ឆ្នាំ ២០១០-២០១៩
«ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ»
ខែ មេសា ឆ្នាំ ២០១៧


« ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ »

ការ​តែងតាំង​បព្វជិតភាព​របស់​យើង​គឺជា​ការ​អញ្ជើញ​មួយ​មក​ពី​ព្រះអម្ចាស់​ដើម្បី​ដើរ​ជាមួយ​នឹង​ទ្រង់ ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​ធ្វើ បម្រើ​តាម​របៀប​ដែល​ទ្រង់​បម្រើ ។

បងប្អូន​ប្រុស​នៃ​បព្វជិតភាព​ជា​ទីស្រឡាញ់​របស់​ខ្ញុំ គោលបំណង​របស់​ខ្ញុំ​ថ្ងៃ​នេះ គឺ​អះ​អាងផង និង​ផ្ដល់​កម្លាំង​ដល់​បងប្អូន​ផង​នៅក្នុង​ការ​បម្រើ​បព្វជិតភាព​របស់​បងប្អូន ។ ខ្ញុំ​នឹក​ស្រមៃ​ថា​ព្រះអង្គ​សង្គ្រោះ​ក៏​មានព្រះបំណង​ស្រដៀង​នេះ​ដែរ ពេល​ទ្រង់​ជួប​នឹង​បុរស​អ្នក​មាន​ម្នាក់​ដែល​បាន​សួរ​ថា « តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់​កល្ប​ជានិច្ច ? » ( ម៉ាថាយ ១៩:១៦ ) ។ ប្រហែល​ជា​បងប្អូន​បាន​មក​សន្និសីទ​ស្រដៀង​គ្នា​នឹង​យុវជនដែល​បាន​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​ដែរ ដោយ ងឿង​ឆ្ងល់​ថា​តើ​ការ​បម្រើ​របស់​បងប្អូន​ត្រូវ​បាន​ទ្រង់​ទទួល​យក​ឬទេ ។ ហើយ​ក្នុង​ពេល​ដំណាល​គ្នា​នេះ បងប្អូន​អាច​នឹង​ដឹង​ថា​មាន​អ្វីៗ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ—ប្រហែល​មាន​ច្រើន​ណាស់ ! ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ខ្ញុំ​អាច​ចែកចាយ​ការអនុម័ត​ពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ព្រះអម្ចាស់​ទៅ​លើ​អ្វី​ដែល​បងប្អូន​បាន​ធ្វើ​រួច​ហើយ​នោះ ព្រមទាំង​ផ្ដល់​នូវការ​លើក​ទឹក​ចិត្ត​ឲ្យ​បងប្អូន​ធ្វើ​នូវ​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន ដោយ​មាន​ជំនួយ​របស់​ទ្រង់ ដើម្បី​សម្រេច​ជោគជ័យ​ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

កម្លោះ​អ្នកមាន​នោះ​ត្រូវ​បាន​សុំ​ឲ្យ​លក់​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​ឲ្យ​ទៅ​ជន​ក្រី​ក្រ ហើយ​មក​តាម​ព្រះអង្គ​សង្គ្រោះ ការ​រីកចម្រើន​នា​ពេល​អនាគត​របស់​បងប្អូន ប្រហែល​ជា​ពុំ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នោះ​ទេ ប៉ុន្តែ​វា​នឹង​ទំនង​ជា​តម្រូវ​ឲ្យ​មាន​ពលិកម្ម​ក្នុង​រង្វាស់​មួយ ។ ទោះ​តាម​របៀប​ណា​ក៏​ដោយ ខ្ញុំ​សង្ឃឹម​ថា សារលិខិត​របស់​ខ្ញុំ​ពុំ​បណ្ដាល​ឲ្យ​បងប្អូន «[ចេញទៅ] ទាំង​ព្រួយ​ចិត្ត​ » ដូចជា​កម្លោះ​នោះ​ទេ ។ ( សូមមើល ម៉ាថាយ ១៩:២០–២២) ។ ប៉ុន្តែ ខ្ញុំ​ទុកចិត្ត​ថា បងប្អូន​នឹង « ទៅ​តាម​ផ្លូវ​ដោយ​អរ​សប្បាយ » ( គ. និង ស. ៨៤:១០៥ )​ដោយសារ​បងប្អូន​ចង់​កែលម្អ ហើយ​បងប្អូន​គិត​ថា បងប្អូន​អាច​ធ្វើ​បាន ។

ទោះជា​យ៉ាងណា វា​ជា​រឿង​ធម្មតា​ដែល​យើង​មាន​អារម្មណ៍​មិន​ល្អ​គ្រប់​គ្រាន់​ពេល​យើង​គិត​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​យើងធ្វើ ។ តាមពិត​ទៅ បើ បងប្អូន​ប្រាប់​ខ្ញុំ​ថា បងប្អូន​មាន​អារម្មណ៍​ថា​មាន​សមត្ថភាព​ល្អ​ឥត​ខ្ចោះ​ដើម្បី​បំពេញ​កាតព្វកិច្ច​បព្វជិតភាព​របស់​បងប្អូន នោះខ្ញុំ​បារម្ភ​ថា​បងប្អូន​ពុំ​ទាន់​យល់​ពី​វា​ឡើយ ។ ម្យ៉ាងទៀត បើ​បងប្អូន​ប្រាប់​ខ្ញុំ​ថា បងប្អូន​មានអារម្មណ៍​ចង់​ចុះចាញ់ ដោយសារ​កិច្ចការ​នោះ​វា​ហួស​ពី​សមត្ថភាព​របស់​បងប្អូន នោះ​ខ្ញុំ​នឹង​ចង់​ជួយ​បងប្អូន​ឲ្យ​យល់​ពី​របៀ​ប​ដែល​ព្រះអម្ចាស់​តម្កើង និង​ពង្រឹង​ដល់​អ្នក​កាន់​បព្វជិតភាព​របស់​ទ្រង់ ដើម្បី​ធ្វើ​នូវ​រឿង​ទាំងឡាយ​ដែល​ពួកគេ​ពុំ​អាច​ធ្វើ​តែ​ឯង​បាន ។

