ឆ្នាំ ២០១០-២០១៩
អ្នក​កាន់​ពន្លឺ​ស្ថានសួគ៌
ខែ តុលា ២០១៧


អ្នក​កាន់​ពន្លឺ​ស្ថានសួគ៌

ក្នុង​នាម​ជា​អ្នក​កាន់បព្វជិតភាព​របស់​ព្រះ និង​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ អ្នកគឺ​ជា​អ្នក​កាន់​ពន្លឺ ។

បុរស​វ័យចំណាស់​ម្នាក់​ឈរ​នៅ​ជួរ​បញ្ឈរ​ចាំ​ទិញ​តែម​នៅ​ឯការិយាល័យ​ប្រៃសណីយ៍មួយ ។ យុវនារី​ម្នាក់​បានសង្កេត​​ឃើញ​ថា បុរស​នោះ​​លំបាកដើរ ហើយ​ក៏​ស្ម័គ្រចិត្ត​ជួយ​ប្រាប់​គាត់​ពី​របៀប​ទិញ​តែម​ពី​ម៉ាស៊ីន ដើម្បី​ចំណេញ​ពេល ។ បុរស​ចំណាស់​នោះ​មាន​ប្រសាសន៍​ថា « អរគុណ ប៉ុន្តែ​ខ្ញុំ​ចង់​រង់​ចាំ​វិញ ។ ពី​ព្រោះ​ម៉ាស៊ីន​នឹង​មិន​សួរ​ខ្ញុំ​ពី​ជំងឺរលាកសន្លាក់​ខ្ញុំ​ទេ » ។

ពេល​ខ្លះ​វា​ល្អ​ដែល​បាន​និយាយ​នឹង​នរណា​ម្នាក់​ដែល​ខ្វល់​ខ្វាយ​អំពី​បញ្ហា​របស់​យើង ។

ការ​ឈឺចាប់ ការ​សោកសៅ និង​ជំងឺ គឺ​ជា​បទពិសោធន៍​ដែល​យើង​ទាំងអស់​គ្នា​ចែកចាយ—គ្រា​នៃ​ការ​ឆ្គាំឆ្គង ទុក្ខ​សោក និង​ភាព​អកុសល អាច​បន្ថែម​នៅក្នុងការ​ចងចាំរបស់​យើង ។

នៅពេល​គិត​ពី​សុខុមាលភាព​ខាង​រូបកាយ​របស់​យើង យើង​ទទួល​យក​វ័យជរា និង​ជំងឺ​ជា​ចំណែក​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ។ យើង​ស្វែងរក​ការប្រឹក្សា​ខាង​វិជ្ជាជីវៈ ដែល​យល់​ដឹង​អំពី​រូបកាយ ។ នៅពេល​យើង​រង​ការ​ឈឺចាប់​សតិអារម្មណ៍ ឬ​ជំងឺ​ផ្លូវ​ចិត្ត យើង​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​ដែល​ព្យាបាល​ជំងឺ​ប្រភេទ​នេះ ។

យើង​ប្រឈម​មុខ​នឹង​ការ​សាកល្បង​ខាង​រូបកាយ និង​ខាង​សតិអារម្មណ៍​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ក៏​ដូចជា យើង​ប្រឈម​មុខ​នឹង​បញ្ហា​ខាង​វិញ្ញាណ​ផងដែរ ។ យើង​ភាគ​ច្រើន​មាន​បទពិសោធន៍​ក្នុង​ជីវិត​ពេល​ដែល​ទីបន្ទាល់​របស់​យើង​ភ្លឺ​ចិញ្ចាំង​ចិញ្ចាច ។ យើង​ក៏​មាន​បទពិសោធន៍​ផងដែរ ពេល​ព្រះវរបិតាសួគ៌​របស់​យើង​ហាក់​ដូចជា​នៅ​ឆ្ងាយ ។ មាន​ពេល​ជា​ច្រើន​ដែល​យើង​រក្សា​ទុក​រឿង​ខាង​វិញ្ញាណ​នៅ​ក្នុង​ដួងចិត្ត​របស់​យើង ។ ក៏​មាន​ពេល​ខ្លះ ជា​ពេល​ដែល​វា​មិន​សូវ​មាន​តម្លៃ ឬ​មិន​សូវ​សំខាន់ ។

ថ្ងៃនេះ ខ្ញុំ​ចង់និយាយ​អំពី​សុខុមាលភាព​ខាង​វិញ្ញាណ—ជា​របៀប​ដែល​យើង​អាច​ស្វែងរក​ការ​ព្យាបាល​ពី​ការ​ខ្វះខាត​ក្នុង​ការ​រីកចម្រើន ហើយ​ដើរ​នៅលើផ្លូវ​ដ៏​ក្លៀវក្លា និង​មាន​សុខភាព​​ខាង​វិញ្ញាណ ។

