ឆ្នាំ ២០១០-២០១៩
បព្វជិតភាព និង​ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះអង្គសង្គ្រោះ
ខែ តុលា ២០១៧


បព្វជិតភាព និង​ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះអង្គសង្គ្រោះ

ដើម្បី​ឲ្យ​ព្រះ​រាជបំណង​របស់​ព្រះបិតាសួគ៌​បាន​សម្រេច ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះ​គ្រីស្ទ​ចាំបាច់​ត្រូវ​មាន​សម្រាប់​កូនចៅ​របស់​ព្រះ ។ អ្នក​កាន់​បព្វជិតភាព​ផ្ដល់​នូវ​ឱកាស​ទាំងនេះ ។

សូម​នឹក​ស្រមៃ​ជាមួយ​នឹង​ខ្ញុំ​ថា មានកាំជ្រួច​រ៉ូកែត​មួយ​ត្រូវ​បាន​គេ​រៀបចំ​ដាក់​ចូល​ទៅ​កន្លែង​បញ្ជាបង្ហោះ ដើម្បី​ត្រៀម​បាញ់​បង្ហោះ​ឡើង ។ ឥឡូវ​សូម​ស្រមៃ​អំពី​ការ​បញ្ឆេះ​ឲ្យ​ហោះ​ឡើង ។ ប្រេងសាំង នៅ​ពេល​ឆេះ​ដោយ​មាន​ការ​គ្រប់គ្រង គឺ​ត្រូវ​បាន​បំលែង​ទៅ​ជា​ឧស្ម័ន​ក្ដៅ​ដែល​ជា​កម្លាំង​ជំរុញ ដ៏​ចាំបាច់​ដើម្បី​រុញ​កាំជ្រួច​ទៅ​ក្នុង​អវកាស ។ ជា​ចុង​ក្រោយ ចូរ​ស្រមៃ​អំពី​ក្បាល​គ្រាប់​រ៉ូកែត​នោះ ។ ក្បាល​គ្រាប់​រ៉ូកែត​មាន​គុណ​តម្លៃ​ពេញ​លេញ លុះត្រា​ណា​វា​ទៅ​ដល់កន្លែង​ដែល​វា​ត្រូវ​ទៅ ហើយ​មាន​ដំណើរ​ការ​​ធម្មតា ។ អ្នក​ពុំ​ចាំបាច់​ជា​អ្នក​វិទ្យាសាស្ត្រ​ខាង​កាំជ្រួច​រ៉ូកែត​ ដើម្បី​ដឹង​ថា​ផ្កាយ​រណប​ទំនាក់ទំនង​ជា​សាកល​ដ៏​មាន​តម្លៃ​ថ្លៃ​មួយ ត្រូវ​បាន​ថយ​ចុះ​គុណ​តម្លៃ​ពេល​ទុក​វា​នៅ​ក្នុង​ឃ្លាំង​ចោល​មួយ​នោះ​ទេ ។ បេសកកម្ម​របស់​កាំជ្រួច​រ៉ូកែត​មួយ គឺ​គ្រាន់​តែ​ដើម្បី​បញ្ជូន​ក្បាល​គ្រាប់​រ៉ូកែត​មួយ​ប៉ុណ្ណោះ ។

ល្ងាច​នេះ ខ្ញុំ​ចង់ប្រៀបធៀប បព្វជិតភាព​ដែល​យើង​កាន់ ទៅ​នឹង​កាំជ្រួច​រ៉ូកែត​មួយ និង​ឱកាសទទួល​ប្រយោជន៍​មក​ពី​ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះអង្គសង្គ្រោះ ទៅ​នឹង​គ្រាប់​ក្បាល​រ៉ូកែត​មួយ ។

ដោយសារ​ពលិកម្ម​ធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ មាន​ព្រះចេស្ដា និង​សិទ្ធិអំណាច​ដើម្បី​ប្រោសលោះ​មនុស្ស​លោក​ទាំងអស់ ។ ដើម្បី​ធ្វើ​ឲ្យ​ព្រះចេស្តា​ដ៏​ធួន​របស់​ទ្រង់​អាច​ចូល​ដំណើរការ​បាន ទ្រង់​បាន​ផ្ទេរ​ព្រះចេស្ដា និង​សិទ្ធិអំណាច​របស់​ទ្រង់​មួយ​ចំណែក​ឲ្យ​បុរស​នៅ​លើ​ផែនដី ។ អំណាច និង​សិទ្ធិ អំណាច ដែល​បាន​ផ្ទេរឲ្យ​នេះ​ត្រូវ​បាន​ហៅ​ថាបព្វជិតភាព។ វា​អនុញ្ញាត​ឲ្យ​អ្នក​កាន់បព្វជិតភាព​ជួយ​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់—ដើម្បី​នាំ​ឲ្យ​មាន​សេចក្ដីសង្គ្រោះ និង​ភាព​តម្កើង​ឡើង​ដល់​កូនចៅ​របស់​ព្រះ ។ វា​ដំណើរការ​ដូច្នោះ ដោយសារ​វា​ផ្ដល់​ឱកាស​ដល់​កូនចៅ​របស់​ទ្រង់​ដើម្បី​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះអង្គសង្គ្រោះ ។

ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ចាំបាច់ណាស់ ដោយសារ​តែ​គ្មាន​យើង​ណា​ម្នាក់​អាច​ត្រឡប់​ទៅ​គេហដ្ឋាន​សួគ៌​របស់​យើង​វិញ​ដោយ​គ្មាន ជំនួយ​បាន​ទេ ។ នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ យើង​តែងតែ​មាន​កំហុស ហើយ​ល្មើស​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ ។ យើង​បាន​ជាប់​ប្រឡាក់​ដោយ​អំពើបាប ហើយ​មិន​អាច​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅរស់នៅក្នុង​វត្តមាន​របស់​ព្រះ​វិញ​បាន​ទេ ។ យើង​ត្រូវការ​ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​យើង​អាច​ត្រូវ​បាន​ផ្សះផ្សារ​នឹង​ព្រះវរបិតាសួគ៌ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្ដាច់​ចំណង​នៃ​សេចក្ដីស្លាប់​ខាង​រូបកាយ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​រស់ឡើងវិញ​ដល់​មនុស្ស​គ្រប់​រូប ។ ទ្រង់​ប្រទាន​ការ​អភ័យទោស​ដល់​អំពើបាប តាម​រយៈ​ការគោរព​ប្រតិបត្តិ​ចំពោះ​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ តាមរយៈ​ទ្រង់ ភាពតម្កើងឡើង​ត្រូវ​បាន​ផ្ដល់​ឲ្យ ។ ឱកាស​ទទួល​បាន​ប្រយោជន៍​មក​ពី​ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ គឺ​ជា​ក្បាល​គ្រាប់​រ៉ូកែត​ដ៏​សំខាន់​បំផុត​របស់​ការ​បង្កបង្កើត ។

ដើម្បី​ឲ្យ​ព្រះ​រាជបំណង​របស់​ព្រះបិតាសួគ៌​បាន​សម្រេច ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះ​គ្រីស្ទ ចាំបាច់​ត្រូវ​មាន​សម្រាប់​កូនចៅ​របស់​ព្រះ ។ បព្វជិតភាព​ផ្ដល់​នូវ​ឱកាស​ទាំងនេះ ។ វា​គឺ​ជា​កាំជ្រួច​រ៉ូកែត ។ បព្វជិតភាព​គឺ​សំខាន់​ណាស់ ដោយសារ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ដ៏​ចាំបាច់​នៅលើ​ផែនដី​ត្រូវ​បាន​ធ្វើ​ឡើង​តែ​តាមរយៈ​សិទ្ធិអំណាច​នេះ​ប៉ុណ្ណោះ ។ បើ​បព្វជិតភាព​ពុំ​បាន​ផ្ដល់​ឱកាស​ដើម្បី​ជា​ប្រយោជន៍​មក​ពី​ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះអង្គសង្គ្រោះ​ទេ តើ​គោលបំណង​របស់​វា​ជា​អ្វី​ទៅ ? តើ​វា​គ្រាន់​តែ​ជា​អ្វី​មួយ​ដែល​ទាក់ទាញ​មនុស្ស ជាអ្វី​មួយ​ដែល​លាន់ឮ​ឲ្យ​គេចាប់​អារម្មណ៍​ឬអី ? ព្រះ​មាន​ព្រះរាជបំណង​ចង់​ឲ្យ​ប្រើ​បព្វជិតភាព​ឲ្យ​បាន​ច្រើន​លើស​ពី​ការ​ដែល​គ្រាន់តែ​ជា​ថ្នាក់​មួយ​នៅ​ថ្ងៃ​អាទិត្យ ឬ​ជា​ឱកាស​បម្រើ​មួយ​ទៅ​ទៀត ។ ទ្រង់​មាន​ព្រះរាជបំណង​ចង់​ឲ្យ​វា​បញ្ជូន​ក្បាល​គ្រាប់​រ៉ូកែត​នោះ​ទៅ ។

