ឆ្នាំ ២០១០-២០១៩
ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​ខ្លួន
ខែ មេសា ឆ្នាំ ២០១៧


ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​ខ្លួន

យើង​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​បាន​ដោយ​មក​ស្គាល់​ទ្រង់ ហើយ​ទ្រង់​នឹង​ដឹកនាំ​ផ្លូវ​យើង ។

ខណៈ​ដែល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​អាស៊ី មាន​ប្អូន​ស្រី​ម្នាក់ៗ​មក​ជួប​នឹង​ខ្ញុំ។ គាត់​បាន​ឱប​ខ្ញុំ ហើយ​បាន​សួរ​ថា « តើ​អ្នក​ពិត​ជា​ជឿ​ថា​ដំណឹងល្អ​នេះ​ពិត​ឬ ? » បងប្អូន​ស្រី​ជា​ទីស្រឡាញ់ ខ្ញុំ​ដឹង​ថា ដំណឹងល្អ​នេះ​ពិត ។ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។

នៅក្នុង សុភាសិត ៣:៥–៦យើង​បាន​អាន​ការ​ប្រឹក្សា​នេះ​ថា៖

« ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។

« ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ។

បទគម្ពីរ​នេះ មាន​នូវ​ការ​ដាស់​តឿន ចំនួន​ពីរ​គឺ ការ​ព្រមាន និង​ការ​សន្យា​ដ៏​រុង​រឿង​មួយ ។ ការ​ដាស់តឿន​ពីរ​នោះ​គឺ ៖ « ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត » ហើយ ​« ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ [ អ្នក ]​ ចុះ » ។ ការ​ព្រមាន ៖« កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ » ។ និង​ការ​សន្យា​ដ៏​រុង​រឿង ៖ « ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​អ្នក » ។

ដំបូង ចូរ​យើង​ពិភាក្សា​ពី​ការ​ព្រមាន​នោះ ៖ រូបភាព​ជួយ​យើង​ឲ្យ​រិះគិត​កាន់​តែ​ច្រើន ។ ការ​ព្រមាន​នោះ​ទាក់​ទង​នឹង​ពាក្យ​ថា « កុំ​ឲ្យ​ពឹង​ផ្អែក »—គឺ« កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ » ។ ជា​ភាសា​អង់គ្លេស​ពាក្យ​ថា ពឹង​ផ្អែក​សំដៅ​លើ​ការ​ផ្អៀង ឬ​រំកិល​ខ្លួន​ទៅ​ជ្រុង​ម្ខាង ។ កាល​យើង​ផ្អែក​ខ្លួន​ទៅ​ជ្រុង​ម្ខាង ឬ​ម្ខាង​ទៀត យើង​រំកិល​ខ្លួន​ចេញ​ពី​ចំណុច​កណ្ដាល យើង​ចេញ​ពី​តុល្យភាព ហើយ​ដួល ។ ពេល​យើង​ពឹង​ផ្អែក​ខាង​វិញ្ញាណ​ទៅ​នឹង​ការ​យល់​ដឹង​របស់​យើង យើង​ងាក​ចេញ​ពី​ព្រះអង្គ​សង្គ្រោះ ។ បើ​យើង​ពឹង​ផ្អែក នោះ​យើង​មិន​នៅ​ចំ​កណ្ដាល យើង​ខ្វះ​តុល្យភាព យើង​មិន​បាន​ផ្ដោត​លើ​ព្រះគ្រីស្ទ​ឡើយ ។

បងប្អូនស្រី ចាំទេ ក្នុង​ជីវិត​យើង​មុន​ឆាក​ជីវិត​នេះ យើង​បាន​ឈរ​ក្បែរ​ព្រះអង្គ​សង្គ្រោះ ។ យើង​បាន​ទុក​ចិត្ត​ទ្រង់ ។ យើង​បន្លឺ​សំឡេង​គាំទ្រ ការ​សារទរ និង​អំណរ​យើង​ដល់​ផែនការ​នៃ សុភមង្គល​ដែល​ព្រះវរបិតា​សួគ៌​យើង​បាន​រៀបចំ​ឡើង ។ យើង​មិន​បាន​ពឹង​ផ្អែក​លើ​យោបល់​យើង​ឡើយ ។ យើង​បាន​ច្បាំង​ដោយ​ទីបន្ទាល់​យើង ហើយ​ « រួម​ជាមួយ​នឹង​កម្លាំង​របស់​ព្រះ ហើយ​កម្លាំង​ទាំងនោះ​គឺជា​អ្នក​ឈ្នះ » ។ ចម្បាំង​រវាង​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់​នេះ​បាន​ផ្លាស់​មក​ផែនដី ។ ជាថ្មី​ម្ដង​ទៀត យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ពិសិដ្ឋ​ដើម្បី​ឈរ​ជា​សាក្សីម្នាក់ ហើយ​ដាក់​ការ​ទុកចិត្ត​យើង​លើ​ព្រះអម្ចាស់ ។

យើង​ម្នាក់ៗ​ត្រូវ​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​អាច​បន្តឈរ​នៅ​ចំណុច​កណ្ដាល ហើយ​កុំ​ពឹង​ផ្អែក​លើ​យោបល់​ខ្ញុំ​តាម​របៀបណា ? តើ​ខ្ញុំ​ស្គាល់ ហើយ​ធ្វើ​តាម​ព្រះ​សូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀបណា កាល​សំឡេង​នៃ​ពិភពលោក​នេះ​លាន់​ឮ​ខ្លាំង​នោះ ? តើ​ខ្ញុំ​បណ្ដុះ​ការ​ទុកចិត្ត​លើ​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា ?

ខ្ញុំ​សូម​ណែនាំ​នូវ​វិធី​បី​យ៉ាង​ដើម្បី​បង្កើន​ចំណេះដឹង​ និងការ​ទុក​ចិត្តយើង​លើ​ព្រះអង្គ​សង្គ្រោះ ។ បងប្អូន​នឹង​ឃើញ​ថា​គោលការណ៍​ទាំងនេះ​ពុំ​មែន​ថ្មី​នោះទេ ប៉ុន្តែ​វា​មាន​សារៈសំខាន់ ។ វា​ត្រូវ​បាន​ច្រៀង​នៅ​គ្រប់​ថ្នាក់​កុមារ បង្រៀន​ក្នុង​មេរៀន​ថ្នាក់​យុវនារី ហើយ​ជា​ចម្លើយ​ចំពោះ​សំណួរ​ជា​ច្រើន​របស់​ថ្នាក់​សមាគមសង្គ្រោះ ។ វា​គឺជា​គោលការណ៍—កណ្ដាល—ហើយ​មិន​ពឹង​ផ្អែក​គេ​ឡើយ ។

ទីមួយ យើង​អាច​ស្គាល់​ព្រះអម្ចាស់ ហើយ​ទុក​ចិត្ត​លើ​ទ្រង់ កាល​យើង​« ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយនៃ​ព្រះគ្រីស្ទ ដ្បិត​មើល​ចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទនឹង​ប្រាប់ដល់​អ្នក​នូវ​គ្រប់អ្វីទាំងអស់ដែល​អ្នកត្រូវធ្វើ » ។

ប៉ុន្មាន​ខែ​មុន យើង​បានមាន​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ ។ ចៅ​ប្រុសរបស់​ខ្ញុំ​អាយុ​ពីរ​ឆ្នាំ​បាន​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ កាល​យើង​​អាន ។ ខ្ញុំ​ជា​ជីដូន​ដ៏​រីករាយ ពេល​គ្រួសារ​កូន​ប្រុស​ខ្ញុំ​បាន​មក​លេង ។

ពេល​សិក្សា​ព្រះគម្ពីរ​យើងចប់ ខ្ញុំ​បាន​បិទ​ព្រះគម្ពីរ​ខ្ញុំ ។ ចៅ​ប្រុស​ខ្ញុំ​បាន​ដឹង​ថា បន្តិច​ទៀត​ដល់​ពេល​ចូល​គេង​ហើយ ។ គាត់​បាន​ងើយ​មុខ​ឡើង ហើយ​និយាយ​សេចក្ដី​ពិត​ដ៏​អស់​កល្ប​មួយ​ថា ៖ « លោក​យាយ អាន​គម្ពីរ​ទៀត » ។

រូបភាព
ចៅ​ប្រុស​របស់​បងស្រី ខ័រឌុន

កូន​ប្រុស​ខ្ញុំ ដែល​ជា​ឪពុក​ល្អ ហើយ​ម៉ឺង​ម៉ាត់ បាន​ប្រាប់​ខ្ញុំ​ថា « ម៉ាក់ កុំ​ចាញ់​បោក​គាត់ ។ គាត់​គ្រាន់​តែ​ព្យាយាម​មិន​ចង់​ចូល​គេង​តែ​ប៉ុណ្ណោះ »។

ប៉ុន្តែ​កាល​ចៅ​ប្រុស​ខ្ញុំ​សូម​បទគម្ពីរ​បន្ថែម​ទៀត យើង​អាន​បទគម្ពីរ​បន្ថែម​ទៀត ! បទគម្ពីរ​ជាច្រើន​បំភ្លឺ​គំនិត​យើង បីបាច់​វិញ្ញាណ​យើង ឆ្លើយ​សំណួរ​យើង បង្កើនការ​ទុក​ចិត្តរបស់​យើងទៅ​លើ​ព្រះអម្ចាស់ ហើយ​ជួយ​យើង​ឲ្យដាក់​ជីវិតយើងទៅ​លើ​ទ្រង់ ។ សូម​ « ចាំ​ថា ត្រូវ​ពិចារណា​មើល​វត្ថុ​ទាំង​នេះ​ដោយ​ព្យាយាម ដើម្បី​[ បងប្អូន ] ​អាច​មាន​ប្រយោជន៍​ដោយ​សារ​វា » ។

ទីពីរ យើង​អាច​ស្គាល់​ព្រះអម្ចាស់ ហើយ​ទុក​ចិត្ត​ទ្រង់​តាមរយៈ​ការ​អធិស្ឋាន ។ ការ​អាច​អធិស្ឋាន​ទៅ​កាន់​ព្រះ​នៃ​យើង​ គឺជា​ពរជ័យ​អ្វី​ម៉្លេះ ! « ចូរ​អធិស្ឋាន​ដល់​ព្រះ​វរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត » ។

ខ្ញុំ​មាន​ការ​ចង​ចាំ​ដ៏​ផ្អែម​ល្ហែម​មួយ​អំពី​ការ​អធិស្ឋាន​ដែល​ខ្ញុំរក្សាទុក​ដ៏​មាន​​តម្លៃ ។ នៅ​ការ​សម្រាក​ពី​សាកលវិទ្យាល័យ​នា​រដូវ​ក្ដៅ​របស់​ខ្ញុំ ខ្ញុំ​បាន​ទទួល​យក​ការ​ងារ​មួយ​នៅ​រដ្ឋ​តិចសាស ។ ខ្ញុំ​ត្រូវ​បើក​ឡាន​ដ៏​ចំណាស់​របស់​ខ្ញុំ រាប់រយ​គីឡូម៉ែត្រ​ពី​រដ្ឋ​អៃដាហូ​ទៅ​រដ្ឋ​តិចសាស វាជា​ឡាន​មួយ​ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​បាន​ដាក់​ឈ្មោះ​ថា វើន ។ ឥវ៉ាន់​ត្រូវ​បាន​ចង​ដាក់​នៅ​លើ​ដំបូល​របស់​វើន ហើយ​ខ្ញុំ​ត្រៀម​ជា​ស្រេច​សម្រាប់​ការធ្វើដំណើរ​ផ្ស​ង​ព្រេង​ថ្មី ។

