ឆ្នាំ ២០១០-២០១៩
ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍—នៅ​ទី​បញ្ចប់
ខែ តុលា ២០១៧


ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍—នៅ​ទី​បញ្ចប់

ប្រសិន​បើ​យើង​ស៊ូទ្រាំ កន្លែង​ចម្រាញ់​យើង​នឹង​ត្រូវ​បាន​បញ្ជប់ ហើយ​បំពេញ​នៅ​ក្នុង​ភាព​អស់កល្បជានិច្ច ។

ព្រះគម្ពីរ​ត្រូវ​បាន​សរសេរ​ទុក​ដើម្បី​ប្រទាន​ពរ និង​លើក​ទឹកចិត្ត​យើង ហើយវា​ពិត​ជា​ដូច្នោះ​មែន ។ យើង​អរគុណ​ស្ថានសួគ៌​ចំពោះ​គ្រប់​ជំពូក និង​គ្រប់​ខ ដែល​ពួក​យើង​បាន​ទទួល ។ ប៉ុន្តែ​តើ​បងប្អូន​​បាន​កត់សម្គាល់​ទេ​ថា ម្ដង​ម្កាល​វគ្គ​បទគម្ពីរ​មួយ​នឹង​លេច​មក​រំឭក​យើងថា យើង​កំពុង​ធ្លាក់​ចុះ​ឬ​ទេ ? ឧទាហរណ៍ ទេសនកថា​នៅ​លើ​ភ្នំ​ចាប់​ផ្ដើម​ជាមួយ​​នឹងការបង្រៀន​​ដ៏​ទន់ភ្លន់ និងរាបសា ប៉ុន្តែ​នៅ​ខ​បន្ទាប់​​ទាំង​ឡាយ វា​ប្រាប់​​យើង​ថា​—នៅក្នុង​ចំណោម​រឿង​ដទៃ​ទៀត​—មិន​គ្រាន់​តែ​មិន​ត្រូវ​សម្លាប់​នោះទេ ប៉ុន្តែ​ថែមទាំង​មិន​ត្រូវ​ខឹង​ផងដែរ ។ យើង​ត្រូវ​បាន​ប្រាប់​ថា​ មិន​គ្រាន់​តែ​កុំ​ប្រព្រឹត្ត​កំផិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មិន​ត្រូវ​មាន​គំនិត​មិន​បរិសុទ្ធ​ផងដែរ ។ បើ​អ្នក​ណា​សុំ​អាវ​នោះ យើង​ត្រូវ​ឲ្យ​អាវ​ខ្លី​របស់​យើង ហើយ​ឲ្យ​ទាំង​អាវ​វែង​របស់​យើង​ផង ។ យើង​ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ​យើង​ត្រូវ​ឲ្យ​ពរ​ដល់​អ្នកណា​ដែល​ប្រទេច​ផ្ដាសា​យើង​ហើយ​ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នកណា​ដែល​ស្អប់​យើង ។

ប្រសិនបើ នោះ​គឺ​ជា​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នាពេល​ព្រឹក ហើយ​បន្ទាប់​ពី​​អាន​ដល់​ត្រង់​នេះ​ហើយ​អ្នក​ដឹង​យ៉ាង​ច្បាស់​ថា អ្នក​នឹង​មិន​ទទួល​បាន​ពិន្ទុ​ល្អ​នៅ​ក្នុង​ការ​រាយការណ៍​អំពី​ដំណឹងល្អ​របស់​អ្នក​ទេ នោះ​អ្នក​ច្បាស់​ណាស់​ថា បទ​បញ្ញត្តិ​ចុង​ក្រោយ​ក៏​អ្នក​មិន​អាច​ធ្វើ​បាន​ដែរ ពោលគឺ « ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌… » ។ ជាមួយ​នឹង​បទបញ្ញត្តិ​ចុង​ក្រោយ​នោះ យើង​នឹង​ចូល​មុង ហើយ​គ្រប​ភួយ​ដេក​តែ​ម្ដង ។ គោលដៅ​សេឡេស្ទាល​នោះ ហាក់ដូចជា​ហួស​ពី​ការ​ឈោង​ចាប់​របស់​យើង ។ ប៉ុន្តែ​ពិតណាស់ ព្រះអម្ចាស់​នឹង​ពុំ​ប្រទាន​បទ​បញ្ញត្តិ​មួយ​ដល់​យើង​ឡើយ បើ​ទ្រង់​ដឹង​ថា​យើង​ពុំ​អាច​រក្សា​វា​បាន​នោះ ។ ចាំ​មើល​ ​ភាព​អល់​អែក​នេះ​នាំ​យើង​ទៅ​ណា ។

