ឆ្នាំ ២០១០-២០១៩
ងាក​បែរ​ទៅ​រក​ព្រះអម្ចាស់
ខែ តុលា ២០១៧


ងាក​បែរ​ទៅ​រក​ព្រះអម្ចាស់

យើង​ពុំ​អាច​គ្រប់គ្រង​នូវ​គ្រប់​រឿង​ដែល​កើត​ឡើង​ចំពោះ​យើង​បាន​ឡើយ ប៉ុន្តែ​យើង​ពិតជា​អាច​គ្រប់គ្រង​លើ​របៀប​ដែល​យើង ឆ្លើយ​តប​ចំពោះ​ឧបសគ្គ​នានា​ក្នុង​ជីវិត​យើង ។

នា​រដូវ​ផ្ការីក​ឆ្នាំ ១៩៩៨ ខារ៉ូល និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ក្នុង​ការងារ​ផង និង​មាន​ឱកាស​វិស្សមកាល​ជាមួយ​គ្រួសារ​ផង ហើយ​នាំ​កូន​បួន​នាក់​របស់​យើង និង​ម្តាយ​ក្មេក​ដែល​ទើបតែ​មេម៉ាយ​របស់​ខ្ញុំ​ទៅ​រដ្ឋ​ហាវ៉ៃ​រយៈពេល​ពីរ​បី​ថ្ងៃ ។

នា​យប់​មុន​ការហោះហើរ​របស់​យើង​ទៅ​រដ្ឋ​ហាវ៉ៃ កូន​ប្រុស​អាយុ​បួន​ឆ្នាំ​របស់​យើង ចូណាថុន ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ការបង្គរោគ​នៅ​ត្រចៀក​ទាំង​សង្ខាង ហើយ​យើង​ត្រូវបាន​ប្រាប់​ថា យ៉ាង​ហោច​ណាស់​គាត់​ពុំ​អាច​ធ្វើ​ដំណើរ​បាន​ឡើយ​ក្នុងពេល​បី​ទៅបួន​ថ្ងៃ ។ ការសម្រេច​ចិត្ត​បាន​ធ្វើ​ឡើយ ដោយ​ខារ៉ូល​ត្រូវ​នៅ​ផ្ទះ​ជាមួយ​ចូណាថុន ហើយ​ខ្ញុំ​ធ្វើ​ដំណើរ​ជាមួយ​នឹង​គ្រួសារ​ទាំង​អស់​របស់​យើង ។

នៅ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​យើង​ទៅ​ដល់​ទីនោះ ការបង្ហាញ​ដំបូង​របស់​ខ្ញុំ​គឺ​ថា នេះ​ពុំ​មែន​ជា​ការធ្វើ​ដំណើរ​កម្សាន្ត​ដែល​ខ្ញុំ​ស្រមៃ​ចង់​បាន​ឡើយ ។ កាល​កំពុងដើរ​ក្រោម​ពន្លឺ​ព្រះចន្ទ ដែល​មាន​ដើម​ត្នោត​អម​តាម​ផ្លូវ ជាមួយ​នឹង​ទេសភាព​មហា​សមុទ្រ​នៅ​ពី​មុខ​ពួកយើង នោះ​ខ្ញុំ​បាន​ងាក​ទៅ​ថ្លែង​អំពី​សម្រស់​នៃ​កោះ​នោះ ហើយ​នៅក្នុង​ឱកាស​ដ៏​មនោរម្យ​នោះ ជំនួស​ការមើល​មុខ​ខារ៉ូល ខ្ញុំ​បាន​សម្លឹង​មើល​ទៅ​កែវ​ភ្នែក​ម្តាយ​ក្មេក​ខ្ញុំ—​ដែល​ខ្ញុំ​ចង់​បន្ថែម​ថា ខ្ញុំ​ពិតជា​ស្រឡាញ់​គាត់​ណាស់ ។ វា​ពុំ​មែន​ជា​អ្វី​ដែល​ខ្ញុំ​បាន​គិត​ទុក​ជាមុន​ឡើយ ។ ហើយ​ខារ៉ូល​ក៏​ពុំ​រំពឹង​ថា នាង​ត្រូវចំណាយ​ពេល​វិស្សមកាល​ខ្លួន​នៅ​ផ្ទះ​ជា​មួយ​កូន​ប្រុស​តូច​ដែល​មាន​ជងឺ​របស់​យើង​ឡើយ ។

