ឆ្នាំ ២០១០-២០១៩
មើល​ចុះ ! ទ័ព​ហ្លួង
ខែ មេសា ឆ្នាំ ២០១៨


មើល​ចុះ ! ទ័ព​ហ្លួង

វា​នឹង​ជា​អំណរ​អ្វី​ម្ល៉េះ​ចំពោះ​ពួក​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​គ្រប់​រូប​ដើម្បី​មាន​ពរជ័យ​នៃ​ការ​បង្រៀន ការ​រៀនសូត្រ និង​ការ​បម្រើ​ប្រកៀក​ស្មា​គ្នា ។

បងប្អូន​ប្រុស​នៅ​ក្នុង​បព្វជិតភាព​ជា​ទី​ស្រឡាញ់ វា​គឺ​ជា​ការ​រាបសា​ខ្លាំងណាស់​ដែល​ខ្ញុំ​បាន​ឈរ​នៅ​ចំពោះ​មុខ​បងប្អូន​នៅ​ក្នុង​ឱកាស​ជា​ប្រវត្តិ​សាស្ត្រ​នេះ នៅ​ក្រោម​ការ​ចាត់តាំង​មក​ពី​ព្យាការី និង​ប្រធាន​ជាទីស្រឡាញ់​របស់​យើង​ប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំ​ស្រឡាញ់ ហើយ​គាំទ្រ​ចំពោះ​បុរស​ដ៏​អស្ចារ្យ​ទាំង​នេះ​របស់​ព្រះ និង​គណៈប្រធាន​ទីមួយ​ថ្មី​របស់​យើង​ខ្លាំង​ណាស់ ។ ខ្ញុំ​សូម​បន្ថែម​សាក្សី​របស់​ខ្ញុំ​ចំពោះ​សាក្សី​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន និង​បងប្អូន​ប្រុស​របស់​ខ្ញុំ​ផ្សេង​ទៀត​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ថា ការ​ផ្លាស់ប្ដូរ​ដែលបាន​ប្រកាស​នា​ល្ងាច​នេះ​គឺ​ជា​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។

ដូច​ដែល​ប្រធាន​ណិលសុន​បាន​ថ្លែង នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​ត្រូវ​បាន​ពិភាក្សា ហើយ​បាន​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​ដោយ​បងប្អូន​ប្រុស​រៀម​ច្បង​នៃ​សាសនាចក្រ​ជា​យូរ​មក​ហើយ ។ បំណង​ប្រាថ្នា​នេះ​គឺ​ដើម្បី​ស្វែង​រក​ព្រះទ័យ​របស់​ព្រះអម្ចាស់ ហើយ​ពង្រឹង​ដល់​កូរ៉ុម​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ ការ​បំផុស​គំនិត​ត្រូវ​បាន​ទទួល ហើយ​នា​ល្ងាច​នេះ ព្យាការី​របស់​យើង​បាន​ប្រកាស​អំពី​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។ « ពិត​ប្រាកដ​ជា​ព្រះយេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​ទ្រង់​សម្ដែង​ឲ្យ​ពួក​ហោរា ជា​អ្នក​បម្រើ​ទ្រង់​ឃើញ​គំនិត​លាក់​កំបាំង​របស់​ទ្រង់​ផង ! » យើង​មាន​ពរជ័យ​អ្វី​ម៉្លេះ​ដោយ​មាន​ព្យាការី​នៅ​រស់​ម្នាក់​នា​សព្វ​ថ្ងៃ​នេះ !

ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ស៊ិស្ទើរ រ៉ាសបាន និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​តាមរយៈ​ការ​ចាត់​របស់​សាសនាចក្រ និង​អាជីព​ការងារ​ខុសៗ​គ្នា ។ ខ្ញុំ​ធ្លាប់​ឃើញ​ស្ទើរ​តែ​អង្គភាព​គ្រប់​ប្រភេទ​នៅ​ក្នុង​សាសនាចក្រ ៖ ដូចជា​សាខា​តូច​មួយ​នៅ​ប្រទេស​រុស្សី​ដែល​មាន​ចំនួន​នៃ​បព្វជិតភាព​មិលគីស្សាដែក​អាច​អង្គុយ​ពេញ​កៅ​វែង​មួយ វួដ​ថ្មី​មួយ ហើយ​កំពុង​រីកចម្រើ​នៅ​ទ្វីប​អាហ្វ្រិក​ដែល​សង្ឃ​ជាន់​ខ្ពស់ និង​ពួក​អែលឌើរ​បាន​ជួប​ជុំ​គ្នា​ជា​ក្រុម​តែ​មួយ ដោយសារ​ចំនួន​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ទាំងអស់​មាន​តិច​ពេក និង​វួដ​ដ៏​រីកចម្រើន​ជាច្រើន​ដែល​ចំនួន​ពួក​អែលឌើរ​ដ៏​ច្រើន ហើយ​តម្រូវ​ឲ្យ​បំបែក​កូរ៉ុម​របស់​ពួកគេ​ជា​ពីរ !

