ឆ្នាំ ២០១០-២០១៩
ដំណើរ​មាន​បន្ត​ទៅ​មុខ​ទៀត !
ខែ តុលា ២០១៧


ដំណើរ​មាន​បន្ត​ទៅ​មុខ​ទៀត !

ដំណើរ​ត្រឡប់​ទៅ​កាន់​ព្រះវរបិតា​សួគ៌​វិញ​គឺ​ជា​ដំណើរ​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​របស់​យើង ។

មួយ​រយ​ចិត​សិប​ឆ្នាំ​កន្លង​ទៅ ព្រិកហាំ យ៉ង់ បាន​ឃើញ​ជ្រលង​ភ្នំ សលត៍ លេក​ជា​លើក​ដំបូង លោក​បាន​មាន​ប្រសាសន៍​ថា « នេះ​ជា​ទីកន្លែង​ដ៏​ត្រឹមត្រូវ ! » ។ គាត់​បាន​ដឹង​ថា នេះ​គឺ​ជា​ទីកន្លែង​ត្រឹមត្រូវ ដោយសារ​ព្រះអម្ចាស់​បាន​បើក​សម្តែង​ដល់​លោក ។

ត្រឹមឆ្នាំ ១៨៦៩ មាន​ពួក​បរិសុទ្ធ​ជាង ៧០,០០០ នាក់​បាន​ធ្វើ​ដំណើរ​ស្រដៀង​គ្នា​នេះ ។ ទោះបើ​មាន​ភាសា វប្បធម៌ និង សញ្ជាតិ​ខុសៗ​គ្នា​ជាច្រើន​ក្តី ពួកគេ​មាន​ទីបន្ទាល់​ដូច​គ្នា​អំពី​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ ការស្តារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​បំណង​ប្រាថ្នា​ដើម្បី​ស្ថាបនា​ក្រុង​ស៊ីយ៉ូន—ជា​ទីកន្លែង​នៃ​ភាពសុខសាន្ត សុភមង្គល និង​មាន​ភាព​ស្រស់​បំព្រង​ក្នុង​ការ​រៀបចំ​សម្រាប់​ការ​យាង​មក​វិញ​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។

រូបភាព
ជេន មែននីង ជែមស៍

ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ដំបូង​ដែល​បាន​ចូល​មក​ដល់​រដ្ឋ​យូថាហ៍ គឺ​មាន ជេន មែននីង ជែមស៍—ជា​កូនស្រី​របស់​ទាសករ​ដែល​មាន​សេរីភាព ជា​អ្នក​ប្រែចិត្ត​ជឿ​មក​ក្នុង​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ និង​ជា​សិស្ស​ដ៏​ឆ្នើម​ម្នាក់​ដែល​បាន​ជួប​នឹង​ឧបសគ្គ​ដ៏​លំបាក​ជា​ច្រើន ។ បងស្រី ជែមស៍​បាន​បន្ត​ធ្វើ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ស្មោះត្រង់ រហូត​ដល់​ទទួល​មរណភាព​នៅ​ឆ្នាំ ១៩០៨ ។

គាត់​បាន​សរសេរ​ថា ៖ « ខ្ញុំ​ចង់​និយាយ​ឥឡូវ​នេះ​ថា សេចក្តីជំនឿ​របស់​ខ្ញុំ លើ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​បង្រៀន​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​នៅតែ​រឹង​មាំ​មក​ដល់​សព្វថ្ងៃនេះ មែនហើយ សេចក្តីជំនឿ​ខ្ញុំ​អាច​រឹងមាំ​ខ្លាំង​ជាង​កាល​ថ្ងៃ​ដែល​ខ្ញុំ​ទើប​តែ​ជ្រមុជ​ទឹក​ដំបូង​ទៅ​ទៀត ។ ខ្ញុំ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​នានា គោរព​តាម​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ខ្ញុំ​ចូល​ដេក​ពី​ព្រលប់ ហើយ​ក្រោក​ពី​ព្រលឹម ខ្ញុំ​ព្យាយាម​ក្នុង​ភាពទន់​ខ្សោយ​របស់​ខ្ញុំ ដើម្បី​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ដល់​ជន​គ្រប់​រូប » ។

