ឆ្នាំ ២០១០-២០១៩
ការបម្រើ​ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​ពី​ព្រះ
ខែ មេសា ឆ្នាំ ២០១៨


ការបម្រើ​ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​ពី​ព្រះ

ពួក​យើង​នឹង​បម្រើ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​របស់​ទ្រង់ ហើយ​ដោយ​សណ្ដាន​ចិត្តល្អ​ដែល​ពោរពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់ ។

បងប្អូន​ប្រុស​ជា​ទីស្រឡាញ់ អរគុណ​ចំពោះ​ការ​លះបង់​របស់​បងប្អូន​ចំពោះ​ព្រះអម្ចាស់ និង​កិច្ចការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ វា​គឺ​ជា​អំណរ​ដ៏​ពិត​ដើម្បី​នៅ​ជាមួយ​បងប្អូន ។ ក្នុង​នាម​ជា​គណៈប្រធាន​ទីមួយ​ថ្មី ពួក​យើង​អរគុណ​ចំពោះ​ការ​អធិស្ឋាន​របស់​បងប្អូន និង​ការ​ខិតខំ​គាំទ្រ​របស់​បងប្អូន ។ ពួក​យើង​មាន​អំណរគុណ​ចំពោះ​ជីវិត និង​ការ​បម្រើ​របស់​បងប្អូន​ចំពោះ​ព្រះអម្ចាស់ ។ ការលះបង់​របស់​បងប្អូន​ចំពោះ​កាតព្វកិច្ច និង​ការ​បម្រើ​ដែល​ពុំ​គិត​ពី​ខ្លួន​ឯង​នៅក្នុង​ការហៅ​របស់​បងប្អូន​គឺ​មាន​សារៈសំខាន់​ដូចជា​ការហៅ​របស់​ពួក​យើង​ផងដែរ ។ តាមរយៈ​ការ​បម្រើ​ពេញ​មួយ​ជីវិត​នៅក្នុង​សាសនាចក្រ​នេះ ខ្ញុំ​បាន​រៀន​ដឹង​ថា វា​មិន​សំខាន់​ថា​យើង​បម្រើ​នៅ កន្លែង ​ណា​ឡើយ ។ អ្វី​ដែល​ព្រះអម្ចាស់​យក​ព្រះទ័យ​បំផុត​នោះ​គឺ របៀប ដែល​យើង​ម្នាក់​ៗ​បម្រើ​ទៅ​វិញ​ទេ ។

ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ប្រធាន ថូម៉ាស អេស ម៉នសុន ដែល​ជា​គំរូ​របស់​ខ្ញុំ​អស់រយៈពេល​ជាង ៥០ ឆ្នាំ ។ និង​ទីប្រឹក្សា​របស់​លោក ប្រធាន ហិនរី ប៊ី អាវរិង និង ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ខ្ញុំ​សូម​កោត​សរសើរ​ដ៏​ខ្ពង់ខ្ពស់ ។ ខ្ញុំ​សរសើរ​ពួក​លោក​ចំពោះ​ការ​បម្រើ​របស់​ពួកលោក​ថ្វាយ​ព្រះអម្ចាស់ និង​ពួក​ព្យាការី​របស់​ទ្រង់ ។ អ្នក​បម្រើ​ដ៏​លះបង់​ទាំង​ពីរ​រូប​នេះ​បាន​ទទួល​ការ​ចាត់តាំង​ថ្មី ។ ពួក​លោក​បន្ដ​បម្រើ​ដោយ​មោះមុត និង​ប្ដេជ្ញា​ចិត្ត ។ ខ្ញុំ​គោរព និង​ស្រឡាញ់​ពួកលោក​ទាំង​ពីរ ។

