ឆ្នាំ ២០១០-២០១៩
សាក្សី​ដ៏​មាន​ឥទ្ធិពល​របស់​ព្រះ ៖ ព្រះគម្ពីរ​មរមន
ខែ តុលា ២០១៧


សាក្សី​ដ៏​មាន​ឥទ្ធិពល​របស់​ព្រះ ៖ ព្រះគម្ពីរ​មរមន

ព្រះគម្ពីរ​មរមន​ជា​សាក្សី​ដ៏​មាន​ឥទ្ធិពល​របស់​ព្រះ​អំពី ភាព​ជា​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការហៅ​ឲ្យ​ធ្វើ​ជា​ព្យាការី​របស់​យ៉ូសែប ស្ម៊ីធ និង​ភាពពិតប្រាកដ​នៃ​សាសនាចក្រ​នេះ ។

ព្រះគម្ពីរ​មរមនពុំមែន​គ្រាន់តែ​ជា​សិលាគន្លឹះ​នៃ​សាសនា​របស់​យើង​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ក្លាយ​សិលា​គន្លឹះ​នៃ​ទីបន្ទាល់​យើង​ផងដែរ ដែល​នៅពេល​យើង​ជួប​ការសាកល្បង ឬ​សំណួរ​ដែល​គ្មាន​ចម្លើយ នោះ​វា​អាច​រក្សា​ទីបន្ទាល់​របស់​យើង​ឲ្យ​ស្ថិត​នៅកន្លែង​មាន​សុវត្ថិភាព ។ព្រះ​គម្ពីរ​នេះ​គឺ​ជាផ្នែក​មួយ​ដ៏​ធ្ងន់​នៅលើ​ជញ្ជីង​នៃ​សេចក្តីពិត​ដែល​ធ្ងន់​លើស​ពី​ទម្ងន់​រួម​គ្នា​នៃ​ការជជែកវែកញែករបស់​អ្នក​រិះគន់​ទាំងអស់ ។ ហេតុអ្វី ? ដោយសារ​ប្រសិនបើ​ព្រះគម្ពីរ​នេះ​ពិត នោះ​យ៉ូសែប ស្ម៊ីធ​ គឺ​ជា​ព្យាការី ហើយ​នេះ​គឺ​ជា​សាសនាចក្រ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ ដោយ​មិន​គិត​អំពី​​ប្រវត្តិ ឬ​ការជជែកវែកញែក​ផ្សេង​ទៀត​ដែល​ផ្ទុយ​នឹងការពិត​ទាំងនោះ​ឡើយ ។ ដោយសារ​ហេតុផល​នេះ អ្នក​រិះគន់​មាន​បំណង​​បង្ហាញ​ថា​ព្រះគម្ពីរ​មរមន​ខុស​ឆ្គង ប៉ុន្តែ​ឧបសគ្គ​ដែល​ពួកគេ​មាន​នោះ​គឺធំពេក​ដែល​ពុំ​អាច​យក​ឈ្នះ​បាន​ឡើយ ដោយសារ​នេះ​ជា​ព្រះគម្ពីរ​ពិត ។

ទី​មួយ អ្នក​រិះគន់​ត្រូវ​ពន្យល់​អំពី​របៀប​ដែល​យ៉ូសែប ស្ម៊ីធ ក្មេងស្រុកស្រែ​អាយុ ២៣ ឆ្នាំ​​ដែល​មាន​ការអប់រំ​ទាប បាន​បង្កើត​ព្រះគម្ពីរ​ដែល​មាន​ឈ្មោះមនុស្ស និង​ទីកន្លែង​ពិសេស​ៗ​រាប់រយ ព្រមទាំង​មាន​រឿង និង​ព្រឹត្តិការណ៍​លម្អិតៗជា​ច្រើន ។ ដើម្បីពន្យល់​ពី​រឿង​នេះ អ្នក​រិះគន់​ជាច្រើនស្នើ​ថា គាត់​គឺមនុស្ស​មាន​ប្រាជ្ញា​​ក្រៃលែង​ក្នុង​ការច្នៃប្រឌិត ដោយ​ពឹងផ្អែក​ទៅលើ​សៀវភៅ​ជាច្រើន និង​ធនធានផ្សេង​ទៀត​ក្នុង​មូលដ្ឋាន ដើម្បី​បង្កើត​មាតិកា​ជា​ប្រវត្តិសាស្ត្រ​នៃ​ព្រះគម្ពីរមរមន ។​ ប៉ុន្តែ​ផ្ទុយ​ទៅនឹង​អ្វី​ដែល​ពួកគេ​បាន​ថ្លែង គ្មាន​សាក្សី​ណា​ម្នាក់​ដែល​ប្រកាស​ថា បាន​ឃើញ​យ៉ូសែប​ជាមួយ​នឹង​ធនធាន​ដែល​ចោទ​ប្រកាន់ដោយ​គ្មាន​ភស្តុតាង​ទាំង​នេះ​ពីមុន​ការបកប្រែ​បាន​ចាប់ផ្តើម​ឡើយ ។