រឿង​នេះ​គឺ​ជា​ការ​ពិត​ចំពោះ​ខ្ញុំ​នៅក្នុង​ការ​ហៅ​របស់​ខ្ញុំ ដូចជា​ការ​ហៅ​របស់​បងប្អូន​ដែរ ។ គ្មាន​ពួក​យើង​ណា​ម្នាក់​អាច​ធ្វើ​កិច្ចការ​បព្វជិតភាព​បាន​ល្អ ដោយ​ពឹង​តែ​លើ​ប្រាជ្ញា និង​ទេព​កោសល្យ​របស់​យើង​តែ​ម្យ៉ាង​នោះទេ ។ នោះ​គឺ​ដោយសារ​កិច្ចការ​នេះ​គឺ​ពុំ​មែន​ជា​កិច្ចការ​របស់​យើងទេ—វា​គឺជា​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ដូច្នេះ​ដើម្បី​សម្រេច​ជោគជ័យ​បាន មាន​តែ​ពឹងផ្អែក​ទៅ​លើ​ទ្រង់​ប៉ុណ្ណោះ ទោះជា​បងប្អូន​ទើប​តែ​បាន​ហៅ​ជា​ឌីកុន​ថ្មី​ដែល​ត្រូវ​បាន​ទុកចិត្ត​ឲ្យ​ធ្វើ​កិច្ចការ​ដើម្បី​នាំ​ឲ្យ​មាន​អានុភាព​ខាង​វិញ្ញាណ​ខ្លះៗ​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់ ឬ​ជា​គ្រូ​បង្រៀន​តាម​ផ្ទះ​វ័យ​ក្មេង​ដែល​បាន​ចាត់​ដោយ​ព្រះអម្ចាស់​ឲ្យ​ស្រឡាញ់ ហើយ​បម្រើ​ដល់​គ្រួសារ​មួយ​ដែល​បងប្អូន​ពុំ​ស្គាល់ និង​ដែល​ហាក់​ដូចជា​មិន​ចង់​បាន​ក្ដីស្រឡាញ់ ឬ​ការ​បម្រើ​របស់​បងប្អូន ឬ​ជា​ឪពុក​ម្នា​ក់​ដែល​ស្គាល់​បងប្អូន​ថា​បាន​ធ្វើ​ជា​អធិបតី​លើ​គេហដ្ឋាន​របស់​បងប្អូន​ដោយ​សេចក្ដី​សុចរិត​ក្ដី ប្រហែល​ជា​បងប្អូន​មិន​ច្បាស់​ពី​របៀប​ធ្វើ​វា ហើយ​ពេល​វេលា​ហាក់ដូចជា​កន្លងទៅ​យ៉ាង​លឿន ដោយសារ​កូនៗ​បាន​ធំ​ឡើង​យ៉ាង​ឆាប់ ហើយ​ពិភពលោក​ហាក់​ដូចជា​ឃោរឃៅ និង សាហាវ ។

ដូច្នេះ​បើ​បងប្អូន​មាន​អារម្មណ៍​លំបាក​ពន់ពេក ចូរ​ទទួល​យក​រឿង​នោះ​ថា​ជា​ទីសម្គាល់​ល្អ​មួយ ។ វា​បង្ហាញ​ថា បងប្អូន​អាច​ញាណ​ដឹង​ពី​ទំហំ​នៃ​ការ​ទុក​ព្រះទ័យ​ដែល​ព្រះ​មាន​ចំពោះ​បងប្អូន ។ វា​មានន័យ​ថា​បងប្អូន​មាន​ការ​យល់​ដឹង​តិច​អំពី​អ្វី​ដែល​ជា​បព្វជិតភាព ។

មាន​មនុស្ស​តិច​តួច​ណាស់ ក្នុង​ពិភពលោក​នេះ​ដែល​មាន​ការ​យល់​ដឹង​នោះ ។ ទោះជា​បងប្អូន​ដែ​ល​អាច​សូត្រ​និយមន័យ​វា​បាន​ត្រឹមត្រូវ ក៏​អាច​នឹង​មិន​យល់​អំពី​វា​យ៉ាង​ច្បាស់​ដែរ ។ បទគម្ពីរ​មួយ​ចំនួន​ប្រាប់​ថា តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​ដែល​ពួកគេ​មាន នោះ​ពួកគេ​អាច​យល់​កាន់តែ​ច្បាស់​អំពី​បព្វជិតភាព​ដ៏​បរិសុទ្ធ ។ នេះ​គឺ​ជា​ពាក្យ​ពេចន៍​ដែល​មាន​នៅ​ក្នុង​ការ​ប្រកាស​នោះ ៖

«អំណាច និង​សិទ្ធ​អំណាច​នៃ … បព្វជិតភាព​មិលគីស្សាដែក គឺ​ត្រូវ​កាន់​កូនសោ​ទាំងឡាយ​នៃ​អស់​ទាំង ព្រះ​ពរ​ខាង​វិញ្ញាណ នៅក្នុង​សាសនាចក្រ—

« ដើម្បី​មាន​ឯកសិទ្ធិ​ក្នុង​ការ​ទទួល​យក​សេចក្ដី​អាថ៌​កំបាំង​ទាំងឡាយ​នៃ​នគរ​ស្ថាន​សួគ៌ ដើម្បី​ឲ្យ​ស្ថាន​សួគ៌​បាន​បើក​ចំហ​ចំពោះ​ពួកគេ ដើម្បី​ទាក់​ទង​ជាមួយ​នឹង​ជំនុំ​ទូទៅ និង​សាសនាចក្រ​នៃ​កូន​ច្បង ហើយ​ដើម្បី​ត្រេក​អរ​ចំពោះ​សេចក្ដី​រួប​រួម​គ្នា និង​វត្ត​មាន​នៃ​ព្រះ​ដ៏​ជា​ព្រះវរ​បិតា និង​ព្រះយេស៊ូវ​ដ៏​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​ថ្មី ។

