ឆ្នាំ ២០១០-២០១៩
មើល​ចុះ មនុស្ស​នេះ​ហើយ !
ខែ មេសា ឆ្នាំ ២០១៨


មើល​ចុះ មនុស្ស​នេះ​ហើយ !

អស់​អ្នក​ដែល​ស្វែងរក​ផ្លូវ​មួយ​ដើម្បី​មើល​ឃើញ​មនុស្ស​នេះ​ពិត​ជា​នរណា ស្វែងរក​ឃើញ​ច្រកទ្វារ​ទៅកាន់​អំណរ​ដ៏​មហិមា​បំផុត​នៃ​ជីវិត និង​ប្រទាស​មុខ​សះ​សម្រាប់​ភាពអស់​សង្ឃឹម​បំផុត​នៃ​ជីវិត ។

បងប្អូន​ប្រុស​ស្រី និង​មិត្តជា​ទីស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​មាន​អំណរគុណ​ដើម្បី​នៅ​ជាមួយ​នឹង​បងប្អូន​នៅ​ក្នុង​សន្និសីទ​ទូទៅ​ចុង​សប្ដាហ៍​ដ៏​អស្ចារ្យ​នេះ ។ ហារីត និង​ខ្ញុំ​រីករាយ​នៅ​ជាមួយ​បងប្អូន​នៅក្នុង​ការគាំទ្រ​ដល់​អែលឌើរ ហ្កង និង អែលឌើរ សូរ៉េស និង​បងប្អូន​ប្រុសស្រី​ជា​ច្រើន​រូប​ទៀត ដែល​បាន​ទទួល​ការហៅ​ថ្មី​ដ៏​សំខាន់​អំឡុង​សន្និសីទ​នេះ ។

ទោះ​ជា​ខ្ញុំ​នឹក​ដល់​ប្រធាន​ថូម៉ាស អេស ម៉នសុន ជា​មិត្ត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ស្រឡាញ់ គាំទ្រ ហើយ​ជួយ​ព្យាការី​របស់​យើង និង​ប្រធាន រ័សុល អិម ណិលសុន​និង​ទីប្រឹក្សា​របស់​លោក​ផងដែរ ។

ខ្ញុំ​មាន​អំណរគុណ និង​មាន​កិត្តិយស​ដើម្បី​បម្រើ​យ៉ាង​ជិតស្និត​ជាមួយ​នឹង​បងប្អូន​ប្រុស​ជា​ទី​ស្រឡាញ់​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ម្ដងទៀត​ផងដែរ ។

លើស​ពី​នោះ ខ្ញុំ​មាន​ភាព​រាបសា និង​រីករាយ​ណាស់​ដើម្បី​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​មាន​បុរស ស្ត្រី និង​កុមារ​តូចៗ​កំពុង​មាន​ឆន្ទៈ​ដើម្បី លើក​នៅ​កន្លែង​ដែលពួកគេ​ឈរ—មិន​ថា​សមត្ថភាព ឬ​ការ​ហៅ​របស់​ពួកគេ​យ៉ាង​ណា​ទេ—ហើយ​ព្យាយាម​ដោយ​អស់​ពី​ដួងចិត្ត​ដើម្បី​បម្រើ​ព្រះ និង​បងប្អូន​សមាជិក​ក្នុង​ការ​ស្ថាបនា​នគរ​នៃ​ព្រះ ។

ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ដ៏​ពិសិដ្ឋ​មួយ។ វា​គឺជា​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ នៅពេល​យើង​ប្រារព្ធ​ព្រឹក​ដ៏​រុងរឿង​នៅពេល​ដែល​ព្រះអង្គសង្គ្រោះ​របស់​យើង​បាន​ផ្ដាច់​ចំណង​នៃ​សេចក្ដីស្លាប់  ហើយ​ងើប​ឡើង​ចេញ​ពី​ផ្នូរ​ដោយ​ជោគជ័យ ។

ជំនាន់​ដ៏​មហិមា​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ

ថ្មីៗ​នេះ ខ្ញុំ​បាន​សួរ​អ៊ិនធើរណែត​ថា « តើ​ជំនាន់​ណា​ដែល​មាន​ការ​ផ្លាស់ប្ដូរ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ? »

ចម្លើយ​មាន​ច្រើន ចាប់​ផ្ដើម​ពី​រឿង​គួរ​ភ្ញាក់ផ្អើល និង​ចម្លែក​រហូត​ដល់​គំនិត​ជ្រៅជ្រះ និង​ជម្រុញ​ឲ្យ​មាន​ការ​គិត ។ នៅក្នុង​ចម្លើយ​ទាំង​នោះ​មាន ជំនាន់​ដែល​ផ្កាយ​ព្រះអង្គារ​ក្នុង​បុរេប្រវត្តិ​បាន​ធ្លាក់​ទៅលើ​ឧបទ្វីប យូកាន់តា ឬ​នៅ​ក្នុង​ឆ្នាំ ១៤៤០ ចនហានណេស ហ្គូធិនប៊ើក បាន​បញ្ចប់​ការ​បោះ​ពុម្ពផ្សាយ​របស់​គាត់ ហើយ​ជាក់ស្ដែង​នៅ​ឆ្នាំ ១៩០៣ នៅពេល​បងប្អូន​ប្រុស​ត្រកូល​រ៉ាយ បាន​បង្ហាញ​ថា មនុស្ស​ពិតជា​អាច​ហោះ​ហើរ​បាន ។

បើ​សិន​ជា​សំណួរ​ដូចគ្នា​នេះ​ត្រូវ​បាន​សួរ​មក​កាន់​បងប្អូន តើ​បងប្អូន​នឹង​និយាយ​យ៉ាង​ណា ?