នៅ​គ្រប់​ទីកន្លែង​ដែល​យើង​ទៅ យើង​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​ទៅ​ពី​មុខ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ដោយ​រៀបចំ​មនុស្ស និង​ផ្លូវ​ទុក​ជា​មុន ដើម្បី​បុត្រា​បុត្រា​ទាំងអស់​របស់​ទ្រង់​អាច​មាន​ពរ​ស្រប​តាម​សេចក្ដី​ត្រូវការ​របស់​ពួកគេ ។ តើ​ទ្រង់​មិន​បាន​សន្យា​ទេ​ឬ​អី​ថា ទ្រង់ « នឹង​ទៅ​ពីមុខ​[ យើង ] » ហើយ « នៅ​ខាង​ស្ដាំ​ដៃ [ យើង ] ហើយ​ខាង​ឆ្វេង​ដៃ [ យើង ] » ហើយ​ថា ព្រះ​វិញ្ញាណ​របស់​ទ្រង់​« នឹង​សណ្ឋិត​នៅ​ក្នុង​ដួង​ចិត្ត​របស់ [ យើង ] ហើយ​ពួក​ទេវតា​របស់ [ ទ្រង់ ] ​នៅ​ព័ទ្ធជុំវិញ​[ យើង ] » ?

ដោយ​គិត​អំពី​បងប្អូន​ទាំងអស់​គ្នា ខ្ញុំ​នឹក​ចាំ​អំពី​ទំនុក​តម្កើង​បទ « មើល​ចុះ ! ទ័ព​ហ្លួង » ។

មើល​ចុះ ! ទ័ព​ហ្លួង

បំពាក់​ជាប់​ខ្លួន​ដោយ​ទង់ ដាវ និង​ខែល

ទៅ​មុខ​ប្រយុទ្ធ​ក្នុង​លាន

ចម្បាំង​ដែល​ពេញ​ដោយ​ទាហាន ។

ដោយ​ឈរ​ជា​ជួរ​យ៉ាង​មាំ​មួន

ខ្ជាប់​ខ្ជួន​ក្នុង​សាមគ្គីភាព

ស្ដាប់​តាម​មេទ័ព​ខ្លួន

រួច​ច្រៀន​នូវ​ចម្រៀង​ដ៏​រីករាយ ។

អែលឌើរ គ្រីស្តូហ្វឺសិន បាន​ឆ្លើយ​សំណួរ​មួយ​ចំនួន​ដែល​បាន​ចោទ​សួរ​ទាក់​ទង​នឹង​ការ​ប្រកាស​ថា ក្រុម​សង្ឃ​ជាន់​ខ្ពស់ និង​កូរ៉ុម​អែលឌើរ នៅ​កម្រិត​វួដ នឹង​ត្រូវ​ដាក់​បញ្ចូល​គ្នា​ជា​ទ័ព​ដ៏​អស្ចារ្យ​តែ​មួយ ដែល​មាន​សាមគ្គីភាព​នៃ​បងប្អូន​ប្រុស​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

ការ​កែតម្រូវ​នេះ​នឹង​ជួយ​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​ធ្វើ​ការ​ជាមួយ​គ្នា​យ៉ាង​សុខដុម ។ វា​ក៏​នឹង​ធ្វើ​ឲ្យ​ការ​សម្រប​សម្រួល​របស់​កូរ៉ុម​មាន​ភាព​ងាយ​ស្រួល​ជាមួយ​នឹង​គណៈប៊ីស្សព និង​ក្រុម​ប្រឹក្សា​វួដ​ផង​ដែរ ។ ហើយ​វា​អនុញ្ញាត​ឲ្យ​ប៊ីស្សព​បែងចែក​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ដល់​ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ ដើម្បី​ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់​អាច​ផ្ដោត​លើ​កាតព្វកិច្ច​ចម្បង​របស់​ពួកគាត់—ជា​ការ​ធ្វើ​ជា​អធិបតី​ជា​ពិសេស​លើ​យុវនារី និង​យុវជន​ដែល​កាន់​បព្វជិតភាព​អើរ៉ុន ។

ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​អង្គការ និង​តួនាទី​របស់​សាសនាចក្រ​ពុំ​មែន​ជា​រឿង​ខុស​ប្លែក​នោះ​ទេ ។ នៅ​ឆ្នាំ​១៨៨៣ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​ប្រធាន យ៉ូហាន ថេលើរ ថា « [ ទាក់​ទង​នឹង ] ការ​គ្រប់​គ្រង និង​ការ​រៀបចំ​នៃ​សាសនាចក្រ និង​បព្វជិតភាព​របស់​យើង … យើង​នឹង​បើក​សម្ដែង​ដល់​អ្នក​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា តាមរយៈ​បណ្ដាញ​ដែល​ខ្ញុំ​បាន​តែង​តាំង នូវ​អ្វី​គ្រប់​យ៉ាង​ដែល​នឹង​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ និង​ការ​ការពារ​ដល់​សាសនាចក្រ​របស់​យើង​នា​ពេល​អនាគត សម្រាប់​ការ​កែតម្រូវ និង​ការ​រំកិល​ទៅ​មុខ​នៃ​នគរ​របស់​យើង » ។

ខ្ញុំ​មាន​ពាក្យ​សម្ដី​ពីរ​បី​ម៉ាត់​សម្រាប់​បងប្អូន​ប្រុស​ដែល​ជា​សង្ឃ​ជាន់​ខ្ពស់—សូម​ដឹង​ថា យើង​ស្រឡាញ់​បងប្អូន ! ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ទ្រង់​ស្រឡាញ់​បងប្អូន ។ បងប្អូន​គឺជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ទ័ព​ហ្លួង​នៃ​បព្វជិតភាព ហើយ​យើង​មិន​អាច​រំកិល​ការងារ​នេះ​ទៅ​មុខ​ដោយ​គ្មាន​សេចក្ដី​ល្អ ការ​បម្រើ បទពិសោធន៍ និង​សេចក្ដី​សុចរិត​របស់​បងប្អូន​បាន​ឡើយ ។ អាលម៉ា​បាន​បង្រៀន​ថា បុរស​ត្រូវ​បាន​ហៅ​ជា​សង្ឃ​ជាន់​ខ្ពស់ ដោយ​សារ​តែ​សេចក្ដី​ជំនឿ​ដ៏​លើស​លុប និង​កិច្ចការ​ល្អ​របស់​ពួកគេ​ដើម្បី​បង្រៀន ហើយ​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ។ បទពិសោធន៍​នោះ​គឺ​ត្រូវ​ការ​ចាំបាច់​នៅ​ពេល​នេះ​ជា​ជាង​ពេល​ណាៗ​ទាំងអស់ ។

នៅ​ក្នុង​វួដ​ជាច្រើន យើង​អាច​នឹង​មាន​សង្ឃ​ជាន់​ខ្ពស់​ដែល​ឥឡូវ​នេះ​កំពុង​មាន​ឱកាស​ត្រូវ​បាន​ដឹកនាំ​ដោយ​អែលឌើរ​ម្នាក់​ជា​ប្រធាន​កូរ៉ុម​របស់​ពួកគេ ។ យើង​មាន​ទម្លាប់​មួយ​ពី​មុន​ដោយ​មាន​ពួក​អែលឌើរ​ធ្វើ​ជា​អធិបតី​លើ​ពួក​សង្ឃ​ជាន់​ខ្ពស់​ដូចជា ៖ ពួក​អែលឌើរ​កំពុង​បម្រើ​នា​បច្ចុប្បន្ន​នេះ​ជា​ប្រធាន​សាខា​នៅ​ក្នុង​ភូមិភាគ​មួយ​ចំនួន​នៃ​ពិភពលោក ដែល​មាន​សង្ឃ​ជាន់​ខ្ពស់​នៅ​ក្នុង​សាខា​នោះ ហើយ​មាន​សាខា​ដែល​មាន​តែ​កូរ៉ុម​អែលឌើរ​មួយ​គត់​ត្រូវ​បាន​រៀបចំ​ឡើង ហើយ​មាន​វត្តមាន​របស់​សង្ឃ​ជាន់​ខ្ពស់ ។

