ឆ្នាំ ២០១០-២០១៩
ទ្រង់​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ
ខែ មេសា ឆ្នាំ ២០១៧


ទ្រង់​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ

ពេល​យើង​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​« [ ព្រះ ] ប្រាប់​ឲ្យ​យើង​ធ្វើ » នោះ​យើង​តាំង​ចិត្ត​ដោយ​ស្មោះ​សរ​ដើម្បី​ធ្វើ​ឲ្យ​ឥរិយាបថ​របស់​យើង​រាល់ថ្ងៃ​ស្រប​តាម​ព្រះទ័យ​របស់​ព្រះ ។

ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អព្ភូតហេតុ​ដំបូង​របស់​ទ្រង់​ដែល​បាន​កត់ត្រា​ទុក នៅ​ឯ​ពិធី​មង្គលការ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ ។ ម៉ារា​ជាមាតា​ទ្រង់ និង​ពួក​សិស្ស​របស់​ទ្រង់​បាន​នៅ​ទី​នោះដែរ ។ តាម​មើល ម៉ារា​មាន​អារម្មណ៍​ថា​គាត់​គួរ​ទទួល​ខុសត្រូវ​ខ្លះៗ ដើម្បី​ធ្វើ​ឲ្យ​ពិធី​នោះ​បាន​ជោគជ័យ ។ នៅ​ក្នុង​ពិធី​នោះ មាន​បញ្ហា​មួយ​បាន​កើត​ឡើង—អ្នក​រៀបចំ​ពិធី​នោះ​បាន​អស់​ស្រា ។ ម៉ារា​មាន​ចិត្ត​ខ្វល់ខ្វាយ ហើយ​បាន​ទៅ​រក​ព្រះយេស៊ូវ ។ ទ្រង់ និង​ម៉ារា​បាន​ជជែក​គ្នា​មួយ​ភ្លែត រួច​ម៉ារា​ក៏​ប្រាប់​ទៅ​ពួក​អ្នក​បម្រើ​ថា ៖

« លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ ។

« រីឯ​នៅ​ទី​នោះ មាន​ពាង​ថ្ម​ប្រាំមួយ ។ … [ ពាង​ទាំងនេះ​ពុំ​បាន​ប្រើ​ដាក់​ទឹក​ទុក​ផឹក​នៅ​ឡើយ​ទេ ប៉ុន្តែ​ទុក​ប្រើ​សម្រាប់​ពិធី​លាង​ជម្រះ​តាម​ច្បាប់​លោក​ម៉ូសេ ] ។

« ព្រះយេស៊ូវ មាន ព្រះបន្ទូល​ទៅ [ ពួក​អ្នក​បម្រើ ] ថា ចូរ​ចាក់​ទឹក​ឲ្យ​ពេញ ពាង​ទាំងនេះ​ទៅ ។ គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង ។

« រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​គេ​ថា ឥឡូវ​នេះ​ចូរ​ដង​យក​ទៅ​ជូន​ដល់ លោក​ជា​មង្គល​ការ​ចុះ ។ គេ​ក៏​ដង​យក​ទៅ ។

« [ បន្ទាប់​មក ] អ្នក​មង្គលការ​បាន​ភ្លក់​ទឹក​ដែល​បាន​ប្រែ​ទៅ​ជា​ស្រា​ទំពាំង​បាន​ជូរ » ហើយ​បាន​ភ្ញាក់​ផ្អើល​ថា ស្រា​ល្អបំផុត​ទុក​បម្រើ​ក្រោយ​គេ​ក្នុង​ពិធី​នោះ ។