ជំងឺ​ខាង​វិញ្ញាណ

ពេល​ខ្លះ​ជំងឺ​ខាង​វិញ្ញាណ​កើត​មក​ពី​លទ្ធផល​នៃ​អំពើបាប ឬ​របួស​ខាង​សតិអារម្មណ៍ ។ ពេល​ខ្លះ​ជំងឺ​ខាង​វិញ្ញាណ​កើត​មាន​ដោយ​សន្សឹមៗ​ដែល​យើង​ពិបាក​នឹង​ប្រាប់​ថា​វា​កំពុង​តែ​កើត​ឡើង ។ ដូចជា​ស្រទាប់​នៃ​ថ្មសេឌីម៉ង់ទែរ ការ​ឈឺចាប់ និងទុក្ខព្រួយ​ខាង​វិញ្ញាណ អាច​កើត​មាន​បន្ដិចម្ដងៗ មាន​ទម្ងន់​មកលើ​វិញ្ញាណ​របស់​យើង រហូត​ដល់​វា​ធ្ងន់​ស្ទើរតែ​មិន​អាច​រែក​បាន ។ ឧទាហរណ៍ រឿង​នេះ​អាច​កើត​ឡើង នៅពេល​ការ​ទទួលខុសត្រូវ​របស់​យើង​នៅ​កន្លែង​ការងារ នៅគេហដ្ឋាន និង​នៅ​ព្រះវិហារ​មាន​កាន់តែ​លើសលប់ ដែល​យើង​ភ្លេច​ពី​អំណរ​នៃ​ដំណឹងល្អ ។ យើង​អាច​ទាំង​មាន​អារម្មណ៍​ថា​យើង​ពុំ​អាច​ផ្ដល់​អ្វី​ទៀត​ទេ​ឬ​ថា​ការ​រស់នៅ​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ គឺ​ហួស​ពី​កម្លាំង​របស់​យើង ។

ប៉ុន្តែ​ទោះ​ការ​សាកល្បង​ខាង​វិញ្ញាណ​មានពិត​ក្ដី ក៏​ពុំ​មែន​មានន័យ​ថា​វា​ពុំ​អាច​ព្យាបាល​បាន​នោះដែរ ។

យើង​អាច​ព្យាបាល​ខាង​វិញ្ញាណ​បាន ។

ទោះ​ជា​របួស​ខាង​វិញ្ញាណ​មាន​ជម្រៅ​ជ្រៅបំផុត​ក្ដី—មែន​ហើយ​ទោះ​ជា​វា​មើល​ទៅ​ពុំ​អាច​ព្យាបាល​បាន​ក្ដី—គឺ​វា​អាច​ព្យាបាល​បាន ។

មិត្ត​ជា​ទីស្រឡាញ់​អំណាច​នៃ​ការ​ព្យាបាល​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ពុំ​អវត្តមាន​ក្នុង​ជំនាន់​របស់​យើង​ទេ ។

ការ​ពាល់​ព្យាបាល​របស់​របស់​ព្រះអង្គសង្គ្រោះ អាច​ផ្លាស់ប្រែ​ជីវិត​ក្នុង​ជំនាន់​របស់​យើង​ដូច​ជា​នៅ​ជំនាន់​ទ្រង់​ដែរ ។ ប្រសិន​បើ​យើង​គ្រាន់តែ​មាន​ជំនឿ នោះ​ទ្រង់​អាច​ដឹកដៃ​យើង បំពេញ​ក្នុង​ព្រលឹង​របស់​យើង​ដោយ​ពន្លឺ​សួគ៌ា ហើយ​ព្យាបាល​យើង ព្រមទាំង​មានបន្ទូល​ប្រទានពរ​យើង​ថា « ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ » ។

ភាព​ងងឹត និង​ពន្លឺ

អ្វី​ដែល​បណ្ដាល​ឲ្យយើង​ឈឺចាប់​ខាង​វិញ្ញាណ នោះ​វា​នឹង​មាន​រឿង​ដូច​គ្នា​មួយ​គឺ ៖ អវត្តមាន​ពី​ពន្លឺ​ដ៏​ទេវភាព ។