ទោះបីបើ​ការជជែក​វែកញែក​នេះ​ពិត​ក្តី វា​ពិតជា​ពុំ​គ្រប់គ្រាន់ទាល់តែ​សោះ​ក្នុង​ការពន្យល់​អំពី​​វត្តមានរបស់​ព្រះគម្ពីរ​មរមន ។ បុគ្គល​ម្នាក់​ៗ​ក៏​ត្រូវ​ឆ្លើយ​សំណួរ ៖ តើ​យ៉ូសែប​បាន​អាន​ធនធាន​ដែល​គេ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ទាំង​អស់​នោះ ដោយ​ញែក​នូវ​ភាព​ពុំ​ទាក់ទង​គ្នា រក្សាភាព​ត្រូវគ្នា​នៃព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ទីកន្លែង និង​ពេលវេលា​នៃ​មនុស្ស​ទាំង​នោះ ហើយ​ក្រោយ​មកហៅ​ឲ្យ​សរសេរ​បាន​ដោយ​ការចងចាំ​ដ៏​ល្អ​ឥត​ខ្ចោះ​​ដោយរបៀប​ណា ? ដ្បិត​នៅពេល​យ៉ូសែប ស៊្មីធ ​បានបកប្រែ លោក​គ្មាន​កំណត់​ចំណាំ​អ្វី​មើល​ឡើយ ។ ប្រាកដ​ណាស់ អិមម៉ា ភរិយា​របស់​លោក​បាន​ថ្លែង​ថា ៖ « លោក​​គ្មាន​ក្រដាស​សរសេរដៃ ហើយ​ក៏​ពុំបាន​អានចេញ​ពី​សៀវភៅ​​ណា​ឡើយ។… ប្រសិនបើ​លោក​មាន​វត្ថុ​ទាំង​នោះ នោះលោក​ពុំ​​អាច​លាក់វា​កំបាំង​ពី​ខ្ញុំ​បាន​ឡើយ » ។

ដូច្នេះ​តើ​យ៉ូសែប បាន​ធ្វើ​ការដ៏​ប៉ិនប្រសប់​អស្ចារ្យ​នេះ​ក្នុងការ​ហៅ​ឲ្យ​គេ​សរសេរ​សៀវភៅ​ជាង​ ៥០០ សន្លឹក​ដោយ​គ្មាន​កំណត់​ចំណាំ​អ្វី​នោះ​ដោយ​របៀប​ណា​ទៅ ? ដើម្បី​ធ្វើ​បែប​នោះ លោក​ពុំ​គ្រាន់តែ​ត្រូវធ្វើ​ជាមនុស្ស​មាន​ប្រាជ្ញា​​ក្រៃលែង​ក្នុង​ការច្នៃប្រឌិតប៉ុណ្ណោះ​ទេ លោក​ក៏​ត្រូវមាន​ការចងចាំ​ដ៏​ល្អ​ឥត​ខ្ចោះ​​ផងដែរ​អំពី​ភាព​ដ៏​អស្ចារ្យ​ទាំងនោះ ។ ប៉ុន្តែ​ប្រសិនបើ​នោះ​ជា​ការពិត ហេតុអ្វី​បាន​ជាអ្នករិះគន់​របស់​លោក​ពុំ​ផ្តោត​ចិត្ត​ទុកដាក់​លើ​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​លោក ?

