ឆ្នាំ ២០១០-២០១៩
សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង
ខែ តុលា ២០១៧


សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង

ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​ព្រះវរបិតាសួគ៌ រួមមាន​គោលលទ្ធិ ពិធី​បរិសុទ្ធ សេចក្តីសញ្ញា និង​សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង​ដែល​យើង​អាច​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ។

ឧបសគ្គ​ដ៏​ធំ​បំផុត​មួយ​ដែល​ពួក​យើង​ម្នាក់ៗ​ជួប​ប្រទះ​ជា​រៀងរាល់​ថ្ងៃ​នោះ​គឺ ការពុំ​អនុញ្ញាត​ឲ្យ​កង្វល់​នៃ​ពិភពលោក​នេះ​ឆក់​យក​ពេលវេលា និង​ថាមពល​ជា​ច្រើន​របស់​យើង ដែល​ធ្វើ​ឲ្យ​យើង​ព្រងើយ​កន្តើយ​នឹង​រឿង​អស់កល្ប​ដែល​សំខាន់​បំផុត​នោះ ។ យើង​អាច​ត្រូវបាន​បង្វែរ​យ៉ាង​ងាយ​ពី​ការចងចាំ និង​ការផ្តោត​ចិត្ត​ទុកដាក់​ទៅលើ​អាទិភាព​ខាង​វិញ្ញាណ​ដ៏​ចាំបាច់ ដោយសារតែ​ការទទួលខុសត្រូវ​ជា​ច្រើន​ និង​កាលវិភាគ​ដ៏​មមាញឹក​របស់​យើង ។ ជួនកាល​យើង​ព្យាយាម​រត់​យ៉ាង​លឿន ដែល​ធ្វើ​ឲ្យ​យើង​ភ្លេច​ថា តើ​យើង​កំពុង​រត់​ទៅ​ណា ហើយ​ហេតុអ្វី​យើង​រត់ ។

សាវក​ពេត្រុស​រំឭក​យើង​ថា ដោយសារ​ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ « ព្រះចេស្តា​នៃ​ព្រះ​បាន​ផ្តល់​ឲ្យ​យើង​រាល់​គ្នា​មាន​គ្រប់​របស់​ទាំង​អស់​ខាង​ឯ ជីវិត និង​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ដោយ​យើង​បាន​ស្គាល់​ព្រះអង្គ ដែល​ទ្រង់​ហៅ​យើង​រាល់​គ្នា​មក ដោយសារ​សិរីល្អ និង​សគុណ​របស់​ទ្រង់ ៖

« ដែល​ដោយសារ​សេចក្តី​ទាំង​នោះ ទ្រង់​បាន​ប្រទាន សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង​មក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ​ដោយសារ​សេចក្តី​សន្យា​នោះ​ឯង ដោយ​បាន​រួច​ពី​សេចក្តី​ពុករលួយ​នៅ​ក្នុង​លោកីយ៍​នេះ​ដែល​កើត​អំពី​សេចក្តី​ប៉ងប្រាថ្នា » ។

សារលិខិត​របស់​ខ្ញុំ​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​សេចក្តីសន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង​ដែល​បាន​ពិពណ៌នា​ដោយ​ពេត្រុស ដែល​ជា​ការំឭក​ដ៏​ពិត​ប្រាកដ​អំពី​ទីកន្លែង និង​មូលហេតុ​ដែល​យើង​កំពុង​ធ្វើ​ដំណើរ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ខ្ញុំ​ក៏​នឹង​ពិភាក្សា​អំពី​តួនាទី​នៃ​ថ្ងៃ​ឈប់​សម្រាក ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ និង​គេហដ្ឋាន​របស់​យើង​ក្នុងការ​ជួយ​យើង​ឲ្យ​ចងចាំ​នូវ​សេចក្តីសន្យា​ខាង​វិញ្ញាណ​ដ៏​សំខាន់​ទាំងនេះ ។