វា​គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​ដើម្បី​បម្រើ​នៅ​ក្នុង​សាសនាចក្រ​ពិត និង​សកម្ម​របស់​ព្រះអម្ចាស់​ដោយ​នូវ​សិទ្ធិអំណាច និង​អំណាច​របស់​ទ្រង់ ។ ការ​ស្ដារឡើង​វិញ​នៃ​បព្វជិតភាព​របស់​ព្រះ រួម​ទាំង​កូនសោ​បព្វជិតភាព បាន​បើក​ទ្វារ​ទៅ​កាន់​ពរជ័យ​ដ៏​មហិមា​បំផុត​ខាង​វិញ្ញាណ​សម្រាប់​ពួកបរិសុទ្ធ​ដែល​មាន​ភាព​សក្ដិសម ។ ពួក​យើង​បាន​មើល​ឃើញ​ពរជ័យ​ទាំងនោះ​ចាក់​ស្រោច​ទៅ​លើ ស្ត្រី បុរស និង​កុមារ​ទាំងឡាយ​នៅ​ទូទាំង​ពិភពលោក ។

ពួក​យើង​បាន​មើល​ឃើញ​ស្ត្រី​ស្មោះត្រង់​ដែល​យល់​អំពី​អំណាច​ដែល​មាន​ជាប់​ជាមួយ​នៅ​ក្នុង​ការ​ហៅ​របស់​ពួកគេ និង​នៅ​ក្នុង​អំណោយទាន​ពិសិដ្ឋ និង​ពិធីបរិសុទ្ធ​ដទៃ​ទៀត​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ស្ត្រី​ទាំង​នេះ​ដឹង​អំពី​របៀប​ដើម្បី​ទាញ​យក​ព្រះចេស្ដា​នៃ​ស្ថានសួគ៌​មក​ការពារ និង​ពង្រឹង​ដល់​ស្វាមី​របស់​ពួកគេ កូនៗ និង​មនុស្ស​ដទៃ​ទៀត​ដែល​ពួកគេ​ស្រឡាញ់ ។ ទាំង​នេះ​គឺ​ជា​ស្ត្រី​រឹងមាំ​ខាង​វិញ្ញាណ ដែល​បាន​ដឹកនាំ បង្រៀន និង​បម្រើ​ដោយ​ពុំ​ភ័យ​ខ្លាច​នៅក្នុង​ការហៅ​របស់​ពួកគេ​ដោយ​អំណាច និង​សិទ្ធិអំណាច​របស់​ព្រះ ! ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ពួកគេ​ណាស់ !

ដូចគ្នា​នេះ​ផងដែរ ពួក​យើង​បាន​មើល​ឃើញ​បុរស​ស្មោះត្រង់​ដែល​រស់នៅ​តាម​ឯកសិទ្ធិ​របស់​ពួកគេ​ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព ។ ពួកគេ​បាន​ដឹកនាំ និង​បម្រើ​ដោយ​ការលះបង់​តាម​របៀប​របស់​ព្រះអម្ចាស់​ដោយ​សេចក្ដីស្រឡាញ់ សណ្ដានចិត្ត​ល្អ និង​ការ​អត់ធ្មត់ ។ ពួកគេ​ប្រទានពរ ដឹកនាំ ការពារ ហើយ​ពង្រឹង​ដល់​អ្នកដទៃ​ដោយ​អំណាច​នៃ​បព្វជិតភាព​ដែល​ពួកគេ​កាន់ ។ ពួកគេ​បាន​នាំ​អព្ភូតហេតុ​មក​លើ​អ្នក​ទាំងឡាយ​ដែល​ពួកគេ​បម្រើ ខណៈ​ដែល​ពួកគេ​រក្សា​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ផ្ទាល់​ដោយ​សុវត្ថិភាព ។ ពួកគេ​បដិសេធ​សេចក្ដីអាក្រក់ ហើយ​ជា​អែលឌើរ​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​អ៊ីស្រាអែល ។​ ខ្ញុំ​អរគុណ​ចំពោះ​ពួកគេ​បំផុត !