សេចក្ដីងងឹត​កាត់បន្ថយ​សមត្ថភាព​មើល​ឃើញ​ច្បាស់​របស់​យើង ។ វា​ធ្វើ​ឲ្យ​ភ្នែក​យើង​ព្រិល ដែល​កាល​ពីមុន​មើល​ឃើញ​ច្បាស់ ។ នៅពេល​យើង​ស្ថិត​នៅក្នុង​ភាព​ងងឹត ភាគ​ច្រើនយើង​​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ​ ដោយ​សារ​យើង​ពុំ​អាច​មើល​ឃើញ​គ្រោះ​ថ្នាក់​នៅលើ​ផ្លូវ​របស់​យើង ។ នៅពេល​យើង​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត នោះ​ភាគ​ច្រើន​យើង​​បាត់​បង់​ក្តីសង្ឃឹម​ ដោយសារ​យើង​ពុំ​អាច​មើល​ឃើញ​ភាព​សុខសាន្ដ និង​អំណរ​ដែល​រង់ចាំ​យើង ប្រសិន​បើ​យើង​គ្រាន់តែ​បន្ដ​ដើរ​ទៅ​មុខ ។

ម្យ៉ាងទៀត ពន្លឺ​អនុញ្ញាត​ឲ្យ​យើង​មើល​ឃើញ​រឿង​ពិត ។ វាជួយ​​ឲ្យ​យើង​យល់​រវាង​សេចក្ដីពិត និង​កំហុស រវាង​អ្វី​ដែល​សំខាន់ និង​មិនសំខាន់ ។ នៅពេល​យើង​នៅក្នុង​ពន្លឺ យើង​អាច​ធ្វើ​ការ​ជ្រើសរើស​សុចរិត ផ្អែក​ទៅលើ​គោលការណ៍​ពិត ។ នៅពេល​យើង​ស្ថិត​នៅ​ក្នុង​ពន្លឺ យើង​មាន « សេចក្ដីសង្ឃឹម​ដ៏ឥតខ្ចោះ » ដោយ​សារ​យើង​អាច​មើល​ឃើញ​ការ​សាកល្បង​ក្នុង​ជីវិត​រមែង​ស្លាប់​ចេញ​ពី​ទស្សនៈវិស័យ​ដ៏​អស់កល្បជានិច្ច ។

យើង​នឹង​រកឃើញ​ការ​ព្យាបាល​ខាង​វិញ្ញាណ នៅពេល​យើង​បោះជំហាន​ពីស្រមោល​នៃ​លោកិយ ហើយ​ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស់កល្ប​របស់​ព្រះគ្រីស្ទ ។

កាល​ណា​យើង​កាន់តែ​យល់ ហើយ​អនុវត្ត​គោលគំនិតអំពី​ពន្លឺ​ខាង​គោលលទ្ធិ នោះ​យើង​កាន់តែ​ចាំ​យាម​ទាស់​នឹង​ជំងឺ​ខាង​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​យើង​រងទុក្ខ ឬ​ឈឺចាប់​មក​ពី​គ្រប់​ទិសដៅ​បាន ហើយ​យើង​កាន់តែ​អាច​បម្រើ​ជា​អ្នក​កាន់បព្វជិតភាព​ដ៏បរិសុទ្ធ​ដោយ​ថាមពល ក្លាហាន ដោយ​យកចិត្តទុកដាក់ និង​រាបសា—ជា​អ្នក​បម្រើ និង​សិស្ស​ពិត​របស់​ស្ដេច​ដ៏​អស់កល្ប និង​ជា​ទីស្រឡាញ់​របស់​យើង ។

ពន្លឺនៃលោកិយ

ព្រះយេស៊ូវគ្រីស្ទ​បានមាន​ព្រះបន្ទូល​ថា​៖ « ខ្ញុំ​ជា​ពន្លឺ​លោកីយ៍​អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ »។

តើ​វា​មាន​ន័យ​ដូច​ម្ដេច​ទៅ ?

វា​សាមញ្ញ​ថា ៖ អ្នក​ដែល​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​រាបសា នឹង​ទទួល​បទពិសោធន៍ ហើយ​ចែកចាយ​ពន្លឺ​របស់​ទ្រង់ ។ ហើយ​ពន្លឺ​នោះ នឹង​ភ្លឺឡើងៗ រហូត​ដល់​វា​បណ្ដេញ​ភាព​ងងឹតអាប់អួរ​ដ៏​ខ្លាំង​ចេញ​នៅ​ទីបំផុត ។

វា​មានន័យ​ថា មាន​អំណាច​មួយ ជា​ឥទ្ធិពល​ដ៏​ខ្លាំង​មួយ ដែល​សាយភាយ​ចេញ​មកពី​ព្រះអង្គសង្គ្រោះ ។ វា « ចេញមកពី​វត្តមាននៃ​ព្រះ ដើម្បី​បំពេញ​ភាព​ល្ហល្ហេវ​នៃ​មេឃ » ។ ដោយ​សារ​អំណាច​នេះ​បំភ្លឺ លើក​តម្កើង ហើយ​បំភ្លឺ​ជីវិត​របស់​យើង ដែល​ជា​ញឹកញាប់​ព្រះ​គម្ពីរ​ត្រូវ​បាន​ហៅថា ​ពន្លឺ ប៉ុន្តែ​វា​ក៏​សំដៅ​ថា​ជា​វិញ្ញាណ និង​សេចក្ដីពិត​ផងដែរ ។