វា​នឹង​ជា​អំណរ​អ្វី​ម៉្លេះ​ចំពោះ​ពួក​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​គ្រប់​រូប​ដើម្បី​មាន​ពរជ័យ​នៃ​ការ​បង្រៀន ការ​រៀនសូត្រ និង​ការ​បម្រើ​ប្រកៀក​ស្មា​គ្នា​ជាមួយ​នឹង​សមាជិក​ទាំងអស់​ក្នុង​វួដ​របស់​ពួកគេ ។ ទោះ​ជា​បងប្អូន​នៅ​ទី​ណា ហើយ​មាន​ស្ថានភាព​យ៉ាង​ណា​ក្ដី ក៏​យើង​សូម​អញ្ជើញ​បងប្អូន​ប្រកប​ដោយ​ការ​អធិស្ឋាន ភាព​ស្មោះត្រង់ និង​ពេញ​ដោយ​អំណរ​ដើម្បី​ទទួល​ឱកាស​ថ្មី​ដើម្បី​ដឹកនាំ ឬ​ទទួល​ការ​ដឹកនាំ ហើយ​បម្រើ​ដោយ​មាន​សាមគ្គីភាព​ជា​ក្រុម​តែ​មួយ​នៃ​បងប្អូន​ប្រុស​នៃ​បព្វជិតភាព ។

ឥឡូវ​នេះ​ខ្ញុំ​នឹង​លើក​ឡើង​អំពី​បញ្ហា​បន្ថែម​ទៀត ដែល​អាច​នឹង​ត្រូវការ​ការ​បញ្ជាក់​ឲ្យ​ច្បាស់ កាល​យើង​ឆ្ពោះ​ទៅ​មុខ​ដើម្បី​អនុវត្ត​ព្រះទ័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ការ​រៀបចំ​កូរ៉ុម​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

តើ​ការ​កែតម្រូវ​សម្រាប់​កូរ៉ុម​សង្ឃ​ជាន់​ខ្ពស់​ស្តេក​មាន​អ្វី​ខ្លះ ? កូរ៉ុម​សង្ឃ​ជាន់​ខ្ពស់​ស្តេក​នឹង​បន្ត​ដំណើរ​ការ​ដូច​ធម្មតា ។ គណៈប្រធាន​ស្តេក​នឹង​បន្ត​បម្រើ​ជា​គណៈប្រធាន​នៃ​កូរ៉ុម​សង្ឃ​ជាន់​ខ្ពស់​ស្តេក ។ ប៉ុន្តែ ដូច​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​លើក​ឡើង ឥឡូវ​នេះ​សមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់​ខ្ពស់​ស្តេក​នឹង​មាន​សង្ឃ​ជាន់​ខ្ពស់​ដែល​កំពុង​បម្រើ​ក្នុង​គណៈប្រធាន​ស្តេក នា​ពេល​បច្ចុប្បន្ន​នេះ ជា​សមាជិក​នៃ​គណៈប៊ីស្សព​វួដ​មួយ ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ស្តេក និង​លោក​អយ្យកោ​កំពុង​បម្រើ ។ ស្មៀន ព្រមទាំង​លេខា​ប្រតិបត្តិ​វួដ និង​ស្តេក​ពុំ​មែន​ជា​សមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់​ខ្ពស់​ស្តេក​ទេ ។ នៅ​ពេល​មនុស្ស​ម្នាក់​ដែល​កំពុង​បម្រើ​យ៉ាង​សកម្ម​ជា​សង្ឃ​ជាន់​ខ្ពស់​ម្នាក់ ជា​អយ្យកោ ពួក​ចិត​សិប​នាក់ ឬ​សាវក​ទៅ​ចូល​រួម​វួដ​មួយ ហើយ​មាន​បំណង​ប្រាថ្នា​ចង់​ចូល​រួម​ការ​ប្រជុំ​បព្វជិតភាព នោះ​គាត់​នឹង​ជួប​ប្រជុំ​នឹង​កូរ៉ុម​អែលឌើរ ។

