ឆ្នាំ ២០១០-២០១៩
ចូរ​ឈរ​យ៉ាង​រឹង​ប៉ឹង​ពី​ក្នុង​ចិត្ត ហើយ​ប្តេជ្ញា​ចិត្ត​ទាំងស្រុង
ខែ មេសា ឆ្នាំ ២០១៧


ចូរ​ឈរ​យ៉ាង​រឹង​ប៉ឹង​ពី​ក្នុង​ចិត្ត ហើយ​ប្តេជ្ញា​ចិត្ត​ទាំងស្រុង

ចូរ​យើង​ធ្វើ​ការកែប្រែ​ចាំបាច់​នានា ហើយ​សម្លឹង​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្តីសង្ឃឹម និង​សេចក្តីជំនឿ​ដ៏​អស្ចារ្យ ។ ចូរយើង « ឈរ​យ៉ាង​រឹងប៉ឹង​ពី​ក្នុង​ចិត្ត » ដោយ​ក្លាហាន ហើយ « ប្តេជ្ញាចិត្ត​ទាំងស្រុង » ។

ជាច្រើន​ឆ្នាំ​មុន ចៅស្រី​របស់​យើង​បាន​រត់​មក​រក​ខ្ញុំ ហើយ​ប្រកាស​ប្រាប់​ខ្ញុំ​យ៉ាង​រីករាយ​ថា « លោក​តា លោកតា ចៅ​បាន​ស៊ុត​បាល់​បញ្ចូល​ទីទាំង​បី​ដង​ក្នុង​ការប្រកួត​បាល់​ទាត់​ថ្ងៃនេះ ! »

ខ្ញុំ​បានតប​ទៅ​វិញ​ដោយ​ក្តីរំភើប​ថា « អស្ចារ្យ​ណាស់ សារ៉ា ! »

ក្រោយ​មក​ម្តាយ​នាង​បានសម្លឹង​មើល​ខ្ញុំ​ដោយ​ព្រិច​ភ្នែក ហើយ​និយាយ​ថា « ពិន្ទុ​នោះ​គឺ​ពីរ​ទល់​នឹង​មួយ » ។

ខ្ញុំ​ពុំ​ហ៊ាន​សួរ​ថា​នរណា​ជា​អ្នក​ឈ្នះ​ឡើយ !

សន្និសីទ​គឺ​ជា​ឱកាស​នៃ​ការ​សញ្ជឹង​គិត ទទួល​វិវរណៈ ហើយ​ជួនកាល​ជា​ការប្តូរ​ទិសដៅ​ឡើង​វិញ ។

មាន​ក្រុមហ៊ុន​ជួល​ឡាន​មួយ​ដែល​មាន​ប្រព័ន្ធ​ជី. ភី. អេស.ហៅថា​ក្រុមហ៊ុន NeverLost ( មិន​ចេះវង្វេង ) ។ ប្រសិនបើ​បងប្អូន​បត់​ខុស នៅពេល​បងប្អូន​កំណត់​ទិសដៅ​ដែល​បងប្អូន​ចង់​ទៅ នោះ​សំឡេង​នាំ​ផ្លូវ​ពុំ​និយាយ​ថា « អ្នក​ល្ងង់ ! »នោះ​ទេ ។ ផ្ទុយ​ទៅវិញ​វា​និយាយ​ដោយ​សំឡេង​គួរ​សម​ថា « សូម​ប្តូរ​ផ្លូវ​ឡើង​វិញ—ប្រសិនបើ​អាច​សូម​បត់​ត្រឡប់​ក្រោយ​ឲ្យ​បាន​ត្រឹមត្រូវ » ។

នៅក្នុង​គម្ពីរ អេសេគាល យើង​អាន​អំពី​ការសន្យា​ដ៏​អស្ចារ្យ​នេះ ៖

« តែ​ឯង​មនុស្ស​ទុច្ចរិត បើ​បែរ​ចេញ​ពី​អស់​ទាំង​អំពើ​បាប ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​រក្សា​អស់​ទាំង​ក្រឹត្យក្រម​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​សេចក្តី​ដែល​ត្រឹមត្រូវ ហើយ​ទៀង​ត្រង់​វិញ អ្នក​នោះ​នឹង​រស់​នៅ​ជា​ពិត ឥត​ត្រូវ​ស្លាប់​ឡើយ ។

ឯ​អំពើ​រំលង​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​នឹង​មិន​នឹក​ចាំ​បទ​ណា​មួយ​ទាស់​នឹង​គេ​ទេ គឺ​គេ​នឹង​រស់​នៅ ដោយ​សេចក្តី​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​វិញ » ។

ឱ​នេះ​ជា​ការសន្យា​ដ៏​អស្ចារ្យ​អ្វីម៉្លេះ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​បំពេញ​នូវ​សកម្មភាព ពីរ ដើម្បី​ទទួល​បាន​ការសន្យា​ទាំង​នោះ ។ បែរ​ចេញ​ពី​អស់​ទាំង, រក្សា​អស់​ទាំង បន្ទាប់មក​ទាំង​អស់​នោះ​ត្រូវ​បាន​អភ័យ​ទោស​ឲ្យ ។ ការណ៍​នេះ​តម្រូវ​ឲ្យ​មាន « ការប្តេជ្ញា​ចិត្ត​ទាំងស្រុង ! » ។

