ឆ្នាំ ២០១០-២០១៩
ព្រះគ្រីស្ទ​ទ្រង់​បាន​រស់​ឡើង​វិញ
ខែ មេសា ឆ្នាំ ២០១៨


ព្រះគ្រីស្ទ​ទ្រង់​បាន​រស់​ឡើង​វិញ

ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ។ ខ្ញុំ​សូម​ធ្វើ​ជាសាក្សី​ដោយ​គារវភាព និង​ថ្លែង​ទីបន្ទាល់​ជា​ឱឡារិក​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់—ទ្រង់​បាន « សុគត ត្រូវបាន​បញ្ចុះ ហើយ​មាន​ព្រះជន្មរស់​ឡើង​វិញ​នៅ​ថ្ងៃ​ទីបី » ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ កាល​ពួក​កូន​ប្រុស​របស់​យើង​នៅ​ក្មេង ខ្ញុំ​បាន​និទាន​រឿង​ពេល​មុន​ចូល​គេង​អំពី​កូន​ឆ្កែ និង​ចម្រៀង​ដ៏​ពីរោះ​មុន​ចូល​គេង​រួមទាំង​បទ « ព្រះគ្រីស្ទ​ទ្រង់​បាន​រស់​ឡើង​វិញ ! »  ជួន​កាល​ដោយ​ការលេង​សើច​ខ្ញុំ​បាន​ប្តូរ​ទំនុកបទ​នោះ​ថា ៖ ឥឡូវ​នេះ​ដល់​ម៉ោង​ចូល​គេង​ហើយ—ហាលេលូយ៉ា ។ ជាធម្មតា ពួកកូន​ប្រុស​របស់​យើង​ងងុយ​ដេក​ភ្លាម ឬ​យ៉ាង​ហោច​ណាស់ ពួកគេ​ដឹង​ថា ប្រសិនបើ​ពួកគេ​ដេក នោះ​ខ្ញុំ​នឹង​ឈប់​ច្រៀង ។

ពាក្យ​សម្តី—យ៉ាង​ហោច​ណាស់​ជា​ពាក្យ​ខ្ញុំ​ផ្ទាល់—ពុំ​អាច​បង្ហាញ​អំពី​អារម្មណ៍​ដ៏​លើសលុប​បាន​ឡើយ ចាប់តាំង​ពី​ពេល​ដែល​ប្រធាន រ័សុល អិម ណិលសុន ដោយ​ក្តីស្រឡាញ់ បាន​ចាប់​ដៃ​របស់​ខ្ញុំ ជាមួយ​នឹង​ភរិយា​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ស៊ូសាន​ដែល​នៅ​ក្បែរ​ខ្ញុំ ហើយ​ផ្តល់​ការហៅ​បម្រើ​ក្នុង​មុខងារ​ដ៏​ពិសិដ្ឋ​នេះ​មក​ពី​ព្រះអម្ចាស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ហើយ​ទុក​ឲ្យ​ខ្ញុំ​យំ​ជា​ច្រើន​ដង​ក្នុង​រយៈពេល​ពីរបី​ថ្ងៃ​កន្លង​ទៅ​នេះ ។

ថ្ងៃ​ឈប់​សម្រាក​បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​សូម​ច្រៀង​ដោយ​រីករាយ​នូវ​ពាក្យ « ហាលេលូយ៉ា » ។​ ចម្រៀង​នៃ​សេចក្តីស្រឡាញ់​ដ៏​ប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ  សាទរ​ដល់​ភាពចុះសម្រុង​គ្នា​នៃ​សេចក្តីសញ្ញា ( ដែល​ភ្ជាប់​ពួកយើង​ទៅនឹង​ព្រះ និង​ភ្ជាប់​រវាង​គ្នា​នឹង​គ្នា ) និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ( ដែល​ជួយ​យើង​ឲ្យ​សម្រាត​ចោល​ភាព​ជា​មនុស្ស​ប្រុសស្រី​ខាង​សាច់​ឈាម ហើយ​ព្រម​ធ្វើ​តាម​សេចក្ដី​ទូន្មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ  ) ។

