ឆ្នាំ ២០១០-២០១៩
ព្រះគម្ពីរ​មរមន ៖ តើ​ជីវិត​របស់​អ្នក​ទៅ​ជា​យ៉ាង​ណា បើ​គ្មាន​គម្ពីរ​នេះ ?
ខែ តុលា ២០១៧


ព្រះគម្ពីរ​មរមន ៖ តើ​ជីវិត​របស់​អ្នក​ទៅ​ជា​យ៉ាង​ណា បើ​គ្មាន​គម្ពីរ​នេះ ?

តាម​របៀប​នៃ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត ព្រះគម្ពីរ មរមន​បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ទ្រង់ ។

នៅ​ឆ្នាំ ១៩៨៦ ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ផ្ដល់​ការ​បង្រៀន​ពិសេស​មួយ​នៅ​ឯ​សាកលវិទ្យាល័យ​មួយ​នៅ ​អាក់រ៉ា ប្រទេសហ្គាណា ។ នៅ​ទី​នោះ​ខ្ញុំ​បាន​ជួប​នឹង​ឥស្សរជន​ជាច្រើនរូប រួម​ទាំងស្ដេច​មួយ​អង្គ​ក្នុង​កុលសម្ព័ន្ធ​អាហ្វ្រិក​ផង​ដែរ ។ ពេល​យើង​បាន​ជួប​គ្នា​ពី​មុន​ការ​បង្រៀន​នោះ ស្ដេច​អង្គ​នោះ​បាន​មាន​បន្ទូល​មក​ខ្ញុំ​តាមរយៈ​អ្នក​បកប្រែ​របស់​ទ្រង់ ។ ខ្ញុំ​បាន​តប​ទៅ​អ្នក​បកប្រែ​នោះ រួច​ហើយ​គាត់​ក៏​បាន​បក​ប្រែ​ឲ្យ​ស្ដេច​អង្គ​នោះ ។

បន្ទាប់​ពី​ការ​បង្រៀន​របស់​ខ្ញុំ ស្ដេច​អង្គ​នោះ​បាន​ដើរ​សំដៅ​មក​រក​ខ្ញុំ ប៉ុន្តែ​ពេល​នេះ​គឺ​គ្មាន​អ្នក​បកប្រែ​ទេ ។ ខ្ញុំ​ភ្ញាក់​ផ្អើល ពេល​ឮ​ទ្រង់​មាន​បន្ទូល​ជា​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ—ខ្ញុំ​បានលាន់មាត់ថា ដូចជា​ភាសា​អង់​គ្លេស​ពី​កំណើត !

ស្ដេច​អង្គ​នោះ​ទំនង​ជា​មាន​ភាព​ច្របូក​ច្របល់ ។ ទ្រង់​បាន​សួរ​ថា « តើ​លោក​ជា​នរណា ? »

ខ្ញុំ​បាន​តប​ថា « ខ្ញុំ​ជា​សាវក​ដែល​បាន​តែង​តាំង​មួយ​រូប​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

ទ្រង់​បាន​សួរ​ទៀត​ថា « តើ​លោក​បង្រៀន​ខ្ញុំ​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? »

ខ្ញុំ​បាន​តប​ដោយ​ទូល​សួរ​ថា « តើ​ខ្ញុំ​ទូល​សួរ​ទ្រង់​បាន​ទេ ថា​ទ្រង់​បាន​ដឹង​អ្វីខ្លះ​អំពី​ព្រះគ្រីស្ទ ? »

ចម្លើយ​របស់​ទ្រង់​បាន​បើក​បង្ហាញ​ថា ទ្រង់​គឺជា​អ្នក​សិក្សា​ព្រះគម្ពីរ​ប៊ីប​យ៉ាង​ឧស្សាហ៍ ហើយ​ជា​មនុស្ស​ដែល​ស្រឡាញ់​ព្រះអម្ចាស់ ។

រួច​ខ្ញុំ​បាន​ទូល​សួរ​ថា​តើ​ទ្រង់​បាន​ដឹង​អំពី​ការ​ងារ​បម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​ប្រជាជន​អាមេរិក​កាល​ពី​បុរាណ​ដែរ​ឬ​ទេ ។

ដូច​ដែល​ខ្ញុំ​បាន​គិត​ទុក គឺ​ទ្រង់​ពុំ​ដឹង​នោះ​ទេ ។

ខ្ញុំ​បាន​ពន្យល់​ថា បន្ទាប់​ពី​ការ​ឆ្កាង និង​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះគ្រីស្ទ ទ្រង់​បាន​យាង​ទៅ​ជួប​ប្រជាជន​អាមេរិក​កាល​ពី​បុរាណ បាន​បង្រៀន​ដំណឹងល្អរបស់ទ្រង់ ។ ទ្រង់​បាន​រៀបចំ​សាសនាចក្រ​ទ្រង់​ឡើង ហើយ​បាន​សុំ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​រក្សា​កំណត់ត្រា​មួយ​អំពី​ការងារ​បម្រើ​របស់​ទ្រង់​ដល់​ពួកគេ ។