នៅក្នុង​គំនិត​របស់​ខ្ញុំ​ចម្លើយ​គឺ​មាន​ច្បាស់ណាស់ ។

ដើម្បី​ស្វែងរក​ជំនាន់​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ យើង​ត្រូវ​តែ​ត្រឡប់​ទៅ​កាន់​ពេល​ល្ងាច​មួយ​ជិត ២០០០ ឆ្នាំ​មុន​នៅ​សួន​ច្បារ​គេតសេម៉ានី នៅពេល​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​លុត​ជង្គង់​អធិស្ឋាន​ដោយ​មុតមាំ ហើយ​ថ្វាយ​ព្រះអង្គទ្រង់​ជា​ការ​លោះ​សម្រាប់​អំពើបាប​របស់​យើង ។ វា​គឺ​ជា​អំឡុង​ពេល​ពលិកម្ម​ដ៏​មហិមា និង​ដ៏​និរន្ដរន៍​ដែល​បាន​រងទុក្ខ​ទាំង​ខាង​រាងកាយ និង​ខាង​វិញ្ញាណ​ដោយ​គ្មាន​អ្វី​អាច​ប្រៀបផ្ទឹម​បាន ដែល​ព្រះយេស៊ូវគ្រីស្ទ ដ៏​ជា​ព្រះ​បាន​បង្ហូរ​លោហិត​ពី​គ្រប់​គល់​រោម ។ ចេញ​ពី​សេចក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ ទ្រង់​បាន​ប្រទាន​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ទទួល​បាន​ទាំងអស់ ។ ការ​ពលិកម្ម​ដ៏​មហិមា​របស់​ទ្រង់ ពិបាក​នឹង​យល់ មាន​តែ​ដឹង​ដោយ​អស់​ដួងចិត្ត និង​គំនិត​របស់​យើង ដែល​រំឭក​យើង​អំពី​ការ​ជំពាក់​គុណ​ជា​សកល​ដែល​ពួក​យើង​ជំពាក់​គុណព្រះគ្រីស្ទ​ចំពោះ​អំណោយ​ដ៏​ទេវភាព​របស់​ទ្រង់ ។

នាពេល​យប់​នោះ ព្រះយេស៊ូវ​បាន​ត្រូវ​នាំ​ទៅ​ចំពោះ​មុខ​ពួក​អ្នក​មាន​សិទ្ធិអំណាច​ខាង​សាសនា និង​ខាង​នយោបាយ ដែល​បាន​ចំអក​ដាក់​ទ្រង់ វាយ​ទ្រង់ ហើយ​កាត់​ទោស​ទ្រង់​ដល់​ស្លាប់​ដែល​គួរ​ឲ្យ​ខ្មាសអៀន ។ ទីបំផុត ទ្រង់​ត្រូវ​បាន​ព្យួរ​នៅ​លើ​ឈើ​ឆ្កាង​ដ៏​ឈឺ​ចាប់​រហូត​ដល់ « ការ [ ស្រេច ] ហើយ » ។ រូបកាយ​គ្មាន​ជីវិត​របស់​ទ្រង់​ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ថ្មី​មួយ ។ បន្ទាប់មក នៅព្រឹក​ថ្ងៃ​ទីបី ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ បាន​ក្រោក​ចេញ​ពី​ផ្នូរ​ក្នុង​រូបកាយ​រស់​ឡើង​វិញ​ដ៏​រុងរឿង​ត្រចះត្រចង់​ប្រកប​ដោយពន្លឺ និង​មហិទ្ធិឬទ្ធិ ។

មែនហើយ មាន​ព្រឹត្តការណ៍​ជាច្រើន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ជោគវាសនា​នៃ​ជាតិ​សាសន៍ និង​ប្រជាជន ។ ប៉ុន្តែ​នៅពេល​ប្រមូល​ផ្ដុំ​វា​ជាមួយ​គ្នា នោះ​វា​ពុំ​អាច​ប្រៀបផ្ទឹម​បាន​ទៅ​នឹង​សារៈសំខាន់​នៃ​អ្វី​ដែល​បាន​កើតឡើង​នៅ​ព្រឹក​អ៊ីស្ទើរ​ដំបូង​នោះ​ទេ ។

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ពលិកម្ម​ធួន និង​ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ពឹ្រត្តការណ៍​ដ៏​សំខាន់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ—ដែល​មាន​ឥទ្ធិពល​ជាង​សង្គ្រាម​លោក គ្រោះ​ចង្រៃ​បំផ្លិចបំផ្លាញ និង​ការ​រកឃើញ​ខាង​វិទ្យាសាស្ត្រ​ដែល​ផ្លាស់ប្ដូរ​ជីវិត​នោះ ?

