ឆ្នាំ ២០១០-២០១៩
សិរីលំអ​នៃ​សេចក្តីបរិសុទ្ធ
ខែ មេសា ឆ្នាំ ២០១៧


សិរីលំអ​នៃ​សេចក្តីបរិសុទ្ធ

ព្រះវរបិតា​សួគ៌​យើងបាន​ប្រទាន​អ្វី​គ្រប់​យ៉ាង​ដែល​ចាំបាច់ ដើម្បី​យើង​អាច​បាន​បរិសុទ្ធ​ដូចជា​ទ្រង់ ។

ពេល​ខ្ញុំ​រៀបចំ​សម្រាប់​ការប្រជុំ​នេះ ដួងចិត្ត​ខ្ញុំ​បាន​គិត​ដល់​បងប្អូនស្រី​ស្មោះត្រង់​ជា​ច្រើន​នាក់ ដែល​ខ្ញុំ​បាន​ជួប ទាំងនៅ​ជិត និង​នៅ​ឆ្ងាយ ។ ចំពោះ​ខ្ញុំ ​ទំនុកតម្កើង​នៃ​អំណរគុណ​ដោយ​ស្ដេច​ដាវីឌ​ បាន​ពិពណ៌នា​យ៉ាង​ល្អបំផុត​អំពី​ពួកគាត់​ថា « ចូរ​ទទួល​ថ្លែង​ប្រាប់​ពី​សិរីល្អ​នៃ​ព្រះយេហូវ៉ា ឲ្យ​សំណំ​នឹង​ព្រះនាម​ទ្រង់ ៖ ចូរ​នាំ​យក​ដង្វាយ​១​មក​នៅ​ចំពោះ​ព្រះយេហូវ៉ា​ចុះ ៖ ហើយ​ថ្វាយ​បង្គំ​ដល់​ទ្រង់ ដោយ​សិរី​លំអ​នៃ​សេចក្តី​បរិសុទ្ធ » ។

ខ្ញុំ​ឃើញ​សិរី​លំអ​នៃ​សេចក្តី​បរិសុទ្ធ​ក្នុង​បងប្អូនស្រី ដែល​មាន​ដួងចិត្ត​ផ្ដោត​ទៅ​លើ​សេចក្ដីល្អ ជា​អ្នក​ដែល​កាន់តែ​ដូចជា​​ព្រះអង្គសង្គ្រោះ ។ ពួកគាត់​ថ្វាយ​ព្រលឹង ដួងចិត្ត ពលំ គំនិត និង កម្លាំង​ដល់​ព្រះអម្ចាស់ តាមរបៀប​ដែល​ពួកគាត់​រស់នៅ​ជា​រៀងរាល់ថ្ងៃ ។ សេចក្តីបរិសុទ្ធ​មាន​នៅ​ក្នុង​ការព្យាយាម និង ការខិតខំ​គោរព​តាម​ព្រះ​បញ្ញត្តិ និង​ការគោរព​ដល់​សេចក្ដីសញ្ញា ដែល​យើង​បាន​ធ្វើ​ជាមួយ​ព្រះ ។ សេចក្ដីបរិសុទ្ធគឺ​ជា​ការ​ជ្រើសរើស ដែល​នឹង​រក្សា​ឲ្យ​មាន​ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើ​ជា​អ្នក​ដឹកនាំ​យើង ។ សេចក្ដីបរិសុទ្ធ​គឺ​ជា​បោះ​បង់​ចោល​ទំនោរ​ពី​ធម្មជាតិ​របស់​យើង ហើយ​ក្លាយ​ជា​« ពួក​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ជា​អម្ចាស់ » ។« គ្រប់​គ្រា​ទាំងអស់​ក្នុង [ យើង ] ត្រូវតែ​ជា​សេចក្ដី​បរិសុទ្ធ​ចំពោះ​ព្រះអម្ចាស់ » ។

