ឆ្នាំ ២០១០-២០១៩
សំឡេង​នៃ​ព្រះ​អម្ចាស់
ខែ តុលា ២០១៧


សំឡេង​នៃ​ព្រះ​អម្ចាស់

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅក្នុង​សន្និសីទ​នេះ​ពួកយើង​បាន​ស្តាប់​ឮ​សំឡេង​របស់​ព្រះ​អម្ចាស់ ។ ការសាកល្បង​សម្រាប់​ពួកយើង​ម្នាក់ៗ​គឺស្តីពី​របៀប​ដែល​យើង​ឆ្លើយ​តប ។

ជាដំបូង ខ្ញុំ​សូម​និយាយ​ពាក្យ​សម្តី​ដ៏​ពិរោះ​សម្រាប់​កុមារ​តូចៗ ។ មែនហើយ នេះ​ជា​សម័យ​ប្រជុំ​ចុង​ក្រោយ ហើយ​ខ្ញុំ​ជា​អ្នក​និយាយ​ចុង​ក្រោយ ។

ថ្មីៗ​នេះ អំឡុងពេល​ទៅ​ព្រះវិហារបរិសុទ្ធ ប្រូវ៉ូ ស៊ីធី សេនធើរ ខ្ញុំ​មានការពេញចិត្ត​នឹង​រូប​គំនូរ​ដែល​មាន​ចំណង​ជើង​ថា ទស្សននិមិត្ត​ដំបូង​មើល​ពី​ចម្ងាយ ។ រូបគំនូរ​​នោះ​ពិពណ៌​នា​អំពី​ពន្លឺ និង​អំណាច​មក​ពី​ស្ថានសួគ៌ពេល​ព្រះវរបិតា និង​ព្រះបុត្រា​យាង​មក​ជួប​យុវជន​យ៉ូសែប ស្ម៊ីធ ។

រូបភាព
ទស្សននិមិត្ត​ដំបូង​មើល​ពី​ចម្ងាយ

ដោយ​ពុំ​ធ្វើ​ការប្រៀបធៀប​ជាមួយ​ព្រឹត្តិការណ៍ដ៏​ពិសិដ្ឋ​ដែល​ជា​ការចាប់ផ្តើមនៅក្នុង​ការស្តារ​ឡើង​វិញ នោះ​ខ្ញុំ​អាច​ស្រមៃ​ឃើញ​រូបភាព​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ពន្លឺ និង​អំណាច​ខាង​វិញ្ញាណ​របស់​ព្រះយាង​ចុះ​មក​កាន់​សន្និសីទ​ទូទៅ​នេះ ហើយជា​លទ្ធផល​អំណាច និង​ពន្លឺ​នេះ​​មាន​នៅ​ទូទាំង​ពិភពលោក ។

រូបភាព
ពន្លឺ និង​អំណាច​ខាង​វិញ្ញាណ​បាន​ចុះ​មក​លើ​សន្និសីទ​ទូទៅ
រូបភាព
អំណាច និង​ពន្លឺ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក

ខ្ញុំ​សូម​ផ្ដល់​សាក្សី​ដល់​បងប្អូន​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ ថា​ទ្រង់​បាន​ដឹកនាំ​ធុរៈកិច្ច​នៃ​កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ ហើយ​ថា​សន្និសីទ​ទូទៅ​គឺ​ជា​គ្រា​មួយ​ដ៏​សំខាន់​បំផុត​ដែល ទ្រង់​ប្រទាន​ការណែនាំ​ដល់​សាសនាចក្រ​ទ្រង់ និង​ដល់​ពួកយើង​ម្នាក់ៗ ។

ត្រូវបាន​បង្រៀន​ពី​ស្ថានលើ

នៅ​ថ្ងៃ​ដែល​សាសនាចក្រ​បាន​បង្កើត​ឡើង ព្រះអម្ចាស់រើស​តាំង​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី អ្នកឆុត និង​សាវក​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ហើ​យ​មាន​បន្ទូល​ទៅសមាជិក​សាសនាចក្រ​ដូច្នេះ ៖

« ដ្បិត​ពាក្យ​សម្ដី​របស់​លោក​នោះ​ហើយ អ្នក​នឹង​បាន​ទទួល ហាក់​ដូចជា​បាន​មក​ពី​ព្រះឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដីជំនឿ​គ្រប់​យ៉ាង » ។

ដ្បិត​ដោយ​សារ​ការ​ធ្វើ​ការ​ទាំង​នេះ​ហើយ ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ … ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញ​ពី​អ្នក​ទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់​ញ័រ ដើម្បី​សេចក្ដី​ល្អ​ដល់​អ្នក » ។

ក្រោយ​មក​សមាជិក​ទាំងអស់​ក្នុង គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ក៏​ត្រូវបាន​គាំទ្រ និង​តែងតាំង​ជា​សាវក អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ផងដែរ ។

ឥឡូវ​នេះ​ពេល​យើង​ជួប​គ្នា​ក្រោម​ការដឹកនាំ​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន យើង​រំពឹង​ចង់​ឮ « ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ … គំនិត​នៃ​ព្រះ​អម្ចាស់ … សំឡេង​នៃ​ព្រះ​អម្ចាស់ ហើយ​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ​ចំពោះ​សេចក្ដី​សង្គ្រោះ » ។ យើង​ទុកចិត្ត​លើ​ការសន្យា​របស់​ទ្រង់ ៖ « ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » ។

នៅក្នុង​ពិភពលោក​សម័យ​ទំនើប​របស់​យើង​ដែល​មាន​ការរំជើបរំជួល និង​ច្របូកច្របល់​នេះ ការទុកចិត្ត និង​ការជឿជាក់​របស់​យើង​លើ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​មាន​សារៈសំខាន់​ចំពោះ​ការរីកចម្រើន​ខាង​វិញ្ញាណ និង​ការកាន់​ខ្ជាប់​របស់​យើង ។

យើង​បាន​មក​ជួបជុំ​គ្នា​សម្រាប់​សន្និសីទ​ដ៏​អស្ចារ្យ​នេះ ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​រាប់​លាន​នាក់ និង​អ្នក​មាន​ជំនឿ​ផ្សេង​ទៀត​ជាង ២០០ ប្រទេស ដែល​និយាយ​ជាង ៩៣ ភាសា​ចូលរួម​ក្នុង​សម័យ​ប្រជុំ​សន្និសីទ​ទាំង​នេះ ឬ​អាន​សារលិខិត​សន្និសីទ ។

