ឆ្នាំ ២០១០-២០១៩
ឱ​ព្រះអម្ចាស់​អើយ សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ឡើង​ផង
ខែ តុលា ២០១៧


ឱ​ព្រះអម្ចាស់​អើយ សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ឡើង​ផង

យើង​ត្រូវតែ​មើល​មនុស្សដទៃ​ឲ្យ​ដូច​ព្រះអង្គសង្គ្រោះ​ទត​មើល​ពួកគេ​ដែរ ។

The Lion King ( ស្ដេច​តោ ) គឺ​ជា​ភាពយន្ត​គំនូរ​ជីវចល​ប្រពៃណី​មួយ​អំពី​វាល​ស្មៅ​នៅ​អាហ្វ្រិក ។ ពេល​ស្ដេច​តោ​ស្លាប់​ទៅ​ខណៈ​ដែល​កំពុង​ជួយ​ជីវិត​បុត្រា​របស់​ខ្លួន បុត្រា​នោះ​ត្រូវ​គេ​បង្ខំ​ឲ្យ​និរទេស​ចេញ​ពី​ដែនដី ជា​ពេល​ដែល​អ្នក​គ្រប់គ្រង​ផ្ដាច់ការ​បំផ្លាញ​តុល្យភាព​វាល​ស្មៅ​នោះ ។ បុត្រា​ស្ដេច​តោ​នោះ​ទាមទារ​នគរ​មក​វិញ តាមរយៈ​ជំនួយ​មក​ពី​អ្នក​ណែនាំ​ម្នាក់ ។ គាត់​មាន​ការយល់ដឹង​អំពី​ភាពចាំបាច់​នៃ​តុល្យភាព​ក្នុង​វដ្ដ​ដ៏​អស្ចារ្យ​នៃ​ជីវិត​នៅ​លើ​វាលស្មៅ​នោះ ។ កាល​កំពុង​ទាមទារ​នគរ​មក​វិញ បុត្រា​ស្ដេច​តោ​នោះបានធ្វើតាម​ការ​ទូន្មាន​ឲ្យ « មើល​ឲ្យ​បាន​វែងឆ្ងាយ​ជាង​អ្វី​ដែល​អ្នក​មើល​ឃើញ » ។

នៅ​ពេល​យើងរៀន​ដើម្បី​ក្លាយ​ជា​អ្នក​គ្រង​មរតក​ពី​ព្រះវរបិតា ដំណឹងល្អ​ណែនាំ​យើង​ឲ្យ​មើល​ឲ្យ​បាន​វែងឆ្ងាយ​ជាង​អ្វី​ដែល​យើង​មើល​ឃើញ ។ ដើម្បី​មើល​ឲ្យ​បាន​វែង​ឆ្ងាយ​ជាង​អ្វី​ដែល​អ្នក​មើល​ឃើញ​យើង​ត្រូវតែ​មើល​មនុស្ស ដទៃ​ឲ្យ​ដូច​ព្រះអង្គសង្គ្រោះ​ទត​មើល​ពួកគេ​ដែរ ។ ដំណឹងល្អ​អាច​មាន​ឥទ្ធិពល​លើ​មនុស្ស​ជា​ច្រើន​ក្នុង​ទម្រង់​ខុសៗ​គ្នា ។ យើង​មិន​អាច​យល់​ពី​ជម្រើស និង​សាវតា​ផ្លូវ​ចិត្ត​របស់​មនុស្ស​លើ​លោក​នេះ ក្នុង​ក្រុមជំនុំ​សាសនាចក្រ ឬ​សូម្បី​តែ​ក្នុង​គ្រួសារ​បាន​អស់​ទេ ព្រោះ​យើង​កម្រ​នឹង​ឃើញ​ទិដ្ឋភាព​ទាំងស្រុង​នៃ​បុគ្គល​ទាំងនោះ​ណាស់ ។ យើង​ត្រូវតែ​មើល​ឲ្យ​បាន​វែង​ឆ្ងាយ​ជាង​ការសន្មត​ងាយៗ និង​ការវិនិច្ឆ័យ​ភ្លាមៗ ហើយ​ត្រូវ​ពង្រីក​បទពិសោធន៍​ផ្ទាល់ខ្លួន​ដ៏​តិច​នេះ ។

