ឆ្នាំ ២០១០-២០១៩
សេចក្តីពិត​ដ៏​ចាំបាច់—តម្រូវការ​របស់​យើង​ដើម្បី​អនុវត្ត
ខែ តុលា ២០១៧


សេចក្តីពិត​ដ៏​ចាំបាច់—តម្រូវការ​របស់​យើង​ដើម្បី​អនុវត្ត

ការនិមិត្ត​ដំបូង និង​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​នាំ​មក​នូវ​ចំណេះដឹង និង​សេចក្តីពិត​​ដែល​ចាំបាច់​សម្រាប់​សុភមង្គល​របស់​យើង​នៅក្នុង​ជីវិត​នេះ និង​ភាពតម្កើង​ឡើង​របស់​យើង ។

កាល​ខ្ញុំ​អាយុ​ប្រហែល​ជា​ប្រាំពីរ​ឆ្នាំ ខ្ញុំ​បាន​សួរ​ម្តាយ​ខ្ញុំ​ថា « ពេល​ម៉ាក់ និង​ខ្ញុំ​ស្លាប់ ហើយ​ឡើង​ទៅ​ស្ថានសួគ៌ តើ​ម៉ាក់​នឹង​នៅ​តែ​ជា​ម្តាយ​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? » ភរិយា​ខ្ញុំ​ពុំ​រំពឹងថា​នឹង​ទទួល​បានសំណួរ​បែប​នោះ​ឡើយ ។ ប៉ុន្តែ​ការឆ្លើយ​តប​អស់​ពី​សមត្ថភាព​នៃ​ចំណេះ​ដឹង​របស់​​ខ្លួន ភរិយា​ខ្ញុំ​បាន​និយាយ​ថា « ទេ​កូន នៅលើ​ស្ថានសួគ៌​យើង​នឹង​ក្លាយ​ជា​បងប្អូន​ប្រុសស្រី​នឹង​គ្នា ។ ម៉ាក់​នឹង​មិនមែន​ជា​ម្តាយ​កូន​ទៀត​ឡើយ » ។ នោះ​មិន​មែន​ជា​ចម្លើយ​ដែល​ខ្ញុំ​ចង់​បាន​ឡើយ ។

បន្ទាប់​ពី​ការសន្ទនា​ដ៏​ខ្លី​នោះ​មក មាន​យុវជន​ពីររូប​បាន​មក​ដល់​ទ្វារ​របង​ផ្ទះ​យើង ។ ដោយ​អព្ភូតហេតុ ឪពុក​របស់​ខ្ញុំបាន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​មក​ក្នុង​ផ្ទះ ។ ពួកគេ​បាន​និយាយ​ថា ពួកគេ​គឺ​ជា​អ្នកផ្សព្វផ្សាយ​សាសនាមក​ពី​​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

យើង​រៀន​ហៅ​ឈ្មោះ​ពួកគេ​ថា​អែលឌើរ ពួកគេ​បាន​ចាប់ផ្តើម​បង្រៀន​គ្រួសារ​របស់​យើង ។ ខ្ញុំ​ចងចាំ​យ៉ាង​ច្បាស់​អំពី​អារម្មណ៍​នៃ​សុភមង្គល និង​ក្តី​រំភើប​គ្រប់​ពេល​ដែល​ពួកគេ​បាន​មក​ផ្ទះ របស់​យើង ។ ពួកគេ​បាន​ប្រាប់​យើង​​អំពី​យុវជន​ម្នាក់​ដែល​បាន​ទៅ​ព្រៃ​ពិសិដ្ឋ​ដើម្បី​ទូល​សួរ​ព្រះ​ថា តើ​ព្រះវិហារ​ណា​មួយ​ដែល​ពិត ហើយ​ថា​គាត់​បាន​ឃើញ​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ ។ ពួកអែលឌើរ​បាន​បង្ហាញ​យើង​អំពី​រូបភាព​នៃ​ការនិមិត្ត​នោះ ហើយ​នៅពេល​ខ្ញុំ​បាន​ឃើញ​រូប​នោះ ខ្ញុំ​បាន​ដឹង​ថា យ៉ូសែប ស្ម៊ីធ ពិត​ជា​បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​និយាយ​ថា ដោយសារ​ការនិមិត្ត​នេះ នោះ​សាសនាចក្រនៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ម្តង​ទៀត​នៅ​លើ​ផែនដី​នេះ ។

