ឆ្នាំ ២០១០-២០១៩
ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់
ខែ តុលា ២០១៧


ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់

ថ្នាក់​ដឹកនាំ​របស់​ព្រះអម្ចាស់​ក្នុង​សាសនាចក្រ​របស់​ទ្រង់ តម្រូវ​ឲ្យ​មាន​ជំនឿ​ខ្លាំង ហើយ​ខ្ជាប់​ខ្ជួន​លើសពី​មនុស្ស​ទាំងអស់​ដែល​បម្រើ​ទ្រង់​នៅលើ​ផែនដី​នេះ ។

បងប្អូន​ប្រុស​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​ដែល​កាន់​បព្វជិតភាព​របស់​ព្រះ នាយប់​នេះ ខ្ញុំ​ចង់និយាយ​អំពី​របៀប​ដ៏​អស្ចារ្យ​ដែល​ព្រះអម្ចាស់​ដឹកនាំ​នគរ​របស់​ទ្រង់​នៅលើ​ផែនដី ។ បងប្អូន​ដឹង​ពី​មូលដ្ឋាន​គ្រឹះ​រួច​ហើយ ។ ខ្ញុំសូមអធិស្ឋានឲ្យព្រះវិញ្ញាណបរិសុទ្ធនឹង​បញ្ជាក់​ពី​មូលដ្ឋានគ្រឹះ​ទាំង​នោះ​ដល់​បងប្អូន ។

ទីមួយ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​សិរសា​នៃ​សាសនាចក្រ​នៅ​លើ​ផែនដី​ទាំង​មូល ។

ទីពីរ ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​សព្វថ្ងៃនេះ​ដោយ​ការ​មានបន្ទូល​ទៅ​កាន់​បុរសៗ​ដែល​ហៅ​ជា​ពួកព្យាការី​ ហើយ​ទ្រង់​ធ្វើ​បែប​នេះ​​តាមរយៈ​វិវរណៈ ។

ទីបី ទ្រង់​បាន​ប្រទាន​វិវរណៈ​ដល់​ពួក​ព្យាការី​របស់​ទ្រង់​ជា​យូរ​មក​ហើយ និង​នៅតែ​ប្រទាន​ឲ្យ ហើយ​នឹង​នៅតែ​បន្ដ​ប្រទាន​ឲ្យ ។

ទីបួន ទ្រង់​ប្រទាន​វិវរណៈ​បញ្ជាក់​ដល់​អស់​អ្នក​ដែល​បម្រើ​នៅក្រោម​ការ​ដឹកនាំ​របស់​ពួក​ព្យាការី​ទ្រង់ ។

ចេញ​មក​ពី​មូលដ្ឋាន​គ្រឹះ​ទាំង​នោះ យើង​ទទួល​ស្គាល់​ថា​ថ្នាក់​ដឹកនាំ​របស់​ព្រះអម្ចាស់​ក្នុង​សាសនាចក្រ​របស់​ទ្រង់ តម្រូវ​ឲ្យ​មាន​ជំនឿ​ខ្លាំង ហើយ​ខ្ជាប់​ខ្ជួន​លើសពី​មនុស្ស​ទាំងអស់​ដែល​បម្រើ​ទ្រង់​នៅលើ​ផែនដី​នេះ ។

ឧទាហរណ៍ វា​ទាមទារឲ្យ​មាន​​សេចក្ដីជំនឿ​ដើម្បី​ជឿ​ថា ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​កំពុង​ទត​មើល​មក​លើ​កិច្ចការ​លម្អិត​ប្រចាំ​ថ្ងៃ​ក្នុង​នគរ​របស់​ទ្រង់ ។ វា​ទាមទារឲ្យមាន​សេចក្ដីជំនឿ​ដើម្បី​ជឿ​ថា ទ្រង់​ហៅ​មនុស្ស​មិន​ល្អ​ឥតខ្ចោះ​មក​កាន់​តំណែង​នៃ​ការ​ទុកចិត្ត ។ វា​ទាមទារ​ឲ្យមាន​​សេចក្ដីជំនឿ​ដើម្បី​ជឿ​ថា​ទ្រង់​ស្គាល់​រាស្ត្រ​ដែល​ទ្រង់​ហៅ​យ៉ាង​​ឥតខ្ចោះ ទាំង​សមត្ថភាព និង​សក្ដានុពល​របស់​ពួកគេ ហើយ​ពុំ​ដែល​មាន​កំហុស​នៅក្នុង​ការ​ហៅ​របស់​ទ្រង់​ទេ ។