នឹង​មាន​គ្រា​នានា​នៅក្នុង​ជីវិត​របស់​យើង ពេល​យើង​ឃើញ​ថា ខ្លួន​យើង​នៅ​លើ​ផ្លូវ​ដែល​យើង​ពុំ​បាន​រំពឹង​ទុក ប្រឈម​មុខ​នឹង​កាលៈទេសៈ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ការរំខាន​ដល់​ថ្ងៃ​វិស្សមកាល​ទៅ​ទៀត ។ តើ​យើង​ឆ្លើយ​តប​ដោយ​របៀប​ណា នៅពេល​មាន​ព្រឹត្តិការណ៍​ដែល​ផ្ទុយ​ពី​គម្រោង ផ្លាស់ប្តូរ​ជីវិត​ដែល​យើង​បាន​គ្រោង​ទុក ឬ​រំពឹង​ទុក​នោះ ?

រូបភាព
ហៃរាំ ស៊្មីធ ស្សាំវ៉េ

នៅ​ថ្ងៃ​ទី ៦ ខែ មិថុនា ឆ្នាំ ១៩៤៤ ហៃរាំ ស្សាំវ៉េ អនុសេនីយ៍​ទោល​ទីពីរ​វ័យ​ក្មេង​ក្នុង​កងទ័ព​អាមេរិក បាន​ឡើង​ច្រាំង​នៅ​ឆ្នេរ អូម៉ាហា ដែល​ជា​ផ្នែក​មួយ​នៃ​ការឈ្លាន​ពាន​របស់​ពួក​ន័រវ៉េ ។ គាត់​បាន​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ទៅ​ដល់​ដី​គោក ប៉ុន្តែ​នៅ​ថ្ងៃ​ទី ២៧ ខែ កក្កដា នៅពេល​ធ្វើ​សង្គ្រាម​នោះ គាត់​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ការផ្ទុះ​មីន ។ ជា​ឧទាហរណ៍ ជីវិត​របស់​គាត់ និង​មុខរបរ​នា​ពេល​អនាគត​ជា​វេជ្ជបណ្ឌិត​ត្រូវបាន​បាត់បង់​បន្តិច​ម្តងៗ ។ បន្ទាប់​ពី​ការវះកាត់​ជា​ច្រើន​ដង ដែល​បាន​ជួយ​គាត់​ឲ្យ​ជា​សះ​ស្បើយ​ពី​របួស​ដ៏​ធ្ងន់ធ្ងរ​ទាំងស្រុង​របស់​គាត់​នោះ បងប្រុស ស្សាំវ៉េ​បាន​ខ្វាក់​ភ្នែក ។ តើ​គាត់​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ?

បន្ទាប់​ពី​រយៈពេល​បី​ឆ្នាំ​នៅក្នុង​មន្ទីរពេទ្យ​នីតិសម្បាទា នោះ​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ ឡូវ៉េ រដ្ឋ វ៉ាយអូមីង វិញ ។ គាត់​បាន​ដឹង​ថា ក្តីសុបិន​របស់​គាត់​ក្នុងការ​ក្លាយ​ជា​វេជ្ជបណ្ឌិត​គឺ​ពុំ​អាច​កើត​មាន​ឡើង​ទៀត​ឡើយ ប៉ុន្តែ​គាត់​បាន​សម្រេច​ចិត្ត​បន្ត​ឆ្ពោះ​ទៅ​មុខ រៀបការ ហើយ​ផ្គត់ផ្គង់​គ្រួសារ ។

ទីបំផុត​គាត់​ធ្វើការ​នៅ ប៉ាធីម័រ រដ្ឋ មីរីឡែន ក្នុង​នាម​ជា​អ្នក​ប្រឹក្សា​ខាង​នីតិសម្បាទា និង​អ្នក​ឯកទេស​ការងារ​សម្រាប់​ជន​ពិការ​ភ្នែក ។ នៅក្នុង​ដំណើរ​ការ​ផ្ទាល់​នៃ​ការព្យាបាល​របស់​គាត់ គាត់​បាន​រៀន​ថា ភាពពិការ​ភ្នែក​មាន​សមត្ថភាព​ច្រើន​ជាង​អ្វី​ដែល​គាត់​បាន​គិត ហើយ​អំឡុងពេល​ប្រាំ​បី​ឆ្នាំ​នៅក្នុង​មុខ​នាទី​នេះ គាត់​បាន​រក​ការងារ​ឲ្យ​ជន​ពិការ​ភ្នែក​កាន់តែ​ច្រើន​ជាង​អ្នក​ប្រឹក្សា​ផ្សេង​ទៀត​នៅក្នុង​ប្រទេស ។

