាពពោរពេញ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ផ្តល់​ទស្សនវិស័យ​ពិសេស​មួយ​ដល់​យើង អំពី​គ្រោះថ្នាក់​នៃ​ពិភពលោក​នេះ ហើយ​បង្ហាញ​យើង​អំពី​របៀប​ចៀសវាង​ពី​គ្រោះថ្នាក់​ទាំងនេះ ឬ​របៀប​ដោះស្រាយ​វា ។

នៅពេល​ខ្ញុំ​គិត​អំពី​ពរជ័យ​ទាំង​នេះ ខ្ញុំ​ចង់​លុតជង្គង់​ខ្ញុំ​ចុះ ហើយ​ថ្វាយ​ការអធិស្ឋាន​ខ្ញុំ​ចំពោះ​ព្រះវរបិតាសួគ៌​យើង សម្រាប់​សេចក្តីស្រឡាញ់​ដែល​គ្មាន​ទីបញ្ចប់​របស់​ទ្រង់​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះអង្គ ។

ខ្ញុំ​ពុំ​ជឿ​ថា ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​កូនចៅ​ទ្រង់​ពោរពេញ​ដោយ​ការភ័យ​ខ្លាច ឬ​ផ្តោត​ចិត្ត​ទៅ​លើ​អំពើ​អាក្រក់​នៃ​លោកិយ​នេះ​ឡើយ ។ « ដ្បិត​ព្រះទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​តែងតែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹងធឹង​វិញ » ។១០

ទ្រង់​បាន​ប្រទាន​ហេតុផល​ជា​ច្រើន​ដល់​យើង​ដើម្បី​រីករាយ ។ យើង​គ្រាន់​តែ​ស្វែងរក ហើយ​ទទួល​ស្គាល់​ហេតុផល​ទាំង​នោះ ។ ជារឿយៗ​ព្រះអម្ចាស់​រំឭក​យើង​ថា « ចូរ​កុំ​ខ្លាច​ឡើយ », « ចូរ​ឲ្យ​មាន​សង្ឃឹម​ចុះ » ។១១ និង « ចូរ​កុំ​ខ្លាចឡើយ ហ្វូង​តូច​អើយ » ។១២

ព្រះអម្ចាស់​នឹង​ប្រយុទ្ធ​ក្នុង​សមរភូមិ​របស់​យើង

បងប្អូន​ប្រុស​ស្រី យើង​គឺ​ជា « ហ្វូង​តូច​ » របស់​ព្រះអម្ចាស់ ។ យើង​គឺ​ជា​ពួកបរិសុទ្ធ​នៅ​ជំនាន់​ចុង​ក្រោយ​នេះ ។ ភ្ជាប់​មក​ជាមួយ​ឈ្មោះ​របស់​យើង​នោះ​គឺ​ជា​ការតាំងចិត្ត​ដើម្បី​ទន្ទឹង​ចាំ​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអង្គសង្គ្រោះ និង​ការរៀបចំ​ខ្លួន​យើង និង​ពិភពលោក​នេះ​ដើម្បី​ទទួល​ទ្រង់ ។ ហេតុដូច្នោះ​ហើយ ចូរ​យើង​បម្រើ​ព្រះ ហើយ​ស្រឡាញ់​បងប្អូន​យើង ។ ចូរ​យើង​ធ្វើ​កិច្ចការ​នេះ​ដោយ​ទំនុកចិត្ត​ពី​ធម្មជាតិ ដោយរាបសា ចូរកុំ​មើល​ងាយ​ដល់​សាសនា​ដទៃ ឬ​ក្រុម​មនុស្ស​ណា​មួយ​ឡើយ ។ បងប្អូន​ប្រុស​ស្រី យើង​មាន​ទំនួលខុសត្រូវ​ក្នុងការ​សិក្សា​ព្រះបន្ទូល​ព្រះ ហើយ​ស្តាប់​តាម​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ ថា​យើង​អាច « ស្គាល់​ទី​សម្គាល់​ទាំង​ឡាយ​អំពី​សម័យ​កាល និង​ទី​សម្គាល់​ទាំង​ឡាយ​អំពី​ការ​យាង​មក​នៃ​កូន​មនុស្ស » ។១៣