នៅ​ជុំ​វិញ​សាសនាចក្រ ខ្ញុំ​ឮ​មនុស្ស​ជា​ច្រើន​ពុះ​ពារ​នឹង​រឿង​នេះ​ថា « ខ្ញុំ​ពុំ​ល្អ​គ្រប់គ្រាន់​នោះ​ទេ » ។ « ខ្ញុំ​មិន​ឥត​ខ្ចោះ​ខ្លាំង​ណាស់ » ។ « ខ្ញុំគ្មាន​ភាព​សក្ដិសម​​គ្រប់គ្រាន់​ទេ » ។ ខ្ញុំ​​ឮ​រឿង​នេះ​មកពី​ពួក​យុវវ័យ ។ ខ្ញុំ​​ឮ​រឿង​នេះ​មកពី​អ្នក​ផ្សព្វផ្សាយសាសនា ។ ខ្ញុំ​​ឮ​​ពី​អ្នក​ប្រែ​ចិត្តជឿ​ថ្មី ។ ខ្ញុំ​ឮ​​ពី​សមាជិក​ចាស់ ។ បងស្រី​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​យល់ដឹង​ម្នាក់ ឈ្មោះ ដាឡា អ៊ីសាកសុន បាន​សង្កេត​ថា សាតាំង​ចេះ​រៀបចំ​ធ្វើ​ឲ្យ​សេចក្ដីសញ្ញា និង​បទបញ្ញត្តិ​មើល​ទៅ​ហាក់ដូចជា​វា​ជា​បណ្ដាសារ និង​ជា​ការ​ផ្ដន្ទាទោស​អញ្ចឹង ។ ចំពោះ​មនុស្ស​ខ្លះ វា​បាន​បង្វែរ​ដំណឹងល្អ​ដ៏​ល្អ និង​បំផុសគំនិត​ឲ្យ​ទៅ​ជា​ការ​ស្អប់​ខ្លួន​ឯង និង​ធ្វើ​ឲ្យ​មាន​ទុក្ខ​វេទនា ។

អ្វី​ដែល​ខ្ញុំ​និយាយ​​ឥឡូវ​នេះ គឺ​ពុំ​មែន​បដិសេធ ឬ​បន្ទាប​បន្ថោក​បទបញ្ញតិ្ត​ណាមួយ​ដែល​ព្រះប្រទាន​ដល់​យើង​នោះទេ ។ ខ្ញុំ​ជឿ​ទៅលើ​ភាព​ឥតខ្ចោះ​របស់​ទ្រង់ ហើយ​ខ្ញុំ​ដឹង​ថា​យើង​គឺជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់​ដែល​មាន​សក្ដានុពល​ពី​ព្រះ​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ខ្ញុំ​ក៏ដឹង​ផងដែរ​ថា ក្នុង​នាម​ជា​កូនចៅ​​របស់​ទ្រង់ នោះ​យើង​ពុំ​​គួរ​បង្អន់ ឬនិយាយ​អាក្រក់​ពី​ខ្លួន​យើង​នោះ​ទេ ដែល​វា​ហាក់​ដូច​ជាការ​ដាក់​ទោស​ខ្លួន​ឯង​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​ព្រះ​ចង់​ឲ្យ​យើង​ប្រែ​ក្លាយ​អញ្ចឹង ។ ទេ ! ដោយ​ការ​ស្ម័គ្រចិត្ត​ប្រែចិត្ត និង​បំណង​ប្រាថ្នា​ដើម្បី​ចម្រើន​ក្នុង​សេចក្ដី​សុចរិត​ក្នុង​ដួងចិត្ត​យើង​ជានិច្ច នោះ​ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​បន្ដ​​កែលម្អ​ខ្លួន​តាម​របៀប​មួយ​ដែល​ពុំ​ដាក់​បញ្ចូល​នូវ​អារម្មណ៍​អវិជ្ជមាន អារម្មណ៍​ធុញថប់ ឬ​កាត់​បន្ថយ​ការ​គោរព​ខ្លួន​យើង​នោះ​ឡើយ ។ នោះ​ ពុំមែន ជា​អ្វី ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​កុមារ​ថ្នាក់​បឋមសិក្សា ឬ​នរណា​ម្នាក់​ទៀត​ដែល​ច្រៀង​បទ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » ដោយ​ស្មោះត្រង់​ធ្វើ​នោះទេ ។