យើង​បាន​មក​ទីនេះ​ដោយ​បាន​អធិស្ឋាន និង​រៀបចំ​ខ្លួន ។ សម្រាប់​ពួកយើង​ជា​ច្រើន មាន​ក្តី​បារម្ភ​ដែល​ត្រូវការ​ការយកចិត្ត​ទុកដាក់ និង​មាន​សំណួរ​ដ៏​ស្មោះសរ​ពី​ចិត្ត ។ យើង​ចង់​រំឭក​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​យើង​ក្នុងការ​ទប់ទល់​នឹង​ការល្បួង ហើយ​ចៀសវាង​ពី​ការបង្វែរ​អារម្មណ៍​នានា ។ យើង​មក​ដើម្បី​ត្រូវបាន​បង្រៀន​ពី​ស្ថានលើ ។

គំនិត និង​ព្រះទ័យ​របស់​ព្រះអម្ចាស់

ដោយសារ​គណៈប្រធាន​ទីមួយ និង​ពួកដប់​ពីរនាក់​ដែល​ជាទូទៅ​ថ្លែង​សុន្ទរកថា​នៅក្នុង​សន្និសីទ​នីមួយៗ នោះ​ការទទួលខុសត្រូវ​ដ៏​ធំធេង​ក្នុងការ​រៀបចំ​សារលិខិត​របស់​ពួកលោក គឺជា​បន្ទុក​ដែល​កើត​ឡើង​ដដែលៗ និង​ជា​ការទុកចិត្ត​ដ៏​ពិសិដ្ឋ​ផងដែរ ។

ជា​ច្រើន​ឆ្នាំ​មក​ហើយ ពីមុន​បម្រើ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ខ្ញុំ​បាន​សួរ​អែលឌើរ ដាល្លិន អេក អូក ប្រសិនបើ​លោក​បាន​រៀបចំ​សុន្ទរកថា​ផ្សេងៗ​ពី​គ្នា​សម្រាប់​សន្និសីទ​ស្តេក​នីមួយៗ ។ លោក​បាន​ឆ្លើយ​ថា លោក​ពុំ​បាន​ធ្វើ​បែប​នោះ​ទេ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា « ប៉ុន្តែ​សុន្ទរកថា​សន្និសីទ​ទូទៅ​របស់​ខ្ញុំ​គឺ​ផ្សេងៗ​ពី​គ្នា ។ ខ្ញុំ​ត្រូវ​ធ្វើ​សុន្ទរកថា​ព្រៀង​ពី ១៥ ទៅ ២០ សុន្ទរកថា​ដើម្បី​ប្រាកដ​ថា អ្វី​ដែល​ខ្ញុំ​និយាយ​គឺ​ជា​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ថ្លែង » ។

តើ​ពេល​ណា និង​របៀប​ណា​ដែល​ការបំផុស​គំនិត​សម្រាប់សុន្ទរកថា​សន្និសីទ​ទូទៅ​កើត​មាន​ឡើង ?

ដោយ​គ្មាន​ប្រធាទបទ​ចាត់តាំង​ឡើយ យើង​ឃើញ​ការសហការ​ពី​ស្ថានសួគ៌​យ៉ាង​ល្អ​ប្រពៃ​ទាក់ទង​នឹង​ប្រធាន​បទ និង​បាវចនា​នៃ​សេចក្តីពិត​អស់កល្ប​ជានិច្ច​នៃ​សន្និសីទ​នីមួយៗ និង​គ្រប់​សន្និសីទ ។

បងប្អូន​ប្រុស​ម្នាក់​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ប្រធាន​បទ​របស់​ពួកលោក​សម្រាប់​សន្និសីទ​នេះ​ត្រូវ​បាន​ប្រទាន​ដល់​ពួកលោក​ភ្លាម​បន្ទាប់​ពី សុន្ទរកថា​របស់​លោក​បាន​ថ្លែង​រួច​កាល​ពី​ខែ​មេសា​កន្លង​ទៅ ។ បងប្អូន​ប្រុស​ម្នាក់​ទៀត​បាន​លើក​ឡើង​ថា បី​សប្តាហ៍​មុន គាត់​នៅតែ​កំពុង​អធិស្ឋាន និង​ទន្ទឹង​ចាំ​ព្រះអម្ចាស់ ។ មាន​បងប្អូន​ប្រុស​ម្នាក់ទៀត នៅពេល​សួរ​លោក​អំពី​រយៈពេល​ដែល​បាន​ចំណាយ​ក្នុងការ​សរសេរ​សុន្ទរកថា​ជាពិសេស​សុន្ទរកថា​ដែល​ងាយ​នឹង​ប៉ះពាល់​អារម្មណ៍ នោះ​លោក​បាន​តប​ថា ខ្ញុំ​ចំណាយ​អស់​ពេល « ម្ភៃ​ប្រាំ​ឆ្នាំ » ។

មាន​គ្រានានា​ដែល​គំនិត​សំខាន់​អាច​កើត​មាន​ឡើង​ភ្លាមៗ ប៉ុន្តែ​មាតិកា និង​ព័ត៌មាន​លម្អិត​នៅតែ​តម្រូវ​ឲ្យ​មាន​ការខ្នះខ្នែង​ខាង​វិញ្ញាណ​យ៉ាង​ខ្លាំង ។ ការតមអាហារ និង​ការអធិស្ឋាន ការសិក្សា និង​សេចក្តីជំនឿ​គឺ​ជា​ផ្នែកនៃ​ដំណើរការនេះ​ជានិច្ច ។ ព្រះអម្ចាស់​ពុំ​សព្វ​ព្រះទ័យ​នឹង​ការធ្វើ​ពុត​ដែល​អាចថមថយ​សំឡេង​របស់​ទ្រង់​ដល់​ពួក​បរិសុទ្ធ​ទ្រង់​ឡើយ ។

ជារឿយៗ ការណែនាំសម្រាប់​សុន្ទរកថា​សន្និសីទ​កើត​ឡើង​អំឡុង​ពេល​យប់ ឬ​ពេល​ទាប​ភ្លឺ ជា​ពេល​ដែល​សុន្ទរកថា​ខុស​ឆ្ងាយ​ពី​គំនិត​ក្នុង​ចិត្ត ។ រំពេច​នោះ ការយល់​ដឹង​ដែល​ពុំ​បាន​គិត​ទុក​ជាមុន ហើយ​មាន​គ្រាជា​ច្រើន​ដែល​ពាក្យ​ពេចន៍ និង​ឃ្លា​នានា​ហូរ​មក​យ៉ាង​រលូន​ជា​វិវរណៈ​ដ៏​សុទ្ធសាធ ។