រូបភាព
គ្រួសារ​ស្សាំវ៉េ

ឥឡូវ​នេះ​ដោយ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​គាត់​ក្នុងការ​ផ្គត់ផ្គង់​គ្រួសារ ហៃរាំ​បាន​សុំ​ប្រពន្ធ​ជា​ទីស្រឡាញ់​គាត់​ដោយ​ប្រាប់​នាង​ថា « ប្រសិនបើ​អូន​នឹង​អាន​សំបុត្រ តម្រៀប​ស្រោម​ជើង ហើយ​បើក​ឡាន នោះ​បង​អាច​ធ្វើ​កិច្ចការ​ទាំង​អស់​ដែល​នៅសល់ » ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពួកគេ​បាន​ផ្សារ​ភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ហើយ​ទីបំផុត​ទទួល​ពរ​ដោយ​មាន​កូន​ប្រាំបី​នាក់ ។

នៅ​ឆ្នាំ ១៩៥៤ គ្រួសារ​ស្សាំវ៉េ បាន​ត្រឡប់​ទៅ​រដ្ឋ វ៉ាយ​អូមីង វិញ ជា​កន្លែង​ដែល​បងប្រុស ស្សាំវ៉េ បាន​ធ្វើ​ការអស់រយៈពេល ៣២ ឆ្នាំ ក្នុង​នាម​ជា​នាយក​អប់រំ​រដ្ឋ​សម្រាប់​ពួក​ថ្លង់ និង​ពិការ​ភ្នែក ។ អំឡុងពេល​នោះ គាត់​បាន​បម្រើ​អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​ជា​ប៊ីស្សព​នៅ​វ៉ួដ ឆេយីន ទី​មួយ ហើយ​ក្រោយ​មក​បម្រើ​ជា​លោក​អយ្យកោ​ស្តេក​រយៈពេល ១៧ ឆ្នាំ​ទៀត ។ បន្ទាប់​ពី​គាត់​ចូល​និវត្តន៍ បងប្រុស និង​បងស្រី​ស្សាំវ៉េ ក៏​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀម​ច្បង​នៅក្នុង​បេសកកម្ម ឡុនដុន អង់គ្លេស ភាគ​ខាង​ត្បូង ។

ហៃរាំ ស្សាំវ៉េ បាន​ទទួល​មរណភាព​នៅ​ខែ មីនា ឆ្នាំ ២០១១ ដោយ​បន្សល់​ទុក​នូវ​កេរមរតក​នៃ​សេចក្តីជំនឿ និង​ការទុកចិត្ត​លើ​ព្រះអម្ចាស់​ដល់​កូន ចៅ និង​ចៅ​ទួត​ដ៏​ច្រើន​របស់​គាត់​ទោះបី​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​ដ៏​លំបាក​ក្តី ។

ជីវិត​របស់ ហៃរាំ ស្សាំវ៉េ អាច​ផ្លាស់ប្តូរ​ដោយសារ​សង្គ្រាម ប៉ុន្តែ​គាត់​ពុំ​សង្ស័យ​អំពី​និស្ស័យ​នៃ​ព្រះ និង​សក្តានុពល​អស់កល្ប​ជានិច្ច​របស់​គាត់​ឡើយ ។ ដូច​ជា​គាត់​ដែរ យើង​គឺ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ ហើយ​យើង « បាន​ទទួល​ផែនការ​របស់​ទ្រង់​ដែល [ យើង ] អាច​ទទួល​រូបកាយ ហើយ​និង​ទទួល​បទពិសោធន៍​នៅលើ​ផែនដី ដើម្បី​រីកចម្រើន​ទៅ​រក​ភាពល្អ​ឥតខ្ចោះ ហើយ​នៅ​ទីបញ្ចប់​នឹង​ដឹង​ពី​គោលបំណង​ដ៏​ទេវភាព​របស់ [ យើង ] ដោយ​ទទួល​ជីវិត​ដ៏​នៅ​អស់​កល្ប​ទុក​ជា​មរតក » ។ គ្មាន​ការផ្លាស់ប្តូរ ការសាកល្បង ឬ​ការជំទាស់​ណា​អាច​កែប្រែ​ដំណើរ​អស់កល្ប​នេះ​ឡើយ—មាន​តែ​ជម្រើស​របស់​យើង​ប៉ុណ្ណោះ នៅពេល​យើង​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​យើង ។