ប៉ុន្តែ​មាន​អ្វីៗ​ច្រើន​ជាង​នេះ​ទៀត ។ ការជជែក​វែកញែកនេះទទួល​ខុសត្រូវ​តែ​លើ​មាតិកា​នៃ​ប្រវត្តិសាស្ត្រ​ព្រះគម្ពីរ​នេះ​ប៉ុណ្ណោះ ។ បញ្ហា​ពិតប្រាកដ​គឺនៅ​តែ​មាន ៖ តើយ៉ូសែប​បង្កើត​ព្រះគម្ពីរ​មួយ​ដែល​ផ្តល់​ព្រះវិញ្ញាណ​ ហើយ​តើ​លោក​បាន​ទទួល​គោលលទ្ធិ​ដ៏ជ្រាលជ្រៅ​បែប​នេះ ដែល​មាន​ភាព​ច្បាស់លាស់​ច្រើន ឬ​ផ្ទុយ​ពី​ជំនឿ​ពួក​គ្រីស្ទាន​នា​ជំនាន់​លោក​បាន​ដោយ​របៀប​ណា ?

ឧទាហរណ៍ ផ្ទុយ​ពី​ជំនឿរបស់​ពួកគ្រីស្ទាន​ស្ទើរតែ​ទាំងអស់ ព្រះគម្ពីរ​មរមនបង្រៀន​ថា​ការធ្លាក់​របស់​អ័ដាម​គឺ​ជា​ជំហាន​ឆ្ពោះ​ទៅមុខ​មួយ​ដ៏​វិជ្ជមាន ។ គម្ពីរ​នេះ​បើក​សម្តែង​សេចក្តីសញ្ញា​ដែល​បាន​ធ្វើ​នៅ​ពិធីបុណ្យជ្រមុជទឹក ដែល​ពុំ​បាន​រៀបរាប់​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។

ក្រៅពី​នេះ​ទៀត បុគ្គល​ម្នាក់​អាច​សួរ​ថា តើ​យ៉ូសែប​បាន​ទទួល​ការយល់ដឹង​ដ៏​មាន​ឥទ្ធិពល​នេះ​មក​ពី​ណាដែល​ថា ដោយសារ​ដង្វាយធួនរបស់​ព្រះគ្រីស្ទ នោះទ្រង់​ពុំ​អាច​គ្រាន់តែ​លាង​ជម្រះ​យើង​ឲ្យ​ស្អាត​បាត​ប៉ុណ្ណោះ​ទេ ទ្រង់​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​យើង​បាន​ល្អ​ឥត​ខ្ចោះ​ផងដែរ​ ? តើ​លោកបាន​ទទួលការបង្រៀន​ដ៏អស្ចារ្យ​ស្តីពី​សេចក្តីជំនឿ​នៅក្នុង អាលម៉ា ៣២មក​ពីណា ? ឬ​ការបង្រៀន​របស់​ស្តេច​បេនយ៉ា​មីន​ស្តីពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ប្រហែលវាជា​ការបង្រៀន​ដ៏​អស្ចារ្យ​បំផុត​​ស្តីពី​ប្រធាន​បទ​នេះ​នៅក្នុង​ព្រះគម្ពីរ​ទាំង​អស់ ? ឬ​រូបាធិដ្ឋាន​នៃ​ដើមអូលីវ​ជាមួយ​នឹង​ភាពសាំញ៉ាំ និង​គោលលទ្ធិ​ដ៏ច្រើន​របស់​វា ? ពេល​ខ្ញុំ​អាន​​រូបាធិដ្ឋាន​​នេះ ខ្ញុំ​ត្រូវតែ​គូសដ្យាក្រាម​ដើម្បី​តាមដានភាពសាំញ៉ាំ​របស់​វា ។ ឥឡូវនេះ តើ​យើង​ត្រូវ​ជឿ​ថា យ៉ូសែប ស៊្មីធ គ្រាន់តែ​​ហៅ​ឲ្យ​សរសេរ​ការបង្រៀន​ទាំង​នេះ ចេញ​ពី​គំនិត​របស់​លោក​ដោយ​គ្មាន​កំណត់​ចំណាំអំពី​អ្វី​ទាំងនោះ​ឬ ?