ខ្ញុំ​បាន​បន្ត​ថា « យើង​ហៅ​កំណត់ត្រា​នោះ​ថា​ជា​ព្រះគម្ពីរ​មរមន » ។ វា​គឺ​ជា​សក្ខីបទមួយទៀត អំពីព្រះយេស៊ូវគ្រីស្ទ ។ វា​គឺជា​ដៃ​គូ​បទគម្ពីរ​មួយ​ទៅ​នឹង​ព្រះគម្ពីរ​ប៊ីប » ។

លុះ​ដល់​ត្រង់​នេះ ស្ដេចអង្គ​នោះ​មាន​ចំណាប់​អារម្មណ៍ ​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​ងាក​ទៅ​ប្រធាន​បេសកកម្ម​ដែល​នៅ​ជាមួយ​នឹង​ខ្ញុំ ហើយ​សួរ​ថា តើ​គាត់​មាន​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ជាប់​ខ្លួន​ដែរ​ឬ​ទេ ។ ខ្ញុំ​បាន​ដក​យក​ព្រះគម្ពីរ​មួយ​ក្បាល​ចេញ​ពី​ការ​បូប​របស់​គាត់ ។

ខ្ញុំ​បាន​បើក​ទៅ នីហ្វៃ​ទី ៣ ជំពូក ១១ ហើយ​ស្ដេច​អង្គ​នោះ ​និង​ខ្ញុំ​បាន​អាន​រួម​គ្នា​នូវ​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួក​សាសន៍​នីហ្វៃ ។ រួច​ខ្ញុំ​ថ្វាយ​ព្រះគម្ពីរ​មរមន​នោះ​ជូន​ទ្រង់ ។ ការ​ឆ្លើយ​តប​របស់​ទ្រង់​បាន​ដក់​ក្នុង​គំនិត និង​ដួង​ចិត្ត​ខ្ញុំ​ជា​រៀង​រហូត ៖ « លោក​អាច​ជូន​ពេជ្រ ឬ​ត្បូង​ទទឹម​ដល់​ខ្ញុំ​បាន ប៉ុន្តែ​គ្មាន​អ្វី​ដែល​មាន​តម្លៃ​ចំពោះ​ខ្ញុំ​ច្រើន​ជាង​ចំណេះ​ដឹង​បន្ថែម​នេះ​អំពី​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ » ។

បន្ទាប់​ពី​ដក​ពិសោធន៍​អានុភាព​នៃ​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​នីហ្វៃ​ទី ៣​ មក ស្ដេច​អង្គ​នោះ​បាន​ប្រកាស​ថា « បើ​ខ្ញុំ​ត្រូវ​បាន​ប្រែ​ចិត្ត​ជឿ​ចូល​ក្នុង​សាសនាចក្រ ខ្ញុំ​នឹង​នាំ​កុលសម្ព័ន្ធ​ទាំង​មូល​មក​ជា​មួយ​ខ្ញុំ » ។

ខ្ញុំ​បាន​តប​ថា « ព្រះករុណា​ថ្លៃ​វិសេស វា​ពុំ​ដំណើរ​ការ​បែប​នោះ​ឡើយ » ។ ការ​ប្រែ​ចិត្ត​ជឿ​គឺជា​រឿង​របស់​បុគ្គល​ម្នាក់ៗ ។ ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការ​ងារ​បម្រើ​ដល់​ពួក​សាសន៍​នីហ្វៃ​ម្ដង​ម្នាក់ៗ ។ បុគ្គល​ម្នាក់ៗ​ទទួល​សាក្សី និង​ទីបន្ទាល់​មួយ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​បម្រើ​ដល់​ពួក​សាសន៍​នីហ្វៃ

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ តើ​ព្រះគម្ពីរ​មរមន​មាន​តម្លៃ​ប៉ុណ្ណា​ចំពោះ​បងប្អូន ? បើ​គេ​ឲ្យ​ពេជ្រ ឬ​ត្បូង​ទទឹម​ដល់​បងប្អូន ​ព្រះគម្ពីរ​មរមន​ដល់​បងប្អូន តើ​បងប្អូន​នឹង​រើស​យក​មួយ​ណា ? និយាយ​ដោយ​ស្មោះ តើ​មួយ​ណា មាន តម្លៃ​ច្រើន​ជាង​ចំពោះ​បងប្អូន ?