រូបភាព
ការនិមិត្ត​ដំបូង

ពួកអ្នកផ្សព្វផ្សាយ​សាសនា​ក៏​បាន​បង្រៀន​ពួកយើង​អំពី​ផែនការ​នៃ​សុភមង្គល ហើយ​បាន​ឆ្លើយ​សំណួរ​របស់​គ្រួសារ​យើង​អំពី​សាសនា ។ ពួកគេ​បាន​បង្រៀន​យើង​ថា ក្រុម​គ្រួសារ​ពិត​ជា​អាច​រស់នៅ​ជាមួយ​គ្នា​បន្ទាប់​ពី​ជីវិត​នេះ​ក្នុង​នាម​ជា​ឪពុក ម្តាយ និងជា​កូនប្រុស​ស្រី​នឹង​គ្នា ។

ក្រុមគ្រួសារ​របស់​យើង​បាន​ជ្រមុជទឹក ។ ដំណើរ​លើ​ផ្លូវ​ផ្លាស់ប្តូរ​ពី​ទម្លាប់​ចាស់ ការលះបង់​ប្រពៃណី និង​ការក្លាយ​ជា​សមាជិក​សកម្ម​ក្នុង​សាសនាចក្រ​គឺ​ជា​គ្រា​ដ៏​លំបាក​ណាស់ ។ ប៉ុន្តែ​ដោយសារ​តែ​ព្រះគុណ និង​សេចក្តីស្រឡាញ់​នៃ​ព្រះ ហើយ​ដោយ​មាន​ជំនួយ​ពី​ថ្នាក់​ដឹកនាំ និង​សមាជិក​ជាច្រើន នោះ​យើង​បាន​ឆ្លង​កាត់​ផុត​នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​ដ៏​លំបាក​នោះ ។

មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ចូលរួម​សាសនាចក្រ​រួច​ហើយ ព្រមទាំង​មនុស្ស​ជាច្រើន​ដែល​កំពុង​ប្រែចិត្ត​ជឿ និង​ជ្រមុជទឹក​រៀងរាល់​សប្តាហ៍ បាន​ទទួល​ទីបន្ទាល់​អំពី​ការនិមិត្ត​ដំបូង ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​បន្ទាល់​នេះ​ជា​ញឹកញាប់​ដល់​ពួកយើង​ម្នាក់ៗ ពេល​យើង​ព្យាយាម​រស់នៅ​តាម​សេចក្តីពិត​សាមញ្ញ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ការនិមិត្ត​ដំបូង និង​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​នាំ​មក​នូវ​ចំណេះដឹង និង​សេចក្តីពិត​បន្ថែម​ទៀត​ដែល​ចាំបាច់​សម្រាប់​សុភមង្គល​របស់​យើង​នៅក្នុង​ជីវិត​នេះ និង​ភាពតម្កើង​ឡើង​នៅក្នុង​វត្តមាន​នៃ​ព្រះ ។ ខ្ញុំ​នឹង​និយាយ​អំពី​សេចក្តីពិត​ចំនួន​បី ដែល​យើង​បាន​ទទួល និង​ត្រូវតែ​អនុវត្ត​តាម ដោយសារ​ក្មេង​ប្រុស​នោះ​បាន​លុត​ជង្គង់​ចុះ​អធិស្ឋាន​ដោយ​ស្មោះសរ ។

ព្រះ​ហៅ​ពួកព្យាការី​ដើម្បី​ដឹកនាំ និង​ណែនាំ​យើង

សេចក្តីពិត​ដ៏​ចាំបាច់​ដែល​យើង​រៀន​មក​ពី​ការនិមិត្ត​ដំបូង និង​ព្យាការី យ៉ូសែប ស្ម៊ីធ គឺ​ថា​ព្រះ​ហៅ​ពួកព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ដើម្បី​ណែនាំ នាំ​ផ្លូវ ព្រមាន និង​ដឹកនាំ​យើង ។ ពួក​បុរស​ទាំង​នេះ​គឺ​ជា​សារទូត​របស់​ព្រះ​នៅលើផែនដី  ដោយ​មាន​សិទ្ធិ​អំណាច​ដើម្បី​និយាយ និង​ធ្វើការ​ក្នុង​ព្រះនាម​ព្រះអម្ចាស់ ។​ តាមរយៈ​ការធ្វើ​តាម​ការទូន្មាន​របស់​ពួកលោក​ដោយ​ហ្មត់ចត់ នោះ​យើង​នឹង​ត្រូវបាន​ការពារ ហើយ​ទទួល​ពរជ័យ​​ដ៏​ជម្រើស​នៅលើ​ដំណើរ​របស់​យើង​លើ​ផែនដីនេះ ។