ផ្ទុយ​ទៅនឹង​ការសន្និដ្ឋាន​បែប​នេះ ភស្តុតាង​នៃ​ស្នាម​ព្រះហស្ត​របស់​ព្រះ​គឺ​មាន​ពេញ​នៅក្នុង​ព្រះគម្ពីរ​មរមន ជា​ភស្តុតាង​​ដែល​បង្ហាញ​តាមរយៈ​គោលលទ្ធិនៃ​សេចក្តីពិត​ដ៏​អស្ចារ្យ​របស់​វា ជាពិសេស​ការបង្រៀន​ដ៏​អស្ចារ្យ​​ស្តីពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ប្រសិនបើ យ៉ូសែប ពុំ​មែន​ជា​ព្យាការីទេ នោះដើម្បី​ទទួលខុសត្រូវ​ចំពោះរឿង​ទាំង​នេះ និង​ការយល់ដឹង​ខាង​គោលលទ្ធិ​​ជា​ច្រើន​ផ្សេង​ទៀត ពួក​អ្នករិះគន់​ត្រូវ​ធ្វើការជជែក​វែកញែក​ថា គាត់​ក៏​ជាអ្នក​ខាង​សាសនាវិទ្យា​ដ៏មានប្រាជ្ញា​ក្រៃលែង​ផងដែរ ។​ ប៉ុន្តែ​ប្រសិនបើ​មាន​ករណី​បែប​នេះ​នោះ បុគ្គល​ម្នាក់​អាច​សួរ​ថា ៖ ហេតុអ្វី​យ៉ូសែប​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​រយៈពេល ១៨០០ ឆ្នាំ​បន្ទាប់​ពី​ការបម្រើ​របស់​ព្រះគ្រីស្ទ ជា​អ្នក​បង្កើត​គោលលទ្ធិ​ដ៏ពិសេស​មហិមា និង​ច្បាស់លាស់​បែបនេះ ? ដោយសារ​វា​គឺ​ជា​វិវរណៈ ភាពប៉ិនប្រសប់ពុំមែន​ជា​ប្រភព​នៃ​ព្រះគម្ពីរ​នេះ​ឡើយ ។​

ប៉ុន្តែ​ទោះបីជា​យើង​ស្មាន​ថា យ៉ូសែប​គឺ​ជា​អ្នក​ច្នៃប្រឌិត​ និង​សាសនាវិទូ​ដែល​មាន​ប្រាជ្ញា​ក្រៃលែង ជាមួយ​នឹង​ការចងចាំ​ដ៏​ឥតខ្ចោះ​ក្តី—ទេពកោសល្យ​ទាំងនេះ​តែ​ឯង​ពុំ​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​សរសេរ​ម្នាក់​ដ៏​មាន​ជំនាញ​ឡើយ ។ ដើម្បី​ពន្យល់​អំពី​វត្តមាន​របស់​ព្រះគម្ពីរមរមន ពួកអ្នករិះគន់​ក៏ត្រូវ​ប្រកាស​ថា យ៉ូសែប​គឺ​ជា​អ្នក​សរសេរ​ដែល​មាន​ទេពកោសល្យ​ពី​ធម្មជាតិ​នៅ​អាយុ ២៣ ឆ្នាំ ។​ បើ​មិន​ដូច្នោះ​ទេ តើ​លោក​បាន​រួម​បញ្ចូល​ឈ្មោះ​មនុស្ស ទីកន្លែង និង​ព្រឹត្តិការណ៍​នានា​ជា​ច្រើន​ ឲ្យ​មាន​ភាព​ត្រូវគ្នា​ទាំងស្រុង​ដោយ​គ្មាន​ភាពខុស​ឆ្គង​បាន​ដោយ​របៀប​ណា​ទៅ ? តើ​លោក​អាច​សរសេរ​លម្អិត​អំពី​យុទ្ធសាស្ត្រ​សង្គ្រាម សរសេរ​អំពី​ការបង្រៀន​ដ៏​មាន​ឥទ្ធិពល និង​បង្កើត​ឃ្លា​ដែល​ត្រូវបាន​គូស​ចំណាំ ទន្ទេញ​ឲ្យ​ចាំ ដកស្រង់ និង​ដាក់​លើ​ទ្វារ​ទូរទឹកកក​ដោយ​មនុស្ស​រាប់លាន់​នាក់​ដោយ​របៀប​ណា ដូច​ជា​ឃ្លា​ថា « កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » (ម៉ូសាយ ២:១៧ឬ « មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » (នីហ្វៃ​ទី ២ ២:២៥ មាន​សារលិខិត​ជាច្រើន​ដែល​មាន​ឥទ្ធិពល—សារលិខិត​ដែល​មាន​ភាពរស់រវើក និង​បំផុស​គំនិត ។ ការផ្តល់​ជា​យោបល់​ថា យ៉ូសែប ស៊្មីធ នៅ​អាយុ ២៣ ឆ្នាំ​មាន​ជំនាញ​ចាំបាច់​ក្នុង​ការសរសេរ​គម្ពីរ​ដ៏​អស្ចារ្យ​នេះ នៅក្នុង​សេចក្តីព្រាង​តែ​មួយ​សន្លឹក​ក្នុង​រយៈពេល​ប្រមាណ​ជា ៦៥ ថ្ងៃគឺ​ជាការផ្ទុយ​នឹង​ការពិត ។