ការ​ខ្វះខាត​បន្ដិចបន្ដួច​នៅ​ក្នុង​កាំជ្រួច​រ៉ូកែត​នានាអាច​ធ្វើ​ឲ្យ​​បេសកកម្ម​បរាជ័យ ។ បើ​កន្លែង​ផ្សារ​បាក់​បែក ហើយ​ដែក​តួ​កាំជ្រួច​ពុំ​រឹងមាំ វា​អាច​ធ្វើ​ឲ្យ​កាំជ្រួច​មួយ​ពុំ​ដំណើរ​ការ ។ ដើម្បី​ការពារ​បព្វជិតភាព​ពី​ការ​បែកបាក់​កន្លែង​ផ្សារភ្ជិត និង​ដែកតួ​ពុំ​រឹងមាំ នោះ​ព្រះ​ការ​ពារ​ទាំង​ការ​ប្រគល់​ឲ្យ និង​ការ​ប្រើប្រាស់ ។ ការ​ប្រគល់​បព្វជិតភាព គឺ​ត្រូវ​បាន​ការ​ពារ​ដោយ​កូនសោ​បព្វជិតភាព ដែល​​ជា​សិទ្ធិ​នៃ​គណៈប្រធាន​ដែល​បាន​ផ្ដល់​ទៅ​ឲ្យ​មនុស្ស ។ ដូច​គ្នា​នេះ​ដែរ​ការ​ប្រើ​ប្រាស់​បព្វជិតភាព គឺ​ត្រូវ​បាន​ការពារ​ដោយកូនសោ​បព្វជិតភាព និង​សេចក្ដីសញ្ញា​ដែល​អ្នក​កាន់​បព្វជិតភាព​បាន​ធ្វើ ។ ហេតុដូច្នោះ​ហើយ​ការប្រើ​ប្រាស់​បព្វជិតភាព គឺ​ត្រូវ​បាន​គ្រប់គ្រង ទាំង​តាមរយៈ​កូនសោ​បព្វជិតភាព និង​សេចក្ដីសញ្ញា ។ ការ​អនុញ្ញាត​ខាង​បព្វជិតភាព​របស់​បុរស​ម្នាក់ គឺ​ត្រូវ​បាន​ប្រគល់​ឲ្យ​ជា​បុគ្គល ប៉ុន្តែ​ពុំ​ឯករាជ្យ​តែ​ឯង​នោះ​ទេ​ បព្វជិតភាព​ពុំ​មែន​ជា​ប្រភព​នៃ​អំណាច​ស្វ័យត​អរូបី​នោះ​ទេ ។

ទាំង​បព្វជិតភាព​អើរ៉ុន និង​មិលគីស្សាដែក គឺ​ត្រូវ​បាន​ទទួល​ដោយ​សេចក្ដីសញ្ញា ។ ព្រះ​កំណត់​លក្ខខណ្ឌ ហើយ​មនុស្ស​ទទួល​យក ។ និយាយ​ជា​ទូទៅ អ្នកកាន់បព្វជិតភាព​ចុះ​សេចក្ដីសញ្ញា​ដើម្បី​ជួយ​ព្រះ​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។ នៅ​ដើម​ដំបូង​នៃ​គ្រាកាន់កាប់ត្រួតត្រា​នេះ ព្រះយេស៊ូវគ្រីស្ទ​បាន​ពន្យល់​ថា​សេចក្ដីសញ្ញា​បព្វជិតភាព « បាន​បញ្ជាក់​មក​លើ​អ្នករាល់គ្នា​ដែល​ត្រូវ​បាន​បញ្ជាក់​មក​លើ​អ្នក ជា​ប្រយោជន៍​ដល់​អ្នក ហើយ​ពុំ​មែនជា​ប្រយោជន៍​ដល់​អ្នក​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ប្រយោជន៍​ដល់​ពិភពលោក​ទាំងមូល…ពីព្រោះ​ពួកគេ​ពុំ​មក​រក​យើង​ឡើយ » ។

