ឆ្នាំ ២០១០-២០១៩
ដើម្បី​ឲ្យ​អំណរ​បងប្អូន​បាន​ពេញ​លេញ
ខែ តុលា ២០១៧


ដើម្បី​ឲ្យ​អំណរ​បងប្អូន​បាន​ពេញ​លេញ

ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជាប្រភព​នៃ​រាល់ការព្យាបាល ភាពសុខសាន្ត និង​ការរីកចម្រើន​អស់កល្ប​ជានិច្ច ។

បងប្អូន​ប្រុសស្រី នេះ​ជា​អំណរ​មួយ​ដែល​ខ្ញុំ​មាន​វត្តមាន​ជាមួយ​បងប្អូន ។ ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​បងប្អូន​នា​ព្រឹក​នេះ—គឺ​ការមាន​អំណរ​ដ៏ពោរពេញ ។

ចំណង​ជើង​ព័ត៌មាន​ថ្មី​មួយ​សរសេរ​ថា « គ្រោះ​មហន្តរាយ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ [ និង ] ពិភពលោក​រង្គោះ​រង្គើ » ។ ផុត​ពី​ព្យុះសង្ឃរា និង​ទឹក​ជំនន់ កើត​មាន​រលក​កម្ដៅ និង​ភាព​រាំង​ស្ងួត ពី​ភ្លើង​ឆេះ​ព្រៃ និង​ការ​រញ្ជួយ​ដី កើត​មាន​សង្គ្រាម និង​ជំងឺ​ដ៏​គ្រោះ​ថ្នាក់ វា​ហាក់​ដូចជា « ផែនដី​ទាំង​មូល [ ស្ថិត ] ក្នុង​ភាព​វឹក​វរ​ខ្លាំង » ។

មាន​មនុស្ស​រាប់​លាន​នាក់​បាន​ផ្លាស់​ទី​លំនៅ ហើយ​មាន​មនុស្ស​រាប់​មិន​អស់​បាន​រង​ការ​រំខាន់​ដោយ​សារ​បញ្ហា​ទាំងនេះ ។ ជម្លោះ​ក្នុង​ក្រុម​គ្រួសារ និង​សហគមន៍ ក៏​ដូចជា​ការ​ភ័យ​ខ្លាច ការ​សង្ស័យ​ក្នុង​ចិត្ត និង​ការ​បាត់​បង់​ការ​រំពឹង​ទុក​ក៏​ធ្វើ​ឲ្យ​យើង​ចលាចល​ផង​ដែរ ។ ខ្ញុំ​អាច​ពិបាក​នឹង​មាន​អំណរ​ដែល​លីហៃ​បាន​បង្រៀន​ថា​គឺជា​គោលបំណង​នៃ​ជីវិត ។ ពេល​ខ្លះ​យើង​គ្រប់​គ្នា​ធ្លាប់​សួរ​ថា « តើ​ខ្ញុំ​រក​ក្ដី​សុខ​ឯណា ? ឯ​ណា​ក្តី​រីករាយ​… ? » យើង​​ឆ្ងល់​ថា « តើ​ខ្ញុំ​រក​ឃើញ​អំណរ​តាម​របៀប​ណា ទោះ​មាន​ការ​លំបាក​ក្នុង​ជីវិត​នេះ​ក៏ដោយ ? »

ចម្លើយ​ប្រហែល​ទំនង​ជា​សាមញ្ញ​ពេក ប៉ុន្តែ​វា​បាន​បង្ហាញ​ថា​ពិត​តាំង​ពី​ជំនាន់​អ័ដាម​មក​ម៉្លេះ ។ អំណរ​ជា​និរន្តរ​អាច​រក​ឃើញ​ដោយ​ផ្ដោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រស់​នៅ​តាម​ដំណឹងល្អ​ដូច​ទ្រង់​បាន​បង្ហាញ​ហើយ​បង្រៀន ។ កាល​ណា​យើង ​រៀន មាន​ជំនឿ ហើយ​ធ្វើ​តាម ព្រះយេស៊ូវ​គ្រីស្ទ​កាន់​តែច្រើន នោះ​យើង​បាន​យល់​ដឹង​ថា ទ្រង់​គឺជា​ប្រភព​នៃ​រាល់​ការ​ព្យាបាល ក្ដី​សុខ និង​ដំណើរ​ការ​ដ៏​អស់​កល្ប ។ ទ្រង់​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​មក​រក​ទ្រង់ ជា​ការ​អញ្ជើញ​មួយ​ដែល​ប្រធាន ហិនរី ប៊ី អាវរិង បាន​កំណត់​ថា​ជា​​ « ការ​អញ្ជើញ​ដ៏​សំខាន់​បំផុត​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ទទួល​យក » ។

រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

តើ​យើង​មក​រក​ទ្រង់​តាម​របៀបណា ? កាល​ពី​ខែ​មេសា ប្រធាន រ័សុល អិម ណិលសុន និង​អែលឌើរ អិម រ័សុល បាឡឺដ បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​សិក្សា​ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ​ ជា​ផ្នែក​មួយ​នៃ​ការ​រៀន​សូត្រ​អំពី​ព្រះអង្គ​សង្គ្រោះ ។ មាន​មនុស្ស​ជាច្រើន​បាន​ទទួល​យក​សំណូម​ពរ​នេះ ហើយ​បាន​ពរ ។ ថ្មីៗ​នេះ មាន​មិត្ត​ខ្ញុំ​ម្នាក់​បាន​ឲ្យ​សំណៅ​ឯកសារ​រួម​នឹង​រូបភាព​ដំណឹងល្អ​ដែល​បង្ហាញ​ពី​វគ្គ​នីមួយៗ​ដល់​កូន​ធំៗ​នាង ។ នាង​បាន​លើក​ទឹក​ចិត្ត​កូនៗ​នាង​ជួយ​ចៅៗ​នាង​ឲ្យ​យល់ ហើយ​ទន្ទេញ​ចាំ​វា ។ មួយ​រយៈ​ក្រោយ​មក មិត្ត​ខ្ញុំ​បាន​ចែក​ចាយ​វីដេអូ​មួយ​អំពី​ចៅ​ស្រី​នាង​អាយុ​ប្រាំ​មួយ​ឆ្នាំ​បាន​សូត្រ​ការ​ទន្ទេញ​ចាំ​របស់​ខ្លួន​ដោយ​ភាព​រីករាយ និង​ត្រៀម​ខ្លួន ។ ខ្ញុំ​បាន​នឹក​ឃើញ​ថា បើ​ក្មេង​អាយុ​ប្រាំ​មួយ​ឆ្នាំ​អាច​ធ្វើ​បាន ខ្ញុំ​ក៏​អាច​ធ្វើ​បា​នដែរ !

រូបភាព
ឡេនី សូត្រ «ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់»

ពេល​ខ្ញុំ​បាន​សិក្សា​អំពី​ជីវប្រវត្តិ និង​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​តាំង​ចិត្ត​ទន្ទេញ​ឲ្យ​ចាំ​នូវ​ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » នោះ​ការ​ដឹងគុណ និង​ក្ដីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ទ្រង់​បាន​កើន​ឡើង ។ ប្រយោគ​នីមួយៗ​ក្នុង​ឯកសារ​ដ៏​បំផុស​គំនិត​នោះ​មាន​នូវ​ការ​បង្រៀន​មួយ ហើយ​បាន​បង្កើន​ការ​យល់​ដឹង​របស់​ខ្ញុំ​អំពី​តួនាទី​ជា​ព្រះ និង​បេសកកម្ម​លើ​ផែនដី​របស់​ទ្រង់ ។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​សូត្រ ហើយ​មាន​អារម្មណ៍​នៅ​គ្រា​នៃ​ការ​សិក្សា និង​ការ​សញ្ជឹង​គិត​នេះ​បញ្ជាក់​ថា ព្រះយេស៊ូវ​ពិត​ជា​ « ជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក » ។ បទគម្ពីរ​បុរាណ និង​ប្រសាសន៍​របស់​ពួក​ព្យាការី​នៅ​ថ្ងៃ​ចុង​ក្រោយ​ដែល​សរសេរ ឬ​​សរសើរតម្កើង​ទ្រង់ ថ្លែង​ជា​សាក្សី​ថា « មាគ៌ា​របស់​ទ្រង់​គឺជា​ផ្លូវ​ដែល​នាំ​ទៅ​រក​សុភមង្គល​នៅ​ក្នុង​ជីវិត​នេះ និង​នៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​លោក​ដែល​មក​ដល់ » ។

មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

ពេល​បងប្អូន​សិក្សា​អំពី​ជីវប្រវត្តិ និង​ការ​បង្រៀន​របស់​ព្រះគ្រីស្ទ​តាម​របៀប​ជា​ច្រើន ជំនឿ​របស់​អ្នក​លើ​ទ្រង់​នឹង​កើន​ឡើង ។ បងប្អូន​នឹង​ដឹង​ថា ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​យល់​ចិត្ត​បងប្អូន​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ ក្នុង​រយៈ​ពេល​ ៣៣​ ឆ្នាំ​របស់​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ ទ្រង់​បាន​រង​ការ​បដិសេធ ការ​បៀត​បៀន ការ​ស្រេក​ឃ្លាន និង​ការ​នឿយ​ហត់​១០ ភាព​ឯកោ ការ​រំលោភ​បំពាន​ខាង​ពាក្យ​សម្ដី និង​ខាង​រូបកាយ ហើយ​ទីបំផុត​បាន​សុគត​ក្រោម​ដៃ​មនុស្ស​មាន​បាប ។១១ ក្នុង​សួនច្បារ​គែតសេម៉ានី និង​លើ​ឈើ​ឆ្កាង​ត្រង់​កាលវ៉ារី ទ្រង់​ជ្រាប​នូវ​រាល់​ការ​ឈឺចាប់ ការ​រងទុក្ខ ការ​ល្បួង ការឈឺ និង​ជំងឺ​របស់​យើង ។១២

មិន​ថា​យើង​បាន​រងទុក្ខ​អ្វី​នោះ​ទេ ទ្រង់​គឺជា​ប្រភព​នៃ ​ការ​ព្យាបាល ។ អស់​អ្នក​ដែល​ធ្លាប់​ជួប​ការ​ការ​រំលោភ​បំពាន ការ​បាត់​បង់ដ៏​ធំ ជំងឺ​រ៉ាំរៃ ឬ​ពិការភាព ការ​ចោទ​ប្រកាន់​មិន​ពិត ការ​បៀតបៀន​ដ៏​សាហាវ ឬ​ការ​បំផ្លិច​បំផ្លាញ​ខាង​វិញ្ញាណ​ដោយសារ​អំពើ​បាប ឬ​ការ​យល់​ខុស​អាច​បាន​ជា​សះ​ស្បើយ​​ដោយ​សារ​ព្រះដ៏​ប្រោសលោះ​នៃ​ពិភពលោក ។ ប៉ុន្តែ ទ្រង់​នឹង​ពុំ​យាង​ចូល​ដោយ​គ្មាន​ការ​អញ្ជើញ​ឡើយ ។ យើង​ត្រូវ​មក​រក​ទ្រង់ ហើយ​ឲ្យ​ទ្រង់​ធ្វើ​នូវ​អព្ភូតហេតុ​របស់​ទ្រង់ ។