បើ​និយាយ​ឲ្យ​ច្បាស់ទៅ ខ្ញុំ​សូម​រំឭក​ដល់​យើង​ទាំង​អស់​គ្នា​ថា យើង​រស់នៅ​ក្នុង​ពិភពលោក​ដែល​ធ្លាក់​ចុះ​មួយ ហើយ​ក្នុង​ឥឡូវ​នេះ​យើង​ជា​មនុស្ស​ធ្លាក់​ ។ យើង​​ស្ថិត​នៅ​ក្នុង​នគរ តេឡេស្ទាល ដែល​ប្រកប​នឹង​អក្សរ ពុំ​មែន​អក្សរ ទេ ។ ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ភាព​ល្អ​ឥតខ្ចោះ​គឺ « មិន​ទាន់​សម្រេច​បានទេ » ។

ដូច្នេះ​រូប​ខ្ញុំ​ផ្ទាល់​ជឿ​ថា ព្រះយេស៊ូវ​មាន​ព្រះរាជបំណង​ផ្ដល់​ទេសនកថា​របស់​ទ្រង់​អំពី​ប្រធាន​បទ​នេះ ស្ដីបន្ទោស​ចំពោះ​ការ​ធ្វើ​បាប​ខ្លួន​យើង​អំពី​ការ​ធ្លាក់​ចុះ​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ទេ ខ្ញុំ​ជឿ​ថា​ទ្រង់​មាន​ព្រះរាជបំណង​សរសើរ​ចំពោះ​អង្គ ព្រះ​ជា​ព្រះវរបិតា និង​អ្វី​ដែល​យើង​អាច​សម្រេច​ជាមួយ​ទ្រង់​នៅ​ក្នុង​ភាព​អស់កល្បជានិច្ច ។ ដោយ​ភាព​ពុំ​ល្អ​ឥតខ្ចោះ​ជា​ច្រើន​ របស់​ខ្ញុំ ខ្ញុំ​មានអំណរគុណ​ដែល​ដឹង​ថា យ៉ាង​ហោចណាស់​ព្រះ​ល្អ​ឥតខ្ចោះ—ឧទាហរណ៍ យ៉ាង​ហោចណាស់​ទ្រង់​អាច​ស្រឡាញ់​មារសត្រូវ​របស់​ទ្រង់ ដោយសារតែ​ជាញឹកញាប់ « មនុស្សខាង​សាច់ឈាម »ទាំង​ប្រុស និង​ស្រី ទាំង​អ្នក និង​ខ្ញុំ ពេល​ខ្លះ​យើង​គឺ​ជា​មារសត្រូវ​នោះ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​យ៉ាង​ហោច​ណាស់ ព្រះ​អាច​ប្រទានពរ​ដល់​អស់​អ្នក​ដែលធ្វើ​ទុក្ខ​បៀត​បៀន​ទ្រង់ ដោយសារ​យើង​ ទាំងអស់​គ្នា ក៏​បានធ្វើ​ទុក្ខ​បៀត​បៀន​ទ្រង់​ពេល​ខ្លះដែរ ទោះ​ចង់​ឬ​មិន​ចង់​ក្ដី ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ព្រះ​ប្រកប​ដោយ​ក្ដីមេត្តា ហើយ​ជា​អង្គសម្រុះសម្រួល ដោយសារ​ខ្ញុំ​ត្រូវការ​ក្ដី​មេត្តា ហើយ​ពិភព​លោក​ត្រូវការ​ភាព​សុខសាន្ដ ។ ប្រាកដ​ណាស់ អ្វី​ដែល​យើង​និយាយ​អំពី​គុណធម៌​របស់​ព្រះវរបិតា​ទាំងអស់ នោះ​យើង​ក៏​និយាយ​អំពី​ព្រះរាជបុត្រាបង្កើតតែមួយ​របស់​ទ្រង់​​ផងដែរ ដែល​បាន​​រស់នៅ ហើយ​បាន​សុគត​ដើម្បី​ភាព​ឥតខ្ចោះ​ដូចគ្នា​នោះ ។