ឥឡូវ ខ្ញុំ​សូម​ថ្លែង​ពី​កង្វល់​មួយ​បាន​ឬ​ទេ ? កង្វល់​នោះ​គឺ ៖ មាន​បងប្អូន​ប្រុស​ស្រី​ជា​ច្រើន​នៅ​ពុំ​ទាន់​យល់ដឹង​បាន​ពេញលេញ​អំពី​គោលគំនិត​នៃ​អំណាច​បព្វជិតភាព និង​សិទ្ធិ​អំណាច ។ ពួកគេ​ធ្វើ​ដូចជា​ពួកគេ​ស្កប់ស្កល់​នឹង​បំណងប្រាថ្នា និងការ​ស្រេក​ឃ្លាន​ដ៏​អត្មានិយម​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ជា​ជាង​ប្រើ​អំណាច​របស់​ព្រះ​ដើម្បី​ផ្តល់ពរ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។

ខ្ញុំ​ខ្លាច​ថា​មាន​បងប្អូន​ប្រុស​ស្រី​ជា​ច្រើន​ពុំ​ចាប់​យក​ឯកសិទ្ធិ​ទាំងឡាយ​ដែល​អាច​នឹង​ជា​របស់​ខ្លួន​នោះ ។ បងប្អូន​ប្រុស​របស់​យើង​មួយ​ចំនួន ធ្វើ​ដូចជា​ពួកគាត់​ពុំ​យល់​ថា បព្វជិតភាព​ជា​អ្វី ហើយ​តើ​វា​អាច​ឲ្យ​ពួកគេ​ធ្វើ​អ្វី​ខ្លះ​នោះ​ទេ ។ ខ្ញុំ​សូម​ផ្តល់​ដល់​បងប្អូន​នូវ​ឧទាហរណ៍​ជាក់លាក់​មួយ​ចំនួន ។

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ចូលរួម​ក្នុងការ​ប្រជុំ​សាក្រាម៉ង់​មួយ ដែល​មាន​ទារក​ថ្មី​ម្នាក់​ទទួល​ការ​ដាក់​ឈ្មោះ និង​ប្រសិទ្ធពរ​មក​ពី​ឪពុក ។ ឪពុក​វ័យ​ក្មេង​បាន​បី​ទារក​ដ៏​មាន​តម្លៃ​របស់​គាត់​នៅ​ក្នុង​ដៃ​ដាក់​ឈ្មោះ​ដល់​នាង បន្ទាប់​មក​បាន​ធ្វើ ការ​អធិស្ឋានយ៉ាង​ល្អ​មួយ ។ ប៉ុន្តែ​គាត់ ពុំ បាន​ប្រសិទ្ធិពរ​ដល់​ទារក​នោះ​ទេ ។ ទារិកា​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នោះ​ទទួល​បាន​ឈ្មោះ ប៉ុន្តែ​ពុំ​ទទួល​បាន​ការប្រសិទ្ធពរ​ទេ ! អែលឌើរ​ជា​ទីស្រឡាញ់​នោះ​ពុំ​បាន​ដឹង​ពី​ភាព​ខុសគ្នា​រវាង​ការ​អធិស្ឋាន និង​ការប្រសិទ្ធពរ​បព្វជិតភាព​ទេ ។ ដោយ​នូវ​សិទ្ធិអំណាច និង​អំណាច​បព្វជិតភាព គាត់​អាច​ប្រទានពរ​ដល់​ទារក​របស់​គាត់ ប៉ុន្តែ​គាត់​ពុំ​បាន​ប្រសិទ្ធពរ​ទេ ។ ខ្ញុំ​បាន​គិត​ថា « នោះ​ជា​ការ​បាត់បង់​ឱកាស​ដ៏​ធំ ! »