ពេល​បងប្អូន​ស្តាប់ សារលិខិត​​ដែល​បងប្អូន​ទទួល​អាចជា​សារលិខិត​ត្រង់ៗ ឬ​វា​បាន​តម្រូវ​សម្រាប់​អ្នក ។

ការ​ឡើង​និយាយ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នៅក្នុង​សន្និសីទ​ទូទៅ ខ្ញុំ​បាន​ប្រាប់​ឃ្លា​មួយ​ដែល​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ​កាល​ខ្ញុំ​មាន​មន្ទិល​សង្ស័យ ប្រសិនបើ​ខ្ញុំ​ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម​ឬ​អត់ ។ ឃ្លា​នោះ​គឺ « អ្នក​ពុំ​ដឹង​អ្វីៗ​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​អ្នក​ដឹង​ល្មម​គ្រប់គ្រាន់​ហើយ ! » យុវនារី​ម្នាក់​អង្គុយ​នៅក្នុង​សន្និសីទ​ទូទៅ​ថ្ងៃ​នោះ​បាន​ប្រាប់​ខ្ញុំ​ថា នាង​កំពុង​តែ​អធិស្ឋាន​អំពី​ការស្នើសូម​ឲ្យ​រៀបការ នាង​ឆ្ងល់​ថា តើ​នាង​បាន​ស្គាល់​យុវជន​នោះ​ច្បាស់​ប៉ុណ្ណា​ហើយ ។ ពេល​ខ្ញុំ​បាន​និយាយ​ពាក្យ​ទាំង​នោះ « អ្នក​ពុំ​ដឹង​អ្វីៗ​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​អ្នក​ដឹង​ល្មម​គ្រប់គ្រាន់​ហើយ ! » នោះ​ព្រះវិញ្ញាណ​បាន​បញ្ជាក់​ដល់​នាង​ថា នាង បានស្គាល់​គាត់​ល្មម​គ្រប់គ្រាន់ហើយ ។ ពួកគេ​បាន​រៀបការ​ដោយ​ក្តីរីករាយ​អស់​ជា​ច្រើន​ឆ្នាំ ។

ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា នៅពេល​អ្នក​រៀបចំ​ខាង​វិញ្ញាណ​អ្នក ហើយ​មក​ចូលរួម​ដោយ​ការត្រៀម​ទុក​ជា​មុន​ថា អ្នក​នឹង​ស្តាប់​ឮ​សំឡេង​របស់​ព្រះអម្ចាស់ នោះ​គំនិត និង​អារម្មណ៍​នានា​នឹង​កើត​មាន​ក្នុង​គំនិត​អ្នក​ដែល​តម្រូវ​ជា​ពិសេស​សម្រាប់​អ្នក ។ អ្នក​ទទួល​អារម្មណ៍​អំពី​គំនិត​នេះ​រួច​ទៅ​ហើយ​ក្នុង​សន្និសីទនេះ ឬ​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​នោះ ពេល​អ្នក​សិក្សា​សារលិខិត​នៅ​ជា​ច្រើន​សប្តាហ៍​ខាង​មុខ​ទៀត ។

សម្រាប់​ពេល​ឥឡូវ​នេះ និង​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត

ប្រធាន ម៉នសុន បាន ថ្លែង ថា ៖

« សូម​ចំណាយ​ពេល​អាន​សារលិខិត​សន្និសីទ » ។១០

« ពិចារណា [ សារលិខិត​ទាំង​នោះ ] ។ … ខ្ញុំ​បាន​ឃើញ … ថា ខ្ញុំ​បាន​ទទួល​បន្ថែម​ទៀត​ពី​ការបង្រៀន​ដ៏​បំផុសគំនិត​ទាំង​នេះ នៅពេល​ដែល​ខ្ញុំ​សិក្សា​សារលិខិត​ទាំង​នោះ​ឲ្យ​បានស៊ី​ជម្រៅ » ។១១

ការបង្រៀន​នៃ​សន្និសីទ​ទូទៅ​គឺ​ជា​ការពិចារណា ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​មាន​នៅ​ចំពោះ​មុខ​យើង​សម្រាប់​ពេល​នេះ និង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត ។

អ្នក​គង្វាល « ​ដើរ​មុន​ [ ចៀម​របស់​គាត់ ] ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ៖ ដ្បិត​វា​ស្គាល់​សំឡេង​គាត់ » ។១២

ជា​រឿយៗ សំឡេង​របស់​ទ្រង់​ដឹកនាំ​យើង​ឲ្យ​ផ្លាស់ប្តូរ​អ្វី​មួយ​ក្នុង​ជីវិត​របស់​យើង ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ប្រែចិត្ត ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ « មក​តាម​ទ្រង់ » ។

សូម​គិត​អំពី​សេចក្តីថ្លែង​ទាំង​នេះ​ដក​ស្រង់​ចេញ​ពី​សន្និសីទ​នេះ ៖

កាល​ពីព្រឹកមិញ ​ប្រធាន ហិនរី ប៊ី. អាវរិង ថ្លែង​ថា ៖ « ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះជា​ព្រះវរបិតា​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​ផ្ទះ​ដើម្បី​ទៅរក​ទ្រង់​វិញ ។ នេះ​ជា​សាសនាចក្រ​ពិត​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ទ្រង់​ស្គាល់​បងប្អូន ទ្រង់​ស្រឡាញ់​បងប្អូន ​ទ្រង់​មើល​ថែ​បងប្អូន ។១៣

កាល​ពីម្សិលមិញ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​ថ្លែងថា ៖ « ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​ចាប់ផ្ដើម ឬ​បន្ត​ដំណើរ​ដ៏​អស្ចារ្យ​ដែល​នាំ​យើង​ទៅ​រក​ព្រះ នោះ​ជីវិត​យើង​នឹង​កាន់តែ​ប្រសើរ…ហើយ​ព្រះអម្ចាស់​នឹង​ប្រើ​យើង​ក្នុង​របៀប​គួរ​ឲ្យ​កត់សម្គាល់ ដើម្បី​ប្រទានពរ​ដល់​មនុស្ស​ជុំវិញ​ខ្លួន ហើយ​នាំ​ឲ្យ​មាន​គោលបំណង​អស់កល្ប​របស់​ទ្រង់ » ។១៤

កាល​ពី​រសៀល​ម្សិលមិញ ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា ៖ « ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ បងប្អូន​អាច​ត្រូវ​បាន​ការ​ពារ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​នៃ​ថ្ងៃ​នោះ ទាំង​ជំងឺ​ដ៏​ធំ​នៃ​រូប​អាស​គ្រាម និង​ការ​ញៀន​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​គំនិត​ស្ពឹក » ។១៥

