ឆ្នាំ ២០១០-២០១៩
តម្លៃ​ហួស​ពី​ការ​អាច​វាស់​វែង​បាន
ខែ តុលា ២០១៧


តម្លៃ​ហួស​ពី​ការ​អាច​វាស់​វែង​បាន

យើង​អាច​ភ្លក់​រសជាតិ​នៃ​ការ​ខ្សឹប​ប្រាប់​ដ៏​ផ្អែមល្ហែម​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ញឹកញាប់ បញ្ជាក់​ពី​សេចក្ដីពិត​នៃ​តម្លៃ​ខាង​វិញ្ញាណ​របស់​យើង ។

អំឡុង​ពេល​ទៅ​ទស្សនា​ប្រទេស សៀរ៉ាឡេអូន នៅ អាហ្រ្វិក​ខាង​លិច ខ្ញុំ​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​មួយ​ដែល​បាន​ដឹកនាំ​ដោយ​អ្នកដឹកនាំ​អង្គការ​បឋមសិក្សា​ស្ដេក ។ ម៉ារីម៉ា បាន​ដឹកនាំ​ដោយ​ក្ដី​ស្រឡាញ់ ព្រះគុណ និង​ទំនុក​ចិត្ត ដែល​ងាយ​នឹង​ស្មាន​ថា​គាត់​បាន​ធ្វើ​ជា​សមាជិក​សាសនាចក្រ​យូរ​ហើយ ។ ទោះ​យ៉ាង​ណា​ក្ដី​ម៉ារីម៉ា គឺ​ជា​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី​ស្រឡាង ។

រូបភាព
ម៉ារីម៉ា និង​កូន​ស្រី​របស់​នាង

ប្អូន​ស្រី​របស់​គាត់​បាន​ចូលរួម​សាសនាចក្រ ហើយ​បាន​អញ្ជើញ​ឲ្យ ម៉ារីម៉ា ចូលរួម​ក្នុង​ថ្នាក់​មួយ​នៅ​ឯ​ព្រះវិហារ​ជាមួយ​នាង ។ ម៉ារីម៉ា ចាប់​អារម្មណ៍​អំពី​សារលិខិត​យ៉ាង​ខ្លាំង ។ មេរៀន​នោះ​គឺ​រៀន​អំពី​ច្បាប់​ព្រហ្មចារីភាព ។ គាត់​បាន​សុំ​ឲ្យ​អ្នកផ្សព្វផ្សាយសាសនា​បង្រៀន​គាត់​បន្ថែម ហើយ​មិន​យូរ​ប៉ុន្មាន​គាត់​ក៏​បាន​ទទួល​ទីបន្ទាល់​មួយ​អំពី​ព្យាការី យ៉ូសែប ស៊្មីធ ។ គាត់​បាន​ជ្រមុជទឹក​នៅ​ឆ្នាំ ២០១៤ ហើយ​កូន​ស្រី​របស់​គាត់​បាន​ជ្រមុជទឹក​កាល​ពី​ខែ​មុន ។ សូម​នឹក​ស្រមៃ​អំពី​ការ​បង្រៀន​គ្រឹះ​ចំនួន​ពីរ​ដែល​នាំ​ឲ្យ ម៉ារីម៉ា ប្រែ​ចិត្ត​ជឿ គឺ ច្បាប់​ព្រហ្មចារីភាព និង ព្យាការី យ៉ូសែប ស៊្មីធ ជា​ចំណុច​ពីរ​យ៉ាង​ដែល​ជារឿយៗ​ពិភពលោក​បាន​មើល​ឃើញ​ថា ពុំ​ទាក់ទង​គ្នា ហួស​សម័យ ឬ​ដែល​រំខាន ។ ប៉ុន្តែ ម៉ារីម៉ា បាន​ថ្លែង​ទីបន្ទាល់​ថា គាត់​គឺ​ដូចជា​សត្វ​មមាច​ដែល​មិន​ខ្លាច​ភ្លើង ។ គាត់​បាន​និយាយ​ថា « នៅ​ពេល​ខ្ញុំ​ជួប​ដំណឹងល្អ ខ្ញុំ​បាន​រក​ឃើញ​ខ្លួន​ឯង » ។ គាត់​បាន​រក​ឃើញ​តម្លៃ​របស់​គាត់​តាមរយៈ​គោលការណ៍​ដ៏​ទេវភាព ។ តម្លៃ​របស់​គាត់​ក្នុង​នាម ជា​បុត្រី​របស់​ព្រះ ត្រូវ​បាន​បើក​សម្ដែង​ឲ្យ​គាត់​ឃើញ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ឥឡូវ សូម​ជួប​នឹង បងប្អូនស្រី សាញ មកពី​ឥណ្ឌា ។ រីនុ, នៅ​ខាង​ស្តាំ​ផុត ហើយ​ជា​អ្នក​ដំបូង​គេ​ក្នុង​ចំណោម​បងប្អូន​ស្រី​ប្រាំ​នាក់​ដែល​ចូលរួម​ក្នុង​សាសនាចក្រ បាន​ចែកចាយ​គំនិត​នេះ​ថា ៖