រឿង​នោះ​អាច​នាំ​ឲ្យ​មាន​ស្នាមញញឹម ឬ​ការ​ក្រវីក្បាល​ចំពោះ​អ្នក​ស្ដាប់​ខ្លះៗនៅទីនេះ—ទាំង​អ្នក​ដែល​គិត​អំពី​ការ​ហៅ​បម្រើ​របស់​ខ្លួន ថា​ជា​ការ​ខុសឆ្គង​មួយ ក៏​ដូចជា​អស់​អ្នក​ដែល​គិត​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់​ខ្លះ ដែល​មើល​ទៅ​ហាក់ដូចជា​មិន​សម​នឹង​ការហៅ​របស់​ពួកគេ​នៅ​ក្នុង​នគរ​របស់​ព្រះអម្ចាស់​ផងដែរ ។ ការ​ប្រឹក្សា​របស់​ខ្ញុំ​ចំពោះ​ក្រុម​ទាំង​ពីរ​នេះ គឺ​ថា​សូម​ពន្យារ​ពេល​ការ​វិនិច្ឆ័យ​ដូច្នោះ រហូត​ដល់​អ្នក​អាច​មើល​ឃើញ​ល្អ​ប្រសើរ​ពី​អ្វី​ដែល​ព្រះអម្ចាស់​ទត​មើល​ឃើញសិន ។ ផ្ទុយ​ទៅ​វិញ​ការវិនិច្ឆ័យ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ថា​អ្នក​មាន​សមត្ថភាព​ដើម្បី​ទទួល​វិវរណៈ ហើយ​ធ្វើ​តាម​វា​ដោយ​ពុំ​ភ័យ​ខ្លាច ។

វា​ទាមទារឲ្យ​មាន​​សេចក្ដីជំនឿ​ដើម្បី​ធ្វើ​ដូច្នោះ ។ វា​ទាមទារ​ឲ្យ​​មាន​សេចក្ដី​ជំនឿ​កាន់​តែ​ខ្លាំង​ដើម្បី​ជឿ​ថា ព្រះអម្ចាស់​បាន​ហៅ​អ្នក​បម្រើ​ដែល​ជា​មនុស្ស​មិន​ល្អ​ឥតខ្ចោះ​ឲ្យ​ដឹកនាំ​បងប្អូន ។ គោលបំណង​របស់​ខ្ញុំ​នា​យប់​នេះ គឺ​ដើម្បី​ស្ថាបនា​សេចក្ដីជំនឿ​របស់​អ្នក​ថា ព្រះ​ដឹកនាំ​អ្នក​នៅ​ក្នុង​ការ​បម្រើ​របស់​អ្នក​ចំពោះទ្រង់ ។ ហើយ​ដែល​សំខាន់​ជាង​នោះ ខ្ញុំ​សង្ឃឹម​ចង់​ស្ថាបនា​ជំនឿ​របស់​បងប្អូន​ថា ព្រះអម្ចាស់​កំពុង​បំផុសគំនិត​មនុស្ស​មិន​ល្អ​ឥតខ្ចោះ​ដែល​ទ្រង់​បាន​ហៅ​ឲ្យ​ធ្វើ​ជាអ្នក​ដឹកនាំ​របស់​អ្នក ។

ដំបូង​ឡើយ អ្នក​អាច​គិត​ថា សេចក្ដីជំនឿ​ដូច្នោះ គឺ​ពុំ​សំខាន់​ចំពោះ​ភាព​ជោគជ័យ​នៃ​នគរ និង​សាសនាចក្រ​របស់​ព្រះអម្ចាស់​ទេ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​អាច​រកឃើញ​ថា—មិន​ថា​អ្នក​នៅ​ទីណា​ក្នុង​បណ្ដាញ​នៃ​ការ​បម្រើ​បព្វជិតភាព​នេះ ចាប់​តាំង​ពី​ព្យាការី​របស់​ព្រះអម្ចាស់​មក​ដល់​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ថ្មី—ជំនឿ​នោះ​គឺ​សំខាន់​ណាស់ ។

សូម​ចាប់​ផ្ដើម​ជា​មួយ​នឹង​អត្ថន័យ​នៃ​សេចក្ដីជំនឿ​ចំពោះ​ប្រធាន​កូរ៉ុម​គ្រូ ឬឌីកុន ។ វា​សំខាន់​ចំពោះ​គាត់​ដើម្បី​មាន​ជំនឿ​ថា ព្រះអម្ចាស់​បាន​ហៅ​គាត់​ដោយ​ផ្ទាល់ ទាំង​ស្គាល់​ពី​ភាព​ទន់ខ្សោយ និង​ភាព​ខ្លាំង​របស់​គ្រូ​នោះ ។ គាត់​ចាំបាច់​ត្រូវ​មាន​ជំនឿ​ថា បុរស​ដែល​ផ្ដល់​ការ​ហៅ​បាន​ទទួល​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះ ។ ទីប្រឹក្សា និង​សមាជិក​ក្នុង​កូរ៉ុម​របស់​គាត់ ត្រូវការ​សេចក្ដី​ជំនឿ​ដូចគ្នា​នោះ ដើម្បី​ធ្វើ​តាម​គាត់​​ដោយ​ទំនុកចិត្ត​គ្មានភ័យ​ខ្លាច ។