មិ្សលមិញ អែលឌើរ ដាល្លិន អេក អូក បាន​ថ្លែង​ថា ៖ « ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ការ​ប្រកាស​ស្ដីពី​ក្រុម​គ្រួសារ​គឺជា​សេចក្ដី​ថ្លែង​ការណ៍​នៃ​សេចក្ដី​ពិត​អស់​កល្ប ជា​ព្រះឆន្ទៈរបស់​ព្រះអម្ចាស់​សម្រាប់​កូនចៅ​ទ្រង់​ដែល​ស្វែងរក​ជីវិត​អស់កល្ប​ជានិច្ច » ។១៦

ហើយ​ពីមុននេះ​បន្តិច អែលឌើរ អិម រ័សុល បាឡឺដ បាន​ថ្លែង​ថា ៖ « យើង​ត្រូវ​ឱប​ក្រសោប​កូនចៅ​របស់​ព្រះ​ដោយ​ចិត្ត​អាណិត​មេត្តា ហើយ​លុប​បំបាត់​នូវ​ការរើសអើង រួមទាំង​ការប្រកាន់​ពូជសាសន៍ ភេទ និង សញ្ជាតិ » ។១៧

ដោយសារ​យើង​មាន​ពេល​បន្ថែម នោះ​ខ្ញុំ​ចង់​បន្ថែម​អំពី​យោបល់​ខ្លី​មួយ​អំពី​អែលឌើរ រ៉ូបឺត ឌី ហែល ។ គណៈប្រធាន​ទីមួយ​បាន​ប្រាប់​អែលឌើរ ហែល ថាលោក​អាច​ថ្លែង​សុន្ទរកថា​ខ្លី​មួយ​នៅ​សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ ប្រសិនបើ​សុខភាព​លោកអំណោយ​ផល ។ ដោយសារ​តែ​សុខភាព​លោក​ពុំ​អំណោយ​ផល លោក​បាន​រៀបចំសារលិខិត ដែល​លោក​បាន​បញ្ចប់​កាល​ពី​សប្តាហ៍​មុន ហើយ​លោក​បាន​ចែកចាយ​វា​ជាមួយ​ខ្ញុំ ។ ដោយ​លោក​ទើបតែ​ចែកឋាន​ទៅ​បាន​ប្រហែល​ជា​បី​ម៉ោង ខ្ញុំ​សូម​ចែកចាយ​តែ​បី​បន្ទាត់​មក​ពី​សុន្ទរកថា​របស់​លោក ។

ពាក្យ​ដកស្រង់​ពី​អែលឌើរ ហែល ៖ « នៅពេល​យើង​ជ្រើសរើស​ដើម្បី​មាន​សេចក្តីជំនឿ នោះ​យើង​បាន​រៀបចំ​ខ្លួន​ឈរ​នៅក្នុង​វត្តមាន​របស់​ព្រះ ។… បន្ទាប់ពី​ការឆ្កាង​ព្រះអង្គ​សង្គ្រោះ នោះ​ទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​អស់​អ្នក​ដែល ‹ មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ទី​បន្ទាល់​អំពី [ ទ្រង់ ] កាល​គេ​មាន​ជីវិត​រស់​ជា​មនុស្ស › ប៉ុណ្ណោះ ។ [គ. និង ស. ១៣៨:១២] ។ ពួកអ្នក​ដែល ‹ ដែល​បដិសេធ​ទី​បន្ទាល់ … នៃ … ពួក​ព្យាការី​ពី​បុរាណ [ ពុំ​បាន ] ឃើញ​វត្ត​មាន​របស់ [ ព្រះអង្គ​សង្គ្រោះ ] ឬ​ឃើញ​ព្រះភក្ត្រ​ទ្រង់​ឡើយ › ។ [គ. និង ស. ១៣៨:២១] ។… ជំនឿ​របស់​យើង​រៀបចំ​យើង​ដើម្បី​ចូល​ក្នុង​វត្តមាន​នៃ​ព្រះអម្ចាស់ » ។

ឱ វា​ជា​ក្តី​សប្បុរស​​របស់ព្រះអម្ចាស់​​​​អ្វី​ម៉្លេះ ដែល​បំផុសគំនិត​ឲ្យ​ប្រធាន រ័សុល អិម ណិលសុន ចាកចេញ​ភ្លាម​​បន្ទាប់​ពី​ចប់​សម័យ​ប្រជុំ​ពេល​ព្រឹក​នេះ ដោយ​ពុំ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ហើយ​ប្រញាប់​ទៅ​កៀក​នឹង​អែលឌើរ ហែល ដែល​លោកប្រធាន​បាន​ទៅដល់ ហើយ​នៅ​ទីនោះ​ដែល​ជា​ប្រធាន​កូរ៉ុម​របស់​អែលឌើរ ហែល ជាមួយ​នឹង​ភរិយា​ជា​ទីស្រឡាញ់​​របស់​អែលឌើរ ហែល គឺ​ម៉ារី ហែល នៅពេល​អែលឌើរ ហែល បាន​លាចាកលោក​នេះ​ទៅ ។

ការឆ្លើយ​តប​ទៅ​នឹង​សំឡេង​នៃ​ព្រះ​អម្ចាស់

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅក្នុង​សន្និសីទ​នេះ​ពួកយើង​បាន​ស្តាប់​ឮ​សំឡេង​នៃ​ព្រះអម្ចាស់ ។

យើង​ពុំ​គួរ​ភ្ញាក់​ផ្អើល ពេល​ពាក្យ​ពេចន៍​របស់​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ថ្លែង​ផ្ទុយ​នឹង​គំនិត​នៃ​ពិភពលោក ហើយ​ជួនកាល​ផ្ទុយ​នឹង​គំនិត​ផ្ទាល់​របស់​យើង ។ វា​តែងតែ​កើត​ឡើង​របៀប​នេះ​ជានិច្ច ។ ខ្ញុំ​បាន​លុត​ជង្គង់ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​ពួកបងប្អូន​ប្រុស​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ឃើញ​សេចក្តីល្អ​នៃ​ព្រលឹង​របស់​ពួកលោក ។ ក្ដី​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ពួក​លោក គឺ​ផ្គាប់​ព្រះទ័យ​របស់​ព្រះអម្ចាស់ និង​ជួយ​កូនចៅ​របស់​ព្រះ​ឲ្យ​ត្រឡប់​ទៅ​កាន់​ទី​វត្តមាន​របស់​ទ្រង់​វិញ ។