ខ្ញុំចង់​និយាយ​ប្រាប់​យ៉ាង​លឿន​ថា ការ​ផ្ដោត​ទៅ​លើ​ជោគជ័យ​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា ជាជាង​​បរាជ័យ​របស់​យើង​ពុំ​បាន​ផ្ដល់​ជា​ការ​ដោះសារ​ចំពោះ​ការ​ពុំ​រស់នៅ​ក្នុង​ភាព​ជា​សិស្ស ឬ​ការ​បន្ទាប​បទដ្ឋាន​របស់​យើង​សូម្បី​តែ​បន្ដិច​​នោះ​ឡើយ ។ ទេ តាំង​ពី​ដើម​ដំបូង​មក ដំណឹងល្អ​មានឡើង « ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង…ទាល់​តែ​យើង​រាល់​គ្នា​បាន…ដល់​ខ្នាត​កម្ពស់​នៃ​សេចក្ដីពោរពេញ​ផង​ព្រះគ្រីស្ទ » ។ យ៉ាង​ហោច​ណាស់ ខ្ញុំ​សូម​ផ្ដល់​យោបល់​ដោយ​សាមញ្ញ​ថា គោលបំណង​នៃ​បទគម្ពីរ ឬ​បទបញ្ញត្តិ​មួយ អាច​ជួយ​រំឭក​យើង​អំពី« ខ្នាត​កម្ពស់​នៃ​សេចក្ដីពោរពេញ​ផង​ព្រះគ្រីស្ទ​ដ៏​​រុងរឿង » ថា​អស្ចារ្យ​ជា​យ៉ាង​ណា ដែល​បំផុស​គំនិត​យើង​ឲ្យ​កាន់​តែ​មាន​ក្ដី​ស្រឡាញ់ និង​ការ​កោតសរសើរ​ចំពោះ​ទ្រង់ ហើយ​មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំង​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។

មរ៉ូណៃ​បាន​អង្វរ​ថា « ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អឥតខ្ចោះ​នៅក្នុង​ទ្រង់… » ។ « ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក… នោះ​ដោយ​សារ​ព្រះគុណ​នៃ​ព្រះ នោះ​អ្នករាល់គ្នា​អាច​បាន​ល្អឥត​ខ្ចោះ​នៅក្នុង​ព្រះ​គ្រីស្ទ» ។ ក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​យើង​សម្រាប់​ភាព​ល្អឥតខ្ចោះ​ពិត គឺ​ក្នុង​ការ​ទទួល​វា​ជា​អំណោយទាន​មួយ​មក​ពី ស្ថានសួគ៌—​យើង​ពុំ​អាច « រក​ » វា​បានឡើយ ។ ហេតុដូច្នេះ​ហើយ ព្រះគុណ​នៃ​ព្រះ​គ្រីស្ទ​ដែល​បាន​ប្រទាន​ដល់​ពួកយើង ពុំ​គ្រាន់តែ​សង្គ្រោះ​ពីភាព​សោកសៅ និង​អំពើបាប និង​សេចក្ដីស្លាប់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​សង្គ្រោះ​ពី​ការរិះគន់​ខ្លួន​ឯង​ជា​ប្រចាំ​ផងដែរ ។