តើ​នៅ​ចាំដែរ​ឬទេ នៅ​សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ​នៃ​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ ២០១៧ ប្រធាន​ថូម៉ាស អេស ម៉នសុន បាន​អង្វរ​ដល់​យើង​ម្នាក់ៗ​ឲ្យ​« សិក្សា ហើយ​ពិចារណា​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់​ថ្ងៃ​ប្រកប​ដោយ​ការអធិស្ឋាន » ។ មាន​មនុស្ស​ជាច្រើន​បាន​ឆ្លើយ​តប​នឹង​ការ​អង្វរ​របស់​ព្យាការី​យើង ។

ខ្ញុំ​សូម​ប្រាប់​ថា ទាំង​ខ្ញុំ និង​រីលី អាយុ​ប្រាំ​បី​ឆ្នាំ​ពុំ​បាន​ដឹង​ថា មាន​គេ​ថត​រូប​យើង​ឡើយ ។ សូម​កត់​សម្គាល់​ថា រីលី​ កំពុង​អាន​ព្រះគម្ពីរ​មរមន​របស់​គាត់​ដោយ​មាន​ជំនួយ​ពី​វត្ថុ​ស៊ក​សៀវភៅ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។

រូបភាព
ប្រធាន ណិលសុន និង រ៉ាយលី សិក្សា​ព្រះគម្ពីរ

មាន​រឿង​អស្ចារ្យ​មួយ​កើត​ឡើង​ពេល​កូន​ម្នាក់​របស់​ព្រះ​ស្វែង​យល់​ចង់ដឹង​បន្ថែម​ទៀត​អំពី​ទ្រង់ និង​ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​ទ្រង់ ។ គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ដែល​សេចក្ដី​ពិត​ទាំងនោះ​បាន​បង្រៀន​យ៉ាង​ច្បាស់ ហើយ​ពេញ​ដោយ​អនុភាព​ជាង​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ឡើយ ។

ចាប់​តាំង​ពី​ការ​សំណូម​ពរ​របស់​ប្រធាន​ម៉នសុន​កាល​ពី​ប្រាំមួយ​ខែ​មុន ខ្ញុំ​បាន​ខិតខំ​ធ្វើ​តាម​ការ​ទូន្មាន​របស់​លោក ។ ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត ខ្ញុំ​បាន​ធ្វើ​បញ្ជី​ថាតើ​ព្រះគម្ពីរ​មរមន គឺជា អ្វី អ្វី​ដែល​វា អះអាង បដិសេធ បំពេញ បញ្ជាក់បើក​សម្ដែង ។ ដោយ​ពិនិត្យ​មើល​ព្រះគម្ពីរ​មរមន​តាម​របៀប​នេះ វា​បាន​ក្លាយ​ជា​ការ​អនុវត្ត​មួយ​ដែល​ធ្វើ​ឲ្យ​យល់​ច្បាស់ ហើយ​បំផុស​គំនិត ! ខ្ញុំ​សូម​ឲ្យ​បងប្អូន​ម្នាក់ៗ​ធ្វើ​តាម​របៀប​នេះ ។

នៅ​ក្នុង​ប្រាំមួយ​ខែ​នេះ ខ្ញុំ​ក៏​បាន​អញ្ជើញ​ក្រុម​ផ្សេងៗ​គ្នា—​រួម​មាន​បងប្អូន​ប្រុស​របស់​ខ្ញុំ​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​ឈីលី និង​ពួក​ប្រធាន​បេសកកម្ម និង​ភរិយា​ពួក​គាត់​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ប្រទេស​អាហ្សង់ទីន—ឲ្យ​ពិចារណា​អំពី​សំណួរ​ទាក់ទង​គ្នា​ចំនួន​បី​ដែល​ខ្ញុំ​សូម​ជំរុញ​ឲ្យ​បងប្អូន​គិត​នៅ​ថ្ងៃ​នេះ ៖

ទី​មួយ ​តើ​ជីវិត​របស់​អ្នក​ទៅ​ជា​យ៉ាង​ណា បើ​គ្មាន ​ ព្រះគម្ពីរមរមន ? ទីពីរ តើ​បងប្អូន​នឹង ពុំ​ស្គាល់​អ្វីខ្លះ ? ហើយ​ទីបី តើ​បងប្អូន​នឹង ពុំ​មាន​អ្វីខ្លះ ?

ក្រុម​ទាំង​នេះ​បាន​ឆ្លើយ​នូវ​ចម្លើយ​ដ៏​សាទរ​ចេញ​ពី​ដួង​ចិត្ត​ពួកគេ ។ នេះគ្រាន់​តែ​ជា​មតិយោបល់​មួយ​ចំនួន​របស់​ពួកគេ ៖

« បើ​គ្មាន​ព្រះគម្ពីរ​មរមន ខ្ញុំ​នឹង​មាន​ការ​ភាន់​ច្រឡំ​អំពី​ការ​បង្រៀន និង​គំនិត​មិន​ស្រប​គ្នា​អំពី​រឿង​ជា​ច្រើន ។ ខ្ញុំ​នឹង​ដូច​ពីមុន កាល​ខ្ញុំ​ពុំ​ទាន់​ស្គាល់​សាសនាចក្រ ជា​ពេល​ដែល​ខ្ញុំ​កំពុង​ស្វែង​រក​ចំណេះដឹង ជំនឿ និង​ក្ដីសង្ឃឹម ។