ពួកចិត​សិបនាក់ គណៈប៊ីស្សព​ជាអធិបតី គណៈប្រធាន​សមាគម​សង្គ្រោះ យុវនារី អង្គការ​បឋម​សិក្សា និង​អង្គការ​ជំនួយ​ទូទៅ​ផ្សេងៗ​ទៀត​បាន​បន្ថែម​ការបំផុស​គំនិត​ដ៏​អស្ចារ្យ​ចំពោះ​សន្និសីទ​នេះ ក៏​ដូច​ជា​តន្ត្រី​ដ៏​ពិរោះ និង​ការអធិស្ឋាន​ប្រកប​ដោយ​ការគិតគូរ ។

មាន​ព្រះឱរា​ដ៏​ជា​ស្រឡាញ់​ក្រៃលែង​នៃ​ការដឹកនាំ​ពី​សួគ៌ា​រង់ចាំ​ការរក​ឃើញ​របស់​អ្នក​នៅក្នុង​សារលិខិត​នៃ​សន្និសីទ​ទូទៅ ។ ការសាកល្បង​សម្រាប់​ពួកយើង​ម្នាក់ៗ​គឺស្តីពី​របៀប​ដែល​យើង​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​យើង​ស្តាប់​ឮ អ្វី​ដែល​យើង​អាន និង​ទទួល​អារម្មណ៍ ។

ខ្ញុំ​សូម​ចែកចាយ​បទពិសោធន៍​មួយ​អំពី​ការឆ្លើយ​តប​ទៅនឹង​ប្រសាសន៍​របស់​ព្យាការី​មក​ពី​ជីវិត​របស់​ប្រធាន រ័សុល អិម ណិលសុន​ ៖

នៅក្នុង​ឆ្នាំ ១៩៧៩ បន្ទាប់​ពី​ត្រូវបាន​ហៅ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​បាន​ប្រាំ​ឆ្នាំ បងប្រុស ណិលសុន បាន​ចូលរួម​ការប្រជុំ​ពីមុន​សន្និសីទ​ទូទៅ ។ « ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​អញ្ជើញ​អ្នក​ដែល​មាន​វត្ត​មាន​ទាំងអស់​ឲ្យ​ធ្វើ​អស់​ពី​សមត្ថភាព​ខ្លួន​ក្នុងការ​នាំ​យក​ដំណឹង​ល្អ​ទៅ​កាន់​ពិភពលោក​ទាំង​មូល ។ ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ប្រធាន ឃឹមបឹល បាន​ថ្លែង​ជា​ពិសេស​អំពី​ប្រទេស​ចិន ដោយ​ប្រកាស​ថា ‹ យើង​គួរតែ​បម្រើ​ដល់​ប្រជាជន​ចិន ។ យើង​គួរតែ​រៀន​ភាសា​របស់​ពួកគេ ។ យើង​គួរតែ​អធិស្ឋាន​ឲ្យ​ពួកគេ ហើយ​ជួយ​ពួកគេ › » ។១៨

រូបភាព
ប្រធាន រ័សុល អិម ណិលសុន កាល​ជា​គ្រូពេទ្យ​វះកាត់

នៅ​ក្នុង​អាយុ ៥៤ ឆ្នាំ​បងប្រុស ណិលសុន បាន​ទទួល​អារម្មណ៍​មួយ​អំឡុង​ពេល​ប្រជុំ​នោះ​ថា គាត់​គួរតែ​សិក្សា​ភាសា​ចិន​កុកងឺ ។ ទោះបី​លោក​ជា​វេជ្ជបណ្ឌិត​វះកាត់​បេះដូង​ដ៏​មមាញឹក​ក្តី លោក​បាន​រក​គ្រូ​បង្វឹក​ជួយ​បង្រៀន​លោក​ភ្លាម ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការចាប់ផ្តើម​ការសិក្សា​របស់​លោក វេជ្ជ​បណ្ឌិត​ណិលសុន​បាន​ចូលរួម​សន្និបាត​មួយ​ ហើយ​ដោយ​ពុំ​បាន​រំពឹង​ទុក​លោក​បាន​អង្គុយ​ជាប់​នឹង « វេជ្ជបណ្ឌិត​វះកាត់​ជនជាតិ​ចិន​ដ៏​ចំណាន​ម្នាក់​គឺ​វេជ្ជបណ្ឌិត អ៊ូ យីង​កាយ ។…​ ដោយសារ [ បងប្រុស​ណិលសុន ] បាន​សិក្សា​ភាសា​ចិន នោះ​លោក​បាន​ចាប់ផ្តើម​សន្ទនា [ មួយ ] [ ជាមួយ​វេជ្ជបណ្ឌិត អ៊ូ ] » ។១៩

រូបភាព
វេជ្ជបណ្ឌិល រ័សុល អិម ណិលសុន ជាមួយ​វេជ្ជបណ្ឌិត អ៊ូ យីង​កាយ

បំណង​ប្រាថ្នា​របស់​វេជ្ជបណ្ឌិត ណិលសុន ក្នុងការ​ធ្វើតាម​ព្យាការី​បាន​នាំ​ឲ្យ​វេជ្ជបណ្ឌិត អ៊ូ មក​ទស្សនា​ទីក្រុង សលត៍ លេក ហើយ​វេជ្ជបណ្ឌិត ណិលសុន ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​បង្រៀន និង​ធ្វើ​ការវះកាត់​ផ្សេងៗ ។

សេចក្តីស្រឡាញ់​របស់​លោក​ចំពោះ​ជនជាតិ​ចិន និង​សេចក្តីស្រឡាញ់​ព្រមទាំង​ការគោរព​របស់​ពួកគេ​ចំពោះ​លោក​បាន​រីកចម្រើន​ឡើង ។

នៅ​ខែកុម្ភៈ​ឆ្នាំ ១៩៨៥ ដប់​ខែ​បន្ទាប់​ពី​ការហៅ​របស់​លោក​ទៅក្នុង​កូរ៉ូម​នៃ​ពួក​ដប់ពីរនាក់ អែលឌើរ ណិលសុន បាន​ទទួល​ទូរសព្ទ​ដ៏​រំភើប​មួយ​ពី​ប្រទេស​ចិន ដោយ​សូម​អង្វរ​ឲ្យ​វេជ្ជបណ្ឌិត ណិលសុន​ទៅ​ទីក្រុង ប៉េជីង ដើម្បី​វះកាត់​ជំងឺ​ខ្សោយ​បេះដូង​របស់​អ្នក​ចម្រៀង​ល្ខោន​ចិន​ម្នាក់​ដ៏​ល្បីល្បាញ​បំផុត ។ ដោយ​មាន​ការលើក​ទឹកចិត្ត​ពី​ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី នោះ​អែលឌើរ ណិលសុន បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ។ ការវះកាត់​លើក​ចុង​ក្រោយ​គេ​ដែល​លោក​បាន​ធ្វើ​គឺ​នៅ​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន ។