អំឡុងពេល​សិក្សា​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ កាល​នៅ​កម្លោះ និង​ជា​អ្នក​ត្រឡប់​ពី​បេសកកម្ម នោះ​ខ្ញុំ​បាន​ចូលរួម​សម័យ​ប្រជុំ​បព្វជិតភាព​នៃ​សន្និសីទ​ទូទៅ​នៅក្នុង​រោង​ឧបោសថ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។ កាល​នោះ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ជា​ប្រធាន​សាសនាចក្រ បាន​ជំរុញ​ឲ្យ​អ្នក​ត្រឡប់​ពី​បេសកកម្ម​គ្រប់​រូប​យក​ការរៀបការ​ជារឿង​សំខាន់ ហើយ​ដាក់វា​ជា​អាទិភាព​ខ្ពស់​បំផុត​នៅក្នុង​ជីវិត​របស់​ខ្លួន ។ បន្ទាប់​ពី​សម័យ​ប្រជុំ​នោះ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវបាន​អំពាវ​នាវ​ឲ្យ​ប្រែចិត្ត ហើយ​ត្រូវ​អនុវត្ត​តាម​ការទូន្មាន​របស់​ព្យាការី ។

ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​ប្រទេស​កំណើត​របស់​ខ្ញុំ​នៅ​ប្រេស៊ីល ដើម្បី​ស្វែងរក​ប្រពន្ធ ។ ពីមុន​ចេញ​ទៅ​ប្រទេស​ប្រេស៊ីល​សម្រាប់​ការចុះ​កម្មសិក្សា​រយៈពេល​ពីរខែ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ម្តាយ​ខ្ញុំ និង​មិត្តភក្តិ​មួយ​ចំនួន​ឲ្យ​ធ្វើ​បញ្ជី​មួយ​អំពី​នារី ១០ នាក់​—ដែល​ពួក​គេ​ម្នាក់ៗ​មាន​សក្តានុពល​អាច​ធ្វើ​ជា​ភរិយា​ខ្ញុំ​បាន ។

អំឡុងពេល​នៅ​ប្រទេសប្រេស៊ីល បន្ទាប់​ពី​ការពិចារណា និង​ការអធិស្ឋាន​ជា​ច្រើន​មក ខ្ញុំ​បាន​ជួប​ដើរលេង​ជាគូ ភ្ជាប់​ពាក្យ ហើយ​កំណត់​ថ្ងៃ​រៀប​ការ​ជាមួយ​នារី​ម្នាក់​ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​នោះ ។ វា​ពុំមែន​ជា​ការបំបែក​កំណត់ត្រា​សម្រាប់​និស្សិត​នៅ ប្រូវ៉ូ រដ្ឋ យូថាហ៍ ក្នុងការ​ដើរលេង​ជាគូ និង​ភ្ជាប់ពាក្យ​​ឡើយ ប៉ុន្តែ​វា​គឺ​ជារឿង​មួយ​ដ៏​លឿន​សម្រាប់​បទដ្ឋាន​ប្រទេស​ប្រេស៊ីល ។

ពីរ​បី​ខែ​ក្រោយ​មក ខ្ញុំ​បានរៀបការ​ជាមួយ​អ៊ីលៀន ។ គាត់​គឺ​ជា​មនុស្ស​ជាទីស្រឡាញ់​ក្នុង​ជីវិត​ខ្ញុំ និង​ជា​ពរជ័យ​ដ៏​ជម្រើស​មួយ ។

