ឆ្នាំ ២០១០-២០១៩
សូរ្យគ្រាស​ខាង​វិញ្ញាណ
ខែ តុលា ២០១៧


សូរ្យគ្រាស​ខាង​វិញ្ញាណ

ចូរ​កុំ​ឲ្យ​ការ​រំខាន​ក្នុង​ជីវិត​ជា​សូរគ្រាស​បាំង​ពន្លឺ​របស់​ស្ថានសួគ៌​ឡើយ ។

នៅថ្ងៃទី ២១ ខែ សីហា​ឆ្នាំនេះ មាន​ព្រឹត្តិការណ៍​ដ៏​កម្រ​ពីរ​បាន​កើតឡើង ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ។ ព្រឹត្តិការណ៍​ទីមួយ​គឺ​ការប្រារព្ធ​ខួបកំណើត ៩០ឆ្នាំ របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ព្យាការី​ដ៏​ជាទី​ស្រឡាញ់​របស់​យើង ។ នៅពេល​នោះ ខ្ញុំ​កំពុង​បំពេញ​ការចាត់តាំង​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក ហើយ​រំភើប​ណាស់​ដែល​ពួកបរិសុទ្ធ​នៅ​ប្រទេស អូស្ត្រាលី វ៉ានូតូ នូវហ្សើលែន និងហ្វ្រែន ប៉ូលីនេស្សា មិន​ត្រឹមតែ​បាន​ដឹង​ពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​ផ្ទាល់​ខ្លួន​នេះ​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ថែម​ទាំង​រីករាយ​នៅក្នុងការ​ប្រារព្ធ​វា​ទៀតផង ។ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សំណាង​ណាស់​ដែល​បាន​រួម​ចំណែក​ក្នុងការ​បង្ហាញ​ជំនឿ និង​ក្ដី​ស្រឡាញ់​ដ៏​កក់ក្ដៅ​ដល់​បុរស​ដ៏​អស្ចារ្យ​នេះ ។ វា​ជា​ការបំផុស​គំនិត​ណាស់​ដែល​ឃើញ​ពី​ទំនាក់ទំនង​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន​ជាមួយ​នឹង​ព្យាការី​របស់​ពួកគេ ។

ពិតណាស់ ដោយ​គិត​ដល់​អ្នក​ដែល​មាន​បំណង​ជូនពរ​ថ្ងៃ​ខួប​កំណើត​លោក​ប្រធាន ម៉នសុន បាន​ពិពណ៌នា​ពី​អ្វី​ដែល​លោក​គិត​ថា ជា​អំណោយ​ថ្ងៃ​កំណើត​ដ៏​ល្អ​ឥតខ្ចោះ​ថា « ចូរ​ស្វែងរក​នរណា​ម្នាក់​ដែល​កំពុង​ជួប​ការលំបាក ឬ​មាន​ជំងឺ ឬ​ឯកោ ហើយ​ធ្វើ​អ្វី​មួយ​សម្រាប់​គាត់ ។ ខ្ញុំ​សូមតែ​ប៉ុណ្ណឹង​ទេ » ។ ពួកយើង​ស្រឡាញ់ និង​គាំទ្រ​ប្រធាន ម៉នសុន ។

សូរ្យគ្រាស

ព្រឹត្តិការណ៍​ដ៏​កម្រ និង​ប្រពៃ​មួយ​ទៀត​ដែល​កើតឡើង​នៅ​ថ្ងៃ​ដដែល​នោះ ហើយ​បាន​ទាក់ទាញ​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ជា​ពិសេស​ទ្វីប​អាមេរិក​ខាង​ជើង​នោះ​គឺ​សូរ្យគ្រាស ។ នេះ​ជា​លើក​ទីមួយ​ក្នុង​រយៈ​ពេល ៩៩​ឆ្នាំ ដែល​មាន​សូរ្យគ្រាស​បែប​នេះ​គ្រប​ដណ្ដប់​ពេញ​ទាំង​សហរដ្ឋ​អាមេរិក ។ តើ​បងប្អូន​ធ្លាប់​ឃើញ​សូរ្យគ្រាស​ទេ ? ប្រហែល​ខ្ញុំ​អាច​ពិពណ៌នារឿង​នេះ​ឲ្យ​កាន់តែ​លម្អិត ។

សូរ្យគ្រាស​កើត​ឡើង​ពេល​ព្រះចន្ទ​រំកិល​នៅ​ចន្លោះ​ផែនដី និង​ព្រះអាទិត្យ ដោយ​បាំង​ពន្លឺ​នៃ​ផ្ទៃ​ព្រះអាទិត្យ​ទាំងស្រុង​តែម្ដង ។ ភាពពិត​ដែលអាច​កើត​ឡើង​នេះ​គឺ​ជា​រឿង​មួយ​អស្ចារ្យ​ចំពោះ​ខ្ញុំ ។ បើ​បងប្អូន​ស្រមៃ​ថា ព្រះអាទិត្យ​ជា​ទំហំ​នៃ​រង្វង់​កង់​មួយ នោះ​បើ​ធ្វើ​ការប្រៀបធៀប​ព្រះចន្ទ​ស្ទើរតែ​មិន​បាន​នឹង​ទំហំ​ក្រួស​តូច​មួយ​ផង ។

រូបភាព
សំបក​កង់ និង​គ្រួស

តើ​វា​អាច​ទៅរួច​ដោយ​របៀប​ណា ដែល​ប្រភព​នៃ​ភាពកក់ក្ដៅ ពន្លឺ និង​ជីវិត​របស់​យើង​ត្រូវបាន​ធ្វើ​ឲ្យ​ស្រអាប់​ទាំងស្រុង​ដោយ​អ្វី​មួយ​ដ៏​តូច​យ៉ាង​នោះ ?

