ឆ្នាំ ២០១០-២០១៩
« នៅ​ជាមួយ និង ចម្រើន​កម្លាំង​ពួកគេ »
ខែ មេសា ឆ្នាំ ២០១៨


« នៅ​ជាមួយ និង ចម្រើន​កម្លាំង​ពួកគេ »

ការអធិស្ឋាន​របស់​ពួក​យើង​នា​ថ្ងៃនេះ​គឺសូម​ឲ្យ​បុរស​ស្ត្រី​គ្រប់រូប​ពេល​ចាកចេញ​ពី​សន្និសីទ​នេះ​ទៅ នឹង​មាន​ការ​តាំងចិត្ត​កាន់​ខ្លាំង​ដើម្បី​មើល​ថែ​គ្នា​ទៅវិញ​ទៅមក​ដោយ​អស់​ពី​ដួងចិត្ត ។

ដើម្បី​និយាយ​ឡើង​វិញ​នូវ​អ្វីដែល រ៉ាហ្វ វ៉ាលដូ អ៊ីមើរសុន គឺ​ថា គ្រា​ដ៏​មាន​ការ​ចងចាំបំផុត​នៅក្នុង​ជីវិត​គឺ​គ្រា​ទាំងឡាយ​ដែល​យើង​ដឹង​ពី​ភាព​បន្ទាន់​របស់​វិវរណៈ ។ ប្រធាន ណិលសុន ខ្ញុំ​ពុំ​ដឹង​ថា​យើង​នឹង​មាន « ការប្រញាប់​ប្រញាល់ » ច្រើន​ប៉ុណ្ណា​ទៀត​ទេ ដែល​ពួក​យើង​អាច​ធ្វើ​បាន​ចុង​សប្ដាហ៍​នេះ។ ពួក​យើង​មួយ​ចំនួន​មាន​ដួងចិត្ត​ទន់ខ្សោយ ។ ប៉ុន្តែ​នៅពេល​ខ្ញុំ​គិត​អំពី​វា បងប្អូន​អាច​ធ្វើ​បាន​អ្វីៗ​ទាំងអស់​នោះ​ផងដែរ ។ ព្យាការី​គឺ​អស្ចារ្យ​អញ្ចឹង !

នៅ​ក្នុង​ស្មារតី​នៃ​ការ​ប្រកាស​ដ៏​អស្ចារ្យ​របស់​ប្រធាន​ណិលសុន និង​ទីបន្ទាល់​កាលពី​យប់​មិញ និង​ព្រឹក​នេះ ខ្ញុំ​ថ្លែង​ជា​សាក្សី​ផ្ទាល់ខ្លួន​ថា ការ​កែប្រែ​ទាំងនេះ​គឺ​ជា​គំរូ​នៃ​វិវរណៈ​ដែល​បាន​ដឹកនាំ​សាសនាចក្រ​នេះ​ចាប់តាំង​ពី​ដើម​ដំបូង​មក ។ ប៉ុន្ដែ​វា​ក៏​ជា​ភស្ដុតាង​ថា ព្រះអម្ចាស់ កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​តាម​ជំនាន់​នៃ​សាសនាចក្រ ។

ចំពោះអស់​អ្នក​ដែល​ចង់​ដឹង​លម្អិត​អំពី​រឿង​ទាំងនេះ សូម​ដឹង​ថា នៅ​ចុងបញ្ចប់​នៃ​សម័យ​ប្រជុំ​សន្និសីទ​នេះ​ភ្លាម ដំណើរ​តៗ​ទៀត នឹង​ត្រូវ​បញ្ជូន​សំបុត្រ​មួយ​មក​ពី​គណៈប្រធាន​ទីមួយ​ទៅ​ដល់​សមាជិក​ទាំងអស់​ក្នុង​សាសនាចក្រ​ចំពោះ​អ្នក​ដែល​យើង​មាន​អាសយដ្ឋាន​អ៊ីម៉ែល ។ សំណួរ និង ចម្លើយ​ចំនួន​ប្រាំពីរ​ទំព័រ​នឹង​ត្រូវ​ភ្ជាប់​មក​ជាមួយ​សម្រាប់​ថ្នាក់ដឹកនាំ​បព្វជិតភាព និង​ថ្នាក់ដឹកនាំ​អង្គការជំនួយ​ទាំងអស់ ។ ទីបំផុត ឯកសារ​ទាំងឡាយ​នឹង​ត្រូវ​ដាក់​នៅលើ​គេហទំព័រ​ភ្លាម​នៅ ministering.LDS.org ។ « ចូរ​សុំ​នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ » ។

