ឆ្នាំ ២០១០-២០១៩
សេចក្ដីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់
ខែ តុលា ២០១៧


សេចក្ដីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់

យើង​ម្នាក់ៗ​មាន​ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន ក្នុង​ការធ្វើ​កិច្ចការ​ដែល​ចាំបាច់​ដើម្បី​ទទួលបាន ហើយ​រក្សា​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ ។

ពួក​យើង​មក​ទីនេះ​នា​ល្ងាច​នេះ ដោយ​មាន​ក្ដីសង្ឃឹម និង​ក្ដីជំនឿ​ថា ពេល​យើង​ចេញ​ពី​ទីនេះ​ទៅ​យើង​នឹង​មាន​ភាពរឹងមាំ ហើយ​មាន​ពរ តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​ដែល​បង្រៀន​អំពី​ក្ដីពិត ។ ខ្ញុំ​ចង់​ថ្លែង​អំពី​ការស្វែងរក​ក្ដីពិត​ដោយ​ខ្លួន​ឯង ។

កាល​ខ្ញុំ​នៅ​ជា​យុវជន ខ្ញុំ​មាន​សំណួរ​ច្រើន​អំពី​សាសនាចក្រ ។ សំណួរ​របស់​ខ្ញុំ​ខ្លះ​គឺ​សួរ​ដោយ​អស់​ពី​ចិត្ត ។ ខ្លះ​ទៀត​មិន​អស់​ពី​ចិត្ត​ទេ ព្រោះ​បាន​មក​ពី​ការសង្ស័យ​របស់​មនុស្សដទៃ ។

ជា​ញឹកញាប់ ខ្ញុំ​ពិភាក្សា​សំណួរ​ទាំងនោះ​ជាមួយ​ម្ដាយ​ខ្ញុំ ។ ខ្ញុំ​ប្រាកដណាស់​ថា​គាត់​ដឹង​ថា សំណួរ​ខ្ញុំ​ជា​ច្រើន​ត្រូវបាន​សួរ​អស់​ពី​ចិត្ត ហើយ​ចេញ​ពី​ដួងចិត្ត​ខ្ញុំ ។ ខ្ញុំ​គិត​ថា គាត់​ខកចិត្ត​បន្តិច​ចំពោះ​សំណួរ​ដែល​មិន​សូវ​អស់​ពី​ចិត្ត ហើយ​មាន​គំនិត​ផ្ទុយ ។ យ៉ាង​ណា​ក៏​ដោយ គាត់​មិន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខកចិត្ត​ទេ​ពេល​មាន​សំណួរ​ទាំងនោះ ។ គាត់​បាន​ស្ដាប់ ហើយ​ព្យាយាម​ឆ្លើយ ។ ពេល​គាត់​ដឹង​ថា​គាត់​បាន​និយាយ​អ្វី​គ្រប់​យ៉ាង​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​សំណួរ​ទៀត​នោះ គាត់​តែង​ពោល​ដូចនេះ ៖ « ដាវីឌ នេះ​ជា​សំណួរ​ល្អ ។ ពេល កូន ស្វែងរក អាន ហើយ​អធិស្ឋាន​ដើម្បី​បាន​ចម្លើយ ហេតុអ្វី កូន មិន​ធ្វើ​កិច្ចការ​ដែល​កូន​ដឹង​ថា កូន​គួរតែ​ធ្វើ ហើយ​កុំ​ធ្វើ​កិច្ចការ​ដែល​កូន​ដឹង​ថា កូន​មិន​គួរ​ធ្វើ​នោះ ? » ការណ៍​នេះ​បាន​ក្លាយ​ជា​លំនាំ​នៃ​ការស្វែងរក​ក្ដីពិត​របស់​ខ្ញុំ ។ តាមរយៈ​ការសិក្សា ការអធិស្ឋាន និង​ការរក្សា​ព្រះបញ្ញត្តិ ខ្ញុំ​បាន​ឃើញ​ថា មាន​ចម្លើយ​សម្រាប់​រាល់​សំណួរ​សំខាន់ៗ​ដែល​ខ្ញុំ​មាន ។ ខ្ញុំ​ក៏​ឃើញ​ថា សម្រាប់​សំណួរ​ខ្លះ ការមាន​ក្ដីជំនឿ​ឥត​ឈប់ឈរ ការអត់ធ្មត់ និង​វិវរណៈ​គឺ​ជា​កត្តា​ចាំបាច់ ។