ព្រះ​នៃ​ស្ថានសួគ៌​បាន​ត្រាស់បង្គាប់​កូនចៅ​អ៊ីស្រាអែល​ថា « ដ្បិត​អញ​នេះ គឺ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ៖ ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ ហើយ​ឲ្យ​ទៅ​ជា​បរិសុទ្ធ​ចុះ ដ្បិត​អញ​ជា​បរិសុទ្ធ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ខ្លួន​ឲ្យ​ទៅ​ជា​មិន​ស្អាត ដោយសារ​សត្វ​ណា​ដែល​លូន​វារ​នៅ​ដី​ឡើយ » ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា « ព្រះវរបិតាសួគ៌​របស់​យើង គឺ​ជា​ព្រះដែល​មាន​ការរំពឹងទុក​ខ្ពស់ ។… ទ្រង់​ស្នើ​ឲ្យ​យើង​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ដើម្បី​យើង​អាច ‹ នៅ​ឯ​ពិភព​សេឡេស្ទាល › ( គ. និង ស. ៨៨:២២ ) ហើយ ‹ អាស្រ័យ​នៅ​ក្នុង​វត្តមាន​របស់​ទ្រង់ › ( ម៉ូសេ ៦:៥៧ ) » ។សៀវភៅ Lectures on Faith ពន្យល់​ថា « គ្មាន​សភាវៈ​ណា​អាច​រីករាយ​នឹង​សិរីល្អ​ទ្រង់​បាន​ឡើយ បើ​ពួកគេ​គ្មាន​ភាពល្អ​ឥតខ្ចោះ និង សេចក្ដីបរិសុទ្ធ​របស់​ទ្រង់​ទេ​នោះ » ។ ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​ទ្រង់​ស្គាល់​យើង ។ ទ្រង់​ស្រឡាញ់​យើង ហើយ​ទ្រង់​បាន​ប្រទាន​អ្វី​គ្រប់​យ៉ាង​ដែល​តម្រូវ​ឲ្យ​មាន ដើម្បី​យើង​អាច​បាន​បរិសុទ្ធ​ដូច​ទ្រង់​បរិសុទ្ធ ។

យើង​គឺ​ជា​បុត្រី​របស់​ព្រះវរបិតាសួគ៌ ហើយ​យើង​ម្នាក់ៗ​មាន​កេរដំណែល​នៃ​សេចក្ដីបរិសុទ្ធ​ដ៏​ទេវភាព ។ ព្រះវរបិតាសួគ៌​បាន​មាន​ព្រះបន្ទូល​ថា « មើល​ចុះ យើង​ជា​ព្រះ មនុស្ស​នៃ​បរិសុទ្ធភាព គឺជា​ព្រះ​នាម​របស់​យើង » ។ នៅ​ពិភព​មុន​ឆាក​ជីវិត​នេះ យើង​បាន​ស្រឡាញ់​ព្រះវរបិតា​យើង ហើយ​យើង​បាន​ថ្វាយ​បង្គំ​ទ្រង់ ។ យើង​បាន​មាន​បំណងចង់​ក្លាយ​ដូច​ទ្រង់ ។ ដោយសារតែ​ក្ដីស្រឡាញ់​ដ៏​ឥត​ខ្ចោះ​ក្នុងនាម​ជា​បិតា ទ្រង់​បាន​ប្រទាន​បុត្រា​ជា​ទីស្រលាញ់ ព្រះយេស៊ូវគ្រីស្ទ មក​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ និង ព្រះអង្គប្រោសលោះ​របស់​យើង ។ ទ្រង់​ជា​កូន​មនុស្ស​នៃ​សេចក្ដីបរិសុទ្ធ ។១០ « ព្រះនាម​ទ្រង់​គឺ បរិសុទ្ធ »១១ « ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល » ។១២