រូបភាព
ប្រធាន រ័សុល អិម ណិលសុន បាន​ទទួល​ឥស្សរយស

កាល​ពី​ពីរ​ឆ្នាំ​មុន នា​ខែ​តុលា ឆ្នាំ ២០១៥ ប្រធាន រ័សុល អិម ណិលសុន ត្រូវបាន​ផ្តល់​ជា​កិត្តិយស​ម្តង​ទៀត​ដោយ​ការប្រកាស​ជា​ផ្លូវការ​ហើយ​ត្រូវបាន​គេ​ដាក់​ងារ​ឲ្យ​លោក​ថា « សំឡាញ់​ចាស់​របស់​ប្រទេស​ចិន » ។

ហើយ​ម្សិលមិញ យើង​បាន​ស្តាប់​ឮ​ប្រធាន ណិលសុន ដែល​ឥឡូវ​នេះ​លោក​មាន​អាយុ ៩៣ ឆ្នាំ​ថ្លែង​អំពី​ការអង្វរករ​របស់​ប្រធាន ថូម៉ាស អេស. ម៉នសុន ចំពោះ « យើង​ម្នាក់ៗ [ នៅក្នុង​សន្និសីទ​កាល​ខែមេសា​ ] ឲ្យ​សិក្សា និង​ពិចារណា​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់​ថ្ងៃ​ប្រកប​ដោយ​ការអធិស្ឋាន » ។

ដូចជា​អ្វី​ដែល​លោក​បាន​ធ្វើ កាល​ជា​វេជ្ជបណ្ឌិត​វះកាត់​បេះដូង​ដ៏​មមាញឹក ពេល​លោក​បាន​ជួល​គ្រូ​បង្រៀន​ភាសា​ចិន នោះ​ប្រធាន ណិលសុន​ក៏​បាន​ធ្វើតាម​ការទូន្មាន​របស់​ប្រធាន ម៉នសុន ភ្លាម​ផងដែរ ហើយ​បាន​អនុវត្ត​វា​ក្នុង​ជីវិត​ផ្ទាល់​របស់​លោក ។ លើស​ពី​ការគ្រាន់តែ​អាន លោក​បាន​មាន​ប្រសាសន៍​ថា លោក « បាន​ធ្វើ​បញ្ជី​ថា តើ​ព្រះគម្ពីរ​មរមនគឺ​ជាអ្វី អ្វី​ដែល​វា អះអាងអ្វី​ដែល​វា បដិសេធអ្វី ដែល បំពេញអ្វី​ដែល​វា បញ្ជាក់និង​អ្វី​ដែល​វា បើក​សម្តែង២០

ហើយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ កាល​ពី​ព្រឹកមិញ​នេះ ប្រធាន ហិនរី ប៊ី អាវរិង ជា​សាក្សី​ទី​ពីរ ដែល​បាន​ថ្លែង​ផងដែរ អំពី​ការឆ្លើយ​តប​របស់​លោក​ចំពោះ​ការក្រើន​រំឭក​របស់​ប្រធាន​ម៉ុនសុន ។ តើ​អ្នក​ចងចាំ​ពី​ប្រសាសន៍​​ទាំង​នេះ​ដែរ​ឬ​ទេ ? « ដូច​បងប្អូន​ជាច្រើន​ដែរ ខ្ញុំ​បាន​ស្តាប់​ពាក្យ​ពេចន៍​របស់​ព្យាការី​ថា ជា​សំឡេង​នៃ​ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​ខ្ញុំ ។ ហើយ​ដូច​បងប្អូន​ជាច្រើន​ដែរ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើតាម​ពាក្យ​ពេចន៍​ទាំង​នោះ » ។២១

សូម​ឲ្យ​យើង​ឃើញ​ការណ៍​នេះ​ជា​គំរូ​ក្នុង​ជីវិត​យើង​ផ្ទាល់ ។

ការសន្យា និង​ពរជ័យ

ខ្ញុំ​សន្យា​ថា នៅពេល​អ្នក​ស្តាប់​ឮ​សំឡេង​នៃ​ព្រះអម្ចាស់​សម្រាប់​អ្នក នៅក្នុង​ការបង្រៀន​នៃ​សន្និសីទ​ទូទៅ​នេះ ហើយ​អនុវត្ត​តាម​ការបំផុសគំនិត​ទាំង​នោះ នោះ​អ្នក​នឹង​ទទួល​អារម្មណ៍​ពី​ការជះឥទ្ធិពល​នៃ​ស្ថានសួគ៌​ក្នុង​ជីវិត​អ្នក ហើយ​អស់​អ្នក​ដែល​នៅជុំវិញ​អ្នក​នឹង​បាន​ទទួល​ពរ ។២២

អំឡុងពេល​សន្និសីទ​នេះ យើង​បាន​គិត​អំពី​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង ។ ពួក​យើង​ស្រឡាញ់​លោក ប្រធាន ម៉នសុន ។ ខ្ញុំ​សូម​បញ្ចប់​ជាមួយ​នឹង​ប្រសាសន៍​​លោក​ដែល​​បាន​ថ្លែង​នៅលើ​វេទិកា ។ ខ្ញុំ​ជឿ​ថា នេះ​គឺជា​ពរជ័យ​ដែល​លោក​ចង់​ផ្តល់​ដល់​ពួកយើង​ម្នាក់ៗ​នា​ថ្ងៃ​នេះ ប្រសិនបើ​លោក​អាច​នៅ​ទីនេះ​ជាមួយ​ពួកយើង ។ លោក​បាន​ថ្លែង​ថា ៖ « កាល​យើង​ចាកចេញ​ពី​សន្និសីទ​នេះ​ទៅ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ពរជ័យ​ទាំងឡាយ​នៃ​ស្ថានសួគ៌​ចាក់​ស្រោច​មកលើ​បងប្អូន​ម្នាក់ៗ ។… ខ្ញុំ​សូម​អធិស្ឋាន​ថា ព្រះវរបិតា​សួគ៌​របស់​យើង​នឹង​ប្រទានពរ​ដល់​បងប្អូន និង​គ្រួសារ​របស់​បងប្អូន ។ សូម​ឲ្យ​សារលិខិត និង​វិញ្ញាណ​នៃ​សន្និសីទ​នេះ​ជួយ​បំផុស​គំនិត​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ​—នៅ​ផ្ទះ កន្លែង​ធ្វើការ ក្នុងការ​ប្រជុំ និង​ក្នុង​កិច្ចការ​គ្រប់​ជំពូក » ។