ឥឡូវ​នេះ​គឺ​ជា​ការចាត់តាំង​ដ៏​អស្ចារ្យ​ដែល​ប្រធាន​ណិលសុន​បាន​ផ្តល់​ដល់​ខ្ញុំ និង​ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ។ បងប្អូន​ប្រុស​ស្រី កាលណា​កិច្ចការ​នៃ​សាសនាចក្រ​មាន​ភាព​ចាស់ទុំ​ខាង​រចនាសម្ព័ន្ធ នោះ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​គួរ​តែ​មាន​ភាព​ចាស់ទុំ​ផ្ទាល់ខ្លួន​ផងដែរ​—ដែល​ម្នាក់ៗ​ងើប​ឡើង​ចេញ​ពី​ទម្លាប់​ធ្វើការ​ដដែលៗ​ដោយ​គ្មាន​ការ​គិតគូរ​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ចេញ​ពី​ព្រះទ័យ​ទ្រង់​អំពី​ភាព​ជា​សិស្ស​នៅ​ចុង​បញ្ចប់​នៃ​ការ​បម្រើ​នៅលើ​ផែនដី​របស់​ទ្រង់ ។ នៅពេល​ទ្រង់​ហៀប​នឹង​ចេញ​ពី​ក្រុម​អ្នកដើរ​តាម​ទ្រង់​ដែល​ស្លូតត្រង់ ហើយ​នៅ​មានភាព​ច្របូកច្របល់​ខ្លះៗ​នោះ ទ្រង់​ពុំបាន​ធ្វើ​បញ្ជី​នៃ​ជំហាន​ការ​គ្រប់គ្រង​រាប់​រយ​មុខ ដែល​ពួកគេ​ត្រូវ​ធ្វើ ឬ​ហុច​ឲ្យ​ពួកគេ​នូវ​របាយការណ៍​ដ៏​ច្រើន​ដើម្បី​បំពេញ​នៅក្នុង​របាយការណ៍​ទាំងឡាយ​ទេ ។ ទេ ទ្រង់​បាន​សង្ខេប​កិច្ចការ​របស់​ពួកគេ​នៅក្នុង​បទបញ្ញត្តិ​គ្រឹះ​មួយ ដែល​ទ្រង់​មាន​បន្ទូល​ថា ៖ « ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ។… « គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង​គឺ ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ។

ជាការ​ខិតខំ​រំកិល​ពួក​យើង​ឲ្យ​ខិតទៅ​កាន់តែ​ជិត​នឹង​ដំណឹង​ល្អ​ដ៏​ឥតខ្ចោះ ការ​បម្រើ​នៃ​បព្វជិតភាព និង​សមាគមសង្គ្រោះ​ដែល​បាន​ប្រកាស​ថ្មីៗ​នេះ នឹង​ដាក់​បញ្ចូល​នូវ​ធាតុ​ដូច​ខាង​ក្រោម ដែល​ជា​ធាតុ​មួយ​ចំនួន​សមាគម​សង្គ្រោះ​បាន​ទទួល​ជោគជ័យ​ដ៏​ល្អ​រួច​ទៅ​ហើយ​ក្នុង​ចំណោម​ធាតុ​ដទៃៗ​ទៀត ។