សេចក្ដីសង្ឃឹមរបស់​យើង​​​ដើម្បី​​បាន​សេចក្ដីបរិសុទ្ធ គឺ​ផ្ដោត​ទៅ​លើ​ព្រះគ្រីស្ទ និង​ក្ដីមេត្តាករុណា និង​ព្រះគុណរបស់​​ទ្រង់ ។ តាម​ការមាន​ក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង លើ​ដង្វាយធួន​ទ្រង់ នោះ​យើង​អាចបាន​ស្អាតស្អំ គ្មាន​ស្នាម​ប្រឡាក់ ខណៈ​ដែល​យើង​មិន​បណ្ដោយ​ខ្លួន​ទៅ​ក្នុង​សេចក្ដីអាក្រក់១៣ហើយ​ប្រែចិត្ត​ដោយ​ស្មោះនោះ​ ។ យើង​បាន​ទទួល​បុណ្យជ្រមុជទឹក សម្រាប់​ការផ្ដាច់​បាប ។ ព្រលឹង​យើង​ត្រូវបាន​ធ្វើ​ឲ្យ​បរិសុទ្ធ នៅ​ពេល​យើង​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ​ដោយ​ស្មោះស ។ រាល់​សប្ដាហ៍ យើង​ទទួល​ពិធី​សាក្រាម៉ង់ ។ ពេល​យើង​មាន​ស្មារតី​ប្រែចិត្ត​ដោយ​មាន​បំណង​ដ៏​ស្មោះ​ដើម្បី​មាន​ភាពសុចរិត នោះ​យើង​ចុះ​សេចក្ដីសញ្ញា​ថា​ យើង​នឹង​មាន​ឆន្ទៈ​លើក​ដាក់​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មក​លើ​ខ្លួន ចងចាំ​ទ្រង់ ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ដើម្បី​យើង​អាច​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​ជាមួយ​យើង​ជានិច្ច ។ យូរៗ​ទៅ ពេល​យើង​ព្យាយាមជាបន្ដបន្ទាប់​ដើម្បី​​មាន​បំណងតែ​មួយជាមួយ​ព្រះវរបិតា ព្រះបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើងបាន​ជា​អ្នក​ទទួល​បាន​និស្ស័យ​នៃ​ព្រះ ។១៤

សេចក្តីបរិសុទ្ធ​គឺ​ជា​ការគោរព​តាម​សេចក្ដីសញ្ញា​របស់​យើង

យើង​ទទួលស្គាល់​ការសាកល្បង ការល្បួង និង ទុក្ខលំបាក​ជា​ច្រើន ដែល​អាច​ទាញ​យើង​ចេញ​ពី​មាគ៌ា​ដែល​ប្រកប​ដោយ​គុណធម៌ និង គួរ​ឲ្យ​សរសើរ​ចំពោះ​ព្រះ ។ ប៉ុន្តែ​បទពិសោធន៍​ក្នុង​ជីវិត​រមែងស្លាប់ ផ្ដល់​ឱកាស​ឲ្យ​យើង​ជ្រើសរើស​យក​សេចក្ដីបរិសុទ្ធ ។ ជា​ញឹកញាប់ វា​គឺ​ជា​ការលះបង់​ដែល​យើង​ធ្វើ ដើម្បី​គោរព​តាម​សេចក្ដីសញ្ញា​ដែល​ញែក ហើយ​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ ។

រូបភាព
អេវានជែលីន ជា​យុវនារី​ម្នាក់​នៅ​ប្រទេស​ហ្គាណា

ខ្ញុំ​បាន​ឃើញ​សេចក្ដីបរិសុទ្ធ​នៅ​លើ​ទឹកមុខ​របស់ អេវានជែលីន ជា​យុវនារី​អាយុ​ ១៣​ ឆ្នាំ​ម្នាក់ ​រស់​នៅ​ប្រទេស​ហ្គាណា ។ របៀប​មួយ​ដែល​នាងរក្សា​សេចក្ដីសញ្ញា​របស់​នាង គឺ​តាមរយៈ​ការតម្កើង​ការហៅ​របស់​នាង​ជា​ប្រធាន​ក្រុម​ប៊ីហៃ ។ នាង​បាន​ពន្យល់​ដោយ​រាបសារថា នាង​ទៅ​ផ្ទះ​មិត្តភក្ដិ​​នាង ដែល​ជា​យុវនារី​មិន​សូវ​សកម្ម ដើម្បី​សុំ​ឪពុកម្ដាយ​ពួកគេ​​អនុញ្ញាត​ឲ្យ​ពួកគេ​ទៅ​ព្រះវិហារ ។ ឪពុកម្ដាយ​ទាំងនោះ​ប្រាប់​នាង​ថា វា​ជា​ការលំបាក​ ព្រោះ​នៅ​ថ្ងៃ​អាទិត្យ​កូនៗ​របស់​ពួកគាត់​ត្រូវតែ​ធ្វើ​ការងារ​ផ្ទះ ។ ដូច្នេះ អេវានជែលីន ទៅ​ជួយ​ធ្វើ​ការងារ​ផ្ទះ ហើយ​តាមរយៈ​ការខិតខំ​របស់​នាង នោះ​មិត្តភក្ដិ​នាង​ត្រូវបាន​អនុញ្ញាត​ឲ្យ​មក​ព្រះវិហារជាញឹកញាប់ ។