ខ្ញុំ​សូម​អធិស្ឋាន​ដោយ​អស់​ពី​ដួង​ចិត្ត​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ណែនាំ​យើង​ម្នាក់ៗ នៅពេល​យើង​ពិចារណា​ជាមួយ​គ្នា​លើ​សេចក្តីពិត​ដ៏​សំខាន់​នេះ ។

អត្តសញ្ញាណ​ជា​ព្រះ​របស់​យើង

ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតាសួគ៌​យើង រួមមាន​គោលលទ្ធិ ពិធី​បរិសុទ្ធ សេចក្តីសញ្ញា​និង​សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង​ដែល​យើង​អាច​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ។ ផែនការ​របស់​ទ្រង់​កំណត់​ពី​អត្តសញ្ញាណ​អស់កល្ប​ជានិច្ច​របស់​យើង ហើយជា​ផ្លូវ​ដែល​យើង​ត្រូវធ្វើ​តាម​ដើម្បី​រៀន ផ្លាស់ប្តូរ រីកចម្រើន ហើយ​ទីបំផុត​គឺ​បាន​នៅ​ជាមួយ​ទ្រង់​ជា​រៀងរហូត​តទៅ ។

ដូច​បាន​ពន្យល់​នៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។

« មនុស្ស​ទាំងអស់—ទាំងប្រុស ទាំងស្រី​—​ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​មាតាបិតា​សួគ៌ ដូច្នេះ​ហើយ មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ ។…

នៅ​ជីវិត​មុន​ផែនដី​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​ទាំងឡាយ​បាន​ស្គាល់ ហើយ​បាន​ថ្វាយ​បង្គំ​ព្រះ​ជា​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ពួកគេ ហើយ​បាន​ទទួល​ផែនការ​របស់​ទ្រង់ ដែល​នាំ​ឱ្យ​កូនចៅ​ទាំងឡាយ​អាច​ទទួល​រូបកាយ និង​ទទួល​បទពិសោធន៍​នៅលើ​ផែនដី ដើម្បី​រីកចម្រើន​ទៅរក​ភាពល្អ​ឥតខ្ចោះ ហើយ​នៅ​ទីបញ្ចប់​នឹង​ដឹង​ពី​គោលបំណង​ដ៏​ទេវភាព​របស់​ពួកគេ ដោយ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ទុកជា​មរតក » ។

ព្រះ​សន្យា​នឹង​កូនចៅ​របស់​ទ្រង់​ថា ប្រសិនបើ​ពួកគេ​ធ្វើ​តាម​គោលការណ៍​នៃ​ផែនការ​របស់​ទ្រង់ និង​ធ្វើ​តាម​គំរូ​នៃ​បុត្រា​សំណព្វ​របស់​ទ្រង់ គោរព​បទបញ្ញត្តិ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ដោយ​សេចក្ដីជំនឿ បន្ទាប់​មក​ដោយ​គុណធម៌​នៃ​សេចក្តី​ប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ នោះ​ពួកគេ « នឹង​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺ​ជា​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ » ។ ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​គឺ​ជា​សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ខ្ពង់ខ្ពស់​បំផុត ។

ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ

យើង​ដឹង​កាន់តែ​ច្បាស់លាស់​អំពី​សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស ហើយ​ចាប់ផ្តើម​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ តាមរយៈ​ការធ្វើ​តាម​ការហៅ​មក​ពី​ព្រះអម្ចាស់​ដោយសារ​សិរីល្អ និង​សគុណ​របស់​ទ្រង់ ។ ដូច​ដែល​ពេត្រុស​បាន​ពិពណ៌នា ការហៅ​នេះ​ត្រូវបាន​បំពេញ​តាមរយៈ​ការ​ព្យាយាម​ឲ្យ​បាន​រួច​ពី​សេចក្តី​ពុករលួយ​នៅ​ក្នុង​លោកីយ៍​នេះ ។