មាន​ម្នាក់​ទៀត​ថ្លែង​ថា « ខ្ញុំ​នឹង​ពុំ​ដឹង​អំពី​តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ឡើយ » ។

ម្នាក់​ទៀត​ថ្លែង​ថា « ខ្ញុំ​នឹង​ពុំ​យល់​ច្បាស់​អំពី​គោលបំណង​របស់​ខ្ញុំ​នៅ​លើ​ផែនដី​ឡើយ ! »

ម្នាក់​ផ្សេង​ទៀត​បាន​ពោល​ថា « ខ្ញុំ​នឹង​ពុំ​ដឹង​ថា មាន​ការ​រីកចម្រើន​បន្ត​បន្ទាប់​ពី​ជីវិត​នេះ​ឡើយ ។ ដោយ​សារ​ព្រះគម្ពីរ​មរមន ខ្ញុំ​ដឹង​ថា ពិត​ជា​មាន​ជីវិត​បន្ទាប់​ពី​សេចក្ដីស្លាប់ ។ នោះ​គឺជា​គោលដៅ​ធំ​បំផុត​ដែល​យើង​កំពុង​ខិត​ខំ​ធ្វើ » ។

មតិយោបល់​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​ជីវិត​ខ្ញុំ​ច្រើន​ឆ្នាំ​កន្លង​ទៅ កាល​នៅ​ជា​គ្រូពេទ្យ​ផ្នែក​វះ​កាត់​វ័យ​ក្មេង​ម្នាក់ ។ ម្ដង​ម្កាល ការ​ទទួល​ខុស​ត្រូវ​ដ៏​សង្រេក​មួយ​ដែល​គ្រូពេទ្យ​វះកាត់​ម្នាក់​មាន គឺ​ការ​ប្រាប់​ដល់​គ្រួសារ​ពេល​មនុស្ស​ជា​ទីស្រឡាញ់​ម្នាក់​បាន​ចែក​ឋាន​ទៅ ។ ក្នុង​មន្ទីរ​ពេទ្យ​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​ការ មាន​បន្ទប់​ពិសេស​មួយ​ត្រូវ​បាន​សង់​ឡើង​ដោយ​មាន​ជញ្ជាំង​ក្រាស់ ជា​កន្លែង​ដែល​សមាជិក​គ្រួសារ​អាច​ទទួល​ដំណឹងបែប​នេះ ។ នៅ​ទីនោះ មាន​មនុស្ស​ខ្លះ​បាន​បង្ហាញ​ការ​ឈឺចាប់​របស់​ពួកគេ​ដោយ​បោក​ក្បាល​ទៅ​នឹង​ជញ្ជាំង​ទាំងនោះ ។ ខ្ញុំ​ចង់​បង្រៀន​ទៅ​អ្នក​ទាំង​នោះ​ថា សេចក្ដី​ស្លាប់​គឺជា​ផ្នែក​ចាំបាច់​មួយ​នៃ​ជីវិត​រមែង​ស្លាប់​របស់យើង ទោះ​ជា​វា​មាន​ការ​ពិបាក​សម្រាប់​អ្នក​ដែល​នៅ​រស់​ក្ដី ។ សេចក្ដី​ស្លាប់​អនុញ្ញាត​ឲ្យ​យើង​រីកចម្រើន​ទៅ​កាន់​ជីវិត​ថ្មី ។

អ្នក​ឆ្លើយ​នឹង​សំណួរ​ខ្ញុំ​ម្នាក់​ទៀត​បាន​ពោល​ថា « ជីវិត​ខ្ញុំ​គ្មាន​ន័យ​ឡើយ រហូត​ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន ។ ទោះ​ជា​ខ្ញុំ​បាន​អធិស្ឋាន ហើយ​បាន​ទៅ​ព្រះវិហារ​ខ្ញុំ​ពេញ​មួយ​ជីវិត​ខ្ញុំ​ក្ដី ក៏​ព្រះគម្ពីរ​មរមន​បាន​ជួយ​ខ្ញុំ​ឲ្យ​ប្រាស្រ័យ​ទាក់​ទង​នឹង​ព្រះវរបិតាសួគ៌​ជា​លើក​ទី​មួយ​ដែរ » ។

មាន​ម្នាក់​ទៀត​បាន​ថ្លែង​ថា ៖ « បើ​គ្មាន​ព្រះគម្ពីរ​មរមន​ទេ ខ្ញុំ​នឹង​ពុំ​យល់​ឡើយ​ថា ព្រះអង្គ​សង្គ្រោះ​ពុំ​គ្រាន់​តែ​បាន​រង​ទុក្ខ​សម្រាប់​អំពើ​បាប​យើង​តែ​ម្យ៉ាង​ទេ ប៉ុន្តែ​ទ្រង់​ក៏​អាច​ព្យាបាល​ការ​ឈឺចាប់ និង​ទុក្ខ​សោក​ខ្ញុំ​បាន​ដែរ » ។