ការណ៍​នេះ​បង្រៀន​ថា​គោលបំណង​នៃ​បព្វជិតភាព​គឺ​ដើម្បី​អញ្ជើញ​អ្នកដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ដោយ​ការ​ជួយ​ពួកគេ​ទទួល​បាន​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ។ យើង​មាន​បព្វជិតភាព​ដើម្បី​យើងអាច​ជួយ​​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ​ឲ្យ​បាន​ស្រាល​ពី​បន្ទុក​នៃ​អំពើបាប ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ តាមរយៈ​បព្វជិតភាព អំណាច​នៃ​សេចក្ដីល្អ គឺ​បង្ហាញ​ឡើង​នៅ​ក្នុង​ជីវិត​នៃ​អស់​អ្នក​ដែល​ធ្វើ ហើយ​រក្សា​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ ហើយ​ទទួល​ពិធីបរិសុទ្ធ​ដែល​ជាប់​ទាក់ទង ។ នេះ​គឺជា​របៀប​ដែល​យើង​ម្នាក់ៗ​មក​រក​ព្រះគ្រីស្ទ គឺ​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ហើយ​ត្រូវ​បាន​ផ្សះផ្សារ​នឹង​ព្រះ ។ ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះគ្រីស្ទ គឺ​មាន​ឡើង​តាមរយៈ​បព្វជិតភាព​ដែល​ដឹកនាំ​ក្បាល​គ្រាប់​រ៉ូកែត​នោះ ។

សេចក្ដី​សញ្ញា​ជាមួយ​ព្រះ គឺ​ជា​រឿង​សំខាន់ ហើយ​ឧឡារិក​ណាស់ ។ បុរស​ម្នាក់​គួរ​រៀបចំ​ខ្លួន​រៀន ហើយ​ចូល​ទៅ​ក្នុង​សេចក្ដីសញ្ញា​ដូច្នេះ​ដោយ​មាន​បំណង​គោរពតាម​សេចក្ដីសញ្ញា​ទាំង​នោះ ។ សេចក្តីសញ្ញា​មួយ​ក្លាយជា​ការ​សច្ចា​ផ្ទាល់​ខ្លួន ។ ខ្ញុំ​ថា​ឡើង​វិញ​តាម​អ្នក​និពន្ធ​អង់គ្លេស ឈ្មោះ Robert Bolt ថា​បុរស​ម្នាក់​ចុះ​សេចក្ដីសញ្ញា​មួយ តែ​ពេល​គាត់​ចង់​តាំង​ចិត្ត​ចំពោះ​ការ​សន្យា​មួយ​ជា​ពិសេស​ប៉ុណ្ណោះ ។ គាត់​ធ្វើ​ការ​សម្គាល់​រវាង​សេចក្ដីពិត​នៃ​ការ​សន្យា​នោះ និង​គុណធម៌​ផ្ទាល់​ខ្លួន​របស់​គាត់ ។ នៅពេល​បុរស​ម្នាក់​ចុះ​សេចក្ដីសញ្ញា​មួយ គឺ​គាត់​កំពុង​ទប់​ខ្លួន​គាត់ ដូចជា​ក្បង់​ទឹក​នៅ​ក្នុង​ដៃ​អញ្ចឹង​ដែរ ។ ហើយ​បើ​គាត់​លា​ម្រាមដៃ នោះ​គាត់​ពុំ​សង្ឃឹម​ថា​នឹង​រក​ឃើញ​ខ្លួន​ឯង​ម្ដងទៀត​ទេ ។ អ្នក​រំលង​សេចក្ដីសញ្ញា​ពុំ​តាំង​ចិត្ត​ខ្លួន​ឯង ឬ​អះអាង​ថា​ផ្ដល់​ឲ្យ​ទៀតទេ ។

អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ម្នាក់​ចុះ​សេចក្ដីសញ្ញា​ថា​ចៀសវាង​ពី​សេចក្ដីអាក្រក់ ជួយ​ដល់​អ្នកដទៃ​ឲ្យ ផ្សះផ្សារ​នឹង​ព្រះ ហើយ​រៀបចំខ្លួន​ដើម្បី​ទទួល​បព្វជិតភាព​មិលគីស្សាដែក ។ ការ​ទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​នេះ ត្រូវ​បាន​បំពេញ នៅពេល​គាត់​បង្រៀន ជ្រមុជទឹក ពង្រឹង​ដល់សមាជិក​សាសនាចក្រ ហើយ​អញ្ជើញ​អ្នកដទៃ​ឲ្យ​ទទួល​ដំណឹងល្អ ។ ទាំង​នេះ​គឺជា​មុខងារ​ទាំងឡាយ​នៃ « កាំជ្រួច » របស់​គាត់ ។ ត្រឡប់មក​វិញ ព្រះ​សន្យា​នូវ​សេចក្ដីសង្ឃឹម ការ​អភ័យទោស ការ​បម្រើ​នៃពួកទេវតា និង​កូនសោ​នៃ​ដំណឹងល្អ​នៃ​ការ​ប្រែចិត្ត និង​ពិធី​បុណ្យ​ជ្រមុជទឹក ។១០

អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ចុះសេចក្តីសញ្ញា​ដើម្បី​បំពេញ​ការ​ទទួលខុសត្រូវ​ដែល ជាប់ទាក់ទង​នឹង​បព្វជិតភាព​អើរ៉ុន ហើយ​តម្កើង​ការ​ហៅ​របស់​គាត់​នៅ​ក្នុង​បព្វជិតភាព​មិលគីស្សាដែក ។១១ គាត់​ធ្វើ​ដូច្នោះ​តាមរយៈ​ការ​រក្សា​បទបញ្ញត្តិ​ដែល​ជាប់​ទាក់ទង​នឹង​សេចក្ដីសញ្ញា ។ បទបញ្ញត្តិ​ទាំងនេះ​រួមមាន​ការ « ឲ្យ​ប្រយ័ត្ន​ប្រយែង​ខ្លួន ដើម្បី​ព្យាយាម​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំងឡាយ​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប » ១២ ការ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​កិច្ចការ​ថ្ងៃ​ចុង​ក្រោយ​របស់​ទ្រង់ ១៣ ពុំ​មាន​អំនួត ១៤ ហើយ​ក្លាយ​ជា​មិត្ត​របស់​ព្រះអង្គ​សង្គ្រោះ ទុកចិត្ត​ទ្រង់​ដូចជា​មិត្ត ។១៥

ត្រឡប់​មក​វិញ ព្រះ​សន្យា​ថា​អ្នក​កាន់បព្វជិតភាព​មិលគីស្សាដែក នឹង​ទទួល​កូនសោ​ដើម្បី​យល់​ដឹង​អំពី​អាថ៌កំបាំង​ទាំងឡាយ​របស់​ព្រះ ។ គាត់​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ល្អ​ឥតខ្ចោះ​ដើម្បី​គាត់អាច​ឈរ​នៅក្នុង​វត្តមាន​របស់​ព្រះ ។ គាត់​នឹង​អាច​បំពេញ​តាម​តួនាទី​របស់​គាត់​នៅ ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។ ព្រះយេស៊ូវគ្រីស្ទ​នឹង​រៀបចំ​ផ្លូវ​ពីមុខ​អ្នក​កាន់​បព្វជិតភាព ហើយ​នឹង​គង់​នៅ​ជាមួយ​គេ ។ ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ស្ថិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក​កាន់​បព្វជិតភាព ហើយ​ពួក​ទេវតា​នឹង​លើក​គេ​ឡើង ។ រូបកាយ​របស់​គាត់​នឹង​ត្រូវ​បាន​ពង្រឹង ហើយ​ធ្វើ​ឲ្យ​ថ្មី​ឡើង​វិញ ។ គាត់​នឹង​ក្លាយ​ទៅ​ជា​អ្នក​ទទួល​គ្រង​ពរជ័យ​ទាំងឡាយ​របស់​អ័ប្រាហាំ ព្រម​ជាមួយ​នឹងភរិយា​គាត់ ជា​អ្នក​គ្រង​មរតក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅកាន់​នគរ​របស់​ព្រះបិតាសួគ៌ ។១៦ ទាំង​នេះ​គឺជា « សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង » ។១៧ គ្មាន​ការ​សន្យា​ណា​មហិមា​ជាង​នេះ ដែល​អាច​នឹក​ស្រមៃ​ឃើញ​ទេ ។

ចំពោះ​បុរស​ម្នាក់ៗ ដែល​ទទួល​បព្វជិតភាពមិលគីស្សាដែក ព្រះ​បញ្ជាក់​ពី​ការ​សន្យា​ក្នុង​សេចក្ដីសញ្ញា​របស់​ទ្រង់​ដោយ​ពាក្យ​សម្បថ​មួយ ។១៨ ពាក្យ​សម្បថ​នេះ​មាន​ចំពោះ​តែ​បព្វជិតភាព​មិលគីស្សាដែកប៉ុណ្ណោះ១៩ ហើយ​គឺ​ជា​ព្រះ​ដែល​ស្បថ​សម្បថ​នោះ ពុំ​មែន​ជា​អ្នក​កាន់បព្វជិតភាព​ទេ ។២០ ពីព្រោះ​តែ​ស្ថានភាព​ពិសេស​នេះ ជាប់​ទាក់ទង​នឹង​អំណាច និង​សិទ្ធិអំណាច​ជា​ព្រះ​របស់​ទ្រង់ ព្រះ​ប្រើ​ពាក្យ​សម្បថ​មួយ ដោយ​ប្រើ​ភាសា​បង្ខំ​បំផុត​តាម​ដែល​ទ្រង់​អាច​ធ្វើ​បាន ដើម្បី​ប្រាកដ​ថា​យើង​ចងភ្ជាប់ ហើយ​នៅជាប់​នឹង​ការ​សន្យា​របស់​ទ្រង់ ។