ការផ្លាស់ប្តូរ និង​ឧបសគ្គ​ដែល​យើង​ជួប​ប្រទះ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ កើត​ឡើង​ក្នុង​គ្រប់​រូបភាព ហើយ​ជះ​ឥទ្ធិពល​ដល់​យើង​ម្នាក់ៗ​ក្នុង​របៀប​ផ្សេងៗ​ពី​គ្នា ។ ដូច​ជា​បងប្អូន​ដែរ ខ្ញុំ​បាន​ឃើញ​មិត្តភក្តិ និង​គ្រួសារ​ជួប​ឧបសគ្គ​ដែល​បណ្តាល​មក​ពី ៖

  • ការស្លាប់​នៃ​មនុស្ស​ជា​ទីស្រឡាញ់ ។

  • ការលះលែង​គ្នា​ដ៏​ជូរចត់ ។

  • ប្រហែល​គ្មាន​ឱកាស​រៀបការ ។

  • មាន​ជំងឺ ឬ​របួស​ធ្ងន់ធ្ងរ ។

  • មាន​ទាំង​គ្រោះ​ធម្មជាតិ ដូច​ដែល​យើង​ទើប​តែ​បាន​ឃើញ​ថ្មីៗ​នេះ​នៅ​ជុំ​វិញ​ពិភពលោក ។

ហើយ​វា​មាន​ជា​បន្ត​បន្ទាប់​ទៀត ។ ទោះបីជា « ការផ្លាស់ប្តូរ » នីមួយៗ​អាច​ចម្លែក​ចំពោះ​កាលៈទេសៈ​របស់​បុគ្គល​ម្នាក់ៗ​ក្តី មាន​ធាតុ​រួម​មួយ​នៅក្នុង​លទ្ធផល​នៃ​ការសាកល្បង ឬ​ឧបសគ្គ—គឺ​សេចក្តីសង្ឃឹម និង​ភាព​សុខសាន្ត​ដែល​តែងតែ​មាន​តាមរយៈ​ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​នូវ​ការកែតម្រូវ​ដ៏​ប្រពៃ និង​ការព្យាបាល​គ្មាន​ដែន​កំណត់​ដល់​រូបកាយ​ដែល​មាន​របួស​គ្រប់​រូប វិញ្ញាណ​ដែល​ឈឺចាប់ និង​ការខូច​ចិត្ត ។

ទ្រង់​ជ្រាប​ដឹង​ក្នុង​របៀប​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ទៀត​អាច​យល់​បាន នោះ​ជា​អ្វី​ដែល​យើង​ត្រូវការ​រៀងៗ​ខ្លួន ដើម្បី​បន្ត​ឆ្ពោះ​ទៅមុខ​ក្នុង​ចំណោម​ការផ្លាស់ប្តូរ​ដែល​កើត​ឡើង ។ ពុំ​ដូចជា​មិត្តភក្តិ និង​មនុស្ស​ជាទីស្រឡាញ់​យើង​ឡើយ ព្រះអង្គសង្គ្រោះ​ពុំ​គ្រាន់តែ​មាន​ព្រះទ័យ​ក្តួល​អាណិត​ជាមួយ​យើង​ឡើយ ទ្រង់​ថែម​ទាំង​អាច​យល់​ចិត្ត​យើង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយសារ​ទ្រង់​ធ្លាប់​ឆ្លង​កាត់​មុន​យើង ។ លើស​ពី​ការបង់​ថ្លៃ និង​ការរងទុក្ខ​ចំពោះ​អំពើ​បាប​យើង ព្រះយេស៊ូវគ្រីស្ទ​ក៏​យាង​គ្រប់​ផ្លូវ ដោះស្រាយ​គ្រប់​ឧបសគ្គ ប្រឈម​មុខ​នឹង​គ្រប់​ការឈឺ​ចាប់​—ទាំងខាង​រូបកាយ ខាង​សតិ​អារម្មណ៍ ឬ​ខាង​វិញ្ញាណ—ដែល​យើង​នឹង​ជួប​ប្រទះ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ បាន​បង្រៀន​ថា ៖ « ក្ដីមេត្តា និង​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​ពុំ​កំណត់​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ប្រព្រឹត្ត​បាប​ឡើយ … ប៉ុន្តែ​វា​មាន​នូវ​ការសន្យា​នៃ​ភាពសុខសាន្ដ​ដ៏​អស់​កល្ប​ចំពោះ​មនុស្ស​ទាំងអស់ ដែល​នឹង​ទទួល​យក ហើយ​ដើរ​តាម​ទ្រង់ ។… ក្ដីមេត្តា​របស់​ទ្រង់​គឺ​ជា​អ្នក​ព្យាបាល​ដ៏​ធំ ទោះ​ជា​អ្នក​ស្លូត​ត្រង់​ដែល​រង​ទុក្ខ​ក្ដី »។