ខ្ញុំ​បាន​ឃើញ​ទំនុកចិត្ត​ដូច្នេះ​នៅពេល​ក្មេង​ប្រុស​ម្នាក់​អង្គុយ​ជាមួយ​នឹង​គណៈប្រធាន​កូរ៉ុម​ឌីកុន​របស់​គាត់​នា​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ ។ គាត់​គឺ​ជា​លេខា​ហៅ​ថ្មី​របស់​ពួកគេ ។ គណៈប្រធាន​វ័យ​ក្មេង​នោះ​បាន​ប្រឹក្សា​ជាមួយ​គ្នា ។ ពួកគេ​បាន​ពិភាក្សា​អំពី​របៀប​ជា​ច្រើន​ដែល​ពួកគេ​អាច​បំពេញ​តាម​សំណើរ​របស់​ប៊ីស្សព​ដើម្បី​នាំ​ក្មេង​ប្រុស​ដែល​ពុំ​សូវ​សកម្ម​ម្នាក់​ឲ្យ​ត្រឡប់មក​ព្រះវិហារ​វិញ ។ បន្ទាប់​ពី​ការ​អធិស្ឋាន និង​ការ​ពិភាក្សា« មក ពួកគេ​បាន​ចាត់តាំង​លេខា​នោះ​ឲ្យ​ទៅ​ផ្ទះ​ក្មេង​ប្រុស​ម្នាក់​ដែល​មិន​ដែលបាន​មក​ប្រជុំ ហើយ​អញ្ជើញ​គាត់​ឲ្យមក ។

លេខា​នេះ​ពុំ​ស្គាល់​ក្មេង​ប្រុស​នោះ​ទេ ប៉ុន្តែ​គាត់​បាន​ដឹង​ថា ឪពុក​ម្ដាយ​ក្មេង​ប្រុស​នោះ ម្នាក់​មិនសូវ​សកម្ម ហើយ​ម្នាក់​ទៀត​មិន​មែន​ជា​សមាជិក ហើយ​មិន​សូវ​រួសរាយ ។ លេខា​នោះ​មាន​អារម្មណ៍ខ្វល់ខ្វាយ ប៉ុន្តែ​ពុំ​ខ្លាច​ទេ ។ គាត់​បាន​ដឹង​ថា ព្យាការី​របស់​ព្រះ​បាន​សុំ​ឲ្យ​អ្នក​កាន់បព្វជិតភាព​នាំ​ចៀម​ដែល​បាត់​មក​វិញ ។ ហើយ​គាត់​បាន​ស្ដាប់​ឮ​ការ​អធិស្ឋាន​របស់​គណៈ​ប្រធាន​របស់​គាត់ ។ គាត់​បាន​ស្ដាប់ឮ​ពួកគេ​យល់​ស្រប​អំពីការជួយ​សង្គ្រោះ​​ឈ្មោះ​ក្មេង​ប្រុស​នេះ និង​ឈ្មោះ​គាត់​ផ្ទាល់ ។

ខ្ញុំ​មើល​ពេល​លេខា​នេះ​ដើរ​តាម​ផ្លូវ​ទៅ​ផ្ទះ​របស់​ក្មេង​ប្រុស​មិន​សូវ​សកម្ម​នោះ ។ គាត់​បាន​ដើរ​យឺតៗ ដូចជា​គាត់​ទៅ​កាន់​កន្លែង​គ្រោះ​ថ្នាក់​ដ៏ខ្លាំង​ដូច្នោះ​ដែរ ។ ប៉ុន្តែ​ក្នុងពេលកន្លះម៉ោង​គាត់​បាន​ដើរ​មកវិញ​ជាមួយ​នឹង​ក្មេង​ប្រុស​នោះ ទាំង​ស្នាមញញឹម​រីករាយ ។ ខ្ញុំ​មិន​ច្បាស់​ថា​គាត់​បាន​ដឹង​ទេ​ពេល​នោះ ប៉ុន្តែ​គាត់​បាន​ទៅ​ដោយ​សេចក្ដីជំនឿ​ដែល​គាត់​កំពុង​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សេចក្តីជំនឿ​នោះ​បាន​ស្ថិត​នៅ​នឹង​គាត់ ហើយ​បាន​រីកចម្រើន​ឡើង​ក្នុង​ជីវិត​គាត់​ជា​អ្នក​ផ្សព្វផ្សាយសាសនា ជា​ឪពុក ជា​ថ្នាក់ដឹកនាំ​យុវជន និង​ជា​ប៊ីស្សព ។

ខ្ញុំ​សូម​និយាយ​អំពី​អត្ថន័យ​នៃ​ជំនឿ​ដូច្នេះ​អំពី​ប៊ីស្សព​ម្នាក់ ។ ពេល​ខ្លះ​ប៊ីស្សព គឺ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​មនុស្ស​ដែល​ស្គាល់​គាត់​ច្បាស់ ។ សមាជិកវួដ​ដឹង​ពី​ភាព​ទន់ខ្សោយ​នៃ​ភាព​ជាមនុស្ស​របស់​គាត់ និង​ភាព​ខ្លាំង​ខាង​វិញ្ញាណ​របស់​គាត់ ហើយ​ពួកគេ​ដឹង​ថា​អ្នក​ដទៃទៀត​ក្នុង​វួដអាច​ត្រូវ​បានហៅ—ជា​អ្នក​ដែល​មើល​ទៅ​ហាក់ដូចជា​មាន​ចំណេះ​ដឹង​ល្អ ប្រសើរ​ជាង មាន​ហេតុផល​ជាង រីករាយ​ជាង ឬ​សូម្បីតែ​សង្ហារ​ជាង ។