ខ្ញុំ​បាន​បើក​ភ្នែក​ដើម្បី « មើល​ឲ្យ​បាន​វែង​ឆ្ងាយ​ជាង​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ » កាល​ខ្ញុំ​បម្រើ​ជា​ប្រធាន​បេសកកម្ម ។ អែលឌើរ​វ័យ​ក្មេង​ម្នាក់​បាន​មក​ជួប​ខ្ញុំ​ទាំង​ភាពភ័យខ្លាច ។ ពេល​យើង​ជួប​សម្ភាស គាត់​បាន​ពោល​ដោយ​ស្រពាប់ស្រពោន​ថា « ខ្ញុំ​ចង់​ទៅ​ផ្ទះ​វិញ » ។ ខ្ញុំ​បាន​គិត​ថា « យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន » ។ ខ្ញុំ​បាន​ទូន្មាន​ឲ្យ​គាត់​ខិតខំ​ធ្វើការ ហើយ​អធិស្ឋាន​ទូល​សួរ​រឿង​នេះ​មួយ​សប្ដាហ៍​សិន ហើយ​ចាំ​ទូរសព្ទ​មក​ខ្ញុំ​វិញ ។ មួយ​សប្ដាហ៍​ក្រោយ​មក គាត់​បាន​ទូរសព្ទ​មក ។ គាត់​នៅ​តែ​ចង់​ទៅ​ផ្ទះ​វិញ ។ ខ្ញុំ​បាន​ទូន្មាន​ឲ្យ​គាត់​អធិស្ឋាន ខិតខំ​ធ្វើការ​ម្ដង​ទៀត ហើយ​ទូរសព្ទ​មក​ខ្ញុំ​នៅ​សប្ដាហ៍​ក្រោយ ។ នៅ​ក្នុង​ការសម្ភាស​ក្រោយ​មក​ទៀត គ្មាន​អ្វី​ផ្លាស់ប្ដូរ​ទេ ។ គាត់​នៅ​តែ​ចចេស​ចង់​ទៅ​ផ្ទះ​វិញ ។

ខ្ញុំ​មិន​បាន​ទុក​ឲ្យ​រឿង​នោះ​កើតឡើង​ទេ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​បង្រៀន​គាត់​អំពី​លក្ខណៈ​ដ៏​ពិសិដ្ឋ​នៃ​ការហៅ​បម្រើ​របស់​គាត់ ។ ខ្ញុំ​បាន​លើកទឹកចិត្ត​គាត់​ឲ្យ « បំភ្លេច [ ខ្លួន​ឯង ] រួច​ទៅ​ធ្វើការ ។ ប៉ុន្ដែ​ទោះជា​ខ្ញុំ​ផ្ដល់​យោបល់​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​នៅ​តែ​មិន​ប្ដូរ​គំនិត ។ ទីបំផុត​ខ្ញុំ​គិត​ថា ប្រហែលជា​ខ្ញុំ​មើល​មិន​ឃើញ​ទិដ្ឋភាព​ទាំងស្រុង​នោះ​ទេ ។ ភ្លាម​នោះ​ខ្ញុំ​មាន​ការបំផុសគំនិត​មួយ​ឲ្យ​សួរ​គាត់​ថា « អែលឌើរ អ្វី​ជា​រឿង​ពិបាក​សម្រាប់​អែលឌើរ ? » ពាក្យពេចន៍​គាត់​បាន​ចាក់​ទម្លុះ​បេះដូង​ខ្ញុំ​ថា « ប្រធាន ខ្ញុំ​មិន​ចេះ​អាន​អក្សរ​ទេ » ។

ដំបូន្មាន​ដ៏​ឈ្លាសវៃ​ដែល​ខ្ញុំ​គិត​ថា​សំខាន់​សម្រាប់​គាត់​នោះ មិន​បំំពេញ​តាម​តម្រូវការ​របស់​គាត់​ឡើយ ។ អ្វី​ដែល​គាត់​ត្រូវការ​បំផុត គឺ ខ្ញុំ​ត្រូវ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​ជាង​ការវាយតម្លៃ​រហ័ស​ពេក ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ជួយ​ខ្ញុំ​យល់​អំពី​អ្វី​ដែល​មាន​ក្នុង​គំនិត​របស់​អែលឌើរ​រូប​នោះ ។ គាត់​ត្រូវការ​ឲ្យ​ខ្ញុំ​គិត​អំពី​គាត់​បាន​ត្រឹមត្រូវ ហើយ​ផ្ដល់​ហេតុផល​មួយ​ឲ្យ​គាត់​មាន​សង្ឃឹម ។ ផ្ទុយទៅវិញ ទង្វើ​របស់​ខ្ញុំ​ប្រៀប​ដូចជា​សម្ពាធ​ដ៏​ធំ​បំផ្លាញ​គាត់​ទៅ​វិញ ។ អែលឌើរ​ដ៏​ក្លាហាន​រូប​នេះ​បាន​រៀន​អាន ហើយ​បាន​ក្លាយ​ជា​សិស្ស​ដ៏​បរិសុទ្ធ​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ គាត់​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​អំពី​បន្ទូល​ព្រះអម្ចាស់​ថា « ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ( សាំយូអែល ទី១ ១៦:៧ ) ។

វា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ពង្រីក​ការយល់ឃើញ​របស់​យើង ។ តើ​បងប្អូន​ចាំ​ពី​ព្យាការី​អេលីសេ ដែល​បាន​ក្រោក​ពី​ដេក ហើយ​ឃើញ​ទាហាន​ស៊ីរី​កំពុង​ឡោម​ព័ទ្ធ​ក្រុង​របស់​លោក​ទាំង​មាន​ពល​សេះ និង​រទេះ​ចម្បាំង​ផង​នោះ​ឬ​ទេ ? អ្នក​បម្រើ​របស់​លោក​មាន​ការភិតភ័យ ហើយ​សួរ​អេលីសេ​ថា​ត្រូវ​ធ្វើ​ដូចម្ដេច​ក្នុង​ហេតុការណ៍​នេះ ។ អេលីសេ​បាន​ប្រាប់​គាត់​កុំ​ឲ្យ​បារម្ភ​ដោយ​មាន​ប្រសាសន៍​គួរ​ឲ្យ​ចងចាំ​ដូចនេះ ៖ « កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត » ( ពង្សាវតារក្សត្រ ទី២ ៦:១៦ ) ។ អ្នក​បម្រើ​នោះ​មិន​យល់​អំពី​សេចក្ដី​ដែល​ព្យាការី​មាន​ប្រសាសន៍​ឡើយ ។ គាត់​មិន​អាច​មើល​ឲ្យ​បាន​វែង​ឆ្ងាយ​ជាង​អ្វី​ដែល​គាត់​មើល​ឃើញ​នោះ​ទេ ។ ប៉ុន្តែ អេលីសេ​បាន​ឃើញ​ពល​ទ័ព​ទេវតា​ត្រៀម​ខ្លួន​ធ្វើ​ចម្បាំង​ដើម្បី​ប្រជាជន​របស់​ព្យាការី ។ ដូច្នេះ អេលីសេ​បាន​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​ដើម្បី​បើក​ភ្នែក​យុវជន​រូប​នោះ « ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលីសេ » (ពង្សាវតារក្សត្រ ទី២ ៦:១៧ 

រូបភាព
អេលីសេ និង​កងទ័ព​សួគ៌

ជា​ញឹកញាប់ យើង​ញែក​ខ្លួន​យើង​ពី​មនុស្សដទៃ តាមរយៈ​ភាពខុសគ្នា​ដែល​យើង​មើល​ឃើញ ។ យើង​មាន​អារម្មណួ​ល្អ​នឹង​មនុស្ស​ជុំវិញ​យើង​ដែល​គិត និយាយស្ដី ស្លៀកពាក់ ហើយ​ប្រព្រឹត្ត​ដូច​យើង ប៉ុន្តែ​គ្មាន​អារម្មណ៍​ល្អ​នឹង​មនុស្ស​ដែល​មាន​ស្ថានភាព ឬ​សាវតា​ខុស​ពី​យើង ។ ជាក់ស្ដែង តើ​យើង​ទាំងអស់​គ្នា​មិន​មក​ពី​ប្រទេស​ខុសគ្នា ហើយ​និយាយ​ភាសា​ផ្សេងគ្នា​ទេ​ឬ​អី ? តើ​យើង​មិន​ស្គាល់​មនុស្ស​លើ​លោក​នេះ ទោះជា​មាន​ដែនកំណត់​ដ៏​ធំ​ក្នុង​បទពិសោធន៍​ជីវិត​យើង​ទេ​ឬ​អី ? មនុស្ស​ខ្លះ​ឃើញ ហើយ​និយាយ​ដោយ​ប្រើ​ភ្នែក​ខាង​វិញ្ញាណ ដូច​ព្យាការី​អេលីសេ ហើយ​ខ្លះ​ទៀត​ឃើញ ហើយ​ឆ្លើយឆ្លង​ដោយ​ការចេះដឹង​ខាង​អក្សរ ដូច​ខ្ញុំ​បាន​មាន​បទពិសោធន៍​នឹង​អ្នក​ផ្សាយសាសនា​ដែល​មិន​ចេះ​អក្សរ ។

យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មនុស្ស​ចូលចិត្ត​ប្រៀបធៀប លាប​ពណ៌ និង​រិះគន់ ។ ជំនួស​ឲ្យ​មើល​ឃើញ​តាមរយៈ​ភ្នែក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម យើង​ចាំបាច់​ត្រូវ​ស្វែងរក​ឥរិយាបថ​បរិសុទ្ធ ដែល​យើង​ម្នាក់ៗ​ត្រូវ​មាន ។ គុណសម្បត្តិ និង​បំណងប្រាថ្នា​បរិសុទ្ធ​ទាំងនេះ មិន​អាច​បាន​ចុះផ្សាយ​លើ Pinterest ឬ​លើ Instagram បាន​ឡើយ ។

ដើម្បី​ទទួលយក ហើយ​ស្រឡាញ់​មនុស្សដទៃ​ពុំ​មាន​ន័យ​ថា យើង​ត្រូវតែ​ទទួល​យក​គំនិត​របស់​ពួកគេ​នោះ​ទេ ។ ប្រាកដណាស់ ក្ដីពិត​ទាមទារ​ឲ្យ​មាន​ភក្ដីភាព​ខ្ពស់​បំផុត ប៉ុន្ដែ​វា​មិន​មែន​ជា​រនាំង​រារាំង​មិន​ឲ្យ​មាន​សណ្ដានចិត្ត​ល្អ​នោះ​ទេ ។ ក្ដីស្រឡាញ់​ដ៏​ពិត​សម្រាប់​មនុស្សដទៃ តម្រូវ​ឲ្យ​មាន​ការអនុវត្ត​ឥត​ឈប់ឈរ​ក្នុង​ការទទួលយក​កិច្ចខិតខំ​របស់​មនុស្ស​ដែល​មាន​បទពិសោធន៍​ក្នុង​ជីវិត និង​ដែនកំណត់ ដែល​យើង​មិន​អាច​យល់​បាន ។ ការមើល​ឲ្យ​បាន​វែង​ឆ្ងាយ​ជាង​អ្វី​ដែល​យើង​មើល​ឃើញ តម្រូវ​ឲ្យ​មាន​ការផ្ដោត​អារម្មណ៍​ប្រកប​ដោយ​មនសិការ​ទៅ​លើ​ព្រះអង្គសង្គ្រោះ ។

រូបភាព
ម៉ូតូ​កង់​បួន

នៅ​ថ្ងៃ​ទី ២៨ ខែ ឧសភា ឆ្នាំ ២០១៦ បូ រីឈី អាយុ ១៦​ឆ្នាំ និង​មិត្ត​គាត់​ម្នាក់ អូស្ទីន បាន​នៅ​ឯ​ចម្ការ​គ្រួសារ​មួយ​ក្នុង​រដ្ឋ ខូឡូរ៉ាដូ ។ បូ និង អូស្ទីន បាន​ឡើង​ជិះ​ម៉ូតូ​កង់​បួន​របស់​ពួកគេ ដោយ​រំពឹង​ថា​នឹង​មាន​ដំណើរ​ផ្សង​ព្រេង​មួយ​នៅ​ថ្ងៃ​នោះ ។ ពួកគេ​ទៅ​មិន​ទាន់​បាន​ឆ្ងាយ​ផង ស្រាប់​តែ​ជួប​នឹង​ស្ថានភាព​គ្រោះថ្នាក់​មួយ ជា​សោកនាដកម្ម​បាន​កើត​ឡើង ។ ម៉ូតូ​ដែល បូ បាន​បើក​បាន​ក្រឡាប់​មួយ​រំពេច ម៉ូតូ​ដែក​ទម្ងន់ ១៨០ គីឡូក្រាម បាន​សង្កត់​ជាប់​លើ បូ ។ ពេល អូស្ទីន ដែល​ជា​មិត្ត​របស់ បូ រត់​ទៅ​ឯ​គាត់ គាត់​បាន​ឃើញ បូ ដក​ដង្ហើម​ចង្រិត​ទៅ​ហើយ ។ គាត់​បាន​ព្យាយាម​ទាញ​ម៉ូតូ​ចេញ​ពី​មិត្ត​គាត់ ដោយ​អស់​ពី​ថាមពល ។ វា​មិន​កម្រើក​ទាល់តែសោះ ។ គាត់​បាន​អធិស្ឋាន​ឲ្យ បូ រួច​រត់​ទៅ​រក​ជំនួយ ។ ទីបំផុត បុគ្គលិក​សង្គ្រោះ​បន្ទាន់​បាន​មក​ដល់ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បូ បាន​បាត់បង់​ជីវិត​ទៅ ។ គាត់​បាន​បញ្ចប់​ជីវិត​រមែងស្លាប់​នេះ ។

ឪពុកម្ដាយ​ដ៏​ខូចចិត្ត​របស់​គាត់​បាន​មក​ដល់ ។ កាល​ពួកគាត់​ឈរ​ក្នុង​មន្ទីរពេទ្យ​ដ៏​តូច​នោះ​ជាមួយ​មិត្ត​សម្លាញ់ និង​គ្រួសារ​របស់ បូ នោះ​មាន​ប៉ូលីស​ម្នាក់​បាន​ដើរ​ចូល​ក្នុង​បន្ទប់ ហើយ​បាន​ហុច​ទូរសព្ទ​ដៃ​របស់ បូ ទៅ​ឲ្យ​ម្ដាយ​គាត់ ។ កាល​គាត់​ទទួល​យក​ទូរសព្ទ​នោះ មាន​សំឡេង​រោទ៍​មួយ​បន្លឺ​ឡើង ។ គាត់​បាន​បើក​ទូរសព្ទ ហើយ​បាន​ឃើញ​សំឡេង​រោទ៍​រំឭក​ប្រចាំ​ថ្ងៃ​របស់ បូ ។ គាត់​បាន​អាន​សារ​ដែល​កូន​ប្រុស​វ័យ​ជំទង់​គួរ​ឲ្យ​ស្រឡាញ់ និង​ចូលចិត្ត​ផ្សងព្រេង​របស់​គាត់​បាន​តម្លើង​ដើម្បី​អាន​រាល់​ថ្ងៃ ។ វា​សរសេរ​ថា « ចូរ​ចាំ​ថា ត្រូវ​ដាក់​ព្រះយេស៊ូវគ្រីស្ទ​ជា​ស្នូល​នៃ​ជីវិត​របស់​អ្នក​នៅ​ថ្ងៃ​នេះ » ។

ការផ្ដោត​អារម្មណ៍​របស់ បូ ទៅ​លើ​ព្រះ​ប្រោស​លោះ​របស់​គាត់ ពុំ​កាត់​បន្ថយ​ភាពសោកសៅ​របស់​មនុស្ស​ជាទីស្រឡាញ់គាត់​ដែល​បាន​បាត់បង់​រូបគាត់​ឡើយ ។ ប៉ុន្តែ​វា​បាន​ផ្ដល់​ក្ដីសង្ឃឹម និង​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ដល់​ជីវិត​របស់ បូ និង​ជម្រើស​នៃ​​ជីវិត​គាត់ ។ វា​អនុញ្ញាត​ឲ្យ​គ្រួសារ និង​មិត្តភក្ដិ​គាត់​មើល​ឲ្យ​បាន​វែង​ឆ្ងាយ​ជាង​ទុក្ខសោក​នៃ​ក្ដីស្លាប់​ទាំង​វ័យ​ក្មេង​របស់​គាត់​នេះ ទៅ​រក​ភាពពិត​ពេញ​ដោយ​អំណរ​នៃ​ជីវិត​បន្ទាប់ ។ នេះ​ជា​សេចក្ដីមេត្តា​ដ៏​ទន់ភ្លន់​សម្រាប់​ឪពុកម្ដាយ បូ ដែល​អាច​មើល​ឃើញ​តាមរយៈ​ភ្នែក​កូនប្រុស​គាត់ នូវ​អ្វី​ដែល​កូនប្រុស​គាត់​បាន​ឲ្យ​តម្លៃ​បំផុត ។

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​ត្រូវ​បាន​​ប្រទាន​ឲ្យ​នូវ​សំឡេង​រោទ៍​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន ដែល​ព្រមាន​យើង​នៅ​ពេល​យើង​មើល​គ្រាន់តែ​តាមរយៈ​ភ្នែក​ធម្មតា​ងាក​ឆ្ងាយ​ពី​សេចក្ដីសង្គ្រោះ ។ ពិធីសាក្រាម៉ង់​គឺ​ជា​ការរំឭក​ប្រចាំ​សប្ដាហ៍​របស់​យើង​ឲ្យ​​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ថា​យើង​អាច​ចងចាំ​ទ្រង់ និង​អាច​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​ជាមួយ​យើង​ជា​ដរាប ( សូម​មើល គ. និង ស. ២០:៧៧ ) ។ ប៉ុន្តែ​ពេល​ខ្លះ​យើង​បដិសេធ​អារម្មណ៍ និង​សំឡេង​រោទ៍​នៃ​ការរំឭក​ទាំងនេះ ។ ពេល​យើង​មាន​ព្រះយេស៊ូវគ្រីស្ទ​ជា​ស្នូល​នៃ​ជីវិត​យើង ទ្រង់​នឹង​ធ្វើ​ឲ្យ​ភ្នែក​យើង​បើក​ឡើង​ឃើញ​ភាពដែល​អាច​ទៅ​រួច​កាន់តែ​ច្រើន​ជាង​អ្វី​ដែល​យើង​អាច​យល់​បាន​ទៅ​ទៀត ។

ខ្ញុំ​បាន​ទទួល​សំបុត្រ​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ ស្ដីពី​បទពិសោធន៍​សំឡេង​រោទ៍​ការពារមក​ពី​បងស្រី​ដ៏​ស្មោះត្រង់​ម្នាក់ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ក្នុង​ការខិតខំ​ជួយ​ឲ្យ​ស្វាមី​គាត់​យល់​​ពី​អារម្មណ៍​​គាត់ គាត់​បាន​ចាប់ផ្ដើម​ធ្វើ​បញ្ជី​មួយ​លើ​ទូរសព្ទ នូវ​ទង្វើ​ដែល​ស្វាមី​គាត់​បាន​ធ្វើ ឬ​ពោល​ដែល​ធ្វើ​ឲ្យ​គាត់​ខឹង ។ គាត់​នឹង​ជម្រះ​បញ្ជី​ចេញ បើ​ពេល​ល្អ​មក​ដល់ ហើយ​គាត់​នឹង​បាន​ប្រមូលផ្ដុំ​ភស្ដុតាង​សរសេរ ដើម្បី​ចែកចាយ​ជាមួយ​ស្វាមី​គាត់ ជា​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​ស្វាមី​គាត់​ចង់​ផ្លាស់ប្ដូរ​ជា​ប្រាកដ ។ ប៉ុន្តែ​នៅ​ថ្ងៃ​អាទិត្យ​មួយ​កាល​កំពុង​ទទួលទាន​សាក្រាម៉ង់ ហើយ​ផ្ដោត​ទៅ​លើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ គាត់​បាន​ទទួលស្គាល់​ថា ការកត់​ត្រា​អារម្មណ៍​អវិជ្ជមាន​គាត់​មាន​អំពី​ស្វាមី​គាត់ ពិតជា​បណ្ដេញ​ព្រះវិញ្ញាណ​ចេញ​ពី​គាត់ ហើយ​នឹង​មិន​អាច​ផ្លាស់ប្ដូរ​ស្វាមី​គាត់​បាន​ឡើយ ។

សំឡេង​រោទ៍​ខាង​វិញ្ញាណ​បាន​បន្លឺ​ក្នុង​ចិត្ត​គាត់ ហើយ​ថា « បំភ្លេច​វា​ចោល​ទៅ បំភ្លេច​វា​ចោល​ទាំងអស់ ។ ចូរ​លុប​កំណត់ត្រា​នោះ​ចោល​ទៅ ។ វា​ពុំ​អាច​ជួយ​អ្នក​បាន​ទេ » ។ ក្រោយ​មក​គាត់​សរសេរ​ក្នុង​សំបុត្រ​ថា « ខ្ញុំ​បាន​ចំណាយ​ពេល​មួយ​រយៈ​ដើម្បី​លុប​បញ្ជី​នោះ​ចោល ។ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​លុប​ហើយ អារម្មណ៍​អវិជ្ជមាន​ទាំងនោះ​ក៏​បាន​រសាយ​អស់​ទៅ ។ ដួងចិត្ត​ខ្ញុំ​ពេញ​ដោយ​ក្ដីស្រឡាញ់—ក្ដីស្រឡាញ់​សម្រាប់​ស្វាមី​ខ្ញុំ និង​សម្រាប់​ព្រះអម្ចាស់ » ។ ទស្សន​របស់​គាត់​បាន​ផ្លាស់ប្ដូរ​ដូច សុល បាន​ផ្លាស់ប្ដូរ​ទស្សន​នៅ​តាម​ផ្លូវ​ទៅ​ស្រុក​ដាម៉ាស​ដែរ ។ ស្រកា​បាន​ជ្រុះ​ចេញ​ពី​ភ្នែក​គាត់ ។

ជាញឹកញាប់ ព្រះអង្គសង្គ្រោះ​របស់​យើង​បាន​បើក​ភ្នែក​ងងឹត​​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ ការបើក​ភ្នែក​យើង​មើល​ក្ដីពិត​ដ៏​ទេវភាព ទាំង​ភាពជាក់ស្ដែង និង​ការប្រដូច រៀបចំ​យើង​ឲ្យ​បាន​ជា​សះស្បើយ​ពី​ការមើល​ឃើញ​មិន​បាន​ឆ្ងាយ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ពេល​យើង​យក​ចិត្ត​ទុក​ដាក់​លើ « សំឡេង​រោទ៍ » ខាង​វិញ្ញាណ​ដែល​ផ្ដល់​សញ្ញា​ឲ្យ​មាន​ការកែ​ប្រែ​ទិសដៅ ឬ​ឲ្យ​មាន​ទស្សនវិស័យ​អស់កល្ប​កាន់តែ​ធំ នោះ​យើង​នឹង​ទទួល​បាន​ការសន្យា​សាក្រាម៉ង់​ដើម្បី​មាន​ព្រះវិញ្ញាណ​ទ្រង់​គង់​ជាមួយ​យើង​ហើយ ។ ការណ៍​នេះ​បាន​កើតឡើង​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ក្នុង​ព្រះវិហារបរិសុទ្ធ ខឺតឡង់ ជា​ពេល​ដែល​ក្ដីពិត​ដ៏​សំខាន់​ត្រូវបាន​បង្រៀន​ដោយ​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​សន្យា​ថា « ស្បៃ » នៃ​ដែនកំណត់​ជីវិត​រមែងស្លាប់​នឹង « ត្រូវបាន​បើក​ពី​គំនិត​របស់ [ ពួកគាត់ ] ហើយ​ភ្នែក​នៃ​យោបល់​របស់ [ ពួកគាត់ ] [ នឹង ] បើក​ឡើង » (គ. និង ស. ១១០:១ 

ខ្ញុំ​ធ្វើ​ជា​សាក្សី​ថា តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​មើល​ខាង​វិញ្ញាណ​បាន​វែង​ឆ្ងាយ​ជាង​អ្វី​ដែល​យើង​មើល​ឃើញ​ជាក់ស្ដែង ។ ពេល​យើង​ចងចាំ​ទ្រង់ ហើយ​មាន​ព្រះវិញ្ញាណ​ទ្រង់​គង់​ជាមួយ​យើង នោះ​ភ្នែក​នៃ​ការយល់ដឹង​នឹង​បើក​ឡើង ។ បន្ទាប់​មក ភាពជាក់ស្ដែង​នៃ​ទេវភាព​ក្នុង​ពួកយើង​ម្នាក់ៗ​នឹង​ដិតដាម​ក្នុង​ចិត្ត​យើង​កាន់តែ​ខ្លាំង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ដកស្រង់​ពី The Lion King 1½ ( ឆ្នាំ ២០០៤ ) នៅ​ក្រៅ​អាមេរិក​ខាង​ជើង គេ​ស្គាល់​រឿង​នេះ​ថា The Lion King 3: Hakuna Matata.

  2. Teachings of Presidents of the Church: Gordon B. Hinckley ( ឆ្នាំ ២០១៦ ) ទំព័រ ២០១ ។