ហើយ​មាន​ម្នាក់​ទៀត​បាន​ពោល​ថា « ខ្ញុំ​នឹង​ពុំ​ដឹង​ថា យើង​មាន​ពួក​ព្យាការី​ដឹកនាំ​យើង​ឡើយ » ។

ការ​សិក្សា​ស៊ីជម្រៅ​អំពី​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ឲ្យ​បាន​ទៀង​ទាត់​អាច​ជា​បទពិសោធន៍​ផ្លាស់​ប្ដូរ​ជីវិត​មួយ ។ ចៅ​ស្រី​យើង​ម្នាក់​ដែល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ឈ្មោះ​ស៊ិស្ទើរ អូលីវៀ ណិលសុន បាន​សន្យា​នឹង​អ្នក​រៀន​ម្នាក់​ថា បើ​គាត់​អាន​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ ពិន្ទុ​ប្រឡង​របស់​គាត់​សម្រាប់​ការ​ប្រឡង​នៅ​ឯ​សាកលវិទ្យាល័យ​នឹង​ប្រសើរ​ឡើង ។ គាត់​បាន​ធ្វើ​ការណ៍​នេះ ហើយ​ពិន្ទុ​បាន​កើន​ឡើង​មែន ។

រូបភាព
ស៊ីស្ទើរ អូលីវៀ ណិលសុន

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន​ពិត​ជា​បន្ទូល​របស់​ព្រះ ។ វា​មាន​នូវ​ចម្លើយ​សម្រាប់​សំណួរ​ពិបាកៗ​បំផុត​ក្នុង​ជីវិត ។ វា​បង្រៀន​នូវ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ វា​ពង្រីក ហើយ​បញ្ជាក់​អំពី​សេចក្ដី​ពិត « ដ៏​ច្បាស់ និង​ពិសេសៗ »​ជា​ច្រើន​ដែល​បាន​បាត់​បង់​អស់​ជា​ច្រើន​សតវត្សរ៍ និង​តាមរយៈ​ការ​បកប្រែ​ដ៏​ច្រើន​នៃ​ព្រះគម្ពីរ​ប៊ីប ។

ព្រះគម្ពីរ​មរមន​ផ្ដល់​នូវ​ការ​យល់ដឹង​ពេញ​លេញ ហើយ​មាន​អំណាច​បំផុត​អំពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អាច​រក​ឃើញ​គ្រប់​ទីកន្លែង ។ វា​បង្រៀន​អំពី​អត្ថន័យ​ពិត​នៃ​ការ​កើត​ជា​ថ្មី ។ យើង​រៀន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​អំពី​ការ​ប្រមូល​ផ្ដុំ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់​ព្រាត់ ។ យើង​ដឹង​នូវ​ហេតុផល​ដែល​យើង​នៅ​លើ​ផែនដី​នេះ ។ សេចក្ដី​ពិត​ទាំង​នេះ និង​សេចក្ដី​ពិត​ផ្សេង​ទៀត​ត្រូវ​បាន​បង្រៀន​ដោយ​មាន​ការ​បញ្ចុះ​បញ្ចូល​យ៉ាង​មាន​អនុភាព នៅក្នុង​ព្រះគម្ពីរ​មរមន​​ជាង​គម្ពីរ​​ផ្សេង​ទៀត ។ អំណាច​ពេញ​លេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ ពិតណាស់ ។

ព្រះគម្ពីរ​មរមន​បញ្ជាក់​ពី​ការ​បង្រៀន​របស់​លោក​ចៅ​ហ្វាយ ហើយ​បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​មារសត្រូវ ។ ព្រះគម្ពីរ​បង្រៀន​គោលលទ្ធិ​ពិត​ដើម្បី​បំបាត់​ទំនៀម​ទម្លាប់​ខុស​ឆ្គង​ខាង​សាសនា—ដូច​ជា​ការ​អនុវត្ត​ខុស​ឆ្គង​នៃ​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ទារក ។ ព្រះគម្ពីរ មរមន​ផ្ដល់​ឲ្យ​គោលបំណង​ក្នុង​ជីវិត​ដោយ​ជម្រុញ​យើង​ឲ្យ​សញ្ជឹង​គិត​អំពី​សក្ដានុពល​នៃ​ជីវិត​អស់​កល្ប និង​« សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ។ ព្រះគម្ពីរ មរមន​បំផ្លាញ​ជំនឿ​ខុស​ឆ្គង​ដែល​ថា សុភមង្គល​អាច​រក​បាន​នៅ​ក្នុង​សេចក្ដី​ទុច្ចរិត១០ ហើយ​ថា សេចក្ដី​ល្អ​ផ្ទាល់​ខ្លួន​គឺជា​អ្វី​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​វិញ ។១១ វា​បញ្ឈប់​ជា​រៀង​រហូត​នូវ​គំនិត​ខុស​ឆ្គង​ដែល​ថា វិវរណៈ​បាន​បញ្ចប់​ជាមួយ​នឹង​ព្រះគម្ពីរ​ប៊ីប ហើយ​ថា ស្ថានសួគ៌​ត្រូវ​បាន​បិទ​ហើយ​នៅ​សព្វ​ថ្ងៃ​នេះ ។