  • យើង​នឹង​ឈប់​ប្រើ​ពាក្យ​ថា ការ​បង្រៀន​តាម​ផ្ទះ និង​ការសួរសុខ​ទុក្ខ​តាម​ផ្ទះ​ទៀត​ហើយ ។ ដែល​ភាគ​ខ្លះ ពីព្រោះ​កិច្ចខិតខំ​បម្រើ​ភាគ​ច្រើន​របស់​យើង​នឹង​ទៅ​តាម​ស្ថានភាព​ជា​ជាង​តាម​ផ្ទះ ហើយ​ភាគ​ខ្លះ​ទៀត ដោយសារ​ទំនាក់ទំនង​របស់​យើង​មិន​កំណត់​ដោយ​ការបង្រៀន​មេរៀន​ដែល​បាន​រៀបចំ​នោះ​ទេ តែ​មេរៀន​ជាក់លាក់​អាច​ត្រូវ​បាន​ចែកចាយ បើ​វា​ចាំបាច់ ។ គោលបំណង​ចម្បង​នៅក្នុង​ការទំនាក់ទំនង​ការ​បម្រើ ដូច​ជា​ប្រជាជន​ជំនាន់​អាលម៉ា​បាន​និយាយ​ថា « ថែទាំដល់​ប្រជាជន… ហើយ​ផ្ដល់​ដល់​គេ​នូវ​អ្វីៗ​ដែល​ទាក់ទង​ទៅនឹង​សេចក្ដីសុចរិត » ។

  • យើង​នឹង​បន្ដ​ទៅ​សួរសុខទុក្ខ​តាម​ផ្ទះ​ពេល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ស្ថានភាព​ក្នុង​មូលដ្ឋាន​ដូចជា មាន​ចំនួន​ច្រើន ចម្ងាយ​ផ្លូវ​ឆ្ងាយ សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ស្ថានភាព​លំបាក​ដទៃ​ទៀត​អាច​នឹង​រារាំង​យើង​មិន​ឲ្យ​ទៅ​គ្រប់​ផ្ទះ​គ្រប់​ខែ​បាន ។ ដូច​គណៈប្រធានទីមួយ​បាន​ប្រឹក្សា​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ថា ចូរ​ខំ​ឲ្យ​អស់ពី​លទ្ធភាព​របស់​បងប្អូន​ដែល​បងប្អូន​មាន ។ បន្ថែម​ពីលើ​កាលវិភាគ​ដែល​បងប្អូន​បាន​បង្កើត​សម្រាប់​ការសួរសុខទុក្ខ​ធម្មតា កាលវិភាគ​នោះ​អាច​ត្រូវ​បាន​បន្ថែម​ដោយ​ការ​ទូរសព្ទ ការ​សរសេរ​សំបុត្រ​ខ្លីៗ ការ​ផ្ញើសា អ៊ីម៉ែល និយាយ​តាម​វីដេអូ ការសន្ទនា​នៅពេល​ជួប​នៅ​ព្រះវិហារ ចែកចាយ​គម្រោង​បម្រើ សកម្មភាព​សង្គម និង​លទ្ធភាព​ជាច្រើន​មក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ទូទាំង​ពិភពលោក ។ ទោះជា​យ៉ាង​ណា ខ្ញុំ​គួរ​តែ​សង្កត់ធ្ងន់​ថា ទស្សន​នៃ​ការ​ចូលរួម​ថ្មី​នេះ ពុំ​បញ្ចូល​ទាំង​អាកប្បកិរិយា​ដ៏​គួរ​ឲ្យ​ខ្មាសអៀន​ដែល​ខ្ញុំ​បាន​ឃើញ​ថ្មីៗ​នេះ​ដោយ​ការបិទ​ស្លាក​នៅ​ក្រោយ​រថយន្ដ​មួយ​នោះ​ទេ ។ វា​អាន​ថា « បើ​ខ្ញុំ​ស៊ីផ្លេរ​ដាក់​អ្នក នោះ​អ្នក​ត្រូវ​បាន​ទទួល​ការ​បង្រៀន​តាម​ផ្ទះ​ហើយ» ។ សូម សូម​បងប្អូន​ប្រុស ( បងប្អូន​ស្រី​កុំ​មាន​អារម្មណ៍​ថា ខុស​ចំពោះ​រឿង​នោះ​ឡើយ—ខ្ញុំ​និយាយ​នេះ​គឺ​ចំពោះ​បងប្អូន​ប្រុស​ក្នុង​សាសនាចក្រ ) ជាមួយ​នឹង​ការកែតម្រូវ​នេះ យើង​ចង់​មាន​ការមើលថែ និង​ការខ្វល់ខ្វាយ​កាន់តែ​ច្រើន​ឡើង មិនមែន​កាន់តែ​តិច​ទៅនោះ​ទេ ។