នៅក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា យើង​អាន​ថា « ព្រះបន្ទូល​នៃ​ព្រះ​អម្ចាស់​គឺ​ជា​សេចក្ដីពិត ហើយ​អ្វីៗ​ក៏​ដោយ​ដែល​ជា​សេចក្ដីពិត​គឺ​ជា​ពន្លឺ និង​អ្វីៗ​ក៏​ដោយ​ដែល​ជា​ពន្លឺ​គឺជា​ព្រះវិញ្ញាណ គឺ​ជា​ព្រះវិញ្ញាណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។

គំនិត​ដ៏​អស្ចារ្យ​នេះ —ប្រាប់​ថា ពន្លឺ​គឺ​ជា​ព្រះវិញ្ញាណ ដែល​ជា​សេចក្ដីពិត ហើយ​ថា​ពន្លឺ​នេះ​បំភ្លឺ​គ្រប់​ព្រលឹង​ដែល​មក​ក្នុង​ពិភពលោក​នេះ—​វា​សំខាន់​ដូច​ដែល​វា​សង្ឃឹម​ទុក ។ ពន្លឺ​នៃ​ព្រះគ្រីស្ទ​បំភ្លឺ ហើយ​បំពេញ​ព្រលឹង​ទាំងអស់​ដែល​ស្ដាប់​តាម​សំឡេង​នៃ​ព្រះវិញ្ញាណ ។

ពន្លឺ​នៃ​ព្រះគ្រីស្ទ បំភ្លឺ​ពេញ​សាកលលោក​ទាំងមូល ។

វា​បំពេញ​លើ​ផែនដី ។

ហើយ​វា​អាច​បំពេញ​គ្រប់​ដួងចិត្ត ។

« ព្រះមិនរើសមុខអ្នកណាទេ » ។ ពន្លឺ​របស់​ទ្រង់​គឺ​មាន​សម្រាប់​មនុស្ស​គ្រប់រូប—ទាំង​ធំ ទាំង​តូច ទាំង​មាន ទាំង​ក្រ ទាំង​អ្នក​មាន​ឯកសិទ្ធិ ទាំង​អ្នក​ខ្វះខាត ។

ប្រសិន​បើ​អ្នក​បើក​គំនិត និង​ដួងចិត្ត​ដើម្បី​ទទួល​ពន្លឺ​នៃ​ព្រះគ្រីស្ទ ហើយ​ដើរតាម​ព្រះអង្គសង្គ្រោះ​ដោយរាបសា នោះ​អ្នក​នឹង​ទទួល​បាន​ពន្លឺ​កាន់តែ​ច្រើន ។ មួយបន្ទាត់ម្ដងៗ ឯណេះបន្ដិចឯណោះបន្ដិច អ្នក​នឹង​ប្រមូល​ពន្លឺ និង​សេចក្ដីពិត​មក​ក្នុង​ព្រលឹង​អ្នក​កាន់​តែ​ច្រើន រហូត​ដល់​ភាព​ងងឹត​ត្រូវ​បាន​វិនាស​បាត់​ពីជីវិត​របស់​អ្នក ។

ព្រះ​នឹង​បើក​ភ្នែក​របស់​អ្នក ។

ព្រះ​នឹង​ផ្ដល់​ដួងចិត្ត​ថ្មី​ដល់​អ្នក ។

សេចក្ដី​ស្រឡាញ់​របស់​ព្រះ ពន្លឺ និង​សេចក្ដីពិត នឹង​បណ្ដាល​ឲ្យ​រឿង​អកម្ម​ទៅ​ជា​មាន​ជីវិត ហើយ​អ្នក​នឹង​កើត​ជា​ជីវិត​ថ្មី​នៅក្នុង​ព្រះគ្រីស្ទយេស៊ូវ ។

ព្រះអម្ចាស់​បាន​សន្យា​ថា « បើ​សិន​ជា​ភ្នែក​របស់​អ្នក​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ទៅ​ចំពោះ​សិរី​ល្អ​របស់​យើង នោះ​រូប​កាយ​អ្នក​ទាំង​មូល​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ ហើយ​នឹង​ពុំ​មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​អ្នក​ឡើយ ហើយ​រូប​កាយ​នោះ​ដែល​បាន​ពោរ​ពេញ​ទៅ​ដោយ​ពន្លឺ យល់​គ្រប់​ទាំង​អស់ » ។១០