នៅក្នុង​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​នេះ យើង​ពុំ​អាច គ្រប់គ្រង នូវ​គ្រប់​រឿង​ដែល​កើត​ឡើង​ចំពោះ​យើង​បាន​ឡើយ ប៉ុន្តែ​យើង​ពិតជា​អាច​គ្រប់គ្រង​លើ​របៀប​ដែល​យើង ឆ្លើយតប ចំពោះឧបសគ្គ​នានា​ក្នុង​ជីវិត​យើង ។ នេះ​ពុំ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ឧបសគ្គ និង​ការសាកល្បង​នានា​ដែល​យើង​ជួប​គ្មាន​ផល​វិបាក ហើយ​ងាយស្រួល​ដោះស្រាយ ឬ​ប្រឈម​មុខ​ឡើយ ។ នេះ​ពុំ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា យើង​នឹង​រួច​ពី​ការឈឺចាប់ ឬ​ការខូច​ចិត្ត​ឡើយ ។ ប៉ុន្តែ​វា​មាន​ន័យ​ថា មាន​ហេតុផល​សម្រាប់​សេចក្តីសង្ឃឹម ហើយ​នោះ​គឺ​ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​បន្ត​ឆ្ពោះ​ទៅមុខ ហើយ​រក​ឃើញ​ថ្ងៃ​ដ៏​ប្រសើរ—គឺ​ជា​ថ្ងៃ​ដែល​ពោរពេញ​ដោយ​អំណរ ពន្លឺ និង​សុភមង្គល ។

នៅក្នុង​គម្ពីរ​ម៉ូសាយ យើង​អាន​អំពី​ដំណើរ​រឿង​របស់​អាលម៉ា ដែល​ពីមុន​ជា​សង្ឃ​ស្តេច​ណូអេ និង​ប្រជាជន​លោក​ដែល « ដោយ​បាន​ទទួល​ការ​ព្រមាន​ពី​ព្រះ​អម្ចាស់ … [ បាន ] ចេញ​ដំណើរ​ទៅ​ក្នុង​ទី​រហោស្ថាន មុន​ពេល​ពល​ទ័ព​របស់​ស្ដេច​ណូអេ​មក​ដល់ » ។ បន្ទាប់​ពី​ប្រាំបី​ថ្ងៃ​មក « ពួក​គេ​បាន​មក​ដល់…ដែនដី​មួយ​ជា​ដែនដី​ដ៏​ល្អ ហើយ​មាន​សម្រស់​ក្រៃលែង » ជា​ទី​ដែល « ពួក​គេ​បាន​បោះ​ត្រសាល ហើយ​បាន​ចាប់​ផ្ដើម​ភ្ជួរ​ដី ហើយ​ចាប់​ផ្ដើម​សង់​អគារ​ទាំង​ឡាយ » ។

ស្ថានភាព​របស់​ពួកគេ​ក្នុង​ពេល​នោះ​មើល​ទៅ​ដូច​ជា​ទទួល​បាន​នូវ​ការសន្យា ។ ពួកគេ​បាន​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​បានទទួល​បុណ្យ​ជ្រមុជទឹក​ដែល​ជា​សេចក្តីសញ្ញា​មួយ​ថា ពួកគេ​នឹង​បម្រើ​ព្រះអម្ចាស់ ហើយ​រក្សា​បទបញ្ញត្តិ​ទ្រង់ ។ ហើយ « ពួក​គេ​បាន​កើន​ចំនួន ហើយ​បាន​ចម្រើន​ឡើង​ជា​អតិបរមា​នៅ​លើ​ដែនដី » ។