ជា​ធម្មតា យើង​ចងចាំ​ព្រឹត្តិការណ៍​នេះ ដោយសារ​ការ​ប្រែ​ទឹក​ទៅ​ជា​ស្រា​គឺជា​ការ​បង្ហាញ​មួយ​នៃ​ព្រះចេស្ដា​របស់​ព្រះ—វា​ជា​អព្ភូតហេតុ ។ នោះ​គឺជា​សារ​លិខិត​ដ៏​សំខាន់​មួយ ប៉ុន្តែ​មាន​សារលិខិត​សំខាន់​មួយ​ទៀត​នៅ​ក្នុង​ដំណើរ​រឿង​របស់​យ៉ូហាន ។ ម៉ារា​គឺជា​ស្ត្រី « ដ៏​ជម្រើស ហើយ​ពិសេស​មួយ » ដែល​ព្រះ​បាន​ហៅ​ឲ្យ​ប្រសូត ចិញ្ចឹម​បី​បាច់​ព្រះរាជ​បុត្រា​របស់​ព្រះ ។ គាត់​បាន​ដឹង​ច្រើន​អំពី​ទ្រង់​ជាង​មនុស្ស​ណាៗ​ទាំងអស់​នៅលើ​ផែនដី​នេះ ។ គាត់​បាន​ដឹង​ពី​សេចក្ដីពិត​នៃ​កំណើត​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។ គាត់​បាន​ដឹង​ថា ទ្រង់​គ្មាន​បាប ហើយ​ថា​ទ្រង់ « ពុំ​មាន​ព្រះបន្ទូល​ដូចជា​មនុស្ស​ទូទៅ​នោះ​ទេ ក៏​គ្មាន​នរណា​អាច​បង្រៀន​ទ្រង់​បាន​ដែរ ដ្បិត​ទ្រង់​មិន​ត្រូវការ​គ្រូ​បា​អាចារ្យ​ណា​ប្រដៅ​ទ្រង់​ឡើយ » ។ ម៉ារា​បាន​ដឹង​ពី​សមត្ថភាព​ដែល​ខុស​ពី​ប្រក្រតី​របស់​ទ្រង់​ដើម្បី​ដោះ​ស្រាយ​បញ្ហា រួម​បញ្ចូល​ទាំង​ការ​ផ្ដល់​ស្រា​សម្រាប់​មង្គល​ការ​មួយ​ផង​ដែរ ។ គាត់​មាន​ភាព​ជឿជាក់​ដ៏​រឹងមាំ​លើ​ទ្រង់ និង​ព្រះចេស្ដា​ជា​ព្រះ​របស់​ទ្រង់ ។ ការណែនាំ​សាមញ្ញ​ចំៗ​របស់​គាត់​ទៅ​កាន់​ពួក​អ្នក​បម្រើ​គ្មាន​ការ​ព្រមព្រៀង​គ្នា គ្មាន​លក្ខណៈសម្បត្តិ និង​ដែន​កំណត់​ទេ​ថា « លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ » ។

កាល​ទេវតា​កាព្រីយ៉ែល​បាន​មក​ជួប​នឹង​គាត់ ម៉ារា​នៅ​ជា​យុវនារី​ម្នាក់​នៅ​ឡើយ ។ ដំបូង​គាត់​បាន « ភាំង » ដោយ​ការ​ហៅ​ថា នាង « ដែល​ប្រកប​ដោយ​ព្រះគុណ » ហើយ « ក្នុង​បណ្តា​ពួក​ស្រីៗ នាង​ជា​ស្រ្តី​មាន​ពរ​ពិត … ហើយ​រិះគិត​ក្នុង​ចិត្ត ពី​ពាក្យ​ជំរាប​សួរ​យ៉ាង​នោះ​មាន​ន័យ​ដូច​ម្តេច » ។ កាព្រីយ៉ែល​បាន​បញ្ជាក់​ប្រាប់​គាត់​ថា គាត់​ពុំ​គួរ​ខ្លាច​ឡើយ—​ដំណឹង​ដែល​លោក​នាំ​មក​ប្រាប់​គឺជា​ដំណឹងល្អ​ទេ ។ គាត់​នឹង « មាន​គភ៌ [ ក្នុង​ផ្ទៃ​គាត់ ] … ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត » ហើយ « ប្រសូត​បាន​បុត្រា​មួយ … [ ដែល ] នឹង​សោយ​រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប​នៅ​អស់​កល្ប​រៀង​ទៅ » ។