បើ​យើង​នឹង​គោរព​តាម​សេចក្ដីសញ្ញា​ដែល​ជាប់ទាក់ទង នោះ​ពិធីបរិសុទ្ធ​បុព្វជិតភាព​ដ៏​ពិសិដ្ឋ​នឹង​ផ្លាស់ប្ដូរ​យើង ធ្វើ​ឲ្យ​យើង​បរិសុទ្ធ ហើយ​រៀបចំ​យើង​ចូល​ក្នុង​វត្តមាន​របស់​ព្រះអម្ចាស់ ។១៥ ដូច្នេះ​​យើង​ជួយ​រែក​បន្ទុកគ្នា!​​ យើង​ពង្រឹង​គ្នា​ទៅ​វិញទៅមក ។ យើង​ទទួលបាន​ការផ្ដាច់បាប នៅ​ពេល​យើង​ផ្ដល់​ជំនួយ​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម​ដល់​ជនក្រីក្រ ជន​ស្រេកឃ្លាន ជន​អាក្រាត និង​អ្នក​ឈឺ ។ ១៦ យើង​រក្សា​ខ្លួន​យើង​មិន​ឲ្យ​ប្រឡាក់​ពី​លោកិយ នៅ​ពេល​យើង​រក្សា​ថ្ងៃ​ឈប់​សម្រាក ហើយ​សក្ដិសម​ដើម្បី​ទទួល​សាក្រាម៉ង់​នៅថ្ងៃ​​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។១៧

យើង​ឲ្យ​ពរ​ដល់​ក្រុម​គ្រួសារ​យើង ហើយ​ធ្វើ​ឲ្យ​ផ្ទះ​យើង​ជា​កន្លែង​មួយ​ដ៏​បរិសុទ្ធ ។ យើង​ទប់​អស់​ទាំង​តណ្ហា ដើម្បី​ឲ្យ​យើង​អាច​បាន​ពោរពេញ ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ និង យូរអង្វែង ។១៨ យើង​​ជួយ​មនុស្សដទៃ​ដោយ​សណ្ដានចិត្ត​ល្អ ដោយ​ការអាណិតអាសូរ ហើយ​ឈរ​ជា​សាក្សី​អំពី​ព្រះ ។ យើង​ក្លាយ​ជា​ប្រជាជន​ក្រុង​ស៊ីយ៉ូន ដែល​មាន​ចិត្ត​មួយ និង គំនិត​មួយ ជា​មនុស្ស​បរិសុទ្ធ​ដែល​អាស្រ័យ​រួម​គ្នា​ក្នុង​សាមគ្គីភាព និង សេចក្ដីសុចរិត ។១៩ដ្បិត​ក្រុង​ស៊ីយ៉ូន​ត្រូវតែ​ពង្រីក​ខាង​លំអ និង​ខាង​បរិសុទ្ធភាព » ។២០