« អំណាច និង​សិទ្ធ​អំណាច​នៃ … បព្វជិតភាព​អើរ៉ុន គឺ​ត្រូវ​កាន់​កូនសោ​ទាំងឡាយ​នៃ​ការងារ​បម្រើ​របស់​ពួក​ទេវតា » (គ. និង​ស. ១០៧:១៨-២០) ។

« នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំងឡាយ [នៃ​បព្វជិតភាព] នោះ អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ ។…

« ដ្បិត​បើ​សិន​ជា​គ្មាន​ការណ៍​នេះ​ទេ នោះ​គ្មាន​មនុស្ស​ណា​មួយ អាច​មើល​ឃើញ​ព្រះ​ភក្ត្រ​នៃ​ព្រះ គឺ​ព្រះ​វរបិតា ហើយ​រស់​នៅ​បាន​ឡើយ » (គ. និង​ស. ៨៤:២០, ២២) ។

« បព្វជិតភាព​ជាន់ខ្ពស់​នេះ [គឺ] តាម​របៀប​នៃ​ព្រះរាជ​បុត្រា [​របស់​ព្រះ] គឺជា​របៀប​ចាប់​តាំង​ពី​កំណើត​លោកិយ​មក ឬ​និយាយ​ម្យ៉ាង​ទៀត គឺ​គ្មាន​ថ្ងៃ​ចាប់​ផ្ដើម ឬ​ឆ្នាំ​បញ្ចប់​ឡើយ គឺ​បាន​រៀបចំ​ពី​ភាព​អស់​ទាំង​កល្ប​ជានិច្ច ទៅ​អស់​ទាំង​ភាព​អស់កល្ប​ជានិច្ច ស្រប​តាម​បុព្វវិជ្ជា​របស់​ទ្រង់ លើ​ការណ៍​ទាំង​អស់ » ( អាលម៉ា ១៣:៧ ) ។

« មនុស្ស​គ្រប់​រូប​ត្រូវ​បាន​តែងតាំង​តាម​របៀប និង​ការ​ហៅ នោះ​គប្បី​មាន​អំណាច​ដោយសារ​សេចក្ដី​ជំនឿ​ដើម្បី​បំបាក់​ភ្នំ​ទាំងឡាយ ដើម្បី​ញែក​ទឹក​សមុទ្រ ដើម្បី​ធ្វើ​ឲ្យ​ទឹក​រីងស្ងួត ដើម្បី​បំបែរ​ដំណើរ​ទឹក​ចេញ​ពីផ្លូវ​វា

« ដើម្បី​ទប់ទល់​ពួក​ពលទ័ព​នៃ​សាសន៍​ទាំងឡាយ ដើម្បី​ចែក​ផែនដី​ដើម្បី​បំបាក់​ចំណង​គ្រប់​មុខ​ដើម្បី​ឈរ​នៅ​ក្នុង​វត្តមាន​នៃ​ព្រះ ដើម្បី​ធ្វើ​គ្រប់​អ្វីៗ​ទាំងអស់ ស្របតាម​ព្រះហឬទ័យ​របស់​ទ្រង់ ស្រប​តាម​ព្រះ​បញ្ញត្តិ​របស់​ទ្រង់ ដើម្បី​មាន​អំណាច​លើ​ក្សត្រ​បុរី និង​អំណាច​ទាំងឡាយ ហើយ​នេះ គឺ​ដោយសារ​ព្រះហឬទ័យ​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​មាន​តាំង​ពី​មុន​កំណើត​លោកិយ​មក​ម្ល៉េះ » ( ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:៣០-៣១ [នៅក្នុង​ឧបសម្ព័ន្ធ​ព្រះគម្ពីរ​ប៊ីប]) ។

របៀប​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ពិពណ៌នា​ដ៏​បំផុស​គំនិត​អស្ចារ្យ​នៃ​អំណាច​បព្វជិតភាព​គឺ​សន្មត់​ថា​វា​មិន​អនុវត្ត​ចំពោះ​យើង ។ របៀប​មួយ​ទៀត​ដើម្បី​ឆ្លើយ​តប​គឺ​ដោយ​សំណួរ​ស្រាវជ្រាវ​ក្នុង​ព្រលឹង សួរ​នៅក្នុង​ដួងចិត្ត​យើង​ផ្ទាល់ ថា តើ​ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​ថា​ស្ថានសួគ៌​បាន​បើក​ឡើង​ចំពោះ​ខ្ញុំ​ឬទេ ? តើ​មាន​នរណា​ម្នាក់​នឹង​ប្រើ​ឃ្លា « ការ​បម្រើ​នៃ​ពួក​ទេវតា » ដើម្បី​ពិពណ៌នា​អំពី​ការ​បម្រើ​បព្វជិតភាព​ឬទេ ? តើ​ខ្ញុំ​បាននាំ « អំណាច​នៃ​ព្រះ » ចូល​មក​ក្នុង​ជីវិត​នៃ​អស់​អ្នក​ដែល​ខ្ញុំ​បម្រើ​ឬទេ ? តើ​ខ្ញុំ​ធ្លាប់​បំបែក​ភ្នំ ទប់​ទល់​ពួក​ពលទ័ព ផ្ដាច់​ចំណង​នរណា​ម្នាក់ ឬ​ឈ្នះ​អំណាច​លោកិយ—ទោះ​ជា​វា​គឺជា​ប្រៀប​ធៀប​ក្ដី—​ដើម្បី​សម្រេច​តាម​ព្រះទ័យ​របស់​ព្រះ​ឬទេ ?