ខ្ញុំ​ពុំ​ផ្តល់​យោបល់​ថា មនុស្ស​គ្រប់​គ្នា​គួរតែ​ធ្វើ​បញ្ជី​មួយ​ស្រដៀង​នោះ​ឡើយ ប៉ុន្តែខ្ញុំ​កំពុង​ផ្តល់​យោបល់​ថា​—ប្រហែល​លើស​ពីការ​ផ្តល់​យោបល់ទៅទៀត—ថា​យើង​អនុវត្ត​តាម​ជានិច្ច នៅពេល​ព្យាការីនៅរស់​របស់​យើង​​មាន​ប្រសាសន៍ ។

រូបភាព
រូបភាព​របស់​ប្រធាន ថូម៉ាស់ អេស ម៉នសុន

ព្យាការី​របស់​ព្រះ​នាសព្វថ្ងៃ​នេះ​គឺ​ប្រធាន ថូម៉ាស អេស ម៉នសុន ហើយ​យើង​នឹង​មាន​ពរ​តាមរយៈ​ការធ្វើតាម​ការទូន្មាន​របស់​លោក​ដោយ​ហ្មត់ចត់ ។

ចំណេះដឹង​អំពី​និស្ស័យ​ដ៏​ពិត​របស់​ព្រះ

សេចក្តីពិត​មួយ​ទៀត​ដែល​យើង​រៀន​មក​ពី​ការនិមិត្ត​ដំបូង និង​ព្យាការី យ៉ូសែប ស៊្មីធ​ គឺ​និស្ស័យ​ដ៏​ពិត​របស់​ព្រះ ។​ សូម​ស្រមៃ​មើល​ថា តើយើង​មាន​ពរជ័យ​ប៉ុណ្ណា​ក្នុងការដឹងថា ព្រះ​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង​មាន​រូបរាង​ជាក់ស្តែង​ដូច​ជា​ពួកយើង ថា​យើង​អាច​ថ្វាយ​បង្គំ​ព្រះ​​មួយ​អង្គ​ដ៏​ពិត ដែល​យើង​អាច​យល់ ហើយ​ដែលទ្រង់​​​បង្ហាញ​ព្រះកាយ និង​បើក​សម្តែង​អង្គ​ទ្រង់ និង​ព្រះបុត្រា​ទ្រង់​ដល់​ពួកព្យាការី—ទាំង​ព្យាការី​ជំនាន់​បុរាណ និង​ព្យាការី​សម័យ​ចុងក្រោយ​នេះ ។ ទ្រង់​គឺ​ជា​ព្រះ​ដែល​ព្រះសណ្តាប់ និង​ឆ្លើយ​ការអធិស្ឋាន​របស់​យើង ១០ជា​ព្រះ​ដែល​ទតមក​លើយើង​ពីស្ថានសួគ៌ ១១និង​ជា​មាន​ព្រះទ័យ​ខ្វល់​ជានិច្ច​អំពី​សុខុមាលភាព​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​របស់​យើង ជា​ព្រះដែល​ប្រទានសិទ្ធិជ្រើសរើស​ដល់​យើង ដើម្បី​សម្រេចចិត្ត​សម្រាប់​ខ្លួន​យើង​ក្នុងការធ្វើតាម​ទ្រង់ និង​គោរព​បទបញ្ញត្តិ​ទ្រង់​ដោយ​គ្មានការ​បង្ខិតបង្ខំ ​១២ជា​ព្រះ​ដែល​ប្រទាន​ពរជ័យ​ដល់​យើង ហើយ​អនុញ្ញាត​ឲ្យ​យើង​ជួប​ការសាកល្បង ដើម្បី​យើង​អាច​រីកចម្រើន ហើយ​ប្រែក្លាយដូចជា​ទ្រង់ ។

ទ្រង់​គឺ​ជា​ព្រះ​ដែល​ពោរពេញ​ដោយ​ក្តីស្រឡាញ់ ដែល​បាន​ប្រទាន​ផែនការ​ដែល​យើង​អាច​រីករាយ​នឹងមាន​សុភមង្គល​នៅក្នុង​ជីវិត​នេះ និង​អស់កល្ប​ជានិច្ច ។

ព្រះយេស៊ូវគ្រីស្ទ​គឺជាព្រះអង្គសង្រ្គោះរបស់យើង

ចេញ​មក​ពី​ការនិមិត្ត​ដំបូង និង​ព្យាការី យ៉ូសែប ស៊្មីធ យើង​បាន​ទទួល​ចំណេះ​ដឹង​នៃ​ភាពពិត និង​បេសកកម្ម​ដ៏​ពិសិដ្ឋ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ដែល​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​នៃ​សាសនា​របស់​យើង ។