  • ជាមួយ​នឹង​គោលគំនិត​នៃ​ការ​បម្រើ​ថ្មី និង​កាន់តែ​ផ្ដោត​ទៅលើ​ដំណឹងល្អ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា បងប្អូន​ចាប់​ផ្ដើម​ភ័យ​អំពី​អ្វី​ដែល​ត្រូវ​រាប់​នៅលើ​របាយការណ៍ ។ មែនហើយ សូម​បន្ធូរ​អារម្មណ៍ ពីព្រោះ​វា​គ្មាន​របាយការណ៍​ទេ—យ៉ាង​ហោច​ណាស់​ពុំ​មែន​នៅថ្ងៃ​ទី ៣១ ខែ​នេះ​ទេ « ខ្ញុំ​ទើប​តែ​បាន​បញ្ចប់​របាយការណ៍​របស់​ខ្ញុំ » ។ នៅ​ត្រង់​ចំណុច​នេះ ពួក​យើង​កំពុង​ព្យាយាម​មាន​ភាព​ចាស់​ទុំ​ហើយ ។ មាន​របាយការណ៍​តែ​មួយ​គត់ ដែល​នឹង​ធ្វើ​ឡើង គឺ​ចំនួន​ការ​សម្ភាសន៍​ដែល​អ្នកដឹកនាំ​មាន​ជាមួយ​នឹង​ដៃគូ​បម្រើ​នៅក្នុង​វួដ​នៅ​ត្រីមាស​នោះ ។ មិត្ត​របស់​ខ្ញុំ​អើយ ការ​សម្ភាសន៍​ទាំងនេះ​គឺ​សំខាន់​ណាស់ ។ បើ​គ្មាន​ព័ត៌មាន​នោះ​ទេ ប៊ីស្សព​នឹង​គ្មាន​ផ្លូវ​ណា​ទទួល​បាន​ព័ត៌មាន​ដែល​គាត់​ត្រូវ​ការ​ទាក់ទង​នឹង​ស្ថានភាព​ខាង​ជីវិត និង​ខាង​សាច់​ឈាម​របស់​សមាជិក​គាត់​ឡើយ ។ សូម​ចាំ​ថា ៖ បងប្អូន​ប្រុស​ដែល​ផ្ដល់​ការ​បម្រើ តំណាង​ឲ្យ​គណៈប៊ីស្សព និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ ប៉ុន្ដែ​ពុំ​ជំនួស​ពួកគាត់​ឡើយ ។ កូនសោ​ទាំងឡាយ​របស់​ប៊ីស្សព និង​ប្រធាន​កូរ៉ុម នឹង​លើស​ជាង​កម្មវិធី​ការងារ​បម្រើ​នេះ​ទៅ​ទៀត ។

  • ដោយសារ​របាយការណ៍​នេះ​ខុស​ពី​អ្វី​ដែល​បងប្អូន​បាន​ដាក់​បញ្ជូន​កាល​ពី​អតីតកាល ខ្ញុំ​សូម​សង្កត់​ធ្ងន់​ថា នៅ​ទីស្នាក់ការ​កណ្ដាល​របស់​សាសនាចក្រ យើង ពុំ​ចាំបាច់​ត្រូវ​ដឹង​ពី របៀបទីកន្លែងពេលវេលា ដែល​បងប្អូន​ទំនាក់ទំនង​នឹង​រាស្ត្រ​របស់​បងប្អូន យើង​គ្រាន់តែ​យក​ចិត្ត​ទុក​ដាក់​ថា បងប្អូន ធ្វើ ហើយ​ថា បងប្អូន​ផ្តល់​ពរ​ដល់​អ្នក​គ្រប់​មធ្យោបាយ​ដែល​អ្នក​អាច​ធ្វើ​បាន ។