ដូច​ពួកបរិសុទ្ធ​ដទៃ​ជាច្រើន​រូប​ទៀត​ដែរ បងស្រី​ជែមស៍ មិន​ត្រឹមតែ​បាន​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ដោយ​ការស្រក់​ឈាម បែក​ញើស និង​ទឹក​ភ្នែក​តែ​ប៉ុណ្ណោះ​ទេ គាត់​ថែម​ទាំង​បាន​ស្វែងរក​ពរជ័យ​របស់​ព្រះអម្ចាស់ តាមរយៈ​ការរស់​នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ​យ៉ាង​អស់​ពី​សមត្ថភាព ខណៈ​ដែល​គាត់​កំពុង​តែ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ទៅ​នឹង​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ—ជា​អង្គ​ប្រោស​ឲ្យ​ជា​ដ៏​ធំ ដល់​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់​យ៉ាង​អស់​ពី​ដួង​ចិត្ត ។

ពួកបរិសុទ្ធ​ជំនាន់​ដើម​ពុំ​ល្អ​ឥតខ្ចោះ​ឡើយ ប៉ុន្តែ​ពួកគេ​បាន​បង្កើត​គ្រឹះ​មួយ​ដែល​យើង​កំពុង​ស្ថាបនា​ក្រុមគ្រួសារ និង​សង្គម​ដែល​ស្រឡាញ់​និង​រក្សា​សេចក្តីសញ្ញា ដែល​ត្រូវបាន​បង្ហាញ​ឡើង​នៅក្នុង​សារព័ត៌មាន​នៅ​ជុំ​វិញ​ពិភពលោក ពីព្រោះតែ​ការប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​ការ​ខំប្រឹងប្រែង​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​ជួយ​ដល់​អស់​អ្នក​ដែល​រស់​នៅ​ក្បែរ និង​នៅឆ្ងាយ​ពី​យើង ។

ប្រធាន អាវរិង ខ្ញុំ​សូម​បន្ថែម​អំណរគុណ​ដល់​ពួកទេវតា​ពាក់អាវពណ៌លឿង​​ដប់​ពាន់​នាក់​ដែល​បាន​បម្រើ​នៅ​រដ្ឋ តិចសាស, ម៉ិកស៊ិក និង​ទីកន្លែង​ផ្សេង​ទៀត ។

ខ្ញុំ​មាន​ការជឿជាក់​យ៉ាង​ខ្លាំង​ថា ប្រសិន​បើ​យើង​បាត់​បង់​ចំណង​របស់​យើង​ជា​មួយ​នឹង​មនុស្ស​ជំនាន់​មុនៗ រួមមាន​ជីដូនជីតា​ដែល​ជា​អ្នក​ត្រួស​ត្រាយ​របស់​យើង នោះ​យើង​នឹង​បាត់​បង់​រតនៈសម្បត្តិ​ដ៏​មាន​តម្លៃ​មួយ ។ ខ្ញុំ​បាន​និយាយ​អំពី « សេចក្តី​ជំនឿ​ក្នុង​គ្រប់​ជំហាន​ទាំងអស់ » កាលពី​មុន ហើយ​នឹង​បន្ត​និយាយ​អំពី​វា​នៅពេល​ខាង​មុខ ពីព្រោះ​ខ្ញុំ​ដឹង​ថា តំណ​មនុស្ស​មាន​វ័យ​ធំ​ឡើង ត្រូវមាន​សេចក្តីជំនឿ​ដូច​ពួកបរិសុទ្ធ​ជំនាន់​ដើម​មាន​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ទ្រង់ ។

ជីដូនជីតា​ខ្ញុំ​ដែល​ជា​អ្នក​ត្រួសត្រាយ​ក៏​បាន​នៅ​ក្នុង​ចំណោម​អ្នក​ត្រួសត្រាយ​ដ៏​ស្មោះត្រង់​ទាំងនោះ​ផងដែរ ដែល​បាន​ទាញ​រទេះ​ដៃ ជិះ​រទេះ​គោ និង​ដើរ​ទៅ​កាន់​រដ្ឋ​យូថាហ៍ ។ ដូចជា​បងស្រី ជេន មែននីង ជែមស៍ ពួកគេ​មាន​សេចក្តីជំនឿ​យ៉ាង​ខ្លាំង​ក្នុង​គ្រប់​ជំហាន​ពេល​ពួកគេ​ធ្វើ​ដំណើរ ។

