ឆ្នាំ ២០១០-២០១៩
បងប្អូន​ស្រី​បីនាក់
ខែ តុលា ២០១៧


បងប្អូន​ស្រី​បីនាក់

យើង​ទទួល​ខុស​ត្រូវ​ចំពោះ​ភាព​ជាសិស្ស​ផ្ទាល់ខ្លួន​របស់​យើង ហើយ​វា​មិន​សូវ​ទាក់ទង—​នឹង​អ្វី​ដែល​អ្នកដទៃ​ប្រព្រឹត្ត​ចំពោះយើង​នោះ​ទេ ។

បងប្អូនស្រី មិត្ត​ជា​ទីស្រឡាញ់ ដើម្បី​ចាប់​ផ្ដើម​សន្និសីទ​ទូទៅ​ជាមួយ​នឹង​សម័យប្រជុំ​របស់​ស្ត្រី​ទូទាំង​ពិភពលោក​គឺ​ជា​រឿង​សំខាន់ ហើយ​អស្ចារ្យ​ណាស់ ។ ចូរ​ស្រមៃ​មើល ៖ មាន​ស្ត្រី​គ្រប់​វ័យ​គ្រប់​ជីវប្រវត្តិ គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា​មក​រួម​គ្នា​នៅ​ក្នុង​សេចក្ដីជំនឿ និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅពេល​យើង​ជួប​នឹង​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង​ថ្មីៗ​នេះ​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​សម្ដែង​ប្រាប់​យើង​ថា​លោក​ស្រឡាញ់​ព្រះអម្ចាស់​ខ្លាំង​ណាស់ ។ ហើយ​ខ្ញុំ​ដឹង​ថា ប្រធាន ម៉នសុន មាន​អំណរ​គុណ​ណាស់​ចំពោះ​សេចក្ដីស្រឡាញ់ ការ​អធិស្ឋាន និង​ការ​លះបង់​របស់​បងប្អូន​ចំពោះ​ព្រះអម្ចាស់ ។

ជា​យូរ​លង់​មក​ហើយ នៅ​លើ​ដែនដី​ដ៏​ឆ្ងាយ​មួយ មាន​បងប្អូន​ស្រី​បី​នាក់​រស់នៅ​ជា​គ្រួសារ ។

នាង​បង​គឺ​ជា​មនុស្ស សោកសៅ ។ អ្វីៗ​លើ​តួខ្លួន​នាង តាំង​ពី​ច្រមុះ​ដល់​ចង្កា តាំង​ពី​ស្បែក​ដល់​ម្រាម​ជើង​ហាក់​ដូចជា​ពុំ​ល្អ​គ្រប់គ្រាន់​ចំពោះ​នាង​សោះ ។ នៅពេល​នាង​និយាយ ពេល​ខ្លះ​សម្ដី​របស់​នាង​ចេញ​មក​ឆ្គង​ធ្វើ​ឲ្យ​គេ​សើច ។ នៅពេល​នរណា​ម្នាក់​រិះគន់​នាង ឬ « ភ្លេច » អញ្ជើញ​នាង​ទៅ​ចូលរួម​អ្វី​មួយ នោះ​មុខ​នាង​នឹង​ឡើង​ក្រហម រួច​ដើរ​ចេញ​រក​កន្លែង​ស្ងាត់​មួយ​ដើម្បី​ស្រែក​បន្ធូរ​អារម្មណ៍ ហើយ​ងឿង​ឆ្ងល់​ថា​ហេតុអ្វី​ជីវិត​ក៏​បែរ​ជា​អាប់អួរ ហើយ​ពុំ​រីករាយ​សោះ​ដូច្នេះ ។

នាងទីពីរ​ជា​មនុស្ស មួម៉ៅ ។ នាង​បាន​គិត​ថា​ខ្លួនឯង​ជា​មនុស្ស​ឆ្លាត​ណាស់ ប៉ុន្តែ​នៅ​ឯ​សាលា​រៀន​តែងតែ​មាន​គេ​បាន​ពិន្ទុ​ខ្ពស់​ជាង​នាង ។ នាង​ចាត់​ទុក​ថា​ខ្លួន​ឯងជា​មនុស្ស​កំប្លែង ស្រស់​ស្អាត ឆើតឆាយ ហើយ​ទាក់ទាញ ។ ប៉ុន្តែ​ហាក់​ដូចជា​មាន​នរណា​ម្នាក់​ទៀត​ដែល​កំប្លែង​ជាង ស្អាត​ជាង ឆើតឆាយ​ជាង ហើយ​គួរ​ឲ្យ​ទាក់ទាញ​ជាង​នាង​ជានិច្ច ។

នាង​ពុំ​ដែល​ទទួល​បាន​លេខ​មួយ​ទេ ហើយ​រឿង​នេះ​ធ្វើ​ឲ្យ​នាង​ពុំ​អាច​ទ្រាំ​បាន​ទេ ។ ជីវិត​មិន​គួរ​ដូច្នេះ​សម្រាប់​នាង​ទេ !

ពេល​ខ្លះ​នាង​វាយ​ប្រហារ​ទៅ​លើ​អ្នកដទៃ ហើយ​វា​ហាក់​ដូចជា​នាង​តែងតែ​មួរម៉ៅ​នឹង​រឿង​នេះ​រឿង​នោះ​ជាប់​ជានិច្ច ។

ប្រាកដ​ណាស់ រឿង​នេះ​ពុំ​ធ្វើ​ឲ្យ​នាង​មាន​គេ​ចូលចិត្ត​ច្រើន ឬ​មាន​ប្រជាប្រិយភាព​ទេ ។ ពេល​ខ្លះ នាង​សង្កៀត​ធ្មេញ ក្ដាប់ដៃ ហើយ​បាន​គិត​ថា « ជីវិត​មិន​យុត្តិធម៌​ទេ ! »