លោក​បាន​ពោល​បញ្ចប់​ថា ៖ « ខ្ញុំ​ស្រឡាញ់​បងប្អូន ។ ខ្ញុំ​សូម​អធិស្ឋាន​សម្រាប់​បងប្អូន ។ សូម​ព្រះ​ប្រទានពរ​ដល់​បងប្អូន ។ សូម​ឲ្យ​ភាពសុខសាន្ដ​ដែល​ទ្រង់​បាន​សន្យា​គង់​នៅ​នឹង​បងប្អូន​ពេល​នេះ និង​ជានិច្ច​ត​ទៅ » ។២៣

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើលគោលលទ្ធិ និង​សេចក្តីសញ្ញា ២១:១ ។

  2. គោលលទ្ធិ និង សេចក្តី​សញ្ញា ២១:៥-៦ ។

  3. យ៉ូសែប ស៊្មីធ បាន​កត់ត្រា​ថា ហេតុការណ៍​ខាង​ក្រោម​នេះ​បាន​កើត​ឡើង​នៅក្នុង​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ឃឺត ឡង់ នៅ​ថ្ងៃ​ទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ ៖

    « ក្រោយ​មក​ខ្ញុំ​បាន​ថ្លែង​សុន្ទរកថា​ថ្មី​មួយ ហើយ​បាន​អំពាវនាវ​ដល់​កូរ៉ុម​មួយ​ចំនួន និង​ពួកបរិសុទ្ធ​នៃ​ក្រុមជំនុំ​ទាំងអស់ ឲ្យ​ទទួលស្គាល់​គណៈប្រធាន [ ទី​មួយ ] ថា​ជា​ព្យាការី និង​អ្នក​ឆុត ហើយ​គាំទ្រ​ពួកលោក​តាមរយៈ​ការអធិស្ឋាន​របស់​ពួកគេ ។ ពួកគេ​ព្រមព្រៀង​ធ្វើ​ដូច្នោះ​តាមរយៈ​ការលើក​ដៃ ។

    « បន្ទាប់​មក​ខ្ញុំ​បាន​អំពាវនាវ​ដល់​កូរ៉ុម និង​ក្រុម​ជំនុំ​នៃ​ពួកបរិសុទ្ធ​ឲ្យ​ទទួល​ស្គាល់​ពួក​សាវក​ដប់ពីរ​នាក់ ដែល​មាន​វត្តមាន​នៅ​ទីនោះ​ថា​ជា ព្យាការី អ្នកឆុត អ្នក​ទទួល​វិវរណៈ និង​ជា​សាក្សី​ពិសេស​ដល់​ប្រជាជាតិ​នៃ​ផែនដី កាន់កូន​សោ​នៃ​នគរ បើក​សោ​នគរ ឬ​បណ្តាល​ឲ្យ​កិច្ចការ​នេះ​កើត​ឡើង​ក្នុង​ចំណោម​ពួកគេ ហើយ​គាំទ្រ​ពួកគេ​តាមរយៈ​ការអធិស្ឋាន ដែល​ពួកគេ​បាន​យល់​ព្រម​ដោយ​ការលើក​ដៃ » (Teachings of Presidents of the Church: Joseph Smithឆ្នាំ ២០០៧ ] ទំព័រ ២០៥ ) ។

  4. គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:៤ ។

  5. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:៣៨ ។

  6. មាន​គ្រា​មួយ​ប្រធាន ហិនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍​ថា ៖

    « ជម្រើស​នៃ​ការ​មិន​ទទួល​យក​ការ​ទូន្មាន​របស់​ព្យាការី ប្ដូរ​ជំហរ​ដែល​យើង​ឈរ ។ វា​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​កាន់​តែ​ច្រើន ។ ការបរាជ័យ​ក្នុង​ការធ្វើ​តាម​ការទូន្មាន​ដែល​បាន​ព្យាករ នាំ​ឲ្យ​អំណាច​ដើម្បី​ទទួល​ការទូន្មាន​ដ៏​បំផុស​គំនិត​ត្រូវ​ទន់​ខ្សោយ​នៅពេល​ខាង​មុខ ។ គ្រា​ដ៏​ល្អ​បំផុត​ដើម្បី​សម្រេច​ចិត្ត​ជួយ​ណូអេ​សាងសង់​ទូក​គឺ​ជា​គ្រា​ដំបូង​ដែល​លោក​បាន​សូម ។ គ្រប់​ពេល​ដែល​លោក​បាន​សូម​បន្ទាប់​រឿង​នោះ​មក មនុស្ស​ម្នាក់ៗ​មិន​ឆ្លើយ​តប​ដែល​ធ្វើ​ឲ្យ​បាត់បង់​នូវ​ការស្តាប់​តាម​ព្រះវិញ្ញាណ ។ ដូច្នេះ​ហើយ​គ្រប់​ពេល​ការស្នើសូម​របស់​លោក​ហាក់បី​ដូចជា​កាន់តែ​ល្ងង់ល្ងើរ រហូត​ដល់​ភ្លៀង​បាន​បង្អុល​ចុះ​មក ។ ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ ។

    « គ្រប់​ពេល​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ នៅ​ពេល​ខ្ញុំ​បាន​ជ្រើស​រើស​ពន្យារ​ពេល​ធ្វើ​តាម​ពាក្យ​ទូន្មាន​ដ៏​បំផុស​គំនិត ឬ​សម្រេច​ចិត្ត​ថា ខ្ញុំ​ជា​មនុស្ស​ដែល​មិន​ត្រូវ​ការ​ពាក្យ​ទូន្មាន​ទាំងនេះ នោះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​ហើយ ។ គ្រប់ពេល​ដែល​ខ្ញុំ​បាន​ស្ដាប់​តាម​ការ​ទូន្មាន​របស់​ព្យាការី ខ្ញុំ​ទទួល​អារម្មណ៍​បញ្ជាក់​នៅក្នុង​ការ​អធិស្ឋាន បន្ទាប់​មក​ធ្វើ​តាម នោះ​ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​បាន​ឆ្ពោះ​ទៅ​ទីសុវត្ថិភាព​ហើយ » ( «Finding Safety in Counsel»Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ២៥ ) ។

  7. សូមមើល នែល អិល អាន់ឌើរសិន «Teaching Our Children to Love the Prophets»Ensign ខែ មេសា ឆ្នាំ ១៩៩៦ ទំព័រ ៤៧ ។