រូបភាព
បងស្រី សាញ

« ពី​មុន​ចាប់​ផ្ដើម​រៀន​ពី​សាសនាចក្រ ខ្ញុំ​ពុំ​មាន​អារម្មណ៍​ច្បាស់​ថា​ខ្ញុំ​ពិសេស​នោះ​ទេ ។ ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជាច្រើន ហើយ​សង្គម និង​វប្បធម៌​របស់​ខ្ញុំ ពុំ​បាន​បង្រៀន​ខ្ញុំ​ថា​ខ្ញុំ​មាន​តម្លៃ​ជា​បុគ្គល​ផ្ទាល់​ខ្លួន​នោះ​ទេ ។ នៅ​ពេល​ខ្ញុំ​រៀន​ដំណឹងល្អ ហើយ​ដឹង​ថា​ខ្ញុំ​គឺ​ជា​បុត្រី​របស់​ព្រះវរបិតាសួគ៌​របស់​យើង វា​បាន​ផ្លាស់​ប្ដូរ​ខ្ញុំ ។ រំពេច​នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​សំខាន់​ណាស់—ពិតណាស់ ព្រះ​បាន​បង្កើត​ខ្ញុំ​មក ហើយ​បាន​បង្កើត​ព្រលឹង​ខ្ញុំ ហើយ​បង្កើត​ជីវិត​ខ្ញុំ​ព្រមជាមួយ​នឹង​តម្លៃ និង​គោលបំណង ។

« ពីមុន​ខ្ញុំ​មាន​ដំណឹងល្អ​ក្នុង​ជីវិត ខ្ញុំ​តែងតែ​ព្យាយាម​បង្ហាញ​ដល់​អ្នកដទៃ​ថា ខ្ញុំ​ជា​មនុស្ស​ពិសេស​ម្នាក់ ។ ប៉ុន្តែ​ពេល​ខ្ញុំ​ដឹង​ពី​សេចក្ដីពិត ថា​ខ្ញុំ​ជា​បុត្រី​របស់​ព្រះ ខ្ញុំ​ពុំ​ចាំបាច់​ត្រូវ​បង្ហាញ​អ្វី​ដល់​នរណា​ម្នាក់​ឡើយ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពិសេស ។… ចូរ​កុំ​គិត​ថា​ខ្លួន​អ្នក​គ្មាន​តម្លៃ​នោះឡើយ » ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​យ៉ាង​ល្អ​ឥត​ខ្ចោះ ពេល​លោក​បាន​ដកស្រង់​ពាក្យ​ទាំងនេះ « តម្លៃ​នៃ​ព្រលឹង​គឺ​ជា​សមត្ថភាព​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះ » ។