ការ​វាយ​តម្លៃ​ក្នុង​ខ្លួន​ដូចនេះ តែងតែ​នាំ​មក​នូវ​អារម្មណ៍​មួយថា​យើងអាច​បម្រើ​ព្រះអម្ចាស់​កាន់តែ​ច្រើន ។ ខ្ញុំ​សង្ឃឹម​ថា​វា​ក៏​នាំ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​ចង់​ធ្វើ​ឲ្យ​បាន​កាន់​តែ​ច្រើន—ព្រមទាំង​ចូល​រួម​កាន់​តែ​ពេញ​លេញ​នៅក្នុង​កិច្ចការ​ប្រកប​ដោយ​អព្ភូតហេតុ​របស់​ព្រះអម្ចាស់ ។ អារម្មណ៍​ដូច្នេះ​គឺជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅកាន់​ការ​ប្រែក្លាយ​ជា​ប្រភេទ​មនុស្ស ដែល​ការបម្រើ​បព្វជិតភាព​ចង់​បង្កើត​ឲ្យ​មាន ។

ជំហាន​បន្ទាប់ ត្រូវ​បាន​ពិពណ៌នា​ជា​ទំនាក់​ទំនង​រវាង​ព្រះយេហូវ៉ា និង​ហេណុក ។ យើង​ស្គាល់​ហេណុក គឺជា​ព្យាការី​ដ៏​អស្ចារ្យ​ម្នាក់ ដែល​បាន​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​នៅ​កណ្ដាល​សេចក្ដីទុច្ចរិត​ដ៏​ធំ ។ ប៉ុន្តែ​ពី​មុន​គាត់​ជា​ព្យាការី​ដ៏អស្ចារ្យ​ម្នាក់ ហេណុក បានឃើញ​ខ្លួន​ឯង​ថា​ជា « …កូនក្មេង មិន​សូវ​មាន​វោហារ» ហើយ​ត្រូវ​គេ​ស្អប់ (ម៉ូសេ ៦:៣១) ។ សូម​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ប្រើ​លើក​ទឹកចិត្ត​ដល់​ហេណុក ។ ព្រះបន្ទូល​ទាំងនោះ​ក៏​ជា​ព្រះបន្ទូល​របស់​ទ្រង់​មក​កាន់​បងប្អូន​ដែល​បាន​ហៅ​ឲ្យ​បម្រើ​ដល់​អ្នកដទៃ​ក្នុង​នាមជា​អ្នក​កាន់​បព្វជិតភាព​ផងដែរ ៖

« ហើយ​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក​ថា ៖ ចូរ​ទៅ ហើយ​ធ្វើ​ដូច​ដែល​យើង​បាន​បញ្ជា​ដល់​អ្នក​ចុះ ហើយគ្មាន​នរណា​នឹង​ចាក់​ទំលុះ​អ្នកឡើយ ។ ចូរ​បើក​មាត់​អ្នក ហើយ​មាត់​នោះ​នឹង​បាន​ពោរពេញ ហើយ​យើង​នឹង​ប្រទាន​សម្ដី​ដល់​អ្នក​ដ្បិតគ្រប់​សាច់​ទាំងអស់​នៅក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ ហើយ​យើង​នឹង​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ឃើញ​ថា​ល្អ​ដល់​យើង ។…

« មើលចុះ ព្រះវិញ្ញាណ​របស់​យើង​កំពុង​តែ​ស្ថិត​នៅលើ​អ្នក ហេតុដូច្នេះ​ហើយ គ្រប់​អស់​ទាំង​ពាក្យ​សម្ដី​របស់​អ្នក យើង​នឹង​រាប់​ជា​សុចរិត ហើយ​ភ្នំ​ទាំងឡាយ នឹង​គេច​ចេញ​ពី​មុខ​អ្នក ហើយ​ទន្លេ​ទាំងឡាយ នឹង​បែរចេញ​ពី​ដំណើរ​វា ហើយ​អ្នក​នឹង​នៅ​ក្នុង​យើង ហើយ​យើង​ក្នុង​អ្នក ហេតុដូច្នោះ​ហើយ ចូរ​ដើរ​ជា​មួយ​នឹង​យើង​ចុះ » ( ម៉ូសេ ៦:៣២, ៣៤ ) ។

បងប្អូនប្រុស ការ​តែង​តាំង​បព្វជិតភាព​របស់​យើង គឺជា​ការ​អញ្ជើញ​មួយ​មកពី​ព្រះអម្ចាស់​ឲ្យ​ដើរ​ជាមួយ​នឹង​ទ្រង់ ។ តើ​វា​មាន​ន័យ​យ៉ាងណា​ដើម្បីដើរ​ជាមួយ​នឹង​ព្រះអម្ចាស់ ? វា​មាន​ន័យ​ថា ធ្វើអ្វី​ដែល​ទ្រង់​ធ្វើ បម្រើ​ដូច​ដែល​ទ្រង់​បម្រើ ។ ទ្រង់​បាន​លះបង់​ភាពស្រណុក​របស់​ព្រះអង្គ​ទ្រង់​ដើម្បី​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​ខ្វះខាត នោះ​ជា​អ្វី​ដែល​យើង​ព្យាយាម​ធ្វើ ។ ទ្រង់​ហាក់​ដូចជា​កត់សម្គាល់​ជា​ពិសេស​ចំពោះ​មនុស្ស​ដែល​ត្រូវ​គេ​មើល​រំលង ហើយ​សង្គម​មិន​ទទួល​ស្គាល់ ដូច្នេះ​យើង​ព្យាយាម​ធ្វើ​ដូច​នោះ​ដែរ ។ ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​អង់អាច ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់​អំពី​គោលលទ្ធិ​ពិត​ដែល​ទ្រង់​បាន​ទទួល​មកពី​ព្រះបិតា​ទ្រង់ ទោះ​ជា​វា​ពុំ​មាន​ប្រជា​ប្រិយ​ភាព​ក្ដី នោះ​ជាអ្វី​យើង​ត្រូវតែ​ធ្វើ ។ ទ្រង់​មាន​បន្ទូល​ដល់​មនុស្ស​ទាំងអស់​ថា « ចូរ​មក​ឯ​ខ្ញុំ » ( ម៉ាថាយ ១១:២៨ ) ហើយ​យើង​និយាយ​ទៅ​កាន់​មនុស្ស​ទាំង​អស់​ថា « ចូរ​មក​រក​ទ្រង់ » ។ ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព យើង​គឺជា​អ្នក​តំណាង​ឲ្យ​ទ្រង់ ។ យើង​ពុំ​ធ្វើ​សម្រាប់​ខ្លួន​ឯង​ទេ ប៉ុន្តែ​សម្រាប់​ទ្រង់ ។ យើង​ពុំ​និយាយ​ពាក្យ​សម្ដី​ខ្លួន​ឯង​ទេ ប៉ុន្តែ​ថ្លែង​ព្រះបន្ទូល​ទ្រង់ ។ មនុស្ស​ដែល​យើង​បម្រើ មក​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់​ដោយសារ​តែ​ការ​បម្រើ​របស់​យើង ។