ម៉ារា​បាន​សួរ​ទេវតា​ថា « ខ្ញុំ​មិន​ស្គាល់​ប្រុស​ណា​ផង ដូច្នេះ​តើ​ធ្វើ​ដូចម្តេច​នឹង​ឲ្យ​ការនេះ​សម្រេច​បាន ? »

ទេវតា​បាន​ពន្យល់​យ៉ាង​ខ្លី ដោយ​បញ្ជាក់​ប្រាប់​គាត់​ថា « ការអ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ [ គឺ ] គ្មាន​សោះ​ឡើយ » ។

ម៉ារា​បាន​តប​យ៉ាង​រាបសា​ថា គាត់​នឹង​ធ្វើ​អ្វី​ដែល​ព្រះ​បាន​សុំ ដោយ​ពុំ​ទាមទារ​ចង់​ដឹង​រឿង​ជាក់លាក់ ហើយ​ដោយ​ឥត​សង្ស័យ​ផង ទោះ​ជា​មាន​សំណួរ​ជាច្រើន​អំពី​រឿង​ទាក់​ទង​នឹង​ជីវិត​គាត់​ក្ដី ។ គាត់​បាន​តាំង​ចិត្ត​ដោយ​ពុំ​បាន​យល់​ដឹង​ទាំង​ស្រុងថា​ហេតុអ្វី​បាន​ជា​ទ្រង់​សុំ​គាត់ ឬ​រឿង​ទាំងឡាយ​នឹង​ទៅ​ជា​បែប​ណា​នោះ​ទេ ។ គាត់​បាន​ទទួល​យក​បន្ទូល​របស់​ព្រះ​ទុក​ជាមុន  ដោយ​មាន​ចំណេះដឹង​តិច​តួច​ពី​អ្វី​ដែល​នឹង​កើត​មាន​នៅពេល​ខាង​មុខ ។ ជាមួយ​នឹង​ការ​ទុកចិត្ត​ដ៏​សាមញ្ញ​លើ​ព្រះ ម៉ារា​បាន​តប​ថា « មើល ខ្ញុំ​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ដូច្នេះ​សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ » ។

ពេល​យើង​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​« [ ព្រះ ] ប្រាប់​ឲ្យ​យើង​ធ្វើ » នោះ​យើង​តាំង​ចិត្ត​ដោយ​ស្មោះ​សរ​ដើម្បី​ធ្វើ​ឲ្យ​ឥរិយាបថ​របស់​យើង​រាល់ថ្ងៃ​ស្រប​តាម​ព្រះទ័យ​របស់​ព្រះ ។ ទង្វើ​នៃ​សេចក្ដី​ជំនឿ​ដ៏​សាមញ្ញា​បែប​នេះ ដូចជា​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ការ​តម​អាហារ​ជា​ទៀង​ទាត់ និង​ការ​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះ​សរ​ធ្វើ​ឲ្យ​សមត្ថភាព​យើង​ខាង​វិញ្ញាណ​កាន់​តែ​ស៊ី​ជម្រៅ​ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ជីវិត​រមែង​ស្លាប់ ។ ពេល​ខ្លះ ទម្លាប់​នៃ​ជំនឿ​ដ៏​សាមញ្ញ​ដឹកនាំ​ទៅ​រក​លទ្ធផល​ដ៏​អស្ចារ្យ ។ វា​ប្រែ​សេចក្ដី​ជំនឿ​យើង​ពី​គ្រាប់​ពូជ​មួយ​ទៅ​ជា​អំណាច​ដ៏​មាន​ថាមពល​សម្រាប់​សេចក្ដី​ល្អ​នៅ​ក្នុង​ជីវិត​យើង ។ បន្ទាប់​មក ពេល​ឧបសគ្គ​កើត​មាន​ឡើង នោះ​ការ​ចាក់​ឫស​របស់​យើង​ទៅ​នឹង​ព្រះគ្រីស្ទ​ផ្ដល់​ភាព​ខ្ជាប់​ខ្ជួន​សម្រាប់​ព្រលឹង​យើង ។ ព្រះ​ទ្រទ្រង់​ភាព​ទន់​ខ្សោយ​យើង​បង្កើន​អំណរ​យើង ហើយ​ធ្វើ​ឲ្យ « គ្រប់​ការណ៍​ទាំងអស់ [ នឹង ] ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ [ របស់ ] យើង » ។

ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​និយាយ​នឹង​ប៊ីស្សព​វ័យ​ក្មេង​មួយ​រូប​ដែល​បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​រៀងរាល់​សប្ដាហ៍ ដោយ​ប្រឹក្សា​ដល់​សមាជិក​ក្នុង​វួដ​របស់​គាត់ ។ គាត់​បាន​សង្កេត​ឃើញ​រឿង​គួរ​ឲ្យ​កត់​សម្គាល់​មួយ ។ គាត់​បាន​និយាយ​ថា បញ្ហា​ដែល​សមាជិក​ក្នុង​វួដ​គាត់​ជួប​ប្រទះ​គឺ​ជា​បញ្ហា​ដែល​សមាជិក​សាសនាចក្រ​គ្រប់​ទិសទី​បាន​ជួប—បញ្ហា​ដូចជា របៀប​សាង​អាពាហ៍​ពិពាហ៍​មាន​សុភមង្គល​មួយ ការ​ស្មុគស្មាញ​នឹង​ការ​ធ្វើ​ឲ្យ​ការងារ គ្រួសារ និង​កាតព្វកិច្ច​ក្នុង​សាសនាចក្រ​ឲ្យ​មាន​តុល្យភាព ឧបសគ្គ​នឹង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ឧបសគ្គ​ការងារ ឬ រូប​អាសគ្រាម ឬ​ពិបាក​ទទួល​បាន​ភាព​សុខសាន្ត​អំពី​គោលនយោបាយ​សាសនាចក្រ ឬ​សំណួរ​ប្រវត្តិ​សាស្ត្រ​ដែល​ពួកគេ​មិន​យល់ ។

ជាញឹក​ញាប់ ការ​ប្រឹក្សា​របស់​គាត់​ទៅ​សមាជិក​វួដ​រួមមាន​នូវ​ការ​ត្រឡប់​មក​រក​នូវ​ការអនុវត្ត​សេចក្ដី​ជំនឿ​សាមញ្ញ ដូចជា​ការ​សិក្សា​ព្រះគម្ពីរ​មរមន—ដូច​ប្រធាន ថូម៉ាស អេស ម៉នសុន​បាន​ទូន្មាន​យើង​ឲ្យ​សិក្សា—ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ការ​បម្រើ​ក្នុង​សាសនាចក្រ​ដោយ​មាន​ការ​លះបង់​ខ្ពស់ ។ ប៉ុន្តែ​ជារឿយៗ ពួក​គេ​បាន​តប​មក​គាត់​វិញ​ទាំង​ពុំ​ជឿ​ថា « ប៊ីស្សព ខ្ញុំ​មិន​យល់​ស្រប​នឹង​លោក​ទេ ។ យើង​ទាំងអស់​គ្នា​ដឹង​ថា រឿង​ទាំងនោះ​គឺ​ជា​រឿង​ល្អ គប្បី​នឹង​ធ្វើ ។ យើង​និយាយ​រឿង​ទាំងនោះ​គ្រប់​ពេល​ក្នុង​សាសនាចក្រ ។ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ចិត្ត​ថា លោក​យល់​ពី​ខ្ញុំ​នោះ​ទេ ។ តើ​ការ​ធ្វើ​រឿង​ទាំងនោះ​ទាក់ទង​អ្វី​ខ្លះ​នឹង​បញ្ហា​ដែល​ខ្ញុំ​កំពុង​ជួប​ប្រទះ ? »