ហេតុដូច្នោះ​ហើយ យើង​ពុំ​មែន​ល្ងង់ខ្លៅ​អំពី​ឧបសគ្គ​នៃ​ពិភពលោក​នេះ ហើយ​យើង​ក៏​ពុំ​មែន​មិន​ស្គាល់​អំពី​ការលំបាក​នៃ​ជំនាន់​របស់​យើង​ដែរ ។ ប៉ុន្តែ​នេះ​ពុំ​មែន​មាន​ន័យ​ថា យើង​គួរតែ​ដាក់​បន្ទុក​លើ​ខ្លួន​យើង ឬ​អ្នក​ដទៃ​ដោយ​ការភ័យខ្លាច​ជាប់​ជានិច្ច​ឡើយ ។ ផ្ទុយ​ទៅវិញ​ជាជាង​ការនៅ​ស្មុគ​ជា​មួយ​ឧបសគ្គ​របស់​យើង នោះ​តើ​វា​មិន​ប្រសើរ​ទេ​ឬ ប្រសិនបើ​យើង​ផ្តោតយក​ចិត្តទុក​ដាក់​ទៅលើ​ភាពអស្ចារ្យ សេចក្តីល្អ​ដ៏​ឥត​ប្រៀបផ្ទឹម និង​ព្រះចេស្តា​ទាំងអស់​របស់​ព្រះ​នៃ​យើង ទុកចិត្ត​លើ​ទ្រង់ ហើយ​រៀបចំ​ដួង​ចិត្ត​ដែល​ពេញ​ដោយ​អំណរ​សម្រាប់​​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ ?

ក្នុង​នាម​ជា​រាស្ត្រ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ យើង​ពុំ​ត្រូវ​ទន់ជ្រាយ​ដោយ​ការ​ភ័យខ្លាច​ថា រឿង​អាក្រក់​អាចនឹង​កើត​មាន​ឡើង​ឡើយ ។ ផ្ទុយ​ទៅវិញ យើង​អាច​ឈាន​ទៅ​មុខ​ដោយ​សេចក្តីជំនឿ ភាពក្លាហាន ការប្តេជ្ញាចិត្ត និង​ការទុកចិត្ត​លើ​ព្រះ នៅពេល​យើង​ដោះស្រាយ​ឧបសគ្គ និង​ឱកាស​នា​នា​ក្នុង​ពេល​ខាង​មុខ ។១៤

យើង​ពុំ​ដើរ​លើ​ផ្លូវ​នៃ​ភាពជាសិស្ស​តែ​ឯង​ឡើយ ។ « ដ្បិត​គឺ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​អ្នក…យាង​ទៅ​ជា​មួយ​នឹង​អ្នក ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​អ្នក​ទេ ក៏​មិន​ដែល​លះ​ចោល​អ្នក​ដែរ » ។១៥

« ព្រះអម្ចាស់​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ » ។១៦

នៅក្នុង​ការប្រឈម​មុខ​នឹង​ការភ័យ​ខ្លាច ចូរ​យើង​ស្វែងរក​ភាពក្លាហាន ពង្រឹង​ជំនឿ​យើង ហើយ​មាន​ទំនុក​ចិត្ត​លើ​ការសន្យា​ដែល​ថា « ឯ​គ្រឿង​សស្ត្រាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ ។១៧

តើ​យើង​រស់នៅ​ក្នុង​គ្រា​មួយ​នៃ​ភាព​គ្រោះថ្នាក់ និង​ចលាចល​ឬ ? ប្រាកដ​ណាស់ យើង​កំពុង​រស់នៅ​ក្នុង​គ្រា​នេះ​មែន ។

ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ថា « នៅ​លោកិយ​នេះ​នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ។១៨

តើ​យើង​អាច​អនុវត្ត​សេចក្តីជំនឿ​ដើម្បី​ជឿ ហើយ​ធ្វើ​សកម្មភាព​ស្រប​តាម​នោះ​បាន​ដែរ​ឬ​ទេ ? តើ​យើង​អាច​រស់នៅតាម​ការតាំងចិត្ត និង​សេចក្តីសញ្ញា​ពិសិដ្ឋ​ទាំងឡាយ​របស់​យើង​ដែរ​ឬ​ទេ ? តើ​យើង​អាច​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ សូម្បី​តែ​យើង​ស្ថិត​នៅក្នុង​កាលៈទេសៈ​ដ៏​ស្មុគស្មាញ​ដែរ​ឬ​ទេ ? ប្រាកដ​ណាស់ យើង​អាច​ធ្វើ​វា​បាន !