ដរាបណា​យើង​ទទួល​យក​ការ​អញ្ជើញ​របស់​ទ្រង់ឲ្យ « ដើរ​ជាមួយ​យើង » នោះ​ធម្មជាតិ​នៃ​ការ​បម្រើ​បព្វជិតភាព​របស់​យើង​ផ្លាស់ប្ដូរ ។ អ្វីៗ​ទាំងអស់​នឹង​បាន​កាន់តែ​ខ្ពង់ខ្ពស់ និង​កាន់​តែ​ថ្លៃថ្នូរ ប៉ុន្តែ​កាន់តែ​អាច​សម្រេច​បាន​ផងដែរ ដោយសារ​តែ​យើង​ដឹង​ថា យើង​ពុំ​នៅ​ឯកោ ។ ខ្ញុំ​ដឹង​រឿង​នេះ​យ៉ាង​មាន​អានុភាព​បំផុត នៅពេល​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ដាក់ដៃ​របស់​លោក​លើ​ក្បាល​ខ្ញុំ​កាល​ពី​ប្រាំ​បួន​ឆ្នាំ​កន្លង​ទៅ ហើយ​ប្រសិទ្ធពរ​ដល់​ខ្ញុំ នៅពេល​ខ្ញុំ​ចាប់​ផ្ដើម​ការ​បម្រើ​របស់​ខ្ញុំ​នៅ​ក្នុង​ការ​ហៅ​បច្ចុប្បន្ន​នេះ ។ នៅក្នុង​ការ​ប្រសិទ្ធពរ​នោះ លោក​បាន​ថ្លែង​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ទាំងនេះ​ថា ៖ « ហើយ​អស់​អ្នក​ណា​ដែល​ទទួល​អ្នក នោះ​យើង​ក៏​នឹង​នៅ​ទី​នោះ​ដែរ ដ្បិត​យើង​នឹង​ទៅ​ពីមុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតារបស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គ. និង ស. ៨៤:៨៨ ) ។

ខ្ញុំ​បាន​ពឹង​ផ្អែក​លើ​ការ​សន្យា​នោះ​ជា​ច្រើន​គ្រា ហើយ​ខ្ញុំ​បាន​ឃើញ​ថា​ការសន្យា​នោះ​បាន​បំពេញ​តាម​របៀប​ជាច្រើន​នៅក្នុង​ការ​បម្រើ​បព្វជិតភាព​អស់​រយៈពេល ៧២ ឆ្នាំ​របស់​ខ្ញុំ​នេះ ។ វា​បាន​កើត​ឡើង​កាល​ខ្ញុំ​ជា​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ថ្មី​ម្នាក់ ដែល​មាន​ការ​ចាត់​តាំង​ឲ្យ​ចែក​សាក្រាម៉ង់ ។ ដោយ​ភ័យ​ខ្លាច​ថា​ខ្ញុំ​ធ្វើ​កំហុស នោះ​ខ្ញុំ​បាន​ចេញ​ទៅ​ក្រៅ​រោង​ថ្វាយ​បង្គំ ពីមុន​ការ​ប្រជុំ​ចាប់​ផ្ដើម ហើយ​បាន​អធិស្ឋាន​ដោយ​អស់ពី​ចិត្ត​សូម​ឲ្យ​ព្រះ​ជួយ​ខ្ញុំ ។ ខ្ញុំ​ក៏បាន​ទទួល​ចម្លើយ ។ ខ្ញុំ​បាន​ដឹង​ថា ព្រះអម្ចាស់​គង់​នៅ​ជាមួយ​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​ទ្រង់ទុក​ព្រះទ័យ​លើ​ខ្ញុំ ដូច្នោះ​ខ្ញុំ​មានទំនុក​ចិត្ត​នៅក្នុង​ចំណែក​របស់​ខ្ញុំ​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។