ប្រធាន រ័សុល អិម ណិលសុន ជា​អ្នក​សរសេរ​ដ៏​មាន​បទពិសោធន៍ និង​ជំនាញ​បាន​ចែកចាយ​ថា លោក​បាន​សរសេរ​ឡើង​វិញ​ជាង ៤០ សុន្ទរកថា​សម្រាប់​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ ។ ឥឡូវនេះ តើ​យើង​ជឿ​ថា យ៉ូសែប ស៊្មីធ តែ​ម្នាក់​ឯង​បាន​ហៅ​ឲ្យ​សរសេរ​ព្រះគម្ពីរ​មរមន​ទាំង​មូល​នៅក្នុង​សេចក្តីព្រាង​តែ​មួយ ជាមួយ​នឹង​ការផ្លាស់ប្តូរ​វេយ្យករណ៍សំខាន់ៗ​តែ​បន្តិចបន្តួច​បន្ទាប់​ពី​នោះ​ដែរ​ឬ​ទេ ?

អិមម៉ា ភរិយា​របស់​យ៉ូសែប បាន​បញ្ជាក់​អំពី​ភាពអស្ចារ្យ​នៃ​សមិទ្ធិផល​នេះ​ថា ៖ « យ៉ូសែប ស៊្មីធ [ ជា​យុវជន ] ពុំ​អាច​សរសេរ ឬ​ហៅ​ឲ្យ​សរសេរ​ពាក្យ​ច្បាស់​លាស់ និងសារលិខិត​ដែល​មាន​ពាក្យ​ល្អៗ​នេះ​ទេ ចុះ​ទម្រាំ​តែ​សរសេរ​ព្រះគម្ពីរ​មួយ​ដូច​ជា​ព្រះគម្ពីរ​មរមន​នេះ គឺ​កាន់តែ​មិន​អាច​ឡើយ » ។