ទិន្នានុប្បវត្តិ​របស់​ពួកគេ​ពោរពេញ​ទៅ​ដោយ​ការ​ពិពណ៌នា​អំពី​គ្រាលំបាក ការស្រេកឃ្លាន និង​ជំងឺ ព្រមទាំង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះ និង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើង​វិញ ។

ពួកគេ​មាន​របស់​ទ្រព្យ​ប្រចាំ​ខ្លួន​តែ​បន្តិចបន្តួច​ទេ ប៉ុន្តែ​ពួកគេ​រីករាយ​នឹង​ភាពសម្បូរ​ហូរហៀរ​នៃ​ពរជ័យ​ពី​ភាពជា​បងប្អូន​ប្រុសស្រី ដែល​ពួកគេ​បាន​រក​ឃើញ​នៅក្នុង​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ពេល​ពួកគេ​អាច​ធ្វើ​បាន ពួកគេ​បាន​លើកស្ទួយ​អ្នក​ដែល​ត្រូវ​បាន​សង្កត់សង្កិន និង​ផ្តល់​ពរ​ដល់​អ្នក​ឈឺ តាមរយៈ​ការបម្រើ​គ្នា​ទៅវិញ​ទៅមក និង​តាមរយៈ​បព្វជិតភាព​របស់​ព្រះ ។

ពួក​បងប្អូន​ស្រី​ក្នុង​ក្រុង កាឆេ វ៉ាលី រដ្ឋ យូថាហ៍ បាន​ជួយ​មើល​ថែទាំ​ដល់​ពួក​បរិសុទ្ធ​ក្នុង​ស្មារតី​នៃ​ពួក​សមាគម​សង្គ្រោះ​ដើម្បី « ធ្វើការរួម​សាមគ្គី​គ្នា​ជួយ​ដល់​អស់​អ្នក​ដែល​ខ្វះខាត » ។ ជីដូន​ទួត​របស់​ខ្ញុំ​ម្នាក់​ឈ្មោះ ម៉ាការ៉េត ម៉ាកនិល បាឡឺដ បាន​បម្រើ​ជាមួយ​ស្វាមី​របស់​គាត់​ឈ្មោះ ហិនរី អំឡុងពេល​គាត់​ធ្វើ​ជា​អធិបតី​ក្នុង​តំណែង​ជា​ប៊ីស្សព​នៅ​វួដ​ឡូហ្គិនទីពីរ​អស់​រយៈពេល ៤០ ឆ្នាំ ។ ម៉ាការ៉េត បាន​បម្រើ​ជា​ប្រធាន​សមាគម​សង្រ្គោះ​វួដ​អស់​រយៈពេល ៣០ ឆ្នាំ​នោះ ។ គាត់​បាន​ទទួល​អ្នក​ក្រី​ក អ្នក​មាន​ជំងឺ និង​ស្ត្រី​មេម៉ាយ ព្រមទាំងក្មេង​កំព្រា​ឲ្យ​ចូល​ក្នុង​ផ្ទះ​របស់​ពួកគាត់ ហើយ​គាត់​ថែម​ទាំង​យក​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ​ស្អាត​របស់​គាត់​បំពាក់​ឲ្យ​មរណជន​ទៀតផង ។

ថ្វី​បើ​វា​ជា​រឿង​សមរម្យ និង​សំខាន់​ដើម្បី​ចងចាំ​អំពី​ការធ្វើ​ដំណើរ​របស់​ពួកត្រួស​ត្រាយ​មរមន​ដ៏​ក្លាហាន​ក្នុង​សតវត្សរ៍​ទី ១៩ ក្តី យើង​ត្រូវ​ចងចាំ​ថា « ការធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​មាន​បន្ត​ទៅមុខ​ទៀត ! » សម្រាប់​យើង​ម្នាក់ៗ​ពេល​យើង​បង្ហាញ « សេចក្តីជំនឿ​ក្នុង​គ្រប់​ជំហាន​ទាំងអស់ » ។

រូបភាព
សមាជិក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុម​ជំនុំ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ

អ្នក​ប្រែចិត្ត​ថ្មី​ទាំងឡាយ​ពុំ​ប្រមូល​ផ្តុំ​គ្នា​ទៅ​កាន់​ការតាំង​លំនៅ​របស់​ពួក​អ្នក​ត្រួសត្រាយ​នៅ​ភាគ​ខាង​លិច​នៃ​សហរដ្ឋ​ទៀត​ឡើយ ។ ផ្ទុយ​ទៅ​វិញ អ្នក​ប្រែចិត្ត​ថ្មី​ទាំងឡាយ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុម​ជំនុំ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ ជា​កន្លែង​ដែល​ពួកបរិសុទ្ធ​ថ្វាយ​បង្គំ​ព្រះវរបិតាសួគ៌​យើង​ក្នុង​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ជាមួយ​នឹង​ក្រុម​ជំនុំ​ជាង ៣០,០០០ កន្លែង​ដែល​បាន​បង្កើត​ឡើង​ជុំវិញ​ពិភព​លោក ពួកគេ​ទាំងអស់​គ្នា​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ក្រុង​ស៊ីយ៉ូន​របស់​ពួកគេ​ផ្ទាល់ ។ ដូច​ព្រះគម្ពីរ​ចែង​ថា « ដ្បិត​នេះ​ហើយ​ជា​ស៊ីយ៉ូន—ជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ » ។

ក្នុង​ពេល​យើង​ដើរ​លើ​ផ្លូវ​នៃ​ជីវិត យើង​ត្រូវ​បាន​សាកល្បង​ដើម្បី​បង្ហាញ​ថា តើ​យើង​នឹង « ប្រព្រឹត្ត​នូវ​គ្រប់​ទាំងអស់​ដែល [ ព្រះអម្ចាស់ ]​បាន​បញ្ជា » ដែរ​ឬ​ទេ ។

ពួកយើង​ជាច្រើន​នាក់ កំពុងតែ​ស្ថិតនៅ​ក្នុង​ការធ្វើ​ដំណើរ​ដ៏​អស្ចារ្យ​នៃ​ការរកឃើញ—ដែល​នាំ​ឆ្ពោះ​ទៅកាន់​ការបំពេញ​គោលដៅ​ផ្ទាល់ខ្លួន និង​ការបំភ្លឺ​ខាង​វិញ្ញាណ ។ ប៉ុន្តែ​ពួកយើង​មួន​ចំនួន កំពុងតែ​ស្ថិតនៅលើ​ការធ្វើដំណើរ​ដែល​នាំ​ទៅ​រក​ទុក្ខ​សោក អំពើបាប ការឈឺ​ចិត្ត និង​ក្តី​អស់​សង្ឃឹម ។

នៅក្នុង​បរិបទ​នេះ សូម​សួរ​ខ្លួន​អ្នក​ថា ៖ តើ​អ្វី​គឺ​ជា​គោលដៅ​ចុង​បញ្ចប់​របស់​អ្នក ? តើ​ដំណើរ​របស់​អ្នក​កំពុង​តែ​នាំ​អ្នក​ទៅ​ទី​ណា ? ហើយ​តើ​ដំណើរ​របស់​អ្នក​កំពុងតែ​នាំ​អ្នក​ទៅ​រក « ព្រះពរ​ដ៏​ច្រើន​អនេក » ដែល​ព្រះអង្គសង្គ្រោះ​បាន​សន្យា​ថា​ប្រទាន​ឲ្យ​ដែរ​ឬ​ទេ ?

ការធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​របស់​យើង គឺជា​ការធ្វើ​ដំណើរ​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​របស់​យើង ហើយ​វា​បន្ត​ទៅ​មុខ​រៀងរាល់​ថ្ងៃ រៀងរាល់​សប្តាហ៍ រៀងរាល់​ខែ និង​រៀងរាល់​ឆ្នាំ នៅពេល​យើង​បង្កើន​សេចក្តី​ជំនឿ​របស់​យើង​លើ​ទ្រង់ និង​ព្រះរាជបុត្រា​ជា​ទីស្រឡាញ់​របស់​ទ្រង់​គឺ​ព្រះ​យេស៊ូវគ្រីស្ទ ។

យើង​ត្រូវ​តែ​ប្រយ័ត្ន​ចំពោះ​ជំហាន​នៃ​ដំណើរ​ជីវិត​របស់​យើង ។ យើង​ត្រូវតែ​ប្រយ័ត្ន និង​ស្តាប់​តាម​ព្រះ​ដំបូន្មាន​របស់​ព្រះយេស៊ូវ ប្រទាន​ដល់​សិស្ស​របស់​ទ្រង់​នៅពេល​ទ្រង់​បាន​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ ៖ « សូម​ប្រាប់​យើង​ខ្ញុំ តើ​ការ​ទាំងនេះ កាលណា​នឹង​មក​ដល់​តើ​មាន​ទី​សម្គាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប ?