ម្ដាយ​ខ្ញុំ​បាន​ផ្ដល់​ការទទួលខុសត្រូវ​ដល់​ខ្ញុំ​ក្នុង​ការអភិវឌ្ឍ​ក្ដីជំនឿ និង​ការស្វែងរក​ចម្លើយ ។ គាត់​បាន​ដឹង​ថា ចម្លើយ​សំខាន់ៗ​នឹង​បាន​មក​ពី​ការស្វែងរក​ក្ដីពិត តាមរបៀប​ដែល​ព្រះវរបិតាសួគ៌​ត្រាស់​បង្គាប់ ។ គាត់​បាន​ដឹង​ថា ខ្ញុំ​ចាំបាច់​ត្រូវ​ស្វែងរក​ក្ដីពិត ។ គាត់​បាន​ដឹង​ថា ខ្ញុំ​ចាំបាច់​ត្រូវ​មាន​ចិត្ត​ស្មោះ​ចំពោះ​សំណួរ ហើយ​មាន​ឆន្ទៈ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​ដឹង​ថា​ពិត ។ គាត់​បាន​ដឹង​ថា ខ្ញុំ​ចាំបាច់​ត្រូវ​សិក្សា ហើយ​អធិស្ឋាន ហើយ​បង្កើន​ភាពអត់ធ្មត់​កាន់តែ​ខ្លាំង ពេល​ខ្ញុំ​ស្វែងរក​ចម្លើយ​ពី​ព្រះ ។ ការមាន​ឆន្ទៈ​ឲ្យ​មាន​ចិត្ត​អត់ធ្មត់ គឺ​ជា​ផ្នែក​មួយ​នៃ​ការស្វែងរក​ក្ដីពិត​របស់​យើង និង​ជា​ផ្នែក​មួយ​នៃ​លំនាំ​របស់​ព្រះអម្ចាស់​ក្នុង​ការបើកសម្ដែង​ក្ដីពិត ។

នៅ​ទីបំផុត ខ្ញុំ​បាន​ដឹង​ថា ម្ដាយ​ខ្ញុំ​កំពុង​បង្រៀន​ខ្ញុំ អំពី​លំនាំ​របស់​ព្រះវរបិតាសួគ៌​ក្នុង​ការស្វែងរក​ក្ដីពិត ។ ក្ដីជំនឿ​ខ្ញុំ​បាន​កើនឡើង ខ្ញុំ​បាន​ចាប់ផ្ដើម​ទទួល​ចម្លើយ ហើយ​ខ្ញុំ​បាន​ទទួល​ការហៅ​បម្រើ​បេសកកម្ម ។

មាន​គ្រា​មួយ​នៅ​ដើម​ដំបូង​បេសកកម្ម​របស់​ខ្ញុំ ជា​ពេល​ដែល​ខ្ញុំ​បាន​ទទួលស្គាល់​ថា​ខ្ញុំ​ត្រូវ​ដឹង ថាតើ​សាសនាចក្រ​នេះ​ពិត ហើយ យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​របស់​ព្រះ​ឬ​ទេ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​សេចក្ដី​ដែល​ប្រធាន ថូម៉ាស់ អេស ម៉នសុន បាន​ថ្លែង​យ៉ាង​ច្បាស់​ក្នុង​សន្និសីទ​ទូទៅ​លើក​មុន​ថា « បើ​បងប្អូន​ពុំ​ទាន់​មាន​ទីបន្ទាល់​រឹងមាំ​អំពី​រឿង​ទាំងនេះ​ទេ ចូរ​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​ទទួល​បាន​ទីបន្ទាល់​នេះ ។ វា​ជា​ការចាំបាច់​ដែល​បងប្អូន​ត្រូវ​មាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​ក្នុង​គ្រា​លំបាក​ទាំងនេះ ព្រោះ​ទីបន្ទាល់​របស់​អ្នកដទៃ​នឹង​ដឹកនាំ​បងប្អូន​ទៅ​មិន​បាន​ឆ្ងាយ​ទេ » ។ ខ្ញុំ​ដឹង​ថា​អ្វី​ដែល​ចាំបាច់ ។ ខ្ញុំ​ចាំបាច់​ត្រូវ​អាន​ព្រះគម្ពីរមរមន​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ទូល​សួរ​ព្រះ​ថាតើ​រឿង​នេះ​ពិត​ឬ​ទេ ។