យើង​អាច​ធ្វើ​វា​បាន ដោយសារ​ព្រះ​បាន​សន្យា​ថា « គ្រប់ការណ៍​ទាំងអស់​ផ្សំគ្នា សម្រាប់​សេចក្ដី​ល្អ​ដល់អ្នក បើ​សិន​ជា [ អ្នក​រាល់​គ្នា ] ដើរ​ដោយ​ទៀង​ត្រង់ » ។១៩ ហេតុដូច្នោះ​ហើយ ចូរ​យើង​ទុក​សេចក្តី​ភ័យ​ខ្លាច​យើង​មួយ​អន្លើរ​សិន ហើយ​រស់នៅ​ដោយ​អំណរ សង្ឃឹម និង​មាន​ទំនុកចិត្ត​យ៉ាង​រឹងប៉ឹង​ថា​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​យើង ។

សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្តី​ភ័យ​ខ្លាច​ចេញ

មិត្តជាទីស្រឡាញ់ បងប្អូនប្រុសស្រី​នៅក្នុង​ព្រះគ្រីស្ទ​របស់​ខ្ញុំ​អើយ ប្រសិនបើ​យើង​ឃើញ​ថា យើង​កំពុង​រស់នៅ​ក្នុង​ភាពភ័យខ្លាច ឬ​ថប់​បារម្ភ ឬ​ប្រសិនបើ​យើង​ឃើញ​ថា ពាក្យ​សម្តី អាកប្បកិរិយា ឬ​ទង្វើផ្ទាល់​របស់​យើង​កំពុង​តែ​បណ្តាល​ឲ្យ​អ្នក​ដទៃ​មាន​ការភ័យ​ខ្លាច នោះ​ខ្ញុំ​សូម​អធិស្ឋាន​អស់​ពី​ព្រលឹង​ខ្ញុំ​ថា ឲ្យ​យើង​អាច​មាន​សេរីភាព​ពី​ការភ័យ​ខ្លាច​នោះ តាមរយៈ​ថ្នាំ​បន្សាប​ការភ័យខ្លាច​ដែល​ចាត់​មក​ពី​ព្រះ ៖ គឺ​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ដ្បិត « សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្តី​ភ័យ​ខ្លាច​ចេញ » ។២០

សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​របស់​ព្រះគ្រីស្ទ​ឈ្នះលើ​ការល្បួង​ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់ គំរាមកំហែង សម្លុត​ធ្វើបាប ឬ ជិះជាន់ ។

សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​របស់​ព្រះគ្រីស្ទ​ធ្វើ​ឲ្យ​យើង​ដើរ​ដោយ​បន្ទាបខ្លួន ថ្លៃថ្នូរ និង​មាន​ទំនុកចិត្ត​អង់អាច​ក្នុងនាម​ជា​អ្នក​ដើរ​តាម​របស់​ព្រះអង្គសង្គ្រោះ​ដែល​ជា​ទី​ស្រឡាញ់​របស់​យើង ។ សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​របស់​ព្រះគ្រីស្ទ​ផ្តល់​ទំនុកចិត្ត​ដល់​យើង ដើម្បី​បន្ត​ទៅមុខ​ទោះជា​មាន​ការភ័យខ្លាច​ក្តី ហើយ​ដាក់​ទីទុកចិត្ត​ទាំងស្រុង​របស់​យើង​លើ​ព្រះចេស្តា និង​សេចក្តី​ល្អ​សប្បុរស​របស់​ព្រះវរបិតាសួគ៌​យើង និង​ព្រះបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

នៅ​ក្នុង​គេហដ្ឋាន នៅ​កន្លែង​ជំនួញ នៅក្នុង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ នៅក្នុង​ដួងចិត្ត​យើង ចូរ​យើង​ជំនួស​ភាពភ័យខ្លាច​ដោយ​ដាក់​សេចក្តី​ស្រឡាញ់​ពេញ​ខ្នាត​របស់​ព្រះគ្រីស្ទ​វិញ ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​នឹង​ជំនួស​សេចក្ដី​ភ័យខ្លាច​ដោយ​នូវ​សេចក្ដី​ជំនឿ​វិញ !