វា​បាន​កើត​ឡើង​ម្ដងទៀត​នៅពេល​ខ្ញុំ​កំពុង​បម្រើ​ជា​ប៊ីស្សព ។ ខ្ញុំ​បាន​ទទួល​ទូរសព្ទ​មួយ​មកពី​ស្ត្រី​ម្នាក់​ដែល​បាន​ធ្វើ​កំហុស​ធ្ងន់ធ្ងរ ហើយ​ឥឡូវ​កំពុង​ប្រឈម​មុខ​នឹង​ការ​សម្រេចចិត្ត​ដ៏​ពិបាក​មួយ​ដែល​ផ្លាស់​ប្ដូរ​ជីវិត ។ នៅពេល​ខ្ញុំ​ទៅ​ជួប​គាត់ ខ្ញុំ​បានដឹង​ថា​ខ្ញុំ​ដឹង​ពី​ចម្លើយ​ចំពោះ​បញ្ហា​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ដឹង​យ៉ាង​ខ្លាំង​ផងដែរ​ថា ខ្ញុំ​ពុំ​គួរ​ប្រាប់​ចម្លើយ​នោះ​ដល់​គាត់ទេ—គាត់​ចាំបាច់​ត្រូវ​ទទួល​បាន​វា​ដោយ​ខ្លួន​គាត់ ។ ពាក្យ​សម្ដី​របស់​ខ្ញុំ​ចំពោះ​គាត់ គឺ « ខ្ញុំ​ជឿ​ថា​ព្រះ​នឹង​ប្រាប់​បងស្រី​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ បើបងស្រី​នឹងទូលសូមដល់​ទ្រង់ » ។ ក្រោយមក គាត់​បាន​ប្រាប់​ថា គាត់​បាន​ធ្វើ​ដូចជា​ទ្រង់​បាន​ប្រាប់​ឲ្យ​គាត់​ធ្វើ ។

ស្ថានភាព​មួយ​ទៀត មាន​ទូរសព្ទ​មួយ​ទៀត​បាន​ហៅ​មក គ្រា​នេះ​មក​ពី​ប៉ូលីស​ម្ដង ។ គេ​ប្រាប់​ខ្ញុំ​ថា មាន​អ្នក​បើក​ឡាន​ស្រវឹង​ស្រា​ម្នាក់ បាន​បើក​ឡាន​របស់​គាត់​បុក​ចូល​ទៅ​ក្នុង​កន្លែង​ទទួល​ភ្ញៀវ​ក្នុង​ធនាគារ​មួយ ។ នៅពេល​អ្នក​បើក​ឡាន​វិលវល់​នោះ​បាន​ឃើញ​សន្ដិសុខ​មាន​អាវុធភ្ជង់​គាត់ គាត់​បាន​និយាយ​ថា « កុំ​បាញ់​! » ខ្ញុំ​ជា​ពួក​មរមន ! »

អ្នក​បើក​ឡាន​ស្រវឹង​នោះ ត្រូវ​បាន​រក​ឃើញ​ថា​ជា​សមាជិក​នៃ​វួដ​របស់​ខ្ញុំ ដែល​បាន​ជ្រមុជទឹក​ថ្មីៗ ។ នៅពេល​ខ្ញុំ​រង់ចាំ​និយាយ​នឹង​គាត់​នៅក្នុង​ការិយាល័ហ​របស់​ប៊ីស្សព ខ្ញុំ​បាន​រៀបចំ​ថា​ត្រូវ​និយាយ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​គាត់​មា​នអារម្មណ៍​សោកស្ដាយ​ចំពោះ​ការល្មើស​សេចក្ដីសញ្ញា ហើយ​បាន​ធ្វើ​ឲ្យ​សាសនាចក្រ​ត្រូវ​អាម៉ាស់ ។ ប៉ុន្តែ​នៅពេល​ខ្ញុំ​អង្គុយ​ចុះ​មើល​ទៅ​គាត់ ខ្ញុំ​ស្ដាប់​ឮ​សំឡេង​មួយ​ក្នុង​ចិត្ត​ថា « យើង​នឹង​ឲ្យ​អ្នក​មើល​ទៅ​គាត់ ដូចជា​យើង​មើល​ទៅ​គាត់​ដែរ » ។ មួយ​សន្ទុះ​ក្រោយ​មក រូបរាង​ទាំងមូល​របស់​គាត់​បាន​ផ្លាស់ប្ដូរ ។ ខ្ញុំ​មើល​ទៅគាត់​ពុំ​មែន​ជា​យុវជន​វិលវល់​នោះទេ ប៉ុន្តែ​មើល​ឃើញ​គាត់​ថា​ជា​បុត្រា​ដ៏​ស្អាត ស្រស់​ស្រាយ និង​ថ្លៃ​ថ្នូរ​របស់​ព្រះ ។រំពេច​នោះ ខ្ញុំ​មាន​អារម្មណ៍​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​មាន​ចំពោះ​គាត់ ។ ទស្សនៈវិស័យ​នោះ​បាន​ផ្លាស់​ប្ដូរ​ការ​សន្ទនា​របស់​យើង ។ វា​ក៏បាន​ផ្លាស់ប្ដូរ​ខ្ញុំ​ផង​ដែរ ។

ខ្ញុំ​បាន​រៀន​មេរៀន​សំខាន់​ៗ​មកពី​បទពិសោធន៍​នៃ​ការ​ដើរ​ជាមួយ​ព្រះអម្ចាស់​ក្នុងការ​ធ្វើ​កិច្ចការ​របស់​ទ្រង់​ទាំង​នេះ ។ ខ្ញុំ​ចង់​ចែកចាយ​នឹង​បងប្អូន​នូវ​បទពិសោធន៍​ចំនួន​បី ។ ទីមួយ គឺ​ថា​ព្រះ​កត់សម្គាល់ ហើយ​ទ្រង់​នឹង​គាំទ្រសូម្បី​តែ​ឌីកុន​ថ្មីបំផុត និង​ក្មេង​បំផុត ។ បងប្អូន​ពុំ​ចាំបាច់​មាន​អារម្មណ៍​ថា បងប្អូន​តូច​ពេក ឬ​មិន​សំខាន់​នឹង​ឲ្យ​ទ្រង់​កត់​សម្គាល់​បងប្អូន ឬ​កត់សម្គាល់​ការ​បម្រើ​ដែល​បងប្អូន​បាន​ធ្វើ​ក្នុង​ព្រះ​នាម​ទ្រង់​នោះ​ទេ ។