នៅពេល​យើង​ឈាន​ទៅមុខ​ដោយ​ចុះចូល​នឹង​សេចក្តីជំនឿ​លើ​ព្រះអង្គសង្គ្រោះ បន្ទាប់​មក​ដោយសារ​ដង្វាយធួន​ទ្រង់ និង​ដោយសារ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ « ការផ្លាស់ប្ដូរ​យ៉ាង​ធំ [ កើត​មាន​ឡើង ] ដល់​ពួកយើង ឬ​ក៏​នៅ​ក្នុង​ចិត្ត​យើង​ដែល​ធ្វើ​ឲ្យ​យើង​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជានិច្ច​វិញ » ។ យើង​កើត​ម្ដង​ទៀត « មែន​ហើយ​គឺ​កើត​មក​ពី​ព្រះ ផ្លាស់​ប្រែ​ពី​ស្ថានភាព​ខាង​រូប​កាយ និង​ខាង​ការ​ធ្លាក់ [ របស់​យើង ] ទៅ​កាន់​ស្ថានភាព​នៃ​សេចក្ដី​សុចរិត​វិញ ដោយ​បាន​ព្រះ​ទ្រង់​ប្រោស​លោះ » ។ « បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល​គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ » ។

ការផ្លាស់ប្តូរ​ទាំងស្រុង​បែប​នេះ​នៅក្នុង​និស្ស័យ​របស់​យើង​ជាទូទៅ​ពុំ​កើត​ឡើង​ភ្លាមៗ ឬ​ម្តង​ទាំងអស់​ក្នុងពេល​តែ​មួយ​ឡើយ ។ ដូចជា​ព្រះអង្គសង្គ្រោះ​ដែរ មុន​ដំបូង​យើង​ក៏ « ពុំ​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​ទេ ប៉ុន្តែ​បាន [ ទទួល ] ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ » ។ « ដ្បិត​មើល​ចុះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ យើង​នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច នេះ​មាន​ពរ​ហើយ ដល់​អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​សិក្ខាបទ​ទាំង​ឡាយ​របស់​យើង ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ទូន្មាន​របស់​យើង ដ្បិត​ពួក​គេ​នឹង​មាន​ប្រាជ្ញា » ។

ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព និង​សេចក្តីសញ្ញា​ពិសិដ្ឋ​គឺ​ចាំបាច់​នៅក្នុង​ដំណើរការ​រីកចម្រើន​នៃ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ​នេះ ទាំង​នោះ​ក៏​ជា​មធ្យោបាយ​ដែល​ព្រះ​បាន​តែងតាំង​ឡើង ដើម្បី​ឲ្យ​យើង​ទទួល​សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង​របស់​ទ្រង់ ។ ពិធីបរិសុទ្ធ​ដែល​ត្រូវទទួល​ដោយ​សក្តិសម និង​ចងចាំ បន្ត​បើក​ទំនាក់ទំនង​សួគ៌ា តាមរយៈ​អំណាច​នៃ​ព្រះ​អាច​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​យើង ។ សេចក្ដី​សញ្ញា​ដែល​ត្រូវបាន​គោរព​យ៉ាង​រឹងប៉ឹង និង​ចងចាំ​តែង​ផ្តល់​គោលបំណង និង​ការបញ្ជាក់​នៃ​ពរជ័យ​ទាំង​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ និង​អស់កល្ប​ជានិច្ច ។

ឧទាហរណ៍ ព្រះ​សន្យា​នឹង​យើង​ស្រប​តាម​ភាពស្មោះត្រង់​របស់​យើង នោះ​គូកន​ជាប់ជានិច្ច​នៃ​សមាជិក​ទីបី​នៃ​ក្រុម​ព្រះ​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ ១០ ដែល​តាម​រយៈ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ យើង​អាច​ទទួល និង​បន្ត​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​យើង​ជា​និច្ច ១១ ថា​យើង​អាច​ទទួល​សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ ១២ ថា​ព្រះអង្គសង្គ្រោះ​បាន​ផ្ដាច់​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ ដើម្បី​កុំ​ឲ្យ​ផ្នូរ​មាន​ជ័យ​ជម្នះ​លើ ១៣ ហើយ​ក្រុមគ្រួសារ​អាច​រស់នៅ​ជាមួយ​គ្នា​ចំពោះ​វេលា​កាល និង​ចំពោះ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច ។