បងប្អូន​ស្ត្រី​អើយ សូម​មក​ព្រះវិហារ​បរិសុទ្ធ ។ បើ​យើង​ត្រូវ​ធ្វើ​ជា​ប្រជាជន​ដ៏​បរិសុទ្ធ ដែល​រៀបចំ​ខ្លួន​ទទួល​ព្រះអង្គសង្គ្រោះ​ពេល​ទ្រង់​យាង​មក យើង​ត្រូវតែ​ក្រោក​ឡើង ហើយ​ប្រដាប់​ដោយ​សម្លៀកបំពាក់​ដ៏​រុងរឿង ។២១ នៅ​ក្នុង​ភាពរឹងមាំ និង កិត្តិយស យើង​បោះបង់​មាគ៌ា​របស់​លោកិយ​ចោល ហើយ​រក្សា​សេចក្ដីសញ្ញា​ថា​យើង​នឹង « បំពាក់​ដោយ​សេចក្ដីបរិសុទ្ធ មែនហើយ គឺ​ដោយ​អាវ​នៃ​សេចក្ដីសុចរិត » ។២២

សេចក្ដីបរិសុទ្ធ​គឺ​ជា​ការទទួល​យក​ព្រះវិញ្ញាណបរិសុទ្ធ​ជា​អ្នក​ដឹកនាំ​យើង

សេចក្ដីបរិសុទ្ធ​គឺ​ជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។ យើង​ទទួល​អំណោយទាន​នេះ នៅ​ពេល​យើង​ជ្រើសរើស​ធ្វើ​​កិច្ចការ​ទាំងឡាយ ដែល​នឹង​បង្កើន​អំណាច​នៃ​ការ​ញែក​ជា​បរិសុទ្ធ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​​នៅ​ក្នុង​ជីវិត​របស់​យើង ។

រូបភាព
ម៉ារ៉ា​បាន​ស្ដាប់​ព្រះ​​​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ

នៅ​ពេល ម៉ាថា បាន​ទទួល​ព្រះយេស៊ូវគ្រីស្ទ ​ចូល​គង់​ក្នុង​ផ្ទះ​របស់​នាង នាង​បាន​មាន​បំណង​ដ៏​ធំ​ដើម្បី​បម្រើ​ព្រះអម្ចាស់ ដោយ​អស់​ពី​លទ្ធភាព​របស់​​នាង ។ ប្អូនស្រី​របស់​នាង ឈ្មោះ ម៉ារា បាន​ជ្រើសរើស​អង្គុយ​ស្ដាប់​ព្រះបន្ទូល « នៅ​ទៀប​ព្រះបាទ​ព្រះអម្ចាស់ » ។ ពេល ម៉ាថា មាន​អារម្មណ៍​នឿយ​ហត់​នឹង​ការបម្រើ​ដោយ​គ្មាន​ជំនួយ​សោះ នោះ​ នាង​ត្អូញត្អែរ​ថា « ព្រះអម្ចាស់​អើយ តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់ ឲ្យ​ខ្វល់ខ្វាយ​បម្រើ​តែ​ម្នាក់​ឯង​ទេ​ឬ​អី ? »

ខ្ញុំ​ចូលចិត្ត​​បន្ទូល​ស្ដីបន្ទោស​ដ៏​ទន់ភ្លន់បំផុត ដែល​លើស​ពី​ការគិត​របស់​ខ្ញុំនោះ ។ ព្រះអង្គសង្គ្រោះ​បាន​ដាស់តឿន​ដោយ​ក្ដីស្រឡាញ់​ឥតខ្ចោះ និង គ្មាន​ទី​បញ្ចប់​ដូចនេះ ៖

« ម៉ាថាៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ ៖

« មាន​សេចក្តី​តែ​១​ទេ ដែល​សម្រាប់​ត្រូវការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ » ។២៣

បងប្អូនស្រី ដើម្បី​ឲ្យ​បាន​បរិសុទ្ធ យើង​ត្រូវតែ​រៀន​អង្គុយ​ឲ្យ​ទៀប​នឹង​ព្រះបាទ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ចំណាយ​ពេល​វេលា​ដល់​សេចក្ដីបរិសុទ្ធ ។ តើ​យើង​ទុក​ទូរសព្ទ បញ្ជី​ការ​ងារ​ដ៏​ច្រើន និង​ការ​ខ្វល់​ខ្វាយ​ពី​រឿង​ខាង​លោកិយ​មួយ​អន្លើរ​ដែរឬ​ទេ ? ការ​អធិស្ឋាន ការ​សិក្សា ហើយ​ការ​ស្ដាប់​បន្ទូល​របស់​ព្រះ​យាង​អញ្ជើញ​ក្ដី​ស្រឡាញ់​ដែល​លាងជម្រះ ហើយ​ព្យាបាល ​ចូល​មក​ក្នុង​ព្រលឹង​យើង ។ ចូរយើង​​ចំណាយ​ពេល​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​យើង​អាច​ពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏ពិសិដ្ឋ ហើយញែក​ឲ្យ​​បរិសុទ្ធរបស់​ទ្រង់ ។ ដោយ​មាន​ព្រះវិញ្ញាណបរិសុទ្ធ​ជា​អ្នក​ដឹកនាំ យើង​នឹង​ត្រៀមខ្លួន​ទទួល​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​សិរីលំអ​នៃ​សេចក្តីបរិសុទ្ធ ។២៤