នឹង​កើត​មាន​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ ដោយ​សារ​ការ​រំលង​សេចក្ដីសញ្ញា​បព្វជិតភាព ហើយ​ងាក​ចេញ​ពី​វា​នោះ ។២១ ការ​មិន​យក​ចិត្ត​ទុកដាក់ ឬ​មិន​ចាប់​អារម្មណ៍​នឹង​ការ​ហៅ​បព្វជិតភាព គឺ​ដូចជា​ការ​ដាក់​ដែក​តួ​កាំជ្រួច​ចូល​ទៅក្នុងសមាសភាគ​កាំជ្រួច​ដូច្នោះដែរ ។ ការ​ប្រថុយប្រថាន​ចំពោះ​សេចក្ដីសញ្ញា​បព្វជិតភាព ដោយសារ​វា​អាច​នាំ​ឲ្យ​បេសកកម្ម​បរាជ័យ ។ ការ​មិន​គោរព​ប្រតិបត្តិ​ចំពោះ​បទបញ្ញត្តិ​របស់​ព្រះ ផ្ដាច់​នូវ​​សេចក្ដីសញ្ញា ។ ពរជ័យ​ដែល​បាន​សន្យា​នឹង​ត្រូវ​ដកចេញ ពី​អ្នក​ដែល​បំពាក់សេចក្ដីសញ្ញា​ដោយ​ពុំប្រែចិត្ត​ជានិរន្ដរ​នោះ ។

ខ្ញុំ​បាន​យល់​កាន់​តែ​ពេញ​លេញ​អំពី​ទំនាក់ទំនង​រវាង​កាំជ្រួច « បព្វជិតភាព » និង​ក្បាល​គ្រាប់​រ៉ូកែត « ឱកាស​ដើម្បី​ទទួល​បាន​ប្រយោជន៍​មកពី​ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះគ្រីស្ទ » កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ។ អំឡុង​ចុង​សប្ដាហ៍​មួយ ខ្ញុំ​មាន​ការចាត់តាំង​ចំនួន​ពីរ ។ ទីមួយ គឺ​បង្កើត​ស្ដេក​ទីមួយ​នៅក្នុង​ប្រទេស​មួយ ហើយ​ការ​ចាត់តាំង​មួយ​ទៀត គឺសម្ភាស​យុវជន​ម្នាក់ ហើយបើ​អ្វីៗ​ដំណើរ​ការ​តាម​លំដាប់​លំដោយ ដើម្បីស្ដារ​បព្វជិតភាព និងពរជ័យ​ព្រះវិហារបរិសុទ្ធ​របស់​គាត់​ឡើង​វិញ ។ បុរស​វ័យ ៣០ ឆ្នាំ​រូបនេះ បាន​ចូលរួម​ក្នុង​សាសនាចក្រ​ពេល​គាត់​ធំ​ពេញ​វ័យ ។ គាត់​បាន​បម្រើ​បេសកកម្ម​ប្រកប​ដោយ​កិត្តិយស ។ ប៉ុន្តែ​នៅពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ គាត់​បាន​វង្វេង​ផ្លូវ ហើយ​បាន​បាត់បង់​សមាជិកភាព​របស់​គាត់​នៅក្នុង​សាសនាចក្រ ។ បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​ក្រោយមក គាត់« បាន​ដឹង​ខ្លួន » ២២ ហើយ​ដោយ​មាន​ជំនួយ​មកពី​អ្នកដឹកនាំ​បព្វជិតភាព​ជា​ទីស្រឡាញ់ និង​សមាជិក​ដែល​មាន​សន្ដានចិត្ត​ល្អ នោះ​គាត់​បាន​ប្រែចិត្ត ហើយ​អនុញ្ញាត​ឲ្យ​ចូល​មកវិញ តាមរយៈ​ពិធី​បុណ្យ​ជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ ។