នេះ​ជា​ឱសថ​សម្រាប់​ជំងឺ​ខាង​វិញ្ញាណ ។ សេចក្ដីងងឹត​នឹង​បាត់​ទៅ​ពេល​មានវត្តមាន​នៃ​ពន្លឺ ។

រឿងប្រៀបធៀប​អំពី​សេចក្ដីងងឹត​ខាង​វិញ្ញាណ

ទោះជា​យ៉ាង​ណាក៏ដោយ ព្រះ​នឹង​ពុំ​បង្ខំ​យើង​ឲ្យ​ទទួល​យក​ពន្លឺ​ទ្រង់​ទេ ។

ប្រសិន​បើ​យើង​ចូលចិត្ត​​នៅក្នុង​ភាព​ងងឹត នោះ​ដួង​ចិត្ត​របស់​យើង​នឹង​មិនងាយ​ផ្លាស់ប្ដូរ​ទេ ។

ដើម្បី​មាន​ការ​ផ្លាស់ប្ដូរ​បាន នោះ​យើង​ចាំបាច់​ត្រូវ​អនុញ្ញាត​ឲ្យ​ពន្លឺ​ចូល​មក​យ៉ាង​សកម្ម ។

អំឡុង​ពេល​បើកបរ​ក្នុងនាម​ជា​អ្នក​បើក​យន្ដហោះ​នៅ​ជុំ​វិញ​ភព​ផែនដី​របស់​យើង ខ្ញុំ​តែងតែ​ស្ងើច​អស្ចារ្យ​ចំពោះ​សម្រស់ និង​ភាព​ឥតខ្ចោះ​នៃ​ការ​បង្កបង្កើត​របស់​ព្រះ ។ ជាពិសេស​ខ្ញុំ​រកឃើញ​ភាព​ទាក់ទាញ​នៃ​ទំនាក់ទំនង​រវាង​ផែនដី និង​ព្រះអាទិត្យ ។ ខ្ញុំ​គិត​ថា​វា​គឺជា​កម្មវត្ថុមេរៀន​ដ៏​ល្អ​មួយ​អំពី​វត្តមាន​នៃ​ភាព​ងងឹត និង​ពន្លឺ ។

ដូច​យើង​ទាំងអស់​គ្នា​បាន​ដឹង​ហើយ ក្នុង​រយៈពេល ២៤ ម៉ោង យប់​ទៅជា​ថ្ងៃ ហើយ​ថ្ងៃ​ទៅ​ជា​យប់ ។

ដូច្នេះ​តើ​អ្វី​ជា​យប់ ?

យប់​គ្មាន​អ្វី​សោះ​ក្រៅពី​ស្រមោល ។

ទោះ​ជា​នៅ​ក្នុង​យប់​ដ៏​ងងឹត​បំផុតក្ដី ក៏​ព្រះអាទិត្យ​ពុំ​អាច​បញ្ឈប់​បំភាយ​ពន្លឺ​វា​ដែរ ។ វា​បន្ដ​បំភ្លឺ​ពន្លឺ​ដ៏​ភ្លឺ​ដូច​សព្វ​ដង ។ ប៉ុន្តែ​ពាក់កណ្ដាល​ផែនដី​ស្ថិត​ក្នុង​ភាព​ងងឹត ។

អវត្តមាន​នៃ​ពន្លឺ​បណ្ដាល​ឲ្យ​ងងឹត ។

នៅពេល​ភាព​ងងឹត​នៃ​ពេល​យប់​ចូល​មក​ដល់ យើង​ពុំ​អស់សង្ឃឹម ហើយ​បារម្ភ​ថា​ព្រះអាទិត្យ​រលត់​នោះ​ទេ ។ យើង​ពុំ​សន្មត់​ថា​ព្រះអាទិត្យ​លែង​មាន​ទៀត​នោះទេ ។ យើង​យល់​ដឹង​ថា យើង​ស្ថិត​នៅ​ក្នុង​ស្រមោល​មួយ ដែល​ផែនដី​នឹង​បន្ដ​​វិល ដែល​នៅ​ទីបំផុត កាំពន្លឺ​នៃ​ព្រះអាទិត្យ​នឹង​បំភ្លឺ​មកដល់​យើង​ទៀត ។​