ខ្ញុំ​សូម​ប្រើ​រឿង​ប្រៀបប្រដូច​របស់​ព្រះអង្គសង្គ្រោះ​មួយ ដើម្បី​និយាយ​រឿង​នេះ​តាម​របៀប​ផ្សេង​គ្នា​បន្ដិច ។ មាន​អ្នក​បម្រើ​ម្នាក់​ជំពាក់​បំណុល​​ស្ដេច​ចំនួន ១០០០០ កោដិ ។ ពេល​ស្ដាប់​ឮ​អ្នក​បម្រើ​អង្វរ​សុំ​ការ​អត់ធ្មត់ និង​ក្ដីមេត្តា​ករុណា ​« ចៅហ្វាយ​របស់​បាវ​នោះ មាន​ព្រះទ័យ​ក្តួល​អាណិត​ក៏​លែង​វា​ឲ្យ​ទៅ…ព្រម​ទាំង​លែង​ទារ​បំណុល​ផង … » ។ ប៉ុន្ដែ​អ្នក​បម្រើ​ដដែល​នោះ​ពុំ​បាន​លែង​ទារ​បំណុល​របស់​អ្នក​បម្រើ​ម្នាក់​ទៀត​ដែល​បាន​ជំពាក់​ប្រាក់​គាត់ ១០០ កាក់​ទេ ។ ពេល​ស្ដាប់​ឮ​រឿង​នេះ ស្ដេច​បាន​សោកស្ដាយ​​ចំពោះ​អ្នក​បម្រើ​ដែល​ទ្រង់​​បាន​លែង​នោះ « តើ​មិន​​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូនកន​ឯង ដូចជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​​ទេ​ឬ​អី ? »១០

មាន​គំនិត​ផ្សេងៗ​មួយចំនួន​នៅ​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​អំពី​តម្លៃ​ប្រាក់​ដែល​បាន​ថ្លែង​នៅ​ទីនេះ—ហើយដោយ​លុបចោល​ឯកសារ​យោង​អំពី​តម្លៃ​នៃ​រូបិយប័ណ្ណ​របស់​សហរដ្ឋ—ដើម្បី​គិត​លេខ​ឲ្យ​ងាយ​ស្រួល ប្រសិន​បើ​ពុំ​អាច​លែង​ទារ​បំណុល ១០០ កាក់ ឬ​ស្មើនឹង ១០០ ដុល្លារ​ក្នុង​ជំនាន់​របស់​យើង​ដែល​ជា​ចំនួន​តូច​បាន​ទេ នោះ​បំណុល​ចំនួន ១០០០០ កោដិ​ដែល​មាន​តម្លៃ​ប្រហែល​ជា ១០០០ លាន​ដុល្លារ —ឬ​ច្រើន​ជាង​នោះ រឹតតែ​ជា​ចំនួន​ដែល​ត្រូវ​តែ​ទារ​ហើយ ។

បើ​ជា​បំណុល​ផ្ទាល់ខ្លួន​មួយ នោះ​គឺ​ជា​ចំនួន​ខាង​តារាសាស្ត្រ​មួយ—សរុបទៅ​វា​ហួស​ពី​ការ​យល់ដឹង​របស់​យើង ។ ( គ្មាន​នរណា​អាច​ទិញ​ឥវ៉ាន់​ជាមួយ​លុយ​ដ៏​ច្រើន​បែប​នោះ​ទេ ! ) មែនហើយ គោលបំណង​នៃ​រឿង​ប្រៀប​ប្រដូច​នេះ វា​គឺ​ជា​រឿង​ដែល​ពុំអាច​យល់​បាន វាជា​រឿងហួស​ពី​សមត្ថភាព​របស់​យើង​ដើម្បី​ចាប់​យក គ្មាន​ពាក្យ​ថ្លែង​ ព្រោះ​វា​ហួស​ពី​សមត្ថភាព​យើង​ដើម្បី​បង់​សង ។ នោះ​គឺ​ដោយសារ​រឿង​នេះ​ពុំ​មែន​ជា​រឿង​អំពី​អ្នក​បម្រើ​ពីរ​នាក់​ឈ្លោះ​គ្នា​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទេ ។ វា​គឺ​ជា​រឿង​អំពី​យើង ជាគ្រួសារ​មនុស្ស​ដែល​ធ្លាក់​ចុះ— ជា​អ្នក​ជំពាក់​បំណុល​ខាង​ជីវិត​រមែង​ស្លាប់ ជា​អ្នក​ប្រព្រឹត្ត​អំពើរំលង ហើយ​ជា​អ្នក​ជាប់​ទោស​ទាំងអស់​គ្នា ។ យើង​ម្នាក់​ៗ​គឺ​ជា​អ្នក​ជំពាក់​បំណុល ហើយតាម​សេចក្ដី​សម្រេច គឺថា​យើងម្នាក់ៗ​ត្រូវ​ចាប់​ដាក់​គុក ។ ហើយ​យើង​ទាំងអស់​គ្នា​នឹង​ស្ថិត​នៅ​ទីនោះ បើ​ពុំ​មាន​ព្រះគុណ​របស់​ស្ដេច​យើង​ដែល​ដោះ​យើង​ឲ្យ​រួច ដោយសារ​​ទ្រង់​ស្រឡាញ់​យើង ហើយ « ​ទ្រង់​មាន​ចិត្ត​ក្ដួល ដោយ​សេចក្ដី​មេត្តាករុណា​ដល់យើង » ទេ​នោះ ។១១