បន្ទាប់​ពី​នោះ​គឺ​នាង​ទីបី ។ នាង​មិន​ដូចជា​បងស្រី សោកសៅ និង​បងស្រី មួម៉ៅ នោះទេ នាង​គឺ—ល្អ រីករាយ ។ ហើយ​វា​ពុំ​មែន​ដោយសារ​តែ​នាង​ឆ្លាតជាង ឬ​ស្រស់ស្អាត​ជាង ឬ​មាន​សមត្ថភាព​ជាង​បងស្រី​របស់​នាង​ទេ ។ មាន​ពេល​ខ្លះ​មាន​គេ​គេច​ចេញ​ពី​នាង ឬ​បដិសេធ​គាត់​ផងដែរ ។ ពេល​ខ្លះ​គេ​ចំអក​ដាក់​ការ​ស្លៀកពាក់​របស់​នាង ឬ​រឿង​ដែល​នាង​និយាយ ។ ពេល​ខ្លះ​គេ​និយាយ​អាក្រក់​ពី​នាង ។ ប៉ុន្តែ​នាង​មិន​បណ្តោយ​ឲ្យ​អ្វី​ទាំង​នោះ​មក​ធ្វើ​ឲ្យ​នាង​ឈឺ​ក្បាល​នោះ​ទេ ។

នាង​ចូលចិត្ត​ច្រៀង ។ នាង​ច្រៀង​មិន​ពិរោះ​ទេ ហើយ​មនុស្ស​បាន​សើច​ចំអក​ដាក់​នាង ប៉ុន្តែ​នាង​មិន​ឈប់​ច្រៀង​ឡើយ ។ នាង​នឹង​និយាយ​ថា « ខ្ញុំ​នឹង​មិន​ឲ្យ​អ្នក​ដទៃ​និង​គំនិត​របស់​ពួកគេ​មក​បញ្ឈប់​ខ្ញុំ​ពី​ការ​ច្រៀង​ឡើយ ! »

តាមពិត​ទៅ កាល​ដែល​នាង​ច្រៀង​នោះ វា​ធ្វើ​ឲ្យ​បងស្រី​ទីមួយ​សោកសៅ ហើយ​បងស្រី​ទីពីរ​មួម៉ៅ ។

អស់​ជាច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ នៅ​ទីបញ្ចប់​បងប្អូន​ស្រី​ម្នាក់ៗ​បាន​ឈាន​ចូល​ដល់​ទីបញ្ចប់​នៃ​ជីវិត​លើ​ផែនដី​របស់​គាត់ ។

បងស្រី​ទីមួយ ដែល​គិត​ម្តង​ហើយ​ម្តង​ទៀត​ថា មាន​រឿង​ខកចិត្ត​ជាច្រើន​នៅ​ក្នុង​ជីវិត នៅទី​បំផុត​ស្លាប់​ទៅ​ទាំង សោកសៅ ។

បងស្រី​ទីពីរ ដែល​តែងតែ​គិត​ថា​មាន​រឿង​ដែល​ធ្វើ​ឲ្យ​នាង​មិន​ចូល​ចិត្ត​ថ្មីៗ​រាល់​ថ្ងៃ បាន​ស្លាប់​ទៅ​ទាំង​មួម៉ៅ ។

ហើយ​នាង​ទីបី ដែល​ចំណាយ​ពេល​ក្នុង​ជីវិត​នាង​ច្រៀង​ចម្រៀង​ដោយ​អស់​ពី​ចិត្ត ហើយ​ញញឹម​ដោយ​មាន​ទំនុក​ចិត្ត​នៅ​លើ​ផ្ទៃ​មុខ បាន​ស្លាប់​ទៅ​ដោយ​រីករាយ ។

ប្រាកដ​ណាស់ ជីវិត​គឺ​ពុំ​ដែល​ងាយ​ស្រួល​ទេ ហើយ​មនុស្ស​ក៏​ពុំ​ដែល​នៅ​នឹង​ថ្កល់​មិន​ចេះ​ផ្លាស់ប្ដូរ​ដូចជា​បងប្អូន​ស្រី​បី​នាក់​ក្នុង​រឿង​នេះ​ដែរ ។ ប៉ុន្តែ​ជា​មួយ​នឹង​ឧទាហរណ៍​ដ៏​ហួស​ប្រមាណ​ដូច្នេះ វា​អាច​បង្រៀន​យើង​អ្វី​មួយ​អំពី​ខ្លួន​យើង ។ ប្រសិន​បើ​អ្នក ក៏​ដូចជា​ពួក​យើង​ភាគច្រើន អ្នក​អាច​ទទួល​ស្គាល់​ថា​អ្នក​មាន​ចំណែក​ខ្លះៗ​ដូចជា​បងស្រី​ទីមួយ ទីពីរ ឬ​មាន​ទាំង​បី ។ ចូរ​យើង​មើល​ឲ្យ​កាន់តែ​ច្បាស់​អំពី​អាកប្បកិរិយា​និមួយៗ ។

ជន​រង​គ្រោះ

បងស្រី​ទីមួយ បាន​មើល​ខ្លួន​ឯង​ថា​ជា​ជន​រង​គ្រោះ—ជា​មនុស្ស​ម្នាក់​ដែល​ទទួល​រង​សកម្មភាព ។ វា​ហាក់​ដូចជា​រឿង​មួយ​ហើយ​មួយ​ទៀត បន្ដ​កើត​ឡើង​ចំពោះនាង​ដែល​ធ្វើ​ឲ្យ​នាង​សោកសៅ ។ ការ​មាន​ទស្សនៈ​ចំពោះ​ជីវិត​បែប​នេះ នាង​បាន​ឲ្យ​អ្នក​ដទៃ​គ្រប់គ្រង​លើ​អារម្មណ៍ និង​អាកប្បកិរិយា​របស់​នាង ។ នៅពេល​យើង​ធ្វើ​ដូច​នេះ យើង​នឹង​ត្រូវ​រង​ឥទ្ធិពល​ពី​គំនិត​សព្វ​បែប​យ៉ាង—ដែល​បច្ចុប្បន្ន​នេះ​មាន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ។

បងប្អូន​ស្រី​ជាទីស្រឡាញ់ ហេតុអ្វី​ក៏​អ្នក​គប្បី​ដាក់​សុភមង្គល​របស់​អ្នក​ក្នុង​ដៃ​អ្នក​ដទៃ ឬ​ក្រុម​មនុស្ស​មួយ​ក្រុម ដែល​មិន​សូវ​យកចិត្ត​ទុក​ដាក់​ពី​អ្នក— ឬ​សុភមង្គល​របស់​អ្នក​ដូច្នេះ ?