ទាំង​សេចក្តីសញ្ញា​របស់​យើង និង​ដង្វាយធួន​នៃ​ព្រះអង្គសង្គ្រោះ​របស់​យើង ពង្រឹង​យើង​នូវ​អ្វី​ដែល​យើង​ពុំ​អាច​ធ្វើ​បាន ហើយ​ធ្វើ​ឲ្យ​យើង​កាន់តែ​ថ្លៃថ្នូរ​ឡើង ។ អ្វីៗ​ទាំង​នោះ​ជួយ​យើង​ឲ្យ​ស្មោះត្រង់​ចំពោះ​ដំណឹង​ល្អ និង​បោះបង់​អំពើ​បាប​ចោល ។ អ្វីៗ​ទាំង​នោះធ្វើ​ឲ្យ​មាន​ភាព​ផ្អែមល្ហែម គង់វង្ស ញែក​ជា​បរិសុទ្ធ និង​ប្រោសលោះ​ ។

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ៖ « ការណ៍​នេះ​អាច​មើល​ទៅ​ថា ជា​គោល​លទ្ធិ​មួយ​ដ៏​ធំ​ដុំ​ណាស់ ដែល​យើង​យក​មក​និយាយ​ថា—អំណាច​ដែល​កត់ ឬ​ចង​នៅ​ផែនដី ហើយ​ចងទុក​នៅ​ស្ថាន​សួគ៌​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​នៅ​គ្រប់​សម័យ​លោក កាលណា​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​នូវ​ការ​កាន់កាប់​ត្រួតត្រា​នៃ​បព្វជិតភាព​ដល់​មនុស្ស​ណា​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម ដោយ​វិវរណៈ​ប្រាកដ នោះ​អំណាច​នេះ​ក៏​ត្រូវ​បាន​ប្រទាន​ឲ្យ​ជា​ដរាប​ដែរ » ។

ហើយ​វា​ក៏​ដូច្នោះ​ផងដែរ​នា​សព្វថ្ងៃ​នេះ ។ សេចក្ដីសញ្ញា និង​ពិធិបរិសុទ្ធ​ពិសិដ្ឋ ដែល​ពុំ​មាន​នៅកន្លែង​ផ្សេង​ទៀត​កំពុង​ត្រូវបាន​ទទួល​នៅក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ចំនួន​១៥៩ កន្លែង​នៅក្នុង ៤៣ ប្រទេស ។ ពរជ័យ​ដែល​បាន​សន្យា​កើត​មាន​តាមរយៈ​កូនសោ​បព្វជិតភាព​គោលលទ្ធិ និង​សិទ្ធិ​អំណាច​ដែល​បាន​ស្តារ​ឡើង​វិញ ដោយ​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តីជំនឿ ការគោរព​ប្រតិបត្តិ​របស់​យើង និង​ការសន្យា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ មក​ដល់​ពួកយើង​នៅក្នុង​ជំនាន់​របស់​យើង នៅក្នុង​គ្រា​នេះ និង​អស់កល្ប​ជានិច្ច ។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់​នៅ​គ្រប់​សាសន៍ ពូជ​មនុស្ស និង​ភាសា នៅក្នុង​សាសនាចក្រ​របស់​យើង​ទូទាំង​ពិភពលោក សូម​អរគុណ​ចំពោះ​សេចក្ដីជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្តីសប្បុរស​របស់​បងប្អូន​នៅ​គ្រប់​ជំហាន​ទាំងអស់ ។ សូម​អរគុណ​ចំពោះ​ការបម្រូលផ្តុំ​ភាពពេញ​លេញ​នៃ​បទពិសោធន៍ និង​ទីបន្ទាល់​អំពី​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ យើង​គឺ​ជា​បងប្អូន​នឹង​គ្នា ។ យើង​អាច​មាន « ចិត្ត​ចងក្រង​រួម​គ្នា​ដោយ​សាមគ្គី និង​ដោយសេចក្តី​ស្រឡាញ់ »  គ្រប់​សេចក្ដី និង​គ្រប់​ទី​កន្លែង ។ ដូច​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​អញ្ជើញ​យើង​ម្នាក់ៗ​ទោះបីជា​យើង​នៅ​ទីណា​ក្តី កាលៈទេសៈ​យើង​បែប​ណា​ក្តី « ចូរ​តាម​ខ្ញុំ​ទៅមើល » ។