ដោយសារ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​រស់​ឡើង​វិញ​ម្ដងទៀត

ចម្លើយ​មាន​នៅក្នុង​ឧបសគ្គ​ពីរ​ដ៏​ធំ និង​ដែល​ពុំ​អាច​យក​ឈ្នះ​បាន ដែល​ពួក​យើង​គ្រប់គ្នា​ជួប​ប្រទះ ។

ទីមួយ យើង​ទាំងអស់​គ្នា​នឹង​ស្លាប់ ។ ពុំ​ថា​យើង​នៅ​ក្មេង ស្រស់ស្អាត សុខភាព​ល្អ ឬ​ប្រុងប្រយ័ត្ន​យ៉ាង​ណា​ទេ នៅ​ថ្ងៃ​មួយ​រូបកាយ​យើង​នឹង​ពុំ​មាន​ជីវិត​ឡើយ ។ មិត្តភក្ដិ និង​គ្រួសារ​នឹង​ទួញ​យំ​សោកស្ដាយ​បងប្អូន ។ ប៉ុន្តែ​ពួកគេ​ពុំ​អាច​ធ្វើ​ឲ្យ​បងប្អូន​មាន​ជីវិត​វិញ​បាន​ទេ ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ សេចក្ដីស្លាប់​របស់​បងប្អូន​នឹង​ជា​រឿង​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ។ វិញ្ញាណ​របស់​បងប្អូន​នឹង​រួបរួម​នឹង​រូបកាយ​របស់​បងប្អូន​វិញ​នៅថ្ងៃ​មួយ ។ រូបកាយ​ដែល​រស់ឡើង​វិញ​នេះ នឹង​ពុំ​ស្ថិត​នៅ​ក្រោម​អំណាច​សេចក្ដីស្លាប់​ទៀត​ឡើយ  ហើយ​បងប្អូន​នឹង​រស់នៅ​អស់កល្ប​ជានិច្ច ពុំ​មានការ​ឈឺចាប់ និង​ការរងទុក្ខ​ខាង​រូបកាយ​ទៀត​ហើយ ។

រឿង​នេះ​នឹង​កើត​មាន​ឡើង ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ដាក់​ព្រះជន្ម​របស់​ទ្រង់ ហើយ​បាន​យក​វា​មក​វិញ​ម្ដង​ទៀត ។

ទ្រង់​បាន​ធ្វើ​ការណ៍​នេះ​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ជឿ​លើ​ទ្រង់ ។

ទ្រង់​បាន​ធ្វើ​ការណ៍នេះ​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ពុំ​ជឿ​ទៅលើ​ទ្រង់ ។

ទ្រង់​បាន​ធ្វើ​ការណ៍​នេះ​សម្រាប់​អស់​អ្នក​ចំអក​ដាក់​ទ្រង់ អ្នក​ជេរ​ប្រមាថ និង​អ្នក​ប្រទេចផ្ដាសា​ព្រះនាម​របស់ទ្រង់ ។

ដោយសារ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​រស់ឡើងវិញ​ជាមួយ​ព្រះ

ទីពីរ យើង​ទាំងអស់​គ្នា​មាន​អំពើបាប ។ អំពើ​បាប​របស់​យើង​នឹង​រារាំង​យើង​មិន​ឲ្យ​រស់នៅ​ជាមួយ​ព្រះ​ដោយសារ​តែ « គ្មាន​អ្វី​ដែល​ពុំ​ស្អាត​ណា​អាច​ចូល​ទៅក្នុង​នគរ​របស់​ទ្រង់​បាន » ។

ជា​លទ្ធផល បុរស​ស្ត្រី​គ្រប់​រូប និង​កុមារ​តូចៗ​ត្រូវ​បាន​កាត់ផ្ដាច់​ពី​វត្តមាន​របស់​ទ្រង់—ទាល់តែ​ព្រះយេស៊ូវគ្រីស្ទ ជា​កូន​ចៀម​ដែល​គ្មាន​អំពើបាប បាន​ថ្វាយ​ព្រះជន្ម​របស់​ទ្រង់ ជា​ការលោះ​អំពើបាប​របស់​យើង ។ ដោយសារ​តែ​ព្រះយេស៊ូវ​ពុំ​មាន​ជំពាក់​ចំពោះ​សេចក្ដីយុត្តិធម៌ នោះ​ទ្រង់​អាច​បង់​ថ្លៃ​បំណុល​ឲ្យ​យើង ហើយ​បំពេញ​តាម​តម្រូវ​ការ​នៃ​សេចក្ដីយុត្តិធម៌​សម្រាប់​ជីវិត​គ្រប់​រូប ។ ហើយ​នោះ​រួមមាន​ទាំង​បងប្អូន និង​រូបខ្ញុំ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​យើង ។