ទោះ​ជា​ព្រះអាទិត្យ​ធំជាង​ព្រះចន្ទ ៤០០​ដង​មែន តែ​វា​ក៏​នៅ​ឆ្ងាយ​ពី​ផែនដី ៤០០​ដង​ផងដែរ ។ បើ​យើង​មើល​ចេញ​ពី​ផែនដី នោះ​ធរណីមាត្រ​នេះ​ធ្វើ​ឲ្យ​ព្រះអាទិត្យ និង​ព្រះចន្ទ​ហាក់ដូច​ជា​មាន​ទំហំ​ប៉ុន​គ្នា ។ នៅពេល​ដែល​ព្រះអាទិត្យ និង​ព្រះចន្ទ​ដើរ​ចំពី​លើ​គ្នា នោះ​ព្រះចន្ទ​ហាក់ដូច​ជា​បាំង​ព្រះអាទិត្យ​ទាំងស្រុង ។ មិត្តភក្ដិ និង​គ្រួសារ​ខ្ញុំ​ដែល​នៅក្នុង​តំបន់​សូរ្យគ្រាស បាន​ពិពណ៌នា​ពី​ការដែល​ពន្លឺ​ត្រូវបាន​ជំនួស​ដោយ​ភាពងងឹត ផ្កាយ​បាន​លេច​ឡើង ហើយ​បក្សា​បក្សី​ឈប់​ច្រៀង ។ ខ្យល់​ប្រែ​ជា​ត្រជាក់​ព្រោះ​សីតុណ្ហភាព​នៅក្នុង​សូរ្យគ្រាស​អាច​ធ្លាក់​ចុះទាប​ជាង ១១ អង្សា​សេ ។

រូបភាព
ហ្វូង​មនុស្ស​ជាមួយ​នឹង​ពាក់វ៉ែនតា​មើល​សូរ្យគ្រាស

ពួកគេ​បាន​ពិពណ៌នា​ពី​សេចក្ដី​ស្ញើច ការភ្ញាក់ផ្អើល​ដ៏​អស្ចារ្យ និង​ការព្រួយ​បារម្ភ​ទៀត​ផង ដោយ​ដឹង​ថា​សូរ្យគ្រាស​នាំ​មក​នូវ​គ្រោះ​អន្តរាយ​ជាក់លាក់​ផ្សេងៗ ។ ទោះយ៉ាង​ណា ពួកគេ​ទាំងអស់​គ្នា​បាន​អនុវត្ត​ការប្រុងប្រយ័ត្ន​ដើម្បី​ការពារ​ការខូច​ភ្នែក​ជា​អចិន្ត្រៃ ឬ​ហៅ​ថា « ការខ្វាក់​ដោយសារ​សូរ្យគ្រាស » អំឡុង​ព្រឹត្តិការណ៍​សូរ្យគ្រាស​នោះ ។ វា​មាន​សុវត្ថិភាព​ដោយសារ​ពួកគេ​បាន​ពាក់​វ៉ែនតា​ដែល​បំពាក់​ដោយ​កញ្ចក់​ទប់ពន្លឺ​ជា​ពិសេស ដែល​ការពារ​ភ្នែក​ពួកគេ​ពី​ការអន្តរាយ​ដែល​អាច​កើត​មាន​ណា​មួយ ។

សទិសភាព

នៅក្នុង​របៀប​ដូចគ្នា​នោះ​ដែល​ព្រះចន្ទ​ដ៏​តូច​អាច​បាំង​ព្រះអាទិត្យ​ដ៏​ធំ​បាន ដោយ​ពន្លត់​ពន្លឺ និង​ភាពកក់ក្ដៅ​របស់​វា នោះ​សូរ្យគ្រាស​ខាង​វិញ្ញាណក៏​អាច​កើតឡើង​ពេល​ដែល​យើង​បណ្ដោយ​ឲ្យ​ឧបសគ្គ និង​បញ្ហា​តូចតាច​ចូល​មក​ជិត​យើង​ពេក—ជា​ឧបសគ្គ​ដែល​យើង​ជួប​រាល់​ថ្ងៃ​ក្នុង​ជីវិត​យើង—ដែល​វា​បាំង​ទំហំ ភាពភ្លឺ​ចែងចាំង និង​កក់ក្ដៅ​នៃ​ពន្លឺ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​ពន្យល់​សទិសភាព​នេះ​កាន់តែ​ជ្រាលជ្រៅ​ថា « ទោះ​របស់​នោះ​តូច​ដូច​ជា​មេដៃ​របស់​មនុស្ស​ក៏​ដោយ តែ​ពេល​ដាក់​វា​នៅ​ជិត​ភ្នែក នោះ​អាច​ធ្វើ​ឲ្យ​មនុស្ស​នោះ​មើល​មិន​ឃើញ​ព្រះអាទិត្យ​ដ៏​ធំ​ឡើយ ។ តែ​ព្រះអាទិត្យ​គឺ​នៅតែ​នៅ​ទីនោះ​ឯង ។ ការមើល​មិន​ឃើញ​គឺ​នាំមក​ដល់​មនុស្ស​នោះ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ។ ពេល​យើង​ទាញ​យក​អ្វីៗ​ផ្សេងទៀត​មក​ដាក់​ជិត​ពេក ដោយ​ដាក់​វា​ដំបូង​គេ នោះ​យើង​បាំង​គំហើញ​របស់​យើង​ពី​ស្ថានសួគ៌ » ។