រូបភាព
ថៃអាណា

ថ្មីៗ​នេះ ខ្ញុំ​មាន​ពរ​ដែល​បាន​ជួប​នឹង​យុវនារី​ម្នាក់​ទៀត​ដែល​យល់​អំពី​សេចក្ដីពិត​ដូច​គ្នា​នេះ ។ នាង​ឈ្មោះ​ថា ថៃអាណា ។ ខ្ញុំ​បាន​ជួប​នាង​នៅ ឯ​មន្ទីរពេទ្យ​កុមារ​នៅ​ទីក្រុង សលត៍ លេក ។ ថៃអាណា រៀន​នៅ​មធ្យម​សិក្សា ពេល​នាង​ដឹង​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ​មហារីក ។ នាង​បាន​តស៊ូ​យ៉ាង​ក្លាហាន​អស់រយៈពេល ១៨ ខែ ពី​មុន​ទទួល​មរណភាព​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ។ ថៃអាណា មាន​ពេញ​ដោយ​ពន្លឺ និង​សេចក្ដី​ស្រឡាញ់ ។ នាង​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ស្នាម​ញញឹម​ស្រស់ស្រាយ ហើយ​បុគ្គលិក​លក្ខណៈ​ពិសេស​របស់​នាង​គឺ « ការលើក​មេ​ដៃ​ពីរ​ឡើង » ។ នៅពេល​អ្នក​ដទៃ​សួរ​ថា « ហេតុ​អ្វី​អ្នក​ឈឺ​គឺ​ជា​ឯង ថៃអាណា ? » នាង​តប​ថា « ហេតុ​អ្វី​ខ្ញុំ​មិន​អាច​ឈឺ​បាន ? » ថៃអាណា បាន​ព្យាយាម​ប្រែក្លាយ​ដូចជា​ព្រះអង្គសង្គ្រោះ​របស់​នាង ដែល​នាង​ស្រឡាញ់​យ៉ាង​ខ្លាំង ។ អំឡុង​ការ​ចុះ​សួរ​សុខទុក្ខ​របស់​យើង ខ្ញុំ​បាន​ដឹង​ថា ថៃអាណា យល់​ពី​តម្លៃ​ដ៏​ទេវភាព​របស់​នាង ។ ពេល​ដឹង​ថា​នាង​ជា​បុត្រី​របស់​ព្រះ វា​បាន​ផ្ដល់​ភាព​សុខសាន្ដ និង​ភាព​ក្លាហាន​ដល់​នាង​ដើម្បី​ប្រឈម​មុខ​នឹង​ការ​សាកល្បង​ដ៏​លើសលប់​នេះ​ក្នុង​របៀប​វិជ្ជមាន ដូច​ដែល​នាង​បាន​ធ្វើ ។

ម៉ារីម៉ា, រីនុ, និង​ថៃអាណា បង្រៀន​យើង​ថា ព្រះវិញ្ញាណ នឹង​បញ្ជាក់​ដល់​យើង​ម្នាក់ៗ​អំពី​តម្លៃ​ដ៏​ទេវភាព​របស់​យើង ។ ការ​ដឹង​ពិត​ថា​អ្នក​ជា​បុត្រី​របស់​ព្រះ នឹង​ជះ​ឥទ្ធិពល​លើ​គ្រប់​រូបភាព​នៃ​ជីវិត​របស់​អ្នក ហើយ​ដឹកនាំ​អ្នក​នៅក្នុង​ការ​បម្រើ​ដែល​អ្នក​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ពន្យល់​ជា​ពាក្យ​សម្ដី​ដ៏​រុងរឿង​ទាំងនេះ​ថា ៖

« ព្រះ​ជា​ព្រះវរបិតា​របស់​អ្នក ។ ទ្រង់​ស្រឡាញ់​អ្នក ។ ទ្រង់ និង​ព្រះមាតា​របស់​អ្នក​ដែល​គង់​នៅស្ថានសួគ៌ ឲ្យ​តម្លៃ​អ្នក​ហួស​ពី​ការ​ដែល​អាច​វាស់​បាន ។… អ្នក​ពិសេស​ណាស់ ។ ជា​មនុស្ស​ម្នាក់​ដែល​បាន​បង្កើត​ឡើង​ដោយ​ប្រាជ្ញា​ដ៏​អស់កល្ប​ជានិច្ច ដែល​អ្នក​អាច​អះអាង​យក​ជីវិត​អស់កល្ប​ជានិច្ច​បាន ។

« ចូរ​កុំ​មាន​ចម្ងល់​ក្នុង​ចិត្ត​អ្នក​អំពី​តម្លៃ​របស់​អ្នក​ជា​បុគ្គល​ម្នាក់ៗ​នោះ​ឡើយ ។ បំណង​ទាំង​មូល​នៃ​ផែនការ​ដំណឹងល្អ គឺ​ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នករាល់គ្នា​ម្នាក់ៗ​ឲ្យ​ឈោង​ទៅដល់​សក្ដានុពល​ដ៏​ពេញលេញ​បំផុត​របស់​អ្នក ដែល​ជា​ការរីកចម្រើន​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​លទ្ធភាព​នៃ​ភាពជាព្រះ » ។

ខ្ញុំ​សូម​ចង្អុល​បង្ហាញ​ពី​តម្រូវ​ការ​ញែក​ពាក្យ​សំខាន់​ពីរ​ឲ្យ​ដាច់​ពី​គ្នា​គឺ ៖ តម្លៃ និង​ភាព​សក្ដិសម ។ ពាក្យ​ទាំង​ពីរ​នេះ​ពុំ​ដូច​គ្នា​ទេ ។ តម្លៃ​ខាង​វិញ្ញាណ​មាន​ន័យ​ថា តម្លៃ​ខ្លួន​យើង តាម​របៀប​ដែល​ព្រះវរបិតាសួគ៌​ឲ្យ​តម្លៃ​យើង ពុំ​មែន​លោកិយ​ឲ្យ​តម្លៃ​យើង​ទេ ។ តម្លៃ​របស់​យើង​ត្រូវ​បាន​កំណត់​ឲ្យ​ពី​មុន​យើង​មក​កាន់​ផែនដី​នេះ​ទៅ​ទៀត ។ « សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ អានន្ត ហើយ​វា​នឹង​នៅ​មាន​ជា​រៀង​រហូត » ។

ម្យ៉ាង​ទៀត ភាព​សក្ដិសម គឺ​ទទួល​បាន​តាមរយៈ​ការគោរព​ប្រតិបត្តិ ។ ប្រសិន​បើ​យើង​មាន​អំពើបាប យើង​ពុំ​សូវ​សក្ដិសម ប៉ុន្តែ​យើង​ពុំ​មែន​គ្មាន​តម្លៃ​នោះ​ទេ ! យើង​បន្ដ​ប្រែចិត្ត ហើយ​ព្យាយាម​ដើម្បី​ប្រែ​ក្លាយ​ដូចជា​ព្រះយេស៊ូវ​ភ្ជាប់​ជាមួយ​នឹង​តម្លៃ​របស់​យើង ។ ដូចជា​ប្រធាន ព្រិកហាំ យ៉ង់ បាន​បង្រៀន ៖ « វិញ្ញាណ​ដែល​តូច​ទាប​បំផុត​នៅ​លើ​ផែនដី​ឥឡូវ​នេះ… គឺ​មាន​តម្លៃ​ដូច​ពិភព​ជា​ច្រើន » ។ មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ យើង​តែងតែ​មាន​តម្លៃ​នៅ​ក្នុង​ព្រះនេត្រ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។

ក្រៅ​ពី​សេចក្ដីពិត​ដ៏​អស្ចារ្យ​នេះ តើ​មាន​គ្នា​យើង​ប៉ុន្មាន​នាក់​ដែល​ពុះពារ ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ជាមួយ​នឹង​គំនិត​អវិជ្ជមាន ឬ​អារម្មណ៍​អវិជ្ជមាន​អំពី​ខ្លួន​យើង ? ខ្ញុំ​មាន ។ វា​ងាយ​នឹង​ជាប់​អន្ទាក់​ណាស់ ។ សាតាំង​គឺ​ជា​បិតា​នៃ​ការ​កុហក​ទាំងអស់ ជា​ពិសេស​នៅពេល​វា​មក​បំភាន់​អំពី​និស្ស័យ​នៃ​ព្រះ និង​គោលបំណង​ផ្ទាល់ខ្លួន​របស់​យើង ។ ការ​គិត​ថា​ខ្លួន​យើង​មិន​សំខាន់ គឺ​មិន​ចម្រើន​អ្វី​ដល់​យើង​ទេ ។ ផ្ទុយ​ទៅ​វិញ វា​ធ្វើ​ឲ្យ​យើង​ដើរ​ថយ​ក្រោយ ។ ជា​រឿយៗ​យើង​ត្រូវ​បាន​បង្រៀន​ថា « គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​តូច​ទាប​នោះ​ទេ បើ​ខ្លួន​អ្នក​មិន​យល់​ស្រប​តាម​វា​នោះ » ។ យើង​អាច​ឈប់​ប្រៀបធៀប​តម្លៃ​របស់​យើង​ទៅ​នឹង​អ្វី​ដែល​ល្អ​បំផុត​របស់​អ្នកដទៃ ។ « ការ​ប្រៀបធៀប គឺ​ជា​ចោរប្លន់​អំណរ » ។

ផ្ទុយ​ទៅ​វិញ ព្រះអម្ចាស់​អះអាង​នឹង​យើង​ថា នៅពេល​យើង​មាន​គំនិត​ប្រកប​ដោយ​គុណធម៌ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង​ឲ្យ​មាន​ទំនុកចិត្ត ជា​ទំនុកចិត្ត​ដែល​ដឹង​ថា​យើង​ជា​នរណា​ពិត​ប្រាកដ ។ ពុំ​មាន​ពេល​ណា​សំខាន់​ជាង​ពេល​នេះ​ដើម្បី​ផ្ទៀង​ស្ដាប់​ព្រះបន្ទូល​ទ្រង់​នោះទេ ។ ទ្រង់​មាន​បន្ទូលល​ថា« ចូរ​ឲ្យ​គុណធម៌​តុបតែង​គំនិត​របស់​អ្នក​ដោយ​ឥតឈប់​ឈរ​ឡើយ » ។ « មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ…ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ទៅ​ជា​គូកន​អ្នក » ។

ព្រះអម្ចាស់​បើក​សម្ដែង​សេចក្ដីពិត​បន្ថែម​នេះ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ​ថា « អ្នក​ណា​ដែល​បាន​ទទួល​ពី​ព្រះ ចូរ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា របស់​នោះ​មក​ពី​ព្រះ​ចុះ ហើយ​ចូរ​ឲ្យ​អ្នក​នោះ​ត្រេក​អរ​ដែល​ព្រះ​ទ្រង់​រាប់​ថា​សម​នឹង​ទទួល​បាន » ។ នៅពេល​យើង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ដូច​ខគម្ពីរ​នេះ​បាន​ពន្យល់ នោះ​យើង​ទទួល​ស្គាល់​ថា អ្វី​ដែល​យើង​ទទួល​អារម្មណ៍​នោះ​គឺ​មក​ពី​ព្រះវរបិតាសួគ៌​របស់​យើង ។ យើង​ទទួល​ស្គាល់​ទ្រង់ ហើយ​សរសើរ​ថ្វាយ​ទ្រង់​ដែល​ប្រទាន​ពរ​យើង ។ បន្ទាប់មក​យើង​រីករាយ​ដែល​យើង​ត្រូវ​បាន​រាប់​ថា​សក្ដិសម​នឹង​ទទួល​នោះ ។

សូម​ស្រមៃ​ថា អ្នក​កំពុង​អាន​គម្ពីរ​នៅ​ព្រឹក​មួយ ហើយ​ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​អ្នក​ដោយ​ស្រទន់​ថា អ្វី​ដែល​អ្នក​កំពុង​អាន​គឺ​ជា​ការ​ពិត ។ តើ​អ្នក​អាច​ស្គាល់​ព្រះវិញ្ញាណ ហើយ​រីករាយ​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ក្ដី​ស្រឡាញ់​ទ្រង់ ហើយ​សក្ដិសម​នឹង​ទទួល​ដែរ​ឬទេ ?

មាតា​ទាំងឡាយ​អើយ អ្នក​អាច​លុត​ជង្គង់​នៅ​ជិត​កូន​អាយុ​បួន​ឆ្នាំ​របស់​អ្នក ពេល​គាត់​អធិស្ឋាន​មុន​គាត់​ចូល​គេង ។ អារម្មណ៍​មួយ​នឹង​ស្រោច​ស្រប់​លើ​អ្នក​ពេល​អ្នក​ស្ដាប់ ។ អ្នក​មាន​អារម្មណ៍​កក់ក្ដៅ និង​សុខសាន្ដ ។ អារម្មណ៍​នោះ​មាន​រយៈពេល​ខ្លី ប៉ុន្តែ​អ្នក​ទទួល​ស្គាល់​ថា​អ្នក​ត្រូវ​បាន​រាប់​ថា​សក្ដិសម​នឹង​ទទួល​បាន​នៅ​គ្រា​នោះ ។ យើង​អាច​នឹង​កម្រ​ទទួល​បាន​ការ​បើក​សម្ដែង​ខាង​វិញ្ញាណ​ធំៗ​នៅ​ក្នុង​ជីវិត​របស់​យើង ប៉ុន្តែ​យើង​អាច​ភ្លក់​រសជាតិ​នៃ​ការ​ខ្សឹប​ប្រាប់​ដ៏​ផ្អែមល្ហែម​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ញឹកញាប់ បញ្ជាក់​ពី​សេចក្ដីពិត​នៃ​តម្លៃ​ខាង​វិញ្ញាណ​របស់​យើង ។

ព្រះអម្ចាស់​បាន​ពន្យល់​អំពី​ទំនាក់ទំនង​រវាង​តម្លៃ​របស់​យើង និង​ពលិកម្ម​ធួន​ដ៏​មហិមា​របស់​ទ្រង់ នៅពេល​ទ្រង់​មាន​បន្ទូល​ថា ៖

« ចូរ​ចាំ​ចុះ​ថា តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ

ដ្បិត​មើលចុះ ព្រះអម្ចាស់​ដ៏​ជា​ព្រះប្រោសលោះ​របស់​អ្នក ទ្រង់​បាន​រង​សេចក្ដី​ស្លាប់​នៅក្នុង​សាច់​ឈាម ម៉្លោះហើយ​ទ្រង់​បាន​រង​ការឈឺចាប់​នៃ​មនុស្ស​លោក​ទាំងអស់ ដើម្បី​ឲ្យ​មនុស្ស​លោក​ទាំងអស់​អាច​ប្រែចិត្ត ហើយ​មក​រក​ព្រះអង្គ​បាន » ។

បងប្អូនស្រី​អើយ ដោយសារ​តែ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង « យើង​នៅ​ជាប់​នឹង​ទ្រង់​ដោយ​ក្តី​ស្រឡាញ់ » ។១០ ទ្រង់​មាន​បន្ទូល​ថា « ព្រះវរបិតា​យើង ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក ដើម្បី​ឲ្យ​យើង​អាច​ត្រូវបាន​លើកឡើង​លើ​ឈើ​ឆ្កាង ហើយ​បន្ទាប់​ពី​យើង​ត្រូវបាន​លើកឡើង​លើ​ឈើ​ឆ្កាង គឺ​ប្រយោជន៍​ឲ្យ​យើង​អាចទាញ​នាំ​គ្រប់​មនុស្ស​ទាំងអស់​ឲ្យ​មករក​យើង » ។១១

ស្ដេច​បេនយ៉ាមីន ក៏​បាន​ពន្យល់​ផងដែរ​អំពី​ចំណង​ភ្ជាប់​នេះ​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ​របស់​យើង​ថា ៖ « ហើយ​មើល​ន៏ ព្រះអង្គ​នឹង​ស៊ូទ្រាំ​នូវការ​ល្បួង និង​ការ​ឈឺចាប់​នៃ​រាងកាយ សេចក្ដីស្រេកឃ្លាន និង​ការ​នឿយហត់ច្រើន​ជាង​មនុស្ស​លោក​អាច​ស៊ូទ្រាំ​បាន​ទៅទៀត លើក​លែង​តែ​សេចក្ដីស្លាប់​ប៉ុណ្ណោះ ដ្បិត​មើល​ចុះ ព្រះលោហិត​ចេញ​មក​ពី​គ្រប់​រន្ធ​ញើស សេចក្ដីបារម្ភ​របស់​ព្រះអង្គ​នឹង​មាន​ឡើង​យ៉ាង​ខ្លាំង »១២ដោយសារ​តែ​អំពើបាប​របស់​យើង ។ ការ​រងទុក្ខ​នោះ និង​លទ្ធផល​នៃ​ការ​រងទុក្ខ​នោះ បំពេញ​ដួងចិត្ត​របស់​យើង​ដោយ​សេចក្ដីស្រឡាញ់ និង​ការ​ដឹងគុណ ។ អែលឌើរ ប៉ុល អ៊ី ខូអែលឡែកឃើរ បាន​បង្រៀន​ថា « ពេល​យើង​ដកចេញ​នូវ​ការទាក់ទាញ​ទាំងឡាយ ​ដែល​ទាញ​យើង​ទៅ​រក​លោកិយ ហើយ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដើម្បី​ស្វែងរក​ទ្រង់ នោះ​យើង​បើក​ចិត្ត​យើង​ដល់​អានុភាព​សេឡេស្ទាល ដែល​នាំ​យើង​ខិត​ទៅ​ជិត​ទ្រង់ » ។១៣ ប្រសិន​បើ​សេចក្ដីស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះអង្គសង្គ្រោះ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​មាន​ច្រើន​ជាង​ថាមពល​ដែល​យើង​ផ្ដល់​ទៅ​ឲ្យ​ភាព​កំសោយ ការ​សង្ស័យ​ផ្ទាល់ខ្លួន ឬ​ទម្លាប់​អាក្រក់ នោះ​ទ្រង់​នឹង​ជួយ​យើង​យក​ឈ្នះ​រឿង​ទាំងឡាយ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​ជីវិត​របស់​យើង ។ ទ្រង់​សង្គ្រោះ​យើង​ចេញ​ពី​ខ្លួន​យើង ។

ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា ៖ ប្រសិន​បើ​កម្លាំង​ទាញ​ខាង​លោកិយ មានកម្លាំង​ខ្លាំង​ជាង​សេចក្ដីជំនឿ និង​ការ​ទុក​ចិត្ត​ដែល​យើង​មាន​ទៅ​លើ​ព្រះអង្គសង្គ្រោះ នោះ​កម្លាំង​ទាញ​ខាង​លោកិយ​នឹង​ឈ្នះ​គ្រប់​ពេល ។ ប្រសិន​បើ​យើង​ជ្រើសរើស​ផ្ដោត​ទៅលើ​គំនិត​អវិជ្ជមាន និង​ការសង្ស័យ​ពី​តម្លៃ​របស់​យើង ជំនួស​ឲ្យ​ការ​តោង​ជាប់​ទៅ​នឹង​ព្រះអង្គសង្គ្រោះ នោះ​វា​នឹង​កាន់​តែ​ពិបាក​ដើម្បី​ទទួល​អារម្មណ៍​បញ្ជាក់​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

បងប្អូនស្រី​អើយ សូម​កុំ​ភាន់​ច្រឡំ​អំពី​អត្តសញ្ញាណ​របស់​យើង ! ខណៈ​ដែល​វា​ងាយ​នឹង​ទទួល​រង​សកម្មភាព​ខាង​វិញ្ញាណ​ជាង​ដាក់​ការ​ខិតខំ​ខាង​វិញ្ញាណ​ដើម្បី​ចងចាំ និង​ឱប​ក្រសោប​យក​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង នោះ​យើង​មិន​អាច​បណ្ដោយ​ទៅ​តាម​រឿង​នោះ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ​បាន​ទេ ។ សូម​ឲ្យ​យើង​ក្នុង​នាម​ជា​ស្ត្រី « មាន​ភាព​ស្មោះត្រង់​ទៅលើ​ព្រះគ្រីស្ទ… សូម​ឲ្យ​ព្រះគ្រីស្ទ​លើក​[ យើង ] ឡើង ហើយ​សូម​ឲ្យ​ការ​រងទុក្ខ និង​ការ​សុគត​… និង​ក្ដីមេត្តាករុណា​របស់​ទ្រង់ និង​ការអត់ធ្មត់​និង សេចក្ដីសង្ឃឹម​ទៅលើ​សិរីល្អ​របស់​ទ្រង់ និង​ជីវិត​អស់កល្ប​ជានិច្ច ចាំ​ដក់​ជាប់​នៅ​ក្នុង [ គំនិត​របស់​យើង ] ជា​រៀង​រហូត » ។១៥ នៅពេល​ព្រះអង្គសង្គ្រោះ​លើក​យើង​ឡើង​កាន់​ទី​ខ្ពស់ នោះ យើង​អាច​មើល​ឃើញ​កាន់តែ​ច្បាស់​ជាង​ការ​គ្រាន់តែ​មើល​ឃើញ​ថា​យើង​ជា​នរណា ប៉ុន្តែ​យើង​ទៅ​កាន់​តែ​ជិត​នឹង​ទ្រង់ ជាង​យើង​អាច​នឹក​ស្រមៃ​ដល់ ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។