ព្រះយេស៊ូវ​បាន​ប្រើ​ការ​វាស់វែង​ដ៏​ពិបាក​យល់​នៅ ត្រង់​នេះ ដោយសារ​ដង្វាយធួន​របស់​ទ្រង់​ជា​អំណោយ​ដែល​ប្រទាន​ឲ្យ​ក្នុង​តម្លៃ​ដែល​ពុំ​អាច​យល់​បាន ។ ចំពោះ​ខ្ញុំ រឿង​នោះគឺ​ជា​ផ្នែក​ខ្លះ​នៃអត្ថន័យ​​បង្កប់​ក្នុង​​ការ​ទទួលខុសត្រូវ​របស់​ព្រះយេស៊ូវ​ដើម្បី​ល្អឥតខ្ចោះ ។ យើង​នឹង​មិនអាច​បង្ហាញ​ពី​ភាព​ល្អ​ឥតខ្ចោះ​ក្នុង​តម្លៃ ១០០០ កោដិ​ដែល​ព្រះបិតា និង​ព្រះរាជបុត្រា​មាន​នោះ​ទេ ប៉ុន្តែ​វា ពុំ ច្រើន​ពេក​សម្រាប់​ពួក​ទ្រង់​ដើម្បី​សុំ​ឲ្យ​យើង​កាន់តែ​ដូចជា​ព្រះ​នៅក្នុង​រឿង​តូចតាច ដែល​យើងនិយាយ និង​ធ្វើ ស្រឡាញ់ និង​អភ័យទោស ប្រែចិត្ត ហើយ​កែលម្អ យ៉ាង​ហោច​ណាស់ ១០០ កាក់​នៃ​ភាព​ល្អ​ឥតខ្ចោះ ដែល​វា​ស្ថិត​នៅ​ក្នុង​សមត្ថភាព​ដែល​យើង​អាច​ធ្វើ​បាន ។

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ​អើយ យើង​ពុំ​មាន​នរណា​ធ្វើ​កិច្ចការ​ល្អ​ឥតខ្ចោះ នៅក្នុង​ដំណើរ​នៅ​លើ​ផែនដី ដែល​យើង​កំពុង​តស៊ូ​ខណៈ​នៅ​ក្នុងជីវិត​រមែង​ស្លាប់​នេះទេ មាន​តែ​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ ដូច្នេះ​ចូរ​ព្យាយាម​កែលម្អ​ជា​ប្រចាំ តែ​កុំ​គិត​ជ្រុល​ពេកទៅលើ​អ្វី​ដែល​ពួក​អ្នក​វិទ្យាសាស្ត្រ​​ខាង​អាកប្បកិរិយា​ហៅ​ថា « មនុស្សពុល​សុក្រិត​និយម » ។១២ យើង​គួរ​តែ​ចៀសវាង​ពី​ការ​រំពឹងទុក​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​​ពី​ខ្លួន​យើង​ ពី​អ្នកដទៃ​ហួស​ប្រមាណ ហើយ​ខ្ញុំ​អាច​បន្ថែម​ថា ពី​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​សាសនាចក្រ—ដែល​​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មានន័យ​ថា មនុស្ស​គ្រប់​រូប ដ្បិត​យើង​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​កន្លែង​ផ្សេងៗ​គ្នា ។