ដោយ​អាច​យល់​បាន សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង​ទាំងអស់​ដែល​ព្រះវរបតិាសួគ៌​ប្រទាន​ឲ្យ​ដល់​កូនចៅ​របស់​ទ្រង់ ពុំ​អាច​រាប់ ឬ​ពិពណ៌នា​ទាំង​ស្រុង​បាន​ឡើយ ។ ប៉ុន្តែ សូម្បី​តែ​ផ្នែក​នៃ​ពរជ័យ​បាន​សន្យា ដែល​ខ្ញុំ​ទើប​តែ​បង្ហាញ​នេះ គួរតែ​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ « ឆ្ងល់​យ៉ាង​អស្ចារ្យ »​១៤ និង « ដួល​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ »១៥ នៅក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ។

ការចងចាំ​អំពី​សេចក្តីសន្យា

ប្រធាន ឡូរែនសូ ស្នូ បាន​ព្រមាន​ថា « យើង​ហាក់​ដូចជា​ឆាប់​បំភ្លេច​នូវ​គោលបំណង​ដ៏​ធំ​នៃ​ជីវិត ការជំរុញ​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​យើង​ក្នុងការ​បញ្ជូន​យើង​មក​ផែនដី​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ព្រមទាំង​ភ្លេច​ការហៅ​ដ៏​ពិដិស្ឋ​ដែល​យើង​ត្រូវបាន​ហៅ ហេតុដូច្នោះ​ហើយ ជំនួស​ឲ្យ​ការ​យក​ឈ្នះ​លើ​បញ្ហា​ខាង​សាច់​ឈាម​បន្តិចបន្តួច​នោះ … ជាញយៗ​យើង​បណ្តោយ​ខ្លួន​យើង​ឲ្យ​ផ្តោត​ទៅលើ​រឿង​នៅ​លើ​លោកិយ​នេះ ដោយ​ពុំ​ឲ្យ​ខ្លួន​យើង​ទទួល​បាន​ជំនួយ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ ដែល​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​អាច​ឲ្យ​យើង​ឈ្នះ​លើ [ បញ្ហា​ខាង​សាច់​ឈាម​ទាំង​នោះ ] » ។១៦

ថ្ងៃ​ឈប់​សម្រាក និង​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ​គឺ​ជា​ប្រភព​ពីរ​ដ៏​ពិសេស​នៃ​ជំនួយ​ដែល​ព្រះ​ដែល​បាន​ប្រទាន​មក ដើម្បី​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​កម្រិត និង​ភាពពុករលួយ​នៃ​ពិភពលោក​នេះ ។ យើង​អាច​ចាប់ផ្តើម​គិត​ថា គោលបំណង​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ និង​ការចូលរួម​ព្រះវិហារ​បរិសុទ្ធ​គឺ​មាន​ទំនាក់ទំនង​គ្នា ប៉ុន្តែ​មាន​គោលបំណង​ផ្សេង​គ្នា ។ ទោះជា​យ៉ាង​ណា​ក្តី ខ្ញុំ​ជឿ​ថា គោលបំណង​ទាំង​ពីរ​នោះ​គឺ​មាន​តម្លៃ​ដូចគ្នា ហើយ​ធ្វើ​ការរួមគ្នា​ដើម្បី​ពង្រឹង​ពួកយើង​ខាង​វិញ្ញាណ​ក្នុង​នាម​ជា​បុគ្គល​ម្នាក់ៗ និង​នៅក្នុង​គេហដ្ឋាន​យើង ។