សេចក្ដីបរិសុទ្ធ​គឺ​ជា​ការក្លាយ​ជា​ពួក​បរិសុទ្ធ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

យោងតាម​បន្ទូល​ដ៏​បំផុសគំនិត​របស់​ស្ដេច​បេនយ៉ាមីន អ្នក​ដែល​ក្លាយ​ជា​ពួក​បរិសុទ្ធ​តាមរយៈ​ដង្វាយធួនរបស់​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​អ្នក​ដែល​ងាយប្រដៅ ស្លូតបូត ទាប​រាបសារ អត់ឱន ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដូចជា​ព្រះអង្គសង្គ្រោះ ។២៥ ទ្រង់​បាន​ព្យាករ​ថា ព្រះយេស៊ូវគ្រីស្ទ « ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ទ្រង់​សោយរាជ្យ គឺ​ព្រះ​អង្គ​ដ៏​មាន​ព្រះ​ជន្ម​រស់ ចាប់​តាំង​ពី​អស់​ទាំង​កល្ប ទៅ​អស់កល្ប​ជានិច្ច ទ្រង់​នឹង​យាង​ចុះ​មក​ពី​ស្ថានសួគ៌ មក​រស់នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហើយ​នឹង​គង់នៅ​ក្នុង​រោង​ឧបោសថ​ឥដ្ឋ » ។ ទ្រង់​បាន​យាង​មក​ដើម្បី​ប្រទានពរ​ដល់​អ្នក​ឈឺ ជន​ពិការ​ជើង អ្នក​ថ្លង់ ហើយ​អ្នក​ខ្វាក់ ហើយ​ប្រោស​អ្នក​ដែល​ស្លាប់​ឲ្យ​រស់ឡើងវិញ ។ ប៉ុន្តែ​ទ្រង់​បាន​រងទុក្ខ « ច្រើន​ជាង​មនុស្ស​លោក​អាច​ស៊ូទ្រាំ​បាន​ទៅ​ទៀត លើក​លែងតែ​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ » ។២៦ ទោះជា​ទ្រង់​គឺ​ជា​អង្គ​តែមួយ ​ដែល​តាមរយៈ​ទ្រង់​ទើប​មាន​សេចក្ដីសង្គ្រោះក្ដី គង់តែ​ទ្រង់​ត្រូវ​គេ​ធ្វើ​ទុក្ខទោស ប្រមាថ ហើយ​ឆ្កាង ។ ប៉ុន្តែ​បុត្រា​នៃ​ព្រះ បានក្រោក​ឡើង​ពីផ្នូរ ដើម្បី​​យើងទាំងអស់​គ្នា​​អាច​យកឈ្នះ​​សេចក្ដីស្លាប់​បាន ។ ទ្រង់​ជា​អង្គ​ដែល​នឹង​ឈរ​ជំនុំជម្រះ​ពិភពលោក​ក្នុង​សេចក្ដីសុចរិត ។ ទ្រង់​ជា​អង្គ​ដែល​នឹង​ប្រោសលោះ​យើង​ទាំងអស់​គ្នា ។ ទ្រង់​គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​សិរីលំអ​នៃ​សេចក្តីបរិសុទ្ធ ។