ប្រសិន​បើ​អ្នក​ឃើញ​ថា​ខ្លួន​អ្នក​ខ្វល់​ខ្វាយ​អំពី​អ្វី​ដែល​អ្នក​ដទៃ​និយាយ​អំពី​អ្នក ខ្ញុំ​សូម​ផ្ដល់​ថ្នាំ​បន្សាប​នេះ​ថា ៖ សូម​ចងចាំ​ថា​អ្នក​ជា​នរណា ។ សូម​ចងចាំ​ថា​អ្នក​គឺ​មាន​ពូជពង្ស​ក្សត្រ​នៃ​នគរ​ព្រះ ជា​បុត្រី​របស់​ព្រះបិតា​មាតា​សួគ៌ ដែល​គ្រប់គ្រង​សាកល​លោក ។

អ្នក​មាន DNA ខាង​វិញ្ញាណ​របស់​ព្រះ ។ អ្នក​មាន​អំណោយ​ទាន​ពិសេស​ដែលបាន​ផ្ដើម​ក្នុង​ការ​បង្កបង្កើត​ខាង​វិញ្ញាណ​របស់​អ្នក​មក​ម្ល៉េះ ហើយ​វា​ត្រូវ​បាន​អភិវឌ្ឍ​អំឡុង​កាល​ដ៏​ធំ​នៃ​ជីវិត​មុន​ឆាក​ជីវិត​នេះ​របស់​អ្នក ។ អ្នក​គឺ​ជា​បុត្រ​របស់​ព្រះ​ដ៏​ប្រកប​ដោយ​ក្ដី​មេត្តា​ករុណា និង​អស់កល្ប​ជានិច្ច​របស់​យើង ជា​ព្រះវរបិតា​នៅ​ស្ថានសួគ៌ ជា​ព្រះ​អម្ចាស់​នៃ​ពួក​ពលបរិវារ ជា​អង្គ​ដែល​បាន​បង្កើត​សាកល​លោក បាន​ដាក់​ពង្រាយ​ផ្កាយ​ពេញ​លំហរ​ដ៏​ធំ ហើយ​បាន​ដាក់​ភព​ជា​ច្រើន​នៅ​ក្នុង​គន្លង​របស់​វា ។

អ្នក​ស្ថិត​នៅ​ក្នុង​ព្រះហស្ត​របស់​ទ្រង់ ។

ជា​ព្រះហស្ត​ដ៏​ល្អ ។

ព្រះ​ហស្ត​ជា​ទីស្រឡាញ់ ។

ព្រះហស្ត​យកព្រះទ័យ​ទុកដាក់ ។

ហើយ​គ្មាន​នរណា​ម្នាក់​សោះ​អាច​និយាយ​ថា​អ្នក​អាច​ផ្លាស់ប្ដូរ​រឿង​នោះ​បាន​ឡើយ ។ ពាក្យ​សម្ដី​របស់​ពួកគេ​គឺ​គ្មាន​ន័យ​ទេ បើ​ប្រៀប​ទៅ​នឹង​អ្វី​ដែល​ព្រះ​បាន​មាន​បន្ទូល​អំពី​អ្នក ។

អ្នក​គឺ​ជា​បុត្រ​ដ៏​មាន​តម្លៃ​របស់​ទ្រង់ ។

ទ្រង់​ស្រឡាញ់​អ្នក ។

ទោះ​ជា​ពេល​អ្នក​ជំពប់​ជើង​ដួល ឬ​ពេល​អ្នក​ងាក​ចេញ​ពី​ទ្រង់​ក្ដី ព្រះ​ស្រឡាញ់​អ្នក ។ ប្រសិន​បើ​អ្នក​កំពុង​មាន​អារម្មណ៍​ថា​វង្វេង គ្មាន​អ្នក​ខ្វល់​ខ្វាយ ឬ​បំភ្លេច​ចោល—ចូរ​កុំ​ខ្លាច​ឡើយ ។ អ្នក​គង្វាល​ល្អ​នឹង​ស្វែងរក​អ្នក ។ ទ្រង់​នឹង​ដាក់​បងប្អូន​នៅ​លើ​ស្មា​ទ្រង់ ។ ទ្រង់​នឹង​នាំ​បងប្អូន​ទៅ​ផ្ទះ ។

បងប្អូន​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ សូម​ឲ្យ​សេចក្ដីពិត​របស់​ព្រះ​ទាំង​នេះ ចាក់​ជាប់​នឹង​បេះដូង​របស់​បងប្អូន ។ ហើយ​បងប្អូន​នឹង​បាន​ឃើញ​ថា មាន​មូលហេតុ​ជា​ច្រើន​ថា​មិន​ត្រូវ​សោកសៅ ដ្បិត​អ្នក​មាន​ជោគ​វាសនា​ដ៏​អស់កល្ប​មួយ​ដើម្បី​បំពេញ ។

ព្រះអង្គ​សង្គ្រោះ​ជា​ទីស្រឡាញ់​នៃ​ពិភពលោក បាន​ប្រទាន​ជីវិត​របស់​ទ្រង់​ដើម្បី​អ្នក​អាច​ជ្រើសរើស​ដើម្បី​ធ្វើ​ឲ្យ​ជោគវាសនា​នោះ​ក្លាយ​ជាការ​ពិត ។ អ្នក​បាន​លើក​ដាក់​មក​លើ​ខ្លួន​អ្នក​នូវ​ព្រះនាម​របស់​ទ្រង់ អ្នក​គឺ​ជា​ពួក​សិស្ស​របស់​ទ្រង់ ។ ហើយ​តាមរយៈ​ទ្រង់ នោះ​អ្នក​អាច​បំពាក់​លើ​ខ្លួន​អ្នក​នូវ​រ៉ូប​នៃ​សិរីល្អ​ដ៏​អស់កល្ប​ជានិច្ច ។