សេចក្តីស្រឡាញ់​របស់​ទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​ទទួលស្គាល់ ទុកចិត្ត ហើយ​មាន​ជំនឿ​លើ​សេចក្តីល្អ​សប្បុរស​របស់​ព្រះវរបិតាសួគ៌​យើង ផែនការ​ដ៏​ទេវភាព​របស់​ទ្រង់ ដំណឹង​ល្អ​ទ្រង់ និង​ព្រះបញ្ញត្តិ​ទ្រង់ ។២១ ព្រះ​ដែល​ពោរពេញ​ដោយ​ក្តីស្រឡាញ់ និង​បងប្អូន​របស់​យើង​នឹង​បង្វែរ​ការគោរព​ប្រតិបត្តិ​តាម​បញ្ញត្តិ​ព្រះ​របស់​យើង​ថា​ជា​ពរជ័យ​ជា​ជាង​ចាត់​ទុក​វា​ជា​បន្ទុក ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​នឹង​ជួយ​យើង​ឲ្យ​ប្រែ​កាន់តែ​ចិត្ត​ល្អ​ អភ័យទោស ខ្វាយខ្វល់ និង​បូជា​ចំពោះ​កិច្ចការ​របស់​ទ្រង់ ។

នៅពេល​យើង​បំពេញ​ដួងចិត្ត​យើង​ដោយ​សេចក្តីស្រឡាញ់​នៃ​ព្រះគ្រីស្ទ នោះ​យើង​នឹង​ភ្ញាក់​ឡើង​ដោយ​មាន​នូវ​ភាពស្រស់ស្រាយ​ខាង​វិញ្ញាណ​ឡើង​វិញ ហើយ​យើង​នឹង​ដើរ​ដោយ​រីករាយ ដោយ​មាន​ទំនុក​ចិត្ត ភ្ញាក់​ឡើង ហើយ​រស់នៅ​ក្នុង​ពន្លឺ និង​សិរីល្អ​នៃ​ព្រះអង្គសង្គ្រោះ​ជាទីស្រឡាញ់​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ជាមួយ​នឹង​ទីបន្ទាល់​របស់​យ៉ូហាន​ថា « គ្មាន​សេចក្តី​ភ័យ​ខ្លាច​ណា នៅ​ក្នុង​សេចក្តី​ស្រឡាញ់ [ របស់​ព្រះគ្រីស្ទ ] ឡើយ » ។២២ បងប្អូន​ប្រុសស្រី មិត្ត​សំឡាញ់​អើយ ព្រះ​ស្គាល់​បងប្អូន​ច្បាស់​ណាស់ ។ ទ្រង់ស្រឡាញ់បងប្អូន​យ៉ាង​ឥត​ខ្ចោះ ។ ទ្រង់​ជ្រាប​ដឹង​ពី​ឥទ្ធិពល​នា​ពេល​អនាគត​របស់​បងប្អូន ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​បងប្អូន « កុំ​ខ្លាច​អី ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ » ២៣ ហើយ​ក៏ « នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់ [ ឥតខ្ចោះ ] របស់​ទ្រង់​ដែរ » ។២៤ នេះ​ជា​ការអធិស្ឋាន និង​ការប្រសិទ្ធពរ​របស់​ខ្ញុំ ក្នុង​ព្រះ​នាម​នៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. George Whitefield និង Jonathan Edwards គឺ​ជា​គំរូ​ដ៏​សំខាន់​ពីរ​រូប​នៃ​អ្នក​ផ្សាយ​សាសនា​បែប​នេះ ។

  2. គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៧ ។

  3. កាឡាទី ៥:២២–២៣ ។

  4. មាន​គ្រា​មួយ ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​យាង​ចូលទៅ​ភូមិ​មួយ​របស់​ពួក​សាសន៍​សាម៉ារី ប៉ុន្តែ​ប្រជាជន​បាន​បដិសេធ​ព្រះយេស៊ូវ ហើយ​ពុំ​ទទួល​ទ្រង់​ឲ្យ​ទៅ​ភូមិ​របស់​គេ​ឡើយ ។ សិស្ស​ពីរ​នាក់​របស់​ទ្រង់ បាន​អាក់អន់​ចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​រឿង​នេះ ហើយ​បាន​ទូល​សួរ​ថា « ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ​ទេ​ឬ​អី ? » ព្រះ​យេស៊ូវ​តប​វិញ​ដោយ​ការព្រមាន​នេះ ៖ « អ្នក​រាល់​គ្នា​មិន​ដឹង​ជា​មាន​វិញ្ញាណ​បែប​យ៉ាង​ណា​ទេ ។ ពីព្រោះ​កូន​មនុស្ស​មិនមែន​មក ប៉ង​នឹង​បំផ្លាញ​ជីវិត​មនុស្ស​ទេ គឺ​មក​ដើម្បី​នឹង​ជួយ​សង្គ្រោះ​វិញ » ( សូមមើល លូកា ៩:៥១–៥៦ កំណែ​ថ្មី​របស់​ស្តេច​ជេមស៍ [ ឆ្នាំ ១៩៨២ ] ) ។