ក្រោយមក គាត់​បាន​ស្នើសុំ​ដើម្បី​ឲ្យ​បព្វជិតភាព និង​ពរជ័យ​ព្រះវិហារបរិសុទ្ធ​របស់​គាត់​បាន​ស្ដារ​ឡើង​វិញ ។ ពួក​យើង​បាន​ណាត់ជួប​គ្នា​នៅ​ថ្ងៃ​សៅរ៍ ម៉ោង ១០ ព្រឹក នៅ​ក្នុង​សាលាប្រជុំ​មួយ ។ នៅពេល​ខ្ញុំ​បាន​ទៅ​ដល់​សម្រាប់​ការ​​សម្ភាស​ពីមុន​នោះ​ស្រាប់តែ​គាត់​បាន​ទៅ​ដល់​ទីនោះ​មុន​ទៅ​ហើយ ។ គាត់​រំភើបចិត្ត​យ៉ាងខ្លាំង​ដើម្បី​ទទួល​បព្វជិតភាព​ម្ដងទៀត គាត់​ពុំ​អាច​រង់ចាំ​ត​ទៀត​ទេ ។

អំឡុង​ពេល​សម្ភាស ខ្ញុំ​បាន​បង្ហាញ​​គាត់​នូវ​សំបុត្រ​មួយ​ដែល​ពន្យល់​ថា ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មើល​ការ​ស្នើសុំ​របស់​គាត់​ដោយ​ផ្ទាល់ ហើយ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ធ្វើការ​សម្ភាស ។ យុវជន​ដែល​មានអំណត់​នេះ​បាន​យំ ។ បន្ទាប់​​មក​ខ្ញុំ​បាន​ប្រាប់​គាត់​ថា កាលបរិច្ឆេទ​នៃ​ការ​សម្ភាស​របស់​យើង នឹង​ពុំ​មាន​ន័យ​ជា​ផ្លូវ​ការ​ក្នុង​ជីវិត​គាត់​ទេ ។ គាត់​បាន​មើល​មុខ​ខ្ញុំ​ទាំង​ស្រឡាំងកាំង ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា បន្ទាប់​ពី​ខ្ញុំ​បាន​ស្ដារ​ពរជ័យ​របស់​គាត់ នោះ​កំណត់ត្រា​សមាជិកភាព​របស់​គាត់ នឹង​បង្ហាញ​តែ​កាលបរិច្ឆេទ​ដើម​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក ពិធី​បញ្ជាក់ និង​ការ​តែងតាំង​បព្វជិតភាព និង​អំណោយទាន​ពិសិដ្ឋ​របស់​គាត់​តែ​ប៉ុណ្ណោះ ។ គាត់​បាន​យំ​ម្ដងទៀត ។

ខ្ញុំ​បាន​សុំ​គាត់​ឲ្យ​អាន​គោលលទ្ធិ និង សេចក្តីសញ្ញា ៖

« មើល​ចុះ អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន អ្នក​ឈ្មោះ​ថា​បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់​មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ ។

« តាម​របៀប​នេះ អ្នករាល់គ្នា​អាច​ដឹង បើ​សិន​ជា​មនុស្ស​ណា​ម្នាក់​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន—មើលចុះ អ្នក​នោះ​នឹងសារភាព​អំពី​អំពើ​បាប​ទាំងឡាយ ហើយ​លះ​បង់​ចោល​អំពើ​បាប​ទាំង​នោះ » ។២៣

គាត់​បាន​យំ​ជា​លើក​ទី​បី ។ បន្ទាប់មក ខ្ញុំ​បាន​ដាក់​ដៃ​របស់​ខ្ញុំ​លើ​ក្បាល​គាត់ ហើយ​នៅក្នុង​នាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដោយ​សិទ្ធិអំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក និង​ដោយ​មាន​ការ​អនុញ្ញាត​របស់​ប្រធានសាសនាចក្រ ខ្ញុំ​បាន​ស្ដារ​បព្វជិតភាព និង​ពរជ័យ​ព្រះវិហារបរិសុទ្ធ​របស់​គាត់​ឡើង​វិញ ។

អំណរ​ដែល​យើងមាន​គឺ​អស្ចារ្យ​ណាស់ ។ គាត់​បាន​ដឹង​ថា​គាត់​មាន​សិទ្ធិអំណាច​ដើម្បី​កាន់ និង​អនុវត្ត​បព្វជិតភាព​នៃ​ព្រះ​សារ​ជា​ថ្មី ។ គាត់​បាន​ដឹង​ថា​ពរជ័យ​ព្រះវិហារបរិសុទ្ធ​របស់​គាត់​មាន​ប្រតិបត្តិការ​ពេញ​លេញ​ម្ដងទៀត ។ គាត់​បាន​សប្បាយចិត្ត​គ្រប់​ទង្វើរ​របស់​គាត់ ។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​គាត់​ណាស់ ហើយខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​ក៏​មាន​មោទនភាព​ចំពោះ​គាត់​ផងដែរ ។