ហើយ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ចូរ​ប្រយ័ត្ន​ក្រែង​អ្នក​ណា [ ហើយ​ខ្ញុំ​សូម​ដាក់​បន្ថែម​ទាំង​ស្ត្រី​ផង ] នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង » ។

ថ្ងៃនេះ​ខ្ញុំ​ចង់​ថ្លែង​ម្តងទៀត​នូវ​ដំបូន្មាន​ពីមុន​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

  • បងប្អូន​ប្រុសស្រី​អើយ ចូរ​រក្សា​គោលការណ៍​របស់​ព្រះគ្រីស្ទ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ចូរ​កុំ​ចាញ់​បោក​ពួក​អ្នក​ដែល​ផ្លាស់ប្តូរ​គោលលទ្ធិ​ឡើយ ។ ដំណឹងល្អ​នៃ​ព្រះវរបិតា និង​ព្រះរាជបុត្រា​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​សម្រាប់​គ្រា​កាន់កាប់​ត្រួតត្រា​ចុង​ក្រោយ​នេះ ។

  • ចូរ​កុំ​ស្តាប់​តាម​អស់​អ្នក​ដែល មិន​ទាន់ បាន​តែងតាំង និង/ឬ ញែកចេញ​ក្នុង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ​របស់​ពួកគេ និង​ពុំ​បាន​ទទួល​ស្គាល់​ដោយ​ការយល់ព្រម​រួម​របស់​សមាជិក​សាសនាចក្រ​ឡើយ ។១០

  • ចូរ​ប្រុងប្រយ័ត្ន​នឹង​អង្គការ ក្រុម ឬ​បុគ្គល​ទាំងឡាយ​ដែល​អះអាង​ថា មាន​ចម្លើយ​សម្ងាត់​ចំពោះ​សំណួរ​ខាង​គោលលទ្ធិ ដែល​ពួកគេ​និយាយ​ថា​ពួក​សាវក​និង​ព្យាការី​បច្ចុប្បន្ន​នេះ គ្មាន​ចម្លើយ ឬ​មិន​យល់​នោះ​ឡើយ ។

  • ចូរ​កុំ​ស្តាប់​អស់​អ្នក​ដែល​ទាក់ទាញ​អ្នក​ដោយ​កលល្បិច​ចង់​មាន​ចង់​បាន​ឡើយ ។ សមាជិក​របស់​យើង​បាន​បាត់​បង់​ប្រាក់​កាស​អស់​ជាច្រើន ដូច្នេះ​ហើយ​ចូរ​មាន​ការ​ប្រុង​ប្រយ័ត្ន ។

នៅ​កន្លែង​មួយ​ចំនួន​ទៀត មាន​សមាជិក​យើង​ជាច្រើន​នាក់​កំពុង​តែ​សម្លឹង​ហួស​ពី​គំនូស ហើយ​ស្វែងរក​តម្រិះ​សម្ងាត់​នោះ​ក្នុង​របៀប​ដែល​អស់​ប្រាក់​កាស​ថ្លៃ ឬ​មិន​សមហេតុផល ដើម្បី​ផ្តល់​ការ​ព្យាបាល និង​ការគាំទ្រ ។

សេចក្តីថ្លែង​ការណ៍​ជា​ផ្លូវការ​មួយ​របស់​សាសនាចក្រ បាន​ចេញ​ប្រកាស​មួយ​ឆ្នាំ​កន្លង​មក​នេះ​បាន​ចែង​ថា ៖ « យើង​ជំរុញ​ឲ្យ​សមាជិក​សាសនា​ចក្រ​ប្រុងប្រយ័ត្ន​អំពី​ការ​ចូល​រួមក្នុង​ក្រុម​ណា​មួយ​ដែល​សន្យា—ដោយ​ដោះដូរ​យក​ជា​លុយ​វិញ—​នូវ​ការព្យាបាល​ដោយ​អព្ភូហេតុ ឬ​ការ​អះអាង​ថា មាន​វិធីសាស្ត្រ​ពិសេស​ដើម្បី​ទទួល​បាន​អំណាច​ព្យាបាល​ក្រៅ​ពី​រង្វង់​នៃ​អ្នក​កាន់​បព្វជិតភាព​ដែល​ត្រូវ​បាន​តែងតាំង​ត្រឹមត្រូវ » ។១១