ពេលហៀប​នឹង​ចេញ​ពី​ផ្ទះ ខ្ញុំ​បាន​ឱប​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ហើយ​គាត់​បាន​ពោល​ថា « ចូរ​យើង​អធិស្ឋាន​សិន​ពីមុន​កូន​ចេញ​ទៅ » ។

យើង​បាន​លុត​ជង្គង់​ចុះ ហើយ​អ្នក​ម្ដាយ​ខ្ញុំ​ចាប់​ផ្ដើម​អធិស្ឋាន ។ គាត់​បាន​ទូលអង្វរ​ដល់ព្រះវរបិតាសួគ៌​ឲ្យ​ថែ​រក្សា​ខ្ញុំ ។ គាត់​បាន​អធិស្ឋាន​សូម​ឲ្យ​ឡាន​ដែល​គ្មាន​ម៉ាស៊ីន​ត្រជាក់​​របស់ខ្ញុំ​ មាន​ដំណើរ​ការ​ល្អ តាម​ខ្ញុំ​ត្រូវការ ។ គាត់​បាន​សូម​ឲ្យ​ពួក​ទេវតា​គង់​នឹង​ខ្ញុំ​ពេញ​មួយ​រដូវ​ក្ដៅ​នោះ ។ គាត់​បាន​អធិស្ឋាន ហើយ​អធិស្ឋាន​ទៀត ។

ភាព​សុខសាន្ត​ដែល​កើត​ចេញ​ពី​ការ​អធិស្ឋាន​នោះ​បាន​ផ្ដល់​ភាពក្លាហាន​ឲ្យ​ខ្ញុំ​ដើម្បី​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​ខ្លួន​ឡើយ ។ ព្រះអម្ចាស់​បាន​ដឹកនាំ​ផ្លូវ​ខ្ញុំ​ក្នុង​ការ​សម្រេច​ចិត្ត​ជាច្រើន​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​រដូវ​ក្ដៅ​នោះ ។

កាល​យើង​បង្កើត​ទម្លាប់​​នៃ​ការ​ទៅ​រក​ព្រះវរបិតា​សួគ៌​ក្នុង​ការ​អធិស្ឋាន នោះ​យើង​នឹង​ស្គាល់​ព្រះអង្គ​សង្គ្រោះ ។ យើង​នឹង​ទុក​ចិត្ត​ទ្រង់ ។ បំណង​ប្រាថ្នា​យើង​នឹង​កាន់​តែ​ក្លាយ​ដូចជា​ព្រះរាជបំណង​ទ្រង់ ។ យើង​នឹង​អាច​ការពារ​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត​សម្រាប់​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​ត្រៀម​ប្រទាន​ឲ្យ បើ​យើង​នឹង​សូម​ដោយ​សេចក្ដី​ជំនឿ ។

ទីបី យើង​អាច​ស្គាល់​ព្រះអម្ចាស់ ហើយ​ទុក​ចិត្ត​ទ្រង់ កាល​យើង​បម្រើ​មនុស្ស​ដទៃ ។ ខ្ញុំ​សូម​ចែកចាយ​រឿង​ដូច​តទៅ​នេះ​ដោយ​មាន​ការអនុញ្ញាត​ពី​អេមី រ៉ាយ ដែល​បាន​យល់​ពី​គោលការណ៍​នៃ​ការ​បម្រើ សូម្បី​តែ​ក្នុង​ពេល​​មាន​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចាំ​គម្រាម​អាយុជីវិត​ក្ដី ។ អេមី​បាន​សរសេរ​ថា

« នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៥ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មាន​ជំងឺ​មហារីក ។ ជំងឺ​មហារីក​ខ្ញុំ​មាន​សង្ឃឹម​រស់​រាន​មាន​ជីវិត​តែ​ ១៧ ភាគ​រយ​ប៉ុណ្ណោះ ។ ឱកាស​បាន​ជា​ស្បើយ​​ ​មិនមែន​ជា​ការ​ងាយ​ទេ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ខិតខំ​យក​ឈ្នះ​រឿង​ដ៏​លំបាក​នេះក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​តាំង​ចិត្ត​ធ្វើ​អ្វីៗ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​មិន​មែន​សម្រាប់​ខ្លួន​ខ្ញុំ​តែ​ម្យ៉ាង​ទេ ប៉ុន្តែ​សំខាន់​បំផុត​គឺ សម្រាប់​គ្រួសារ​ខ្ញុំ ។ នៅ​ខែ​ធ្នូ ខ្ញុំ​បាន​ចាប់​ផ្ដើម​ការ​ព្យាបាល​ដោយ​ប្រើ​ជាតិ​គីមី ។ ខ្ញុំ​បាន​ដឹង​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ថ្នាំ​សម្រាប់​ជំងឺ​មហារីក ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ថា វា​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​ឈឺ​ធ្ងន់​ឲ្យ​នៅ​មាន​ជីវិត​នោះ​ទេ ។

« មាន​ពេល​មួយ ខ្ញុំ​បាន​ប្រកាស​ថា ការ​ព្យាបាល​ដោយ​ប្រើ​ជាតិ​គីមី​គឺ បំពាន​នឹង​សិទ្ធិ​របស់​មនុស្ស ។ ខ្ញុំ​បាន​ប្រាប់​ស្វាមី​ខ្ញុំ​ថា ខ្ញុំ​ឈប់​ហើយ ។ ខ្ញុំ​ឈប់​ព្យាបាល​ទៀត​ហើយ ។ ខ្ញុំ​មិន​ត្រឡប់​ទៅ​មន្ទីរ​ពេទ្យ​នោះ​ទៀត​ទេ ។ តាមប្រាជ្ញា​របស់​គាត់ ស្វាមី​ខ្ញុំ​បាន​ស្ដាប់​ដោយ​អត់ធ្មត់ រួច​តប​ថា « អញ្ចឹង យើង​ត្រូវ​រក​មនុស្ស​ម្នាក់​ធ្វើ​ការ​បម្រើ » ។

ថា​ម៉េច​ហ្នឹង ? តើ​គាត់​បាន​ភ្លេច​ថា​ភរិយា​គាត់​មាន​ជំងឺ​មហារីក ហើយ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​ឆ្អល់​ពោះ ឬ​ការ​ឈឺចាប់​ដ៏​ខ្លាំង​ណា​មួយ​ទៀត​បាន​ទេ​ឬ​អី ?

អេមី​បាន​ពន្យល់​បន្ត​ថា « បន្តិច​ម្ដងៗ​រោគ​សញ្ញា​ខ្ញុំ​កាន់​តែអាក្រក់ទៅៗ រហូត​ដល់​ក្នុង​មួយ​ខែ​ខ្ញុំ​បាន​ស្រួល​ខ្លួន​ដូចជា​មនុស្ស​ធម្មតា​តែមួយថ្ងៃ ឬ ពីរ​ថ្ងៃប៉ុណ្ណោះ ។ គឺ​ថ្ងៃ​ទាំងនោះ​ហើយ ​ដែល​គ្រួសារ​យើង​រក​នូវ​វិធី​ដើម្បី​បម្រើ »។

ក្នុង​ចំណោម​ថ្ងៃ​ទាំង​នោះ មាន​ថ្ងៃ​មួយ​គ្រួសារ​អេមី​បាន​ចែក​ចាយ​សម្ភារ​ការ​ព្យាបាលដោយ​ប្រើ​ជាតិ​គីមី​ដល់​អ្នក​ជំងឺ​ផ្សេង​ទៀត ជា​សម្ភារ​ដែល​ជួយ​ឲ្យ​រោគ​សញ្ញា​បាន​ធូរ​ស្បើយ និងជួយ​ឲ្យ​ពួកគេរីករាយ ។ ពេល​អេមី​ដេក​មិន​លក់ គាត់​បាន​គិត​ពី​របៀប​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ផ្សេងទៀត​បាន​រីករាយ ។ វិធី​ខ្លះ​ធំ ប៉ុន្តែ​វិធី​ជា​ច្រើន​គឺ​គ្រាន់​ជា​សារ​ ឬ​កំណត់ត្រា​​​តូចៗ​នៃ​ការ​លើក​ទឹក​ចិត្ត និង​ក្ដី​ស្រឡាញ់ ។ នាយប់​ទាំងនោះ កាល​គាត់​ឈឺចាប់​ខ្លាំង គាត់​បាន​សម្រាក​លើ​គ្រែ ហើយ​យក Ipad មក​ស្រាវជ្រាវ​រក​ពិធីបរិសុទ្ធ​ដែល​ចាំបាច់​ត្រូវ​ធ្វើ​សម្រាប់​បុព្វការី​ជន​របស់​គាត់​ដែល​ចែកឋាន​ទៅ ។ ដោយ​អព្ភូតហេតុ ការ​ឈឺចាប់​នោះ​បាន​ចុះ​ថយ ហើយ​គាត់​អាច​ស៊ូទ្រាំ​បាន ។