ខ្ញុំ​សូម​លើក​ពី​ឧទាហរណ៍​មួយ​ចំនួន​ទៀត ។ ពួក​យើង​ស្គាល់​បងប្អូន​ប្រុស​ដែល​បាន​ញែក​ចេញ​ដល់​ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន​ថ្នាក់​បឋម​សិក្សា ថ្នាក់​យុវនារី ឬ​សមាគម​សង្ក្រោះ ប៉ុន្តែ​ពុំ​បាន​ប្រសិទ្ធពរ​ពួកគេ—ប្រសិទ្ធពរ​ពួកគេ​ឲ្យ​មាន​អំណាច​ដើម្បី​បំពេញ​ការហៅ​របស់​ពួកគេ​ទេ ។ ពួកគេ​បាន​ផ្ដល់​តែ​ការ​ដាស់តឿន និងការ​ណែនាំ​តែ​ប៉ុណ្ណោះ ។ ពួកយើង​មើល​ឃើញ​ឪពុក​សក្ដិសម​មួយ​រូប​ពុំ​បាន​ផ្ដល់​ការប្រសិទ្ធពរ​បព្វជិតភាព​ដល់​ភរិយា និង​កូនៗ​របស់​គាត់ នៅពេល​ដែល​ពួកគេ​ត្រូវការ​យ៉ាង​ខ្លាំង​នោះ​ទេ ។ អំណាច​បព្វជិតភាព​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​មក​កាន់​ផែនដី​នេះ ហើយ​ប៉ុន្តែ​មាន​បងប្អូន​ប្រុសស្រី​ជា​ច្រើន​ណាស់​ដែល​បាន​ឆ្លងកាត់​ការសាកល្បង​ដ៏​លំបាក​នៅក្នុង​ជីវិត​ដោយ​ពុំ​បាន​ទទួល​បាន​ការ​ប្រសិទ្ធពរ​បព្វជិតភាព​ដ៏​ពិត​មួយ ។ ឱ​នោះ​ជា​សោកនាដកម្ម​អ្វី​ម៉្លេះ ! នោះ​ជា​សោកនាដកម្ម​ដែល​យើង​អាច​លុប​បំបាត់​បាន ។

បងប្អូនប្រុស​អើយ យើង​កាន់​បព្វជិតភាព​បរិសុទ្ធ​របស់​ព្រះ ! យើង​មាន​សិទ្ធិអំណាច​របស់​ទ្រង់​ដើម្បី​ប្រសិទ្ធពរ​ដល់​រាស្ត្រ​របស់​ទ្រង់ ។ ចូរ​គិត​អំពី​ការអះអាង​ដ៏​អស្ចារ្យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង នៅពេល​ទ្រង់​មាន​បន្ទូល​ថា « អ្នក​ណា​ក៏​ដោយ​ដែល​អ្នក​ឲ្យ​ពរ នោះ​យើង​នឹង​ប្រទានពរ​ឲ្យ​ដែរ » ។ វា​គឺ​ជា​ឯកសិទ្ធិ​របស់​យើង​ដើម្បី​ធ្វើ​កិច្ចការ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ប្រទានពរ​ដល់​កូនចៅ​របស់​ព្រះ​ស្របតាម​ព្រះទ័យ​របស់​ទ្រង់​សម្រាប់​ពួកគេ ។ ប្រធាន​ស្ដេក និង​ប៊ីស្សព​ទាំងឡាយ សូម​ប្រាកដ​ថា សមាជិក​កូរ៉ុម​គ្រប់រូប​ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់​គ្រង​របស់​ប្រធាន បាន​យល់​អំពី​របៀប​ផ្ដល់​ការ​ប្រសិទ្ធពរ​បព្វជិតភាព—រួមទាំង​ភាព​សក្ដិសម​ផ្ទាល់​ខ្លួន និង​ការ​រៀបចំ​ខាង​វិញ្ញាណ​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​ទូល​សូម​អំណាច​របស់​ព្រះបាន​ពេញលេញ ។