ច្បាស់ណាស់ គ្មាន​នរណា​ម្នាក់​ចង់បាំង​គំហើញ​របស់​យើង​ពី​ស្ថានសួគ៌ ឬ​បណ្ដោយ​ឲ្យ​សូរ្យគ្រាស​ខាង​វិញ្ញាណ​កើត​ឡើង​ក្នុង​ជីវិត​យើង​ដោយ​ចេតនា​នោះឡើយ ។ ខ្ញុំសូម​​ចែកចាយ​គំនិត​មួយ​ចំនួន​ដែល​អាច​ជួយ​យើង​នៅក្នុង​ការការពារ​សូរ្យគ្រាស​ខាង​វិញ្ញាណ កុំ​ឲ្យ​វាបណ្ដាល​ឲ្យ​យើង​ជួប​ការខូចខាត​ខាង​វិញ្ញាណ​ជា​អចិន្ត្រៃយ៍ ។

វ៉ែនតា​ដំណឹងល្អ ៖ រក្សា​នូវ​ទស្សនវិស័យ​ខាង​ដំណឹងល្អ

តើ​បងប្អូន​ចាំ​ពី​ការពិពណ៌នា​របស់​ខ្ញុំ​អំពី​វ៉ែនតា​ពិសេស​ដែល​ត្រូវបាន​ប្រើ​ដើម្បី​ការពារ​អស់អ្នក​ដែល​មើល​សូរ្យគ្រាស​កុំ​ឲ្យ​ខូចភ្នែក ឬ​កុំ​ឲ្យ​ខ្វាក់​ដោយសារ​សូរ្យគ្រាស​ដែរ​ឬ​ទេ ? ការមើល​ទៅ​សូរ្យគ្រាស​ខាង​វិញ្ញាណ​ដោយ​ប្រើ​កញ្ចក់​ការពារ និង​ស្រទន់​នៃ​ព្រះវិញ្ញាណ ផ្ដល់​នូវ​ទស្សនវិស័យ​ខាង​ដំណឹងល្អ ហេតុ​ដូច្នោះ​ហើយ​វា​ការពារ​យើង​ពី​ការខ្វាក់​ខាង​វិញ្ញាណ ។

ចូរ​យើង​ពិចារណា​ពី​គំរូ​មួយ​ចំនួន ។ ដោយ​មាន​ពាក្យ​សម្ដី​ព្យាការី​នៅក្នុង​ដួងចិត្ត​យើង និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ទីប្រឹក្សា នោះ​យើង​អាច​សម្លឹង​ទៅពន្លឺ​ស្ថានសួគ៌​ដែល​ត្រូវបាន​បាំង​ផ្នែក​ខ្លះ ដោយពាក់ « វ៉ែនតា​ដំណឹងល្អ » ដើម្បី​ចៀសវាង​ពី​ការអន្តរាយ​មក​ពី​សូរ្យគ្រាស​ខាង​វិញ្ញាណ ។

ដូច្នេះ​តើ​យើង​ពាក់​វ៉ែនតា​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ? នេះ​ជា​គំរូ​មួយ​ចំនួន ៖ វ៉ែនតា​ដំណឹងល្អ​របស់​យើង​ប្រាប់​យើង​ថា ព្រះអម្ចាស់​មាន​ព្រះរាជបំណង​ឲ្យ​យើង​ទទួលទាន​សាក្រាម៉ង់​ជា​រៀងរាល់​សប្ដាហ៍ហើយ​​ថា​បំណង​ប្រាថ្នា​របស់​ទ្រង់គឺ​ថា យើង​ត្រូវ​សិក្សាព្រះគម្ពីរ និង​អធិស្ឋាន​ជា​រៀងរាល់ថ្ងៃ ។ ពួកលោក​ក៏​បានប្រាប់​យើង​ថា សាតាំង​នឹង​ល្បួង​យើងពុំ​ឲ្យ​ធ្វើ​កិច្ចការ​ទាំង​នោះ​ ។ យើង​ដឹង​ថា សិទ្ធិជ្រើសរើស​របស់​វា​គឺ​ព្យាយាម​ដក​យក​សិទ្ធិសេរីភាព​ចេញ​ពី​យើង តាមរយៈ​ការ​រំខាន និង​ការ​ល្បួង​នានា​ខាង​លោកិយ ។ សូម្បី​តែ​នៅក្នុង​ជំនាន់​របស់​យ៉ូប ប្រហែល​ជា​មាន​បទពិសោធន៍​អំពី​សូរ្យគ្រាស​ខាង​វិញ្ញាណ​មួយ​ចំនួន ដោយ​បាន​ពិពណ៌នា​ថា ពួកគេ « ប្រទះ​នឹង​សេចក្តី​ងងឹត​នៅ​វេលា​ថ្ងៃ ហើយ​គេ​ដើរ​ស្ទាបៗ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​យប់ » ។

បងប្អូន​ប្រុសស្រី ពេល​ខ្ញុំ​និយាយ​អំពី​ការមើល​តាម​រយៈ​វ៉ែនតា​ដំណឹងល្អ សូម​ដឹង​ថា ខ្ញុំ​មិន​បាន​ផ្ដល់​យោបល់​ថា យើង​មិន​ទទួល​ស្គាល់ ឬ​មិន​ពិភាក្សា​ពី​ឧបសគ្គ​ដែល​យើង​ជួប​ប្រទះ ឬ​ថា​យើង​ដើរ​ដោយ​មាន​ក្ដី​សុខ ដោយ​មិន​អើពើរ​នឹង​អន្ទាក់ ឬ​ការអាក្រក់​ដែល​មារសត្រូវ​បាន​ដាក់​នៅ​ពី​មុខ​យើង​នោះ​ឡើយ ។ ខ្ញុំ​ពុំមែន​ចង់​និយាយ​អំពី​ការពាក់​របាំង​ភ្នែក​ទេ—តែ​និយាយ​ពី​អ្វី​ដែល​ផ្ទុយ​ពី​នោះ​វិញ ។ ខ្ញុំ​កំពុង​ផ្ដល់​យោបល់​ថា យើង​មើល​ទៅ​ឧបសគ្គ​ទាំងឡាយ​តាម​កញ្ចក់​នៃ​ដំណឹងល្អ ។ អែលឌើរ ដាល្លិន អេច អូក បាន​សង្កេត​ថា « ទស្សនវិស្ស័យ​គឺ​ជា​លទ្ធភាព​ដើម្បី​មើល​ឃើញ​ព័ត៌មាន​ដែល​ទាក់ទង​ទាំងអស់​នៅក្នុង​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​មួយ » ។ ទស្សនវិស័យ​ដំណឹង​ល្អ​ពង្រីក​ការយល់ដឹង​របស់​យើង​ឲ្យ​ទៅដល់​ទស្សន​ដ៏​អស់កល្ប​ជានិច្ច ។