ក្បួន​ខ្នាត របស់​សាសនាចក្រ​ទូន្មាន​ថា ៖ « សមាជិក​មិន​គួរ​ប្រើប្រាស់​ការប្រតិបត្តិ​ផ្នែក​ពេទ្យ ឬ​សុខភាព ដែល​ចោទ​ជា​សំណួរ​ចំពោះ​ក្រម​សីលធម៌ និង​ច្បាប់​នោះ​ទេ ។ ពួក​អ្នក​ដឹកនាំ​ក្នុង​មូលដ្ឋាន គួរតែ​ឲ្យ​ដំបូន្មាន​ដល់​សមាជិក​ដែល​មាន​បញ្ហា​សុខភាព ទៅ​ពិគ្រោះ​ជាមួយ​នឹង​ពេទ្យ​មាន​ជំនាញ​ប្រកប​ដោយ​សមត្ថភាព ដែល​មាន​អជ្ញា​បណ្ណ​នៅ​ក្នុង​ប្រទេស​ដែល​ពួកគេ​អនុវត្ត » ។១២

បងប្អូន​ប្រុសស្រី ចូរ​មាន​ភាពឈ្លាសវៃ និង​ប្រុងប្រយ័ត្ន​ចំពោះ​ការ​អនុវត្ត​បែប​នោះ វា​អាច​ជា​ការអង្វរ​ករ​ខាង​ផ្លូវ​ចិត្ត ប៉ុន្តែ​ទីបំផុត​អាច​បង្ហាញ​ថា មាន​គ្រោះថ្នាក់​ដល់​វិញ្ញាណ និង​រាងកាយ ។

ចំពោះ​ដូនតា​ត្រួសត្រាយ​របស់​យើង ភាពឯករាជ្យ​និង​ភាព​ខ្លួន​ទីពឹង​ខ្លួន​គឺ​ចាំបាច់​ណាស់ ប៉ុន្តែ​ស្មារតី​នៃ​ទំនាក់ទំនង​ក្នុង​សហគមន៍​របស់​ពួកគេ​ក៏​សំខាន់​ដូចគ្នា​ផង​ដែរ ។ ពួកគេ​បាន​ធ្វើ​ការ​ជាមួយ​គ្នា ហើយ​ជួយ​គ្នា​ទៅវិញ​ទៅមក ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ខាង​រូបកាយ និង​វិញ្ញាណ​ក្នុង​ជំនាន់​របស់​ពួកគេ ។ សម្រាប់​ក្រុម​បុរស មាន​កូរ៉ុម​បព្វជិតភាព ហើយ​ស្ត្រី​ត្រូវបាន​បម្រើ​ដោយ​សមាគម​សង្គ្រោះ ។ លទ្ធផល​ទាំងនេះ​ពុំ​បាន​ផ្លាស់ប្តូរ​ក្នុង​ជំនាន់​របស់​យើង​ឡើយ ។

សមាគម​សង្គ្រោះ និង​កូរ៉ុម​បព្វជិតភាព​ផ្តល់​សុខុមាលភាព​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​ដល់​សមាជិក​របស់​យើង ។