អ្នក​ស្អប់

បងស្រី​ទីពីរ​គឺ​ខឹង​នឹង​ពិភពលោក ។ ក៏​ដូចជា​បងស្រី សោកសៅ​របស់​នាង​ដែរ នាង​មាន​អារម្មណ៍​ថា​បញ្ហា​ទាំងឡាយ​ក្នុង​ជីវិត​នាង គឺ​បណ្ដាល​មក​ពី​អ្នក​ផ្សេង​ទាំងអស់ ។ នាង​បាន​បន្ទោស​គ្រួសារ​នាង មិត្តភក្ដិ នាយក សហការី ប៉ូលីស អ្នក​ជិត​ខាង អ្នក​ដឹកនាំ​សាសនាចក្រ ម៉ូត​សំលៀកបំពាក់​បច្ចុប្បន្ន អាំងតង់ស៊ីតេ​នៃ​ពន្លឺ​សូឡា និង​សំណាង​មិន​ល្អ​ជាដើម ។ ហើយ​នាង​វាយ​ប្រហារ​លើ​អ្វី​ទាំងអស់​នោះ​ដោយ​ពាក្យ​សម្ដី ។

នាង​ពុំ​គិត​ថា​ខ្លួន​នាង​ជា​មនុស្ស​អាក្រក់​ទេ ។ ផ្ទុយ​ទៅ​វិញ នាង​មាន​អារម្មណ៍​ថា នាង​គ្រាន់តែ​ការពារ​ខ្លួន​ឯង​សោះ​ហ្នឹង ។ នាង​ជឿ​ថា មនុស្ស​ផ្សេង​ទៀត​ ត្រូវ​បាន​លើក​ទឹកចិត្ត​ដោយ​ភាព​អត្មានិយម គិត​រឿង​កំប៉ិកកំប៉ុក​គ្មាន​ប្រយោជន៍ ហើយ​ស្អប់ ។ ឯ​នាង​វិញ​គឺ​ថា​នាង​ត្រូវ​បាន​លើកទឹកចិត្ត​ដោយ​បំណង​ល្អ—យុត្តិធម៌ សេចក្ដីសុចរិត និង​សេចក្ដីស្រឡាញ់ ។

តាម​ពិត​ទៅ អ្វី​ដែល​បងស្រី​មួម៉ៅ​គិត​គឺ​ទូទៅ​ខ្លាំង​ណាស់ ។ រឿង​នេះ​ត្រូវ​បាន​កត់ត្រា​ទុក​នៅក្នុង​ការសិក្សា​ថ្មីៗ​មួយ​ដែល​រុករក​មើល​ជម្លោះ​រវាង​ក្រុម​គូប្រកួតប្រជែង ។ ជា​ចំណែក​នៃ​ការ​សិក្សា​នោះ អ្នក​ស្រាវជ្រាវ​បាន​សម្ភាស​ពួក​ប៉ាលេស្ទីន និង​អ៊ីស្រាអែល​នៅ មជ្ឈិមបូព៌ា ហើយ​ពួក​សាធារណៈរដ្ឋ និង​ពួក​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ ។ ពួកគេ​បាន​រក​ឃើញ​ថា « ភាគី​សងខាង​មាន​អារម្មណ៍​ថា​ក្រុម​របស់​ពួកគេ [ គឺ ] ត្រូវ​បាន​លើក​ទឹកចិត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​ស្អប់ ប៉ុន្តែ​នៅ​ពេល​សួរ​ថា​ហេតុអ្វី​ក្រុម​គូប្រកួតប្រជែង​របស់​ពួកគេ [ មាន ] ជម្លោះ, [ ពួកគេ ] បាន​ចង្អុល​ទៅ​ការ​ស្អប់​ថា​ជា កត្តា​លើក​ទឹកចិត្ត​របស់​ក្រុម [ មួយ​ទៀត ] » ។

ជា​ពាក្យ​ម្យ៉ាង​ទៀត​គឺ​ថា ក្រុម​នីមួយៗ​គិត​ថា​ខ្លួន​ឯង​គឺ​ជា « មនុស្ស​ល្អ » —យុត្តិធម៌ ចិត្ត​ល្អ ហើយ​ស្មោះត្រង់ ។ ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​មើល​ទៅ​គូរ​ប្រកួតប្រជែង​ពួកគេ​ថា​ជា « មនុស្ស​អាក្រក់ » —ល្ងង់ ពុំ​ស្មោះត្រង់ អាក្រក់ ។

នៅ​ឆ្នាំ​ដែល​ខ្ញុំ​កើត​មក ពិភពលោក​បាន​ធ្លាក់​ក្នុង​ការ​មាន​សង្គ្រាម​ដ៏​អាក្រក់​មួយ ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខព្រួយ និង​ការ​សោកសៅ​ដ៏​ខ្លាំង​ក្នុង​ពិភពលោក ។ សង្គ្រាម​នេះ​បាន​បណ្ដាល​ដោយ​មនុស្ស​មួយ​ក្រុម​មក​ពី​ជាតិ​សាសន៍​ខ្ញុំ— ជា​មនុស្ស​មួយ​ក្រុម​ដែល​មើល​ទៅ​ក្រុម​ដទៃ​ទៀត​ថា​ជា​ក្រុម​អាក្រក់ ហើយ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ស្អប់​ពួកគេ ។

ពួកគេ​បាន​បិទ​មាត់​អស់​អ្នក​ដែល​ពួកគេ​មិន​ចូលចិត្ត ។ ពួកគេ​ខ្មាស់អៀន និង​ធ្វើ​ឲ្យ​ពួកគេ​អាក្រក់ ។ ពួកគេ​គិត​ថា​ពួកគេ តូចទាប —មិន​សម​ជា​មនុស្ស​ផង ។ នៅ​ពេល​អ្នក​បន្ដុះ​បង្អាប់​ដល់​មនុស្ស​មួយ​ក្រុម នោះ​អ្នក​ហាក់​ដូច​ជា​ការ​ពារ​ពាក្យសម្ដី​ខ្លួន និង ទង្វើ​ហិង្សា​ទាស់​នឹង​ពួកគេ ។