ថ្ងៃ​ឈប់​សម្រាក

បន្ទាប់​ពី​ព្រះ​បាន​បង្កើត​វត្ថុ​សព្វសារពើរ​មក ទ្រង់​បាន​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំពីរ ហើយ​បាន​ត្រាស់​បញ្ជា​ថា មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​គឺ​ជាពេល​សម្រាក​ដើម្បី​ជួយ​ឲ្យ​មនុស្ស​ចងចាំ​ទ្រង់ ។១៧ ថ្ងៃឈប់​សម្រាក​គឺ​ជា​ពេលវេលា​របស់​ព្រះ ជា ពេលវេលា​ពិសិដ្ឋ ដែល​ញែកចេញ​ជា​ពិសេស​សម្រាប់​ថ្វាយ​បង្គំ​ទ្រង់ និង​សម្រាប់​ទទួល ហើយ​ចងចាំ​ពី​សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​របស់​ទ្រង់​ផង ។

ព្រះអម្ចាស់​បាន​ដឹកនាំ​នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ៖

« ហើយ​ប្រយោជន៍​ឲ្យ​អ្នក​អាច​រក្សា​ខ្លួន​បាន​ពេញលេញ កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ នោះ​អ្នក​ត្រូវ​ទៅ​ដំណាក់​នៃ​ការអធិស្ឋាន ហើយ​ថ្វាយ​សាក្រាម៉ង់​របស់​អ្នក​ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង​ចុះ

« ដ្បិត​ប្រាកដមែន ថ្ងៃ​នេះ​ត្រូវ​បាន​ចាត់​ទុក​ដល់​អ្នក ដើម្បី​ឲ្យ​សម្រាក​ពី​ការងារ​ទាំងឡាយ​របស់​អ្នក ហើយ​ដើម្បី​ថ្វាយ​ភក្ដីភាព​របស់​អ្នក​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ។១៨

ដូច្នេះ​ហើយ នៅ​ថ្ងៃ​ឈប់​សម្រាក យើង​ថ្វាយ​បង្គំ​ព្រះវរបិតា​នៅក្នុង​ព្រះនាម​ព្រះរាជបុត្រា តាមរយៈ​ការចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ និង​ការរៀន ការទទួល ការចងចាំ និង​ការរំឭក​សេចក្តីសញ្ញា​ជា​ថ្មី ។ នៅ​ថ្ងៃ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ គំនិត ទង្វើ និង​ឥរិយាបថ​របស់​យើង​គឺជា​ទីសម្គាល់​ដែល​យើង​ថ្វាយ​ដល់​ព្រះ និង​ជា​សញ្ញា​នៃ​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។១៩

បន្ថែម​ទៅលើ​នោះ​គោលបំណង​នៃ​ថ្ងៃ​ឈប់​សម្រាក​គឺ​ដើម្បី​លើក​កម្ពស់​ទស្សន​របស់​យើង​ពី​រឿង​ខាង​លោកិយ​ទៅ​រក​ពរជ័យ​អស់កល្ប​ជានិច្ច ។ ពេល​យើង​ញែក​ខ្លួន​អំឡុង​ពេល​ដ៏​ពិសិដ្ឋ​នេះ​ចេញ​ពី​ជីវិត​ដ៏​មមាញឹក​ដែល​ជា​ទម្លាប់​របស់​យើង នោះ​យើង​អាច « មើល​ទៅ​ព្រះ ហើយ​រស់នៅ »២០ ដោយ​ការទទួល និង​ការចងចាំ​នូវ​សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង ដែល​យើង​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ។

ព្រះវិហារ​បរិសុទ្ធដ៏​បរិសុទ្ធ

ព្រះអម្ចាស់​តែង​ត្រាស់​បញ្ជា​រាស្ត្រ​របស់​ទ្រង់​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ជា​កន្លែង​បរិសុទ្ធ​ដែល​ពួក​បរិសុទ្ធ​សក្តិសម​ធ្វើ​ពិធី​ពិសិដ្ឋ​នៃ​ដំណឹង​ល្អ ព្រមទាំង​ពិធីបរិសុទ្ធ​សម្រាប់​ខ្លួន​ពួកគេ និង​មរណជន ។ ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​កន្លែង​ថ្វាយ​បង្គំ​ដ៏​បរិសុទ្ធ​បំផុត​ជាង​កន្លែង​ណាៗ​ទៀត​ទាំងអស់ ។ ព្រះវិហារ​បរិសុទ្ធ​គឺ​ពិតជា​ដំណាក់​នៃ​ព្រះអម្ចាស់ ជា កន្លែង​ពិសិដ្ឋ ដែល​ញែក​ចេញ​ជា​ពិសេស​សម្រាប់​ថ្វាយ​បង្គំ​ព្រះ និង​សម្រាប់​ទទួល ហើយ​ចងចាំ​ពី​សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​របស់​ទ្រង់​ផង ។