ភាព​ងងឹត​គឺ​ពុំ​ចង្អុល​បង្ហាញ​ថា គ្មាន​ពន្លឺ​នោះទេ ។ ជាញឹកញាប់​បំផុត វា​មាន​ន័យ​ដោយ​សាមញ្ញ​ថា យើង​ពុំ​ស្ថិត​នៅ​ក្នុង​កន្លែង​ត្រឹមត្រូវ​ដើម្បី​ទទួល​ពន្លឺ ។ អំឡុង​ពេល​សូរ្យគ្រាស​ក្នុង​ពេល​ថ្មីៗ​នេះ មាន​មនុស្ស​ជាច្រើន​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ចូល​ទៅ​ក្នុង​ខ្សែ​ស្រមោល​ដ៏​តូច​ចង្អៀត​ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះចន្ទ​នៅ​កណ្ដាល​ថ្ងៃ​រះ​ដ៏​ភ្លឺ​ថ្លា ។

តាមរបៀប​មួយ​ស្រដៀងគ្នា​នេះ​ដែរ​គឺ​ថា ពន្លឺ​ខាង​វិញ្ញាណ​បន្ដ​បំភ្លឺ​មក​លើ​គ្រប់​ការ​បង្កបង្កើត​របស់​ព្រះ ។ សាតាំង​នឹង​ខំ​គ្រប់​យ៉ាង​ដើម្បី​បង្កើត​ជា​ម្លប់ ឬ​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រមោល​នៃ​ការ​បង្កបង្កើត​របស់​យើង​ផ្ទាល់ ។ វា​នឹង​បង្ខំ​យើង​ឲ្យ​បង្កើត​សូរ្យគ្រាស​របស់​យើង​ផ្ទាល់ វា​នឹង​ជម្រុញ​យើង​ឲ្យ​ចូល​ក្នុង​ភាពងងឹត​នៃ​កន្លែង​ទុច្ចរិត​របស់​វា ។

ភាព​ងងឹត​ខាង​វិញ្ញាណ អាច​ធ្វើ​ឲ្យ​ភ្លេច​អំពី​ពន្លឺ ទោះ​ជា​អស់​អ្នក​ដែល​ធ្លាប់​ដើរ​ក្នុង​ពន្លឺ ហើយ​រីករាយ​នៅ​ក្នុង​ព្រះអម្ចាស់​ក្ដី ។ ទោះជា នៅ​ក្នុង​គ្រា​ដែល​មាន​សេចក្ដី​ងងឹត​ដ៏​ធំ​ក៏ដោយ នោះ​ព្រះ​បាន​ព្រះសណ្ដាប់​ការ​ទទូចអង្វរ​ដ៏​រាបសា​របស់​យើង « ព្រះអម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្ដីណា​ដែល​ខ្ញុំ​មិន​ជឿ​ផង » ។១១

នៅជំនាន់​របស់​អាលម៉ា មាន​មនុស្ស​ជា​ច្រើន​ដែល​ពិបាក​ទទួល​យក​រឿង​ខាង​វិញ្ញាណ ហើយ « ដោយសារ​តែ​ការ​ឥត​ជំនឿ​របស់​ពួកគេ » ពន្លឺ និង​សេចក្ដីពិត​របស់​ព្រះ ពុំ​អាច​ចូល​ទៅក្នុង​ព្រលឹង​របស់​ពួកគេ « ហើយ​ចិត្ត​របស់​ពួកគេ​រឹងរូស » ។១២

យើង​គឺ​ជា​អ្នក​កាន់​ពន្លឺ

បងប្អូន​ប្រុស វា​អាស្រ័យ​ទៅលើ​យើង​ដើម្បី​នៅ​ក្នុង​កន្លែង​ត្រឹមត្រូវ​ដើម្បី​មើល​ឃើញ​ពន្លឺ និង​សេចក្ដីពិត​ដ៏​ទេវភាព​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទោះ​ជា​ពេល​យប់​មកដល់ ហើយពិភពលោក​ហាក់ដូចជា​ងងឹត​ក្ដី ក៏​យើង​អាច​ជ្រើសរើស​ដើរ​នៅ​ក្នុង​ពន្លឺ​របស់​ព្រះគ្រីស្ទ រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ហើយ​ថ្លែង​ទីបន្ទាល់​ដោយ​ក្លាហាន​អំពី​ភាព​ពិត និង​ភាព​មហិមា​របស់​ទ្រង់ដែរ ។

ក្នុង​នាម​ជា​អ្នក​កាន់បព្វជិតភាព​របស់​ព្រះ និង​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ អ្នកគឺ​ជា​អ្នក​កាន់​ពន្លឺ ។ សូម​បន្ដ​ធ្វើ​នូវ​អ្វីៗ​ដែល​នឹង​បីបាច់​ដល់​ពន្លឺ​ដ៏​ទេវភាព​របស់​ទ្រង់ ។ « លើក​ពន្លឺ​អ្នកឡើង »១៣ ហើយ « ឲ្យ​ពន្លឺ​បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក »—ពុំ​មែន​ដើម្បី​ឲ្យពួកគ​មើលឃើញ ហើយ​សរសើររ​ដល់​អ្នក​ទេ ប៉ុន្តែ « ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អដែល​អ្នករាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​តម្កើង​ដល់​ព្រះវរបិតានៃ​អ្នក​រាល់គ្នា​ដែលគង់នៅ​ស្ថានសួគ៌ » ។១៤