វា​ជា​សំណួរ​សមហេតុ​ផល​មួយ ។ ពេលខ្លះ ប៊ីស្សព​វ័យក្មេង​នោះ និង​ខ្ញុំ​ធ្លាប់​សង្កេត​ឃើញ​ថា ជន​ដែល​ចង់​ធ្វើ « កិច្ចការ​តូច​តាច និង ងាយ » —ការ​គោរព​តាម​សូម្បី​ជា​រឿង​តូច​ក្ដី—មាន​ពរ​ជា​មួយ​នឹង​សេចក្ដី​ជំនឿ និង​កម្លាំង​ដែល​ហួស​ពី​ទង្វើ​ពិត​នៃ​ការ​គោរព​ប្រតិបត្តិ​របស់​ពួកគេ​ទៅ​ទៀត ហើយ​ការ​ពិត​ទៅ វា​ទំនង​ជា​ខុស​គ្នា​ទាំង​ស្រុង ។ វា​ទំនង​ជា​ពិបាក​ដើម្បី​សន្មត់តំណ​ភ្ជាប់​មួយ​រវាង​ទង្វើ​នៃ​ការ​គោរព​ប្រតិបត្តិ​ប្រចាំ​ថ្ងៃ និង​ដំណោះ​ស្រាយ​ទៅ​នឹង​បញ្ហា​ស្មុគស្មាញ​ធំៗ​ដែល​យើង​ជួប​ប្រទះ ។ ប៉ុន្តែ​វា​មាន​ទំនាក់​ទំនង​នឹង​គ្នា ។ តាម​បទពិសោធន៍​ខ្ញុំ ការ​ធ្វើ​ឲ្យ​មាន​ទម្លាប់​នៃ​សេចក្ដី​ជំនឿ​តូចៗ​ប្រចាំ​ថ្ងៃ​បាន​ត្រឹមត្រូវ គឺ​ជា​វិធី​ល្អបំផុត​តែ​មួយ​គត់​ដើម្បី​ពង្រឹង​ខ្លួន​យើង​តតាំង​នឹង​ឧបសគ្គ​នៃ​ជីវិត មិន​ថា​វា​ជា​អ្វី​នោះ​ទេ ។ ទង្វើ​ដ៏​តូច​នៃ​សេចក្ដី​ជំនឿ សូម្បី​តែ​ពេល​វា​ទំនង​ជា​មិន​សូវ​សំខាន់ ឬ​ដាច់​ដោយ​ឡែក​ពី​បញ្ហា​ជាក់​លាក់​ដែល​អុកឡុក​រំខាន​យើង​ក្ដី វា​ផ្តល់ជា​ពរដល់​យើង​នៅ​រាល់​កិច្ចការ​ទាំងអស់​ដែល​យើង​ធ្វើ ។