យើង​ពុំ​គួរ​ធ្វើ​ដូចជា​បុរស​ម្នាក់ ដែល​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Wall Street Journalថា​បាន​ផ្ញើ​សំបុត្រ​មួយ​ដោយ​ដាក់​ក្រដាស​ប្រាក់​សុទ្ធ​ពេញ​សំបុត្រ​នោះ រួមជា​មួយ​នឹង​សំបុត្រ​អនាមិក​មួយ​ទៅកាន់ Internal Revenue Service ( ភ្នាក់ងារ​បង់ពន្ធដារ​សហរដ្ឋ ) ដោយ​សរសេរ​ថា « ជូនចំពោះ ភ្នាក់ងារ​បង់​ពន្ធដារ សូម​បើកសំបុត្រ​នេះ​យក​ប្រាក់​ដែល​ខ្ញុំ​ជំពាក់​ការបង់​ពន្ធ​កាលពី​អតីតកាល ។ សេចក្តី​បន្ថែម ៖ ប្រសិនបើ​ប្រាក់​ទាំង​នេះនៅតែ​ធ្វើ​ឲ្យ​វិប្បដិសារី​ជេរ​ស្តី​ខ្ញុំ​ទៀត នោះ​ខ្ញុំ​នឹង​បន្ត​ផ្ញើ​ប្រាក់​ឲ្យ​ទៀត » ។

យើង​ពុំ​គួរ​រស់នៅ​បែប​នោះ​ឡើយ ! យើង​មិន​ត្រូវ​ស្ទាក់ស្ទើរ​មើល​ទៅ​រឿង​តូចតាច ដែល​យើង​អាច​ធ្វើ​បាន​ដែល​នាំ​ឲ្យ​យើង​អាច​គេច​ផុត​ពី​ការ​ជនុំ​ជម្រះ​ឡើយ ។ ព្រះអម្ចាស់​តម្រូវ​ចិត្ត និង គំនិត​ដែល​ស្ម័គ្រ​តាម ។ ការតាំងចិត្ត​ទាំងស្រុង​របស់​យើង ! ពេល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក យើង​បាន​ពន្លិច​ខ្លួន​យើង​ទាំងស្រុង ដែល​ជា​និមិត្ត​សញ្ញា​នៃ​ការសន្យា​យើង ដើម្បី​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​ទាំង​ស្រុង ពុំ​មែន​ដោយ​ស្ទាក់​ស្ទើរ​នោះ​ទេ ។ ពេល​យើង​តាំងចិត្ត​ទាំងស្រុង និង « ការប្តេជ្ញា​ចិត្ត​ទាំងស្រុង » នោះ​ផ្ទៃ​មេឃ​ញាប់​ញ័រ ដើម្បី​សេចក្ដី​ល្អ​ដល់​អ្នក ។ ពេល​យើង​តាំងចិត្ត​ស្ទើរៗ ឬ​ដោយ​មិន​ពេញលេញ នោះ​យើង​បាត់​បង់​ពរជ័យ​មួយ​ចំនួន​ដ៏​ជម្រើស​បំផុត​ពី​ស្ថានសួគ៌ ។​

ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​នាំ​ក្រុម​កាយរិទ្ធិ​ទៅបោះជំរុំ​នៅលើ​វាលខ្សាច់ ។ ក្មេង​ប្រុស​ទាំងនោះ​ដេក​នៅ​ក្បែរ​ភ្នក់​ភ្លើង​ធំ​មួយ​ដែល​ពួកគេ​បាន​បង្កាត់ ហើយ​ដូច​ជា​មេដឹកនាំ​ក្រុម​កាយ​រិទ្ធិ​ដ៏​ល្អ​គ្រប់រូប​ដែរ ខ្ញុំ​បាន​ដេក​នៅ​លើ​ឡាន​របស់​ខ្ញុំ ។ នៅព្រឹក​នោះ​ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​មើល​ទៅ​ឯ​កន្លែង​បោះជំរំ ខ្ញុំ​បាន​ឃើញ​កាយរិទ្ធិ​ម្នាក់ ដែល​ខ្ញុំ​នឹង​ហៅ​គាត់​ថា ប៉ុល មើល​ទៅ​គាត់​ដូច​ជា​ដេក​ពុំ​ស្កប់​សោះ​កាល​ពី​យប់​នោះ ។ ខ្ញុំ​បាន​សួរ​គាត់​អំពី​ដំណេក​គាត់ ហើយ​គាត់​តប​មក​វិញ​ថា « ខ្ញុំ​ដេក​ពុំ​លក់​ទេ » ។

ពេល​ខ្ញុំ​សួរ​អំពី​មូលហេតុ​នោះ គាត់​និយាយ​ថា « ខ្ញុំ​រងារ ព្រោះ​ភ្លើង​បាន​រលត់ » ។

ខ្ញុំ​បាន​ឆ្លើយ​ថា « ភ្លើង​ត្រូវ​តែ​រលត់​អញ្ចឹង​ហើយ ។ តើ​សម្ពាយ​ដេក​របស់​ប្អូន មិន​កក់​ក្តៅ​ល្មម​ទេ​ឬ ? »