អំពើ​បាប​ទាំងអស់ ។

នៅ​ថ្អៃ​ដ៏សំខាន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ព្រះយេស៊ូវគ្រីស្ទ​បាន​បើក​ច្រកទ្វារ​នៃ​សេចក្ដីស្លាប់ ហើយ​បាន​ដក​របាំង​ដែល​រាំង​យើង​មិន​ឲ្យ​ឆ្លង​ចូលទៅ​ទីបរិសុទ្ធ និង​ពិសិដ្ឋ​នៃ​ជីវិត​អស់កល្ប​ជានិច្ច ។ ដោយសារ​តែ​ព្រះអម្ចាស់ និង​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង នោះ​បងប្អូន និង​ខ្ញុំ​ទទួល​បាន​អំណោយ​ដ៏​មាន​តម្លៃ​បំផុត និង​ពុំអាច​កាត់​ថ្លៃ​បាន​មួយ—មិន​ថា​អតីតកាល​របស់​យើង​ជា​យ៉ាង​ណា​ទេ យើង​អាច​ប្រែចិត្ត ហើយ​ដើរ​តាម​ផ្លូវ​ដែល​ដឹកនាំ​ទៅរក​ពន្លឺ និង​សិរីល្អ​សេឡេស្ទាល ដែល​មាន​ពេញ​ទៅដោយ​បុត្រាបុត្រី​ដ៏​ស្មោះត្រង់​របស់​ព្រះវរបិតាសួគ៌ ។

ហេតុ​អ្វី​បាន​ជា​យើង​រីករាយ

នេះគឺ​ជា​អ្វី​ដែល​យើង​ប្រារព្ធ​នៅ​ថ្ងៃ​បុណ្យអ៊ីសស្ទើរ—គឺ​យើង​អបអរ​នៃការ​មាន​ជីវិត !

ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ងើប​ចេញ​ពី​ភាព​អស់សង្ឃឹម​នៃ​សេចក្ដីស្លាប់ ហើយ​ឱបក្រសោប​អស់​អ្នក​ដែល​យើង​ស្រឡាញ់​នៅ​ក្នុង​ដៃ​របស់​យើង ស្រក់​ទឹក​ភ្នែក​នៃ​អំណរ និង​មាន​ពេញ​ដោយ​ការ​ដឹងគុណ ។ ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ យើង​នឹង​មាន​ជីវិត​ជា​តួអង្គ​អស់កល្ប​ជានិច្ច ជា​ពិភព​ដែល​គ្មាន​ទីបញ្ចប់ ។

ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ អំពើ​បាប​របស់​យើង​ពុំ​គ្រាន់តែ​ត្រូវបាន​លុប​ចោល​នោះ​ទេ ប៉ុន្តែ​វា​អាច​ត្រូវ​បាន​បំភ្លេច​ចោល​ផងដែរ ។

យើង​អាច​បាន​បន្សុទ្ធ និង​លើក​តម្កើង ។

បរិសុទ្ធ ។

ដោយសារ​តែ​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង នោះ​យើង​អាច​ផឹក​ទឹក​ចេញ​មកពី​ប្រភព​ទឹក​ដែល​ផុស​ចេញ​មក​ក្នុង​ជីវិត​អស់កល្ប​ជានិច្ច​ជា​រៀង​រហូត ។ យើង​អាច​រស់នៅ​ជា​រៀងរហូត​នៅក្នុង​វិមាន​នៃ​ស្ដេច​ដ៏​អស់កល្បជានិច្ច​របស់​យើង នៅក្នុង​សិរីល្អ​ដែល​នឹក​ស្មាន​មិន​ដល់ និង​សុភមង្គល​ដ៏​ឥតខ្ចោះ ។

តើ​យើង​មើល​ឃើញ « មនុស្ស​នេះ​ហើយ » ឬ ?

ក្រៅ​ពី​រឿងនេះ មាន​មនុស្ស​ជា​ច្រើន​នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ ដែល​ពុំ​បាន​ដឹង ឬ​ពុំ​ជឿ​ទៅលើ​អំណោយ​ដ៏​មហិមា​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដល់​យើង ។ ពួកគេ​បាន​ស្ដាប់​ឮ​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដឹង​អំពី​ទ្រង់​ថា ជា​មនុស្ស​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ពួកគេ​ពុំ​មើល​ឃើញ​ទ្រង់​ថា ជា​នរណា​ពិត​ទេ ។

នៅពេល​ខ្ញុំ​គិត​អំពី​រឿង​នេះ ខ្ញុំ​បាន​រំឭក​ចាំ​អំពី​ព្រះអង្គសង្គ្រោះ​ដែល​បាន​ឈរ​ចំពោះ​មុខ​អ្នក​គ្រប់គ្រង​នៅ​ស្រុក​យូដា ឈ្មោះ ប៉ុនទាស- ពីឡាត់ គ្រាន់តែ​ប៉ុន្មាន​ម៉ោង​ពីមុន​ទ្រង់​សុគត​ប៉ុណ្ណោះ ។