ថ្ងៃ​នេះ​ខ្ញុំ​សូម​ទូល​អង្វរ​ដោយ​រាបសា « ដោយ​អស់​ពី​កម្លាំង​នៃ​ព្រលឹង​ខ្ញុំ »  ទោះវា​ជា​អ្វី ឬ​ប្រែ​ជាអ្វី​ក៏​ដោយ ចំពោះ​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ចំពោះ​ភរិយា​ជា​ទីស្រឡាញ់​របស់​ខ្ញុំ សូសាន និង​ក្រុមគ្រួសារ​របស់​យើង ចំពោះ​ពួកបងប្អូន​ប្រុស​របស់​ខ្ញុំ និង​ចំពោះ​បងប្អូន​គ្រប់​គ្នា​ដែល​ជា​បងប្អូន​ប្រុសស្រី​ដ៏​ជា​ទីស្រឡាញ់ ។

អ្វីៗ​ទាំងអស់​ដែល​មាន​តម្លៃ ហើយ​អស់កល្ប​គឺ​បាន​ផ្តោត​ទៅលើ​ភាព​ពិត​ដ៏​រស់​រវើក​នៃ​ព្រះ​ជា​ព្រះវរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​ព្រះរាជ​បុត្រា​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់​ដែល​បាន​ធ្វើ​ជា​សាក្សី​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ដោយ​គារវភាព និង​ថ្លែង​ទីបន្ទាល់​ជា​ឱឡារិក​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់—ទ្រង់​បាន « សុគត ត្រូវបាន​បញ្ចុះ ហើយ​មាន​ព្រះជន្មរស់​ឡើង​វិញ​នៅ​ថ្ងៃ​ទីបី ហើយ​បាន​ឡើង​ទៅ​ស្ថានសួគ៌​វិញ » ។១០ ទ្រង់​គឺ​ជា​អាលផា និង​អូមេកា​១១គង់​នៅ​ជាមួយ​យើង​តាំង​ពី​ដំបូង​មក ទ្រង់​នឹង​គង់​នៅ​ជាមួយ​រហូត​ដល់​ទីបញ្ចប់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ពួកព្យាការី​ថ្ងៃ​ចុង​ក្រោយ​ចាប់តាំង​ពី​ព្យាការី យ៉ូសែប ស៊្មីធ រហូត​មក​ដល់​ប្រធាន រ័សុល អិម ណិលសុន ដែល​យើង​គាំទ្រ​ដោយ​អំណរ ។ ដូច​ចម្រៀង​ថ្នាក់​អង្គការបឋម​សិក្សា​របស់​យើង​ច្រៀង​ថា « ធ្វើ​តាម​ព្យាការី​លោក​ស្គាល់​ផ្លូវ​ត្រូវ » ។១២ ដូច​ដែល​បាន​ព្យាការ​នៅក្នុង​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ រួម​ទាំង​ក្នុង​ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា « នគរ​របស់​ព្រះ [ ត្រូវបាន ] ស្ថាបនា​ម្តង​ទៀត​នៅលើ​ផែនដី​នេះ រៀបចំ​សម្រាប់​ការ​យាង​មក​លើក​ទី​ពីរ​នៃ​ព្រះ​មែស៊ី » ។១៣ នៅក្នុង​ព្រះ​នាម​ដ៏​បរិសុទ្ធ និង​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។