សូម​ពិចារណា​ពី ណាម៉ាន់​ដែល « ជា​មេទ័ព​របស់ … ស៊ីរី » និង « ជា​មនុស្ស​ខ្លាំង​ពូកែ » ហើយ​មាន​រោគ​ឃ្លង់ ។ មាន​អ្នក​បម្រើ​ស្រី​ម្នាក់​បាន​ប្រាប់​អំពី​ព្យាការី​ម្នាក់​នៅ​អ៊ីស្រាអែល​ដែល​អាច​ព្យាបាល​ណាម៉ាន់​បាន ដូច្នេះ​ហើយ​លោក​បាន​ធ្វើ​ដំណើរ​ដោយ​មាន​ពួក​អ្នក​បម្រើទ័ព និង​អំណោយ​ទៅ​កាន់​អ៊ីស្រាអែល នៅ​ទីបំផុត​បាន​មក​ដល់​ផ្ទះ​របស់​អេលីសេ ។ អ្នក​បម្រើ​របស់​អេលីសេ មិន​មែន​ជា​អេលីសេ​ទេ បាន​ប្រាប់​ណាម៉ាន់​ថា ការបង្គាប់​របស់​ព្រះអម្ចាស់​គឺ « ទៅ​មុជទឹក​ក្នុង [ ទន្លេ ] យ័រដាន់​ប្រាំពីរ​ដង​ទៅ » ។ ជា​កិច្ចការ​ងាយស្រួល ។ ប្រហែល​ជា​សេចក្ដី​បង្គាប់​ដ៏​សាមញ្ញ​នេះ​ទំនង​ជា​ធ្វើ​ឲ្យ​អ្នក​ប្រយុទ្ធ​ដ៏​ខ្លាំង​ពូកែ​ម្នាក់​នេះ​ហួស​ចិត្ត​ដោយសារ​វា​សាមញ្ញ​ហួស​ពេក ឬ​ធ្វើ​អាប់​ឱន​យសសក្ដិ​លោក រហូត​ធ្វើ​ឲ្យ​លោក​អាក់អន់​ចិត្ត​នឹង យោបល់​ដ៏​សាមញ្ញ​នោះ ។ នៅ​ពេល​នោះ ណាម៉ាន់​ពុំ​បាន​យល់​ពី​ការ​ណែនាំ​របស់​អេលីសេ​ឡើយ « ដូច្នេះ លោក​ក៏​ត្រឡប់​ចេញ​ពី​ទី​នោះ​ទៅ » ។

ប៉ុន្តែ​ពួក​អ្នក​បម្រើ​របស់​ណាម៉ាន់​បាន​ប្រាប់​លោក​ដោយ​ទន់ភ្លន់ ហើយ​បាន​សង្កេត​ឃើញ​ថា លោក​នឹង​ធ្វើ « ការ​អ្វី​យ៉ាង​ធំ » បើ​អេលីសេ​បាន​សុំ​ឲ្យ​លោក​ធ្វើ ។ ពួកគេ​បាន​សម្គាល់​ឃើញ​ថា ដោយ​សារ​តែ​លោក​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​តែ​ការងារ​មួយ​តួច ហេតុអ្វី​លោក​មិន​ធ្វើវា ទោះ​ជា​លោក​មិន​បាន​យល់​ហេតុផល​ក៏​ដោយ ? ណាម៉ាន់​បាន​គិត​ឡើង​វិញ​ពី​ប្រតិកម្ម​របស់​លោក ហើយ​ប្រហែល​ជា​នៅ​តែ​សង្ស័យ ប៉ុន្តែ​បាន​គោរព​តាម​ដោយ « ចុះ​ទៅ​មុជទឹក​ក្នុង​ទន្លេ​យ័រដាន់​អស់​ប្រាំពីរ​ដង » ហើយ​បាន​ជា​ដោយ​អព្ភូតហេតុ ។