សូម​បន្ត​ដើរ​លើ​ផ្លូវ​ដំណឹង​ល្អ​ដោយ​មាន « សេចក្តីជំនឿ​ក្នុង​គ្រប់​ជំហាន​ទាំងអស់ » ដើម្បី​យើង​អាច​ត្រឡប់​ទៅ​កាន់​ទីវត្តមាន​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ដោយ​សុវត្ថិភាព ។ ព្រះអម្ចាស់​គឺ​ជា​ព្រះអង្គសង្គ្រោះ​ដ៏​ល្អ​អស្ចារ្យ​របស់​យើង ។ ទ្រង់​គឺ​ជា​ព្រះអង្គ​ប្រោសលោះ​នៃ​ពិភពលោក ។ យើង​ត្រូវតែ​គោរព​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ ដោយ​មិន​យក​ព្រះនាម​ទ្រង់​ទៅ​ប្រើ​ដោយ​ឥត​ប្រយោជន៍​តាម​វិធី​ណា​មួយ​ឡើយ ចូរ​ព្យាយាម​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់​ជានិច្ច ។ ប្រសិន​បើ​យើង​ធ្វើ​បែប​នេះ ទ្រង់​នឹង​ប្រទានពរ​យើង ជួយ​នាំ​យើង​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព ។

ខ្ញុំ​សូម​អញ្ជើញ​អស់​អ្នក​ដែល​ស្តាប់​ខ្ញុំ​និយាយ សូម​ស្វាគមន៍ និង​ឱប​ក្រសោប​នរណា​ម្នាក់​ដែល​កំពុង​ធ្វើ ដំណើរ​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​នេះ មិន​ថា​ពួកគេ​ស្ថិត​នៅ​ត្រង់​ចំណុច​ណា​នៃ​ដំណើរ​គេ​ឡើយ ។

សូម​ចងចាំ​ថា គ្មាន​ពរជ័យ​ណា​ដែល​បុគ្គល​ម្នាក់​អាច​ចែក​រំលែក​អស្ចារ្យ​ជាង​សារលិខិតនៃ​ការ​ស្តារ​ឡើង​វិញ​ឡើយ គឺ​ថា​កាលណា​បាន​ទទួល និង​អនុវត្ត​តាម នោះ​ការសន្យា​នៃ​អំណរ និង​សេចក្តីសុខសាន្ត​ដ៏​អស់កល្ប—សូម្បីតែ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​នឹង​ត្រូវបាន​ទទួល ។ ចូរ​យើង​ប្រើ​ថាមពល កម្លាំង និង​ទីបន្ទាល់​របស់​យើង ក្នុង​ការ​ជួយ​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​របស់​យើង​ឲ្យ​រកឃើញ បង្រៀន និង​ជម្រុជទឹក​ឲ្យ​កូនចៅ​របស់​ព្រះ ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​អំណាច​នៃ​គោលលទ្ធិ​ដំណឹងល្អ​ដឹកនាំ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។

យើង​ត្រូវ​ឱប​ក្រសោប​កូនចៅ​របស់​ព្រះ​ដោយ​ចិត្ត​អាណិត​មេត្តា ហើយ​លុប​បំបាត់​នូវ​ការរើសអើង រួមទាំង​ការប្រកាន់​ពូជ​សាសន៍ ភេទ និង​សញ្ជាតិ ។ ចូរ​ឲ្យ​គេ​និយាយ​ថា យើង​ពិតជា​ជឿ​លើ​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​សម្រាប់​កូន​ចៅ​គ្រប់​រូប​របស់​ព្រះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា « ដំណើរ​មាន​បន្ត​ទៅ​មុខ​ទៀត » ហើយ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បន្ត​ស្ថិត​នៅលើ​ផ្លូវ​នៃ​ដំណឹង​ល្អ ពេល​បងប្អូន​បន្ត​ជឿន​ទៅមុខ​ដោយ​ឈោង​ដៃ​ទៅ​ជួយ​កូនចៅ​របស់​ព្រះ​គ្រប់រូប​ដោយ​ក្តីស្រឡាញ់ និង​ក្តី​អាណិត​មេត្តា ថា​យើង​នឹង​រួបរួម​គ្នា​ធ្វើ​ឲ្យ​ដួងចិត្ត​របស់​យើង​បរិសុទ្ធ និង​មាន​ដៃ​ជ្រះ​ស្អាត​ដើម្បី​ទទួល​បាន « ព្រះពរ​ដ៏​ច្រើន​អនេក » ដែល​កំពុង​រង់ចាំ​អស់​អ្នក​ដែល​ពិត​ជា​ស្រឡាញ់​ព្រះវបិតាសួគ៌ និង​បុត្រា​សំណព្វ​ទ្រង់​ដោយ​ហេតុនេះ​ខ្ញុំ​សូម​អធិស្ឋាន​ដោយ​រាបសា​នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។