  8. ប៊យដ៏ ឃេ ផាកកឺ បាន​ថ្លែង​ថា ៖

    « ខ្ញុំ​បាន​ឮ​ប្រថាន ហារ៉ូល ប៊ី លី ចាប់ផ្តើម​សេចក្តីថ្លែង​ជាច្រើន​អំពី​បញ្ហា​នានា​ដែល​ទាក់ទង​នឹង​វិវរណៈ​ជាមួយ​នឹង​ការបំផុស​គំនិត​ដូចនេះ ៖ ‹ នៅ​ពេល​ព្រឹក​ព្រលឹម ខណៈ​ដែល​ខ្ញុំ​កំពុង​ពិចារណា​អំពី​ប្រធានបទ​នោះ …› លោក​បាន​អនុវត្ត​កិច្ចការ​នោះ ក្រោក​ពី​ព្រលឹម​សញ្ជឹង​គិត​អំពី​បញ្ហា​ដែល​តម្រូវ​ឲ្យ​មាន​វិវរណៈ ។

    ព្រះអម្ចាស់​ជ្រាប​ដឹង​អ្វី​មួយ នៅពេល​ទ្រង់​បាន​ដឹកនាំ​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ‹ ចូរ​ឈប់​ដេក​យូរ​ជាង​ដែល​ត្រូវការ ចូរ​ឆាប់​ចូល​ដំណេក ប្រយោជន៍​កុំ​ឲ្យ​អ្នករាល់គ្នា​អស់​កម្លាំង ចូរ​ឆាប់​ក្រោក​ប្រយោជន៍​ឲ្យ​រូបកាយ​របស់​អ្នករាល់គ្នា និង​គំនិត​របស់​អ្នក​រាល់គ្នា​អាច​មាន​កម្លាំង​ក្លៀវក្លា › ។ ( គ. និង ស. ៨៨:១២៤ ) ។…

    ខ្ញុំ​បាន​រៀន​អំពី​អំណាច​នៃ​ពាក្យ​បង្គាប់​នោះ ‹ ចូរ​ឆាប់​ចូល​ដំណេក ចូរ​ឆាប់​ក្រោក › ។ ពេល​ខ្ញុំ​មាន​សម្ពាធ​ផ្សេងៗ អ្នក​ពុំ​ឃើញ​ថា ខ្ញុំ​នៅ​ធ្វើ​កិច្ចការ​ដល់​យប់​ជ្រៅ​នោះ​ទេ ។ ខ្ញុំ​បែរ​ជា​ប្រញាប់​ចូល​ដេក​ពី ព្រលប់ ហើយ​ភ្ញាក់​ពី​ព្រលឹម ជា​ពេល​ដែល​ខ្ញុំ​អាច​នៅ​ជិត​នឹង​ទ្រង់​ដែល​ដឹកនាំ​កិច្ចការ​នេះ » (Teach Ye Diligently [ ឆ្នាំ ២០០៥ ] ទំព័រ ២៤៤-៤៥ ) ។

  9. នែល អិល អាន់ឌើរសិន «You Know EnoughLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៣ ។

  10. ថូម៉ាស អេស ម៉នសុន «Until We Meet Again»Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៥ ។

  11. ថូម៉ាស អេស ម៉នសុន «God Be with You Till We Meet Again»Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១១០ ។

  12. យ៉ូហាន ១០:៤ ។

  13. ហិនរី ប៊ី. អាវរិង «Fear Not to Do Good» Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១០៣ ។

  14. ឌៀថើរ អេស្វ អុជដូហ្វ «A Yearning for Home» Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២២, ២៤ ។

  15. រ័សុល អិម ណិលសុន «The Book of Mormon: What Would Your Life Be Like without It?» Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៣ ។

  16. ដាល្លិន អេក អូក «The Plan and the Proclamation» Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣០ ។

  17. អិម រ័សុល បាឡឺដ «The Trek Continues !» Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១០៦ ។

  18. Spencer J. Condie Russell M. Nelson: Father, Surgeon, Apostleឆ្នាំ ២០០៣ ) ទំព័រ ២១៥ ។

  19. Spencer J. Condie, Russell M. Nelsonទំព័រ ២១៥ ។

  20. រ័សុល អិម ណិលសុន «The Book of Mormon: What Would Your Life Be Like without It?» ទំព័រ ៦១ ។

  21. ហិនរី ប៊ី. អាវរិង «Fear Not to Do Good» ទំព័រ ១០០ ។

  22. មាន​គ្រា​មួយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ថា ៖

    « ការសាកល្បង​នឹង​កើត​មាន​ឡើង​ក្នុងការ​អនុវត្ត​ទៅលើ​ការបង្រៀន​ដែល​បាន​ផ្តល់​ឲ្យ ។ ប្រសិនបើ​យើង​មាន​ចិត្ត​សប្បុរស​ជាង​នេះ​បន្តិច ប្រសិនបើ​យើង​មាន​ភាព ជា​អ្នក​ជិតខាង​បន្តិច ប្រសិនបើ​យើង​ខិត​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ​ដោយ​មាន​ការសម្រេច​ចិត្ត​កាន់តែ​រឹងមាំ​ជាង​នេះ​ក្នុងការ​ធ្វើ​តាម​ការបង្រៀន និង​គំរូ​របស់​ទ្រង់ នោះ​សន្និសីទ​នេះ​នឹង​មាន​ជោគជ័យ​ដ៏​អស្ចារ្យ ។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​គ្មាន​ការកែលម្អ​នៅក្នុង​ជីវិត​យើង​ទេ នោះ​អស់​អ្នក​ដែល​បាន​និយាយ​នឹង​មាន​បរាជ័យ​យ៉ាង​ខ្លាំង ។

    ការផ្លាស់ប្តូរ​ទាំង​នោះ​ពុំ​អាច​ត្រូវបាន​វាស់វែង​ឡើយ​នៅ​ក្នុង​មួយ​ថ្ងៃ ឬ​មួយ​សប្ដាហ៍ ឬ​មួយ​ខែ ។ ការសម្រេច​ចិត្ត​ត្រូវ​ធ្វើ​ឡើង​ភ្លាមៗ ហើយ​បំភ្លេច​ភ្លាមៗ ។ ប៉ុន្តែ នៅក្នុង​រយៈពេល​មួយ​ឆ្នាំ​ចាប់​ពី​ពេល​នេះ ប្រសិនបើ​យើង​កំពុង​ធ្វើ​បាន​ប្រសើរ​ជាង​កាល​ពី​អតីតកាល នោះ​កិច្ចខិតខំ​ក្នុង​ថ្ងៃ​នេះ​នឹង​មិន​អត់​ប្រយោជន៍​ឡើយ » ( «An Humble and a Contrite Heart» Ensignខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៨៨ ) ។

  23. ថូម៉ាស អេស ម៉នសុន «A Word at Closing» Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១១៣ ។