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ យើង​ទទួល​បាន​ឱកាស​ដែល​បាន​បញ្ជូន​មក​ពី​ស្ថានសួគ៌​នៅ​ទូទាំង​សាសនាចក្រ…ដើម្បី​បង្ហាញ​ពី « សាសនា​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ »—« ដើម្បី​រែក​បន្ទុក​គ្នា​ទៅវិញ​ទៅមក ដើម្បី​ពួកគេ​អាច​បាន​ស្រាល និង​លួងលោម​ចិត្ត​ដល់​អស់​អ្នក​ដែល​ត្រូវការ​ការលួងលោម​ចិត្ត » បម្រើ​ដល់​ស្ត្រី​មេម៉ាយ និង​កុមារ​កំព្រា​អ្នក​ដែល​រៀបការ និង​អ្នក​នៅលីវ ទាំង​អ្នក​រឹងមាំ និង​អ្នក​មាន​បញ្ហា ទាំង​អ្នក​រងទុក្ខ និង​អ្នក​មាន​សុខភាព​ល្អ ទាំង​អ្នក​សប្បាយ និង​អ្នក​កើតទុក្ខ—ជា​រួម​គឺ​ពួកយើង​ទាំង​អស់​គ្នា ពួក​យើង​ម្នាក់ៗ ដោយសារ​យើង​ទាំងអស់​គ្នា​ត្រូវការ​អារម្មណ៍​មិត្តភាព​កក់ក្ដៅ ហើយ​ស្ដាប់​ឮ​ការ​ប្រកាស​ពី​សេចក្ដីជំនឿ​ដោយ​មុតមាំ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ឈ្មោះ​ថ្មី ភាព​បត់បែន​ថ្មី និង​របាយការណ៍​បន្ដិចបន្ដួច នឹង​ពុំ​មាន​ភាព​ខុសគ្នា​ខ្លាំង​ទេ​នៅក្នុង​ការបម្រើ​របស់​យើង លុះត្រា​តែ​យើង​មើល​ឃើញ​រឿង​នេះ​ជា​ការ​អញ្ជើញ​ឲ្យ​មើល​ថែ​ទាំ​គ្នា​ទៅវិញ​ទៅមក​តាម​របៀប​ថ្មី​កាន់តែ​បរិសុទ្ធ ហើយ​ចំៗ ។ នៅពេល​យើង​បើក​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង​មើលទៅ​រក​ការ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​សេចក្ដីស្រឡាញ់​ដែល​កាន់តែ​សាកល នោះ​យើង​នឹង​គោរព​ចំពោះ​ជំនាន់​ជាច្រើន​ដែល​បាន​បម្រើ​តាម​របៀប​នោះ​អស់​ជា​ច្រើន​ឆ្នាំ​មក ។ ខ្ញុំ​សូម​កត់ចំណាំ​គំរូ​ថ្មីៗ​មួយ​អំពី​ការ​លះបង់​ដូច្នោះ ដោយ​សង្ឃឹម​ថា មនុស្ស​ជា​ច្រើន​នឹង​ចាប់​យក​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ឲ្យ « នៅ​ជាមួយ និង​ចម្រើន​កម្លាំង​ពួកគេ »​១០ បង​ប្អូន​ប្រុស​ស្រី​​របស់​យើង ។

ថ្ងៃ​អាទិត្យ​មួយ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មករា វេលា​ម៉ោង​ជាង ៥:០០ ល្ងាច​បន្តិច មិត្ត​វ័យក្មេង​របស់​ខ្ញុំ ប្រេត និង គ្រីស្ទីន ហាំប្លីន កំពុង​និយាយ​គ្នា​នៅ​ផ្ទះ​របស់​ពួកគេ​នៅ ថេមផេ អារីស្សូណា បន្ទាប់ពី​ថ្ងៃ​ដែល ប្រេត បាន​បម្រើ​នៅក្នុង​គណៈប៊ីស្សព ហើយ គ្រីស្ទីន រវល់​មើល​ថែ​ដល់​កូន​ប្រាំ​នាក់​របស់​ពួកគេ ។