ពីឡាត់​បាន​គិត​អំពី​ព្រះយេស៊ូវ​ចេញ​ពី​ទស្សន​ខាង​លោកិយ​ដែល​មាន​ដែនកំណត់ ។ ពីឡាត់​មាន​ការងារ​មួយ​ត្រូវ​ធ្វើ ហើយ​វា​ជាប់​ទាក់ទង​នឹង​រឿង​សំខាន់​ពីរ ៖ ការ​ប្រមូលពន្ធ​ពី​ពួក​រ៉ូម និង​ការ​រក្សា​ឲ្យ​មាន​សន្ដិភាព ។ ឥឡូវ​ពួក​យូដា​សានហេឌ្រីន​បាន​នាំ​បុរស​ម្នាក់​មក​ចំពោះ​គាត់ ដែល​ពួកគេ​បាន​អះអាង​ថា​ ជា​អ្នក​ដែល​មាន​ឧបសគ្គ​ចំពោះ​ការងារ​ទាំងពីរ​នោះ ។​

បន្ទាប់ពី​ការសួរ​ចម្លើយ​ដល់​អ្នក​ទោស​របស់គាត់ ពីឡាត់​បាន​ប្រកាស​ថា « ខ្ញុំ​មិន​ឃើញ​ជា​អ្នក​នោះ​មាន​ទោស​ខុស​អ្វី​សោះ » ។ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ថា គាត់​ត្រូវ​បំពេញចិត្ត​របស់​អ្នក​ដែល​ចោទ​ប្រកាន់​ព្រះយេស៊ូវ​នោះ ដូច្នេះ​ពីឡាត់​បាន​ធ្វើ​តាម​ទំនៀមទម្លាប់​ក្នុង​ស្រុក​ថា អនុញ្ញាត​ឲ្យ​មាន​អ្នក​ទោស​ម្នាក់​ត្រូវ​បាន​ដោះ​លែង​អំឡុង​រដូវ​បុណ្យ​រំលង ។ តើ​ពួកគេ​នឹង​ឲ្យ​គាត់​ដោះលែង​ព្រះយេស៊ូវ​ជំនួស​ឲ្យ​ការដោះលែង​ចោរប្លន់ និង​ឃាតករ​ឈ្មោះ​បារ៉ាបាស​ឬ​ទេ ?១០

ប៉ុន្តែ​ពួក​មនុស្ស​អាក្រក់​ដែល​ហិង្សា​នោះ​បាន​តម្រូវ​ឲ្យ​ពីឡាត់​ដោះលែង បារ៉ាបាស ហើយ​ឆ្កាង​ព្រះយេស៊ូវ ។

« ហេតុអ្វី ? » ពីឡាត់​បាន​សួរ ។ « តើ​គាត់ [ បាន ] ធ្វើ​អាក្រក់​អ្វី ? »

ប៉ុន្តែ​ពួកគេ​បាន​ស្រែក​កាន់តែ​ខ្លាំង​ឡើងៗ ។ « ឆ្កាង​វា​ទៅ ! »១១

នៅក្នុង​ការខិតខំ​បំពេញ​តាម​បំណងចិត្ត​របស់​មនុស្ស​អាក្រក់ ពីឡាត់​បាន​បញ្ជា​ឲ្យ​មនុស្ស​របស់​គាត់​វាយ​ធ្វើ​បាប​ព្រះយេស៊ូវ ។១២ ពួកគេ​បាន​ធ្វើ​ដាក់​ទ្រង់​ដោយ​បន្សល់​នូវ​ស្នាម​របួស និង​ហូរ​លោហិត ។ ពួកគេ​បាន​ចំអក​ដាក់​ទ្រង់ បាន​ដាក់​ភួង​បន្លា​នៅលើ​សិរិសា​ទ្រង់ ហើយ​បាន​បំពាក់​អាវ​វែង​ពណ៌ស្វាយ​នៅលើ​ទ្រង់ ។១៣

ប្រហែល​ជា​ពីឡាត់​បាន​គិត​ថា រឿង​នេះ​នឹង​ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​ការ​ស្រេកឃ្លាន​ឈាម​របស់​មនុស្ស​អាក្រក់ ។ ប្រហែល​ជា​ពួកគេ​នឹង​មាន​ចិត្ត​អាណិតអាសូរ​ដល់​មនុស្ស​ម្នាក់​នេះ ។ ពីឡាត់​ថា « មើល ខ្ញុំ​នាំ​អ្នក​នេះ​ចេញ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​មិន​ឃើញ​ជា​គាត់​មាន​ទោស​យ៉ាង​ណា​សោះ ។… មើល​ចុះ មនុស្ស​នេះ​ហើយ ! »១៤

ព្រះរាជបុត្រា​នៃ​ព្រះ​បាន​គង់​នៅ​ចំពោះ​មុខ​ប្រជាជន​នៅ​ក្រុង​យេរូសាឡិម ។

ពួកគេ​អាច​មើល​ឃើញ​ព្រះយេស៊ូវ ប៉ុន្តែ​ពួកគេ​មើល​ពុំ​ឃើញ​ទ្រង់​ជា​នរណា​ពិត​នោះ​ទេ ។