ខ្ញុំ​ពុំ​ចង់​គិត​ពី​អ្វី​កើត​ឡើង​នៅ​អាល្លឺម៉ង់​ក្នុង​សតវត្សរ៍​ទី ២០​ទេ ។

នៅពេល​នរណា​ម្នាក់​ជំទាស់ ឬ​មិន​យល់​ស្រប​នឹង​យើង វា​ជា​ការ​ល្បួង​ឲ្យ​ស្មាន​ថា នឹង​មាន​អ្វី​មួយ​ខុស​ក្នុង​ខ្លួន​អ្នក​នោះ​ហើយ ។ ហើយ​ចាប់​ពី​ចំណុច​នោះ​មក វា​នឹងទៅ​ជា​ការ​បោះ​ជំហាន​តូច​មួយ​ទៅ​ភ្ជាប់​នឹង​ហេតុ​ទៅរក​ពាក្យ​សម្ដី និង​សកម្មភាព​របស់​ពួកគេ ។

ប្រាកដ​ណាស់ យើង​ត្រូវ​តែ​ការពារ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​មាន​ពេល​ជាច្រើន​ដែល​យើង​ត្រូវ​តែ​បន្លឺ​សំឡេង​របស់​យើង​សម្រាប់​បុព្វហេតុ​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី នៅពេល​យើង​ធ្វើ​ដូច្នោះ​ដោយ​កំហឹង ឬ​ការ​ស្អប់​នៅ​ក្នុង​ដួងចិត្ត​យើង— នៅពេល​យើង​វាយ​ប្រហារ​ឲ្យ​អ្នកដទៃ​ឈឺចាប់ ខ្មាសអៀន ឬ​ស្ងាត់​មាត់—នោះ​ភាគច្រើន​គឺ​យើង​មិន​កំពុង​ធ្វើ​ដូច្នោះ​ដោយ​នូវ​សេចក្ដីសុចរិត​នោះ​ទេ ។

តើ​ព្រះអង្គ​សង្គ្រោះ​បង្រៀន​អ្វី​ខ្លះ ?

« ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នករាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ

« ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះវរបិតា​នៃ​អ្នករាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ » ។

នេះ​គឺ​ជា​របៀប​របស់ព្រះអង្គ​សង្គ្រោះ ។ វា​គឺ​ជា​ជំហាន​ទីមួយ​នៅ ក្នុង​ការ​បំបែក​របាំង​ដែល​បង្កើត​ឲ្យ​មាន​កំហឹង ការ​ស្អប់ ការ​បែកបាក់ និង​ហិង្សា​ដ៏​ច្រើន​នៅក្នុង​ពិភពលោក​នេះ ។

« បាទ » អ្នក​អាច​និយាយ​ថា « ខ្ញុំ​នឹង​ស្ម័គ្រចិត្ត​ស្រឡាញ់​សត្រូវ​របស់​ខ្ញុំ—បើ​ពួកគេ​ស្ម័គ្រ​ចិត្ត​ធ្វើ​ដូចគ្នា​នេះ » ។

ប៉ុន្តែ​រឿង​នោះ​វា​ពុំ​សំខាន់​ទេ មែនទេ ? យើង​ទទួល​ខុសត្រូវ​ចំពោះ​ភាព​ជាសិស្ស​ផ្ទាល់ខ្លួន​របស់​យើង ហើយ​វា​មិន​សូវ​ទាក់ទង—​នឹង​អ្វី​ដែល​អ្នកដទៃ​ប្រព្រឹត្ត​ចំពោះ​យើង​នោះ​ទេ ។ ជាក់ស្ដែង យើង​សង្ឃឹម​ថា ពួកគេ​នឹង​យល់ ហើយ​មាន​ចិត្ត​សប្បុរស​ត្រឡប់​មក​វិញ ប៉ុន្តែ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ពួកគេគឺ​ឯករាជ្យ​ពី​អារម្មណ៍​របស់​ពួកគេ​មាន​ចំពោះ​យើង វិញ ។

ប្រហែល​ជា​ការ​ខំប្រឹង​ស្រឡាញ់​មារសត្រូវ​របស់​យើង នឹង​ជួយ​បន្ទន់​ដួងចិត្ត​ពួកគេ ហើយ​ជះ​ឥទ្ធិពល​ដល់​ពួកគេ​សម្រាប់​សេចក្ដីល្អ ។ ប្រហែល​ជា​ពួកគេ​នឹង​ពុំ​ទទួល​យក​ទេ ។ ប៉ុន្តែ​រឿង​នោះ​មិន​អាច​មក​ផ្លាស់ប្ដូរ​ការតាំង​ចិត្ត​របស់​យើង​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។

ដូច្នេះ​ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ យើង​ស្រឡាញ់​មារសត្រូវ​របស់​យើង ។

យើង​នឹង​យក​ឈ្នះ​កំហឹង ឬ​ការ​ស្អប់ ។

យើង​នឹង​បំពេញ​ក្នុង​ដួងចិត្ត​របស់​យើង​ដោយ​សេចក្ដីស្រឡាញ់​ចំពោះ​កូនចៅ​ទាំងអស់​របស់​ព្រះ ។

យើង​នឹង​ឈោង​ទៅ​ប្រទាន​ពរ​ដល់​អ្នក​ដទៃ ហើយ​បម្រើ​ពួកគេ—ទោះ​ជា​អ្នក​ទាំង​នោះ​អាច​នឹង « ប្រើ​[ យើង ] ដោយ​មាន​គំនុំ​ព្យាបាទ ហើយ​បៀតបៀន​ [ យើង ] ក្ដី » ។

សិស្ស​ពិត

នាង​ទីបី​តំណាង​ឲ្យ​សិស្ស​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នាង​បាន​ធ្វើ​អ្វី​ដែល​អាច​នឹង​លំបាក​បំផុត​ដើម្បី​ធ្វើ—នាង​ទុកចិត្ត​លើ​ព្រះ ទោះ​ជា​ប្រឈម​នឹង​ការ​ចំអក និង​ភាព​លំបាក​ក្ដី ។ នាង​បាន​រក្សា​ជំនឿ និង​ក្ដីសង្ឃឹម​របស់​នាង ដោយពុំ​គិត​ពី​ការ​ចំអក និង​ការរិះគន់​នៅ​ជុំ​វិញ​នាង​ទេ ។ នាង​បាន​រស់​នៅ​ដោយ​អំណរ ពុំ​មែន​ស្ថានភាព​របស់​នាង​មាន​អំណរ​ទេ ប៉ុន្តែ​នាង​គឺ​មាន​អំណរ ។

គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​ធ្វើ​ដំណើរ​ជីវិត​នេះ​ដោយ​គ្មាន​ការ​ជំទាស់​នោះ​ទេ ។ មាន​កម្លាំង​ជាច្រើន​ព្យាយាម​ទាញ​យើង​ចេញ តើ​យើង​រក្សា​ចក្ខុវិស័យ​របស់​យើង​នឹង​ឆ្ពោះ​ទៅ​រក​សុភមង្គល​ដ៏​រុង​រឿង​ដែល​បាន​សន្យា​ចំពោះ​ពួក​ស្មោះត្រង់​យ៉ាង​ដូចម្ដេច ?