រំពេច​នោះ គ្រីស្ទីន ដែល​ហាក់​ដូចជា​បាន​រស់​នៅ​ដោយ​ជោគជ័យ​ពី​ជំងឺ​មហា​រីក​សុដន​កាល​ពី​ឆ្នាំ​មុន បាន​ដួល​សន្លប់​បាត់​ស្មារតី ។ ពេល​បាន​ទូរសព្ទ​ទៅ​លេខ ៩១១ នោះ​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​បាន​មក ព្យាយាម​ជួយ​សង្គ្រោះ​គាត់​យ៉ាង​ខ្លាំង ។ នៅពេល​ប្រេត បាន​អធិស្ឋាន​ទូល​អង្វរ នោះ​គាត់​បាន​ទូរសព្ទ​យ៉ាង​លឿន​ទៅ​មនុស្ស​ពីរ​នាក់ ៖ ទីមួយ​គឺ​ម្ដាយ​របស់​គាត់​ដើម្បី​ជួយ​មើល​ថែ​កូនៗ ហើយ​មួយទៀត​ទៅ អែតវីន ផតធើរ ដែល​ជា​គ្រូ​បង្រៀន​តាម​ផ្ទះ​របស់​គាត់ ។ ក្រោយ​មក​ការ​សន្ទនា​របស់​ពួកគេ​មាន​ដូច​ខាង​ក្រោម ៖

អែតវីន ដោយ​បាន​កត់​សម្គាល់​អត្តសញ្ញាណ​អ្នក​ទូរសព្ទ​បាន​ និយាយ​ថា « សួស្ដី ប្រេត សុខ​សប្បាយ​ទេ ? »

ចម្លើយ​យ៉ាង​ខ្លាំង​របស់ ប្រេត គឺ​ថា ៖ « ខ្ញុំ​ត្រូវការ​ជំនួយ​អ្នក​ឥឡូវ​នេះ ! »

ប្រេត រាប់​ថា នៅ​ប៉ុន្មាន​នាទី​ក្រោយ នោះ​បងប្អូន​បព្វជិតភាព​របស់​គាត់​បាន​មក​នៅ​ជិត​គាត់ ជួយ​មើល​កូនៗ ហើយ​ជួយ​បើក​ឡាន​ជូន​បងប្រុស ហាំប្លីន ទៅ​មន្ទីរពេទ្យ​នៅ​ពី​ក្រោយ​ឡាន​ពេទ្យ​ដែល​ដឹក​ប្រពន្ធ​របស់​គាត់ ។ រយៈពេល​តិច​ជាង ៤០ នាទី បន្ទាប់ពី​គាត់​បាន​បិទ​ភ្នែក​លើក​ដំបូង​របស់​គាត់ ពេទ្យ​បាន​ប្រាប់​ថា គ្រីស្ទីន បាន​ស្លាប់​ហើយ ។

នៅពេល ប្រេត យំ អែតវីន បាន​ឱប​គាត់​នៅក្នុង​ដៃ ហើយ​យំ​ជាមួយ​គាត់—អស់​រយៈពេល​យ៉ាង​យូរ ។ បន្ទាប់មក អែតវីន​បាន​ទុក ប្រេត ឲ្យ​នៅ​ជាមួយ​នឹង​សមាជិក​គ្រួសារ​ដទៃ​ទៀត រួច​គាត់​បាន​បើកឡាន​ទៅ​ផ្ទះ​របស់​ប៊ីស្សព​ប្រាប់​គាត់​អំពី​អ្វី​ដែល​ទើប​បាន​កើត​ឡើង ។ ប៊ីស្សព​បាន​ចាប់​ផ្ដើម​ទៅ​មន្ទីរពេទ្យ​ភ្លាម ខណៈ​ដែល អែតវីន បើក​ឡាន​ទៅ​ផ្ទះ​របស់​គ្រួសារ​ហាំប្លីន ។ នៅទីនោះ គាត់ និង​ប្រពន្ធ​គាត់ឆាលឡុត ដែល​បាន​មក​ជាមួយ​បាន​នៅ​រត់​លេង​ជាមួយ​នឹង​កូន​ទាំង​ប្រាំ​នាក់​ដែល​ឥឡូវ​កំព្រា​ម្ដាយ ដែល​មាន​អាយុ​ចាប់​ពី ១២ ឆ្នាំ ចុះ​ទៅ​ដល់ ៣ ឆ្នាំ ។ ពួកគេ​បាន​ផ្តល់​អាហារ​ពេល​ល្ងាច​សម្រាប់​ពួកគេ បាន​ហាត់​ចម្រៀង​ដែល​ពុំ​បាន​រៀបចំ​ទុក ហើយ​បាន​ជួយ​ពួកគេ​រៀបចំ​ចូល​ដេក ។