ស្ដី​អំពី​រឿង​នោះ លេអូ ធូលស្លុយ បាន​សរសេរ​ដំណើរ​រឿង​អំពី​សង្ឃ​ម្នាក់​ដែល​ត្រូវ​បាន​រិះគន់​ដោយ​មនុស្ស​ក្នុង​ក្រុម​ជំនុំ​របស់​លោក ចំពោះ​ការ​មិន​រស់​នៅ​ឲ្យ​ល្អ​ទាំង​ស្រុង​តាម​ដែល​លោក​គួរ​រស់នៅ ហើយ​អ្នក​រិះគន់​បាន​សន្និដ្ឋាន​ថា គោលការណ៍​ដែល​គ្រូគង្វាល​ខុសឆ្គង​នោះ​បាន​បង្រៀន ច្បាស់​ជា​ខុស​ឆ្គង​ផងដែរ ។

ជា​ការ​ឆ្លើយតប​នឹង​ការ​រិះគន់ សង្ឃ​នោះ​បាន​និយាយ​ថា « ចូរ​មើល​ពី​ជីវិត​ខ្ញុំ​នៅ​ពេល​នេះ ហើយ​ប្រៀប​ធៀប​វា​ទៅ​នឹង​ជីវិត​ខ្ញុំ​កាល​ពី​មុន ។ អ្នក​នឹង​ឃើញ​ថា ខ្ញុំ​កំពុង​ព្យាយាម​រស់នៅ​តាម​សេចក្ដីពិត​ដែល​ខ្ញុំ​ប្រកាស » ។ ការ​មិនអាច​រស់​នៅ​តាម​គោលការណ៍​ដ៏​ខ្ពស់​បំផុត​ដែល​លោក​បាន​បង្រៀន សង្ឃ​នោះ​បាន​សារភាព​ថា លោក​បាន​បរាជ័យ ។ តែ​គាត់​បាន​ប្រាប់​ថា ៖

« ចូរ​វាយ​ប្រហារ​មក​លើ​ខ្ញុំ​ចុះ [ បើ​អ្នក​ចង់ ] ព្រោះ​ខ្ញុំ​ធ្វើ​រឿង​នេះ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ចូរ [ កុំ ] វាយ​ប្រហារ…លើ​ផ្លូវ​ដែល​ខ្ញុំ​ដើរ​តាម​នោះ​ឡើយ ។… បើ​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​ផ្ទះ [ តែ ] ខ្ញុំ​ដើរ​តាម​ផ្លូវ​នោះ​ដោយ​ទ្រេតទ្រោឌ តើ​​ផ្លូវ​ដែល​ត្រូវ​នេះ​ក្លាយ​ជា​មិន​សូវ​ត្រូវ ដោយ​សារ​ខ្ញុំ​ដើរ​ទ្រេតទ្រោឌ​ពី​ម្ខាង​ទៅ​ម្ខាង​ឬ ?

« …ចូរ​កុំ​ស្រែក​ហ៊ោ​ថា ‹ មើល​គាត់​ហ្ន៎ !… គាត់​កំពុង វារ​ទៅក្នុង​ភក់​ហើយ ! › ទេ ចូរ​កុំ​ស្រែកហ៊ោ ប៉ុន្តែ​សូម​ផ្ដល់​ជំនួយ [ ដល់​មនុស្ស​ណា​ដែលព្យាយាម​ដើរ​នៅលើ​ផ្លូវ​ត្រឡប់​ទៅ​ព្រះ​វិញ ] » ។១៣