ហើយ​នៅទីបំផុត ទោះបីជា​បុគ្គលម្នាក់​ទទួល​យក​ការជជែកវែកញែក​ពីមុន​ៗ​ទាំងអស់​ក្តី ទោះមាន​ការសង្ស័យ​ថា តើ​វា​ជា​ការពិត​ក្តី ពួក​អ្នករិះគន់​នៅតែ​ប្រឈម​មុខ​នឹង​ឧបសគ្គដ៏​ធំ​មួយ​ផ្សេង​ទៀត ។ យ៉ូសែប​បាន​ប្រកាស​ថា ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង​នៅលើ​ផ្ទាំង​មាស ។ ការប្រកាស​នេះ​​បន្ត​ទទួល​ការរិះគន់​មិន​ចេះ​នឿយណាយ​នៅ​ជំនាន់​លោក—ដ្បិត « មនុស្ស​គ្រប់គ្នា » បាន​ដឹង​ថា​ប្រវត្តិសាស្ត្រ​បុរាណ​ត្រូវបាន​សរសេរ​នៅលើផ្ទាំង​ចារិក ឬ​ផ្ទាំងស្បែក រហូត​ដល់​អស់​ជា​ច្រើន​ឆ្នាំ​ក្រោយមក នៅពេល​ផ្ទាំង​ដែក​ដែល​មាន​ការសរសេរ​អក្សរ​បុរាណ​ត្រូវបាន​រកឃើញ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នករិះគន់​ប្រកាស​ថា ការប្រើប្រាស់​ស៊ីម៉ងត៍​ដូច​ដែល​បាន​រៀបរាប់​នៅក្នុង​ព្រះគម្ពីរ​មរមន គឺ​វា​ហួស​ពី​សមត្ថភាព​ផ្នែក​បច្ចេទេសនៃ​ពួកប្រជាជន​អាមេរិក​ជំនាន់​ដើម​ទាំង​នេះ—រហូត​ដល់​ការសាងសង់​ដោយ​ប្រើស៊ីម៉ងត៍​ត្រូវបាន​រកឃើញ​នៅ​ទ្វីបអាមេរិក​ជំនាន់​បុរាណ ។ ឥឡូវ​នេះ ​តើ​ពួក​អ្នក​រិះគន់​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ និង​ការរកឃើញ​ស្រដៀង​គ្នានេះ​ដោយ​របៀប​ណា ? អ្នក​ដឹងថា យ៉ូសែប​ក៏ត្រូវតែ​ជា​អ្នក​ទស្សន៍ទាយ​ដ៏​មាន​ភ័ព្វ​បំផុត​ផងដែរ ។ ទោះបីជា​មានការជំទាស់​ទាំងអស់​នោះ​ទាស់​នឹង​លោក ប្រឆាំង​ទាស់​នឹង​ចំណេះដឹង​នៃ​វិទ្យាសាស្ត្រ និង​ការសិក្សា​ទាំងអស់​ដែល​មាន​ក្តី ក៏​លោក​បាន​ទស្សន៍ទាយ​ត្រូវ ខណៈ​ដែល​មនុស្ស​ទាំងអស់ផ្សេង​ទៀត​ទស្សន៍ទាយ​ខុស ។

បន្ទាប់​ពី​ពិចារណា​អំពី​រឿង​ទាំងនេះ បុគ្គល​ម្នាក់​អាច​ឆ្ងល់​ថា​តើមនុស្ស​ម្នាក់​អាច​ជឿ​ថា កត្តា និង​ការខិតខំ​នៃ​ការប្រកាស​ទាំងអស់​នេះ ដែល​លើក​ឡើង​ដោយ​ពួក​អ្នករិះគន់ បាន​រួមគ្នា​ដោយ​ចៃដន្យ​ក្នុ​ងរបៀប​មួយ​ដែល​ធ្វើឲ្យ​យ៉ូសែប​សរសេរ​ព្រះគម្ពីរ​មរមន ហើយ​បង្កើត​នូវ​កិច្ចការ​នៃ​អារក្ស​ដោយ​របៀប​ណា ។ ប៉ុន្តែ​តើ​យើង​អាច​យល់​រឿង​នេះ​ដោយ​របៀប​ណា ? ប៉ុន្តែ​ផ្ទុយ​នឹង​ការអះអាង​បែប​នេះ គម្ពីរ​នេះ​បាន​បំផុស​គំនិត​មនុស្ស​រាប់លាន​នាក់​ឲ្យ​ប្រឆាំង​នឹង​សាតាំង ហើយ​ឲ្យ​រស់នៅ​កាន់តែ​ដូច​ជា​ព្រះគ្រីស្ទ ។