ក្រោយមក ប្រេត បាន​ប្រាប់​ខ្ញុំ​ថា « ផ្នែក​ដ៏​អស្ចារ្យ​នៃ​រឿងនេះ​គឺ​ពុំ​មែន អែតវីន បាន​មក​ដល់​ពេល​គាត់​ទូរសព្ទ​ហៅ​នោះ​ទេ ។ នៅពេល​មាន​អាសន្ន នោះ​តែងតែ​មាន​មនុស្ស​មាន​ឆន្ទៈ​ចង់​ជួយ​នោះ​ទេ ។ ទេ ផ្នែក​ដ៏​អស្ចារ្យ​នៃ​រឿង​នេះ​គឺ​ថា គាត់​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​បាន​គិត​ដល់ ។ មាន​មនុស្ស​ដទៃ​ទៀត​នៅ​ជុំវិញ ។ គ្រីស្ទីន មាន​បងប្អូន​ប្រុសស្រី​ដែល​​រស់នៅ​ចម្ងាយ​ជាង ៣ ម៉ែល​ពី​គ្នា ។ យើង​មាន​ប៊ីស្សព​ដ៏​ល្អ ។ ប៉ុន្តែ​ទំនាក់ទំនង​រវាង អែតវីន និង​ខ្ញុំ​គឺ​ថា​ជា​អារម្មណ៍​ស្វ័យប្រវត្តិ​មួយ​ឲ្យ​ទូរសព្ទ​ទៅ​គាត់​នៅពេល​ខ្ញុំ​ត្រូវការ​ជំនួយ ។ សាសនាចក្រ​ផ្ដល់​ដល់​យើង​នូវ​របៀប​ដ៏​ល្អ​មួយ​ដើម្បី​រស់នៅ​តាម​បទបញ្ញត្តិ​ទីពីរ​បាន​កាន់តែ​ល្អ​ប្រសើរ—​ដើម្បី​ស្រឡាញ់ បម្រើ និង​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​នឹង​បងប្អូន​ប្រុសស្រី​របស់​យើង ដែល​ជួយ​យើង​ឲ្យ​កាន់តែ​ខិតជិត​ព្រះ » ។​១១