គ្មាន​ចម្លើយ​ឡើយ ។

ក្រោយ​មក​កាយ​ឫទ្ធិ​ម្នាក់​ផ្សេង​ទៀត​បាន​ប្រាប់​យ៉ាង​ឮៗ​ថា « គាត់​ពុំ​បាន​ប្រើ​សម្ពាយ​ដេក​នោះ​ឡើយ » ។

ខ្ញុំ​បាន​សួរ​ដោយ​ក្តីភ្ញាក់​ផ្អើល​ថា « ប៉ុល​ហេតុអ្វី​ប្អូន​មិន​ប្រើ​វា ? »

គាត់​នៅ​ស្ងៀម—ក្រោយ​មក​គាត់​តប​ដោយ​អៀនខ្មាស​ដូច្នេះ ៖ « មែនហើយ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​មិនចង់​លា​សម្ពាយ​ដេក​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​ពុំ​ចង់​បត់​វា​ទុក​វិញ » ។

រឿង​ពិត ៖ គាត់​រងារ​អស់​ជា​ច្រើន​ម៉ោង ដោយសារ​គាត់​ខ្ជិល​មិន​ចង់​ធ្វើ​កិច្ចការ​តែ​ប្រាំ​នាទី​ប៉ុណ្ណោះ ។ យើង​អាច​គិត​ថា ៖ « អី​ក៏ល្ងង់​ម៉្លេះ ! តើ​នរណា​នឹង​ធ្វើ​បែប​នោះ​ទៅ ? » មែនហើយ យើង​ធ្វើ​បែប​នោះ​គ្រប់ពេល​ក្នុង​របៀប​មួយ​កាន់តែ​គ្រោះថ្នាក់​ជាង​នេះ​ទៅ​ទៀត ។ ជា​លទ្ធផល យើង​កំពុង​បដិសេធ​ពុំ​លា​សម្ពាយ​ដេក​ខាង​វិញ្ញាណ​របស់​យើង​ឡើយ នៅពេល​យើង​ពុំ​ឆ្លៀត​ពេល​អធិស្ឋាន​ដោយ​ស្មោះសរ សិក្សា និង​រស់នៅ​ដោយ​ស្មោះត្រង់​តាម​ដំណឹង​ល្អ​រៀងរាល់ថ្ងៃ មិនត្រឹមតែ​ភ្លើង​នឹង​រលត់​ប៉ុណ្ណោះ​ទេ យើង​ថែម​ទាំង​នឹង​ពុំ​ត្រូវបាន​ការពារ ហើយ​ខាង​វិញ្ញាណ​​យើង​នឹង​រងារ​ខ្លាំង​ឡើង ។

នៅពេល​យើង​ពុំ​ខ្វល់​នឹង​សេចក្តីសញ្ញា​របស់​យើង នោះ​យើង​ទទួល​ខុសត្រូវ​នឹង​លទ្ធផល​ដែល​កើត​ឡើង ។ ព្រះ​អម្ចាស់​បាន​ប្រទាន​ព្រះឱវាទ​ដល់​យើង​ថា « ឲ្យ​ប្រយ័ត្ន​ប្រយែង​ខ្លួន ដើម្បី​ព្យាយាម​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។ ហើយ​ទ្រង់​បាន​ប្រកាស​បន្ថែម​ទៀត​ថា « លោហិត​យើង​នឹង​មិន​សម្អាត​ពួកគេ​ឡើយ បើសិន​ជា​ពួកគេ​មិន​ស្តាប់​តាម​យើង » ។

តាមពិត វា​ងាយស្រួល​ណាស់​ដើម្បី « ប្តេជ្ញា​ចិត្ត​ទាំងស្រុង » ជាជាង​ការប្តេជ្ញាចិត្ត​ដោយ​ស្ទាក់ស្ទើរ ។ នៅពេល​យើង​ប្តេជ្ញាចិត្ត​ដោយ​ស្ទាក់ស្ទើរ ឬ​ពុំពេញលេញ​ទាំងស្រុង នោះ​មាន​ឃ្លា​មួយ​ដែល​និយាយ​នៅក្នុង​រឿង Star Wars ថា « មានការ​រំខាន​ក្នុង​កម្លាំង​ហើយ » ។ បើ​យើង​ពុំ​ចុះសម្រុង​នឹង​ព្រះទ័យ​របស់​ព្រះ​ នោះ​មានន័យ​ថា​យើង​មិនចុះសម្រុង​នឹង​សុភមង្គល​ហើយ ។ អេសាយ​មាន​ប្រសាសន៍​ដូច្នេះ ៖

« តែ​ឯ​ពួក​មនុស្ស​អាក្រក់ គេ​ប្រៀប​ដូច​ជា​សមុទ្រ​ដែល​ចេះ​តែ​កម្រើក ឥត​មាន​ស្ងប់​ឡើយ ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់ និង​ភក់​ឡើង ។

ព្រះ​នៃ​ខ្ញុំ​ទ្រង់​មាន​ព្រះបន្ទូល​ថា គ្មាន​សេចក្តី​សុខ​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ » ។