សមាជិកទាំង​នេះ​ត្រូវ​ដឹង​ថា​ការ​ហៅ ឲ្យ​បម្រើ​ជា​ប៊ីស្សព​គឺ​មក​ពី​ព្រះអម្ចាស់​តាមរយៈ​វិវរណៈ ។ បើ​គ្មាន​សេចក្ដីជំនឿរបស់​ពួកគេ​​ទេ ប៊ីស្សព​ដែល​ត្រូវ​បាន​ហៅ​ពីព្រះ​​នឹងគិត​​ថា វា​លំបាកណាស់​ដើម្បី​ទទួល​បាន​វិវរណៈ​ដែល​គាត់​ត្រូវការ​ដើម្បី​ជួយ​ដល់​ពួកគេ ។ គាត់​នឹង​ពុំ​មាន​ជោគជ័យ​បើ​គ្មាន​សេចក្ដីជំនឿ​របស់​សមាជិក​គាំទ្រ​ដល់​គាត់ទេនោះ ។

បើ​ច្រាស​មកវិញ​ក៏​ជា​ការ​ពិត​ដ៏​រីករាយ​ផងដែរ ។ ចូរ​គិត​អំពី អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ឈ្មោះ​ស្ដេច បេនយ៉ាមីន ដែល​ដឹកនាំ​រាស្ត្រ​របស់​ទ្រង់​ឲ្យ​ប្រែចិត្ត ។ ដួងចិត្ត​របស់​រាស្ត្រ​ត្រូវ​បាន​បន្ទន់​ដោយ​សារ​ពួកគេ​ជឿ​ថា ទ្រង់​ត្រូវ​បាន​ហៅ​ពី​ព្រះ ដោយ​ពុំ​គិត​អំពី​ភាព​ទន់​ខ្សោយ​ជា​ភាពមនុស្ស​របស់​ទ្រង់ ហើយ​ជឿ​ថា​ពាក្យ​សម្ដី​របស់​ទ្រង់​គឺ​មក​ពីព្រះ ។ អ្នក​នៅ​ចាំ​អំពី​អ្វី ដែល​ប្រជាជន​បាន​និយាយ ៖​« ព្រះ​ពរ យើង​ខ្ញុំ​ជឿ​តាម​ពាក្យ​ទាំងអស់​ដែល​ស្ដេច​មាន​បន្ទូល​មក​កាន់​ពួកយើង…យើង​ខ្ញុំ​ក៏​ដឹង​ពី​ការជាក់លាក់ និង​ការពិត​នៃ​ពាក្យ​ទាំង​នោះ​ដែរ​ពីព្រោះ​តែ​ព្រះវិញ្ញាណ នៃ​ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា​ដែល បាន​នាំ​មក​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ដល់​ពួកយើង ឬ ក៏ នៅក្នុង​ចិត្ត​យើង​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្តិ​អំពើ ល្អ​ជានិច្ច​វិញ » (ម៉ូសាយ ៥:២ ) ។

ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំទទួល​បាន​​ជោគជ័យ​​ក្នុងការធ្វើ​​កិច្ចការ​របស់​ព្រះអម្ចាស់ ការ​ទុក​ចិត្ត​របស់​រាស្ត្រ​ដែល​គាត់​ត្រូវ​បាន​ហៅ​ពី​ព្រះ ត្រូវ​តែ​មាន​លប់​ពី​លើ​គុណវិបត្តិ និង​ភាព​ទន់ខ្សោយ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​គាត់ ។ អ្នក​នៅ​ចាំ​អំពី​របៀប​ដែល​ស្ដេច​បេនយ៉ាមីន​បាន​ពន្យល់​ដល់​តួនាទី​ជា​ថ្នាក់ដឹកនាំផ្ទាល់​របស់​ទ្រង់​ដែរឬទេ ៖

« ហើយ​យើង​ពុំ​បាន​បញ្ជា​ឲ្យ​អ្នក​ឡើង​មក​ទីនេះ ដើម្បី​អ្នករាល់គ្នា​ខ្លាច​យើង ឬ​ក៏​ដើម្បី​ឲ្យ​អ្នករាល់គ្នា​គិត​ថា យើង​នេះ​ជា​មនុស្ស​ខ្ពស់​ជាង​មនុស្ស​ធម្មតា​នោះទេ ។

« ប៉ុន្តែ​យើង​ក៏​ដូចជា​អ្នករាល់គ្នា​ដែរ ដែល​មាន​ការ​ទន់ខ្សោយ​គ្រប់​បែបយ៉ាង​ខាង​រូបកាយ និង​ខាង​គំនិត ក៏​ប៉ុន្តែ​យើង​ត្រូវ​បាន​រើស ដោយ​ប្រជាជននេះ ហើយ​បាន​តាំង​ឡើង​ដោយបិតា​យើង ហើយ​ត្រូវ​បាន​ទ្រទ្រង់​ដោយ​ព្រះហស្ដ​នៃ​ព្រះអម្ចាស់ ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​អ្នក​គ្រប់គ្រង ហើយ​ជា​ស្ដេច​លើ​ប្រជាជន​នេះ ហើយ​ត្រូវ​បាន​ថែរក្សា​ឲ្យ​គង់​វង្ស​ដោយ​ព្រះចេស្ដា​ដ៏​ឥតប្រៀបផ្ទឹម​បាន​របស់​ទ្រង់ ដើម្បី​បម្រើ​អ្នក​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី គំនិត និង​អស់​ពី​កម្លាំង ដែល​ព្រះអម្ចាស់​ទ្រង់​បាន​ប្រទាន​មក​ឲ្យ​យើង » (ម៉ូសាយ ២:១០-១១) ។

ថ្នាក់ដឹកនាំ​របស់​អ្នក​នៅ ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ អ្នក​អាច​នឹង​មើល​ទៅ​ដូចជា​ទន់ខ្សោយ ហើយ​ជា​មនុស្ស​សាមញ្ញ ឬ​អ្នក​អាច​មើល​ទៅ​ដូចជា​ខ្លាំង ហើយ​បំផុសគំនិត ។ តាម​ពិត​គឺ​ថា គ្រប់​ថ្នាក់ដឹកនាំ​គឺ​មានភាព​ចម្រុះ​នូវ​លក្ខណៈទាំងនេះ និង​មានលក្ខណៈជាច្រើន​ទៀត ។ អ្វី​ដែល​ជួយ​ដល់​ពួក​អ្នក​បម្រើ​ព្រះអម្ចាស់​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ដឹកនាំ​យើង​គឺ​ពេល​យើង​អាច​មើល​ទៅ​ពួកគាត់​ដូចជា​ព្រះអម្ចាស់​ទតមើល នៅពេល​ទ្រង់​បាន​ហៅ​ពួកគាត់​នោះ ។

ព្រះអម្ចាស់​បាន​ទតមើល​អ្នក​បម្រើ​របស់​ទ្រង់​យ៉ាង​ល្អ​ឥតខ្ចោះ ។ ទ្រង់​ទតមើល​ពី​សក្ដានុពល និង​អនាគត​របស់​ពួកគាត់ ។ ហើយ​ទ្រង់​ស្គាល់​ថា​លក្ខណៈធម្មជាតិ​របស់​ពួកគាត់​អាច​ផ្លាស់ប្ដូរ​បាន ។ ទ្រង់​ក៏​ដឹង​ថា​ពួកគាត់​អាច​ត្រូវ​បាន​ផ្លាស់ប្ដូរ​តាមរយៈ​បទពិសោធន៍​នានា​របស់​ពួកគាត់​មាន​ជាមួយ​មនុស្ស​ដែល​ពួកគាត់​នឹង​ដឹកនាំ ។

អ្នកអាច​មាន​បទពិសោធន៍​ថា​បាន​រឹងមាំ​ដោយ​សារ​មនុស្ស​ដែល​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ ។ មាន​ម្ដង​នោះ ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប៊ីស្សព​របស់​យុវមជ្ឈិមវ័យនៅលីវ ។ ខ្ញុំ​មិន​ដឹង​ច្បាស់​ថា​ព្រះរាជបំណង​របស់​ព្រះអម្ចាស់​ចង់​ឲ្យ​ខ្ញុំ​ជួយ​ដល់​ពួកគេ​ផ្លាស់ប្ដូរ ឬ​ទ្រង់​បាន​ដឹង​ថា​ពួកគេ​នឹង​ផ្លាស់ប្ដូរ​ខ្ញុំ​ទេ ។

ដល់​កម្រិត​មួយ​ដែល​ខ្ញុំ​ពុំ​យល់ មនុស្ស​វ័យ​ក្មេង​ក្នុង​វួដ​នោះ ភាគច្រើន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដូចជា​ខ្ញុំ​ត្រូវ​បាន​ហៅ​ពី​ព្រះ​ជាពិសេស​សម្រាប់​ពួកគេ ។ ពួកគេ​បាន​ដឹង​ពី​ភាព​ទន់ខ្សោយ​របស់​ខ្ញុំ ប៉ុន្តែ​មើល​រំលង​ភាព​ទន់ខ្សោយ​ទាំងនោះ ។

ខ្ញុំ​ចាំ​ពី​យុវជន​ម្នាក់​ដែល​បាន​សុំ​ការ​ប្រឹក្សាថា​គាត់​គួរ​ចូល​រៀន​ជំនាញ​អ្វី ។ គាត់​ជា​និស្សិត​ឆ្នាំ​ទីមួយ​នៅ​សាកលវិទ្យាល័យ​ដ៏​ល្អមួយ ។ មួយសប្ដាហ៍​ក្រោយពី​ខ្ញុំ​បាន​ផ្តល់​ដំបូន្មាន​ដល់​គាត់ គាត់​បាន​ណាត់​ជួប​នឹង​ខ្ញុំទៀត ។

នៅពេល​គាត់​មក​ដល់​ការិយាល័យ គាត់ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ដោយ​សួរ​ថា « ប៊ីស្សព តើ​ពួកយើង​អាច​អធិស្ឋាន​ពីមុន​យើង​ពិភាក្សា​បាន​ឬទេ ? ហើយ​តើ​ពួក​យើង​អាច​លុតជង្គង់​ចុះ​បាន​ទេ ? ហើយ​ខ្ញុំ​សូម​អធិស្ឋាន​បាន​ទេ ?

សំណើរ​របស់​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល ។ ប៉ុន្ដែ​ការ​អធិស្ឋាន​របស់​គាត់​រឹតតែ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ។ ការ​អធិស្ឋាន​នោះ​គឺ​ដូចនេះ ៖ « ព្រះវរបិតាសួគ៌ ទ្រង់​បាន​ដឹង​ថា​ប៊ីស្សព អាវរិង បាន​ផ្ដល់​ដំបូន្មាន​ដល់​ទូលបង្គំ​កាល​ពី​សប្ដាហ៍​មុន ហើយ​វា​ពុំ​ដំណើរ​ការ​ទេ ។ សូម​បំផុសគំនិត​លោក​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ទូលបង្គំ​ត្រូវ​ធ្វើ​ក្នុង​ពេល​នេះ​ផង » ។

ឥឡូវ អ្នកអាច​នឹង​សើច​ពី​រឿង​នោះ ប៉ុន្តែ​ខ្ញុំ​មិន​សើច​ទេ ។ គាត់​បាន​ដឹង​រួច​ហើយ​ពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​គាត់​ធ្វើ ។ ប៉ុន្តែ​គាត់​បាន​គោរព​ដល់​តំណែង​ជា​ប៊ីស្សព​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ហើយ​ប្រហែល​ជា​ចង់​ឲ្យ​ខ្ញុំ​មាន​ឱកាស​ទទួល​បាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​ទទួល​វិវរណៈ​នៅក្នុង​ការ​ហៅ​នោះ ។

វា​ដំណើរ​ការ​មែន ។ រំពេច​ដែល​យើង​ក្រោក​ឡើង ហើយ​អង្គុយចុះ វិវរណៈ​បាន​កើត​មាន​ចំពោះ​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ពី​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​គាត់​ធ្វើ ។ កាល​នោះ​គាត់​មាន​អាយុ​តែ ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​គាត់​ចាស់​ទុំ​ខាង​វិញ្ញាណ ។

គាត់​បាន​ដឹង​រួច​ហើយ​ថា គាត់​ពុំ​ចាំបាច់​ត្រូវ​ទៅ​រក​ប៊ីស្សព​អំពី​បញ្ហា​ដូច្នោះ​ទេ ។ ប៉ុន្តែ​គាត់​បាន​រៀន​គាំទ្រ​ដល់​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ទោះ​ជា​លោក​មាន​ភាព​ទន់ខ្សោយ​ខាង​ជីវិត​រមែង​ស្លាប់​ក្ដី ។ ទីបំផុត គាត់​បាន​ក្លាយ​ជា​ប្រធាន​ស្ដេក ។ គាត់​បាន​អនុវត្ត​​មេរៀន​ដែល​យើង​បាន​រៀន​ជាមួយ​គ្នា ៖ បើ​បងប្អូន​មាន​ជំនឿ​ថា​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ​ទៅកាន់​ពួក​អ្នកបម្រើ​មិន​ល្អឥតខ្ចោះទាំងឡាយ​ដែល​ទ្រង់​ហៅ នោះ​ព្រះអម្ចាស់​នឹង​បើក​ទ្វារ​នៃ​ស្ថានសួគ៌​ដល់​ពួកគេ ក៏​ដូចជាចំពោះបងប្អូន​ផងដែរ ។

តាមរយៈ​​បទពិសោធន៍​នោះ ខ្ញុំ​បាន​រៀន​មេរៀន​ថា សេចក្តីជំនឿ​របស់​រាស្ត្រ​ដែល​យើង​បម្រើ ពេល​ខ្លះ​មាន​ច្រើន​ជាង​សេចក្ដីជំនឿ​ផ្ទាល់​ខ្លួន​របស់​យើង ដែល​នាំ​ឲ្យ​យើង​ទទួល​បាន​វិវរណៈ​នៅក្នុង​ការ​បម្រើ​របស់​ព្រះអម្ចាស់ទៅ​ទៀត ។

ខ្ញុំ​មាន​មេរៀន​មួយ​ទៀត ។ បើ​ក្មេង​ប្រុស​នោះ​បាន​វិនិច្ឆ័យ​ខ្ញុំ​ថា​ខ្ញុំ​មិន​ឲ្យ​ដំបូន្មានល្អ​ដល់​គាត់​កាល​ពី​លើក​ដំបូង នោះ​គាត់​នឹង​មិនត្រឡប់​​មក​រក​ខ្ញុំ​ម្ដងទៀត​ទេ ។ ដោយ​សារ​គាត់​ជ្រើសរើស​មិន​វិនិច្ឆ័យ​ខ្ញុំ នោះ​គាត់​បាន​ទទួល​នូវការ​បញ្ជាក់​ដែល​គាត់​ប្រាថ្នា ។

មាន​មេរៀន​មួយ​ទៀត​មកពី​បទពិសោធន៍​នោះ ដែល​ល្អ​សម្រាប់​ខ្ញុំ ។ តាម​ដែល​ខ្ញុំ​ដឹង គាត់ពុំ​ដែល​ប្រាប់​នរណា​ម្នាក់នៅ​ក្នុង​វួដ​ថា ខ្ញុំ​ពុំ​បាន​ផ្ដល់​ដំបូន្មាន​ល្អ​កាល​លើក​​ដំបូង​នោះទេ ។ បើ​គាត់​ធ្វើ​ដូចនោះ វា​នឹង​កាត់​បន្ថយ​ជំនឿ​របស់​អ្នក​ដទៃ​នៅ​ក្នុង​វួដ ដើម្បី​ទុកចិត្ត​លើ​ការ​បំផុសគំនិត​របស់​ប៊ីស្សព ។

ខ្ញុំ​ព្យាយាម​មិន​វិនិច្ឆ័យ​ដល់​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ឬ​និយាយ​អំពី​ភាព​ទន់ខ្សោយ​របស់​ពួកគេ ។ ហើយ​ខ្ញុំ​ព្យាយាម​បង្រៀន​រឿង​នោះ​ដោយ​គំនិត​ដល់​កូន​ចៅ​របស់​ខ្ញុំ ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត បាន​ចែកចាយ​គោលការណ៍​មួយ​ដែល​ខ្ញុំ​កំពុង​ព្យាយាម​មាន​ផ្ទាល់ខ្លួន ។ ខ្ញុំ​សូម​ផ្ដល់​វា​ដល់​អ្នក ៖

« យើង…ចាំបាច់​ត្រូវ​គាំទ្រ ហើយជួយ​ដល់​ថ្នាក់ដឹកនាំ ក្នុង​មូលដ្ឋាន​របស់​យើង ដោយសារ​ពួកគាត់…​‹ ត្រូវ​បាន​ហៅ និង​ជ្រើសរើស › ។ សមាជិក​គ្រប់រូប​នៃ​សាសនាចក្រ​នេះ អាច​ទទួល​បាន​ការ​ប្រឹក្សា​មកពី​ប៊ីស្សព ឬ​ប្រធាន​សាខា ប្រធាន​ស្ដេក ឬ​ប្រធាន​បេសកកម្ម និង​ប្រធាន​សាសនាចក្រ ព្រមទាំង​សហការី​របស់​លោក ។ បងប្អូនប្រុស​ទាំង​នេះ ពុំ​មាន​នរណា​ម្នាក់​សុំ​ការហៅ​របស់​គាត់​នេះ​ទេ ។ គ្មាននរណា​ម្នាក់​ល្អ​ឥតខ្ចោះ​នោះទេ ។ ប៉ុន្ដែ​ពួកគេ​គឺ​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ បាន​ហៅ​ដោយ​ទ្រង់​តាមរយៈ​អ្នកទាំងឡាយ​ដែល​មានសិទ្ធិ​ទទួល​ការ​បំផុសគំនិត ។ អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ គាំទ្រ និង​ញែកចេញ​គឺ​មាន​សិទ្ធិ​ទទួលបាន​ការ​ទ្រទ្រង់​គាំទ្រ​របស់​យើង ។

« … ការ​មិន​គោរព​ចំពោះ​ថ្នាក់ដឹកនាំ​បព្វជិត គឺបណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​រងទុក្ខ​ក្នុង​ការ​ធ្លាក់ និង​ភាព​ទន់ខ្សោយ​ខាង​វិញ្ញាណ ។ យើង​គួរ​តែ​មើល​រំលង​នូវ​ភាព​មិន​ល្អឥតខ្ចោះ កំហុស ឬ​ការ​ធ្លាក់​ចុះ​នានា​របស់​បុរស​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​អធិបតី​លើ​យើង ហើយ​តម្កើង​តំណែង​ដែល​ពួកលោក​កាន់ » ( « Called and Chosen» Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៥៤-៥៥ ) ។

ការ​ប្រឹក្សា​នោះ​ប្រទាន​ពរ​ដល់​អ្នក​បម្រើ​របស់​ព្រះ​នៅ​គ្រប់​ស្ថានភាព ។

នៅ​ជំនាន់​មុនក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ថ្នាក់ដឹកនាំ​ដែល​នៅ​ជិត​នឹង​ព្យាការី យ៉ូសែប ស៊្មីធ បាន​ចាប់​ផ្ដើម​និយាយ​អំពី​កំហុស​ឆ្គង​របស់​លោក ។ ទោះ​ជា​ពួកគេ​បាន​ឃើញ និង​បាន​ដឹង​អំពី​ជំហរ​របស់​លោក​ជាមួយ​នឹង​ព្រះអម្ចាស់​ក្ដី ក៏​វិញ្ញាណ​នៃ​ការ​រិះគន់ និង​ការ​ច្រណែន​របស់​ពួកគេ​បាន​សាយភាយ​ដូចជា​គ្រោះ​ចង្រៃ​មួយ ។ មាន​សាវក​ម្នាក់​នៃ​ពួក​ដប់ពីរ​នាក់ បានដាក់បទដ្ឋាន​នៃ​សេចក្ដីជំនឿ ​និង​ភក្ដីភាព​ទាំងអស់​សម្រាប់​យើង ដែល​យើង​ត្រូវ​មាន បើ​យើង​បម្រើ​នៅ​ក្នុង​នគរ​របស់​ព្រះអម្ចាស់ ។

នេះ​ជា​របាយការណ៍ ៖ « ពួក​អែលឌើរ​មួយចំនួន​ត្រូវ​បាន​ហៅ​មក​ក្នុង​ការ​ប្រជុំ​មួយ​នៅ ក្នុង​ព្រះវិហារបរិសុទ្ធ​ចំពោះ​អស់​អ្នកដែល​គិត​ថា​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ខូច​កេរ្តិ៍​ឈ្នោះ ។ ពួកគេ​មាន​បំណង​ចង់​តែងតាំង ដាវីឌ វិតមើរ ជា​អ្នកដឹកនាំ​សាសនាចក្រ​ថ្មី ។… បន្ទាប់ពី​ស្ដាប់​ការ​ឈ្លោះ​ប្រកែក​ទាស់​នឹង​ព្យាការី នោះ ព្រិកហាំ [ យ៉ង់ ] បាន​ក្រោក​ឈរ​ឡើង ហើយ​បាន​ថ្លែង​ទីបន្ទាល់ ‹ យ៉ូសែប ជា​ព្យាការី ហើយ​ខ្ញុំ​ដឹង​រឿងនេះ ហើយ​ថាពួកគេ​អាច​តិះដៀល ហើយប្រមាថ​លោក​ច្រើន​តាម​ដែល​គេ​ពេញចិត្ត តែ​ពួកគេ​មិនអាច​បំផ្លាញ​ការ​តែងតាំង​របស់​ព្យាការី​នៃ​ព្រះ​បាន​ទេ ពួកគេ​អាច​ត្រឹមតែ​បំផ្លាញ​សិទ្ធិអំណាច​របស់​ខ្លួន កាត់​ខ្សែចំណង​របស់​ពួកគេ​នឹង​ព្យាការី ហើយ​នឹង​ព្រះ ហើយ​ពន្លិច​ខ្លួន​គេ​ចូល​ក្នុង​ស្ថាននរក ›» (Church History in the Fulness of Times Student Manual [ សៀវភៅ​សិក្សា​ប្រព័ន្ធអប់រំ​សាសនាចក្រ​ឆ្នាំ ២០០៣ ] ការបោះពុម្ព​លើកទី ២ ទំព័រ ១៧៤ សូមមើល​ផងដែរ Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ៧៩ ) ។

មាន​ខ្សែ​អំបោះ​មួយ​ដែល​ចង​យើង​ទៅ​នឹង​ព្រះអម្ចាស់ នៅក្នុង​ការ​បម្រើ​របស់​យើង ។ វា​មក​ពី​កន្លែង​ដែល​យើង​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​នគរ តាមរយៈ​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​អធិបតី​លើ​យើង​នៅ​ក្នុង​បព្វជិតភាព និង​ចំពោះ​ព្យាការី​ដែល​ចងភ្ជាប់​ទៅនឹង​ព្រះអម្ចាស់ ។ វា​ត្រូវការ​សេចក្ដីជំនឿ និង​ភាព​រាបសាដើម្បី​បម្រើ​នៅក្នុង​កន្លែង​ដែល​យើង​ត្រូវ​បាន​ហៅ ទុកចិត្ត​ថា​ព្រះ​បាន​ហៅ​យើង និង​អ្នកទាំងឡាយ​ដែល​ធ្វើ​ជា​អធិបតី​លើ​យើង ហើយ​គាំទ្រ​ពួកលោក​ដោយ​ជំនឿ​ពេញលេញ ។

ពេលវេលា​នឹង​មកដល់ ដូចជា​កាល​ពី​ជំនាន់​នៃ​ទីក្រុង​ខឺតឡង់ ជា​ពេល​ដែល​យើង​នឹង​ត្រូវការ​សេចក្ដីជំនឿ និង​សេចក្ដីសុចរិត​របស់​ព្រិកហាំ យ៉ង់ ដើម្បី​ឈរ​នៅ​ក្នុង​កន្លែង​ដែល​ព្រះអម្ចាស់​បាន​ហៅ​យើង មាន​ភក្ដី​ចំពោះ​ព្យាការី​របស់​ទ្រង់ និង​ចំពោះ​ថ្នាក់ដឹកនាំ​ដែល​ទ្រង់​បាន​ដាក់​នៅ​កន្លែង​នោះ ។

ខ្ញុំ​ថ្លែង​ជា​សាក្សី​ចំពោះ​បងប្អូន​យ៉ាង​ឧឡារិក និង​អំណរ​ថា ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​កាន់​ចង្កូត​នាវា ។ ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ និង​ពួក​អ្នកបម្រើ​ទ្រង់ ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ថូម៉ាស អេស ម៉នសុន គឺ​ជា​បុរស​តែ​ម្នាក់​គត់​ដែល​កាន់ ហើយ​អនុវត្ត​គ្រប់​កូនសោ​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​នៅលើ​ផែនដី​នា​គ្រានេះ ។ ហើយ​ខ្ញុំ​អធិស្ឋាន​សូម​ពរជ័យ​មាន​ចំពោះ អ្នកបម្រើ​រាបសា​ទាំងអស់​ដែល​ស្ម័គ្រ​បម្រើ យ៉ាង​ល្អ​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​ដឹកនាំ​ដោយ​ផ្ទាល់​អង្គ​ទ្រង់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា យ៉ូសែប ស្ម៊ីធ បាន​ឃើញព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួក​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទៅកាន់​លោក ។ កូនសោ​នៃ​បព្វជិតភាព​ត្រូវ​បាន​ស្ដារឡើងវិញ​សម្រាប់​ជា​ពរជ័យ​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ។ វា​គឺ​ជា​បេសកកម្ម​របស់​យើង និង​ទំនុកចិត្ត​របស់​យើង​ដើម្បី​បម្រើ​នៅកន្លែង​របស់​យើង សម្រាប់​បុព្វហេតុ​របស់​ព្រះអម្ចាស់ ។ នៅក្នុងព្រះនាម​នៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។