មេរៀន​ទីពីរ គឺ​ថា កិច្ចការ​របស់​ព្រះអម្ចាស់​ពុំ​គ្រាន់តែ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះទេ វា​គឺ​ដើម្បី​ស្ថាបនា​មនុស្ស ។ ដូច្នេះ​នៅ​ពេល​បងប្អូន​ដើរ​ជាមួយ​ទ្រង់​នៅក្នុង​ការ​បម្រើ​បព្វជិតភាព បងប្អូន​អាច​រកឃើញ​ថា ពេល​ខ្លះ​អ្វី​ដែល​មើល​ទៅ​ហាក់​ដូចជា​ជា​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ពុំ​មែន​ជា​ដំណោះស្រាយ​ដែល​ព្រះអម្ចាស់​ចង់​បាន​នោះទេ ដោយសារ​តែ​វា​ពុំ​អនុញ្ញាត​ឲ្យ​មនុស្ស​រីកចម្រើន ។ បើ​បងប្អូន​ស្ដាប់ ទ្រង់​នឹង​បង្រៀន​បងប្អូន​តាម​របៀប​របស់​ទ្រង់ ។ សូម​ចាំ​ថា កិច្ចការ និង​សិរីល្អ​របស់​ព្រះ គឺ​ពុំគ្រាន់​តែ​ជា​ការ​ធ្វើឲ្យ​អង្គភាព​ឲ្យ​មាន​ដំណើរ​ការ​ដ៏មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះទេ វា​គឺ​ដើម្បី « នាំ​ឲ្យ​មាន​អមតភាព និងជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ បន្ទាប់មក នេះ​គឺជា​មូលហេតុ​ដែល​ទ្រង់​ប្រទាន​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​ទ្រង់​ដល់​មនុស្ស​រមែង​ស្លាប់​ដែល​មាន​កំហុស​ដូចជា​បងប្អូន និង​ខ្ញុំ ហើយ​អញ្ជើញ​ពួក​យើង​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។ ការ​រីក​ចម្រើន​របស់​យើង​គឺ​ជា​កិច្ចការ​របស់​ទ្រង់ !

ឥឡូវ​មេរៀន​ទីបី ៖ ការ​ដើរ​ជាមួយ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ការ​បម្រើ​បព្វជិតភាព នឹង​ផ្លាស់​ប្ដូរ​របៀប​ដែល​បងប្អូន​មើល​ទៅ​អ្នកដទៃ ។​ ទ្រង់​នឹង​បង្រៀន​បងប្អូន​ឲ្យ​មើល​ទៅ​ពួកគេ​តាម​ព្រះនេត្រ​របស់ទ្រង់ ដែល​មាន​ន័យ​ថា ជា​ការ​មើល​ហួស​ពី​រូបរាង​ខាង​ក្រៅ ឲ្យ​មើល​ទៅ​ក្នុងដួងចិត្ត ( សូមមើលសាំយូអែលទី ១ ១៦:៧ ) ។ នេះ​គឺជា​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ទត​មើល​ឃើញ​ស៊ីម៉ូន​ពុំ​គ្រាន់តែ​ជា​អ្នក​នេសាទ ប៉ុន្តែ​មើល​ពេត្រុស​ថា​ជា​អ្នកដឹកនាំ​ក្នុង​សាសនាចក្រ​របស់​ទ្រង់​ដ៏​រឹងមាំ ( សូមមើល​លូកា ៥:១-១១ ) ។ នេះ​គឺជា​របៀប​ដែល​ទ្រង់​អាច​ទត​មើលទៅ សេខា​ថា​ពុំ​មែន​ជា​អ្នក​យក​ពន្ធ​ពុក​រលួយ​ដូច​ដែល​អ្នកដទៃ​បាន​ឃើញ​ទេ ប៉ុន្តែ​ជា​បុត្រា​របស់​អ័ប្រាហាំ​រុងរឿង និង​ថ្លៃថ្នូរ ( សូមមើល​លូកា ១៩:១-៩ ) ។ ប្រសិន​បើ​បងប្អូន​ដើរ​ជា​មួយ​ព្រះអង្គ​សង្គ្រោះ​បាន​យូរ​ល្មម​នោះ បងប្អូន​នឹង​រៀន​មើល​ទៅ​នរណា​ម្នាក់​ថា​ជា​កូន​របស់​ព្រះ​ដែល​មាន​សក្ដានុពល​ឥត​ព្រំដែន ទោះជា​អតីតកាល​របស់​គាត់​ឬ​នាង​យ៉ាង​ណា​ក្ដី ។ ហើយ​ប្រសិន​បើ​បងប្អូន​បន្ដ​ដើរ​ជាមួយ​ព្រះអង្គ​សង្គ្រោះ នោះ​បងប្អូន​នឹង​អភិវឌ្ឍ​អំណោយទាន​ផ្សេងទៀត​ដែល​ទ្រង់​មាន—និង​លទ្ធភាព​ដើម្បី​ជួយ​មនុស្ស​ដែល​មើល​ឃើញ​សក្ដានុពល​នោះ​នៅក្នុង​ខ្លួន​ពួកគេ ហើយ​ប្រែចិត្ត​ពិត ។