ខណៈ​ដែល​មនុស្ស​ម្នាក់​អាច​ជ្រើសរើស​ជឿ​ការពន្យល់​របស់​ពួក​អ្នករិះគន់ សម្រាប់​ខ្ញុំ​ការធ្វើ​បែប​នោះ​ពុំ​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ខាង​ប្រាជ្ញា និង​ខាង​វិញ្ញាណ​ឡើយ ។ ដើម្បី​ជឿលើ​រឿង​បែប​នេះ ខ្ញុំ​ត្រូវតែ​ទទួល​យក​ការសន្និដ្ឋាន​ដែល​គ្មាន​ភស្តុតាង​ម្តង​ហើយ​ម្តង​ទៀត ។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​នឹង​ត្រូវតែ​មើល​ស្រាល​ទីបន្ទាល់​នៃ​បុគ្គល​គ្រប់​រូប​ទាំង ១១ ​នាក់ សូម្បី​តែ​ពួកគាត់​ម្នាក់ៗ​បន្ត​នៅពិត​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​ខ្លួន​រហូត​ដល់​អស់​ជីវិត ខ្ញុំ​នឹង​ត្រូវតែ​បដិសេធ​គោលលទ្ធិ​ពី​ព្រះ​ដែល​មាន​ពេញ​នៅក្នុង​គម្ពីរ​ដ៏​ពិសិដ្ឋ​នេះ​ជាមួយ​នឹង​សេចក្តីពិត​ដ៏​អស្ចារ្យ​បំផុត​របស់​វា ខ្ញុំ​នឹង​ត្រូវតែ​ពង្រើយ​កន្តើយ​នឹង​ការពិត​ដែល​មហាជន រួមទាំង​ខ្ញុំ​ផង ដែល​បាន​ខិតកាន់តែ​ជិត​ព្រះ តាមរយៈ​ការអាន​គម្ពីរ​នេះ​ជាង​គម្ពីរ​ផ្សេង​ទៀត ហើយ​លើស​ពី​អ្វីៗ​ទាំងអស់ ខ្ញុំ​នឹង​ត្រូវតែ​បដិសេធ​ការខ្សឹប​ប្រាប់​បញ្ជាក់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ហើយ ។ ការណ៍​នេះ​នឹង​ផ្ទុយ​ទៅ​នឹ​ង​រឿង​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ដឹង​ថា​ពិត​ហើយ ។

មិត្តភក្ដិ​ដ៏​ល្អ និង​វាងវៃ​ម្នាក់​របស់​ខ្ញុំ​បាន​ចាកចេញ​ពី​ព្រះវិហារ​អស់​មួយ​រយៈពេល ។ ថ្មីៗ​នេះ​គាត់​បាន​សរសេរ​សំបុត្រ​មក​ខ្ញុំ​ប្រាប់​អំពី​ការត្រឡប់​មក​វិញ​របស់​គាត់ ៖ « ដំបូង ខ្ញុំ​ចង់​ឲ្យ​ព្រះគម្ពីរ​មរមន​បង្ហាញ​ភស្តុតាង​ដល់​ខ្ញុំ​អំពី​ប្រវត្តិ ភូមិសាស្ត្រ ការរៀន​ភាសា និង​វប្បធម៌ ។ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ការផ្តោត​ចិត្ត​ទុកដាក់​របស់​ខ្ញុំ​ទៅលើ​ការបង្រៀន​នៃ​ព្រះគម្ពីរ​អំពី​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​បេសកកម្ម​សង្គ្រោះ​របស់​ទ្រង់ នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​ទទួលទីបន្ទាល់​អំពី​ភាពពោរពេញ​នៃ​សេចក្តីពិត​របស់​គម្ពីរ​នេះ ។ ថ្ងៃ​មួយ​អំឡុងពេល​អាន​ព្រះគម្ពីរ​មរមន​នៅក្នុង​បន្ទប់​ខ្ញុំ ខ្ញុំ​បាន​ឈប់​មួយ​សន្ទុះ លុត​ជង្គង់​ចុះ ហើយ​បាន​អធិស្ឋាន​ដោយ​ស្មោះអស់​ពីដួងចិត្ត ហើយ​បាន​ទទួល​អារម្មណ៍​យ៉ាង​ច្បាស់លាស់​ថា ព្រះវរបិតាសួគ៌​បាន​ខ្សឹប​ប្រាប់​ដល់​វិញ្ញាណ​ខ្ញុំ​ថា សាសនាចក្រ និង​ព្រះគម្ពីរ​មរមន​គឺ​ពិតប្រាកដ​មែន ។ អំឡុងពេល​បី​ឆ្នាំ​កន្លះ​របស់​ខ្ញុំ​ក្នុង​ការ​រៀន​ពី​សាសនាចក្រ​ឡើង​វិញ បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​មក​កាន់​ភាពពោរពេញ​នៃ​សេចក្តីពិត​នៃ​ព្រះគម្ពីរ​នេះ​ទាំងស្រុង និង​ដោយ​ការជឿជាក់ » ។