ពេល​បងប្អូន​ពាក់​វ៉ែនតា​ដំណឹងល្អ អ្នក​ឃើញ​ទស្សនវិស័យ​ដែល​ពង្រីក ផ្ដោត និង​ចក្ខុវិស័យ​នៅក្នុង​របៀប​ដែល​ធ្វើ​ឲ្យ​បងប្អូន​គិត​ពី​អាទិភាព បញ្ហា ការល្បួង និង​កំហុស​របស់​បងប្អូន​ថែម​ទៀត​ផង ។ បងប្អូន​នឹង​ឃើញ​ពន្លឺ​កាន់តែ​ចែងចាំង ដែល​បងប្អូន​ពុំ​អាច​មើល​ឃើញ​ដោយ​មិន​មាន​វ៉ែនតា​នោះ ។

រូបភាព
វ៉ែនតា​នៃ​ដំណឹង​ល្អ

ដោយ​មិន​សម​នឹង​កើត​ឡើង ភាពអវិជ្ជមាន​មិន​គ្រាន់តែ​អាច​បណ្ដាល​ឲ្យ​មាន​សូរ្យគ្រាស​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​របស់​យើង​នោះប៉ុណ្ណោះ​ទេ ។ ជា​ញឹកញាប់ ការខ្នះខ្នែង​ដ៏​គួរ​ឲ្យ​សរសើរ និង​វិជ្ជមាន​ដែល​យើង​បាន​បូជា​ខ្លួន​យើង អាច​ត្រូវបាន​ទាញ​យក​មក​ជិត​ពេក ដែល​វា​អាច​បំផ្លាញ​ដល់​ពន្លឺ​ដំណឹងល្អ និង​នាំមក​នូវ​ភាពងងឹត​វិញ ។ គ្រោះថ្នាក់ ឬ​ការរំខាន​ទាំងនេះ​អាច​រួមមាន​ការអប់រំ និង​ការរីក​ចម្រើន អំណាច និង​ឥទ្ធិពល មហិច្ឆិតា សូម្បី​ជា​ទេពកោសល្យ និង​អំណោយទាន​នានា​ផង ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​បង្រៀន​ថា « គុណធម៌​ណា​ក៏​ដោយ ពេល​ដែល​ធ្វើ​វា​ជ្រុល​ហួសហេតុ​ពេក អាច​ក្លាយ​ជា​សេចក្ដី​អាក្រក់​វិញ ។… ពេល​នោះ ជំហាន​ចាំបាច់​ទាំងឡាយ​អាច​ក្លាយ​ជា​ភារៈកិច្ច​ដែល​រវល់ និង​ក្លាយជា​មហិច្ឆិតា ជា​អ្វី​ដែល​បង្ក​ឲ្យ​លំបាក​នៅ​ពាក់​ជុំវិញ​-ក​យើង​វិញ » ។

ខ្ញុំ​សូម​ចែកចាយ​ឲ្យ​កាន់តែ​ពិស្ដារ​នូវ​គំរូ​ទាំងឡាយ​ដែល​អាច​ក្លាយ​ជា​កាតាលីករ​សម្រាប់​ចៀសវាង​ពី​សូរ្យគ្រាស​ខាង​វិញ្ញាណ​របស់​យើង​ផ្ទាល់ ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

ពីរ​បី​ខែ​កន្លង​ទៅ​នេះ​ខ្ញុំ​បាន​ថ្លែង​នៅ​សន្និសីទ​ស្ត្រី ប៊ីវ៉ាយយូ ។១០ ខ្ញុំ​បាន​ពិពណ៌នា​អំពី​របៀប​ដែល​បច្ចេកវិទ្យា រួមមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សម្រួល​ដល់​ការចែកចាយ « ការ​ចេះ​ដឹង​អំពី​ព្រះ​អង្គ​សង្គ្រោះ​នឹង​បាន​ផ្សាយ​ទូ​ទៅ គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន​ដែ » ។១១ បច្ចេកវិទ្យា​ទាំងនេះ​រួមមាន​គេហទំព័រ​របស់​សាសនាចក្រ​ដូចជា LDS.orgនិង Mormon.orgកម្មវិធី​បញ្ចូល​ក្នុង​ឧបករណ៍​ចល័ត​ដូចជា Gospel Library, Mormon Channel, LDS Tools, និង Family Tree ព្រមទាំង​វេទិកា​សង្គម​រួមមាន Facebook, Instagram, Twitter, និង Pinterest ។ បែបបទ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់រយ​លាន​នាក់​ចូលចិត្ត ចែកចាយ មើល ចែកចាយ​ជា​ថ្មី និង​រក្សា​ទុក ហើយ​ប្រែជា​មាន​ប្រសិទ្ធភាព និង​មាន​សមត្ថភាព​ក្នុង​ការចែកចាយ​ដំណឹងល្អ​ជាមួយ​គ្រួសារ មិត្តភក្តិ និង​មិត្ត​រួមការងារ ។