ទោះជា​យ៉ាង​ណា​ក្តី កាលៈទេសៈ​ពួកគេ​បាន​ផ្លាស់ប្តូរ​ភ្លាម​មួយ​រំពេច ។ « កងទ័ព​សាសន៍​លេមិន​បាន​មក​ក្នុង​តំបន់​ព្រំដែន » ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក អាលម៉ា និង​ប្រជាជន​លោក​ត្រូវបាន​ដាក់​ក្នុង​សេវកភាព ហើយ « សេចក្ដី​វេទនា​របស់​គេ​មាន​ទំហំ​ធំ​ណាស់ រហូត​ដល់​គេ​បាន​ចាប់​ផ្ដើម​អំពាវនាវ​យ៉ាង​ខ្លាំង​ដល់​ព្រះ » ។ លើស​ពី​នេះ​ទៀត ពួកគេ​ត្រូវបាន​បញ្ជា​ពី​ពួក​អ្នក​ចាប់​បង្ខាំង​ពួកគេ​កុំ​ឲ្យ​អធិស្ឋាន បើមិន​ដូច្នោះទេ « អ្នក​ណា​អំពាវនាវ​ដល់​ព្រះ អ្នក​នោះ​ហើយ​នឹង​ត្រូវ​យក​ទៅ​សម្លាប់​ចោល » ។ អាលម៉ា និង​ប្រជាជន​លោក​ពុំ​បាន​ធ្វើ​អ្វី​ឡើយ​ក្នុង​ការទទួល​នូវ​ស្ថានភាព​ថ្មី​របស់​ពួកគេ​នេះ ។ តើ​ពួកគេ​បាន​ឆ្លើយតប​យ៉ាង​ដូចម្តេច ?

ជាជាង​ការបន្ទោស​ព្រះ ពួកគេ​បាន​ងាក​បែរ​ទៅ​រក​ទ្រង់ ហើយ « បាន​ថ្វាយ​ដួង​ចិត្ត​គេ​ដល់​ទ្រង់​វិញ » ។ នៅក្នុង​ការឆ្លើយ​តប​ចំពោះ​សេចក្តីជំនឿ និង​ការអធិស្ឋាន​ស្ងាត់ៗ​របស់​ពួកគេ នោះ​ព្រះអម្ចាស់​បាន​តប​ថា ៖ « ចូរ​ក្សាន្ត​ចិត្ត​ចុះ ។… យើង​នឹង … សម្រាល​បន្ទុក​ទាំង​ឡាយ​ដែល​ដាក់​នៅ​លើ​ស្មា​អ្នក ហើយ​សូម្បីតែ​រូប​អ្នក​ក៏​នឹង​មិន​អាច​ចាប់​អារម្មណ៍​ថា មាន​បន្ទុក​ទាំង​នោះ​នៅ​លើ​ខ្នង​អ្នក​ឡើយ » ។ មិនយូរ​ប៉ុន្មាន​ក្រោយ​មក « ព្រះអម្ចាស់​ទ្រង់​បាន​ចម្រើន​កម្លាំង​ឲ្យ​គេ ដើម្បី​ឲ្យ​គេ​អាច​ទ្រ​បន្ទុក​ទាំង​ឡាយ​របស់​គេ​បាន​ងាយ ហើយ​ពួកគេ​បាន​ធ្វើ​តាម​អស់​ទាំង​ព្រះហឫទ័យ​នៃ​ព្រះអម្ចាស់ ដោយ​ការ​រីករាយ និង​ដោយ​ការ​អត់ធន់ » ។ ទោះបីជា​ពុំ​ទាន់​បា​ន​ដោះលែង​ឲ្យ​រួច​ពី​សេវកភាព​ក្តី ការងាក​បែរ ទៅរក ព្រះអម្ចាស់ ហើយ​មិន​ងាក ចេញពី ព្រះអម្ចាស់ នោះ​ពួកគេ​បាន​ទទួល​ពរ​ស្រប​តាម​សេចក្តីត្រូវការ​ពួកគេ និង​ស្របតាម​ព្រះប្រាជ្ញា​របស់​ព្រះអម្ចាស់ ។