បន្ទាប់​ពី​នោះមក ស្ដេក​ត្រូវ​បាន​រៀបចំ​ឡើង ។ ការ​ប្រជុំ​ទាំងឡាយ​មាន​ពួកបរិសុទ្ធ​ស្មោះត្រង់​ចូល​រួម​យ៉ាង​ក្លៀវក្លា ហើយ​គណៈប្រធាន​ស្ដេក​ដ៏​ល្អ​មួយ​ត្រូវ​បាន​គាំទ្រ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​សម្រាប់​ខ្ញុំ ឱកាស​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ការ​រៀបចំ​ស្ដេក​ដំបូង​នៅក្នុង​ប្រទេស​មួយ​នេះ ត្រូវ​បាន​គ្របដណ្ដប់​ដោយ​អំណរ ដែល​ខ្ញុំ​មាន​ក្នុង​ការ​ស្ដារ​ពរជ័យ​ទាំងឡាយ​ទៅ​ដល់​យុវជន​រូប​នេះ​ទៅ​វិញ ។

ខ្ញុំ​បាន​ដឹង​ថា គោលបំណង​នៃ​ការ​រៀបចំ​ស្ដេក​មួយ ឬ​ការ​ប្រើ​បព្វជិតភាព​របស់​ព្រះ​ក្នុង​វិធី​ផ្សេងៗ គឺ​ដើម្បី​ជួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅ ក្នុង​កិច្ចការ​របស់​ពួកទ្រង់—ដើម្បី​ផ្ដល់​ឱកាស​សម្រាប់​ការ​ប្រោសលោះ និង​ភាព​តម្កើង​ឡើង​ដល់​កូនចៅ​ម្នាក់ៗ​របស់​ព្រះ ។ ដូចជា​គោលបំណង​របស់​កាំជ្រួច​​គឺ ដើម្បីបញ្ជូន​ក្បាល​គ្រាប់​រ៉ូកែត​មួយ​ដែរ បព្វជិតភាព​បញ្ជូន​សារ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​អាច​ធ្វើ​សេចក្ដីសញ្ញា ហើយ​ទទួល​ពិធីបរិសុទ្ធ​ដែល​មាន​ជាប់​ទាក់ទង ។ « ព្រះ​លោហិត​ដ៏​ធួន​នៃ​ព្រះ​គ្រីស្ទ »២៤ អាច​អនុវត្ត​នៅក្នុង​ជីវិត​របស់​យើង នៅពេល​យើង​ទទួល​បទពិសោធន៍​នៃ​ឥទ្ធិពល​ញែកចេញ​ជា​បរិសុទ្ធ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទទួល​ពរជ័យទាំង​ឡាយ​ដែល​ព្រះ​សន្យា ។

បន្ថែម​ពី​លើ​ការ​គោរព​តាម​ច្បាប់ និង​ពិធីបរិសុទ្ធ​នៃ​ដំណឹង​ល្អ​របស់​បង​ប្អូន​ផ្ទាល់ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ ហើយ​រក្សា​សេចក្ដីសញ្ញា​បព្វជិតភាព ។ សូម​ទទួលយក​សម្បថ​របស់​ព្រះ និង​ការ​សន្យា​របស់​ទ្រង់ ។ សូម​តម្កើង​ការ​ទទួលខុសត្រូវ​របស់​អ្នក​នៅ​ក្នុង​បព្វជិតភាព​ដើម្បី​ជួយ​​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ប្រើ​បព្វជិតភាព​ដើម្បី​ជួយ​បញ្ជូន​ឱកាស​ទទួល​ផលប្រយោជន៍​មកពី​ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះអង្គសង្គ្រោះ​ទៅ​ដល់​នរណា​ម្នាក់​ទៀត ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ នោះ​ពរជ័យ​ដ៏​មហិមា​ទាំងឡាយ​នឹង​កើត​មាន​ចំពោះ​អ្នក និង​គ្រួសារ​អ្នក ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​ដ៍​ប្រោសលោះ​មាន​ព្រះជន្ម​រស់ ហើយ​ដឹកនាំ​កិច្ចការ​នេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។