  5. សូមមើល ម៉ូសេ ១:៣៩ សូមមើល​ផងដែរ អេភេសូរ ៣:១៩ ។

  6. និក្ខមនំ ៣៤:៦ ។

  7. សូមមើល អេភេសូរ ៣:១៩ ។

  8. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤១ ។ ប្រាកដ​ណាស់ ប្រសិនបើ​ព្រះ​រំពឹង​ឲ្យ​ពួក​យើង ដែល​ជា​កូនចៅ​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ មាន​ឥរិយាបថ​បែបនេះ​ចំពោះ​គ្នា នោះទ្រង់—ដែល​ជា​អង្គ​មាន​នូវ​គ្រប់​គុណធម៌​ទាំង​អស់—គឺ​ជា​គំរូ​សម្រាប់​ឥរិយាបថ​បែប​នោះ ។

  9. ក្រុម​ប្រឹក្សា​មុន​ជីវិត​ផែនដី​នេះ​នៅឯ​ស្ថានសួគ៌​គឺ​ជា​ករណី​សិក្សា​ដ៏​អស្ចារ្យ​មួយ ដែល​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ ។ នៅទី​នោះ​ព្រះវរបិតាសួគ៌​យើង​បាន​បង្ហាញ​ផែនការ​របស់​ទ្រង់ សម្រាប់​ភាពរីកចម្រើន​អស់កល្ប​របស់​យើង ។ ធាតុ​សំខាន់ៗ​នៃ​ផែនការ​នោះ​រួមមាន សិទ្ធិ​ជ្រើសរើស ការគោរព​ប្រតិបត្តិ និង​សេចក្តីសង្គ្រោះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ។ ប៉ុន្តែ សូស៊ីហ្វើរ បាន​ស្នើសុំ​វិធីសាស្ត្រ​មួយ​ផ្សេង​ពី​នោះ ។ វា​បាន​ធានា​ថា​អស់​អ្នក​ដែល​នឹង​គោរព​តាម—នឹង​គ្មាន​នរណា​ម្នាក់​បាត់បង់​ឡើយ ។ មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​សម្រេច​ការណ៍​នេះ​បាន គឺ​មាន​តែ​តាមរយៈ​ការប្រើ​អំណាច​ផ្តាច់ការ និង​ការបង្ខិតបង្ខំ​ប៉ុណ្ណោះ ។ ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​យើង​ពុំ​អនុញ្ញាត​ឲ្យ​មាន​ផែនការ​បែប​នោះ​ឡើយ ។ ទ្រង់​ប្រទាន​តម្លៃ​ដល់​សិទ្ធិ​ជ្រើសរើស​របស់​កូនចៅ​ទ្រង់ ។ ទ្រង់​បាន​ជ្រាប​ដឹង​ថា យើង​ត្រូវ​តែ​មាន​កំហុស​នៅ​ក្នុង​ដំណើរ​នោះ ប្រសិនបើ​យើង​ពិតជា​រៀនសូត្រ​មែន ។ ហើយ​នោះ​ជា​មូលហេតុ​ដែល​ទ្រង់​បាន​ប្រទាន​ព្រះអង្គសង្គ្រោះ ដែល​ការបូជា​អស់​កល្ប​ជានិច្ច​អាច​លាង​ជម្រះ​យើង​ពី​អំពើ​បាប ហើយ​អនុញ្ញាត​ឲ្យ​ត្រឡប់​ចូល​ទៅ​ក្នុង​នគរ​ព្រះ​វិញ ។