រង្វាន់​មួយ​ចំនួន​នៃ​ការ​គោរព​ប្រតិបត្តិ​ពិត​ជា​កើត​មាន​ភ្លាមៗ រង្វាន់​ផ្សេង​ទៀត​កើត​មាន​បន្ទាប់​ពី​យើង​ត្រូវ​បាន​សាកល្បង​ប៉ុណ្ណោះ ។ ក្នុង​គម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា យើង​បាន​អាន​អំពី​ភាព​ឧស្សាហ៍​ឥត​នឿយ​ហត់​របស់​អ័ដាម​ក្នុង​ការ​គោរព​បទបញ្ញត្តិ​ដើម្បី​ថ្វាយ​យញ្ញបូជា ។ ពេល​ទេវតា​បាន​សួរ​អ័ដាម​ថា ហេតុអ្វី​បាន​ជា​លោក​ថ្វាយ​យញ្ញបូជា នោះ​លោក​បាន​តប​ថា « ខ្ញុំ​មិន​ដឹង​ទេ លើក​លែងតែ​ព្រះ​អម្ចាស់​ទ្រង់​បញ្ជា​ខ្ញុំ​ប៉ុណ្ណោះ » ។ ទេវតា​អង្គ​នោះ​បាន​ពន្យល់​ថា យញ្ញ​បូជា​របស់​លោក​គឺ​ជា « និមិត្តរូប​អំពី​ការ​បូជា​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះវរបិតា » ។ ប៉ុន្តែ​ការពន្យល់​នោះ​កើត​មាន​បន្ទាប់​ពី​អ័ដាម​បាន​បង្ហាញ​ការ​តាំង​ចិត្ត​របស់​លោក​ក្នុង​ការ​គោរព​តាម​ព្រះអម្ចាស់ « ជាច្រើន​ថ្ងៃ » ដោយ​ពុំ​ដឹង​ថា​ហេតុអ្វី​គាត់​ត្រូវ​ថ្វាយ​យញ្ញបូជា​ទាំងនោះ​ឡើយ ។

ជានិច្ចកាល ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើង​សម្រាប់​ការគោរព​ប្រតិបត្តិ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង​ចំពោះ​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ស្មោះត្រង់​ចំពោះ​សាសនាចក្រ​របស់​ទ្រង់ ប៉ុន្តែ​ទ្រង់​កម្រ​នឹង​បង្ហាញ​យើង​នូវ​កាលវេលា​របស់​ទ្រង់​សម្រាប់​ការ​ធ្វើ​ដូច្នេះ​ណាស់ ។ ទ្រង់​ពុំ​បង្ហាញ​យើង​ពី​រូបភាព​ទាំង​មូល​តាំង​ពី​ដើម​ទី​នោះ​ទេ ។ ពេល​នោះ​ហើយ​ដែល​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន ។

ព្រះ​សុំ​យើង​ឲ្យ​ទ្រាំ​នឹង​ទ្រង់—គឺ​ទុក​ចិត្ត​លើ​ទ្រង់ ហើយ​ដើរ​តាម​ទ្រង់ ។ ទ្រង់​អង្វរ​យើង​ថា « ចូរ​កុំ​ជំទាស់ ដោយ​ព្រោះ​អ្នករាល់​គ្នា​មើល​មិន​ឃើញ​ឡើយ » ។ ទ្រង់​ហាម​យើង​ថា យើង​មិន​គួរ​រំពឹង​ទទួល​បាន​ចម្លើយ​ងាយៗ​ភ្លាមៗ និង​ដំណោះស្រាយ​មួយ​រំពេច​ពី​ស្ថានសួគ៌​ឡើយ ។ ទោះបី​ការសាកល្បង​នោះ​ពិបាក​នឹង​ស៊ូទ្រាំ ឬ ចម្លើយ​កម្រ​នឹង​ទទួល​បាន​ក្តី រឿង​ទាំង​ឡាយ​នឹង​ដោះ​ស្រាយ​បាន ពេល​យើង​ឈរ​រឹង​មាំ​នៅ​ក្នុង « ការសាក​ល្បង​នៃ​សេចក្តីជំនឿ [ របស់​យើង ] ។១០ ខ្ញុំ​មិន​និយាយ​អំពី « ការ​គោរព​ប្រតិបត្តិ​ដោយ​ល្ងិត​ល្ងង់ » នោះ​ទេ ១១ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​អំពី​ភាពជឿ​ជាក់​លើ​ក្ដី​ស្រឡាញ់ និង​កាល​វេលាឥត​ខ្ចោះ​របស់​ព្រះអម្ចាស់​ដោយ​មាន​ការ​គិត​គូរ ។