ចូរ​ស្ដាប់​បន្ទូល​សន្យា​គួរ​ឲ្យ​កត់សម្គាល់​របស់​ព្រះវរបិតាសួគ៌​យើង ដែល​ប្រទាន​តាមរយៈ​ព្យាការី មរ៉ូណៃ​ថា « ហើយ​កាលណា​អ្នក​រាល់​គ្នា​បាន​ទទួល​នូវ​ការណ៍​ទាំង​នេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ បើ​សិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្ដី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។

ដើម្បី​ដឹង​ពី​សេចក្ដី​ដែល​មាន​ក្នុង​ព្រះគម្ពីរមរមន ខ្ញុំ​ចាំបាច់​ត្រូវ​អាន​វា ។ ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​ពី​សន្លឹក​ដំបូង​នៃ​ព្រះគម្ពីរ ហើយ​អាន​ជា​រៀង​រាល់​ថ្ងៃ ។ មនុស្ស​ខ្លះ​ទទួល​បាន​សាក្សី​យ៉ាង​រហ័ស ។ មនុស្ស​ខ្លះ​ទៀត​នឹង​តម្រូវ​ឲ្យ​ចំណាយ​ពេល និង ការអធិស្ឋាន​ច្រើន ហើយ​អាច​នឹង​តម្រូវ​ឲ្យ​អាន​បីបួន​ដង ។ ខ្ញុំ​ចាំបាច់​ត្រូវ​អាន​ព្រះគម្ពីរ​ទាំងស្រុង ពី​មុន​ខ្ញុំ​បាន​ទទួល​សាក្សី​ដែល​បាន​សន្យា ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​ពិត​ជា​បាន​សម្ដែង​សេចក្ដី​ពិត​នៃ​ការណ៍​នេះ​ដល់​ខ្ញុំ ដោយ​ព្រះចេស្ដា​នៃ​ព្រះ​វិញ្ញាណបរិសុទ្ធ ។

ក្នុង​កំណត់ហេតុ​អ្នក​ផ្សព្វផ្សាយសាសនា​របស់​ខ្ញុំ ខ្ញុំ​បាន​ពិពណ៌នា​អំពី​អំណរ​ក្នុង​ការស្គាល់​ក្ដីពិត ក៏​ដូចជា​អារម្មណ៍​ផ្ទាល់ខ្លួន​នៃ​ការតាំងចិត្ត និង ភាពស្មោះ​អស់​ពី​ចិត្ត ដើម្បី​ប្រព្រឹត្ត​តាម​ក្ដីពិត​ដែល​ខ្ញុំ​បាន​ទទួល ។ ខ្ញុំ​បាន​សរសេរ​ថា « ខ្ញុំ​បាន​សច្ចា​ជាមួយ​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌ និង​ជាមួយ​ខ្លួន​ឯង​ថា​នឹង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព ថា​នឹង​ខិតខំ​ធ្វើ​ឲ្យ​បាន ១០០% ពេញ​មួយ​ជីវិត ទោះជា​អ្វី​ដែល​ខ្ញុំ​ទូល​សូម ខ្ញុំ​នឹង​ធ្វើ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​ពុំ​ទាន់​បញ្ចប់​បេសកកម្ម​ទេ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​បេសកកម្ម​មួយ​ដ៏​អស្ចារ្យ ជា​បេសកកម្ម​ដែល​ខ្ញុំ​មិន​ដែល​សោកស្ដាយ ធ្វើ​បែប​នេះ​មិន​មែន​សម្រាប់​ខ្ញុំ​ទេ គឺ​សម្រាប់​ព្រះអម្ចាស់ ។ ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ខ្ញុំ​ស្រឡាញ់​កិច្ចការ​នេះ ហើយ​ខ្ញុំ​អធិស្ឋាន​សូម​កុំ​ឲ្យ​អារម្មណ៍​នោះ​បាត់បង់​ពី​ខ្ញុំ​ឲ្យ​សោះ » ។