ចំពោះ​បងប្អូន​ប្រុស​ដែល​កាន់​បព្វជិតភាព ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បំផុសគំនិត​សមាជិក​ឲ្យ​រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ តមអាហារ និង​អធិស្ឋាន សិក្សា​ព្រះគម្ពីរ ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បម្រើ​ដោយ​សេចក្ដីជំនឿ​ក្នុង​នាម​ជា​បុរស និង​ស្ត្រី​របស់​ព្រះ ។ ពួក​យើងអាច​ជួយ​មនុស្ស​ទាំងអស់​ឲ្យ​មើល​ឃើញ​ដោយ​កែវភ្នែក​នៃ​សេចក្ដីជំនឿ​ថា ការ​គោរព​ប្រតិបត្តិ និង​សុចរិតភាព​នឹងនាំ​ពួកគេ​ខិត​ទៅ​កាន់តែ​ជិត​នឹង​ព្រះយេស៊ូវគ្រីស្ទ អនុញ្ញាត​ពួកគេ​ឲ្យ​រីករាយ​នឹង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទទួល​បទពិសោធន៍​អំណរ​នៅក្នុង​ជីវិត !

សញ្ញា​សម្គាល់​នៃ​សាសនាចក្រ​ពិត និង​សកម្ម​របស់​ព្រះអម្ចាស់ ជានិច្ចកាល នឹង​ត្រូវ​បាន​រៀបចំ បាន​ដឹកនាំ​ការខិតខំ​ទៅ​រក​ការ​បម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ម្នាក់ៗ ។ ដោយសារ​នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ពួក​យើង​ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ទ្រង់​នឹង​បម្រើ​ដល់​មនុស្ស​ម្នាក់ៗ​ដូចជា​ទ្រង់​បាន​ធ្វើ ។ ពួក​យើង​នឹង​បម្រើ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​របស់​ទ្រង់ ហើយ​ដោយ​សណ្ដាន​ចិត្តល្អ​ដែល​ពោរពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់ ។

មាន​បទពិសោធន៍​មួយ ដែល​ខ្ញុំ​មាន​ច្រើន​ជាង ៦០ ឆ្នាំ​កន្លង​ទៅ​នៅ​ទីក្រុង បូស្ដុន បាន​បង្រៀន​ខ្ញុំ​យ៉ាង​មាន​អំណាច​អំពី​ឯកសិទ្ធិ​នៃ​ការ​បម្រើ​ម្នាក់​នឹង​ម្នាក់ ។ ពេល​នោះ​ខ្ញុំ​ជា​ពេទ្យ​វះកាត់​ក្នុង​មូលដ្ឋាន​នៅ​មន្ទីរពេទ្យ ម៉ាសាឈូសេត—ប្រចាំ​ការ​រាល់ថ្ងៃ​ទាំង​យប់​ទាំង​ចុង​សប្ដាហ៍ ។ ខ្ញុំ​មាន​ពេល​តិចតួច​សម្រាប់​ភរិយា​ខ្ញុំ និង​កូន​បួន​នាក់​របស់​យើង និង​សកម្មភាព​ក្នុង​សាសនាចក្រ ។ យ៉ាង​ណា​ក៏​ដោយ ប្រធាន​សាខា​របស់​យើង​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​សួរសុខទុក្ខ​ផ្ទះ​របស់ វិលបើរ និង លេអូណូរ៉ា ខុក ដោយ​សង្ឃឹម​ថា​បងប្រុស ខុក នឹង​អាច​ត្រឡប់​មក​សកម្ម​នៅក្នុង​សាសនាចក្រ​វិញ ។ គាត់ និង លេអូណូរ៉ា បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប៉ុន្តែ វិលបើរ ពុំ​បាន​ចូលរួម​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