នៅ​ពេល​ប្រជារាស្រ្ត​របស់​ស្ដេច​បេនយ៉ាមីន​ស្ដាប់​ឮ​បន្ទូល​ទ្រង់ ពួកគេ​បាន​ដួល​ទៅ​លើ​ដី ដោយ​មាន​ភាពរាបទាប និង ការគោរព​ធំធេង​ចំពោះ​ព្រះគុណ និង សិរីល្អ​នៃ​ព្រះ ។ ពួកគេ​ទទួលស្គាល់​ស្ថានភាព​ខាង​រូបកាយ​របស់​ខ្លួន ។ តើ​យើង​មើល​ឃើញ​នូវ​ការពឹងផ្អែក​ទាំង​ស្រុង​របស់​យើង​​នៅ​លើ​ព្រះគុណ និង ក្ដីមេត្តាករុណា​នៃ​ព្រះគ្រីស្ទ​ជា​អម្ចាស់​នៃ​យើង​ឬទេ ? តើ​យើង​មាន​ដឹង​ថា រាល់​អំណោយទាន​ល្អៗ ខាង​សាច់ឈាម និង ខាង​វិញ្ញាណ កើតឡើង​ដល់​យើង​តាមរយៈ​ព្រះគ្រីស្ទ​ឬ​ទេ ? តើ​យើង​ចងចាំ​ថា យោងតាម​ផែនការ​អស់កល្ប​ជានិច្ច​របស់​ព្រះវរបិតា នោះ​ភាពសុខសាន្ត​ក្នុង​ជីវិត​នេះ និង សិរីល្អ​នៃ​ភាពអស់កល្ប​ជានិច្ច​គឺ​ជា​របស់​យើងមាន​ តាម​តែរយៈ​ព្រះបុត្រា​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ដែរ​ឬ​ទេ ?

សូម​ឲ្យ​យើង​ចូលរួម​ជាមួយ​ប្រជានជន​របស់​ស្ដេច​បេនយ៉ាមីន ពេល​ពួកគេ​ស្រែក​ព្រមៗ​គ្នា​ថា « ឱ​សូម​មេត្តា​ផង ហើយ​សូម​ប្រទាន​នូវ​ព្រះ​លោហិត​ដ៏​ធួន​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​នូវ​ការ​អភ័យទោស​ចំពោះ​អំពើ​បាប​ទាំង​ឡាយ​របស់​យើង ហើយ​ដើម្បី​ឲ្យ​ចិត្ត​យើង​អាច​បាន​ជ្រះ​បរិសុទ្ធ​ផង​ចុះ ព្រោះ​យើង​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី និង​វត្ថុ​សព្វ​សារពើ » ។២៧

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​មក​រក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​ព្រះវិញ្ញាណ​ទ្រង់​នឹង​សណ្ឋិត​លើ​យើង ដើម្បី​យើង​បាន​ពេញ​ដោយ​អំណរ ហើយ​ទទួល​បាន​ការផ្ដាច់បាប និង​បាន​ភាពសុខសាន្ត​ក្នុង​មនសិការ ។

ព្រះវរបិតា​សួគ៌​បាន​ប្រទាន​សមត្ថភាព​ដើម្បីបាន​ជា​​បរិសុទ្ធ​ដល់​យើង​ម្នាក់ៗ ។ សូម​ឲ្យ​យើង​ធ្វើ​អស់​ពី​លទ្ធភាព​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​យើង ហើយ​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​អង្គ​នាំ​ផ្លូវ​យើង ។ ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ យើង​ក្លាយ​ជា​ពួក​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ដើម្បី​យើង​អាច​ទទួល​បាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ថ្វាយ​សិរី​ល្អ​ជូន​ព្រះវរបិតា​យើង​ឲ្យ​សំណំ​នឹង​ព្រះនាម​ទ្រង់ ។ សូម​ឲ្យ​ជីវិត​យើង​ជា​ដង្វាយ​ដ៏​ពិសិដ្ឋជារៀងរហូត ដើម្បី​យើង​អាច​ឈរ​នៅ​ចំពោះ​​ព្រះអម្ចាស់​នៅ​ក្នុង​សិរីលំអ​នៃ​សេចក្ដីបរិសុទ្ធ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។