ខ្ញុំ​បាន​ដឹង​ថា ការចិញ្ចឹម​បីបាច់ និង​ការខិតខំ​ដោយ​ឥត​ឈប់ឈរ​ដើម្បី​ប្រែចិត្ត ហើយ​គោរព​ព្រះបញ្ញត្តិ គឺ​តម្រូវ​ឲ្យ​មាន​ដើម្បី​កុំ​ឲ្យ​អារម្មណ៍​នោះ​បាត់បង់​ទៅ ។ ប្រធាន ម៉នសុន បាន​មាន​ប្រសាសន៍​ថា « ទីបន្ទាល់​មួយ​ចាំបាច់​ត្រូវ​រក្សា​ឲ្យ​មាន​តម្លៃ ហើយ​ឲ្យ​នៅ​រស់រវើក តាមរយៈ​ការគោរព​ប្រតិបត្តិ​ព្រះបញ្ញត្តិ​របស់​ព្រះ និង​តាមរយៈ​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ​ថ្ងៃ » ។

ច្រើន​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​បាន​សួរ​អ្នក​ផ្សព្វផ្សាយសាសនា និង​ពួក​យុវវ័យ​ជុំវិញ​ពិភពលោក អំពី​របៀប​ដែល​ពួកគេ​ចាប់ផ្ដើម​កិច្ចខិតខំ​ផ្ទាល់ខ្លួន​ដើម្បី​ស្វែងរក​ក្ដីពិត ហើយ​មាន​ទីបន្ទាល់ ។ ពួកគេ​ស្ទើរតែ​ទាំងអស់​ឆ្លើយ​ថា កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​មាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​មួយ បាន​ចាប់ផ្ដើម​ជាមួយ​ការសម្រេចចិត្ត​ផ្ទាល់ខ្លួន​ដើម្បី​អាន​ព្រះគម្ពីរមរមន​ចាប់ពី​សន្លឹក​ដំបូង រួច​ទូល​សួរ​ព្រះ​ថាតើ​វា​ពិត​ឬ​ទេ ។ ដើម្បី​ធ្វើ​ដូចនេះ ពួកគេ​បាន​ជ្រើសរើស « ធ្វើ​សកម្មភាព » ពុំ​មែន « ទទួល​សកម្មភាព » ដោយសារតែ​ការសង្ស័យ​របស់​មនុស្សដទៃ​ឡើយ ។

ដើម្បី​ដឹង​ក្ដីពិត យើង​ចាំបាច់​ត្រូវ​រស់នៅ​តាម​ដំណឹងល្អ ហើយ « ធ្វើ​ការ​ពិសោធន៍ » ដល់​ព្រះបន្ទូល ។ យើង​ត្រូវបាន​ហាមប្រាម​មិន​ឲ្យ​បដិសេធ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ឡើយ ។១០ ការប្រែចិត្ត​ភ្ជាប់​ជាមួយ​នឹង​ការប្ដេជ្ញាចិត្ត​ដើម្បី​គោរព​ព្រះបញ្ញត្តិ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការស្វែងរក​ក្ដីពិត​ដោយ​ខ្លួន​ឯង ។១១ តាម​ពិត​ទៅ យើង​អាច​នឹង​ត្រូវ​មាន​ឆន្ទៈ « បោះបង់​ចោល​អស់​ទាំង » អំពើបាប​យើង​ដើម្បី​ដឹង​ក្ដីពិត ។១២