ដៃគូ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​ផ្ទះ​របស់​ពួកគេ ។ នៅពេល​យើង​ទៅ​ដល់​បងស្រី ខុក បាន​ស្វាគមន៍​ពួកយើង​យ៉ាង​កក់​ក្ដៅ  ប៉ុន្តែ​បងប្រុស ខុក បាន​ដើរ​ទៅ​បន្ទប់​ផ្សេង​ទៀត ហើយ​បិទទ្វារ​ទាំង​គម្រោះគម្រើយ ។

ខ្ញុំ​បាន​ទៅ​គោះ​ទ្វារ​ដែល​បិទ​នោះ ។ មួយ​សន្ទុះ​ក្រោយ​មក ខ្ញុំ​បាន​ស្ដាប់​ឮ​សំឡេង​ថា « ចូល​មក » ។ ខ្ញុំ​បាន​បើក​ទ្វារ​ក៏​ឃើញ​បងប្រុស ខុក អង្គុយ​នៅ​ជិត​ឧបករណ៍​វិទ្យុ​កម្សាន្ត​ដែល​ដាក់​ជា​ជួរ ។ នៅក្នុង​បន្ទប់​តូច​នោះ គាត់​បាន​លើក​ខ្សៀរ​ជក់បារី​ឡើង ។ ច្បាស់​ណាស់​ថា ការ​ទៅ​សួរ​សុខ​ទុក្ខ​របស់​ខ្ញុំ​ពុំ​ស្វាគមន៍​ទេ ។

ខ្ញុំ​បាន​មើល​ជុំវិញ​បន្ទប់​ដោយ​ភាព​ភ្ញាក់ផ្អើល ហើយ​និយាយ​ថា « បងប្រុស ខុក ខ្ញុំ​តែងតែ​ចង់​រៀន​បន្ថែម​អំពី​របៀប​ដែល​វិទ្យុ​ដំណើរការ ។ តើ​បង​អាច​បង្រៀន​ខ្ញុំ​អំពី​វា​បាន​ទេ ? សូម​ទោស ខ្ញុំ​ពុំ​អាច​នៅ​យូរ​បាន​ទេ​យប់​នេះ ប៉ុន្តែ​ខ្ញុំ​អាច​ត្រឡប់​មក​វិញ​នៅ​ពេល​ក្រោយ​បាន​ទេ ? »

គាត់​ស្ទាក់​ស្ទើរ​មួយ​សន្ទុះ បន្ទាប់​មក​គាត់​និយាយ​ថា បាន ។ នោះ​គឺ​ជា​ការចាប់ផ្តើម​នៃ​ការ​ក្លាយ​ជា​មិត្ត​ដ៏​ល្អ ។ ខ្ញុំ​បាន​ត្រឡប់​ទៅ​វិញ ហើយ​គាត់​បាន​បង្រៀន​ខ្ញុំ ។ ខ្ញុំ​ចាប់​ផ្ដើម​ស្រឡាញ់ ហើយ​ចូលចិត្ត​គាត់ ។ តាមរយៈ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ជា​ញឹកញាប់ ភាពអស្ចារ្យ​នៃ​បុរស​នេះ​បាន​លេច​ឡើង ។ ពួក​យើង​បាន​ក្លាយ​ជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា ដូចជា​ដៃគូ​ដ៏​អស់កល្ប​ជានិច្ច​ជា​ទីស្រឡាញ់​របស់​យើង​ផងដែរ ។ ពេលវេលា​បាន​កន្លង​ទៅ គ្រួសារ​របស់​យើង​បាន​ផ្លាស​ទៅ​ឆ្ងាយ ។ ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​បាន​បន្ដ​បីបាច់​ដល់​គ្រួសារ ខុក ។១០

ប្រហែល​ជា​ប្រាំបី​ឆ្នាំ​បន្ទាប់ពី​ការ​ទៅ​សួរ​សុខ​ទុក្ខ​លើក​ទី​មួយ​មក​ស្ដេក​ប៊ូស្ដុន​បាន​បង្កើត​ឡើង ។១១ តើ​បងប្អូន​អាច​ស្មាន​ថា នរណា​ជា​ប្រធាន​ស្ដេក​ទី​មួយ​ទេ ? មែន​ហើយ ! គឺ​បងប្រុស ខុក ! អំឡុង​ឆ្នាំ​បន្តបន្ទាប់ គាត់​ក៏​បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម និង​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ។