នៅពេល​ខ្ញុំ​គិត​អំពី​ព្រះ​គម្ពីរ​មរមន ខ្ញុំ​គិត​អំពី​ពាក្យថា អំណាច ។ សេចក្ដី​ពិត​នៃ​ព្រះគម្ពីរ​មរមន​មាន​នូវ អំណាច ដើម្បី​ព្យាបាល លួង​លោម ស្ដារ​ឡើង​វិញ ជួយ ពង្រឹង លើក​ទឹក​ចិត្ត ហើយ​ធ្វើ​ឲ្យ​ព្រលឹង​យើង​រីករាយ ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​ រាល់​ថ្ងៃ ប្រកប​ដោយ​ការ​អធិស្ឋាន នោះ​បងប្អូន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប្រសើរ—រៀង​រាល់​ថ្ងៃ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សញ្ជឹង​គិត​នូវ​អ្វី​ដែល​បងប្អូន​សិក្សា នោះ​បង្អួច​ស្ថានសួគ៌​នឹង​បើក​ឡើង ហើយ​បងប្អូន​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់​ខ្លួន និង​ការ​ដឹកនាំ​សម្រាប់​ជីវិត​បងប្អូន​ផ្ទាល់ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ បងប្អូន​អាច​ត្រូវ​បាន​ការ​ពារ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​នៃ​ថ្ងៃ​នោះ ជំងឺ​ដ៏​ធំ​នៃ​រូប​អាស​គ្រាម និង​ការ​ញៀន​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​គំនិត​ស្ពឹក ។

នៅ​ពេល​ដែល​ខ្ញុំ​ស្ដាប់​ឮ​មនុស្ស​ម្នាក់ រួម​ទាំង​ខ្លួន​ខ្ញុំ​ដែរ​ពោល​ថា « ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះគម្ពីរ​ពិត » ខ្ញុំ​ចង់​បន្លឺ​ឡើង​ថា « វា​ល្អ​ណាស់ ប៉ុន្តែ​នៅ​ពុំ​ទាន់​គ្រប់​គ្រាន់​ទេ ! » យើង​ត្រូវ​ចាំបាច់​មាន​អារម្មណ៍​ស៊ីជម្រៅ​នៅ​ក្នុង​« ជម្រៅចិត្ត » យើង១២ ថា ព្រះគម្ពីរ មរមន​គឺ​ពិត​ជា​បន្ទូល​របស់​ព្រះ ។ យើង​ត្រូវ​តែ​មាន​អារម្មណ៍​យ៉ាង​ស៊ី​ជម្រៅ​ថា យើង​នឹង​ពុំ​ចង់​រស់​នៅ​ដោយ​គ្មាន​ព្រះគម្ពីរ​នេះ​សម្បី​តែ​មួយ​ថ្ងៃ​ឡើយ ។ ខ្ញុំ​សូម​សង្ខេប​ប្រសាសន៍​របស់​ប្រធាន​ព្រិកហាំ យ៉ង់ ​ថា « ខ្ញុំប្រាថ្នា​ថា​ខ្ញុំ​មាន​សំឡេង​នៃ​ផ្គរ​លាន់​ទាំង​ប្រាំពីរ​ដើម្បី​ដាស់​មនុស្ស​ឡើង »១៤ស្ដាប់​សេចក្ដី​ពិត និង​អំណាច​នៃ​ព្រះគម្ពីរ​មរមន ។

យើង​​ចាំបាច់ត្រូវ​ធ្វើ​ដូចជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ម្នាក់​នេះ​ដែល​កំពុង​បម្រើ​នៅ​ទ្វីប​អឺរ៉ុប​ដែល​ទទួល​អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ពិត​នៃ ព្រះគម្ពីរ​មរមន​ថា ដោយ​មាន​កំណត់ត្រា​ពិសិដ្ឋ​នេះ គាត់​ពិត​ជា​បាន​រត់​ទៅ​រក​បុរស​ម្នាក់​នៅ​ក្នុង​សួនមួយ​ដែល​គាត់ និង​ដៃ​គូ​គាត់​ទើប​រក​ឃើញ ។