ខ្ញុំ​ជឿ​ថា​ចម្លើយ​អាច​រក​បាន​នៅ​ក្នុង​សុបិន​មួយ​ដែល​ព្យាការី​ម្នាក់​មាន​កាល​ពី​រាប់ពាន់​ឆ្នាំ​កន្លង​ទៅ ។ ព្យាការី​នោះ​ឈ្មោះ​ថា លីហៃ ហើយ​សុបិន​របស់​លោក​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​មរមន​ដ៏​មាន​តម្លៃ និង​អស្ចារ្យ ។

នៅក្នុង​សុបិន​របស់​លោក លីហៃ​បាន​ឃើញ​វាល​ដ៏​ធំ​មួយ ហើយ​នៅ​កណ្ដាល​នោះ មាន​ដើម​ឈើ​ដ៏​អស្ចារ្យ​មួយ ដែល​ស្រស់ស្អាត​ហួស​ពី​ការ​ពិពណ៌នា​បាន ។ លោក​ក៏​បាន​ឃើញ​ក្រុម​មនុស្ស​ដ៏​ធំ​ដែល​កំពុង​ដើរ​ទៅ​រក​ដើម​ឈើ​ផងដែរ ។ ពួកគេ​ចង់​ភ្លក់​រស់ជាតិ​ផ្លែ​ឈើ​ដ៏​រុងរឿង​នោះ ។ ពួកគេ​បាន​ទទួល​អារម្មណ៍​ដឹង ហើយ​ទុកចិត្ត​ថា​វា​នឹង​ផ្ដល់​សុភមង្គល និង​ភាព​សុខសាន្ដ​ដ៏​ធំ​ដល់​ពួកគេ ។

ក៏​មាន​ផ្លូវ​តូច​ចង្អៀត​មួយ​នាំ​ទៅ​ដើម​ឈើ​នោះ ដែល​នៅ​តាម​បណ្ដោយ​វា​នោះ​មាន​ដំបង​ដែក​មួយ​ជួយ​ពួកគេ​ឲ្យ​ស្ថិត​នៅ​លើ​ផ្លូវ ។ ប៉ុន្តែ​ក៏​មាន​អ័ព្ទ​នៃ​សេចក្ដីងងឹត​ផងដែរ ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​មើល​ឃើញ​ផ្លូវ និង​ដើម​ឈើ​នោះ ។ ហើយ​ប្រហែល ជា​កាន់តែ​គ្រោះថ្នាក់​ទៀត​នោះ គឺ​សំឡេង​របស់​អ្នក​សើច​ចំអក​ខ្លាំងៗ​មក​ពី​អគារ​ដ៏​ធំ ហើយ​ទូលាយ​ដែល​នៅ​ជិត​នោះ ។ ដែល​គួរ​ឲ្យ​រន្ធត់​នោះ​គឺ​ថា ការ​ចំអក​នោះ​បាន​នាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​ដែល​ទៅ​ដល់​ដើម​ឈើ បាន​ភ្លក់​រស់ជាតិ​ផ្លែ​ឈើ​ដ៏​អស្ចារ្យ​ហើយ​នោះ ចាប់ផ្ដើម​មាន​អារម្មណ៍​ខ្មាសអៀន ហើយ​បាន​ដើរ​វង្វេង​ចេញ​ទៅ ។

ប្រហែល ជា​ពួកគេ​ចាប់​ផ្ដើម​សង្ស័យ​ថា តើ​ដើម​ឈើ​នោះ​ពិត​ជា​អស្ចារ្យ​ដូច​ដែល​ពួកគេ​បាន​គិត​ឬ​ទេ ។ ប្រហែល​ជា​ពួកគេ​ចាប់​ផ្ដើម​ឆ្ងល់​អំពី ភាព​ពិត​នៃ​អ្វី​ដែល​ពួកគេ​បាន​ជួប​ប្រទះ ។

ប្រហែល​ជា​ពួកគេ​គិត​ថា បើ​ពួកគេ​ងាក​ចេញ​ពី​ដើម​ឈើ​នោះ នោះ​ជីវិត​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង ។ ប្រហែល​ជា​ពួកគេ​នឹង​លែង​មាន​នរណា​មក​រិះគន់ ឬ​សើច​ចំអក​ដាក់​ទៀត​ហើយ ។

ហើយ​ជាក់ស្ដែង មនុស្ស​ដែល​ចំអក​ដាក់​ពួកគេ​មើល​ទៅ​ហាក់​ដូចជា​ពួកគេ​សប្បាយ​ចិត្ត និង​មាន​ពេល​ដ៏​ល្អ​ណាស់ ។ ដូច្នេះ បើ​ពួកគេ​បោះបង់​ចោល​ដើមឈើ​នោះ ពួកគេ​នឹង​ត្រូវ​បាន​ស្វាគមន៍​ទៅ​ក្នុង​ក្រុម​អគារ​ដ៏​ធំ និង​ទូលាយ​នោះ ហើយ​ត្រូវ​បាន​សរសើរ​ចំពោះ​ការវិនិច្ឆ័យ បញ្ញា និងការ​និយាយ​ផ្ដល់​ហេតុផល​របស់​ពួកគេ ។