សំណាង​ណាស់ ទោះជា​យើង​កំពុង​នៅទីណា ឬ​យើង​ធ្លាប់​នៅទីណា​ក្តី យើង​ពុំ​នៅ​ឆ្ងាយ​ពីឥទ្ធិពល​ទ្រង់​ឡើយ ដែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ ៖ « ហេតុ​ដូច្នេះ​ហើយ អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​មក​រក​យើង ដូច​ជា​កូន​ក្មេង​តូច​ម្នាក់ អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ទទួល ដ្បិត​នគរ​របស់​ព្រះ​ជា​របស់​ផង​អ្នក​នោះ ។ មើល​ចុះ ជំនួស​អ្នក​ទាំង​នោះ​ហើយ​ដែល​យើង​បាន​ប្ដូរ​ជីវិត​របស់​យើង ហើយ​បាន​យក​ជីវិត​យើង​ឡើង​វិញ » ។១០

នៅពេល​យើង​បន្ត​ប្រែចិត្ត ហើយ​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់ នោះ​យើង​ទទួល​បាន​កម្លាំង នៅពេល​យើង​ត្រឡប់​ទៅក្នុង​ដំណើរការ​នៃ​ភាពរាបសា និង​សេចក្តីជំនឿ​ដូច​ជា​កូន​ក្មេង​តូច១១ នោះ​នឹង​ពង្រីក​ឲ្យ​មាន​ប្រាជ្ញា​ដែល​កើត​មក​ពី​បទពិសោធន៍​នៃ​ជីវិត ។ យ៉ូប​បាន​ប្រកាស​ថា « ចំណែក​អ្នក​សុចរិត គេ​នឹង​ព្យាយាម​ក្នុង​ផ្លូវ​គេ ហើយ​អ្នក​ណា​ដែល​មាន​ដៃ​ស្អាត អ្នក​នោះ​នឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង » ។១២ ធេនីសុន​បាន​សរសេរ​ថា « កម្លាំង​របស់​ខ្ញុំ​ដូច​ជា​កម្លាំង​មនុស្ស​ដប់​នាក់ ដោយសារ​ចិត្ត​របស់​ខ្ញុំ​បរិសុទ្ធ » ។១៣ ព្រះអម្ចាស់​ប្រទាន​ព្រះឱវាទ​ថា « ចូរ​ឈរ​នៅក្នុង​ទី​បរិសុទ្ធ​ទាំងឡាយ ហើយ​ចូរ​កុំរើ​ឡើយ » ។១៤

កូនប្រុស​របស់​យើង ចាស្ទីន បាន​ស្លាប់​កាល​អាយុ ១៩ ឆ្នាំ បន្ទាប់​ពី​រងទុក្ខ​ដោយ​ជំងឺ​អស់​ពេល​យ៉ាង​យូរ ។ នៅក្នុង​ការនិយាយ​ក្នុង​ការប្រជុំ​សាក្រាម៉ង ដែល​គាត់​បាន​និយាយ​មិន​យូរ​ប៉ុន្មាន​ពីមុន​គាត់​ស្លាប់ គាត់​បាន​ចែកចាយ​រឿង​មួយ​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​គាត់ អំពី​ឪពុក​ម្នាក់ និង​កូនប្រុស​តូច​របស់​គាត់ ដែល​បាន​ទៅ​ហាង​លក់​ប្រដាប់ប្រដា​ក្មេង​លេង ដែល​មាន​លក់​បាវសាក់រាង​មនុស្ស ។ កូន​នោះ​បាន​វាយ​លើ​បាវសាក់​រាង​មនុស្ស​នោះ ហើយ​បាវសាក់​បាន​ផ្អៀង រួច​លោត​ផ្លោត​មក​វិញភ្លាម បន្ទាប់​ពី​វាយ​ម្តងៗ ។ ឪពុក​រូប​នោះ​បាន​សួរ​កូនប្រុស​គាត់​ថា ហេតុអ្វី​មនុស្ស​នោះ​ចេះ​តែ​លោត​ផ្លោត​មក​វិញ​ដូច្នេះ ។ កូន​នោះ​គិត​មួយ​សន្ទុះ ហើយ​តប​វិញ​ថា « កូន​ពុំ​ដឹង​ទេ ។ កូន​គិត​ថា ដោយសារ​វា​ឈរ​យ៉ាង​រឹងប៉ឹង​ពី​ក្នុង​ចិត្ត​វា​មក » ។ ដើម្បី « ប្តេជ្ញាចិត្ត​ទាំងស្រុង » យើង​ត្រូវ « ឈរ​យ៉ាង​រឹងប៉ឹង​ពី​ក្នុង​ចិត្ត​មក », « ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏ដោយ » ។១៥

យើង​ឈរ​យ៉ាង​រឹងប៉ឹង​ពី​ក្នុង​ចិត្ត នៅពេល​យើងទន្ទឹង​ចាំ​ព្រះ​អម្ចាស់​ដោយ​អត់ធ្មត់ ដើម្បីដកយក ឬ​ផ្តល់​កម្លាំង​ដល់​យើង ឲ្យ​ស៊ូទ្រាំ​នឹង​បន្លា​នៅក្នុង​សាច់​យើង ។១៦ បន្លា​ទាំង​នោះ​អាច​ជា​ជំងឺ ពិការភាព ជំងឺ​ផ្លូវ​ចិត្ត មរណភាព​របស់​មនុស្ស​ជាទីស្រឡាញ់ និង​បញ្ហា​ជាច្រើន​ផ្សេង​ទៀត ។