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ ជាញឹកញាប់​យើង​គ្រប់​គ្នា​ប្រាថ្នា​ចង់​មាន​ជីវិត​ដូច​ជា​ព្រះគ្រីស្ទ​ជាង​ យើង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​រស់នៅ ។ បើ​យើង​សារភាព​រឿង​នោះ​ដោយស្មោះត្រង់ ហើយ​ព្យាយាម​កែលម្អ យើង​មិន​មែន​ជា​មនុស្ស​លាក់​ពុតទេ យើង​គឺ​ជា​មនុស្ស​លោក ។ ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​បោះចោល​នូវ​កំហុស​ល្ងង់ខ្លៅ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង និង​ការ​ធ្លាក់​របស់​បុរស​ស្ត្រី​ដែល​នៅ​ជុំវិញ​យើង ដែល​ធ្វើ​ឲ្យយើង​មើល​សេចក្ដីពិត​នៃ​ដំណឹងល្អ ជាសេចក្តី​ពិតដ៏ពោរពេញ​​នៃ​សាសនាចក្រ ​​ក្ដីសង្ឃឹម​សម្រាប់​អនាគត ឬ​លទ្ធភាព​នៃ​សេចក្ដីល្អ​របស់​យើង​ថា ជា​ការ​មិន​ល្អ​ចោល​ចេញ ។ បើ​យើង​ស៊ូទ្រាំ កន្លែង​ចម្រាញ់​យើង​នឹង​ត្រូវ​បាន​បញ្ជប់ ហើយ​បំពេញ​នៅ​ក្នុង​ភាព​អស់កល្បជានិច្ច—ដែល​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​មានន័យ​ថា ល្អឥតខ្ចោះ ។១៤

ខ្ញុំ​ថ្លែង​ទី​បន្ទាល់​ថា ជោគវាសនា​ដ៏​ធំនោះ មាន​សម្រាប់​ពួក​យើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​ផ្ទាល់​បាន​បន្ដ​ថា « ពី​ព្រះគុណ​ថែម​លើ​ព្រះគុណ » ១៥ រហូត​ដល់​ទ្រង់​បាន​ទទួល​នៅ​ក្នុង​ជីវិត​អមត១៦ ទ្រង់​បាន​ទទួល​ភាព​ពេញ​លេញ​នៃ​សិរីល្អ​សេឡេស្ទាល​យ៉ាង​ល្អ​ឥតខ្ចោះ ។១៧ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា នៅ​ក្នុង​ម៉ោង​នេះ និង​គ្រប់​ម៉ោង ទ្រង់​កំពុង​លាត​ព្រះហស្ត​ដែល​មាន​ស្នាម​ដែក​គោល​មក​កាន់​យើង ដោយ​ព្រះគុណ​ដូចគ្នា​នោះ កាន់​យើង​យ៉ាង​ជាប់ ហើយ​លើក​ទឹកចិត្ត​យើង បដិសេធ​ពុំលែងយើង​ឡើយ​ រហូត​​យើង​ទៅ​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ការ​ឱបក្រសោប​នៃ​បិតាមាតាសួគ៌ ។ សម្រាប់​គ្រា​ដ៏​ល្អ​ឥតខ្ចោះ​ដូច្នោះ ខ្ញុំ​បន្ដ​ព្យាយាម ទោះ​ជា​មាន​អារម្មណ៍​ឆ្គាំឆ្គង​ក៏ដោយ ។ ចំពោះ​អំណោយ​ដ៏​ឥតខ្ចោះ​ដូច្នោះ ខ្ញុំ​បន្ដ​ថ្លែង​អំណរគុណ ទោះ​ជា​ខ្ញុំ​ពុំ​ល្អ​គ្រប់គ្រាន់​ក៏​ដោយ ។ ខ្ញុំ​សូម​ធ្វើ​ការ​នេះ នៅ​ក្នុង​ព្រះនាម​នៃ​អង្គ​ដ៏​ល្អឥតខ្ចោះ​នៃ​អង្គ​ដែល​ពុំ​ដែល​ឆ្គាំឆ្គង ឬ​ពុំ​ល្អ​គ្រប់គ្រាន់ ប៉ុន្តែ​ជា​អង្គ​ដែល​ស្រឡាញ់​យើង​ទាំងអស់​គ្នា​រៀងៗខ្លួន គឺ​ជា​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។