រូបភាព
អ្នកផ្សព្វផ្សាយសាសនា​កំពុងរត់

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យ៉ូសែប ស្ម៊ីធ​ធ្លាប់​ និង​ជា​ព្យាការី​នៃ​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ​នេះ ។ គឺ​រូប​លោក​នេះ​ហើយ​ដែល​បាន​បកប្រែ​ព្រះគម្ពីរ​បរិសុទ្ធ​នេះ​តាមរយៈ​អំណោយទាន និង​អំណាច​របស់​ព្រះ ។ នេះ​គឺជា​ព្រះគម្ពីរ មួយ ដែល​នឹង​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ពិត​ជា​ព្រះរាជ​បុត្រា​ដ៏​មាន​ព្រះជន្ម​រស់​​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៃ​យើង ។ ទ្រង់គឺ​ជា​ព្រះអង្គសង្គ្រោះ ព្រះ​ប្រោស​លោះ អង្គ​គំរូ និងជា​អង្គ​គាំទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ។ ទ្រង់​គឺជា​ព្រះមែស៊ី​ដែល​បាន​សន្យា ជា​ព្រះមែស៊ី​ក្នុង​ជីវិត​រមែង​ស្លាប់ ហើយ​នឹង​ជា​ព្រះមែស៊ី​នៃ សហសវត្សរ៍ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​អស់​ពី​ចិត្ត​របស់​ខ្ញុំ​ថា តាម​របៀប​នៃ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត ព្រះគម្ពីរ មរមន​បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ទ្រង់ ។

ខ្ញុំដឹងថា ប្រធាន ថូម៉ាស អេស ម៉នសុន គឺជា​ព្យាការី​របស់​ព្រះ​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ ។ ខ្ញុំ​ស្រឡាញ់ ហើយ​គាំទ្រ​លោក​អស់​ពី​ដួង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​សូមថ្លែង​ទីបន្ទាល់ដូច្នោះក្នុងព្រះនាមនៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

បញ្ជី​នៃ​ព្រះគម្ពីរ​មរមន​របស់​ប្រធាន ណិលសុន

ព្រះគម្ពីរ មរមន​គឺជា ៖

  • សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​និពន្ធ​សំខាន់ៗ​ក្នុង​ព្រះគម្ពីរ​នេះ​រួម​មាន—នីហ្វៃ យ៉ាកុប មរ៉ូណៃ—និង​អ្នក​បកប្រែ​ព្រះគម្ពីរ​នេះ​គឺ​យ៉ូសែប ស្ម៊ីធ ពួក​លោក​ទាំងអស់​គ្នា គឺជា​សាក្សី​របស់​ព្រះអម្ចាស់ ។

  • កំណត់​ត្រា​មួយ​នៃ​ការ​ងារ​បម្រើ​របស់​ទ្រង់​ដល់​ប្រជាជន​ដែល​បាន​រស់​នៅ​ក្នុង​ទ្វីប​អាមេរិក​កាល​ពី​បុរាណ ។

  • ពិត​ដូចជា​បាន​កំណត់​ន័យ​ដោយ​ព្រះអម្ចាស់​ផ្ទាល់ ។

ព្រះគម្ពីរ​មរមន​បញ្ជាក់ ៖

  • អត្តសញ្ញាណ​ផ្ទាល់​របស់​ព្រះវរបិតាសួគ៌​យើង និង​ព្រះរាជបុត្រា​សំណប់​របស់​ទ្រង់​គឺព្រះយេស៊ូវ​គ្រីស្ទ ។

  • កត្តា​ចំបាច់​នៃ​ការ​ធ្លាក់​របស់​អ័ដាម និង​ប្រាជ្ញា​របស់​អេវ៉ា ដើម្បី​ឲ្យ​មនុស្ស​អាច​មាន​អំណរ ។

ព្រះគម្ពីរមរមន​ បដិសេធ នូវ​គំនិត​ដែល​ថា ៖

  • វិវរណៈ​បាន​បញ្ចប់​ជាមួយ​នឹង​ព្រះគម្ពីរ​ប៊ីប ។

  • ទារក​ចាំ​បាច់​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

  • សុភមង្គល​អាច​រក​បាន​នៅ​ក្នុង​សេចក្ដី​ទុច្ចរិត ។

  • សេចក្ដី​ល្អ​ផ្ទាល់​ខ្លួន​គឺ​គ្រប់​គ្រាន់​សម្រាប់​ភាព​តម្កើង​ឡើង ( ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​គឺ​មាន​ភាព​ចាំបាច់ ) ។

  • ការ​ធ្លាក់​របស់​អ័ដាម​បាន​ផ្ដល់​ស្លាក​ស្នាម​ឲ្យ​ជាមួយ​នឹង « អំពើ​បាប​ដើម » ។

ព្រះគម្ពីរមរមន​ បំពេញ​នូវការ​ព្យាករ​របស់​ព្រះគម្ពីរប៊ីប ​ដែល​ថា ៖

  • « ចៀម​ឯ​ទៀត » នឹង​ស្ដាប់​ឮ​ព្រះ​សូរ​សៀង​ទ្រង់ ។

  • ព្រះ​នឹង​ធ្វើ « កិច្ចការ​ធំ និងអស្ចារ្យ » ដោយ​មាន​បន្ទូល « ចេញ​ពី​ធូលី​ដី » មក ។