ជាច្រើន​ឆ្នាំ​ក្រោយ​មក ក្នុង​នាម​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​បង្កើត​ស្ដេក​ថ្មី​នៅ សានផេធី ខោនធី រដ្ឋ​យូថាហ៍ ។ អំឡុង​ពេល​ការ​សម្ភាសន៍​ជា​ធម្មតា ខ្ញុំ​ភ្ញាក់ផ្អើល​ទាំង​រីករាយ​ដើម្បី​ជួប​នឹង​មិត្ត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​បងប្រុស ខុក ម្ដង​ទៀត ! ខ្ញុំ​ទទួល​អារម្មណ៍​ឲ្យ​ហៅ​គាត់​ធ្វើ​ជា​លោកអយ្យកោ​ស្ដេក​ថ្មី ។ បន្ទាប់ពី​ខ្ញុំ​បាន​តែងតាំង​គាត់​រួច​ហើយ​ពួក​យើង​បាន​ឱប​គ្នា ហើយ​បាន​យំ ។ មនុស្ស​នៅ​ក្នុង​បន្ទប់​បាន​ងឿង​ឆ្ងល់​ថា ហេតុអ្វី​បុរស​ទាំងពីរ​នាក់​នេះ​យំ​ដូច្នេះ ។ ប៉ុន្តែ​ពួក​យើង​ដឹង ។ ហើយ​បងស្រី​ខុក បាន​ដឹង ។ ទឹក​ភ្នែក​របស់​យើង​គឺ​ជា​ទឹក​ភ្នែក​នៃ​អំណរ ! ពួក​យើង​ចងចាំ​ដោយ​ស្ងប់ស្ងាត់​អំពី​ដំណើរ​នៃ​ក្ដីស្រឡាញ់ និង​ការ​ប្រែចិត្ត​ដ៏​អស្ចារ្យ​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ជាង ៣០ ឆ្នាំ​កន្លង​ទៅ នា​យប់​មួយ​នៅក្នុង​ផ្ទះ​របស់​ពួកគាត់ ។

ដំណើរ​រឿង​ពុំ​បាន​បញ្ចប់​នៅ​ត្រង់​នោះ​ទេ ។ គ្រួសារ​របស់​បងប្រុស និង​បងស្រី ខុក មាន​កាន់តែ​ធំ​ឡើងៗ​ដែល​មាន​កូន ៣ នាក់ ចៅ ២០ នាក់ និង​ចៅ​ទួត ៥៤ នាក់ ។ បន្ថែម​ពី​លើ​នោះ​ឥទ្ធិពល​របស់​ពួកគេ​បាន​មាន​ទៅ​លើ​អ្នកផ្សព្វផ្សាយ​សាសនា​រាប់​រយ​នាក់ រាប់ពាន់​នាក់​ច្រើន​ទៀត​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​រាប់ពាន់​នាក់​ទៀត​ដែល​បាន​ទទួល​ពរជ័យ​អយ្យកោ​នៅ​ក្នុង​ដៃ​របស់ វិលបើរ ខុក ។ ឥទ្ធិពល​របស់​គាត់ និង លេអូណូរ៉ា នឹង​បន្ដ​មាន​ឥទ្ធិពល​ទៅលើ​មនុស្ស​ជាច្រើន​ជំនាន់​នៅ​ទូទាំង​ពិភពលោក ។