ប្រសិនបើ​មនុស្ស​ម្នាក់​ឆ្លៀតពេល​អាន​ដោយ​រាបសា និង​ពិចារណា​អំពី​ព្រះគម្ពីរ​មរមន ដូច​ជា​មិត្ត​ខ្ញុំ​បាន​ធ្វើ ហើយ​ស្តាប់​តាម​ផលផ្លែ​ដ៏​ផ្អែមល្ហែមនៃ​ព្រះវិញ្ញាណ នោះ​ទីបំផុត​គាត់​នឹង​ទទួល​បាន​នូវ​សាក្សីដែល​គាត់​ប៉ង​ប្រាថ្នា ។

ព្រះ​គម្ពីរ​មរមន​គឺ​ជា​អំណោយ​មួយ​ដែល​ពុំ​អាច​កាត់​ថ្លៃ​បាន​មកពី​ព្រះ​សម្រាប់​ពួកយើង ។ វា​គឺជា​ដាវ និង​ខែល—វា​បញ្ជូន​ព្រះបន្ទូល​នៃ​ព្រះ​ទៅក្នុង​សមរភូមិ​ដើម្បី​ប្រយុទ្ធ​ដណ្តើម​យក​ដួងចិត្ត​នៃ​មនុស្ស​សុចរិត ហើយ​ធ្វើ​ជា​អ្នក​ការពារ​សេចក្តីពិត​ដ៏​អស្ចារ្យ ។ ក្នុង​នាម​ជា​ពួកបរិសុទ្ធ យើង​ពុំ​គ្រាន់តែ​មាន​ឯកសិទ្ធិ​ការពារ​ព្រះគម្ពីរ​មរមន​ប៉ុណ្ណោះ​ទេ យើង​ថែម​ទាំង​មាន​ឱកាស​ប្រើប្រាស់​វា​យ៉ាង​សកម្ម—ដើម្បី​បង្រៀន​ដោយ​មាន​ឥទ្ធិពល​អំពី​គោលលទ្ធិ​មក​ពី​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ​នេះ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សាក្សី​ដ៏​អស្ចារ្យ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ពី​ព្រះគម្ពីរ​នេះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​យ៉ាង​ឱឡារិក​ថា ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បកប្រែ​ដោយ​អំណោយ​ទាន និង​ព្រះចេស្តានៃ​ព្រះ ។ វា​ជា​សាក្សី​ដ៏​មាន​ឥទ្ធិពល​របស់​ព្រះ​អំពី​ភាព​ជា​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការហៅ​ឲ្យ​ធ្វើ​ជា​ព្យាការី​របស់​យ៉ូសែប ស្ម៊ីធ និង​ភាពពិតប្រាកដ​នៃ​សាសនាចក្រ​នេះ ។ សូម​ឲ្យ​គម្ពីរ​នេះ​ក្លាយ​ជា​សិលា​គន្លឹះ​នៃ​ទីបន្ទាល់​យើង ដើម្បី​ឲ្យ​គម្ពីរ​នេះ​អាច​និយាយ​អំពី​យើង ដូច​គម្ពីរ​នេះ​បាន​និយាយ​អំពី​ពួក​លេមិន​ដែល​បាន​ប្រែចិត្ត​ជឿ ដែល​ថា​ពួកគេ « ពុំ​បោះបង់​ចោល​សាសនា​ឡើយ » (អាលម៉ា ២៣:៦ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. អិមម៉ា ស្ម៊ីធ នៅ​ក្នុង « Last Testimony of Sister Emma » Saints’ Herald ថ្ងៃ​ទី ១ ខែ តុលា ឆ្នាំ ១៨៧៩ ទំព័រ ២៨៩, ២៩០ ។

  2. អិមម៉ា ស៊្មីធ នៅក្នុង « Last Testimony of Sister Emma » ទំព័រ ២៩០ ។

  3. សូមមើល « ទីបន្ទាល់​នៃ​ពួក​សាក្សី​បីនាក់ » និង « ទីបន្ទាល់​នៃ​ពួក​សាក្សី​ប្រាំបីនាក់ » នៃ​ព្រះគម្ពីរ​មរមន ។