បងប្អូន​ប្រុស​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ អ្នក​គឺ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់​ដែល​មាន​គោលបំណង​ដើម្បី​នាំ​ពន្លឺ និង​ព្យាបាល​ដល់​ព្រលឹង​នៃ​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ។ ប្រហែល​ជា​អ្នក​ពុំ​មានអារម្មណ៍​ថា​សក្ដិសម​ដើម្បី​ព្យាបាល​អស់​អ្នក​ដែល​មាន​ជំងឺ​ខាង​វិញ្ញាណ—ប្រាកដ​ណាស់​ក៏​គ្មាន​បុគ្គលិកណា​នៅ​ប្រៃសណីយ៍មាន​ភាព​សក្តិសម​ដើម្បី​ជួយ​ដល់​បុរស​ដែល​មាន​ជំងឺរលាក​សន្លាក់នោះ​ដែរ ។ ប្រហែល​ជា​អ្នក​ជួប​នឹង​បញ្ហា​ខាង​វិញ្ញាណផ្ទាល់​ខ្លួន ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ព្រះអម្ចាស់​បាន​ហៅ​អ្នក ។ ទ្រង់​បាន​ប្រទាន​សិទ្ធិអំណាច និងការ​ទទួលខុសត្រូវ​ដល់​អ្នក​ដើម្បី​ឈោង​ទៅ​ជួយ​ដល់​ជនក្រីក្រ ។ ទ្រង់​បាន​ប្រទាន​ដល់​អ្នក​នូវ​អំណាច​បព្វជិតភាព​ដ៏ពសិដ្ឋ​របស់​ទ្រង់​ដើម្បី​នាំ​ពន្លឺ​មក​ក្នុង​ទីងងឹត ហើយ​លើក និង​ប្រទានពរ​ដល់​កូនចៅ​របស់​ព្រះ ។ ព្រះ​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់ និង​ដំណឹងល្អ​ដ៏​មានតម្លៃ​របស់​ទ្រង់ « ធ្វើ​ឲ្យ​ជា​ស្បើយ​ព្រលឹង ដែល​មាន​របួស​ឈឺចាប់ » ។១៥ ទ្រង់​បាន​រៀបចំ​ផ្លូវ​ដើម្បី​មានសុខុមាលភាព​ខាង​វិញ្ញាណ ដើម្បី​ស្វែងរក​ការ​ព្យាបាល​ពី​ភាព​អសកម្ម មក​ជា​មានសុខភាព​ខាង​វិញ្ញាណ ហើយ​ក្លៀវក្លា ។

រាល់​ពេល​ដែល​អ្នក​បង្វែរ​ដួងចិត្ត​របស់​អ្នក​ទៅ​រក​ព្រះ​ក្នុង​ការ​អធិស្ឋាន​ដោយ​រាបសា នោះ​អ្នក​ទទួល​បទពិសោធន៍​នូវពន្លឺ​របស់​ទ្រង់ ។ រាល់​ពេល​ដែល​អ្នក​ស្វែងរក​ព្រះបន្ទូល និង​ព្រះទ័យ​របស់​ទ្រង់​នៅ​ក្នុង​បទគម្ពីរ នោះ​ពន្លឺ​នឹង​បំភ្លឺ​ឡើង​កាន់តែ​ចែងចាំង ។ រាល់​ពេល​ដែល​អ្នក​សង្កេត​​ឃើញ​នរណា​ម្នាក់​ខ្វះខាត ហើយ​លះបង់​ភាព​សុខស្រួល​របស់​អ្នក​ដើម្បី​ឈោង​ទៅ​ជួយ​ដោយ​ក្ដី​ស្រឡាញ់ នោះ​ពន្លឺ​នឹង​រីកធំខ្លាំង​ឡើងៗ ។ រាល់​ពេល​ដែល​អ្នក​បដិសេធ​ការល្បួង ហើយ​ជ្រើសរើស​ភាព​បរិសុទ្ធ រាល់ពេល​ដែល​អ្នក​ស្វែងរក ឬ​ផ្ដល់​ការ​អភ័យទោស រាល់ពេល​ដែលអ្នក​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដោយ​ក្លាហាន នោះ​ពន្លឺ​បណ្ដេញ​ភាព​ងងឹត ហើយ​ទាក់ទាញ​ដល់​អ្នកដទៃ​ដែល​កំពុង​ស្វែងរក​ពន្លឺ និង​សេចក្តីពិត​ផងដែរ ។