ទ្រង់​ត្រាស់បង្គាប់​ឲ្យ​យើង « ស្វែងរក​ការរៀនសូត្រ​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្តីជំនឿ​ផង » ហើយ « ស្វែងរក … ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពី​សៀវភៅ​ដ៏​ល្អៗ » ។១៣ ការស្វែងរក​ក្ដីពិត​គួរតែ​ផ្ដោត​ទៅ​លើ « សៀវភៅ​ដ៏​ល្អៗ » និង​ធនធាន​ល្អៗ​បំផុត ។ ចំណោម​សៀវភៅ​ល្អៗ​បំផុត​នោះ មាន​ព្រះគម្ពីរ និង ប្រសាសន៍​របស់​ព្យាការី​កំំពុង​រស់នៅ ។

ប្រធាន ម៉នសុន បាន​ស្នើ​ឲ្យ​យើង « ធ្វើ [ កិច្ចការ ] ដែល​ចាំបាច់ » ដើម្បី​ទទួលបាន ហើយ​រក្សា​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ ។១៤ តើ​អ្វី​ដែល​ចាំបាច់ ដើម្បី​ធ្វើ​ឲ្យ​ទីបន្ទាល់​របស់​បងប្អូន​បាន​កាន់តែ​ស៊ីជម្រៅ ហើយ​រឹងមាំ ? យើង​ម្នាក់ៗ​មាន​ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន ក្នុង​ការធ្វើ​កិច្ចការ​ដែល​ចាំបាច់​ដើម្បី​ទទួលបាន ហើយ​រក្សា​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ ។

ការរក្សា​ក្ដីសញ្ញា​របស់​យើង​ដោយ​អត់ធ្មត់​ខណៈ​ដែល​យើង « ធ្វើ​កិច្ចការ​ដែល​ចាំបាច់ » ដើម្បី​ទទួល​បាន​ចម្លើយ​ពី​ព្រះអម្ចាស់ គឺ​ជា​ផ្នែក​មួយ​នៃ​លំនាំ​របស់​ព្រះអម្ចាស់​ក្នុង​ការរៀន​ក្ដីពិត ។ ជា​ពិសេស​ពេល​កិច្ចការ​មាន​ការលំបាក យើង​អាច​ត្រូវបាន​តម្រូវ​ឲ្យ « ធ្វើតាម​អស់​ទាំង​ព្រះ​ហឫទ័យ​នៃ​ព្រះអម្ចាស់​ដោយ​ការរីករាយ និង​ដោយ​ការអត់ធន់ » ។១៥ ការរក្សា​ក្ដីសញ្ញា​ដោយ​អត់ធ្មត់ បង្កើន​ភាពរាបសា​យើង ពង្រឹង​បំណងប្រាថ្នា​យើង​ឲ្យ​ដឹង​ក្ដីពិត ហើយ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ « ណែនាំ [ យើង ] ទៅ​តាម​ផ្លូវ​ទាំងឡាយ​ខាង​ប្រាជ្ញា ដើម្បី [ យើង ] អាច​បាន​ពរ​ចម្រើន​ឡើង ហើយ​ស្ថិតស្ថេរ​ជាប់​នៅ » ។១៦