ព្រះអម្ចាស់​បាន​ណែនាំ​នៅក្នុង​គ្រា​កាន់​កាប់​ត្រួតត្រា​នេះ​ថា « ចូរ​រៀប​ចំ​ខ្លួន ចូរ​រៀប​ចំ​អ្វីៗ​ដែល​ត្រូវការ​គ្រប់​មុខ ហើយ​ចូរ​តាំង​គេហដ្ឋាន​មួយ​ឡើង គឺ​គេហដ្ឋាន​នៃ​ការអធិស្ឋាន គេហដ្ឋាន​នៃ​ការតម​អាហារ គេហដ្ឋាន​នៃ​សេចក្តីជំនឿ គេហដ្ឋាន​នៃ​ការរៀនសូត្រ គេហដ្ឋាន​នៃ​សិរី​ល្អ គេហដ្ឋាន​នៃ​របៀប​រៀប​រយ គេហដ្ឋាន​នៃ​ព្រះ » ។២១ ការផ្តោត​សំខាន់​នៃ​ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​គឺ ការចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ និង​ការរៀន ការទទួល ការចងចាំ និង​ការរំឭក​សេចក្តីសញ្ញា​ជា​ថ្មី ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​គិត ប្រព្រឹត្ត ហើយ​ស្លៀកពាក់​តាម​របៀប​មួយ​ផ្សេង​ពី​កន្លែង​ផ្សេង​ទៀត​ដែល​យើង​ទៅ ។

គោលបំណង​ដ៏​សំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​ដើម្បី​លើក​កម្ពស់​ទស្សន​របស់​យើង​ពី​រឿង​ខាង​លោកិយ​ទៅ​រក​ពរជ័យ​អស់កល្ប​ជានិច្ច ។ ពេល​យើង​ញែក​ខ្លួន​ចេញ​មួយ​រយៈពេល​ខ្លី​ពី​រឿង​ខាង​លោកិយ​ដែល​យើង​ស្គាល់ នោះ​យើង​អាច « មើល​ទៅ​ព្រះ ហើយ​រស់នៅ »២២ ដោយ​ការទទួល និង​ការចងចាំ​នូវ សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង ដែល​យើង​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ។

សូម​កត់​សម្គាល់​ថា ថ្ងៃ​ឈប់​សម្រាក និង​ព្រះវិហារ​បរិសុទ្ធ គឺ​ជា ពេលវេលា​ពិសិដ្ឋ និង ទីកន្លែង​ពិសិដ្ឋ ដែល​ញែកចេញ​ជា​ពិសេស​សម្រាប់​ថ្វាយ​បង្គំ​ព្រះ និង​សម្រាប់​ទទួល ហើយ​ចងចាំ​ពី​សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​របស់​ទ្រង់​ដល់​កូនចៅ​របស់​ទ្រង់ ។ ដូច​ព្រះ​បាន​បង្កើត​ឡើង គោលបំណង​សំខាន់​នៃ​ប្រភព​ជំនួយ​ទាំងពីរ​មក​ពី​ព្រះ​នេះ​គឺ​ដូច​គ្នា​បេះបិទ ៖ គឺ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​របស់​យើង​ឲ្យ​កាន់តែ​មាន​ឥទ្ធិពល និង​ទៀងទាត់ ទៅ​លើ​ព្រះវរបិតាសួគ៌ ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ ព្រះវិញ្ញាណ​បរិសុទ្ធ និង​សេចក្តីសន្យា​ទាក់ទង​នឹង​ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ ។