អែលឌើរ ដាល្លិន អេក អូក បាន​បង្រៀន​ថា « ពរជ័យ​នៃ​ការព្យាបាល​កើត​ឡើង​តាម​របៀប​ជា​ច្រើន របៀប​នីមួយៗ​សមស្រប​ទៅ​តាម​តម្រូវការ​រៀងៗ​ខ្លួន​របស់​យើង ដូច​ដែល​ទ្រង់​បាន​ជ្រាប​ដឹង​ជា​អង្គ​ដែល​ស្រឡាញ់​យើង​ខ្លាំង​បំផុត ។ ជួនកាល ‹ ការព្យាបាល › បាន​ជួយ​យើង​ឲ្យ​ជា​ពី​ជំងឺ ឬ​សម្រាល​បន្ទុក​របស់​យើង ។ ប៉ុន្តែ​ជួនកាល​យើង ‹ បាន​ជា › តាមរយៈ​ការត្រូវបាន​ផ្តល់​នូវ​កម្លាំង ឬ ការយល់​ដឹង ឬ​ការអត់ធ្មត់​ដើម្បី​ស៊ូទ្រាំ​នឹង​បន្ទុក​ដែល​យើង​មាន » ។

ទីបំផុត​ដោយសារ « សេចក្ដី​ជំនឿ និង​សេចក្ដី​អត់ធន់​របស់​គេ​មាន​ទំហំ​ធំ » នោះ​អាលម៉ា និង​ប្រជាជន​លោក​ត្រូវបាន​ដោះលែង​ឲ្យ​រួច​ដោយ​ព្រះអម្ចាស់ ដូច​ជា​ពួកយើង​ផងដែរ « ហើយ​ពួក​គេ​បាន​ថ្លែង​អំណរគុណ​ព្រោះ​ពួក​គេ​ស្ថិតនៅ​ក្នុង​សេវកភាព ហើយ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ដោះ​ពួក​គេ​បាន​ឡើយ លើក​លែងតែ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ​ប៉ុណ្ណោះ » ។១០

ជារឿយៗ ការចំអក​ដ៏​សោកសៅ​នោះ​គឺ​ថា អស់​អ្នក​ដែល​ត្រូវការ​ជំនួយ​បំផុត​បែរ​ជា​ងាកបែរ​ចេញ​ពី​ប្រភព​ជំនួយ​ដ៏​ឥតខ្ចោះ​របស់​ពួកគេ—គឺ​ព្រះអង្គសង្គ្រោះ​យើង​ព្រះយេស៊ូវគ្រីស្ទ​ទៅ​វិញ ។ ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​ដែល​យើង​ស្គាល់​អំពី​សត្វ​ពស់​លង្ហិន​បង្រៀន​យើង​ថា យើង​មាន​ជម្រើស​ពេល​យើង​ជួប​នឹង​ឧបសគ្គ ។ បន្ទាប់​ពី​កូនចៅ​អ៊ីស្រាអែល​ជាច្រើន​នាក់​ត្រូវ « ពស់​ភ្លើង​ហោះ » ចឹក​មក ១១ និមិត្តរូប​មួយ​បាន​ត្រូវ​លើក​ឡើង​ … ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​សម្លឹង​មើល … អាច​រស់នៅ ។ [ ប៉ុន្តែ​វា​ជា​ជម្រើស ] ។ ហើយ​មនុស្ស​ជា​ច្រើន​បាន​សម្លឹង​មើល ហើយ​រស់នៅ ។

…ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ដែល​រឹងរូស​ខ្លាំង​ពេក រហូត​ដល់​គេ​មិន​សម្លឹង​មើល ហេតុ​ដូច្នេះ​ហើយ ទើប​គេ​វិនាស​ទៅ » ។១២

ដូចពួក​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ដែរ យើង​ក៏​ត្រូវបាន​អញ្ជើញ និង​លើក​ទឹកចិត្ត​ឲ្យ​សម្លឹង​ទៅ​ព្រះអង្គសង្គ្រោះ ហើយ​រស់នៅ—ដ្បិត​នឹម​របស់​ទ្រង់​ងាយ ហើយ​បន្ទុក​របស់​ទ្រង់​ស្រាល ទោះបីជា​បន្ទុក​យើង​ធ្ងន់​ក្តី ។

អាលម៉ា​ជា​កូន​បាន​បង្រៀន​សេចក្តីពិត​ដ៏​ពិសិដ្ឋ​ពេល​លោក​បាន​មាន​ប្រសាសន៍​ថា « ឪពុក​ដឹង​ថា នរណា​ដែល​ដាក់​ទី​ទុកចិត្ត​របស់​ខ្លួន​ទៅលើ​ព្រះ អ្នក​នោះ​ហើយ​ដែល​នឹង​បាន​គាំទ្រ​នៅក្នុង​ការពិសោធន៍​របស់​គេ និង​វិបត្តិ​របស់​គេ និង​ការទុក្ខ​វេទនា​របស់​គេ ហើយ​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ » ។១៣