ពួកគេ​ពុំ​មាន​ភ្នែក​ដែល​អាច​មើល​ឃើញ​នោះ​ទេ ។១៥

ក្នុង​ន័យ​ធៀប យើង​ផងដែរ​ក៏​ត្រូវបាន​អញ្ជើញ​ឲ្យ « មើល​ទៅ​មនុស្ស​នេះ » ។ មាន​មតិ​ជាច្រើន​អំពីទ្រង់​នៅក្នុង​ពិភពលោក​នេះ ។ ពួក​ព្យាការី​បច្ចុប្បន្ន និង​ពី​បុរាណ​បាន​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ខ្ញុំ​ក៏​អញ្ចឹង​ដែរ ។ វា​សំខាន់ និង​មាន​សារៈសំខាន់​ដែល​យើង​ម្នាក់ៗ​មក​ស្គាល់​ទ្រង់​ដោយ​ខ្លួន​ឯង ។ ដូច្នេះ នៅពេល​បងប្អូន​ពិចារណា​អំពី​ជីវិត និង​ការ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ តើ​បងប្អូន​បាន​មើល​ឃើញ​អ្វី ?

អស់​អ្នក​ដែល​ស្វែងរក​ផ្លូវ​មួយ​ដើម្បី​មើល​ឃើញ​មនុស្ស​នេះ​ពិត​ជា​នរណា ស្វែងរក​ឃើញ​ច្រកទ្វារ​ទៅកាន់​អំណរ​ដ៏​មហិមា​បំផុត​នៃ​ជីវិត និង​ប្រទាស​មុខ​សះ​សម្រាប់​ភាពអស់​សង្ឃឹម​បំផុត​នៃ​ជីវិត ។

ដូច្នេះ នៅពេល​បងប្អូន​ហ៊ុមព័ទ្ធ​ដោយ​ភាព​សោកសៅ និង​ទុក្ខព្រួយ សូម​មើលទៅ​មនុស្ស​នេះ ។

នៅពេល​បងប្អូន​មាន​អារម្មណ៍​ថា បាត់បង់ ឬ​បំភ្លេច​ចោល សូម​មើល​ទៅ​មនុស្ស​នេះ ។

នៅពេល​បងប្អូន​អស់​សង្ឃឹម បោះបង់​ចោល សង្ស័យ ខូចខាត ឬ​បរាជ័យ សូមមើល​ទៅ​មនុស្ស​នេះ ។

ទ្រង់​នឹង​លួងលោម​បងប្អូន ។

ទ្រង់​នឹង​ព្យាបាល​បងប្អូន ហើយ​ផ្ដល់​អត្ថន័យ​ដល់​ការ​ធ្វើដំណើរ​ក្នុង​ជីវិត​បងប្អូន ។ ទ្រង់​នឹង​ចាក់​ស្រោច​ព្រះវិញ្ញាណ​របស់​ទ្រង់ ហើយ​បំពេញ​ក្នុង​ដួងចិត្ត​បងប្អូន​នូវ​អំណរ​ដ៏​លើសលប់ ។១៦

ទ្រង់​រមែង « ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កម្លាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ » ។១៧

នៅពេល​យើង​ពិតជា​មើល​ឃើញ​មនុស្ស​នេះ នោះ​យើង​រៀន​អំពី​ទ្រង់ ហើយ​ព្យាយាម​សម្រប​ជីវិត​របស់​យើង​ជាមួយ​នឹង​ទ្រង់ ។ យើង​ប្រែចិត្ត ហើយ​ព្យាយាម​ដុស​ខាត់​លក្ខណៈធម្មជាតិ​របស់​យើង ហើយ​រីកចម្រើន​ជា​ចាំ​ថ្ងៃ​ទៅ​កាន់តែជិត​នឹង​ទ្រង់ ។ យើង​ទុក​ចិត្ត​ទ្រង់ ។ យើង​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​ទ្រង់​ដោយ​ការ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ និង​រស់នៅ​តាម​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​របស់​យើង ។

ម្យ៉ាងទៀត យើង​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ ។

ពន្លឺ​លាង​ជម្រះ​របស់​ទ្រង់​បំពេញ​ព្រលឹង​របស់​យើង​ទាំងស្រុង ។ ព្រះគុណ​ទ្រង់​លើក​តម្កើង​យើង ។ បន្ទុក​របស់​យើង​ត្រូវ​បាន​សម្រាល ភាព​សុខសាន្ដ​មាន​កាន់តែ​ខ្លាំង ។ នៅពេល​យើង​ពិតជា​មើល​ទៅ​មនុស្ស​នេះ យើង​មាន​ការ​សន្យា​ពរជ័យ​នាពេល​អនាគត​ដែល​បំផុសគំនិត និង​លើក​យើង​ឡើង​ឆ្លងកាត់​ផ្លូវ​រលាក់​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​យើង ។ ពេលក្រឡេក​មើល​ក្រោយ​វិញ យើង​នឹង​ទទួល​ស្គាល់​ថា មាន​លំនាំ​របស់​ព្រះ ដែល​ចំណុច​តូចៗ​ជា​ច្រើន​ពិត​ជា​បាន​ភ្ជាប់គ្នា ។១៨