កាល​បងប្អូន​ប្រុស​នៅ​ក្នុង​ហៅ​ទាំង​នេះ​ត្រូវ​បាន​ដោះលែង​នៅ​ពេល​ណា​មួយ នោះ​ពួកគាត់​នឹង​ត្រឡប់​ទៅ​អង្គភាព​របស់​គាត់​វិញ​ជា​សមាជិក​ក្នុង​កូរ៉ុម​អែលឌើរ ។

តើ តួនាទី ​របស់​កូរ៉ុម​សង្ឃ​ជាន់​ខ្ពស់​ស្តេក​មាន​អ្វីខ្លះ ? គណៈប្រធាន​ស្តេក​ជួប​នឹង​សមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់​ខ្ពស់​ស្តេក​ដើម្បី​ប្រឹក្សា​រួម​គ្នា ថ្លែង​ទីបន្ទាល់ ហើយ​ផ្ដល់​ការ​បំពាក់​បំប៉ន ។ ការ​ប្រជុំ​ស្តេក​ដូច​ដែល​បាន​គូស​បញ្ជាក់​នៅ​ក្នុង​ក្បួន​ខ្នាត​របស់​យើង​នឹង​បន្ត​មាន​ការ​កែតម្រូវ​ពីរ​ចំណុច ៖

ទីមួយ វួដ និង​ស្តេក​នឹង​ឈប់​ធ្វើ​ការ​ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​បព្វជិតភាព​ទៀត​ហើយ ។ បើ​មាន​បញ្ហា​ពិសេស​មួយ​កើត​ឡើង​ក្នុង​វួដ ដូចជា​បញ្ហា​គ្រួសារ​ដ៏​ធំ​មួយ ឬ​បញ្ហា​សុខុមាលភាព​ដ៏​លំបាក​មួយ វា​អាច​ត្រូវ​បាន​លើក​ឡើង​លើស​ពី​ការ​ប្រជុំ​គណៈប៊ីស្សព ។ បញ្ហា​មិន​សូវ​សំខាន់​ផ្សេង​ទៀត​អាច​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​វួដ ។ អ្វី​ដែល​ធ្លាប់​ស្គាល់​ថា​ជា​ការ​ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​បព្វជិតភាព​ស្តេក ឥឡូវ​នេះ​នឹង​ហៅ​ថា​« ការ​ប្រជុំ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ » ។

ទីពីរ ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​បុគ្គល​ទាំងអស់​ដែល​បាន​តែង​តាំង​ជា​សង្ឃ​ជាន់​ខ្ពស់​នឹង​ឈប់​ធ្វើ​ទៀត​ហើយ ។ ប៉ុន្តែ គណៈប្រធាន​ស្តេក​នឹង​បន្ត​ធ្វើ​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​មួយ​នៃ​កូរ៉ុម​សង្ឃ​ជាន់​ខ្ពស់​ស្តេក ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ។

តើ​វួដ​មួយ​អាច​មាន​កូរ៉ុម​អែលឌើរ​លើស​ពី​មួយ​ដែរ​ឬ​ទេ ? ចម្លើយ​គឺ​អាច​មាន ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា កណ្ឌ ១០៧ ខ​ទី ៨៩ នៅ​ពេល​វួដ​មួយ​មាន​ចំនួន​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ច្រើន​ខុស​ពី​ធម្មតា ថ្នាក់​ដឹកនាំ​អាច​នឹង​រៀបចំ​កូរ៉ុម​អែលឌើរ​ច្រើន ។ ក្នុង​ករណី​បែប​នេះ កូរ៉ុម​នីមួយៗ​គួរ​មាន​តុល្យភាព​សមហេតុ​ផល​មួយ​អំពី​អាយុ បទពិសោធន៍ តំណែង និង​ភាព​រឹង​មាំ​នៃ​បព្វជិតភាព ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ​នៃ​កូរ៉ុម​ដ៏​បំផុស​គំនិត​នេះ​នៅក្នុង​វួដ និង​ស្តេក​របស់​យើង នោះ​យើង​នឹង​មើល​ឃើញ​ពរជ័យ​ដ៏​ច្រើន ។ ខ្ញុំ​សូម​លើក​ឡើង​នូវ​ឧទាហរណ៍​មួយ​ចំនួន ។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព ធនធាន​បព្វជិតភាព​ជាច្រើន​អាច​នឹង​ជួយ​ដល់​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។ ការណ៍​នេះ​អាច​រួម​បញ្ចូល​ទាំង​ការ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​តាមរយៈ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ការ​ធ្វើ​ការ​ជាមួយ​ក្រុម​គ្រួសារ និង​បុគ្គល​ដែល​ខ្វះខាត និង​ការ​ជួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដើម្បី​នាំ​យក​ព្រលឹង​មក​រក​ព្រះយេស៊ូវគ្រីស្ទ ។