ចូរ​គិត​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក គ្រា​ដែល​ការ​បម្រើ​ព្រះ និង​ពួកបងប្អូន នៅពេល​ពន្លឺ​ដ៏ទេវភាព​បំភ្លឺ​នៅ​ក្នុង​ជីវិត​របស់​អ្នក នៅក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ នៅ​ឯ​តុសាក្រាម៉ង់ នៅ​កន្លែង​ស្ងប់ស្ងាត់​ដើម្បីពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន នៅក្នុង​ការ​ជួប​ជុំ​គ្រួសារ​របស់​អ្នក ឬ​អំឡុង​ពេល​ធ្វើ​ការ​បម្រើ​បព្វជិតភាព ។ សូម​ចែកចាយ​គ្រា​ទាំងនោះ​ជាមួយ​នឹង​គ្រួសារ មិត្តភក្ដិ ជាពិសេស​ជាមួយ​នឹង​យុវវ័យ​របស់​យើង​ដែល​កំពុង​ស្វែងរក​ពន្លឺ ។ ពួកគេ​ចាំបាច់​ត្រូវ​ស្ដាប់​ឮ​ពី​អ្នក​ថា សេចក្ដីសង្ឃឹម និង​ការ​ព្យាបាល​ទោះបី​នៅក្នុង​ពិភព​លោក​ដែល​ពោរពេញ​ដោយ​ភាពអន្ធកាល​កើត​ចេញ​មកពី​ពន្លឺ​នោះ ។

ពន្លឺ​របស់​ព្រះគ្រីស្ទ នាំ​មក​នូវ​ក្ដីសង្ឃឹម សុភមង្គល និង​ការ​ព្យាបាល​របួស ឬ​ជំងឺ​ខាង​វិញ្ញាណ​គ្រប់​ប្រភេទ ។ អស់​អ្នក​ដែល​មាន​បទពិសោធន៍​នៃ​ឥទ្ធិពល​លាង​សម្អាត​នេះ បាន​ក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃ​ពន្លឺ​នៃ​លោកិយ ដើម្បី​ផ្ដល់​ពន្លឺ​ដល់​អ្នកដទៃ ។១៧ ពួកគេ​នឹង​ទទួល​អារម្មណ៍​អ្វីមួយ​ដែល​ស្ដេច ឡាម៉ូណៃ បាន​ទទួល ៖ « ពន្លឺ​នេះ​បាន​ធ្វើ​ឲ្យ​សេចក្ដីអំណរ​ជ្រួតជ្រាបទៅ​ក្នុង​ព្រលឹង​របស់​ទ្រង់ ឯ​ពពក​នៃ​ភាព​ងងឹត​ក៏​បាន​ផាត់​ចេញ ហើយ…ពន្លឺ​ដែល​ជា​ជីវិត​ដ៏​អស់កល្បជានិច្ច ត្រូវ​បាន​អុជ​ឡើង​នៅ​ក្នុង​ព្រលឹង​ទ្រង់ » ។១៨

បងប្អូនប្រុស​ មិត្តភក្តិ​ជា​ទីស្រឡាញ់ វា​គឺជា​កាតព្វកិច្ចរបស់​យើង​ដើម្បី​ស្វែងរក​ព្រះអម្ចាស់​រហូត​ដល់​ពន្លឺ​ដែល​ជា​ជីវិត​ដ៏​អស់កល្បជានិច្ច ឆេះ​យ៉ាង​សន្ធោរសន្ធៅ​នៅក្នុង​ខ្លួន​យើង ហើយ​ទីបន្ទាល់​របស់​យើង​ក្លាយ​ទៅ​ជា​ទំនុកចិត្ត ហើយ​រឹងមាំ​ទោះ​នៅ​កណ្ដាល​ស្បៃ​អន្ធកាល​ក្តី ។

វា​គឺ​ជា​ការ​អធិស្ឋាន និងប្រសិទ្ធ​ពរពី​ខ្ញុំ​សូម​ឲ្យ​អ្នក​ទទួល​ជោគជ័យ​នៅក្នុង​ការ​បំពេញ​ជោគវាសនា​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​កាន់បព្វជិតភាព​របស់​ព្រះ​ដ៏មានមហិទ្ធិឫទ្ធិ ហើយ​ធ្វើ​ជា​អ្នក​កាន់ពន្លឺ​សួគ៌ា​របស់​ទ្រង់​ដោយអំណរ​ជានិច្ច ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​លោកគ្រូ​របស់​យើង អាម៉ែន ។