នៅពេល​បងប្អូន​ទទួល​យក​ពលិកម្ម​របស់​ទ្រង់ ក្លាយជា​សិស្ស​របស់​ទ្រង់ ហើយ​ទីបំផុត​ឈាន​ទៅ​ដល់​ទីបញ្ចប់​នៃ​ដំណើរ​ជីវិត​លើ​ផែនដី​របស់​បងប្អូន តើ​អ្វី​ខ្លះ​នឹង​កើត​ឡើង​ចេញ​មកពីការ​សោកសៅ​នៅពេល​បងប្អូន​បាន​ស៊ូទ្រាំ​នៅក្នុង​ជីវិត​នេះ ?

វា​នឹង​គ្មាន​ទេ ។

តើ​មាន​ការ​ខកចិត្ត ការ​ក្បត់ ការ​បៀតបៀន​ដែល​បងប្អូន​ប្រឈម​មុខ​ឬ​ទេ ?

គ្មាន​ទេ ។

តើ​មាន​ការរងទុក្ខ ការខូចចិត្ត កំហុស ភាព​ខ្មាសអៀន និង​ភាព​សោកសៅ​ដែល​បងប្អូន​បាន​ឆ្លង​កាត់​ឬទេ ?

គ្មាន​ទេ ។

ត្រូវ​បាន​បំភ្លេច​អស់ ។

តើ​មាន​ការ​ងឿង​ឆ្ងល់​អំពី​ខ្លះ​ដែល « យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ យើងផ្សាយ​អំពី​ព្រះគ្រីស្ទ យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ ហើយ​យើង​សរសេរ​ស្របតាម​ពាក្យ​ព្យាករ​ទាំងឡាយ​របស់​យើង ដើម្បី​ឲ្យ​កូនចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ណា​មួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់បាប​របស់​ពួកគេ » ឬ​ទេ ? » ១៩

តើ​មាន​ភាព​ងឿងឆ្ងល់​អ្វី​ខ្លះ​ដែល​យើង​ព្យាយាម​ដោយ​អស់ពី​ដួងចិត្ត​ដើម្បី​មើល​ឃើញ​មនុស្ស​ម្នាក់​នេះ​ឬ​ទេ ?

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ថ្ងៃ​ដ៏​សំខាន់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ គឺជា​ថ្ងៃ​ដែល​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ បាន​យក​ឈ្នះ​លើ​សេចក្ដីស្លាប់ និង​អំពើបាប​សម្រាប់​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់ ។ ហើយ​ថ្ងៃ​ដ៏​សំខាន់​បំផុត​នៅក្នុង​ជីវិត​បងប្អូន និង​ខ្ញុំ គឺ​ជា​ថ្ងៃ​ដែល​យើង​រៀន​ពី « មនុស្ស​នេះ​ហើយ » នៅពេល​យើង​មើល​ឃើញ​ទ្រង់​ថា ជា​នរណា​ពិត នៅពេល​យើង​ទទួលទាន​អំណាច​ដង្វាយធួន​របស់​ទ្រង់​ដោយ​អស់​ពី​ដួងចិត្ត និង​គំនិត នៅពេល​យើង​បាន​តាំងចិត្ត​ធ្វើតាម​ទ្រង់ ដោយ​ភាពក្លៀវក្លា និង​អង់អាច​ជា​ថ្មី ។ សូម​ឲ្យ​វា​ជា​ថ្ងៃ​មួយ​ដែល​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ជីវិត​របស់​យើង ។

ខ្ញុំ​សូម​បន្សល់​ទុក​ទីបន្ទាល់ និង​ពរជ័យ​របស់​ខ្ញុំ​នឹង​បងប្អូន​ថា នៅពេល​យើង « មើល​ឃើញ មនុស្ស​នេះ​ហើយ » យើង​នឹង​ស្វែងរក​អត្ថន័យ អំណរ និង​ភាព​សុខសាន្ដ​នៅក្នុង​ជីវិត​លើ​ផែនដី​នេះ និង​ជីវិត​អស់កល្ប​ជានិច្ច នៅក្នុង​បរលោក​នាយ ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូម​មើល ម៉ូសាយ ១៥:២៣ ។