កាល​ថ្នាក់​ដឹកនាំ​ជា​អធិបតី​កាល​ពី​មុន​ត្រឡប់​មក​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​កូរ៉ុម​អែលឌើរ នោះ​វា​នឹង​ធ្វើ​ឲ្យ​មាន​សមាជិក​កូរ៉ុម​ដ៏​រឹង​មាំ​មួយ ។

វា​នឹង​មាន​អំណោយទាន និង​សមត្ថភាព​ខុសៗគ្នា​នៅ​ក្នុង​កូរ៉ុម​នោះ ។

វា​នឹង​មាន​ការ​បត់បែន និង​លទ្ធភាព​ច្រើន​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​បន្ទាន់​នាពេល​បច្ចុប្បន្ន​នៅក្នុង​វួដ និង​កូរ៉ុម ព្រមទាំង​ក្នុង​ការ​បំពេញ​ការចាត់​តាំង​ជាច្រើន​របស់​យើង​ផង​ដែរ ។

វា​នឹង​មាន​ការ​បង្កើន​ការ​ប្រឹក្សា និង​ភាព​ជា​ឯកច្ឆន្ទ កាល​អែលឌើរ​ថ្មី​ម្នាក់ និង​សង្ឃ​ជាន់​ខ្ពស់​ម្នាក់​ដែល​មាន​បទពិសោធន៍​បាន​ចែកចាយ​បទពិសោធន​ដល់​គ្នា​ទៅ​វិញ​ទៅមក​នៅ​ក្នុង​ការ​ប្រជុំ​កូរ៉ុម និង​ការ​ចាត់តាំង ។

ប៊ីស្សព និង​ប្រធាន​សាខា​នឹង​សង្ឃឹម​ថា បាន​រួច​ខ្លួន​ពី​កិច្ចការ​ទាំង​នេះ ដើម្បី​លើក​តម្កើង​ការ​ហៅ​របស់​ពួកគេ​ដើម្បី​មើល​ថែ​ហ្វូង​ចៀម​របស់​ពួកគេ ហើយ​បម្រើ​ដល់​អ្នក​ដែល​ខ្វះខាត ។

យើង​យល់​ថា វួដ និង​ស្តេក​នីមួយៗ​គឺ​ខុសៗ​គ្នា ។ ដោយ​យល់​ដឹង​អំពី​ភាពខុស​ប្លែក​ទាំង​នេះ យើង​សង្ឃឹម​ថា បងប្អូន​នឹង​ធ្វើ​តាម​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​ភ្លាមៗ បន្ទាប់​ពី​សន្និសីទ​ទូទៅ​នេះ ។ យើង​ត្រូវ​បាន​ទទួល​ការ​ណែនាំ​មក​ពី​ព្យាការី​នៃ​ព្រះ ! វា​គឺជា​ពរជ័យ និង​ការ​ទទួល​ត្រូវ​មួយ​ដ៏​ធំ​អ្វី​ម៉្លេះ ។ ចូរ​យើង​បំពេញ​កិច្ចការ​នេះ​ដោយ​មាន​គ្រប់​សេចក្ដីសុចរិត និង​ភាព​ឧស្សាហ៍​ព្យាយាម !