អែតវីន បាន​និយាយ​អំពី​បទពិសោធន៍​ថា « ផ្ទុយ​ទៅ​វិញ នៅ​ក្នុងរឿង​នេះ​គឺ​ថា ប្រេត ធ្លាប់​ធ្វើ​ជា​គ្រូបង្រៀន​តាម​ផ្ទះ​របស់​គ្រួសារ​យើង​យូរ​ជាង​ខ្ញុំ​ធ្វើ​ជា​គ្រូបង្រៀន​តាម​ផ្ទះ​របស់​គាត់ ។ ក្នុង​រយៈពេល​នោះ គាត់​បាន​មក​សួរសុខទុក្ខ​យើង​ក្នុង​នាម​ជា​មិត្ត​ច្រើនជាង​ការ​ចាត់តាំង ។ គាត់​បាន​ធ្វើ​ជា​គំរូ​ដ៏​អស្ចារ្យ ជា​គំរូ​ដ៏​ល្អ​នៃ​អ្វី​ដែល​អ្នក​កាន់​បព្វជិតភាព​សកម្ម និង​ចូលរួម​ចំណែក​គួរ​ធ្វើ ។ ភរិយា​របស់​ខ្ញុំ កូនប្រុស​របស់​ពួកយើង—ពុំ​មើល​ទៅ​គាត់​ថា ជា​មនុស្ស​ម្នាក់​ដែល​មាន​កាតព្វកិច្ច​នាំ​យក​សារលិខិត​មួយ​មក​កាន់យើង​នៅ​ចុង​ខែ​នីមួយៗ​នោះ​ទេ ពួកយើង​គិត​ថា គាត់​ជា​មិត្ត​ម្នាក់​ដែល​បាន​រស់នៅ​ជិត​ខាង ដែល​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​នៅក្នុង​ពិភពលោក​នេះ​ដើម្បី​ផ្តល់​ពរ​ដល់​ពួកយើង ។ ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​អាច​បង់ថ្លៃ​តែ​បន្ដិចបន្ដួច​ចំពោះ​គុណ​ដែល​ខ្ញុំ​បាន​ជំពាក់​គាត់ » ។១២

បង​ប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ចូលរួម​នឹង​បងប្អូន​គោរព​ដល់​គ្រូបង្រៀន​ទាំងអស់ និង​គ្រូបង្រៀន​ក្នុង​វួដ និង​គ្រូបង្រៀន​តាម​ផ្ទះ និង​គ្រូបង្រៀន​សួរសុខទុក្ខ​ដែល​បាន​ស្រឡាញ់ ហើយ​បម្រើ​ដោយ​ស្មោះត្រង់​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង ។ ការអធិស្ឋាន​របស់​យើង​នា​ថ្ងៃ​នេះ​គឺ​សូម​ឲ្យ​បុរស​ស្ត្រី​គ្រប់រូប—នឹង​យុវជនយុវនារី​វ័យ​ចំណាស់​របស់​យើង—នឹង​ចាកចេញ​ពី​សន្និសីទ​ទូទៅ​នេះ​ដោយ​មាន​ការ​តាំងចិត្ត​កាន់តែ​ខ្លាំង​ចំពោះ​ការ​ថែទាំ​ដោយ​អស់​ពី​ចិត្ត​ចំពោះ​គ្នាទៅវិញ​ទៅមក ដែល​ជំរុញ​ទឹកចិត្ត​តែ​តាមរយៈ​សេចក្ដីស្រឡាញ់​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ​ដើម្បី​ធ្វើ​ដូច្នោះ​ប៉ុណ្ណោះ ។ មិន​ថា​យើង​មាន​អារម្មណ៍​ខ្វះ​សមត្ថភាព ឬ​មាន​កម្រិត​បែប​ណា​ទេ—ហើយ​យើង​ទាំងអស់​គ្នា​មាន​ឧបសគ្គ​អ្វី​ក៏​ដោយ—សូម​ឲ្យ​យើង​ធ្វើ​ការ​ជាមួយ​ព្រះអម្ចាស់​នៃ​ចម្ការ​ទំពាំង​បាយ​ជូរ១៣ ដើម្បី​ជួយ​ដល់​ព្រះវរបិតា​របស់​យើង​ឆ្លើយតប​នឹង​ការ​អធិស្ឋាន ផ្ដល់​ការ​លួងលោម​ចិត្ត ជូត​ទឹក​ភ្នែក និង​ពង្រឹង​ជង្គង់​ដែល​ញ័រ ។១៤ បើ​យើង​នឹង​ធ្វើ​ដូចនោះ យើង​នឹង​កាន់តែ​ក្លាយជា​សិស្ស​ពិត​របស់​ព្រះគ្រីស្ទ ដែល​យើង​គួរ​ប្រែក្លាយ ។ សូម​ឲ្យ​យើង​ស្រឡាញ់​គ្នាទៅវិញ​ទៅមក ដូច​ទ្រង់​បាន​ស្រឡាញ់​យើង១៥ ខ្ញុំ​អធិស្ឋាន​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន