ឆ្នាំ ២០១០-២០១៩
តើ​ខ្ញុំ​ជា​កូន​របស់​ព្រះ​ឬ ?
ខែ មេសា ឆ្នាំ ២០១៨


តើ​ខ្ញុំ​ជា​កូន​របស់​ព្រះ​ឬ ?

តើ​យើង​ម្នាក់ៗ​អាច​ទទួល​បទពិសោធន៍​នូវ​ឥទ្ធិពល​នៃ​ការយល់​ដឹង​អំពី​អត្តសញ្ញាណ​នៃ​ភាព​ជា​ព្រះ​របស់​យើង​ដោយ​របៀប​ណា ? វា​ចាប់ផ្តើម​តាម​រយៈ​ការព្យាយាម​ស្គាល់​ព្រះ​ជា​ព្រះវរបិតា​របស់​យើង ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ទៅ​ព្រះវិហារ​ជាមួយ​ម្តាយ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​នៅ​សាលាប្រជុំ​ចាស់​របស់​ពួកយើង​ដែល​សង់​អំពី​ថ្ម ។ សំឡេង​ក្មេងៗ​ឮ​ចេញ​ពី​បន្ទប់​ថ្នាក់​បឋម​សិក្សា​ដែល​ខ្ញុំ​បាន​ចូលរួម​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន​បាន​ទាក់ទាញ​អារម្មណ៍​ខ្ញុំ​ណាស់ នោះ​ខ្ញុំ​បាន​ដើរ​ទៅ​ពី​ក្រោយ ហើយ​មើល​ថ្នាក់ដឹកនាំ​ដ៏​យក​ចិត្ត​ទុកដាក់​បង្រៀន​ប្រធាន​បទ​ឆ្នាំ​នេះ​គឺ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។ ខ្ញុំ​បាន​ញញឹម ពេល​ខ្ញុំ​ចាំ​ពី​គ្រូបង្រៀន​ដែល​មាន​ចិត្ត​អត់ធ្មត់ និង​មាន​ក្តីស្រឡាញ់ ជា​អ្នក​ដែល​នៅ​អំឡុងពេល​យើង​ច្រៀង​នា​គ្រា​នោះ បាន​មើល​មុខ​ខ្ញុំ​ជារឿយៗ—ដោយសារ​ខ្ញុំ​ជា​ក្មេង​ខិល​បន្តិច ហើយ​អង្គុយ​នៅ​ចុង​កៅអី ដែល​គ្រូបង្រៀន​ហៀប​នឹង​និយាយ​ថា « តើ​គាត់ ពិតជា កូន​របស់​ព្រះ​មែន​ឬ ? ហើយ​តើ​នរណាបាន​បញ្ជូន​គាត់​មកទីនេះ ? »

ខ្ញុំ​សូម​អញ្ជើញ​ពួកយើង​គ្រប់គ្នា​ឲ្យ​បើក​ដួងចិត្ត​យើង​ចំពោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល « ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​គឺជា​កូន​របស់​ព្រះ » ។​

ប្រសាសន៍​របស់​ប្រធាន ប៊យដ៏ ឃេ ផាកកឺ គឺ​ច្បាស់លាស់ និង​មាន​តម្លៃ ៖ « បងប្អូន​ជា​កូន​របស់​ព្រះ ។ ទ្រង់​គឺជា​ព្រះវរបិតា​នៃ​វិញ្ញាណ​របស់​បងប្អូន ។ បងប្អូន​មាន​កំណើត​យ៉ាង​ថ្លៃថ្នូរ ជា​បុត្រ​ស្ដេច​ខាង​វិញ្ញាណ​នៃ​ស្ថានសួគ៌ ។ សូម​ដាក់​សេចក្ដី​ពិត​នោះ​នៅ​ក្នុង​គំនិត​បងប្អូន ហើយ​កាន់​វា​ឲ្យ​ជាប់ ។ មិន​ថា​នៅ​ក្នុង​ជីវិត​នេះ បងប្អូន​មាន​ដូនតា​ប៉ុន្មាន​ជំនាន់ មិន​ថា​បងប្អូន​ជា​ជាតិ​សាសន៍​អ្វី​នោះ​ទេ ពង្សាវលី​នៃ​វិញ្ញាណ​របស់​បងប្អូន​អាច​សរសេរ​ឡើង​តែ​មួយ​បន្ទាត់​ប៉ុណ្ណោះ ។ បងប្អូន​គឺ​ជា​កូន​របស់​ព្រះ ! »

ព្រិកហាំ យ៉ង់ បាន​ពិពណ៌នា​ថា « នៅពេល​បងប្អូន … ឃើញ​ព្រះវរបិតា​យើង នោះ​បងប្អូន​នឹង​ឃើញ​តួអង្គ​មួយ​ដែល​បងប្អូន​ធ្លាប់​ស្គាល់​យូរយារ​ណាស់​មក​ហើយ ហើយ​ទ្រង់​នឹង​ទទួល​បងប្អូន​ទៅក្នុង​ព្រះហស្ត​ទ្រង់ ហើយ​បងប្អូន​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ទៅក្នុង​ការឱប​ក្រសោប​របស់​ទ្រង់ ហើយ​ថើប​ទ្រង់ » ។

សង្គ្រាម​ដ៏​ធំ​ទាក់ទង​នឹង​អត្តសញ្ញាណ​នៃ​ភាព​ជា​ព្រះ

ម៉ូសេ​បាន​រៀន​អំពី​កេរ្តិ៍តំណែល​នៃ​ភាព​ជា​ព្រះ​របស់​លោក​ដោយ​បាន​ទូល​ជាមួយ​នឹង​ព្រះអម្ចាស់​ទល់​នឹង​ព្រះភក្ត្រ​ទ្រង់ ។ បន្ទាប់​ពី​បទពិសោធន៍​នោះ​មក « សាតាំង​បាន​មក​ល្បួង » ដោយ​ល្បិច​កល្ប ប៉ុន្តែ​មាន​បំណង​កាច​សាហាវ​ដើម្បី​បំភាន់​អត្តសញ្ញាណ​របស់​ម៉ូសេ « ដោយ​និយាយ​ថា ៖ ម៉ូសេ ជា​កូន​មនុស្ស​អើយ ចូរ​ថ្វាយ​បង្គំ​យើង ។ ហើយ … ម៉ូសេ​បាន​ងើប​មើល​ទៅ​អារក្ស​សាតាំង ហើយ​និយាយ​ថា ៖ តើ​អ្នក​ជា​នរណា ? ដ្បិត​មើល​ចុះ ខ្ញុំ​ជា បុត្រ​នៃ​ព្រះ »

សង្គ្រាម​ដ៏​ធំ​ស្តីពី​អត្តសញ្ញាណ​នៃ​ភាព​ជា​ព្រះ​នេះ បន្ត​ការជជែក​វែកញែក ខណៈ​ដែល​សាតាំង​បន្ត​បង្កើន​យុទ្ធសាស្ត្រ​ដើម្បី​បំផ្លិចបំផ្លាញ​ជំនឿ និង​ចំណេះ​ដឹង​របស់​យើង​អំពី​ទំនាក់ទំនង​យើង​ជាមួយ​នឹង​ព្រះ ។ ដោយ​អំណរគុណ យើង​មាន​ពរ​ជាមួយ​នឹង​ការយល់​ដឹង​ច្បាស់​លាស់​អំពី​អត្តសញ្ញាណ​ពិតប្រាកដ​របស់​យើង ចាប់តាំង​ពី​ដំបូង​មក ៖ « ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្សឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង » ហើយ​ពួកព្យាការី​នៅរស់​របស់​យើង​ប្រកាស​ថា « [ មនុស្ស ] ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតាបិតា​សួគ៌ ដូច្នេះហើយ​មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ » ។

ការដឹង​អំពី​សេចក្តីពិត​ទាំង​នេះ​ដោយ​ប្រាកដ​ប្រជា ជួយ​យើង​យក​ឈ្នះ​លើ​ការសាកល្បង បញ្ហា និង​ទុក្ខវេទនា​គ្រប់​ជំពូក ។១០ នៅពេល​គេ​សួរ​ថា « តើ​យើង​អាច​ដោះស្រាយ​ការលំបាក​ទាំង​នោះ​ជាមួយ​នឹង [ បញ្ហា​ផ្ទាល់​ខ្លួន ] ? បាន​ដោយ​របៀប​ណា » សាវក​មួយ​រូប​របស់​ព្រះអម្ចាស់​បាន​បង្គាប់​ថា « ចូរ​បង្រៀន​អំពី​អត្តសញ្ញាណ និង​គោលបំណង​របស់​ពួកគេ » ។១១

« ចំណេះ​ដឹងដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​ខ្ញុំ​មាន »

សេចក្តីពិត​ដ៏​មានឥទ្ធិពល​ទាំង​នោះ​គឺ​ជា​ការផ្លាស់ប្តូរ​ជីវិត​សម្រាប់​មិត្ត​របស់​ខ្ញុំ​ឈ្មោះ​ជិន១២ ដែល​កាល​នៅ​វ័យ​ជំទង់​បាន​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចររាចរណ៍​យ៉ាង​ធ្ងន់ធ្ងរ​មួយ ។ ទោះបីជា​របួស​ខាង​រូបកាយ​របស់​គាត់​មាន​សភាព​ធ្ងន់ធ្ងរ​ក្តី គាត់​មាន​អារម្មណ៍​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដោយសារ អ្នក​បើកបរ​ម្នាក់​ទៀត​បាន​ស្លាប់​បាត់បង់​ជីវិត ។ គាត់​និយាយ​ថា « កូនៗ​បាន​បាត់បង់​ម្តាយ​របស់​គេ ហើយ​វា​ជា​កំហុស​របស់​ខ្ញុំ » ។ ជិន​ដែល​ទើបតែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​បាន​ឈរ ហើយ​រៀបរាប់​ថា « យើង​គឺ​ជា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​របស់​យើង ទ្រង់​ស្រឡាញ់​យើង »១៣ ឥឡូវ​នេះ​សួរសំណួរ​ថា « តើ​ទ្រង់​អាច​ស្រឡាញ់ ខ្ញុំដូចម្តេច​ទៅ ? »

គាត់​និយាយ​ថា « ការរងទុក្ខ​ខាង​រូបកាយ​បាន​កន្លង​ផុត​ទៅ ប៉ុន្តែ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ពុំ​បាន​ការព្យាបាល​ពី​របួស​ខាង​ផ្លូវ​ចិត្ត និង​វិញ្ញាណ​ទេ » ។

ដើម្បី​បន្ត​ជីវិត​រស់នៅ ជិន​បាន​លាក់​អារម្មណ៍​របស់​ខ្លួន​យ៉ាង​ស្ងៀមស្ងាត់ បាន​ដក​ខ្លួន​ចេញ​ពី​គេ ហើយ​ពុំ​មាត់​ក ។ មួយ​ឆ្នាំ​ក្រោម​មក នៅ​ទីបំផុត​គាត់​អាច​និយាយ​អំពី​គ្រោះថ្នាក់​នោះ អ្នក​ប្រឹក្សា​ដ៏​បំផុស​គំនិត​ម្នាក់​បាន​អញ្ជើញ​គាត់​ឲ្យ​សរសេរ​ឃ្លា​មួយ​ថា « ខ្ញុំ​ជា​កូន​របស់​ព្រះ » ហើយ​និយាយ​ឃ្លា​នោះ ១០ ដង​រាល់ថ្ងៃ ។

គាត់​រំឭក​ថា « ការសរសេរ​ពាក្យ​នោះ​គឺ​ងាយ​ស្រួល​ណាស់ ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​និយាយ​ពាក្យ​នោះ​ចេញ​មក​បានទេ ។ … វា​ជា​រឿង​ពិបាក​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ពិតជា​ពុំ​ជឿ​ថា ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​បុត្រ​របស់​ទ្រង់​ឡើយ ។ ខ្ញុំ​បាន​ទួញ​យំ​យ៉ាង​ខ្លាំង » ។

បន្ទាប់​ពី​បួន​ប្រាំ​ខែ​ក្រោយ​មក នៅទីបំផុត​ជិន​អាច​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​បាន ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​បាន​សម្តែង​អំពី​អារម្មណ៍​ខ្ញុំ​ទាំងស្រុង​ដោយ​ទូល​អង្វរ​ដល់​ព្រះ ។… បន្ទាប់មក​ខ្ញុំ​បាន​ចាប់ផ្តើម​ជឿ​លើ​ពាក្យ​នោះ » ។ ជំនឿ​នេះ​អនុញ្ញាត​ឲ្យ​ព្រះអង្គសង្គ្រោះ​ចាប់ផ្តើម​ព្យាបាល​របួស​នៃ​ព្រលឹង​របស់​គាត់ ។ ព្រះគម្ពីរ​មរមន​បាន​នាំ​នូវការ​លួងលោម និង​ភាពក្លាហាន​នៅក្នុង​ដង្វាយធួន​របស់​ទ្រង់ ។១៤

ជិន​បាន​បញ្ចប់​ថា « ព្រះគ្រីស្ទ​មាន​ព្រះទ័យ​ដឹង​អំពី​ការឈឺចាប់ សេចក្តីទុក្ខព្រួយ កំហុស​របស់​ខ្ញុំ ។ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ ហើយ​ពុំ​ធ្លាប់​ទទួល​បទពិសោធន៍​ណា​ដែល​មាន​ឥទ្ធិពល​បែប​នេះ​ឡើយ ! ការដឹង​ថា ខ្ញុំ​ជា​កូន​របស់​ព្រះ គឺ​ជា​ចំណេះដឹង​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​ខ្ញុំ​មាន ! »

ព្យាយាម​ដើម្បី​ស្គាល់​ព្រះដែល​ជា​ព្រះវរបិតា​របស់​យើង

បងប្អូន​ប្រុសស្រី តើ​យើង​ម្នាក់ៗ​អាច​ទទួល​បទពិសោធន៍​នូវ​ឥទ្ធិពល​នៃ​ការយល់​ដឹង​អំពី​អត្តសញ្ញាណ​នៃ​ភាព​ជា​ព្រះ​របស់​យើង​ដោយ​របៀប​ណា ? វា​ចាប់ផ្តើម​តាម​រយៈ​ការព្យាយាម​ស្គាល់​ព្រះ​ដែល​ជា​ព្រះវរបិតា​របស់​យើង ។១៥ ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា « មាន​រឿង​អស្ចារ្យ​មួយ​កើត​ឡើង​ពេល​កូន​ម្នាក់​របស់​ព្រះ​ស្វែង​យល់​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ទ្រង់ និង​ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​ទ្រង់ » ។១៦