អេមី​ថ្លែង​ទីបន្ទាល់​ថា « ការ​បម្រើ​សង្គ្រោះ​ជីវិត​ខ្ញុំ ។ ទីបំផុត កន្លែង​ដែល​ខ្ញុំ​រក​ឃើញ​កម្លាំង​ដើម្បី​បន្ត​ដើរ​ឆ្ពោះ​ទៅ​មុខ​គឺ​ជា​សុភមង្គល​ដែល​ខ្ញុំ​បាន​រកឃើញ​ក្នុង​ការ​ព្យាយាម​សម្រាល​ការ​រងទុក្ខ​របស់​មនុស្ស​នៅ​ជុំវិញ​ខ្ញុំ ។ ខ្ញុំ​បាន​ទន្ទឹង​រង់ចាំ​គម្រោង​នៃ​ការ​បម្រើ​របស់​យើង​ដោយ​អំណរ និង​ការ​សង្ឃឹម​ទុក​ជា​ខ្លាំង ។ រហូត​មក​ដល់​សព្វថ្ងៃ​នេះ វា​នៅ​តែ​ជា​រឿង​ដ៏​ចម្លែក​មួយ ។ បងប្អូន​អាច​នឹង​គិត​ថា មនុស្ស​ម្នាក់​ដែល​ជ្រុះ​សក់​អស់ ខ្លួន​សុទ្ធ​តែ​ជាតិ​ពុល ហើយ​កំពុង​ខិតខំ​ពុះពារ​ការ​ពារ​ជីវិត​ [នាង] ​អាច​នឹង​​​គិត​ថា ‹ ខ្ញុំ​គួរ​តែ​គិត​ពី​ខ្លួន​ឯង › ។ ប៉ុន្តែ​ពេល​ខ្ញុំ​គិត​អំពី​ខ្លួន​ឯង ​ពី​ស្ថានភាពរបស់​ខ្ញុំ ការ​រងទុក្ខ និង​ការ​ឈឺចាប់​ខ្ញុំ ពិភពលោក​នេះ​ក្លាយ​ទៅ​ជា​ងងឹត​ឈឹង ហើយ​ស្លុត​ចិត្ត ។ កាល​ខ្ញុំ​ផ្ដោត​ទៅ​លើ​មនុស្ស​ដទៃ វា​មាន​នូវ​ពន្លឺ សង្ឃឹម កម្លាំង ភាពក្លាហាន និង​អំណរ ។ ខ្ញុំ​ដឹង​ថា រឿងនេះ​អាច​កើត​ឡើង​បាន​ដោយសារ​តែ​អំណាច​គាំទ្រ ព្យាបាល និង​ជា​ជំនួយ​របស់​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

អេមី​បាន​ទុក​ចិត្ត​ព្រះអម្ចាស់ កាល​នាង​បាន​ស្គាល់ទ្រង់ ។ បើ​នាង​បាន​ពឹង​ផ្អែក​តែ​បន្តិច​លើ​យោបល់​របស់​ខ្លួន នាង​អាច​នឹង​បដិសេធ​ចំពោះ​គំនិត​ដែល​នាង​ធ្វើ​ការ​បម្រើ ។ ការ​បម្រើ​ជួយ​នាង​ឲ្យ​តតាំង​នឹង​ការ​ឈឺចាប់ និង​ការ​រងទុក្ខ​របស់​នាង ហើយ​រស់​នៅ​តាម​បទគម្ពីរ​នេះ ៖« កាល​ណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ »។