យើង​ឈរ​យ៉ាង​រឹងប៉ឹង​ពី​ក្នុង​ចិត្ត នៅពេល​យើង​លើក​ដៃ​ដែល​រោយ​ឡើង ។ យើង​ឈរ​យ៉ាង​រឹងប៉ឹង​ពី​ក្នុង​ចិត្ត នៅពេល​យើង​ការពារ​សេចក្តីពិត​ទាស់​នឹង​លោកិយ​ដែល​ទុច្ចរិតនេះ ដែល​កំពុង​តែ​កើន​ឡើង​នូវការ​រើស​យក​ពន្លឺ​ជា​ងងឹត ដោយ​រាប់​សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថា​ជា​អាក្រក់​វិញ ១៧ ហើយ « ដោយ​បាន​ធ្វើ​ការ​កាត់ទោស​ដល់​ជន​សុចរិត ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​គេ » ។១៨

ឈរ​យ៉ាង​រឹងប៉ឹង​ពី​ក្នុង​ចិត្ត ទោះបី​មាន​ការលំបាក​ក្តី ដោយសារ​សតិសម្បជញ្ញៈ​ដ៏​ច្បាស់ កម្លាំង និង​ការលួងលោម​ដែល​ទទួល​បាន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ទស្សន​អស់កល្ប​ដែល​មាន​ហួស​ពី​ការយល់​ដឹង​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។១៩ នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ យើងបាន​ស្រែក​អរ​សាទរ​ចំពោះ​ឱកាស​ដក​ពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់ ។២០ យើង​បាន « ប្តេជ្ញា​ចិត្ត​ទាំងស្រុង » នៅពេល​យើង​ធ្វើការ​សម្រេច​ចិត្ត​យ៉ាង​រីករាយ ដើម្បី​ធ្វើ​ជា​អ្នក​ការពារ​ដ៏​អង់អាច​ដល់​ផែនការ​ព្រះវរបិតា​សួគ៌​យើង ។ វា​ដល់​ពេល​ដើម្បី​សម្រេច​ចិត្ត និង​ការពារ​ដល់​ផែនការ​ទ្រង់​ម្តង​ទៀត​ហើយ !

ថ្មីៗ​នេះ ឪពុក​ខ្ញុំ​ដែល​មាន​អាយុ ៩៧​ឆ្នាំ​បាន​ចែកឋាន ។ នៅពេល​នរណា​ម្នាក់​សួរ​សុខ​ទុក្ខ​គាត់ នោះ​គាត់​តែងតែ​ឆ្លើយ​ថា « នៅ​ក្នុង​រង្វាស់​ពី​លេខ ១–១០ នោះ​ខ្ញុំ​សុខសប្បាយ​ដល់​ទៅលេខ ២៥ ឯណោះ ! » ទោះបីជា​ឪពុក​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​នេះ​ពុំ​អាច​ឈរ ឬ​សូម្បី​តែ​អង្គុយ និង​ពិបាក​និយាយ​យ៉ាង​ខ្លាំង​ក្តី ចម្លើយ​របស់​គាត់​គឺ​នៅតែ​ដដែរ ។ គាត់​ឈរ​យ៉ាង​រឹងប៉ឹង​ពី​ក្នុង​ចិត្ត​ជានិច្ច ។

ពេល​ឪពុក​ខ្ញុំ​អាយុ ៩០​ឆ្នាំ ពួកយើង​បាន​ទៅ​អាកាសយាន្ត​ដ្ឋាន ហើយ​ខ្ញុំ​បាន​សួរ​គាត់​ប្រសិន​បើ​ខ្ញុំ​អាច​យក​រទេះ​ជនពិការ​ឲ្យ​គាត់​ជិះ ។ គាត់​និយាយ​ថា « មិន​ចាំបាច់​ទេ ហ្គែរី—ចាំ​ធ្វើ​បែប​នោះ​ពេល​ប៉ា​ចាស់ទៅ » ។ ហើយ​ក្រោយ​មក​គាត់​បន្ថែម​ទៀត​ថា « ក្រៅ​ពី​នោះ ប្រសិនបើ​ប៉ា​ធុញទ្រាន់​នឹង​ការដើរ នោះ​ប៉ា​អាច​រត់​វិញ​ម្តង » ។ ប្រសិនបើ​យើង​ពុំ​អាច « ប្តេជ្ញាចិត្ត​ទាំងស្រុង » អំពី​របៀប​ដែល​យើង​កំពុង​តែដើរ​ទេ នោះ​យើង​ប្រហែល​ជា​ត្រូវ​រត់ យើង​ប្រហែល​ជា​ត្រូវប្តូរ​ផ្លូវ​ថែម​ទៀត​ផង ។ យើង​ថែម​ទាំង​អាច​នឹង​បត់​ត្រឡប់​ក្រោយ​វិញ ។ យើង​ចាំបាច់​ត្រូវ​សិក្សា​ដោយ​ចង់​ដឹង​ចង់​ឮ​បន្ថែម​ទៀត អធិស្ឋាន​កាន់តែ​ស្មោះត្រង់ ឬ​កុំ​ខ្វល់​នឹង​អ្វី​ដែល​មិន​សំខាន់ ប្រយោជន៍​ឲ្យ​យើង​អាច​ចាប់​យក​នូវ​អ្វី​ដែល​ពិត​ជា​ចាំបាច់​បំផុត​វិញ ។ យើង​ត្រូវ​បោះបង់​ចោល​លោកិយ​នេះ ប្រយោជន៍​ឲ្យ​យើង​ចាប់​យក​អ្វី​ដែល​អស់កល្ប​វិញ ។ ឪពុក​ខ្ញុំ​បាន​យល់​ពី​ការណ៍​នេះ ។