នៅ​ថ្ងៃ​និទាឃ​រដូវ​មួយ​ដ៏​ស្រស់​ស្អាត ខ្ញុំ​បាន​បើក​ចំហរ​ទ្វារ​ឲ្យ​ខ្យល់​អាកាស​ល្អចូល​មក ។ មាន​បក្សី​តូច​មួយ​បាន​ហើរ​ចូល​តាម​ទ្វារ​នោះ ហើយ​វា​បាន​ដឹង​ថា​នេះ ពុំ​មែន​ជា​ទី​កន្លែងដែល​វា​ចង់​មក​ទេ ។ វា​បាន​ហើរ​ពេញ​បន្ទប់​ទៅ​វិញ​ទៅ​មក​​បុក​នឹង​បង្អួច​កញ្ចក់​ក្នុង​គោល​បំណង​ចង់​ចេញ​ទៅ​ក្រៅ ។ ខ្ញុំ​បាន​ព្យាយាម​នាំ​វា​ចេញ​ទៅ​តាម​ទ្វារ ប៉ុន្តែ​វា​ភ័យ​ខ្លាច ហើយ​បាន​គេច​ចេញ​ជានិច្ច ។ ទីបំផុត វា​បាន​ទៅ​ទំ​នៅ​លើ​ដង​រនាំង​បង្អួច​ដោយ​វង្វេងវង្វាន់យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​យក​អំបោស​មួយ​មក ហើយ​លូក​តិចៗ​ទៅ​កន្លែង​ដែល​បក្សី​នោះ​កំពុង​ទំ ។ ពេល​ខ្ញុំ​ដាក់​ចុង​អំបោស​នៅ​ក្បែរ​ជើង​វា បក្សី​នោះ​បាន​ដើរ​សាក​មើល​លើ​ចុង​អំបោស​នោះ ។ បន្តិច​ម្ដងៗ ខ្ញុំ​បាន​ដើរ​ទៅ​ទ្វារ​ចំហ​នោះ ដោយ​ខំ​កាន់​អំបោស​ឲ្យ​នឹង​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ។ ពេល​ខ្ញុំ​ទៅ​ដល់​ទ្វារ​ភ្លាម បក្សី​នោះ​ក៏​ហើរ​ទៅ​បាត់​ទៅ ។

ដូចជា​បក្សី​នោះ​ដែរ ពេល​ខ្លះ​យើង​ខ្វះ​ការ​ទុក​ចិត្ត ដោយសារ​យើង​ពុំ​យល់​អំពី​ក្ដីស្រឡាញ់​ដ៏​ពិត​របស់​ព្រះ និង​ព្រះទ័យ​ទ្រង់​ចង់​ជួយ​យើង ។ ប៉ុន្តែ​ពេល​យើង​សិក្សា​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌ និង​បេសកកម្ម​របស់​ព្រះយេស៊ូ​គ្រីស្ទ យើង​យល់​ថា គោលបំណង​រួម​របស់​ទ្រង់​គឺ​ជា​សុភមង្គល និង​ការ​រីកចម្រើន​អស់​កល្ប​របស់​យើង ។១៣ ពួក​ទ្រង់​រីករាយ​ជួយ​យើង ពេល​យើង​ទូល​សូម ស្វែងរក ហើយ​គោះ ។​១៤ ពេល​យើង​អនុវត្ត​ជំនឿ ហើយ​បើក​ចិត្ត​យើង​ដោយ​រាបសា​ទៅ​រក​ចម្លើយ​របស់​ពួក​ទ្រង់ យើង​នឹង​រួច​ផុត​ពី​ឧបសគ្គ​នៃ​ការ​យល់​ខុស និង​ការ​សន្មត​របស់​យើង ហើយ​យើង​អាច​នឹង​បង្ហាញ​ឲ្យ​ឃើញ​ផ្លូវ​ទៅ​មុខ ។

ព្រះយេស៊ូវ​គ្រីស្ទ​ក៏​ជា​ប្រភព​នៃ ក្ដី​សុខ​សាន្ត ផង​ដែរ ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ « ពឹង​ផ្អែក​លើ​ព្រះហស្ដ​[ ទ្រង់ ] »១៥ ហើយ​សន្យា​នូវ « សេចក្ដីសុខសាន្ត … ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត »​១៦ ជា​អារម្មណ៍​មួយ​ដែល​កើត​មាន​ពេល​ព្រះវិញ្ញាណ​ទ្រង់​ « មាន​ព្រះ​បន្ទូល​នូវ​សេចក្ដី​សុខ​សាន្ត​ដល់​ព្រលឹង​របស់​យើង »​១៧ មិន​ថា​បញ្ហា​ជុំ​វិញ​ខ្លួន​យើង​ជា​អ្វី​ឡើយ ។ មិន​ថា​វា​ជា​បញ្ហា​ផ្ទាល់​ខ្លួន ឧបសគ្គ​ក្នុង​គ្រួសារ ឬ​វិបត្តិ​ក្នុង​សហគមន៍​នោះ​ទេ សេចក្ដី​សុខសាន្ត​នឹង​កើត​មាន ពេល​យើង​ទុក​ចិត្ត​ថា ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​របស់​ព្រះ​មាន​ព្រះចេស្ដា​ដើម្បី​រម្ងាប់​ព្រលឹង​ឈឺចាប់​របស់​យើង​បាន ។

រូបភាព
ស្នេហ្សេណា ផាដវិនស្គី សមាជិក​ម្នាក់​នៅ​ប្រទេស​ក្រូអាត

ស្នេហ្សេណា ផាដវិនស្គី ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​មួយ​ក្រុម​តូច​នៅ​កាល់ឡូវ៉ាក ប្រទេស​ក្រូអាត បាន​ពឹង​ផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ​ពេល​ស្វាមី​នាង និង​ឪពុក​ម្ដាយ​នាង​បាន​ចែក​ឋាន​ក្នុង​រយៈ​ពេល​តែ​ប្រាំ​មួយ​ខែ​កាល​ពី​ឆ្នាំ​មុន ។ នាង​មាន​ការ​ឈឺចាប់​ខ្លាំង ប៉ុន្តែ​ដោយ​មាន​ទីបន្ទាល់​មួយ​ថា ក្រុម​គ្រួសារ​មាន​ជា​និរន្តរ នាង​បាន​ប្រើ​ប្រាក់​សន្សំ​ទាំងអស់​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ផ្សារ​ភ្ជាប់​នឹង​ស្វាមី ហើយ​និង​ឪពុក​ម្ដាយ​នាង ។ នាង​បាន​ចែកចាយ​ថា រយៈពេល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ​គឺជា​គ្រា​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​នាង ។ ដោយ​សារ​ទីបន្ទាល់​រឹង​មាំ​របស់​នាង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​ទ្រង់ នាង​មាន​ក្ដី​សុខ​សាន្ត ហើយ​ដក​ពិសោធន៍​នូវ​ការ​ព្យាបាល​ដែល​បាន​ក្លាយ​ជា​កម្លាំង​ដល់​មនុស្ស​ជុំ​វិញ​ខ្លួន​នាង​ផង​ដែរ ។

ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​មក​នូវ​អំណោយ​ទាន​លើស​ពី​ការ​ព្យាបាល និង​ក្ដីសុខសាន្ត​ទៅ​ទៀត ។ ដូច​ជា​ប្រធាន ហិនរី ប៊ី អាវរិង បាន​ចែក​ចាយ​ថា « ខ្ញុំ​អរគុណ​ចំពោះ​ព្រះអម្ចាស់​ដែល​បាន​យាង​មក​រក​ខ្ញុំ​តាម​វិធី​ជាច្រើន​ជាមួយ​ព្រះ​ដ៏​ជា​ជំនួយ ពេល​ខ្ញុំ​ត្រូវ​ការ​ភាព​សុខ​សាន្ដ ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​យើង​ពុំ​ខ្វល់​ព្រះទ័យ​តែ​អំពី​ការ​ក្សាន្ដ​ចិត្ត​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្វល់​ព្រះទ័យ​កាន់​តែ​ខ្លាំង​អំ​ពី​ការ​រីកចម្រើន​របស់​យើង » ។​១៨

ដោយ​សារ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​រួម​បញ្ចូល​នូវ​អំណោយ​ទាន​នៃ ការ​ប្រោស​លោះ និង​ការ​រស់​ឡើង​វិញ​ផង យើង​អាច​ប្រែ​ចិត្ត ផ្លាស់​ប្ដូរ ហើយ​រីកចម្រើន​ដ៏​អស់​កល្ប ។ ដោយ​សារ​តែ​អំណាច​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ពេល​យើង​គោរព​តាម នោះ​យើង​អាច​រីកចម្រើន​លើស​ពី​សមត្ថភាព​របស់​យើង ។ យើង​ប្រហែល​ជា​មិន​យល់​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​យើង​ម្នាក់​ៗ​ដែល​មាន​អារម្មណ៍​ថា ជំនឿ​លើ​ព្រះគ្រីស្ទ​កើន​ឡើង​ក៏​បាន​ទទួល​ការ​យល់​ដឹង​ដ៏​ច្រើន​មួយ​អំពី​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​យើង​ដែរ ដោយ​ដឹកនាំ​យើង​ឲ្យ​ធ្វើ​ការ​ជ្រើស​រើស​ខ្ជាប់ខ្ជួននឹង​ចំណេះដឹង​នោះ ។

ទោះ​ជា​លោកិយ​ព្យាយាម​វាយ​ពន្លិច​យើង​ដូច​ជា​« សត្វ​ពាហនៈ » ក្ដី ១៩ ការ​ដឹង​ថា ព្រះ​គឺជា​ព្រះវរបិតា​យើង​ធានា​ចំពោះ​យើង​ថា យើង​មាន​សក្ដានុពល​ដ៏​ទេវភាព និង​ការ​សន្យា​ជា​ហ្លួង ។ ទោះ​ជា​លោកិយ​ប្រាប់​យើង​ថា ជីវិត​នេះ​គឺជា​ផ្លូវ​ទាល់មួយ​ក្ដី ការ​ដឹង​ថា ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​របស់​ព្រះ​បាន​ធ្វើ​ឲ្យ​យើង​អាច​បាន​ការ​ប្រោសលោះ និង​ការ​រស់​ឡើង​វិញ វា​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​យើង​សម្រាប់​ការ​រីកចម្រើ​អស់​កល្ប ។

ខិតខំ​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ

ពេល​យើង​រៀន​ច្រើន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ យើង​អភិវឌ្ឍ​ជំនឿ​លើ​ទ្រង់​ច្រើន​ជាង​មុន ហើយ​ចង់​ធ្វើ​តាម​គំរូ​ទ្រង់​ដោយ​ឯក​ឯង ។ ការ​គោរព​បទបញ្ញត្តិ​ទ្រង់​ក្លាយ​ជា​បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​យើង ។ ដួង​ចិត្ត​យើង​ចង់​សម្រាល​ការ​រងទុក្ខ​របស់​មនុស្ស​ដទៃ​ដូច​ទ្រង់​បាន​ធ្វើ ហើយ​យើង​ចង់​ឲ្យ​ពួកគេ​ជួប​ក្ដី​សុខ​សាន្ត និង​សុភមង្គល​ដែល​យើង​មាន ។

ហេតុអ្វី​ការ​ព្យាយាម​ធ្វើ​ដូចជា​ទ្រង់​បាន​ធ្វើ​មាន​អនុភាព​ខ្លាំង​ម្ល៉េះ ? ដោយ​សារ​ពេល​យើង​ដាក់​ជំនឿ​យើង​ឲ្យ​ទៅ​ជា​សកម្មភាព នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​សាក្សី​អំពី​សេចក្ដី​ពិត​អស់​កល្ប ។២០ ព្រះយេស៊ូវ​បង្គាប់​ពួក​សិស្ស​ទ្រង់​ឲ្យ​គោរព​បទបញ្ញត្តិ​ទ្រង់ ដោយសារ​ទ្រង់​ជ្រាប​ថា ពេល​យើង​ធ្វើ​តាម​គំរូ​ទ្រង់ នោះ​យើង​នឹង​ចាប់ផ្ដើម​មាន​អំណរ ហើយ​ពេល​យើង​បន្ត​ដើរ​លើ​ផ្លូវ​ទ្រង់ យើង​នឹង​រក​ឃើញ​អំណរ​ពេញ​លេញ ។ ទ្រង់​បាន​ពន្យល់​ថា « ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​ដល់​អ្នក រាល់គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​ខ្ញុំ បាន​នៅជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ផង » ។២១

តើ​ទីបន្ទាល់​យើង​បាន​ស្ថាបនា​លើ​គ្រឹះ​ដ៏​មាំ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ ទ្រង់​ដែរ​ឬ​ទេ ? ពេល​ព្យុះ​ជីវិត​បោក​បក់​មក​លើ​យើង តើ​យើង​រក​មើល​សៀវភៅ​ដោះ​ស្រាយ​បញ្ហា ឬ​ការ​ចុះ​ផ្សាយ​នៅ​អ៊ិនធើរណែត​យ៉ាងចលាចលដើម្បី​ទទួល​បាន​ជំនួយ​ដែរ​ឬ​ទេ ? ការ​ចំណាយ​ពេល​ស្ថាបនា ហើយ​ពង្រឹង​ចំណេះដឹង និង​ទីបន្ទាល់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុង​ការ​សាកល្បង និង​ទុក្ខ​វេទនា ។ ការ​អាន​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ និង​ការ​អាន​ប្រសាសន៍​របស់​ពួក​ព្យាការី​នៅ​រស់ ការ​មាន​ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន​ដ៏​មាន​ន័យ ការ​ទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍​ដោយ​យក​ចិត្ត​ទុក​ដាក់ ការ​បម្រើ​ដូចជា​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ—សកម្មភាព​សាមញ្ញ​ទាំងនេះ​ក្លាយ​ជា​គ្រឹះ​សម្រាប់​ជីវិត​មួយ​ដ៏​រីករាយ ។

តើ​អ្វី​ទៅ​នាំ​យក​អំណរ​ឲ្យ​បងប្អូន ? តើ​ជា​ការ​មើល​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​បន្ទាប់​ពី​ថ្ងៃ​ដ៏​ស្មុគ​ស្មាញ​បាន​បញ្ចប់​ទៅ​មែន​ទេ ? តើ​ជា​ភាព​រីករាយ​ក្នុង​ការ​ធ្វើ​ការ​ងារ​មួយ​បាន​ល្អ​មែន​ទេ ? តើ​ជា​ពន្លឺ​នៅ​ក្នុង​កែវភ្នែក​របស់​មនុស្ស​ម្នាក់ ពេល​បងប្អូន​ជួយ​រំលែក​បន្ទុក​របស់​ពួកគេ​មែន​ទេ ? តើ​ជា​ទំនុក​ច្រៀង​ក្នុង​ទំនុក​តម្កើង​មួយ​ដែល​ចាក់​ចូល​យ៉ាង​ជ្រៅ​ក្នុង​ដួង​ចិត្ត​បងប្អូន​មែន​ទេ ? តើ​ជា​ការ​ចាប់​ដៃ​ពី​មិត្ត​ជិតស្និទ្ធ​ម្នាក់​មែន​ទេ ? សូម​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ដើម្បី​សញ្ជឹង​គិត​អំពី​ពរជ័យ​របស់​បងប្អូន រួចហើយ​រក​របៀប​ចែក​រំលែក​វា ។ ពេល​បងប្អូនឈោង​ទៅ​បម្រើ ហើយ​លើក​ស្ទួយ​បងប្អូន​ប្រុស​ស្រី​របស់​បងប្អូន​ដែល​នៅ​ក្បែរ​បងប្អូន ឬ​នៅ ជុំ​វិញ​ពិភពលោក បងប្អូន​នឹង​មាន​ក្ដី​សុខ​សាន្ត ព្រមទាំង​ការ​ព្យាបាល និង​ការ​រីកចម្រើន​ច្រើន​ជាង​មុន ។

សូម​មក​រក​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​បងប្អូន​ផ្ដល់​ជីវិត​របស់​បងប្អូន​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ បងប្អូន​នឹង​រក​ឃើញ​អំណរ​នៅ​ក្នុង​ស្ថានភាព​របស់​បងប្អូន មិន​វា​ជា​អ្វី​នោះ​ទេ ។ ពិតណាស់ ចម្លើយ​នោះ​គឺ​ថា « មាន​តែ​ទ្រង់​ទេ » ។២២ សូម​ចំណាយ​ពេល​មក​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការ​សិក្សា​ដោយ​ឧស្សាហ៍ ដោយ​អភិវឌ្ឍ​ជំនឿ​ដ៏​ធំ​លើ​ទ្រង់ និង​ដោយ​ខិតខំ​ប្រែក្លាយ​ដូចជា​ទ្រង់​ឲ្យ​ច្រើន​ជាង​មុន ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​មាន​ចិត្ត​រំភើប​ផង​ដែរ​ដោយ​ពោល​ជាមួយ​នឹង​កូន​តូច ឡេនី ថា « សូម​អរព្រះគុណ​ដល់​ព្រះ​ចំពោះ​អំណោយ​ទាន​ដ៏​ប្រៀប​ផ្ទឹម​ពុំ​បាន​នៃ ព្រះរាជ​បុត្រា​របស់​ទ្រង់​ដ៏​ឧត្តម » ។២៣ នៅក្នុង​ព្រះនាម​ដ៏​មាន ពរ និង ពិសិដ្ឋ​នៃ ព្រះយេស៊ូវគ្រីស្ទ អាមែន ។