ព្រះយេស៊ូវគ្រីស្ទ​បាន​យក​ឈ្នះ​លើ​លោកិយ​នេះ ។ ហើយ​ដោយ​សារ​ទ្រង់ ដង្វាយធួន​ដ៏​គ្មាន​ទី​បញ្ចប់​របស់​ទ្រង់ យើង​គ្រប់​គ្នា​មាន​បុព្វហេតុ​ដ៏​ធំ​ដើម្បី​ទុកចិត្ត ដោយ​ដឹង​ថា​នៅ​ទីបំផុត​អ្វីៗ​នឹង​បាន​ប្រសើរ​ឡើង ។

បងប្អូនស្រី យើង​ម្នាក់ៗ​អាច​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​ខ្លួន​ឡើយ ។ យើង​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​បាន ដោយ​ការមក​ស្គាល់​ទ្រង់ ហើយ​ទ្រង់​នឹង​ដឹកនាំ​ផ្លូវ​យើង ។

យើង​នៅ​លើ​ផែនដី​នេះ​ដើម្បី​បង្ហាញ​ការ​ទុក​ចិត្ត​ដូចគ្នា​ទៅ​លើ​ទ្រង់​ដែល​បាន​អនុញ្ញាត​ឲ្យ​យើង​ឈរ​ក្បែរ​ព្រះយេស៊ូវ​គ្រីស្ទ កាល​ទ្រង់​បាន​ប្រកាស​ថា « មើលចុះ ទូល​បង្គំ​នៅ​ឯណេះ​ហើយ សូម​ចាត់​ទូល​បង្គំ​ចុះ » ។

រូបភាព
ព្រះគ្រីស្ទ និង​ការ​បង្កបង្កើត

បងប្អូនស្រី​ជាទី​ស្រឡាញ់ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែង​ទីបន្ទាល់​ថា « ពរជ័យ​ដែល​បាន​សន្យា​របស់​យើង គឺ​ហួស​ពី​ការអាច​វាស់​បាន ។ ទោះ​ជា​ពពក​ខ្មៅ​ប្រមូល​ផ្ដុំ​គ្នា ទោះ​ជា​ភ្លៀង​ធ្លាក់​មក​លើ​យើង​ក្ដី ចំណេះ​ដឹង​របស់​យើង​អំពី​ដំណឹង​ល្អ និង សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះវរបិតា​សួគ៌ និង ព្រះ​អង្គ​សង្គ្រោះ​របស់​យើង នឹង​លួងលោម និង គ្រាំទ្រ​យើង … នៅពេល​យើង​ដើរ​ដោយ​សុចរិត ។ … គ្មាន​អ្វី​នៅ​ក្នុង​ពិភពលោក​នេះ ដែល​អាច​រារាំង​យើង​បាន​ឡើយ » ។

ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់​ខ្ញុំ​ទៅ​នឹង​ប្រសាសន៍​នៃ​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង​ផង​ដែរ ។ បើ​យើង​ទុក​ចិត្ត​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​យើង ហើយ​កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​ខ្លួន ទ្រង់​នឹង​ដឹកនាំ​ផ្លូវ​​យើង ហើយ​នឹងលាត​សន្ធឹង​ព្រះហស្ដ​មេត្តា​ករុណា​របស់​ទ្រង់​មក​កាន់​យើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ ៖ នៅ​ថ្ងៃទី ១ ខែ​មេសា ឆ្នាំ ២០១៧, បងស្រី ខ័រឌុន ត្រូវ​បាន​ដោះលែង​ពី​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈ​ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ ហើយ​ត្រូវ​បាន​ហៅ​ជា​ទីប្រឹក្សា​ទីមួយ ។