គេហដ្ឋាន​របស់​យើង

ប្រាកដ​ណាស់ គេហដ្ឋាន​គប្បី​ជា​កន្លែង​រួម​ផ្សំ​គ្នា​ដ៏​អស្ចារ្យ​បំផុត​នៃ ពេលវេលា និង​ទីកន្លែង ដែល​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ចងចាំ​នូវ​សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បំផុត ។ ការចេញ​ពី​គេហដ្ឋាន​របស់​យើង ដើម្បី​ចំណាយ​ពេល​នៅក្នុង​ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ ហើយ​ចូលរួម​កន្លែង​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​រឿង​ចាំបាច់ ប៉ុន្តែ​វា​ពុំ​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ។ នៅពេល​យើង​នាំ​យក​វិញ្ញាណ និង​កម្លាំង​ដែល​ទទួល​បាន​ពី​សកម្មភាព​ដ៏​បរិសុទ្ធ​ទាំង​នោះ ត្រឡប់​ទៅ​ជាមួយ​យើង​ចូល​ទៅក្នុង​គេហដ្ឋាន​របស់​យើង​វិញ​ប៉ុណ្ណោះ ទើប​យើង​អាច​គាំទ្រ​ការ​ផ្តោត​ចិត្ត​ទុកដាក់​ទៅលើ​គោលបំណង​ដ៏​ធំ​នៃ​ជីវិត​រមែង​ស្លាប់ ហើយ​យក​ឈ្នះ​លើ​ភាព​ពុករលួយ​ដែល​មាន​នៅក្នុង​លោកិយ​នេះ ។ បទពិសោធន៍​នៃ​ថ្ងៃ​ឈប់​សម្រាក និង​ព្រះវិហារ​បរិសុទ្ធ​ដែល​យើង​មាន​គប្បី​ធ្វើ​ជា​កាតាលីករ​ខាង​វិញ្ញាណ​ដែល​បំពេញ​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ និង​គេហដ្ឋាន​របស់​យើង​ជាមួយ​នឹង​ការរំឭក​ជាប់​ជានិច្ច​នៃ​មេរៀន​ដែល​បាន​រៀន ជាមួយ​នឹង​វត្តមាន និង​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ជាមួយ​នឹង​ការប្រែចិត្តជឿ​ដែល​មាន​ជា​បន្តបន្ទាប់ និង​កាន់តែ​ខ្លាំង​ឡើងៗ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ជាមួយ « ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ »​២៣ នៅក្នុង​ការសន្យា​អស់កល្ប​ជានិច្ច​របស់​ព្រះ ។

ថ្ងៃ​ឈប់​សម្រាក និង​ព្រះវិហារ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​បង្កើត « ផ្លូវ​មួយ​ដ៏​ប្រសើរ​លើសលែង​ទៅ​ទៀត » ក្នុង​គេហដ្ឋាន​របស់​យើង »២៤ ពេល​យើង « បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​របស់​នៅ​ផែនដី​ផង » ។២៥ អ្វី​ដែល​យើង​ធ្វើ​នៅក្នុង​គេហដ្ឋាន​យើង​ជាមួយ​នឹង ពេលវេលា​ពិសិដ្ឋ របស់​ទ្រង់ និង​អ្វី​ដែល​យើង​រៀន​នៅក្នុង កន្លែង​ពិសិដ្ឋ របស់​ទ្រង់​គឺ​ចាំបាច់​ក្នុងការ​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ។

ការសន្យា និង​ទីបន្ទាល់

យើង​ងាយ​ចុះ​ចាញ់​ចំពោះ​ទម្លាប់ និង​បញ្ហា​សាមញ្ញ​នៃ​ជីវិត​រមែង​ស្លាប់​នេះ​ណាស់ ។ ការដេក ការបរិភោគ ការស្លៀកពាក់ ការធ្វើការ ការលេង ការហាត់​ប្រាណ និង​សកម្មភាព​ជា​ទម្លាប់​ជា​ច្រើន​ផ្សេង​ទៀត​មាន​ភាព​ចាំបាច់ និង​សំខាន់ ។ ប៉ុន្តែ​ទីបំផុត អ្វី​ដែល​យើង​ប្រែក្លាយ​គឺ​ជា​លទ្ធផល​នៃ​ចំណេះដឹង និង​ឆន្ទៈ​របស់​យើង​ដើម្បី​រៀន​ពី​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ វា​ពុំ​មែន​ជា​សកម្មភាព​ទាំងឡាយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​លើ​ដំណើរ​នៃ​ជីវិត​នេះ​នោះ​ទេ ។