នៅ​ថ្ងៃ​ចុងក្រោយ​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ធនធាន​ជា​ច្រើន​ដល់​យើង​ដែល​ជា « សត្វ​ពស់​លង្ហិន » របស់​យើង អ្វីៗ​ទាំងអស់​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ជួយ​យើង​ឲ្យ​សម្លឹង​ទៅ​ព្រះគ្រីស្ទ ហើយ​ដាក់​ទីទុកចិត្ត​យើង​លើ​ទ្រង់ ។ ការដោះស្រាយ​ឧបសគ្គ​នៃ​ជីវិត​នេះ​គឺ​ពុំ​មែន​ជា​ការព្រងើយ​កន្តើយ​នឹង​ភាព​ពិត​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​ដែល​យើង​ជ្រើសរើស​ផ្តោត​ចិត្ត​ទុកដាក់ និង​សង់គ្រឹះ​លើ​កន្លែង​ដែល​យើង​ត្រូវសង់ ។

ធនធាន​ទាំង​នេះ​រួមមាន ដោយ​គ្មាន​ដែន​កំណត់ ៖

  • ការសិក្សា​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​នៅរស់​ជា​ទៀងទាត់ ។

  • អធិស្ឋាន និង​តមអាហារ​ដោយ​ចិត្ត​ស្មោះសរ​ជា​រឿយៗ ។

  • ទទួល​ទាន​សាក្រាម៉ង់​ដោយ​សក្តិសម ។

  • ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ ។

  • ការប្រសិទ្ធពរ​បព្វជិតភាព ។

  • ការទូន្មាន​ដ៏​ឆ្លាសវៃ​តាមរយៈ​អ្នក​មាន​វិជ្ជាជីវៈ​ដែល​បាន​បំពាក់បំប៉ន ។

  • និង​សូម្បីតែ​ថ្នាំ​សង្កូវ ពេល​ត្រូវបាន​ចេញ​វេជ្ជបញ្ជា​ត្រឹមត្រូវ និង​ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត ។

ទោះបី​មាន​កាលៈទេសៈ​ផ្លាស់ប្តូរ​ក្នុង​ជីវិត​យើង​កើត​ឡើង​បែប​ណា​ក្តី ហើយ​ទោះបី​មាន​ក្តីមិន​រំពឹង​ទុក​កើត​ឡើង​លើផ្លូវ​ធ្វើ​ដំណើរ​យើង​ក្តី របៀប​ដែល​យើង​ឆ្លើយតប​នោះ​គឺ​ជា​ការ​ជ្រើស​រើស​របស់​យើង ។ ការងាកបែរ​ទៅ​រក​ព្រះអង្គសង្គ្រោះ ហើយ​ចាប់​យក​ព្រះហស្ត​ដែល​លូក​ទៅ​ជួយ​របស់​ទ្រង់ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ជានិច្ច ។

អែលឌើរ រីឆាដ ជី ស្កត បាន​បង្រៀន​អំពី​សេចក្តីពិត​អស់កល្ប​ជានិច្ច​នេះ​ថា ៖ « សុភមង្គល​ពិតប្រាកដ​យូរ​អង្វែង​រួម​ជាមួយ​នឹង​ភាព​រឹងមាំ ក្តីក្លាហាន និង​សមត្ថភាព​យក​ឈ្នះ​លើ​ឧបសគ្គ​លំបាកៗ​បំផុត​កើត​ចេញ​ពី​ការរស់នៅ​ដែល​ផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ ។… គ្មាន​ការធានា​អះអាង​ថា នឹង​ទទួល​បាន​លទ្ធផល​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​មាន​ការបញ្ជាក់​យ៉ាង​ពិតប្រាកដ​ថា វា​មក​តាម​ពេលវេលា​របស់​ព្រះអម្ចាស់ ដំណោះស្រាយ​នឹង​កើត​មាន​ភាពសុខសាន្ត​នឹង​មាន​ជ័យជម្នះ ហើយ​សេចក្តីអាណិត​អាសូរ​នឹង​មាន​ពោរពេញ » ។១៤

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​សេចក្ដីពិត​ទាំងនេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។