ថ្វីបើ​បច្ចេកវិទ្យា​ទាំងនេះ​មាន​គ្រប់​អស់​ទាំង​គុណធម៌ និង​ការប្រើប្រាស់​ដ៏​សមរម្យ​ក្ដី ក៏​មាន​នូវ​ហានិភ័យ​ទាក់ទង​នឹង​វា​ផងដែរ ដែល​ពេល​យើង​ទាញ​វា​មក​ជិត​ពេក វា​អាច​ដាក់​យើង​ចូល​ក្នុង​សូរ្យគ្រាស​ខាង​វិញ្ញាណ ​ហើយ​មាន​សក្តានុពល​បាំង​ពន្លឺ និង​ភាពកក់ក្ដៅ​នៃ​ដំណឹងល្អ ។

ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម កម្មវិធី​សម្រាប់​ឧបករណ៍​ចល័ត និង​ល្បែង​នានា អាច​ទាញ​យក​ពេល​វេលា​ច្រើន​ហួសហេតុ ហើយ​អាច​កាត់បន្ថយ​ការប្រាស្រ័យ​ទាក់ទង​ដែល​ជួប​ដោយ​ផ្ទាល់​មុខ ។ ការបាត់បង់​ការសន្ទនា​ដោយ​ផ្ទាល់​នេះ អាច​ប៉ះពាល់​ដល់​អាពាហ៍ពិពាហ៍ កាត់បន្ថយ​ការអនុវត្ត​ខាង​វិញ្ញាណ​ដ៏​មាន​តម្លៃ និង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ជំនាញ​សង្គម ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ ។

ហានិភ័យ​ពីរ​បន្ថែម​ទៀត​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ត្រូវ​បាន​គិត​យ៉ាង​ខ្ពង់ខ្ពស់​ថា ជា​ការពិត​ជាក់ស្ដែង ហើយធ្វើ​ឲ្យ​មាន​ការប្រៀបធៀប​ដែល​ធ្វើ​ឲ្យ​យើង​បាក់​ទឹកចិត្ត ។

រូបភាព​ជាច្រើន ( បើ​មិន​ទាំងអស់ ) នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មាន​ទំនោរ​ទៅរក​ការបង្ហាញអំពី​ជីវិតដែល​ល្អ​បំផុត—ជា​ញឹកញាប់វា​គឺ​រឿង​មិន​ពិត​ប្រាកដ​ទេ ។ យើង​ទាំងអស់​គ្នា​ធ្លាប់បាន​ឃើញ​រូបភាព​ស្អាតៗ​នៃ​ការតុបតែង​ផ្ទះ កន្លែង​ដើរ​កម្សាន្តដ៏​សប្បាយ​រីករាយ រូបភាព​សែលហ្វី ញញឹម​ពព្រាយ ការរៀបចំ​ម្ហូប​យ៉ាង​សម្បើម និង​រូបភាព​នៃ​រូបកាយ​ដែល​ហាក់ដូចជា​មិនគិតគូរ​សោះ ។

ឧទាហរណ៍ នេះ​ជា​រូបភាព​មួយ​ដែល​បងប្អូន​អាច​នឹង​ឃើញ​នៅលើ​គណនី​សង្គម​របស់​នរណា​ម្នាក់ ។ ទោះ​យ៉ាង​ណា វា​មិន​បាន​ផ្ដិត​យក​នូវ​រូបភាព ទាំងស្រុង នូវ​អ្វី​ដែល ​ពិតជា កំពុង​កើតឡើង​នៅក្នុង​ជីវិត​ពិត​នោះ​ទេ ។

រូបភាព
នៅ​ក្រោយ​ឆាក​នៃ​ការធ្វើ​នំបុ័ង​មូលតូចៗ

ការប្រៀបធៀប​រូបភាព​ជីវិត​ដែល​ហាក់ដូច​ជា​ធម្មតាៗ​របស់​យើង​ផ្ទាល់ ទៅនឹង​ជីវិត​របស់​អ្នក​ដទៃ​ទៀត​ដែល​បាន​កែច្នៃ​យ៉ាង​ល្អ នឹង​ឥតខ្ចោះ​ដូច​ដែល​បាន​បង្ហាញ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ច្រណែន និង​បរាជ័យ ។

មនុស្ស​ម្នាក់​ដែល​បាន​ចែកចាយ​ការបង្ហោះ​ជា​ច្រើន​របស់​នាង​ផ្ទាល់​បាន​និយាយ ប្រហែល​គ្រាន់តែ​និយាយ​លេង​ខ្លះ​ថា « ចង់សប្បាយ​ធ្វើ​អ្វី បើ​មិន​ដាក់រូប​លើ​បណ្ដាញ​សង្គមផង​នោះ ? »១២

ដូច​ដែល​ស៊ីស្ទើរ ប៊ូននី អិល អូស្ការសិន បាន​រំឭក​យើង​នៅ​ព្រឹកនេះ​ថា ភាពជោគជ័យ​ក្នុង​ជីវិត​ពុំ​មែន​កំណត់​លើ​ចំនួន Like ដែល​យើង​ទទួលបាន ឬ​ចំនួន​មិត្តភក្ដិ ឬ​អ្នក Follow នៅលើ​បណ្ដាញ​សង្គម​ដែល​យើង​មាន​នោះ​ឡើយ ។ ទោះ​យ៉ាង​ណា វា​ពិត​ជា​មាន​អត្ថន័យ​ក្នុង​ការទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេងទៀត ហើយ​បន្ថែម​ពន្លឺ​ទៅដល់​ជីវិត​ពួកគេ ។