ភរិយា​ខ្ញុំ ម៉ារី និង​ខ្ញុំ​មាន​មនុស្ស​ជា​ទីស្រឡាញ់​ម្នាក់ ដែល​មាន​បញ្ហា​ភាគច្រើន​ក្នុង​ជីវិត ជាមួយ​នឹង​ទិដ្ឋភាព​មួយ​ចំនួន​ក្នុង​សាសនាចក្រ ។ នាង​ស្រឡាញ់​ដំណឹងល្អ និង​សាសនាចក្រ ប៉ុន្តែ​នាង​នៅ​តែ​មាន​សំណួរ ។ នាង​បាន​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ សកម្ម​ក្នុង​សាសនាចក្រ បំពេញ​ការហៅបម្រើ ព្រមទាំង​ជា​ម្ដាយ និង​ភរិយា​ដ៏​អស្ចារ្យ ។ អស់​ច្រើន​ឆ្នាំ នាង​បាន​ព្យាយាម​ធ្វើ​កិច្ចការ​ទាំងនោះ ដែល​នាង​ដឹង​ថា​ត្រឹមត្រូវ ហើយ​ចៀសចេញ​ពី​កិច្ចការ​ដែល​នាង​ដឹង​ថា​ខុស​ឆ្គង ។ នាង​បាន​រក្សា​ក្ដីសញ្ញា ហើយ​បន្ត​ស្វែងរក ។ ច្រើន​គ្រា នាង​មាន​អំណរគុណ ដែល​បាន​ពង្រឹង​ដោយ​ក្ដីជំនឿ​របស់​មនុស្សដទៃ ។

ថ្មីៗ​នេះ ប៊ីស្សព​នាង​បាន​សុំ​ទៅ​សួរ​សុខទុក្ខ​នាង និង​ស្វាមី ។ គាត់​បាន​សុំ​ឲ្យ​ពួកគេ​ទទួល​យក​ការចាត់តាំង​ក្នុង​ព្រះវិហារបរិសុទ្ធ ដើម្បី​ធ្វើ​ជា​អ្នក​ជំនួស សម្រាប់​ជន​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ ការហៅបម្រើ​នោះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់ផ្អើល ប៉ុន្តែ​ពួកគេ​បាន​ទទួល​យក ហើយ​បាន​ចាប់ផ្ដើម​ការបម្រើ​ក្នុង​ដំណាក់​ព្រះអម្ចាស់ ។ ថ្មីៗ​នេះ កូនប្រុស​ជំទង់​របស់​ពួកគេ​បាន​ចូលរួម​ក្នុង​ការស្រាវជ្រាវ​ពង្សប្រវត្តិ ហើយ​បាន​ស្វែងរក​ឈ្មោះ​សាច់ញាតិ​ម្នាក់​ដែល​ពុំ​ទាន់​បាន​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​នៅ​ឡើយ ។ ទីបំផុត ពួកគេ​បាន​ធ្វើ​ជា​អ្នក​ជំនួស ហើយ​បាន​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​សម្រាប់​សាច់ញាតិ​នោះ ព្រមទាំង​គ្រួសារ​គាត់ ។ នៅ​ពេល​ពួកគេ​លុតជង្គង់​នៅ​ឯ​អាសនា ហើយ​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​ត្រូវបាន​ធ្វើ​ឡើង ស្ត្រី​ដ៏​អត់ធ្មត់​អស្ចារ្យ​រូបនេះ​ដែល​បាន​ស្វែងរក​ជា​យូរ​មក ឥឡូវ​នាង​ទទួលបាន​បទពិសោធន៍​ផ្ទាល់ខ្លួន​ខាង​វិញ្ញាណ​មួយ ជា​បទពិសោធន៍​មួយ​ដែល​នាង​ដឹង​ថា ព្រះវិហារបរិសុទ្ធ និង​ពិធីបរិសុទ្ធ​ត្រូវបាន​ធ្វើ​ឡើង​ទីនោះ​គឺ​ជា​ការពិត ហើយ​ជាក់ស្ដែង ។ នាង​បាន​ទូរសព្ទ​ទៅ​ម្ដាយ​នាង ហើយ​ប្រាប់​គាត់​អំពី​បទពិសោធន៍​របស់​នាង ហើយ​និយាយ​ថា ទោះជា​នាង​នៅ​តែ​មាន​សំណួរ​ខ្លះ​ក្ដី នាង​ដឹង​ថា ព្រះវិហារបរិសុទ្ធ​គឺ​ពិត ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​គឺ​ពិត សាសនាចក្រ​គឺ​ពិត ។ ម្ដាយ​នាង​បាន​យំ​ដោយ​មាន​អំណរគុណ​សម្រាប់​ព្រះវរបិតាសួគ៌​ដ៏​មាន​ព្រះទ័យ​អត់ធ្មត់​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់ និង​សម្រាប់​កូនស្រី​ដែល​បន្ត​ស្វែងរក​ដោយ​ចិត្ត​អត់ធ្មត់ ។