    នៅពេល​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ បាន​ទត​ឃើញ​ថា កូនចៅ​ជា​ទីស្រឡាញ់​របស់​ទ្រង់​ជា​ច្រើន​ត្រូវ​បាន​លូស៊ីហ្វើរ​ទាក់​ចិត្ត តើ​ទ្រង់​បាន​បង្ខំ​ពួកគេ​ឲ្យ​ធ្វើ​តាម​ផែនការ​ទ្រង់​ដែរ​ឬ​ទេ ? តើ​ទ្រង់​បាន​សម្លុត ឬ​គំរាមកំហែង​អស់​អ្នក​ដែល​ជ្រើស​យក​អ្វី​ដែល​អាក្រក់​បែប​នោះ​ដែរ​ឬ​ទេ ? ទេ ។ ព្រះ​ដែល​ពោរពេញ​ដោយ​គ្រប់​ទាំង​ព្រះចេស្តា​របស់​យើង​អាច​គ្រាន់តែ​បញ្ឈប់​ការបះបោរ​នេះ​ប៉ុណ្ណោះ ។ ទ្រង់​អាច​បង្ខំ​ព្រះទ័យ​ទ្រង់​ទៅលើ​អស់​អ្នក​ដែល​ប្រឆាំង​តវ៉ា​នោះ ហើយ​ឲ្យ​ពួកគេ​ធ្វើ​តាម​ទ្រង់ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​អនុញ្ញាត​ឲ្យ​កូនចៅ​ទ្រង់​ជ្រើសរើស​សម្រាប់​ខ្លួន​ពួកគេ ។

  10. ធីម៉ូថេទី២ ១:៧ ។

  11. ឧទាហរណ៍​សូមមើល យ៉ូស្វេ ១:៩; អេសាយ ៤១:១៣; លូកា ១២:៣២; យ៉ូហាន ១៦:៣៣; ពេត្រុស​ទី ១ ៣:១៤; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣៦; ៥០:៤១; ៦១:៣៦; ៧៨:១៨ ។

  12. លូកា ១២:៣២ ។

  13. គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:១១ ។

  14. ដំបូន្មានរបស់​ម៉ូសេ​ដល់​មនុស្ស​នៅ​ជំនាន់​របស់​លោក​នៅតែ​អនុវត្ត​ចំពោះ​យើង ៖ « កុំ​ខ្លាច​អី ។… ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះអម្ចាស់ ដែល​ទ្រង់​នឹង​សម្រេច​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ » ( និក្ខមនំ ១៤:១៣ កំណែ​ថ្មី​របស់​ស្តេច​ជេមស៍ ) ។

  15. ចោទិយកថា ៣១:៦ ។

  16. និក្ខមនំ ១៤:១៤ កំណែ​ថ្មី​របស់​ស្តេច​ជេមស៍ ។

  17. អេសាយ ៥៤:១៧ ។

  18. យ៉ូហាន ១៦:៣៣ ។

  19. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:២៤ សូមមើល​ផងដែរ កូរិនថូស​ទី ២ ២:១៤; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥:១៤ ។

  20. យ៉ូហានទី ១ ៤:១៨ ។

  21. ចូរ​យើង​ចងចាំ​ថា ព្រះ​អង្គសង្គ្រោះ​ពុំមែន​យាង​មក « ក្នុង​លោកិយ​ដើម្បី​នឹង​ជំនុំជម្រះ​លោកិយ​នោះ​ទេ គឺ​ឲ្យ​លោកិយ​បាន​សង្គ្រោះ ដោយសារ​ទ្រង់​វិញ » (យ៉ូហាន ៣:១៧) ។ ប្រាកដ​ណាស់ « ទ្រង់​មិន​ធ្វើ​ការណ៍​ណា​ឡើយ លើក​លែង​តែ​ការណ៍​នោះ​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក ដ្បិត​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្ដូរ​ជីវិត​ទ្រង់​ផ្ទាល់ ដើម្បី​ទ្រង់​អាច​ទាញ​មនុស្ស​ទាំង​អស់​មក​រក​ទ្រង់ » (នីហ្វៃទី ២ ២៦:២៤) ។

  22. យ៉ូហាន​ទី ១ ៤:១៨ សូមមើល​ផងដែរ យ៉ូហាន​ទី ១ ៤:១៦ ។

  23. ម៉ាកុស ៥:៣៦ ។

  24. យ៉ូហាន ១៥:១០ ។