ជានិច្ចកាល​ការ​សាកល្បង​នៃ សេចក្ដី​ជំនឿ​យើង​អាស្រ័យ​ទៅលើ​ការស្មោះ​ចំពោះ​ការ​អនុវត្ត​សេចក្ដី​ជំនឿ​សាមញ្ញ​ប្រចាំ​ថ្ងៃ ។ ហើយ​មាន​តែ​នៅ​ពេល​នោះ​ប៉ុណ្ណោះ ទើប​ទ្រង់​សន្យា​ថា យើង​នឹង​ទទួល​បាន​ចម្លើយ​ដែល​យើង​ចង់​បាន​ពី​ព្រះ ។ មាន​តែ​ពេល​យើង​បាន​បង្ហាញ​នូវ​ឆន្ទៈ​របស់​យើង ដើម្បី​ធ្វើ​អ្វី​ដែល​ទ្រង់​សុំ​ដោយ​គ្មាន​ការ​ទាមទារចង់​​ដឹង​ពី​ពេល វេលា ហេតុផល និង​របៀប​តែ​ប៉ុណ្ណោះ ទើប​យើង « នឹង​ច្រូតកាត់​នូវ​រង្វាន់​នៃ​សេចក្ដី​ជំនឿ​របស់ [ យើង ] និង​សេចក្ដី​ព្យាយាម​របស់ [ យើង ] និង​សេចក្ដី​អត់ធន់ និង​សេចក្ដី​អត់ធ្មត់ » ។១២ ការ​គោរព​ប្រតិបត្តិ​ពិត​ទទួល​យក​បទបញ្ញត្តិ​របស់​ព្រះ​ទុក​ជា​មុន​ដោយ​គ្មាន​លក្ខខណ្ឌ ។១៣

ដោយ​ប្រើ​មនសិការ ឬ​ក៏​ផ្ទុយ​ពី​នេះ យើង​ទាំងអស់​គ្នា​ជ្រើស « ព្រះ [ ដែល​យើង ] ចង់​គោរព​ប្រតិបត្តិ​តាម » រាល់​ថ្ងៃ ។១៤ យើង​បង្ហាញ​ការ​ប្ដេជ្ញាចិត្ត​របស់​យើង​ដើម្បី​បម្រើ​ព្រះអម្ចាស់​ដោយ​ការ​ចូល​រួម​ក្នុង​សកម្មភាព​នៃ​ការ​លះបង់​ប្រចាំ​ថ្ងៃ​ដោយ​ស្មោះ​ត្រង់ ។ ព្រះអម្ចាស់​បាន​សន្យា​ដឹកនាំ​ផ្លូវ​យើង ១៥ ប៉ុន្តែ​ដើម្បី​ឲ្យ​ទ្រង់​ធ្វើ​ដូច្នេះ​បាន យើង​ត្រូវ​ដើរ ដោយ​ទុក​ចិត្ត​ថា ទ្រង់​ជ្រាប​ពី​ផ្លូវ​នោះ ដោយសារ​ទ្រង់​គឺជា « ផ្លូវ » ។១៦ យើង​ត្រូវ​តែ​បំពេញ​ពាង​យើង​ផ្ទាល់​ឲ្យ​ពេញ​ប្រៀប​មាត់​ពាង ។ ពេល​យើង​ទុក​ចិត្ត ហើយ​ដើរ​តាម​ទ្រង់ នោះ​ជីវិត​យើង​នឹង​ផ្លាស់ប្តូរ ដូច​ជា​ទឹក​ដែល​បាន​ប្តូរ​ទៅ​ជា​ស្រា​ដូច្នោះ​ដែរ ។ យើង​ក្លាយ​ជា​មនុស្ស​ដ៏​ប្រពៃ​លើស​ពី​សមត្ថភាព​យើង​អាច​ធ្វើ​បាន​ទៅ​ទៀត ។ សូម​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​អ្វី​ដែល « ទ្រង់​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ »។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។