រូបភាព
ឪពុក​របស់​អែលឌើរ សាប៊ីន​នៅ​ក្នុង​ទ័ព​ជើង​ទឹក

កាល​គាត់​បម្រើ​នៅក្នុងកងទ័ព​ជើង​ទឹក​អំឡុង​សង្គ្រាម​លោក​លើ​ទី II មាន​អស់​អ្នក​ដែល​នៅ​ក្នុង​​អគារ​ដ៏​ធំ ហើយ​ទូលាយ​​នោះ ​២១ បាន​សើច​ចំអក​ដល់​គោលការណ៍​របស់​គាត់ ប៉ុន្តែ មិត្តភក្តិ​គាត់​ពីរ​នាក់​នៅលើ​កប៉ាល់​នោះ​គឺ ឌេល ម៉ាដដុក និង ដុន ដាវីឌសុន បាន​កត់សម្គាល់​ពីគោលការណ៍​ទាំងនោះ ហើយ​ពុំ​សើច​ចំអក​វា​ឡើយ ។ ពួកគេ​បាន​សួរ​ថា « សាប៊ីន ហេតុអ្វី​ឯង​ខុស​ប្លែក​ពី​មនុស្ស​ដទៃ​ទៀត​​ដូច្នេះ ? ឯង​មាន​សីលធម៌​ខ្ពស់ ហើយ​មិន​ផឹក មិន​ជក់ ឬ​ជេរ​ប្រមាថ​ឡើយ ប៉ុន្តែ​ឯង​ហាក់​ដូច​ជា​ស្ងប់ស្ងាត់ ហើយ​រីករាយ » ។

ចំណាប់​អារម្មណ៍​វិជ្ជមាន​របស់​ពួកគេ​ពី​ឪពុក​ខ្ញុំ ពុំ​ត្រូវ​នឹង​អ្វី​ដែល​ពួកគេ​ត្រូវបាន​បង្រៀន​អំពី​ពួក​មរមន​ឡើយ ហើយ​ឪពុក​ខ្ញុំ​អាច​បង្រៀន និង​ជ្រមុជទឹក​មិត្តភក្តិ​គាត់​ទាំង​ពីរ​នាក់​នោះ ។ ឪពុក​ម្ដាយ​របស់​ឌេល​អន់ចិត្ត​យ៉ាង​ខ្លាំង ហើយ​បាន​ព្រមាន​គាត់​ថា ប្រសិនបើ​គាត់​ចូល​ជា​សមាជិក​សាសនាចក្រ នោះ​គាត់​នឹង​បាត់បង់​សង្សារ​គាត់​គឺ ម៉ារី អូលី​វ ប៉ុន្តែ​នាង​ក៏​បាន​ជួប​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​តាម​ការស្នើសុំ​របស់​គាត់ ហើយ​នាង​ក៏​ទទួល​បុណ្យ​ជ្រមុជទឹក​ផងដែរ ។

ពេល​សង្គ្រាម​នោះ​ជិត​ចប់​ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត បាន​អំពាវ​នាវ​រក​អ្នកផ្សព្វផ្សាយ​សាសនា រួម​ទាំង​បុរស​ដែល​រៀបការរួច​ផងដែរ ។ នៅ​ឆ្នាំ ១៩៤៦ ឌេល និង​ភរិយា​លោក ម៉ារី អូលី​វ បាន​សម្រេច​ចិត្ត​ថា ឌេល គប្បី​បម្រើ​ទោះ​ជា​ពួកគេ​កំពុង​តែហៀប​នឹង​មាន​កូន​ដំបូង​របស់​ពួកគេ​ក្តី ។ ទីបំផុត​ពួកគេ​មាន​កូន​ប្រាំបួន​នាក់—ប្រុស​បី​នាក់ និង​ស្រី​ប្រាំ​មួយ​នាក់ ។ កូន​ទាំង​ប្រាំបួន​នាក់​នោះ​បម្រើ​បេសកកម្ម ក្រោយ​មក ឌេល និង​ម៉ារី អូលីវ បាន​បម្រើ​បេសកកម្ម​បី​ដង​ទៀត ។ ចៅៗ​មួយ​ចំនួន​របស់​ពួកគាត់​ក៏​បាន​បម្រើ​បេសកកម្ម​ផងដែរ ។ កូនប្រុស​ពី​រនាក់​របស់​ពួកគាត់​គឺ ចន និង​ម៉ាធ្យូ ម៉ាដដុក គឺ​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង​រោង​ឧបោសថ​បច្ចុប្បន្ន​នេះ ព្រមទាំង រ៉ាយអែន ដែល​កូនប្រសារ​ប្រុស​របស់ ម៉ាធ្យូ ផងដែរ ។ ឥឡូវនេះ គ្រួសារ​របស់​ម៉ាដដុក​មាន​ចំនួន ១៤៤ នាក់ ហើយ​ពួកគេ​គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​នៃ​ការ « ប្តេជ្ញា​ចិត្ត​ទាំងស្រុង » ។