បងប្អូន​ប្រុស​នៃ​បព្វជិតភាព​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ យើង​គឺ​ដូចជា​ពួកសិស្ស​ពីរនាក់​ដែល​ដើរ​លើ​ផ្លូវ​ទៅ​ក្រុង​អេម៉ោស​នៅ​ថ្ងៃ​អាទិត្យ​បុណ្យអ៊ីស្ទើរ​ដំបូង​តាម​របៀប​ជា​ច្រើន ។ វា​គឺជា​ព្រឹក​នៃ​ការ​រស់ឡើងវិញ ប៉ុន្តែ​ពួកគេ​ពុំ​ទាន់​បាន​ដឹង​ថា​មានការ​រស់ឡើង​វិញ​ពិត ឬ​ដឹង​ពី​អត្ថន័យ​នៃការ​រស់​ឡើង​វិញ​ជា​យ៉ាង​ណា​ទេ ។ ពួកគេ បាន​« ទុក​ចិត្ត​ថា [ព្រះយេស៊ូវ​នៃ​ណាសារ៉ែត] នឹង​ប្រោសលោះ​សាសន៍​អ៊ីស្រាអែល » ប៉ុន្តែ​ពួកគេ « ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្តី » គ្រប់យ៉ាង​ដែល​ព្រះគម្ពីរ​បាន​បង្រៀន​អំពី​ការ​រស់​ឡើង​វិញ​ណាស់ ។ នៅពេល​ពួកគេ​ដើរ​នៅ​តាម​ផ្លូវ ហើយ​ព្យាយាម​រក​ហេតុផល​ជាមួយ​គ្នា នោះ « ព្រះយេស៊ូវ​ក៏​ចូល​មក យាង​ជាមួយ​នឹង​គេ​ដែរ » ។ តែ ភ្នែក គេ ត្រូវ ថ្ពឹន មិន ឲ្យ ស្គាល់ ទ្រង់ ទេ » ។ ( សូមមើល លូកា ២៤:១៣-៣២ ) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ដើរ​នៅលើ​ផ្លូវ​នៃការ​បម្រើ​បព្វជិតភាព នោះ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ នឹង​យាង​ជាមួយ​ពួក​យើង ដ្បិត​វា​គឺជា​មាគ៌ា​និង​របៀប​របស់​ទ្រង់ ។ ពន្លឺ​របស់​ទ្រង់​ជះ​នៅ​ពីមុខ​យើង ហើយ​ពួក​ទេវតា​របស់​ទ្រង់​នឹង​នៅ​ព័ទ្ធ​ជុំវិញ​ពួក​យើង ។ យើង​អាច​នឹង​ខ្វះ​ការ​យល់​ដឹង​ពេញ​លេញ​ពី​អ្វី​ជា​បព្វជិតភាព ឬ​របៀប​អនុវត្ត​វា​ដូចជា​ទ្រង់ ។ ប៉ុន្តែ​ប្រសិន​បើ​យើង​យកចិត្ត​ទុកដាក់​ឲ្យ​ខ្លាំង​ចំពោះ​គ្រា​ទាំងនោះ​ដែល​ដួងចិត្ត​របស់​យើង « មាន​សេចក្តី​ខ្មួលខ្មាញ់​នៅ​ក្នុង​ចិត្ត » ( លូកា ២៤:៣២ ) នោះ​ភ្នែក​របស់​យើង​អាច​បើក​ឡើង ហើយ​យើង​នឹង​មើល​ឃើញ​ព្រះហស្ត​របស់​ទ្រង់​នៅក្នុង​ជីវិត និង​ការ​បម្រើ​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​មក​ស្គាល់​ទ្រង់​ច្បាស់​បំផុត​តាមរយៈ​ការ​ធ្វើការ​ជាមួយ​ទ្រង់ និងការ​បម្រើ​ទ្រង់​នៅក្នុង​កិច្ចការ​ដ៏​មហិមា​នៃ​ការ​នាំ​សេចក្ដី​សង្គ្រោះ​ដល់​កូន​ចៅ​របស់​ព្រះ ។ « ដ្បិត​តើ​មនុស្ស​នឹង​ស្គាល់​ចៅហ្វាយ ដែល​ខ្លួន​ពុំ​ដែល​បាន​បម្រើ​នោះ ហើយ​ដែល​ជា​អ្នក​ចម្លែក​ចំពោះ​មនុស្ស​នោះ ហើយ​នៅ​ឆ្ងាយ​ពី​សតិ​អារម្មណ៍ និង​បំណង​នៃ​ដួងចិត្ត​ខ្លួន​ដូច​ម្ដេច​បាន ? » ( ម៉ូសាយ ៥:១៣ ) ។ ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ចៅហ្វាយ​របស់​យើង ។ នេះ​គឺជា​សាសនាចក្រ​ទ្រង់ ។ បព្វជិតភាព​ដែល​យើង​កាន់​គឺជា​បព្វជិតភាព​របស់​ទ្រង់ ។ សូម​ឲ្យ​យើង​ម្នាក់ៗ​ដើរ​ជាមួយ​ទ្រង់ ហើយ​ទទួល​ស្គាល់​របៀប​ដែល​ទ្រង់​យាង​ជាមួយ​ពួកគេ ។

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​យើង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ថា បព្វជិតភាព ដែល​ទ្រង់​បាន​ទុក​ព្រះទ័យ​ប្រគល់​ឲ្យ​យើង គឺជា​អំណាច​ដើម្បី​និយាយ និង​ធ្វើ​កិច្ចការ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។ យើង​គឺជា​កូនចៅ​របស់​ព្រះវរបិតា​សួគ៌​ជា​ទីស្រឡាញ់ ដែល​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ហើយ​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​ពង្រឹង​ដល់​យើង​នៅ​គ្រប់​ការ​ទទួល​ខុស​ត្រូវ​បព្វជិតភាព ដែល​យើង​មាន​ពរ​ទទួល​បាន​នោះ ។ យ៉ូសែប ស៊្មីធ បាន​ឃើញ​ព្រះបិតា និង​ព្រះរាជបុត្រា ។ លោក​បាន​ទទួល​កូនសោ​នៃ​បព្វជិតភាព​ដែល​ត្រូវ​បាន​ប្រគល់​តៗ​គ្នា​មក​ដល់​ប្រធាន​ថូម៉ាស អេស ម៉នសុន ដែល​អនុវត្ត​សព្វថ្ងៃ​នេះ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។