ស្ថិត​នៅលើ​ផ្លូវ

បងប្អូនស្រី មិត្ត​ជាទីស្រឡាញ់​អើយ ប្រសិន​បើ​អ្នក​រកឃើញ​ថា​វា​ពិបាក​ក្នុង​ការ​កាន់​ដំបងដែក​ឲ្យ​ជាប់ ហើយ​ដើរ​ដោយ​ខ្ជាប់ខ្ជួន​ឆ្ពោះ​ទៅរក​សេចក្ដីសង្គ្រោះ ប្រសិន​បើ​អ្នក​សើច និង​អ្នក​ចំអក​ដល់​អ្នកដទៃ​ហាក់​ដូច​វា​ជា​បុព្វហេតុ​ដ៏​មុតមាំ​ដែល​ធ្វើ​ឲ្យ​អ្នក​ងាករេ ប្រសិនបើ​អ្នក​មាន​បញ្ហា​នឹង​សំណួរ​ឥត​ចម្លើយ ឬ​គោលលទ្ធិ​ដែល​អ្នក​ពុំ​ទាន់​យល់​នៅឡើយ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​សោកសៅ​ដោយ​សារ​តែ​ការ​ខក​ចិត្ត ខ្ញុំ​សូម​ជម្រុញ​ទឹក​ចិត្ត​អ្នក​ឲ្យ​ចង​ចាំ​អំពី​សុបិន​របស់​លីហៃ ។

ស្ថិត​នៅលើផ្លូវ !

ចូរ​កុំ​លែង​ដំបង​ដែក—ដែល​ជា​ព្រះបន្ទូល​នៃ​ព្រះ​ឡើយ !

ហើយ​នៅពេល​នរណា​ម្នាក់​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ខ្មាស​អៀន​ដើម្បី​ទទួល​ទាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ សូម​កុំ​ស្ដាប់​ពួកគេ ។

ចូរ​កុំ​ភ្លេច​ថា អ្នក​គឺ​ជា​កូន​របស់​ព្រះ ពរជ័យ​ដ៏​បរិបូរ​កំពុង​រង់ចាំ​អ្នក ប្រសិន​បើ​អ្នក​អាច​រៀន​ធ្វើ​តាម​ព្រះទ័យ​ទ្រង់ នោះ​អ្នក​នឹង​រស់នៅ​ជា​មួយ​ទ្រង់​ជា​ថ្មី​ម្ដងទៀត !

ការ​សន្យា​អំពី​ការសរសើរ និង​ការ​ទទួល​យក​របស់​លោកិយ គឺ​ពុំ​អាច​ទុកចិត្ត មិនពិត ហើយ​ពុំ​ស្កប់ស្កល់​ទេ ។ ការ​សន្យា​របស់​ព្រះ​គឺ​ពិត​ប្រាកដ ហើយ​ប្រកប​ដោយ​អំណរ​—ទាំងពេល​នេះ និង​អស់កល្ប​ជានិច្ច ។

ខ្ញុំ​អញ្ជើញ​អ្នក​ឲ្យ​ពិចារណា​អំពី​សាសនា និង​ជំនឿ​ចេញ​មកពី​ទស្សនៈវិស័យ​ឲ្យ​កាន់តែ​ខ្ពស់ ។ គ្មាន​ការ​ផ្ដល់​ឲ្យ​មក​ពី​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ​ណា​មួយ អាច​ប្រៀប​បាន​នឹង​ផ្លែឈើ​នៃ​ដំណឹងល្អ​ដ៏​សកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នោះទេ ។

ពិតណាស់ « សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់​គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក​សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់ » ។

ខ្ញុំ​បាន​រៀន​ដោយ​ផ្ទាល់​ថា ផ្លូវ​នៃ​ភាព​ជាសិស្ស​នៅក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ផ្លូវ​ទៅកាន់​អំណរ ។ វា​គឺ​ជា​ផ្លូវ​នាំ​ទៅ​រក​សុវត្ថិភាព និង​ភាព​សុខសាន្ដ ។ វា​គឺ​ជា​ផ្លូវ​ទៅកាន់​សេចក្ដីពិត ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​អាច​រៀន​រឿង​នេះ​ដោយ​ផ្ទាល់ ។

នៅ​ក្នុង​គ្រា​នេះ ប្រសិន​បើ​ផ្លូវ​មាន​ការ​លំបាក​ចំពោះ​អ្នក ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​រក​ឃើញ​ជម្រក និង​កម្លាំង​នៅ​ក្នុង​អង្គការ​ដ៏​អស្ចារ្យ​នានា​នៃ​សាសនាចក្រ​យើង—ដូចជា​អង្គការ​បឋមសិក្សា យុវនារី និង​សមាគម​សង្គ្រោះ ។ អង្គការ​ទាំង​នោះ​គឺ​ដូចជា​កន្លែង​សម្រាប់​ឈប់​នៅលើ​ផ្លូវ ជា​កន្លែង​ដែល​អ្នក​អាច​រំឭក​ទំនុកចិត្ត និង​ក្ដីសង្ឃឹម​របស់​អ្នក​សម្រាប់​ការ​ធ្វើ​ដំណើរ​តទៅ​មុខ​ទៀត ។ អង្គការ​ទាំង​នោះ​គឺ​ជា​ផ្ទះ​សុវត្ថិភាព​មួយ ជា​កន្លែង​ដែល​អ្នក​អាច​ទទួល​អារម្មណ៍​ថា​មាន​ចំណែក ហើយ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​មកពី​បងប្អូន​ស្រី​របស់​អ្នក និង​បងប្អូន​ជា​សិស្ស​ដទៃ​ទៀត ។

រឿង​ដែល​អ្នក​រៀន​នៅក្នុង​អង្គការ​បឋមសិក្សា រៀបចំ​អ្នក​សម្រាប់​សេចក្ដីពិត​បន្ថែម​ដែល​អ្នក​រៀន​ក្នុង​នាម​ជា​យុវនារី ។ ផ្លូវ​នៃ​ភាព​ជា​សិស្ស ដែល​អ្នក​ដើរ​នៅក្នុង​ថ្នាក់​យុវនារី ដឹកនាំ​ទៅ​រក​ការ​រាប់អាន និង​ភាព​ជា​ស្ត្រី​នៅក្នុង​សមាគម​សង្គ្រោះ ។ ជាមួយ​នឹង​ជំហាន​មួយៗ​នៅតាម​ផ្លូវ​នេះ អ្នក​ទទួល​បាន​ឱកាស​បន្ថែម​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​អ្នកដទៃ តាមរយៈ​ទង្វើ​នៃ​សេចក្ដីជំនឿ ក្ដី​មេត្តាករុណា សប្បុរសធម៌ គុណធម៌ និង​ការ​បម្រើ ។