ការរក្សា​ក្ដីសញ្ញា​ដោយ​អត់ធ្មត់​នាំ​ឲ្យ​មាន​ពរជ័យ​ពី​ស្ថានសួគ៌​ដល់​ជីវិត​យើង ។១៧

ខ្ញុំ​បាន​រកឃើញ​ការលួងលោមចិត្ត​ដ៏​អស្ចារ្យ​ក្នុង​បន្ទូល​សន្យា​ពី​ព្រះអម្ចាស់​ថា « ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ » ។១៨ យើង​អាច​ដឹង​ក្ដីពិត​ដោយ​មិន​ចាំបាច់​ដឹង​អ្វី​គ្រប់​យ៉ាង​នោះ​ទេ ។ ខ្ញុំក៏ដឹងផងដែរថា ព្រះគម្ពីរមរមនពិត ! ប្រាកដណាស់​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​កាល​ពី​រសៀល​នេះ​ថា យើង​អាច « ទទួល​អារម្មណ៍​កាន់តែ​ជ្រាលជ្រៅ​នៅក្នុង​ដួងចិត្ត​របស់​យើង [ សូមមើល អាលម៉ា ១៣:២៧] ថា ព្រះគម្ពីរ​មរមន​គឺ​ពិតជា​ព្រះបន្ទូល​ព្រះ » ។ ហើយ​យើង​អាច « ទទួល​អារម្មណ៍​នេះ​យ៉ាង​ជ្រាលជ្រៅ​ថា យើង​ពុំ​ចង់​អត់​អាន​គម្ពីរ​នេះ​សូម្បី​តែ​មួយ​ថ្ងៃ​ឡើយ » ។១៩

យើង​អាច​ដឹង​ថា​ព្រះ​ជា​ព្រះវរបិតា​យើង ទ្រង់​មាន​ព្រះទ័យ​ស្រឡាញ់​យើង ហើយ​ថា​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គសង្គ្រោះ និង ព្រះអង្គប្រោសលោះ ។ យើង​អាច​ដឹង​ថា សមាជិកភាព​ក្នុង​សាសនាចក្រ​នេះ​ត្រូវតែ​បាន​ស្រឡាញ់ ហើយ​ថា​ការទទួលទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍​នឹង​ជួយ​យើង ព្រមទាំង​គ្រួសារ​យើង​ឲ្យ​មាន​សុវត្ថិភាព ។ យើង​អាច​ដឹង​ថា តាមរយៈ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ នោះ​គ្រួសារ​ពិត​ជា​អាច​រស់នៅ​ជាមួយ​គ្នា​រៀង​រហូត ។ យើង​អាច​ដឹង​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ពរជ័យ​នៃ​ការប្រែចិត្ត និង​ការអត់ទោស​មាន​ពិតមែន ហើយ​ជាក់ស្ដែង ។ យើង​អាច​ដឹង​ថា ប្រធាន​ជា​ទីស្រឡាញ់​របស់​យើងគឺ ថូម៉ាស អេស ម៉នសុន គឺ​ជា​ព្យាការី​របស់​ព្រះ ហើយ​ថា​ទីប្រឹក្សា​របស់​លោក និង សមាជិក​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ គឺ​ជា​សាវក ព្យាការី អ្នកមើលឆុត និង អ្នក​ទទួល​វិវរណៈ ។

ខ្ញុំ​ដឹង​ថា​ការណ៍​ទាំងនេះ​ពិត ហើយ​ខ្ញុំ​ថ្លែង​សាក្សី​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។