ដំណឹង​ល្អ​គឺ​ជា​អ្វី​ដែល​មាន​ន័យ​លើស​ពី​បញ្ជី​កិច្ចការ​ផ្សេងៗ​ដែល​យើង​ត្រូវ​បំពេញ​ទៅទៀត ផ្ទុយ​ទៅវិញ​វា​គឺ​ជា​សេចក្តីពិត​ដ៏​សំខាន់​ដែល « ផ្គុំ​ភ្ជាប់​គ្នា » ២៦ និង​ត្បាញ​ចូល​គ្នា ដែល​បាន​តាក់តែង​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ​ប្រែ​កាន់តែ​ដូច​ព្រះវរបិតាសួគ៌​យើង និង​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ គឺ​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ។ ប្រាកដ​ណាស់ យើង​ខ្វាក់​ដោយ « មើល​ហួស​ទីដៅ »២៧ នៅពេល​សេចក្តីពិត​ដ៏​ខ្ពស់ខ្ពស់​ខាង​វិញ្ញាណ​ត្រូវបាន​លេប​ត្របាក់​ដោយ​សារ​ការខ្វល់ខ្វាយ កង្វល់ និង​ភាពចៃដន្យ​នៃ​លោកិយ​នេះ ។

នៅពេល​យើង​ឆ្លាត​វៃ ហើយ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើ​ជា​អ្នកណែនាំ​យើង ២៨ ខ្ញុំ​សន្យា​ថា ទ្រង់​នឹង​បង្រៀន​យើង​នូវ​អ្វី​ដែល​ជា​ការពិត ។ « ទ្រង់​ថ្លែង​អំពី​ព្រះគ្រីស្ទ [ ហើយ ] បំភ្លឺ​ចិត្ត​យើង​ពី​សួគ៌ា »២៩ នៅពេល​យើង​ព្យាយាម​បំពេញ​គោលដៅ​អស់កល្ប​ជានិច្ច​របស់​យើង ហើយ​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង​ដែល​ទាក់ទង​ជាមួយ​នឹង​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​របស់​យើង​គឺ​ជា​ការពិត ។ ព្រះអម្ចាស់​បាន​ប្រកាស​ដូច្នេះ​ថា ៖

« យើង​ប្រទាន​ដល់​អ្នក​នូវ​ការ​ដឹកនាំ​ទាំង​ឡាយ​ពី​របៀប​ដែល​អ្នក​អាច​ប្រព្រឹត្ត​នៅ​ចំពោះ​យើង ប្រយោជន៍​ឲ្យ​វា​អាច​បាន​បែរ​ទៅ​រក​អ្នក សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​អ្នក ។

យើង​ជា​ព្រះ​អម្ចាស់​ជាប់​សន្យា កាល​ណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​អ្វីដែល​យើង​មាន​បន្ទូល ប៉ុន្តែ​កាលណា​អ្នក​រាល់​គ្នា មិន​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​មាន​បន្ទូលទេ នោះ​អ្នក​រាល់​គ្នា​ពុំ​មាន​សេចក្តី​សន្យា​ឡើយ » ។៣០

ខ្ញុំ​សូម​ធ្វើជា​សាក្សី​ថា ព្រះវរបិតា​សួគ៌​របស់​យើង​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​គឺ​ជា​អ្នកនិពន្ធ​នៃ​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ជា​ព្រះអង្គសង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ផែនការ និង​ការសន្យា​របស់​ព្រះវរបិតា ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ និង​ភាព​ជា​គូកន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​បរលោក ។៣១ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​ទាំង​នេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អាម៉ែន ។