បទពិសោធន៍​ជាច្រើន​ដូច​បទពិសោធន៍​ជាមួយ​នឹង វិលបើរ និង លេអូណូរ៉ា ខុក នេះ​មាន​កើត​ឡើង​ជា​រៀងរាល់​សប្ដាហ៍—សង្ឃឹម​ថា រាល់ថ្ងៃ—នៅក្នុង​សាសនាចក្រ​នេះ ។ ពួក​អ្នកបម្រើ​ដ៏​លះបង់​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​អនុវត្ត​កិច្ចការ​របស់​ទ្រង់ ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​របស់​ទ្រង់ ។

បងប្អូន​ប្រុស មាន​ទ្វារ​ជា​ច្រើន​ដែល​យើង​អាច​បើក មាន​ពរជ័យ​បព្វជិតភាព​ជាច្រើន​ដែល​យើង​បាន​ផ្ដល់​ឲ្យ មាន​ដួងចិត្ត​ជា​ច្រើន​ដែល​យើង​អាច​ព្យាបាល បន្ទុក​ជាច្រើន​ដែល​យើង​អាច​លើក ទីបន្ទាល់​ជាច្រើន​ដែល​យើង​អាច​ពង្រឹង ជីវិត​ជាច្រើន​ដែល​យើង​អាច​សង្គ្រោះ ហើយ​អំណរ​ដែល​យើង​អាច​នាំ​ទៅ​ក្នុង​គេហដ្ឋាន​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ—ទាំងអស់​នេះ​ដោយសារ​តែ​យើង​កាន់​បព្វជិតភាព​របស់​ព្រះ ។ យើង​គឺ​ជា​បុរស​ដែល​ត្រូវ​បាន « ហៅ ហើយ​រៀបចំ​ទុក ចាប់តាំង​ពី​កំណើត​លោកិយ​មក ស្របតាម​បុព្វវិជ្ជា​នៃ​ព្រះ ដោយសារ​សេចក្ដីជំនឿ​ដ៏​លើសលប់ និង​កិច្ចការ​ដ៏​ល្អ​ទាំងឡាយ [ របស់​យើង ] » ដើម្បី​ធ្វើ​កិច្ចការ​នេះ ។១២

នា​យប់​នេះ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ក្រោក​ឈរ​ឡើង​ជាមួយ​នឹង​ខ្ញុំ​នៅ​ក្នុង​ភាព​ជា​បងប្អូនប្រុស​ដ៏​អស់​កល្ប​ជានិច្ច​ដ៏​មហិមា​របស់​យើង ។ នៅពេល​ខ្ញុំ​ហៅ​តំណែង​បព្វជិតភាព​របស់​បងប្អូន សូម​ក្រោក​ឈរ ហើយ​បន្ដ​ឈរ ។ ឌីកុន​សូម​ក្រោក​ឈរ ! គ្រូ​សូម​ក្រោក​ឈរ ! ពួកសង្ឃ ! ប៊ីស្សព ! អែលឌើរ ! សង្ឃ​ជាន់​ខ្ពស់ លោក​អយ្យកោ ! ពួក​ចិត​សិប​នាក់ ! ពួក​សាវក !

ឥឡូវ​បងប្អូន​ប្រុស តើ​បងប្អូន​យល់​ព្រម​បន្ដ​នៅ​ឈរ ហើយ​ចូលរួម​ច្រៀង​នឹង​យើង​នៅ​ក្នុង​ការ​ច្រៀង​ទាំង​បី​វគ្គ​ក្នុង​បទ « Rise Up, O Men of God » ឬទេ ?១៣ នៅ​ពេល​បងប្អូន​ច្រៀង ចូរ​គិត​អំពី​កាតព្វកិច្ច​របស់​បងប្អូន​ក្នុង​នាម​ជា​កងទ័ព​ដ៏​អស្ចារ្យ​របស់​ព្រះ ដើម្បី​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។ នេះ​គឺ​ជា​ទំនួលខុសត្រូវ​របស់​យើង ។ នេះ​គឺ​ជា​ឯកសិទ្ធិ​របស់​យើង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។