ការ​ជ្រើសរើស​ផ្លូវ​នៃ​ភាព​ជាសិស្ស​នេះ នឹង​នាំ​ទៅ​រក​សុភមង្គល និង​ការ​បំពេញ​លក្ខណៈ​ដ៏​ទេវភាព​របស់​អ្នក ។

វា​នឹង​មិន​ងាយស្រួល​ទេ ។ វា​នឹង​តម្រូវ​ឲ្យ​អ្នក​ខិតខំ​អស់​ពី​សមត្ថភាព—អស់​ពី​បញ្ញា ការ​ច្នៃ​ប្រឌិត ជំនឿ ភាពសុចរិត កម្លាំង ការតាំង​ចិត្ត និង​សេចក្ដីស្រឡាញ់​របស់​អ្នក ។ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ​អ្នក​នឹង​ក្រឡេក​មើល​ការ​ខិតខំ​របស់​អ្នក នោះ​អ្នក​នឹង​មាន​អំណរ​គុណ​ដែល​អ្នក​បន្ដ​នៅ​រឹងមាំ ដែល​អ្នក​ជឿ ហើយ​ពុំ​ដើរ​ចេញ​ពី​ផ្លូវ​ឡើយ ។

ឆ្ពោះ​ទៅមុខ

មាន​រឿង​ជា​ច្រើន​អំពី​ជីវិត​ដែល​អ្នក​ពុំ​អាច​គ្រប់គ្រង​បាន ។ ប៉ុន្តែ​នៅ​ទីបញ្ចប់ អ្នក​មាន​អំណាច​ដើម្បី​ជ្រើសរើស​ទាំង​សម្រាប់​ជោគវាសនា​របស់​អ្នក និង​បទពិសោធន៍​នៅ​តាម​ផ្លូវ​ជាច្រើន​របស់​អ្នក ។ វា​ពុំ​មាន​ច្រើន​ទៅ​លើ​សមត្ថភាព​របស់​អ្នកទេ ប៉ុន្តែ​ផ្អែក​ទៅលើ​ការ​ជ្រើសរើស​របស់​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​នៅក្នុង​ជីវិត ។

អ្នក​ពុំ​អាច​អនុញ្ញាត​ឲ្យ​ស្ថានភាព​ធ្វើ​ឲ្យ​អ្នក​សោកសៅ​នោះ​ទេ ។

អ្នក​ពុំ​អាច​អនុញ្ញាត​ឲ្យ​វា​ធ្វើ​ឲ្យ​អ្នក​ខឹង​បាន​ទេ ។

អ្នក​អាច​រីករាយ​ដែល​អ្នក​ជា​បុត្រី​នៃ​ព្រះ ។ អ្នក​អាច​រក​បាន​អំណរ និង​សុភមង្គល​នៅ ក្នុង​ព្រះគុណ​របស់​ព្រះ និង​សេចក្ដីស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

អ្នក​អាច​រីករាយ ។

ខ្ញុំ​ជំរុញ​អ្នក​ឲ្យ​បំពេញ​ក្នុង​ដួងចិត្ត​អ្នក​ដោយ​ការ​ដឹងគុណ​ចំពោះ​សេចក្ដីល្អ​ដ៏​បរិបូរ និង​គ្មាន​ដែន​កំណត់​របស់​ព្រះ ។ បងប្អូនស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ អ្នក​អាច​ធ្វើ​ដូច​នេះ​បាន ! ខ្ញុំ​អធិស្ឋាន​ដោយ​អស់​ពី​ក្ដីស្រឡាញ់​ក្នុង​ព្រលឹង​ខ្ញុំ សូម​ឲ្យ​អ្នកនឹង​ធ្វើ​ការ​ជ្រើសរើស​ដើរ​ឆ្ពោះទៅរក​ដើម​ឈើ​នៃ​ជីវិត ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​អ្នក​នឹង​ជ្រើសរើស​បន្លឺ​សំឡេង​អ្នក​ឡើង ហើយ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ជា​កិច្ចការ​ដ៏​រុងរឿង​ក្នុង​ការ​សរសើរ និង​អំណរ​នៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់​ព្រះ និង​ក្នុង​សាសនាចក្រ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ហើយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ អាច​នាំ​មក​ក្នុង​លោកិយ ។

ចម្រៀង​របស់​សិស្ស​ពិត​អាច​ស្ដាប់​ទៅ​ភ្លាត់ ឬ​ខ្លាំង​ជាង​ខ្ទង់​ខ្លះ ។ វា​មាន​ដូច្នោះ​ចាប់​តាំង​ពី​ដើម​ដំបូង​មក​ម្ល៉េះ ។

ប៉ុន្តែ​ចំពោះ​ព្រះវរបិតាសួគ៌​របស់​យើង និង​ចំពោះ​អ្នក​ដែល​ស្រឡាញ់ និង​គោរព​ទ្រង់ វា​គឺ​ជា​ចម្រៀង​ដ៏​មាន​តម្លៃ និង​ពិរោះ​បំផុត—ជា​ចម្រៀង​ដ៏​ពិរោះ និង​បរិសុទ្ធ​នៃ​សេចក្ដីស្រឡាញ់​ដ៏​ប្រោសលោះ និង​ការ​បម្រើ​ថ្វាយ​ព្រះ និង​បងប្អូន​យើង ។១០

ខ្ញុំ​សូម​បន្យល់​ទុក​ពរជ័យ​របស់​ខ្ញុំ​ក្នុងនាម​ជា​សាវក​មួយ​រូប​របស់​ព្រះអម្ចាស់​ថា អ្នក​នឹង​រក​ឃើញ​ផ្លូវ និង​ភាព​ក្លាហាន​ដើម្បី​ព្យាយាម​ដោយ​អំណរ​ក្នុង​នាមជា​បុត្រី​របស់​ព្រះ ខណៈ​ពេល​ដែល​ដើរ​ដោយ​រីករាយ​ជា​រៀងរាល់​ថ្ងៃ​នៅលើ​ផ្លូវ​នៃភាព​ជា​សិស្ស​ដ៏​រុងរឿង។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។