ដោយសារ​សេចក្តីស្លាប់​ត្រូវបាន​នាំ​ឲ្យ​កើត​មាន​នៅក្នុង​ពិភពលោក​នេះ ហើយ​ប្រាកដ​ដូចជាយើង​កំពុង​រស់នៅ នោះ​យើង​នឹង​ស្លាប់​នៅ​ថ្ងៃ​ណា​មួយ ។ ផល​ប៉ះពាល់​មួយ​នៃ​សេចក្តីស្លាប់ ​គឺ​ជា​ការបាត់បង់​រូបកាយ​របស់​យើង​ជា​អចិន្ត្រៃ យើង​ពុំ​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ទាញ​យក​រូបកាយ​នោះ​វិញ​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត ដោយសារ​យើង​ទាំងអស់​គ្នា​មាន​បាប​អំឡុងពេល​​នៃ​ដំណើរ​របស់​យើង​លើ​ផែនដី​នេះ នោះ​យើង​ពុំ​អាច​ត្រឡប់​ទៅ​កាន់​​ទីវត្ត​មាន​របស់​ព្រះវរបិតាសួគ៌​យើង​វិញ​ឡើយ ។

តើ​អ្នក​អាច​ស្រមៃ​​អំពី​ផល​វិបាក​នៃការពុំ​នៅក្នុង​វត្តមាន​របស់​ព្រះ និង​ការគ្មាន​រូបកាយ​ម្តងទៀត​ទៅ​មើល ?

ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​ត្រូវបាន​តម្រូវ​ឲ្យ​រំដោះ​យើង​ចេញ​ពី​សេចក្តីស្លាប់ និង​អំពើ​បាប ។ ក្រោមការ​ដឹកនាំ​របស់​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​លើ​ផែនដី រងទុក្ខ សុគត​លើឈើ​ឆ្កាង ហើយ​បាន​មាន​ព្រះជន្មរស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​អាច​រស់​ឡើង​វិញ​ផងដែរ និង​អាច​រស់នៅ​​ក្នុង​វត្តមាន​របស់​ព្រះម្តង​ទៀត តាមរយៈ​ការប្រែចិត្ត​ដ៏ស្មោះសរ និង​ការចុះ និង​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ ។

យ៉ាកុប​បាន​ពន្យល់​ថា « ឱ​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ​របស់​យើង​ធំ​ណាស់​ហ្ន៎ ព្រះ​ទ្រង់​បាន​រៀបចំ​ផ្លូវ​សម្រាប់​ឲ្យ​យើង​រំដោះ​ខ្លួន​ចេញ​ពី​ក្រញាំ​នៃ​វិរូប​ដ៏​គួរ​ស្ញែង​ខ្លា​ច​នេះ មែន​ហើយ វិរូប​នោះ​គឺជា​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក ដែល​ខ្ញុំ​ហៅ​ថា សេចក្ដី​ស្លាប់​នៃ​រូប​កាយ ហើយ​សេចក្ដី​ស្លាប់​នៃ​វិញ្ញាណ​ផង » ។១៣

រូបភាព
ព្រះយេស៊ូវ និង​ម៉ារា នៅ​ឯ​ផ្នូរ

ព្រះយេស៊ូវ​គឺ​ជា​ព្រះម៊ែស៊ី​ដែល​បាន​សន្យា អ្នក​តែង​ក្រឹត្យ​វិន័យ​ ព្រះដ៏បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ព្រះអម្ចាស់​នៃ​យើង ព្រះអង្គសង្គ្រោះ ព្រះប្រោសលោះ ជា​ស្តេច​ជា​អ្វីៗទាំងអស់​របស់​យើង ។

ចូរ​យើង​ទាំងអស់គ្នា​បន្ត​អនុវត្ត​តាម​សេចក្តីពិត និង​ចំណេះដឹង​ដ៏​ចាំបាច់​ទាំងអស់​នេះ ដោយ​ថ្វាយ​ការគោរព​ប្រតិបត្តិ​ដល់​ព្រះ និង​បុត្រា​សំណព្វ​របស់​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។