  2. យ៉ូហាន ១៩:៣០ ។

  3. សូម​មើល អាលម៉ា ១១:៤៥ ។

  4. សូមមើល វិវរណៈ ២១:៤ ។

  5. សូមមើល កូរិនថូសទី ១ ១៥:២១–២២ ។

  6. នីហ្វៃទី៣ ២៧:១៩ ។

  7. សូមមើល យ៉ូហាន ៤:១៤ ។

  8. សូមមើល លូកា ២៣:២ ។

  9. យ៉ូហាន ១៨:៣៨ ។ ពីឡាត់​បាន​ព្យាយាម​បញ្ជូន​ករណី​នេះ​ទៅ​ឲ្យ ហេរ៉ូឌ អាន់ទីផាស ដើម្បី​ចៀសវាង​មិន​កាត់​សេចក្ដីព្រះយេស៊ូវ ។ បើ​ហេរ៉ូឌ ដែល​បាន​បញ្ជា​ឲ្យ​សម្លាប់​យ៉ូហាន បាទីស ( សូមមើល ម៉ាថាយ ១៤:៦-១១ ) នឹង​ផ្ដន្ទាទោស​ព្រះយេស៊ូវ នោះ​ពីឡាត់​នឹង​បោះត្រា​លើ​ការ​កាត់​សេចក្ដី ហើយ​អះអាង​ថា​វា​គឺ​ជា​រឿង​ក្នុង​ស្រុក​ដ៏​សាមញ្ញ​ដែល​គាត់​យល់​ស្រប​ដើម្បី​រក្សា​សន្ដិភាព ។ ប៉ុន្តែ​ព្រះយេស៊ូវ​ពុំ​មានបន្ទូល​មួយ​ម៉ាត់​ទៅ​នឹង​ហេរ៉ូឌទេ ( សូមមើល លូកា ២៣:៦-១២ ) ហើយ​ហេរ៉ូឌ​បាន​បញ្ជូន​ទ្រង់​ត្រឡប់ទៅ​ពី​ឡាត់​វិញ ។

  10. សូមមើល ម៉ាកុស ១៥:៦–៧; យ៉ូហាន ១៨:៣៩–៤០។ អ្នក​ប្រាជ្ញ​គម្ពីរសញ្ញា​ថ្មី​ម្នាក់​បាន​សរសេរ​ថា « វា​ហាក់​ដូចជា​វា​ធ្លាប់​តែ​ជា​ទំនៀមទម្លាប់​ថា នៅ​ថ្ងៃ​បុណ្យ​រំលង អ្នកអភិបាល​ជនជាតិ​រ៉ូម ដោះ​លែង​អ្នកទោស​មួយ​ចំនួន​ដែល​គេ​ស្គាល់​ថា ផ្ដន្ទាទោស​នោះ​ដល់​ស្លាប់​ដល់​រាស្ត្រ​សាសន៍​យូដា » ( Alfred Edersheim, The Life and Times of Jesus the Messiah [ ឆ្នាំ ១៨៩៩ ], ២:៥៧៦ ) ។ ឈ្មោះ បារ៉ាបាស មាន​ន័យ​ថា « កូនប្រុស​ឪពុក » ។ ការ​ផ្ដល់​ជម្រើស​ដល់​ប្រជាជន​នៅក្រុង​យេរូសាឡិម​ឲ្យ​ជ្រើសរើស​រវាង​បុរស​ទាំងពីរ​នេះ ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។

  11. សូមមើល ម៉ាកុស ១៥:១១–១៤ ។

  12. ការ​វាយ​ធ្វើ​បាប​នេះ គឺ​អាក្រក់​ខ្លាំង​ណាស់ ដែល​ហៅ​ថា « the intermediate death » ( Edersheim Jesus the Messiah ២:៥៧៧ ) ។

  13. សូមមើល យ៉ូហាន ១៩:១–៣ ។

  14. យ៉ូហាន ១៩:៤–៥ ។

  15. កាលពី​ជំនាន់​មុន ព្រះយេស៊ូវ​បាន​សង្កេត​ឃើញ​ថា « ព្រោះចិត្ត​របស់​ជនជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ គេ​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​ក្នុង​ចិត្ត រួច​គេ​ប្រែចិត្ត ហើយ​អញ​ប្រោស​ឲ្យ​គេ​បាន​ជា » ។ បន្ទាប់មក​ទ្រង់​មាន​បន្ទូល​ដល់​ពួកសិស្ស​ទ្រង់​ដោយ​ស្រទន់​ថា « តែ​អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ ត្រចៀក​អ្នក​ក៏​ដែរ ដ្បិត​ស្តាប់​ឮ » ( ម៉ាថាយ ១៣:១៥–១៦ ) ។ តើ​យើង​នឹង​អនុញ្ញាត​ឲ្យ​ដួងចិត្ត​របស់​យើង​រឹងរូស ឬ​តើ​យើង​នឹង​បើក​ភ្នែក និង​ដួងចិត្ត​របស់​យើង ដែល​យើង​អាច​មើល​ឃើញ​មនុស្ស​នេះ​ដោយ​ពិត​ឬ​ទេ ?

  16. សូម​មើល ម៉ូសាយ ៤:២០ ។

  17. អេសាយ ៤០:២៩ ។

  18. សូមមើល ឌៀថើរ អេស្វ អុជដូហ្វ, « The Adventure of Mortality » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវជម្ឈិមវ័យ​នៅលីវ ថ្ងៃទី ១៤ ខែ​មករា ឆ្នាំ ២០១៨ ) គេហទំព័រbroadcasts.lds.org ។

  19. នីហ្វៃទី២ ២៥:២៦ ។