  • « ដំបង​របស់​យូដា » និង « ដំបង​នៃ​​យ៉ូសែប » នឹង​រួប​រួម​គ្នា ។

  • អ៊ីស្រាអែល​ដែល​ខ្ចាត់​ព្រាត់​នឹង​ត្រូវ​បា​នប្រមូល​ផ្ដុំ​« នៅ​ថ្ងៃ​ចុង​ក្រោយ » ហើយ​និង​របៀប​ដែល​ការណ៍​នោះ​នឹង​ត្រូវ​បាន​សម្រេច ។

  • ដែនដី​កេរមរតក​សម្រាប់​ពូជពង្ស​យ៉ូសែប​នៅអឌ្ឍគោល​ខាងលិខ ។

ព្រះគម្ពីរ​មរមន បញ្ជាក់ ការ​យល់​ដឹង​អំពី​ ៖

  • ជីវិត​របស់​យើង​មុន​ផែនដី​នេះ ។

  • សេចក្ដីស្លាប់ ។ វា​គឺជា​ធាតុ​ដ៏​សំខាន់​មួយ​ក្នុង​ផែនការ​សុភមង្គល​ដ៏អស្ចារ្យ​របស់​ព្រះ ។

  • ជីវិត​ក្រោយ​ជីវិត​រមែង​ស្លាប់​​ដែលចាប់​ផ្ដើម​នៅ​ក្នុង​ឋាន​បរម​សុខ ។

  • របៀប​ដែល​ការ​រស់​ឡើង​វិញ​នៃ​រូបកាយ ដោយ​បាន​ផ្គុំ​ជាមួយ​នឹង​វិញ្ញាណ​វា​វិញ បាន​ក្លាយ​ជាមនុស្ស​អតមៈ​មួយ ។

  • របៀប​ដែល​ព្រះអម្ចាស់​កាត់​សេចក្ដី​យើង​ស្រប​តាម​ទង្វើ និង​ក្ដី​ប្រាថ្នា​ក្នុង​ចិត្ត​របស់​យើង ។

  • របៀប​ដែល​ពិធី​បរិសុទ្ធ​ទាំងឡាយ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ត្រឹមត្រូវ ៖ ឧទាហរណ៍ ពិធី​បុណ្យ​ជ្រមុជ​ទឹក ពិធី សាក្រាម៉ង់ ការ​ប្រគល់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការ​រស់​ឡើង​វិញ ។

  • តួនាទី​ដ៏​សំខាន់​របស់​ពួ​កទេវតា ។

  • លក្ខណៈ​ដ៏​នៅ​អស់​កល្បជានិច្ច​នៃ​បព្វជិតភាព ។

  • របៀប​ដែល​ឥរិយាបថ​របស់​មនុស្ស​បាន​ជិះ​ឥទ្ធិពល​ដោយ​អំណាច​នៃ​បន្ទូល​ច្រើន​ជាង​ដោយ​អំណាច​នៃ​ផ្លែ​ដាវ ។

ព្រះគម្ពីរ​មរមន បើក​សម្ដែង​ព័ត៌មាន​ដែល​ពុំ​ស្គាល់​កាល​ពី​មុន ៖

  • ពិធី​បុណ្យ​ជ្រមុជ​ទឹក​ត្រូវ​បាន​ធ្វើ​ឡើង​ពី​មុន​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត ។

  • ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​សង់​ឡើង ហើយ​ប្រើ​ប្រាស់​ដោយ​មនុស្ស​កាល​ពី​បុរាណ​នៅ​ទ្វីប​អាមេរិក ។

  • យ៉ូសែប កូន​ទី ១១​របស់​អ៊ីស្រាអែល បាន​ព្យាករ​ទុក​ជា​មុន​នូវ​តួនាទី​ជា​ព្យាការី​របស់​យ៉ូសែប ស្ម៊ីធ ។

  • នីហ្វៃ ( ៦០០--៥៩២ មុន​គ.ស. ) បាន​ព្យាករ​ទុក​ជា​មុន​នូវ​ការ​រក​ឃើញ និង​ការ​ដាក់​ទ្វីប​អាមេរិក​នៅ​ក្រោម​អាណានិគម ។

  • ផ្នែក​ដ៏​ច្បាស់ និង​ពិសេសៗ​នៃ​ព្រះគម្ពីរ​ប៊ីប​បាន​បាត់​បង់ ។

  • ពន្លឺ​នៃ​ព្រះគ្រីស្ទ​ត្រូវ​បាន​ផ្ដល់​ឲ្យ​បុគ្គល​ម្នាក់ៗ ។

  • សារៈសំខាន់​នៃ​សិទ្ធិ​ជ្រើស​រើស​ផ្ទាល់​ខ្លួន និង​តម្រូវការ​សម្រាប់​ការ​ផ្ទុយ​នៅ​គ្រប់​រឿង​ទាំងអស់ ។

  • ការ​ព្រមាន​អំពី « បក្សព័ន្ធ​សម្ងាត់ » ។