ខ្ញុំ​សូម​រំឭក​ដល់​បងប្អូន​ថា សិទ្ធិ​អំណាច​បព្វជិតភាព​កើត​មាន​តាមរយៈ​ការ​ញែក​ចេញ និង​ការ​តែង​តាំង ប៉ុន្តែ​អំណាច​បព្វជិតភាព​ពិត ជា​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាច​កើត​មាន​តែ​តាមរយៈ​ការ​រស់​នៅ​ដោយ​សុចរិត​ប៉ុណ្ណោះ ។

ព្រះអម្ចាស់​បាន​ប្រកាស​ទៅ​កាន់​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​នៃ​ការ​ស្ដារ​ឡើង​វិញ​ថា ៖

« មើល​ចុះ ហើយ​មើល​ន៏ យើង​នឹង​ថែរក្សា​ហ្វូង​របស់​អ្នក ហើយ​នឹង​បណ្ដាល​ឲ្យ​មាន​ពួក​អែលឌើរ​កើត​ឡើង ហើយ​ចាត់​ឲ្យ​ទៅ​រក​ពួក​គេ។

« មើល​ចុះ យើង​នឹង​ពន្លឿន​កិច្ចការ​របស់​យើង​ឲ្យ​ឆាប់​កើត​នៅ​ពេល​កំណត់ » ។

ពិតណាស់ នេះ​គឺជា​ពេល​ដែល​ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ។

ចូរ​យើង​ម្នាក់ៗ​ប្រើ​ឱកាស​ដើម្បី​សញ្ជឹង​គិត ហើយ​កែលម្អ​ជីវិត​របស់​យើង​ឲ្យ​បាន​ល្អ​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ ដើម្បី​យើង​អាច​រក្សា​ទុក​ពរជ័យ​ជាច្រើន​ដែល​ទ្រង់​បាន​សន្យា​ទៅ​ដល់​មនុស្ស​ដែល​មាន​ភក្ដី​ភាព ហើយ​ស្មោះត្រង់ ។

បងប្អូន​ប្រុស សូម​អរគុណ​ចំពោះ​រាល់​កិច្ចការ​ដែល​បងប្អូន​កំពុង​ធ្វើ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​ដ៏​ធំ​នេះ ។ សូម​ឲ្យ​យើង​ដើរ​ឆ្ពោះ​ទៅ​មុខ​នៅ​ក្នុង​បុព្វហេតុ​ដ៏​អស្ចារ្យ ហើយ​មាន​កិត្តិយស​នេះ ។

ពេល​សង្គ្រាម​ចប់

ពេល​ទុក្ខ​ព្រួយ និង​វិបត្តិ​រសាយ​ទៅ

ពេល​បាន​ជួប​ជុំ​នៅ​ច្រក

ភ្នំ​នៃ​ក្ដី​ស្ងប់​ដោយ​សុខសាន្ត

ចំពោះ​ស្ដេច​ដ៏​អស់​កល្ប

មនុស្ស​អស្ចារ្យ​ដ៏​ច្រើន​នោះ

នឹង​សរសើរ​ព្រះនាម​ទ្រង់

រៀង​រហូត ហើយ​ច្រៀង​ចម្រៀង ៖

ជ័យ​ជំនះ ជ័យ​ជំនះ

ក្នុង​ព្រះដែល​ប្រោស​លោះ​យើង !

ជ័យ​ជំនះ ជ័យ​ជំនះ

ក្នុង​ព្រះគ្រីស្ទ​អម្ចាស់​យើង !

ជ័យ​ជំនះ ជ័យ​ជំនះ

ក្នុង​ព្រះគ្រីស្ទ​អម្ចាស់​យើង !

នៅ​ថ្ងៃ​នេះ យើង​ទាំងអស់​គ្នា​ឈរ​ជា​សាក្សី​ថា​ព្រះអម្ចាស់​កំពុង​បើក​សម្ដែង​ព្រះទ័យ​របស់​ទ្រង់​តាមរយៈ​ព្យាការី​របស់​ទ្រង់​គឺ​ប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា លោក​គឺ​ជា​ព្យាការី​របស់​ព្រះ​នៅ​លើ​ផែនដី​នេះ ។ ខ្ញុំ​សូម​ថ្លែង​សាក្សី​របស់​ខ្ញុំ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ថា ទ្រង់​គឺជា​ព្រះដ៏​ប្រោសលោះ និង​ព្រះអង្គ​សង្គ្រោះ​ដ៏​មហិមា​របស់​យើង ។ នេះ​គឺជា​កិច្ចការ​របស់​ទ្រង់ នេះ​គឺជា​ព្រះទ័យ​របស់​ទ្រង់ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ជា​ឧឡារិក​អំពី​កិច្ចការ​នេះ ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។