ការរៀន និង​ការធ្វើ​តាម​ព្រះអង្គសង្គ្រោះ​ជួយ​ពួកយើង​ឲ្យ​ស្គាល់​ព្រះវរបិតា ។ « ជា … ​រូបភាព​នៃ [ ព្រះវរបិតា ] ទ្រង់ »១៧ នោះ​ព្រះយេស៊ូវ​បាន​បង្រៀន​ថា « ព្រះ​រាជ​បុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ព្រះអង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការអ្វី​ដែល​ឃើញ​ព្រះវរបិតា​ធ្វើ » ។១៨ គ្រប់​ព្រះបន្ទូល និង​ទង្វើ​របស់​ព្រះគ្រីស្ទ​សម្តែង​លក្ខណៈ​ពិត​នៃ​ព្រះ និង​ទំនាក់ទំនង​របស់​យើង​ចំពោះ​ទ្រង់ ។១៩ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា « ជាមួយ​នឹង​ព្រះលោហិត​ដែល​ហូរ​គ្រប់​រន្ធ​ញើស និង​ការឈឺ​ចាប់​ដែល​ស្រែក​ចេញ​ពី​បបូរ​មាត់​ទ្រង់ នោះ​ព្រះគ្រីស្ទ​បាន​ស្រែក​រក​ព្រះ​ដែល​ទ្រង់​បាន​ស្វែងរក​ជានិច្ច—គឺ​ព្រះវរបិតា​ទ្រង់ ។ ទ្រង់​បាន​ស្រែក​ថា ‹ ឱ​អ័ប្បា ព្រះវរបិតា​អើយ › » ។២០

នៅពេល​ព្រះយេស៊ូវ​បាន​ស្វែងរក​ព្រះវរបិតា​ដោយ​ស្មោះត្រង់​នៅក្នុង​សួន​គែតសេម៉ានី នោះ​យុវជន​យ៉ូសែប ស្ម៊ីធ ក្នុង​ឆ្នាំ ១៨២០ បាន​ស្វែងរក​ព្រះ​ប្រកប​ដោយ​ការអធិស្ឋាន​នៅក្នុង​ព្រៃ​ពិសិដ្ឋ ។ បន្ទាប់​ពី​អាន « បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា​មាន​តែ​សុំ​ដល់​ព្រះ »២១ យ៉ូសែប​បាន​ចេញ​ទៅ​អធិស្ឋាន ។

លោក​បាន​សរសេរ​ថា « ខ្ញុំ​ក៏​បាន​លុត​ជង្គង់​ចុះ ហើយ​បាន​ចាប់ផ្ដើម​បួងសួង​ដល់​ព្រះ​ទូល​ប្រាប់​ពី​បំណង​នៃ​ដួងចិត្ត​របស់​ខ្ញុំ ។ …

…ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ​នៅ​ចំ​លើ​ក្បាល​ខ្ញុំ ។…

… ខ្ញុំ​បាន​ឃើញ​តួអង្គ​ពីរ ដែល​មាន​រស្មី និង​សិរី​រុងរឿង​ដែល​ពុំ​អាច​ពណ៌នា​បាន​ឡើយ​ឈរ​នៅ​លើ​អាកាស​ពីលើ​រូប​ខ្ញុំ ។ តួអង្គ​មួយ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​តាម​ឈ្មោះ ហើយ​ចង្អុល​ទៅ​តួអង្គ​មួយ​ទៀត ដោយ​មាន​ព្រះបន្ទូល​ថា— [ យ៉ូសែប ] នេះ​ជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! »២២

នៅពេល​យើង​ធ្វើ​តាម​គំរូ​នៃ​ព្រះ​អង្គសង្គ្រោះ និង​ព្យាការី​យ៉ូសែប ក្នុងការ​ស្វែងរក​ព្រះ​ដោយ​ស្មោះត្រង់ នោះ​យើង​នឹង​យល់​ក្នុង​របៀប​មួយ​កាន់តែ​ច្បាស់ ដូច​ជិន​បាន​យល់​ថា ព្រះវរបិតា​ស្គាល់​យើង​តាមរយៈ​ឈ្មោះ​របស់​យើង ថា​យើង​គឺ​ជា​បុត្រាបុត្រី​របស់​ទ្រង់ ។

ថ្លែង​ទៅកាន់​ម្តាយ​វ័យ​ក្មេង ជាពិសេស​ជារឿយៗ​ទទួល​អារម្មណ៍​ស្មុគស្មាញ និង​កើត​ទុក្ខ អំឡុងពេល​ព្យាយាម​ចិញ្ចឹម​បីបាច់​ដល់ « ជំនាន់​ដែល​កំពុង​ទប់ទល់​នឹង​អំពើបាប​នេះ »២៣ សូម​កុំ​មើល​ងាយ​ដល់​តួនាទី​សំខាន់​របស់​អ្នក​នៅក្នុង​ផែនការ​ព្រះ​ឡើយ ។ នៅក្នុង​គ្រា​ដ៏​តានតឹង​បំផុត—ប្រហែល​នៅពេល​អ្នក​ដេញ​ចាប់​កូនតូចៗ និង​នៅពេល​មាន​ក្លិន​ខ្លោច​អ្វី​មួយ​មក​ពី​ផ្ទះ​បាយ​ប្រាប់​អ្នក​ថា អាហារ​ពេល​ល្ងាច​ដែល​បាន​រៀបចំ​យ៉ាង​ល្អ​នោះ​ឥឡូវ​នេះ​បាន​ខ្លោច​អស់​ហើយ​—នោះ​អ្នក​គួរតែ​ដឹង​ថា ព្រះ​ញែក​គ្រា​ដ៏​លំបាក​បំផុត​របស់​អ្នក​ចេញ​ជា​បរិសុទ្ធ ។២៤ ទ្រង់​បាន​បញ្ជាក់​ដោយ​សុខសាន្ត​ថា « កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ ពីព្រោះ​យើង​នៅ​ជាមួយ​ឯង » ។២៥យើង​គោរព​អ្នក នៅពេល​អ្នក​បំពេញ​សេចក្តីសង្ឃឹម​ដែល​ស៊ីស្ទើរ ចូយ ឌី ចូនស៍​បាន​ថ្លែង​ថា « កូនៗ​របស់​យើង​សម​នឹង​យល់​ដឹង​អំពី​អត្តសញ្ញាណ​នៃ​ភាពជា​ព្រះ​របស់​ពួកគេ » ។២៦

ខ្ញុំ​សូម​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ស្វែងរក​ព្រះ និង​បុត្រា​ជា​ទីស្រឡាញ់​របស់​ទ្រង់ ។ ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍​ថា « គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ដែល​សេចក្ដី​ពិត​ទាំងនោះ​បាន​បង្រៀន​យ៉ាង​ច្បាស់ ហើយ​ពេញ​ដោយ​អនុភាព​ជាង​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ឡើយ » ។២៧ សូម​បើក​ទំព័រ​ព្រះគម្ពីរ​មរមន ហើយ​រៀនថា ព្រះ​ធ្វើ « គ្រប់​ការណ៍​ទាំង​អស់ ដើម្បី​សុខុមាលភាព និង​សុភមង្គល [ ពួក​យើង ] »២៨ ថា ទ្រង់​មាន « សេចក្តី​មេត្តា​ករុណា និងព្រះទ័យ​អាណិត​អាសូរ យឺត​នឹង​ខ្ញាល់ អត់ធ្មត់ ហើយ​ពោរពេញ​ដោយ​សេចក្តីល្អ »២៩ ហើយ​ថា « មនុស្ស​ទាំង​អស់​គឺ​ដូច​គ្នា​នៅ​ចំពោះ [ ទ្រង់ ] » ។៣០ នៅពេល​អ្នក​មាន​អារម្មណ៍​ឈឺចាប់ ភ័យខ្លាច អន់ចិត្ត កើត​ទុក្ខ ស្រេកឃ្លាន ឬ​ឯកោ​ដោយ​គ្មាន​សង្ឃឹម​អំឡុងគ្រា​លំបាក៣១—សូម​បើក​ព្រះគម្ពីរ​មរមន ហើយ​អ្នក​នឹង​ដឹង​ថា « [ ព្រះ ] នឹង​ពុំ​បោះបង់​យើង​ទេ ។ ទ្រង់​មិន​ដែល ហើយ​ទ្រង់​នឹង​ពុំ​បោះបង់​យើង​ដែរ ។ ទ្រង់​មិន​អាច​បោះបង់​យើង​បាន​ទេ ។ វា​ពុំ​មែន​ជា​លក្ខណៈ​របស់​ទ្រង់ [ ដើម្បី​ធ្វើ​ដូច្នោះ​ឡើយ ] » ។៣២

ការស្គាល់​ព្រះវរបិតា​យើង​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់​យ៉ាង ជា​ពិសេស​ដួងចិត្ត​របស់​យើង នៅពេល​ព្រះវិញ្ញាណ​ដ៏​ទន់ភ្លន់​របស់​ទ្រង់​បញ្ជាក់​អំពី​អត្តសញ្ញាណ​ពិត​ប្រាកដ និង​តម្លៃ​ដ៏​ធំ​មហិមា​របស់​យើង​នៅក្នុង​ព្រះនេត្រ​ទ្រង់ ។៣៣ ព្រះ​ទ្រង់​យាង​ជាមួយ​យើង​តាម​ផ្លូវ​នៃ​សេចក្តីសញ្ញា នៅពេល​យើង​ស្វែងរក​ទ្រង់​តាមរយៈ​ការទូល​អង្វរ​ប្រកប​ដោយ​ការអធិស្ឋាន ការស្រាវជ្រាវ​ព្រះគម្ពីរ និង​ការព្យាយាម​គោរព​ប្រតិបត្តិ ។

លក្ខណៈ​ដ៏​ល្អ​ឥតខ្ចោះ​របស់​ព្រះ—សាក្សី​របស់​ខ្ញុំ

ខ្ញុំ​ស្រឡាញ់​ព្រះ​ជា​ព្រះវរបិតា​របស់​ខ្ញុំ ៣៤ « ដ៏​មាន​មហិទ្ធិ​ឫទ្ធិ »៣៥ ជា​អង្គ​ដែល​ព្រះកន្សែង​ជាមួយ​យើង​នៅក្នុង​ទុក្ខ​ព្រួយ​របស់​យើង វាយផ្ចាល់​ដោយ​អត់ធ្មត់​ចំពោះ​ភាព​មិន​សុចរិត​របស់​យើង ហើយ​សព្វព្រះទ័យ​នៅពេល​យើង​ព្យាយាម « បោះបង់​ចោល​អស់​ទាំង​អំពើ​បាប [ របស់​យើង ] ដើម្បី​ឲ្យ​បាន​ស្គាល់ [ ទ្រង់ ] » ។៣៦ ខ្ញុំ​ថ្វាយ​បង្គំ​ទ្រង់ ដែល​ជា « ឪពុក​ដល់​ពួក​កំព្រា »៣៧ ហើយ​ជា​ដៃគូ​ដល់​អស់​អ្នក​ដែល​គ្មាន​ដៃគូ ។ ដោយ​អំណរគុណ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ខ្ញុំ​បាន​ស្គាល់​ព្រះ​ជា​ព្រះវរបិតា​ខ្ញុំ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ភាព​ល្អឥតខ្ចោះ លក្ខណៈ និង « លក្ខណៈ​ដ៏​ល្អ​ឥតខ្ចោះ [ របស់​ទ្រង់ ] » ។៣៨

ថា ពួកយើង​ម្នាក់ៗ​អាច​យល់​ពិតប្រាកដ ហើយ​រីករាយ​នឹង « ភាព​ថ្លៃថ្នូរ​របស់​យើង »​៣៩ ក្នុងនាម​ជា​កូន​របស់​ព្រះ នៅក្នុង​ការស្គាល់​ទ្រង់​ថា​ជា « ព្រះ​ពិត​តែ​មួយ និង​ព្រះយេស៊ូវគ្រីស្ទ​ដែល [ ទ្រង់ ] បាន​ចាត់​ឲ្យ​មក​ផង »៤០ គឺ​ជា​ការអធិស្ឋាន​ដ៏​ស្មោះអស់​ពី​ចិត្ត​របស់​ខ្ញុំ នៅក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។