សង្ឃឹម​ថា​យើង​អាច​រៀន​ឲ្យ​កាន់តែ​ពិត កាន់តែសប្បាយ ហើយ​ទទួល​បទពិសោធន៍​នៃ​ការបាក់​ទឹកចិត្ត​កាន់តែ​តិច ពេល​ដែល​ជួប​នឹង​រូបភាព​ដែល​អាច​នឹង​បង្ហាញ​តែ​ពី​ជីវិត​ល្អៗ​ដែល​បាន​កែច្នៃ ហើយ​ដែល​ជាញឹកញាប់​ណាស់​នាំ​ទៅរក​ការប្រៀបធៀប​ដែល​ធ្វើ​ឲ្យ​យើង​ទន់ខ្សោយ​នោះ ។

ការ​ប្រៀបធៀប​នឹង​អាការៈខាង​ក្រៅ ពុំ​គ្រាន់តែ​ជា​ទីសម្គាល់​មួយ​អំពី​ជំនាន់​យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​ជាទីសម្គាល់នៅក្នុង​ជំនាន់​អតីតកាល​ផងដែរ ។ សាវក​ប៉ុល​បាន​ព្រមាន​មនុស្ស​នៅ​ជំនាន់​របស់​លោក​ថា « ពួក​អ្នក​នោះ​ដែល​គេ​វាស់ ហើយ​ផ្ទឹម​ខ្លួន​នឹង​ខ្លួន​គេ នោះ​គ្មាន​ប្រាជ្ញា​ទេ » ។១៣

ដោយ​មាន​ការប្រើប្រាស់​ដ៏​សមរម្យ និង​បំផុស​គំនិត​ជាច្រើន​នៃ​បច្ចេកវិទ្យា នោះ​ចូរ​យើង​ប្រើ​វា​ដើម្បី​បង្រៀន បំផុសគំនិត និង​លើក​ស្ទួយ​ខ្លួន​យើង ហើយ​លើក​ទឹកចិត្ត​​អ្នកដទៃ ឲ្យ​​ក្លាយ​ជា​មនុស្ស​ដែល​ល្អ​បំផុត—ជាជាង​បង្ហាញ​ពី​រូបភាព​ខ្លួនឯង​ដែល​ល្អ​តែ​មើល​នោះ ។ ចូរ​យើង​បង្រៀន និង​បង្ហាញ​ផងដែរ​នូវ​ការប្រើប្រាស់​សុចរិត​នៃ​បច្ចេកវិទ្យា​ទៅ​ដល់​ជំនាន់​ដែល​កំពុង​ធំ​ឡើង ហើយ​ព្រមាន​ទាស់​នឹង​មហន្តរាយ​ដែល​ទាក់ទង​ ព្រមទាំង​ការប្រើប្រាស់​ដ៏​បង្ហិន​បង្ហោចនៃ​បច្ចេកវិទ្យា​ផងដែរ ។ ការបើក​មើល​បណ្ដាញ​សង្គម​តាម​រយៈ​កញ្ចក់​ដំណឹងល្អ អាច​ការពារ​វា​កុំ​ឲ្យ​ក្លាយ​ជា​​សូរ្យគ្រាស​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​យើង ។

ការឆ្មើងឆ្មៃ

ឥឡូវ​នេះ យើង​នឹង​និយាយ​ពី​ថ្ម​ជំពប់​​នៃ​ការឆ្មើងឆ្មៃ​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ ។ ការឆ្មើងឆ្មៃ​គឺជា​ការផ្ទុយ​ពី​ភាព​រាបសា ដែល « ជា​ការសុខចិត្ត​ចុះចូល​នឹង​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់ » ។១៤ ពេល​មាន​ការឆ្មើងឆ្មៃ យើង​មាន​ទំនោរ​ចង់​បាន​កិត្តិយស​សម្រាប់​ខ្លួនឯង​ ជាជាង​ផ្ដល់​ដល់​អ្នក​ដទៃ រួម​ទាំង​ព្រះអម្ចាស់​ដែរ ។ ជាញឹកញាប់ ការឆ្មើងឆ្មៃ​គឺ​មាន​ការប្រកួត​ប្រជែង វា​គឺជា​ទំនោរ​មួយ​ក្នុង​ការព្យាយាម​ទទួល​ឲ្យ​បាន​កាន់តែ​ច្រើន ហើយ​សន្មត​ថា​ខ្លួន​យើង​ល្អ​ជា​ង​អ្នក​ដទៃ ។ ជាញឹកញាប់ ការឆ្មើងឆ្មៃ​នាំឲ្យ​មាន​កំហឹង និងការ​ស្អប់ វា​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ប្រកាន់ចិត្តគុំគួន ឬ​មិន​ចង់អត់ទោស ។ ទោះជា​យ៉ាង​ណា​ក្តី ការឆ្មើងឆ្មៃ​អាច​ត្រូវបានលុប​បំបាត់​នៅ​ក្នុង​ភាព​រាបសា​ដែល​ជា​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ។

ទំនាក់ទំនងនានា ទោះ​ជាមួយ​គ្រួសារ និង​មនុស្ស​ជា​ទីស្រឡាញ់​ដ៏​ជិតដិតក្ដី ជាពិសេស ជាមួយ​នឹង​គ្រួសារ និង​មនុស្ស​ជា​ទីស្រឡាញ់​ដ៏​ជិតដិត—សូម្បីតែ​រវាង​ស្វាមី និង​ភរិយា—គឺ​ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅក្នុង​ភាព​រាបសា និង​ត្រូវ​រាំងស្ទះ​ដោយ​ការឆ្មើងឆ្មៃ ។

​ច្រើន​ឆ្នាំ​មក​ហើយ មាននាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​លក់រាយដ៏​ធំ​មួយ បាន​ទូរសព្ទ​មក​ពិភាក្សា​នឹង​ខ្ញុំ​អំពី​ក្រុមហ៊ុន​គាត់ ដែល​ត្រូវបាន​ទិញយក​ដោយ​ក្រុមហ៊ុន​ប្រកួត​ប្រជែង​មួយ​របស់​គាត់ ។ គាត់​រួម​នឹង​បុគ្គលិកជាច្រើន​នាក់​ផ្សេង​ទៀត​នៅ​ការិយាល័យ​កណ្ដាល មាន​ការ​ភិត​ភ័យ​ជា​ខ្លាំង​ក្រៃលែង​ថា​ពួកគេ​អាច​នឹង​បាត់បង់​ការងារ ។ ដោយ​ដឹង​ថា ខ្ញុំ​ជិតស្និទ្ធ​នឹង​អ្នកគ្រប់គ្រង​ធំ​នៃ​ក្រុមហ៊ុន​នោះ គាត់​បាន​សូម​ខ្ញុំ បើ​ខ្ញុំ​សុខចិត្ត​ណែនាំ​គាត់ និង​ផ្ដល់​យោបល់បញ្ជាក់​យ៉ាង​ខ្លាំង​អំពី​សមត្ថភាព​គាត់​ជំនួស​រូបគាត់ គឺ​សូម្បី​តែ​រៀបចំ​ឲ្យ​មាន​ការជួបគ្នា​មួយ​សម្រាប់​គាត់ទៀត​ផង​ ។ ក្រោយ​​មក​គាត់​បាន​បញ្ចប់​ជាមួយ​នឹង​ការថ្លែង​ដូច​នេះ​ថា « លោក​ដឹង​ថា​គេ​និយាយ​ថា​ម៉េច​ទេ ? ‹​ ជន​ស្លូតបូត​នឹង​ត្រូវ​វិនាស ! › »

ខ្ញុំ​បាន​យល់​ថា ពាក្យ​សម្ដី​របស់​គាត់​គឺ​ទំនង​ជា​មាន​បំណង​ចង់និយាយ​លេង​ប៉ុណ្ណោះ ។ ខ្ញុំ​យល់​ពី​រឿង​កំប្លែង​ហ្នឹង ។ ប៉ុន្តែ​មាន​គោលការណ៍​សំខាន់​មួយ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​អាច​ប្រើប្រាស់​វា​បាន ។ ខ្ញុំ​បាន​ឆ្លើយ​តប​ថា « តាម​ពិត​ទៅ គេ​មិន​មែន​និយាយ​អញ្ចឹង​ទេ ។ តាម​ពិត វា​ផ្ទុយ​ពី​នោះ​ទៅ​វិញ​ទេ ។ គេ​និយាយ​ថា ‹ ជន​ស្លូតបូត​នឹង​ទទួល​គ្រង​ផែនដី… › ។១៥

តាម​បទពិសោធន៍​របស់​ខ្ញុំ​ក្នុង​សាសនាចក្រ ក៏​ដូច​ជា​ក្នុង​អាជីព​ការងារ​របស់​ខ្ញុំ​ដែរ មនុស្សមួយ​ចំនួន​ដែល​អស្ចារ្យ​បំផុត មាន​ប្រសិទ្ធិភាព​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បាន​ស្គាល់​ គឺ​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លូតបូត និង​រាបសានោះ​ឯង ។

ភាពរាបសា និង​ស្លូតបូត​គឺ​ត្រូវគ្នា​ដូច​ដៃ​នៅក្នុង​ស្រោមដៃ​អញ្ចឹង ។ ចូរ​យើង​ចាំ​ថា « គ្មាន​អ្នក​ណា​អាច​បាន​ទៅ​ជា​ទី​គាប់​ចំពោះ​ព្រះ​ឡើយ លើក​លែងតែ​មនុស្ស​ស្លូតបូត ហើយ​សុ​ភាព​រាបសា​ប៉ុណ្ណោះ » ។១៦

ខ្ញុំ​អធិស្ឋាន​ថា យើង​នឹង​ពុះពារ​ចៀសវាង​ពី​សូរ្យគ្រាស​ខាង​វិញ្ញាណ​នៃ​ការឆ្មើងឆ្មៃ ដោយ​ការឱបក្រសោប​គុណធម៌​នៃ​ភាពរាបសា ។

សេចក្ដី​បញ្ចប់

ជា​សង្ខេប សូរ្យគ្រាស​គឺ​ពិតជា​បាតុភូត​ធម្មជាតិ​ដ៏​អស្ចារ្យ ខណៈ​ដែល​ភាពស្រស់ស្អាត ភាពកក់ក្ដៅ និង​ពន្លឺ​នៃ​ព្រះអាទិត្យ​អាច​ត្រូវបាន​បាំង​ទាំងស្រុង​ដោយ​វត្ថុ​ដ៏​តូច​បើ​ធៀប​នឹង​ខ្លួន​វា បណ្ដាល​ឲ្យ​មាន​ភាពងងឹត និង​អាកាសធាតុ​ត្រជាក់ ។

បាតុភូត​ស្រដៀង​គ្នា​មួយ​អាច​កើតឡើង​ដូច​គ្នា​នៅ​ខាង​វិញ្ញាណដែរ ពេលបញ្ហា​តូចតាច និង​មិន​សំខាន់​នានា​ត្រូវបាន​ផ្ដោត​ខ្លាំង​ពេក ហើយ​បាំង​នូវ​ភាពស្រស់ស្អាត ភាពកក់ក្ដៅ និង​ពន្លឺសួគ៌ា​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជំនួស​មក​វិញ​នូវភាពងងឹង​ដ៏​ត្រជាក់​វិញ ។

វ៉ែនតា​ត្រូវបានរចនា​ឡើង​ដើម្បី​ការពារ​ភ្នែក​របស់​អ្នក​ដែល​នៅ​ក្នុង​តំបន់​សូរ្យគ្រាស ដែល​អាច​ការពារ​កុំ​ឲ្យ​មាន​ការខូច​ភ្នែក​ជា​អចិន្ត្រៃយ៍ និង​ធ្វើ​ឲ្យ​ខ្វាក់​ភ្នែក ។១៧ វ៉ែនតា​ដំណឹងល្អ​រួមមាន​ទាំង​ការចេះដឹង និង​ទីបន្ទាល់​អំពី​គោលការណ៍ និង​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ ផ្តល់​ទស្សនវិស័យ​នៃ​ដំណឹង​ល្អ ដែល​អាច​ស្រដៀង​ទៅនឹង​ការ​ផ្ដល់​នូវ​ការការពារ និង​ភាពច្បាស់​ខាង​វិញ្ញាណដ៏អស្ចារ្យ ដល់​មនុស្ស​ម្នាក់​ដែល​ជួប​នឹង​មហន្តរាយ​នៃ​សូរ្យគ្រាស​ខាង​វិញ្ញាណ ។

បើ​អ្នក​រក​ឃើញ​ថា​មាន​អ្វីមួយ​ហាក់ដូចជា​បាំង​ក្ដីអំណរ និង​ពន្លឺ​នៃ​ដំណឹងល្អ​ក្នុង​ជីវិត​ របស់​អ្នក ខ្ញុំសូម​អញ្ជើញអ្នក​ឲ្យ​ដាក់​វា​នៅក្នុង​ទស្សនវិស័យ​នៃ​ដំណឹង​ល្អ ។ សូម​​មើល​តាម​កញ្ចក់​ពង្រីក​នៃ​ដំណឹង​ល្អ ហើយ​មាន​ការប្រុងប្រយ័ត្ន​កុំ​បណ្តោយ​ឲ្យ​រឿង​មិន​សំខាន់ និងគ្មាន​ប្រយោជន៍​មក​ក្នុង​ជីវិត​អ្នក ដើម្បី​​បិទបាំង​ទស្សនអស់កល្ប​ជានិច្ច​របស់​អ្នក​អំពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​ឡើយ ។ សរុប​សេចក្ដីមក​ចូរ​កុំ​ឲ្យ​ការ​រំខាន​ក្នុង​ជីវិត​ជា​សូរ្យគ្រាស​បាំង​ពន្លឺ​របស់​ស្ថានសួគ៌​ឡើយ ។

ទីបន្ទាល់

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា មិន​ថា​មាន​ឧបសគ្គ​ណា​មួយ​ដែល​មក​បាំង​ចក្ខុវិស័យ​របស់យើង​អំពី​ពន្លឺ​ដំណឹងល្អ​នោះ​ទេ ​ពន្លឺ​នៅ​តែ​នៅ​ទីនោះ ។​ ប្រភព​នៃ​ភាពកក់ក្ដៅ សេចក្ដីពិត និង​ភាពភ្លឺ​ចែងចាំង​នោះ​គឺជា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌ ព្រះរាជបុត្រា​ទ្រង់គឺ​ព្រះយេស៊ូវគ្រីស្ទ និង​តួនាទី​របស់​ព្រះរាជបុត្រា​ថា ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ថូម៉ាស អេស ម៉នសុន នៅក្នុង Sarah Jane Weaver, « What Gift Does President Monson Want for His 90th Birthday? » Deseret News ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៧ គេហទំព័រ deseretnews.com ។

  2. សូមមើល Christina Zdanowicz and Judson JonesAn Eclipse Will Cross the US for the First Time in 99 Yearsថ្ងៃទី ២៤ ខែ កក្កដា, cnn.com ។

  3. សូម​មើល « Eclipse: Who? What? Where? When? and How? » eclipse2017.nasa.gov ។

  4. សូមមើល EarthSky in Space « Coincidence That Sun and Moon Seem the Same Size? » earthsky.org ។

  5. សូមមើល Brian Lada « 5 Surprising Effects the Total Solar Eclipse Will Have besides Darkness » accuweather.com ។

  6. នែល អេ ម៉ាក់ស្វែល Of One Heart: The Glory of the City of Enoch ( ឆ្នាំ ១៩៧៥ ) ទំព័រ ១៩ ។

  7. យ៉ូប ៥:១៤ ។

  8. ដាល្លិន អេក អូក សន្ទុរកថា​នៅ​ការប្រជុំ​នៅ​ស្ដេក​យុវមជ្ឈិមវ័យ បោននីវីល សលត៍ លេក ទីក្រុង សលត៍ លេក ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៥ ។

  9. ឌៀថើរ អេស្វ អុជដូហ្វ «Of Things That Matter Most»Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២០ ។

  10. សូមមើល ហ្គែរី អ៊ី ស្ទីវ៉ែនសុន « The Knowledge of a Savior » ( សន្និសីទ​ស្ត្រី​នៅ​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៧ ) ។

  11. ម៉ូសាយ ៣:២០ ។

  12. Jade « The Obsession of Creating a Picture-Perfect Life on Social Media » ។

  13. កូរិនថូសទី២ ១០:១២ ។

  14. សូមមើល ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ ២០០៤ ) ទំព័រ ១២០–២១ ។

  15. ម៉ាថាយ ៥:៥; នីហ្វៃទី៣ ១២:៥

  16. មរ៉ូណៃ ៧:៤៤ ។

  17. សូមមើល « Solar Eclipse and Your Eyes » preventblindness.org ។