រូបភាព
សមាជិក​គ្រួសារ​ម៉ាដដុក​នៅ​ក្នុង​ក្រុម​ចម្រៀង​រោងឧបោសថ

ពេល​រៀបចំ​ឯកសារ​របស់​ឪពុក​ខ្ញុំ យើង​បាន​​ឃើញ​សំបុត្រ​មួយ​មក​ពី ជេននីហ្វើរ រីឆាដ ជា​កូន​​ស្រី​ម្នាក់​​នៃ​កូនស្រី​ទាំង​ប្រាំ​នាក់​របស់ ដុន ដាវីឌសុន ដែល​​ជា​មិត្តភក្តិ​ម្នាក់​ទៀត​របស់​គាត់​នៅ​លើ​កប៉ាល់​នោះ ។ នាង​បាន​សរសេរដូច្នេះ ៖ « សេចក្តីសុចរិត​របស់​អ៊ំ​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកយើង ។ វា​ពិបាក​នឹង​ស្វែងយល់​ថា តើ​ជីវិត​យើង​នឹង​ប្រែ​ទៅ​ជា​យ៉ាង​ណា ប្រសិនបើ​គ្មាន​សាសនាចក្រ​នោះ ។ ឪពុក​របស់​ខ្ញុំ​ស្រឡាញ់​ដំណឹង​ល្អ​ជា​ខ្លាំង ហើយ​ព្យាយាម​រស់នៅ​តាម​រហូត​ដល់​ចុង​បញ្ចប់ » ។២២

វា​ពិបាក​ក្នុង​ការវាស់វែង​អំពី​ឥទ្ធិពល​សម្រាប់​សេចក្តីល្អ​ដែល​មនុស្ស​ម្នាក់ៗ​អាច​មាន តាមរយៈ​ការឈរ​យ៉ាង​រឹងប៉ឹង​ពី​ក្នុង​ចិត្ត ។ ឪពុក​របស់​ខ្ញុំ និង​មិត្តភក្តិ​ពីរនាក់​របស់​គាត់​នៅ​លើ​កប៉ាល់​នោះ បាន​បដិសេធ​ពុំ​ស្តាប់​តាម​អស់​អ្នក​ដែល​នៅ​ក្នុង​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ ដែល​ចង្អុល​មើលងាយ​ដល់​​ពួកគាត់ ។២៣ ពួកគេ​បាន​ដឹង​ថា ការ​ធ្វើ​តាម​អង្គបង្កបង្កើត វា​ប្រសើរ​ជាង​ការធ្វើតាម​ហ្វូង​មនុស្ស ។

សាវក​ប៉ុល​អាច​ពិពណ៌​នា​អំពី​ជំនាន់​យើង ពេល​លោក​បាន​ប្រាប់​ធីម៉ូថេ​ថា « ​អ្នក​ខ្លះ​បាន​ជ្រួស​ចេញ​ពី​សេចក្តី​នោះ​ទៅ​ហើយ ព្រម​ទាំង​បែរ​ចេញ ទៅ​ខាង​ពាក្យ​សម្តី ដែល​ឥត​ប្រយោជន៍​ផង » ។២៤ មាន « ពាក្យ​សម្តី​ដែល​ឥត​ប្រយោជន៍ » ជា​ច្រើន​បន្ត​មាន​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​នេះ ។ វា​គឺ​ជា​ការសន្ទនា​នៃ​ពួក​អ្នក​ដែល​នៅក្នុង​អគារ​ដ៏ធំ ហើយ​ទូលាយ​នោះ ។២៥ ជា​រឿយៗ​វា​លេច​ឡើង​តាម​រូបភាព​នៃ​ការដោះសារ ដើម្បី​តម្រូវ​សេចក្តីទុច្ចរិត ឬ​បង្ហាញ​ខ្លួន​ចេញ​មក នៅពេល​មនុស្ស​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​សេចក្តីពិត ។ ជួនកាល​វា​កើត​ឡើង​មក​ពី​អស់​អ្នក​ដែល​ពុំ​បាន​បង់ថ្លៃ​ដើម្បី « ប្តេជ្ញាចិត្ត​ទាំងស្រុង » ហើយ​ចូលចិត្ត​ធ្វើ​តាម​​សាច់​ឈាម ដូចជា​បាន​ប្រឆាំង​នឹង​ព្យាការី​ជាដើម ។

ដោយ​អំណរគុណ យើង​ដឹង​អំពី​ទីបញ្ចប់​សម្រាប់​អ្នក​ស្មោះត្រង់ ។ ពេល​យើង « ប្តេជ្ញាចិត្ត​ទាំងស្រុង » នោះ​យើង​មាន​ការបញ្ជាក់ទាំងស្រុង​ថា « គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សម្រាប់​សេចក្តី​ល្អដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ » ។២៦ ដូច​ដែល​អែលឌើរ នែល អេ ម៉ាក់ស្វែល មាន​ប្រសាសន៍​ថា « ចូរ​កុំ​ខ្លាច​ឡើយ ត្រូវ​រស់នៅ​ដោយ​សុចរិត » ។២៧

ឪពុក​ក្មេក​របស់​ខ្ញុំ​បាន​បង្រៀន​នៅ ប៊ី.វ៉ាយ.យូ ហើយចូលចិត្ត​កីឡា​បាល់​ឱបក្រុមប៊ី.វ៉ាយ.យូ​ ណាស់ ប៉ុន្តែ​គាត់​ពុំ​ទៅមើល​ការប្រកួត​កីឡា​នោះ​ឡើយ ដោយសារ​គាត់​តក់​ស្លុត​អំពី​លទ្ធផល​ប្រកួត​នោះ ។ ក្រោយ​មក​មាន​រឿង​មួយ​អស្ចារ្យ​បាន​កើត​ឡើង—ម៉ាស៊ីន​ថត​​វីដេអូ​ត្រូវបាន​បង្កើត​ឡើង ដែល​អាច​ធ្វើ​ឲ្យ​គាត់​ថត​​ការប្រកួត​កីឡា​នោះ ។ ប្រសិនបើ​ពួក ប៊ី.វ៉ាយ.យូ ឈ្នះ នោះ​គាត់​នឹង​មើល​វីដេអូ​នោះ​ដោយ​មាន​ទំនុកចិត្ត​ខ្លាំង​បំផុត រហូត​ដល់​ចប់ ។ ប្រសិនបើ​ពួកគេ​ត្រូវបាន​ពិន័យ​ដោយ​អយុត្តិធម៌ មាន​របួស ឬ​ហាក់បីដូច​ជានឹង​ចាញ់​ការប្រកួត នោះ​គាត់​ពុំ​តានតឹង​អារម្មណ៍​ឡើយ ដោយសារ​គាត់​បាន​ដឹង​ថា​ពួកគេ​នឹងឈ្នះ ! អ្នក​អាច​និយាយ​ថា គាត់​មាន « ពន្លឺ​ដ៏​ឥតខ្ចោះ​នៃ​សេចក្ដីសង្ឃឹម ! »២៨

វា​ក៏​អនុវត្ត​ដូច​គ្នា​ចំពោះ​យើង​ដែរ ។ នៅពេល​យើង​ស្មោះត្រង់ នោះ​យើង​អាច​មាន​ភាពប្រាកដ​ប្រជា​ដូច​គ្នា​នេះ​ថា នៅទីបញ្ចប់​អ្វីៗ​គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​ល្អ​សម្រាប់​យើង ។ ការសន្យា​របស់​ព្រះអម្ចាស់​គឺ​ពិត ។ នេះ​ពុំ​មែន​មាន​ន័យ​ថា ជីវិត​រមែងស្លាប់​នេះ​នឹង​ងាយស្រួល ឬ​គ្មាន​ការលំបាក​នោះ​ឡើយ ប៉ុន្តែ​ដូច​ប៉ុល​បាន​សរសេរ​ថា « សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់ » ។២៩

បង​ប្អូន​ប្រុស​ស្រី​អើយ គ្មាន​នរណា​ម្នាក់​នឹង​មានបាប​នៅ​ថ្ងៃ​ស្អែក​ឡើយ ។ ចូរ​យើង​ធ្វើ​ការកែប្រែ​ចាំបាច់​នានា ហើយ​សម្លឹង​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្តីសង្ឃឹម និង​សេចក្តីជំនឿ​ដ៏​អស្ចារ្យ ។ ចូរយើង « ឈរ​យ៉ាង​រឹងប៉ឹង​ពី​ក្នុង​ចិត្ត » ដោយ​ក្លាហាន ហើយ « ប្តេជ្ញាចិត្ត​ទាំងស្រុង » ។ ចូរ​យើង​មាន​ចិត្ត​បរិសុទ្ធ ហើយ​ក្លាហាន​ក្នុង​ការការពារ​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង និង​បេសកកម្ម​របស់​ព្រះបុត្រា​ទ្រង់​ជា​ព្រះអង្គសង្គ្រោះ​យើង ។ ខ្ញុំ​សូម​ថ្លែង​សាក្សី​របស់​ខ្ញុំ​ដល់​បងប្អូន​ថា ព្រះវរបិតា​យើង​មាន​ព្រះជន្ម​រស់ ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ និង​អំពី​ធាតុពិត​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​មហិមា ។ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ពរជ័យ​ដ៏​ជម្រើស​បំផុត​របស់​ព្រះអម្ចាស់​កើត​មាន​ដល់​បងប្អូន ហើយ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។